Author: សឿន សំណាង

  • តា​លី​បង់ គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ខណៈ​ប្រធានាធិបតី រត់ចោល​ប្រទេស

    តា​លី​បង់ គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ខណៈ​ប្រធានាធិបតី រត់ចោល​ប្រទេស

    ក្រុម​ឧទ្ទាម តា​លី​បង់ សម្រុក​ចូលក្នុង​រដ្ឋធានី​កា​ប៊ុល ចំណែក​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ghani ក៏ត្រូវ​រត់​ចេញពី​ប្រទេស ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ច្របូកច្របល់។

    «ក្រុម​ប្រដាប់អាវុធ តា​លី​បង់ ត្រូវបាន​បញ្ជា​ឱ្យ​សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ដើម្បី​ទប់ស្កាត់​បញ្ហា​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​របស់​ក្រុម​ប៉ុ​លិ​ស​ដែល​រត់ចោលជួរ» Zabihullah Mujahid អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់ បានឱ្យដឹង​ដូច្នេះ ទន្ទឹមនឹង​ការ​អំពាវ​ពា​វ​ដល់​ក្រុមមន្ត្រី​រដ្ឋាភិបាល កុំ​ចាក​ចេញពី​មូលដ្ឋាន។

    មេបញ្ជាការ​ពីររូប​របស់ តា​លី​បង់ បានឱ្យដឹងថា ពួកគេ​បាន​គ្រប់គ្រង​វិមាន​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន។ មន្ត្រី​ម្នាក់​របស់​ក្រុម តា​លី​បង់ បាន​បញ្ជាក់ថា ក្រុម​នេះ​គ្រោង​នឹង​ប្រកាស​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​វិមាន​នេះ។

    សមាជិកនៃក្រុមឧទ្ទាម តាលីបង់ បានចូលកាន់កាប់វិមានប្រធានាធិបតី អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍កន្លងទៅ

    Abdullah Abdullah អ្នក​ដឹក​នៃ​ក្រុមប្រឹក្សា​ផ្សះផ្សារ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ទទួលស្គាល់ថា ប្រធានាធិបតី Ashraf Ghani បាន​ចាក​ចេញពី​ប្រទេស ប៉ុន្តែ មិនទាន់​ដឹង​អំពី​គោលដៅ​នៅឡើយ។

    ក្រុម តា​លី​បង់ បាន​សម្រុកចូល​កាន់កា​ប់​រដ្ឋធានី​កា​ប៊ុល ដោយ​ពុំ​ជួប​ឧបសគ្គ​អ្វី​នោះឡើយ។ ពលរដ្ឋ​ភាគច្រើន​នៅក្នុង​ផ្ទះ ខណៈដែល​មនុស្ស​ជាច្រើន​នាំគ្នា​ទៅកាន់​ព្រលានយន្តហោះ​កា​ប៊ុល។ មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋធានី​ឱ្យដឹងថា មនុស្ស​ជាង 40 នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ជាយក្រុង ក្នុង​ខណ្ឌ Qarabagh ប៉ុន្តែ​ពុំបាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​លម្អិត​នោះទេ។

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 598 នាក់, អ្នកជា​ចំនួន 682 នាក់ និង​អ្នកស្លាប់​ចំនួន 12 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 13 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 84,860 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 79,654 នាក់ និងអ្នកស្លាប់ 1,666។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 14 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 82.68%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 24.52%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 54.69%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 206,974,880​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 185,599,210 ​​​នាក់​បានជា, ជាង​ 4,358,470​​ នាក់​បាន​ស្លាប់ និង​ជាង 17,017,197 នាក់ កំពុង​ព្យាបាល៕

  • កប៉ាល់​ទម្ងន់​ជិត 34,000 តោន ជាប់គាំង និង​បាក់​ជា​ពីរ​កំណាត់

    កប៉ាល់​ទម្ងន់​ជិត 34,000 តោន ជាប់គាំង និង​បាក់​ជា​ពីរ​កំណាត់

    កប៉ាល់ Crimson Polaris ដែល​ដឹក​កម្ទេច​ឈើ និង​មាន​ទម្ងន់ 33,910 តោន បាន​ជាប់គាំង​នៅ​លំហ​សមុទ្រ​ជប៉ុន ហើយក៏​បាន​បាក់​ជា​ពីរ​កំណាត់ បង្កើតបានជា​ជ្រលង​ប្រេង​យ៉ាង​វែង​លើ​ផ្ទៃសមុទ្រ។

    កប៉ាល់​ដោត​ទង់ជាតិ ប៉ា​ណា​ម៉ា ដែលមាន​សមាជិក​ក្រុម​នាវិក 21 នាក់​នេះ បាន​ជួប​គ្រោះថ្នាក់​កាលពី​វេលា​ម៉ោង​ប្រហែល 7 កន្លះ ថ្ងៃទី 11 សីហា នៅពេល​វា​ស្ថិតនៅក្នុង​ចម្ងាយ 2.4 គីឡូម៉ែត្រ ពី​កំពង់ផែ Hachinohe នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន។ កប៉ាល់​នេះ ដឹក​កម្ទេច​ឈើ​ពី​ប្រទេស​ថៃ និង​បាន​ជាប់គាំង ហើយក៏​បាន​បាក់​ជា​ពីរ​កំណាត់ គ្រា​ដែល​វា​ជិត​ទៅដល់​គោលដៅ។ ប្រេង​របស់​កប៉ាល់ បាន​អណ្ដែត​លើ​ផ្ទៃសមុទ្រ ប្រវែង​ជិត 5 គីឡូម៉ែត្រ។

    Nippon Yusen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់ Crimson Polaris បានឱ្យដឹងថា កប៉ាល់​នេះ​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ 2008 ហើយ​វា​ជួប​គ្រោះថ្នាក់​ដោយសារ​ខ្យល់​បោកបក់​ខ្លាំង។

    «Nippon Yusen កំពុង​ស្រង់​ស្ថិតិ​នៃ​បរិមាណ​ទំនិញ និង​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​នេះ ចំពោះ​បរិស្ថាន​លើ​ផ្ទៃសមុទ្រ។ ក្រុមហ៊ុន​ក៏បាន​បញ្ជូន​បុគ្គលិក​ទៅកាន់​កន្លែងកើតហេតុ និង​ជួយ​ដល់​ម្ចាស់​កប៉ាល់ រួម​នឹង​ក្រុមហ៊ុន​គ្រប់គ្រង​កប៉ាល់» នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន Nippon Yusen។

    សមាជិក​ចំនួន 21 រូប​នៃ​ក្រុម​នាវិក​លើក​ប៉ាល់ Crimson Polaris ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន 8 នាក់ និង​ជនជាតិ​ហ្វីលីពីន 13 នាក់ ត្រូវបាន​នាំ​ឡើង​ច្រាំង​ដោយ​សុវត្ថិភាព ក្រោយ​ការជួយ​សង្គ្រោះ​រយៈពេល​ប្រហែល 5 ម៉ោង៕

  • ឥណ្ឌូនេស៊ី ប្រែក្លាយ​កប៉ាល់​ខ្នាត​យក្ស ទៅជា​មជ្ឈមណ្ឌល​ព្យាបាល COVID-19

    ឥណ្ឌូនេស៊ី ប្រែក្លាយ​កប៉ាល់​ខ្នាត​យក្ស ទៅជា​មជ្ឈមណ្ឌល​ព្យាបាល COVID-19

    កប៉ាល់​មួយគ្រឿង​មាន​ឈ្មោះថា KM Umsini ដែល​ធ្លាប់​ដឹក​ភ្ញៀវ 2,000 នាក់​ក្នុង​មួយ​ជើង ទៅតាម​ពេលវេលា​ទៀងទាត់ រវាង​បណ្ដា​ទីក្រុង​កោះ​នានា​របស់ ឥណ្ឌូនេស៊ី។

    ពេលនេះ KM Umsini បាន​ក្លាយជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល ដោយ​វា​ចត​នៅ​កំពង់ផែ​នៃ​ទីក្រុង Makassar ក្នុង​គ្រា​ដែល​វ៉ា​រ្យ៉​ង់ Delta កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ ឥណ្ឌូនេស៊ី។

    យោងតាម​សារព័ត៌មាន Reuters នៅក្នុង​កប៉ាល់​នេះ គ្រែ​ចំនួន​ជាង 800 ត្រូវ​បានរៀបចំ​ជាស្រេច ព្រមទាំង​មាន​បុគ្គលិក​សុខាភិបាល​ចំនួន 60 នាក់ ធ្វើការ​តាម​វេន ដើម្បី​ជួយ​គាំទ្រ​ដល់​ការព្យាបាល​អ្នកជំងឺ។

    អ្នក​ដែល​បាន​ឆ្លង COVID-19 នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល 10 ថ្ងៃ។ ក្នុងអំឡុង​ពេលនោះ ពួកគេ​នឹងត្រូវ​ពិនិត្យ​សុខភាព​ជាប្រចាំ ក៏ដូចជា​អាច​ហាត់ប្រាណ ស្ដាប់​តន្ត្រី ឬ​ស្ទូចត្រី។ល។

    «ខ្ញុំ​ជ្រើសរើស​ការធ្វើ​ច​ត្តា​ឡី​ស័ក​លើក​ប៉ាល់ ពីព្រោះ​ខ្ញុំ​គិតថា ជា​រឿង​គ្មាន​ពីរ នៅ Makassar នេះ។ ហើយ​ដោយសារតែ​កប៉ាល់ ចត​ឆ្ងាយ​ពី​ទីក្រុង ដូច្នេះ យើង​នឹង​មិនអាច​ចម្លង​វីរុស​ទៅ​អ្នកដទៃ​បាន» អ្នកជំងឺ Mitha Andriyanti ថ្លែង​ដូច្នេះ។

    ឥណ្ឌូនេស៊ី ដែលជា​សម្បុក​វីរុស COVID-19 ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក បាន​ចាត់វិធានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​រវាង​កោះ​ចំនួន​ពីរ​គឺ Java និង Bali នៅ​ដើមខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ Delta។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​នេះ​ក៏បាន​ចាប់ផ្ដើម​ពង្រីក​ការកាត់បន្ថយ​ការធ្វើដំណើរ​នៅក្នុង​តំបន់ផ្សេងៗទៀត​ដែលមាន​អត្រា​ឆ្លង​វីរុស​ខ្ពស់។

    បញ្ហា​នេះ បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត 9 លាន​នាក់​នៅ​ខេត្ត Sulawesi ខាងត្បូង ជា​តំបន់​ដែលមាន​ទីក្រុង Makassar។ Makassar បាន​ប្រទះ​នឹង​ការកើនឡើង​នៃ​ករណី​វិជ្ជមាន​នឹង COVID-19 ចាប់តាំងពី​ដើមខែ​កក្កដា និង​កំពុង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ប្រភព​ផ្គត់ផ្គង់​នានា។

    អភិបាលក្រុង Makassar លោក Mohammad Ramdhan Pomanto កាលពី​ថ្ងៃទី 12 សីហា បានឱ្យដឹងថា៖ «ថ្ងៃនេះ យើង​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ថ្មី យ៉ាងតិច 3,000 នាក់ ដែល​ពួកគេ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ហើយ​យើង​ក៏​មិនអាច​គ្រប់គ្រង​បាន​ទាំងអស់។ បញ្ហា​នេះ​ពិតជា​គ្រោះថ្នាក់ ដូច្នេះ យើង​បានសម្រេច​បង្កើត​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នៅលើ​កប៉ាល់ Umsini ដើម្បី​តាមដាន​សុខភាព​របស់​អ្នកជំងឺ ឱ្យបាន​ដិតដល់​ជាង​មុន»៕

  • ស្ថានទូត អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កម្ទេច​ឯកសារ​សម្ងាត់ ក្នុង​គ្រា តា​លី​បង់ វាយ​សម្រុក​ជិត​ដល់​រដ្ឋធានី

    ស្ថានទូត អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កម្ទេច​ឯកសារ​សម្ងាត់ ក្នុង​គ្រា តា​លី​បង់ វាយ​សម្រុក​ជិត​ដល់​រដ្ឋធានី

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្ថានទូត​របស់ សហរដ្ឋអាមេរិក នៅ​រដ្ឋធានី កា​ប៊ុល បានចេញ​បញ្ជា​ឱ្យ​បុគ្គលិក កម្ទេចចោល​ឯកសារ​សម្ងាត់ ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឃោសនា ក្នុង​គ្រា​ដែល​កម្លាំង​នៃ​ចលនា តា​លី​បង់ កំពុង​វាយ​សម្រុកចូល​ជិត​ដល់​រដ្ឋធានី។

    ក្នុង​កំណត់ហេតុ​មួយ អ្នកគ្រប់គ្រង​មួយរូប​ប្រចាំ​ស្ថានទូត អាមេរិក កាលពី​ថ្ងៃទី 13 សីហា បាន​បញ្ជា​ឱ្យ​បុគ្គលិក​ស្ថានទូត យក​ឯកសារ​ទៅកាន់​ឡ​នានា ដើម្បី​ដុត​កម្ទេច​ឯកសារ និង​ឧបករណ៍​មួយចំនួន។ «ចូរ​យក​វត្ថុ​នានា​ដែលមាន​ស្ថា​ក​សញ្ញា​នៃ​ស្ថានទូត ឬ​ស្ថាប័ន ទង់ជាតិ​អាមេរិក ឬ​វត្ថុ​ទាំងឡាយ​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​បំណង​ឃោសនា» កំណត់ហេតុ​បានឱ្យដឹង​ដូច្នេះ។ នេះ​បើតាម​សារព័ត៌​មានបារាំង AFP។

    កំណត់​ហេតុនេះ​គឺជា​សញ្ញា​ថ្មី​បំផុត​ដែល​ស្ដែង​អំពី​ការព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​ស្ថានទូត​មួយ​ក្នុងចំណោម​ស្ថានទូត​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Joe Biden បានចេញ​បញ្ជា​ឱ្យ​ដង​កងទ័ព​អាមេរិក ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​រយៈ 20 ឆ្នាំ ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ។

    ស្ថានទូត អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    រដ្ឋាភិបាល​របស់លោក Biden គ្រោង​នឹង​អនុវត្ត​វិធានការ​ការពារ​ពិសេស ដើម្បី​ការពារ​ក្រុម​អ្នកការទូត​អាមេរិក ប្រចាំ​រដ្ឋធានី កា​ប៊ុល ដោយសារ​ធ្លា​ប់រង​ការវាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជ្រុលនិយម នៅឯ​ស្ថាន​កុងស៊ុល ក្នុង​ទីក្រុង Benghazi នៃ​ប្រទេស​លី​ប៊ី កាលពី​ឆ្នាំ 2012។

    តា​លី​បង់ បានចាប់ផ្ដើម​វាយប្រហារ​ខ្លាំងក្លា​កាលពី​ខែឧសភា ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បាន​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ប្រធានាធិបតី Joe Biden ប្ដេជ្ញាចិត្ត បញ្ចប់​យុទ្ធនាការ​យោធា​រយៈពេល 20 ឆ្នាំ នៅ​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ។

    កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន នៅ​គ្រប់គ្រង​រដ្ឋធានី កា​ប៊ុល និង​តំបន់​មួយចំនួនទៀត​ប៉ុណ្ណោះ។ ក្រុមមន្ត្រី និង​អ្នកស្រុក Kandahar បានឱ្យដឹងថា កងទ័ព​រដ្ឋាភិបាល បាន​ដកថយ​ទៅកាន់​មូលដ្ឋាន​យោធា​នៅ​ជាយ​ភាគខាងត្បូង​នៃ​ទីក្រុង មុនពេល តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង Kandahar។

    បរិវេណ​មួយ​កន្លែង​នៅ​ខាង​ក្នុង​ស្ថាន​ទូត​អាមេរិក​ ប្រចាំ​ អាហ្វហ្គានីស្ថាន

    តា​លី​បង់ ទំនងជា​មានបំណង​ប្រើប្រាស់​កម្លាំង​ទ័ព ដើម្បី​ស្ការ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន ក្រោយពី សហរដ្ឋអាមេរិក និង​កម្លាំង​បរទេស បាន​ដកទ័ព។ មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់ កាលពី​ថ្ងៃទី 11 សីហា បាន​បង្ហើប​ឱ្យដឹងថា ចារកម្ម​របស់ អាមេរិក បាន​វាយតម្លៃថា តា​លី​បង់ អាច​ចូលមក​ឡោមព័ទ្ធ​រដ្ឋធានី​កា​ប៊ុល ក្នុង​រយៈពេល 30 ថ្ងៃ​ទៀត ហើយ​អាច​ដណ្ដើមបាន​រដ្ឋធានី​នេះ ក្នុង​រង្វង់ 90 ថ្ងៃ​ទៀត៕

  • តា​លី​បង់ ចូល​កាន់តែ​ជិត​រដ្ឋធានី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មែនទែន​ហើយ!

    តា​លី​បង់ ចូល​កាន់តែ​ជិត​រដ្ឋធានី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មែនទែន​ហើយ!

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​ប្រដាប់អាវុធ តា​លី​បង់ គ្រប់គ្រង​បាន​ទី​រួម​ខេត្ត​របស់ Logar ចម្ងាយ 50 គីឡូម៉ែត្រ ពី​រដ្ឋធានី កា​ប៊ុល ដែល​នេះ​ត្រូវបាន​គេ​ជឿថា បាន​បើកផ្លូវ​សម្រាប់​ការ​ឆ្ពោះ​ត្រង់​ទៅកាន់​រដ្ឋធានី​ដោយ​ចំណាយពេល​ខ្លី​បំផុត។

    «តា​លី​បង់ គ្រប់គ្រង​ខេត្ត Logar បាន 100% និង​ពុំមាន​ការប្រយុទ្ធ​គ្នា​ទៀត​ទេ នៅក្នុង​ខេត្ត​នេះ។ ក្រុមមន្ត្រី​រដ្ឋាភិបាល​ភាគច្រើន បាន​រត់​ទៅកាន់​រដ្ឋធានី កា​ប៊ុល» នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ អា​ហ្វ​ហ្គា​នី​ស្ថាន Saeed Qaribullah Sadat ដែល​បានឱ្យដឹង​កាលពី​ម្សិលមិញ។ តំណាងរាស្ត្រ​នេះ​បាន​បញ្ជាក់ថា ទី​រួម​ខេត្ត Puli Alam ក៏បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុម តា​លី​បង់។

    កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន នៅ​គ្រប់គ្រង​រដ្ឋធានី កា​ប៊ុល និង​តំបន់​មួយចំនួនទៀត​ប៉ុណ្ណោះ។ ក្រុមមន្ត្រី និង​អ្នកស្រុក Kandahar បានឱ្យដឹងថា កងទ័ព​រដ្ឋាភិបាល បាន​ដកថយ​ទៅកាន់​មូលដ្ឋាន​យោធា​នៅ​ជាយ​ភាគខាងត្បូង​នៃ​ទីក្រុង មុនពេល តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង Kandahar។

    ក្រោយ​ដណ្ដើមបាន Kandahar ក្រុម តា​លី​បង់ ក៏បាន​ប្រកាសថា ដណ្ដើមបាន​ក្រុង Lashkar Gah ដែល​ជាទី​រួម​ខេត្ត​របស់ Helmand។

    កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បានធ្វើឱ្យ​បាត់បង់​ទឹកដី​ភាគច្រើន​ទៅក្នុង​ដៃ​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ បន្ទាប់ពី​រយៈ​ពេល​ 8 ថ្ងៃ ដែល​ក្រុម​នេះ​បានចាប់ផ្ដើម​វាយប្រហារ​លើ​ទីក្រុង​នានា ក្រោយ​ការសម្រេច​ដកទ័ព​រប​ស់ សហរដ្ឋអាមេរិក កាលពី​ខែឧសភា ដើម្បី​បញ្ចប់​វត្តមាន​ 20 ឆ្នាំ​នៃ​កង​ទ័ព​អាមេរិក​ នៅ​លើ​ទឹក​ដី​នេះ​៕

  • កុមា​រវ័យ 11 ឆ្នាំ ដើរ​ជាង 300 គីឡូម៉ែត្រ ដើម្បី​សង្គ្រោះ​ផែនដី

    កុមា​រវ័យ 11 ឆ្នាំ ដើរ​ជាង 300 គីឡូម៉ែត្រ ដើម្បី​សង្គ្រោះ​ផែនដី

    Jude Walker អាយុ 11 ឆ្នាំ បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង 330 គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ដល់​ការយកពន្ធ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន។

    ក្រោយ​ទទួលបាន​ការលើកទឹកចិត្ត​ពី​សកម្មជន​បរិស្ថាន​ម្នាក់​ឈ្មោះ Greta Thunberg កុមារា Walker មកពី​តំបន់ Hebden Bridge នៃ​ស្រុក Yorkshire បានបង្ហាញ​ភាពក្លាហាន​របស់ខ្លួន តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង ក្នុង​ចម្ងាយ​ផ្លូវ​ជាង 330 គីឡូម៉ែត្រ ឆ្លងកាត់​ភ្នំ​តូច ភ្នំ​ធំ ឆ្លង​វាល កាត់​ព្រៃ ក្រោម​កំដៅថ្ងៃ ភ្លៀង ខ្យល់ ដើម្បី​សម្រេច​គោលដៅ​ដ៏​អស្ចារ្យ នោះ​គឺ​ការ​ឆ្ពោះទៅកាន់​វិមាន​សភា​អង់គ្លេស ដែល​ស្ថិតនៅក្នុង​តំបន់ Westminster នៃ​ទីក្រុង​ឡុង​ដ៍។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters។

    កុមា​រ វ័យ 11 ឆ្នាំ Jude Walker

    កុមារ​រូបនេះ យល់ថា ការយកពន្ធ​លើ​សកម្មភាព​បំ​ភាយ​ឧស្ម័ន​កាបូន គឺជា​ជំហាន​សំខាន់​ដើម្បី​ទប់ស្កាត់​ដំណើរការ​រុញច្រាន​មនុស្សលោក ធ្លាក់​ទៅក្នុង​ស្ថានភាព​ដែល​កុមារ​នេះ​ហៅថា «ផុត​ពូជ»។

    Jude Walker

    «ពេលនេះ យើង​គ្រប់គ្នា​បានដឹង​ច្រើន​អំពី​ការប្រែប្រួល​អាកាសធាតុ ហើយ​ខ្ញុំ​គិតថា ពន្ធ​លើ​កាបូន ប្រាកដជា​វិធី​មួយ​ក្នុងចំណោម​ដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​បំផុត​សម្រាប់​បញ្ហា​នេះ» កុមារ Walker និយាយ​នៅពេល​ដើរកាត់​ទីរួមស្រុក Woburn Sands ដែលមាន​ចម្ងាយ​ប្រហែល 80 គីឡូម៉ែត្រ​ពី​ក្រុង​ឡុង​ដ៍។

    Jude Walker

    Walker សង្ឃឹមថា ដំណើរ​យាត្រា​របស់ខ្លួន​នឹង​ទាក់ទាញ​ការគាំទ្រ​ពី​គ្រប់គ្នា ហើយ​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​ស្នើឱ្យ​មានការ​យកពន្ធ​លើ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន។ ញត្តិ​របស់​កុមារ​នេះ ទទួលបាន​ហត្ថលេខា​ចំនួន 57,000 នាក់​រួចហើយ។ នៅពេល​ញត្តិ​នេះ មាន​ហត្ថលេខា​គ្រប់ 100,000 នាក់ នោះ​វា​នឹងត្រូវ​បាន​យកទៅ​ពិនិត្យ ដើម្បី​លើក​ជា​របៀបវារៈ ក្នុង​កិច្ចប្រជុំ​នៅ​សភា​អង់គ្លេស។

    Walker បានឱ្យដឹងថា៖ «ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ បានបង្ហាញ​ខ្លួន​ហើយ។ យើង​ពិតជា​ត្រូវការ​ផ្លាស់ប្ដូរ​នៅពេលនេះ បើសិនជា​ចង់​ចៀសវាង​លទ្ធផល​មហា​សែន​អាក្រក់​នាពេលខាងមុខ»។

    សកម្មជន​បរិស្ថាន​ Greta Thunberg​

    Walker ដើរ​ដោយ​ថ្មើរជើង​ប្រហែល 16 គីឡូម៉ែត្រ ក្នុង 1 ថ្ងៃ ជាមួយនឹង​សមាជិកគ្រួសារ និង​មិត្តភក្ដិ។ Walker នឹង​បញ្ចប់​ដំណើរ​យាត្រា​រយៈ​ចម្ងាយ​ជាង 330 គីឡូម៉ែត្រ របស់ខ្លួន នៅឯ​ឧទ្យាន St James ក្នុង​ថ្ងៃទី 14 សីហា 2021៕

  • ទស្សនា​ទិដ្ឋភាព​នៃ​យានអវកាស ដឹក​នំ​ភី​ហ្សា ទៅកាន់​ស្ថានីយ ISS

    ទស្សនា​ទិដ្ឋភាព​នៃ​យានអវកាស ដឹក​នំ​ភី​ហ្សា ទៅកាន់​ស្ថានីយ ISS

    យានអវកាស​ដែល​ផ្ទុកទំនិញ​ច្រើន​មុខ ក្នុងនោះ​ក៏មាន​អាហារ​ស្រស់ និង​នំ​ភី​ហ្សា សម្រាប់​ក្រុម​អវកាស​ចរ បាន​ហោះ​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ដោយ​សុវត្ថិភាព។

    សារព័ត៌មាន​អាមេរិក AP បាន​រាយការណ៍​ថា យាន​ដឹកទំនិញ Cygnus របស់​ក្រុមហ៊ុន Northrop Grumman ដែល​ត្រូវបាន​បាញ់​បង្ហោះ​ពី Virginia (សហរដ្ឋអាមេរិក) ទៅកាន់​ទី​អវកាស កាលពី​ថ្ងៃទី 10 សីហា ហើយ​បាន​ទៅដល់ ISS ដោយ​សុវត្ថិភាព នៅ​ថ្ងៃទី 12 សីហា។

    Cygnus បាន​ដឹកទំនិញ​ទម្ងន់ 3,700 គីឡូក្រាម រួមមាន ផ្លែ​ប៉ោម​ស្រស់ ប៉េងប៉ោះ គី​វី រួមទាំង​នំ​ភី​ហ្សា​ជាដើម សម្រាប់​អ្នក​អវកាស​ចំនួន 7 នាក់។ ទន្ទឹមនឹងនេះ ក៏មាន​ធ្នើរ​សម្រាប់​ដៃ​ថាមពលព្រះអាទិត្យ​ថ្មី ដែល​នឹងត្រូវ​ប្រើ​ក្នុង​ឆ្នាំ 2022 នៅលើ ISS និង​វត្ថុ​ធាតុ​មួយ​សម្រាប់​ធ្វើជា​ធូលី​ព្រះ​ចន្ទ​សិប្បនិម្មិត និង​ធូលី​សម្រាប់​ផលិត​វត្ថុ​ធាតុ​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D របស់ ISS, ពុ​ម្ភ​សម្រាប់​ការពិសោធ​ផ្នែក​អប់រំ​របស់​បារាំង ដែលមាន​ឈ្មោះថា Blob និង​ឧបករណ៍​ស្វែងរក​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ។

    នេះ​គឺជា​លើក​ទី 16 ហើយ ដែល Northrop Grumman បាន​ជួយ​បញ្ជូន​ទំនិញ​របស់ NASA ឡើងទៅ​កាន់ ISS ហើយ​នេះ​ក៏​ជា​ជើងហោះហើរ​ទៅកាន់​ទី​អវកាស​ដែល​ផ្ទុកទំនិញ​ច្រើន​បំផុត។

    https://www.youtube.com/watch?v=PPR-aUjsb5c

    ISS បច្ចុប្បន្ន មាន​អ្នក​អវកាស​ចំនួន 7 នាក់ កំពុង​រស់នៅ និង​ធ្វើការ រួមមាន ជនជាតិ​អាមេរិកាំង 3 នាក់, ជនជាតិ​រុស្ស៊ី 2 នាក់, ជនជាតិ​បារាំង 1 នាក់ និង​ជនជាតិ​ជប៉ុន 1 នាក់៕

  • ប្រទេស​ចិន៖ ទីក្រុង​ជាច្រើន​ប្រកាសអាសន្ន «កម្រិត​ក្រហម» ដោយសារ​ជំនន់​ទឹកភ្លៀង (វីដេអូ)

    ប្រទេស​ចិន៖ ទីក្រុង​ជាច្រើន​ប្រកាសអាសន្ន «កម្រិត​ក្រហម» ដោយសារ​ជំនន់​ទឹកភ្លៀង (វីដេអូ)

    ទីក្រុង​ចំនួន 5 នៅក្នុង​ខេត្ត Hubei កំពុង​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​ចំនួន 21 នាក់ និង​ធ្វើឱ្យ​ប្រជាជន​ជិត 6,000 នាក់ ត្រូវ​រត់​ទៅកាន់​ទី​សុវត្ថិភាព។

    សារព័ត៌មាន​រដ្ឋ​ចិន បានចេញ​ផ្សាយ​ថា កម្រិត​ផ្ទៃ​ទឹក​នៅក្នុង​បឹង​ចំនួន 774 កន្លែង ក្នុង​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​នេះ បាន​ឡើង​ផុត​កម្រិត​ប្រកាសអាសន្ន​តាំងតែ​ពី​យប់​ម្សិលមិញ ក្នុង​គ្រា​ដែល​ភ្លៀង​ធំ​បានធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ បណ្ដាលឱ្យ​ផ្ទះ​ជាង 3,600 ខ្នង​ត្រូវ​ខូចខាត និង​បំផ្លាញ​ដី​កសិកម្ម​ជាង 8,110 ហិកតា។

    អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ខេត្ត Hubei បានឱ្យដឹងថា ការខាតបង់​គិត​ជា​ទឹកប្រាក់ អាច​ឡើងដល់ 16.7 លាន​ដុល្លារ​អាមេរិក។ ទីក្រុង​ចំនួន 5 របស់​ខេត្ត​នេះ បានប្រកាស​អាសន្ន​កម្រិត​ក្រហម បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បានសម្លាប់​មនុស្ស​អស់ 21 នាក់ នៅក្នុង​ទីក្រុង Suizhou ភាគ​ខាងជើង​នៃ​ខេត្ត Hubei។

    ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​របស់​ចិន បានប្រកាសថា កម្លាំង​ជួយសង្គ្រោះ​បន្ទាន់ កំពុង​ត្រូវបាន​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត រួមមាន ទីក្រុង Suizhou, Xiangyang និង Xiaogan។

    នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ចិន បាន​ព្រមាន​ថា ភ្លៀង​ធំ​នឹង​អូសបន្លាយ​រហូតដល់​ស​ប្ដា​ហ៍​ក្រោយ បង្ក​ជា​ទឹកជំនន់​នៅក្នុង​តំបន់​ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ Yangtze។ ក្រុមមន្ត្រី​ក៏បាន​ព្រមាន​ថា តំបន់​ដែល​នឹង​ជួប​គ្រោះថ្នាក់ រួមមាន ខេត្ត Hubei, Henan, Anhui, Sichuan, Guizhou និង​ខេត្ត Zhejiang។

    ក្រុមមន្ត្រី​ចិន កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា មនុស្ស​ចំនួន 440,000 នាក់ បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ទីក្រុង​ចំនួន 6 នៃ​ខេត្ត Sichuan ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន 80,000 នាក់​ត្រូវ​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់។ គ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​នេះ បាន​បណ្ដាលឱ្យ​ខាតបង់​ជា​ទឹកប្រាក់​ជាង 38 លាន​ដុល្លារ​អាមេរិក ខណៈ​ផ្ទះ​ចំនួន 45 ខ្នង​ត្រូវ​ខូច​ទាំងស្រុង និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 118 កន្លែង ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ។

    ខេត្ត Henan ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ចុងខែ​មុន ក៏បាន​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ភ្លៀង​មួយថ្ងៃ ជិត​ស្មើនឹង​ភ្លៀង​ក្នុង​រយៈពេល​មួយឆ្នាំ។ គ្រោះធម្មជាតិ​នេះ បានសម្លាប់​មនុស្ស​ជាង 300 នាក់ ដែល​ភាគច្រើន​នៅក្នុង​ខេត្ត Zhengzhou៕

  • យុទ្ធ​នារី កូរ៉េខាងត្បូង ធ្វើអត្តឃាត ក្នុង​គ្រា​ដែល​ករណី​បៀតបៀន​ផ្លូវភេទ​លើ​រូបនាង កំពុង​ត្រូវបាន​ស៊ើបអង្កេត

    យុទ្ធ​នារី កូរ៉េខាងត្បូង ធ្វើអត្តឃាត ក្នុង​គ្រា​ដែល​ករណី​បៀតបៀន​ផ្លូវភេទ​លើ​រូបនាង កំពុង​ត្រូវបាន​ស៊ើបអង្កេត

    នារី​ជា​ទាហាន​ម្នាក់​ដែលមាន​ឋានន្តរស័ក្ដិ​ជា​នាយទោ របស់​កងទ័ពជើងទឹក កូរ៉េខាងត្បូង ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត នៅពេល​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ដែល​នាង​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​ផ្លូវភេទ កំពុង​ត្រូវបាន​ធ្វើឡើង។

    យុទ្ធ​នារី​ដែល​មិនត្រូវ​បាន​គេ​ឱ្យដឹង​អត្តសញ្ញាណ​នេះ ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​កាលពី​ថ្ងៃទី 12 សីហា ឆ្នាំ 2021 ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នាង​បាន​រាយការណ៍​អំពី​ករណី​ដែល​នាង​ត្រូវបាន​បុរស​ជា​មិត្ត​រួមការ​ងារ បាន​បៀតបៀន​ផ្លូវភេទ​តាំងពី​ខែឧសភា។ រដ្ឋមន្ត្រី​ការពារជាតិ កូរ៉េខាងត្បូង Suh Wook ថ្ងៃនេះ (13 សីហា) បានទទួល​ស្គាល់​អំពី​ព័ត៌មាន​នេះ និង​បានធ្វើការ​សុំទោស​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង។ រដ្ឋមន្ត្រី​រូបនេះ បន្ថែមថា៖ «យើង​នឹង​បង្កើត​ក្រុម​ពិ​សេសមួយ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់ ដើម្បី​មិនឱ្យ​មាន​បញ្ហា​មន្ទិល​ណាមួយ​កើតឡើង»។

    ខុទ្ទកាល័យ​ប្រ​ធានា​ធិ​ប​តិ កូរ៉េខាងត្បូង ក្នុង​ថ្ងៃ​ដដែល​ក៏បាន​ឱ្យដឹងថា ប្រធានាធិបតី Moon Jae-in ខឹង​យ៉ាងខ្លាំង​នៅពេល​ទទួលបាន​ដំណឹង​ស្ដីពី​ការស្លាប់​របស់​យុទ្ធ​នារី​រូបនេះ និង​បាន​ស្នើឱ្យ​កងទ័ព​បើក​ការស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់​ជាទីបំផុត ព្រមទាំង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​គ្រួសារ​សព​ផងដែរ។

    គួររំលឹកថា មុននេះ កាលពី​ខែមិថុនា សាធារណជន​នៅ កូរ៉េខាងត្បូង ក៏​ធ្លាប់​ខឹងសម្បារ​នឹង​ករណី​ស្រដៀង​គ្នា​នេះដែរ នៅពេល​យុទ្ធ​នារី​ជា​ពលបាលទោ​ម្នាក់​នៃ​កងទ័ពអាកាស កូរ៉េខាងត្បូង បានធ្វើ​អត្តឃាត ក្រោយពី​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​កេរ្ដិ៍ខ្មាស ប៉ុន្តែ​មិនត្រូវ​បាន​ថ្នាក់លើ​ជួយ​ដោះស្រាយ។ មេបញ្ជាការ​កងទ័ពអាកាស​របស់ កូរ៉េខាងត្បូង លោក Lee Seong-yong បានទទួល​ខុសត្រូវ​លើ​ករណីនេះ និង​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង។

    ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​បៀតបៀន​ផ្លូវភេទ​នានា បាន​កើតមានឡើង​បន្តបន្ទាប់​ក្នុង​រយៈពេល​ខ្លី នាំឱ្យ​កងទ័ព កូរ៉េខាងត្បូង ត្រូវ​រង​ការរិះគន់​ពី​សំណាក់​ប្រជាជន ដោយសារតែ​មិនអាច​ទប់ស្កាត់បាន​នូវ​អំពើ​បំពារបំពាន​ផ្លូវភេទ​នៅក្នុង​ជួរ​កងទ័ព៕