Author: សឿន សំណាង

  • រុស្ស៊ី រៀបទ័ព​ពេញកម្លាំង​សឹក នាវាចម្បាំង 20គ្រឿង យន្តហោះ​ប្រដេញ 50គ្រឿង បាញ់​មី​ស៊ី​ល សម្លុត​ស្មារតី​ប្រទេស​អ៊ុយ​ក្រែ​ន

    រុស្ស៊ី រៀបទ័ព​ពេញកម្លាំង​សឹក នាវាចម្បាំង 20គ្រឿង យន្តហោះ​ប្រដេញ 50គ្រឿង បាញ់​មី​ស៊ី​ល សម្លុត​ស្មារតី​ប្រទេស​អ៊ុយ​ក្រែ​ន

    ថ្ងៃទី20 មេសា ទីភ្នាក់ងារ​ព័ត៌មាន Daily mail បាន​រាយការណ៍​ស្ថានការណ៍​តានតឹង រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​ថា នាវាចម្បាំង​រុស្ស៊ី​ច្រើនជាង 20គ្រឿង បាន​ចូលរួម​ធ្វើ​សមយុទ្ធ ជាមួយ​យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស​រុស្ស៊ី​នៅក្នុង​មហាសមុទ្រ​ខ្មៅ។

    នាវាចម្បាំង​ទាំងនោះ ប្រកបដោយ នាវា​ពិឃាត នាវាចម្បាំង​ផ្ទុក​កាំជ្រួច​មី​ស៊ី​ល និង​នាវា​ប្រឆាំង​នាវាមុជទឹក រួមទាំង​ហ្វូង​យន្តហោះ​ប្រដេញ ដែល​ហោះ​បាន​ក្នុង​កម្ពស់​ទាប​បំផុត ក្នុងស្ថានភាព​ធាតុអាកាស​អាក្រក់​ខ្លាំង។

    ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី បាន​ថ្លែងថា យន្តហោះ​ប្រដេញ ច្រើនជាង 50គ្រឿង បាន​ចល័ត​កម្លាំង​ចូលទៅក្នុង​ឈូង​សមុទ្រ​គ្រី​មៀ និង​បានបង្ហាញ​ភ័ស្តុតាង​អះអាង ជា​រូបភាព​ផ្កាយរណប​របស់​មូលដ្ឋាន​ទ័ពអាកាស​ឈូង​សមុទ្រ​គ្រី​មៀ 2កន្លែង គឺ រ៉ូ​ហ្វ​ស្កូ​យេ និង​សា​គី។

    យន្តហោះ​ប្រដេញ​របស់​រុស្ស៊ី យ៉ាងតិច 26គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស Saki Airbase

    ក្រៅពីនេះ កងទ័ពជើងទឹក​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី បានធ្វើ​សមយុទ្ធ​ប្រឆាំង​ការបង្ក​ភេរវកម្ម បាញ់​កាំ​ជ្រួញ​មី​ស៊ី​ល និង​ប្រតិបត្តិ​ភារកិច្ច​ហ្វឹកហាត់​ការប្រយុទ្ធ​ក្រោម​ទឹក​ទៀតផង។

    ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី បាន​យោងតាម​ក្រសួង​ការពារ​ប្រទេស​រាយការណ៍​កាលពី​សប្ដាហ៍​កន្លងទៅ​ថា ក្រុង​ម៉ូស្គូ មាន​ចេតនា​ក្នុង​ការបិទ​ផ្នែក​ខ្លះ​របស់​សមុទ្រ​ខ្មៅ មិនឱ្យ​កង​យោធា​បរទេស និង​នាវា​គ្រប់​ប្រភេទ​ឆ្លងកាត់​រយៈពេល 6ខែ។

    សកម្មភាព​ទាំងនេះ អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ការចូល​ទៅដល់​កំពង់ផែ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​សមុទ្រ​អាសូ​ហ្វ ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ​ខ្មៅ តាមរយៈ​ច្រក​សមុទ្រ​ឃើ​ច​ឆ៍ ភាគ​ខាងកើត​របស់​គ្រី​មៀ។

    កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​អធិប្បាយ​ពី​ផែនការ​ទាំងនោះ​ថា ជាការ​លើកកម្ពស់ ដែល​បាន​ពិសោធ ឱ្យឃើញ​ពី​ការជំរុញ​ជា​បន្តបន្ទាប់​របស់​ក្រុង​ម៉ូស្គូ ដើម្បី​វាយកម្ទេច និង​ធ្វើឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​ស្ថិរភាព។

    សហភាព​អឺរ៉ុប បាន​ហៅ​ទាំងអស់នេះ​ថា “ការវិវឌ្ឍ ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត” ក្នុងខណៈដែល​អង្គការ​សន្ធិសញ្ញា​ការពារ​ទ្វីប​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ NATO បាន​សម្ដែង​ក្ដីកង្វល់ និង​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី​ធានា “ការចូល​ទៅដល់​យ៉ាង​សេរី” ទៅកាន់​កំពង់ផែ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន។

    សកម្មភាព​ខាង​កងទ័ពជើងទឹក បាន​បង្កើន​ភាព​តានតឹង​ខាង​កងទ័ពជើងគោក ដោយសារតែ​ទាហាន​រុស្ស៊ី 150,000នាក់ បាន​កសាង​មូលដ្ឋាន​កងទ័ព​នៅក្នុង​បន្ទាយ​ទាហាន ប្រកៀក​ជាប់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​ឈូង​សមុទ្រ​គ្រី​មៀ ដែល​ស្ថិតក្នុង​កម្រិត​ខ្ពស់​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក កាលពី​មិន​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ តាំងពី​ប្រទេស​រុស្ស៊ី​ឈ្លានពាន ដណ្ដើម​យក​​ឈូង​​សមុទ្រ​គ្រី​មៀ ធ្វើជា​ផ្នែក​មួយ​របស់​រុស្ស៊ី ក្នុង​ឆ្នាំ2014 មក។

    ខណៈដែល​រដ្ឋបាល​រុស្ស៊ី បាន​ថ្លែងថា កង​ទាហាន​របស់ខ្លួន ដែល​ចូល​ប្រកៀក​ព្រំដែន​អ៊ុយ​ក្រែ​ន​នេះ គឺជា​ការធ្វើ​សមយុទ្ធ ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​រុករាន​ណាមួយ​ពី​អង្គការ​ណា​តូ ចំណែកឯ​ការបិទ​ដែនទឹក​នៅក្នុង​សមុទ្រ​ខ្មៅ​នោះ គឺជា​ការប្រតិបត្តិ​តាម​ប្រក្រតី រវាង​ប្រទេស​នីមួយ។

    ចំណែក​លោក ដ​មី​ត្រូ ឃូ​លេ​បា រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប ឬ EU ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី​ជាថ្មី​ម្ដងទៀត  ក្រោយពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស 27ប្រទេស​ក្នុង EU រួចមក ប៉ុន្តែ​លោក យូ​សេ​ហ្វ បា​រេល​ល៍ អគ្គនាយក​នយោបាយ​អ​ន្ត​រ​ជាតិ​របស់ EU បាន​ប្រាប់ថា ពេលនេះ មិនទាន់មាន​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ក្នុង​ការស្នើ ឬ​ពិចារណា​ណាមួយ​អំពី​រឿងនេះ​នៅឡើយ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 54នាក់​ដោយសារ​ឆ្លង​វីរុស​Covid-19 ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​រហូត​ដល់​ 3,058,550នាក់ គិត​ត្រឹម​ថ្ងៃនេះ

    កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 54នាក់​ដោយសារ​ឆ្លង​វីរុស​Covid-19 ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​រហូត​ដល់​ 3,058,550នាក់ គិត​ត្រឹម​ថ្ងៃនេះ

    នា​ថ្ងៃទី 21មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 303នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 20មេសា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 7,747នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប​ 2,794នាក់, អ្នកស្លាប់ 54នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,893នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង​វីរុស​Covid-19 សរុប បាន​កើន​ដល់ 143,586,744នាក់ ក្នុងនោះ​មាន 3,058,550​នាក់​បាន​ស្លាប់, 121,961,265នាក់​បានជា​សះស្បើយ និង 18,566,929នាក់​កំពុង​ព្យាបាល។

    បណ្ដា​ប្រទេស​ដែលមាន​តួលេខ​អ្នក​វិជ្ជមាន​ច្រើនជាង 10លាន​នាក់ រួមមាន សហរដ្ឋអាមេរិក (32,536,470នាក់)​, ប្រទេស​ឥណ្ឌា (15,616,130នាក់) និង​ប្រទេស​ប្រេ​ស៊ី​ល (14,050,885នាក់)។

    ចំណែក​បណ្ដា​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ​ឆ្លង​វីរុស​ Covid-19 ច្រើនជាង 100,000នាក់ រួម​មាន​ 8​ប្រទេស​​គឺ​ សហរដ្ឋ​អាមេរិក (582,456នាក់), ​ប្រទេស​ប្រេ​ស៊ី​ល (378,530នាក់), ម៉ិ​ក​ស៊ិ​ក (213,048នាក់), ឥណ្ឌា (182,570នាក់), អង់គ្លេស (127,307នាក់), អ៊ីតាលី (117,633នាក់), រុស្ស៊ី (106,307នាក់) និង​បារាំង (101,597នាក់)៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​ និង​ប្រែសម្រួល​៖ បុត្រា

  • ក្រសួងពាណិជ្ជកម្ម ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល

    ក្រសួងពាណិជ្ជកម្ម ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល

    ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហាលំបាក​នានា​ដែល​ទាក់ទង​នឹង​ការហូបចុក នៅក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល នា​ថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​មួយ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​នៃ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ សម្រាប់​ការបញ្ជាទិញ​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់។

    ដើម្បី​អាច​បញ្ជា​ទិញ​ទំនិញ​ដែល​បាន​រៀបរាប់​ខាងលើ​ពី​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ពលរដ្ឋ​ត្រូវ​ចូលទៅ​កាន់​គេហទំព័រ https://shop.moc.gov.kh/ ឬ​តាមរយៈ QR code ដែលមាន​ដូច​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីប្រកាស​ខាងក្រោម៖

    ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម
    ដកស្រង់​៖ បុត្រា

  • ស្ត្រី​ជនជាតិ​ហុងកុង​ម្នាក់ វ័យ90ឆ្នាំ ត្រូវគេ​បោក​តាម​ទូរស័ព្ទ​​ ​យកប្រាក់​អស់ 250លាន​ដុល្លារ

    ស្ត្រី​ជនជាតិ​ហុងកុង​ម្នាក់ វ័យ90ឆ្នាំ ត្រូវគេ​បោក​តាម​ទូរស័ព្ទ​​ ​យកប្រាក់​អស់ 250លាន​ដុល្លារ

    លោកយាយ​ម្នាក់​មាន​វ័យ 90ឆ្នាំ នៅ​ទីក្រុង​ហុងកុង ត្រូវបាន​ជនខិលខូច បន្លំ​ខ្លួន​ជា​ប៉ូលិស​ចិនដីគោក បោកប្រាស់​តាម​ទូរស័ព្ទ​យកប្រាក់​អស់​ចំនួន 32លាន​ដុល្លារ​អាមេរិក។

    ពលរដ្ឋ​វ័យ​ចំណាស់​នៅ​ហុងកុង កំពុង​ក្លាយជា​គោលដៅ​របស់​ក្រុម​ជន​ខិល​ខួច ដែល​បោកប្រាស់​តាម​ទូរស័ព្ទ ដោយ​ពួកគេ​សំដៅលើ​ក្រុមមនុស្ស​ចាស់​ដែល​ងាយ​រងគ្រោះ និង​ជា​អ្នកមាន​ទ្រព្យ​ច្រើន ដែល​អាចមាន​លទ្ធភាព​វេរ​លុយ ឬ​ធ្វើការ​វិនិយោគ​លើ​គម្រោង​ដែល​មិនមាន​ពិត។

    មន្ត្រីប៉ូលិស​ហុងកុង កាលពី​ថ្ងៃទី20មេសា បានឱ្យដឹងថា កាលពី​រដូវក្ដៅ​ឆ្នាំទៅ (2020) ក្រុម​ជនខិលខូច​បាន​ទាក់ទង​លោកយាយ​វ័យ90ឆ្នាំ ដែល​រស់នៅក្នុង​ភូមិគ្រឹះ ក្នុង​តំបន់ The Peak ជាទី​ប្រជុំជន​លំដាប់​ប្រណិត​បំផុត​ប្រចាំ​ក្រុង​ហុងកុង ដោយ​បន្លំ​ជា​មន្ត្រីប៉ូលិស​របស់​ចិនដីគោក។ ក្រុម​ជនខិលខូច​បាន​និយាយថា អត្តសញ្ញាណ​របស់លោក​យាយ​ខាងលើ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​មួយ​នៅឯ​ចិនដីគោក ហើយ​បាន​ស្នើឱ្យ​លោកយាយ​ផ្ទេរប្រាក់​ចូលទៅក្នុង​គណនី​ធនាគារ​របស់ «ក្រុមមន្ត្រី​ស៊ើបអង្កេត» ដើម្បី​បញ្ជាក់។

    ផែន​ទី​នៃ​ទីក្រុង​ហុងកុង

    ប៉ុន្មាន​ថ្ងៃ​ក្រោយមក មនុស្ស​ម្នាក់​បានមក​ផ្ទះ​លោកយាយ​ខាងលើ ដោយ​យក​ទូរស័ព្ទ និង​ស៊ីម​ដែល​ប្រើ​សម្រាប់​ទាក់​ទង​ជាមួយ​ក្រុមប៉ូលិស​ក្លែងក្លាយ។ ក្នុង​រយៈពេល​ត្រឹមតែ 5ខែ ពួកគេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​លោកយាយ​រូបនេះ វេរ​ប្រា​ក់នៅ​ធនាគារ​ចំនួន 11លើក ជាមួយនឹង​ទឹកប្រាក់​សរុប​ឡើងដល់ 250លាន​ដុល្លារ​ហុងកុង (32លាន​ដុល្លារ​អាមេរិក)​។ នេះ​គឺជា​ទឹកប្រាក់​ដែលមាន​ទំហំ​ធំ​បំផុត​ដែល​ត្រូវបាន​បោកប្រាស់​យកបាន​តាមរ​យៈ​ទូរស័ព្ទ នៅ​កុង​កុង។

    ក្រោយពី​មាន​ស៊ើបអង្កេត ជនសង្ស័យ​ម្នាក់ អាយុ19ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ព្រោះតែ​រឿង​បោកប្រាស់ និង​កំពុង​ត្រូវបាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ។ សារព័ត៌មាន SCMP បានឱ្យដឹងថា ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺជា​ជន​ដែល​បាន​ទៅកាន់​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ។

    ហុង​កុង​ នា​ពេល​រាត្រី

    យោងតាម​មន្ត្រីប៉ូលិស​ហុងកុង តួលេខ​នៃ​ករណី​បោកប្រាស់​តាម​ទូរស័ព្ទ បាន​កើន 18% នៅក្នុង​ត្រីមាស​​ទី​មួយ​​នៃ​​ឆ្នាំ​2021​នេះ​ ក្នុងនោះ ទឹកប្រាក់​ចំនួន 350លាន​ដុល្លារ​ហុងកុង​ត្រូវបាន​បោក​យក នាទី​ក្រុង​នេះ។ ឆ្នាំ2020 ប៉ូលិស​បាន​ចាត់ការ​លើ​សំណុំរឿង​បោកប្រាស់​តាម​ទូរស័ព្ទ​ចំនួន 1,193ករណី ជាមួយនឹង​ទឹកប្រាក់​ចំនួន 574​លាន​ដុល្លារ​ហុងកុង។ កាលពី​ឆ្នាំទៅ ស្ត្រី​វ័យ 65ឆ្នាំ​ម្នាក់ ក៏ត្រូវ​បាន​គេ​បោក​យកប្រាក់​អស់​ចំនួន 68.9លាន​ដុល្លារ​ហុងកុង ដោយ​ជនខិលខូច​បន្លំ​ធ្វើជា​ប៉ូលិស​ចិនដីគោក ដូច​ទៅនឹង​ករណី​ស្ត្រី​វ័យ90ឆ្នាំ​ខាងលើ​នេះដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • នារី​ជប៉ុន ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា អ្នកណា​ឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ឆ្មា​មែនទែន!

    នារី​ជប៉ុន ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា អ្នកណា​ឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ឆ្មា​មែនទែន!

    នារី​ជប៉ុន មហា​កំពូល​អៃ​ឌៀ ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា ដូច​មែនទែន​បំផុត រហូត​ក្លាយជា Fashion ដ៏​ល្បីល្បាញ អ្នកណាៗឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ស្ពាយ​ឆ្មា​ពីក្រោយ​ខ្នង​មែនទែន!!

    បើ​អ្នកណា​បានឃើញ​រូបភាព​នេះ​លើកដំបូង ប្រហែល​ជាមាន​អាការ​ភ្ញាក់ផ្អើល​មិនតិច​ទេ ព្រោះតែ​គិតថា ប្រហែលជា​គេ​ចាប់​សត្វ​ឆ្មា យកមក​ធ្វើជា​កាបូបស្ពាយ​មែនទែន​ហើយ…តែបើ​សិន​ពិនិត្យមើល​ឱ្យ​ច្បាស់​ម្ដងទៀត ទើប​ដឹងថា អ្វីដែល​យើង​បានឃើញ​នោះ មិនមែនជា​សត្វ​ឆ្មា​ម៉េវៗ ដែលមាន​ជីវិត​នោះទេ តែ​គ្រាន់តែ​ជា​តុក្កតា​រូប​សត្វ​ឆ្មា​ប៉ុណ្ណោះ។

    ក្លាយជា​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​យ៉ាងច្រើន នៅពេលដែល​គណនី​ធ្វី​ត​ធើរ @picopoco08 របស់​ហាង​លក់​ផលិតផល​ធ្វើ​ដោយ​ដៃ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​បាន​ផូ​ស្ត​រូបភាព​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​ម៉េវៗ អមដោយ​ឃែ​ប​ស្សិន​ថា “ថ្ងៃនេះ​ធាតុអាកាស​ល្អ​មែនទែន ធ្វើឱ្យបាន​ចេញមក​ថត​រូប​នៅក្រៅ​ផ្ទះ​ម្ដង…មាន​អតិថិជន​ចង់បាន​ច្រើនណាស់ កុម្ម៉ង់​ទាំងអស់​ហ្នឹង​តែម្ដង បន្តិចទៀត​នឹង​បញ្ជូនទៅ​ដល់ដៃ​អតិថិជន​ហើយ!”

    រូបភាព​ទាំងនោះ ក្រៅពី​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ហើយ នៅ​ឆក់យក​បេះដូង​អ្នក​ដែល​បានឃើញ​រូបភាព​ទាំងនោះ​ទៀតផង ព្រោះ​ស្នាដៃ​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង… ដោយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ជា​ស្នាដៃ​របស់​សិល្បការិនី​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ស្រឡាញ់​ចូលចិត្ត​សត្វ​ឆ្មា ស្មើនឹង​ជីវិត​របស់​នាង ធ្វើឱ្យ​នាង​អាច​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា និង​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង មិនថាតែ​រូបរាង កែវភ្នែក ពុកមាត់ រោម រួមទាំង​ឥរិយាបថផ្សេងៗរបស់​វា​ទៀតផង ហើយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 1ប្រមាណ​ជាជាង 1,000ដុល្លារ​ឯណោះ។

    បន្ទាប់ពី​ផូ​ស្ត​រូបភាព​ទាំងនោះ​ចេញទៅ ធ្វើឱ្យមាន​អ្នក​ចូលមក​កុម្ម៉ង់​ទិញ​ផលិតផល​នេះ​យ៉ាងច្រើន រហូតដល់​ធ្វើឱ្យ​ខាង​អ្នក​ផលិត ត្រូវ​បិទ​ឈប់​ទទួល​ការ​កុម្ម៉ង់​ជា​បណ្ដោះអាសន្ន​សិន និង​បើសិនជា​មានការ​បើកទទួល​ការ​កុម្ម៉ង់​ទិញ​ជាថ្មី​នោះ នឹង​ជូនដំណឹង​នៅពេល​ក្រោយ​ទៀត។ ក្រៅពី​ផលិតផល​រូប​សត្វ​ឆ្មា​ហើយ អ្នក​ផលិត ថែមទាំង​មាន​ផលិត​រូប​តុក្កតា​សត្វ​ដូច​មែនទែនផ្សេងៗទៀតផង។

    ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា
    ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • George Floyd! តុលាការ​អាមេរិក ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​អតីតមន្ត្រី​ប៉ូលិស ​ទាក់​ទង​នឹង​រឿង​ក្ដី​​នេះ​

    George Floyd! តុលាការ​អាមេរិក ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​អតីតមន្ត្រី​ប៉ូលិស ​ទាក់​ទង​នឹង​រឿង​ក្ដី​​នេះ​

    កាលពី​ថ្ងៃទី20មេសា (ម៉ោង​នៅ​អាមេរិក) អតីតមន្ត្រី​នគរបាល​ឈ្មោះ Derek Chauvin ជា​អ្នក​ដែល​បានធ្វើ​ឱ្យមាន​ករណី​ស្លាប់​ចំពោះ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd និង​នាំឱ្យ​សហរដ្ឋអាមេរិក ធ្លាក់​ទៅក្នុង​អំពើហិង្សា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​អស់​ជាច្រើន​ខែ​ក្នុង​ឆ្នាំ2020 ពេលនេះ​ត្រូវបាន​តុលាការ​សម្រេច​ថា មានទោស​ចំនួន​បី គឺ​ទោស​សម្លាប់​មនុស្ស​កម្រិត​ពីរ, ទោស​សម្លាប់​មនុស្ស​កម្រិត​បី និង​ទោស​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា។

    បុគ្គល​ដែល​មានទោស​មនុស្សឃាត​កម្រិត​ពីរ ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​យ៉ាង​យូរ 40ឆ្នាំ ចំណែក​ទោស​មនុស្សឃាត​កម្រិត​បី​នឹងត្រូវ​ជាប់ពន្ធនាគា​រយ៉ា​ង​យូរ 25ឆ្នាំ រីឯ​ទោស​មនុស្សឃាត​ដោយ​អ​ចេតនា នឹងត្រូវ​ជាប់ពន្ធនាគា​រ​យ៉ាង​យូរ​​ត្រឹម​10​ឆ្នាំ។ ចៅក្រម Peter Cahill បានឱ្យដឹងថា សាលក្រម​នេះ​នឹង​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ ក្រោយ​រយៈពេល 8សប្ដាហ៍​ទៀត។

    អ្នក​ទោស​ Derek Chauvin ត្រូវ​បាន​ដាក់​ខ្នោះ​ និង​នាំ​ខ្លួន​ចេញពី​តុលាការ​

    នៅក្នុង​សេចក្ដីប្រកាស​មួយ មេធាវី Ben Crump តំណាងឱ្យ​គ្រួសារ​ជនរងគ្រោះ Floyd បានឱ្យដឹងថា ករណីនេះ​គឺជា​របត់​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក។

    សវនាការ​កាត់ទោស​ម​ន្ត្រី​ប៉ូលិស​ឈ្មោះ Chauvin បានចាប់ផ្ដើម​តាំងតែ​ពី​ចុងខែ​មីនា ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី19មេសា។ នេះ​គឺជា​ករណី​ដែល​បាន​នាំឱ្យមាន​ចលនា​បាតុកម្ម​ទូទាំងប្រទេស ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ2020 បន្ទាប់ពី​មហា​រោគរាតត្បាត Covid-19  បានបង្ហាញ​ខ្លួន​នៅទីនេះ។

    ក្រោយពី​តុលាការ​ប្រកាស​សាលក្រម​បញ្ជាក់ថា ជនសង្ស័យ Chauvin មានទោស មនុស្ស​រាប់ពាន់នាក់ ពិសេស​នៅក្នុង​តំបន់ Minneapolis ជា​កន្លែងកើតហេតុ បាន​ប្រមូល​ផ្ដុំគ្នា​នៅលើ​ដងផ្លូវ​ដើម្បី​សំដែង​ការ​សាទរ។ នៅ​ចំពោះ​ក្រុម​អ្នកយកព័ត៌មាន មិត្តស្រី​របស់​ជនរងគ្រោះ Floyd នាង Courteney Batya Ross បាន​ថ្លែងថា នាង​ជឿថា Floyd មាន​មូលហេតុ​ដើម្បី​រស់។

    ពលរដ្ឋ​រាប់​ពាន់​នាក់ សាទរ​ចំពោះ​ការ​ផ្ដន្ទា​ទោស​នេះ​

    ចំណែក​ប្រធានាធិបតី Joe Biden វិញ ក៏បាន​សម្រេច​ពន្យារពេល​ការធ្វើ​សេចក្ដីថ្លែងការណ៍​អំពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​លោក​កំពុង​មានបំណង​បញ្ចុះបញ្ចូល​សភា​ឱ្យធ្វើ​ការអនុម័ត​យល់ព្រម ដើម្បី​បាន​ថ្លែងការណ៍​នៅ​ចំពោះ​សាធារណជន​អំពី​ករណី​ផ្ដន្ទាទោស​លើ​អ្នកទោស Derek Chauvin។

    សវនាការ​កាត់ទោស​អតីតមន្ត្រី​ប៉ូលិស​ចំនួន 3នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Georg Floyd គឺ​ឈ្មោះ Thomas Lane, J. Alexander Kueng និង Tou Thao នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែសីហា​ខាងមុខ។

    បងប្រុសរបស់ George Floyd ជូតទឹកភ្នែក បន្ទាប់ពីសាលក្រមតុលាការត្រូវបានប្រកាស

    សូម​រំលឹកថា ជនរងគ្រោះ​ឈ្មោះ George Floyd បាន​ស្លាប់​ដោយសារ “បេះដូង និង​សួត​លែង​ដំណើរការ ព្រោះតែ​ត្រូវ​ប៉ូលីស​ចាប់​ផ្ដួល និង​សង្កត់​កដោយ​ជង្គង់” កាលពី​ថ្ងៃទី25ឧសភា ឆ្នាំ2020 នៅពេល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចាយលុយ​ក្លែងក្លាយ។ ហេតុការណ៍​នេះ​បាន​នាំឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅក្នុង​ទីក្រុង​យ៉ាងតិច​ចំនួន​140 នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​យុត្តិធម៌​ជូន Floyd។ បាតុកម្ម​ទាំងនោះ បាន​នាំឱ្យមាន​អំពើហិង្សា ការ​ឆក់​ប្លន់ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យ​ជាច្រើន​កើតឡើង ហើយ​មនុស្ស​ប្រមាណ​ជាជាង 4,400នាក់​ត្រូវបាន​ចាប់ខ្លួន៕

    ប្រភព៖ CNN
    ប្រែសម្រួល​៖ បុត្រា​

  • វ័យ36 របស់សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Facebook ៖ ក្លាយជា «មនុស្សមិនអាចប៉ះពាល់បាន» ខណៈទ្រព្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    វ័យ36 របស់សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Facebook ៖ ក្លាយជា «មនុស្សមិនអាចប៉ះពាល់បាន» ខណៈទ្រព្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    គ្រាន់តែ​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Mark Zuckerberg បាន​កើន​ជាង40ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដែល​​តួលេខ​នេះ មនុស្ស​ភាគច្រើន​ត្រូវ​រកស៊ី​អស់​ច្រើន​ជាតិ​ក៏​រក​មិនបាន​ស្មើនឹង​មួយ​ភាគ​តូច​នោះដែរ។

    ឆ្នាំ2020 កន្លងទៅ គឺជា​ពេលវេលា​ដែល​សហ​ស្ថាបនិក​របស់ Facebook បាន​ឆ្លងកាត់​ឧបសគ្គ និង​ជួប​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​នៅក្នុង​មុខ​ជំនួញ​របស់ខ្លួន។

    ម្ចាស់​ក្រុមហ៊ុន Facebook ត្រូវបាន​សភា​អាមេរិក​កោះហៅ​ទៅ​សួរនាំ​ជាច្រើនលើក ហើយ​លោក​ក៏បាន​ប្រឹងប្រែង​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត​ស្ដីអំពី Covid-19 រួម​នឹង​ការបិទ​គណនី​របស់​អតីត​ប្រធានាធិបតី Donald Trump ព្រមទាំង​ការ​រាំង​ខ្ទប់​​មិន​ឱ្យ​​អូស្ត្រាលី​​ប្រើប្រាស់ Facebook ទៀតផង។

    កាលពីដើម​ខែមេសា​នេះ បញ្ហា​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook ចំនួន 533គណនី បានធ្វើឱ្យ​លោក​ Mark Zuckerberg ឈឺក្បាល​ម្ដងទៀត។ ប៉ុន្តែ បញ្ហា​នេះ ទំនងជា​មិនបាន​ជះឥទ្ធិពល​អ្វី​ដល់​មហាសេដ្ឋី​រូបនេះ​ឡើយ។ ទីភ្នាក់ងារសារព័ត៌មាន​ជាច្រើន​បាន​ហៅ​គាត់​ថា ជា​មនុស្ស​ដែល «មិនមាន​អ្នកណា​ប៉ះពាល់​បាន» នៅក្នុង​វិស័យ​បច្ចេកវិទ្យា។

    លោក Mark Zuckerberg និង​ភរិយា​

    នៅក្នុង​វ័យ 36ឆ្នាំ Zuckerberg កំពុង​តែមាន​ឡើង​យ៉ាង​ឆាប់រហ័ស។ កាលពី​រដូវក្ដៅ​ឆ្នាំទៅ បន្ទាប់ពី Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​នៅលើ Instagram ដើម្បី​ប្រជែង​ជាមួយ TikTok នៅ​សហរដ្ឋអាមេរិក ទ្រព្យ​របស់ Zuckerberg ក៏បាន​កើនឡើង​ដល់ 100ពាន់​លាន​ដុល្លារ​ជា​លើកដំបូង។

    យោងតាម​សារព័ត៌មាន Business Insider គិត​ដោយឡែក​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Zuckerberg បាន​កើន​ជាង 40ពាន់​លាន​ដុល្លារ។ ជាមួយនឹង​តួលេខ​នេះ បើ​ធៀប​នឹង​ពលរដ្ឋ​ភាគច្រើន​ក្នុង​ពិភពលោក គេ​ត្រូវការ​ពេល​រកស៊ី​រាប់​ជាតិ​ឯណោះ ទើប​អាច​រកបាន​ស្មើនឹង​មួយចំណែក​តូច។

    ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់ Zuckerberg គឺ​បានមកពី​ភាគហ៊ុន​ចំនួន 13% របស់គាត់​នៅក្នុង​ក្រុមហ៊ុន Facebook បើទោះជា​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ ត្រឹមតែ 1ដុល្លារ។ បច្ចុប្បន្ន លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ​សរុប ចំនួន 114ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ BI
    ប្រែសម្រួល​៖ បុត្រា

  • សញ្ញា​តានតឹង!!  រុស្ស៊ី បញ្ជូនទាហាន​ជាង 150,000នាក់ ចូល​ប្រកៀក​ព្រំដែន អ៊ុយ​ក្រែ​ន

    សញ្ញា​តានតឹង!!  រុស្ស៊ី បញ្ជូនទាហាន​ជាង 150,000នាក់ ចូល​ប្រកៀក​ព្រំដែន អ៊ុយ​ក្រែ​ន

    លោក ចូ​សេ​ហ្វ បា​រេល​ល៍ ប្រធាន​ផ្នែក​នយោបាយ​អន្តរជាតិរ​បស់​សហភាព​អឺរ៉ុប បានឱ្យដឹង​កាលពី​ថ្ងៃ​ម្សិលមិញ (ទី19មេសា) ថា កងទ័ព​រុស្ស៊ី បានដាក់​កម្លាំង​ទាហាន​ជាង 150,000នាក់ ចូល​ប្រកៀក​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​ចំនួន​មួយ ច្រើនជាង​កាលពី​គ្រា​ដែល រុស្ស៊ី​វាយ​ចូលកាន់​កាប់​ឈូង​សមុទ្រ​គ្រី​មៀ នៅ​ឆ្នាំ2014 ទៅទៀត ខណៈដែល​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក ទទួលស្គាល់ថា ជា​ស្ថានការណ៍ ដែល “គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង។

    “ពេលនេះ មាន​ទាហាន​រុស្ស៊ី​កំពុង​ត្រៀមកម្លាំង​នៅ​បរិវេណ​ព្រំដែន​អ៊ុយ​ក្រែ​ន និង​គ្រី​មៀ ច្រើនជាង 150,000នាក់ ភាព​ប្រឈម​ក្នុងការ​កើតការ​ប៉ះទង្គិច​គ្នា ហាក់ដូចជា​កាន់តែ​លេច​ច្បាស់​ឡើង​ហើយ” លោក​បា​រេល​ល៍ បាន​ថ្លែង​ក្នុង​បទ​សម្ភាស និង​បាន​បដិសេធ​បង្ហើប​ឱ្យដឹង ពី​ប្រភពព័ត៌មាន​នេះ។

    តែ​យ៉ាងណាក្ដី លោក​បា​រេល​ល៍ បាន​អះអាងថា EU (សហភាព​អឺរ៉ុប) មិនទាន់មាន​ផែនការ​ក្នុង​ការប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​នៅឡើយ​ទេ ទោះជា​ការបន្ថែម​កម្លាំង​យោធា​នៅតាម​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​គ្រានេះ ដែល​អាច​និយាយបានថា ច្រើន​ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ។

    ចំណែក​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ចំនួន​ទាហាន​រុស្ស៊ី​នៅឯ​ព្រំដែន​អ៊ុយ​ក្រែ​ន នាពេលនេះ អាច​និយាយបានថា ច្រើនជាង​កាលពី​ឆ្នាំ2014 និង​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ថា តើ​មាន​គោលបំណង ដើម្បី​ធ្វើ​សមយុទ្ធ ឬ​យ៉ាងណា​នៅឡើយ។

    “វា​ជា​ការដាក់​កម្លាំងយោធា ដែល​ច្រើន​បំផុត ចាប់តាំងពី​ឆ្នាំ2014 ដែល​រុស្ស៊ី​បាន​ល្មើស​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​អ៊ុយ​ក្រែ​ន” លោក​ច​ន ឃើ​ប៊ី​យ៍ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ បាន​បន្តទៀតថា “តែ​យើង​មើលឃើញ​យ៉ាងច្បាស់​ថា ច្រើនជាង​កាលពី​ឆ្នាំ2014 ទៅទៀត”

    “យើង​យល់ឃើញថា កា​រប​ន្កើ​ន​កម្លាំង​ទាហាន​បែបនេះ គឺជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​មែនទែន”

    ខណៈពេល​ជាមួយគ្នា លោក និ​ដ ផ្រៃ​ស៍ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន “ព្រួយបារម្ភ​យ៉ាងខ្លាំង” ចំពោះ​ផែនការ​របស់​ប្រទេស​រុស្ស៊ី ក្នុង​ការហាម​មិនឱ្យ​នាវាចម្បាំង​បរទេស និង​នាវា​ប្រភេទផ្សេងៗទៀត ឆ្លងកាត់​ចូលទៅ​កាន់​ទីតាំង​មួយចំនួន​របស់​មហាសមុទ្រ​ខ្មៅ រយៈពេល 6ខែ។

    លោក​ផ្រៃ​ស៍ បាន​ថ្លែងថា “នេះ គឺ​ម្ដង​ទៀតហើយ ដែល​ក្រុង​ម៉ូស្គូ លើកកម្ពស់​ភាព​តានតឹង​ជា​ឯកតោភាគី ដើម្បី​ចង់​កាត់បន្ថយ​ស្ថិរភាព​របស់​ប្រទេស​អ៊ុយ​ក្រែ​ន”

    ឯ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​វិញ ព្រួយបារម្ភ​ថា ប្រទេស​រុស្ស៊ី ដែល​ផ្ដល់​ការគាំទ្រ ទាំង​ខាង​នយោបាយ និង​យោធា​ទៅ​ក្រុម​ឧទ្ទាម​បែងចែក​ទឹកដី នៅក្នុង​ភូមិភាគ ដុង​បាស់ (Donbass) ភាគ​ខាងកើត អាច​កំពុង​រក​លេស ដើម្បី​ចាប់ផ្ដើម​ធ្វើការ​វាយប្រហា​រ ខណៈដែល​ក្រុង​ម៉ូស្គូ អះអាងថា “មិនដែល​គំរាម​អ្នកណា​ឡើយ” ព្រមទាំង​ចោទប្រកាន់ ក្រុង​គៀវ ថា សម្ដែង​អាកប្បកិរិយា​ញុះញង់។

    សង្គ្រាម​ក្នុង​ភូមិភាគ ដុង​បា​ស់ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អស់​ច្រើនជាង 13,000នាក់​ទៅហើយ និង​ធ្វើឱ្យ​មនុស្ស​ជិត 1.5លាន​នាក់​ទៀត ត្រូវ​ឃ្លាត​ចាក​ពី​ទីលំនៅ ក្រោយពី​ទំនាស់​បាន​ផ្ទុះឡើង​កាលពី 7ឆ្នាំមុន ដោយសារ​ការដែល​ប្រទេស​រុស្ស៊ី​នាំ​កម្លាំង​ទាហាន ចូល​ដណ្ដើមយក​ឈូង​សមុទ្រ​គ្រី​មៀ ពី​ប្រទេស​អ៊ុយ​ក្រែ​ន។

    ថ្មីៗនេះ ការិយាល័យ​គ្រប់គ្រង​ការហោះហើរ​នៃ​សហរដ្ឋអាមេរិក (FAA) បានប្រកាស​ព្រមាន​ពី​ភាព​ប្រឈម​​ចំពោះ​​អាកាស​យាន​ និង​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ផ្សេងៗ ឱ្យ “មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត” បើ​ចាំបាច់​ត្រូវ​ហោះ​កាត់​ពីលើ​ដែនអាកាស​ព្រំដែន​រុស្ស៊ី-អ៊ុយ​ក្រែ​ន ក្នុងអំឡុង​ពេលនេះ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters, AFP
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • WHO អះអាងថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

    WHO អះអាងថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

    កាលពី​ថ្ងៃទី19មេសា​កន្លងទៅ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ពិភពលោក​មាន​ឧបករណ៍​នានា​ដើម្បី​នាំ​មហា​រោគរាតត្បាត Covid-19 នៅ​ទូទាំង​ពិភពលោក ចូលទៅក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន នា​ប៉ុន្មាន​ខែ​ខាងមុខ។

    ក្នុង​សន្និសីទ​សារព័ត៌មាន មេដឹកនាំ WHO បាន​លើកឡើងថា៖ «យើង​មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​គ្រប់គ្រង​មហា​រោគរាតត្បាត​បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ បើសិន​យើង​ប្រើប្រាស់​មធ្យោបាយ​ទាំងនេះ​ប្រកបដោយ​ឯកភាព និង​សមភាព»។

    ក្នុង​ថ្ងៃ​ដដែល​នោះ គណៈកម្មការ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់​របស់ WHO ក៏បានផ្ដល់​អនុសាសន៍​ថា មិនចាំបាច់​ប្រើប្រាស់​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​សម្រាប់​ការ​ដើរហើរ​លក្ខណៈ​អន្តរជាតិ​នោះទេ។ ប្រការនេះ​ធ្វើឱ្យ​បញ្ហា​ចម្រូងចម្រាស​ដែលមាន​ស្រាប់​នេះ កាន់​តែមាន​ភាពស្មុគស្មាញ។

    គណៈកម្មការ​ខាងលើ​យល់ថា ប្រទេស​នានា​គួរតែ​ទទួលស្គាល់ថា ការតម្រូវ​ឱ្យមាន​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង ធ្វើឱ្យ​បញ្ហា​មិន​ស្មើភាព​គ្នា​របស់​ពិភពលោក កាន់តែ​ធ្ងន់ធ្ងរឡើងៗ ព្រមទាំង​ជំរុញ​ឱ្យ​សិទ្ធិ​ដើរហើរ​ប្រែ​ទៅជា​រឿង​អយុត្តិធម៌​ទៅវិញ។

    យោងតាម worldometers.info គិត​មកដល់​ល្ងាច​ថ្ងៃទី20 ខែមេសា (នៅ​ភ្នំពេញ) ពិភពលោក​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន 142,723,918នាក់ ក្នុងនោះ ​មាន​អ្នកស្លាប់​រហូត​ដល់​ 3,043,595នាក់, អ្នក​ជំងឺ​បាន​ជា​សះស្បើយ 121,240,304នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 18,440,019នាក់៕

    ប្រភព៖ CNA
    ប្រែសម្រួល​៖ បុត្រា

  • Covid-19! កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 431​នាក់​ និង​ជាសះស្បើយ​ 31​នាក់​ ក្នុង​ថ្ងៃទី​19​មេសា​

    Covid-19! កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 431​នាក់​ និង​ជាសះស្បើយ​ 31​នាក់​ ក្នុង​ថ្ងៃទី​19​មេសា​

    នា​វេលា​ថ្ងៃ​ត្រង់​ នៃ​​​ថ្ងៃទី 20មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 431​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 19​​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ទាំង 431​នាក់​ខាងលើ​នេះ ​មាន​ 2​នាក់​ជា​ករណី​នាំ​ចូល​ដែល​មិន​មែន​ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​ និង​ 429​នាក់​ទៀត​​ សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 19​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 31​​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 4​នាក់​​​។

    គិត​មកដល់បច្ចុប្បន្ន​ (20​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 7,444​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,555​​នាក់, អ្នកស្លាប់ 49​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,835​​​​​នាក់៕
    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា