Author: សឿន សំណាង

  • រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី ចំនួន 40នាក់​ទៀតហើយ ក្នុង​រយៈពេល 24ម៉ោង​មុននេះ

    រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី ចំនួន 40នាក់​ទៀតហើយ ក្នុង​រយៈពេល 24ម៉ោង​មុននេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា ទើបតែ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 40 នាក់​ទៀត នៅក្នុង​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2021។

    ករណី​ឆ្លង​ថ្មី​នេះ ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​ដែល​បាន​រកឃើញ​នៅ​កម្ពុជា កើនឡើង​ដល់​ជាង 630 នាក់។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​ខាងក្រោម​របស់​ក្រសួងសុខាភិបាល​កម្ពុជា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 633 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 476 នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល ចំនួន 142 នាក់។




  • ហ្វីលីពីន​ស្នើ បញ្ជូន​គិលានុបដ្ឋាក​ទៅធ្វើ​ការ​នៅ​អង់គ្លេស និង​អាល្លឺម៉ង់ ដើម្បី​ប្ដូរ​យក​វ៉ាក់សាំង Covid-19

    ហ្វីលីពីន​ស្នើ បញ្ជូន​គិលានុបដ្ឋាក​ទៅធ្វើ​ការ​នៅ​អង់គ្លេស និង​អាល្លឺម៉ង់ ដើម្បី​ប្ដូរ​យក​វ៉ាក់សាំង Covid-19

    កាលពី​ថ្ងៃទី 23 កុម្ភៈ មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​បានឱ្យដឹងថា ប្រទេស​នេះ​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្នែក​សុខាភិបាល​រាប់ពាន់នាក់​របស់ខ្លួន ដែល​ភាគច្រើន​គឺជា​គិលានុបដ្ឋាក ទៅធ្វើ​ការ​នៅ​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់ បើសិន​ប្រទេស​ទាំងពីរ​នេះ យល់ព្រម​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Covid-19 ដល់​ហ្វីលីពីន។

    ហ្វីលីពីន​ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ​នៅ​អាស៊ី បាន​បន្ធូរបន្ថយ​បទបញ្ជា​ហាម​បុគ្គលិក​សុខាភិបាល​ចាក​ចេញពី​ប្រទេស ប៉ុន្តែ​នៅតែ​រឹតត្បិត​លើ​អ្នកជំនាញ​សុខាភិបាល ដោយ​មិន​អនុញ្ញាតឱ្យ​ទៅធ្វើ​ការ​នៅ​បរទេស លើសពី 5,000/ឆ្នាំ។

    ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​បញ្ហា​អន្តរជាតិ​នៃ​ក្រសួង​ការងារ​ហ្វីលីពីន លោកស្រី Alice Visperas ឱ្យដឹងថា ប្រទេស​នេះ​កំពុង​រកមើល​លទ្ធភាព​បន្ធូរបន្ថយ​ការហាម​ប្រាម​លើ​បញ្ហា​ខាងលើ ដើម្បី​ប្ដូរ​យក​វ៉ាក់សាំង​របស់​អង់គ្លេស និង​អាល្លឺម៉ង។ វ៉ាក់សាំង​ទាំងនោះ​នឹងត្រូវ​យកមក​ចាក់ឱ្យ​ពលករ​បរទេស និង​ពលរដ្ឋ​ហ្វីលីពីន​ដែល​វិល​ត្រលប់​ពី​បរទេស។

    អង់គ្លេស និង​អាល្លឺម៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អ្នក​ឆ្លង Covid-19 ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក។ ប្រទេស​ទាំងនេះ​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​ពលរដ្ឋ​រាប់សិប​លាន​នាក់​រួចហើយ ខណៈ​ហ្វីលីពីន មិនទាន់បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ពេញវ័យ 70 លាន​នាក់ ស្មើនឹង 60% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​នៅឡើយ។

    ហ្វីលីពីន តាម​គម្រោង​នឹង​ទទួលបាន​វ៉ាក់សាំង​នៅក្នុង​សប្ដាហ៍​នេះ ដោយ​ចិន​ជា​អ្នកផ្ដល់ជំនួយ។ ហ្វីលីពីន មានបំណង​រក​ឱ្យបាន​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 148 លាន​ដូ​ស សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​របស់ខ្លួន។

    ពលរដ្ឋ​ហ្វីលីពីន​ដែល​ធ្វើការ​នៅ​បរទេស ក្នុងនោះ​មាន​ក្រុម​គិលានុបដ្ឋាក​ផងដែរ បាន​នាំមក​នូវ​លំហូរ​សាច់ប្រាក់​ពី​បរទេស ប្រមាណ 30 ពាន់​លាន​ដុល្លារ/ឆ្នាំ ដល់​ហ្វីលីពីន។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល ឆ្នាំ 2019 គិលានុបដ្ឋាក​ជិត 17,000 របស់​ហ្វីលីពីន បាន​ចុះកិច្ចសន្យា​ធ្វើការ​នៅ​បរទេស៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុមប៉ុលិសមីយ៉ានម៉ា និង​​ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ គិត​មក​ដល់​ថ្ងៃ​នេះ​

    ស្ថាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុមប៉ុលិសមីយ៉ានម៉ា និង​​ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ គិត​មក​ដល់​ថ្ងៃ​នេះ​

    ក្រុមប៉ូលិស​ភូមា (មី​យ៉ាន​ម៉ា) បាននាំគ្នា​ដេញ និង​ចាប់​បាតុករ​ជាច្រើន​រយ​នាក់​នៅក្នុង​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា​ប្រកបដោយ​ភាពវឹកវរ​នៅ​រដ្ឋធានី ណៃ​ពី​ដោ កាលពី​ថ្ងៃទី 22 កុម្ភៈ។

    វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​ទូរស័ព្ទ​របស់​ពលរដ្ឋ បង្ហាញថា ក្រុមប៉ូលិស​ប្រដាប់អាវុធ​បាន​បែងចែក​ទិសដៅ​គ្នា ដេញចាប់​ក្រុមបាតុករ​ដែល​កំពុងរ​ត់​គេចខ្លួន​នៅ Pyinmana ដែលជា​ក្រុង​រណប​មួយ​របស់​រដ្ឋធានី។ រថយន្ត​ប្រអប់​មួយគ្រឿង​របស់​ក្រុមប៉ូលិស​ឈប់​នៅលើ​ដងផ្លូវ ហើយ​បាតុករ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​ត្រូវ​កៀប និង​រុញច្រាន​ឱ្យចូល​ក្នុង​ប្រអប់ ក្នុងពេល​សំឡេង​ស្រែក​ប្រឆាំង​បន្លឺឡើង​កងរំពង។

    អ្នកជិះ​ម៉ូតូ​ម្នាក់​ឱ្យដឹងថា ខ្លួន​បាន​ជិះ​ឆ្លងកាត់​ក្បែរ​រថយន្ត​ប្រអប់​ចំនួន 3 គ្រឿង​របស់​ប៉ូលិស និង​ឃើញថា ក្នុងនោះ​មាន​បាតុករ​ពេញ​ណែន​ទាំងអស់។ យោងតាម​សាក្សី បាតុករ​ប្រមាណ​ជាង 200 នាក់ ដែល​ភាគច្រើន​គឺជា​នារី​ភេទ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

    ក្រុមគ្រួសារ​របស់​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម និង​បានឱ្យដឹងថា បាតុករ​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋានទ័ព។ បើសិនជា​ព័ត៌មាន​នេះ​ជាការ​ពិត នោះ​វា​គឺជា​ករណី​ចាប់ខ្លួន​ធំ​បំផុត រាប់​ចាប់ពី​ចលនា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា​ត្រូវបាន​បង្កើតឡើង។

    មនុស្ស​រាប់ម៉ឺន​នាក់​បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុងធំៗរបស់​ប្រទេស​ភូមា កាលពី​ថ្ងៃទី 22 កុម្ភៈ ដើម្បី​ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព។ ពួកគេ​ស្នើឱ្យ​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល និង​ដោះលែង​ក្រុមមន្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​ទាំង​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi ផងដែរ។

    មនុស្ស​យ៉ាងហោច 3 នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការបាញ់ប្រហារ​ពី​ក្រុមប៉ូលិស នៅក្នុង​បាតុកម្ម​នានា ខណៈដែល​ភាគី​ខាង​កងទ័ព​ក៏បាន​ប្រកាសថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយសារ​រងរបួស​ធ្ងន់​នៅពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​ក្រុមបាតុករ​នៅ Mandalay។

    ប្រទេស​អង់គ្លេស អាមេរិក និង​កាណាដា សុទ្ធតែ​បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​មី​យ៉ាន​ម៉ា ប៉ុន្តែ កងទ័ព​នៃ​ប្រទេស​នេះ មកដល់​បច្ចុប្បន្ន នៅតែ​មិន​អើពើ​ដល់​សម្ពាធ​នានា​ពីស​ហគ​មន៍​អន្តរជាតិ៕

    ប្រភព៖ Reuters

  • មហា​សេដ្ឋិនី​វ័យក្មេង​បំផុត ប្រចាំ​​ទឹក​ដី​អាមេរិក៖ ធ្វើ​ជំនួញ​ជាមួយ​ជំនាញ​នៅ​ក្នុង​ចំណូល​ចិត្ត​នឹង​ជួយ​ឱ្យយើង​ជោគ​ជ័យ​

    មហា​សេដ្ឋិនី​វ័យក្មេង​បំផុត ប្រចាំ​​ទឹក​ដី​អាមេរិក៖ ធ្វើ​ជំនួញ​ជាមួយ​ជំនាញ​នៅ​ក្នុង​ចំណូល​ចិត្ត​នឹង​ជួយ​ឱ្យយើង​ជោគ​ជ័យ​

    នាង Whitney Wolfe Herd អាយុ 31 ឆ្នាំ កាលពីដើម​ខែកុម្ភៈ​នេះ បានក្លាយ​ជាម​ហា​សេដ្ឋិនី​រកស៊ី​មានបាន​ដោយ​ខ្លួនឯង​ក្នុង​វ័យ​នៅ​ក្មេង​ជាងគេ ក្រោយពី​កម្មវិធី (app) ណាត់ជួប​គ្នា ឈ្មោះ Bumble ដែល​នាង​បាន​បង្កើតឡើង ត្រូវបានធ្វើ IPO។

    យោងតាម​ឯកសារ​ដែល​បាន​ផ្ញើ​ទៅកាន់​ផ្សារ​ហ៊ុន ជាមួយនឹង​ភាគហ៊ុន 11.6% នៅក្នុង​ក្រុមហ៊ុន នាង Wolfe Herd បច្ចុប្បន្ន​មានទ្រព្យ 1.5 ពាន់​លាន​ដុល្លារ និង​ជាម​ហា​សេដ្ឋិនី​វ័យក្មេង​បំផុត​នៅ​សហរដ្ឋអាមេរិក។ នាង​ក៏​ជា CEO ក្មេង​បំផុត​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ចូល​ផ្សារ​ហ៊ុន​នៅ​ប្រទេស​នេះ​ផងដែរ។

    Bumble គឺជា​កម្មវិធី​ណាត់ជួប​គ្នា​ធំ​ទី​ពីរ​ដែល​បានធ្វើ IPO (បោះ​ផ្សាយលក់​​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​) បន្ទាប់ពី Match Group ដែលជា​ក្រុមហ៊ុនមេ​របស់ Match.com ឆ្នាំ 2015។ Match Group ក៏​ជា​អ្នកកាន់កាប់ Tinder និង​ធ្លាប់​ព្យាយាម​ទិញ Bumble កាលពី​ឆ្នាំ 2017 ក្នុងតម្លៃ 450 លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់ Bumble ត្រូវបាន​កំណត់​ត្រឹម 8.3 ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​រកបាន​ចំណូល 417 លាន​ដុល្លារ​ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2020 កើនឡើង​ច្រើន​ធៀប​នឹង 363 លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ 2019។

    នាង Wolfe Herd បាន​បង្កើត Bumble ក្នុង​ឆ្នាំ 2014 ក្រោយពី​បាន​ប្ដឹង Tinder (ក្រុមហ៊ុន​ចាស់​របស់ខ្លួន) ដោយសារតែ​បញ្ហា​បៀតបៀន​កេរ្ដិ៍ខ្មាស។ Wolfe Herd បាន​ចោទប្រកាន់ថា អតីត​ចៅហ្វាយ​របស់​នាង គឺ​លោក Justin Mateen បាន​គំរាមកំហែង និង​ដកតំណែង​សហ​ស្ថាបនិក Tinder របស់​នាង។ Tinder ក្រោយមក​ក៏បាន​បដិសេធ ហើយ​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​អាថ៌កំបាំង។

    ក្រោយពី​បាន​ចាក​ចេញពី Tinder នាង Wolfe Herd បាន​សហការ​ជាមួយ​មហាសេដ្ឋី Andrey Andreev (ជា​អ្នក​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការកសាង​កម្មវិធី​ណាត់ជួប​នៅក្នុង​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ឡាទីន) ដើម្បី​បង្កើត Bumble ក្នុង​ឆ្នាំ 2014។ នៅលើ​ថ្នាល Bumble មានតែ​ស្ត្រី​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​អាទិភាព។ ប្រការនេះ​គឺ​ផ្ទុយ​ពី Tinder រួម​នឹង​កម្មវិធី​ណាត់ជួប​ដទៃទៀត។

    Andreev ចាក​ចេញពី​ក្រុមហ៊ុន​កាលពី​ឆ្នាំ 2019 ក្រោយពី Forbes បាន​ចុះផ្សាយ​ការស៊ើបអង្កេត​មួយ​ដែល​ចោទប្រកាន់ថា មានការ​រើសអើង​ស្ត្រីភេទ​នៅក្នុង​ការិយាល័យ​នាទី​ក្រុង​ឡុង​ដ៍ ជា​កន្លែង​ដែល Andreev ទទួលខុសត្រូវ។ បញ្ហា​នេះ​គឺ​ដើរ​បញ្ច្រាស​នឹង​គោលការណ៍​របស់ Bumble។ ក្រុមហ៊ុន​បានធ្វើការ​ស៊ើបអង្កេត និង​បានប្រកាសថា ព័ត៌មាន​នេះ​មិន​ពិត។

    ឆ្នាំ 2020 Blackstone Group បាន​ទិញ​ភាគហ៊ុន​របស់លោក Andreev នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Bumble កើន​ដល់ 3 ពាន់​លាន​ដុល្លារ​អាមេរិក។ Bumble គ្រប់គ្រង​ទាំង​កម្មវិធី​ណាត់ជួប​មួយទៀត​ដែលមាន​ឈ្មោះថា Badoo។ បច្ចុប្បន្ន app ទាំងពីរ​នេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 150 ក្នុង​ពិភពលោក និង​មាន​អ្នកប្រើប្រាស់​ជាង 40 លាន​នាក់​ជា​រៀងរាល់ខែ។

    លោក Andrey Andreev និង​នាង​​ Whitney Wolfe Herd

    វិថី​ទៅកាន់​ជោគជ័យ​របស់ Wolfe Herd មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ ប៉ុន្តែ នាង​យល់ថា គ្រប់គ្នា​អាច​ចាប់ផ្ដើម​ធ្វើ​ជំនួញ និង​ជោគជ័យ​បាន​ដូចគ្នា។ «ដំបូង ចូរ​ស្វែងរក​ឱ្យឃើញ​នូវ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន។ បើសិនជា​អ្នក​ពិតជា​មានចំណេះដឹង​ក្នុង​វិស័យ​ណាមួយ អ្នកនឹង​រកឃើញ​វិធី​ដើម្បី​ធ្វើ​ជំនួញ» នាង Wolfe Herd បាន​ប្រាប់ CNBC ដូច្នេះ។ នាង​បន្តថា៖ «ឧទាហរណ៍ អ្នក​គឺជា​ចុងភៅ​ឆ្នើម​ម្នាក់ ដូច្នេះ ចូរ​បង្កើត blog មួយ និង​និយាយ​អំពី​វិធី​ច​ម្អិ​ត​អាហារ ហើយ​ចាប់ផ្ដើម​លក់​រូបមន្ត»។

    កាលពី​ឆ្នាំ 2017 Wolfe Herd ត្រូវបាន Forbes បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី 30 Under 30 នៅក្នុង​វិស័យបច្ចេក​វិទ្យា​​សម្រាប់​ឯក​ជន​ភាព​ (Consumer technology)។ Bumble ក៏បាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​ថ្ងៃ​ជួញដូរ​ដំបូង នៅពេល​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ជិត​ទ្វេដង​នៃ​តម្លៃ IPO៕

    ប្រភព៖ CNBC, Forbes
    ប្រែសម្រួល​៖ បុត្រា

  • «ជ្រុលដៃ» សរសេរថា «តម្លៃ Bitcoin កំពុង​ឡើង​ខ្ពស់​ពេក​ហើយ» លោក Musk ត្រូវ​ធ្លាក់​ពី​តំណែង «​អ្នក​​មាន​​​​ជាង​គេ​​ក្នុង​​ពិភព​លោក»

    «ជ្រុលដៃ» សរសេរថា «តម្លៃ Bitcoin កំពុង​ឡើង​ខ្ពស់​ពេក​ហើយ» លោក Musk ត្រូវ​ធ្លាក់​ពី​តំណែង «​អ្នក​​មាន​​​​ជាង​គេ​​ក្នុង​​ពិភព​លោក»

    តម្លៃ​ទ្រព្យ​សរុប​របស់ CEO នៃ​ក្រុមហ៊ុន Tesla លោក Elon Musk បាន​ធ្លាក់​មក​នៅត្រឹម 183.4 ពាន់​លាន​ដុល្លារ ឈរ​លំដាប់​លេខ​ពីរ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​កំពូល​មហាសេដ្ឋី Jeff Bezos។

    យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk លែង​នៅ​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​ទៀតហើយ នៅពេល​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ធ្លាក់​ថ្លៃ 8.6% នៅក្នុង​ការជួញដូរ​កា​លពី​ម្សិលមិញ (22កុម្ភៈ 2021) ស្មើនឹង 15.2 ពាន់​លាន​ដុល្លារ​អាមេរិក។

    មូល​ប​ត្រ​របស់ Tesla បាន​ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយពី​លោក Musk បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ថា រូបិយវត្ថុ Bitcoin និង Ethereum ហាក់​កំពុង​ឡើងថ្លៃ​ជ្រុល។ ការបញ្ចេញមតិ​ដែល​ប្រកបដោយ «ភាព​រសើប» នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី Tesla បាន​ទិញ Bitcoin រហូតដល់ 1.5 ពាន់​លាន​ដុល្លារ និង​បាន​នាំឱ្យ​ក្រុម​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ។

    ក្រោយ​ព្រឹត្តិការណ៍​ខាងលើ តម្លៃ​សរុប​នៃ​ទ្រព្យ​របស់​មហាសេដ្ឋី Elon Musk បាន​ធ្លាក់​ចុះមក​នៅត្រឹម 183.4 ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​ពីក្រោយ CEO របស់ Amazon លោក Jeff Bezos ដែល​បច្ចុប្បន្ន​មានទ្រព្យ​សរុប 186.3 ពាន់​លាន​ដុល្លារ។

    ការប្រែប្រួលនៃតម្លៃមូលបត្ររបស់ Tesla និងតម្លៃរបស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin រាប់ចាប់ពីថ្ងៃទី 4 ខែមករា ឆ្នាំ 2021 (គិតជា %)

    ក្នុង​មួយរយៈ​ពេល​ខ្លី​កន្លងទៅនេះ កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​ពីររូប​ខាងលើ បាន​ប្ដូរ​តំណែង​អ្នកមាន​ជាងគេ​ក្នុង​​ពិភព​​​លោក​​ទៅ​ឱ្យ​​គ្នា​ជា​បន្តបន្ទាប់។ មហាសេដ្ឋី Elon Musk ធ្លាប់​ដណ្ដើមបាន​តំណែង​នេះ​ជា​លើក​ទី​ពីរ​ពី​លោក Jeff Bezos កាលពីដើម​ខែកុម្ភៈ ឆ្នាំ 2021 នៅពេល​គម្រោង SpaceX របស់លោក ប្រមូល​ទុន​បាន 850 លាន​ដុល្លារ ដែលនាំឱ្យ​ក្រុមហ៊ុន​នេះ ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់ 74 ពាន់​លាន​ដុល្លារ​អាមេរិក។

    អំពី Jeff Bezos វិញ លោក​ធ្លាប់បាន​គ្រង​តំណែង​ជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​អស់​រយៈពេល 3 ឆ្នាំ​បន្តបន្ទាប់ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Bloomberg Billionaires Index មុនពេល​ត្រូវ Elon Musk ដណ្ដើមបាន​លើកដំបូង​កាលពី​ខែមករា 2021។

    ទ្រព្យសម្បត្តិ​របស់លោក Elon Musk ឡើង​ចុះ​មិន​ប្រក្រតី ដោយសារតែ​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក Bitcoin ប្រែប្រួល​មិន​ទៀង ព្រោះតែ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់លោក​បាន​ទិញ​រូបិយវត្ថុ Bitcoin នេះ ចំនួន 1.5 ពាន់​លាន​ដុល្លារ៕

    ប្រភព៖ Bloomberg

  • NASA បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​ការ​ចុះចត​របស់​យាន​ស្រាវជ្រាវ​លើ​ផ្កាយ​ព្រះ​អង្គារ និង​សំឡេង​ដំបូង​ពី​ពិភព​ក្រហម​នេះ

    NASA បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​ការ​ចុះចត​របស់​យាន​ស្រាវជ្រាវ​លើ​ផ្កាយ​ព្រះ​អង្គារ និង​សំឡេង​ដំបូង​ពី​ពិភព​ក្រហម​នេះ

    ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) កាលពី​ថ្ងៃទី 22 កុម្ភៈ បាន​បញ្ចេញ​វីដេអូ​ដំបូង​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ចុះចត​របស់​យាន​ស្រាវជ្រាវ Perseverance ទៅលើ​ពិភព​អង្គារ រួម​នឹង​សំឡេង​ដំបូង​ដែល​យាន​នេះ​ថត​បាន​ពី​ពិភព​មួយ​នេះ។

    ទិដ្ឋភាព​យាន​ដំណើរ​ស្វ័យប្រវត្តិ Perseverance ដែល​បាន​ចុះចត​លើដី​ពិភព​ព្រះ​អង្គារ​កាលពី​ថ្ងៃទី 18 កុម្ភៈ​នេះ គឺជា​រូបភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ថត​បាន​នៅលើ​ផ្កាយ​ព្រះ​អង្គារ ហើយ​វា​ផ្ដល់នូវ​បទពិសោធន៍​ថ្មី​ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក។

    រួម​ជាមួយនឹង​វីដេអូ ក៏មាន​អូ​ឌី​យ៉ូ​ផងដែរ ដែល​លាតត្រដាង​អំពី​សំឡេង​ខ្យល់​បក់​នៅលើ​ផ្ទៃ​របស់​ភព​អង្គារ ដែល​យាន​ស្រាវជ្រាវ​ថត​បាន​ក្នុង​គ្រា​ដំបូង​នៃ​ការ​ចុះចត​របស់ខ្លួន។

    Thomas Zurbuchen អនុប្រធាន​ផ្នែក​គ្រប់គ្រង​របស់​គណៈកម្មកា​រ​នាយក​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA បានឱ្យដឹងថា ទិដ្ឋភាព និង​សំឡេង​ថ្មី​គឺជា «អ្វីដែល​អ្នក​អាច​ថត​បាន​នៅពេល​ចុះចត​លើ​ពិភព​អង្គារ​ដោយ​មិនចាំបាច់​ស្លៀកពាក់​ឈុត​ទប់​ទល់នឹង​សម្ពាធ»។

    ប្រភព៖ NASA/REUTERS/ABC News

  • ទើបតែ​ទិញ Bitcoin តម្លៃ 1.5ពាន់​លាន​ដុល្លារ ពេលនេះ ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​​ Tesla ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ទៅហើយ ប៉ុន្តែ…

    ទើបតែ​ទិញ Bitcoin តម្លៃ 1.5ពាន់​លាន​ដុល្លារ ពេលនេះ ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​​ Tesla ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ទៅហើយ ប៉ុន្តែ…

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​មហាសេដ្ឋី Elon Musk រកបាន​ប្រាក់ចំណេញ 1 ពាន់​លាន​ដុល្លារ ដោយ​សារបាន​វិនិយោគ​ទៅលើ Bitcoin ក្នុង​គ្រា​ដែល​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក​នេះ​កើនឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស។

    យោងតាម​ទំព័រ Business Insider អ្នកវិភាគ Dan Ives មកពី​ក្រុមហ៊ុន Wedbush Securities បានលើកឡើង​ដូចខាងលើ​នេះ កាលពី​ថ្ងៃទី 21 កុម្ភៈ។ លោក Dan ឱ្យដឹងថា៖ «ការ​គណនា​របស់​យើង​បង្ហាញថា Tesla មកដល់ពេលនេះ​បាន​ចំណេញ​ប្រហែល 1 ពាន់​លាន​ដុល្លារ​ក្នុង​ខែ​កន្លងទៅ ដោយសារ​វិនិយោគ​ទៅលើ Bitcoin ដែលជា​រូបិយវត្ថុ​អេឡិចត្រូនិក​កំពុង​ឡើងថ្លៃ​ខ្ពស់បំផុត និង​មានតម្លៃ​មូលធន​ទីផ្សារ 1 លាន​លាន (1,000,000,000,000)ដុល្លារ​អាមេរិក»

    លោក Dan ព្យាករ​ថា នាពេលខាងមុខ Tesla នឹង​រកបាន​ប្រាក់​ពី Bitcoin ច្រើនជាង​ពី​រថយន្ត​អគ្គិសនី​របស់ខ្លួន​ទៅទៀត។

    ដើមខែ​នេះ Tesla បានប្រកាសថា បាន​វិនិយោគ 1.5 ពាន់​លាន​ដុល្លារ​ទៅលើ Bitcoin ហើយ​ថា នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន ប្រើប្រាស់​ប្រាក់ Bitcoin ដើម្បី​ទូទាត់​ទំនិញ​របស់ Tesla ផងដែរ។ ក្រោយ​ការប្រកាស​ខាងលើ Bitcoin បាន​ឡើងថ្លៃ​ជិត 72% ខណៈ​តម្លៃ​មូលធន​ទីផ្សារ​ក៏បាន​កើន​ដល់ 1 លាន​លាន​ដុល្លារ​អាមេរិក។

    Tesla បាន​ទិញ Bitcoin តាំងពី​ខែមករា ក្នុង​គ្រា​ដែល​តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​ពី 30,000 ដល់ 40,000 ដុល្លារ/bitcoin

    ពាណិជ្ជសញ្ញា​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Tesla (ឆ្វេង) និង​ Bitcoin

    ក្រុមហ៊ុន Tesla មិនបាន​បង្ហើប​ឱ្យដឹង​ច្បាស់​អំពី​ពេលវេលា និង​តម្លៃ Bitcoin ដែល​ខ្លួន​បាន​ទិញ​កន្លងមកនេះ​ទេ ហើយ​គេ​ក៏​មិនទាន់​ដឹងថា Tesla បាន​លក់ Bitcoin ខ្លះ ឬ​យ៉ាងណា​នៅឡើយ។

    អ្នកវិភាគ​ខាងលើ​និយាយថា មាន​ក្រុមហ៊ុន​សាធារណៈ​មិន​ដល់ 5% ដែល​នឹង​ដើរ​តាម​គន្លង​របស់ Tesla ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​របស់​រូបិយវត្ថុ​នេះ​មិនទាន់មាន​ភាពច្បាស់លាស់។

    លោក Jeffrey Halley អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Oanda Asia Pacific Pte យល់ថា ការ​ឡើងថ្លៃ​យ៉ាងគំហុក​របស់​ប្រាក់ Bitcoin គឺ​ដោយសារ​កត្តា​ជំរុញ​ពី​ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី​តែមួយគត់។

    ចំណែក​ក្រុម​អ្នកជួញដូរ​ក៏មាន​ការព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​របស់លោក Biden នឹង​ព្យាយាម​កែ​សម្រួល​​វិស័យ​រូបិយវត្ថុ​អេឡិចត្រូនិក​នេះដែរ ដែល​នេះ​អាច​បង្ក​សម្ពាធ​ដល់​ផ្លូវចិត្ត​របស់​អ្នកវិនិយោគ។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Janet Yellen ថ្មីៗនេះ បាន​សម្ដែង​ការព្រួយបារម្ភ​ថា ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិច​ត្រូនិក អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ល្មើសច្បាប់។ ដូច្នេះ រដ្ឋាភិបាល​អាមេរិក ត្រូវការ​ពិនិត្យ​រក​វិធី​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ប្រភេទ​នេះ និង​ត្រូវ​ធានា​ឱ្យបាន​ប្រាកដថា សកម្មភាព​លាង​លុយ​នឹងមិន​កើតមាន​តាមរយៈ​រូបិយវត្ថុ​អេឡិចត្រូនិក៕

    ប្រភព៖ Business Insider

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 25នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23កុម្ភៈ​នេះ

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 25នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23កុម្ភៈ​នេះ

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2021 នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 25 នាក់​បន្ថែមទៀត ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី មាន​អ្នកជំងឺ 23 នាក់ ជាប់ទាក់ទង​នឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ខណៈ 2 ករណី​ទៀត​ជា​អ្នកដំណើរ​ពី​បរទេស មិនមែនជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួង ដូចខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 23 កុម្ភៈ​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន 593 នាក់ ក្នុងនោះ​មាន 475 នាក់​បានជា​សះស្បើយ និង 116 នាក់ កំពុង​សម្រាក​ព្យាបាល៕






  • មនុស្សរាប់ពាន់នាក់តាមដានទស្សនាផ្កាដ៏កម្រមួយប្រភេទ រីកក្នុងរយៈពេល 12ម៉ោង

    មនុស្សរាប់ពាន់នាក់តាមដានទស្សនាផ្កាដ៏កម្រមួយប្រភេទ រីកក្នុងរយៈពេល 12ម៉ោង

    មនុស្ស​រាប់ពាន់​នាក់មក​ពី​ប្រទេស​នានា បាន​តាមដាន​ទស្សនា​ផ្ទាល់​នូវ​ទិដ្ឋភាព​ផ្កា​មួយ​ប្រភេទ​ដ៏​កម្រ ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Moonflower (ផ្កាយ​ចន្ទ) រីក​ក្នុង​រយៈពេល 12ម៉ោង។

    សារព័ត៌មាន Guardian បាន​រាយការណ៍​អំពី​ដំណើរការ​នៃ​ការរីក​របស់​ផ្កា Moonflower (selenicereus wittii) នេះ ដែល​ត្រូវបាន​ចាក់ផ្សាយ​តាមរយៈ​ទំព័រ Youtube Botanic Garden របស់​សាកលវិទ្យាល័យ Cambridge នៃ​ប្រទេស​អង់គ្លេស។

    Selenicereus wittii រីក​នៅ​ម៉ោង​ប្រហែលជា 3 រសៀល ថ្ងៃទី 20 កុម្ភៈ ឆ្នាំ 2021 និង​បញ្ចប់​នៅវេលា​អរុណរះ​ថ្ងៃ​បន្ទាប់។

    បុប្ផា​ពណ៌​ស​នេះ ដំបូង​សា​យគ​ន្ធា​ក្រអូប ផ្អែម ឈ្ងុយ​ឈ្ងប់ ប៉ុន្តែ ក្រោយ​រយៈពេល 2 ម៉ោង វា​បែរជា​ងាក​មក​បញ្ចេញ​ក្លិន​យ៉ាង​អាក្រក់។ ផ្កា​នេះ រីក​តែ​នៅក្នុង​តំបន់​ព្រៃ Amazon ដែល​សម្បូរ​ទឹកភ្លៀង​ប៉ុណ្ណោះ។

    ផ្កា​ប្រភេទ​នេះ ត្រូវបាន​នាំយក​ពី​ឧទ្យាន Bonn នៅ​ប្រទេស​អាល្លឺម៉ង់ ទៅកាន់​សាកលវិទ្យាល័យ Cambridge កាលពី​ឆ្នាំ 2015។ Selenicereus wittii មាន​ប្រភពពី​កោះ Sumatra ប្រទេស​ឥណ្ឌូនេស៊ី៕

    ប្រភព​៖ Guardian

  • ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ម៉ឺន​នាក់ ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​កងទ័ព នា​ថ្ងៃ​នេះ​

    ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ម៉ឺន​នាក់ ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​កងទ័ព នា​ថ្ងៃ​នេះ​

    បាតុករ​រាប់ម៉ឺន​នាក់​បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុងធំៗ ដូចជា Naypyidaw, Yangon និង Mandalay ជាដើម ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា បើទោះជា​មានការ​ព្រមាន​សម្លាប់ ពី​សំណាក់​កងទ័ព។

    នា​ថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2021 នេះ ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ម៉ឺន​នាក់ នៅតែ​បន្ត​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​នៅក្នុង​ទីក្រុង និង​ទីរួមស្រុក​នានា​ពាសពេញ​ទឹកដី​មី​យ៉ាន​ម៉ា ដើម្បី​ជំទាស់​នឹង​ការដែល​កងទ័ព​ឡើង​គ្រប់គ្រង​អំណាច បើទោះជា​ក្រុមមន្ត្រី​យោធា​បាន​ព្រមាន​ថា បាតុករ​អាច​នឹងត្រូវ «បាត់បង់​ជីវិត» ប្រសិន​ប្រឈមមុខ​នឹង​កងសន្តិសុខ។

    Protesters take part in a demonstration against the military coup in Mandalay on February 22, 2021. (Photo by STR / AFP)

    ក្រុមបាតុករ​ខ្លះ​អង្គុយ​ស្រែក​ហ៊ោ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Mandalay។ បាតុករ​ជាច្រើន ពាក់មួក និង​ពាក់​វ៉ែនតា​ពិសេស​ដើម្បី​ទប់ទល់​នឹង​ផ្សែង​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​កៅស៊ូ​របស់​ប៉ូលិស។

    Protesters hold up signs during a demonstration against the military coup in Naypyidaw on February 22, 2021. (Photo by STR / AFP)

    ចលនា Civil Disobedience Movement របស់​មី​យ៉ាន​ម៉ា ថ្ងៃនេះ បាន​អំពាវនាវ​ឱ្យមាន​ការធ្វើ​កូដកម្ម​ទូទាំងប្រទេស និង​បិទ​ការិយាល័យ និង​ហាង​ទាំងអស់​ដើម្បី​ប្រឆាំងនឹង​កងទ័ព។ ក្រុម​មេដឹកនាំ​បាតុករ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ភូមា​ទាំងអស់ ចូលរួម​ធ្វើបាតុកម្ម និង​បង្កើតជា «សមុទ្រ​មនុស្ស​ពេញទី​ក្រុង»។

    Police advance with heavy construction equipment towards protesters demonstrating against the military coup in Yangon on February 22, 2021. (Photo by Ye Aung THU / AFP)

    ប៉ូលិស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 20 កន្លងទៅ បាន​បាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​នៅ​ទីក្រុង Mandalay បណ្ដាលឱ្យមាន​អ្នកស្លាប់​យ៉ាងតិច 2 នាក់ និង​ជាង 30 នាក់​រងរបួស។