Author: សឿន សំណាង

  • សង្គ្រោះ​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បាន​ដោយ​ជោគជ័យ ក្រោយ​ជាប់គាំង​ជិត​មួយ​សប្ដាហ៍​នៅក្នុង​ព្រែក Suez

    សង្គ្រោះ​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បាន​ដោយ​ជោគជ័យ ក្រោយ​ជាប់គាំង​ជិត​មួយ​សប្ដាហ៍​នៅក្នុង​ព្រែក Suez

    ថ្ងៃទី 29មីនា​នេះ កប៉ាល់ Ever Given បាន​ចាកចេញ​ផុតពី​ទីតាំង​ជាប់គាំង និង​ចាប់ផ្ដើម​ផ្លាស់​ទី ក្រោយ​រយៈពេល​ជិត​មួយ​សប្ដាហ៍​នៃ​ការជាប់គាំង​នៅក្នុង​ព្រែកជីក Suez ដែល​បាន​បណ្ដាលឱ្យ​កប៉ាល់​ដឹកទំនិញ​រាប់រយ​ត្រូវ​ស្ទះផ្លូវ។

    រូបភាព​​មួយ​ចំនួន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាល​គេហទំព័រ​តាមដាន​សកម្មភាព​លើ​ផ្ទៃសមុទ្រ Vesselfinder និង Myshiptracking បាន​បង្ហាញថា កន្ទុយ​របស់​កប៉ាល់ Ever Given បាន​ចាក​ផុតពី​ភ្លឺ​ខាងលិច​របស់​ព្រែក Suez។ សារព័ត៌មាន AFP របស់​បារាំង​ក៏បាន​បញ្ជាក់​អំពី​ដំណឹង​នេះ។

    ប្រភពព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​មួយ​នៃ​ក្រុមហ៊ុន Shoei Kisen ដែលជា​ម្ចាស់​កប៉ាល់ កាលពី​ព្រឹក​ថ្ងៃទី 29មីនា​នេះ បានឱ្យដឹងថា កប៉ាល់​អូស​ចំនួន 11គ្រឿង បាន​ទាញ Ever Given ចេញពី​ទីតាំង​ជាប់គាំង​ជាបណ្ដើរៗហើយ ប៉ុន្តែ កប៉ាល់​នេះ​មិនទាន់​ដំណើរការ​ដូច​ធម្មតា​បាន​នៅឡើយ។ ចំណែក​ក្រុមមន្ត្រី​គ្រប់គ្រង​ព្រែក ភាគី​អា​ហ្ស៊ី​ប និយាយថា កប៉ាល់ Ever Given បាន​ផ្លាស់​ទី​មក​ត្រង់​ទិសដៅ​បាន 80% ហើយ ខណៈដែល​សារព័ត៌មាន​អង់គ្លេស Reuters ក៏បាន​អះអាង​ស្រដៀង​នេះដែរ។

    ជោគជ័យ​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុម​សង្គ្រោះ បាន​ស្ដារ​យក​ដី​ប្រមាណ 27,000ម៉ែត្រគូប និង​ជម្រៅ 18ម៉ែត្រ ចេញពី​បាត​ព្រែក​ដែល​នៅ​ជុំវិញ​កប៉ាល់ ដើម្បី​ជា​ផ្លូវ​សម្រាប់​ការផ្លាស់​ទី​របស់​កប៉ាល់​ដែល​កំពុង​ជាប់គាំង។ ក្បាល​របស់​កប៉ាល់​បាន​ខូចខាត​មួយផ្នែក ប៉ុន្តែ រចនាសម្ព័ន្ធ​ទាំងមូល​របស់​វា នៅតែមាន​ស្ថាន​ភាពល្អ។

    សូម​រំលឹកថា កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ ដែលមាន​ជាង 200,000តោន និង​ដោត​ទង់ជាតិ​របស់​ប៉ា​ណា​ម៉ា បាន​បុក​បញ្ឆិត​ជញ្ជាំង​ព្រែកជីក Suez កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​ធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ដោយសារតែ​ត្រូវ​ព្យុះ​បក់បោក។

    ជា​លទ្ធផល Ever Given ដែលជា​កប៉ាល់​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ជាមួយនឹង​ប្រវែង 400ម៉ែត្រ បាន​ជាប់គាំង​ទទឹង​ព្រែកជីក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវទឹក​សំខាន់បំផុត​ក្នុង​ពិភពលោក ត​ភ្ជាប់​រវាង​សមុទ្រ​ក្រហម និង​ម​ជ្ឈ​ម​បូព៌ា៕

    ប្រភព​៖ CNN, BI
    ប្រែសម្រួល​៖ បុត្រា

  • ថៃ​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​ចូល Phuket ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    ថៃ​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​ចូល Phuket ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    ចាប់ពី​ខែកក្កដា ឆ្នាំ 2021 ភ្ញៀវ​ទេសចរណ៍​នឹង​អាចធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​ទៅកាន់​កោះ Phuket ដោយ​​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក បើសិន​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចហើយ។

    ប្រការនេះ​បានបញ្ជាក់​ថា ក្រុមមន្ត្រី​ថៃ​កំពុងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​បើកទ្វារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នាពេលឆាប់ៗនេះ បន្ទាប់ពី​ត្រូវ​បិទទ្វារ​អស់​មួយ​រយៈពេល​យ៉ាងយូរ​ដោយសារតែ Covid-19។

    យោងតាម​សារព័ត៌មាន​ជប៉ុន Nikkei អង្គភាព​តាមដាន​សេដ្ឋកិច្ច​ប្រទេស​ថៃ ជា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានលើកឡើង​សេចក្ដីសម្រេច​នេះ​កាលពី​ថ្ងៃទី 26មីនា។ គណៈរដ្ឋមន្ត្រី​ថៃ តាម​ផែនការ​នឹងធ្វើ​ការអនុម័ត​គម្រោង​នេះ​នៅក្នុង​ថ្ងៃទី 30មីនា​ខាងមុខ។

    ចាប់ពី​ខែកក្កដា ឆ្នាំ2021 ភ្ញៀវ​ទេសចរណ៍​នឹង​អាចធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​ទៅកាន់​កោះ Phuket ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​អ្នក​ទេសចរណ៍​នឹងត្រូវ​តែមាន​លិខិត​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។

    យ៉ាងនេះ​ក្ដី ក្រុមមន្ត្រី​ថៃ​ក៏​កំពុង​ពិចារណា​រក​វិធីសាស្ត្រ​ផ្សេង​ពីនេះ។ ទេសចរ​មិន​ត្រឹមតែ​ត្រូវ​បង្ហាញ​ភ័ស្ដុតាង​ថា ខ្លួន​​បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ តែ​ក៏​នៅ​ការ​ត្រូវធ្វើ​តេស្ត PCR នៅពេល​បានមក​ដល់​ភ្លាម។ ក្រៅពីនេះ ភ្ញៀវ​បរទេស​ក៏ត្រូវ​ទាញយក​កម្មវិធី​ទូរស័ព្ទ​ដែល​រដ្ឋាភិបាល​ថៃ​បានដាក់​ឱ្យប្រើ​ប្រាស់​ដើម្បី​បម្រើ​ដល់​ការតាម​ដាន​​ក្នុងករណី​មាន​ទាក់ទង​នឹង​ការឆ្លង Covid-19។

    អគ្គលេខា​ក្រុមប្រឹក្សាភិបាល​សេដ្ឋកិច្ច​និង​សង្គម ដែលជា​ស្ថាប័ន​បង្កើត​គោលនយោបាយសំខាន់ៗរបស់​ប្រទេស​ថៃ លោក Danucha Pichayanan ថ្លែងថា៖ «បើសិនជា​ប្រទេស​ថៃ បើកទ្វារ​ទទួល​ទេសចរ​បាន​ឆាប់រហ័ស យើង​នឹង​អាច​បង្កើន​ប្រាក់ចំណូល​បាន​ឆាប់រហ័ស»។

    វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍ រួមចំណែក​រហូតដល់ 20% នៃ GDP សរុប​របស់​ថៃ ដែលជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​នេះ។

    ដោយសារតែ​ផលប៉ះពាល់​ពី Covid-19 កំណើនសេដ្ឋកិច្ច​ថៃ ធ្លាក់ចុះ 6.1% ក្រោម​សូន្យ ដែលមាន​ភាព​ធ្ងន់ធ្ងរ​បំផុត​រាប់​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ចុង​ទសវត្សរ៍ 1990។

    មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ Covid-19 របស់​ថៃ បានស្នើ​ឱ្យ​កាត់បន្ថយ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី 14 មក​នៅត្រឹម 10ថ្ងៃ​វិញ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី1 មេសា 2021។ ស្ថាប័ន​នេះ​កំពុង​កំណត់​គោលដៅ​បើកទ្វារ​សេដ្ឋ​កិច្ច​ទូទាំងប្រទេស ចាប់ពី​ខែតុលា ឆ្នាំ 2021៕

    ប្រភព​៖ Nikkei
    ប្រែសម្រួល​៖ បុត្រា

  • «ស្រេកឃ្លាន​ប្រេង» ដោយសារ​ជាប់គាំង​កប៉ាល់​តៃវ៉ាន់​នៅ​ព្រែកជីក Suez

    «ស្រេកឃ្លាន​ប្រេង» ដោយសារ​ជាប់គាំង​កប៉ាល់​តៃវ៉ាន់​នៅ​ព្រែកជីក Suez

    កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅក្នុង​ព្រែកជីក Suez កំពុង​រាំងខ្ទប់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​ប្រទេស​ស៊ី​រី នាំឱ្យ​ប្រទេស​នេះ​ត្រូវ​បែងចែក​ប្រេង​ដែលមាន​ស្រាប់ ទៅតាម​បរិមាណ​ដែល​ប្រទេស​នេះ​កំណត់។

    ផលប៉ះពាល់​របស់​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅលើ​ព្រែក Suez ចំពោះ​វិស័យ​ដឹកជញ្ជូន​សកល បានបង្ហាញ​យ៉ាងច្បាស់​កាលពី​ថ្ងៃទី 27មីនា នៅពេល​ប្រទេស​ស៊ី​រី ដែល​បាន និង​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​អស់​ជាច្រើន​ឆ្នាំ ត្រូវ​បែងចែក​ប្រេង​ក្នុងស្រុក​ទៅតាម​បរិមាណ​កំណត់​ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់​ក្នុងប្រទេស​ដែល​កំពុង​ថយចុះ​ស្រាប់។

    ក្រសួង​ប្រេង​និង​រ៉ែ​នៃ​ប្រទេស​ស៊ី​រី បានឱ្យដឹងថា បញ្ហា​នៅលើ​ព្រែកជីក Suez នៃ​ប្រទេស​អេ​ហ្ស៊ី​ប បាន «រាំងស្ទះ​ប្រភព​ផ្គត់ផ្គង់​ប្រេង ធ្វើឱ្យ​កប៉ាល់​ដឹក​ប្រេង​ដែល​ផ្គត់ផ្គង់​មកឱ្យ​ស៊ី​រី ត្រូវ​ពន្យារពេល» នេះ​បើតាម​សារព័ត៌មាន​ជាតិ SANA របស់​ស៊ី​រី។

    ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង ប្រទេស​ស៊ី​រី ដែល​ស្ថិត​នៅក្បែរ​ព្រែកជីក Suez ត្រូវ​បង្ខំចិត្ត​បែងចែក​ប្រេង​ក្នុងស្រុក​ដែលមាន​ស្រាប់​ទៅតាម​បរិមាណ​កំណត់ ក្នុងនោះ​ភាគច្រើន​គឺ​ប្រេងម៉ាស៊ូត និង​សារធាតុ benzene ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​រយៈពេល​វែង តាម​ដែល​អាច​ធ្វើបាន»។

    ទីតាំង​របស់​ព្រែក​ជីក​ Suez

    ចំនួន​កប៉ាល់​ដែល​កំពុង​ស្ទះចរាចរណ៍​នៅលើ​ព្រែកជីក​ដ៏​មាន​សារសំខាន់​របស់​ប្រទេស​អេ​ហ្ស៊ី​ប បាន​កើន​ឡើងដល់ 326គ្រឿង រួមមាន​ទាំង​កប៉ាល់​ដឹក​កុងតឺន័រ កប៉ាល់​ដឹកទំនិញផ្សេងៗ និង​កប៉ាល់​ដឹក​ប្រេង​ជាដើម នេះ​បើតាម Agencies ដែលជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​របស់ Suez។

    សូម​រំលឹកថា កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ ដែលមាន​ជាង 200,000តោន និង​ដោត​ទង់ជាតិ​របស់​ប៉ា​ណា​ម៉ា បាន​បុក​បញ្ឆិត​ជញ្ជាំង​ព្រែកជីក Suez កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​ធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ដោយសារតែ​ត្រូវ​ព្យុះ​បក់បោក។

    ជា​លទ្ធផល Ever Given ដែលជា​កប៉ាល់​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ជាមួយនឹង​ប្រវែង 400ម៉ែត្រ បាន​ជាប់គាំង​ទទឹង​ព្រែកជីក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវទឹក​សំខាន់បំផុត​ក្នុង​ពិភពលោក ត​ភ្ជាប់​រវាង​សមុទ្រ​ក្រហម និង​ម​ជ្ឈ​ម​បូព៌ា។

    ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez (SCA) បាន​បញ្ជាក់ថា ពួកគេ​កំពុង​ស្ដារ​បាតដី​នៅ​ជុំវិញ​កប៉ាល់ និង​អូស Ever Given ដោយ​ប្រើប្រាស់​កប៉ាល់​សង្គ្រោះ។ ការប្រឹងប្រែង បាន​ជួយ​ឱ្យ​កប៉ាល់​នេះ​ផ្លាស់​ទី​បាន​បន្តិច ប៉ុន្តែ​មិនដឹងថា វា​នឹង​ត្រូវបាន​សង្គ្រោះ​ទាំងស្រុង​នៅពេលណា​ឡើយ៕

    >ការជួយ​សង្គ្រោះ​កប៉ាល់ «យក្ស» Ever Given ដែល​​ជាប់គាំង​ទទឹង​ព្រែកជីក Suez កំពុង​​​ដំណើរការ

    ប្រភព៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • បាតុកម្ម​ប្រឆាំង​ការរើសអើង​លើ​​ជន​ជាតិ​​អាមេរិកាំង​ដើមកំណើត​អាស៊ី កំពុង​ផ្ទុះឡើង​នៅ​សហរដ្ឋអាមេរិក

    បាតុកម្ម​ប្រឆាំង​ការរើសអើង​លើ​​ជន​ជាតិ​​អាមេរិកាំង​ដើមកំណើត​អាស៊ី កំពុង​ផ្ទុះឡើង​នៅ​សហរដ្ឋអាមេរិក

    ពលរដ្ឋ​នៅក្នុង​ទីក្រុង​ចំនួន 60 នៅ​សហរដ្ឋអាមេរិក រួមមាន​ទាំង San Francisco, Los Angeles, Chicago, Detroit និង Portland បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំពើហិង្សា​លើ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី កាលពី​ថ្ងៃទី 27មីនា​កន្លងទៅ។

    មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីប្រជុំជន Queens នៃ​ទីក្រុង New York ដើម្បី​គាំទ្រ​ដល់​ការអំពាវនាវ​ឱ្យមាន​បាតុកម្ម​ទូទាំង​សហរដ្ឋអាមេរិក។ «យើង​បាន​ឆ្លងកាត់​មហា​រោគរាតត្បាត​ពេញ​មួយឆ្នាំ និង​អំពើហិង្សា​លើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី ចេះតែ​កើនឡើង» Judi Chang តំណាង​របស់​សម្ព័ន្ធ​ប្រឆាំង​សង្គ្រាម និង​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ANSWER ដែលជា​អ្នកដឹកនាំ​បាតុកម្ម បាន​និយាយ​ដូច្នេះ។

    Chang យល់ថា ការរើសអើង​លើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​កំពុង​កើនឡើង​គឺ​ដោយសារ​មូលហេតុ​នយោបាយ​ដែល​ចាត់ទុក​ចិន​ជាការ​គំរាមកំហែង។ «ពលរដ្ឋ​ដើមកំណើត​អាស៊ី​ដែល​ខ្ញុំ​បាន​ជួប សុទ្ធតែ​ធ្លាប់ជា​អ្នករងគ្រោះ​នៃ​អំពើហិង្សា ឬ​ការរំខាន» Chang បន្ថែម​ដូច្នេះ​នាទី​ក្រុង New York។ «យើង​ត្រូវគេ​បរិហារកេរ្តិ៍ និង​ត្រូវគេ​ស្រែកជេរ។ យើង​ត្រូវគេ​សម្លក់សម្លឹង គ្រប់គ្នា​ដើរគេច​ចេញ​ពេល​យើង​មកដល់»។

    ករណី​បាញ់ប្រហារ​កាលពី​ថ្ងៃទី 16មីនា នៅ Atlanta ដែល​បានសម្លាប់​មនុស្ស​ចំនួន 8នាក់ ក្នុងនោះ​មាន 6នាក់​ជា​ស្ត្រី​ដើមកំណើត​អាស៊ី កាន់តែ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ទាក់ទិន​នឹង​អំពើ​ស្អប់ខ្ពើម​នៅក្នុង​អំឡុង​វិបត្តិ​សុខភាព។ បាតុករ​មួយចំនួន​នៅ Atlanta បាន​លើក​បដា​ដែលមាន​សរសេរថា៖ «និយាយថា​ទេ​ចំពោះ​ការរើសអើង​ពូជសាសន៍​លើ​ជនជាតិ​អាស៊ី!» ឬ «ឈប់​ពណ៌នា​ប្រទេស​ចិន និង​ពលរដ្ឋ​ដើមកំណើត​ចិន​តាមរបៀប​អាក្រក់!»។

    «ខ្ញុំ​មិនមែនជា​វីរុស ខ្ញុំ​មិនមែនជា​សត្រូវ ខ្ញុំ​គឺជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ចិន ហើយ​ខ្ញុំ​ស្រលាញ់​ប្រជាជន​យើង» បាតុករ​ម្នាក់​បាន​លើក​បដា​បែបនេះ​នៅពេល​ចូលរួម​ធ្វើបាតុកម្ម​ជាមួយនឹង​មនុស្ស​ប្រហែល 100នាក់​ផ្សេងទៀត​នៅ​ទីប្រជុំជន​ចិន​នា​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។

    ចំណែក Irving Lee ដែលជា​បាតុករ​ម្នាក់​នៅ​តំបន់ Queens បាន​ហៅ «អំពើហិង្សា​ប្រឆាំងនឹង​ជនជាតិ​អាស៊ី» ថា​ជា «អនុផល​ដែល​កើតចេញពី​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក»។

    នៅពេល Covid-19 បានចាប់ផ្ដើម​រាលដាល​នៅ​សហរដ្ឋអាមេរិក​កាលពីដើមឆ្នាំ 2020 អ្នកនយោបាយ​មួយចំនួន រួមទាំង​ប្រធានាធិបតី Donald Trump ផល​ដែរ កាលណោះ​បាន​ហៅ Covid-19 ថា​ជា «វីរុស Wuhan» ឬ «វីរុស​ចិន»។ «ខ្ញុំ​បានឃើញ​មនុស្ស​ជាច្រើន​រង​ផលប៉ះពាល់​ដោយសារ​ប្រការ​នោះ» Irving Lee ថ្លែង​ដូច្នេះ និង​បន្តថា «ពួកគេ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​តែមាន​អំពើហិង្សា​កំពុង​កើតឡើង»៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • បាតុករ​មី​យ៉ាន​ម៉ា 4នាក់​ទៀត​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស

    បាតុករ​មី​យ៉ាន​ម៉ា 4នាក់​ទៀត​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស

    បាតុករ​ភូមា (មី​យ៉ាន​ម៉ា) ចំនួន 4នាក់​ទៀត​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 26មីនា នាំឱ្យ​តួលេខ​អ្នកស្លាប់​ដោយសារ​ការបង្ក្រាប​ពី​របប​យោធា ក្រោយ​រដ្ឋប្រហារ កើនឡើង​ដល់​ជាង 320នាក់។

    បាតុកម្ម​ជាច្រើន​កន្លែង​បានកើត​ឡើង​នៅ​ពាសពេញ​ប្រទេស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 26មីនា រួមមាន​ទាំង​តំបន់ Mandalay, Sagaing, Karen និង Chin ផងដែរ។ សាក្សី​បានឱ្យដឹងថា កងកម្លាំង​សន្តិសុខ​បាន​បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដែល​កាន់​ទង់​ពណ៌​ខ្មៅ​នៅ​ភាគខាងត្បូង​ទីក្រុង Myeik។

    «មនុស្ស​ពីរ​នាក់​ត្រូវបាន​បាញ់​ចំក្បាល។ យើង​មិនបាន​នាំយក​សាកសព​របស់​ជ​ន​រងគ្រោះ​ទី​បី ព្រោះតែ​កងកម្លាំងប្រដាប់អាវុធ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនោះ» សាក្សី​ម្នាក់​បាន​និយាយ​ដូច្នេះ។ សាក្សី​ម្នាក់ទៀត​ប្រាប់ថា គាត់​បានឃើញ​សាកសព​ទី​បួន ខណៈ​សារព័ត៌មាន Myanmar Now ក៏បាន​រាយការណ៍​ថា មនុស្ស​ចំនួន 4នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង Myeik។

    យោងតាម​តួលេខ​ពី​សមាគម​សង្គ្រោះ​អ្នកទោសនយោបាយ (AAPP) គិត​ត្រឹម​យប់​ថ្ងៃទី 25មីនា បាតុករ​យ៉ាងតិច​ចំនួន 320នាក់​បាន​ស្លាប់ រាប់​ចាប់ពី​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា។

    «គ្រប់គ្នា​គួរ​រៀនសូត្រ​ពី​សោកនាដកម្ម​នៃ​ការស្លាប់​ដ៏​អាក្រក់​មុន​នោះ។ គ្រប់គ្នា​អាច​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាញ់​តម្រង់​ក្បាល ឬ​ខ្នង» របប​សឹក​ភូមា​បាន​ព្រមាន​ដូច្នេះ​កាលពី​ម្សិលមិញ។

    ពលរដ្ឋ​មី​យ៉ាន​ម៉ា បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ស្ទើរតែ​រាល់ថ្ងៃ បន្ទាប់ពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ និង​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្ស​កាន់អំណាច កាលពីដើម​ខែកុម្ភៈ ឆ្នាំ2021៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ចិន​បញ្ជូន​យន្តហោះ​យោធា 20គ្រឿង ទៅ​ក្បែរ​កោះ​តៃវ៉ាន់! ទីក្រុង​តៃប៉ិ ក៏​ដាក់​កងទ័ព​ឱ្យ​ស្ថិតក្នុង​ការត្រៀម​ប្រយុទ្ធ

    ចិន​បញ្ជូន​យន្តហោះ​យោធា 20គ្រឿង ទៅ​ក្បែរ​កោះ​តៃវ៉ាន់! ទីក្រុង​តៃប៉ិ ក៏​ដាក់​កងទ័ព​ឱ្យ​ស្ថិតក្នុង​ការត្រៀម​ប្រយុទ្ធ

    ក្រុម​យន្តហោះ​យោធា​របស់​ចិនដីគោក រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​ដ៏​ច្រើនសន្ធឹក​មិន​ធ្លាប់មាន បាន​ហោះ​ទៅ​ក្បែរ​កោះ​តៃវ៉ាន់​កាលពី​ម្សិលមិញ នាំឱ្យ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​កាន់តែ​ឡើង​កំដៅ​ខ្លាំង។

    ក្រុម​យន្តហោះ​យោធា​ចិន​ដែល​បាន​ហោះ​ក្បែរ​តៃវ៉ាន់​កាលពី​ថ្ងៃទី 26មីនា រួមមាន យន្តហោះ​ចម្បាំង​ពហុមុខ​ងារ J-16 ចំនួន 10គ្រឿង, យន្តហោះ​ចម្បាំង J-10 ចំនួន 2គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ចំនួន 4គ្រឿង, យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8 ចំនួន 2គ្រឿង, យន្តហោះ​ព្រមាន​រហ័ស KJ-500 ចំនួន 1គ្រឿង និង​យន្តហោះ​ឈ្លបយកការណ៍ Y-8 ចំនួន 1គ្រឿង។ នេះ​បើតាម​កងទ័ព​កោះ​តៃវ៉ាន់​ដែល​បានប្រកាស​ឱ្យដឹង​ក្នុង​ថ្ងៃ​ដដែល។

    យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8 ហោះហើរ​ក្នុង​តំបន់​ក្បែរ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ ខណៈ​យន្តហោះ​ដទៃ​ធ្វើ​សកម្មភាព​នៅ​តំបន់​សមុទ្រ​ចន្លោះ​កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas/Dongsha។

    កងកម្លាំង​ការពារ​ដែនអាកាស​តៃវ៉ាន់ ភ្លាមៗនោះ​ក៏បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ចេញទៅ​ទប់ទល់ និង​បាន​បញ្ជូន​ការព្រមាន ព្រមទាំង​ដាក់​អង្គភាព​ការពារ​ដែនអាកាស​ឱ្យ​ស្ថិតក្នុង​ស្ថានការណ៍​ត្រៀមប្រយុទ្ធ រហូតដល់​ក្រុម​យន្តហោះ​យោធា​ចិន​បាន​ចាក​ចេញពី​តំបន់។ ភាគី​ចិន​មិនទាន់បាន​បញ្ចេញ​ការអធិប្បាយ​អ្វី​អំពី​ហេតុការណ៍​នេះ​នៅឡើយ។

    នេះ​គឺជា​យុទ្ធនា​ការចូលទៅ​កៀក​កោះ​តៃវ៉ាន់​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​របស់​យន្តហោះ​យោធា​ចិន នៅក្នុង​គ្រា​ដែល​តៃវ៉ាន់​ផ្អាក​រាល់​សកម្មភាព​ហោះហើរ​របស់ខ្លួន បន្ទាប់ពី​មាន​ករណី​ធ្លាក់​យន្តហោះ​ចម្បាំង F-15 ចំនួន 2គ្រឿង។

    កងទ័ព​តៃវ៉ាន់​បានឱ្យដឹងថា ក្នុង​មួយ​រយៈពេល​កន្លងទៅនេះ ទីក្រុង​ប៉េកាំង​តែងតែ​បញ្ជូន​យន្តហោះ​យោធា​មកកាន់​តំបន់​សមុទ្រ​ចន្លោះ​កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas។

    មុន​នោះ ក្នុង​ថ្ងៃ​ដដែល ទីក្រុង​តៃប៉ិ និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ចុះ​កិច្ចព្រមព្រៀង​ដំបូង​នៅក្នុង​សម័យ​លោក Biden ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ល្បាត​លើ​ផ្ទៃសមុទ្រ បន្ទាប់ពី​ប្រទេស​ចិន​បានអនុម័ត​ច្បាប់​ដែល​អនុញ្ញាតឱ្យ​កងកម្លាំង​ល្បាត​សមុទ្រ​របស់ខ្លួន បាញ់ប្រហារ​នាវា​បរទេស​ណា​ដែល​ស្ថិតនៅលើ​សមុទ្រ​ដែល​ចិន​អះអាងថា​ជា​កម្មសិទ្ធិ​របស់ខ្លួន។

    ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ពួកគេ​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។ ចិន​ក៏បាន​ប្រកាសជារឿយៗថា នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើមយក​តៃវ៉ាន់​មកវិញ បើសិនជា​ចាំបាច់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ឆេះ​មន្ទីរពេទ្យ​នៅ​ឥណ្ឌា! អ្នកជំងឺ Covid-19 ជាច្រើន​នាក់​បាន​ស្លាប់

    ឆេះ​មន្ទីរពេទ្យ​នៅ​ឥណ្ឌា! អ្នកជំងឺ Covid-19 ជាច្រើន​នាក់​បាន​ស្លាប់

    អ្នកជំងឺ Covid-19 យ៉ាងតិច 9នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ជាយ​ភាគ​ខាងកើត​នៃ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​យប់​ថ្ងៃទី 26មីនា។

    អាជ្ញាធរ​ឥណ្ឌា​បានឱ្យដឹងថា អ្នកជំងឺ Covid-19 ជាង 70នាក់​ដែល​កំពុង​ព្យាបាល​នៅទីនេះ ត្រូវបាន​ជម្លៀស​ទៅកាន់​​មជ្ឈ​មណ្ឌល​​សុខាភិបាល​ផ្សេងទៀត ក្នុងពេល​អគ្គិភ័យ​ខាងលើ​កំពុង​កើតមាន។

    រូបភាព​ដែល​ត្រូវ​ផ្សាយ​ផ្ទាល់​នៅលើ​ទូរទស្សន៍​បាន​បង្ហាញថា ផ្សែង​បាញ់​ចេញពី​មន្ទីរពេទ្យ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​សកម្មភាព​បាញ់​ទឹក ក៏ដូចជា​តាមរក​អ្នកជំងឺ។ សាកសព​មនុស្ស​យ៉ាងតិច 11នាក់ ត្រូវបាន​យកចេញ​ពី​អគារ។

    មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៍​ មាន 2នាក់​ប្រហែលជា​បាន​ស្លាប់​ដោយសារ Covid-19 មុនពេល​អគ្គិភ័យ​កើតឡើង។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រង់​ស្ថិតិ​ជនរងគ្រោះ ក៏ដូចជា​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​មាន​អគ្គិភ័យ​​នេះ​។

    មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Mumbai របស់​ឥណ្ឌា កំពុង​ឆ្លងកាត់​ដំណាក់កាល​អាក្រក់​បំផុត​ដោយសារ Covid-19។ អ្នកជំងឺ Covid-19 ថ្មី​ចំនួន​ជាង 5,500នាក់ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 25មីនា ដែល​នេះ​គឺជា​តួ​លខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​កន្លងមក។ មន្ទីរពេទ្យ​នានា​នៅ​ជុំវិញ​ទីក្រុង​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ព្យាបាល​អ្នកជំងឺ​ថ្មី​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ។

    ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 26មីនា ឥណ្ឌា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 62,291នាក់ នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​កើន​ដល់ 11,908,373នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 161,275នាក់, ជាសះស្បើយ 11,292,849នាក់ និង​កំពុង​ព្យាបាល​ចំនួន 454,249នាក៕

    ប្រភព​៖ Aljazeera
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី Joe Biden៖ «ព្រះ​អឺយ! ខ្ញុំ​នឹក​លោក Trump»

    ប្រធានាធិបតី Joe Biden៖ «ព្រះ​អឺយ! ខ្ញុំ​នឹក​លោក Trump»

    ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ថ្លែងថា លោក​នឹក​លោក Trump នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់ខ្លួន រាប់​ចាប់តាំងពី​ទើប​ចូលកាន់​តំណែង។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី 25មីនា 2021 កន្លងទៅ ប្រធានាធិបតី​អាមេរិក Joe Biden ត្រូវបាន​សួរថា «តើ​លោក​មានបំណង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2024 ដែរ ឬទេ ហើយ​បើ​មាន តើ​ហេតុអ្វី​បានជា​មិន​ចាប់ផ្ដើម​យុទ្ធនាការ​ឱ្យបាន​ឆាប់ ដូចដែល​លោក Trump ធ្លាប់​បានធ្វើ?»។

    «អ្នក​ជំនាន់​មុន​របស់ខ្ញុំ ប្រាកដជា​ត្រូវធ្វើ​តាំងពី​ដំបូង​ដូច្នេះហើយ។ អូ ព្រះ​អឺយ ខ្ញុំ​នឹក​គាត់» ប្រធានាធិបតី Biden សើច​បណ្ដើរ និយាយ​បណ្ដើរ នៅពេល​រំលឹក​ដល់​លោក Trump ដែល​ធ្លាប់បាន​រៀប​ផែនការ​ឈរឈ្មោះ​បោះឆ្នោត​តាំងតែ​ពី​ទើប​ចូលកាន់​តំណែង​ប្រធានាធិបតី។

    មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ បាន​អះអាងថា ខ្លួន​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះ​ឆ្នោត​ឆ្នាំ2024 ហើយ​លោក​ក៏​យល់ឃើញថា នេះ​គឺជា​គម្រោងការ​ដែលមាន​ស្រាប់។ ប៉ុន្តែ លោក​ថា លោក​នឹងមិន​រៀបចំខ្លួន​យ៉ាង​ឆាប់រហ័ស​សម្រាប់​ការឃោសនាបោះឆ្នោត​នោះឡើយ។

    «ខ្ញុំ​ជាម​នុស្ស​ដែល​ចូលចិត្ត​ជឿ​លើ​វាសនា។ ហេតុនេះ ខ្ញុំ​នឹងមិន​ត្រៀម​ផែនការ​ម៉ត់ចត់​រហូតដល់ 3ឆ្នាំកន្លះ​ខាងមុខ (អំឡុងពេល​ត្រូវ​ឃោសនាបោះឆ្នោត)» លោក Biden បន្ថែម​ដោយ​ក្ដី​រីករាយ​ដូច្នេះ។

    បើសិនជា​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ម្ដងទៀត នា​ឆ្នាំ 2024 លោក Joe Biden នឹង​ឈានចូល​ដល់​វ័យ 82ឆ្នាំ៕

    ប្រភព៖ Dailymail, MSNBC
    ប្រែសម្រួល​៖ បុត្រា

  • ​​មន្ត្រីនគរបាល​ចំនួន 3នាក់ បាន​ស្លាប់​​ដោយសារ Covid-19 រាប់​ចាប់​ពី​​មាន​​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ

    ​​មន្ត្រីនគរបាល​ចំនួន 3នាក់ បាន​ស្លាប់​​ដោយសារ Covid-19 រាប់​ចាប់​ពី​​មាន​​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ

    ក្រសួងសុខាភិបាល​កម្ពុ​ជា ថ្ងៃនេះ​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 96នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់​ជិត 2,000នាក់។ ក្នុងថ្ងៃនេះ​ដែរ ក៏មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ម្នា​ក់បាន​ស្លាប់​ដោយសារ​វីរុស Covid-19។

    យោងតាម​ក្រសួងសុខាភិបាល មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​បាន​ស្លាប់​ខាងលើនេះ មាន​អាយុ 55ឆ្នាំ និង​មាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

    អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍ថា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ​មក មាន​មន្ត្រីនគរបាល​ចំនួន 3នាក់​ហើយ​ដែល​បាត់​បង់ជីវិត​ដោយសារ Covid-19 ហើយ​ក្រៅ​ពី​នេះ​​ក៏​នៅ​មាន​ 6​នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    គិត​មកដល់​ថ្ងៃទី 26មីនា ឆ្នាំ2021 កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,968នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 8នាក់, អ្នកជា​សះស្បើយ 1,074នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 884នាក់។

     

  • មហាសេដ្ឋី Warren Buffett ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​នៅក្នុង​ក្រុមហ៊ុន Berkshire?

    មហាសេដ្ឋី Warren Buffett ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​នៅក្នុង​ក្រុមហ៊ុន Berkshire?

    មហាសេដ្ឋី Warren Buffett ទទួលបាន​ប្រាក់បៀវត្ស​គោល ត្រឹមតែ 100,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ និង​មិនទាន់​ត្រូវបាន​ដំឡើង​ប្រាក់ខែ​ម្ដងណា​នៅឡើយ​ក្នុងអំឡុង 40ឆ្នាំកន្លងមក។

    កំពូល​អ្នកវិនិយោគ​ជ​ន​ជាតិ​អាមេរិក លោក Warren Buffett ដឹកនាំ​ក្រុមហ៊ុន​ធំជាងគេ​បំផុត​មួយ​នៅក្នុង​ពិ​ភ​លោក។ មហាសេដ្ឋី​រូបនេះ​ក៏​កំពុងស្ថិត​ក្នុងចំណោម​កំពូល​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ 95.2ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម Bloomberg Billionaires Index។ ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក្ដី ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាមេរិក (SEC) បាន​ង្ហា​ញ​ថា លោក​ទទួលបាន​ប្រាក់បៀវត្ស​ត្រឹមតែ 100,000ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​មួយឆ្នាំ និង​មិន​ធ្លាប់​ទទួលបាន​ការដំឡើង​ប្រាក់ខែ​សោះ​ក្នុងអំឡុង 40ឆ្នាំ​កន្លងមកនេះ។

    Buffett គឺជា​ប្រធាន និង​ជា CEO របស់ Berkshire Hathaway។ ដូច្នេះ លោក​អាច​ស្នើ​ក្រុមប្រឹក្សាភិបាល​ឱ្យ​ដំឡើង​ប្រាក់បៀវត្ស​របស់ខ្លួន តាម​ដែល​លោក​ចង់បាន ទន្ទឹមនឹងនេះ លោក​ក៏​អាច​សម្រេច​លើ​ការដំឡើង​ប្រាក់ខែ​របស់​ក្រុម​មេដឹកនាំ​ផ្សេងទៀត​របស់លោក នៅក្នុង​ក្រុមហ៊ុន​នេះ។ ចាប់ពី​ឆ្នាំ 1980 រហូតដល់​បច្ចុប្បន្ន មហាសេដ្ឋី​វ័យ 90ឆ្នាំ​រូបនេះ ទទួលបាន​ប្រាក់បៀវត្ស​តែ 100,000ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ស្មើនឹង​មួយចំណែក​តូច បើ​ធៀប​នឹង​ប្រាក់ចំណូល​ជា​មធ្យម 15លាន​ដុល្លារ​របស់ CEO នៃ​បណ្ដា​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​ស​ន្ទ​ស្សន៍ S&P 500 ក្នុង​ឆ្នាំ 2019។

    លោក Warren Buffett ក៏​រកប្រាក់​មិនបាន​ច្រើន​ប៉ុន្មាន​ដែរ​ពី​ប្រភព​ចំណូលផ្សេង។ ប្រាក់ចំណូល​សរុប​ខ្ពស់បំផុត​ដែល​លោក​ធ្លាប់​ទទួលបាន​ពី​ក្រុមហ៊ុន Berkshire គឺ 525,000ដុល្លារ​កាលពី​ឆ្នាំ 2010 ក្នុងនោះ​រួមមាន​ទាំង​ប្រាក់បៀវត្ស​គោល 100,000ដុល្លារ, ប្រាក់​សម្រាប់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល 75,000ដុល្លារ និង​ប្រាក់​សម្រាប់​សន្តិសុខ​ចំនួន 350,000ដុល្លារ។

    តាម​ការជាក់ស្ដែង លោក Warren Buffett ក៏​មិនត្រូវ​ការប្រាក់​បៀវត្ស​ច្រើន​នោះឡើយ។ លោក​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Berkshire ដែលមាន​តម្លៃ​ជិត 100ពាន់​លាន​ដុល្លារ។ ប្រាក់​ទាំងនេះ​ក៏ត្រូវ​បាន​លោក​យកទៅ​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​បន្តបន្ទាប់។ ការរស់នៅ​របស់លោក Warren Buffett ត្រូវបាន​គេ​ដឹងថា មាន​ភាពសាមញ្ញ ក្នុងនោះ លោក​ស្នាក់នៅ​ក្នុងផ្ទះ​ធម្មតា ប្រើប្រាស់​រថយន្ត​តម្លៃ​មធ្យម និង​ទទួលទាន​អាហារ​ពេលព្រឹក​នៅ McDonald’s។ លោក​ក៏​មិន​ប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន ឬ​យន្តហោះ​ផ្ទាល់ខ្លួន​ដែល​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​នោះដែរ។

    ចំណែក Charlie Munger ដែលជា​ដៃស្ដាំ​របស់លោក Warren Buffett និង​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន Berkshire ក៏​ទទួលបាន​ប្រាក់បៀវត្ស 100,000ដុល្លារ​ក្នុង​មួយឆ្នាំ។ លោក Charlie Munger ទទួលបាន​ខ្ទង់​ប្រាក់បៀវត្ស​គោល​នេះ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។

    ផ្ទុយ​ពី​ប្រធាន និង​អនុប្រធាន​នៃ​ក្រុមហ៊ុន Berkshire មេដឹកនាំ​ក្រុមហ៊ុន​បុត្រា​សម្ព័ន្ធ​របស់ Berkshire ពីររូប​គឺ Greg Abel និង Ajit Jain ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាង​មេដឹកនាំ​កំពូល​របស់ខ្លួន​ទៅទៀត។ លោក Greg Abel ដែលជា​ប្រធាន និង CEO ផ្នែក​ថាមពល​របស់ Berkshire និង​លោក Ajit Jain អនុប្រធាន​ផ្នែក​ប្រតិបត្តិ​ធនា​រ៉ាប់រង​របស់ Berkshire ទទួលបាន​ប្រាក់បៀវត្សម្នាក់ៗ 16លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ បូក​ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 7លាន​ដុល្លារ​ទៀតផង។ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Berkshire លោក Marc Hamburg ក៏ត្រូវ​បាន​ដំឡើង​ប្រាក់បៀវត្ស​ពី 300,000ដុល្លារ/ឆ្នាំ កាលពី​ឆ្នាំ 1996 ដល់ 3.3លាន​ដុល្លារ​កាលពី​ឆ្នាំ2020៕

    ប្រភព៖ Business Insider
    ប្រែ​សម្រួល៖ បុត្រា