Author: សឿន សំណាង

  • David Beckham ទិញ​ភាគហ៊ុន 10% នៃ​ក្រុមហ៊ុន ធ្វើ «អគ្គិសនី​ឧ​ប​នីយកម្ម» លើ​រថយន្ត Rolls-Royce, Jaguar និង Range Rover

    David Beckham ទិញ​ភាគហ៊ុន 10% នៃ​ក្រុមហ៊ុន ធ្វើ «អគ្គិសនី​ឧ​ប​នីយកម្ម» លើ​រថយន្ត Rolls-Royce, Jaguar និង Range Rover

    អតីត​កំពូល​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ​របស់ អង់គ្លេស លោក David Beckham បាន​ក្លាយជា​សមាជិក​មួ​យ​រូប នៅក្នុង​ក្រុម​អ្នកវិនិយោគ​ថ្មី រួមមាន Reuben Brothers, the Barclay Family និង Alexander Dellal ដោយ​ការវិនិយោគ​ទៅលើ​ក្រុមហ៊ុន Lunaz ដែលមាន​ជំនាញ​ខាង​ការធ្វើ «អគ្គិសនី​ឧ​ប​នីយកម្ម» លើ​រថយន្ត​ប្រើប្រាស់​ម៉ាស៊ីន​សាំង ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Silverstone ប្រទេស​អង់គ្លេស។

    លោក David Beckham បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ថ្មី​មួយ ដោយ​សាច់​ប្រាក់សុទ្ធ ដើម្បី​ទិញ​ភាគហ៊ុន​ចំនួន 10% របស់​ក្រុមហ៊ុន Lunaz ដើម្បី​ផ្ដល់​សេវាកម្ម​ប្ដូរ​ម៉ាស៊ីនរថយន្ត Rolls-Royce, Jaguar និង Range Rover ទៅជា​ម៉ូ​ទ័​រ​អគ្គិសនី ដែល​ប្រើ​អាគុយ​ជា​គោល។ នេះ​បើតាម​សារព័ត៌មាន Irish Mirror។

    សារព័ត៌មាន Reuters បានចេញ​ផ្សាយ​ថា Beckham បាន​វិនិយោគ​ទៅលើ Lunaz តាមរយៈ​ក្រុមហ៊ុន​​វិនិយោគ​​ដោយ​ឡែក​​របស់ខ្លួន គឺ DB Ventures។ ក្រុមហ៊ុន​នេះ​បានប្រកាស​ដំណឹង​ខាងលើ កាលពី​ថ្ងៃទី3 ខែមិថុនា ប៉ុន្តែ មិនបាន​បង្ហើប​ឱ្យដឹងពី​តម្លៃ​នៃ​ការវិនិយោគ​នេះ​ទេ។

    Lunaz ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ2018 និង​មាន​សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​សាំង​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​មានតម្លៃ​ថ្លៃ ទៅជា​អាគុយ និង​ម៉ូ​ទ័​រ​អគ្គិសនី ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

    បច្ចុប្បន្ន សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​សាំង ទៅជា​អាគុយ និង​ម៉ូ​ទ័​រ​អគ្គិសនី លើ​ស៊េរី​រថយន្ត «បុរាណ» របស់ Range Rovers, Bentleys និង Rolls-Royce  មានតម្លៃ ប្រមាណ​ពី 240,000 ដល់ 500,000​ផោន (ប្រហែល​ពី 338,856-70,5950​ដុល្លារ​​អាមេរិក) / គ្រឿង ប៉ុន្តែ គេ​ជឿថា តម្លៃ​នេះ​នឹង​ថយចុះ​ច្រើន នាពេលខាងមុខ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកជំងឺ​COVID-19 ដែល​បាន​ស្លាប់ បែរជា​ត្រលប់មក​ផ្ទះ​វិញ ក្រោយពី​បូជា​បាន 18ថ្ងៃ

    អ្នកជំងឺ​COVID-19 ដែល​បាន​ស្លាប់ បែរជា​ត្រលប់មក​ផ្ទះ​វិញ ក្រោយពី​បូជា​បាន 18ថ្ងៃ

    (ឥណ្ឌា)- ស្ត្រី​ម្នាក់ ឈ្មោះថា Girijamma រស់នៅក្នុង​រដ្ឋ Andhra Pradesh ត្រូវបាន​គ្រួសារ​ធ្វើ​ពិធី​បញ្ចុះសព​រួចរាល់ បន្ទាប់ពី​បាន​ស្លាប់​ដោយសារ​ជំងឺ​Covid-19 ប៉ុន្តែ រយៈពេល 18ថ្ងៃ​ក្រោយមក គ្រួសារ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានឃើញ​ស្ត្រី​នេះ ត្រលប់មក​ផ្ទះ​វិញ។

    លោកយាយ​វ័យ 70ឆ្នាំ រស់នៅ​ក្នុងភូមិ Christianpet ស្រុក Krishna កាលពី​ថ្ងៃទី12 ខែឧសភា ត្រូវបាន​ប្ដី គឺ លោកតា Muthyala Gaddayya នាំទៅ​កាន់​មន្ទីរពេទ្យ នាទី​ក្រុង Vijayawada ដើម្បី​ព្យាបាល​ជំងឺ​Covid-19។ លោកតា Gaddayya តែង​ទៅ​មើល​ប្រពន្ធ​គាត់​ជា​ញឹកញាប់។

    ប៉ុន្តែ នៅ​ថ្ងៃទី15 ខែឧសភា លោកតា Gaddayya មិនបាន​ឃើញ​ប្រពន្ធ​របស់គាត់​នៅ​កន្លែង​ព្យាបាល​នោះទេ ពេល​គាត់​ទៅសួរសុខទុក្ខ​ម្ដងទៀត។ គាត់​បាន​ដើររក​ឯ​បន្ទប់ផ្សេងៗ ប៉ុន្តែ នៅតែ​រក​មិនឃើញ។ ចុងក្រោយ ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា អ្នកជំងឺ​ប្រហែលជា​បាន​ស្លាប់ ហើយ​ត្រូវ​នាំទៅ​កាន់​សាល​ដាក់​សាកសព។

    នៅក្នុង​សាល​សាកសព លោកតា ត្រូវបាន​ក្រុមការងារ ប្រគល់​សាកសព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​ត្រូវ​រុំ​ជិត​ដោយ​ថង់​ផ្លា​ស្ទិ​ក។ លោកតា​ពិតជា​រន្ធត់​ចិត្តជា​ពន់​ពេក និង​បាន​នាំ​សាកសព​ត្រលប់មក​ផ្ទះ ហើយ​ធ្វើបុណ្យ​ក្នុង​ថ្ងៃ​ដដែល​នោះ។

    ដល់​ថ្ងៃទី23 ខែឧសភា គ្រួសារ​របស់​លោកតា Gaddayya ត្រូវ​ជួប​ទុក្ខ​ធំ​មួយទៀត នៅពេល​បានទទួល​ដំណឹង​ថា កូនប្រុស​វ័យ 35ឆ្នាំ​របស់គាត់ ឈ្មោះ Muthyala Ramesh ក៏បាន​បាត់បង់​ជីវិត ដោយសារ Covid-19 នៅក្នុង​មន្ទីរពេទ្យ​ស្រុក Khammam។ គ្រួសរ​នេះ បានរៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោកយាយ Girijamma និង​កូនប្រុស Ramesh កាលពី​ថ្ងៃទី1 ខែឧសភា។

    ក៏ប៉ុន្តែ មួយថ្ងៃ​ក្រោយមក គ្រួសារ និង​អ្នកភូមិ ត្រូវ​រន្ធត់ និង​ភ្ញាក់ផ្អើល​ជា​លើក​ទី​បី នៅពេល​ឃើញ​លោកយាយ Girijamma ត្រលប់មក​ផ្ទះ។ លោកយាយ​ប្រាប់ថា គាត់​អន់ចិត្ត អាណិត​ខ្លួន​ខ្លាំងណាស់ ព្រោះតែ​មិនមាន​អ្នកផ្ទះ​ទៅ​ទទួល​គាត់ ក្រោយពី​បានជា​សះស្បើយ។ ខាង​មន្ទីរពេទ្យ បាន​ជូន​ប្រាក់​ដល់​លោកយាយ 3,000រូពី (41ដុល្លារ​អាមេរិក) ដើម្បី​ត្រលប់មក​ផ្ទះ។

    លោក​យាយ​ Girijamma

    គ្រួសារ​របស់លោក​យាយ និង​អ្នក​ក្បែរ​ខាង​និយាយថា ពួកគេ​មិនបាន​ពិនិត្យមើល​សាកសព​នោះទេ ព្រោះ​ខ្លាច​ឆ្លង​វីរុស។ ចំណែក​ខាង​ប៉ូលិស​វិញ ឱ្យដឹងថា ពុំមាន​អ្នកណាម្នាក់ ត្រូវបាន​ស៊ើបអង្កេត​នៅក្នុង​ករណី​ច្រឡំ​សាកសព​នេះនោះ​ដែរ។

    បច្ចុប្បន្ន គេ​មិនបាន​ដឹងថា លោកយាយ​បាន​នៅទីណា​ឡើយ ក្នុង​រយៈពេល 18ថ្ងៃ បន្ទាប់ពី​ត្រូវ​គ្រូពេទ្យ​និយាយថា បាន​ស្លាប់។ ចម្ងាយ​ផ្លូវ​ពី​ទីក្រុង Vijayawada មក​ស្រុក Krishna ប្រហែល 18គីឡូម៉ែត្រ៕

    ប្រភព៖ NDTV
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកស្លាប់​ដោយសារ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី4 ខែមិថុនា 2021

    អ្នកស្លាប់​ដោយសារ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី4 ខែមិថុនា 2021

    យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​បានប្រកាស​នា​ព្រឹក​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021 នេះ កម្ពុជា មាន​អ្នកស្លាប់​ថ្មី ដោយសារ​វីរុស​Covid-19 ចំនួន 6នាក់ និង​អ្នក​ឆ្លង​ថ្មី​ចំនួន 886នាក់ នៅក្នុង​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 33,075នាក់ ក្នុងនោះ​មាន 242នាក់​បាន​បាត់​បង់ជីវិត, 25,544នាក់​បានជា និង​ប្រមាណ 7,190នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​ស​ង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 ចំនួន 3,717,320នាក់ បាន​ស្លាប់, 155,622,721នាក់​បានជា និង 13,570,925នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​សរុប 172,910,966នាក់៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • មេបញ្ជាការ​កងទ័ព សហរដ្ឋ​អាមេរិក ថា វៀតណាម បញ្ជា​ទិញ​យន្តហោះ​ហ្វឹកហាត់ T-6

    មេបញ្ជាការ​កងទ័ព សហរដ្ឋ​អាមេរិក ថា វៀតណាម បញ្ជា​ទិញ​យន្តហោះ​ហ្វឹកហាត់ T-6

    មេបញ្ជាការ​ទ័ពអាកាស​ប្រចាំ​មហាសមុទ្រ ប៉ាស៊ីហ្វិក លោក Kenneth Wilsbach បានឱ្យដឹងថា កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ហ្វឹកហាត់ T-6 គឺជា​ចំណុច​លេចធ្លោ នៅក្នុង​កិច្ចសហការ​លើ​វិស័យ​ការពារជាតិ រវាង សហរដ្ឋ​អាមេរិក​-វៀតណាម។

    «វៀតណាម បាន​បញ្ជា​ទិញ​យន្តហោះ​ហ្វឹកហាត់ T-6 ដើម្បី​កែលម្អ​កម្មវិធី​ហ្វឹកហាត់​សម្រាប់​អ្នកបើកបរ​យន្តហោះ។ នេះ​គឺជា​ចំណុច​សំខាន់​មួយ និង​លេចធ្លោ​បំផុត នៅក្នុង​កិច្ចសហការ​ទ្វេភាគី» ឧ​ត្ត​ម​សេនីយ Kenneth Wilsbach មេបញ្ជាការ​កងទ័ពអាកាស​ប្រចាំ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក (PACAF) នៃ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​នា​ថ្ងៃនេះ។

    ព័ត៌មាន​នេះ ត្រូវបាន Kenneth Wilsbach លើកឡើង នៅពេល​ត្រូវបាន​សួរ​ដល់​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ រវាង វៀតណាម និង សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក មិនបាន​បង្ហើប​អំពី​ចំនួន​យន្តហោះ ក៏ដូចជា​តម្លៃ​សរុប​នៃ​យន្តហោះ ដែល វៀតណាម បាន​បញ្ជា​ទិញ​នោះទេ ដោយ​គ្រាន់តែ​និយាយថា សហរដ្ឋអាមេរិក សន្យា​ផ្គត់ផ្គង់​តាម​ការបញ្ជាទិញ​នេះ។

    វៀតណាម កាលពី​ឆ្នាំ2018 បាន​បញ្ជូន​អ្នកបើកបរ​យន្តហោះ​ពីរ​នាក់ ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល 52សប្ដាហ៍ ជាមួយនឹង​យន្តហោះ T-6 Texan II នៅក្នុង​កម្មវិធី​គ្រប់គ្រង​អាកាសចរណ៍ (ALP) របស់​ទ័ពអាកាស​អាមេរិក។

    T-6 Texan II គឺជា​ស៊េរី​យន្តហោះ​ធុន​ស្រាល ពីរ​កៅអី ផលិត​ដោយ​ក្រុមហ៊ុន Raytheon របស់ អាមេរិក ដោយ​យោង​​ទៅតាម​ម៉ូ​ដែល Pilatus PC-9 របស់​ប្រទេស ស្វី​ស។ វា​ត្រូវបាន​អភិវឌ្ឍ​ក្នុង​ទសវត្សរ៍ 1990 និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​អាមេរិក ចាប់ពី​ឆ្នាំ2001៕

    ប្រភព​៖ VNExpress
    ប្រែសម្រួល​៖ បុត្រា

  • អាមេរិក ប្រកាស​គម្រោង​លម្អិត ស្ដីពី​ការចែករំលែក​វ៉ាក់សាំង COVID-19 ចំនួន 80លាន​ដូ​ស ដល់​​ប្រទេស​នានា​​ក្នុង​ពិភពលោក

    អាមេរិក ប្រកាស​គម្រោង​លម្អិត ស្ដីពី​ការចែករំលែក​វ៉ាក់សាំង COVID-19 ចំនួន 80លាន​ដូ​ស ដល់​​ប្រទេស​នានា​​ក្នុង​ពិភពលោក

    កាលពី​ថ្ងៃទី3 ខែមិថុនា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាស​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​​ចែក​រំលែក​​វ៉ាក់សាំង​បង្ការ Covid-19  ចំនួន 25លាន​ដូ​ស​ដំបូង ក្នុងចំណោម 80លាន​ដូ​ស ដែល​លោក​ធ្លាប់បាន​ប្រកាស​នាពេល​ក​ន្ល​ង​ថា នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស និង​ដែនដី​ក្នុង​ពិភពលោក។

    ក្នុង​ប្រកាស​មួយ លោក Biden បាន​លើកឡើងថា ក្នុងចំណោម​វ៉ាក់សាំង 25លាន​ដូ​ស ដែល សហរដ្ឋអាមេរិក ចែករំលែក​ដំបូង មាន​ជិត 19លាន​ដូ​សនឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រ​ទស​ក្រីក្រ តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ក្នុងនោះ ប្រហែល 6លាន​ដូ​ស នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​ការី​ប៊ី​ន, ប្រហែល 7លាន​ដូ​ស​សម្រាប់​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍, ចំណែក​ជិត 5លាន​ដូ​ស​ទៀត សម្រាប់​ទ្វីបអាហ្វ្រិក។ ក្រៅពីនេះ វ៉ាក់សាំង​ជាង 6លាន​ដូ​ស​ទៀត ក្នុងចំណោម 25លាន​ដូ​ស​ខាងលើ នឹង​ត្រូវបាន​ចែករំលែក​ផ្ទាល់​ដល់​កាណាដា, ម៉ិ​ក​ស៊ិ​ក, ឥណ្ឌា និង​កូរ៉េខាងត្បូង។

    សូមបញ្ជាក់ថា វ៉ាក់សាំង​ប្រហែល 7លាន​ដូ​ស ដែល​គ្រោង​នឹង​ផ្ដល់ឱ្យ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ រួមមាន៖ ឥណ្ឌា, នេ​ប៉ាល់, បង់​ក្លា​ដែ​ស, ប៉ា​គី​ស្ថាន, ស្រីលង្កា, អា​ហ្វ​ហ្គា​នី​ស្ថាន, ម៉ា​ឌី​វ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, ឥណ្ឌូនេស៊ី, ថៃ, ឡាវ, ប៉ា​ពួ​ញូ​ហ្គី​ណេ, តៃវ៉ាន់ និង​បណ្ដា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កម្ពុជា មិនមាន​នៅក្នុង​បញ្ជី​ឈ្មោះ​នេះ​ទេ។

    យោងតាម​ប្រកាស​របស់ សេត​វិមាន វ៉ាក់សាំង 75% ក្នុងចំណោម 80លាន​ដូ​ស ដែល​សហរដ្ឋអាមេរិក គ្រោង​នឹង​ចែករំលែក នឹងត្រូវ​បានផ្ដល់​ឱ្យ​យន្តការ COVAX។ ចំណែក​នៅសល់ 25% ទៀត ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​កំពុង​ត្រូវការ​បន្ទាន់ បណ្ដា​ប្រទេស​ក្បែរ​ខាង​អាមេរិក និង​បណ្ដា​ប្រទេស​ដែល​បានស្នើ​សុំ អាមេរិក ឱ្យជួយ៕

    ប្រភព៖ Business Insider
    ប្រែ​សម្រួល៖ បុត្រា

  • ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    មាន​មនុស្ស​ជាច្រើន ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិន​បានដឹង​ឡើយ​ថា ភាព​ស្អាត មាន​អនាម័យ​នៅក្នុង​ប្រអប់មាត់ ក៏មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផលប៉ះពាល់ ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន  ដោយ​យើង​គួរ​ដុស​សម្អាត​ធ្មេញ យ៉ាងតិច​ក្នុង 1ថ្ងៃ ឱ្យបាន 2ដង និង​ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃទន់ៗ មិនមែនជា​ច្រាស​ដែល​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ងាយ​ឆាប់​សឹករេចរឹល។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ ក៏​គួរ​មាន​ខ្នាត ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់ ទៅលើ​ការ​ដុស​សម្អាត​ធ្មេញ ដែល​ត្រឹមត្រូវ​តាម​ក្បួន​វិធី និងគ្រប់ៗទីតាំង​របស់​ធ្មេញនីមួយ…ដោយសារ​ដូច្នេះហើយ ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ មក​ជម្រាបជូន​ដូចតទៅ៖

    1. គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះ ក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗដោយ​ទឹកស្អាត រៀងរាល់​ពេល​ញ៉ាំ​បាយ​ហើយ និង​ត្រូវ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង 1ថ្ងៃ 2ដង គឺ​ពេល​ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។
    2. ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ ដុស​ធ្វើ​ម៉ាស្សា​លើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។
    3. ទទួលទាន​បន្លែ និង​ផ្លែឈើ ដែល​ជួយ​ថែ​បំប៉នសាច់​អញ្ចាញធ្មេញ និង​ជួយ​សម្អាត​ធ្មេញ​បែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគ​ក់ ត្របែក និង​ផ្លែ​ជម្ពូ ជាដើម។
    4. ចៀសវាង​ពី​ការ​ខាំ​ហែក​វត្ថុរឹងៗដោយ​ធ្មេញ ដូចជា ហែក​ថង់​ប្លា​ស្ទិ​ក ខាំ​ខ្សែចំណង​ឱ្យដាច់ ប្រើ​ធ្មេញ​ខាំ​បើក​គម្រប​ដបជាដើម ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​ជំ​ពើ​ស បែក ឬ​រង្គើ​បាន​យ៉ាង​ងាយ។
    5. សង្កេតមើល​ធ្មេញ និង​អញ្ចាញ បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច ដោយ​ការឆ្លុះ​កញ្ចក់ មើល​ក្នុង​ប្រអប់មាត់​ម្តងម្កាល បើ​ឃើញ​មាន​ចំណុចខ្មៅៗ ស្នាម​ហើមក្រហមៗនៅលើ​សាច់​អញ្ចាញ ឬ​មាន​កំណកកំបោររឹងៗនៅតាម​ជើងធ្មេញ គួរតែ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជាបន្ទាន់។
    6. មិនគួរ​កេះ​ធ្មេញ ដោយ​មិនចាំបាច់​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យជើង​ធ្មេញ មាន​ប្រហោង និង​អាច​ឆ្លង​មេរោគ​បាន​ទៀតផង។
    7. ក្នុងករណី​ដែល​ធ្មេញទឹកដោះ(សម្រាប់​ក្មេងតូច)រង្គើ ធ្វើឱ្យ​ឈឺ​ខណៈពេល​ញ៉ាំ​អាហារ ឬ​ពេល​ដុស​សម្អាត​ធ្មេញ ឬក៏​មាន​ធ្មេញ​ពុកផុយ របេះ​អស់​នៅសល់តែ​គល់ លែងមាន​ធ្មេញ​ហើយ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​ទន្តពេទ្យ ដើម្បី​ដកចេញ​ភ្លាម។

    វិធី​ដុស​សម្អាត​ធ្មេញ

    ការ​ដុស​សម្អាត​ធ្មេញ គួរ​ដុស​សម្អាត ឱ្យ​សព្វគ្រប់​លើ​ធ្មេញ និង​គ្រប់ផ្នែក​របស់​ធ្មេញ ដែល​ច្រាស​ដុសធ្មេញ​អាច​ចូលទៅ​ដល់។ ពេល​ដុស មិនចាំបាច់​ប្រើ​កម្លាំង​សង្កត់ខ្លាំងៗទេ ការ​ដុស​សម្អាត​ធ្មេញម្តងៗ គួរប្រើ​ពេលវេលា ពី 2 – 3នាទី។ ការចាប់​កាន់​ច្រាស​ដុសធ្មេញ គួរ​ចាប់​កាន់​ដង​ច្រាស ដោយ​ម្រាម4 ចំណែក​ម្រាម​មេដៃ ដាក់​សង្កត់​នៅលើ​ដង​ច្រាស ដែល​ធ្វើឱ្យ​អាច​កម្រើក​ម្រាមដៃ ឱ្យ​ច្រាស​ដុសធ្មេញ​វាស​ចុះ ឬ​វាសឡើង​បាន​ពេញដៃ៕

  • កាបូបស្ពាយ​ទៅ​រៀន និង​សុខភាព​ខ្នង​របស់​កូន

    កាបូបស្ពាយ​ទៅ​រៀន និង​សុខភាព​ខ្នង​របស់​កូន

    ឃើញ​កូនសិស្សតូចៗ ស្ពាយ​កាបូប ដែល​ធ្ងន់​កន្តុក ពេញ​ដោយ​សៀវភៅ​ហើយ​នោះ ធ្វើឱ្យ​មនុស្ស​ធំ​ជាច្រើន​នាក់​ហាក់ដូចជា​នឹក​បារម្ភ ចំពោះ​សុខភាព​របស់ក្មេងៗទាំងនោះ​ខ្លាំងណាស់ ជាពិសេស​សុខភាព​ខ្នង និង​ក ដែល​នឹង​ហុច​ផលប៉ះពាល់​ទៅដល់ ភាពខុសប្រក្រតី​របស់​ឆ្អឹង​ដងខ្លួន​ទៀតផង។

    ចុះ​អ្នក​វិញ តើ​អ្នកនឹង​មើលថែទាំ​រឿងនេះ ចំពោះកូនៗយ៉ាងណាដែរ?

    មាន​ពាក្យ​ណែនាំ​ថា កាបូប​ដាក់​សៀវភៅ​ស្ពាយ​ទៅ​រៀន​របស់ក្មេងៗ មិនគួរ​មាន​ទម្ងន់​លើស 10 % នៃ​ទម្ងន់​ខ្លួន​របស់​ក្មេង  និង​ខ្សែ​ស្ពាយ គួរ​មាន​ទំហំ​ទទឹង មិនតូច​ជាង 6សង់ទីម៉ែត្រ​ឡើយ  ព្រោះ​ខ្សែ​ដែល​តូច​ពេក នឹងធ្វើ​ឱ្យ​កើត​មានការ​សង្កត់​លើ​សាច់ដុំ​ស្មា​ខ្លាំង​ជ្រុល​ពេក។ ពេល​ស្ពាយ ក៏​គួរ​ស្ពាយ​ដោយ​ស្មា​ទាំងសងខាង ដើម្បីឱ្យ​កាបូប ចែកចាយ​ទម្ងន់​បាន​យ៉ាង​សមតុល្យ និង​ជួយ​ការពារ មិន​ធ្វើឱ្យ​ស្មា ទាប​ខ្ពស់​មិន​ស្មើគ្នា​ទៀតផង។ ក្រៅពីនេះ គួរ​សម្រួល​ខ្សែ​ស្ពាយ ឱ្យ​តួ​កាបូប​នៅ​ផ្អឹប​ជាប់​នឹង​ខ្នង និង​ស្មា កុំឱ្យ​កាបូប​យារ​ធ្លាក់ ទៅ​ក្រោម​ជ្រុល​ពេក និង​ឱ្យក្មេងៗដើរ ខ្លួន​ឱ្យ​ត្រង់ មិន​អោន​ទៅមុខ ឬ​ខំ​ចំកោង​ខ្នង ដើម្បី​ខំ​ទ្រ​ទម្ងន់​កាបូប​នោះទេ។

    បើ​ក្មេង​មាន​អា​ការឈឺ​ខ្នង ឈឺ​ក ឈឺ​ស្មា ឬ​ឈឺក្បាល​ញឹកញាប់ គួរ​ប្រញាប់​នាំទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ព្រោះ​បើសិន​ចេះតែ​បណ្តោយ​ទុក​យូរ មិន​ប្រញាប់​ព្យាបាល ការ​សង្កត់​ដ៏​ធ្ងន់ របស់​កាបូប ក៏​នឹង​ធ្លាក់ចុះ ឆ្ពោះទៅរក​ឆ្អឹង​កង​ខ្នង​របស់​ក្មេង ដែល​អាច​នឹង​ហុច​ផល ឱ្យ​កើតមាន​បញ្ហា​ធំ​ទៅ​ថ្ងៃក្រោយ​បាន។

    ការមើល​ថែទាំ​សុខភាព​របស់ក្មេងៗ គឺជា​រឿង​ចាំបាច់ និង​សំខាន់​ណាស់ មិនមែន​ហុច​ផលប៉ះពាល់ ត្រឹមតែ​ពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ព្រោះ​ការ​មាន​សុខភាព​ដែល​ល្អ ឬ​មិនល្អ​ចំពោះ​ក្មេង ច្បាស់​ជា​ហុច​ផល​ក្នុង​រយៈពេល​វែង រហូតដល់​ក្លាយជា​មនុស្ស​ធំ​មិន​ខាន។ ដូច្នេះ​ទើប​គួរ​មើលថែទាំកូនៗឱ្យបាន​ល្អ តាំងពី​ថ្ងៃនេះ​តែម្តង ទើប​ជាការ​ប្រសើរ៕

  • សហរដ្ឋអាមេរិក ដំណើរការ​គម្រោង​ចែក​វ៉ាក់សាំង COVID-19 ដល់​ប្រទេសផ្សេងៗ

    សហរដ្ឋអាមេរិក ដំណើរការ​គម្រោង​ចែក​វ៉ាក់សាំង COVID-19 ដល់​ប្រទេសផ្សេងៗ

    រដ្ឋបាល​ប្រធានាធិបតី Joe Biden គ្រោង​នឹង​ប្រកាស​ឱ្យដឹងពី​ឈ្មោះ​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែលជា​ជំនួយ​ដំបូង​របស់​សហរដ្ឋអាមេរិក។

    សារព័ត៌មាន Bloomberg កាលពី​ថ្ងៃទី3 ខែមិថុនា ដកស្រង់​ប្រភពព័ត៌មាន​មួយ ឱ្យដឹងថា សេត​វិមាន បានសម្រេច​លើ​ការបង្កើត​ផែនការ​បែងចែក​វ៉ាក់សាំង Covid-19 រាប់សិប​លាន​ដូ​ស ទៅដល់​បណ្ដា​ប្រទេស ដែល​កំពុង​ត្រូវការ បន្ទាប់ពី​បាន​ពិភាក្សា​រួចរាល់។

    លោក Joe Biden ទំនងជា​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នៅក្នុង​សប្ដាហ៍​នេះ ដោយ​គិត​ទៅលើ​កត្តា​សមធម៌ និង​សហការ​ស៊ីជម្រៅ​ជាមួយនឹង​កម្មវិធី Covax ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ សម្រាប់​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក មានការ​រីកចម្រើន​ខ្លាំង ដោយ​វ៉ាក់សាំង​ចំនួន 297លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់ ក្នុងនោះ ពលរដ្ឋ​ពេញវ័យ​ចំនួន 62.9% ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស គិត​ត្រឹម​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។

    មុន​នោះ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា សហរដ្ឋអាមេរិក គ្រោង​នឹង​ផ្ដល់​វ៉ាក់សាំង​ចំនួន 80លាន​ដូ​ស ក្នុងនោះ​មាន​វ៉ាក់សាំង AstraZeneca ចំនួន 60លាន​ដូ​ស និង​វ៉ាក់សាំង Moderna, Pfizer និង Johnson & Johnson ចំនួន 20លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រដ្ឋ នៅ​ប្រទេស អ៊ីរ៉ង់! ផ្សែងខ្មៅ​គ្របដណ្ដប់​ពេញ​អាកាស​រដ្ឋធានី

    (វីដេអូ)-ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រដ្ឋ នៅ​ប្រទេស អ៊ីរ៉ង់! ផ្សែងខ្មៅ​គ្របដណ្ដប់​ពេញ​អាកាស​រដ្ឋធានី

    ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៃ​ក្រុមហ៊ុន Tondgooyan នៅ​ភាគខាងត្បូង​រដ្ឋធានី តេ​ហេ​រ៉ង់ (Tehran) នៃ​ប្រទេស អ៊ីរ៉ង់ បង្ក​ជា​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ ពេញ​ផ្ទៃ​អាកាស។

    «អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​ទីតាំង​ឧស្ម័ន​រាវ​របស់​រោងចក្រ​ចម្រាញ់​ប្រេង Tondgooyan នៅ តេ​ហេ​រ៉ង់» កាលពី​ថ្ងៃទី2 ខែមិថុនា។ នេះ​បើតាម​មន្ត្រី​មូលដ្ឋាន​ម្នាក់។ ក្រុម​បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ក្រុម​សង្គ្រោះបន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។

    រូបភាព​ដែល​ត្រូវបាន​ផ្សាយ​ផ្ទា​ល់ពី តេ​ហេ​រ៉ង់ បង្ហាញថា អគ្គិភ័យ​នេះ នៅតែ​បន្ត​ឆេះ​រហូតដល់​ពេលយប់ ដោយមាន​អណ្ដាតភ្លើង​ដែល​គេ​អាច​មើលឃើញ​ពី​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​ការស្លាប់ ឬ​រងរបួស ក៏ដូចជា​ការខូចខាត​ដោយសារ​អគ្គិភ័យ​នេះ​នៅឡើយ។

    https://www.youtube.com/watch?v=nz74DpJ9kgs

    មូលហេតុ​នៃ​អគ្គិភ័យ​នេះ កំពុង​ត្រូវបាន​ស៊ើបអង្កេត ប៉ុន្តែ អ្នកនាំពាក្យ​មួយរូប​របស់​រោងចក្រ​នេះ បាន​បដិសេធ​អំពី​លទ្ធភាព​ដែល​រោងចក្រ ត្រូវបាន​គេ​លួច​ដុត។ សីតុណ្ហភាព​នៅ​រដ្ឋធានី តេ​ហេ​រ៉ង់ កាលពី​ម្សិលមិញ ឡើងដល់​ជិត 40អង្សា​សេ៕

    ប្រភព​៖ ABC News
    ប្រែសម្រួល​៖ បុត្រា

  • ចំនួន​ករណី​ឆ្លង COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021

    ចំនួន​ករណី​ឆ្លង COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021

    នៅ កម្ពុជា ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នកជំងឺ​Covid-19 ចំនួន 729នាក់​បន្ថែមទៀត ខណៈ​ពិភពលោក រកឃើញ​ជាង 19,130នាក់ នៅក្នុង​អំឡុង​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន ទូទាំងប្រទេស កម្ពុជា មាន​ពលរដ្ឋ​សរុប​ចំនួន 32,189នាក់ បាន​ឆ្លង​វីរុស​Covid-19 ក្នុងនោះ​មាន 24,763នាក់​បានជា​សះស្បើយ, 236នាក់​បាន​បាត់​បង់ជីវិត និង​ប្រមាណ 7,188នាក់ កំពុង​ទទួល​ការព្យាបាល។

    នៅ​ទូទាំង​សកលលោក​ឯណោះ​វិញ អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 បាន​កើន​ឡើងដល់ 3,706,563នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 155,060,668នាក់ និង​អ្នក​កំពុង​ទទួល​ការព្យាបាល មាន​ចំនួន 13,659,263 នាក់​ នៅក្នុង​ចំណោម​អ្នកជំងឺ​Covid-19 សរុប​ចំនួន 172,426,494នាក់៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា