Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 593 នាក់, អ្នកជា​ចំនួន 748 នាក់ និង​អ្នកស្លាប់​ចំនួន 12 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 17 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 នៅ​ កម្ពុជា រួម​មាន​​៖ – អ្នកឆ្លងសរុប= 87,190 នាក់, – អ្នកជាសះស្បើយ= 82,666 នាក់ និង​ – អ្នកស្លាប់= 1,730 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 209,388,980​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 187,676,670 ​​​នាក់​បានជា, ជាង​ 4,394,850​​ នាក់​បាន​ស្លាប់ និង​ជាង 17,317,440 នាក់ កំពុង​ព្យាបាល៕

  • Bloomberg ៖ «អាមេរិក បង្កក​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន»

    Bloomberg ៖ «អាមេរិក បង្កក​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន»

    មន្ត្រី​មួយរូប​របស់​រដ្ឋាភិបាល​លោក Joe Biden បាន​ទទួលស្គាល់ថា សហរដ្ឋអាមេរិក កំពុង​បង្កក​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ ដែលជា​កម្មសិទ្ធិ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន។

    ទន្ទឹមនឹង​ការបង្ក​ក​ប្រាក់​ខាងលើ មន្ត្រី អាមេរិក រូបនេះ​ក៏បាន​ឱ្យដឹងថា សហរដ្ឋអាមេរិក ក៏បាន​ផ្អាក​ការផ្ទេរ​សាច់ប្រាក់​សុទ្ធ​ទៅឱ្យ អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ។ សកម្មភាព​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​រារាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម តា​លី​បង់ អាច​គ្រប់គ្រង​ប្រភព​នៃ​ខ្ទង់​ប្រាក់​នេះ​បាន។

    ប្រភពព័ត៌មាន​របស់ Bloomberg អះអាងថា រាល់​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​ជាតិ​ណាមួយ​ដែល​ត្រូវបាន​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ដាក់​នៅឯ សហរដ្ឋអាមេរិក នឹងមិន​ត្រូវបាន​អនុញ្ញាត​ផ្ដល់ឱ្យ តា​លី​បង់ ព្រោះថា ក្រុម​នេះ​នៅតែ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​នៃ​បណ្ដា​ក្រុម​ដែល​ត្រូវ​រង​ការដាក់ទណ្ឌកម្ម របស់​ក្រសួង​ហិរញ្ញវត្ថុ សហរដ្ឋអាមេរិក។

    ការដាក់ទណ្ឌកម្ម​រប​ស់ សហរដ្ឋអាមេរិក ចំពោះ តា​លី​បង់ គឺ​មានន័យថា ក្រុម​ប្រដាប់អាវុធ​នេះ មិនអាច​ចូលទៅ​គ្រប់គ្រង​ខ្ទង់​ថវិកា​ណា​ទាំងអស់។ ប្រភពព័ត៌មាន​បញ្ជាក់​ថា ភាគច្រើន​នៃ​ខ្ទង់​ប្រាក់​ជិត 9.5 ពាន់​លាន​ដុល្លារ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន មិន​ត្រូវបាន​គ្រប់គ្រង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នោះទេ។ មកដល់ពេលនេះ ក្រសួង​ហិរញ្ញវត្ថុ អាមេរិក មិនទាន់បាន​អធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ​នៅឡើយ៕

  • តាលីបង់ សន្យា​ថា អនុញ្ញាត​ឱ្យ​ស្ត្រី​ អាហ្វហ្គានីស្ថាន​ ទៅ​រៀន និង​ទៅ​ធ្វើ​ការ​

    តាលីបង់ សន្យា​ថា អនុញ្ញាត​ឱ្យ​ស្ត្រី​ អាហ្វហ្គានីស្ថាន​ ទៅ​រៀន និង​ទៅ​ធ្វើ​ការ​

    អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប្រដាប់​អាវុធ​ តាលីបង់ បាន​សន្យា​ថា ស្ត្រី​ អាហ្វហ្គានីស្ថាន​ នឹង​មិន​ត្រូវ​រង​ការ​រើស​អើង​ និង​មាន​ឱកាស​ទៅ​សិក្សា​រៀនសូត្រ​ ធ្វើ​ការ​ «នៅ​ក្នុង​ក្រប​ខណ្ឌ​»​ ច្បាប់​សាសនា​អ៊ីស្លាម។

    «រដ្ឋអ៊ីស្លាម​ (Islamic Emirate of Afghanistan) គោរព​សិទ្ធិ​របស់​ស្ត្រី​​ ក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម​ Sharia» អ្នក​នាំ​ពាក្យ​​របស់​ តាលីបង់​ លោក​ Zabihullah Mujahid ថ្លែង​ដូច្នេះ​ កាល​ពី​ថ្ងៃទី 17 សីហា​ ក្នុ​ងសន្និសីទ​សារ​ព័ត៌មាន​ដំបូង​របស់​ តាលីបង់​ ក្រោយ​ពី​ក្រុម​នេះ​ គ្រប់​គ្រង​រដ្ឋ​ធានី​កាប៊ុល​ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។

    លោក​ Zabihullah Mujahid និយាយ​ថា ស្ត្រី​នៅ​ អាហ្វហ្គានីស្ថាន​ នឹង​ទទួល​បាន​សិទ្ធិ​ និង​ «សកម្មភាព​ក្នុង​វិស័យ​ និង​តំបន់​ផ្សេង​គ្នា​ ដោយ​យោង​ទៅ​តាម​វិន័យ​ និង​ការ​កំណត់» ក្នុង​នោះ​មាន​ទាំង​វិស័យ​អប់រំ​ សុខាភិបាល​ នគរបាល​ និង​​ប្រព័ន្ធ​យុត្តិធម៌។

    សិស្សសាលាវិចិត្រសិល្បៈ​ក្នុង​ឈុត​ឈ្នួត​ Hijab នៅ​ អាហ្វហ្គានីស្ថាន

    «ខ្ញុំ​ចង់​ធានា​ដល់​គ្រប់​គ្នា​ថា នឹង​ពុំមាន​ការ​រើស​អើង​ណា​មួយ​ចំពោះ​ស្ត្រី​ ប៉ុន្តែ ពិត​ណាស់​ ត្រូវ​តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​របស់​យើង​ខ្ញុំ» អ្នក​នាំ​ពាក្យ​របស់​ តាលីបង់​ បញ្ជាក់​បន្ថែម​ ប៉ុន្តែ មិន​បាន​និយាយ​លម្អិត​អំពី​ក្រប​ខណ្ឌ​​នេះនោះ​ទេ​​។

    ឆ្លើយ​តប​នឹង​សំនួរ​អំពី​លទ្ធភាព​ដែល​ស្ត្រី​ អាហ្វហ្គានីស្ថាន​ អាច​បន្ត​ធ្វើការ​ក្នុង​​ផ្នែក​ផ្សព្វផ្សាយ​ លោក​ Mujahid និយាយ​ថា តាលីបង់ មិន​ទាន់​បង្កើត​រដ្ឋាភិបាល​ ហើយ​ប្រទេស​នេះ​ ត្រូវ​ការ​ពេល​វេលា​ដើម្បី​បង្កើត​ច្បាប់​។

    មុន​នេះ​ អ្នក​នាំពាក្យ​មួយ​រូប​ផ្សេង​ទៀត​របស់​ តាលីបង់ គឺ​លោក​ Suhail Shaheen បាន​អះអាង​ថា ស្ត្រី​អាហ្វហ្កានីស្ថាន​ នៅ​តែ​អាច​ធ្វើ​ការ​ និង​រៀន​ដល់​កម្រិត​មហា​វិទ្យា​ល័យ​។ លោក​ថា តាលីបង់​ សន្យា​ថា គោរព​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ ធ្វើ​ការ​ និង​សេរីភាព​បញ្ចេញ​មតិ​ របស់​ស្ត្រី​​ «ក្រោម​ពន្លឺ​នៃ​ច្បាប់​សាសនា​អ៊ីស្លាម»។

    ស្ត្រី​ អាហ្វហ្គានីស្ថាន​ ក្នុង​ឈុត​ Burqa

    លោក Suhail Shaheen បន្ថែម​ថា តាលីបង់​ នឹង​មិន​បង្ខំ​ឱ្យ​ស្ត្រី​អាហ្វហ្គានីស្ថាន​ ពាក់​ស្បៃ​ Burqa ដែល​ជា​ឈុត​សម្លៀក​បំពាក់​ គ្រប​ពី​ក្បាល​ដល់​ចុង​ជើង​ នោះ​ទេ​ ដោយ​គ្រាន់​តែ​ស្នើ​ឱ្យ​ពួក​គេប្រើ​ប្រាស់​ឈ្នួត​ hijab ប្រពៃណី​របស់​អ៊ីស្លាម​សាសនិក​ (មូស្លីម)។

    គួររំលឹកថា មុនពេល​ត្រូវបាន សហរដ្ឋអាមេរិក ផ្ដួលរំលំ​កាលពី​ឆ្នាំ 2001 ក្រុម​តា​លី​បង់ មានឈ្មោះ​ល្បី​ខ្លាំង ខាង​ប្រើ​ច្បាប់​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង នៅក្នុង​អំឡុង 5 ឆ្នាំ​នៃ​ការកាន់កាប់​អំណាច ក្នុងនោះ​ក៏មាន​ការបង្ខំ​ឱ្យ​ស្ត្រី​ស្លៀកពាក់​ជិត​ពី​ក្បាល​ដល់​ចុងជើង ការហាម​ក្មេងស្រី​មិន​ឱ្យទៅ​សាលារៀន និង​ដាក់ពិន័យ​លើ​ស្ត្រី​ដែល​ចេញ​ដើរ​តាមផ្លូវ​ដោយ​មិនមាន​សាច់ញាតិ​ជាម​នុស្ស​ប្រុស​ទៅជា​មួយ៕

  • តា​លី​បង់ ប្រកាសថា «គំនុំគុំកួន បានបញ្ចប់​ហើយ» ខណៈ​អនុប្រធានាធិបតី​ ប្រកាស​ថា ខ្លួន​ជា​មេដឹក​នាំ​ស្រប​ច្បាប់

    តា​លី​បង់ ប្រកាសថា «គំនុំគុំកួន បានបញ្ចប់​ហើយ» ខណៈ​អនុប្រធានាធិបតី​ ប្រកាស​ថា ខ្លួន​ជា​មេដឹក​នាំ​ស្រប​ច្បាប់

    ក្រុម​តា​លី​បង់ ដែល​ទើប​ដណ្ដើមបាន​ជ័យជំនះ​លើ សហរដ្ឋអាមេរិក ក៏ដូចជា​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បានឱ្យដឹងថា «គំនុំគុំកួន ត្រូវបាន​បញ្ចប់» និង​មិន​ចង់​មាន​សត្រូវ​ណាមួយ​ទៀត​នោះឡើយ ទន្ទឹមនឹង​ការបោះ​ជំហាន​ទៅរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី។

    «យើង​គ្មាន​បំណង​វិល​ទៅរក​សង្គ្រាម ឬ​ជម្លោះ​អ្វី​ទៀត​នោះទេ។ ការគុំកួន​នឹង​គ្នា បានបញ្ចប់ ហើយ​យើង​ចង់​រស់នៅក្នុង​សន្តិភាព។ យើង​មិន​ចង់​មាន​សត្រូវ​ណាមួយ​ទេ ទាំង​ក្នុង និង​ក្រៅប្រទេស» អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid និយាយ​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 17 សីហា។

    នេះ​គឺជា​សន្និសីទ​សារព័ត៌មាន​ដំបូងបង្អស់ រាប់​ចាប់ពី តា​លី​បង់ ដណ្ដើមបាន​ជ័យជំនះ​ស្ទើរតែ​ទាំងស្រុង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 15 សីហា។ លោក Zabihullah Mujahid បញ្ជាក់ថា «អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមាន​រដ្ឋាភិបាល​អ៊ីស្លាម ដ៏​ខ្លាំងក្លា​មួយ»។

    យោងតាម Zabihullah Mujahid មេដឹកនាំ​កំពូល​របស់ តា​លី​បង់ បានប្រកាស​លើកលែងទោស​រួម​រួចហើយ និង​សន្យាថា ធានា​សុវត្ថិភាព​ដល់​ក្រុម​អ្នកម៉ៅការ អ្នកបកប្រែ​ដែល​ធ្លាប់ធ្វើ​ការឱ្យ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ អាមេរិក ក៏ដូចជា​ទាហាន​របស់​រដ្ឋាភិបាល​ដែល​ប្រឆាំងនឹង តា​លី​បង់ រួមទាំង​គ្រួសារ​របស់​ពួកគេ ដែល​ព្យាយាម​ចាកចេញ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    អនុប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Amrullah Saleh

    ទោះជា​យ៉ាងនេះ​ក្ដី អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Amrullah Saleh បានប្រកាស​ដែរ​ថា លោក​គឺជា​មេដឹកនាំ​បណ្ដោះអាសន្ន​ស្របច្បាប់ បន្ទាប់ពី​ប្រធានាធិបតី Ashraf Ghani ចាក់​ចេញពី​ប្រទេស។

    «យោងតាម​រដ្ឋធម្មនុញ្ញ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ប្រធានាធិបតី​អវត្តមាន រត់គេចខ្លួន លាលែង​ពី​តំណែង ឬ​ទទួលមរណភាព អនុ​ប្រធានាធិបតី​ទីមួយ ត្រូវ​ក្លាយជា​ប្រធានាធិបតី​បណ្ដោះអាសន្ន។ ខ្ញុំ​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​របស់ខ្ញុំ និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ស្របច្បាប់។ ខ្ញុំ​កំពុង​ទាក់ទង​ទៅកាន់​មេដឹកនាំ​នានា ដើម្បី​ធានា​ចំពោះ​ការគាំទ្រ និង​ការយល់ស្រប​របស់​ពួកគេ» លោក Amrullah Saleh សរសេរ​នៅលើ Twitter កាលពី​ម្សិលមិញ​ដូច្នេះ។

    ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

  • តា​លី​បង់ ប្រកាស​លើកលែងទោស​ដល់​ក្រុមមន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន

    តា​លី​បង់ ប្រកាស​លើកលែងទោស​ដល់​ក្រុមមន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន

    ក្រុម​តា​លី​បង់ បានប្រកាស​បទបញ្ជា​លើកលែង​​ទោស​ ដល់​ក្រុមមន្ត្រី​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងអស់ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពួកគេ​ចូលមក​ធ្វើការ​វិញ។

    «បទបញ្ជា​នៃ​ការលើកលែងទោស​រួម ត្រូវបាន​ប្រកាស​ដល់​គ្រប់គ្នា ដូច្នេះ អ្នក​ទាំងឡាយ​អាច​ចាប់ផ្ដើម​ជីវភាព​តាម​ធម្មតា​ដោយ​ភាពជឿជាក់» កងកម្លាំង តា​លី​បង់ បានប្រកាស​នា​ថ្ងៃទី 17 សីហា​នេះ បន្ទាប់ពី​​​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ពីរ​ថ្ងៃ។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ Sohail Shaheen កាលពី​ថ្ងៃទី 15 សីហា ក៏បាន​ឱ្យដឹងថា រដ្ឋាភិបាល​ថ្មី​នឹង​រួមបញ្ចូល​ទាំង​ក្រុម​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​មិន​ស្ថិតក្នុង​ជួរ​កងទ័ព​តា​លី​បង់ និង​ក្រុមមនុស្ស​មកពី​រដ្ឋាភិបាល​ចាស់។

    Sohail Shaheen និយាយថា អ្នក​ទាំងឡាយ​ដែល​បានប្រគល់​អាវុធ និង​ចូលរួម​ជាមួយ​កម្លាំង​តា​លី​បង់ សុទ្ធតែ​ទទួលបាន​ការលើកលែង​ទោស ក៏ដូចជា​ការធានា​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ។

    គួររំលឹកថា មុនពេល​ត្រូវបាន សហរដ្ឋអាមេរិក ផ្ដួលរំលំ​កាលពី​ឆ្នាំ 2001 ក្រុម​តា​លី​បង់ មានឈ្មោះ​ល្បី​ខ្លាំង ខាង​ប្រើ​ច្បាប់​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង នៅក្នុង​អំឡុង 5 ឆ្នាំ​នៃ​ការកាន់កាប់​អំណាច ក្នុងនោះ​ក៏មាន​ការបង្ខំ​ឱ្យ​ស្ត្រី​ស្លៀកពាក់​ជិត​ពី​ក្បាល​ដល់​ចុងជើង ការហាម​ក្មេងស្រី​មិន​ឱ្យទៅ​សាលារៀន និង​ដាក់ពិន័យ​លើ​ស្ត្រី​ដែល​ចេញ​ដើរ​តាមផ្លូវ​ដោយ​មិនមាន​សាច់ញាតិ​ជាម​នុស្ស​ប្រុស​ទៅជា​មួយ៕

  • កងទ័ព អាមេរិក នឹង​ប្រើ​កម្លាំងបាយ​ខ្លាំងក្លា បើសិន តា​លី​បង់ វាយប្រហារ​ព្រលានយន្តហោះ​នៅ​កា​ប៊ុល

    កងទ័ព អាមេរិក នឹង​ប្រើ​កម្លាំងបាយ​ខ្លាំងក្លា បើសិន តា​លី​បង់ វាយប្រហារ​ព្រលានយន្តហោះ​នៅ​កា​ប៊ុល

    ឧត្ដមសេនីយ McKenzie បាន​ជួបចរចា​ជាមួយ​តំណាង​របស់​ក្រុម តា​លី​បង់ ដើម្បី​ស្នើ​ក្រុម​នេះ​ចៀសវាង​ការវាយប្រហារ​ទៅលើ​ព្រលានយន្តហោះ Hamid Karzai ជា​កន្លែង​ដែល អាមេរិក កំពុង​ប្រើប្រាស់​ដើម្បី​ជម្លៀស​ពលរដ្ឋ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ទ្រង់ទ្រាយ​ធំ។

    ឧត្ដមសេនីយ Frank McKenzie មេបញ្ជាការ​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​កិច្ចពិភាក្សា​មួយ​នៅ Doha កាលពី​ថ្ងៃទី 15 សីហា បាន​ព្រមាន​ដល់​ក្រុម តា​លី​បង់ ថា កងទ័ព អាមេរិក នឹង​ឆ្លើយតប​យ៉ាង​ចាស់ដៃ ដើម្បី​ការពារ​ព្រលានយន្តហោះ​នៅ​កា​ប៊ុល បើសិនជា​ចាំបាច់។ នេះ​បើតាម​មន្ត្រី​ម្នាក់​របស់ សហរដ្ឋអាមេរិក។

    អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ John Kerby និយាយថា ទាហាន​អាមេរិក ប្រមាណ 2,500 នាក់ កំពុង​ឈរជើង​នៅឯ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​កា​ប៊ុល ដើម្បី​ការពារ​សន្តិសុខសម្រាប់​ជម្លៀស​ពលរដ្ឋ​អាមេរិក អា​ហ្វ​ហ្គា​នី​ស្ថាន រួម​នឹង​ក្រុមមនុស្ស​ដែល​ចង់​ចាក​ចេញពី​ប្រទេស ក្រោយ តា​លី​បង់ ចូលមក​កាន់កាប់​កា​ប៊ុល។

    ឧត្ដមសេនីយ Frank McKenzie

    កិច្ចប្រជុំ​កាលពី​ថ្ងៃទី 15 សីហា ឧ​ត្ត​ម​សេនីយ McKenzie និង តា​លី​បង់ បាន​យល់ព្រម​បង្កើត «យន្តការ​ដោះស្រាយ​ជម្លោះ» ជា​កិច្ចព្រមព្រៀង​មួយ​ដែល តា​លី​បង់ នឹងមិន​ធ្វើ​អន្តរាគមន៍​លើ​ការជម្លៀស​ពលរដ្ឋ​នៅឯ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​​កា​ប៊ុល។

    មន្ត្រី​ម្នាក់​របស់ សហរដ្ឋអាមេរិក និយាយថា បច្ចុប្បន្ន កងទ័ព​អាមេរិក បាន​ផ្អាក​រាល់​សកម្ម​ភាព​​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ​ក្រុម​តា​លី​បង់ ទៅតាម​កិច្ចព្រមព្រៀង​មុននេះ។

    ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

  • «មេរោគ​ស៊ី​ខួរក្បាល» Naegleria fowleri សម្លាប់​មនុស្ស​នៅ សហរដ្ឋ​អាមេរិក

    «មេរោគ​ស៊ី​ខួរក្បាល» Naegleria fowleri សម្លាប់​មនុស្ស​នៅ សហរដ្ឋ​អាមេរិក

    កុមារ​ម្នាក់ រស់នៅក្នុង​រដ្ឋ California បាន​ស្លាប់​ដោយសារតែ​មេរោគ​ដ៏​កម្រ​មួយ​ប្រភេទ​ដែល​រស់នៅក្នុង​ទឹកសាប បាន​ឆ្លង​ចូលទៅក្នុង​ខួរក្បាល។

    សារព័ត៌មាន AP បានឱ្យដឹងថា កុមារា​វ័យ 7 ឆ្នាំ​ខាងលើ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មជ្ឈមណ្ឌល​សុខាភិបាល UC Davis ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 30 កក្កដា។ កុមារ​នេះ​មាន​អាការ​ហើម​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​បន្ទាប់ពី​ទទួល​ការព្យាបាល​បាន​ជាង​មួយ​សប្ដាហ៍។ មូលហេតុ​នៃ​ការស្លាប់​នេះ​គឺ​ដោយសារ​ឆ្លង​មេរោគ Naegleria fowleri ក្រោយពី​កុមារ​រូបនេះ​បាន​ទៅ​ហែល​ទឹក​បឹង​មួយ​នៅក្នុង​ទីក្រុង Tehama។

    Naegleria fowleri គឺជា​ប្រភេទ​មេរោគ​ស៊ី​ខួរក្បាល ស្ថិតក្នុង​ក្រុម​មេរោគ​កោសិកា​ទោល Excavata ដែល​រស់នៅក្នុង​បរិស្ថាន​ទឹកសាប ដូចជា​ទន្លេ បឹង និង​ជ្រោះ​ទឹក​ក្ដៅ​ជាដើម។ មូលហេតុ​នៃ​ការឆ្លង​មេរោគ​នេះ ភាគច្រើន​កើតឡើង​ដោយសារ​ជនរងគ្រោះ​បណ្ដោយឱ្យ​ទឹក​ដែលមាន​ផ្ទុកមេរោគ​នេះ ចូលទៅក្នុង​ច្រមុះ​នៅពេល​មុជទឹក។ ពេល​បាន​ចូលក្នុង​ច្រមុះ Naegleria fowleri អាច​ជ្រៀតចូល និង​បំផ្លាញ​ជាលិកា​ខួរក្បាល។

    មជ្ឈមណ្ឌល​សុខាភិបាល Tehama និយាយថា នេះ​គឺជា​ជំងឺ​ដ៏​សែន​កម្រ ដោយ​មានតែ 10 ករណី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រាយការណ៍​នៅ California ចាប់តាំងពី​ឆ្នាំ 1971 ប៉ុន្តែ អត្រា​នៃ​ការ​រួច​ពី​ការស្លាប់​បន្ទាប់ពី​បាន​ឆ្លង​មេរោគ​នេះ​គឺមាន​មិន​ដល់ 3%។

    អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​មនុស្ស​មួយចំនួន​អាច​រួច​ពី​ការស្លាប់​បាន ពេល​បាន​ឆ្លង​មេរោគ​នេះ។ ប៉ុន្តែ កត្តា​មួយចំនួន​ដែល​អាចរួមចំណែក​ក្នុងការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​នេះ​បាន នោះ​គឺ ការ​ឆាប់​រកឃើញ​ជំងឺ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​សាកល្បង miltefosine បូករួម​នឹង​វិធីសាស្ត្រ​ព្យាបាលពិសេសៗមួយចំនួនទៀត ដើម្បី​បន្ថយ​ការ​ហើម​របស់​ខួរក្បាល។

    ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ អ្នក​ត្រូវតែ​ឈប់​ហែល ឬ​មុជទឹក​ក្នុង​តំបន់​ទឹកសាប ពិសេស​គឺ​បឹង​ធម្មជាតិ។ បើ​នៅតែ​ចង់​ហែល​ទឹក អ្នក​អាច​ហែល​បាន ដោយ​កុំ​មុជ​ចូលក្នុង​ទឹក ឬ​អាច​ប្រើប្រាស់​ឧបករណ៍​ដើម្បី​បិទ​ច្រមុះ​កុំឱ្យ​ទឹក​ចូល។ អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា ការផឹក ឬ​លេប​ចំ​ទឹក​ដែលមាន​មេរោគ Naegleria fowleri នឹងមិន​បង្ក​ឱ្យ​ឆ្លង​រោគ​នោះឡើយ៕

  • អា​ហ្វ​ហ្គា​នី​ស្ថាន៖ រូបភាព​ពី​​ផ្កាយ​រណប​ បង្ហាញ​អំពី​ចលាចល​នៅឯ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ រូបភាព​ពី​​ផ្កាយ​រណប​ បង្ហាញ​អំពី​ចលាចល​នៅឯ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា មនុស្ស​រាប់ពាន់នាក់​ស​ម្រុ​ក​ចូល​ព្រលានយន្តហោះ​នៅ​រដ្ឋធានី​កា​ប៊ុល និង​រត់តាម​ផ្លូវ​រត់​របស់​យន្តហោះ ដើម្បី​ស្វែងរក​វិធី​ភៀសខ្លួន​ទៅ​បរទេស នៅពេល ក្រុម តា​លី​បង់ បាន​ចូល​កាន់កាប់​រដ្ឋធានី។

    ក្រុមហ៊ុន Maxar Technologies ថ្ងៃនេះ (17 សីហា) បាន​បញ្ចេញ​រូបថត​ស្ដីពី​រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ថត​បាន​ពី​ផ្កាយរណប​កាលពី​ថ្ងៃទី 16 សីហា។ ក្នុង​រូបថត​ទាំងនេះ គេ​ឃើញ​មនុស្ស​រាប់ពាន់នាក់ នាំគ្នា​សម្រុក​ចូលទៅ​ខាងក្នុង​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ដើម្បី​រក​វិធី​ចាក​ចេញពី​ប្រទេស​កំណើត ស្រប​ពេលដែល​រដ្ឋាភិបាល​បាន​ដួលរលំ ហើយ​ក្រុម តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង​រដ្ឋធានី។

    នៅក្នុង​រូបថត​ខាងលើ​ ផ្លូវ​ប្រសព្វ​គ្នា​ដែល​នាំទៅ​កាន់​ព្រលានយន្តហោះ កំពុង​ស្ទះចរាចរណ៍​យ៉ាង​ណែន ខណៈ​មនុស្ស​រាប់ពាន់នាក់​ដែល​ស្ថិតក្នុង​ភាពចលាចល កំពុង​បើកបរ​រថយន្ត​មកកាន់​ទីនេះ។ រថយន្ត​ភាគច្រើន ត្រូវបាន​គេ​ទុកចោល​កណ្ដាលផ្លូវ ដោយសារ​ស្ទះចរាចរណ៍ ហើយ​មនុស្សម្នា​ក៏​នាំគ្នា​ដើរ​យ៉ាង​ប្រញាប់ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន។

    នៅក្នុង​ព្រលានយន្តហោះ មនុស្ស​ជាច្រើន ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​យន្តហោះ ក៏ដូចជា​រត់​ទៅកាន់​ផ្លូវ​ចុះចត​របស់​យន្តហោះ ដើម្បី​ស្វែងរក​វិធី​ឡើង​យន្តហោះ​ទាំងឡាយណា​ដែល​អាច​នាំ​ពួកគេ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស។

    ហ្វូងមនុស្ស​ដែល​ចេះតែច្រើនឡើងៗ ធ្វើឱ្យ​ព្រលានយន្តហោះ Hamid Karzai ប្រែជា​ច្របូកច្របល់​អស់​រយៈពេល​ពី​ថ្ងៃ​កន្លងទៅនេះ។ ព្រលានយន្តហោះ Hamid Karzai បច្ចុប្បន្ន ជា​កន្លែង​ចុងក្រោយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សហរដ្ឋអាមេរិក។

    មន្ត្រី អាមេរិក ម្នាក់ បានឱ្យដឹងថា ទាហាន អាមេរិក ដែល​ត្រូវបាន​បញ្ជូនទៅ​ការពារ​ព្រលានយន្តហោះ​ខាងលើ បាន​បាញ់ប្រហារ​បុរស​ពីរ​នាក់​ដែលមាន​អាវុធ​ក្នុង​ដៃ កំពុង​រក​វិធី​ចូល​ទៅជិត​ពួកគេ។ សហរដ្ឋអាមេរិក បាន​បញ្ជូនទាហាន​ប្រមាណ 6,000 នាក់ ទៅកាន់​ព្រលានយន្តហោះ Hamid Karzai ដើម្បី​ការពារ​សន្តិសុខ គ្រប់គ្រង​ដែនអាកាស ជួយ​ជម្លៀស​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន។

    ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​នាក់​ដែល​បាន​តោង​ពីក្រោម​យន្តហោះ បាន​បាត់​បង់ជីវិត នៅពេល​ធ្លាក់​មកលើ​ដី ហើយ​ត្រូវ​យន្តហោះ​កិន ពីលើ និង​អ្នក​ខ្លះទៀត​ក៏​ធ្លាក់​ពីលើ​យន្តហោះ នៅពេល​យន្តហោះ​ចាប់ផ្ដើម​ហោះ​ឡើង​ខ្ពស់។

    ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 556 នាក់, អ្នកជា​ចំនួន 716 នាក់ និង​អ្នកស្លាប់​ចំនួន 14 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 16 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែសីហា ឆ្នាំ 2021 តួលេខ​សរុប​នៃ​ករណី​ឆ្លង ស្លាប់ និង​ជាសះស្បើយ​នៃ​អ្នកជំងឺ COVID-19 នៅ កម្ពុជា មាន​ដូចខាងក្រោម៖

    – អ្នក​ឆ្លង​សរុប= 86,597 នាក់

    – អ្នកជា​សះស្បើយ= 81,918 នាក់

    – អ្នកស្លាប់= 1,718 នាក់

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 208,705,980 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 187,101,200 នាក់​បានជា, ជាង 4,383,780 នាក់​បាន​ស្លាប់ និង​ជាង 17,220,980 នាក់ កំពុង​ព្យាបាល៕

  • រុស្ស៊ីថា កា​ប៊ុល សុវត្ថិភាព​ជាង​មុន ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់

    រុស្ស៊ីថា កា​ប៊ុល សុវត្ថិភាព​ជាង​មុន ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់

    ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​សរសើរ​ដល់ តា​លី​បង់ ដែល​កន្លងមក​ក្រុម​នេះ​ធ្លាប់​ត្រូវបាន រុស្ស៊ី ចាត់ទុកថា​ជា​ភេរ​វករ ដោយសារតែ តា​លី​បង់ គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បានល្អ និង​សុខ​សុវត្ថិភាព​ជាង បើ​ធៀប​នឹង​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ចាស់។

    នៅលើ​រលក​វិទ្យុ Ekho Moskvy របស់ រុស្ស៊ី កាលពី​ថ្ងៃទី 16 សីហា ឯកអគ្គរដ្ឋទូត​រប​ស់ រុស្ស៊ី ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Dmitry Zhirnov និយាយថា ពេញចិត្ត​នឹង​របៀប​ប្រព្រឹត្ត​របស់ តា​លី​បង់ ដោយ​អធិប្បាយ​អំពី​វី​ធី​គ្រប់គ្រង កា​ប៊ុល របស់​កងកម្លាំង​នេះ​ថា «ល្អ សកម្ម និង​បែងចែក​ច្បាស់លាស់»។

    លោក Zhirnov ឱ្យដឹងថា៖ «ស្ថានការណ៍​សុខសាន្ត ហើយ​គ្រប់យ៉ាង​បាន​ស្ងប់ស្ងាត់។ កា​ប៊ុល ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់ ល្អប្រសើរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Ashraf Ghani»។

    ឯកអគ្គរដ្ឋទូត រុស្ស៊ី រូបនេះ បន្ថែមថា ដំបូង​ឡើយ អង្គភាព​មួយចំនួន​ដែល​មិន​បំពាក់អាវុធ របស់ តា​លី​បង់ បាន​ចូលមក​រដ្ឋធានី ហើយ​ស្នើឱ្យ​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន និង​កងទ័ព​អាមេរិក ចុះចាញ់។ កងកម្លាំងប្រដាប់អាវុធ​សំខាន់​របស់ តា​លី​បង់ បាន​សម្រុកចូល​តាម​ក្រោយ នៅពេល Ghani បាន​រត់ចោល​ប្រទេស។ បន្ទាប់មក តា​លី​បង់ ក៏បាន​ដាក់​បម្រាម​គោចរ។

    យោងតាម Zhirnov ក្រុម តា​លី​បង់ បាន​សន្យា​ការពារ​អ្នកការទូត​រុស្ស៊ី។ លោក​ក៏​និយាយថា ក្រុម​ទាហាន​របស់ តា​លី​បង់ បច្ចុប្បន្ន ពុំទាន់​មាន​សកម្មភាព​អាក្រក់​ណា​មួយ​ដែល​ប្រទេស​លោកខាងលិច​កំពុង​ព្រួយបារម្ភ​នៅឡើយ។ សាលារៀន​នៅ កា​ប៊ុល ក្នុងនោះ​មាន​ទាំង​សាលា​សម្រាប់​សិស្សស្រី ក៏បាន​ដំណើរការ​ឡើងវិញ។

    ក្រុមទាហាន តាលីបង់ នៅ កាប៊ុល

    ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានឱ្យដឹងថា យុទ្ធនាការ​យូរថ្ងៃ​របស់​ទីក្រុង​មូ​ស្គូ ក្នុង​បំណង​កសាង​ទំនាក់​ទំនងជា​មួយក្រុម តា​លី​បង់ ទំនងជា​បាន​ជោគជ័យ​ទៅហើយ។

    ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕