Author: សឿន សំណាង

  • កូ​វីដ-19 ប្រហារជីវិត​ឪពុកមា​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​ក្រុង​នី​វ​ដេលី សែន​ទុក្ខព្រួយ ខ្លាច​លែងមាន​អុស​បូជា​សាកសព

    កូ​វីដ-19 ប្រហារជីវិត​ឪពុកមា​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​ក្រុង​នី​វ​ដេលី សែន​ទុក្ខព្រួយ ខ្លាច​លែងមាន​អុស​បូជា​សាកសព

    លោក Narmabaden Modi ឪពុកមា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា វ័យ 80ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 កាលពី​ថ្ងៃទី27 មេសា ក្រោយពី​ចូល​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទី​ពេទ្យ​បាន 10ថ្ងៃ ខណៈពេល​ជាមួយគ្នា អភិបាលក្រុង​នី​វ​ដេលី បានចេញ​បញ្ជា​ឱ្យចំ​នួន​ឈើ​ដែលជា​អុស សម្រាប់​ដុត​បូជា​សាកសព ត្រូវតែមាន​ជាប់​ជានិច្ច ក្រោយពី​មានការ​កើនឡើង​នៃ​ចំនួន​សាកសព និង​នាំឱ្យមាន​ការសាងសង់​ក​ន្លែ​ង​ដុត​បូជាសព​ថ្មី​ឡើង​យ៉ាង​បន្ទាន់ ក្រោយ​ស្ថានការណ៍​វិបត្តិ​ឆ្លង​រាលដាល ដែល​នៅតែមាន​ជា​បន្ត​ឥតឈប់ឈរ។

    CNN ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ម្សិលមិញ (ទី28 មេសា) បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ត្រូវ​បាត់បង់​សាច់ញាតិ​ម្នាក់​ដោយសារ​វិបត្តិ​កូ​វីដ-19 ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា  នៅពេលដែល​លោក ណា​ម៉ា​ដា​បេន ម៉ូ​ឌី (Narmadaben Modi) ជា​ឪពុកមា វ័យ 80ឆ្នាំ ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី 10ថ្ងៃមុន បាន​ស្លាប់​នៅ​ទីនោះ ដោយសារ​ជំងឺ​កូ​វីដ-19 កាលពី​ថ្ងៃ​អង្គារ(ទី27មេសា)។

    លោក Prahlad Modi ប្អូនប្រុស​របស់លោក​ម៉ូ​ឌី បាន​ថ្លែង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “លោកពូ ណា​ម៉ា​ដា​បេន របស់​ពួកយើង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ កាលពី​ប្រមាណ​ជា 10ថ្ងៃមុន ក្រោយពី​អាការ​របស់លោក​ធ្លាក់ចុះ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា ពេលនេះ​លោក​បាន​ស្លាប់​ហើយ”

    យ៉ាងណាក្ដី លោក​ម៉ូ​ឌី មិនទាន់បាន​ចេញមក​ថ្លែងការណ៍​អ្វី អំពី​ការស្លាប់​របស់​ឪពុកមា​នៅឡើយ តែ CNN បាន​រាយការណ៍​ថា កន្លងមក លោក​ម៉ូ​ឌី បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការបរាជ័យ​ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​ជំងឺ​រាតត្បាត​នេះ ខណៈដែល​គណបក្សនយោបាយ BJP របស់លោក​នៅតែ​ចេញ​ឃោសនា​នយោបាយ​បក្ស បន្ត​ឥត​ឈប់ សម្រាប់​ការបោះឆ្នោត​ក្នុង​តំបន់ ដែល​កំពុង​ជិត​មកដល់។

    ដោយ​ការឃោសនា​រក​សំឡេងឆ្នោត​របស់ BJP បានកើត​ឡើង​នៅឯ​រដ្ឋ​តេ​ឡាំង​ហ្គា​ណា (Telangana) និង​រូបភាព​ដែល​បាន​ផូ​ស្ត​ដោយ​មន្ត្រី​របស់​គណបក្ស BJP របស់​រដ្ឋ កាលពី​ថ្ងៃ​ចន្ទ (ទី26មេសា) បានបង្ហាញ​ឱ្យឃើញ​ពី​ហ្វូងមនុស្ស​ដ៏​ណែនណាន់តាន់តាប់ ប្រមូលផ្ដុំ​គ្នា​នៅឯ​ទីស្ដីការ​រដ្ឋបាល Greater Warangal ដែលជា​កន្លែង​រៀបចំ​ការឃោសនា​រក​សំឡេងឆ្នោត និង​មនុស្ស​ដ៏​ច្រើន មិនបាន​ពាក់​ម៉ាស់​ការពារ ឬ​រក្សា​គម្លាត​សុវត្ថិភាព​ឡើយ។

    ខណៈពេល​ជាមួយគ្នា ក្នុងការ​បង្កើន​ការដុត​បូជាសព​អ្នកជំងឺ​កូ​វីដ-19 ដោយសារ​វិបត្តិ​ជំងឺឆ្លង​ដ៏​ធំ​នេះ បាន​បណ្ដាលឱ្យ​លោក​អភិបាលក្រុង​នី​វ​ដេលី​ខាងជើង ត្រូវ​ផ្ញើ​សំបុត្រ​សំណូមពរ សុំឱ្យ​ការបញ្ជូន​អុស​ឈើ សម្រាប់​ដុត​បូជា​សាកសព ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​កុំឱ្យ​ដាច់។

    សំបុត្រ​ដែល​លោក Jai Prakash ដែល​ផ្ញើ​ទៅ​ប្រធាន​គណៈ​អភិបាលក្រុង​នី​វ​ដេលី លោក Arvind Kejriwal ដើម្បី​សុំឱ្យ​ចេញ​បញ្ជា​ទៅ​ផ្នែក​រុក្ខាប្រមាញ់ ជួយ​ចាត់ចែង​រក​ឈើ​អុស​ឱ្យបាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា មិន​រអាក់​រអួល ដើម្បីឱ្យ​ខាង​ស្ថាន​ឈាបនកិច្ច អាចធ្វើ​ការងារ​បាន​ដោយ​រលូន និង​មិន​កើតមាន​ផលប៉ះពាល់​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់។ ចំពោះតែ​ទីក្រុង​នី​ដេលី​មួយ កាលពី​ថ្ងៃ​អង្គារ ទី27 មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 សរុប​ទាំងអស់ 381នាក់៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • Covid-19! ថៃ យក​ព្រលានយន្តហោះ ធ្វើជា​ទីតាំង​ចាក់​វ៉ាក់សាំង

    Covid-19! ថៃ យក​ព្រលានយន្តហោះ ធ្វើជា​ទីតាំង​ចាក់​វ៉ាក់សាំង

    ប្រទេស​ថៃ នា​ដើម​សប្ដាហ៍​នេះ បានប្រែក្លាយ​កន្លែង​បំពេញបែបបទ check-in របស់​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ (Suvarnabhumi) ឱ្យទៅជា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ក្នុងការ​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 របស់​រដ្ឋាភិបាល។

    បុគ្គលិក​សុខាភិបាល​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង 1,000នាក់ ជា​រៀងរាល់ថ្ងៃ នៅក្នុង​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​នេះ។ អ្នកស្រី Siwaporn Singkhrut ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាង 30,000នាក់​ដំបូង ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ បានឱ្យដឹងថា នៅមាន​កន្លែង​ជាច្រើន​ទៀត​ដែល​អាច​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង។ «បច្ចុប្បន្ន មានតែ​មួយផ្នែក​នៃ​ព្រលានយន្តហោះ បាន​ដំណើរការ។ ជា​រឿង​ល្អ​ជាង​នេះ បើសិន​វា​ត្រូវបាន​ប្រើប្រាស់​ទាំងស្រុង ដើម្បីឱ្យ​គ្រប់គ្នា​អាច​ចូលមក​ទទួល​ការចាក់​វ៉ាក់សាំង» អ្នកស្រី Siwaporn Singkhrut រៀបរាប់។

    ប្រទេស​ថៃ កំពុង​ឆ្លងកាត់​បញ្ហា​Covid-19 ដែល​ឆ្លង​លឿន​បំផុត និង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត ខណៈដែល​ករណី​វិជ្ជមាន​ថ្មី កើនឡើង​ទ្វេដង រាប់​ចាប់ពី​ដើមខែ​មេសា​នេះ ក្នុងនោះ កាលពី​ថ្ងៃទី28 ប្រទេស​ថៃ​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 2,012​នាក់ និង​ស្លាប់​ថ្មី 15នាក់។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន 61,699នាក់ និង​ស្លាប់​សរុប 178នាក់ ខណៈ 27,119​​នាក់​កំពុង​ព្យាបាល។

    អាជ្ញាធរ​ថៃ បាន​បិទទ្វារ​សាលារៀន ហាម​ការជួបជុំ​ដែលមាន​មនុស្ស​លើសពី 50នាក់ និង​ហាម​លក់​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ក្នុង​រយៈពេល​យ៉ាងតិច​ពីរ​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី18 ខែមេសា។ ក្រុមមន្ត្រី​រដ្ឋាភិបាល បានប្រកាសថា រាជធានី​បាងកក និង​ខេត្ត​ចំនួន 17 ដែល​ស្ថិតក្នុង «តំបន់​ក្រហម» ត្រូវអនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19 យ៉ាង​តឹងរ៉ឹង៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង Sinopharm 4សែន​ដូ​ស ជា​ជំនួយលើក​ទីបី​​របស់​ចិន បានមក​ដល់​កម្ពុជា​ហើយ

    វ៉ាក់សាំង Sinopharm 4សែន​ដូ​ស ជា​ជំនួយលើក​ទីបី​​របស់​ចិន បានមក​ដល់​កម្ពុជា​ហើយ

    នា​យប់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021 វ៉ាក់សាំង Sinopharm ចំនួន 4សែន​ដូ​ស ដែលជា​ជំនួយ​របស់​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​កម្ពុជា ហើយ​វ៉ាក់សាំង​ទាំងនេះ នឹងត្រូវ​បាន​យកទៅ​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង «តំបន់​ក្រហម»។

    មកដល់​បច្ចុប្បន្ន កម្ពុជា បានទទួល​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 ពី​ប្រទេស​ចិន ចំនួន 3លើក​រួចហើយ ដែល​សរុប​មាន​ចំនួន 1.7សែន​ដូ​ស។ នេះ​បើតាម លោកជំទាវ យក់ សម្បត្តិ។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រូបនេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុក​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​នេះ​គឺជា វ៉ាក់សាំង​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​Covid-19។

    វ៉ាក់សាំង Sinopharm ចំនួន 1.7លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​ទទួលបាន​កន្លងមក រួមមាន លើកទីមួយ​ក្នុង​ខែកុម្ភៈ 6សែន​ដូ​ស, លើក​ទី​ពីរ​ក្នុង​ខែមីនា 7សែន​ដូ​ស និង​លើក​ទី​បី​ក្នុង​ខែមេសា​នេះ មាន​ចំនួន 4សែន​ដូ​ស។

    នៅ​ទូទាំងប្រទេស​កម្ពុជា គិត​មកដល់​បច្ចុប្បន្ន (29 ខែមេសា) តួលេខ​អ្នក​ឆ្លង​ Covid-19 សរុប​បាន​កើន​ដល់ 11,761នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 4,698នាក់, អ្នកស្លាប់ 88នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 6,968​​នាក់៕

    ប្រភព​៖ វិទ្យុជាតិ
    ដកស្រង់​៖ បុត្រា

  • Covid-19! កម្ពុជា​មាន​អ្នក​ស្លាប់​ថ្មី​ 6​នាក់ ខណៈ​អ្នក​​​វិជ្ជមាន​ថ្មី​ ជិត​ 700​នាក់​ ក្នុង​ថ្ងៃទី​27​ ខែមេសា​

    Covid-19! កម្ពុជា​មាន​អ្នក​ស្លាប់​ថ្មី​ 6​នាក់ ខណៈ​អ្នក​​​វិជ្ជមាន​ថ្មី​ ជិត​ 700​នាក់​ ក្នុង​ថ្ងៃទី​27​ ខែមេសា​

    នា​​​​ថ្ងៃទី 28​មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 698​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន​ 994​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 27​ ខែ​មេសា ឆ្នាំ2021។

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 698​​​នាក់​ខាងលើ​នេះ មាន​ 1​នាក់​ជាពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​​ថៃ​ ក្រៅ​ពី​នេះ​គឺ​សុទ្ធ​តែ​ជា​ករណី​​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ​។ ក្នុង​ថ្ងៃទី 2​7​ ខែ​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 6​​​​​​នាក់​បាន​ស្លាប់។​

    គិត​មកដល់បច្ចុប្បន្ន​ (28​ ខែ​​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 11,761​​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 4,698​នាក់, អ្នកស្លាប់ 88​​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 6,968​​​​​​​​នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ម៉ោង9 និង30នាទី ថ្ងៃទី28 ខែមេសា ឆ្នាំ2021 អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ឡើងដល់ 149,637,489នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 3,153,202នាក់, អ្នកជា​ស្បើយ 127,221,624​នាក់ និង​កំពុង​ព្យាបាល 18,764,333នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​ និង​ប្រែសម្រួល​៖ បុត្រា

  • រូបភាព​ថ្មី «មហា​សែន​ច្បាស់ ត្រជាក់​ភ្នែក» ស្ដីពី​ព្រះ​ទិនករ

    រូបភាព​ថ្មី «មហា​សែន​ច្បាស់ ត្រជាក់​ភ្នែក» ស្ដីពី​ព្រះ​ទិនករ

    ជាង​ថតរូប​ជនជាតិ​អាមេរិកាំង​ម្នាក់ បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក ក្នុងចំណោម​រូបថត​ដែល​ច្បាស់​បំផុត ស្ដីពី​ព្រះអាទិត្យ ដោយ​ភាពច្បាស់​របស់​វា ឡើងដល់ 230 មេ​ហ្គា​ភី​កសែ​ល។

    ដើម្បី​បង្កើតបាន​រូបថត​ដែលមាន​ភាពច្បាស់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ តារាវិទូ និង​ជាជាង​ថតរូប​ម្នាក់​ឈ្មោះ Andrew McCarthy បាន​ប្រើប្រាស់​តេ​ឡេ​ស្កុប​តារាសាស្ត្រ​ដែលមាន​ប្រវែង​ប្រសព្វ 4,000ម​ម និង​អាច​ពង្រីក​បាន​ធំ​ជាង 10ដង បើ​ធៀប​នឹង​តេ​ឡេ​ស្កុប​តារាសាស្ត្រ​ស្ដង់ដា ដើម្បី​ផ្ដិត​យក​រូបភាព​ដាច់ដោយឡែក​ចំនួន​ជិត 100,000ទីតាំង​ផ្សេងគ្នា​របស់​ព្រះអាទិត្យ ក្នុង​ល្បឿន​ប្រហែល 100រូប/វិនាទី ហើយ​ក្រោយមក​ក៏​ផ្គុំ​រូបថត​ទាំងនេះ​ទៅជា​រូបភាព​តែមួយ​សន្លឹក​គត់។

    «រូបថត​ទាំងនេះ ត្រូវបាន​ថត​នៅវេលា​ថ្ងៃ​ជិត​ត្រង់ ពេល​ព្រះអាទិត្យ​បាន​ឡើង​ខ្ពស់ ប៉ុន្តែ បរិយាកាស​នៅតែ​ស្ងប់ស្ងាត់» McCarthy បញ្ជាក់។

    ក្នុង​រូបភាព​ដែល​បាន​ផ្គុំ និង​មាន​ភាពច្បាស់​ឡើងដល់ 230 មេ​ហ្គា​ភី​កសែ​ល ព្រះ​ទិនករ​បង្ហាញខ្លួន​យ៉ាង​ក្រហមឆ្អិនឆ្អៅ និង​ជះ​ពន្លឺ​ភ្លឺ​សព្វ​បរិយាកាស។ វា​ច្បាស់​រហូតដល់​ថ្នាក់ អាច​មើលឃើញ​ទាំង​កាំរស្មី plasma នៅ​ជាយ​ព្រះអាទិត្យ​ដែល​បាន​ជះ​ចូលទៅ​កាន់​បរិយាកាស ហាក់បីដូចជា​អណ្ដាតភ្លើង​យ៉ាង​ស្រស់ស្អាត។

    លោក Andrew McCarthy

    «កាំរស្មី plasma នេះ អណ្ដែត​នៅក្នុង​បរិយាកាស​របស់​ព្រះអាទិត្យ ដោយសារតែ​ឥទ្ធិពល​របស់​កម្លាំង​ទំនាញ​ដ៏​មហិមា។ បាតុភូត​នេះ កើត​ឡើងជា​ញឹកញាប់ និង​អូស​បន្លាយពេល​យូរ» តារាវិទូ McCarthy បរិយាយ​បន្ថែម។

    លោក McCarthy ទើបតែ​បានចាប់ផ្ដើម​ថតរូប​ទាក់ទង​នឹង​តារាសាស្ត្រ​កាលពី 3ឆ្នាំ​មកនេះ​ប៉ុណ្ណោះ។ មុននេះ McCarthy ក៏​ធ្លាប់បាន​ថតរូប​ព្រះ​ចន្ទ​យ៉ាងច្បាស់​ផងដែរ។ រូបភាព​ដ៏​មហា​សែន​ច្បាស់​ស្ដីពី​ព្រះ​ចន្ទ​របស់ McCarthy ត្រូវបាន​ផ្គុំ​ពី​រូបថត​នៃ​ទីតាំងផ្សេងៗគ្នា​ចំនួន ពី 50,000-150,000កន្លែង​នៃ​ចន្ទមណ្ឌល៕

    ប្រភព៖ Mail
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋ​របស់​​ហស​រដ្ឋ​អាមេរិក ផ្ដល់​មូល​ប​ត្រ​បំណុល​តម្លៃ 100ដុល្លារ ដល់​ពលរដ្ឋ​​​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19

    រដ្ឋ​របស់​​ហស​រដ្ឋ​អាមេរិក ផ្ដល់​មូល​ប​ត្រ​បំណុល​តម្លៃ 100ដុល្លារ ដល់​ពលរដ្ឋ​​​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19

    រដ្ឋ Virginia ខាង​លិ​ខ (West Virginia) របស់​សហរដ្ឋអាមេរិក នឹង​ផ្ដល់​មូល​ប​ត្រ​បំណុល​តម្លៃ 100ដុល្លារ ដល់​បុគ្គល​ទាំងឡាយណា​ដែលមាន​អាយុ​ចាប់ពី 16ឆ្នាំ ដល់ 35ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។

    យោងតាម​សារព័ត៌មាន New York Times របស់​អាមេរិក នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី26 ខែមេសា លោក Jim Justice អភិបាលរដ្ឋ Virginia ខាងលិច បានប្រកាសថា ពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី 16 ដល់ 35ឆ្នាំ របស់​រដ្ឋ​នេះ នឹង​ទទួលបាន​មូល​ប​ត្រ​បំណុល​ដែលមាន​តម្លៃ 100ដុល្លារ/ម្នាក់ បន្ទាប់ពី​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រួចរាល់​ជា​ស្ថាពរ។

    ដើម្បី​ទូទាត់​លើ​ខ្ទង់ចំណាយ​នេះ រដ្ឋ Virginia ខាងលិច នឹង​ប្រើប្រាស់​ថវិកា​ដែល​បានមកពី​ច្បាប់ CARES ជា​កញ្ចប់​ជំនួយ​សម្រាប់​ដោះស្រាយ​បញ្ហា Covid-19 ដែល​សភា​បានអនុម័ត​កាលពី​ខែមីនា ឆ្នាំ2020 ក្រោម​រដ្ឋបាល​របស់លោក Donald Trump។

    ទន្ទឹមនឹង​គម្រោង​ផ្ដល់​មូល​ប​ត្រ​បំណុល អភិបាលរដ្ឋ Virginia ខាងលិច ក៏បាន​លើកឡើង​នូវ​វិធិ​សាស្ត្រ​ជាច្រើន​ផ្សេងទៀត ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​មក​ទទួល​ការចាក់​វ៉ាក់សាំង ក្នុងនោះ​ក៏មាន​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​នៅខាងមុខ​សាកលវិទ្យាល័យ​ផងដែរ។

    យោងតាម New York Times រដ្ឋ Virginia ខាងលិច បច្ចុប្បន្ន​មាន​អត្រា​នៃ​ការឆ្លង Covid-19 ថ្មី ខ្ពស់​ជាងគេ​លំដាប់​ទី16 និង​ឈរ​លំដាប់​ទី12 បើ​គិត​អំពី​ករណី​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ធៀប​នឹង​បណ្ដា​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។ កន្លងមក រដ្ឋ Virginia ខាងលិច គឺជា​រដ្ឋ​ដែល​ឈរ​លំដាប់​ទី​ពីរ​ស្ដីពី​អត្រា​នៃ​ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកដំបូង បន្ទាប់ពី​រដ្ឋ Alaska។

    ពលរដ្ឋ​ចំនួន 35.3% របស់​រដ្ឋ Virginia ខាងលិច បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 យ៉ាងតិច 1ដង ក្នុងនោះ​មាន 29% បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ អភិបាលរដ្ឋ Virginia ខាងលិច លោក Justice បានឱ្យដឹងថា គិតដល់​ថ្ងៃទី26 ខែមេសា ឆ្នាំ2021 ពលរដ្ឋ​វ័យ​ចំណាស់ ចំនួន 78% បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ក្នុងនោះ​មាន 68.5% បាន​ចាក់​រួចរាល់។

    ប៉ុន្តែ បច្ចុប្បន្ន ការចាក់​វ៉ាក់សាំង​របស់​រដ្ឋ​នេះ កំពុងមាន​ការយឺតយ៉ាវ ដោយ​ពលរដ្ឋ​ប្រមាណ​តែ 52% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​លើកដំបូង ដែល​តួលេខ​នេះ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 70% ដែលជា​ផែនការ​ដំបូង។

    សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយមាន​ពលរដ្ឋ​ជិត 33លាន​នាក់​បាន​ឆ្លង​វីរុស និង​ជាង 587,000នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។ រដ្ឋ Virginia ខាងលិច បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​ជាង 150,000នាក់ និង​ជាង 2,600នាក់​បាន​បាត់​បង់ជីវិត​ដោយសារ Covid-19។ ទូរទស្សន៍​សាធារណៈ Virginia ខាងលិច បាន​ផ្សាយ​ថា ពលរដ្ឋ​ក្រោម​អាយុ 20ឆ្នាំ ប្រមាណ 26% បាន​ឆ្លង Covid-19 បើ​ធៀប​នឹង​ករណី​ឆ្លង​សរុប​របស់​រដ្ឋ​នេះ៕

    ប្រភព​៖ Washingtonpost, NPR
    ប្រែសម្រួល​៖ បុត្រា

  • ពិភពលោក​អាច​នឹង​កើត​រឿង​​ធំ!!! ​WHO​ ឱ្យ​ដឹង​ថា​ រកឃើញ​មេរោគ​ក្លាយ​ពូជ​ឥណ្ឌា នៅក្នុង​ច្រើន​ប្រទេស​ហើយ

    ពិភពលោក​អាច​នឹង​កើត​រឿង​​ធំ!!! ​WHO​ ឱ្យ​ដឹង​ថា​ រកឃើញ​មេរោគ​ក្លាយ​ពូជ​ឥណ្ឌា នៅក្នុង​ច្រើន​ប្រទេស​ហើយ

    អង្គភាព​សុខភាព​សាធារណៈ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី27មេសា មេរោគ​ក្លាយ​ពូជ B.1.617 ដែល​រកឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​រកឃើញ​នៅក្នុង​លេខ​កូដ​ពូជ​វីរុស 1,200សំណាក “ពី​យ៉ាងតិច​បំផុត 17ប្រទេស” ឥឡូវ បាន​អាប់​ឡូដ ឆ្ពោះទៅ​ប្រព័ន្ធ​ទិន្នន័យ​ដើម បែប​បើក GISAID ហើយ។

    “លេខ​កូដ​ពូជ​ភាគច្រើន អាប់​ឡូដ​មកពី​ប្រទេស​ឥណ្ឌា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​សិង្ហ​បុរី” អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​បែបនេះ នៅក្នុង​ការ​អាប់​ឌែ​ត​ទិន្នន័យ​ផ្នែក​ជំងឺរាតត្បាតវិទ្យា​ប្រចាំ​សប្ដាហ៍ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​របស់​ជំងឺឆ្លង​រាលដាល​ដ៏​ធំ​កូ​វីដ-19។

    កាលពីពេលថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក បាន​ចាត់​ចូល​បញ្ជី B.1.617 ក្នុងឋានៈ​ជា​មេរោគ​ក្លាយ​ពូជ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ តែ​មិនទាន់​បានប្រកាសថា វា​ជា “មេរោគ​ក្លាយ​ពូជ​ដែល​គួរឱ្យ​កង្វល់” នៅឡើយ។

    វីរុស​កូ​វីដ-19 ពូជ​ឥណ្ឌា មានការ​ក្លាយ​ពូជ 2ជាន់ គឺ E484Q និង L452R  ទាំងអស់នេះ នៅមាន​ការរកឃើញ​ការ​ក្លាយ​ពូជ​បែបនេះ បំបែក​គ្នា​នៅក្នុង​វីរុស​ជាច្រើន​ពូជ​ទៀតផង តែ​ការ​ក្លាយ​ពូជ​រួមគ្នា​ទាំង 2យ៉ាងនេះ រក​ឃើញតែ​ក្នុង​វីរុស​ពូជ​ឥណ្ឌា​ប៉ុណ្ណោះ។

    ការចាត់​ចូលក្នុង​បញ្ជីខ្មៅ​ថា ជា​មេរោគ​ក្លាយ​ពូជ​ដែល​គួរឱ្យ​កង្វល់ នឹង​ក្លាយជា​ការចង្អុលបង្ហាញ​ថា វា​មាន​ភាពគ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​ពីមុន ទាំង​ចម្លង​រាលដាល​បាន​ងាយ​ជាង មាន​ភាពខ្លាំង​ក្លា​ជាង ឬ​អាច​គេច​ចៀស​ពី​ការការពារ​របស់​វ៉ាក់សាំង​បាន​ទៀតផង។

    កាល​អំឡុង​ចុងខែ​មីនា ក្រសួងសុខាភិបាល​ឥណ្ឌា បានបញ្ជាក់​ពី​លទ្ធផល​ការវិភាគ​សំណាក បានបង្ហាញ​ឱ្យឃើញថា មេរោគ​កូ​វីដ-19ក្លាយ​ពូជ​ប្រភេទ​ថ្មី​ក្នុងប្រទេស​ឥណ្ឌា មិន​ដូចគ្នា​នឹង​ពូជ​ដែល​គួរឱ្យខ្លាចផ្សេងៗទៀត​កាលពី​ពេលមុន​នោះទេ និង​កំពុង​សិក្សា​ថា តើ​ពូជ​ប្រភេទ​ថ្មី​នេះ នឹង​ធ្វើឱ្យ​កើតការ​ឆ្លង​បាន​កាន់តែ​ងាយ​ឡើង ឬ​ធ្វើឱ្យ​វ៉ាក់សាំង​ដែល​កំពុងមាន ចុះខ្សោយ​ប្រសិទ្ធភាព​ដែរឬទេ?

    ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ករណី​អ្នក​ឆ្លង​មេរោគ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ កើនឡើងជារឿយៗ និង​មាន​កង្វល់​យ៉ាងខ្លាំង​ថា មេរោគ​ក្លាយ​ពូជ​កំពុង​ក្លាយជា​កត្តា​ជំរុញ​ស្រមោល​នៃ​ភាព​ហាយនៈ​ឱ្យ​លេច​កាន់តែច្បាស់​ឡើង។

    អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់ថា មេរោគ​ក្លាយ​ពូជផ្សេងៗ ដែល​កំពុង​វិលវល់​ក្នុងអំឡុងពេល​ជាមួយគ្នា ក៏​បង្កើន​ការចម្លង​សាយភាយ​ខ្លាំង​ដូចគ្នា​ដែរ និង​នៅពេល​រួមគ្នា “ជួនកាល​ពួកវា អាច​កំពុងមាន​តួនាទី​សំខាន់​ក្នុងការ​ចម្លង​រាលដាល​នាពេល​បច្ចុប្បន្ន​ក្នុងប្រទេស​មួយ​នេះ​ទៀតផង”

    WHO បានបញ្ជាក់​ជា​ចុងក្រោយ​ថា មាន​ភាពចាំបាច់ និង​បន្ទាន់​ណាស់ ដែល​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែ​មយ៉ាង​ល្អិតល្អន់ ក្នុង​គុណ​លក្ខណៈ​ដោយឡែក​របស់ B.1.617 និង​មេរោគ​ក្លាយ​ពូជផ្សេងៗ ក្នុងនោះ​រួមទាំង​ផលប៉ះពាល់​របស់​ការចម្លង​សាយភាយ​មេរោគ ភាព​ធ្ងន់ធ្ងរ និង​ភាព​ប្រឈម​ក្នុង​ការឆ្លង​មេរោគ​ឡើងវិញ​ម្ដងទៀត​ផងដែរ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង​ក្នុង​ឆ្នាំ2021 និង2022

    ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង​ក្នុង​ឆ្នាំ2021 និង2022

    សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង 4% នៅ​ឆ្នាំ​ក្នុង​ឆ្នាំ2021 ហើយនឹង​កើន 5.5% ក្នុង​ឆ្នាំ2022។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។

    ទន្ទឹម​នឹង​របាយ​ការណ៍​ខាង​លើ​ នាយិកា​ប្រចាំ​កម្ពុជា​នៃ​ធនាគារ ADB លោកស្រី Sunniya Durrani-Jamal ថ្លែងថា៖ “ក្នុង​ឆ្នាំ2020 ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​វីរុស​Covid-19 សេដ្ឋកិច្ចកម្ពុជា​ក៏បាន​ធ្លាក់ចុះ 3.1%។ យើង​រំពឹងថា សេដ្ឋកិច្ច (កម្ពុជា) នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ2021 ដោយសារ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល។

    កំណើន​សេដ្ឋកិច្ចកម្ពុជា​ ក្នុង​ឆ្នាំ​ 2019-2020 និង​ការ​ព្យាករ​សម្រាប់​ឆ្នាំ​2021 និង​ឆ្នាំ​2022

    ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជារួម​របស់​កម្ពុជា នឹងមាន​ការយឺតយ៉ាវ ដោយសារ​ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើបឡើង​វិញ​របស់​វិស័យ​នានា​នៅ​កម្ពុជា ដែល​បាន​រងគ្រោះ​ព្រោះតែ​វិបត្តិ Covid-19។ រាជរដ្ឋាភិបាល ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ2021 និង​ឆ្នាំ2022។ នេះ​បើតាម លោកស្រី Sunniya Durrani-Jamal។

    នៅ​ឆ្នាំ2020 ធនាគារ ADB បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង​ជំនួយ ឥត​សំណង​ចំនួន 477លាន​ដុល្លារ និង​កៀរគរ​បាន​ថវិកា​បន្ថែមចំនួន 281.3លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន សម្រាប់​កម្ពុជា។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​ផ្ដល់​ដល់​កម្ពុជា​ក្នុង​ឆ្នាំ2022-2023 រួមមាន កម្ចីសម្បទាន ចំនួន 1.35 ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន 32.4លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការស្តារ​សេដ្ឋកិច្ច​ដែល​រង​ឥទ្ធិពល​ពី​វិ​វ​ប​ត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​​ Covid-19។

    កម្ពុជា ស្ថិតនៅក្នុងលំដាប់ទី6 នៃតារាង​ប្រៀប​ធៀប​ការ​ព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់​​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ​ទាំងមូល​ដែលមាន 11ប្រទេស សេដ្ឋកិច្ច​របស់​វៀតណាម ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន 6.7% ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ សម្រាប់​ឆ្នាំ2021។ ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី នឹងមាន​កំណើន 6% ស្មើគ្នា ខណៈ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី មាន​កំណើន 4%។ រីឯ កម្ពុជា​វិញ ស្ថិតនៅក្នុង​លំដាប់​ទី6 នៃ​តារាង​ព្យាករ​អំពី​កំណើនសេដ្ឋកិច្ច​នេះ៕

    ប្រភព៖ ADB
    ប្រែសម្រួល​៖ បុត្រា

  • លិខិត​ធ្វើដំណើរ​របស់​អ្នកសារព័ត៌មាន ត្រូវបាន​បន្ថែម​សុពល​ភាព​​រយៈ​ពេល​7​ថ្ងៃ​​ទៀត នៅក្នុង​អំឡុងពេល​អនុ​វត្ត​វិធាន​ការបិទ​ខ្ទប់

    លិខិត​ធ្វើដំណើរ​របស់​អ្នកសារព័ត៌មាន ត្រូវបាន​បន្ថែម​សុពល​ភាព​​រយៈ​ពេល​7​ថ្ងៃ​​ទៀត នៅក្នុង​អំឡុងពេល​អនុ​វត្ត​វិធាន​ការបិទ​ខ្ទប់

    ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបន្ត​សុពលភាព​នៃ​លិខិតអនុញ្ញាត​ធ្វើដំណើរ​ដែល​បានផ្ដល់​ជូន​ក្រុម​អ្នកយកព័ត៌មាន ក្នុងអំឡុងពេល​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល។

    សុពលភាព​នៃ​លិខិតអនុញ្ញាត​ធ្វើដំណើរ​របស់​ក្រុម​អ្នកយកព័ត៌មាន ត្រូវបាន​ក្រសួង​ព័ត៌មាន បន្ត​រហូតដល់​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021។

    ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ដែលមាន​ដូចខាងក្រោម៖

    ប្រភព​៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

     

  • Covid-19! ផែន​ទី​បង្ហាញ​អំពី​ “តំបន់ក្រហម” “តំបន់លឿងទុំ “តំបន់លឿង” នៃ​រាជធានី​ភ្នំ​ពេញ​ ដែល​ត្រូវ​បាន​កំណត់​​ដោយ​រដ្ឋបាល​​រាជធានី​

    Covid-19! ផែន​ទី​បង្ហាញ​អំពី​ “តំបន់ក្រហម” “តំបន់លឿងទុំ “តំបន់លឿង” នៃ​រាជធានី​ភ្នំ​ពេញ​ ដែល​ត្រូវ​បាន​កំណត់​​ដោយ​រដ្ឋបាល​​រាជធានី​

    ផែន​ទី​នេះ​គឺ​យោង​ទៅ​តាម​ឧបសម្ព័ន្ធនៃសេចក្ដីសម្រេចលេខ 097/21 សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី27 ខែមេសា ឆ្នាំ2021។

    ខាងក្រោម​នេះ​គឺជា​ផែន​ទី​នៃ​តំបន់​ដែល​ត្រូវ​បាន​កំណត់​ជា ​“តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំ​ពេញ​៖

    1-ខណ្ឌ​7​មករា​៖
    តំបន់​លឿង​ទុំសង្កាត់​អូរ​ឬ​ស្សី1 2 និង3, សង្កាត់​វាលវង់ និង​សង្កាត់​បឹង​ព្រលឹត
    តំបន់​លឿង​៖ សង្កាត់​អូរ​ឬ​ស្សី4, មនោ​រម្យ, មិត្តភាព, បឹង​ព្រលឹត(លើកលែង​ភូមិ4 និង6)

    2-​ ខណ្ឌ​ដូង​ពេញ​៖
    -តំបន់​លឿង​ទុំ៖ សង្កាត់​ផ្សារកណ្តាល1 និង2 និង​ផ្សារ​ចាស់
    -តំបន់​លឿង​៖ សង្កាត់​ផ្សារ​ថ្មី12 និង៣, បឹងរាំង ចតុមុខ, ជ័យជំនះ, ស្រះចក និង​វត្តភ្នំ

    3- ខណ្ឌ​ចំការ​មន​
    -តំបន់​លឿង​ទុំ​៖ សង្កាត់​ទួល​ទំពូង2, សង្កាត់​​បឹងត្របែក, សង្កាត់​ទន្លេបាសាក់ (ភូមិ9 និង​ភូមិ16)
    -តំបន់​លឿង​​៖ សង្កាត់​ទូល​ទំពូង1, ផ្សារ​ដើមថ្កូវ , និង​ទន្លេបាសាក់(លើកលែង​ភូមិ9 និង16)

    4- ខណ្ឌ​ជ្រោយ​ចង្វារ​
    -តំបន់​លឿង​ទុំ៖ សង្កាត់​ជ្រោយចង្វារ និង​ព្រែកលៀប
    -តំបន់​លឿង​៖ សង្កាត់​ព្រែក​តាសេក, កោះដាច់, និង​បាក់​ខែង

    5- ខណ្ឌ​ច្បារ​អំពៅ​
    -តំបន់​លឿង​ទុំ​៖ សង្កាត់​ច្បារអំពៅ1និង 2, ព្រែកប្រា និង​និរោធ (លើកលែង​តំបន់​បុរី​ប៉េង​ហួត​បឹង​ស្នោ)។
    -តំបន់​លឿង​៖ សង្កាត់​វាល​ស្បូវ, ព្រែក​ឯង, ក្បាលកោះ និង​និរោធ(តំបន់​បុរី​ប៉េង ហួត បឹង​ស្នោ)

    6- ខណ្ឌ​បឹង​កេង​កង​
    -តំបន់​លឿង​ទុំ​៖ សង្កាត់​បឹង​កេងកង3 និង​ទួល​ស្វាយព្រៃ1
    -តំបន់​លឿង​៖ សង្កាត់​បឹង​កេងកង1 និង2, អូឡាំពិក, ទំនប់ទឹក និង​ទូល​ស្វាយ​ព្រៃ​2 

    7- ខណ្ឌ​ដង្កោ
    -តំបន់​ក្រហម​៖ សង្កាត់​ព្រៃ​ស (ភូមិ​រការ) និង​សង្កាត់​ដង្កោ (ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​សំបូរ)
    -តំបន់​លឿង​ទុំ​៖ សង្កាត់​ព្រៃ​ស(លើកលែង​ភូមិ​ប្រការ), ដង្កោ(លើកលែង​ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​សំបូរ)
    -តំបន់​លឿង​៖ សង្កាត់​ពងទឹក, ព្រៃវែង, ក្រាំង​ពង្រ, សាក់​សំពៅ, ជើងឯក, គង​ន​យ, ព្រែកកំពឹស,រលួស, ស្ពានថ្ម និង​ទៀន

    8- ខណ្ឌ​កំបូល​
    -តំបន់​លឿង​ទុំ​៖ សង្កាត់​កន្ទោក (ភូមិ​កន្ទោក​ជើង) និង​ស្ងោរ (ភូមិ​ទូល​លៀប)
    -តំបន់​លឿង​៖ សង្កាត់​កំបូល, ឪឡោក , ភ្លើង​ឆេះ​រទេះ, បឹង​ធំ, ប្រទះ​ឡាង , កន្ទោក(លើកលែង​ភូមិ​កន្ទោក​ជើង) និង​ឆ្នេរ (លើកលែង​ភូមិ​ទូល​លៀប)

    9- ខណ្ឌ​មាន​ជ័យ​
    -ក្រហម​៖ សង្កាត់​ស្ទឹងមានជ័យ​ទី1, សង្កាត់ ស្ទឹងមានជ័យ​ទី2, សង្កាត់​ស្ទឹងមានជ័យ​ទី3 និង​សង្កាត់​បឹងទំពន់​ទី1
    -តំបន់​លឿង​ទុំ​៖ សង្កាត់​ចាក់អង្រែលើ, ចាក់អង្រែ​ក្រោម និង​បឹងទំពុន2

    10- ខណ្ឌ​ទួល​គោក​
    -ក្រហម​៖ សង្កាត់​បឹង​សាឡាង (ភូមិ14 ភូមិ16 និង​ភូមិ17)
    -តំបន់​លឿង​ទុំ​៖ សង្កាត់​ផ្សារ​ដើម​គរ , បឹង​សាឡាង (លើកលែង​ភូមិ14, 16 និង17)
    -តំបន់​លឿង​៖ សង្កាត់​ផ្សារ​ដេប៉ូ1, 2 និង3, ទឹកល្អក់1,2 និង3, បឹងកក់1 និង2 

    ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ
    ដកស្រង់​៖ បុត្រា