Author: សឿន សំណាង

  • ភ្ញាក់ផ្អើល!! បណ្ដុំ​កោះ សូ​ឡូ​ម៉ុ​ន មាន “កង្កែប​យក្ស” ទម្ងន់ 1គីឡូ ទំហំ​ធំ ជិត​ប៉ុន​ទារក​ទើបនឹង​កើត

    ភ្ញាក់ផ្អើល!! បណ្ដុំ​កោះ សូ​ឡូ​ម៉ុ​ន មាន “កង្កែប​យក្ស” ទម្ងន់ 1គីឡូ ទំហំ​ធំ ជិត​ប៉ុន​ទារក​ទើបនឹង​កើត

    កាលពី​ថ្ងៃទី10 ឧសភា ទីភ្នាក់ងារ​ព័ត៌មាន Daily Mail បាន​រាយការណ៍​ថា អ្នកស្រុក​ក្នុង​បណ្ដុំ​កោះ សូ​ឡូ​ម៉ុ​ន នាំគ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ប្រទះឃើញ​សត្វ​កង្កែប​ដ៏​ធំ មាឌ​ប៉ុន​ទារក​មនុស្ស ដែលមាន​ទម្ងន់​ជាង 1គីឡូក្រាម នៅក្នុង​គុម្ពឈើ កាលពី​ខែមេសា កន្លងទៅ។

    ឃ្លី​ប​វីដេអូ បានបង្ហាញ​ឱ្យឃើញ​សត្វ​កង្កែប Cornufer guppyi ទំ​នៅលើ​ក្បាលជង្គង់​របស់​អ្នកស្រុក​កោះ​ម្នាក់ ហើយ​រូបភាព ថែមទាំង​បានបង្ហាញ​ឱ្យឃើញថា សត្វ​កង្កែប​យក្ស​នេះ មាន​ប្រវែង​ខ្លួន​ទាំងមូល ស្មើនឹង​ពាក់កណ្ដាល​ខ្លួន​របស់​កូនក្មេង តាំងពី​ក្បាល​ដល់​ចុងជើង។

    ជី​មមី ហ៊ូ​កូ អាយុ 35ឆ្នាំ ម្ចាស់​ឃ្លាំង​ឈើ បាន​ប្រទះឃើញ​កង្កែប ខូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី នេះ ខណៈពេល​កំពុង​ដើរ​ប្រមាញ់​ជ្រូកព្រៃ ក្នុងព្រៃ​នៅ​តំបន់​ហូ​នី​អា​រ៉ា ទីប្រជុំជន​ចម្បង នៃ​បណ្ដុំ​កោះ​សូ​ឡូ​ម៉ុ​ន បានឱ្យដឹងថា «ខ្ញុំ​មិន​ចង់​ជឿ​អ្វីដែល​ខ្ញុំ​មើលឃើញ​នោះទេ វា​ជា​កង្កែប​ដ៏​ធំ​បំផុត តាម​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​មក ក្នុង​មួយជីវិត​នេះ វា​មាន​ទំហំ​ជិត​ប៉ុន​ទារក​មនុស្ស​យើង​ទើបនឹង​កើត…យើង​ហៅ​វា​ថា “មាន់​គុម្ពឈើ” ដោយសារតែ​អ្នកភូមិ​ខ្លះ មើលទៅ​ដូចជា​ចូលចិត្ត​ស៊ី​វា ច្រើនជាង​មាន់​ធម្មតា តែ​ពិបាក​ចាប់​វា​បាន​ណាស់…»

    ជី​មមី បន្តថា «ឆ្កែ 2ក្បាល ធ្លាប់​ចាប់​កង្កែប​បាន 1ក្បាល ដេក​ងាប់​នៅក្នុង​គុម្ពោតឈើ ទើប​ខ្ញុំ​ថតរូប​វា​មក​បាន និង​ចុងក្រោយ ពួកវា​បាន​ស៊ី​កង្កែប​នោះ​ជា​អាហារ ដោយសារតែ​វា​ងាប់​ហើយ និង​សង្ឃឹមថា លើក​ក្រោយ យើង​នឹង​ចាប់បាន​វា​ទាំង​រស់ ហើយនឹង​ចិញ្ចឹម​ថែរក្សា​វា​បែប​នោះ​តទៅទៀត»

    ទាំងអស់នេះ កង្កែប ខូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី ជា​ពូជ​កង្កែប​ខ្លួន​ធំ​មួយ ក្នុងចំណោម​ពូជ​កង្កែបធំៗបំផុត​ក្នុង​ពិភពលោក និង​គេ​តែង​ប្រទះឃើញ​នៅលើ​កោះ នី​វ ប្រ៊ី​ធេ​ន ក្នុង​បណ្ដុំ​កោះ ប៊ី​ស្មា​ក ប្រទេស​ប៉ា​ពួ​នី​វ​ហ្គី​នី រហូតដល់​បណ្ដុំ​កោះ​សូ​ឡូ​ម៉ុ​ន ដែលមាន​ទំហំ​ខ្លួន​ធំ​បំផុត 25សង់ទីម៉ែត្រ។

    ទោះជា​ចំនួន​របស់​វា ថយចុះ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្ដី តែ​វា​បណ្ដាលមកពី​ការកាប់​ឈើ និង​ការទន្ទ្រាន​យក​ដី តាំងទី​លំនៅ​របស់​ទីប្រជុំជន បាន​រីក​ធំ ទៅ​រុក​រានទី​ស្នាក់​នៅតាម​ធម្មជាតិ​រប​ស់​ពួក​សត្វ​កង្កែប​នោះ ខ្លាំង​ជាង​ការតាមប្រមាញ់ ដើម្បី​ធ្វើជា​អាហារ​របស់​មនុស្ស។

    កង្កែប កូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី ដែលមាន​ស្បែក​ស្ដើង និង​ចាញ់​សារធាតុ​គីមី ដែលមាន​នៅក្នុង​ម្សៅ​សាប៊ូ​ដែល​មនុស្ស​យកទៅ​បោក​ខោអាវ​នៅក្នុង​ទន្លេ​ដងអូរ ដែល​នៅក្បែរនោះ។

    ចំណែក​សត្វ​កង្កែប ខ្លួន​ធំ​បំផុត​ក្នុង​ពិភពលោក​មែនទែន​នោះ​គឺ កង្កែប Goliath ប្រទះឃើញ​នៅក្នុង​ព្រៃ​ទឹកភ្លៀង​តំបន់​ក្ដៅ​របស់​អាហ្វ្រិក​កណ្ដាល នៅក្នុង​ផ្នែក​ខាងលិច​ឆៀង​ខាងត្បូង របស់​ប្រទេស​កា​មេ​រូ​ន និង​ភាគ​ខាងជើង នៃ​ប្រទេស​អ៊ី​ខ្វេ​ថូ​រៀល​ហ្គី​នី ដែលមាន​ទំហំ​ខ្លួន ធំ​ពេញទំហឹង 32សង់ទីម៉ែត្រ និង​ទម្ងន់​ខ្លួន​ធ្ងន់​បំផុត 3.25គីឡូក្រាម៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • កើត​ឆ្នាំ​អី…ត្រូវ​ជ្រើសរើស​ផ្ទះ​នៅ​យ៉ាងម៉េច?

    កើត​ឆ្នាំ​អី…ត្រូវ​ជ្រើសរើស​ផ្ទះ​នៅ​យ៉ាងម៉េច?

    តើ​លោកអ្នក​ធ្លាប់មាន​អារម្មណ៍​ថា ផ្ទះ​ដែល​លោកអ្នក​កំពុងតែ​ស្នាក់នៅ​នេះ មាន​បញ្ហា​កំប៉ិកកំប៉ុក​ច្រើន ធ្វើ​ឱ្យមាន​​អារម្មណ៍​មិន​សប្បាយចិត្ត យ៉ាង​មិនអាច​រៀបរាប់​បានដែរ​ឬទេ?

    វា​មិន​ប្រាកដ​ដែរ…វា​អាច​បណ្តាលមកពី​ហុងស៊ុយ​ខុស​ទី ខុស​កន្លែង​ក៏​អាច​ថា​បានដែរ  ឆ្នាំ​កំណើត​របស់​លោកអ្នក ជាមួយនឹង​ការជ្រើសរើស​ទិញ​ផ្ទះ​នេះ ក៏​ដូចគ្នា​ដែរ  ព្រោះ​បើ​អាច​ប្រមូល​ព័ត៌មាន ក្នុងការ​រកមើល​ទិញ​ផ្ទះ តាម​ឆ្នាំ​កំណើត​ទាំងអស់ មក​ពិចារណា​បញ្ចូល​គ្នា​បាន​នោះ វា​អាច​នឹង​ធ្វើឱ្យ​ជីវិត​នៅក្នុង​ផ្ទះ​ថ្មី របស់លោក​អ្នក ជួបប្រទះ​តែ​រឿងល្អៗក៏បាន​ដែរ  តើ​អ្នកណា​ទៅ​ដឹង  មែន​អត់?  បើ​ដូច្នេះ យើង​សាកល្បង​មក​តាមដាន​ព័ត៌មានល្អៗ ដែល​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ទិញ​ផ្ទះ តាម​ឆ្នាំ​កំណើត ដូចតទៅ​ល្អ​ជាង។

    ឆ្នាំជូត (កណ្តុរ)

    លោកអ្នក​ដែល​កើត​ឆ្នាំជូត មិនថាតែ​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សាង​សង់ផ្ទះ ឬ​ទិញ​ផ្ទះ​ដែល​បែរខ្នង​ទៅ​ទិស​ខាងត្បូង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 172.6 – 187.5អង្សា  ព្រោះ​ទិស​នេះ គឺជា​ទិស​ឆុង​នឹង​អ្នក​ដែល​កើត​ឆ្នាំជូត ដូច្នេះ​វា​ជា​ទិស​ហាមឃាត់។ តាមរយៈ​បទពិសោធ ដែល​លោកគ្រូ​ចិន​សែ ធ្លាប់បាន​ទៅ​មើល​ហុងស៊ុយ និង​រៀបចំផ្ទះ ឱ្យ​អ្នក​ដែល​ស្នាក់នៅ​ខុស​ទិស​ហុងស៊ុយ​នោះ  ឃើញថា ច្រើនតែ​រស់នៅ​មិន​សុខ​សប្បាយ នៅផ្ទះ​មិនបាន មាន​មនុស្ស​តិច​ណាស់ ដែល​មិនកើត​អាការ​បែបនេះ។ ដូច្នេះ អ្នក​ដែល​កើត​ឆ្នាំជូត គួរ​ចៀសវាង​ការទិញ​ផ្ទះ​ដែល​ស្ថិតនៅក្នុង​ទិស​នេះ។

    ឆ្នាំឆ្លូវ (គោ)

    លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ទោះជា​គ្រិស្តសករាជ​ណាក៏ដោយ  ហាម​សង់ផ្ទះ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 202.6 – 217.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំឆ្លូវ ដូច្នេះ​គួរតែ​ប្រយ័ត្នប្រយែង  ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំខាល (ខ្លា)

    អ្នក​ដែល​កើត​ឆ្នាំខាល ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 232.2 – 247.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​កើត​ឆ្នាំខាល  ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង ចៀសវាង​កុំ​ទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំថោះ (ទន្សាយ)

    លោកអ្នក​ដែល​កើត​ឆ្នាំថោះ ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិស​ខាងលិច ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 262.6 –  277.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំថោះ ដូច្នេះ​គួរ​ប្រយ័ត្ន និង​ចៀសវាង​ទិញ ឬ​សង់ផ្ទះ​ក្នុង​ទិស​នេះ។

    ឆ្នាំរោង (នាគរាជ)

    លោកអ្នក​ដែល​កើត​នៅ​ឆ្នាំនេះ ទោះជា​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ  ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅរក​ទិស​ខាងលិច​ឆៀង​ខាងជើង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 292.6 – 307.5អង្សា  ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំរោង​នេះ ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង ចៀសវាង​សង់ ឬ​ទិញ​ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំម្សាញ់ (ពស់ថ្លាន់)

    អ្នក​ដែល​កើត​ឆ្នាំម្សាញ់ ទោះជា​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សាងសង់ ឬ​ទិញ​ផ្ទះ​បែរខ្នង​ទៅ​ទិស​ខាងជើង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 322.5 – 337.5 អង្សា  ព្រោះ​វា​ជា​ទិស ដែល​ឆុង​នឹង​មនុស្ស​ដែល​កើត​ឆ្នាំម្សាញ់ ដូច្នេះ​គួរ​ចៀសវាង​កុំ​សង់ ឬ​ទិញ​ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំមមី (សេះ)

    លោកអ្នក​ដែល​កើត​ឆ្នាំមមី ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ​ដែល​បែរខ្នង​ទៅ​ទិស​ខាងជើង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 352.6 – 07.5អង្សា ព្រោះ​ទិស​នេះ​ឆុង​នឹង​មនុស្ស​ឆ្នាំមមី ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំមមែ (ពពែ)

    លោកអ្នក​ដែល​កើត​ឆ្នាំមមែ ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 22.6 – 37.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំមមែ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំវក (ស្វា)

    លោកអ្នក​ដែល​កើត​ឆ្នាំវក នេះ ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិសខាងកើត​ឆៀង​ខាងជើង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 53.6 – 67.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំវក ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំរកា (មាន់)

    លោកអ្នក​ដែល​កើត​ឆ្នាំរកា ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិសខាងកើត ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 82.6 – 97.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំរកា ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំច (ឆ្កែ)

    លោកអ្នក​ដែល​កើត​ឆ្នាំច ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិសខាងកើត​ឆៀង​ខាងត្បូង ក្នុង​កម្រិត​អង្សា​ត្រីវិស័យ 122.6 – 127.5អង្សា ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំច ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ។

    ឆ្នាំកុរ (ជ្រូក)

    លោកអ្នក​ដែល​កើត​ឆ្នាំកុរ ទោះជា​កើត​ក្នុង​គ្រិស្តសករាជ​ណាក៏ដោយ ហាម​សង់ ឬ​ទិញ​ផ្ទះ ដែល​បែរខ្នង​ទៅ​ទិសខាងកើត​ឆៀង​ខាងត្បូង ព្រោះ​ទិស​នេះ ឆុង​នឹង​មនុស្ស​ឆ្នាំវក ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការទិញ ឬ​សង់ផ្ទះ​នៅក្នុង​ទិស​នេះ៕

  • ស្ថានភាព​វីរុស​ Covid-19 នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា

    ស្ថានភាព​វីរុស​ Covid-19 នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 480នាក់, ស្លាប់ 5នាក់ និង​ជាសះស្បើយ​ចំនួន 350នាក់ នៅក្នុង​អំឡុង​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​ថ្ងៃទី11 ខែឧសភា​នេះ កម្ពុជា មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 សរុប​ចំនួន 20,223នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 131នាក់ និង 11,922នាក់ កំពុង​ទទួល​ការព្យាបាល។

    ដោយឡែក ប្រទេសជិតខាង​របស់​កម្ពុជា គឺ ប្រទេស​វៀតណាម បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​សរុប 3,489នាក់ ក្នុងនោះ មាន​អ្នកស្លាប់​សរុប​ចំនួន 35នាក់ និង​កំពុង​ព្យាបាល 836នាក់។ ប្រទេស​នេះ​ក៏​ទើប​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 28នាក់។

    ប្រទេស​ថៃ ដែល​នៅជាប់​នឹង​កម្ពុជា​ដែរនោះ បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង Covid-19 សរុប កើនឡើង​ដល់ 86,924នាក់ ក្នុងនោះ​ក៏មាន​អ្នកស្លាប់​ចំនួន 452នាក់ និង​កំពុង​ព្យាបាល 29,435នាក់។ ប្រទេស​ថៃ ក៏​ទើបតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 1,919នាក់។

    ចំណែក​ប្រទេស​ឡាវ​វិញ មាន​អ្នក​វិជ្ជមាន​សរុប 1,327នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​តែ 1នាក់​គត់ និង​កំពុង​ព្យាបាល​ចំនួន 1,088នាក់។ ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​ឡាវ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី10 ខែឧសភា មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅឡើយ៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​ និង​ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ទិដ្ឋភាព​រ៉ុ​ក្កែត​អ៊ីស្រាអែល បាញ់​ស្ទាក់​កាំជ្រួច​ហ្វូង​រាប់រយដើម​របស់​ក្រុម​ហា​ម៉ាស ដែល​កំពុង​សំដៅ​មកលើ​តំបន់​យេ​រូ​សា​ឡិ​ម

    (វីដេអូ)-ទិដ្ឋភាព​រ៉ុ​ក្កែត​អ៊ីស្រាអែល បាញ់​ស្ទាក់​កាំជ្រួច​ហ្វូង​រាប់រយដើម​របស់​ក្រុម​ហា​ម៉ាស ដែល​កំពុង​សំដៅ​មកលើ​តំបន់​យេ​រូ​សា​ឡិ​ម

    ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល បាន​ដំណើរការ​ស្រុះគ្នា នៅពេល​រ៉ុ​ក្កែត​ចំនួន 150គ្រាប់ ត្រូវបាន​កម្លាំងប្រដាប់អាវុធ​ហា​ម៉ាស (Hamas) បាញ់​សំដៅ​មកកាន់​ប្រទេស​នេះ ក្នុងអំឡុង​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន កំពុង​កើនឡើង​ខ្ពស់។

    ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​ប៉ា​លេ​ស្ទី​ន បាន​បាញ់​កាំជ្រួច​ហ្វូ​ល​ចំនួន 150គ្រាប់ ស្រោច​មកលើ​ទឹកដី​រប​ស់​អ៊ីស្រាអែល ក្នុង​យប់​ថ្ងៃទី10 ខែឧសភា ក្នុងនោះ រាប់សិប​គ្រាប់​ត្រូវបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ី​ស្រា​អេ​ល រាំងខ្ទប់។

    រូបភាព​ដែល​ត្រូវបាន​សារព័ត៌មាន​នានា​ចុះផ្សាយ បង្ហាញថា រ៉ុ​ក្កែត​ជាច្រើន​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​ប្រព័ន្ធ Iron Dome ផ្សេងៗគ្នា តម្រង់​ទៅកាន់​គ្រាប់​កាំជ្រួច​ហ្វូង នាពេល​រាត្រី ដើម្បី​ទប់ស្កាត់​កាំជ្រួច​ហ្វូង​របស់​សត្រូវ ដែល​កំពុង​សំដៅ​មក។ Iron Dome ជាធម្មតា តែង​បាញ់​កម្ទេច​រ៉ុ​ក្កែត​ទាំងឡាយណា​ដែល​សំដៅ​មកកាន់​តំបន់​ទីក្រុង និង​បោះបង់​គ្រាប់​រ៉ុ​ក្កែ​ត​ដែល​ត្រូវ​បានកំណត់​ដឹងថា នឹង​ធ្លាក់​ទៅលើ​តំបន់​ដាច់ស្រយាល។

    Abu Ubaida អ្នកនា​ពាក្យ​របស់​ក្រុម​ហា​ម៉ាស បានឱ្យដឹងថា កម្លាំង​របស់ខ្លួន​បាន​បាញ់​រ៉ុ​ក្កែ​ត​សំដៅលើ​សត្រូវ​ដែល​កំពុង​គ្រប់គ្រង​តំបន់ យេ​រូ​សា​ឡិ​ម (Jerusalem) ដើម្បី​ឆ្លើយតប​នឹង​អំពើ​ឧក្រិដ្ឋ និង​ភាព​កោងកាច​សំដៅលើ​តំបន់​ពិសិដ្ឋ ក៏ដូចជា​ប្រជាជន​នៅ​វិហារ Sheikh Jarrah និង Al-Aqsa»។

    នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា កងកម្លាំង​ប៉ា​លេ​ស្ទី​ន បាន​ឆ្លងកាត់ «បន្ទាត់​ក្រហម» នៅពេល​បាញ់​រ៉ុ​ក្កែ​ត ស្រោច​មកលើ​តំបន់​យេ​រូ​សា​ឡិ​ម ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ2014។ កងទ័ព​អ៊ីស្រាអែល ក្រោយមក​ក៏បាន​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ​ទីតាំង​ជាច្រើន​នៅ​ទីក្រុង​ហ្គា​ហ្សា (Gaza) របស់​ប៉ា​លេ​ស្ទី​ន បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 20នាក់ បាន​បាត់​បង់ជីវិត។

    ហេតុការណ៍​បាញ់ប្រហារ​គ្នា​នេះ កើតឡើង​នៅពេល​ប្រជាជន​ប៉ា​លេ​ស្ទី​ន ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa ភាគ​ខាងកើត​តំបន់​យេ​រូ​សា​ឡិ​ម ជាទី​តាំង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម ដែលនាំឱ្យ​មាន​អ្នករងរបួស​រាប់រយ​នាក់។

    ការប៉ះទង្គិច​ខាងលើ ដែល​បាន​នាំឱ្យមាន​ភាព​តានតឹង ក្រោយពី​អ៊ីស្រាអែល បាន​រឹតបន្តឹង​លើ​ការចូល​ទៅកាន់​តំបន់ យេ​រូ​សា​ឡិ​ម នៅក្នុង​រដូវ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដើម្បី​ទុក​ទីតាំង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ​រស់នៅ។

    ការបាញ់ប្រហារ​ដាក់គ្នា រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន កំពុង​ធ្វើឱ្យ​ប្រទេស​ជាច្រើន​មានការ​ព្រួយបារម្ភ។ សហរដ្ឋ អាមេរិក បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការបាញ់​ផ្លោង​រ៉ុ​ក្កែ​ត មកលើ​អ៊ីស្រាអែល និង​ស្នើឱ្យ​គ្រប់ភាគី បន្ថយ​ភាព​តានតឹង​ជាបន្ទាន់។ អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី7 ខែឧសភា ក៏បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់ ខណៈ​រុស្ស៊ី និង​បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ថ្កោលទោស​លើ​ការបណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន ពី​សំណាក់​រដ្ឋាភិបាល​អ៊ីស្រាអែល៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • សាកសព​មនុស្ស​រាប់សិប​នាក់ ដែល​សង្ស័យថា​ជា ​អ្នកជំងឺ Covid-19 អណ្ដែត​ដេរដាស​លើ​ផ្ទៃ​ទន្លេ​នៅ​ឥណ្ឌា

    សាកសព​មនុស្ស​រាប់សិប​នាក់ ដែល​សង្ស័យថា​ជា ​អ្នកជំងឺ Covid-19 អណ្ដែត​ដេរដាស​លើ​ផ្ទៃ​ទន្លេ​នៅ​ឥណ្ឌា

    ឥណ្ឌា៖ សាកសព​យ៉ាងតិច ចំនួន 40នាក់ ដែល​បាន​អណ្ដែត​ចូល​ក្បែរ​ឆ្នេរទន្លេ​គង្គា ស្ថិតនៅ​កណ្ដាល​រដ្ឋ Biha និង​រដ្ឋ Uttar Pradesh ត្រូវបាន​ក្រុមមន្ត្រី​សង្ស័យថា គឺជា​អ្នកជំងឺ Covid-19 ដែល​មិនបាន​បូជា។

    «ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​ទន្លេ​គង្គា ក្នុងស្រុក Buxar ក្បែរ​បន្ទាត់​ខណ្ឌ​ចែក​រដ្ឋ Bihar និង Uttar Pradesh។ យើង​បាន​ស្នើឱ្យ​អាជ្ញាធរ ដោះស្រាយ​បញ្ហា​នេះ ដោយ​ការបូជា​ភ្លើង និង​បញ្ចុះ» Ashok Kumar ជា​មន្ត្រី​នៅ​មូលដ្ឋាន បាន​និយាយ​ដូច្នេះ កាលពី​ថ្ងៃទី10 ខែឧសភា។

    ប្រភពព័ត៌មាន​ពី​ស្រុក Buxar បានឱ្យដឹងថា ចំនួន​សាកសព​ដែល​អណ្ដែត​មក​ក្បែរ​ច្រាំងទន្លេ អាច​ឡើងដល់ 100នាក់ ក្នុងនោះ​សាកសព​ជាច្រើន​កំពុង​ស្អុយរលួយ និង​ប្រហែលជា​បាន​ស្ថិតនៅក្រោម​ទឹកទន្លេ​អស់​ជាច្រើន​ថ្ងៃ​មកហើយ។ មន្ត្រី​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង ដោយ​សង្ស័យថា សាកសព​ទាំងនោះ​អាចជា​អ្នក​ដែល​បាន​ស្លាប់​ដោយសារ Covid-19។

    អ្នកស្រុក​ជឿថា សាកសព​អាច​ត្រូវបាន​គេ​បណ្ដែត​ចូល​ទន្លេ ព្រោះតែ​ទីតាំង​បូជាសព​កំពុង​ពេញ​ណែន ឬ​គ្រួសារ​សព​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ឧស។ Kameshwar Pandey ដែលជា​អ្នករស់នៅ​ក្បែរ​ទន្លេ បាន​និយាយថា៖ «នេះ​គឺជា​អ្វីដែល​ធ្វើឱ្យ​យើង​រន្ធត់​ខ្លាំង»។

    មហា​រោគ Covid-19 នៅតែ​រាតត្បាត​ប្រទេស​ឥណ្ឌា និង​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​ក្នុង​តំបន់​ជនបទ​ដ៏​ធំ​របស់​ប្រទេស​នេះ បណ្ដាលឱ្យ​ប្រព័ន្ធ​សុខាភិបាល ក៏ដូចជា​ទីតាំង​បូជាសព និង​ទី​បញ្ចុះសព ត្រូវ​លើស​ចំណុះ។ រដ្ឋ Bihar និង រដ្ឋ Uttar Pradesh ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​ក្រីក្រ​បំផុត​របស់​ប្រទេស​ឥណ្ឌា។

    យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា អ្នកជំងឺ Covid-19 ប្រមាណ 4,000នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ដែល​ករណី​ស្លាប់​សរុប បាន​កើន​ដល់​ជាង​ 250,000នាក់ នៅក្នុង​ចំណោម​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ជិត 23លាន​នាក់។ ប៉ុន្តែ ក្រុម​អ្នកជំនាញ ជឿថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ​ច្រើនដង។

    រលក​ទី​ពីរ​របស់ Covid-19 បាន​រុញច្រាន​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា ឱ្យ​ប្រឈម​នឹង​ការដួលរលំ បណ្ដាលឱ្យ​អ្នកជំងឺ​ត្រូវស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន មិនបាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ខ្វះ​ថ្នាំសង្កូវ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    អ៊ីតាលី៖ នារី​វ័យ23ឆ្នាំ​ម្នាក់ ត្រូវ​ចូល​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Tuscany បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ Pfizer រហូតដល់ 6ដូ​ស ព្រោះតែ​ការច្រឡំ។

    ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​តំបន់ Tuscany ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី9 ខែឧសភា នៅពេលដែល​គិលានុបដ្ឋាក បាន​ចាក់​វ៉ាក់សាំង​អស់​មួយ​ម្ជុល ដែល​ស្មើនឹង 6ដូ​ស ទៅឱ្យ​នារី​ម្នាក់​ដែលមាន​អាយុ 23ឆ្នាំ។ បច្ចុប្បន្ន សុខភាព​អ្នកជំងឺ កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ បន្ទាប់ពី​បាន​បញ្ចូល​សេរ៉ូម និង​លេបថ្នាំ paracetamol។

    អត្តសញ្ញាណ​របស់​នារី​រងគ្រោះ រួម​នឹង​មន្ទីរពេទ្យ​ខាងលើ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ ហេតុ​ការណ៍​​នេះ​ត្រូវបាន​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​ប្រទេស​អ៊ីតាលី រួចហើយ។

    សារព័ត៌មាន​អ៊ីតាលី បានឱ្យដឹងថា ការពិសោធ​នានា​ទៅលើ​ការចាក់​វ៉ាក់សាំង Covid-19 លើស​ចំណុះ​កន្លងមក ត្រូវបាន​គេ​ធ្វើឡើង​ត្រឹមតែ 4ដូ​ស​ប៉ុណ្ណោះ ក្នុង​នោះបាន​បង្ហាញថា ពុំមាន​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ដល់​អ្នក​ត្រូវបាន​ចាក់​នោះទេ។ គិត​មកដល់​បច្ចុប្បន្ន ករណី​ចាក់​លើស​ចំណុះ បានកើត​ឡើង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អាល្លឺម៉ង់ និង​អ៊ីស្រាអែល​ផងដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក កំពុង​ឈរ​នៅ​ចំពោះមុខ​របត់​ថ្មី​មួយ​ដ៏​ធំ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅពេលដែល​ចំនួន​អ្នក​វិជ្ជមាន​ថ្មី និង​អ្នក​ចូល​ពេទ្យ បាន​ថយចុះ​យ៉ាងច្រើន ដែល​នេះ​ត្រូវបាន​គេ​ជឿថា​ជា ជោគជ័យ​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​កំពុង​កែប្រែ​ស្ថានការណ៍» Jeffrey Zients អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំងនឹង Covid-19 របស់​សេត​វិមាន បាន​និយាយ​ដូច្នេះ។

    ដោយសារ​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដល់​មនុស្សពេញវ័យ​បាន​ចំនួន 58% និង​ប្រហែល 113លាន​នាក់ (34%) បាន​ចាក់​រួចរាល់ សហរដ្ឋអាមេរិក កំពុងស្ថិត​ក្នុង​ផ្លូវ​ទៅរក​គោលដៅ ដែល​ប្រធានាធិបតី Joe Biden បានកំណត់ ក្នុង​នោះបាន​ចែងថា ពលរដ្ឋ​ចំនួន 70% នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ឱ្យបាន​មុន​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។

    «យើង​គិតថា គ្រប់គ្នា​សុទ្ធតែ​ហត់នឿយ ហើយ​ការពាក់​ម៉ាស អាចជា​ប្រការ​ដ៏​រំខាន។ ប៉ុន្តែ យើង​កំពុងធ្វើដំណើរ​ជិត​ដល់​គោលដៅ ហើយ​ពន្លឺ​នៅខាងមុខ ក៏​កាន់តែច្បាស់ឡើងៗហើយ​ដែរ» Zients ថ្លែង​ដូច្នេះ។

    លោក​ Anthony Fauci អ្នកជំនាញលំដាប់កំពូលខាងរោគឆ្លងរបស់សហរដ្ឋអាមេរិក

    Anthony Fauci ដែលជា​អ្នកជំនាញ​លំដាប់​កំពូល​ខាង​រោគ​ឆ្លង​របស់​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ស្រដៀង​នេះដែរ។ លោក​និយាយថា ដល់​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​ទាក់​ស្កាត់ Covid-19 និង​អនុញ្ញាតឱ្យ​ជនជាតិ​អាមេរិកាំង ទទួល​បទពិសោធន៍​ល្អ​ដែល​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​ត្រូវការ​ចាប់ផ្ដើម​សេរីភាព​ច្រើនជាង​មុន នៅពេល​ដែលមាន​ពលរ​ដ្ឋ​កាន់តែច្រើន បានទទួល​ការចាក់​វ៉ាក់សាំង» លោក Anthony Fauci ថ្លែង​បែបនេះ។ ប៉ុន្តែ លោក​ក៏បាន​បញ្ជាក់ថា សង្គ្រាម​នេះ​នៅតែ​ត្រូវធ្វើ​បន្ត ដើម្បី​សម្រេចបាន​គោលដៅ ព្រោះថា ប្រការនេះ​មានន័យថា «វីរុស​នឹង​លែងមាន​កន្លែង​សម្រាប់​ជ្រោក​កោន»។

    ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក មាន​មូលដ្ឋាន​ដែល​អាចឱ្យ​ពួកគេ​មាន​ក្ដីសង្ឃឹម​ក្នុងការ​រួចផុត​ពី​មហា​រោគរាតត្បាត ដោយសារ​ការចាក់​វ៉ាក់សាំង។ តួលេខ​នៃ​ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក គិត​ជា​មធ្យម​ក្នុង​រយៈពេល 7ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា មាន​ចំនួន 42,000នាក់ ថយចុះ​ច្រើន​បើ​ធៀប​នឹង 260,000នាក់ កាលពី​ខែមករា។ អត្រា​នៃ​ករណី​ចូល​ពេទ្យ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិតដល់​ថ្ងៃទី7 ខែឧសភា គឺ​ជាង 39,300នាក់ ថយចុះ​ជាង 70% បើ​ធៀប​នឹង 137,600 កាលពីដើម​ខែមករា។ ចំណេ​ក​អត្រា​នៃ​ការស្លាប់ ក៏បាន​ថយចុះ​ច្រើន ពោលគឺ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា គឺមាន 675ករណី ថយចុះ​ជិត 80% បើ​ធៀប​នឹង​មធ្យមភាគ 3,352ករណី កាលពី​ពាក់កណ្ដាល​ខែមករា។

    លើ​រថយន្ត​ក៏​អាច​ចាក់វ៉ាក់សាំង​បាន​ដែរ​

    ក្រុម​អ្នកជំនាញ បាន​អះអាងថា លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បានមកពី​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​ពលរដ្ឋ​ជាង 257លាន​ដូ​ស ឈរ​លំដាប់​ទី​ពីរ បើ​ធៀប​នឹង 318លាន​ដូ​ស​របស់​ប្រទេស​ចិន (យោងតាម​ទិន្នន័យ​របស់ Our World in Data)។ សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន 5 ដែល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច1ដូ​ស បាន​ច្រើនជាងគេ​ផងដែរ រួមមាន ប្រទេស​ទាំង​ដែន​កោះ ស៊ី​សែ​ល (Seychelles), ប្រទេស​អ៊ីស្រាអែល, អង់គ្លេស, និង​ប្រទេស​បា​រ៉ែ​ន។ សហរដ្ឋ​អាមេរិក ជា​ប្រទេស​ឈរ​លំដាប់​ទី 4 ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​រួចរាល់​បាន​ច្រើនជាងគេ បន្ទាប់​ពី​ប្រទេស​​ស៊ី​សែ​ល (60.7%), ប្រទេស​អ៊ីស្រាអែល (58.6%) និង​ប្រទេស​ស៊ី​លី (37%)។

    ក្រុម​អ្នកជំនាញ​ក៏បាន​បញ្ជាក់ថា ការអនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ប្រសិទ្ធភាព ក៏​អាស្រ័យទៅលើ​ប្រសិទ្ធភាព​របស់​ប្រភេទ​វ៉ាក់សាំង​ផងដែរ។ វ៉ាក់សាំង​ចំនួន 3ប្រភេទ ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឱ្យប្រើ​ប្រាស់ រួមមាន Pfizer, Moderna និង Johnson & Johnson។ យោងតាម​ទស្សនាវដ្ដី Yale Medicine វ៉ាក់សាំង​ទាំងនេះ មាន​ប្រសិទ្ធភាព​ខ្ពស់៕

    ប្រភព​៖ Guardian, NYTimes, WSJ, AP
    ប្រែសម្រួល​៖ បុត្រា

  • ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​របស់ Bill Gates

    ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​របស់ Bill Gates

    «វ៉ាង​ចឺ» ឬ Shelly Wang បាន​ក្លាយជា​ពាក្យ ដែលមាន​គេ​ស្វែង​រកមើល​ព័ត៌មាន​ច្រើន​បំផុត ក្នុង​ពិភព​អន​ឡាញ​នៃ​ប្រទេស​ចិន ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ការ​លែងលះ​របស់​មហាសេដ្ឋី​លេខ4 របស់​ពិភពលោក។

    សូម​ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ត្រូវបាន​គេ​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​បំផុត​របស់លោក Bill Gates មហាសេដ្ឋី ស្ថាបនិក ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ ដែល​ទើប​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ភរិយា ដែល​គ្រង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយគ្នា អស់​រយៈពេល 27ឆ្នាំ​មកហើយ​នោះ។

    ព័ត៌មាន​ចចាមអារ៉ាម​នេះ ចេញ​មកពី​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ​របស់ Fox News ដែលមាន​អ្នក​ផូ​ស្ត​សំណេរ​ថា «វ៉ាង ចឺ ក្រមុំ​ចិន អ្នកបកប្រែ​ភាសា ជាមួយ ប៊ី​ល ហ្គេ​ត​ស៍ មាន​សម្ព័ន្ធភាព លើសពី​ពាក្យ​ថា​ការងារ» និង​ក្លាយជា​រឿង ដែល​ធ្វើឱ្យ​រូបនាង «កើតរឿង​ធំ»។

    ស្រី​ក្រមុំ​ជន​ជាតិចិន​ម្នាក់នេះ ជា​អ្នកបកប្រែ​ឱ្យ​មូលនិធិ ប៊ី​ល និង​មេ​លីន​ដា ហ្គេ​ត​ស៍ តាំងពី​ឆ្នាំ2015 មក នាង​ថែមទាំង​ធ្លាប់​ធ្វើជា​អ្នកបម្រើ​លើ​យន្តហោះ និង​ទើបតែ​បានទទួល​លិខិតអនុញ្ញាត ធ្វើជា​ជំនួយការ​អ្នកបើក​យន្តហោះ​ទៀតផង។

    វ៉ាង ចឺ បច្ចុប្បន្ន​អាយុ 36ឆ្នាំ ជា​អ្នកស្រុក​ក្វាង​ចូ​វ និង​បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​នៅ​វ័យ​ជំទង់។ នាង​ចាប់ផ្ដើម​ការងារ​នៅក្នុង​ហាង​លក់​ស៊ុ​គី​ស៊ុប​ឆ្នាំ​ភ្លើង​មួយ នៅក្នុង​រដ្ឋ​យូ​ថា​ហ៍ ទទួលខុសត្រូវ​ខាង​ការសិក្សា​ទីផ្សារ និង​មើល​ការខុសត្រូវ វេ​ប​សាយ​របស់​ក្រុមហ៊ុន។

    ក្រោយ​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ពី​មហាវិទ្យាល័យ Brigham Young ក៏បាន​ប្រែក្លាយ​ខ្លួន​មក​ធ្វើជា​អ្នកបកប្រែ​អាជីព​នៅក្នុង​ស្ថាប័ន​ជាច្រើន រួមទាំង​មហាវិទ្យាល័យ​យេ​ល មហាវិទ្យាល័យ ហា​វ៉ាដ និង​មូលនិធិ​របស់លោក ប៊ី​ល ហ្គេ​ត​ស៍ តែ​ការងារ​ដែល​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​ដែល​គេ​ស្គាល់​ច្រើន គឺ​ការ​បាន​ធ្វើជា​ប្រធាន​ក្រុម​អ្នកបកប្រែ ឱ្យ​វេទិកា​សិក្ខាសាលា TED Talk។

    នាង​ជំនាញ​ភាសា​ចិន​កន្តាំង ចិន​ក្វាង​ទុង ភាសា​អង់គ្លេស និង​ថែមទាំង​យល់ដឹង​ពី​ភាសា​បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​ភាសា​ជប៉ុន​បន្តិចបន្តួច​ទៀតផង ក្រៅពីនេះ នាង​ថែមទាំង​ជា​គ្រូបង្រៀន​ព្យ៉ា​ណូ និង​រាំរែក​បែប​ចិន​បុរាណ ជា​ការងារ​បន្ទាប់បន្សំ​ទៀតផង។

    ក្រៅពី​អាជីព​ការងារ ជា​អ្នកបកប្រែ​ភាសា​ហើយ វ៉ាង ចឺ ថែមទាំង​ជា​អ្នកបម្រើ​លើ​យន្តហោះ​ទៀតផង តែ​ក្នុងអំឡុង​ពេលដែល​មេរោគ​កូ​វីដ​ឆ្លង​រាលដាល ការងារ​អ្នកបម្រើ​លើ​យន្តហោះ ស្ទើរតែ​គ្មាន​សោះឡើយ ទើប​នាង​ប្រើពេល​ទំនេរ ទៅ​ប្រឡង​យក​លិខិតអនុញ្ញាត​បើកបរ​យន្តហោះ​បន្ថែម។

    ក្រោយពី​មាន​លេចឮ​ព័ត៌មាន​ចចាមអារ៉ាម រឿង​សម្ព័ន្ធភាព​ជាមួយ​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ រួចមក មាន​អ្នក​ផូ​ស្ត​ដេញដោល​សួរ​នាង នៅក្នុង​ធ្វី​ត​ធើរ​ផ្ទាល់ខ្លួន ឡើង​ច្រើន​ឥត​គណនា ទោះជា​នាង​បាន​បដិសេធ​ហើយ​ថា «ជា​រឿង​ដែល​គ្មាន​មូលហេតុ​ពិតប្រាកដ​សោះឡើយ» ក៏ដោយ។

    អតីត​ប្រធាន​ផ្នែក​ការងារ​របស់​នាង ដល់​ថ្នាក់​ត្រូវ​ជួយ​នាង​សរសេរ​ផូ​ស្ត ដើម្បី​អះអាង​បញ្ជាក់ថា វ៉ាង​ចឺ ជា​នារី​ស្មោះត្រង់​ម្នាក់ និង​មិន​ជឿថា នាង​ជា «ជន​ទី3» នៅក្នុង​សម្ព័ន្ធភាព​គ្រួសារ​របស់​មហាសេដ្ឋី​ជនជាតិ​អាមេរិក ប៊ី​ល ហ្គេ​ត​ស៍ ឡើយ ព្រមទាំង​បានបញ្ជាក់​បន្ថែមទៀតថា ទោះជា​វ៉ាង ចឺ ធ្វើ​ការឱ្យ​មូលនិធិ​របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ជាច្រើន​ការងារ​មែន តែ​នាង​មិនមែនជា «អ្នកបកប្រែ​ផ្ទាល់ខ្លួន» របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ទេ។ ក្នុង​ពេលធ្វើ​ការងារ អ្នក​ទាំងឡាយ តែង​ឃើញ​នាងក្រមុំ​ចិន​រូប​សម្ផស្ស​ស្រស់ស្អាត​រូបនេះ នៅ​ជិតស្និទ្ធ​ជាមួយ​មហាសេដ្ឋី​អាមេរិក ទើប​ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​ឡើង ដោយ​គ្មាន​មូលហេតុ​ពិតប្រាកដ​ដូចខាងលើ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 506នាក់​ទៀត និង​ស្លាប់ 6នាក់​ទៀត នៅក្នុង​អំឡុង 24ម៉ោង​នៃ​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង Covid-19 សរុប នៅ​កម្ពុជា កើនឡើង​ដល់ 19,743នាក់ និង​អ្នកស្លាប់​សរុប​ឡើងដល់ 126នាក់។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 158,970,290នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,306,746នាក់, អ្នកជា​សះស្បើយ 136,517,897នាក់ និង​កំពុង​ព្យាបាល​ចំនួន 19,145,647​នាក់៕

    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ប្រទេស​ចិន ខណ្ឌ​ចែក​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Everest) ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការចម្លង Covid-19 ពី​ក្រុម​អ្នក​ឡើង​ភ្នំ ដែល​មកពី​ប្រទេស​នេ​ប៉ាល់ មកឱ្យ​ប្រជាជន​នៅ​តំបន់​ទី​បេ (Tibet)។

    មគ្គ​ទេសន៍​ដែល​នាំ​ផ្លូវ​ឡើង​ភ្នំ​មួយក្រុម​មកពី​តំបន់​ទី​បេ នឹង​ឡើងលើ​កំពូលភ្នំ អេ​វើ​រ៉េ​ស និង​ធ្វើការ​ខណ្ឌ​ចែក​តំបន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជួបជុំ​រវាង​ក្រុម​អ្នក​ផ្សងព្រេង​របស់​ភាគី​មក​ពី​ប្រទេស​ចិន និង​ភាគី​មកពី​ប្រទេស​នេ​ប៉ាល់។ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ដោយ​ដកស្រង់​សម្ដី​របស់​ប្រធាន​មន្ទីរ​កីឡា​នៃ​តំបន់​ទី​បី។

    ក្រុម​ខាងលើ​ដែលមាន​សមាជិក​ជា​ជន​ជាតិចិន​ចំនួន 21នាក់ កំពុងធ្វើដំណើរ​មកកាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ដើម្បី​បំពេញបេសកកម្ម​នេះ។ ប៉ុន្តែ សារព័ត៌មាន​ចិន មិនបាន​អធិប្បាយ​អំពី​របៀប​ខណ្ឌ​ចែក ដែល​ក្រុម​នេះ​នឹងធ្វើ​នោះទេ។

    ទីតាំង​បោះជំរំ​លើក​ពូ​ល​ភ្នំ​អេ​វើ​រ៉េ​ស នៅលើ​ទឹកដី​ប្រទេស​នេ​ប៉ាល់ ត្រូវ Covid-19 រាតត្បាត​ចាប់ពី​ចុងខែ​មេសា ឆ្នាំ2021 រហូតដល់​បច្ចុប្បន្ន។ រដ្ឋាភិបាល​នេ​ប៉ាល់ ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​ទៅលើ​ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍ នៅតែ​មិនទាន់​លុបចោល​រដូវ​ឡើង​ភ្នំ ដែល​ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែមិថុនា រៀងរាល់ឆ្នាំ មុនពេល​តំបន់​នេះ​ឈាន​ចូលដល់​រដូវ​វង្សា។

    កំពូលភ្នំ​អេ​វើ​រ៉េ​ស ស្ថិតនៅ​កម្ពស់ 8,848ម៉ែត្រ គឺជា​តំបន់​ធ្លាក់​ព្រឹល​តូច​មួយ​ដែលមាន​ផ្ទៃដី អាចឱ្យ​អ្នក​ឡើង​ភ្នំ និង​អ្នក​នាំ​ផ្លូវ ឈរ​ក្នុងពេល​តែមួយ ត្រឹមតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

    ប្រទេស​ចិន បាន​ហាម​អ្នក​ឡើង​ភ្នំ​ទាំង​ដែលមាន​បំណង​ឡើងទៅ​កាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ពី​ទឹកដី​នៃ​តំបន់​ទី​បេ របស់​ចិន ចាប់តាំងពី Covid-19 បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន។ ទេសចរ​ដែល​មក​ទស្ស​នា​ទេសភាព​កំពូលភ្នំ​អេ​វើ​រ៉េ​ស ក៏ត្រូវ​បាន​ហាមឃាត់​ទៅកាន់​កន្លែង​បោះជំរំ​លើទឹក​ដី​ទី​បេ​ផងដែរ។

    ប្រទេស​ចិន កាលពី​ថ្ងៃទី9 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 11ករណី នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើងដល់ 90,796នាក់ ក្នុងនោះ​មាន 4,637នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី9 ខែឧសភា ក៏បាន​ប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ចំនួន 8,777នាក់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​កើនឡើង​ដល់​ជាង 394,000នាក់ ក្នុងនោះ​មាន 3,720នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា