Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 27​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 401 នាក់​, – ជាសះស្បើយ​ថ្មី​ = 475 នាក់​, – ស្លាប់​ថ្មី​ = 12 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 91,770 នាក់, – ជាសះស្បើយ​សរុប​ = 87,774 នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,870 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 216,224,351​ នាក់, – អ្នកជាសះស្បើយ= 193,208,547 នាក់,​ – អ្នកស្លាប់= 4,499,191 នាក់ និង​កំពុង​ព្យាបាល​ = 18,516,613 នាក់៕

  • អាមេរិក ផ្ដាច់ទំនាក់ទំនង​ជាមួយ​រណសិរ្ស​ជាតិ​ប្រឆាំងនឹង តា​លី​បង់ នៅ​​ជ្រលង​ភ្នំ​ Panjshir

    អាមេរិក ផ្ដាច់ទំនាក់ទំនង​ជាមួយ​រណសិរ្ស​ជាតិ​ប្រឆាំងនឹង តា​លី​បង់ នៅ​​ជ្រលង​ភ្នំ​ Panjshir

    រដ្ឋាភិបាល​របស់លោក Joe Biden មិនបាន​ឆ្លើយតប​ទៅនឹង​ការទាក់ទង​ពី​កងកម្លាំង​ប្រឆាំងនឹង តា​លី​បង់ នៅ​ជ្រលង​ភ្នំ Panjshir បន្ទាប់ពី តា​លី​បង់ បាន​ចូល​កាន់កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ជិត​ពីរ​សប្ដាហ៍។

    Ali Nazary ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ការទូត​របស់​រណសិរ្ស​តស៊ូ​ជាតិ ដែលជា​ក្រុម​ប្រឆាំងនឹង តា​លី​បង់ នៅ​ជ្រលង​ភ្នំ Panjshir កាលពី​ថ្ងៃទី 27 សីហា ឱ្យដឹងថា លោក​បាន «ស្វែងរក​ការទាក់ទង» ប៉ុន្តែ មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​រដ្ឋាភិបាល​របស់លោក Biden នៅឡើយ។

    «យើង​មិនឃើញ​មានការ​ចាប់អារម្មណ៍​ចំពោះ​ចលនា​ប្រឆាំង​នៅក្នុង​គ្រានេះ» លោក Nazary ថ្លែង និង​បន្ថែមថា តំបន់​ការពារ​ដ៏​រឹងមាំ​នៅ​ជ្រលង​ភ្នំ Panjshir នៅ​ភាគ​ឦសាន អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​សន្តិសុខសម្រាប់​ក្រុមមនុស្ស​ដែល​កំពុង​ជាប់គាំង​នៅ​រដ្ឋធានី​កា​ប៊ុល។ «ពួកគេ​បានដឹងថា យើង​នៅទីនេះ ប៉ុន្តែ យើង​មិនទាន់​ទទួលបាន​ការយកចិត្ត​ទុកដាក់​នៅឡើយ»។

    Nazary បង្ហើប​ឱ្យដឹងថា លើកចុងក្រោយ​បង្អស់​ដែល​លោក​បាន​ទាក់ទង​ទៅកាន់​សេត​វិមាន​គឺ​ប៉ុន្មាន​ខែ​មុន។ បច្ចុប្បន្ន ពួកគេ​មិនទាន់​ទទួលបាន​ការអញ្ជើញ ឬ​ការស្នើ​ណាមួយ​ពី សហរដ្ឋអាមេរិក។

    បច្ចុប្បន្ន សេត​វិមាន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ ក្នុង​គ្រា​ដែល សហរដ្ឋអាមេរិក កំពុង​ព​ន្លឿ​ន​យុទ្ធនាការ​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ពេលដែល​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​ជិត​មកដល់។

    ចំពោះ​អ្នក​ដែល​មិនអាច​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន មុន​កាលកំណត់ លោក Nazary ស្នើឱ្យ​នាំ​ពួកគេ​ទៅកាន់​ជ្រលង​ភ្នំ Panjshir ដើម្បី​ទទួលបាន​ការការពារ​សន្តិសុខ។

    ចាប់ពី​ថ្ងៃទី 14 សីហា ដល់ 27 សីហា សហរដ្ឋអាមេរិក បាន​ឈ្លៀសមនុស្ស​ប្រហែល 105,000 នាក់ ក្នុងនោះ​មាន​ទាំង​ពលរដ្ឋ​អាមេរិក និង​ដៃគូ អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើតាម​មន្ត្រី​សេត​វិមាន។ ពលរដ្ឋ​អាមេរិក ប្រមាណ 1,500 នាក់ ប្រហែល​កំពុង​ជាប់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ទិន្នន័យ​នេះ​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ៕

  • អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្លាយជា អ្នក​ដឹកជញ្ជូន​ទំនិញ នៅ​ប្រទេស​អាល្លឺម៉ង់

    អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្លាយជា អ្នក​ដឹកជញ្ជូន​ទំនិញ នៅ​ប្រទេស​អាល្លឺម៉ង់

    Sadaat ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​និង​ព័ត៌មានវិទ្យា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មុនពេល​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ 2020 ហើយ​បច្ចុប្បន្ន លោក​គឺជា​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ទំនិញ​មួយរូប​នៅ​ទីក្រុង Leipzig។

    Syed Ahmed Shah Sadat អាយុ 49 ឆ្នាំ បានឱ្យដឹងថា មនុស្ស​មួយចំនួន​នៅឯ អា​ហ្វ​ហ្គា​នី​ស្ថាន រិះគន់​លោក ដោយសារតែ​ធ្វើការ​ជា​អ្នក​ប្រគល់​ទំនិញ​ដោយ​ជិះ​កង់។ ប៉ុន្តែ អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ចប់​អាណត្តិ​កាលពី​ឆ្នាំ 2018 រូបនេះ យល់ថា ការងារ​ប្រគល់​ទំនិញ​គឺជា​ការងារ​ធម្មតា​ដូច​ទៅនឹង​ការងារផ្សេងៗទៀត។

    «ខ្ញុំ​ពុំមាន​អារម្មណ៍​ថា​ខុសឆ្គង​អ្វី​នោះទេ» លោក Sadaat និយាយ​កាលពី​ថ្ងៃទី 26 សីហា នៅពេល​លោក​ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច អង្គុយ​ក្បែរ​កង់​មួយគ្រឿង។ «ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​ផ្សេងទៀត ក៏​ធ្វើ​តាមរបៀប​ខ្ញុំ ជំនួស​ឱ្យ​ការលាក់ខ្លួន ពួន​អាត្មា»។

    សារព័ត៌មាន Bild បាន​រាយការណ៍​ថា អតីតរដ្ឋមន្ត្រី Sadaat បានមក​កាន់​ប្រទេស​អាល្លឺម៉ង់ គឺ​ដើម្បី​គេច​ចេញពី​ក្រុម តា​លី​បង់។ រឿងរ៉ាវ​របស់ Sadaat កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍ ពិសេស​គឺ​នៅពេល អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្នុង​ភាពវឹកវរ ក្រោយពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​ប្រទេស។ គ្រួសារ មិត្តភក្ដិ​របស់ Sadaat រួម​នឹង​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់ម៉ឺន​នាក់ មានបំណង​ចាកចេញ​ពី​ប្រទេស តាមរយៈ​យន្តហោះ​ដឹក​ជនភៀសខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល។

    នៅសល់តែ 4 ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី 31 សីហា ខាងមុខ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការ​ដកទ័ព​របស់ សហរដ្ឋអាមេរិក នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ។ ចំនួន​មនុស្ស​ដែល​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​កើន 130% រាប់​ចាប់ពី​ដើមឆ្នាំ។ នេះ​បើតាម​ការិយាល័យ​ជាតិ​ទទួលបន្ទុក​លើ​បញ្ហា​ជនភៀសខ្លួន​របស់ អាល្លឺម៉ង់។

    អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មាន​សញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ហើយ​លោក​ក៏​ធ្លាប់មាន​សង្ឃឹមថា នឹង​រកបាន​ការងារ​សមស្រប​នៅ អាល្លឺម៉ង់។ ប៉ុន្តែ ឱកាស​មាន​តិចតួច​ណាស់ ដោយសារតែ​លោក​មិនចេះ​ភាសា​អាល្លឺម៉ង់។

    Sadaat រៀន​ភាសា​អាល្លឺម៉ង់ 4 ម៉ោង​ក្នុង​មួយថ្ងៃ នៅឯ​សាលា​ភាសា​មួយ មុនពេល​ចេញទៅ​ប្រគល់​ទំនិញ​តាម​វេន​ដែល​អូសបន្លាយ​ពេល 6 ម៉ោង នៅពេល​ល្ងាច។ អតីតរដ្ឋមន្ត្រី​រូបនេះ បានចាប់ផ្ដើម​ការងារ​របស់ខ្លួន​តាំងពី​រដូវក្ដៅ​ឆ្នាំនេះ។

    លោក Syed Ahmed Shah Sadat រៀបរាប់​អំពី​ការងារ​ប្រគល់​ទំនិញ​ដោយ​ការ​ជិះ​កង់​របស់លោក នៅក្នុង​ទីក្រុង​ថា៖ «ការងារ​ប៉ុន្មាន​ថ្ងៃ​ដំបូង​គឺ​ពិតជា​រឿង​លំបាក ប៉ុន្តែ សប្បាយ។ ការងារ​បង្រៀន​យើង»៕

  • IS-K ដែល​ទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល ថ្ងៃទី 26 សីហា ត្រូវជា​អ្វី​នឹង តា​លី​បង់?

    IS-K ដែល​ទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល ថ្ងៃទី 26 សីហា ត្រូវជា​អ្វី​នឹង តា​លី​បង់?

    ក្រុម​រដ្ឋ​អ៊ីស្លាម​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់ Levant និង Khorasan (Islamic State of Iraq and the Levant – Khorasan Province) ដែល​ហៅ​កាត់​ថា ISIL–KP ឬ ISKP (សារព័ត៌មាន​ខ្លះ​ហៅថា IS-K, ISISK, IS–KP, ISIS–K ឬ Daesh–Khorasan)។ IS–K គឺជា​ក្រុម​មហា​ជ្រុលនិយម​ដែល​បាន​បំបែក​ខ្លួន​ចេញពី តា​លី​បង់ ហើយ​ក៏បាន​ក្លាយជា​សត្រូវ​សួ​ពូជ​នឹង​គ្នា សូម្បីតែ​នៅពេល តា​លី​បង់ បាន​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន។

    តា​លី​បង់ ថ្ងៃទី 27 សីហា នេះ បាន​បញ្ជាក់ថា សមាជិក​របស់ខ្លួន​ចំនួន 28 នាក់ ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ពីរលើក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី 26 សីហា។ ក្រុម​រដ្ឋ​អ៊ីស្លាម​សាខា Khorasan (IS-K) បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម​នេះ។

    ក្រុមអ្នកតាមដាន​ស្ថានការណ៍​យល់ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល នឹងធ្វើ​ឱ្យ​បំណុល​ឈាម​រវាង តា​លី​បង់ និង IS-K កាន់តែ​គរ​លើ​គ្នាច្រើនឡើង។ ករណី​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ម្សិលមិញ ប្រៀបបាន​ទៅនឹង​ការ​រំលឹក​ឱ្យ​ចាំ​ថា សង្គ្រាម​រវាង តា​លី​បង់ និង IS-K (ក្រុម​ភេរវ​ករ​ដែល​ត្រូវគេ​ចាត់ទុក​ដូចជា «កូនឥតខាន់ស្លា» របស់ តា​លី​បង់) មិនទាន់​ចប់​នៅឡើយ។

    ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃទី 13 សីហា នៅ​ពន្ធនាគារ​កា​ប៊ុល Abu Omar Khorasani អតីត​មេបញ្ជាការ​របស់ IS-K យល់ថា ការ​រុលទៅមុខ​របស់ តា​លី​បង់ នៅ​ពាសពេញ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​សញ្ញា​នៃ​ការផ្លាស់ប្ដូរ។ ទាំង តា​លី​បង់ ទាំង IS-K ធ្លាប់មាន​គោលដៅ​រួមមួយ នោះ​គឺ​ការដេញ «ជន​ក្រៅ​សាសនា» ឱ្យ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។ Khorasani និយាយថា៖ «ពួកគេ​នឹង​ដោះលែង​ខ្ញុំ បើសិន​ពួកគេ​ជា​អ៊ីស្លាម​សាសនិក​ល្អ»។

    ពីរ​ថ្ងៃ​ក្រោយមក ក្រុម តា​លី​បង់ បាន​ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល គ្រប់គ្រង​ពន្ធនាគារ និង​ដោះលែង​អ្នកទោស​រាប់រយ​នាក់ ប៉ុន្តែ បានសម្លាប់ Khorasani រួម​នឹង​សមាជិក 8 នាក់​ផ្សេងទៀត​របស់ IS-K។

    Abu Omar Khorasani អតីតមេបញ្ជាការរបស់ IS-K

    កាលពី 6 ឆ្នាំមុន សមាជិក​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​មិន​ពេញចិត្ត​នឹង តា​លី​បង់ បាន​ផ្ដាច់ខ្លួន​ចេញពី​ក្រុម​នេះ ហើយ​បង្កើត​ក្រុម IS-K។ នេះ​គឺជា​សាខា​មួយ​ក្នុងចំណោម​សាខា​ជាច្រើន​របស់ IS ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​នេះ​បង្ហាញ​វត្ត​មាននៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2014 និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា។

    សមាជិក​របស់​ក្រុម IS-K ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​តំបន់​ដែល​គេ​ស្គាល់​ថា «ខេត្ត Khorasan» ដោយមាន​មហិច្ឆតា​ទាញយក អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យមក​រួបរួម​ជាមួយ​តំបន់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ IS។

    Hafiz Saeed Khan មេ​ភេរវ​ករ​ដែលជា​អ្នកបង្កើត IS-K ត្រូវបាន អាមេរិក សម្លាប់​កាលពី​ឆ្នាំ 2016 ហើយ​ត្រូវ​ជំនួស​ដោយ Shahab Muhajir ដែលជា​ពលរដ្ឋ អ៊ីរ៉ាក់។ តាំងពី​ដំបូង តា​លី​បង់ និង IS-K បានចាត់ទុក​គ្នា​ជាស​ត្រូវ​ទៅហើយ ដោយសារតែ​មានគំនិត​ផ្ទុយគ្នា ក៏ដូចជា​ការ​ប្រជែង​គ្នា​ខ្លាំងក្លា​ក្នុងការ​ដណ្ដើម​ទឹកដី។

    តា​លី​បង់ កាលណោះ ត្រូវ​ប្រឈម​នឹង​កងទ័ព​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ក៏ត្រូវ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​គូសត្រូវ​សួ​ពូជ​មួយទៀត នោះ​គឺ IS-K។

    មន្ត្រី​ការពារជាតិ អាមេរិក ឱ្យដឹងថា តា​លី​បង់ ពេលខ្លះ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​ទាំង សហរដ្ឋអាមេរិក ផងដែរ ក្នុងការ​ប្រយុទ្ធ​តតាំង​ប្រឆាំង IS-K។ IS-K ត្រូវបាន​វាយ​ឱ្យ​ខ្ចាត់ខ្ចាយ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​ត្រូវ​លាក់ខ្លួន​ពួន​អាត្មា។ តា​លី​បង់ ជួប​ឧបសគ្គ​តិចតួច​បំផុត​ពី​ការប្រឆាំង​របស់ IS-K នៅក្នុង​សង្គ្រាម​ដណ្ដើម​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី អាមេរិក ប្រកាស​ដកទ័ព។

    ក្រុម​ទាហាន​ តាលីបង់ នៅ​ កាប៊ុល កាល​ពី​ថ្ងៃទី 19 សីហា​

    ពេល អាមេរិក បើក​ការវាយប្រហារ​កាន់កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 តា​លី​បង់ មាន​សម្ព័ន្ធមិត្ត​តិចតួច​ណាស់។ តា​លី​បង់ ត្រូវ​លោកខាងលិច​រិះគន់ ព្រោះតែ​ទទួលយក​សមាជិក al-Qaeda ដែល​ធ្លាប់​ត្រូវគេ​ចាត់ទុកជា​ក្រុម​ភេរ​វករ។

    ទំនាក់ទំនង​រវាង តា​លី​បង់ និង al-Qaeda កាលណោះ​ក៏​មិនល្អ​ប៉ុន្មាន​ដែរ។ សមាជិក តា​លី​បង់ ជាច្រើន ខឹង​ខ្លាំង​នៅពេល Osama bin Laden ប្រើប្រាស់ អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មូលដ្ឋាន ចាប់ពី​ចុង​ទសវត្សរ៍ 1990។ ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា និង​យុទ្ធនាការ​សង្គ្រាម​លុកលុយ​របស់ អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើឱ្យ តា​លី​បង់ និង al-Qaeda ត្រូវ​លាក់ខ្លួន។

    ស្ថាបនិក​របស់ តា​លី​បង់ Mullah Omar ទំនងជា​មិនបាន​ដឹង​មុន​អំពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ហើយ​ទំនាក់ទំនង​រវាង​លោក និង លោក bin Laden ក្រោយមក​ក៏មាន​ការ​ប្រេះឆា។ ក្រោយពី អាមេរិក បាន​កម្ចាត់ bin Laden កាលពី​ឆ្នាំ 2011 ឯកសារ​ដែល​ប្រមូលបាន បង្ហាញថា មេដឹកនាំ al-Qaeda កាលណោះ​មាន​ទំនាក់ទំនង​តិចតួច​បំផុត​ជាមួយនឹង​មេដឹកនាំ តា​លី​បង់ Omar។

    «IS មាន​ផែនការ​សកល។ នៅពេល​គ្រប់គ្នា​សួរថា អ្នកណា​ពិតជា​អាច​តំណាងឱ្យ​សាសនា​អ៊ីស្លាម និង​សហគមន៍​អ៊ីស្លាម​ទាំងមូល ពិតណាស់ យើង​នឹង​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ច្រើនជាង» Abu Omar Khorasani អតីត​មេបញ្ជាការ​របស់ IS-K និយាយ​មុនពេល​ត្រូវគេ​សម្លាប់។

    ប្រទេស​មួយចំនួន បានចាប់ផ្ដើម​ចាត់ទុក តា​លី​បង់ ជា​កងកម្លាំង​ដែលមាន​សក្ដានុពល​ក្នុងការ​ទប់ស្កាត់​មហិច្ឆតា​សកល​របស់ IS។ Bruce Hoffman អ្នកជំនាញ​ផ្នែក​សន្តិសុខ​មកពី​សាកល​វិទ្យាល័យ Georgetown និយាយថា៖ «គ្រប់គ្នា​ចាប់ផ្ដើម​និយាយថា តា​លី​បង់ អាចជា​ក្រុម​ដែល​យើង​បញ្ចុះបញ្ចូល​បាន»។

    មូលហេតុ​ទាំងឡាយ​ខាងលើ កំពុង​រុញច្រាន IS-K និង តា​លី​បង់ ឱ្យ​ធ្លាក់​ទៅក្នុង​សង្គ្រាម​យូរអង្វែង​ទៅមុខទៀត…

  • ទាហាន តា​លី​បង់ ជិត 30 នាក់ ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​កា​ប៊ុល! តាលីបង់​ ថា​ «គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​រក្សា​វត្តមាន​ទាហាន​បរទេស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន»

    ទាហាន តា​លី​បង់ ជិត 30 នាក់ ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​កា​ប៊ុល! តាលីបង់​ ថា​ «គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​រក្សា​វត្តមាន​ទាហាន​បរទេស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន»

    មន្ត្រី​ តា​លី​បង់ បានឱ្យដឹងថា ជិត​ពាក់កណ្ដាល​នៃ​អ្នកស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai គឺជា​សមាជិក​របស់​ក្រុម​នេះ។

    «យ៉ាងហោចណាស់ ក៏មាន​សមាជិក​របស់ តា​លី​បង់ ចំនួន 28 នាក់ បាន​ស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល។ យើង​បាត់បង់​មនុស្ស​ច្រើនជាង អាមេរិក» មន្ត្រី តា​លី​បង់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​នៅថ្ងៃនេះ និង​បន្ថែមថា ពុំមាន​ហេតុផល​អ្វីដែល​ត្រូវ​ពន្យារពេល​ចំពោះ​ការរក្សា​វត្តមាន​របស់​កងកម្លាំង​បរទេស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ថ្ងៃទី 31 សីហា។

    Abdul Qahar Balkhi មេដឹកនាំ​ក្រុមប្រឹក្សា​វប្បធម៌​របស់ តា​លី​បង់ បានឱ្យដឹង​កាលពី​ថ្ងៃទី 26 សីហា មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ដែល​បានសម្លាប់​មនុស្ស 70 នាក់ ក្នុងនោះ​មាន 13 នាក់​ជា​ទាហាន អាមេរិក និង​អ្នករងរបួស​ចំនួន 140 នាក់ ថា៖ «យើង​បានទទួល​ព័ត៌មាន​ថា ក្រុម​ជន​ព្រៃផ្សៃ កំពុង​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​សំដៅលើ​ពលរដ្ឋ​សាមញ្ញ។ យើង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រារាំង​ហេតុការណ៍​នេះ»។

    សហរដ្ឋអាមេរិក បាន​ចោទ​ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan (ISIS-K) ដែលជា​សាខា​ប្រកបដោយ​អំពើហិង្សា របស់​ក្រុម រដ្ឋ​អ៊ីស្លាម (IS) ថា ជា​អ្នក​នៅ​ពីក្រោយ​អំពី​ភេរវកម្ម​នេះ។

    ISIS-K បាន​ចេញមុខ​ទទួលខុសត្រូវ និង​អះអាងថា គោលដៅ​របស់​ពួកគេ​គឺ​ទាហាន អាមេរិក និង​សម្ព័ន្ធមិត្ត។ ប្រធានាធិបតី​អាមេរិក លោក Joe Biden ប្រកាសថា នឹង​សងសឹក៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 26​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 411 នាក់​, – ជាសះស្បើយ​ថ្មី​ = 306 នាក់​, – ស្លាប់​ថ្មី​ = 17 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 91,369 នាក់, – ជាសះស្បើយ​សរុប​ = 87,299 នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,858 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 215,495,617​ នាក់, – អ្នកជាសះស្បើយ= 192,683,664 នាក់,​ – អ្នកស្លាប់= 4,488,844 នាក់ និង​កំពុង​ព្យាបាល​ = 18,323,109 នាក់៕

  • Wing ប្រើប្រាស់យន្តហោះដ្រូន ដឹក និងប្រគល់ទំនិញជាមាន់អាំង និងអាហារដទៃរាប់ម៉ឺនឈុត ដល់អតិថិជន

    Wing ប្រើប្រាស់យន្តហោះដ្រូន ដឹក និងប្រគល់ទំនិញជាមាន់អាំង និងអាហារដទៃរាប់ម៉ឺនឈុត ដល់អតិថិជន

    Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) របស់ខ្លួន បាន​ដឹក និង​ប្រគល់​ទំនិញ​ជា​កាហ្វេ​ចំនួន 10,000 កែវ, អាហារសម្រន់ 1,700 ឈុត និង​មាន់​អាំង​ចំនួន 1,200 ឈុត នៅ​ទីក្រុង Logan ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ 2020។

    ក្នុង​ឆ្នាំ 2021 Wing បានប្រគល់​ទំនិញ​ជាង 50,000 លើក នៅក្នុង​ទីក្រុង Logan ប្រទេស អូស្ត្រាលី ក្នុង​ឆ្នាំ 2021 ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន។

    សេវាកម្ម​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ត្រូវបាន Wing ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alphabet ចាប់ផ្ដើម​ដំណើរការ​នៅ អូស្ត្រាលី កាលពី​ឆ្នាំ 2019 បន្ទាប់ពី​ការធ្វើ​តេស្ត​ជាច្រើនលើក រាប់​ចាប់ពី​ឆ្នាំ 2014។ អតិថិជន​អាច​បញ្ជា​ទិញ​ទំនិញ​ដូចជា​អាហារ​ជាដើម តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ និង​ទទួលបាន​ទំនិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ចាប់តាំងពី​បានបង្ហាញ​ខ្លួន សេវា​កម្មនេះ បានប្រគល់​ទំនិញ ជាង 100,000 លើក​រួចមកហើយ។

    Wing ដំបូង​ឡើយ​គឺជា​ផ្នែក​មួយ​ដែល​ជំនាញ​ខាង​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់ Alphabet មុនពេល​វា​ត្រូវបាន​បំបែកចេញ​ដោយឡែក។ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ខាង​អភិវឌ្ឍ​ដ្រូ​ន​ប្រគល់​ទំនិញ និង​ប្រព័ន្ធ​កំណត់​ទិស​របស់​ទំនិញ ទន្ទឹមនឹង​ការស្រាវជ្រាវ​លើ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​គ្មាន​មនុស្ស​បើក (UTM) ដែល​ជួយ​ឱ្យ​ដ្រូ​ន​កំណត់​ទិស​បាន​ដោយ​សុវត្ថិភាព​នៅលើ​ដែនអាកាស។

    Wing សង្ឃឹមថា នឹង​ផ្ដល់​សេវាកម្ម​ប្រគល់​ទំនិញ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ហើយ​អាច​ជំនួស​ការប្រគល់​ទំនិញ​បែប​បុរាណ​ដែល​ត្រូវការ​ទាំង​យានជំនិះ ទាំង​អ្នកបើកបរ។ ក្រុមហ៊ុន Wing បច្ចុប្បន្ន មាន​វត្ត​មាននៅ សហរដ្ឋអាមេរិក, ហ្វាំ​ង​ឡង់ និង អូស្ត្រាលី ក្នុងនោះ Wing កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ជាង 30 នៅក្នុង​ប្រទេស​ទាំងនេះ។

    កាលពី​ឆ្នាំ 2019 Wing បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំបូង​គេ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​នាយកដ្ឋាន​អាកាសចរណ៍​ជាតិ​របស់ សហរដ្ឋអាមេរិក  (FAA)។ ឆ្នាំ​ដដែល​នោះ Wing ក៏បាន​ចាប់ផ្ដើម​ការសាកល្បង​ប្រគល់​ទំនិញ​ជា​អាហារ និង​ភេសជ្ជៈ រួម​នឹង​ថ្នាំពេទ្យ ទន្ទឹមនឹង​ការចាប់​ដៃ​ជាមួយ FedEx ដើម្បី​ប្រគល់​ទំនិញស្រាលៗផងដែរ។

    ការប្រគល់​ទំនិញ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវបាន​ក្រុមហ៊ុនធំៗដូចជា UPS, Uber និង Amazon ជាដើម មានការ​ចាប់អារម្មណ៍​នាពេល​កន្លង។ Amazon បាន​អនុវត្ត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា Prime Air កាលពី​ឆ្នាំ 2016 និង​ទទួលបាន​ការយល់ព្រម​ពី FAA កាលពី​ឆ្នាំ 2020 ដែល​អនុញ្ញាតឱ្យ​ដឹកទំនិញ​ច្រើន​ប្រភេទ​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន៕

  • ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ត្រូវបាន តា​លី​បង់ ព្រមាន​ជាមុន

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ មេដឹកនាំ​ម្នាក់​របស់ តា​លី​បង់ បាន​ព្រមាន​ថា «ជន​ព្រៃផ្សៃ​មួយចំនួន» កំពុង​ត្រៀម​វាយប្រហារ​ភេរវកម្ម តែ​ប៉ុន្មាន​ម៉ោង​ម៉ោង​ប៉ុណ្ណោះ មុននឹង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មនុស្ស 70 នាក់​ស្លាប់​នៅ កា​ប៊ុល ត្រូវបាន​ធ្វើឡើង។

    «យើង​បានទទួល​ព័ត៌មាន​ថា ក្រុម​ជន​ព្រៃផ្សៃ កំពុង​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​សំដៅលើ​ពលរដ្ឋ​សាមញ្ញ។ យើង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រារាំង​ហេតុការណ៍​នេះ» Abdul Qahar Balkhi មេដឹកនាំ​ក្រុមប្រឹក្សា​វប្បធម៌​របស់ តា​លី​បង់ បានឱ្យដឹង​កាលពី​ថ្ងៃទី 26 សីហា មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល។

    Abdul Qahar Balkhi មេដឹកនាំក្រុមប្រឹក្សាវប្បធម៌របស់ តាលីបង់

    ក្រុមមន្ត្រី​របស់ តា​លី​បង់ មិនបាន​បញ្ជាក់​ឱ្យដឹង​ច្បាស់​អំពី​ការគំរាមកំហែង​នេះនោះ​ទេ។

    ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរលើក នៅ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 26 សីហា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង 70 នាក់ ក្នុងនោះ​មាន 13 នាក់​ជា​ទាហាន អាមេរិក ខណៈ​អ្នករងរបួស​បាន​កើន​ដល់ 140 នាក់។

    សហរដ្ឋអាមេរិក បាន​ចោទ​ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan (ISIS-K) ដែលជា​សាខា​ប្រកបដោយ​អំពើហិង្សា របស់​ក្រុម រដ្ឋ​អ៊ីស្លាម (IS) ថា ជា​អ្នក​នៅ​ពីក្រោយ​អំពី​ភេរវកម្ម​នេះ។

    ISIS-K បាន​ចេញមុខ​ទទួលខុសត្រូវ និង​អះអាងថា គោលដៅ​របស់​ពួកគេ​គឺ​ទាហាន អាមេរិក និង​សម្ព័ន្ធមិត្ត។ ប្រធានាធិបតី​អាមេរិក លោក Joe Biden ប្រកាសថា នឹង​សងសឹក។

    ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច​ក្នុងការ​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ព្រលានយន្តហោះ Hamid Karzai តែង​ស្ថិតក្នុង​ភាពវឹកវរ ដោយសារតែ​មនុស្ស​រាប់​ម៉ឺន​នាក់​នាំគ្នា​មកកាន់​ទីនេះ​ដើម្បី​រក​ផ្លូវ​ចាក​ចេញពី​ប្រទេស៕

  • កប៉ាល់​ដឹកទំនិញ​ស្វ័យប្រវត្ត​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដំបូងបង្អស់​ក្នុង​ពិភពលោក

    កប៉ាល់​ដឹកទំនិញ​ស្វ័យប្រវត្ត​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដំបូងបង្អស់​ក្នុង​ពិភពលោក

    ន័​រ​វែ​ស៖ កប៉ាល់ Yara Birkeland ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី អាច​ដឹក​បាន 103 កុងតឺន័រ ជាមួយ​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង និង​មិនចាំបាច់​មាន​ក្រុម​នាវិក​ទៅជា​មួយ។

    ក្រុមហ៊ុន​ផលិត​គីមី Yara International (ន័​រ​វែ​ស) ប្រកាសថា ពួកគេ​ផលិត​បាន​កប៉ាល់​ដឹកទំនិញ​ស្វ័យប្រវត្ត ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដំបូង​គេ​ក្នុង​លោក នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CNN កាលពី​ថ្ងៃទី 25 សីហា។ តាម​ផែនការ កប៉ាល់​ដែលមាន​ឈ្មោះថា Yara Birkeland នេះ នឹងធ្វើ​ដំណើរ​ជា​លើកដំបូង​ពី​ទីរួមស្រុក Heroya ទៅ​ទីរួមស្រុក Brevik នៅ​ចុង​ឆ្នាំនេះ ដោយ​មិនចាំបាច់​មាន​នាវិក។ ជំនួស​មកវិញ វា​នឹង​ត្រូវបាន​តាមដាន​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ចំនួន​បី​ដែល​នៅលើ​ដីគោក។

    Yara Birkeland មិនមែនជា​កប៉ាល់​ដំបូង​គេ​ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​នោះទេ ប៉ុន្តែ តំណែង​នេះ​បាន​ទៅលើ​ស្រឡាង​ស្វ័យប្រវត្ត​មួយគ្រឿង​ដែល​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2018 នៅ ហ្វាំ​ង​ឡង់។ ក៏ប៉ុន្តែ Yara Birkeland គឺជា​កប៉ាល់​ដឹក​កុងតឺន័រ​ដំបូង​គេ​ដែល​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី។ នេះ​បើតាម Yara International។

    «Yara Birkeland ត្រូវបាន​គេ​នឹក​គិតដល់​តាំងពី​ឆ្នាំ 2017 ហើយ​ក្រោយមក វា​ក៏ត្រូវ​បាន​សហការ​សាងសង់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Kongsberg Maritime និង​ក្រុមហ៊ុន​ផលិត​កប៉ាល់ Vard។ កប៉ាល់​នេះ​អាច​ដឹក​បាន 103 កុងតឺន័រ និង​ធ្វើដំណើរ​ក្នុង​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​អាគុយ 7 MWh» នេះ​បើតាម Jon Sletten ប្រធាន​រោងចក្រ​របស់ Yara International នៅ Porsgrunn។ កប៉ាល់​នេះ​នឹង​បញ្ចូល​ថាមពល​នៅឯ​ចំណត់ មុននឹង​ធ្វើដំណើរ​ទៅកាន់​កំពុងផែ​កុងតឺន័រ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ និង​ត្រលប់​មកវិញ។ Yara Birkeland អាចធ្វើ​ការជំនួស​រថ​យន្ត​ដឹកទំនិញ 40,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។

    បច្ចុប្បន្ន ការងារ​លើកដាក់​ទំនិញ​នឹង​ត្រូវការ​មនុស្ស ប៉ុន្តែ Sletten ឱ្យដឹងថា មិនយូរ​ទៀត​ទេ គ្រប់​សកម្មភាព​របស់​កប៉ាល់​នេះ​នឹង​ត្រូវបាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

    សាស្ត្រាចារ្យ Rudy Negenborn មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft (ហូ​ឡង់) ឱ្យដឹងថា អនាគត កប៉ាល់​ស្វ័យប្រវត្ត​ដូចជា Yara Birkeland នឹងត្រូវ​ធ្វើ​អន្ត​រកម្ម​ជាមួយនឹង​កប៉ាល់​ដទៃ​ដើម្បី​គូសវាស​ផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍ ក្នុង​បំណង​​ចៀស​វាង​​បញ្ហា​ស្ទះផ្លូវ។

    បើសិនជា​ពុំមាន​ក្រុម​នាវិក​ត្រួតពិនិត្យ និង​ថែទាំ កប៉ាល់​ដូច Yara Birkeland នឹងត្រូវ​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្វ័យប្រវត្ត ដែល​អាច​រកឃើញ និង​ដោះស្រាយ​បញ្ហា ឬ​រាយការណ៍​ប្រាប់​មនុស្ស​ដើម្បី​ចេញទៅ​ជួយ។ ក្រៅពី​បញ្ហា​បច្ចេកទេស បណ្ដា​បញ្ហា​ផ្លូវច្បាប់​ក៏​នឹង​កើតមានឡើង​នៅពេល​កប៉ាល់​ស្វ័យប្រវត្ត​ធ្វើដំណើរ​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ៕

  • ដុត​សម្លាប់​ខ្លួនឯង ក្រោយ​ចោទ​តំណាងរាស្ត្រ​ថា បាន​រំលោភ​ផ្លូវភេទ

    ដុត​សម្លាប់​ខ្លួនឯង ក្រោយ​ចោទ​តំណាងរាស្ត្រ​ថា បាន​រំលោភ​ផ្លូវភេទ

    ឥណ្ឌា៖ នារី​វ័យ 24 ឆ្នាំ​ម្នាក់ នៅ Uttar Pradesh បាន​ដុត​ខ្លួនឯង ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​ដែល​នាង​បាន​ចោទ​តំណាងរាស្ត្រ​ម្នា​ក់ថា បាន​រំលោភ​លើ​រូបនាង ដោយសារ​យល់ថា ប៉ូលិស និង​ចៅក្រម «សងសឹក» ចំពោះ​នាង។

    នារី​រូបនេះ និង​មិត្ត​ប្រុស​ម្នាក់ កាលពី​ថ្ងៃទី 16 សីហា បាន​ផ្សាយ​ផ្ទាល់​លើ Facebook មុនពេល​ចាក់​សាំង​ដុត​ខ្លួនឯង។ ពួកគេ​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ត្រូវ​រលាកភ្លើង​ធ្ងន់ធ្ងរ។ បុរស​ជា​មិត្ត​ប្រុស​បាន​ស្លាប់​នៅ​ថ្ងៃទី 21 សីហា ចំណែក​នារី​ជា​មិត្តស្រី បាន​ស្លាប់​បី​ថ្ងៃ​ក្រោយមក។

    អ្នក​ទាំងពីរ​ខាងលើ បានធ្វើ​ដំណើរ​ពី​ភាគ​ខាងជើង​នៃ​រដ្ឋ Uttar Pradesh មកកាន់​រដ្ឋធានី នី​វ​ដេលី និង​បាន​ដុត​ខ្លួនឯង​នៅ​ខាងក្រៅ​តុលាការ​កំពូល​ឥណ្ឌា ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន ចំពោះ​ស្ថានភាព​របស់​ពួកគេ។

    នារី​ខាងលើ បាន​ចោទប្រកាន់​តំណាងរាស្ត្រ​ម្នាក់​ឈ្មោះ Atul Rai នៃ​បក្ស Bahujan Samaj (BSP) ថា បាន​ចាប់​នាង​រំលោភ​នៅឯ​ផ្ទះ​របស់​តំណាងរាស្ត្រ​ម្នាក់នេះ ដែល​ស្ថិតក្នុង​ទីក្រុង Varanasi។ នាង​បានដាក់​ពាក្យបណ្ដឹង​កាលពី​ខែឧសភា ឆ្នាំ 2019។

    តំណាងរាស្ត្រ​ឈ្មោះ Rai ដែល​បាន​ច្រានចោល​ការចោទប្រកាន់ ត្រូវបាន​ចាប់ខ្លួន​មួយខែ​ក្រោយមក និង​បាន​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ​រួចមកហើយ។

    កន្លែង​កើត​ហេតុ

    ខែវិច្ឆិកា ឆ្នាំ 2020 បងប្រុស​របស់ Rai បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប៉ូលិស ដោយ​ចោទថា នារី​ខាងលើ​បាន​មួលបង្កាច់ ហើយ​តុលាការ​ក៏​បានចេញ​ដីកាចាប់ខ្លួន​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការធានា​ចំពោះ​នារី​រងគ្រោះ កាលពី​ដើមខែ​នេះ។ នារី​រូបនេះ បាន​បដិសេធ​ការចោទប្រកាន់​ពី​សំណាក់​បងប្រុស​របស់ Rai។

    ក្នុង​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​មុនពេល​ដុត​ខ្លួនឯង នារី​នេះ​បាន​ចោទប្រកាន់​តំណាងរាស្ត្រ Rai ថា បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​សងសឹក​លើ​រូបនាង។ នាង និង​មិត្ត​ប្រុស​បាន​លើកយក​ឈ្មោះ​មន្ត្រីនគរបាល​មួយចំនួន រួមទាំង​ក្រុម​ចៅក្រម​ផងដែរ ដោយបាន​ចោទ​ពួកគេ​ថា បានរួម​គំនិត​ជាមួយ Rai ដើម្បី​ធ្វើបាប​នាង។

    «យើង​បាន​ដើរ​ដល់​ជំហាន​ដែល​ពួកគេ​ចង់បាន។ ពួកគេ​បាន​ប្រឹងប្រែង​អស់​រយៈពេល​មួយឆ្នាំ​កន្លះ ដើម្បី​រុញ​ពួក​ខ្ញុំ​ឱ្យដល់​ដំណាក់កាល​នេះ» នារី​រងគ្រោះ​និយាយ​ដូច្នេះ។

    មិត្ត​របស់​នារី​ខាងលើ​និយាយថា៖ «ក្រុមមន្ត្រី​បាន​បង្ខំ​ឱ្យ​ពួកយើង​ស្លាប់​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ 2020។ យើងខ្ញុំ​ចង់ឱ្យ​មិត្ត​ទាំងអស់ ពលរដ្ឋ​នៅ Uttah និង​នៅ​ទូទាំងប្រទេស ដឹង​អំពី​ហេតុការណ៍​នេះ»។ ជំហាន​ដែល​ពួកយើង​ជិត​ដើរ​ដល់​គឺ​ពិតជា​ឈឺចាប់ និង​គួរឱ្យខ្លាច។ យើង​ក៏មាន​ការភ័យខ្លាច ប៉ុន្តែ​ការភ័យខ្លាច​នេះ​មិនជា​អ្វី​ទាំងអស់»។

    អាជ្ញាធរ​រដ្ឋ Uttar Pradesh បានឱ្យដឹងថា បាន​ផ្អាក​ការងារ​របស់​ប៉ូលិស​ពីរ​នាក់ ហើយ​ថា កំពុង​ស៊ើបអង្កេត​លើ​រឿងក្ដី​នេះ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​យល់ថា ការអនុវត្ត​ច្បាប់​នៅ​ធូររលុង ពិសេស​នៅក្នុង​ករណី​ជនជាប់ចោទ​គឺជា​អ្នកមានអំណាច មាន​លុយ ដែល​នេះ​នាំឱ្យ​ជនរងគ្រោះ​មិនអាច​ទទួលបាន​យុត្តិធម៌៕