Author: សឿន សំណាង

  • មិនទាន់​គ្រប់​អាយុ​ផឹកស្រា​ផង បង្កើតបាន​ក្រុមហ៊ុន​មួយ បច្ចុប្បន្ន​មានតម្លៃ 95ពាន់​លាន​ដុល្លារ៖ សព្វថ្ងៃ​នៅតែ​ជិះ​កង់​ទៅធ្វើ​ការ និង​ជួល​ផ្ទះ​ស្នាក់នៅ​រួមគ្នា

    មិនទាន់​គ្រប់​អាយុ​ផឹកស្រា​ផង បង្កើតបាន​ក្រុមហ៊ុន​មួយ បច្ចុប្បន្ន​មានតម្លៃ 95ពាន់​លាន​ដុល្លារ៖ សព្វថ្ងៃ​នៅតែ​ជិះ​កង់​ទៅធ្វើ​ការ និង​ជួល​ផ្ទះ​ស្នាក់នៅ​រួមគ្នា

    ថ្វីបើ​ពេលនេះ ក្នុងម្នាក់ៗមានទ្រព្យ​ចំនួន 11 ពាន់​លាន​ដុល្លារ​អាមេរិក​ក៏ដោយ ប៉ុន្តែ ពីរ​នាក់​បងប្អូន​ខាង​ក្រោម​នេះ មិនមែនជា​ប្រភេទ​មហាសេដ្ឋី​ដែល​ចូលចិត្ត​បង្អួត​ភាព​ហ៊ឺហា ហ៊ឺ​ក​ហ៊ា​ក់​នោះឡើយ។

    កាលពី​ចុង​សប្ដាហ៍​មុន ក្រុមហ៊ុន​ទូទាត់​ប្រាក់ Stripe ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បងប្អូន​ប្រុស​ពីរ​នាក់​គឺ Patrick និង John Collison ទើបតែ​ប្រមូល​ទុនវិនិយោគ​បាន​ចំនួន 600 លាន​ដុល្លារ​អាមេរិក នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​កើនឡើង​ដល់ 95 ពាន់​លាន​ដុល្លារ​អាមេរិក។

    ថ្វីបើ​នាពេល​បច្ចុប្បន្ន ក្នុងម្នាក់ៗមានទ្រព្យ​សម្បត្តិ​ចំនួន 11 ពាន់​លាន​ដុល្លារ ប៉ុន្តែ​ពួកគេ​ជួល​ផ្ទះ​ដែលមាន​បន្ទប់​គេង​ចំនួន​ពីរ ស្នាក់នៅ​រួមគ្នា នាទី​ក្រុង San Francisco អស់​ជាច្រើន​ឆ្នាំ​មកហើយ សូម្បីតែ​នៅពេល​តម្លៃ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​កប់​ពពក។ ពួកគេ​នៅតែ​ជិះ​កង់​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ ជំនួស​ឱ្យ​ការ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន នេះ​បើតាម​អ្នក​ដែល​បាន​ស្គាល់​ពួកគេ។

    Michael Moritz ដែលជា​បុគ្គលិក​មួយរូប​ធ្វើ​ការឱ្យ​អ្នកវិនិយោគ​ម្នា​ក់នា​ដំណាក់កាល​ដំបូង​របស់ Stripe បានឱ្យដឹងថា៖ «រឿងរ៉ាវ​ជោគជ័យ​របស់​ពួកគេ ពិតជា​នឹកស្មាន​មិន​ដល់។ ខាងក្រោម​នេះ​គឺជា​ប្រវត្តិ​នៃ​ការបង្កើត​មុខ​ជំនួញ​របស់ Patrick និង John៖

    Patrick និង John ធំ​ឡើង​នៅក្នុង​ភូមិតូច​មួយ​នៅ​ប្រទេស​អៀឡង់ និង​ជា​កូនប្រុស​របស់​គ្រួសារ​មួយ​ដែលមាន​ឪពុក​ជា​ម្ចាស់​ផ្ទះជួល និង​ម្ដាយ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​តូច​មួយ។

    អ្នក​ទាំងពីរ​ចូលចិត្ត​អាន​សៀវភៅ​ខ្លាំងណាស់។ Patrick (កូនច្បង) បានឱ្យដឹងថា ពួកគេ​បាន​អាន​សៀវភៅ​ស្ដីអំពី​ការសរសេរ​កូដ​កុំព្យូទ័រ និង​អ៊ី​ន​ធើ​ណិ​ត នៅក្នុង​បណ្ណាល័យ ពេល​កំពុង​នៅ​ជា​សិស្ស មុនពេល​ពួកគេ​មានឱកាស​ប្រើ​អ៊ី​ន​ធើ​ណិ​ត។ ក្រោយមក Patrick និង John ក៏បាន​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន និង​នាំគ្នា «hack» ចូល​គេហទំព័រ​របស់​គ្នា​ទៅវិញ-ទៅមក ដើម្បី​បង្កើន​ចំណេះ។

    ពេល​ចូលរៀន​នៅ​មហាវិទ្យាល័យ Patrick និង John រួមដៃគ្នា​បង្កើត​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​ជួយ​ឱ្យ​អ្នកលក់​អន​ឡាញ​នៅលើ eBay អាច​លក់​ដេញថ្លៃ​ផលិតផល។ ឆ្នាំ 2008 ពួកគេ​បាន​លក់​ក្រុមហ៊ុន​នេះ​ក្នុងតម្លៃ 5 លាន​ដុល្លារ​អាមេរិក។ បន្ទាប់មក សេដ្ឋី​វ័យក្មេង​ទាំងពីរ​នាក់​នេះ​បានសម្រេច​ចិត្ត​បោះបង់​មហាវិទ្យាល័យ​ដើម្បី​តាម​ចាប់​គម្រោង​ថ្មី។

    នៅពេល​ដឹងថា ការទូទាត់​ប្រាក់​តាម​អន​ឡាញ​នៅតាម​បណ្ដា​ក្រុមហ៊ុន នៅមាន​ច​ម្លោះ​ប្រហោង​ច្រើន ពួកគេ​ក៏បាន​បង្កើត​កូដ​មួយ​ដែលមាន 7 បន្ទាត់ សម្រាប់​ដាក់ចូល​ក្នុង​គេហទំព័រ និង​កម្មវិធី​នានា​ដើម្បី​ភ្ជាប់​ជាមួយនឹង​ប័ណ្ណឥណទាន ប្រព័ន្ធ​ធនាគារ ក្នុង​គោលដៅ​ទូទាត់​ប្រាក់​តាម​អន​ឡាញ។ នោះ​គឺជា​ជំហាន​ដំបូង​របស់ Stripe ដែលជា​ដំណោះស្រាយ​ក្នុងការ​ទូទាត់​ប្រាក់​ដែល​កំពុង​បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Facebook, Twitter, Alibaba, Apple និង Lyft ជាដើម។ល។

    ពួកគេ​បានសម្រេច​ចិត្ត​ប្រែក្លាយ​ក្ដី​ស្រមៃ​ឱ្យទៅជា​ការពិត បើទោះជា​មិនទាន់​គ្រប់​អាយុ​ផឹកស្រា​ដោយ​ស្របច្បាប់​ក៏ដោយ ដោយ​ពួកគេ​បាន​ទៅ​ជួប Y Combinator ដែលជា​ថ្នាល​បណ្ដុះ «គ្រាប់ពូជ» ក្រុមហ៊ុន​ថ្មី​នៅ​សហរដ្ឋអាមេរិក។ ហើយ​ពួកគេ​ក៏​ទទួលបាន​ខ្ទង់​វិនិយោគ​ពី​ក្រុម​អ្នក​បណ្ដាក់ទុនល្បីៗ ដូចជា Peter Thiel, Andreessen Horowitz និង Sequoia ជាដើម។

    Patrick គឺជា​មនុស្ស​ស្ងាត់ស្ងៀម មានគំនិត​ច្រើន និង​ពូកែ​ខាង​កម្មវិធី​កុំព្យូទ័រ។ ចំណែក John វិញ​គឺជា​បុរស​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លក់ដូរ និង​សមស្រប​ជាមួយនឹង​តំណែង CEO។

    នៅក្នុង​ក្រុមហ៊ុន Stripe ពុំដែល​មានមុខ​តំណែង​នោះទេ​សម្រាប់​បុគ្គលិក​ធម្មតា។ ពួកគេ​តែង​ធ្វើការ​ជា​ក្រុម​ដើម្បី​លើកឡើង​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន ឬ​ផ្ដល់​មតិ​ដោយ​ស្មើភាព​គ្នា​បំផុត។

    ក្រៅពីនេះ តម្លាភាព​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​ក្រុមហ៊ុន Stripe។ រាល់​អ៊ី​មេ​ល​ចេញ-ចូល សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ និង​អាច​ស្វែង​រកបាន។ គោលបំណង​នៃ​ប្រការនេះ​គឺ​ដើម្បី​ជួយ​ឱ្យ​បុគ្គលិក​មាន​ភាពងាយស្រួល​ក្នុង​ស្វែងរក​ចម្លើយ​សម្រាប់​អ្វីដែល​ពួកគេ​មាន​ចម្ងល់ ហើយ​វា​បាន​ជួយ​ឱ្យ​ការបំពេញ​កិច្ចការ​មាន​ប្រសិទ្ធភាព​ខ្ពស់។

    ចែករំលែក​ជាមួយ Financial Times លោក Patrick និយាយថា៖ «ពួកយើង​ជា​ក្រុមមនុស្ស​ដែល​ធ្វើការ​ដំបូង​គេ​នៅ Stripe ក៏ប៉ុន្តែ​មិនមែនជា​មនុស្ស​សំខាន់​ជាងគេ​បង្អស់​នោះឡើយ។ យើង​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​តែប៉ុណ្ណោះ»។

    យោងតាម​សារព័ត៌មាន Bloomberg បងប្អូន​ត្រកូល Collison នេះ បច្ចុប្បន្ន​ស្ថិតនៅ​ក្នុងចំណោម​មហាសេដ្ឋី​ចំនួន 200 នាក់ ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក៕

    ប្រភព៖ Business Insider
    ប្រែ​សម្រួល៖ បុត្រា

  • Biden យល់ព្រម​លក់​អាវុធ​ជា​លើកដំបូង​របស់ខ្លួន​ទៅឱ្យ​កោះ​តៃវ៉ាន់

    Biden យល់ព្រម​លក់​អាវុធ​ជា​លើកដំបូង​របស់ខ្លួន​ទៅឱ្យ​កោះ​តៃវ៉ាន់

    សហរដ្ឋអាមេរិក​យល់​ព្រម​លក់​កែវយឹត​នាវាមុជទឹក ប្រព័ន្ធ​កំណត់​ទិស​នៃ​សំឡេង​ក្នុង​ទឹក (sonic navigation system) ទៅឱ្យ​គម្រោង​ផលិត​នាវាមុជទឹក​របស់​កោះ​តៃវ៉ាន់ នៅក្នុង​កិច្ចព្រមព្រៀង​ដំបូង​ក្នុងសម័យ​របស់​ប្រធានាធិបតី Joe Biden។

    កម្មវិធី​ផលិត​នាវាមុជទឹក​ក្នុងស្រុក​របស់​កោះ​តៃវ៉ាន់ បាន​ឈានដល់​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ង​តោន​សម្រេច​ផ្ទល់​ការអនុញ្ញាតឱ្យ​នាំចេញ​ប្រព័ន្ធ​អាវុធ​ចំនួន 3 ប្រភេទ​ដែល​កោះ​តៃវ៉ាន់​មិនអាច​ផលិត​ដោយ​ខ្លួនឯងបាន។ នេះ​បើតាម​មេដឹកនាំ​អង្គភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់ Chiu Kuo-cheng ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 16 មីនា 2021។

    «អំពី​ពេលវេលា​នៃ​ការប្រគល់​ទំនិញ ខ្ញុំ​មិនអាច​និយាយ​មុន​បានទេ» លោក Chiu ថ្លែង​ដូច្នេះ។ ក្រុមមន្ត្រី​តៃវ៉ាន់​មិនបាន​ឱ្យដឹង​លម្អិត​អំពី​អាវុធ​ដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន​លក់​មកឱ្យ​តៃវ៉ាន់​នោះដែរ ប៉ុន្តែ កោះ​នេះ​ធ្លាប់បាន​ទទួលស្គាល់ថា ខ្លួន​មិនអាច​អភិវឌ្ឍ​ប្រព័ន្ធ​កំណត់​ទិស​សំឡេង​ក្នុង​ទឹក​លក្ខណ​ឌីជីថល (sonar) ប្រព័ន្ធ​ប្រយុទ្ធ​ចម្រុះ និង​ឧបករណ៍​ជំនួយ​បន្ថែម ដូចជា កញ្ចក់​កែវយឹត​របស់​នាវាមុជទឹក​ជាដើម នាំឱ្យ​តៃវ៉ាន់​ត្រូវ​សង្ឃឹមលើ​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក។

    ប្រភពព័ត៌មាន​ពី​កងទ័ព​តៃវ៉ាន់ បាន​បង្ហើប​ឱ្យដឹងថា អតីត​ប្រធានាធិបតី Donald Trump បាន​ចុះហត្ថលេខា​លក់​ប្រព័ន្ធ sonar និង​ប្រព័ន្ធ​ប្រយុទ្ធ​ចម្រុះ​ដល់​កោះ​តៃវ៉ាន់​មុនពេល​ដាច់​អាណត្តិ ខណៈដែល​លិខិត​អនុញ្ញាតឱ្យ​ប្រគល់​កែវយឹត​នាវាមុជទឹក​ត្រូវ​បានចេញ​ជា​លើកដំបូង​ដោយ​ប្រធានាធិបតី Joe Biden តាមរយៈ​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់។

    កោះ​តៃវ៉ាន់ បច្ចុប្បន្ន​មាន​នាវា​មុជ​ទឹក​ចំនួន​ 4​គ្រឿង ប៉ុន្តែ បាន​ហួស​សម័យ​អស់​ហើយ

    សហរដ្ឋអាមេរិក​ធ្លាប់​សន្យា​លក់​នាវាមុជទឹក​ប្រើ​ប្រេង​ម៉ា​សុ​ត-អគ្គិសនី​ចំនួន 8 គ្រឿង​ទៅឱ្យ​តៃវ៉ាន់​កាលពី​ឆ្នាំ 2001។ ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​ក្រោយមក​ក៏ត្រូវ​លុបចោល ហើយ​កោះ​តៃវ៉ាន់​បានសម្រេច​ចិត្ត​ផលិត​នាវាមុជទឹក​ដោយ​ខ្លួនឯង។

    នាវាមុជទឹក​ក្នុងស្រុក​ដំបូង​របស់​តៃវ៉ាន់ ត្រូវបាន​ចាប់ផ្ដើម​ផលិត​កាលពី​ខែវិច្ឆិកា 2020 ហើយ​បើតាម​ផែនការ នាវា​ដំបូង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ 2024 ដើម្បី​ជំនួស​នាវាមុជទឹក​ដែល​ហួស​សម័យ។

    កងទ័ព​កោះ​តៃវ៉ាន់ បច្ចុប្បន្ន​មាន​នាវាមុជទឹក​ចំនួន 4 គ្រឿង ក្នុងនោះ​មាន​ពីរ​គ្រឿង​ផលិត​នៅ​សហរដ្ឋអាមេរិក​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ និង​ពីរ​គ្រឿង​ផលិត​នៅ​ប្រទេស​ហូ​ឡង់ ក្នុងអំឡុង​ឆ្នាំ 1982-1986។ នាវា​ទាំងនេះ ពិតជា​មិនអាច​ប្រៀបធៀប​បាន​ជាមួយនឹង​នាវាមុជទឹក​របស់​ចិន ដោយសារ​នាវា​របស់​តៃវ៉ាន់ចាស់ៗអស់​ទៅហើយ។

    ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​រង់ចាំតែ​ថ្ងៃ​ដណ្ដើមយក​មកវិញ​ប៉ុ​ណ្នោះ បើទោះជា​ត្រូវធ្វើ​សង្គ្រាម​​ក៏​ដោយ។ ព្រោះតែ​ហេតុនេះហើយ​បានជា​តៃវ៉ាន់​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ទល់​នឹង​មហិច្ឆតា​របស់​ចិនដីគោក៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​នឹង​ Covid-19 ចំនួន​ 75​នាក់​ទៀត​ ក្នុង​ថ្ងៃទី 16​មីនា​ 2021

    កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​នឹង​ Covid-19 ចំនួន​ 75​នាក់​ទៀត​ ក្នុង​ថ្ងៃទី 16​មីនា​ 2021

    ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ Covid-19 ចំនួន 75​ នាក់​​បន្ថែម​ទៀតក្នុង​អំឡុង​ 24​ ម៉ោង​នៃ​ថ្ងៃទី 16​ មីនា​​ នាំ​ឱ្យ​តួលេខសរុប​នៃ​​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​ កើន​ឡើង​ដល់​ 1,505​ នាក់​។

    ​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ 20​កុម្ភៈ។ ព័ត៌មាន​បន្ថែម​សូម​បន្ត​អាន​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​មាន​ដូច​ខាង​ក្រោម​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​ Covid-19 សរុប​ចំនួន 1,505​ នាក់ ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ចំនួន​ 840​ នាក់​, អ្នក​កំពុង​ព្យាបាល​ចំនួន​​ 662​ នាក់​ និង​អ្នក​បាន​ស្លាប់​ចំនួន​ 1​នាក់​៕
    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា

  • (វីដេអូ)-យន្តហោះ​ខ្នាតតូច ហោះ​មក​បុក​រថយន្ត​កំពុងធ្វើដំណើ​រ! មនុស្ស​បួន​​នាក់​បាន​ស្លាប់

    (វីដេអូ)-យន្តហោះ​ខ្នាតតូច ហោះ​មក​បុក​រថយន្ត​កំពុងធ្វើដំណើ​រ! មនុស្ស​បួន​​នាក់​បាន​ស្លាប់

    សាក្សី​ម្នា​ក់នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ករណី «គ្រោះថ្នាក់​ចរាចរណ៍» ផ្លូវអាកាស និង​ផ្លូវគោក​ខាងលើនេះ​ បាន​បង្កឱ្យមាន​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង អម​ជាមួយនឹង​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

    ទូរទស្សន៍ RT បាន​រាយការណ៍​ថា មនុ​ស្ស្ពី​រនា​ក់បាន​ស្លាប់ និង​ពីរ​នាក់​រងរបួស​ធ្ងន់​ធ្ង​រ បន្ទាប់ពី​យន្តហោះ​ខ្នាតតូច​មួយគ្រឿង​បាន​ហោះ​ធ្លា​ក់មក​បុក​រថយន្ត​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​នៅក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក ក្បែរ​ព្រលានយន្តហោះ North Perry កាលពី​រសៀល​ថ្ងៃទី 15 មីនា បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​នៅលើ​យន្ត​ហោះ​ត្រូវអស់​សង្ខារ។ ចំណែក​ជនរងគ្រោះ​ពីរ​នាក់​ដែលជា​ម្ដាយ​និង​កូន​ដែល​នៅក្នុង​រថយន្ត កំពុងស្ថិត​ក្នុងស្ថាន​ភាព​​គ្រោះថ្នាក់​ដល់​ជីវិត។

    ទិដ្ឋភាព​នៅក្នុង​វីដេអូ​បង្ហាញថា យន្តហោះ​ម៉ាស៊ីន​ទោល ខ្នាតតូច បាន​ហោះ​មក​បុក​នឹង​រថយន្ត បណ្ដាលឱ្យ​យន្ត​ហោះ​​ត្រូវ​ផ្ទុះ​ឆេះ ខណៈ​រថយន្ត​ត្រូវ​ប៉ើង​ក្រឡាប់​ផ្កាប់ផ្ងារ ក្នុង​គ្រា​ដែល​អណ្ដាតភ្លើង​ឆេះ​រាល​យ៉ាង​ឆាប់រហ័ស​តម្រង់​មកកាន់​រថយន្ត។

    នាង Anabel Fernandez បាន​ប្រាប់​ទូរទស្សន៍ CBS ថា «យើង​ឮ​សំឡេង​ផ្ទុះ​លាន់​យ៉ាងខ្លាំង​ដូច​ទៅនឹង​គ្រាប់​បែក ហើយ​គ្រប់យ៉ាង​បាន​ឆាបឆេះ។ យន្តហោះ​បាន​ហោះ​មក​បុក​រថយន្ត»។

    បន្ទាប់ពី​ជួប​គ្រោះថ្នាក់ ស្ត្រី និង​កូនក្មេង​ម្នាក់​ត្រូវ​ជាប់​ក្នុង​រថយន្ត ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល និង​​​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ។ ប៉ុន្តែ​ ក្រោយ​មក​ ក៏​បាន​បាត់​បង់ជីវិត​។

    អត្តសញ្ញាណ​របស់​ជន​រងគ្រោះ និង​មូលហេតុ មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​ជា​ផ្លូវ​ការ​នៅឡើយ។ ប៉ុន្តែ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង Pembroke Pines បង្ហើប​ឱ្យដឹងថា អ្នកបើកបរ​យន្តហោះ​ប្រហែលជា​បានផ្ដល់​ដំណឹង​អំពី​បញ្ហា​ម៉ាស៊ីន​ដល់​មជ្ឈមណ្ឌល​គ្រប់គ្រង​ការហោះហើរ​រួចហើយ៕

    ប្រភព៖ RT, CBS
    ប្រែ​សម្រួល៖ បុត្រា

  • មូលហេតុ​ដែល​ឥណ្ឌា​បញ្ជូន​វ៉ាក់សាំង​បង្ការ​Covid-19 រាប់លាន​ដូ​ស ទៅឱ្យ​ប្រទេស​ចំនួន60 ក្នុង​ពិភពលោក

    មូលហេតុ​ដែល​ឥណ្ឌា​បញ្ជូន​វ៉ាក់សាំង​បង្ការ​Covid-19 រាប់លាន​ដូ​ស ទៅឱ្យ​ប្រទេស​ចំនួន60 ក្នុង​ពិភពលោក

    ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​អ្នកមាន​នៅតែ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក ប្រទេស​ឥណ្ឌា​ឯណោះ​វិញ​ត្រូវបាន​គេ​សរសើរ​យ៉ាងខ្លាំង​ដោយសារ​តែមាន​សន្ដាន​ចិត្តល្អ ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ចំនួន 33 លាន​ដូ​ស និង​ច្រើនជាង​នេះ ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​រាប់សិប​នៅ​ទូទាំង​ពិភពលោក។

    នៅពេលដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដណ្ដើម​គ្នា​ទិញ និង​រក្សាទុក​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 គេ​ឃើញ​មាន​លេចឡើង​នូវ​ពាក្យ​ជាច្រើន​ឃ្លា ដូចជា «រត់ប្រណាំង​ដណ្ដើម​វ៉ាក់សាំង» ឬថា «លទ្ធិ​ពលរដ្ឋ​វ៉ាក់សាំង» ជាដើម បាន​លេចឡើង​នៅក្នុង «វចនានុក្រម» សកល។

    ក៏ប៉ុន្តែ នៅក្នុង​ពេលដែល​កិច្ចសហការ​ទូទាំង​ពិភពលោក​នៅក្នុង​ការចែក​រំលែក​វ៉ាក់សាំង​នៅមានកម្រិត​នៅឡើយ ហើយ​គម្រោង​បែងចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅតែ​មិនទាន់​ត្រូវបាន​ដំណើរការ​ខ្លាំងក្លា ប្រទេស​ឥណ្ឌា​ក៏​បាននិងកំពុង​ដើរ​តាមផ្លូវ​ដោយឡែក​របស់ខ្លួន នោះ​គឺ «ការទូត​វ៉ាក់សាំង»។

    យុទ្ធនា​ការណ៍ «Vaccine Maitri» (វ៉ាក់សាំង​មិត្តភាព) របស់​ប្រទេស​នេះ បាន​បញ្ជូន​វ៉ាក់សាំង Covidshield ដែល​ឥណ្ឌា​បាន​ផលិត​ទៅតាម​ការអនុញ្ញាត​របស់ Oxford-AstraZeneca ចំនួន​រាប់លាន​ដូ​ស ទៅឱ្យ​ប្រទេស​ប្រហែល 60 ក្នុង​ពិភពលោក។

    ឥណ្ឌា​គឺជា​មហាអំណាច​មួយ​ក្នុង​ពិភពលោក​ផ្នែក​ផលិត​ឱសថ ដោយ​ប្រទេស​នេះ​ផលិត​ឱសថ​ប្រភពដើម​ប្រមាណ 20% និង​វ៉ាក់សាំង​ប្រមាណ 62% ធៀប​នឹង​ពិភពលោក​ទាំងមូល។ ដូច្នេះ ឥណ្ឌា​ទំនងជា​មានប្រៀប​ជាង​ប្រទេសផ្សេងៗក្នុងការ​ចាត់ចែង​វ៉ាក់សាំង។

    វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា ត្រូវ​បាន​ប្រើប្រាស់​នៅ​អាហ្វ​ហ្កានីស្ថាន

    មុនពេល​វ៉ាក់សាំង​បង្ការ Covid-19 ត្រូវបាន​គេ​អភិវឌ្ឍ ឥណ្ឌា​បាន​ផ្គត់ផ្គង់​ថ្នាំ hydroxychloroquine និង paracetamol ទៅឱ្យ​ប្រទេស​ប្រហែល 100 និង​ឧបករណ៍​ធ្វើតេស្ត រួម​នឹង​បរិក្ខារ​ពេទ្យ​ជាច្រើន​ផ្សេងទៀត​ទៅឱ្យ​ប្រទេស​ប្រហែល 90 ក្នុង​ពិភព​លោ។

    ក្រោយមក នៅពេល​វ៉ាក់សាំង Oxford-AstraZeneca មិនទាន់​ទទួលបាន​ការអនុម័ត​នៅឡើយ លោក Adar Poonawall ប្រធាន​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (SII ជា​ក្រុមហ៊ុន​ឯកជន) បានសម្រេច​ចិត្ត​ផលិត​វ៉ាក់សាំង​នេះ ដែល​ជាការ​ផ្សងព្រេង​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅពេល​វ៉ាក់សាំង AstraZeneca ទទួលបាន​ការអនុម័ត SII ផលិត​បាន​វ៉ាក់សាំង​នេះ​ក្នុង​បរិមាណ​រាប់លាន​ដូ​ស ដើម្បី​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​បរទេស។

    វ៉ាក់សាំង​ប្រភេទផ្សេងៗគ្នា​របស់​ឥណ្ឌា ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស្ទើរតែ​ទាំងអស់​ដែល​នៅ​ជិតខាង​ឥណ្ឌា រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន, បង់​ក្លា​ដែ​ស, ប៊ូ​តាន, ស្រីលង្កា, ម៉ា​ល់​ឌី​វ, មី​យ៉ាន​ម៉ា, នេ​ប៉ាល ហើយ​ឆ្ងាយ​ជាង​នេះ​គឺ​បណ្ដា​ប្រទេស​ដូចជា កម្ពុជា, សី​សែ​ល, ម៉ុង​ហ្គោ​លី, បណ្ដា​ប្រទេស​នៅ​តំបន់​ការី​បៀ​ន និង​អាហ្វ្រិក​ជាដើម។

    វ៉ាក់សាំង​បាន​ជួយ​ផ្សះផ្សារ​ទំនាក់ទំនង​រវាង​ឥណ្ឌា​ជាមួយនឹង​បង់​ក្លា​ដែ​ស និង​កែ​លម្ហ​មិត្តភាព​ជាមួយនឹង​ម៉ា​ឌី​វ ទន្ទឹមនឹង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ជាច្រើន​ទៀត។

    វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា ហាក់​មានប្រៀប​ជាង​បណ្ដា​ប្រទេសផ្សេងៗ នៅពេល​និយាយ​ដល់​ការផលិត​ដើម្បី​គោលដៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយសារតែ​មានតម្លៃ​ទាប។ ក្រៅពីនេះ វ៉ាក់សាំង​ដែល​ផលិត​ដោយ​ឥណ្ឌា​ក៏ត្រូវ​គេ​ជឿថា មាន​សុវត្ថិភាព កាត់បន្ថយ​ការចំណាយ​បាន​ច្រើន ព្រោះតែ​មិន​តម្រូវឱ្យមាន​ការការពា​រ និង​ដឹកជញ្ជូន​នៅក្នុង​សីតុណ្ហភាព​ទាប។

    ក្រៅពី​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ វ៉ាក់សាំង​របស់​ឥណ្ឌា​ក៏​ត្រូវបាន​ផ្គត់ផ្គង់​ដល់​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ ក្នុងនោះ​មានដូចជា​ចក្រភព​អង់គ្លេស និង​កាណាដា​ជាដើម។

    ប្រទេស​ឥណ្ឌា​ក៏​កំពុង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 1.1ពាន់​លាន​ដូ​ស ទៅឱ្យ​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​បែងចែក​ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

    គោលនយោបាយ​ការទូត​ផ្នែក​វ៉ាក់សាំង​របស់​ប្រទេស​ឥណ្ឌា បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​មហិច្ឆតា​ក្លាយជា​មហាអំណាច​ពិភពលោក​ផ្នែក​ឱសថ និង​មហាអំណាច​ដែលមាន «ទឹកមាត់ប្រៃ» នៃ​ប្រទេស​នេះ។ បើសិនជា​កៅអី​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​រៀបចំ​ឡើងវិញ នោះ​ប្រទេស​នានា​ដែល​បានទទួល​​ផលប្រយោជន៍​ពី​ឥណ្ឌា ប្រាកដជា​នឹង​ដឹងគុណ​ចំពោះ​អ្នកណា​ដែល​ធ្វើ​កិច្ចការ​ច្រើន​បំផុត​ដើម្បី​សង្គ្រោះ​ពិភព​លោក​ដែល​កំពុង​ទទួលរង​ការវាយប្រហារ​ពី Covid-19៕

    ប្រភព៖ CAN
    ប្រែសម្រួល​៖ បុត្រា

  • ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​នៅ​​ទឹក​ដី​ឥណ្ឌា «រីករាយ» ជាមួយនឹង​ហាង​លក់​ឧបករណ៍​ផ្លូវភេទ​ស្របច្បាប់​ដំបូង​នៅទីនេះ

    ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​នៅ​​ទឹក​ដី​ឥណ្ឌា «រីករាយ» ជាមួយនឹង​ហាង​លក់​ឧបករណ៍​ផ្លូវភេទ​ស្របច្បាប់​ដំបូង​នៅទីនេះ

    ​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ឥណ្ឌា បាន​សម្ដែង​ការរីករាយ​នៅពេល​ហាង​លក់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ស្របច្បាប់​ដំ​ងូ​ង បាន​បើក​ដំណើរការ​នៅក្នុង​រដ្ឋ Goa នៃ​ប្រទេស​ឥណ្ឌា។

    ផលិតផល និង​ឧបករណ៍​ជំនួយ​ផ្លូវភេទ ដើមឡើយ​ត្រូវបាន​លក់​ជា​ចម្បង​នៅលើ​អ៊ី​ន​ធើ​ណិ​ត​នៅ​ឥណ្ឌា ហើយ​ក្នុងអំឡុងពេល​មាន Covid-19 បរិមាណ​នៃ​ផលិត​ដែល​បាន​លក់​ចេញ បាន​កើន​ឡើងដល់ 65%។ នៅ​ចំពោះមុខ​កំណើន​នេះ ហាង​លក់​ឧបករណ៍​សិច​ស្របច្បាប់​ដំបូង​គេ​របស់​ឥណ្ឌា ដែលមាន​ឈ្មោះថា “Kama Gizmos”, ត្រូវបាន​បើក​ដំណើរការ​នៅក្នុង​រដ្ឋ Goa កាលពី​ចុងខែ​កុម្ភៈ 2021។

    Nirav Mehta ដែលជា​សហ​ស្ថាបនិក​របស់ “Kama Gizmos” បានឱ្យដឹងថា គំនិត​នៃ​ការបង្កើត​មុខ​ជំនួញ​របស់ខ្លួន កើតចេញពី​តម្រូវការ​នៃ​ទីផ្សារ​ថែទាំ​សុខភាព​ផ្លូវភេទ ពោលគឺ​មិនមែន​ប្រែក្លាយ​ហាង​របស់ខ្លួន​ឱ្យ​ដូច​ទៅនឹង​ទីតាំង​លក់​ឧបករណ៍​ផ្លូវភេទប្លែកៗផ្សេងទៀត​នោះទេ។

    «យើង​មិន​ត្រឹមតែ​មានបំណង​លក់​ឧបករណ៍​សិច​នោះទេ។ ទំនិញ​របស់​យើង ត្រូវតែ​រួមមាន​ទាំង​ផលិតផល​ថែទាំ​សុខភាព​ជីវសាស្ត្រ​ផងដែរ។ ទាំងនោះ​គឺជា​ចក្ខុវិស័យ​របស់​យើងខ្ញុំ» Mehta ប្រាប់​ដូច្នេះ។

    ខាងក្នុង​ហាង​ Kama Gizmos

    ក្រុម​អ្នកលេង​បណ្ដាញ​សង្គម​នៅ​ឥណ្ឌា ភាគច្រើន​លើកសរសើរ​ចំពោះ​គំនិត​ស្ដីអំពី​ហាង​លក់​ឧបករណ៍​ផ្លូវភេទ “Kama Gizmos”។ មាន​អ្នកខ្លះ​និយាយថា «ដល់ពេល» ដែល​ត្រូវមាន​ហាង​បែបនេះ​បង្ហាញខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ហើយ។ អ្នកខ្លះ​ក៏​ថា «ខ្ញុំ​ពិតជា​អន្ទះសា​ចង់ទៅ​មើល​ហាង​នោះ​ណាស់»។ អ្នក​ខ្លះទៀត​សរសេរ​នៅលើ​បណ្ដាញ​សង្គម​យ៉ាង​កំប្លែង​ថា «សូម​ស្រមៃ​មើលថា​វា​នឹង​ទៅជា​យ៉ាងណា​នៅពេល​អ្នក​បាន​ទៅកាន់​ហាង​នោះ និង​បាន​ជួប​អ្នក​ជិតស្និទ្ធ​របស់ខ្លួន»។

    ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​មនុស្ស​មួយចំនួន​ព្រមាន​ថា ហាង “Kama Gizmos” អាច​នឹងត្រូវ​រង​ការរិះគន់ ​នៅ​ពេល​មនុស្ស​ជាច្រើន ពិសេស​គឺ​ក្រុមមនុស្ស​អភិរក្សនិយម​ចាត់ទុកថា សកម្មភាព​ជំនួញ​នេះ​គឺជា​អំពើ «បំផ្លិចបំផ្លាញ​វប្បធម៌​ឥណ្ឌា»។

    Mehta បញ្ជាក់ថា «យើង​កំពុង​ធ្វើ​កិច្ចការ​យ៉ាង​ប្រុងប្រយ័ត្ន និង​ធានាថា គោរព​តាម​គោលការណ៍​ច្បាប់ ដែល​នឹងមិន​ឱ្យមាន​ករណី​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​នោះឡើយ។ យោងតាម​ច្បាប់​ឥណ្ឌា អ្នក​អាច​លក់​ផលិតផល​ផ្លូវភេទ​គ្រប់យ៉ាង ឱ្យតែ​វា​មិន​ប្រកបដោយ​ភាព​អាសអាភាស»៕

    ប្រភព៖ Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • សមាជិក​​ម្នាក់​នៃ​ក្រុម​អ្នកជំនាញ​របស់ WHO បង្ហើប​អំពី​ប្រភព​របស់​វីរុស Covid-19 បន្ទាប់ពី​បាន​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន

    សមាជិក​​ម្នាក់​នៃ​ក្រុម​អ្នកជំនាញ​របស់ WHO បង្ហើប​អំពី​ប្រភព​របស់​វីរុស Covid-19 បន្ទាប់ពី​បាន​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន

    សមាជិក​ម្នាក់​នៃ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក យល់ថា កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ​ជាច្រើន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ទំនងជា​ប្រភព​ដែល​បង្កឱ្យមាន​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។

    ប្រទេស​ចិន​បាន​បិទទ្វារ​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ​តាំងពី​ខែកុម្ភៈ ឆ្នាំ 2020 នេះ​បើតាម Peter Daszak អ្នក​បរិស្ថានវិទ្យា​ដែល​ជំនាញ​ផ្នែក​រោគ​ឆ្លង​របស់​អង្គការ​សម្ព័ន្ធ​សុខភាព​អេកូឡូស៊ី (EcoHealth Alliance) និង​ជា​សមាជិក​នៃ​ប្រតិភូ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ទៅ​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន​ក្នុងឆ្នាំនេះ។

    ក្នុង​ដំណើរ​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន លោក Daszak ឱ្យដឹងថា ក្រុម​ស្រាវជ្រាវ​របស់ WHO បាន​រកឃើញ​ភ័ស្ដុតាង​ថ្មី​បង្ហាញថា កសិដ្ឋាន​ទាំងនេះ​បាន​ផ្គត់ផ្គង់​សត្វព្រៃ​ដល់​ផ្សារ​លក់​គ្រឿង​សមុទ្រ Huanan (Huanan Seafood Wholesale Market) នៅ​ទីក្រុង Wuhan ជា​កន្លែង​ផ្ទុះ​ឆ្លង​រាល់ដាល​នៃ​វីរុស Covid-19 ដំបូង​គេ​កាលពី​ចុងឆ្នាំ 2019។

    ប្រតិកម្ម​របស់​រដ្ឋាភិបាល​ចិន​គឺជា​សញ្ញា​ដ៏​ខ្លាំងក្លា​បង្ហាញថា ទីក្រុង​ប៉េកាំង វាយតម្លៃ​ខ្ពស់​ថា កសិដ្ឋាន​នានា​នៅទីនេះ​អាចជា​ច្រកចេញ​សម្រាប់​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ពីស​ត្វ​ប្រចៀវ​មក​មនុស្ស​នៅ​ទីក្រុង Wuhan។

    ក្នុងចំណោម​កសិដ្ឋាន​ខា​ង​លើ មាន​កសិដ្ឋាន​មួយ​នៅក្នុង​ខេត្ត Yunnan គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ដំណើរការ​អស់​រយៈពេល 20 ឆ្នាំ​មកហើយ។ «ពួកគេ​ចាប់​សត្វព្រៃចម្លែកៗមក​ចិញ្ចឹម មានដូចជា​សត្វ​សំពោច, ប្រមា, ពង្រូល។ល» លោក Daszak បង្ហើប​ឱ្យដឹង​ដូច្នេះ។

    តាម​គម្រោង WHO នឹង​ប្រកាស​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រភព​របស់ Covid-19 នៅក្នុង​អំឡុង​ពីរ​សប្ដាហ៍​ខាងមុខ។ Daszak វាយតម្លៃ​ខ្ពស់​ទៅលើ​អ្វីដែល​ក្រុម​របស់ WHO រកឃើញ​នៅ​ប្រទេស​ចិន។

    លោក Daszak ថ្លែងថា «ប្រទេស​ចិន​បាន​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ​ដើម្បី​ជា​វិធីសាស្ត្រ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ»។ កសិដ្ឋាន​ទាំងនេះ បាន​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេចបាន​គោលដៅ​កាត់បន្ថយ​គម្លាត​រវាង​តំបន់​ជនបទ​ជាមួយនឹង​ទីក្រុង​កាលពី​ឆ្នាំ 2020។

    លោក Daszak បន្តថា «កម្មវិធី​ខាងលើ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។ ឆ្នាំ 2016 កសិដ្ឋាន​ទាំងនោះ​មាន​កម្មករ​សរុប​ចំនួន 14 លាន​នាក់។ វិស័យនេះ មានតម្លៃ 70 ពាន់​លាន​ដុល្លារ​អាមេរិក»។

    ថ្ងៃទី 24 កុម្ភៈ 2020 នៅពេល​ស្ថានភាព​រោគរាតត្បាត​កើតឡើង​នៅ​ទីក្រុង Wuhan រដ្ឋាភិបាល​ចិន​ក៏បាន​សម្រេចចិត្ត​លើ​កិច្ចការ​សំខាន់​មួយ នោះ​គឺ «ឈប់​ចិញ្ចឹម​សត្វព្រៃ​ធ្វើជា​អាហារ»។ «ពួកគេ​បាន​ណែនាំ​កសិករ​ឱ្យ​បំផ្លាញចោល​សត្វព្រៃ​ទាំងនោះ​ដោយ​សុវត្ថិភាព មានដូចជា កប់ និង​ដុត​ជាដើម ដែលជា​វិធី​មិន​ឱ្យមាន​ការរីក​រាលដាល​នៃ​វីរុស»។

    ហេតុអ្វី​រដ្ឋាភិបាល​ចិន​ធ្វើ​ដូច្នេះ? បើតាម​លោក Daszak កសិដ្ឋាន​ទាំងនេះ​អាចជា​ទីតាំង​ឆ្លង​រាលដាល​ដ៏​ប្រសើរ ជា​កន្លែង​ដែល​វីរុស​ឆ្លង​ពី​សត្វ​ប្រចៀវ​មក​សត្វ​ណាមួយ​ផ្សេងទៀត ហើយ​ក្រោយមក​សត្វ​នោះបាន​ចម្លង​វីរុស​នោះមក​មនុស្ស។

    លោក Daszak បញ្ជាក់ថា «ខ្ញុំ​ពិតជា​យល់ថា Covid-19 ចាប់ផ្ដើម​ឆ្លង​មក​មនុស្ស​នៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន។ ការរកឃើញថ្មីៗនេះ ក៏​សុទ្ធតែ​បានបញ្ជាក់​អំពី​ប្រការ​នេះដែរ»៕

    ប្រភព៖ Reddit, NPR
    ប្រែ​សម្រួល៖ បុត្រា

  • ឥណ្ឌា​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា 2021-2022

    ឥណ្ឌា​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា 2021-2022

    យោងតាម​សេចក្ដីជូនដំណឹង​ខាងលើ ឥណ្ឌា​នឹង​នឹង​ផ្ដល់​អាហារូបករណ៍​សម្រាប់​សិស្ស និស្សិត​កម្ពុជា​ដែលមាន​បំណង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត នៅតាម​បណ្តា​សាកលវិទ្យាល័យល្បីៗនៅ​ប្រទេស​ឥណ្ឌា​សម្រាប់​ឆ្នាំ​សិក្សា 2021-2022។

    សម្រាប់​សិស្ស និស្សិត​ដែល​ចាប់អារម្មណ៍ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ អាច​ចុះឈ្មោះ និង​ដាក់ពាក្យ​តាម​អន​ឡាញ​នៅលើ​គេហទំព័រនេះ​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ដែលមាន​ដូចខាងក្រោម៖

    ប្រភព៖ AKP
    ដកស្រង់​ដោយ​៖ បុត្រា

  • នាយករដ្ឋមន្ត្រី​ថៃ ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 របស់ AstraZeneca! WHO បន្ត​លើកទឹកចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ

    នាយករដ្ឋមន្ត្រី​ថៃ ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 របស់ AstraZeneca! WHO បន្ត​លើកទឹកចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ

    នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha គឺជា​មនុស្ស​ដំបូង​គេ​នៅ​ប្រទេស​ថៃ​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​សង្ស័យ​លើ​ហានិភ័យ​នៃ​បញ្ហា​កកឈាម​ក្រោយពី​ការចាក់​វ៉ាក់សាំង​នេះ។

    «ថ្ងៃនេះ ខ្ញុំ​បាន​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​សាធារណជន» នាយករដ្ឋមន្ត្រី Prayuth ថ្លែង​ដូច្នេះ​នៅពេល​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca។ មេដឹកនាំ​វ័យ 67 ឆ្នាំ​រូបនេះ ក្រោយមក​បានឱ្យដឹងថា លោក​មាន​សុវត្ថិភាព​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។

    តាម​គម្រោង លោក Prayuth និង​សមាជិក​គណៈរដ្ឋមន្ត្រី ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី 12 មីនា ប៉ុន្តែ ត្រូវបាន​ពន្យារពេល ក្រោយពី​ប្រទេស​ថៃ​ត្រូវ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដោយសារ​មាន​ព័ត៌មាន​មិនល្អ​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះ ដែល​បាន​នាំឱ្យ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ត្រូវ​ផ្អាក​យុទ្ធនា​ការចាក់​វ៉ាក់សាំង AstraZeneca។

    បណ្ដា​ប្រទេស​ដែល​បាន​ផ្អាក​ការប្រើប្រាស់ AstraZeneca រួមមាន បារាំង, អ៊ីតាលី, អាល្លឺម៉ង់, ស្លូ​វេ​នី, អេ​ស្ប៉ា​ញ, អៀរ​ឡង់, ហូ​ឡង់, ដា​ណឺ​ម៉ាក, អ៊ី​ស្លង់, អូទ្រីស, ប៊ុលហ្គារី, រ៉ូ​ម៉ា​នី, អេ​ស្តូ​នី, លី​ទុយ​អា​នី, លុច​សំបួ និង​ប្រទេស​ឡា​ត​វី​យ៉ា។

    ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ កាលពី​ថ្ងៃទី 15 មីនា បានប្រកាសថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នឹងត្រូវ​បានធ្វើ​បន្តទៀត ព្រោះថា ប្រទេស​ជាច្រើន​បាន​បញ្ជាក់ថា វ៉ាក់សាំង AstraZeneca មិនមែនជា​មូលហេតុ​ដែលនាំឱ្យ​មានប​ញ្ហា​កកឈាម។

    នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកល​វិទ្យា Oxford នៃ​ប្រទេស​អង់គ្លេស ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ ឬ​ចរ​រា​ចរណ៍​នៅក្នុង​ប្រទេស​ជាង 50 រួមមាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ផងដែរ។ គិត​មកដល់​ថ្ងៃទី 10 មីនា មនុស្ស​ប្រមាណ 5 លាន​នាក់​នៅ​អឺរ៉ុប បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ Covid-19 របស់​ AstraZeneca។

    យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក (WHO) នៅតែ​លើកទឹកចិត្ត​ឱ្យ​ប្រទេស​នានា​បន្ត​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ដដែល ដោយ​អះអាងថា មកដល់ពេលនេះ WHO មិនទាន់​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​កកឈាម​ជាមួយនឹង​វ៉ាក់សាំង​នេះ​នៅឡើយ។

    ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ក៏បាន​ប្រកាសថា វ៉ាក់សាំង AstraZeneca មាន​សុវត្ថិភាព ហើយ​រដ្ឋាភិបាល​អង់គ្លេស​មាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ។

    ភាគី​ក្រុមហ៊ុន AstraZeneca ក៏បាន​បញ្ជាក់ថា ពួកគេ​បាន​វិភាគ​ទៅលើ​ទិន្នន័យ​ជាង 10 លាន​ច្បាប់ និង​បាន​រកឃើញថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព ហើយ​ថា មិនបាន​រកឃើញ​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា វា​បង្ក​ហានិភ័យ​នៃ​បញ្ហា​កកឈាម​នោះ​ឡើង៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • 105នាក់​បាន​ឆ្លង Covid-19 នៅ​កម្ពុជា ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 15មីនា 2021

    105នាក់​បាន​ឆ្លង Covid-19 នៅ​កម្ពុជា ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 15មីនា 2021

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 105 នាក់​ទៀត ក្នុងអំឡុង​ថ្ងៃទី 15 មីនា ខណៈ 88 នាក់ បានជា​សះស្បើយ។

    ក្នុងចំណោម​អ្នកជំងឺ​ថ្មី​ចំនួន 105 នាក់ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ​ខាងលើនេះ រួមមាន​ជនជាតិខ្មែរ, ចិន, ​វៀតណាម, ម៉ាឡេស៊ី, សិង្ហ​បុរី និង​ជនជាតិ​កូរ៉េ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 1,430 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 818 នាក់, កំពុង​ព្យាបាល​ចំនួន 609 នាក់ និង​ស្លាប់ 1នាក់៕









    ប្រភព​៖ ក្រសួង​សុខាភិបាល
    ដក​ស្រង់​ដោយ​៖ បុត្រា