Author: សឿន សំណាង

  • ក្រសួង​អប់រំ៖ ផ្អាក​ដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន ជា​បណ្តោះអាសន្ន​រយៈពេល 2សប្តាហ៍

    ក្រសួង​អប់រំ៖ ផ្អាក​ដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន ជា​បណ្តោះអាសន្ន​រយៈពេល 2សប្តាហ៍

    នៅ​ព្រលប់​នៃ​ថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2021 នេះ ក្រសួង​អប់រំ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល 2សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។

    សេចក្ដីប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការស្នើ​របស់​ក្រសួង​អប់រំ​ទទួលបាន​ការយល់ព្រម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការចេញ​សេចក្ដីថ្លែងការណ៍​ផ្ទាល់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

     

  • QR Code «ទប់ស្កាត់ Covid-19» មាន​ស្ថាប័នរដ្ឋ​និង​ឯកជន​ជាង1ម៉ឺន​កន្លែង កំពុង​ប្រើ

    QR Code «ទប់ស្កាត់ Covid-19» មាន​ស្ថាប័នរដ្ឋ​និង​ឯកជន​ជាង1ម៉ឺន​កន្លែង កំពុង​ប្រើ

    សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និង​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ចំនួន 10,366 ទីតាំង បាន​ចុះឈ្មោះ​បង្កើត QR Code ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 គិត​ត្រឹម​រសៀល​ថ្ងៃទី 22 កុម្ភៈ 2021 នេះ​បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា។

    ប្រព័ន្ធ​បច្ចេកវិទ្យា QR Code «ទប់ស្កាត់​ជំងឺ Covid-19 ឬ Stop Covid» ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី 20 ខែកុម្ភៈ ក្រោយពី​កម្ពុ​ជាមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ទី​ពីរ។ សាធារណជន​អាច​ស្កេ​ន QR Code នេះ នៅពេល​ចូលទៅ​កាន់​កន្លែង​ដែលមាន​មនុស្ស​ច្រើន រួច​នឹង​ទទួលបាន​ដំណឹង​យ៉ាង​ឆាប់រហ័ស បើសិន​ទីតាំង​នោះ​មាន​ករណី​ឆ្លង Covid-19។ ក្រសួង​ប្រៃសណីយ៍ អះអាងថា QR Code នេះ នឹង​ជួយ​បង្ការ​ហានិភ័យ​នៃ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅក្នុង​សហគមន៍។

    ក្រសួង​បានឱ្យដឹងថា គិត​មកដល់​ថ្ងៃទី 22 កុម្ភៈ​នេះ មានការ​ស្កេ​ន​ចំនួន 107,696 ដង នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និង​គ្រឹះស្ថានសាធារណៈ​និង​ឯកជន សរុប​ចំនួន 10,366 ទីតាំង​ដែល​បាន​ចុះឈ្មោះ​បង្កើត QR Code ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។

    អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បានឱ្យដឹងថា លោក​មានការ​ជឿជាក់​ខ្លាំង​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់ QR Code នេះ។ លោក​បន្ថែមថា គ្រប់គ្នា​ត្រូវតែ​ប្រើ QR Code នេះ ដើម្បី​បានដឹង​អំពី​ដំណើរ​របស់​បុគ្គល​នីមួយ។ នៅពេល​មាន​បុគ្គល​ណាមួយ​មាន​ជំងឺ Covid-19 អាជ្ញាធរ​នឹងមាន​ភាពងាយស្រួល​ក្នុងការ​តាមរក តាមរយៈ​ទិន្នន័យ​ដែល​បាន​កត់ត្រា​ដោយ QR Code នេះ៕

  • ក្រោយ​រកឃើញ​អាថ៌កំបាំង​នៃ​ការចេញ​លទ្ធផល​ឆ្នោត គណិត​វិទូ​ម្នាក់​រកបាន26លាន​ដុល្លារ បន្ទាប់ពី​លេងឆ្នោត10ឆ្នាំ

    ក្រោយ​រកឃើញ​អាថ៌កំបាំង​នៃ​ការចេញ​លទ្ធផល​ឆ្នោត គណិត​វិទូ​ម្នាក់​រកបាន26លាន​ដុល្លារ បន្ទាប់ពី​លេងឆ្នោត10ឆ្នាំ

    ក្រោយ​ការចំណាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​ដើម្បី​គណនា​អំពី​វិធី​ដែល​អាច​នាំឱ្យ​ត្រូវ​ឆ្នោត ជា​ចុងក្រោយ គណិត​វិទូ​អាយុ 64 ឆ្នាំ បាន​រកឃើញ​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ចេញ​លេខឆ្នោត​របស់​រដ្ឋ ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​ត្រូវ​ឆ្នោត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​យ៉ាងយូរ រហូតដល់​បាន​ប្រា​ក់ជាង 26 លាន​ដុល្លារ​អាមេរិក។

    ព្រឹក​មួយ​នៃ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​ដ៏​គាប់ប្រសើរ​នៃ​ជីវិត​គ្រួសារ​មួយ​គ្រួ​នៅ​សហរដ្ឋអាមេរិក។ អ្នកស្រី Marge Selbee បាន​ឆុង​កាហ្វេ​យកទៅឱ្យ​ស្វាមី​ដែល​កំពុង​ធ្វើ​កិច្ចការ​ម្យ៉ាង​ដែល​គាត់​មិន​ធ្លាប់​បានធ្វើ​ទាល់តែសោះ នោះ​គឺ​ការ​គណនា​លេខ​ដ៏​ស្មុគស្មាញ​នៅលើ​ក្រដាស​ដែល​ទំនងជា​មិនមាន​អ្នកណា​អាច​មើល​យល់។

    ឆ្ងល់​ពេក អ្នកស្រី Marge ជា​ភរិយា​ក៏បាន​សួរ៖ «បង​កំពុង​ធ្វើ​អ្វី​ហ្នឹង?»។

    ស្វាមី​អ្នកស្រី​ក៏​ងាក​មករក ហើយ​និយាយថា៖ «បង​គិតថា បង​ទើបតែ​បាន​រកឃើញ​វិធី «ហែក» ប្រព័ន្ធ​ចេញ​លទ្ធផល​ឆ្នោត​របស់​រដ្ឋ Michigan»។

    អ្នកស្រី Marge ញញឹម ហើយក៏​មិនបាន​គិត​អ្វី​នោះដែរ។ ប៉ុន្តែ ក្រោយពី​អ្នកស្រី​ញ៉ាំ​កាហ្វេ​អស់ពី​ពែង ភ្លាមនោះ Jerry ដែលជា​ស្វាមី ក៏​បានមក​អង្គុយ​ក្បែរ និង​បង្ហាញ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ដែលមាន​តម្លៃ​ឡើងដល់ 26 លាន​ដុល្លារ​អាមេរិក។

    រូបរាង​ខាងក្រៅ​របស់លោក Jerry មើលទៅ​ដូច​ធម្មតា​ណាស់ ប៉ុន្តែ​តាមពិត គាត់​គឺជា​អនុបណ្ឌិត​ផ្នែក​គណិតវិទ្យា។ លោក​មាន​បញ្ញា​យ៉ាង​ពិសេស​តាំងពី​នៅ​ជា​កុមារ។

    ពុំមាន​អ្នកណាម្នាក់​អាច​នឹកស្មាន​ដល់​ថា គ្រួសារ​ដែល​មិនចេះ​ផឹកស្រា ជក់បារី ឬ​លេងល្បែង​មួយ​នេះ បែរជា​ធ្វើ​រឿងរ៉ាវ​មួយ​ដ៏​មហាអស្ចារ្យ​យ៉ាង​ដូច្នេះ​សោះ។

    លោក Jerry Selbee ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​លក់ទំនិញ​ឱ្យ​រោងចក្រ និង​ការិយាល័យ នៅមុន​ពេល​លោក​ធុញ​ធ​ប់​នឹង​ការងារ​ស៊ីឈ្នួល​ទាំងនេះ។ ត្រូវ​ចិញ្ចឹម​ប្រពន្ធ និង​កូន 6 នាក់ លោក Jerry Selbee ក៏បាន​សម្រេចចិត្ត​បើកហាង​ទំនើប​តូច​មួយ​នៅ​តំបន់ Evart រដ្ឋ Michigan (សហរដ្ឋអាមេរិក)។ ពួកគេ​មិនបាន​គិតថា​នឹង​ក្លាយជា​សេដ្ឋី​នោះឡើយ។

    ក្រោយមក គ្រួសារ​នេះ​បាន​ងាក​មក​ធ្វើជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ឆ្នោត​នៃ​ទីក្រុង Evart។ អតិថិជន​របស់​គ្រួសារ​នេះ​ជាច្រើន​ដែល​នៅឆ្ងាយៗ តែង​នាំគ្នា​មក​ទិញ​ឆ្នោត​ដែល​លោក​កំពុង​លក់។

    លោក Jerry Selbee ទំនងជា​យល់ច្បាស់​អំពី​តួលេខ​ជាងអ្នកណាៗទាំងអស់។ ដើម្បី​ជាការ​កំសាន្ត លោក​តែងតែ​ស្វែងយល់​អំពី​ទិន្នន័យ​នៅលើ​ខ្នង​សន្លឹកឆ្នោត។

    ឆ្នាំ 2003 រង្វាន់​ឆ្នោត​មួយ​ប្រភេទ​ត្រូវបាន​ក្រុមហ៊ុន​ឆ្នោត​បង្កើតឡើង និង​មាន​ឈ្មោះថា Winfall។ លក្ខខណ្ឌ​ដើម្បី​ឈ្នះ​គឺ​សាមញ្ញ​ណាស់៖ អ្នក​ជ្រើសរើស​លេខ​ចាប់ពី 1 ដល់ 49។ បើសិន​ត្រូវ​មួយ​លេខ ពីរ​លេខ បី​លេខ ឬ​បួន​លេខ ប្រាក់រង្វាន់​នឹងត្រូវ​កើនឡើង។ ប៉ុន្តែ បើសិនជា​ត្រូវ​ទាំង 6 លេខ អ្នកនឹង​ឈ្នះ​យ៉ាងតិច 2 ពាន់​លាន​ដុល្លារ។

    បើសិន​ពុំមាន​អ្នក​ត្រូវ តម្លៃ​នៃ​ប្រាក់រង្វាន់​ក៏​នឹងត្រូវ​កើនឡើង​ជា​រៀងរាល់​សប្ដាហ៍។ ក្រោយ​ការចេញ​លទ្ធផល​ឆ្នោត​បាន 6 សប្ដាហ៍ នៅពេល​រង្វាន់​ពិសេស​មានតម្លៃ​ឡើងដល់ 5 លាន​ដុល្លារ ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​នឹងមាន​កម្មវិធី «Roll Down»។ Roll Down កើតឡើង​នៅពេល​ប្រាក់រង្វាន់​ត្រូវ​ចែក​ដល់​ក្រុម​អតិថិជន​ដែល​ត្រូវ​ប្រាំ​លេខ បួន​លេខ និង​បី​លេខ។

    នេះ​គឺជា​ចំណុច​ដែល​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​របស់​រដ្ឋ Michigan បង្កើតឱ្យមាន​កំហុសឆ្គង។ ពួកគេ​ស្រង់​ស្ថិតិ​នៃ​ប្រូ​បាប​ឈ្នះ​ទាក់ទង​នឹង​ខ្ទង់​លេខនីមួយ។

    ការបកស្រាយ​អំពី​ក្បួន​គណនា​នេះ​នឹងត្រូវ​ចំណាយពេល​ច្រើន ប៉ុន្តែ​និយាយ​រួម Jerry បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ប្រូ​បាប​ឈ្នះ​ទាំងនោះ ក៏ដូចជា​ការ​គណនា​អំពី​ពេលវេលា​ដែល «Roll Down» នឹង​កើតឡើង។ តាម​ការវិភាគ លោក Jerry Selbee រកឃើញថា សន្លឹកឆ្នោត​មួយ​សន្លឹក​ដែលមាន​តម្លៃ 1 ដុល្លារ នឹងមាន​តម្លៃ​ច្រើនជាង 1 ដុល្លារ នៅក្នុង​សប្ដាហ៍​ចុងក្រោយ​មួយចំនួន មុននឹង​មាន​ព្រឹ​ត្ត​ការណ៍ «Roll Down»។

    ដោយហេតុ​ខាងលើនេះ Jerry Selbee បានសម្រេច​ចិត្ត​រៀបចំ​ផែនការ​ដើម្បី​តាម​ប្រមាញ់​ប្រាក់រង្វាន់។

    លោក Jerry Selbee បានដឹងថា លោក​ត្រូវ​ចាក់​ធំ​ដើម្បី​បាន​ប្រាក់ចំណេញ​ច្រើន។ ក្នុងការ​សាកល្បង​ដំបូង Jerry Selbee បាន​ទិញ​សន្លឹកឆ្នោត​ជាច្រើន​សន្លឹក​ដែលមាន​តម្លៃ​សរុប 2,000 ដុល្លារ។

    ជា​លទ្ធផល Jerry Selbee ខាត​អស់ 50 ដុល្លារ។ លោក​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​សំណាង​មិនល្អ​មួយ និង​នៅតែ​ស្ថិតក្នុង​តួលេខ​ដែល​អាច​ទទួលយកបាន។ គណិត​វិទូ​រូបនេះ ក្រោយមក​ក៏បាន​រកឃើញ្ថា ខ្លួន​ត្រូវ​លេង​ធំ​ជាង​នេះ។

    បី​ខែក្រោយ ព្រឹ​ត្រិ​ការណ៍ «Roll Down» បន្ទាប់ ត្រូវបាន​ប្រកាស។ Jerry Selbee បាន​ទិញ​សន្លឹកឆ្នោត​យ៉ាងច្រើន និង​មានតម្លៃ​សរុប 8,000 ដុល្លារ។ លោក​ឈ្នះ​បាន 15,700 ដុល្លារ ក្នុងនោះ​ចំណេញ​បាន 7,700 ដុល្លារ។ ចាប់តាំងពី​ពេលនេះ អ្វីៗគ្រប់យ៉ាង បាន​ដំណើរ​ការល្អ។

    រៀងរាល់​សប្ដាហ៍ លោក Jerry Selbee ក៏​ចេះតែ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ដើម្បី​ទិញ​សន្លឹកឆ្នោត ហើយ​មានពេលខ្លះ លោក​ចំណាយ​ដល់​រាប់សែន​ដុល្លារ​ឯណោះ។

    គ្រួសារ​របស់លោក Jerry Selbee បានធ្វើ​ដូច្នេះ​អស់​រយៈពេល​ពេញ​មួយ​ទសវត្សរ៍ ដោយ​ពុំមាន​អាជ្ញាធរ​ណា​ចាប់អារម្មណ៍។ រហូតដល់​ថ្ងៃមួយ មាន​និស្សិត​មួយក្រុម​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) បាន​រកឃើញ​ចន្លោះប្រហោង​នេះដែរ​នៅក្នុង​ប្រព័ន្ធ​លទ្ធផល​ឆ្នោត ហើយ​ពួកគេ​ក៏បាន​ប្រមូលប្រាក់​សម្រុក​ទិញ​ឆ្នោត។

    នៅពេល​ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​របស់​រដ្ឋ Michigan ក៏បាន​បិទ​រង្វាន់ Winfall នេះ​ភ្លាម។ ក៏ប៉ុន្តែ ពេលនោះ គ្រួសារ​របស់លោក Jerry រកបាន​ជាង 26 លាន​ដុល្លារ​ពី​ប្រព័ន្ធ​ឆ្នោត​របស់​រដ្ឋ Michigan ទៅហើយ។ ក្រោយពី​បាន​ដក​ការចំណាយ​នានា Jerry នៅសល់​ប្រាក់ចំណេញ​ជាង 8 លាន​ដុល្លារ​អាមេរិក។

    នៅពេល​គ្រប់យ៉ាង​ត្រូវបាន​ទម្លាយ គូ​ស្វាមី-ភរិយា​នេះ មាន​អាយុ​ជិត 80 ឆ្នាំ​អស់​ទៅហើយ​ដែរ។ ពួកគេ​នៅតែ​រស់នៅ​យ៉ាង​សាមញ្ញ បើ​ទោះ​បាន​ក្លាយជា​សេដ្ឋី។

    ដោយ​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​របស់ខ្លួន Jerry បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ដោយ​មិនបាន​បំពាន​លើ​ច្បាប់​អ្វីមួយ​ទាំងអស់។ យ៉ាងណាក៏ដោយ មិត្ត​អ្នកអាន​មិនអាច​ធ្វើដូច្នេះបាន​ឡើយ ព្រោះថា នៅ​កម្ពុជា​មិនមាន​ឆ្នោត​ដែលមាន​រង្វាន់​ប្រភេទ Winfall ដូច​នៅក្នុង​រដ្ឋ Michigan នៃ​សហរដ្ឋអាមេរិក៕

    ប្រភព៖ Medium

  • សកម្មជន​​នៃ​​បក្ស​សាធារណរដ្ឋ​​​ជិត​ 50% ចង់​ចូលបក្ស​របស់ Trump

    សកម្មជន​​នៃ​​បក្ស​សាធារណរដ្ឋ​​​ជិត​ 50% ចង់​ចូលបក្ស​របស់ Trump

    សកម្មជន​របស់​គណៈ​បក្ស​ស​ធារ​ណ​រដ្ឋ ចំនួន​ជិត​ពាក់កណ្ដាល​បានប្រកាសថា បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បោះបង់​បក្ស​នេះ និង​ចូលបក្ស​ថ្មី បើសិន​បក្ស​ថ្មី​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី Donald Trump។

    លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Suffolk សហការ​ជាមួយ​សារព័ត៌មាន USA Today បានប្រកាស​កាលពី​ថ្ងៃទី 21 កុម្ភៈ ឱ្យដឹងថា សកម្មជន​មកពី​បក្ស​សាធារណរដ្ឋ​ប្រមាណ​ជា 46% និយាយថា ពួកគេ​នឹងធ្វើ​ការសម្រេចចិត្ត​ដូច​បាន​និយាយ​ខាងលើ បើសិនជា​អតីត​ប្រធានាធិបតី Donald Trump បង្កើត​បក្ស​ថ្មី។ 27% និយាយថា ពួកគេ​នឹង​បន្ត​នៅ​ជាមួយ​បក្ស​សាធារណរដ្ឋ ខណៈ​ក្រៅពីនេះ មិនទាន់បាន​សម្រេចចិត្ត​នៅឡើយ។

    សកម្មជន​បក្ស​សាធារណរដ្ឋ និង​ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ម្នាក់ ​បាន​និយាយថា៖ «យើង​មាន​អារម្មណ៍​ថា មនុស្ស​របស់​បក្ស​សាធារណរដ្ឋ ហាក់​មិនទាន់​ប្រយុទ្ធ​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ពួកយើង ហើយ​យើងទាំងអស់គ្នា​សុទ្ធតែ​ឃើញថា លោក Donald Trump បាន​ប្រយុទ្ធ​អស់ពី​សមត្ថ​ភាពជា​រៀងរាល់ថ្ងៃ​ដើម្បី​ពួកយើង»។

    លោក Trump មិនទាន់​និយាយ​ដល់​អនាគត​នយោបាយរ​ប​ស់លោក ប៉ុន្តែ ក្រោយពី​ត្រូវបាន​ប្រកាស​លើកលែង​ការចោទប្រកាន់​នៅ​សភា​ជា​លើក​ទី​ពីរ លោក Trump ក៏បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​មេដឹកនាំ​បក្ស​សាធារណរដ្ឋ ពិសេស​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា លោក Mitch McConnell។

    McConnell មិន​បោះឆ្នោត​កាត់ទោស​លោក Trump ដោយ​មូល​ហេតុថា ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ ក្រោយ​ការ​បោះ​ឆ្នោត​​របស់​សភា​ជាន់ខ្ពស់ លោក McConnell បែរជា​និយាយថា លោក Trump ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​សីលធម៌ និង​ការពិត ចំពោះ​អំពើហិង្សា​កាលពី​ថ្ងៃទី 6 មករា នៅ​វិមាន​សភា និង​បាន​និយាយ​ដោយ​ប្រយោល​អំពី​លទ្ធភាព​ដែល​លោក Trump អាច​នឹង​ត្រូវបាន​ចោទប្រកាន់​អំ​ពីបទ​ព្រហ្មទណ្ឌ ព្រោះ​កំហុសឆ្គង​ដែល​លោក​បានធ្វើ​នៅក្នុងពេល​កាន់អំណាច។ លោក Mitch McConnell បញ្ជាក់ថា៖ «គាត់​មិនទាន់បាន​រួចខ្លួន​ពី​បញ្ហា​គ្រប់យ៉ាង​នៅឡើយ»។

    លោក​ Trump និង​លោក​ McConnell

    ប្រតិកម្ម​នឹង​សម្ដី​របស់ McConnell លោក Trump បានប្រកាសថា បក្ស​សាធារណរដ្ឋ​នឹង​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​ពាក់កណ្ដាល​អាណត្តិ​នា​ខាង​ពេលខាងមុខ បើសិន​លោក McConnell នៅតែ​ជា​អ្នកដឹកនាំ។

    លោក Trump ថ្លែងថា៖ «គាត់ (McConnell) នឹងមិន​ធ្វើ​អ្វីដែល​ចាំបាច់​ត្រូវធ្វើ ឬអ្វី​ដែល​សមស្រប​ជាមួយនឹង​ប្រទេសជាតិ​របស់​យើង​នោះទេ។ ខ្ញុំ​នឹង​គាំទ្រ​ក្រុមមនុស្ស​ដែល​យល់ស្រប​ជាមួយនឹង​កិច្ច​ការដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​មហាអស្ចារ្យ​ឡើងវិញ និង​ដាក់​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​នៅលើ​គេ​បង្អស់ នៅក្នុង​ការបោះឆ្នោត​បឋម។ យើង​ត្រូវការ​ក្រុម​មេដឹកនាំ​ដែល​ពូកែ ខ្លាំងក្លា ម៉ត់ចត់ និង​មានចិត្ត​មេត្តា»។

    ទីប្រឹក្សាកំពូលៗរបស់លោក Trump បានឱ្យដឹងថា ពួកគេ​កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការជួយ​ឱ្យ​ក្រុម​អ្នក​អភិរក្ស បាន​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សភា​នាពេលខាងមុខ។

    Jason Miller ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក Trump កាលពី​សប្ដាហ៍​មុន បាន​និយាយថា៖ «គោលដៅ​របស់​យើង​នោះ​គឺ​ការដណ្ដើម​សភា និង​ព្រឹទ្ធសភា​មកវិញ។ ខ្ញុំ​មិនដឹងថា ​មូល​ហេតុអ្វី​បានជា McConnell បែរជា​សម្រេចចិត្ត​វាយប្រហារ​លើ​អតីត​ប្រធានាធិបតី​ដោយ​វិធី​នេះ ប៉ុន្តែ នៅពេល​ធ្វើ​ដូច្នេះ អ្នក​អាច​នឹង​ត្រូវគេ​វាយបក»៕

    ប្រភព៖ Hill

  • កក់ក្ដៅ​បេះដូង! រូបភាព​រៀបការ រវាង​អា​ម៉ា​នឹង​អ្នក​កំលោះ​ជំនាន់​ចៅ ដែល​បង្កប់​ដោយ​រឿងរ៉ាវល្អៗជាច្រើន

    កក់ក្ដៅ​បេះដូង! រូបភាព​រៀបការ រវាង​អា​ម៉ា​នឹង​អ្នក​កំលោះ​ជំនាន់​ចៅ ដែល​បង្កប់​ដោយ​រឿងរ៉ាវល្អៗជាច្រើន

    កាលពីពេលថ្មីៗនេះ មានការ​ចែក​រំំ​លែ​ក​រូបភាព លោកយាយ​ម្នាក់​គ្រង​ឈុត​អាពាហ៍ពិពាហ៍ ថត​ទន្ទឹមគ្នា​នឹង​អ្នក​កំលោះ​រូប​សង្ហា​ជំនាន់​ចៅ​ម្នាក់ ទៅ​ទូទាំង​ពិភព​អន​ឡាញ​របស់​ប្រទេស​ចិន ដោយនៅ​ពីក្រោយ​រូបភាព​ទាំងនោះ មាន​បង្កប់​ដោយ​រឿងរ៉ាវ ដ៏​សែន​កក់ក្ដៅ​បេះដូង​ជាច្រើន។

    អ្នក​កំលោះ​ម្នាក់នេះ មាន​ឈ្មោះថា ចាង ចៀ​កាំ​ង ជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​នៅ​តំបន់​ហ្វឹ​ន​អ៊ី មណ្ឌល​ចៀង​ស៊ី អាយុ 24ឆ្នាំ ចំណែក​លោកយាយ មាន​ឈ្មោះថា ថាំង សៃ​អ៊ីង អាយុ 85ឆ្នាំ។ ទាំង 2នាក់ មាន​អាយុ​ខុសគ្នា 61ឆ្នាំ តែ​នេះ​មិនមែនជា​អាយុ​ខុសគ្នា​របស់​គូស្នេហ៍​ទេ តែ​ជា​អាយុ​ខុសគ្នា​របស់​យាយ និង​ចៅ​ទៅវិញ​ទេ។

    ចាង រៀបរាប់ថា លោកយាយ​ថាំង តែងតែ​រើស​ក្មេង​ដែល​ត្រូវគេ​បោះបង់ចោល​នៅក្នុង​មន្ទីរពេទ្យ យកមក​ចិញ្ចឹម…បើ​ក្មេង​ណា​ម្នា​ក់មាន​រាងកាយ​រឹងមាំ លោកយាយ​នឹង​បញ្ជូនទៅ​មណ្ឌលកុមារ​កំព្រា ឬ​ស្វែងរក​អ្នកទទួល​ចិញ្ចឹម​ធ្វើជា​កូនធម៌ តែបើ​ក្មេង​ណា មាន​រាងកាយ​ទន់ជ្រាយ លោកយាយ​នឹង​ចិញ្ចឹម​មើលថែទាំ​ដោយ​ខ្លួនឯង ហើយ ចាង ក៏​ជា​ក្មេង​ម្នាក់​ដែលមាន​សុខភាព​ទន់ជ្រាយ​ដែរ។

    លោកយាយ និង​ស្វាមី បាន​ជួយ​គ្នា​ចិញ្ចឹម​មើលថែ​ក្មេង​កំព្រា​ដល់​ទៅ 6នាក់ ទាំង​លោកយាយ​ខ្លួនឯង ក៏មានកូនៗបង្កើត​ដល់​ទៅ 5នាក់​ទៀត​ដែរ តែ​លោកយាយ​នៅតែមាន​ដួងចិត្ត​ដ៏​សែន​ល្អ​ប្រពៃ ចិញ្ចឹម​មើលថែទាំ​ពួកគេ ប្រៀបដូចជា​កូនបង្កើត​ដូច្នោះ​ដែរ។

    ចំណែក​ថ្លៃ​ចាយវាយ​ក្នុងការ​ចិញ្ចឹម​មើលថែ លោកយាយ​បានមកពី​ប្រាក់ខែ​ចូលនិវត្តន៍ និង​ការលក់​បន្លែ ដែល​ប្រាកដ​ណាស់​ថា ការចិញ្ចឹម​គ្រួសារ​ដ៏​ធំ​មួយ ច្បាស់​ជាមាន​ការលំបាក​ខ្លាំង​មិន​ខាន។ មានពេលខ្លះ​ខ្វះខាត​លុយកាក់ តែ​សំណាងល្អ​ដែរ ដែល​ខាង​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ហ្វឹ​ន​អ៊ី បានដឹង​រឿងនេះ ក៏បានផ្ដល់​អាហារូបករណ៍​ការសិក្សា ឱ្យ​ចាង និង​ប្អូនស្រី រយៈពេល 10ឆ្នាំ ដែល​ទោះជា​ក្រោយមក មានការ​ប្រែប្រួល​កិច្ចការ​ផ្ទៃក្នុង របស់​ស្ថាប័ន​ក្ដី តែ ក៏​អង្គភាព​ពន្លត់​អគ្គិភ័យ នៅតែ​ផ្ដល់​ការឧបត្ថម្ភ រហូតដល់ ចាង​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា ចំណែក​ប្អូនស្រី ចប់​វិទ្យាល័យ។

    ការជួយ​យកអាសា​ក្នុង​គ្រានោះ ប្រៀបដូចជា​ការបណ្ដុះ​គ្រាប់ពូជ​នៅក្នុង​បេះដូង​របស់​ចាង​ដូច្នោះ​ដែរ… ក្រោយ​រៀន​ចប់ គេ​សម្រេចចិត្ត​ចូលរួម​ក្នុង​កងទ័ព​បម្រើ​ប្រទេសជាតិ បន្ទាប់ពីនោះ ក៏​ចូលរួម​ជាមួយ​អង្គភាព​ពន្លត់​អគ្គិភ័យ។ គេ​ទទួលស្គាល់ថា ការធ្វើការ​នៅក្នុង​អង្គភាព​ពន្លត់​អគ្គិភ័យ ពិបាក​ខ្លាំង​ជាង​ការ​នឹកស្មាន​ទៅទៀត តែ​គេ​បានគិត​ជាប់​ជានិច្ច​ថា វា​គឺជា​ការបម្រើ​ប្រជាជន ទើប​មិនដែល​នឹក​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​នេះឡើយ។

    “លោកយាយ បានផ្ដល់​ជីវិត​ទី2 ដល់​ខ្ញុំ ចំណែក​អង្គភាព​ពន្លត់​អគ្គិភ័យ បានផ្ដល់​ជីវិត​ទី3 ដល់​ខ្ញុំ”

    ពេលនេះ ចាង មិនសូវ​បាន​នៅក្បែរ​លោកយាយ​ថាំង​ប៉ុន្មាន​ឡើយ ដោយសារតែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក តែ​បើសិនជា​ថ្ងៃ​ណា មាន​ពេលទំនេរ គេ​តែង​នាំ​លោកយាយ​ចេញទៅ​ដើរ​កម្សាន្ត​ជានិច្ច។ គេ​និយាយថា លោកយាយ​ជាម​នុស្ស​ស្រឡាញ់​ភាពស្រស់ស្អាត​ខ្លាំងណាស់ តែ ដោយសារតែ​ត្រូវ​មើលថែទាំ​ក្រុមគ្រួសារ ធ្វើឱ្យ​លោកយាយ​មិនមាន​ឱកាស​បាន​មើលថែទាំ​ខ្លួនឯង និង​ដែល​សំខាន់​នោះ គឺ​លោកយាយ មិនដែល​ធ្លាប់បាន​ស្លៀក​ឈុត​រៀបការ​ម្ដងណា​ឡើយ​ក្នុង​មួយជីវិត​នេះ។

    ដូច្នេះហើយ​ទើប ចាង រៀបចំ​ធ្វើ​ស៊ើ​ផ្រៃ​ស៍ ដោយ​ការថតរូប “ព្រី​វេដ​ឌី​ង” ជូន​លោកតា និង​លោកយាយ​ថាំង តែ ថ្ងៃនោះ លោកតា​មិន​អាចម​កបាន ដោយសារតែ​មូលហេតុ​ខាង​សុខភាព ហើយ​គេ​ក៏​មិន​ចង់ឱ្យអ្វីៗដែល​បាន​ត្រៀម​រួចហើយនោះ ខាតបង់ទទេៗដែរ ក៏​ស្លៀក​ឈុត​ឯកសណ្ឋាន ហើយ​ថតរូប​កំដរ​លោកយាយ។

    នៅពេល​ឃើញ​រូបថត​ភ្លាម លោកយាយ​រាងអៀនៗបន្តិច​ដែរ តែ​ក៏មាន​សេចក្ដីសុខ​យ៉ាងខ្លាំង។

    ចាង និយាយថា គេ​ពេញចិត្ត​ចំពោះ​ជីវិត​ក្នុង​ពេលនេះ​ខ្លាំងណាស់ ក្ដី​ប្រាថ្នា​របស់គេ គឺ​លោកយាយ​ថាំង​មាន​សុខភាព​រឹងមាំ មាន​ពេលវេលា​រស់នៅ​ជាមួយគ្នា​កាន់តែ​ច្រើនឡើង ហើយ​គេ​ថែមទាំង​បាន​លើកតម្កើង​ទឹកចិត្ត​របស់លោក​យាយ​យ៉ាងខ្លាំង ដែល​ទោះជា​លោកយាយ រៀន​ចប់​ត្រឹមតែ​ថ្នាក់​បឋម​មែន តែ​លោកយាយ​មាន​ដួងចិត្ត​ដ៏​ល្អ​ស្រស់ ពោរពេញ​ដោយ​ការផ្ដល់ឱ្យ…”ទោះជា​លោកយាយ​មាន​មាឌតូច​មួយ​មែន តែ​លោកយាយ​អាចធ្វើ​រឿង​ជាច្រើន​បាន ដោយ​បេះដូង​ដ៏​រឹងមាំ​របស់​លោកយាយ”

    ប្រភព៖ worldofbuzz

    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • ធ្លាក់​យន្តហោះ​យោធា​អាមេរិក អ្នកបើកបរ​ជនជាតិ​ជប៉ុន និង​គ្រូបង្វឹក​ត្រូវ​បាត់បង់​ជីវិត

    ធ្លាក់​យន្តហោះ​យោធា​អាមេរិក អ្នកបើកបរ​ជនជាតិ​ជប៉ុន និង​គ្រូបង្វឹក​ត្រូវ​បាត់បង់​ជីវិត

    អ្នកបើកបរ​យន្តហោះ​ជនជាតិ​ជប៉ុន រួម​នឹង​គ្រូបង្វឹក​ជនជាតិ​អាមេរិក បាន​បាត់​បង់ជីវិត នៅពេល​យន្តហោះ​សម្រាប់​ហ្វឹកហាត់ T-38 របស់​ពួកគេ​បាន​ធ្លាក់​នៅក្បែរ​ព្រលានយន្តហោះ Montgomery នៃ​រដ្ឋ Alabama សហរដ្ឋអាមេរិក។

    យន្តហោះ​សម្រាប់​ហ្វឹកហាត់ T-38 របស់​ទ័ពអាកាស​អាមេរិក បាន​ធ្លាក់​កាលពី​រសៀល​ថ្ងៃទី 19 កុម្ភៈ ក្នុង​គ្រា​កំពុង​ហ្វឹកហាត់​ទៅតាម​គម្រោង​នៅ​ខាងក្រៅ​មូលដ្ឋាន​ទ័ពអាកាស Columbus ក្នុង​រដ្ឋ Mississippi នេះ​បើតាម Seth Graham មេបញ្ជាការ​ក្រុម​ហោះហើរ​ហ្វឹកហាត់​លេខ 14។

    គ្រូបង្វឹក​របស់​អាមេរិក​នៅលើ​យន្តហោះ T-38 ដែល​ជួប​គ្រោះថ្នាក់​នេះ​គឺ អនុសេនីយ៍ត្រី Scot Ames Jr. មកពី​​ក្រុម​​ហោះ​ហើរ​​ហ្វឹក​ហាត់​​លេខ 50 នៅ​មូលដ្ឋាន​ទ័ពអាកាស Columbus។ ឈ្មោះ​របស់​សិក្ខាកាម​ជនជាតិ​ជប៉ុន វ័យ 24 ឆ្នាំ និង​ជា​អនុសេនីយ៍ត្រី ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    ទីតាំង​ដែល​យន្ត​ហោះ​ជួប​គ្រោះ​ថ្នាក់

    មេបញ្ជាការ​ក្រុម​ហោះហើរ​ហ្វឹកហាត់​លេខ 14 របស់​អាមេរិក​ឱ្យដឹងថា យន្តហោះ T-38 ត្រូវបាន​បញ្ជា​ដោយ​អ្នកបើកបរ​ជនជាតិ​ជប៉ុន និង​ជួប​គ្រោះថ្នាក់​នៅពេល​ស្ថិតក្នុង​ការហ្វឹកហាត់​ពេលយប់​ដំណាក់កាល​ដំបូង។ ទ័ពអាកាស​អាមេរិក​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ។

    យន្តហោះ​ហ្វឹកហាត់ T-38 របស់​អាមេរិក​ដែល​ជួប​គ្រោះថ្នាក់​កន្លងទៅថ្មីៗនេះ នោះ​គឺ​ករណី​នៅ​មូលដ្ឋាន​ទ័ពអាកាស Vance ក្នុង​រដ្ឋ Oklahoma នៅពេល​យន្តហោះ​របស់​ពួកគេ​កំពុង​ចុះចត​ជា​ក្រុម បណ្ដាលឱ្យ​អ្នកបើកបរ​ពីរ​នាក់​បាន​ស្លាប់។

    T-38 គឺជា​យន្តហោះ​សម្រាប់​ហ្វឹកហាត់​ដែលមាន​កៅអី​ចំនួន​ពីរ ត្រូវបាន​អភិវឌ្ឍ​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ 1950 និង​ត្រូវបាន​ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន។ T-38 ប្រមាណ​ជាជាង 1,100 គ្រឿង ត្រូវបាន​លក់​ចេញ និង​ត្រូវបាន​ប្រើប្រាស់​ក្នុងប្រទេស និង​ដែនដី​ចំនួន 6 ក្នុងនោះ​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ប្រើ​ច្រើនជាងគេ ដោយ​កាន់កាប់​ប្រហែល 500 គ្រឿង៕

    ប្រភព៖ Task&Purpose

  • រដ្ឋមន្ត្រី​មហាផ្ទៃ​លី​ប៊ី ត្រូវ​រថពាសដែក​បាញ់រះ នៅក្បែរ​រដ្ឋធានី Tripoli

    រដ្ឋមន្ត្រី​មហាផ្ទៃ​លី​ប៊ី ត្រូវ​រថពាសដែក​បាញ់រះ នៅក្បែរ​រដ្ឋធានី Tripoli

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លី​ប៊ី ត្រូវបាន​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់រះ នៅពេល​ក្បួន​រថយន្ត​របស់លោក​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​ល្បឿន​លឿន នៅក្បែរ​រដ្ឋធានី Tripoli ប៉ុន្តែ សំណាងល្អ បាន​រួច​ពី​ការស្លាប់។

    «ក្បួន​រថយន្ត​របស់លោក ត្រូវបាន​បាញ់ប្រហារ​ពី​រថពាសដែក នៅពេល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​ល្បឿន​លឿន» មន្ត្រី​ម្នាក់​ដែល​ស្និទ្ធ​នឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លូ​ប៊ី Fathi Bashagha និយាយ​កាលពី​ថ្ងៃទី 21 កុម្ភៈ។

    ក្រុម​ខ្មាន់កាំភ្លើង​បាន​បាញ់រះ​ជា​បន្តបន្ទាប់​ទៅលើ​ក្បួន​រថយន្ត​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី Tripoli ក្រោយពី​លោក Fathi Bashagha ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​ប្រេង និង​ទីស្នាក់ការ​នៃ​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​ក្រសួងមហាផ្ទៃ។

    «2នាក់ ក្នុងចំណោម​ក្រុម​ខ្មាន់កាំភ្លើង​ត្រូវបាន​ចាប់ខ្លួន ចំណែក​ជន​ទី​បី​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ» មន្ត្រី​ស្និទ​នឹង​លោក Fathi Bashagha ប្រាប់​ដូច្នេះ និង​បាន​បន្ថែមថា លោក Fathi Bashagha មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ដូច​ធម្មតា។

    រដ្ឋមន្ត្រី​ក្រួសួង​មហា​ផ្ទៃ​លីប៊ី លោក Fathi Bashagha

    លោក Fathi Bashagha គឺជា​អ្នកនយោបាយ​ដែលមាន​អំណាច​ខ្លាំង​នៅ​លី​ប៊ី។ បុរស​វ័យ 58 ឆ្នាំ​រូបនេះ បាន​ឡើង​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​រដ្ឋាភិបាល​ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ចាប់ពី​ឆ្នាំ 2018 និង​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ។

    ប្រទេស​លី​ប៊ី បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល ក្រោយពី​មេដឹកនាំ Muammar al-Gaddafi ត្រូវបាន​ផ្ដួលរំលំ​នៅក្នុង​ចលនា​មួយ​ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច ក្នុង​ឆ្នាំ 2011។ សង្គ្រាម​ដ៏​បង្ហូរឈាម​នាបច្ចុប្បន្ន កើតឡើង​រវាង​រដ្ឋាភិបាល​លី​ប៊ី (GNA) ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ ជាមួយនឹង​ក្រុម​បះបោរ LNA ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Khalifa Haftar។

    លោក Fathi Bashagha ធ្លាប់​ត្រូវបាន​ចាត់ទុកថា​ជាម​នុស្ស​ដែល​អាចដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថ្មី នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​សន្តិភាព ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ ក្រោយពី​មាន​បទ​ឈប់​បាញ់​កាលពី​ខែតុលា ឆ្នាំ 2020។ ប៉ុន្តែ ចុងក្រោយ Abdul Hamid Dbeibah វ័យ 61 ឆ្នាំ ជា​វិស្វករ និង​ជា​អ្នកជំនួញ ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែមករា ឆ្នាំ 2021 ជាមួយនឹង​ការអំពាវនាវ​ឱ្យមាន​ការស្ដារ​ប្រទេសជាតិ ស្ដារ​ប្រជាធិបតេយ្យ និង​បង្រួបបង្រួម​ជាតិ​ឡើងវិញ៕

    ប្រភព៖ AFP

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 35នាក់បន្ថែម​ទៀត​ហើយ​!

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 35នាក់បន្ថែម​ទៀត​ហើយ​!

    នា​ព្រឹក​ថ្ងៃទី 22 ខែកុម្ភៈ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 35 នាក់ទៀត​ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​ កើន​ដល់ 568 នាក់។

    គិត​មកដល់​ព្រឹក​នេះ អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​នៅ​កម្ពុជា មាន​ចំនួន 568 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 475 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស ចំនួន 93 នាក់។

    ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដូចខាងក្រោម៖

     

  • Bitcoin ឡើងថ្លៃ​ជិត 55,000​ដុល្លារ​/​bitcoin ​នាំ​ឱ្យ​តម្លៃ​មូលធន​របស់​វា កើន​ដល់ 1លាន​លាន​ដុល្លារ​អាមេរិក

    Bitcoin ឡើងថ្លៃ​ជិត 55,000​ដុល្លារ​/​bitcoin ​នាំ​ឱ្យ​តម្លៃ​មូលធន​របស់​វា កើន​ដល់ 1លាន​លាន​ដុល្លារ​អាមេរិក

    ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី នាយក​ផ្នែក​ប្រមូល​ទុន​របស់​បណ្ដា​ក្រុមហ៊ុន និង​ក្រុមហ៊ុន​វិនិយោគ និង​ក្រុម​អ្នកវិនិយោគ​ស្ថាប័ន (Institutional Investors) ជាដើម ត្រូវបាន​គេ​យល់ថា ជា​អ្នក​រុញច្រាន​ឱ្យមាន​ការឡើង​ថ្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin។

    ប្រាក់ Bitcoin ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ​ក្រោម 54,000 ដុល្លារ​អាមេរិក ហើយ​ក្រោយមក​ក៏​កើន​ឡើងដល់ 54,880 ដុល្លារ ក្នុង​ 1 bitcoin កាលពី​ថ្ងៃទី 19 កុម្ភៈ នេះ​បើតាម​ក្រុមហ៊ុន Coin Metrics។ ការឡើង​ថ្លៃ​នេះ បាន​ជួយ​ឱ្យ​តម្លៃ​មូលធន​របស់ Bitcoin កើនឡើង​ដល់ 1 លាន​លាន (1,000,000,000,000) ដុល្លារ​ជា​លើកដំបូង។ ប្រការនេះ​ក៏បាន​នាំឱ្យ​ប្រាក់​ឌីជីថល/អេឡិចត្រូនិក​នេះ រកបាន​ចំណេញ​ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យផ្សេងៗ មានដូច​ជា មូល​ប​ត្រ និង​មាស​ជាដើម។

    តម្លៃមូលធនរបស់ Bitcoin កើនដល់ 1លានលានដុល្លារអាមេរិក

    យោងតាម​សារព័ត៌មាន Bloomberg តម្លៃ​មូលធន​របស់ Bitcoin នៅក្នុង​ដើមឆ្នាំ 2021 នេះ បាន​កើនឡើង​បន្ថែមចំនួន 450 ពាន់​លាន​ដុល្លារ​អាមេរិក។

    ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី ឬ​ក្រុម​អ្នក​រំពឹង​លើ​ការ​ចំណេញ​រយៈពេល រួម​នឹង​នាយក​ផ្នែក​ប្រមូល​ទុន​របស់​បណ្ដា​ក្រុមហ៊ុន និង​ក្រុម​អ្នកវិនិយោគ អ្នកវិនិយោគ​ស្ថាប័ន (Institutional Investors) ត្រូវបាន​គេ​ជឿថា ជា​ក្រុម​ដែល​បាន និង​កំពុង​ជំរុញ​ឱ្យ Bitcoin ឡើងថ្លៃ​កប់​ពពក​បែបនេះ។

    ក្រុម​អ្នកគាំទ្រ Bitcoin នៅតែ​ជជែក​តវ៉ា​ជាមួយនឹង​ក្រុម​ដែល​សង្ស័យ​អំពី​កត្តា​លើកទឹកចិត្ត​នៅ​ពីក្រោយ​ការឡើង​ថ្លៃ​របស់​រូ​បិ​ប័ណ្ណ​ឌីជីថល Bitcoin នេះ។ ក្រុម​មួយ​និយាយថា Bitcoin គឺជា​ទ្រព្យ​ដែល​ត្រូវបាន​គេ​ទទួលយក​ច្រើន ដោយសារតែ​ប្រសិទ្ធភាព​នៃ​ការ​ទប់​ទល់នឹង​ហានិភ័យ​នៃ​បញ្ហា​អតិផរណា។ ចំណែក​ក្រុម​មួយទៀត​គិតថា នេះ​គ្រាន់​តែ​​ជាការ​រំភើប​បណ្ដោះអាសន្ន​ប៉ុណ្ណោះ៕

    ប្រភព៖ Bloomberg

  • ប្រមុខ​រដ្ឋាភិបាល ស្នើ​កុំឱ្យ​រើសអើង​អ្នក​នៅក្នុង​សហគមន៍ «ព្រឹត្តិ​ការណ៍​​ 20​​កុម្ភៈ»​ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន 32នាក់

    ប្រមុខ​រដ្ឋាភិបាល ស្នើ​កុំឱ្យ​រើសអើង​អ្នក​នៅក្នុង​សហគមន៍ «ព្រឹត្តិ​ការណ៍​​ 20​​កុម្ភៈ»​ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន 32នាក់

    ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ផ្ទាល់​នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ក្លឹប N8 មក​ធ្វើតេស្តរ​កវី​រុស Covid-19 ជាបន្ទាន់។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន នៅក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី 20 កុម្ភៈ ឆ្នាំ 2021 នេះ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​វីរុស Covid-19 ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន 32 នាក់ នៅក្នុង​សហគមន៍​ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា «ព្រឹត្តិ​ការណ៍​ 20​ កុម្ភៈ»។

    នៅក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ផ្ទាល់​ខាងលើ ទន្ទឹមនឹង​ការណែនាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់ Covid-19 សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប កុំ​រើសអើង​ចំពោះ​ពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ «ព្រឹត្តិ​ការណ៍​ 20 ​កុម្ភៈ»​ ផងដែរ។

    ក្រៅពីនេះ សម្រាប់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ក្លឹប N8 (ជា​ទីតាំង​ដែល​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​20កុម្ភៈ) ដែល​ស្ថិតនៅ​ជិត​ស្តា​ត​អូឡាំពិក សម្ដេច ក៏បាន​អំពាវនាវ​ឱ្យមក​សហការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ធ្វើតេស្ត​ជាបន្ទាន់ ក្នុង​បំណង​ទប់ស្កាត់​ទាន់ពេលវេលា​នូវ​ការឆ្លង​បន្ត​ទៅកាន់​មនុស្ស​នៅ​ជុំវិញ៕