Author: សឿន សំណាង

  • ជប៉ុន ស៊ូ​កូ​វីដ​លែង​បាន ត្រៀម​ប្រកាស​ស្ថានការណ៍​អាសន្ន​លើក​ទី3 “ខ្លាំង” ជាង​មុន

    ជប៉ុន ស៊ូ​កូ​វីដ​លែង​បាន ត្រៀម​ប្រកាស​ស្ថានការណ៍​អាសន្ន​លើក​ទី3 “ខ្លាំង” ជាង​មុន

    អភិបាលក្រុង​តូ​ក្យូ និង​ខេត្ត​អូ​សា​កា នឹង​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ពិចារណា​ពី​ការប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-19 ជុំ​ទី3 ដោយ​វិធាន​ការដែល​តឹងរ៉ឹង ម៉ឺងម៉ាត់​ខ្លាំង​បំផុត គឺ​បិទ​ភោជនីយដ្ឋាន ហាង​លក់ទំនិញ និង​កន្លែង​កម្សាន្ត​ទាំងអស់។

    លោក ហ៊ី​រ៉ូ​ហ្វ៊ូ​មិ យ៉ូ​ស៊ី​មូរ៉ា​ក់ អភិបាលខេត្ត​អូ​សា​កា បាន​ថ្លែងថា លោក​នឹង​សំណូមពរ សុំឱ្យ​រដ្ឋបាល​ជប៉ុន​ប្រកាស​ស្ថានការណ៍​អាសន្ន នៅក្នុង​ខេត្ត​អូ​សា​កា ក្រោយពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅក្នុង​ខេត្ត​មួយ​នេះ​កាលពី​សប្ដាហ៍​កន្លងទៅ មាន​ច្រើនជាង 1,000នាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា 6ថ្ងៃ ចំណែក​កាលពី​ថ្ងៃ​ចន្ទ ទី19 មេសា ដែលជា​ធម្មតា នឹងមាន​លទ្ធផល​ត្រួតពិនិត្យ​តិចតួច ក្រោយពី​ការឈប់​សម្រាក​ចុង​សប្ដាហ៍​នោះ ក៏​នៅតែមាន​អ្នក​ឆ្លង​មេរោគ​ច្រើន​ដល់​ទៅ 719នាក់​ដែរ ដែល​នេះ ជា​តួលេខ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ របស់​ខេត្ត​អូ​សា​កា សម្រាប់​ថ្ងៃ​ចន្ទ។

    ប្រព័ន្ធ​ការព្យាបាល នៅក្នុង​ខេត្ត​អូ​សា​កា កំពុងតែ​រងបន្ទុក​យ៉ាងធ្ងន់ធ្ងរ​បំផុត គ្រែ​អ្នកជំងឺ​កំពុងតែ​ជិត​ពេញ​អស់  រហូតដល់​ត្រូវសុំ​ខាង​ខេត្ត ស៊ី​ង៉ៈ ដែល​ស្ថិតនៅ​ជិតគ្នា​នោះ ឱ្យជួយ​ទទួល​អ្នកជំងឺ បញ្ជូន​ក្រុមគ្រូពេទ្យ​មកជួយ និង​ផ្ដល់​ការគាំទ្រផ្សេងៗទៀតផង។

    Caption ស្ដូប ស៊ឹ​ថេ​ន​កា​គុ ក្នុង​ទីក្រុង​អូ​សា​កា បើកភ្លើង​ពណ៌​ក្រហម ដើម្បី​បង្ហាញ​ពី​សញ្ញាវិបត្តិ​កូ​វីដ​ធ្ងន់ធ្ងរ

    ខេត្ត​ជុំវិញ​អូ​សា​កា គឺ ក្យូ​តូ, ណា​រ៉ា និង​ទីក្រុង​កូ​បេ ក៏មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​កើនឡើង​ច្រើន​ដូចគ្នា ដោយសារ​តែមាន​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅ-មកជា​ប្រចាំ។

    ចំណែក​ខាង​ទីក្រុង​តូ​ក្យូ​វិញ លោកស្រី យូ​រី​កូ ខូ​អ៊ី​កេះ អភិបាលក្រុង ក៏បាន​ប្រាប់​ដែរ​ថា លោកស្រី​នឹង​អំពាវនាវ​ឱ្យ​រដ្ឋបាល​ជប៉ុន ប្រកាស​ស្ថានការណ៍​អាសន្ន ជាថ្មី​ម្ដងទៀត។ ក្រុង​តូ​ក្យូ បាន​អះអាង​ពី​អ្នក​ឆ្លង​មេរោគ​ថ្មី​ចំនួន 405នាក់​កាលពី​ថ្ងៃ​ចន្ទ ទី19 មេសា កើនឡើង​ពី​សប្ដាហ៍​មុន 99នាក់ និង​ជា​លើកដំបូង​ក្នុង​ជុំ 3ខែ​ហើយ ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ក្នុង​ថ្ងៃ​ចន្ទ ឡើង​ខ្ពស់ជាង 400នាក់។

    អភិបាលក្រុង​តូ​ក្យូ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ដែល​មនុស្ស​វ័យ​កំលោះ​ក្រមុំ​ចំនួន​ដ៏​ច្រើន នៅតែ​ចេញទៅ​ក្នុង​ទីតាំង​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន ហើយ 42ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​ទីក្រុង​តូ​ក្យូ គឺជា​មនុស្ស​ក្នុងអំឡុង​អាយុ 20-29ឆ្នាំ និង 30-39ឆ្នាំ។

    ត្រៀម​ប្រើ “ធម៌​ក្ដៅ” បញ្ជា​ឱ្យ​បិទ​ហាង មិនមែន​គ្រាន់តែ​កាត់បន្ថយ​ពេល​លក់ដូរ​នោះទេ

    រដ្ឋបាលខេត្ត​អូ​សា​កា នឹង​ជួបប្រជុំគ្នា ដើម្បី​ដាក់​សំណូមពរ​ទៅ​រដ្ឋាភិបាល សុំឱ្យ​ប្រកាស​ស្ថានការណ៍​អាសន្ន នៅថ្ងៃនេះ(ទី20មេសា) ចំណែក​ទីក្រុង​តូ​ក្យូ នឹង​សរុប​រឿងនេះ នៅ​ថ្ងៃទី22 ខែមេសា។

    ទាំង ២ខេត្ត នឹង​ស្នើសុំ​ឱ្យប្រើ​វិធាន​ការដែល​តឹងរ៉ឹង​ម៉ឺងម៉ាត់​ជាង​មុន សម្រាប់​ការប្រកាស​ស្ថានការណ៍​អាសន្ន​លើក​នេះ គឺ ឱ្យ​ភោជនីយដ្ឋាន ហាង​លក់ទំនិញ កន្លែង​កម្សាន្ត បិទ​ដំណើរការ​ទាំងស្រុង។ វិធាន​ការលើក​នេះ នឹង​ខុសប្លែក​ពី​ស្ថានការណ៍​អាសន្ន​គ្រាមុនៗ និង​ជា “វិធានការ​គ្រប់គ្រង​ពិសេស។

    ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 នៅក្នុង​ប្រទេស​ជប៉ុន ក្នុងខណៈ​ពេលនេះ កើនឡើង​ច្រើន​ជា​ប្រវត្តិសាស្ត្រ ខ្លាំង​ជាងពេលណាៗទាំងអស់ អ្នក​ឆ្លង​មេរោគ​ទូទាំងប្រទេស កើនឡើង 1ថ្ងៃ​ជាង 3,000នាក់ និង​ចំនួន​អ្នកស្លាប់​ដែល​ធ្លាប់តែ​បន្តិចបន្តួច​នោះ ខណៈ​នេះ​កើនឡើង​ដល់ 1ថ្ងៃ​ប្រមាណ 30នាក់ និង​ដែល​សំខាន់​នោះ​គឺ អ្នក​ឆ្លង​មេរោគ ភាគច្រើន គឺ​វីរុស​កូ​វីដ​ក្លាយ​ពូជ​បែប​អង់គ្លេស ដែល​អាច​ចម្លង​សាយភាយ ងាយ​ជាង​មុន​ប្រមាណ​ជា 1.7ដង(ឆ្លង​លឿន​ជាង​មុន ជិត ២ដង)។

    បើ​រដ្ឋបាល​ជប៉ុន សម្រេចចិត្ត​ប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-19នោះ លើក​នេះ​គឺជា​លើក​ទី3 ហើយ ដោយ​លើកដំបូង​បាន​កើតឡើង​ក្នុងអំឡុង​ខែមេសា-ឧសភា ឆ្នាំទៅ ចំណែក​លើក​ទី២ ធ្វើឡើង​ក្នុងអំឡុង​ខែមករា-កុម្ភៈ ឆ្នាំ​នេះឯង៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • អ្នកស្លាប់​ដោយសារ​វីរុស​​Covid-19 នៅ​កម្ពុជា កើន​ដល់49នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​សរុប​ជាង 3,043,000នាក់

    អ្នកស្លាប់​ដោយសារ​វីរុស​​Covid-19 នៅ​កម្ពុជា កើន​ដល់49នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​សរុប​ជាង 3,043,000នាក់

    នា​ព្រឹក​ថ្ងៃទី20មេសា​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា អ្នកស្លាប់​ថ្មី (ក្នុង​ថ្ងៃទី19មេសា) ដោយសារ​វីរុស​Covid-19 មាន​ចំនួន 4នាក់ ដែលនាំឱ្យ​អ្នកស្លាប់​សរុប​ដោយសារ​វីរុស​នេះ​នៅ​កម្ពុជា កើន​ដល់49នាក់។

    អ្នកស្លាប់​ខាងលើ សុទ្ធតែជា​ជនជាតិខ្មែរ ដែល​រួមមាន បុរស​ជនជាតិខ្មែរ អាយុ 65ឆ្នាំ, បុរស​ជនជាតិខ្មែរ អាយុ 72ឆ្នាំ, ស្ត្រីជន​ជាតិខ្មែរ អាយុ 48ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ អាយុ 40ឆ្នាំ។ ក្នុងនោះដែរ មាន​ពីរ​ករណី ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត (ពេទ្យរុស្ស៊ី នៅ​ទីក្រុង​ភ្នំពេញ), មួយ​ករណី ស្លាប់​នៅឯ​មជ្ឈមណ្ឌល​សុខភាព​ចាក់អង្រែ (ភ្នំពេញ) និង​មួយ​ករណី​ទៀត ស្លាប់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។

    នៅ​ទូទាំង​ពិភពលោក​វិញ បច្ចុប្បន្ន​មាន​អ្នកស្លាប់​ជាង 3,043,210នាក់, ជាសះស្បើយ​ជាង121,222,470នាក់ ខណៈ 18,441,228នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នកជំងឺ Covid-19 សរុប​ជាង 142,706,910នាក់ ដែល​ពិភពលោក​បាន​រកឃើញ៕

    ប្រភព​៖ ក្រសួង​សុខាភិបាល, Worldometers
    ដកស្រង់​៖ បុត្រា

  • អាមេរិកបញ្ចេញវីដេអូដ៏រន្ធត់ បង្ហាញពីកុមារអាយុ2ឆ្នាំ ត្រូវបានទាញចូលម៉ាស៊ីនរត់ហាត់ប្រាណ ​និង​ណែនាំ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​នេះ ប៉ុន្តែក្រុមហ៊ុនបានច្រានចោល

    អាមេរិកបញ្ចេញវីដេអូដ៏រន្ធត់ បង្ហាញពីកុមារអាយុ2ឆ្នាំ ត្រូវបានទាញចូលម៉ាស៊ីនរត់ហាត់ប្រាណ ​និង​ណែនាំ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​នេះ ប៉ុន្តែក្រុមហ៊ុនបានច្រានចោល

    ស្ថាប័ន​គ្រប់គ្រង​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក (CPSC) បាន​ព្រមាន និង​ណែនាំ​ឱ្យ​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ សម្រាប់​គ្រួសារ​ណា​ដែលមាន​កូនតូច បន្ទាប់ពី​មាន​ករណី​កុមារា​អាយុ 2ឆ្នាំ​ម្នាក់ ត្រូវបាន​ម៉ាស៊ីន​នេះ​ទាញ​ចូលទៅ​ខាងក្រោម។

    CPSC បាន​បញ្ចេញ​វីដេអូ​មួយ​ដ៏​គួរឱ្យ​រន្ធត់ បង្ហាញ​អំពី​ករណី​កុមារា​ម្នាក់​ដែលមាន​អាយុ2ឆ្នាំ ត្រូវបាន​អូស​ចូល​ក្រោម​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន Peloton។ ក្នុងពេល​កំពុង​លេង គ្រាប់​បាល់​ក៏បាន​ជាប់​នៅក្រោម​ឧបករណ៍​រត់​ហាត់ប្រាណ។ កុមារ​នេះ​ក៏បាន​ឱប​បាល់ ហើយក៏​ត្រូវ​ទាញ​ចូលទៅ​ជាប់​នឹង​ម៉ាស៊ីន។

    សំណាងល្អ កុមារ​រូបនេះ​បាន​រួច​ផុតពី​ការ​ទាញ​របស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ​ដែលមាន​តម្លៃ​ជាង 4,000ដុល្លារ​អាមេរិក ដោយ​មិនមាន​របួស​ធ្ងន់ធ្ងរ។

    ស្ថាប័ន​គ្រប់គ្រង​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក (CPSC) បាន​ព្រមាន និង​ណែនាំ​ឱ្យ​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ សម្រាប់​គ្រួសារ​ណា​ដែលមាន​កូនតូច និង​សត្វ​ចិញ្ចឹម ដើម្បី​ចៀសវាង​បញ្ហា​សុវត្ថិភាព​ដូច្នេះ​គ្នា​នេះ​កើតឡើង។ CPSC កន្លងមក ក៏បាន​ទទួល​របាយការណ៍​ចំនួន 39ករណី ទាក់ទង​នឹង​បញ្ហា​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន Peloton ក្នុងនោះ​មាន​ករណី​ស្លាប់​កុមារ​ម្នាក់​ផងដែរ។

    CPSC «ជឿថា Peloton អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ក្មេងតូចៗ ដូចជា​បង្ក​របួសស្នាម បាក់ឆ្អឹង និង​ស្លាប់»។ ក៏ប៉ុន្តែ Peloton បាន​ច្រានចោល​ការព្រមាន​របស់ CPSC និង​បាន​និយាយថា ការចោទប្រកាន់​នោះ «មិនមាន​ភា​ម​ត្រឹមត្រូវ និង​បង្ក​ការយល់ច្រឡំ»។

    ក្រុមហ៊ុន Peloton បញ្ជាក់ថា៖ «មិនមាន​មូលហេតុ​ណាមួយ​ដើម្បី​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន បើសិនជា​អតិថិជន ធ្វើតាម​ការណែនាំ​ផ្នែក​សុវត្ថិភាព។ ក្មេង​អាយុ​ក្រោម16ឆ្នាំ មិនត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ និង​មិន​ត្រូវឱ្យ​ក្មេង​តូច ឬ​សត្វ​ចិញ្ចឹម លេង​ក្បែរ​ម៉ាស៊ីន»៕

    ប្រភព៖ CNET, CPSC
    ប្រែសម្រួល​៖ បុត្រា

  • សង្កាត់​ចំនួន​បី​របស់​ខណ្ឌមានជ័យ ត្រូវបាន​កំណត់​ជា «តំបន់​ក្រហម» ដោយសារ Covid-19 រាតត្បាត​ធ្ងន់ធ្ងរ

    សង្កាត់​ចំនួន​បី​របស់​ខណ្ឌមានជ័យ ត្រូវបាន​កំណត់​ជា «តំបន់​ក្រហម» ដោយសារ Covid-19 រាតត្បាត​ធ្ងន់ធ្ងរ

    រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់ «តំបន់​ក្រហម» ទៅលើ​សង្កាត់​ស្ទឹងមានជ័យ​ទី1 សង្កាត់​ស្ទឹងមានជ័យ​ទី2 និង​សង្កាត់​ស្ទឹងមានជ័យ​ទី3 របស់​ខណ្ឌមានជ័យ​នៃ​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​រកឃើញថា តំបន់​ទាំងនេះ បាន និង​កំពុង​រង​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ពី​វីរុស​បង្ករ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (Covid-19)។

    នៅក្នុង​សេចក្ដីសម្រេច​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បុគ្គល​ដែល​ស្ថិតនៅក្នុង​តំបន់​ក្រហម​នេះ ត្រូវបាន​ស្នើឱ្យ​អនុវត្តតាម​វិធានការ​រឹតបន្តឹង​មួយចំនួន មានដូចជា «មិនត្រូវ​ចាកចេញ​ពី​ទីលំនៅ លើកលែង​តែមាន​កិច្ចការ​ចាំបាច់​បន្ទាន់​ពាក់ព័ន្ធ​នឹង​សុខភាព»។ «ផ្សារ និង​កន្លែង​លក់ដូរ រួម​នឹង​របរ​រកស៊ី​ទាំងអស់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន លើកលែងតែ​កិច្ចការ​សំខាន់​ចាំបាច់​មួយចំនួន»។ ចំណែក «ការធ្វើដំណើរ​ចេញ-ចូល និង​ឆ្លងកាត់​តំបន់​ក្រហម​នេះ ក៏​ត្រូវបាន​ហាមឃាត់​ទាំងស្រុង លើកលែងតែ​កិច្ចការ​សំខាន់​ចាំបាច់​មួយចំនួន»។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៖

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំ​ពេញ
    ដកស្រង់​៖ បុត្រា

  • ក្រសួង​អប់រំ ជូនដំណឹង​ស្ដីអំពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ សម្រាប់​បុគ្គលិក​អប់រំ ក្នុងពេល​បិទ​ខ្ទប់​ដោយសារ​Covid-19

    ក្រសួង​អប់រំ ជូនដំណឹង​ស្ដីអំពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ សម្រាប់​បុគ្គលិក​អប់រំ ក្នុងពេល​បិទ​ខ្ទប់​ដោយសារ​Covid-19

    ដើម្បី​ចូលរួម​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ក្នុង​បំណង​បង្ការ​វីរុស Covid-19 នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​ថ្មី​មួយ ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ សម្រាប់​បុគ្គលិក​អប់រំ និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​ក្របខណ្ឌ​ក្រសួង​នេះ។

    ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដូ​ស​ទី​ពីរ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី20មេសា ដល់​ថ្ងៃទី25មេសា ឆ្នាំ2021 នៅតាម​ទីតាំង​ដែល​ក្រសួង​អប់រំ​បានកំណត់។ ព័ត៌មាន​លម្អិត សូម​ពិនិត្យមើល​តារាង​កាលបរិច្ឆេទ និង​ទីតាំង​ខាងក្រោម៖
    ប្រភព៖ ក្រសួង​អប់រំ
    ដកស្រង់​៖ បុត្រា

  • ផ្សា​របឹង​កេងកង ស្នើឱ្យ​អាជីវករ​គ្រប់​តូប ដាក់​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់មុខ

    ផ្សា​របឹង​កេងកង ស្នើឱ្យ​អាជីវករ​គ្រប់​តូប ដាក់​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់មុខ

    «អាជីវករ​ក្នុង​ផ្សា​របឹង​កេងកង នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ស្នើឱ្យ​ដាក់​ស្លាក​តម្លៃ​លើ​មុខទំនិញ​របស់ខ្លួន ចៀសវាង​ជន​ឆ្លៀតឱកាស​កេង​យក​ផលចំណេញ» នេះ​បើតាម​សម្ដី​របស់​ប្រធាន​ផ្សារ។

    លោក ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះ បានឱ្យដឹងថា តម្លៃ​ទំនិញ​ទាំងអស់ តម្រូវឱ្យ​បងប្អូន​អាជីវករ​គ្រប់​តូប និង​ស្តង់ ដាក់​ស្លាក​តម្លៃ​របស់ខ្លួន ក្នុង​បំណង​ចៀសវាង​ជន​ឆ្លៀតឱកាស អាច​កេង​យកចំណេញ​លើ​តម្លៃ​ទំនិញ​នៅក្នុង​ផ្សារ​នេះ។

    ជាង​នេះ គណៈកម្មការ​ផ្សារ​ខាងលើ ក៏បាន​ដាក់​កម្លាំង​សន្តិសុខ​នៅតាម​ច្រកទ្វារ​ចេញចូល​ផ្សារ ដើម្បី​សាកសួរ ឬ​ត្រួតពិនិត្យ​លើ​តម្លៃ​ទំនិញ ដែល​អតិថិជន​បានមក​ទិញ​ពី​ក្នុង​ផ្សារ​ផងដែរ។

    ទាក់ទង​នឹង​បញ្ហា Covid-19 ក្រុម​អ្នកគ្រប់គ្រង​ផ្សារ​ក៏​រឹតបន្តឹង​លើ​កិច្ចការ​បង្ការ​វីរុស​នេះ ក្នុងនោះ​មានដូចជា ការកំណត់​ឱ្យ​ពាក់​ម៉ាស​ការពារ ការ​ស្គែ​ន​កំដៅ ការបាញ់ទឹក​អាល់កុល និង​ការ​ស្គែ​ន QR code នៅតាម​ច្រកចេញចូល​ដើម្បី​តាមដាន​ដំណើរ​របស់​អតិថិជន។ សម្រាប់​ការទិញ​ទំនិញ​វិញ តូប​មួយ​អាច​ទទួល​អតិថិជន​ម្ដង​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ លើសពីនេះ​គឺ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា។ ចំណែក​បរិវេណ​ផ្សារ​នេះ​ក៏​នឹង​ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​រៀងរាល់​ល្ងាច បន្ទាប់ពី​អាជីវករ​បាន​ចាកចេញ​ទៅផ្ទះ៕

    ប្រភព៖ វិទ្យា​ជាតិ​កម្ពុជា
    ដកស្រង់៖ បុត្រា

     

  • អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​45​​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់7,013​​នាក់

    អ្នក​ស្លាប់​ដោយ​សារ​Covid-19 នៅ​កម្ពុជា​ កើន​ដល់​45​​​នាក់​ ខណៈ​​អ្នក​វិជ្ជមាន​​សរុប​ឡើង​ដល់7,013​​នាក់

    នា​ល្ងាច​​ថ្ងៃទី 19មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 624​​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 18​​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ទាំង 624​​​​នាក់​ខាងលើ​នេះ ​សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 18​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 48​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 2​នាក់​​​។

    គិត​មកដល់​ល្ងាច​​នេះ (19​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​ឡើង​ដល់​ 7,013​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,524​​នាក់, អ្នកស្លាប់ 45​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,439​​​​នាក់៕

    ប្រភព៖ ក្រសួង​សុខាភិបាល
    ដកស្រង់​៖ បុត្រា

  • គណៈកម្មការវ៉ាក់សាំងCovid-19 បង្ហាញតារាងស្ដីពីការចាក់វ៉ាក់សាំងលើកទីពីរ នៅតំបន់បិទខ្ទប់

    គណៈកម្មការវ៉ាក់សាំងCovid-19 បង្ហាញតារាងស្ដីពីការចាក់វ៉ាក់សាំងលើកទីពីរ នៅតំបន់បិទខ្ទប់

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​ហៅ​កាត់​ថា «គ.វ.ក-19» បាន​ចុះផ្សាយ​អំពី​តារាង​ទី​ពីរ​ស្ដីអំពី កាលបរិច្ឆេទ​ដែល​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19 លើកទីមួយ ត្រូវ​មកចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម លើក​ទី​ពីរ នៅ​រាជធានី​ភ្នំពេញ។

    សូម​ពិនិត្យមើល​តារាង​ល​ម្អិ​ន​ខាងក្រោម៖

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដក​ស្រង់​៖ បុត្រា

  • មិនទាន់​ចប់ងាយៗទេ!!  វិបត្តិ​កូ​វីដ-19 ទូទាំង​ពិភពលោក នៅតែ​អាក្រក់ រកឃើញ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​សប្ដាហ៍​ច្រើន​បំផុត

    មិនទាន់​ចប់ងាយៗទេ!!  វិបត្តិ​កូ​វីដ-19 ទូទាំង​ពិភពលោក នៅតែ​អាក្រក់ រកឃើញ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​សប្ដាហ៍​ច្រើន​បំផុត

    រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ថ្មី​ទូទាំង​ពិភពលោក ក្នុងអំឡុង 7ថ្ងៃ​កន្លងមក ច្រើន​ដល់​ទៅ​ជាង 5.2លាន​នាក់ ច្រើនជាង​សប្ដាហ៍ណាៗទាំងអស់ គិត​ចាប់តាំងពី​រោគរាតត្បាត​ដ៏​ធំ​នេះ​ចាប់​ផ្ដើមឡើង ដោយ​ស្ថានការណ៍​ការឆ្លង​រាលដាល កាន់តែ​តែ​អាក្រក់ឡើងៗ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ទាំងឡាយ ដែល​ខ្វះខាត​ឧបករណ៍ និង​សម្ភារ សម្រាប់​ចាត់ការ​ជាមួយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដ៏​សាហាវ​នេះ។

    សញ្ញា​អាក្រក់ ដែល​គួរឱ្យ​ភ័យខ្លាច​នេះ បានចាប់ផ្ដើម​ឡើង តែ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ទូទាំង​ពិភពលោក បាន​ហក់​ឡើងដល់​ជាង 3លាន​នាក់ និង​កើតឡើង​ក្នុងខណៈដែល​ប្រទេសផ្សេងៗជាច្រើន កំពុងដំណើរការ​គ្រោង​ការចាក់​វ៉ាក់សាំង ក្នុង​ក្ដី​ព្យាយាម​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ឱ្យបាន។

    យ៉ាងណាក្ដី ទិន្នន័យ​ពី​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ ដែល​រកឃើញ​អ្នក​ឆ្លង​មេរោគ កើនឡើង កាលពី ១សប្ដាហ៍​មុន​ហ្នឹង ដល់​ទៅ 12%នោះ បាន​បំផ្លាញ​សេចក្ដីសង្ឃឹម​ដែលថា ទីបញ្ចប់​របស់​ជំងឺ​រាលដាល​ដ៏​ធំ​នេះ អាច​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ ខ្ទេចខ្ទី​អស់រលីង។

    តួលេខ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំ​សប្ដាហ៍​ទាំងនោះ បាន​បំបែក​ឯកទគ្គកម្ម​ចាស់ ដែល​ធ្លាប់​កើតឡើង​កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ កន្លងទៅ ដែល​ទោះ​ជាង​អត្រា​ការឆ្លង​មេរោគ បាន​បង្អង់​ល្បឿន​ភាគច្រើន​នៅក្នុង​សហរដ្ឋអាមេរិក​ហើយក៏​ដោយ តែ បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងឡាយ ជាពិសេស​បំផុត ឥណ្ឌា និង​ប្រេ​ស៊ី​ល បែរជា​កំពុង​ប្រឈម​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ ដែល​កើនឡើង​ខ្ពស់ យ៉ាង​ឥតឈប់ឈរ​ទៅវិញ។

    ចំនួន​អ្នកស្លាប់​ទូទាំង​ពិភពលោក ក៏​វិលត្រឡប់​មករក​ស្ថានការណ៍​ដ៏​អាក្រក់​ម្ដងទៀត​ដូចគ្នា​ដែរ ក្រោយពី​រកឃើញ​អ្នកស្លាប់ កើនឡើង​កាលពី​ខែ​កន្លងទៅ និង​ចំនួន​អ្នកស្លាប់​ក្នុង​ជុំ 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី18 មេសា ស្ថិតក្នុង​តួលេខ​ជាង 82,000នាក់ គិត​ជា​មធ្យម ជិត 12,000នាក់ ក្នុង 1ថ្ងៃ។ កើនឡើង​យ៉ាងច្រើន ពី​កម្រិត​ប្រមាណ​ជា 60,000នាក់ ក្នុង 1សប្ដាហ៍ គិត​ត្រឹម​ថ្ងៃទី14 មីនា ឬ​គិត​ជា​មធ្យម ប្រមាណ 8,600នាក់ ក្នុង ១ថ្ងៃ។

    ឥណ្ឌា និង​ប្រេ​ស៊ី​ល ជា​ប្រទេសយក្ស2 ដែល​បាន​ក្លាយជា​កត្តា​ជំរុញ ឱ្យចំ​នួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​ទូទាំង​ពិភពលោក…គឺជា​ការប្រកួតប្រជែង ដែល​គ្មាន​អ្នកណា​ចង់​ឈ្នះ។ ទាំងអស់នេះ ក្រោយពី​ប្រឈម​នឹង​ការកើនឡើង​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 យ៉ាង​ឆាប់រហ័ស​នោះ ប្រទេស​ឥណ្ឌា បាន​វិល​មក​វ៉ា​ដាច់ នាំមុខ​ប្រទេស​ប្រេ​ស៊ី​ល ក្លាយជា​ប្រទេស​ដែល​បាន​រង​ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​ខ្លាំងជាងគេ​បំផុត លំដាប់​លេខ2 របស់​ពិភពលោក​ជាថ្មី​ម្ដងទៀត ក្រោយ​បាត់បង់​តំណែង​នេះ​ទៅឱ្យ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ខែមីនា។

    រហូតមកដល់​ពេលនេះ ឥណ្ឌា និង​ប្រេ​ស៊ី​ល មាន​ប្រជាជន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ គិត​ជា​ភាគរយ 4.5% និង 8.3% នៃ​ចំនួន​ប្រជាជន​តាម​លំដាប់ ដែល​នេះ អាច​និយាយបានថា នៅ​តិចតួច​ណាស់ បើ​ធៀប​នឹង​សហរដ្ឋអាមេរិក 33% និង​ចក្រភព​អង់គ្លេស 32%។

    យ៉ាងណាក៏ដោយ មិនមែន​ត្រឹមតែ​ប្រទេស​កំពុងអភិវឌ្ឍន៍​ប៉ុណ្ណោះ​ទេ ដែល​ជួបនឹង​បញ្ហា​ក្នុងការ​ព្យាយាម​គ្រប់គ្រង​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​ឱ្យបាន​នោះ  តែ​ករណី​រកឃើញ​បញ្ហា​ដុំ​ឈាម​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម នៅក្នុង​ប្រជាជន ដែល​ចាក់​វ៉ាក់សាំង​របស់ ច​ន​សុន អ៊ែន ច​ន​សុន និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា កំពុង​ធ្វើឱ្យ​រដ្ឋបាល​ប្រទេសផ្សេងៗទូទាំង​ពិភពលោក កើតមាន​ក្ដី​ស្រពេចស្រពិល និង​សង្ស័យ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំងនោះ។

    មេរោគ​ក្លាយ​ពូជ​ថ្មី​របស់​កូ​វីដ-19 ក៏​ជា​បច្ច័យ 1ទៀត ដែល​ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​មេរោគ ហក់​ខ្ពស់​ឡើង​ដូចគ្នា ដោយ​ប្រទេស​ប្រេ​ស៊ី​ល បាន​រកឃើញ​មេរោគ​ក្លាយ​ពូជ P.1 ដែល​គេ​ជឿថា គឺជា​មេរោគ​ក្លាយ​ពូជ ដែលមាន​ភាពខ្លាំង​ក្លា​បំផុត កាលពី​ខែធ្នូ កន្លងទៅ ខណៈដែល​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ បាន​បញ្ជាក់ថា មេរោគ​ក្លាយ​ពូជ 1នេះ ដូចគ្នា​នឹង​មេរោគ​ក្លាយ​ពូជ ដែល​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ចក្រភព​អង់គ្លេស ដែល​អាច​ចម្លង​សាយភាយ​បាន​ងាយ​ជាង និង​លឿន​ជាង​មេរោគ​ចាស់​ច្រើនដង​ណាស់៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ចិនប្រកាសថា បានត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បង្រួប​បង្រួម​កោះតៃវ៉ាន់

    ចិនប្រកាសថា បានត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បង្រួប​បង្រួម​កោះតៃវ៉ាន់

    អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Le Yucheng បានប្រកាសថា ប្រទេស​នេះ​មិន​អនុញ្ញាតឱ្យ​តៃវ៉ាន់​ឯករាជ្យ ហើយ​ថា បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ប​ម្រួ​ប​បង្រួម ដោយ​មិន​បោះបង់​ជម្រើស​ណាមួយ​ឡើយ។

    «ការបង្រួបបង្រួម​ប្រទេស រវាង​កោះ​តៃវ៉ាន់ និង​ចិនដីគោក គឺជា​ដំណើរការ​ប្រវត្តិសាស្ត្រ​មួយ ដែល​មិន​ត្រូវបាន​រារាំង​ដោយ​បុគ្គល និង​កម្លាំង​ណាមួយ។ យើង​មិន​ទុកឱ្យ​តៃវ៉ាន់​ឯករាជ្យ» លោក Le Yucheng បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី16មេសា។

    នៅពេល​ត្រូវបាន​សួរ​អំពី​ពេលវេលា​ជាក់លាក់​សម្រាប់​ការបង្រួបបង្រួម លោក Le Yucheng បញ្ជាក់ថា «នោះ​គឺជា​ដំណើរការ​នៃ​ប្រវត្តិសាស្ត្រ» ហើយ​ថា ចិន​ប្ដេជ្ញា​ជំរុញ​យុទ្ធនាការ​បង្រួបបង្រួម​ប្រទេស។

    «យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​គ្រប់យ៉ាង​ដែល​អាច​បង្រួបបង្រួម និង​សន្តិភាព។ ប្រការនេះ​មានន័យថា យើង​មិន​សន្យាថា​នឹង​បោះបង់​ជម្រើសផ្សេងៗឡើយ» នេះ​បើតាម​សម្ដី​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Le Yucheng។

    អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng

    ការលើកឡើង​របស់លោក Le Yucheng ត្រូវបាន​ធ្វើឡើង​បន្ទាន់​ពី​ប្រធានាធិបតី​អាមេរិក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ចេញ​សេចក្ដីប្រកាស​រួម​ស្ដីអំពី​បញ្ហា​កោះ​តៃវ៉ាន់។ ចិន​យល់ថា នេះ​គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​បញ្ជូន​សញ្ញា​ថា សហរដ្ឋអាមេរិក-ជប៉ុន កំពុង​ព្យាយាម​រារាំង​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​ដែលមាន​បំណង​បង្រួបបង្រួម​ប្រទេស។

    លោក Le Yucheng សង្កត់ធ្ងន់ថា គោលការណ៍ «ចិន​តែមួយ» គឺជា​បន្ទាត់​ក្រហម​របស់​ប្រទេស​ចិន ហើយ​គ្មាន​នរណាម្នាក់​គួរ​ឆ្លងកាត់​វា​នោះទេ បើទោះជា​នៅ​ថ្នាក់ទាប ឬ​ថ្នាក់ខ្ពស់។ «បញ្ហា​តៃវ៉ាន់ គឺ​ត្រូវ​យោងទៅលើ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន។ ជា​សាមញ្ញ​គឺថា ពុំមាន​កន្លែង​សម្រាប់​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ»។

    ចិនដីគោក តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដោយ​រង់ចាំតែ​ពេលវេលា​បង្រួបបង្រួម​ប៉ុណ្ណោះ បើទោះជា​ត្រូវ​ប្រើប្រាស់​កម្លាំងបាយ។ ភាព​តានតឹង​បាន​កើនឡើង​នៅលើ​តំបន់​ប្រទាញប្រទង់​នេះ នៅពេល​ចិនដីគោក បាន​បង្កើន​វត្តមាន និង​ធ្វើ​សកម្មភាព​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់ បង្ខំ​ឱ្យ​កោះ​នេះ​បង្កើន​ការវិនិយោគ​ទៅលើ​វិស័យ​យោធា​ដើម្បី​ពង្រឹងកម្លាំង​ការពារ​ខ្លួន៕

    ប្រភព៖ Global Times
    ប្រែ​សម្រួល៖ បុត្រា