Author: សឿន សំណាង

  • លោកស្រី Merkel អបអរ​មេដឹកនាំ​បក្សប្រឆាំង ដែល​បាន​ជាប់ឆ្នោត

    លោកស្រី Merkel អបអរ​មេដឹកនាំ​បក្សប្រឆាំង ដែល​បាន​ជាប់ឆ្នោត

    (អាល្លឺម៉ង់)-នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អាល្លឺម៉ង់ លោកស្រី Angela Merkel ផ្ញើ​សារ​អបអរសាទរ​ដល់​ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (Social Democratic Party of Germany/SPD) លោក Olaf Scholz បន្ទាប់ពី​ដណ្ដើមបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី 27 កញ្ញា​កន្លងទៅ ដែល​ព័ត៌មាន​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 29 កញ្ញា ដោយ​ការិយាល័យ​រដ្ឋាភិបាល​អាល្លឺម៉ង់។

    Armin Laschet ជា​ប្រធាន និង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៃ​បក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ត​សាសនិក​នៃ​អាល្លឺម៉ង់ (Christian Democratic Union of Germany) ដែលជា​បក្ស​របស់លោក​ស្រី Merkel បាន​ផ្ញើ​សារ​អបអរ​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​របស់ SPD ផងដែរ។

    ក្រៅពីនេះ ក៏​នៅមាន​អ្នកនយោបាយសំខាន់ៗជាច្រើន​ផ្សេងទៀត ដែល​បាន​អបអរសាទរ​ដល់​លោក Scholz ក្នុងនោះ​ក៏មាន​លោក Markus Soder ប្រធាន​បក្ស Christian Social Union នៃ​រដ្ឋ Bavaria ដែល​នេះ បានបង្ហាញ​អំពី​ការបែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​រវាង​បណ្ដា​សម្ព័ន្ធមិត្ត​របស់ Laschet។

    យោងតាម​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​បឋម​កាលពី​ថ្ងៃទី 27 កញ្ញា បក្ស SPD ដណ្ដើមបាន​ជ័យជំនះ ដោយមាន​សំឡេងគាំទ្រ 25.7% ខ្ពស់ជាង CDU ដែលមាន 24.1%។ លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ផ្លូវការ តាម​គម្រោង នឹងត្រូវ​បានប្រកាស​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    ដោយសារតែ​មិន​ទទួលបាន​សំឡេងគាំទ្រ​លើសពី 50% បក្ស SPD របស់លោក Scholz នឹងត្រូវ​ចាប់ផ្ដើម​ចរចា​បង្កើត​សម្ព័ន្ធមិត្ត​ជាមួយ​បក្ស​ផ្សេង ដើម្បី​អាចបង្កើត​រដ្ឋាភិបាល​ថ្មី។ ចំណែក​បក្ស CDU របស់លោក Laschet ក៏​មិនទាន់​ចុះចាញ់​ដែរ ដោយ​បញ្ជាក់ថា​នឹង​ប្រឹងប្រែង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី ជាមួយនឹង​បក្ស​ប្រជាធិបតេយ្យ​សេរី (FDP) និង បក្ស​បៃតង Alliance 90/The Greens ដើម្បី​បង្កើត​រដ្ឋាភិបាល។ បក្ស​បៃតង ឈរ​លំដាប់​ទី​បី​នៅក្នុង​ការបោះឆ្នោតជាតិ ដោយ​ទទួលបាន​សំឡេងគាំទ្រ 14.8%។

    លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​គឺជា​ការខកចិត្ត​ដ៏​ធំ​របស់​លោកស្រី Merkel ដែល​លោកស្រី​ធ្លាប់បាន​ដឹកនាំ ប្រទេស​អាល្លឺម៉ង់ ឆ្លង​ផុត​វិបត្តិ​ហិរញ្ញវត្ថុ​សកល, វិបត្តិ​បំណុល​សាធារណៈ, វិបត្តិ​ជន​ចំណាកស្រុក និង​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ក្នុង​រយៈពេល 16 ឆ្នាំ នៃ​ការ​កាន់អំណាច​របស់ខ្លួន។

    លោកស្រី Markel ថ្មីៗនេះ បាន​ប្រឈម​នឹង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​បញ្ហា «ខ្វះ​ការគិតគូរ» ក្នុងការ​ប្រឈមមុខ​ដា​ក់ រុស្ស៊ី, ចិន និង​បញ្ហា​លទ្ធិ​ជាតិនិយម ដែល​បាន​កើនឡើង​នៅ ប្រទេស​អាល្លឺម៉ង់៕

  • អាថ៌កំបាំង​​ខ្លះៗ ជួយ​ឱ្យ «ប្រាក់​បង្កើត​ប្រាក់​» របស់​ត្រកូល​​មួយ​ដែល​រក​បាន​ 2.6​ លាន​ដុល្លារ​/​ម៉ោង​

    អាថ៌កំបាំង​​ខ្លះៗ ជួយ​ឱ្យ «ប្រាក់​បង្កើត​ប្រាក់​» របស់​ត្រកូល​​មួយ​ដែល​រក​បាន​ 2.6​ លាន​ដុល្លារ​/​ម៉ោង​

    ខ្ទង់​វិនិយោគ​នានា​របស់​ត្រកូល​ Walton កំពុង​តែ​ត្រូវ​បាន​បង្ហើប​​បន្តិច​ម្ដងៗ​ ​ឱ្យ​ដឹង​ថា នៅ​ចុង​ខែ​មីថុនា​ ពួក​គេ​កំពុង​កាន់​កាប់ភាគ​ហ៊ុន​ដែល​មាន​តម្លៃ​​ប្រាក់​ជិត​ 5 ពាន់​លាន​ដុល្លារ​​ផ្សេង​ទៀត​ តាម​រយៈ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​មួយ​ដែល​មិន​មាន​ឈ្មោះ​ល្បី​។​

    យោង​តាម​ឯកសារ​របស់ WIT LLC (Walton Investment Team) ជា​​ក្រុម​ហ៊ុន​វិនិយោគ​​នៃ​​ត្រកូល​ Walton ដែល​ត្រូវ​បាន​ដាក់​ទៅ​កាន់​គណៈកម្មការ​មូលបត្រ​របស់​ សហរដ្ឋ​អាម៉េរិក​ (SEC) កាល​ពី​ចុង​ខែ​ធ្នូ ខ្ទង់​វិនិយោគ​របស់​ត្រកូល​នេះ​ មាន​តម្លៃ​ 3.8​ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​ 2021 តួលេខ​នេះ​បាន​កើន​ឡើង​ ហើយ​ភាគ​ច្រើន​ត្រូវ​បានវិនិយោគ​ទៅ​លើ​មូលនិធិ ETF នានា​ ដែល​មាន​ចំណាយ​ទាប​ ដូច​ជា​ Vanguard FTSE Emerging Markets និង​មូលនិធិ​ ETF ដែល​តាម​ដាន​មូលបត្រ​​បំណុល​រយៈ​ពេល​​ខ្លី​។ ក្រៅ​ពី​នេះ​ ត្រកូល​ Walton ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ខ្ទង់​ភាគ​ហ៊ុន​ដែល​មាន​នៅ​ក្នុង​ក្រុម​ហ៊ុន​ Apollo Global Management Inc., Snowflake Inc. និង​ China’s Pinduoduo Inc. ផងដែរ​។

    ត្រកូល​ Walton បច្ចុប្បន្ន​គឺជា​គ្រួសារ​ធំ​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​កាន់​កាប់​ទ្រព្យ​តម្លៃ​ 238​ ពាន់​លាន​ដុល្លារ​ នេះ​បើតាម Bloomberg Billionaires Index។ ទ្រព្យ​សម្បត្តិ​ប្រមាណ​ជិត​ពាក់កណ្ដាល​របស់​ពួក​គេ​ បាន​មក​ពី​បណ្ដាញ​លក់​រាយ​ធំ​បំផុត​របស់​ពិភពលោក​ នោះ​គឺ​ Walmart ដែល​ត្រូវ​បាន​ Sam Walton បង្កើត​ឡើង​កាលពី​ឆ្នាំ​ 1950​។ បច្ចុប្បន្ន​ ត្រកូល​នេះ​កាន់​កាប់​ភាគ​ហ៊ុន​ 48% នៅ​ក្នុង​ក្រុម​ហ៊ុន​ Walmart។

    Walmart គឺជា​បណ្ដាញ​ផ្សារ​លក់​រាយ​របស់​ត្រកូល​ Walton

    ច្រើន​ឆ្នាំ​មក​នេះ​ ត្រកូល​ Walton តែង​តែ​នៅ​ស្ងៀម​​ ទាក់​ទង​នឹង​ខ្ទង់​វិនិយោគ​របស់​ពួក​គេ​។ ប៉ុន្តែ​ ការ​ស្ងាត់​ស្ងៀម​នេះ​មិន​អាច​អូសបន្លាយ​យូរ​ទៀត ដោយ​សារ​តែ​ពួក​គេ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ភាគ​ហ៊ុន​នៅ​ក្នុង​ Walmart។ ត្រកូល​នេះ​បាន​លក់​ភាគ​ហ៊ុន​ដែល​មាន​តម្លៃ​​ប្រហែល​ 6.5 ពាន់​លាន​ដុល្លារ​ ចាប់​ពី​ឆ្នាំ​ 2020​។ អ្នក​ជំនាន់​ក្រោយ​របស់​ Sam Walton ​នៅ​​តែ​កាន់​កាប់​​ដោយ​ផ្ទាល់​នូវ​មូលបត្រ​​ចំនួន​ 1,334,480,250 ហ៊ុន​ នៅក្នុង​បណ្ដាញ​ Walmart ដោយ​តម្លៃ​របស់​វា​ បាន​កើន​ 23​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2020​ ព្រោះ​តែ​តម្លៃ​មូលបត្រ​កើន​ឡើង​ខ្ពស់​។

    មក​ដល់​ពេល​នេះ​ ព័ត៌មាន​ស្ដី​ពី​ការ​វិនិយោគ​​របស់​ WIT ទើប​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាងមុន​។ Walton Enterprises ដែល​ជា​ការិយាល័យ​​តំណាង​ក្រុម​ហ៊ុន​របស់​ត្រកូល​ Walton មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​សរុប​នៃ​ទ្រព្យ​ដែល​ពួក​គេ​កំពុង​កាន់​កាប់​នោះ​ទេ​ បើ​ទោះ​ឯកសារ​ពន្ធ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​ទទួល​បាន​ទុន​ពី​​ Walton Enterprises បង្ហាញ​ថា ត្រកូល​ Walton​ កំពុង​កាន់​កាប់​ភាគ​ហ៊ុន​​នៅ​ក្នុង​មូលនិធិ​បម្រុង​​នានា​ដែល​គ្រប់​គ្រង​ដោយ​ Tiger Global Management និង Viking Global Investors៕

  • ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អាម៉េរិក ក្ដាប់បាន​រូបមន្ត​ផលិត «សាច់» ពី «ខ្យល់»

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អាម៉េរិក ក្ដាប់បាន​រូបមន្ត​ផលិត «សាច់» ពី «ខ្យល់»

    (សហរដ្ឋ​អាម៉េរិក)-Air Protein ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ប្រើប្រាស់ ប្រូតេអ៊ីន ដែល​បង្កើតឡើង​ពី​ខ្យល់​បរិយាកាស​តាមរយៈ​ការ​បំប្លែង CO2 ទៅជា​វត្ថុ​ធាតុ​ដែលមាន​សារជាតិ​បំប៉ន​ដូច​ទៅនឹង ប្រូតេអ៊ីន របស់​សាច់សត្វ។

    បច្ចេកវិទ្យា​របស់ Air Protein ត្រូវបាន​អភិវឌ្ឍ​ឡើង​ទៅតាម​គំនិត​ដែល NASA ធ្លាប់បាន​ស្រាវជ្រាវ​កាលពី​ទសវត្សរ៍​ឆ្នាំ 1960។ កាលណោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វែងរក​វិធី​ផ្គត់ផ្គង់​អាហារ​ដល់​ក្រុម​អវកាស​ចរ​ដែល​ធ្វើការ​នៅ​ទី​អវកាស ហើយ​បាន​រកឃើញថា អាច​ប្រើប្រាស់​បណ្ដុំ​មីក្រូ​ជីវសាស្ត្រ​ដើម្បី​បំប្លែង កាបូនឌីអុកស៊ីត (CO2) ពី​ខ្យល់​ដង្ហើម​របស់​អ្នក​អវកាស ឱ្យទៅជា​អាហារ។ ដោយ​ប្រើប្រាស់​យន្តការ​ដូចគ្នានេះ នៅលើ​ផែនដី បច្ចេកវិទ្យា​ដែល​អភិវឌ្ឍ​ដោយ Air Protein អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​កើតឡើង​ពី​វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ ដល់​បរិស្ថាន។

    បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ ប្រហាក់ប្រហែល​នឹង​ដំណើរការ​នៃ​ការផលិត​ទឹកដោះគោ​ជូ។ នៅ​ខាងក្នុង​អាង​ដំបែ បាក់តេរី​ធម្មជាតិ​ស្រូបយក CO2 និង​បញ្ចេញ​សារជាតិ​បំប៉ន អាច​យកមក​បង្កើតជា​វត្ថុ​ធាតុ​ដែល​ផ្ទុក ប្រូតេអ៊ីន 80%។ មិន​ដូច ប្រូតេអ៊ីន របស់​សណ្ដែកសៀង ឬ ប្រូតេអ៊ីន របស់​រុក្ខជាតិ​ដទៃ នេះ​គឺជា ប្រូតេអ៊ីន ពេញលេញ ដោយមាន អាស៊ីត​អា​មី​ណូ (amino acids) ដូច​ទៅនឹង ប្រូតេអ៊ីន ក្នុង​សាច់គោ ឬ​សាច់មាន់ ប៉ុន្តែ វា​មិនមាន អង់​ទី​ប៊ី​យូ​ទិ​ក និង អ័រម៉ូន។ CO2 ដែល​ប្រើប្រាស់​នៅក្នុង​ដំណើរការ​នៃ​ការផលិត អាច​ត្រូវបាន​យក​មកពី​បច្ចេកវិទ្យា​ប្រមូល CO2 ផ្ទាល់​ពី​ខ្យល់​បរិយាកាស។

    ដំណើរ​ការ​នៃ​ការ​ផលិត​​សាច់​របស់​ Air Protein

    បច្ចុប្បន្ន ផ្ទៃដី ¼ របស់​ពិភពលោក កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចិញ្ចឹមសត្វ, 1/3 ជា​ដី​ដាំ​ដុះ​សម្រាប់​ចិញ្ចឹមសត្វ។ ដោយសារ​តម្រូវការ​សាច់​កាន់តែច្រើន មនុស្ស​ត្រូវ​កាប់​ព្រៃឈើ​យក​ដី​មក​ដាំ​ដុះ។ ឆ្នាំ 2050 មនុស្ស​នឹង​បរិភោគ​សាច់សត្វ​ច្រើនជាង 68% ធៀប​នឹង​ឆ្នាំ 2010។ ប៉ុន្តែ បើសិនជា​គេ​អាច​ផលិត​សាច់​ពី​រោងចក្រ​ដែល​ប្រើប្រាស់​វិធី​ដូច​ក្រុមហ៊ុន Air Protein នេះ នោះ​មនុស្ស​អាច​សំច័យ​ប្រភព​ធន​ធា​ត​ធម្មជាតិ​បាន​យ៉ាងច្រើន។

    Air Protein គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Kiverdi ជា​ក្រុមហ៊ុន​មួយ​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នានេះ ដើម្បី​បំប្លែង CO2 ទៅជា​ផលិតផល​ជំនួស​ឱ្យ​ជ័រកៅស៊ូ និង​វត្ថុ​ធាតុ​ដូចជា​ប្រេងដូង។ ក្រុម​អ្នកស្រាវជ្រាវ​របស់ Air Protein បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍ ប្រូតេអ៊ីន និង​រូបមន្ត​សម្រាប់​គំរូ​អាហារ​របស់​ពួកគេ។ ម្សៅ ប្រូតេអ៊ីន របស់ Air Protein មាន​រសជាតិ​ស្រាល​ល្មម អាច​ប្រើប្រាស់​ជាមួយនឹង​អាហារ​ច្រើន​មុខ​ក្រៅពី​សាច់ ដូចជា​ការបន្ថែម​វា​ទៅក្នុង​គ្រាប់ ឬ​ម្សៅ​ធញ្ញជាតិ ឬមួយ​បន្ទះ ប្រូតេអ៊ីន ជាដើម។

    អ្នក​ស្រី​ Lisa Dyson

    បច្ចុប្បន្ន ក្រុមហ៊ុន Air Protein កំពុង​ស្វែងរក​ប្រភេទ​អាហារ​សមស្រប​ដើម្បី​អាចដាក់​លក់​ក្នុង​ទីផ្សារ។ នេះ​បើតាម​នាយិកា​ប្រតិបត្តិ Lisa Dyson នៃ​ក្រុមហ៊ុនមេ​របស់ Air Protein៕

  • ក្រុម​ហ៊ុន​ Samsung ថតចម្លង​ខួរក្បាល​មនុស្ស​ ដាក់​ទៅក្នុង​អង្គ​ចងចាំ Neuromorphic Chips

    ក្រុម​ហ៊ុន​ Samsung ថតចម្លង​ខួរក្បាល​មនុស្ស​ ដាក់​ទៅក្នុង​អង្គ​ចងចាំ Neuromorphic Chips

    (កូរ៉េខាងត្បូង)-ក្រុមហ៊ុន Samsung កំពុង​អភិវឌ្ឍ​វិធីសាស្ត្រ «ថតចម្លង» ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​ទៅក្នុង​ឈី​ប​របស់​កុំព្យូទ័រ ដោយមាន​ជំនួយ​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Harvard។

    Samsung Electronics បង្ហាញ​វិធីសាស្ត្រ​ថ្មី​ដើម្បី​រក្សា​ទិន្នន័យ​របស់​ខួរក្បាល​មនុស្ស​នៅក្នុង​អង្គ​ចងចាំ​ខាងក្រៅ ដែល​ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Nature Electronics។ អត្ថបទ​សារព័ត៌មាន​ដែលមាន​ចំណងជើង​ថា «សរសៃប្រសាទ​អេឡិចត្រូនិក​ដែល​យោងទៅតាម​ការថត​ចម្លង​ពី​ខួរក្បាល» (Neuromorphic electronics based on copying and pasting the brain) គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Ham Don-hee នៅ​សាកលវិទ្យាល័យ Harvard, វិទ្យាស្ថាន​បច្ចេកវិទ្យា​ទំនើប​របស់ Samsung, សាស្ត្រាចារ្យ Park Hong-kun នៅ​សាកលវិទ្យាល័យ Harvard, Hwang Sung-woo នាយក​ប្រតិបត្តិ​របស់ Samsung SDS និង Kim Ki-nam អនុប្រធាន​របស់​ក្រុមហ៊ុន Samsung Electronics។

    អត្ថបទ​បាន​រៀបរាប់​អំពី​វិធីសាស្ត្រ​ក្នុងការ​ថតចម្លង​ផែនទី​ត​ភ្ជាប់ neuron ក្នុង​ខួរក្បាល ដោយ​ប្រើ​បន្ទះ​ឈី​ប​អេឡិចត្រូនិក​មហា​សែន​តូច ដែល​អភិវឌ្ឍ​ដោយ​សាស្ត្រាចារ្យ Ham និង សាស្ត្រាចារ្យ Park ហើយ​ចម្លង​ផែន​ទីនេះ​ទៅក្នុង​ប្រព័ន្ធ​អង្គ​ចងចាំ​បី​វិ​មាឌ​ដែលមាន​ដង់ស៊ីតេ​ខ្ពស់។ តាមរយៈ​វិធីសាស្ត្រ «ថត និង​ចម្លង» នេះ ក្រុម​ស្រាវជ្រាវ​មានបំណង​បង្កើត​ឈី​ប​ចងចាំ​មួយ​ដែល​ត្រាប​តាម​ចំណុចពិសេសៗរបស់​ខួរក្បាល​មនុស្ស ដូចជា ការប្រើប្រាស់​ថាមពល​តិច, រៀនសូត្រ​បាន​ងាយស្រួល, ស៊ាំ​នឹង​បរិស្ថាន, សមត្ថភាព​គ្រប់គ្រង​ខ្លួនឯង និង​ការយល់ដឹង​ជាដើម ដែល​បច្ចុប្បន្ន ទាំងនេះ​នៅតែ​ជា​រឿង​ដែល​បច្ចេកវិទ្យា​មិនទាន់​ធ្វើបាន។ ប្រព័ន្ធ​ខួរក្បាល រួមមាន neuron ក្នុង​បរិមាណ​ច្រើន និង​ប្រព័ន្ធ​សរសៃប្រសាទ ទទួលបន្ទុក​ក្នុងការ​ប្រើប្រាស់​មុខងារ​នានា។ យល់ច្បាស់​អំពី​ប្រព័ន្ធ​នេះ​គឺជា​កត្តា​គន្លឹះ​ដែល​ជួយ​ក្នុងការ​រចនា​ខួរក្បាល​និម្មិត។

    គោលដៅ​ដំបូង​នៃ​ការស្រាវជ្រាវ​ថ្មី​របស់ Samsung និង​សាកលវិទ្យាល័យ Harvard គឺ​ការធ្វើ​ត្រាប​តាម​ប្រព័ន្ធ​ខួរក្បាល។ បណ្ដាញ​អេឡិចត្រូត​អា​រ៉េ កម្រិត ណា​ណូ អាច​ត្រូវបាន​បញ្ជ្រាប​ចូលទៅក្នុង neuron ដើម្បី​ថត​យក​រលកសញ្ញា​អេឡិចត្រូនិក​របស់​ពួកគេ ប្រកបដោយ​សុក្រឹតភាព​ខ្ពស់។ ប្រព័ន្ធ​ថតចម្លង​នេះ ផ្ដល់​ទិន្នន័យ​អំពី​ប្រព័ន្ធ​សរសៃប្រសាទ ទីតាំង​របស់ neuron ដែល​ត​ភ្ជាប់​នឹង​គ្នា រួម​នឹង​ភាពខ្លាំង​នៃ​ការតភ្ជាប់។ ដោយ​ការថត​ចម្លង ក្រុម​ស្រាវជ្រាវ​អាចបង្កើត​ផែនទី​ស្ដីពី​ការតភ្ជាប់​របស់​សរសៃ​ប្រសាទ។

    ផែនទី​ខាងលើ ក្រោយមក អាច​ត្រូវបាន «ចម្លង» ទៅកាន់​ប្រព័ន្ធ​ឈី​ប​ចងចាំ ដូចជា flash ពាណិជ្ជកម្ម (SSD) ឬ​អង្គ​ចងចាំ RRAM។

    ការស្រាវជ្រាវ​នេះ​នឹង​អាច​រកឃើញ​វិធី​ចម្លង​ផែនទី neuron របស់​សរសៃប្រសាទ ទៅក្នុង​ប្រព័ន្ធ​អង្គ​ចងចាំ។ នៅពេល​ត្រូវបាន​បញ្ជា​ផ្ទាល់​ដោយ​រលកសញ្ញា​ដែល​ត្រូវបាន​កត់ត្រា​ពី​កោសិកា​ខាងក្នុង ប្រព័ន្ធ​អង្គ​ចងចាំ​អេឡិចត្រូនិក អាច​សិក្សា និង​បង្ហាញ​ផែនទី​ត​ភ្ជាប់​របស់ neuron។

    ដោយសារតែ​ខួរក្បាល​មនុស្ស មាន​សរសៃប្រសាទ neuron ប្រហែល 100 ពាន់​លាន និង​ចំនួន​ចំនុច​ត​ភ្ជាប់​របស់​សរសៃប្រសាទ​ច្រើនជាង​ប្រហែល 1,000 ដង ដូច្នេះ ឈី​ប​សរសៃប្រសាទ​នឹងត្រូវ​ការ neuron និម្មិត និង​តំណ​ភ្ជាប់​នៃ​សរសៃប្រសាទ​និម្មិត​រហូតដល់ 100 ទ្រី​លាន (1 លាន​លាន) ឯណោះ។ ការបំពាក់​អង្គ​ចងចាំ​ដ៏​ធំ​នៅលើ​ឈី​ប​មួយ​គឺអាច​ទៅរួច ដោយសារ​ថា នេះ​គឺជា​បច្ចេកវិទ្យា​មួយ​ដែល Samsung កំពុងតែ​នាំមុខគេ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែ​កញ្ញា ឆ្នាំ 2021    

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែ​កញ្ញា ឆ្នាំ 2021    

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 28 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 881 នាក់

    – ជាសះស្បើយ​ថ្មី = 532 នាក់

    – ស្លាប់​ថ្មី = 15 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 881 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 816 នាក់

    – អ្នកដំណើរពីបរទេស 65 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=111,673 នាក់

    – អ្នកជាសះស្បើយ=102,222 នាក់

    – អ្នកស្លាប់=2,302 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖     

    – អ្នក​ឆ្លង​សរុប = 233,558,660 នាក់

    – អ្នកជា​សះស្បើយ​សរុប​ = 210,386,345 នាក់

    – អ្នកស្លាប់​សរុប​ = 4,778,872 នាក់

    – អ្នក​​កំពុង​ព្យាបាល​សរុប​ = 18,393,443 នាក់

  • អាម៉េរិក បង្កើត​ក្រុម​នាវា​ពិឃាដ ជំនាញ​ក្នុងការ​ប្រមាញ់​នាវាមុជទឹក​របស់ រុស្ស៊ី

    កងទ័ពជើងទឹក​រប​ស់ សហរដ្ឋ​អាម៉េរិក បង្កើត​ក្រុម​ប្រយុទ្ធ​ថ្មី​មួយ ដែល​រួមមាន​ទាំង​ក្រុម​នាវា​ពិឃាត ជំនាញ​ខាង​តាម​ប្រមាញ់​នាវាមុជទឹក​របស់ ប្រទេស​រុស្ស៊ី ក្នុង​បំណង​ការពារ​ប្រទេសជាតិ​ឱ្យបាន​ល្អ​ជាង​មុន នៅ​ចំពោះមុខ​ការគំរាមកំហែង​នានា​ផ្នែក​សន្តិសុខ​លើ​ផ្ទៃសមុទ្រ។

    ក្រុម​ទទួលខុសត្រូវ Greyhound នឹង​រួមមាន​ទាំង​នាវា​ពិឃាត​ដែលមាន​ជំនាញ​ខាង​ប្រមាញ់​នាវាមុជទឹក មកពី​កង​នាវា​អា​ត្ល​ង់​ទិ​ក ដែល​បោះទ័ព​នៅ​ឆ្នេរ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក ដោយមាន​លទ្ធភាព​ទប់​ទល់នឹង​ការគំរាមកំហែង​ក្នុង​រយៈពេល​ខ្លី។ នេះ​បើតាម​ការ​ឱ្យដឹងពី ឧ​ត្ត​មនា​វី​ទោ Brendan McLane មេបញ្ជាការ​កងទ័ពជើងទឹក​ប្រចាំ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។

    នាវាពិឃាត​ USS Donald Cook

    ឧ​ត្ត​មនា​វី​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​នាំឱ្យមាន​ការបង្កើត​ក្រុម​ថ្មី​នេះ ក៏​ដោយសារតែ «គូប្រជែង​សំខាន់​របស់​យើង បានដាក់​ពង្រាយ និង​បន្តធ្វើ​ទំនើបកម្ម​ប្រកបដោយ​ភាពបត់បែន និង​សក្ដានុពល នាំឱ្យ​ប្រទេសជាតិ​របស់​យើង ប្រឈម​នឹង​គ្រោះថ្នាក់»។ លោក​បន្តថា ក្រុម Greyhound នេះ នឹង​ពង្រីក​សមត្ថភាព​លេចធ្លោ​របស់​កងទ័ព ដោយ​ការ​អភិ​វ​ឌ្ឈ​ជំនាញ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ប្រមាញ់​នាវាមុជទឹក និង​ប្រើប្រាស់​ក្រុម​អ្នកជំនាញ​ដើម្បី​ដឹកនាំ​សង្គ្រាម​ប្រមាញ់​នាវាមុជទឹក។

    លោក McLane ឱ្យដឹងថា បើសិនជា​នាវា​បរទេស​រុល​ចូលដល់​តំបន់​ធ្វើ​ដែល​ក្រុម Greyhound កំពុង​ធ្វើ​សកម្មភាព ភ្លាមនោះ​នាវា​ពិឃាដ 2 គ្រឿង​របស់​ក្រុម​នេះ​នឹង​ត្រៀម​ជាស្រេច​សម្រាប់​ទប់ទល់។ នាវា​ពិឃាដ USS Thomas Hudner និង USS Donald Cook ត្រូវបាន​ជ្រើសរើស​ឱ្យបំពេញ​ភារកិច្ច​នេះ ដោយសារ​មានបទពិសោធន៍​ច្រើន​ក្នុងការ​ប្រមាញ់​នាវាមុជទឹក។ នាវា​ពិឃាដ USS Cole និង USS Gravely តាម​ផែនការ ក៏​នឹងត្រូវ​ចូលរួម​ជាមួយ​ក្រុម Greyhound នេះដែរ។

    នាវាមុជ​ទឹក​របស់​ រុស្ស៊ី Boreas តែ​ NATO ដាក់​ឈ្មោះ​ឱ្យ​ថា Borei

    កងទ័ពជើងទឹក អាម៉េរិក បាន​ទទួលស្គាល់ថា នាវាមុជទឹក​របស់ រុស្ស៊ី ច្រើន​ឆ្នាំ​មកនេះ កាន់តែ​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​សមុទ្រ​ចន្លោះ ហ្គ្រី​ន​ឡែ​ន-អ៊ី​ស្លង់-អង់គ្លេស ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ​អា​ត្ល​ន់​ទិ​ក៕

  • ទស្សនា​យន្តហោះ​ទំនើប ថ្មីៗ នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ធំ​បំផុត​របស់​ចិន

    ទស្សនា​យន្តហោះ​ទំនើប ថ្មីៗ នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ធំ​បំផុត​របស់​ចិន

    ប្រទេស​ចិន បង្ហាញ​យន្តហោះថ្មីៗជាច្រើន​ប្រភេទ ដូចជា​យន្តហោះ​ចម្បាំង​អេឡិចត្រូនិក J-16D និង Wz-7 នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍ ហ្ស៊ូ​ហៃ (Zhuhai)។

    ព្រឹត្តិការណ៍​តាំងពិព័រណ៍​យន្តហោះ​ចិន «The 13th China International Aviation and Aerospace Exhibition» ឬ​ហៅថា Airshow China 2021 ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហ្ស៊ូ​ហៃ ខេត្ត​ក្វាង​ទុង ចាប់ពី​ថ្ងៃទី 28 កញ្ញា ដល់ 3 តុលា។ នេះ​គឺជា​ពិព័រណ៍​យន្តហោះ​ធំ​បំផុត​នៅ ប្រទេស​ចិន ដែល​បង្ហាញ​អំពី​អំណាច​កាន់តែ​ខ្លាំងក្លា​នៃ​ទ័ពអាកាស​របស់​ប្រទេស​នេះ។

    យន្តហោះ​យុទ្ធសាស្ត្រ​អេឡិចត្រូនិក J-16D ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញភារកិច្ច​ជា​អ្នកបង្ក​ការរំខាន​ដល់​ឧបករណ៍​អេឡិចត្រូនិក​របស់​សត្រូវ។ ក្រៅពី​J-16D ប្រទេស​ចិន ក៏​បង្ហាញ​យន្តហោះ​ថ្មី​មួយចំនួន ដូចជា​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) យន្តហោះ​ឈ្លប​ការណ៍ Wz-7 និង UAV ប្រយុទ្ធ CH-6 ជាដើម។

    នារី​អ្នកបើកបរ​យន្តហោះ​ចិន ចុះ​ពីលើ​យន្តហោះ​ចម្បាំង J-10 បន្ទាប់ពី​ការហោះហើរ​សម្ដែង បានបញ្ចប់ កាលពី​ថ្ងៃទី 28 កញ្ញា។

    ប្រទេស​ចិន កំពុង​បង្កើនល្បឿន​ដើម្បី​សម្រេចបាន​គោលដៅ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា បំណង​ធ្វើឱ្យ​សមស្រប​នឹង «សង្គ្រាម​ទំនើប» នៅ​ឆ្នាំ 2035។ ក្រុម​អ្នកជំនាញ​យល់ថា ចិន កំពុង​កាត់បន្ថយ​គម្លាត​យោធា​ជាមួយ សហរដ្ឋ​អាម៉េរិក បើទោះជា​មាន​បច្ចេកវិទ្យា និង​ខ្ទង់​វិនិយោគ​លើ​វិស័យ​អាវុធ នៅ​អន់​ជាង។

    ចិន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​យន្តហោះ​ប្រភេទ UAV ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយសារតែ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ស្ទាក់ស្ទើរ​ក្នុងការ​នាំចេញ​អាវុធ​ប្រភេទ​នេះ។ UAV របស់ ចិន ធ្លាប់បាន​ចូលរួម​ប្រយុទ្ធ ឬ​បំពេញបេសកកម្ម​មួយចំនួន​នៅ មជ្ឈិមបូព៌ា និង​តំបន់​ផ្សេងទៀត។

    កប៉ាល់​ហោះ AG600 ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ចិន (AVIC) កំពុង​សម្ដែង​បង្ហាញ នៅក្នុង​ពិព័រណ៍​កាលពី​ថ្ងៃទី 28 កញ្ញា។

    ព្រឹត្តិការណ៍​ពិព័រណ៍​យន្តហោះ​ចិន តែង​ត្រូវបាន​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង ប៉ុន្តែ កាលពី​ឆ្នាំមុន វា​ត្រូវបាន​ពន្យារពេល ដោយសារតែ COVID-19។ អ្នក​មក​ទស្សនា​ព្រឹត្តិការណ៍​នា​ឆ្នាំនេះ ភាគច្រើន​គឺជា​ជនជាតិ​ចិន។

    យន្តហោះ​ព្រមាន​រហ័ស KJ-500 ផលិត​ដោយ​ក្រុមហ៊ុន សាអានស៊ី (Shaanxi)

    យន្តហោះ​ចម្បាំង J-10 របស់​ក្រុម​ហោះហើរ Bayi Aerobatic Team

    ទាហាន​ចិន​ និង​យន្តហោះ​ចម្បាំង J-10 របស់​ក្រុម​ហោះហើរ Bayi Aerobatic Team

    បុគ្គលិក​កំពុង​រៀបចំ​ទីតាំង​សម្រាប់​បង្ហាញ​ឧទ្ធម្ភាគចក្រ​វាយប្រហារ Z-10 នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍

  • Pfizer ពិសោធ​​ «​ថ្នាំ​លេប» ​ទប់​ទល់​នឹង​​វីរុស​ COVID-19 ដំណាក់​កាល​ចុង​ក្រោយ​

    Pfizer ពិសោធ​​ «​ថ្នាំ​លេប» ​ទប់​ទល់​នឹង​​វីរុស​ COVID-19 ដំណាក់​កាល​ចុង​ក្រោយ​

    ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Pfizer ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ពិសោធ​ទ្រង់​ទ្រាយ​ធំ​​ចំពោះ​ថ្នាំ​លេប​សម្រាប់​ប្រឆាំង​នឹង​វីរុស​នៅ​លើ​មនុស្ស​ដែល​បាន​ប៉ះពាល់​អ្នក​ជំងឺ​ COVID-19 ឬ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​វីរុស​នេះ​។

    យោង​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 27 កញ្ញា​ របស់​ក្រុម​ហ៊ុន​ Pfizer ថ្នាំ​លេប​​ PF-07321332 សម្រាប់​ប្រឆាំង​វីរុស​ COVID-19 នឹង​ត្រូវ​បាន​ធ្វើ​​ការពិសោធ​​​ដំណាក់​កាល​ចុង​ក្រោយ​នៅ​លើ​មនុស្ស​ចំនួន​ 2,660​ នាក់​ ដែល​មាន​សុខភាព​មាំមួន​ មាន​អាយុ​ចាប់​ពី​ 18 ឆ្នាំ​ឡើង​ទៅ​ និង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​អ្នក​ផ្ទុក​វីរុស​ COVID-19 ដែល​មាន​រោគ​សញ្ញា​។

    ថ្នាំ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ទប់​ស្កាត់​សកម្មភាព​របស់​ អង់ហ្សីម​ ដ៏សំខាន់​មួយ​ប្រភេទ​ដែល​វីរុស​ត្រូវ​ការ​ដើម្បី​ «បង្កើត​កូន​ចៅ» ហើយ​ថ្នាំ​នេះ​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់អម​ជាមួយ​នឹង​ ritonavir កម្រិត​ទាប​។ Ritonavir គឺជា​ថ្នាំ​ដែល​ពេញ​និយម​ក្នុង​ការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស​ HIV។

    ក្រុម​ហ៊ុន​ Pfizer ឱ្យ​ដឹង​ថា ថ្នាំ​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​ដែល​មាន​​សញ្ញា​​នៃ​ការ​ឆ្លង​ដំបូង​ ឬ​ភ្លាម​ៗ​បន្ទាប់​ពី​ដឹង​ថា​ខ្លួន​អាច​ឆ្លង​វីរុស​ ដោយ​មិន​បាច់​ចូល​ពេទ្យ​។

    នៅ​ សហរដ្ឋ​អាម៉េរិក​ បច្ចុប្បន្ន​ ថ្នាំ​តែ​មួយ​ប្រភេទ​គត់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​អ្នកជំងឺ​ COVID-19 នោះ​គឺ​​ remdesivir របស់​ក្រុម​ហ៊ុន​ Gilead Sciences។ ថ្នាំ​នេះ​ធ្លាប់​ត្រូវ​បាន​យក​ទៅ​ព្យាបាល​អតីត​ប្រធានាធិបតី​ សហរដ្ឋ​អាម៉េរិក​ លោក​ Donald Trump ផងដែរ​។

    ក្រៅ​ពី​ Pfizer ក៏​នៅ​មាន​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ COVID-19 ធំៗ​ជា​ច្រើន​ទៀត​ ដូច​ជា​ Merck & Co. និង​ Roche Holding AG ជា​ដើម កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​លេប​​ប្រឆាំង​ COVID-19៕

  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រើសរើសមន្ត្រីរាជការរាប់សិបនាក់ បម្រើការនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រើសរើសមន្ត្រីរាជការរាប់សិបនាក់ បម្រើការនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

    បេក្ខជន​ជា​មន្ត្រីរាជការ​ដែល​ប្រឡង​ជាប់​នៅក្នុង​ការជ្រើសរើស​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នាពេលខាងមុខ នឹង​បាន​ចូល​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

    សេចក្ដីជូនដំណឹង​រប​ស់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ថ្ងៃនេះ បានឱ្យដឹងថា ក្រសួង​ជ្រើសរើស​បុគ្គលិក​ចំនួន 50 នាក់ ក្នុងនោះ​មាន​ជំនាញ​ជាច្រើន​មុខ រួមមាន (1)-បច្ចេកវិទ្យា​ព័ត៌មាន (2)-ច្បាប់ (3)-ធនធានមនុស្ស (4)-ពាណិជ្ជកម្ម​អន្តរជាតិ (5)-វិភាគ​សេដ្ឋកិច្ច (6)-សុវត្ថិភាព​ម្ហូបអាហារ, គុណភាព​ទំនិញ, ភូតគាម​អនាម័យ (7)-ជំនាញ​មន្ទីរពិសោធន៍ និង (8)-គណនេយ្យករ​ជំនាញ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង ដូច​មាននៅ​ខាងក្រោម៖

  • ប្រាក់​ឈ្នួល​របស់​កម្មករ​​វិស័យ​កាត់ដេ​រ​សម្លៀកបំពាក់ និង​​​ផលិតផល​ស្បែកជើង នៅ កម្ពុជា សម្រាប់​ឆ្នាំ 2022

    ប្រាក់​ឈ្នួល​របស់​កម្មករ​​វិស័យ​កាត់ដេ​រ​សម្លៀកបំពាក់ និង​​​ផលិតផល​ស្បែកជើង នៅ កម្ពុជា សម្រាប់​ឆ្នាំ 2022

    បន្ទាប់ពី​បាន​ពិភាក្សាគ្នា 4 លើក របស់​ក្រុម​តំណាង​ត្រីភាគី ពុំមាន​លទ្ធផល ពោលគឺ​នៅ​រក្សា​ត្រឹម 192 ដុល្លារ/ខែ​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចុងក្រោយបង្អស់ ដោយ​បន្ថែម 2 ដុល្លារ​ទៀត ទៅលើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន។

    ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ បានឱ្យដឹងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​តំណាង​របស់​កម្មករនិយោជិត តំណាង​និយោជក និង​តំណាង​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំ​ជាច្រើនលើក ដើម្បី​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំក្រោយ ប៉ុន្តែ មិនបាន​ឯកភាពគ្នា​នោះទេ ដោយនៅ​រក្សា​តួលេខ​ចុងក្រោយរៀងៗខ្លួន។

    ក្រសួង​ការងារ បាន​បន្ថែមថា ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បានសម្រេច​ចុងក្រោយបង្អស់ ដោយបាន​បន្ថែម 2 ដុល្លារ​ទៀត ទៅលើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ដូច្នេះ កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វិស័យ​ផលិតផល​ស្បែកជើង នឹង​ទទួលបាន 194 ដុល្លារ/ខែ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង 192 ដុល្លារ/ខែ​សម្រាប់​កម្មករ​សាកល្បង រាប់​ចាប់ពី​ខែមករា ឆ្នាំ 2022។

    ចំណែក​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗទៀត ត្រូវបាន​រក្សាទុក​នៅ​ដដែល។ ក្រសួង​បញ្ជាក់ថា ជា​មធ្យម កម្មករនិយោជិតម្នាក់ៗ នឹង​ទទួលបាន​ប្រាក់ខែ​យ៉ាងតិច​ពី 211 ដុល្លារ ដល់ 222 ដុល្លារ/ខែ នៅ​ឆ្នាំក្រោយ៕