Author: សឿន សំណាង

  • ពលរដ្ឋ​ដើមកំណើត​អាស៊ី​ម្នាក់ទៀត ត្រូវគេ​ធ្វើបាប​នៅ​ទីក្រុង New York

    ពលរដ្ឋ​ដើមកំណើត​អាស៊ី​ម្នាក់ទៀត ត្រូវគេ​ធ្វើបាប​នៅ​ទីក្រុង New York

    បុរស​ដើមកំណើត​អាស៊ី​ម្នាក់ ត្រូវ​ជនដៃដល់​ដាល់​ចំ​កណ្ដាល​មុខ នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង New York ក្នុង​គ្រា​ដែល​ស្ថានការណ៍​នៃ​អំពើ​រើសអើង​ពូជសាសន៍​ចំពោះ​ជនជាតិ​អាស៊ី ចេះតែ​កើនឡើង​មិន​ឈប់ឈរ​នៅ​សហរដ្ឋអាមេរិក។

    ប៉ូលិស​បានឱ្យដឹងថា ករណី​វាយប្រហារ​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី 4មេសា នៅពេល​ជនរងគ្រោះ​កំពុង​ដើរ​ក្នុង​ទីប្រជុំជន។ ជនដៃដល់​បានបង្ហាញ​ខ្លួន​នៅ​ខាង​ក្រោយខ្នង រួច​បាន​ប្រើ​កណ្ដាប់ដៃ ដាល់​ទៅលើ​មុខ​របស់​បុរសរងគ្រោះ និង​មិនបាន​និយាយ​អ្វី​ទាំងអស់​មុនពេល​ចាកចេញ។

    ជនដៃដល់​មាន​អាយុ​ប្រហែល 40ឆ្នាំ និង​មាន​កម្ពស់​ប្រហែល 1.8ម៉ែត្រ។ ជនរងគ្រោះ​ត្រូវ​ងងឹតមុខ​បន្ទាប់ពី​ត្រូវគេ​ដាល់​មួយ​ដៃ ប៉ុន្តែ​បាន​បដិសេធ​ការព្យាបាល​នៅនឹងកន្លែង​កើតហេតុ។

    បច្ចុប្បន្ន ប៉ូលិស​មិនទាន់​រកឃើញ​ជនសង្ស័យ​នៅឡើយ។ ក្រុមប៉ូលិស​បង្ក្រាប​អំពើ​រើសអើង​ជាតិ​សាសន៍​នៃ​ទីក្រុង New York កំពុង​ស្រាវជ្រាវ​លើ​ករណី​វាយប្រហារ​នេះ ដើម្បី​បញ្ជាក់ថា តើ​វា​ទាក់ទិន​នឹង​បញ្ហា​រើសអើង​ពូជសាសន៍​ដែរ ឬ​យ៉ាងណា។

    នេះ​គឺជា​ករណី​វាយប្រហារ​ថ្មី​បំផុត​នៅក្នុង​ចំណោម​ការវាយប្រហា​រ​ដោយ​គ្មាន​មូលហេតុ មកលើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​ទីក្រុង New York។ ពលរដ្ឋ​នៅ​ទីក្រុង New York ជាច្រើនរូប​ផ្សេងទៀត បាន​ក្លាយជា​ជនរងគ្រោះ​នៅក្នុង​អំពើ​ទាក់ទិន​នឹង​បញ្ហា​រើសអើង​ពូជសាសន៍​នេះដែរ។

    ថ្មីៗនេះ នៅ​សហរដ្ឋអាមេរិក គេ​ឃើញ​អំពើ​វាយប្រហារ​ដោយសារ​ការប្រកាន់​ពូជសាសន៍ កើនឡើង​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​លទ្ធិ​ស្អប់​ខ្ពើ​ប និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California បានប្រកាស​ទិន្នន័យ​ឱ្យ​ដឹង​ថា ​អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​បាន​កើន 150% ក្នុង​ឆ្នាំ2020៕

    ប្រភព៖ NY Post
    ប្រែ​សម្រួល៖ បុត្រា

  • ជប៉ុន​ពិភាក្សា​អំពី​បញ្ហា​ស្នង​រាជ​របស់​ក្ស​ត្រី ដើម្បី​ធានា​ស្ថិរភាព​រាជបល្ល័ង្ក​នៃ​ប្រទេស​នេះ

    ជប៉ុន​ពិភាក្សា​អំពី​បញ្ហា​ស្នង​រាជ​របស់​ក្ស​ត្រី ដើម្បី​ធានា​ស្ថិរភាព​រាជបល្ល័ង្ក​នៃ​ប្រទេស​នេះ

    ប្រទេស​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​ផ្លូវការ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​នានា​ក្នុង​បំណង​ធានា​លើ​បញ្ហា​ស្នង​រាជបល្ល័ង្ក ក្នុងនោះ​ក៏មាន​ទាំង​ការអនុញ្ញាតឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ​ផងដែរ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​បេក្ខភាព​ស្នង​រាជ​តិចទៅ។

    យោងតាម​សារព័ត៌មាន Kyodo News ដើម្បី​ធានា​នូវ​អនាគត​នៃ​របបរាជានិយម​យូរអង្វែង​ជាងគេ​ក្នុង​ពិភពលោក ក្រុមប្រឹក្សារាជបល្ល័ង្ក​មួយ​ដែលមាន​សមាជិក 6រួប បាន​បើក​កិច្ចពិភាក្សា​ដំបូង​កាលពី​ថ្ងៃទី 23មីនា ក្រោម​ការដឹកនាំ​របស់ Atsushi Seike អតីត​នាយក​សាកលវិទ្យាល័យ Keio។ ក្រុមប្រឹក្សា​នេះ​បាន​សន្យាថា នឹង​បើក​កិច្ចពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន និង​មិន​ប្រញាប់ប្រញាល់ ជា​បន្តបន្ទាប់​នាពេលខាងមុខ។

    ឆ្លើយតប​នឹង​ក្រុម​អ្នកយកព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​ដំបូង លោក Seike ឱ្យដឹងថា៖ «មានការ​យល់ឃើញខុសៗគ្នា​ជាច្រើន ហើយ​យ៉ាងហោចណាស់ យើង​ក៏​អាច​ពិនិត្យមើល​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​វិធីសាស្ត្រនីមួយ»។

    ប៉ុន្តែ ជាក់ស្ដែង​គឺ​មិនមាន​ពេល​ច្រើន​ទៀត​នោះទេ​សម្រាប់​រាជរ​ង្ស នៅពេលដែល​បច្ចុប្បន្ននេះ បេក្ខភាព​ស្នង​រាជ​ផ្លូវការ​ជា​ក្សត្រា​មានតែ3អង្គ​ប៉ុណ្ណោះ រីឯ​ក្ស​ត្រី​ទាំងឡាយ​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​សាមញ្ញ ត្រូវ​បោះបង់​ឋានៈ​ជា​សមាជិក​រាជរ​ង្ស ទៅតាម​គោលការណ៍​ច្បាប់។

    មហាក្សត្រ Naruhito, ព្រះមហេសី Masako និងព្រះរាជបុត្រី Aiko យាងចូលរួមព្រឹត្តិការណ៍ Tokyo’s Chiyoda Ward កាលពីឆ្នាំ2016

    អតីតមន្ត្រី​ជាន់ខ្ពស់​មួយរូប​បាន​ព្រមាន​ថា ការ​ស្នង​រាជ​របស់​រាជវង្ស​ដែលមាន​អាយុកាល​ជាង 2,600ឆ្នាំ​មកនេះ​នៅ​ប្រទេស​ជប៉ុន អាច​ត្រូវ​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ បើសិនជា​រដ្ឋាភិបាល​មិនមាន​អន្តរាគមន៍​ទាន់ពេល។

    បច្ចុប្បន្ន មាន​បេក្ខភាព​ស្នង​រាជ​ស្របច្បាប់​បន្ទាប់ពី​មហាក្សត្រ Naruhito (ព្រះជន្ម 61វស្សា) មាន​ចំនួន​តែ 3អង្គ​គត់ រួមមាន អនុជ (ប្អូនប្រុស) Fumihito (55 វស្សា), រាជនត្តា (ចៅ) Hisahito (ព្រះជន្ម 14វស្សា) និង​បិតុលា (មា) Hitachi (ព្រះជន្ម 85វស្សា)។ ព្រះរាជបុត្រ​តែមួយ​អង្គ​គត់​របស់​មហាក្សត្រ Naruhito និង​មហេសី Masako គឺ​ព្រះ​នាង Aiko ព្រះជន្ម 19វស្សា។

    គោលការណ៍​បេក្ខភាព​ស្នង​រាជ​ត្រូវតែ​ជា​ក្សត្រា ត្រូវបាន​លើកយក​មក​ពិភាក្សា​កាលពី​មុននេះ​រួចមកហើយ ពិសេស​គឺ​នៅពេល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Junichiro Koizumi កាលពី​ឆ្នាំ2005 នៅពេលដែល​ក្រុមប្រឹក្សា​នៃ​អ្នកជំនាញ​មួយ​បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ស្នង​រាជ។ ក៏ប៉ុន្តែ ការពិភាក្សា​ត្រូវបាន​ពន្យារពេល បន្ទាប់ពី​ព្រះអង្គម្ចាស់ Hisahito បាន​ប្រសូត្រ​កាលពី​ខែកញ្ញា2006 ក្នុងនាម​ជា​សមាជិក (សមាជិក​ភេទ​ប្រុស) ដំបូង​របស់​រាជរ​ង្ស ក្នុងអំឡុង41ឆ្នាំ​មកនេះ។

    កាលពី​ខែតុលា2012 រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Yoshihiko Noda បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​សមាជិកា​ក្នុង​រាជវង្ស មាន​សិទ្ធិ​បង្កើត​សាខា​រាជវង្ស​ដោយឡែក សូម្បីតែ​នៅពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​សាមញ្ញ។ ប៉ុន្តែ ប្រធានបទ​នេះ​ក៏ត្រូវ​បំភ្លេចចោល នៅពេល​លោក Shinzo Abe ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។

    ព្រះនាង Aiko (ស្ដាំបង្អស់) ជារាជបុត្រតែមួយអង្គគត់របស់មហាក្សត្រ Naruhito និងមហេសី Masako

    ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​ជប៉ុន គឺ​លោក Yoshihide Suga ក៏​មិនសូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​ខាងលើ និង​មានការ​ប្រុងប្រយ័ត្ន​នៅ​ចំពោះ​ការប្ដូរ​ផ្លាស់​ដែល​អាច​កើតមាន។

    មានការ​លើក​ថា ក្រុមប្រឹក្សារាជបល្ល័ង្ក​ថ្មី​នឹងមិន​សម្រេចចិត្ត​អ្វីមួយ​នៅមុន​ការបោះឆ្នោត​សភា​ជាន់​ទាប​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុងឆ្នាំនេះ។ ប៉ុន្តែ បើទោះជា​ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Suga ក៏ត្រូវ​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​មួយ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​រាជបល្ល័ង្ក​របស់​ប្រទេស​នេះ។

    យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​របស់ Kyodo News ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​រដូវ​ផ្កា​រីក​ឆ្នាំមុន ពលរដ្ឋ​ជប៉ុន​ចំនួន 85% គាំទ្រ​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ និង 79% គាំទ្រ​បេក្ខភាព​ស្នង​រាជ​អាច​ប្រើប្រាស់​ត្រកូល​ខាង​ម្ដាយ៕

    ប្រភព​៖ Kyodo News
    ប្រែសម្រួល​៖ បុត្រា

  • រឿង​ប្រកាន់ពូជសាសន៍​ទៀតហើយ? ហាង​ទំនិញ​របស់​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​អាមេរិក ត្រូវគេ​វាយបំផ្លាញ

    រឿង​ប្រកាន់ពូជសាសន៍​ទៀតហើយ? ហាង​ទំនិញ​របស់​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​អាមេរិក ត្រូវគេ​វាយបំផ្លាញ

    បុរស​ម្នាក់​កាន់​បំពង់​ទីប​ដែក សម្រុកចូល​ហាង​ទំនើប​របស់​ជនជាតិ​អាមេរិកាំង​ដើមកំណើត​កូរ៉េខាងត្បូង​មួយកន្លែង​នៅក្នុង​រដ្ឋ Carolina ខាងជើង ទាំង​កម្រោល និង​បាន​វាយបំផ្លាញ​បណ្ដើរ ជេរ​បណ្ដើរ។

    ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី30 ខែមីនា នៅឯ​ហាង​ទំនើប Plaza Sundries ក្នុង​ទីក្រុង Charlotte។ ជនដៃដល់​បាន​ទាញ​ធ្នើរ​ទំនិញ​ឱ្យ​រលំ មុននឹង​វាយបំផ្លាញ​ទូទឹកកក​ដោយ​បំពង់​ទីប​ដែក។ ភាគី​ខាង​ម្ចាស់​ហាង Plaza Sundries សង្ស័យថា អតិថិជន​ម្នាក់​ដែល​ត្រូវបាន​ហាម​ចូល​ហាង​នេះ ជួល​ជនដៃដល់​ឱ្យមក​វាយបំផ្លាញ។

    Mark Sung ដែលជា​សមាជិក​ម្នាក់រ​បស់​គ្រួសារ​ម្ចាស់​ហាង បាន​និយាយថា «ជននេះ​វាយបំផ្លាញ​បណ្ដើរ ជេរ​ប្រមាថកាតទាន​ដោយ​ពាក្យ​អសុរោះ​ទាក់ទង​នឹង​បញ្ហា​ពូជសាសន៍ ព្រមទាំង​បាន​គំរាមកំហែង​ពួកយើង​ទៀតផង។ ក្រោយមក អតិថិជន​ម្នាក់​ដែល​យើង​បាន​ហាម​មិនឱ្យ​ចូល​ហាង ក៏បាន​បង្ហាញខ្លួន និង​បាន​ស្រែក​លើកទឹកចិត្ត​ដល់​ជនដៃដល់​ថា ‘នេះ​ជា​អ្វីដែល​ពួក​ឯង​ត្រូវ​ទទួល។ ត្រលប់​ទៅ​ប្រទេស​ពួក​ឯង​វិញ​ទៅ’»។

    ការ​វាយបំផ្លាញ​នេះ បាន​បង្ក​ការខាតបង់​ជាង 9,000ដុល្លារ។ ជនសង្ស័យ​ឈ្មោះ Xavier Rashee Woody-Silas​ អាយុ​24​ឆ្នាំ ​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន រួមមាន ប្លន់​ទ្រព្យសម្បត្តិ​ដោយ​អាវុធ គំរាមកំហែង និង​បង្ក​អស្ថិរភាព​សាធារណៈ។

    Mark Sung ឱ្យដឹងថា គ្រួសារ​របស់លោក ធ្លាប់​ក្លាយជា​គោលដៅ​នៃ​ការ​បៀតបៀន​ជាច្រើនលើក​មកហើយ ដោយសារតែ​ជា​ជនជាតិ​អាមេរិក ដើមកំណើត​អាស៊ី។ ការវាយប្រហារ​នេះ​ក៏​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់ Mark Sung មានការ​ភ័យខ្លាច​ផងដែរ។

    Mark Sung បន្តថា៖ «ពួកយើង​ងាយ​រងគ្រោះ​ខ្លាំងណាស់ ព្រោះតែ​យើង​ជា​ជនជាតិភាគតិច។ ខ្ញុំ​តែងតែ​ត្រូវ​ប្រឈម​នឹង​អំពើ​ប្រកាន់ពូជសាសន៍​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះហើយ វា​មិនមែនជា​រឿង​ថ្មី​នោះទេ»។

    ជនសង្ស័យឈ្មោះ Xavier Rashee Woody-Silas អាយុ24ឆ្នាំ

    ទឹកប្រាក់​ចំនួន​ជាង 30,000ដុល្លារ ត្រូវបាន​បរិច្ចាគ​តាមរយៈ​គេហទំព័រ GoFundMe ដើម្បី​ជួយ​ដល់​គ្រួសារ​របស់ Mark Sung។ មនុស្ស​មួយចំនួន​ក៏បាន​សំដែង​ការគាំទ្រ​ផ្ទាល់ ក្នុងនោះ​មានដូចជា ស្ត្រី​ម្នាក់​បាន​នាំយក​កាំភ្លើង​មកឱ្យ​គ្រួសារ​រងគ្រោះ​ដើម្បី​ទុក​ការពារ​ខ្លួន អ្នក​ដឹកជញ្ជូន​ទំនិញ​បាន​ជូន​នំ​ភី​ហ្សា5ឈុត​ដល់​គ្រួសារ​នេះ និង​វេជ្ជបណ្ឌិត​ម្នាក់​បាន​នាំយក​ប្រាក់​មួយចំនួន​មកជួយ​ចេញថ្លៃ​ជួសជុល​ហាង។ល។

    ថ្មីៗនេះ នៅ​សហរដ្ឋអាមេរិក គេ​ឃើញ​អំពើ​វាយប្រហារ​ដោយសារ​ការប្រកាន់​ពូជសាសន៍ កើនឡើង​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​លទ្ធិ​ស្អប់​ខ្ពើ​ប និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California បានប្រកាស​ទិន្នន័យ​ឱ្យដឹងថា អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​បាន​កើន 150% ក្នុង​ឆ្នាំ2020៕

    ប្រភព៖ NY Post
    ប្រែ​សម្រួល៖ បុត្រា

  • នារី​ជា​ប្រធាន​ក្រុម​នាវិក​ដំបូង​របស់​អេ​ហ្ស៊ី​ប ត្រូវគេ​សង្ស័យថា «ជា​អ្នក​ធ្វើឱ្យ​កប៉ាល់ Ever Given ត្រូវ​ជាប់គាំង​លើ​ព្រែក Suez»

    នារី​ជា​ប្រធាន​ក្រុម​នាវិក​ដំបូង​របស់​អេ​ហ្ស៊ី​ប ត្រូវគេ​សង្ស័យថា «ជា​អ្នក​ធ្វើឱ្យ​កប៉ាល់ Ever Given ត្រូវ​ជាប់គាំង​លើ​ព្រែក Suez»

    នាង Marwa Elselehdar ដែលជា​នាវិកនាយិកា​ដំ​បូ​ង​បង្អស់​របស់​ប្រទេស​អេ​ហ្ស៊ី​ប មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​បាន​បង្កឱ្យមាន​ករណី​កប៉ាល់ Ever Given ជាប់គាំង ធ្វើឱ្យ​ស្ទះផ្លូវ​ទឹក​របស់​ព្រែកជីក Suez កាលពីពេលថ្មីៗនេះ។

    Marwa Elselehdar បានឱ្យដឹងថា មានមតិ និង​ខ្លឹមសារ​អត្ថបទ​សារព័ត៌មាន​មួយចំនួន​ដែល​ត្រូវគេ​កែប្រែ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​អេ​ហ្ស៊ី​ប​ចាប់ពី​ថ្ងៃទី23 ខែមីនា ដោយ​យល់ថា នាង​ជាប់​ទាក់ទិន​នឹង​ករណី​កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​បាន​ជាប់គាំង​ទទឹង​ព្រែកជីក Suez។ ប៉ុន្តែ Marwa Elselehdar មិនបាន​ឱ្យដឹង​ច្បាស់​អំពី​ខ្លឹមសារ​នៃ​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះទេ។

    «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់។ ខ្ញុំ​គិតថា ខ្ញុំ​ត្រូវគេ​វាយប្រហារ ដោយសារតែ​ជា​ស្ត្រី​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ ឬថា ខ្ញុំ​គឺជា​ជនជាតិ​អេ​ហ្ស៊ី​ប» នាង Marwa Elselehdar និយាយ​ដូច្នេះ និង​បាន​បន្ថែមថា នាង​កំពុងធ្វើការ​នៅលើ​កប៉ាល់ Aida IV Alexandria ក្នុងពេល​កប៉ាល់ Ever Given ជួប​បញ្ហា។

    នាង Marwa Elselehdar

    Marwa Elselehdar អាយុ29ឆ្នាំ គឺជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់តំណែង​ជា​ប្រធាន​ក្រុម​នាវិក​របស់​ប្រទេស​អេ​ហ្ស៊ី​ប។ នាង​ធ្លាប់​ទទួលរង​ការរិះគន់​ប្រកបដោយ​ការរើសអើង​ភេទ​កាលពី​នៅ​សិក្សា​នៅឯ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ដឹក​ជញ្ជូនជើង​ទឹក​នៅ Alexandria។ នាង Marwa Elselehdar មិនត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ រហូតដល់​មានការ​យល់ព្រម​ពី​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ដែល​ពេលនោះ​គឺ​លោក Hosni Mubarak។

    «សង្គម​អេ​ហ្ស៊ី​ប នៅតែ​មិនទាន់​ទទួលយក​គំនិត​ដែលថា ស្ត្រី​អាចធ្វើ​ការ​នៅលើ​សមុទ្រ និង​ឆ្ងាយ​ពី​ផ្ទះសម្បែង​ក្នុង​រយៈពេល​យូរ។ ប៉ុន្តែ អ្នក​មិនចាំបាច់​សុំច្បាប់​គ្រប់គ្នា​នោះឡើយ នៅពេល​ចង់​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត» Marwa Elselehdar ថ្លែង​បញ្ជាក់។

    នាង​ Marwa Elselehdar កំពុង​ត្រូវ​បាន​កាសែត​នានា​ចាប់​អារម្មណ៍ (រូប​ថត​៖ the Sun)

    Ever Given ដែលជា​កប៉ាល់​ដឹក​កុងតឺន័រ​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ដោយមាន​ទម្ងន់​សរុប​ជាង 200,000 តោន បាន​ជ្រុល​ទៅបុក​ច្រាំង​របស់​ព្រែកជីក Suez និង​ជាប់គាំង​ទទឹង​ផ្លូវទឹក​កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​កំពុងធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​មជ្ឈិមបូព៌ា ធ្វើឱ្យ​កប៉ាល់​ទាំងអស់​ដែល​មកពី​មុខ និង​តាម​ពីក្រោយ ត្រូវ​កកស្ទះ​អស់​រយៈពេល 6ថ្ងៃ។

    ក្រុមមន្ត្រី​អេ​ហ្ស៊ី​ប ក្រោយមក​ក៏បាន​បញ្ជូន​កប៉ាល់​អូស រួម​នឹង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ជួយសង្គ្រោះ។ កិច្ចខិតខំ​របស់​អាជ្ញា​ធរ ទទួលបាន​ជោគជ័យ​កាលពី​ថ្ងៃទី29 ខែមីនា ស្របពេល​ដេ​ល​ទឹកជោរ​បាន​ឡើងដល់​ចំណុចកំពូល។

    កប៉ាល់​ Ever Given

    ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា ទំនិញ​ដែល​បាន​ស្ទះ​នៅក្នុង​ករណី​ខាងលើនេះ មានតម្លៃ​រហូតដល់ 9.6ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់ Allianz បាន​ប្រាប់ថា វិស័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក ទំនងជា​បាន​ខាតបង់​អស់​ចាប់ពី 6-10ពាន់​លាន​ដុល្លារ។

    ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប បានឱ្យដឹងថា ទីក្រុង​គែរ អាច​ស្នើឱ្យ​ម្ចាស់​កប៉ាល់ Ever Given សង​ការខូចខាត និង​តម្រូវឱ្យ​ប្រធាន​ក្រុម​នាវិក​ទទួលខុសត្រូវ​ចំពោះ​ករណី​ជាប់​កប៉ាល់​នេះ។ ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez (SCA) លោក Osama Rabia បានឱ្យដឹងថា ប្រាក់​ចំណាយ​ទៅលើ​ការជួយ​សង្គ្រោះ​កប៉ាល់ Ever Given នេះ កើន​ដល់ 1ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា

  • តើ​ក្រុម «មហាសេដ្ឋី​រថយន្ត​អគ្គិសនី» របស់​ពិភពលោក ជា​អ្នកណាខ្លះ និង​មានទ្រព្យ​ច្រើន​កម្រិតណា?

    តើ​ក្រុម «មហាសេដ្ឋី​រថយន្ត​អគ្គិសនី» របស់​ពិភពលោក ជា​អ្នកណាខ្លះ និង​មានទ្រព្យ​ច្រើន​កម្រិតណា?

    ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ក្រុមហ៊ុន​កាន់តែច្រើនឡើងៗ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី។ ខាងក្រោម​នេះ​គឺជា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​មួយចំនួន​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​បំផុត ហើយ​តួលេខ​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវបាន​យោងទៅតាម​បញ្ជី​ចំណាត់ថ្នាក់ Real Time របស់​ទស្សនាវដ្ដី Forbes។

    ទីមួយ៖ មហាសេដ្ឋី Elon Musk នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla
    ទ្រព្យ៖ 163.8ពាន់​លាន​ដុល្លារ​អាមេរិក

    តម្លៃ​មូល​ប​ត្រ Tesla កើនឡើង​យ៉ាង​លឿន ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ។ យោងតាម​ស្ថិតិ​របស់ Forbes លោក Musk កំពុង​កាន់កាប់​ទ្រព្យ​ដែលមាន​តម្លៃ​សុ​ប 163.8ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 26.6ពាន់​លាន​ដុល្លារ​ដែល​គាត់​មាន​កាលពីដើមឆ្នាំ2020។ បច្ចុប្បន្ន មហាសេដ្ឋី​ដែល​កើត​ឆ្នាំ1971 រូបនេះ គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​មហាសេដ្ឋី Jeff Bezos។ លោក Musk ក៏​ធ្លាប់ជា​អ្នកមាន​ជាងគេ​លំដាប់​លេខ​មួយ​ផងដែរ កាលពីពេលថ្មីៗនេះ។

    ទន្ទឹមនឹង Tesla លោក Musk ក៏​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស SpaceX ទៀតផង។

    ទី​ពីរ៖ មហាសេដ្ឋី Wang Chuanfu ស្ថាបនិក​របស់ BYD
    ទ្រព្យ៖ 14.5ពាន់​លាន​ដុល្លារ​អាមេរិក

    លោក Wang Chuanfu គឺជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីសនី និង​ថ្ម/អាគុយ BYD ជា​ក្រុមហ៊ុន​ដែលមាន​ភាគហ៊ុន​មួយចំនួន​របស់​មហាសេដ្ឋី​អាមេរិកាំង Warren Buffett។

    ឆ្នាំ2009 លោក Wang Chuanfu ធ្លាប់ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​នៅ​ប្រទេស​ចិន បើ​យោងតាម​ស្ថិតិ​របស់ Hurun Report (ក្រុមហ៊ុន​នៅ​សៀង​ហៃ​ដែល​ជំនាញ​ខាង​បោះ​ពុ​ម្ភ​ផ្សាយ​សម្រាប់​ក្រុម​អ្នកមាន) ដោយ​កាលណោះ​លោក​មានទ្រព្យ 5.1ពាន់​លាន​ដុល្លារ និង​ឈរ​លំដាប់​លេខ​រៀង​ទី103 ក្នុង​ពិភពលោក។ បច្ចុប្បន្ន លោក​មានទ្រព្យ​ចំនួន 14.5ពាន់​លាន​ដុល្លារ​អាមេរិក។

    ទីបី​៖ លោក He Xiaopeng ស្ថាបនិក​របស់ Xpeng Motors
    ទ្រព្យ៖ 7.2ពាន់​លាន​ដុល្លារ

    He Xiaopeng គឺជា​ស្ថាបនិក និង​ជា​ប្រធាន​របស់ Xpeng Motors ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​ចាប់ផ្ដើម​ដំបូង​ជាមួយនឹង​ផលិតផល​រថយន្ត​អគ្គិសនី។ មុន Xpeng លោក Xiaopeng ក៏​ធ្លាប់បាន​បង្កើត​កម្មវិធី​រុករក (Browser) UCWEB ដែល​ក្រោយមក​ត្រូវបាន​លក់​ទៅឱ្យ​ក្រុមហ៊ុន Alibaba Group។

    នៅពេល Elon Musk ដែលជា CEO របស់ Tesla បានសម្រេច​ចិត្ត​ចែករំលែក​ប័ណ្ណកម្មសិទ្ធិ​បញ្ហា​របស់​ក្រុមហ៊ុន​ទៅឱ្យ​សាធារណជន​ពិនិត្យមើល​កាលពី​ឆ្នាំ2014 លោក He Xiaopenh បាន​និយាយថា លោក​គឺជា «អ្នកគាំទ្រ​ផ្កាប់មុខ» របស់ Tesla ហើយ Xpeng Motors ត្រូវបាន​បង្កើត​ឡើងទៅ​តាម​ចំណូលចិត្ត​នេះ។ ខែតុលា ឆ្នាំ2017 Xpeng បាន​ឧទ្ទេសនាម​ម៉ូ​ដែល​រថយន្ត G3 ដំបូង​ដែល​ក្រុមហ៊ុន Xpeng Motors បាន​អភិវឌ្ឍ។

    ទីបួន​៖ មហាសេដ្ឋី William Li ស្ថាបនិក​របស់ Nio
    ទ្រព្យ៖ 6ពាន់​លាន​ដុល្លារ

    តែង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «Elon Musk នៅ​ប្រទេស​ចិន» លោក William Li គឺជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Nio Inc ដែលជា​គូប្រជែង​របស់ Tesla នៅលើ​ទីផ្សារ​ប្រទេស​ចិន។ ដោយ​ការស្រលាញ់​ចូលចិត្ត​រថយន្ត​ខ្លាំងពេក ឆ្នាំ2014 លោក William Li សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន Nio ដោយ​ទទួលបាន​ទុនវិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Tencent, Baidu និង Lenovo។

    ឆ្នាំ2016 នៅឯ​ព្រឹ​ត្រិ​ការណ៍​តាំងពិព័រណ៍ Saatchi (អង់គ្លេស) Nio បាន​ឧទ្ទេសនាម​រថយន្ត​កីឡា​ទ្វារ​ពីរ​ដំបូង​ដែលមាន​ឈ្មោះថា EP9 និង​លក់បាន 6គ្រឿង​នៅទីនេះ ជាមួយនឹង​តម្លៃ 3.2លាន​ដុល្លារ/គ្រឿង។ ឆ្នាំ 2017 ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ការបញ្ជាទិញ​ជា​លើកដំបូង។

    ក្រៅពី Nio លោក William Li ក៏​ជា​ស្ថាបនិក​របស់ Bitauto ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្លឹមសារ​សម្រាប់​ផ្សាយ​លើ​គេហទំព័រ និង​សេវាកម្ម​ផ្នែក​ទីផ្សារ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​នៅក្នុង​វិស័យ​រថយន្ត​នៅ​ប្រទេស​ចិន​ផងដែរ។

    ទីប្រាំ៖ លោក Li Xiang ស្ថាបនិក​របស់ Li Auto
    ទ្រព្យ៖ 4.5ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី Li Xiang គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Li Auto ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​នៅឯ​ផ្សារ​ហ៊ុន Nasdaq របស់​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា ឆ្នាំ2020។ ផលិតផល​ល្បីឈ្មោះ​បំផុត​របស់​ក្រុមហ៊ុន​នេះ នោះ​គឺ Li One ដែលជា​រថយន្ត​អគ្គិសនី​ប្រភេទ SUV 6កៅអី។

    រថយន្ត​របស់ Li Xiang ត្រូវបាន​បំពាក់​ទាំង​ម៉ាស៊ីន​ប្រើ​ប្រេងឥន្ធនៈ ទាំង​ម៉ាស៊ីន​ប្រើ​ថាមពល​អគ្គិសនី។

    យោងតាម​របាយការណ៍ ក្រុមហ៊ុន Li Auto លក់​រថយន្ត​បាន​ចំនួន 10,400គ្រឿង គិត​ត្រឹម​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 បន្ទាប់ពី​បានចាប់ផ្ដើម​ផលិត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែវិច្ឆិការ ឆ្នាំ2019។

    ទីប្រាំមួយ​៖ មហាសេដ្ឋី RJ Scaringe ស្ថាបនិក​របស់ Rivian Automotive
    ទ្រព្យ៖ 3.4ពាន់​លាន​ដុល្លារ​អាមេរិក

    RJ Scaringe គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Rivian។ គាត់​មានបំណង​បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត​តាំងតែ​ពី​នៅ​រៀន​មធ្យមសិក្សា។ បន្ទាប់ពី​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ MIT ឆ្នាំ2009 លោក Scaringe ក៏បាន​ត្រលប់មក​ស្រុកកំណើត​នៅឯ Melbourne រដ្ឋ Florida និង​បង្កើត​ក្រុមហ៊ុន​ដំបូង​របស់ខ្លួន មុនពេល​ត្រូវ​ប្ដូរ​ឈ្មោះ​មកជា Rivian។

    ក្រុមហ៊ុន Rivian ទទួលបាន​ទុនវិនិយោគ​ពី Amazon, Ford រួម​នឹង​អ្នកវិនិយោគ​មួយចំនួនទៀត។ គិត​មកដល់​ដើមឆ្នាំ2021 ក្រុមហ៊ុន Rivian ត្រូវបាន​គេ​កំណត់​តម្លៃ​ឡើងដល់ 27.6ពាន់​លាន​ដុល្លារ​អាមេរិក។ Scaringe បាន​ឧទ្ទេសនាម​រថយន្ត​ចំនួន​ពីរ​ម៉ូ​ដែល​ដំបូង​របស់ Rivian នៅក្នុង​ព្រឹត្តិការណ៍ Auto Show កាលពី​ខែវិច្ឆិកា 2018 នោះ​គឺ​ប្រភេទ SUV មួយគ្រឿង និង​ប្រភេទ pickup មួយគ្រឿង ដែល​តាម​គម្រោង​នឹងត្រូវ​ផលិត​នៅ​ពាក់កណ្ដាល​ឆ្នាំ2021នេះ៕

    ប្រភព៖ Forbes, Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    ព្រឹក​ថ្ងៃទី5មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​Covid-19 នៅ​កម្ពុជា បាន​កើន​ឡើងដល់ 21នាក់។

    នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំង 21នាក់​ខាងលើ មាន 11នាក់​ជា​ស្ត្រី និង 10នាក់​ជា​បុរស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន 2,752នាក់ ក្នុងនោះ​មាន 63នាក់​ទើបតែ​បាន​រកឃើញ​ក្នុង​ថ្ងៃទី4មេសា ដែល​ករណី​ថ្មី​ទាំងនេះ​សុទ្ធតែជា​អ្នក​ពាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ កម្ពុជា​នៅមាន​អ្នកជំងឺ 984នាក់​កំពុង​ទទួល​ការព្យាបាល និង 1,747នាក់​បានជា​សះស្បើយ។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 បាន​កើន​ដល់ 131,920,255នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,866,007នាក់, អ្នក​បានជា​ចំនួន 106,202,786នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 22,851,462នាក់។ ក្នុងអំឡុង 24ម៉ោង​កន្លង មាន​អ្នកជំងឺ​ថ្មី​ចំនួន 2,866,007នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 238នាក់​ផងដែរ៕

  • ស្ត្រី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​ចាក់​សម្លាប់​ពេល​កំពុង​ដើរ​លម្ហែកាយ

    ស្ត្រី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​ចាក់​សម្លាប់​ពេល​កំពុង​ដើរ​លម្ហែកាយ

    Ke Chieh Meng ត្រូវបាន​គេ​ចាក់​សម្លាប់​ក្នុងពេល​កំពុង​នាំ​ឆ្កែ​ដើរ​លម្ហែកាយ​ក្នុង​ក្រុង​មួយ​នៃ​រដ្ឋ California ហើយ​សមត្ថកិច្ច​បាន​ហៅ​អំពើ​នេះ​ថា​ជា «ការវាយប្រហារ​បែប​ចៃដន្យ»។

    Ke Chieh Meng អាយុ 64ឆ្នាំ ត្រូវបាន​ជនដៃដល់​ចាក់​នឹង​កាំបិត​ជា​បន្តបន្ទាប់ នៅក្នុង​ទីក្រុង Riverside នៃ​រដ្ឋ California កាលពី​ព្រឹក​ថ្ងៃទី3មេសា​កន្លង។ ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រទះឃើញ​ដេក​សន្លប់​នៅលើ​ដី ដោយមាន​របួស​យ៉ាងធ្ងន់ធ្ងរ។ ស្ត្រី​ដើមកំណើត​អាស៊ី​រូបនេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេល។

    ប៉ូលិស Riverside ក្រោយមក បានទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា «មាន​ស្ត្រី​វ័យក្មេង​ម្នាក់ គួរឱ្យ​សង្ស័យ» បង្ហាញខ្លួន​នៅក្នុង​តំបន់។ ភ្លាមនោះ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​ដែលមាន​ឈ្មោះថា Darlene Stephanie Montoya អាយុ 23ឆ្នាំ នៅ Los Angeles។

    ស្ត្រី​ដែល​ជា​ជន​ជាប់​សង្ស័យ ឈ្មោះ Darlene Stephanie Montoya

    Ryan Railsback អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង Riverside បាន​ហៅ​ករណីនេះ​ថា​ជា​អំពើ​វាយប្រហារ «ដោយ​ចៃដន្យ» និង​បាន​បញ្ជាក់ថា មិនទាន់មាន​ភ័ស្តុតាង​ណាមួយ​បង្ហាញថា កើតឡើង​ដោយសារ​ការ​រើ​ង​អើ​ង​ពូជសាសន៍​​នៅ​ឡើយ។

    ការស្លាប់​របស់​អ្នកស្រី Meng បាន​កើតឡើង​នៅក្នុង​គ្រា​ដែល​ករណី​វាយប្រហារ​មកលើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កំពុង​កើន​ឡើងជា​បន្តបន្ទាប់។ ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ California អំពី​លទ្ធិ​ស្អប់ខ្ពើម និង​ជ្រុលនិយម បាន​បង្ហាញថា អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កើន 150% ក្នុង​ឆ្នាំ 2020។

    ក្រុម​សកម្មជន​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ បានឱ្យដឹងថា អាណាព្យាបាល និង​ម្ចាស់​អាជីវកម្ម​ដែលជា​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើតឡើង​ដល់កូនៗរបស់​ពួកគេ ពិសេស​គឺ​នៅពេល​ចេ​ញ្ដើ​រ​នៅ​ខាងក្រៅ៕

    ប្រភព​៖ NY Post, CNN
    ប្រែសម្រួល​៖ បុត្រា

  • Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    យោងតាម​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23និង59នាទី​ថ្ងៃទី 4មេសា បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ចំនួន 19,281ករណី ខណៈដែល​តួលេខ​អ្នកស្លាប់​សរុប​របស់​តំបន់​នេះ​កើន​ដល់ 59,770នាក់។

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅ​នៃ​ថ្ងៃទី4មេសា ASEAN មាន​សមាជិក​ចំនួន3 ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 រួមមាន ហ្វីលីពីន, ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ខណៈដែល​ប្រទេស​ចំនួន 8 បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ខណៈដែល ឡាវ និង​ប្រ៊ុយណេ មិនមាន​ករណី​វិជ្ជមាន ឬ​ស្លាប់ រីឯ​ប្រទេស​ភូមា មិនមាន​របាយការណ៍។

    ជារួម មកដល់​បច្ចុប្បន្ន Covid-19 បានសម្លាប់​មនុស្ស​ជាង 59,770នាក់ នៅក្នុង​តំបន់ ASEAN កើន 431​នាក់ បើ​ធៀប​នឹង​មួយ​ថ្ងៃមុន។ ចំណែក តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ កើនឡើង​ដល់ 2,980,426​នាក់ ខណៈ​អ្នកជំងឺ​បានជា​សះស្បើយ​មាន​ចំនួន 2,621,508នាក់។

    ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​បង្អស់​ក្នុង​តំបន់ ASEAN ដោយមាន​អ្នកជំងឺ​សរុប 1,534,255​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 6,731នាក់, អ្នកស្លាប់​សរុប​កើន​ដល់ 41,669នាក់ ខ្ពស់ជាង​ម្សិលមិញ 427​នាក់។

    ហ្វីលីពីន៖ តួលេខ​អ្នក​វិជ្ជមាន​សរុប​នៃ​ប្រទេស​នេះ​កើន​ដល់ 795,051នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 11,028​នាក់, អ្នកស្លាប់​សរុប កើន​ដល់ 13,425នាក់ និង​កំពុង​ព្យាបាល 135,526នាក់។

    ម៉ាឡេស៊ី៖ អ្នកជំងឺ​សរុប 350,959នាក់, ស្លាប់ 1,288នាក់, ជាសះស្បើយ 335,162នាក់ និង​កំពុង​ព្យាបាល 14,509​នាក់។

    មី​យ៉ាន​ម៉ា៖ អ្នកជំងឺ​សរុប 142,497នាក់, ស្លប់ 3,206នាក់, កំពុង​ព្យាបាល 7,478នាក់។

    សិង្ហ​បុរី៖ អ្នកជំងឺ​សរុប 60,478នាក់, ស្លាប់ 30នាក់, កំពុង​ព្យាបាល 246នាក់។

    ប្រទេស​ថៃ៖ អ្នក​ឆ្លង​សរុប 29,127នាក់, អ្នកជំងឺ​ថ្មី 96នាក់, កំពុង​ព្យាបាល 1,258នាក់ និង​អ្នកស្លាប់​សរុប 95នាក់។

    កម្ពុជា កាលពី​ថ្ងៃទី4មេសា បានប្រកាសថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​ន 44នាក់ (ថ្ងៃទី3មេសា) នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន កើន​ដល់ 2.689នាក់ ក្នុងនោះ​មាន​អ្នកស្លាប់20នាក់ និង 1,017នាក់​កំពុង​ព្យាបាល។

    វៀតណាម៖ អ្នកជំងឺ​សរុប 2,631នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 213នាក់​កំពុង​ព្យាបាល។

    ប្រ៊ុយណេ៖ អ្នកជំងឺ​សរុប 214នាក់, ស្លាប់ 3នាក់, ជាសះស្បើយ 197នាក់ និង​កំពុង​ព្យាបាល 14នាក់។

    ឡាវ៖ អ្នកជំងឺ​សរុប 49នាក់, កំពុង​ព្យាបាល 3នាក់ និង​ជាសះស្បើយ 46នាក់។

    ប្រភព៖ Worldometers
    ដក​ស្រង់​និង​ប្រែសម្រួល​៖ បុត្រា

  • ផ្អាក​ដំណើរការ​ផ្សារ​អូរឫស្សី​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​Covid-19

    ផ្អាក​ដំណើរការ​ផ្សារ​អូរឫស្សី​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​Covid-19

    រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី3 ខែមេសា ឆ្នាំ2021នេះ បានសម្រេច​ផ្អាក​ការចេញចូល​ផ្សារ​អូរឫស្សី ជា​បណ្តោះអាសន្ន​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​វីរុស​Covid-19 ក្រោយ​អាជីវករ និង​សន្តិសុខ​មួយចំនួន​របស់​ផ្សារ​នេះ បាន​ឆ្លង​វីរុស។

    ការឆ្លង​វីរុស​នៅក្នុង​ផ្សារ​ខាងលើនេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​អធិប្បាយ​ថា បានកើត​ឡើងជា​បន្តបន្ទាប់ នៅ​ទីតាំងផ្សេងៗគ្នា និង​នៅតាម​តូច​ជាច្រើន គួរឱ្យ​ព្រួយបារម្ភ។

    ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​សេចក្ដីជូនដំណឹង​ដូចខាងក្រោម៖

    ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ
    ដកស្រង់​៖ បុត្រា

  • (វីដេអូ)-វះកាត់​បេះដូង​ក្នុងពេល​មន្ទីរពេទ្យ​កំពុង​ឆាបឆេះ ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី នៅតែ​ទទួលបាន​ជោគជ័យ

    (វីដេអូ)-វះកាត់​បេះដូង​ក្នុងពេល​មន្ទីរពេទ្យ​កំពុង​ឆាបឆេះ ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី នៅតែ​ទទួលបាន​ជោគជ័យ

    ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង Blagoveshchecnsk នៃ​ប្រទេស​រុស្ស៊ី បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ព្យាបាល​បេះដូង​របស់​អ្នកជំងឺ​ម្នាក់ បើទោះជា​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្រៅ​បន្ទប់។

    អង្គភាព​គ្រប់គ្រង​ស្ថាន​ករ​ណ៍​បន្ទាន់​ក្នុង​តំបន់​បានឱ្យដឹងថា មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Blagoveshchensk ខេត្ត Amur នៃ​ប្រទេស​រុស្ស៊ី បាន​ជួបនឹង​គ្រោះ​អគ្គិភ័យ​កាលពី​ថ្ងៃទី 2មីនា បណ្ដាលឱ្យ​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ 60នាក់ ត្រូវ​ជម្លៀស​ខ្លួនភ្លាម។

    ក៏ប៉ុន្តែ ក្នុង​គ្រា​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រឹងប្រែង​គ្រប់គ្រង​អណ្ដាតភ្លើង​នៅ​ខាងក្រៅ ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​គ្នា 8នាក់ នៅតែ​បន្ត​ការវះកាត់​ព្យាបាល​បេះដូង​នៅ​ខាងក្នុង។ «យើង​ត្រូវ​សង្គ្រោះ​អ្នកជំងឺ​នេះ ហើយ​យើង​បានធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន» Valentin Filatov ប្រធាន​ផ្នែក​វះកាត់​បេះដូង​ប្រចាំ​មន្ទីរពេទ្យ បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី។

    អង្គភាព​ទទួលបន្ទុក​ស្ថានការណ៍​បន្ទាន់​នៅ​ខេត្ត Amur ឱ្យដឹងថា ក្នុងពេល​កម្លាំង​ពន្លត់​អគ្គិភ័យ​កំពុង​រារាំង​មិនឱ្យ​ផ្សែង​ចូល​ទៅដល់​បន្ទប់វះកាត់ បន្ទុប​នេះ​ក៏​ទទួលបាន​ចរន្តអគ្គិសនី​ដោយឡែក​នៅក្នុង​អំឡុង​ភ្លើង​កំពុង​ឆាប់ឆេះ។ បន្ទាប់ពី​បាន​វះកាត់​រួចរាល់ អ្នកជំងឺ​ពិសេស​នេះ​ក៏​ត្រូវបាន​ជម្លៀស​ទៅកាន់​មន្ទីរពេទ្យ​ផ្សេង​មួយទៀត។

    បុគ្គលិក​សុខាភិបាល​ម្នាក់​ឈ្មោះ Antonina Smolina ឱ្យដឹងថា ក្រុម​វេជ្ជបណ្ឌិត​ដែល​បាន​ចូលរួម​ការវះកាត់​នេះ «មិនបាន​តក់ស្លុត​នោះទេ» នៅពេល​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ។ អគ្គិភ័យ​ដែល​ត្រូវបាន​គេ​ជឿថា កើតចេញពី​បញ្ហា​ទុសេ​ខ្សែភ្លើង​នេះ ក៏​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង និង​មិនបាន​បង្កឱ្យមាន​អ្នកស្លាប់ ឬ​រងរបួស​នោះដែរ។

    អាជ្ញាធរ​រុស្ស៊ី​បាន​សន្យាថា នឹង​ផ្ដល់​រង្វាន់​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​បាន​ប្រឹងប្រែង​ដោយ​ភាពក្លាហាន​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ដោយ​ជោគជ័យ៕

    ប្រភព៖ AFP, Reuters
    ប្រែ​សម្រួល៖ បុត្រា