Author: សឿន សំណាង

  • រូបភាព​រន្ធត់! វិបត្តិ​កូ​វីដ​ឥណ្ឌា នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា ដូច​ព្យុះសង្ឃរា​ចាប់​អង្រួន​ប្រទេស

    រូបភាព​រន្ធត់! វិបត្តិ​កូ​វីដ​ឥណ្ឌា នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា ដូច​ព្យុះសង្ឃរា​ចាប់​អង្រួន​ប្រទេស

    កាលពី​ថ្ងៃទី25 មេសា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ពី​វិបត្តិ​កូ​វីដ-19 ដែល​ឆ្លង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ស្ថិតិ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ បាន​បំបែក​ស្ថិតិ​ពិភពលោក លើស 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ ដោយ​កាលពី​ថ្ងៃទី24 មេសា មាន​ចំនួន 349,691នាក់ និង​ស្លាប់ 2,767នាក់ ក្នុងអំឡុងពេល 24ម៉ោង។

    សម្រាប់​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប បាន​ឡើង​ជិត​ដល់ 17លាន​នាក់ ចំណែក​ចំនួន​អ្នកស្លាប់ កើនឡើង​ដល់ 192,310នាក់។ បច្ច័យ​ចម្បង​របស់​ការឆ្លង​រាលដាល​ដ៏​ធ្ងន់ធ្ងរ​នេះ បណ្ដាលមកពី​មេរោគ​កូ​វីដ-19ក្លាយ​ពូជ រួមទាំង​ការប្រមូល​ផ្ដុំគ្នា ក្នុង​រដូវ​កាល​ខាង​សាសនា ដែលមាន​ប្រជាជន​នាំគ្នា​ហែ​មក​ចូលរួម​ជាច្រើន​លាន​នាក់ កាលពីដើម​ខែមេសា។

    ក្រៅពី​វិបត្តិ​អ្នកជំងឺ ហៀរ​មន្ទីរពេទ្យ​ហើយ បរិមាណ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ដែល​ទុក​ព្យាបាល​អ្នកជំងឺ ក៏មាន​មិន​គ្រប់គ្រាន់ រហូត​ធ្វើឱ្យ​អ្នកជំងឺ​អាការ​ធ្ងន់ធ្ងរ ត្រូវស្លាប់​យ៉ាង​គួរ​តក់ស្លុត។

    ក្រៅពីនោះ ប្រទេស​ឥណ្ឌា ថែមទាំង​ត្រូវ​ប្រឈម​នឹង​ចំនួន​សាកសព​អ្នកជំងឺ​កូ​វីដ-19 ដែលមាន​ច្រើន​ហៀរ​កន្លែង​តម្កល់សព​ជា​បន្តបន្ទាប់ រហូតដល់​អាជ្ញាធរ​ត្រូវ​អាស្រ័យ​លើ​ការដុត​បូជា នៅតាម​ទីវាលស្រឡះៗ ដោយ​បណ្ដា​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ បាន​ដឹក​សាកសព​យកមក​ដាក់​នៅ​កន្លែង​ឈាបនកិច្ច​បណ្ដោះអាសន្ន​យ៉ាង​បន្តកន្ទុយ​គ្នា​ឥតឈប់ឈរ អ្នកខ្លះ​អាច​ត្រូវ​រង់ចាំ​បូជាសព​សាច់ញាតិ យូរ​រហូតដល់​ទៅ 6ម៉ោង​ក៏មាន។

    រូបភាព​ពី​យន្តហោះ​ដ្រូ​ន បានបង្ហាញ​ឱ្យឃើញ​ទីកន្លែង​បូជាសព​ដ៏​ធំ​ទូលាយ​មួយ នៅក្នុង​ទីក្រុង​នី​វ​ដេលី មាន​គំនរ​ភ្លើង​ជាចំណុច។ សាកសព​ត្រូវបាន​រុំ​ជុំជិត​ដោយ​ក្រណាត់ស និង​ត្រូវ​គរ​សង្កត់ពីលើ​ដោយ​គំនរ​អុស មុននឹង​បញ្ឆេះ​ភ្លើង ដុត​បូជា​ដោយ​អាជ្ញាធរ និង​សាច់ញាតិ​ដែល​សុទ្ធតែ​ស្លៀក​ឈុត PPE ពណ៌​ស ការពារ​ខ្លួន​យ៉ាង​គត់មត់។

    គិត​តាំងពី​ថ្ងៃទី15 មេសា​មក ប្រទេស​ឥណ្ឌា មាន​របាយការណ៍​អ្នក​ឆ្លង​កូ​វីដ ខ្ពស់​លើស 2សែន​នាក់ ដែល​ច្រើនជាង​ស្ថិតិ​ខ្ពស់បំផុត​ប្រចាំឆ្នាំ2020 ដែល​មានតែ 93,000នាក់​ក្នុង 1ថ្ងៃនោះ​ទៅទៀត បន្ទាប់ពីនោះ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ថែមទាំង​បាន​កើនឡើង​ដល់​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ​ហើយ​ទៀតផង។

    លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ថ្លែង​អំពាវនាវ សុំឱ្យ​ប្រជាជន​គ្រប់រូប ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង និង​ប្រយ័ត្ន​ខ្លួនឯង​ពី “ព្យុះសង្ឃរា​នៃ​ការឆ្លង​មេរោគ” ដែល​គ្រានេះ​បាន​ញាប់​ញ័រ​រញ្ជួយ​ទូទាំងប្រទេស។

    លោក​ម៉ូ​ឌី បាន​ថ្លែងថា “ការឆ្លង​រាលដាល​រលក​ទី1 យើង​តស៊ូ​ប្រយុទ្ធ រហូត​បាន​ជោគជ័យ រហូត​មាន​ជឿជាក់ តែ​គ្រានេះ ព្យុះសង្ឃរា បាន​វាយ​បោកបក់​ទូទាំងប្រទេស​រហូត​ញ័រ​រញ្ជួយ”

    រដ្ឋបាល​លោក ម៉ូ​ឌី ត្រូវ​រង​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ថា បាន​បណ្ដោយឱ្យ​ការការពារ​ខ្លួន​ធ្លាក់ចុះ និង​ធ្វេសប្រហែស មានការ​រៀបចំ​ពិធី​ជួបជុំ​របស់​មនុស្ស​ចំនួន​ដ៏​ច្រើន ទាំង​ពិធី​ខាង​សាសនា និង​កិច្ចការងារ​ខាង​នយោបាយ ដោយ​មិនបាន​ត្រៀម​រួចជាស្រេច​នូវ​ប្រព័ន្ធ​សុខភាព​សាធារណៈ សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​នេះឡើយ។

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

     

  • ក្រោយ​រកឃើញ​សាកសព​នាវាមុជទឹក KRI Nanggala ដែល​​បាន​បាត់​ខ្លួន តំណាងរាស្ត្រ​ឥណ្ឌូនេស៊ី​សង្ស័យថា «អាចមកពី​កំហុស​នៃ​ការ​ជួសជុល​នៅ​កូរ៉េខាងត្បូង»

    ក្រោយ​រកឃើញ​សាកសព​នាវាមុជទឹក KRI Nanggala ដែល​​បាន​បាត់​ខ្លួន តំណាងរាស្ត្រ​ឥណ្ឌូនេស៊ី​សង្ស័យថា «អាចមកពី​កំហុស​នៃ​ការ​ជួសជុល​នៅ​កូរ៉េខាងត្បូង»

    តំណាងរាស្ត្រ និង​ជា​អតីត​ឧត្ដមសេនីយ៍​យោធា TB Hasanuddin សំដែង​ការព្រួយបារម្ភ​ថា នាវាមុជទឹក KRI Nanggala ដែល​បាន​លិច​នោះ​គឺ អាច​បណ្ដាលមកពី​ការជួសជុល​នៅឯ​ប្រទេស​កូរ៉េខាងត្បូង អំឡុង​ឆ្នាំ 2010-2012។

    «ការជួសជុល​នៅ​កូរ៉េខាងត្បូង មិន​ត្រឹមតែ​ផ្លាស់​គ្រឿងបន្លាស់​នោះទេ តែ​ក៏​ប៉ះពាល់​ដល់​គ្រោង​នាវាមុជទឹក​នេះ​ផងដែរ ពិសេស​គឺ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ទឹក» អតីតមន្ត្រី​យោធា​ជាន់ខ្ពស់ Hasanuddin និង​ជា​សមាជិក​នៃ​គណៈកម្មការ​ការពារជាតិ ការបរទេស និង​ព័ត៌មាន នៃ​សភា​ជាន់​ទាប​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ម្សិលមិញ (25 មេសា) អំពី​នាវាមុជទឹក KRI Nanggala ដែល​បាន​លិច​នៅឯ​សមុទ្រ Bali។

    KRI Nanggala ត្រូវបាន​ជួសជុល​នៅ​កូរ៉េខាងត្បូង ក្នុងអំឡុង​ឆ្នាំ 2010-2012 ដើម្បី​ផ្លាស់​អាគុយ និង​គ្រឿង​ម៉ាស៊ីន ក៏ដូចជា​បំពាក់​ប្រព័ន្ធ​កំណត់​ទិស sonar និង​ប្រព័ន្ធគ្រប់គ្រង​ការប្រយុទ្ធ។

    តំណាងរាស្ត្រ Hasanuddin ឱ្យដឹងថា ការជួសជុល​នេះ ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ 75លាន​ដុល្លារ​អាមេរិក និង​បាន​បន្ថែមថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ទឹក ធ្លាប់បាន​បរាជ័យ ដោយសារ​បំពង់​បាញ់​មី​ស៊ី​ល ជួប​បញ្ហា បណ្ដាលឱ្យ​នាវិក 3នាក់ ត្រូវ​បាត់បង់​ជីវិត។ បន្ទាប់មក វា​ក៏​ត្រូវបាន​ជួសជុល​ឡើងវិញ។

    សាកសព​នាវា​មុជ​ទឹក​ KRI Nanggala

    «ខ្ញុំ​សង្ស័យថា លទ្ធផល​នៃ​ការជួសជុល បាន​នាំឱ្យមាន​កំហុសឆ្គង បណ្ដាលឱ្យ​នាវា Nanggala ត្រូវ​លិច» នេះ​បើតាម​សំដី​របស់ Hasanuddin។ លោក​ក៏បាន​ស្នើឱ្យ​ផ្អាក​ដំណើរការ​នាវាមុជទឹក KRI Cakra ដែល​ស្ថិតក្នុង​ប្រភេទ​ជាមួយនឹង KRI Nanggala។

    កងកម្លាំង​ជួយសង្គ្រោះ បាន​រកឃើញ​សាកសព​នាវាមុជទឹក KRI Nanggala ស្ថិតនៅ​បាទសមុទ្រ Bali ជម្រៅ 838ម៉ែត្រ ដែលមាន​ចម្ងាយ​ពី​កន្លែង​មុជ​លើកចុងក្រោយ​ប្រមាណ​តែ 1.4គីឡូម៉ែត្រ​ប៉ុណ្ណោះ។

    មេបញ្ជាការ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី Yudo Margono កាលពី​ថ្ងៃទី​ល្ងាច​ថ្ងៃទី25 មេសា បានឱ្យដឹងថា៖ «នាវាមុជទឹក KRI Nanggala បាន​បែកបាក់​ជា​បី​ចំណែកធំ»។ ចំណែក​មេបញ្ជាការ​កង​ទ័ព​ឥណ្ឌូនេស៊ី Hadi Tjahjanto បញ្ជាក់ថា៖ «នាវិក​ទាំង 53នាក់​ដែល​នៅក្នុង​នាវាមុជទឹក​នេះ បាន​បាត់​បង់ជីវិត»៕

    ប្រភព​៖ AFP, Detik News
    ប្រែសម្រួល​៖ បុត្រា

  • ចេញ​សញ្ញា​ក្ដៅគគុក!! ភ្លើង​ឆេះ​​កប៉ាល់​​​ដឹក​ប្រេង ក្រៅ​ឈូង​សមុទ្រ​ស៊ី​រី សង្ស័យ​ត្រូវ យន្តហោះ​ដ្រូ​នស​ត្រូវ បាញ់​កម្ទេច

    ចេញ​សញ្ញា​ក្ដៅគគុក!! ភ្លើង​ឆេះ​​កប៉ាល់​​​ដឹក​ប្រេង ក្រៅ​ឈូង​សមុទ្រ​ស៊ី​រី សង្ស័យ​ត្រូវ យន្តហោះ​ដ្រូ​នស​ត្រូវ បាញ់​កម្ទេច

    ក្រសួង​ថាមពល នៃ​ប្រទេស​ស៊ី​រី បាន​បង្ហើប​ឱ្យដឹងថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ត្រូវបាន​បញ្ជូនទៅ​ពន្លត់ភ្លើង​ដែល​ឆេះ​នាវា​ដឹក​ប្រេង ១គ្រឿង នៅក្រៅ​ឈូង​សមុទ្រ​របស់​ប្រទេសមួយ​នេះ កាលពី​ថ្ងៃ​សៅរ៍ (ទី24មេសា) ក្រោម​ការសង្ស័យថា វា​អាច​ត្រូវ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន ១គ្រឿង ដែលមាន​ទិសដៅ​ហោះ​មកពី​ដែនសមុទ្រ​លេ​បា​ណុន។

    អត្តសញ្ញាណ​របស់​នាវា​ផ្ទុក​ប្រេង 1គ្រឿង​នេះ មិនបាន​បង្ហាញ​ច្បាស់លាស់​ឡើយ ដោយ​ខាង​ស្ថានីយទូរទស្សន៍ អាល់-អា​ឡា​ម របស់​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ជាក់ថា វា​ជា​នាវា​មួយ ក្នុងចំណោម​នាវា​ដឹក​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​កាលពីពេលថ្មីៗនេះ ទើបនឹង​ចូល​ចត​នៅ​កំពង់ផែ​ឃ្លាំង​ប្រេង​របស់​ប្រទេស​ស៊ី​រី  តែ​ខាង​ទីភ្នាក់ងារ​ព័ត៌មាន ថា​ស្នី​ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់កណ្ដាល​រដ្ឋ​របស់​អ៊ីរ៉ង់​ដូចគ្នា បាន​រាយការណ៍​ខុសពី​គ្នា ដោយបាន​ប្រាប់ថា វា​មិនមែនជា​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ទេ។

    អាល់-អា​ឡា​ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អារ៉ាប់ របស់​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ជាក់ថា កប៉ាល​ផ្ទុក​ប្រេង 1គ្រឿង​នេះ បាន​រង​ការខូចខាត​មួយផ្នែក និង​មិនមាន​អ្នកស្លាប់​ទេ តែ​ខាង ថា​ស្នី​ម បាន​រាយការណ៍ ដោយ​អាង​លើ​ប្រភពព័ត៌មាន ដែល​បាន​ប្រាប់ថា  “ហេតុការណ៍​នេះ​កើតឡើង​ទៅលើ​នាវា 1គ្រឿង​ផ្សេងទៀត និង​មិនមាន​ភាព​ពាក់ព័ន្ធ​គ្នា ជាមួយ​នាវា​ដែល​កំពុង​ផ្ទុកទំនិញ​របស់​អ៊ីរ៉ង់​នោះទេ”

    ចំណែក Tanker Trackers វេ​ប​សាយ​តាមដាន​ការធ្វើដំណើរ​របស់​កប៉ាល​ដឹក​ប្រេង បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា កប៉ាល​ដឹក​ប្រេង ដែល​ត្រូវបាន​ប្រទះឃើញ​ភ្លើង​ឆាបឆេះ​នៅក្រៅ​ឈូង​សមុទ្រ​ទីក្រុង បា​នី​យ៉ា​ស មិនមែនជា​កប៉ាល​រប​ស់​ប្រទេស​អ៊ីរ៉ង់​ទេ តែ​វា​មាន​លេខ​បញ្ជី​លេ​បា​ណុន។

    ទោះជា​ដូច្នេះ​ក្ដី សា​ណា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ស៊ី​រី ដែល​អាង​លើ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ថាមពល បាន​ហៅ​រឿងនេះ​ថា ជាហេតុ​ការណ៍​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន តែ​មិនបាន​ផ្ដល់​សេចក្ដីលម្អិត​បន្ថែម​អំពី​ហេតុ​ការណ៍​​នេះឡើយ និង​ទីភ្នាក់ងារ​ព័ត៌មាន អាល់-ម៉ា​យ៉ា​ឌី​ន ស្ថានីយទូរទស្សន៍​គាំទ្រ​ប្រទេស​ស៊ី​រី បាន​រាយការណ៍​ដោយ​សង្ស័យថា កប៉ាល​ផ្ទុក​ប្រេង​នេះ ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​របស់​អ៊ីស្រាអែល។ តែ ខាង​កងទ័ព​អ៊ីស្រា​អែល បាន​បដិសេធ ផ្ដល់​ការយល់ឃើញ​ណាមួយ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នេះ។

    គួរ​បញ្ជាក់ដែរថា ហេតុការណ៍​នេះ​កើតឡើង ក្នុងខណៈដែល​អ៊ីស្រាអែល កំពុង​បង្កើន​ប្រតិបត្តិការ​វាយប្រហារ​គោល​ដៅផ្សេងៗរបស់​អ៊ីរ៉ង់ ក្នុងនោះ​រួមមាន​ទីតាំង​សង្ស័យ​ផលិត​អាវុធ​របស់​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ទប់ស្កាត់​នូវ​អ្វីដែល​ពួកគេ​មើលឃើញថា ជាការ​រុករាន​ឈ្លានពាន​ខាង​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី របស់​អ៊ីរ៉ង់៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល តា​វ៉ែនតា

  • កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

    កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី25 មេសា​នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដូចខាងក្រោម៖

  • អាស៊ាន៖ សម្រេចបាន​ឆន្ទា​មតិ 5ចំណុច ក្រោយ​ពិភាក្សា​ជាមួយ​លោក មីន អង់​ឡាយ បញ្ចប់​វិបត្តិ​មី​យ៉ាន់​ម៉ា

    អាស៊ាន៖ សម្រេចបាន​ឆន្ទា​មតិ 5ចំណុច ក្រោយ​ពិភាក្សា​ជាមួយ​លោក មីន អង់​ឡាយ បញ្ចប់​វិបត្តិ​មី​យ៉ាន់​ម៉ា

    ក្រុម​មេដឹកនាំ​ប្រទេស​ក្នុង​ភូមិភាគ​អាស៊ី​ភាគ​អាគ្នេយ៍ បាន​ថ្លែងថា ពួកគេ​បាន​ឯកភាព​លើ​ផែនការ​មួយចំនួន​ជាមួយនឹង​មេដឹកនាំ​ក្រុម​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី24 មេសា ដើម្បី​បញ្ចប់​វិបត្តិ​ក្នុងប្រទេស​នោះ តែ​មេដឹកនាំ​រដ្ឋប្រហារ​រូបនោះ មិនបាន​ឆ្លើយតប​យ៉ាងច្បាស់​លាស់ ចំពោះ​សំណូមពរ​ឱ្យ​បញ្ឈប់​ការសម្លាប់​អ្នក​តវ៉ា​ប្រឆាំង​ដែលជា​ពលរដ្ឋ​នោះទេ។

    “វា​លើសពី​ការរំពឹងទុក​របស់​យើង…” លោកនាយក​រដ្ឋមន្ត្រី មូ​យី​ត​ឌី​ន យ៉ា​ស់​ស៊ីន របស់​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន ក្រោយ​កិច្ចប្រជុំ​មេដឹកនាំ​នៃ​ប្រជាជាតិ​អាស៊ាន ដែល​លោក​ឧត្ដមសេនីយ៍ឯក មីន អង់​ឡាយ បាន​ចូលរួម​ប្រជុំ​ផងដែរ​នោះ។

    មេដឹកនាំ​ម៉ាឡេស៊ី បាន​ថ្លែងបន្តថា៖ “យើង​ព្យាយាម មិន​និយាយ​ចោទប្រកាន់​ភាគី​គាត់ ច្រើន​ជ្រុល​ពេក​ទេ ព្រោះ​យើង​មិនបាន​ខ្វល់​ថា អ្នកណា​ជា​អ្នកបង្ក​នោះទេ យើង​គ្រាន់តែ​បញ្ជាក់ថា អំពើហិង្សា ត្រូវតែ​បញ្ចប់ សម្រាប់​គាត់ បញ្ហា​កើតឡើង គឺ​ដោយសារតែ​ភាគី​ម្ខាង​ទៀត តែ​គាត់​យល់ស្រប​ថា អំពើហិង្សា ត្រូវតែ​បញ្ឈប់”

    ក្រុម​មេដឹកនាំ​ក្នុងប្រទេស​អាស៊ាន ត្រូវការ​ការសន្យា​ពី​លោក មីន អង់​ឡាយ ក្នុងការ​រារាំង​កងក​ម្លាំ​ង​សន្តិសុខ​របស់គាត់ ដែល​ក្រុមអ្នកតាមដាន​ស្ថានការណ៍ និង​ក្រុម​សកម្មជន បាន​បញ្ជាក់ថា បានសម្លាប់​មនុស្ស​អស់ 745នាក់​ហើយ ចាប់តាំងពី​កើតមាន​ការតវ៉ា​ប្រឆាំង​បែប​អហិង្សា ដើម្បី​តតាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី1 កុម្ភៈ ហើយ​ពួកគេ​ទាំងនោះ នៅតែ​ត្រូវ​ការឱ្យ​ដោះលែង​អ្នកទោសនយោបាយ​ផងដែរ។

    មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី បាន​បន្តថា៖ “គាត់​មិនបាន​បដិសេធ​នូវ​អ្វីដែល​ខ្ញុំ និង​មេដឹកនាំ​ឯទៀត​លើក​យកមក​ពិភាក្សា​នោះទេ”

    ចំណែក​ឯការ​ថ្លែងការណ៍​របស់​ប្រទេស​ប្រ៊ុយណេ ដែលជា​ប្រធាន​អាស៊ាន​វិញ បានបញ្ជាក់​អំពី​ឆន្ទា​មតិ ដែល​សម្រេចបាន 5ចំណុច ប្រកបដោយ៖ ការបញ្ឈប់​អំពើហិង្សា, ការចរចា​ដែល​រីកចម្រើន​រវាង​គ្រប់ភាគី​ដែល​ពា​ក៉​ព័ន្ធ, អ្នកតំណាង​ពិសេស​របស់​អាស៊ាន នឹង​សម្របសម្រួល​ក្នុង​ការចរចា, ការទទួលយក​ជំនួយ និង​ការ​ទៅ​ចូលទៅ​ទស្សនកិច្ច​របស់​អ្នកតំណាង​ពិសេស  តែ​យ៉ាងណាក្ដី មិន​មានការ​ថ្លែង​អំពី​ការដោះលែង​អ្នកទោសនយោបាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះទេ។

    “គាត់​ប្រាប់ថា គាត់(លោក​មីន អង់​ឡាយ) ទទួល​ស្ដាប់​ពួកយើង ហើយ​គាត់​នឹង​នាំយកទៅ​ពិចារណា​ថា តើ​វា​មាន​ចំណុច​ណាខ្លះ ដែលជា​ប្រយោជន៍?” លោក លី ស៊ាន​លុង នាយករដ្ឋមន្ត្រី​របស់​សិង្ហ​បុរី បាន​ថ្លែង​បែបនេះ តាម​ការរាយការណ៍រ​បស់​ស្ថានីយទូរទស្សន៍ Channel NewsAsia។

    មេដឹកនាំ​ប្រទេស​សិង្ហ​បុរី បាន​បន្តថា “គាត់​មិនបាន​ប្រឆាំងនឹង​អាស៊ាន ដែលមាន​តួនាទី​សម្របសម្រួល ឬ​ការ​ទៅ​ទស្សនកិច្ច​របស់​ក្រុម​អ្នកតំណាង​អាស៊ាន ឬ​ការជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​ណាមួយ​ទេ”

    តែ​លោក លី បាន​បន្ថែមថា ការងារ​នេះ នៅ​ត្រូវ​ដំណើរ​ការបន្ត​យូរ​តទៅទៀត ព្រោះ​មានរឿង​មួយ ដែល​នឹងត្រូវ​ធ្វើឱ្យ​បានសម្រេច គឺ​បញ្ឈប់​អំពើហិង្សា និង​ដោះលែង​អ្នកទោសនយោបាយ។

    តែ ទាំងអស់នេះ មិនទាន់មាន​ការយល់​ឃើញ​ណាមួយ​ពី​លោក​ឧត្ដមសេនីយ៍ មីន អង់​ឡាយ នៅឡើយ។

    លោក ឆា​លស៍ សាន​ទី​អេ​ហ្គោ ប្រធាន​សមាជិក​រដ្ឋសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​ថ្លែងថា “ការដោះលែង​អ្នកទោសនយោបាយ គឺជា​រឿង​ចាំបាច់​មួយ សម្រាប់​បញ្ឈប់​អំពើហិង្សា”

    លោក សាន​ទី​អេ​ហ្គោ បញ្ជាក់ថា “អាស៊ាន​ត្រូវតែ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​កំណត់​ពេលវេលា​ឱ្យបាន​ច្បាស់លាស់ សម្រាប់​លោក​មីន អង់​ឡាយ ក្នុង​ការបញ្ឈប់​អំពើហិង្សា ឬ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការឱ្យ​គាត់​ទទួលខុសត្រូវ”

    ការជួបប្រជុំគ្នា​របស់​អាស៊ាន​នេះ គឺជា​ការព្យាយាម​រវាង​ប្រទេស​ជា​លើកដំបូង ក្នុង​ការជួយ​សម្រាល​វិបត្តិ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​កើត​ការធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​បានមកពី​ការបោះឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី។ មី​យ៉ាន់​ម៉ា គឺជា​ប្រទេសមួយ ក្នុងចំណោម 10ប្រទេស​សមាជិក​អាស៊ាន ដែលមាន​នយោបាយ​ការសម្រេចចិត្ត ដែលជា​ឆន្ទា​មតិ និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

     

  • ផ្សារធំៗទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19

    ផ្សារធំៗទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19

    អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង 14 របស់​រាជធានី​ភ្នំពេញ ពិនិត្យ​សកម្មភាព​នានា​របស់​ផ្សារ​ទាំងឡាយ​នៅក្នុង​រាជធានី ដើម្បី​ត្រៀម​សម្រាប់​ការបិទ​ផ្សារធំៗទាំងអស់​ជា​បន្តទៀត។

    អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានលើកឡើង​ដូចខាងលើ​នេះ នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាលា​រាជធានី កាលពី​ថ្ងៃទី23 ខែមេសា ឆ្នាំ2021 ដោយមាន​វត្តមាន​រប​ស់​អភិបាលខណ្ឌ​ទាំង14 ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

    កិច្ចប្រជុំ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ​គឺ​ដើម្បី​ពង្រឹង​លើ​កិច្ចការ​ស្នូល​មួយចំនួន ក្នុងនោះ​មានដូចជា ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​រាជធានី វិធានការ​សម្រាប់​ការបិទ​ផ្សារធំៗ និង​កិច្ច​ការយក​សំណាក​របស់​អ្នក​ត្រូវ​សង្ស័យថា​បាន​ឆ្លង​វីរុស​Covid-19 នៅក្នុង​រាជធានី​ភ្នំពេញ។ល។

    អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា មូលហេតុ​ដែលនាំឱ្យ​អាជ្ញាធរ​បាន​បិទ​ផ្សារ​កន្លងមក និង​ត្រៀម​បិទ​ជា​បន្តបន្ទាប់​ទៀត​នាពេល​ខាងមុខនេះ​គឺ ដោយសារ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ដែល​ទៅ​ផ្សារ ហាក់​មិនមាន​ការភ័យខ្លាច​អំពី​ការឆ្លង​វីរុស​នេះ​សោះឡើយ។

    រដ្ឋបាល​រាជធានី បាន​បញ្ជាក់ថា ផ្សារ​ទាំងឡាយ​របស់​រា​ជ​ធានី​ភ្នំពេញ​ដែល​នឹងត្រូវ​បិទ​នាពេលខាងមុខ មានដូចជា ផ្សារ​គីឡូម៉ែត្រ​លេខ6, ផ្សារ​គីឡូម៉ែត្រ​លេខ7 និង​ផ្សារ​ព្រែក​ព្នៅ​ជាដើម។ ថ្វីបើ​មានការ​បិទ​ផ្សារ ប៉ុន្តែ ពលរដ្ឋ​នៅតែ​អាច​ទិញ​បន្លែ ត្រី​សាច់​បាន តាមរយៈ​ផ្សារ​អន​ឡាញ និង​អ្នកលក់​តាម​ឡាន ឬ​រទេះ​ជាដើម។ តាម​គម្រោង ការបិទ​ផ្សារ​ខាងលើនេះ​នឹងត្រូវ​បានប្រកាស​ដោយរ​ដ្ឋ​បាល​រាជធានី​នា៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់៖ បុត្រា

  • ច្បាស់​មែនទែន!  NASA បង្ហាញ​រូបភាព​ពណ៌ ថត​ពីលើ​ឧទ្ធម្ភាគចក្រ ដែល​ហោះ 2ជុំ លើ​ពិភព​ផ្កាយ​ព្រះ​អង្គារ

    ច្បាស់​មែនទែន!  NASA បង្ហាញ​រូបភាព​ពណ៌ ថត​ពីលើ​ឧទ្ធម្ភាគចក្រ ដែល​ហោះ 2ជុំ លើ​ពិភព​ផ្កាយ​ព្រះ​អង្គារ

    អង្គការ NASA របស់​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​រូបភាព​ពណ៌ ដែល​ថត​ពីលើ​ឧទ្ធម្ភាគចក្រ “Ingenuity” ដែល​​ហោះ​ឡើង​ទៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ ជា​លើក​ទី2 ថ្មីៗនេះ និង​កំពុង​ត្រៀម​ឡើង​ហោះ​ជា​លើក​ទី3 នៅ​ថ្ងៃ​ទី​២៥ មេសា។

    វេ​ប​សាយ​ព័ត៌មាន CNN បាន​រាយការណ៍​ថា អង្គការ​គ្រប់គ្រង​ការហោះហើរ​អវកាស​នៃ​សហរដ្ឋអាមេរិក ឬ NASA បាន​ផ្សព្វផ្សាយ​រូបភាព​ពណ៌ ដែល​ថត​បាន​ដោយ​គ្រឿងយន្ត​ឧទ្ធម្ភាគចក្រ Ingenuity ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់ ៥ម៉ែត្រ ពីលើ​ផ្ទៃដី​នៃ​ពិភព​ផ្កាយ​ព្រះ​អង្គារ ក្នុងអំឡុង​ការសាកល្បង​ហោះ​លើក​ទី2 កាលពី​ថ្ងៃទី22 មេសា​កន្លងទៅ ដោយ​ប្រើ​ពេលវេលា​ទាំងអស់ 52វិនាទី ស៊ីពេល​យូរ​ជាង​ការហោះ​ជុំ​ដំបូង​ដល់​ទៅ 12វិនាទី។

    តាមរយៈ​រូបភាព​ដែល​ថត​បាន​នេះ បានបង្ហាញ​ឱ្យឃើញ​ផ្ទៃដី​របស់​ពិភព​ផ្កាយ​ព្រះ​អង្គារ ដែល​ពេញ​ទៅដោយ​ធូលី​ដី និង​ដុំថ្ម និង​ថែមទាំង​ឃើញ​មាន​ស្នាម​កង់​របស់​គ្រឿងយន្ត​ស្រាវជ្រាវ Perseverance ដែល​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ​នោះ​ទៀតផង។

    NASA បាន​បញ្ជាក់ថា ខណៈ​នេះ Ingenuity កំពុង​ត្រៀម​សាកល្បង​ការហោះហើរ​លើក​ទី3 នៅ​ថ្ងៃទី25 មេសា តាម​ផែន​ការហោះ​ឡើង ក្នុង​រយៈកម្ពស់ ៥ម៉ែត្រ ល្បឿន 7.2គីឡូម៉ែត្រ​ក្នុង 1ម៉ោង ចម្ងាយ​ហោះ​ត្រឡប់ 100​ម៉ែត្រ។

    គ្រឿងយន្ត ឧទ្ធម្ភាគចក្រ Ingenuity នេះ មាន​ទម្ងន់ 1.8គីឡូក្រាម មានតម្លៃ 85លាន​ដុល្លារ ដោយមាន​ការនាំយក​គ្រឿង​ផ្គុំ​របស់​យន្តហោះ Wright Flyer  របស់ 2នាក់​បងប្អូន​ត្រកូល Wright ឡើងទៅ​ជាមួយ​ផងដែរ ដើម្បី​រំឭក​ពី​ហេតុការណ៍​ប្រវត្តិសាស្ត្រ​ការហោះហើរ​របស់​យន្តហោះ 1គ្រឿង​នេះ ដែល​ធ្លាប់​ហោះ​ឡើង​នៅឯ ឃី​ត​ធី ហក ក្នុង​រដ្ឋ ណត ខា​រ៉ូ​ឡៃ​ណា កាលពី​ឆ្នាំ1903។

    ភាពជោគជ័យ​ក្នុងការ​ហោះហើរ​របស់​គ្រឿងយន្ត​ឧទ្ធម្ភាគចក្រ 1គ្រឿង​នេះ បានកើត​ឡើង​ក្រោម​ការសាកល្បង​ដ៏​ពិបាក ដោយសារតែ​ធាតុអាកាស​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ មាន​សភាព​ក្រាស់​ណែន​ទាប​ជាង​នៅលើ​ផែនដី​ខ្លាំង ជាហេតុ​បណ្ដាលឱ្យ​កង្ហារ​របស់​គ្រឿងយន្ត ត្រូវ​ច្នៃ​ម៉ូដ​ឡើង​យ៉ាង​ពិសេស ដើម្បីឱ្យ​អាច​វិល​បាន​លឿន​ជាង ទើប​អាច​ហោះ​ឡើង​បាន៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • CEO ផ្សារ​រូបិយវត្ថុ​ឌីជីថល Thodex នាំយក​ប្រាក់ 2ពាន់​លាន​ដុល្លារ​អាមេរិក រត់ចោលស្រុក៖ អ្នកវិនិយោគ 400,000នាក់ យំ​លែងចេញ

    CEO ផ្សារ​រូបិយវត្ថុ​ឌីជីថល Thodex នាំយក​ប្រាក់ 2ពាន់​លាន​ដុល្លារ​អាមេរិក រត់ចោលស្រុក៖ អ្នកវិនិយោគ 400,000នាក់ យំ​លែងចេញ

    ប្រធានាធិបតី​ប្រទេស​ទួរគី Recep Tayyip Erdogan ធ្លាប់បាន​ព្រមាន​អំពី​សញ្ញា​នៃ​ការបំពានច្បាប់ និង​ថា​មាន​រូបភាព​បោកប្រាស់​នៃ​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក ក៏ប៉ុន្តែ ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ស្ដាប់​តាម​នោះទេ។

    សមត្ថកិច្ច​នៃ​ប្រទេស​ទួរគី ថ្មីៗនេះ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន 60នាក់ ដែល​ទាក់ទិន​នឹង​ផ្សារ​រូបិយវត្ថុ​អេឡិច​ត្រូនិក Thodex ទន្ទឹមនឹង​ការប្រកាស​តាម​ចាប់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ ចំពោះ​នាយក​ប្រតិបត្តិ​ឈ្មោះ Faruk Fatih Ozer ដោយ​ចោទ​ពីបទ​បោកប្រាស់។

    សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា CEO នៃ​ផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex បានគេច​ខ្លួន​ទៅកាន់​ប្រទេស​ថៃ តាម​ជើងហោះហើរ Istanbul និង​បាន​នាំយក​ទ្រព្យ​របស់​អ្នកវិនិយោគ​ចំនួន 2ពាន់​លាន​ដុល្លារ​ទៅតាម​ខ្លួន។ បញ្ហា​នេះ​បានធ្វើឱ្យ​កក្រើក​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក​ក្នុង​ពិភពលោក។ នៅពេល​ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិច​ត្រូនិក Thodex ត្រូវបាន​បិទទ្វារ ហើយ​ក្រុម​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ (speculation) ក៏​មិនអាច​ចូលទៅ​កាន់​គណនី​របស់​ខ្លួន​បាន ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ប្រទេស​ទួរគី ក៏​ចាប់​ផ្ដើមធ្វើ​ការស៊ើបអង្កេត។

    CEO Faruk Fatih Ozer របស់​ Thedox​ នៅ​ព្រលាន​យន្ត​ហោះ​ Istanbul

    សារព័ត៌មាន Demiroren News Agency ថ្មីៗនេះ បាន​ចុះផ្សាយ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ដែល CEO Faruk Fatih Ozer កំពុង​ប្រញាប់ប្រញាល់​ចាក​ចេ​ញ្ពី​ប្រទេស​ទួរគី នៅឯ​ព្រលានយន្តហោះ Istanbul។ លោក Ozer ក៏បាន​បិទ​រាល់​មធ្យោបាយ​ទំនាក់ទំនង និង​បាន​បាត់​ខ្លួន​ទាំងស្រុង បន្ទាប់ពី​ធនាគារជាតិ​ទួរគី បាន​ហាម​ទូទាត់​ដោយ​ប្រើ​រូបិយវត្ថុ​អេឡិចត្រូនិក​ជា​ផ្លូវការ។

    តាម​ការពិត ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex ត្រូវបាន​គេ​សង្ស័យ​តាំងពី​ដំបូង ប៉ុន្តែ​ដោយសារតែ​ភាព​លោភលន់​របស់​ក្រុម​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ និង​ស្ថានភាព​អតិផរណា​ខ្ពស់ ក៏ដូចជា​និន្នាការ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នៅលើ​ពិភពលោក មនុស្ស​ជាច្រើន​ក៏បាន​វិនិយោគ​ទៅលើ​ផ្សារ​នេះ។

    តាម​ធម្មតា CEO របស់ Thodex តែងតែ​ប្រតិកម្ម​ប្រឆាំង នៅពេល​មាន​ព័ត៌មាន​មិនល្អ​ទាក់ទង​នឹង​រូបិយវត្ថុ​អេឡេចត្រូនិក។ ប៉ុន្តែ លើក​នេះ នៅពេលដែល​ធនាគារជាតិ ហាម​ប្រើប្រាស់​ប្រាក់​ឌីជីថល CEO Ozer ក៏ត្រូវ​បង្ខំចិត្ត វេច​ប​ង្វេ​ក​រត់ចោល​ប្រទេស ទុកឱ្យ​អ្នកវិនិយោគ​ក្រៅ​ប្រព័ន្ធ​ជាង 400,000នាក់ ត្រូវ​បាត់បង់​ប្រាក់។

    លោក Faruk Fatih Ozer

    យោងតាម Bloomberg ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Thodex ទើបតែ​បានចាប់ផ្ដើម​ដាក់លក់​ប្រាក់ Dogecoin កាលពី​ខែ​មុន។ ប្រាក់ Dogecoin ប្រមាណ 4លាន ត្រូវបាន​ជួញដូរ ប៉ុន្តែ​អ្នកវិនិយោគ​ជាច្រើន​ឱ្យដឹងថា ពួកគេ​មិនទាន់​ទទួលបាន​រូបិយវត្ថុ​នេះ​នៅឡើយ បើទោះជា​បាន​ទូទាត់​រូ​ចរាល់។

    ទាក់ទង​នឹង​បញ្ហា​រូបិយវត្ថុ​អេឡិចត្រូនិក​នេះដែរ Bitcoin ក៏បាន​ធ្លាក់​ថ្លៃ​អស់​ជាង 20% រាប់​ចាប់ពី​បាន​ឡើងដល់​កំពូល 63,000ដុល្លារ/bitcoin កាលពី​ថ្ងៃទី13 ខែមេសា ឆ្នាំ2021។ មូលហេតុ​ចម្បង​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ ដោយ​សារ​បណ្ដា​ប្រទេស ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ប្រាក់​អេឡិចត្រូនិក។ នៅ​ហស​រដ្ឋ​អាមេរិក ប្រធានាធិបតី Joe Biden កំពុង​ពិនិត្យ​លើ​ការដាក់ឱ្យ​ប្រើប្រាស់​គោលនយោបាយ​ថ្មី ដែល​យកពន្ធ​បន្ថែម​ពី​វិស័យ​រូបិយវត្ថុ​អេឡិច​ត្រូនិក ដែល​នេះ​នឹង​ធ្វើឱ្យ​ការជួញដូរ​ត្រូវ​ជួប​បញ្ហា៕

    ប្រភព៖ CNBC
    ប្រែសម្រួល៖ បុត្រា

  • យក​អុក​ស៊ី​ហ្ស៊ែ​ន​តាម​ខ្លួន!?  ឥណ្ឌា ទប់​លែង​ឈ្នះ ឆ្លង​កូ​វីដ​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ

    យក​អុក​ស៊ី​ហ្ស៊ែ​ន​តាម​ខ្លួន!?  ឥណ្ឌា ទប់​លែង​ឈ្នះ ឆ្លង​កូ​វីដ​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ

    ចំនួន​អ្នកជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ច្រើនជាង 3សែន​នាក់ ជា​ថ្ងៃទី2 ជាប់ៗគ្នា កណ្ដាល​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន។

    ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​នី​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 មេសា​ថា ក្រសួងសុខាភិបាល​រប​ស់​ឥណ្ឌា បាន​រាយការណ៍​ពី​ស្ថិតិ​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស ដោយបាន​រកឃើញ​អ្នកជំងឺ​ថ្មី 332,730នាក់ ជា​ចំនួន​មួយ ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ ទាំង​លំដាប់​ប្រទេស និង​លំដាប់​ពិភពលោក ដោយ​កើនឡើង 17,895នាក់ ពី​ស្ថិតិ​ចាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​គឺជា​ថ្ងៃទី2 ជាប់​គ្នា​ហើយ ដែល​ប្រទេស​ឥណ្ឌា បាន​អះអាង​ពី​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ ច្រើនជាង 3សែន​នាក់ និង​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ-19 សរុប ច្រើនជាង 16លាន​នាក់ ច្រើន​ជាប់​លំដាប់​លេខ2 បន្ទាប់ពី​សហរដ្ឋអាមេរិក។

    ខណៈដែល​ក្នុង​ជុំ 1ថ្ងៃ​ដូចគ្នា មាន​អ្នកស្លាប់​ទាំងអស់ 2,263នាក់ ជា​ស្ថិតិ​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ដូចគ្នា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​កាលពី​ខែមករា​មក ធ្វើឱ្យ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 យ៉ាងតិច 186,920នាក់  ជាប់​លំដាប់ថ្នាក់​លេខ3 បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ចំណែក​ស្ថិតិ​អ្នកជំងឺ ដែល​នៅសល់ និង​កំពុង​ព្យាបាល​ក្នុង​ប្រព័ន្ធ​មន្ទីរពេទ្យ មាន​ចំនួន​យ៉ាងតិច 2,428,600​នាក់។

    ទាំងអស់នេះ មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា យ៉ាងតិច 2កន្លែង បាន​ទទួលស្គាល់ថា កំពុង​ជួបនឹង​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ចំណែក​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បាន​ត្រៀម​ប្រជុំ​បន្ទាន់ ជាមួយ​ប្រមុខ​មន្ត្រី ក្នុង​រដ្ឋ​ដែល​បញ្ហា​អុក​ស៊ី​ហ្ស៊ែ​ន​មិន​គ្រប់គ្រាន់ និង​ក្រុមហ៊ុន​ផលិត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ទាំងអស់​នៅថ្ងៃនេះ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ក្ដីសង្ឃឹម​ក្នុងការ​ជួយសង្គ្រោះ​នាវិក​ជាង 50នាក់ នៃ​នាវាមុជទឹក​​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាត់​ខ្លួន បាន​រលាយ​បាត់ទៅហើយ!

    ក្ដីសង្ឃឹម​ក្នុងការ​ជួយសង្គ្រោះ​នាវិក​ជាង 50នាក់ នៃ​នាវាមុជទឹក​​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាត់​ខ្លួន បាន​រលាយ​បាត់ទៅហើយ!

    ក្ដីសង្ឃឹម​ដែលថា​នឹង​អាចជួយ​សង្គ្រោះ​ក្រុម​នាវិក​ជាង 50នាក់​នៃ​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី ដែល​កំពុង​បាត់​ខ្លួន បាន​រលាយបាត់​បង់អ​ស់រ​លីង នៅពេលដែល​បរិមាណ​អុកស៊ីសែន​របស់​នាវា ត្រូវបាន​គេ​គណនា​ឃើញថា អស់​គ្មាន​សល់ នៅ​ព្រឹក​នេះ។

    ក្នុង​គ្រា​ដែល​ទាហាន​រាប់រយ​នាក់​កំពុង​ចូលរួម​ស្វែងរក​នាវាមុជទឹក KRI Nanggala 402 ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី បានឱ្យដឹងថា បរិមាណ​អុកស៊ីសែន​ដែលមាន​នៅក្នុង​នាវា​នេះ អាច​ប្រើ​បានតែ​ក្នុង​រយៈពេល 72ម៉ោង​ទៀត​ប៉ុណ្ណោះ បន្ទាប់ពី​ដាច់​ចរន្តអគ្គិសនី។ កាលកំណត់​នោះ បាន​កន្លងផុតទៅ​នៅវេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី24 ខែមេសា​នេះ ប៉ុន្តែ គេ​នៅ​មិនទាន់​រកឃើញ​នាវា ក៏ដូចជា​ក្រុម​នាវិក​ចំនួន 53នាក់​នោះ​ដដែល។

    នាវាមុជទឹក KRI Nanggala បាន​ទាក់ទង​មកកាន់​បញ្ជាការដ្ឋាន​កាលពី​វេលា​ម៉ោង 3ទៀបភ្លឺ នៃ​ថ្ងៃទី21 ខែមេសា ដើម្បី​សុំ​ការអនុញ្ញាត មុជ​ទៅ​ក្រោម​សមុទ្រ ហើយ​នាវា​នេះ​ក៏បាន​ដាច់​ទំនាក់ទំនង​ទាំងស្រុង​នៅវេលា​ម៉ោង 4កន្លះ នៃ​ថ្ងៃ​ដដែល។ ក្រុម​អ្នក​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី23 ខែមេសា បាន​រកឃើញ​សញ្ញា​នៃ​វត្ថុ​មួយ​ដែលមាន «ដែន​ម៉ាញេទិក​ខ្ពស់» កំពុង​លិច​ក្រោម​ទឹក ជម្រៅ​ពី 50-100ម៉ែត្រ នៅ​ភាគ​ខាងជើង​សមុទ្រ Bali ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា វា​ជា​អ្វី។

    មុន​នោះ កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​សន្និដ្ឋានថា នាវាមុជទឹក​នេះ ទំនងជា​បាន​លិច​ក្នុង​ជម្រៅ​ពី 600-700ម៉ែត្រ ជ្រៅ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជម្រៅ​អតិបរមា​ដែល​នាវា​នេះ​អាចធ្វើ​សកម្មភាព​បាន។ ទឹកសមុទ្រ​ជម្រៅ 700ម៉ែត្រ មាន​សម្ពាធ​ខ្ពស់ជាង 70ដង បើ​ធៀប​នឹង​សម្ពាធ​បរិយាកាស​លើ​ផ្ទៃ​ទឹកសមុទ្រ ដូច្នេះ សម្បក​នាវា​ទំហំ​មួយ​ម៉ែត្រក្រឡា​នឹងត្រូវ​រង​សម្ពាធ​ជាង 720តោន។ នាវាមុជទឹក​ធម្មតា នៅពេល​ស្ថិតក្នុង​ជម្រៅ​បែបនេះ អាច​នឹងត្រូវ​បាត់បង់​រូបរាង​ដើម ឬក៏​អាច​ត្រូវ​សម្ពាធ​ទឹកសមុទ្រ​ច្របាច់ កៀប​ខ្ទេចខ្ទី បើសិនជា​ដងខ្លួន​រប​ស់វា​មាន​បញ្ហា។

    នាវាមុជទឹក KRI Nanggala ទម្ងន់ 1,395តោន ត្រូវបាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ1977 និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ1981៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា