Author: សឿន សំណាង

  • ក្រុម​ តា​លី​បង់ នឹង​អនុវត្ត​ឡើងវិញ​នូវ «ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល និង​គប់​ដុំថ្ម​ប្រហារជីវិត»

    ក្រុម​ តា​លី​បង់ នឹង​អនុវត្ត​ឡើងវិញ​នូវ «ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល និង​គប់​ដុំថ្ម​ប្រហារជីវិត»

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ មេដឹកនាំ​ក្រុម តា​លី​បង់ បានឱ្យដឹងថា នឹង​អនុវត្ត​ឡើងវិញ​នូវ​ទណ្ឌកម្ម​ដ៏​សាហាវ ចំពោះ​ទោស​ធ្ងន់ធ្ងរ ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម ក្នុងនោះ​ក៏​រួមមាន​ទាំង​ការ​គប់​ដំ​ថ្ម និង​កាត់​ដៃ​ចោល​ផងដែរ។

    «គោលដៅ​ចម្បង​គឺ​ការបម្រើ​ដល់​សាសនា​អ៊ីស្លាម ដូច្នេះ​ត្រូវតែមាន​ក្រសួង​ផ្សព្វផ្សាយ​សីលធម៌» Mohammad Yousuf កាលពី​ថ្ងៃទី 13 កញ្ញា បាន​បកស្រាយ​អំពី​ការសម្រេច​បង្កើតឡើង​វិញ​នូវ «ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់» របស់ តា​លី​បង់។ «យើង​នឹងដាក់​ទណ្ឌកម្ម​ទៅតាម​វិន័យ​របស់​សាសនា​អ៊ីស្លាម»។

    Yousuf ឱ្យដឹងថា បណ្ដា «ទោសធំៗដែល​បានចែង​នៅក្នុង​សាសនា​អ៊ីស្លាម» រួមមាន ការរួម​ភេទ​ក្រៅ​អាពាហ៍​ពិពាហ៍ អំពើ​មនុស្សឃាត និង​អំពើ​លួច​ប្លន់ នឹងត្រូវ​បានដាក់​ទណ្ឌកម្ម។

    «មាន​គោលការណ៍​ផ្សេងគ្នា​ចំពោះ​ទោស​សម្លាប់​មនុស្ស។ បើសិនជា​អ្នក​បាន​ស្គាល់​មនុស្ស​ម្នាក់ ហើយ​សម្លាប់​មនុស្ស​នេះ​ដោយ​ចេតនា អ្នកនឹង​ទទួលទោស​ប្រហារជីវិត។ បើសិន​គ្មាន​ចេតនា អ្នក​អាច​ទទួល​ទណ្ឌកម្ម​ដូចជា ការបង់ប្រាក់​ជំងឺ​ចិត្ត» Yousuf បន្ថែម​ដូច្នេះ។ «អ្នកណា​ប្រព្រឹត្ត​អំពើ​លួច​ប្លន់​នឹងត្រូវ​កាត់​ដៃ​ចោល។ ជន​ទាំងឡាយណា​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ខុសច្បាប់​នឹងត្រូវ​គប់​នឹង​ដុំថ្ម»។

    តា​លី​បង់ នឹង​អនុវត្ត​វិធី​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​ទៅលើ​ទាំង​ស្ត្រី ទាំង​បុរស ទោះជា​កន្លងមក ក្រុម​នេះ​ធ្លាប់បាន​អនុវត្ត​ទណ្ឌកម្ម​ដោយ​ការ​គប់​នឹង​ដុំថ្ម​ចំពោះតែ​ស្ត្រីភេទ។ Yousuf និយាយថា ត្រូវតែមាន​សាក្សី​ចំនួន 4 នាក់ ហើយ​មនុស្ស​ទាំងនេះ «ត្រូវតែ​រៀបរាប់​ដំណើររឿង​ឱ្យ​ដូចគ្នា» ដើម្បី​ឈានដល់​ការសម្រេច​ដាក់ទណ្ឌកម្ម។

    «តុលាការ​កំពូល​នឹង​កាត់ក្ដី​លើ​ករណី​ទាំងនេះ។ បើសិនជា​តុលាការ​បាន​កាត់ទោស យើង​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម» លោក Yousuf ថ្លែង​ដូច្នេះ។

    Hafiz Habib អនុរដ្ឋមន្ត្រីក្រសួងធម្មយាត្រានិងកិច្ចការសាសនា

    ក្នុងសម័យ តា​លី​បង់ កាន់អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ពី​ឆ្នាំ 1996-2001 ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់ បាន​កៀបសង្កត់​លើ​ស្ត្រីភេទ​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​រួមមាន​ទាំង​ការបង្គាប់​ឱ្យ​ស្ត្រី​ស្លៀកពាក់​ឈុត បឺ​រកា (burqa) ដែល​គ្រប​ពី​ក្បាល​ដល់​ជើង ហើយ​ពេល​ចេញទៅ​ខាងក្រៅ ត្រូវតែមាន​បុរស​ជា​ញាតិ​ដើរ​ជាមួយ ពិសេស​ពួកគេ​មិន​អនុញ្ញាតឱ្យ​ក្មេងស្រី​បន្ត​ការសិក្សា ក្រោយពី​បាន​រៀន​ចប់​ថ្នាក់​ទី 6។

    ក្រសួង​ខាងលើ​របស់ តា​លី​បង់ សម័យ​នោះ​ក៏បាន​កំណត់​ពេលវេលា​ស​ម្រា​ប់​ការថ្វាយ​បង្គំ​ព្រះ ស្នើឱ្យ​បុរស​ទុក​ពុកមាត់ ហាម​ជក់បារី ហាម​ស្ដាប់​តន្ត្រី និង​ការកំសាន្ត​ស្ទើរ​គ្រប់​រូបភាព ក្នុងនោះ​មាន​ទាំង​ការរាំរែក និង​ការ​បង្ហោះ​ខ្លែង​ផងដែរ។ ក្រុម​នគរ​បាល​​សីលធម៌ ដើរល្បាត​តាម​ដងផ្លូវ ហើយ​អ្នក​បាន​បំពាន​វិន័យ​នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ ដូចជា វាយ​នឹង​រំពាត់ កាត់​ដៃ​ចោល គប់​ដុំថ្ម និង​ប្រហារជីវិត​នៅ​ទីសាធារណៈ។

    ក៏ប៉ុន្តែ Yousuf និយាយថា ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់ ក្នុង​សម័យកាល​ថ្មី​នេះ «នឹង​ខុសពី​លើក​មុន» ដោយសារតែ​សម័យ​ឆ្នាំ 1996-2001 ពុំមាន​អ្នកស្រាវជ្រាវ​សាសនា​អ៊ីស្លាម​ច្រើន​សម្រាប់​កំណត់​គោលការណ៍។ Yousuf អះអាងថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​កំណត់​គោលការណ៍​ទាំងអស់ បន្ទាប់ពី តា​លី​បង់ បង្កើត​រដ្ឋាភិបាល​រួចរាល់។

    Hafiz Habib អនុរដ្ឋមន្ត្រី​ក្រសួង​ធម្ម​យាត្រា​និង​កិច្ចការ​សាសនា កាលពី​ថ្ងៃទី 9 កញ្ញា បានឱ្យដឹងថា ទណ្ឌកម្ម​នៅក្នុង​សម័យ​កាន់អំណាច​ថ្មី​របស់ តា​លី​បង់ នឹងត្រូវ​បានសម្រេច​ដោ​យ​ក្រុម​មេធាវី​សាសនា​អ៊ីស្លាម។

    បើទោះជា តា​លី​បង់ ប្រកាសថា ប្រទេស​អ៊ីស្លាម​អេ​មី​រ៉ា​តនៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) នឹង​ប្រកបដោយ «ភាពទូលំទូលាយ និង​ចម្រុះ​វិស័យ» ប៉ុន្តែ ក្រុម​មេដឹកនាំ​បច្ចុប្បន្ន គ្រាន់តែ​ជា​ក្រុមមនុស្ស​ដែល​ដើរ​តាម​លទ្ធិ​ជ្រុលនិយម ពុំមាន​ស្ត្រី ឬ​តំណាង​នៃ​ក្រុម​ជនជាតិភាគតិច។ ក្រសួង​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ហាក់​ត្រូវបាន​គេ​រំលាយចោល​ទាំងស្រុង​ទៅហើយ៕

  • ប្រទេស​ចិន​៖ ​រក​ឃើញ​សាក​សព​កម្មករ​ 19​ នាក់​បន្ថែម​ទៀត​ ក្នុង​ករណី​បាក់​ស្រុត​អណ្ដូងរ៉ែ​ចុង​ក្រោយ​ នៅ​ឯ​​ខ្ពង់​រាប​ទីបេ

    ប្រទេស​ចិន​៖ ​រក​ឃើញ​សាក​សព​កម្មករ​ 19​ នាក់​បន្ថែម​ទៀត​ ក្នុង​ករណី​បាក់​ស្រុត​អណ្ដូងរ៉ែ​ចុង​ក្រោយ​ នៅ​ឯ​​ខ្ពង់​រាប​ទីបេ

    កម្លាំង​សង្គ្រោះ ទើបតែ​បាន​រកឃើញ​សាកសព​កម្មករ​ចំនួន 19 នាក់ ដែល​ជាប់​ក្រោម​ដី​នៅក្នុង​ហេតុការណ៍​បាក់ស្រុត​អណ្ដូងរ៉ែ​កាលពី​មួយខែ​មុន។

    «គិត​មកដល់​ព្រឹក​ថ្ងៃទី 13 កញ្ញា បេសកកម្ម​សង្គ្រោះ​ដំបូង​ត្រូវបាន​ធ្វើឡើង​រួចរាល់។ មនុស្ស​ចំនួន 19 នាក់​ដែល​បាន​ជាប់គាំង សុទ្ធតែ​ត្រូវបាន​រកឃើញ និង​មិនមាន​អ្នកណាម្នាក់​នៅមាន​សញ្ញា​នៃ​ការរស់រាន​នោះទេ» ស្ថានីយទូរទស្សន៍​ជាតិចិន CCTV បាន​ផ្សាយ​ដូច្នេះ។

    មនុស្ស​ជាង 1,000 នាក់ បាន​ចូលរួម​បេសកកម្ម​ជួយសង្គ្រោះ​ដែល​អូសបន្លាយ​ពេល​ជិត 30 ថ្ងៃ នៅក្នុង​ស្ថានភាព​លំបាក ដែលមាន​កម្ពស់​ជាង 3,800 ម៉ែត្រ​ពី​ផ្ទៃ​ទឹកសមុទ្រ។ អណ្ដូង​​រ៉ែ Chaidaer ដែល​បាន​បាក់ស្រុត ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប ឈី​ង​ហៃ (Qinghai)-ទី​បេ ជាទី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «ដំបូលផ្ទះ​របស់​ពិភពលោក» ជាមួយនឹង​ប្រជាជន​រស់នៅ​តិចតួច និង​អាកាសធាតុ​ពិបាក​រស់នៅ។

    ដំបូល​របស់​អណ្ដូងរ៉ែ បាន​បាក់ស្រុតភ្លាមៗកាលពី​ថ្ងៃទី 14 សីហា ក្នុង​គ្រា​ដែលមាន​មនុស្ស​ចំនួន 21 នាក់ កំពុងធ្វើការ​នៅ​ខាងក្នុង។ មនុស្សម្នា​ក់នៅ​មានជីវិត និង​កម្មករ​អណ្ដូងរ៉ែ​ម្នាក់​បាន​ស្លាប់ និង​ត្រូវបាន​នាំ​ឡើងមក​លើដី ក្រោយ​ហេតុការណ៍​កើតឡើង​បាន​ប៉ុន្មាន​ថ្ងៃ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AFP។

    គ្រោះថ្នាក់​នៅ​អណ្ដូងរ៉ែ​ក្នុងប្រទេស​ចិន កើត​ឡើងជា​ញឹកញាប់។ កាលពី​ខែមករា ករណី​ដូចគ្នានេះ​ក៏បាន​កើតឡើង​នៅឯ​ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​ចំនួន 22 នាក់ បាត់បង់​ជីវិត។ ក្រោយ​ការផ្ទុះ​ដែល​ធ្វើឱ្យ​បាក់ស្រុត​ច្រកចេញ-ចូល បុគ្គលិក​របស់​អណ្ដូងរ៉ែ​ក៏ត្រូវ​ជាប់​ក្រោម​ដី​រយៈពេល 2 សប្ដាហ៍។ មនុស្ស 11 នាក់ ត្រូវបាន​សង្គ្រោះ​ទាន់ពេល ខណៈ 10 នាក់​បាន​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន។

    កាលពី​ខែធ្នូ ឆ្នាំ 2020 កម្មករ​អណ្ដូងរ៉ែ​ចំនួន 23 នាក់ បាន​ស្លាប់ បន្ទាប់ពី​បានជា​ប់​ក្រោម​ដី​នៅក្នុង​ទីក្រុង​ឆុង​ឈី​ង (Chongqing) ភាគ​ខាងលិច​ប្រទេស​ចិន។ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ករណី​ពុល​ឧស្ម័ន​នៅក្នុង​ឯ​អណ្ដូងរ៉ែ​មួយ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ជាមួយគ្នា ដែល​បណ្ដាលឱ្យ​កម្មករ 16 នាក់​ត្រូវ​បាត់បង់​ជីវិត៕

  • ចិន​មាន​មហិច្ឆតា​សាងសង់​យានអវកាស «មហា​យក្ស» ​ប្រវែង​មួយ​គីឡូម៉ែត្រ នៅលើ​មេឃ

    ចិន​មាន​មហិច្ឆតា​សាងសង់​យានអវកាស «មហា​យក្ស» ​ប្រវែង​មួយ​គីឡូម៉ែត្រ នៅលើ​មេឃ

    គម្រោង 5 ឆ្នាំ​របស់​ប្រទេស​ចិន គឺ​ការសាងសង់​យានអវកាស​ដែលមាន​បណ្ដោយ​វែង​ជាង 10 ដង ធៀប​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) បច្ចុប្បន្ន។

    មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន (National Natural Science Foundation of China) ថ្មីៗនេះ​បានប្រកាស​គម្រោង 5 ឆ្នាំ ដែល​សាងសង់​សំណង់​ដ៏​មហិមា​នៅ​ទី​អវកាស។ ស្ថាប័ន​នេះ​មាន​គម្រោង​ផលិត​យានអវកាស​ដែលមាន​បណ្ដោយ​រាប់គីឡូម៉ែត្រ​នៅ​ទី​អវកាស នៅពេលដែល​ប្រទេស​នេះ​បាន​បាញ់​បង្ហោះ​វត្ថុ​ធាតុ​សម្រាប់​សាងសង់ឡើង​ទៅកាន់​គន្លង​គោចរ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ចិន​ SCMP។

    គោលដៅ​សិក្សា​ស្រាវជ្រាវ​ដទៃទៀត រួមមាន​ទាំង​ការសាងសង់​មហា​តេ​ឡេ​ស្កុប​អវកាស និង​បណ្ដា​រោងចក្រ​អគ្គិសនី​ប្រភេទ​ម៉ូឌុល ដើម្បី​បង្កើតជា​មហា​រចនាសម្ព័ន្ធ​នៅលើ​គន្លង​គោចរ​របស់​ផែនដី ក៏ត្រូវ​បានលើកឡើង​ផងដែរ។

    វត្ថុ​អវកាស​ធំ​បំផុត​ដែល​ធ្លាប់​ត្រូវបាន​មនុស្សលោក​បង្កើតឡើង នោះ​គឺ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ គម្រោង​របស់​ប្រទេស​ចិន គឺ​សាងសង់​វត្ថុ​អវកាស​ដែល​វែង​ជាង 10 ធៀប​នឹង ISS ដែល​បច្ចុប្បន្ន​មាន​ប្រវែង​ត្រឹមតែ 109 ម៉ែត្រ។

    https://www.youtube.com/watch?v=WItlLmCZWEY

    មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន បានប្រកាស​គម្រោង​នេះ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រទេស​នេះ​យល់ឃើញថា បច្ចេកវិទ្យា​អវកាស រីកចម្រើន​លឿន។ ប្រការនេះ​មានន័យថា ចិន ត្រូវការ​ស្វែងរក​វិធី​ថ្មី​ដើម្បី​ផលិត​យានអវកាស។

    ក្រុមអ្នកវិភាគ​បានលើកឡើង​នូវ​សម្មតិកម្ម​ថា ការសាងសង់​នៅក្នុង​ទី​អវកាស អាច​កែលម្អ​សមត្ថភាព​របស់​យានអវកាស និង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​គ្រប់គ្រង ទើប​ប្រទេស​ចិន មាន​មហិច្ឆតា​នេះ៕

  • BMW ផលិត​រថយន្ត​អគ្គិសនី​ដែល​បាន​កែច្នៃ និង​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន 100%

    BMW ផលិត​រថយន្ត​អគ្គិសនី​ដែល​បាន​កែច្នៃ និង​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន 100%

    ក្រុមហ៊ុន​ផលិត​រថយន្ត BMW ប្រកាស​អំពី​គំរូ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​ឈ្មោះថា i Vision Circular នៅឯ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត Munich 2021។

    នេះ​គឺជា​គំរូ​ម៉ូ​ដែល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន BMW មាន​ឈ្មោះថា i Vision Circular។

    ដោយមាន​រូបរាង​ដូច «គ្រាប់​ស៊ុត» i Vision Circular មើលទៅ​ហាក់​មាន​លក្ខណៈ​ប្រកបដោយ​ភាពជា​ម៉ាស៊ីន​យ៉ាង​រស់​រវើក។ រថយន្ត​នេះ​មាន​បណ្ដោយ​ប្រវែង 4 ម៉ែត្រ, កៅអី​ចំនួន 4 ហើយ​បរិវេណ​ខាងក្នុង​ធំ​ទូលាយ។

    ប៉ុន្តែ រចនា​រូបរាង​មិនមែនជា​ប្រការ​ដ៏​អស្ចារ្យ​បំផុត​នៃ​រថយន្ត​នេះ​ទេ។ ជំនួស​មកវិញ វា​គឺជា​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​របស់ i Vision Cicular។

    Momagoj Dukec ដែលជា​អ្នក​រចនា​ម៉ូដ​រថយន្ត​របស់​ក្រុមហ៊ុន BMW បានឱ្យដឹងថា «យើង​មាន​ចក្ខុវិស័យ​ក្នុងការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​ស្រាប់។ ប្រការនេះ​មានន័យថា គ្រប់យ៉ាង​ដែល​ត្រូវបាន​ប្រើប្រាស់​នៅទីនេះ នៅលើ​រថយន្ត​នេះ សុទ្ធតែជា​វត្ថុ​ធាតុ​ដែល​ឆ្លងកាត់​ការប្រើប្រាស់​រួចហើយ។

    ក៏ប៉ុន្តែ មិនមែន​មានតែ​ប៉ុណ្ណឹង​នោះទេ រថយន្ត​នេះ​នៅ​ត្រូវបាន​រចនា​ឡើង អាចឱ្យ​ដោះចេញ និង​ប្រើប្រាស់​ឡើងវិញ។ ដូច្នេះ យើង​អាច​ប្រើប្រាស់​វត្ថុ​ធាតុ​ទាំងអស់​របស់​រថយន្ត​នេះ​ដើម្បី​ផលិត​ជា​រថយន្ត​ថ្មី។

    និយាយ​រួម i Vision Circular ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុ​ដែល​គេ​ប្រើ​រួចហើយ​ផង និង​មានលទ្ធភាព​ឱ្យគេ​ច្នៃ​ប្រើ​ឡើងវិញ 100% បាន​ទៀតផង។ នោះ​គឺជា​និយមន័យ​ថ្មី​ដែល​អាច​ប្ដូរផ្លាស់​ទាំងស្រុង​នូវ​វិធី​ដែល​យើង​ផលិត​រថយន្ត​នាពេល​អនាគត។

    ក្រុមហ៊ុនផលិត​រថយន្ត​ទំនើប​ BMW មាន​គោលដៅ​ដាក់លក់​រថយន្ត i Vision Circular នៅ​ក្នុង​ទីផ្សារ​ ចាប់​ពី​​​ឆ្នាំ 2040៕

  • ប្រទេស​ណា ដែល​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង COVID-19 ច្រើនជាងគេ​ក្នុង​ពិភពលោក?

    ប្រទេស​ណា ដែល​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង COVID-19 ច្រើនជាងគេ​ក្នុង​ពិភពលោក?

    សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ពោលគឺ​ច្រើនជាង​មហា​យក្ស​ចិន ជប៉ុន អង់គ្លេស ទៅទៀត នេះ​បើតាម​ទិន្នន័យ​របស់ UNICEF។

    ទិន្នន័យ​ដែល​ត្រូវបាន​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) បង្ហាញថា គិត​មកដល់​ថ្ងៃទី 9 កញ្ញា ឆ្នាំ 2021 សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​វ៉ាក់សាំង COVID-19 ជាង 114 លាន​ដូ​ស ទៅឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រមាណ 80 នៅ​ទ្វីបអាស៊ី អាហ្វ្រិក និង អាម៉េរិក​ឡាទីន។ តួលេខ​នេះ​ច្រើនជាង 3 ដង ធៀប​នឹង 34 លាន​ដូ​ស ដែល ចិន បានផ្ដល់​ជំនួយ​ដល់​ពិភពលោក។

    UNICEF គឺជា​អង្គ​ការដែល​ទទួលបន្ទុក​ការពារ និង​អភិវឌ្ឍ​កុមារ ទន្ទឹមនឹងនេះ UNICEF ក៏​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ក្នុងការ​បែងចែក​វ៉ាក់សាំង COVID-19 នៃ​យន្តការ COVAX ដើម្បី​រំលែក​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។ ទិន្នន័យ​នេះ​ត្រូវបាន UNICEF បូកសរុប​ពី​ព័ត៌មាន​ជា​សាធារណៈ អាច​មិន​បង្ហាញ​បាន​ទាំងស្រុង​នូវ​កម្រិត​នៃ​ការចូលរួម​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក។

    ប្រទេស​ចិន គឺជា​អ្នកផ្ដល់ជំនួយ​វ៉ាក់សាំង COVID-19 ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ខណៈដែល ជប៉ុន ឈរ​លំដាប់​ទី​បី ដោយបាន​ផ្ដល់ជំនួយ​ប្រមាណ 23.3 លាន​ដូ​ស នេះ​បើតាម​ទិន្នន័យ​របស់ UNICEF។

    បណ្ដា​ប្រ​ទស​នៅ​អាស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ច្រើនជាងគេ ក្នុងនោះ ប្រទេស​បង់​ក្លា​ដែ​ស, ហ្វីលីពីន, ឥណ្ឌូនេស៊ី និង​ប៉ា​គី​ស្ថាន សុទ្ធតែ​ទទួលបាន​ជាង 10 លាន​ដូ​ស​ដូចគ្នា។

    វ៉ាក់សាំង​ជាង 207 លាន​ដូ​ស ត្រូវបាន​ផ្ដល់​ជា​ជំនួយ​តាមរយៈ​ទ្វេភាគី ឬ​តាម​យន្តការ COVAX ទាប​ជាង​ច្រើន​ធៀប​នឹង​ការស្នើ​របស់​គណៈកម្មកា​រ​ឯករាជ្យ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ នៅក្នុង​របាយការណ៍​ថ្មី​បំផុត​កាលពី​ខែឧសភា គណៈកម្មការ​នេះ​បានស្នើ​ឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ បែងចែក​វ៉ាក់សាំង​យ៉ាងតិច 1 ពាន់​លាន​ដូ​ស ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម នៅមុន​ថ្ងៃទី 1 កញ្ញា និង 1 ពាន់​លាន​ដូ​ស​ផ្សេងទៀត នៅ​ពាក់កណ្ដាល​ឆ្នាំ 2022។

    កម្ពុជា​ ក៏ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ COVID-19 ដល់​កម្ពុជា​ តាម​រយៈ​យន្តការ​ COVAX

    ការស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុន Airfinity បង្ហាញថា បណ្ដា​ប្រទេស​អ្នកមាន ទិញ​វ៉ាក់សាំង​ច្រើនជាង​តម្រូវការ​ចាំបាច់។ ក្រុមហ៊ុន​នេះ បាន​ព្យាករ​ថា សហរដ្ឋ​អាម៉េរិក, សហភាព​អឺរ៉ុប (EU), អង់គ្លេស, កាណាដា និង ជប៉ុន នឹង​សល់​វ៉ាក់សាំង​ជាង 1.2 ពាន់​លាន​ដូ​ស​នៅក្នុង​ឆ្នាំ 2021 ក្រោយពី​បាន​ចាក់ឱ្យ​ពលរដ្ឋ​រួចរាល់ និង​ចាក់​ដូ​ស​ជំរុញ។

    WHO ដាក់​ផែន​ការជួយ​ឱ្យ​គ្រប់​ប្រទេស ចាក់​វ៉ាក់សាំង COVID-19 ដល់​ពលរដ្ឋ​យ៉ាងតិច 10% ក្នុងចំណោម​ពលរដ្ឋ​ទាំងអស់​របស់​ពួកគេ​នៅ​ចុងខែ​នេះ មុនពេល​ដំឡើង​តួលេខ​នេះ​ឱ្យដល់​យ៉ាង​ទាប ត្រឹម 40% នៅ​ចុង​ឆ្នាំនេះ និង 70% នៅ​ពាក់កណ្ដាល​ឆ្នាំ 2022។

    ទិន្នន័យ​បានបង្ហាញ​ថា តំបន់​អាហ្វ្រិក បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ 5.5% នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ទ្វីប​នេះ ហើយ​នេះ​គឺជា​កម្រិត​ទាប​បំផុត​នៅក្នុង​ពិភពលោក។

    ក្រុម​អ្នកជំនាញ រួមមាន​ទាំង​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​ដ៏​ល្បីឈ្មោះ Larry Brilliant បាន​និយាយថា ត្រូវ​ការចាក់​វ៉ាក់សាំង COVID-19 ឱ្យបាន​ទូលំទូលាយ​ជាង​នេះ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី និង​បញ្ចប់​ការ​រាតត្បាត​របស់​វីរុស COVID-19 នៅ​ទូទាំង​សកលលោក។

    ក្រៅពី​ការព្រួយបារម្ភ​អំពី​សុខភាព ការយឺតយ៉ាវ​ក្នុងការ​ចាក់​វ៉ាក់សាំង​ក៏​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ត្រូវ​ខាតបង់ 2,300,000,000,000 (2.3 សែន​កោដិ ឬ 2.3 ទ្រី​លាន) ដុល្លារ​អាម៉េរិក ចាប់ពី​ឆ្នាំ 2022 ដល់​ឆ្នាំ 2025។ នេះ​បើតាម​ការ​គណនា​របស់​ក្រុមហ៊ុន Economist Intelligence Unit។ ក្រុមហ៊ុន​នេះ​យល់ថា បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទើបតែ​លូតលាស់​នឹងរង​ផលប៉ះពាល់​ប្រមាណ 2/3 នៃ​ខ្ទង់​ខាតបង់​សរុប៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 12 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 629 នាក់

    – ជាសះស្បើយ​ថ្មី = 422 នាក់

    – ស្លាប់​ថ្មី = 9 នាក់។

    • ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 629 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 516 នាក់

    – អ្នកដំណើរពីបរទេស 113នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=100,133 នាក់

    – អ្នកជាសះស្បើយ=94,326 នាក់

    – អ្នកស្លាប់= 2,049 នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 225,479,436 នាក់

    – អ្នកជា​សះស្បើយ = 202,068,229 នាក់

    – អ្នកស្លាប់ = 4,644,176 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,767,031 នាក់៕

  • អ៊ីស្រាអែល៖ រ៉ុក្កែត​ច្រើន​គ្រាប់ ផ្ទុះ​ដូច​គេ​បាញ់​កាំជ្រួច​អបអរ នៅលើ​ដែនអាកាស​របស់ អ៊ីស្រាអែល

    អ៊ីស្រាអែល៖ រ៉ុក្កែត​ច្រើន​គ្រាប់ ផ្ទុះ​ដូច​គេ​បាញ់​កាំជ្រួច​អបអរ នៅលើ​ដែនអាកាស​របស់ អ៊ីស្រាអែល

    រ៉ុក្កែត​ចំនួន​ពីរ​គ្រាប់​ដែល​បាញ់​ចេញពី​តំបន់ ហ្គា​ហ្សា សំដៅ​ទឹកដី អ៊ីស្រាអែល សុទ្ធតែ​ត្រូវបាន​ប្រព័ន្ធ​ខែល​ការពារ IRON DOME ស្ទាក់​ចាប់បាន និង​ផ្ទុះ​នៅលើ​ផ្ទៃ​អាកាស។

    កងកម្លាំង​ការពារជាតិ អ៊ីស្រាអែល (IDF) បានឱ្យដឹងថា កងជីវពល ប៉ា​លេ​ស្ទី​ន កាលពី​យប់​ថ្ងៃទី 12 កញ្ញា បាន​បាញ់​រ៉ុក្កែត​ចំនួន 1 គ្រាប់ មកលើ​ទឹកដី អ៊ីស្រាអែល ដែល​នេះ​គឺជា​យប់​ទី​បី​បន្តបន្ទាប់​គ្នា​ហើយ​ដែល​កងជីវពល​ប៉ា​លេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​ចូល​ប្រទេស​នេះ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក្នុង​គ្រា​ដែល​យន្តហោះ​ចម្បាំង​របស់ IDF វាយប្រហារ​សងសឹក​ទៅលើ​តំបន់ ហ្គា​ហ្សា គ្រាប់​រ៉ុក្កែត​ទី​ពីរ​របស់​កងជីវពល​ប៉ា​លេ​ស្ទី​ន ក៏បាន​សំដៅ​មកកាន់ អ៊ីស្រាអែល។

    រ៉ុក្កែត​ទាំងពីរ​គ្រាប់​របស់​កងជីវពល ប៉ា​លេ​ស្ទី​ន សុទ្ធតែ​ត្រូវបាន​បាញ់​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស IRON DOME របស់ អ៊ីស្រាអែល។ រូប​ដែល​គេ​ថត​បាន បង្ហាញថា គ្រាប់​រ៉ុក្កែត​ដែល​ត្រូវបាន​បាញ់​ស្ទាក់ ផ្ទុះ​ដូច​ទៅនឹង​កាំ​ជ្រួល​ដែល​គេ​បាញ់​សម្រាប់​អបអរ នៅលើ​ដែនអាកាស អ៊ីស្រាអែល។

    ក្នុងការ​វាយប្រហារ​ស​ង​សឹក ទ័ពអាកាស​របស់ អ៊ីស្រាអែល បាន​បាញ់​ចំ​គោលដៅ​ចំនួន 4 ដែលជា​មូលដ្ឋាន​ហ្វឹកហ្វឺន​ទាហាន​របស់​ក្រុម ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា រួម​នឹង​រោងចក្រ​ផលិត​អាវុធ​មួយកន្លែង និង​ច្រកចូល​ផ្លូវ​រូង​ក្រោម​ដី​មួយកន្លែង​ផងដែរ។

    ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការរង​ការវាយប្រហារ​ពី​រ៉ុក្កែត បាន​លាន់​កងរំពង​នៅក្នុង​ទីក្រុង Sderot និង​តំបន់​ប្រជុំជន​របស់ អ៊ីស្រាអែល ដែល​ស្ថិត​នៅក្បែរ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវរ​ត់ទៅ​លាក់ខ្លួន។ បុគ្គលិក​សុខាភិបាល​របស់ អ៊ីស្រាអែល ឱ្យដឹងថា មនុស្ស 3 នាក់​បាន​រងរបួស​ស្រាល នៅពេល​ស្វែងរក​កន្លែង​ជ្រក។

    អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​តំបន់ Shaar Hanegev ឱ្យដឹងថា តំបន់​នេះ​ពុំមាន​អ្នកស្លាប់ អ្នករងរបួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វីដែល​បង្កឡើង​ដោយ​គ្រាប់​រ៉ុក្កែត​នោះទេ។ មកដល់ពេលនេះ ក៏​ពុំទាន់​មាន​ក្រុម​ណាមួយ​នៃ​ចលនា​ប៉ា​លេ​ស្ទី​ន បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​ខាងលើនេះ​នៅឡើយ។

    ភាព​តានតឹង​រវាង អ៊ីស្រាអែល និង​កងជីវពល ប៉ា​លេ​ស្ទី​ន បាន​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី​អ្នកទោស​ជនជាតិ​ប៉ា​លេ​ស្ទី​ន 6 នាក់ ដែល​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជី​ហាត​ប៉ា​លេ​ស្ទី​ន (PIJ) បាន​ជីក​រូង​រត់​ចេញពី​ពន្ធនាគារ Gilboa។ អ៊ីស្រាអែល ក្រោយមក​ក៏​ចាប់បាន​អ្នកទោស 4 នាក់​ក្នុងចំណោម 6 នាក់​ដែល​បាន «ហែក​គុក» ខណៈ PIJ ព្រមាន​ថា នឹង​សងសឹក បើសិន អ៊ីស្រាអែល ធ្វើបាប​អ្នកទោស​ទាំងនោះ។

    មូលហេតុ​ដែលនាំឱ្យ​ភាព​តឹ​ន​តឹង​រវាង​ភាគី​ទាំងពីរ​កើនឡើង​ខ្លាំង ក៏​បណ្ដាលមកពី​កិច្ចព្រមព្រៀង​ផ្ទេរ​សាច់ប្រាក់​សុទ្ធ​របស់​ប្រទេស​កាតា មកកាន់​តំបន់ ហ្គា​ហ្សា ឱ្យ​ក្រុម ហា​ម៉ាស បាន «ដួលរលំ»។ ហា​ម៉ាស គ្រោង​នឹង​ប្រើប្រាស់​សាច់ប្រាក់​នេះ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​មន្ត្រី​របស់ខ្លួន ប៉ុន្តែ អាជ្ញាធរ​របស់​នាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល Naftali Bennett ឱ្យដឹងថា ពួកគេ​មិនមាន​បំណង​អនុញ្ញាតឱ្យ កាតា បញ្ជូន​ប្រាក់​ទៅឱ្យ ហា​ម៉ាស ដោយផ្ទាល់​នោះទេ៕

  • អាហ្វ្រិក​ខាងត្បូង ប្រកាស​គម្រោង​ប្រើ​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 ខណៈ​អង់គ្លេស លុបចោល​គម្រោង​ដូចគ្នានេះ

    អាហ្វ្រិក​ខាងត្បូង ប្រកាស​គម្រោង​ប្រើ​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 ខណៈ​អង់គ្លេស លុបចោល​គម្រោង​ដូចគ្នានេះ

    ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Ramaphosa បានប្រកាស​គម្រោង​ប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ចាប់ពី​សប្ដាហ៍​នេះ ក្នុង​គ្រា​ដែល​ប្រទេស​អង់គ្លេស បានប្រកាសថា នឹង​លុបចោល​គម្រោង​ស្នើឱ្យ​ពលរដ្ឋ​បង្ហាញ​ប័ណ្ណ​បៃតង​វ៉ាក់សាំង នៅពេល​ចូលទៅ​កាន់​ទីកន្លែង​មាន​មនុស្ស​ច្រើន។

    ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa បានប្រកាស​ដូចខាងលើ​កាលពី​ថ្ងៃទី 12 កញ្ញា។ អាជ្ញាធរ អាហ្វ្រិក​ខាងត្បូង នឹង​ប្រកាស​លម្អិត​អំពី​ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នាពេលខាងមុខ ប៉ុន្តែ ប្រភពព័ត៌មាន​ឱ្យដឹងថា ប័ណ្ណ​នេះ ក្រៅពី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​រួចរាល់ វា​ក៏​នឹងត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ និង​ព្រឹត្តិការណ៍ផ្សេងៗផងដែរ។

    លោក Ramaphosa បន្ថែមថា «តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​ដែល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​កន្លងទៅនេះ» នឹង​អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង អាច​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​នានា​ចាប់ពី​ថ្ងៃទី 13 កញ្ញា 2021។

    ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa

    ប្រទេស​អាហ្វ្រិក​ខាងត្បូង គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 2.8 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជិត 85,000 នាក់។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង 7 លាន​នាក់​រួចហើយ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 58.5 លាន​នាក់។ ¼ នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស។

    ដោយឡែក រដ្ឋាភិបាល​អង់គ្លេស មុន​នោះបាន​ឱ្យដឹងថា កម្មវិធី​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ចុងខែ​កញ្ញា​នេះ បើទោះជា​មានការ​ជំទាស់​ពី​ក្រុមហ៊ុន និង​តំណាងរាស្ត្រ​មួយចំនួន។

    យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស Sajid Javid បានប្រកាស​លុបចោល​គ​ម្រោ​ង​ខាងលើ ដោយ​និយាយថា រដ្ឋាភិបាល​មិនបាន​ចាត់ទុកថា ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង​ជា​រឿង​ចាំបាច់​នៅក្នុង​ស្ថានភាព​វិបត្តិ​សុខភាព​បច្ចុប្បន្ន​នៅ អង់គ្លេស ខណៈ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បាន​កើនឡើង​ខ្ពស់។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid

    អង់គ្លេស បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​ពលរដ្ឋ​ជាង 80% ក្នុងចំណោម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។ រដ្ឋមន្ត្រី​អង់គ្លេស​ខាងលើ​បន្ថែមថា គំនិត​ស្ដីអំពី​ការតម្រូវ​ឱ្យ​បង្ហាញ​ក្រដាស់​ស្នាម​នៅ​ទីតាំង​កំសាន្ត ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ថា មាន​ភាព​តានតឹង​ក្នុង​ចិត្ត ហើយ​មនុស្ស​មួយចំនួន​បាន​ជំទាស់ និង​បាន​ហៅ​ការស្នើ​នេះ​ថា​ជា​រឿង​រំលោភសិទ្ធិ​សេរីភាព។

    បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 7.2 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជាង 134,200 នាក់៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 10 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 658 នាក់

    – ជាសះស្បើយ​ថ្មី = 499 នាក់

    – ស្លាប់​ថ្មី = 9 នាក់។

    • ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 658 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ = 498 នាក់

    – អ្នកដំណើរពីបរទេស = 160 នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប​ = 98,842 នាក់

    – អ្នកជាសះស្បើយសរុប ​= 93,411 នាក់

    – អ្នកស្លាប់សរុប = 2,028 នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 224,668,798 នាក់

    – អ្នកជា​សះស្បើយ = 201,214,956 នាក់

    – អ្នកស្លាប់ = 4,631,141 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,822,701 នាក់៕

  • តា​លី​បង់ លើក​មូល​ហេតុដែល​ស្ត្រី​មិនអាច​ចូលរួម​ក្នុង​រដ្ឋាភិបាល​អន្តរកាល នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    តា​លី​បង់ លើក​មូល​ហេតុដែល​ស្ត្រី​មិនអាច​ចូលរួម​ក្នុង​រដ្ឋាភិបាល​អន្តរកាល នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    អ្នកនាំពាក្យ​របស់ តា​លី​បង់ យល់ថា ស្ត្រី​មិនមាន​សមត្ថភាព​ធ្វើ​កិច្ចការ​របស់​រដ្ឋាភិបាល ក្នុងពេល​លោក​បកស្រាយ​អំពី​អាជ្ញាធរ​ថ្មី​ដែលមាន​សុទ្ធតែ​បុរស។

    «ស្ត្រី​ម្នាក់​មិនអាច​ធ្វើជា​រដ្ឋមន្ត្រី​នោះឡើយ ព្រោះថា វា​ដូចជា​អ្នក​ដាក់​ការទទួលខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​រែកពុន​រួច ទៅលើ​ស្មា​របស់​នាង» អ្នកនាំពាក្យ​របស់ តា​លី​បង់ Sayed Zekrullah Hashimi ឆ្លើយតប​នឹង​សំនួរ​របស់​សារព័ត៌មាន Tolo News កាលពី​ថ្ងៃទី 9 កញ្ញា ដែល​និយាយ​អំពី​មូល​ហេតុដែល​ស្ត្រី​មិនបាន​ចូលរួម​រដ្ឋាភិបាល​អន្ត​រកា​ល។

    ស្ត្រី​ អាហ្វហ្គានីស្ថាន ចូល​រួម​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នៅ​ឯ​សាល​ Loya Jirga ក្នុង​រដ្ឋធានី​កាប៊ុល​ កាល​ពី​ឆ្នាំ​ 2020

    «មិនចាំបាច់​មាន​ស្ត្រី​នៅក្នុង​គណៈរដ្ឋមន្ត្រី​នោះទេ ពួកគេ​គួរ​នៅផ្ទះ​បង្កើតកូន ហើយ​ក្រុម​ស្ត្រី​ដែល​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ឡើយ» អ្នកនាំពាក្យ​ខាងលើ​អះអាង​ដូច្នេះ ដែល​ទំនងជា តា​លី​បង់ មិន​ចាត់ទុក​ស្ត្រី​ជា​ផ្នែក​មួយ​នៃ​សង្គម។

    «ស្ត្រី 4 នាក់​ដែល​ធ្វើបាតុកម្ម​នៅលើ​ដងផ្លូវ មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់។ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​អ្នកបង្កើត​កូនចៅ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អប់រំ​ពួកគេ​អំពី​គោលការណ៍​របស់​សាសនា​អ៊ី​ស្ថា​ម» លោក Hashimi បញ្ជាក់។

    ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប ដែល​គាំទ្រ​ដោយ​ អាមេរិក (រូបថត​កាល​ពី​ដើម​ឆ្នាំ​ 2021)

    តា​លី​បង់ កាលពី​ថ្ងៃទី 7 កញ្ញា បានប្រកាស​សមាសភាព​នៃ​រដ្ឋាភិបាល​ថ្មី ដែលមាន​លោក Mullah Mohammad Hasan Akhund ជា​នាយករដ្ឋមន្ត្រី។ តំណែង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេះ ក៏​សុទ្ធតែជា​ក្រុម​មេដឹកនាំ​យូរ​ឆ្នាំ​របស់ តា​លី​បង់។

    ខុសពី​រដ្ឋាភិបាល​ចាស់​ដែល​គាំទ្រ​ដោយ សហរដ្ឋអាមេរិក រដ្ឋាភិបាល​អន្តរកាល​របស់ តា​លី​បង់ មិនទាន់មាន​មន្ត្រី​ជា​ស្ត្រីភេទ​នៅឡើយ ធ្វើឱ្យ​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន មួយក្រុម បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​កាលពី​ដើមខែ ដោយសារតែ​ការព្រួយបារម្ភ​ថា ស្ត្រី​នឹងមិន​មាន​សំឡេង​នៅក្នុង​រដ្ឋាភិបាល​ថ្មី។

    ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប តាលីបង់ (រូបថតកាលពីដើមខែកញ្ញា ឆ្នាំ 2021)

    ក្រោយពី​ដណ្ដើមបាន​អំណាច​គ្រប់គ្រង​ប្រទេស តា​លី​បង់ បាន​សន្យាថា កសាង​រដ្ឋាភិបាល​មួយ​ដែល​ប្រកបដោយ​សន្តិភាព​និយម​ជាង​រដ្ឋាភិបាល​កាលពី 20 ឆ្នាំមុន ពិសេស​គឺ​ធានា​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​សាសនា​អ៊ីស្លាម។ ប៉ុន្តែ មនុស្ស​ជាច្រើន​មិនបាន​ទុកចិត្ត​លើ​ការសន្យា​របស់ តា​លី​បង់ និង​មានបំណង​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ព្រោះ​ខ្លាច តា​លី​បង់ អនុវត្ត​ច្បាប់​សាសនា​ដ៏​មហា​រឹង​រ៉ឹង៕