Author: សឿន សំណាង

  • ក្រសួង​ការបទេស កែសម្រួល​​គោល​ការណ៍​ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស

    ក្រសួង​ការបទេស កែសម្រួល​​គោល​ការណ៍​ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស

    (ភ្នំពេញ)-ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​កែសម្រួល​គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​បន្ថែម​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​អ្នកវិនិយោគ​បរទេស ចូលមក កម្ពុជា ឱ្យ​កាន់តែច្រើន។

    ការកែសម្រួល​ឡើងវិញ​នូវ គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺ យោង​លើ​ស្ថានភាព​ប្រសើរឡើង​នៃ​វិបត្តិ COVID-19 នៅ កម្ពុជា។

    រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បើក​ប្រទេស​ឡើងវិញ​ជាបណ្តើរៗ និង​តាម​ដំណាក់កាល ជាមួយនឹង​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយបាន​សម្រួល​លក្ខខណ្ឌ​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ និង​របប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ដែល​ចូលមក កម្ពុជា ក្នុងនោះ​រួមមាន ការបើក​ឱ្យមាន​ការផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិបត្តិ​សុខភាព ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរណ៍​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption) ផងដែរ។

    ទន្ទឹមនឹងនេះ ការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-Visa) ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ដែ​ល​មានបំណង​ចូលមក​កាន់ កម្ពុជា ក៏ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ (Visa on Arrival)។ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កម្ពុជា សម្រាប់​អ្នកដំណើរ​ពី​បរទេស។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ជំរាបជូន​របស់ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដូចខាងក្រោម៖

  • សម្ដេច ហ៊ុន សែន ស្នើឱ្យ​រៀប​​គោល​ការណ៍​​ឆ្លើយ​តប​ទៅកាន់ ប្រទេស​ថៃ ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    សម្ដេច ហ៊ុន សែន ស្នើឱ្យ​រៀប​​គោល​ការណ៍​​ឆ្លើយ​តប​ទៅកាន់ ប្រទេស​ថៃ ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    (ភ្នំពេញ)-ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិនិត្យ​លទ្ធភាព​រៀបចំ​គោលការណ៍​បដិការ​ជាមួយ ប្រទេស​ថៃ ក្នុង​បំណង​អនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ប្រទេស​ទាំងពីរ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក។

    ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ខាងលើ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី 22 តុលា ឆ្នាំ 2021 ដើម្បី​ឆ្លើយតប​ទៅនឹង រដ្ឋាភិបាល​ថៃ ដែល​អនុញ្ញាតឱ្យ ពលរដ្ឋ​កម្ពុជា ចេញ-ចូល​ប្រទេស​នេះ​ដោយ​មិន​ចាំ​បាច់​​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ដើម្បី​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ពី ប្រទេស​ថៃ មក កម្ពុជា។

    ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់ កម្ពុជា ឡើងវិញ ក្រៅពី ប្រទេស​ថៃ សម្ដេច ហ៊ុន សែន ក៏បាន​ស្នើឱ្យ​អនុវត្ត​គោលការណ៍​បដិការ​ឆ្លើយ​តប​នេះ សម្រាប់​ប្រទេស​ដទៃទៀត​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់​ផងដែរ។

    នៅក្នុង​កិច្ចប្រជុំពេញអង្គ​នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ឱ្យដឹងថា អាជីវកម្ម សាលារៀន និង​កន្លែង​កម្សាន្ត​ជាដើម នឹង​អាច​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែវិច្ឆិកា​ខាងមុខ។

  • កម្ពុជា រំពឹងថា 2 សប្ដាហ៍​ទៀត នឹង​សម្រេចបាន​គោលដៅ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ 10 លាន​នាក់

    កម្ពុជា រំពឹងថា 2 សប្ដាហ៍​ទៀត នឹង​សម្រេចបាន​គោលដៅ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ 10 លាន​នាក់

    ក្នុង​រយៈពេល​ប្រមាណ 2 សប្តាហ៍​ទៅមុខទៀត កម្ពុជា​នឹង​សម្រេច​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 ដល់​ក្រុម​ពលរដ្ឋ​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ដែលមាន​ចំនួន 10 លាន​នាក់ ពោលគឺ​ស្មើនឹង 100% នៃ​ផែនការ ក្នុងករណី​ប្រជាពលរដ្ឋ​នៅតែ​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង រង្វង់​ពី 3,000 នាក់ ទៅ 4,000 នាក់ ជា​រៀងរាល់ថ្ងៃ។

    ខាងលើនេះ​គឺជា​ប្រសាសន៍​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19  (គ.វ.ក១៩) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​ចុះ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021។

    លោកជំទាវ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​រូបនេះ បាន​បន្ថែមថា តួលេខ​ពលរដ្ឋ​ពេញវ័យ​ខាងលើ មិនបាន​រាប់បញ្ចូល​ពលរដ្ឋ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឬ​ពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​មិនអាច​ចាក់​វ៉ាក់សាំង​បាន រួម​នឹង​ពលរដ្ឋ​ដែល​ទើបតែ​បានជា​ពី​ជំងឺ COVID-19 នោះទេ។

    គិត​មកដល់​បច្ចុប្បន្ន នៅមាន​ពលរដ្ឋ​ពេញវ័យ​ប្រមាណ​តែ 4 ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19។ ដូច្នេះ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ នឹង​ឈានដល់​ដំណាក់កាល​បិទ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ។

    ការចាក់​វ៉ាក់សាំង​នៅ កម្ពុជា គិត​ត្រឹម​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 មាន​ដូចតទៅ៖

    1-សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 9,967,039 នាក់ និង ដូ​ស​ទី​ពី ចាក់​បាន​ចំនួន 9,617,661 នាក់ ដែល​ស្មើនឹង 99.67% ធៀប​នឹង​ប្រជាជន​គោលដៅ​សរុប 10 លាន​នាក់។

    2-សម្រាប់​ក្រុម​កុមារ និង​យុវវ័យ អាយុ​ចាប់ពី 12 ឆ្នាំ ដល់​ក្រោម 18 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,780,707 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,686,181 នាក់ ដែល​ស្មើនឹង 90.53% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 2 លាន​នាក់។

    3-សម្រាប់​ក្រុម​កុមារ អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,895,669 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,598,420 នាក់ ដែល​ស្មើនឹង 99.91% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 1.9 លាន​នាក់។

  • ចាប់ពីពេលនេះ​តទៅ «ពេល​មាន​ការឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ

    ចាប់ពីពេលនេះ​តទៅ «ពេល​មាន​ការឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ

    នា​ព្រឹក​ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នៅ​វិមាន​សន្តិភាព គណៈរដ្ឋមន្ត្រី​បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​ទៅលើ​របៀបវារៈសំខាន់ៗមួយចំនួន។

    របៀបវារៈសំខាន់ៗ​នៃ​សម័យប្រជុំ​ពេញអង្គ​នេះ​រួមមាន៖

    1- សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ 2022។

    2- សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២។

    3- បញ្ហាផ្សេងៗ សំណើរ​សុំ​ការយោគយល់​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ។

    នៅក្នុង​កិច្ចប្រជុំពេញអង្គ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​បញ្ជាក់​បន្ថែមថា ចាប់ពីពេលនេះ​ទៅ នៅពេល​មានការ​ឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ ទោះបី​មានការ​ឆ្លង​ក្នុង សាលារៀន ផ្សារ រោងចក្រ និង​កន្លែងផ្សេងៗ ក៏ដោយ។

    សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ក្នុងករណី​មានការ​ឆ្លង​ក្នុង សាលារៀន ផ្សារ រោងចក្រ និង​កន្លែងផ្សេងៗ ត្រូវយក​អ្នកជំងឺ​ដែល​ឆ្លងទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ សម្រាប់​ថ្ងៃ​ទី​ 22 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ សម្រាប់​ថ្ងៃ​ទី​ 22 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 21 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 148 នាក់
    – ជាសះស្បើយ​ថ្មី = 327 នាក់
    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 148 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 126 នាក់
    – អ្នកដំណើរពីបរទេស 22 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,500 នាក់
    – អ្នកជាសះស្បើយ= 112,383 នាក់
    – អ្នកស្លាប់= 2,715 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ = 243,273,600 នាក់
    – អ្នកជា​សះស្បើយ​សរុប​ = 220,470,200 នាក់
    – អ្នកស្លាប់​សរុប​ = 4,945,287 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុប = 17,858,000 នាក់

  • Facebook នឹង​បង់ថ្លៃ​អត្ថបទ​ឱ្យ​ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​បារាំង

    Facebook នឹង​បង់ថ្លៃ​អត្ថបទ​ឱ្យ​ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​បារាំង

    ក្រុមហ៊ុន Facebook សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​មួយចំនួន​នៅ ប្រទេស​បារាំង ទាក់ទង​នឹង​ការទូទាត់​ថ្លៃ​ខ្លឹមសារ​អត្ថបទ​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ចែករំលែក។

    កាលពី​ថ្ងៃទី 21 តុលា Facebook បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ផ្ដល់​ការអនុញ្ញាត​ជាមួយនឹង​សម្ព័ន្ធ​សារព័ត៌មាន APIG របស់ បារាំង រួមមាន​បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​តំបន់ ដែល​នេះ «មានន័យថា អ្នកប្រើប្រាស់ Facebook អាច​បង្ហោះ និង​ចែករំលែក​អត្ថបទ​សារព័ត៌មាន​ដោយ​សេរី ទន្ទឹមនឹងនេះ​ក៏​ធានា​នូវ​កម្មសិទ្ធិបញ្ញា​របស់​ដៃគូ​ដែលជា​អ្នក​ផលិត​អត្ថបទ» ផងដែរ។

    ជាមួយនឹង​ការដែល​ត្រូវ​បង់ប្រាក់​សម្រាប់​អត្ថបទ​សារព័ត៌មាន​របស់ បារាំង ក្រុមហ៊ុន Facebook ក៏​នឹង​បញ្ចេញ​សេវាកម្ម​ព័ត៌មាន​ជា​ភាសា​បារាំង ដែល​ហៅថា Facebook News នៅ​ខែមករា ឆ្នាំ 2022 ដើម្បី «ផ្ដល់​កន្លែង​សម្រាប់​អ្នកប្រើប្រាស់​ចូលទៅ​អាន​ព័ត៌មាន​ដែលមាន​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មានល្បីៗ និង​គួរ​ជាទី​ទុកចិត្ត»។

    ការដោះដូរ​នេះ​ត្រូវបាន​គេ​យល់ថា​ជា ជោគជ័យ​មួយ​ចំពោះ​ការតវ៉ា​ដើម្បី​ការពារ​សិទ្ធិ​ក្នុង​ការផលិត​ព័ត៌មាន​របស់​បណ្ដាញសារព័ត៌មាន​នានា​នៅ ប្រទេស​បារាំង។ កាលពី​ខែមករា ក្រុមហ៊ុន Google ក៏បាន​ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​លើ​សេចក្ដីព្រាង​ជាមួយ APIG ក្នុងការ​បង់ប្រាក់​សម្រាប់​អត្ថបទ​របស់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​ដែល​បង្ហាញខ្លួន​នៅលើ​ឧបករណ៍​រុករក​នេះ​ផងដែរ។

    ឆ្នាំ 2019 បារាំង បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង សហភាព​អឺរ៉ុប (EU) ដែល​បានធ្វើឱ្យ​បទបញ្ជា​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ក្លាយទៅជា​ច្បាប់​របស់​រដ្ឋ៕

  • រុស្ស៊ី រកឃើញ​ករណី​ឆ្លង «COVID-19 ប្រភេទ​ថ្មី» ដែល​គ្រោះថ្នាក់​ជាង Delta ទៅទៀត!

    រុស្ស៊ី រកឃើញ​ករណី​ឆ្លង «COVID-19 ប្រភេទ​ថ្មី» ដែល​គ្រោះថ្នាក់​ជាង Delta ទៅទៀត!

    ប្រទេស​រុស្ស៊ី បាន​រាយការណ៍​អំពី «ករណី​ឆ្លង COVID-19 ប្រភេទ​ថ្មី» នោះ​គឺ​វីរុស​បំប្លែង​ខ្លួន AY.4.2 ដែលជា​សាខា​មួយ​របស់​វ៉ា​រ្យ៉​ង់ Delta Plus ហើយ​ត្រូវបាន​គេ​ជឿថា ងាយ​ឆ្លង​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង។

    អ្នកស្រាវជ្រាវ ជនជាតិ​រុស្ស៊ី  Kamil Khafizov ថ្ងៃនេះ​បានឱ្យដឹងថា COVID-19 បំប្លែង​ខ្លួន​ថ្មី ឈ្មោះ AY.4.2 ងាយ​ឆ្លង​ជាង​ប្រហែល 10% ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង នាំឱ្យ​ករណី​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​នៅ ប្រទេស​រុស្ស៊ី កើនឡើង​ខ្ពស់បំផុត។ Kamil Khafizov បញ្ជាក់ថា AY.4.2 អាច​ចូលមក​ជំនួស Delta ប៉ុន្តែ នេះ​គឺជា​ដំណើរ​ការដែល​អាច​កើតឡើងយឺត។

    លោក Kamil Khafizov អះអាងថា AY.4.2 អាច​ជ្រែកចូល​ទៅក្នុង​កោសិកា​ឈាម។ លោក​បន្ថែមថា «វ៉ាក់សាំង​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ»។

    AY.4.2 ក៏​កំពុងមាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​នៅ ប្រទេស​អង់គ្លេស ដោយ​វា​មាន​ប្រហែល 6% ធៀប​នឹង​ករណី​ឆ្លង​សរុប​ក្នុង​មួយ​សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី 27 កញ្ញា នេះ​បើតាម​របាយការណ៍​រប​ស់​ស្ថាប័ន​សុវត្ថិភាព​សុខាភិបាល អង់គ្លេស ដែល​បានប្រកាស​កាលពី​ថ្ងៃទី 15 តុលា។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid កាលពី​ថ្ងៃទី 20 តុលា បាន​អះអាងថា ពុំមាន​មូលហេតុ​ណាមួយ​ដែល​អាចឱ្យ​ជឿ​បាន​ថា AY.4.2 នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ជាង Delta នោះទេ។

    Nikolay Kryuchkov អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​ភាពស៊ាំ​របស់ ប្រទេស​រុស្ស៊ី ថ្លែងថា Delta និង​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​វា នឹង​នៅតែមាន​ឥទ្ធិពល​ជាងគេ ហើយ​ក្នុង​អនាគត ពួកវា​អាច​សម្រប​ខ្លួន​ជាមួយនឹង​វ៉ាក់សាំង ពិសេស​នៅពេល​អត្រា​ការចាក់​វ៉ាក់សាំង ក្រោម ឬ​ប្រហាក់ប្រហែល​នឹង 50%។

    ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ ក្រសួងសុខាភិបាល​រុស្ស៊ី មិនទាន់​បញ្ចេញមតិ​អ្វី​នៅឡើយ៕

  • ចិនតៃវ៉ាន់ ធ្វើឱ្យ​ចិនដីគោក​ខឹង​ខ្លាំង ដោយសារ​គម្រោង​ទស្សនកិច្ច​នៅ​បរទេស

    ចិនតៃវ៉ាន់ ធ្វើឱ្យ​ចិនដីគោក​ខឹង​ខ្លាំង ដោយសារ​គម្រោង​ទស្សនកិច្ច​នៅ​បរទេស

    មេដឹកនាំ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ ប្រកាស​អំពី​គម្រោង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់ ទ្វីបអឺរ៉ុប នា​សប្ដាហ៍​ក្រោយ នាំឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​ខ្លាំងក្លា។

    អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) កាលពី​ថ្ងៃទី 21 តុលា បាន​ថ្លែងថា ប្រទេស​ចិន «ពិតជា​មិន​ពេញចិត្ត» នៅពេល ប្រទេស​ស្លូ​វ៉ា​គី (Slovakia) និង​ប្រ​ទស​ឆែក (Czech) ទទួលយក​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ការបរទេស កោះ​តៃវ៉ាន់ ចូ​សេ​ហ្វ វូ (Joseph Wu)។ លោក វ៉ាង វេន​ប៊ី​ន អំពាវនាវ​ប្រទេស​អឺរ៉ូប​ទាំងពីរ​នេះ ចៀសវាង «ធ្វើឱ្យប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​ទ្វេភាគី» ជាមួយ ប្រទេស​ចិន។

    អ្នកនាំពាក្យ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ លោកស្រី ជាំ​ង​អាន អ៊ូ (Joanne Ou) មុននេះ​បានប្រកាសថា លោក ចូ​សេ​ហ្វ វូ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី 26 តុលា និង​ចូលរួម​ក្នុង​វេទិការ​មួយ​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ។ បន្ទាប់មក លោក ចូ​សេ​ហ្វ វូ ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់ រដ្ឋធានី​ប្រាក (Prague) ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានសភា​ជាន់ខ្ពស់​របស់ ប្រទេស​ឆែក លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល (Milos Vystrcil) និង​អភិបាលក្រុង ហ្ស​ដេ​នេ​ក រី​ប (Zdenek Hrib)។ លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល និង លោក ហ្ស​ដេ​នេ​ករីប ធ្លាប់​បានធ្វើ​ទស្សនកិច្ច​ទៅកាន់ កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ 2020 ដែល​កាលណោះ​ក៏បាន​ធ្វើឱ្យ ទីក្រុង​ប៉េកាំង ខឹង​ខ្លាំង​ផងដែរ។

    បណ្ដា​ប្រទេស​នៅ អឺរ៉ុប ដូចជា ឆែក (Czech), ស្លូ​វ៉ា​គី (Slovakia), ប៉ូឡូញ (Poland) និង​ប្រទេស​ឡេ​តូ​នី (Lithuania) មាន​ទំនាក់ទំនង​ល្អជា​មួយ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​កន្លង។ អាជ្ញាធរ កោះ​តៃវ៉ាន់ និង រដ្ឋាភិបាល​ឡេ​តូ​នី មាន​គម្រោង​បើក​ការិយាល័យ​តំណាង​នៅ ទីក្រុង​តៃប៉ិ និង រដ្ឋធានី​វី​ល​នី​ស (Vilnius) នៅ​ឆ្នាំនេះ។

    ក្រៅពី​ដំណើរ​ទស្សនកិច្ច​នេះ លោក ចូ​សេ​ហ្វ វូ ក៏​កំពុង​រក​វិធី​ដើម្បី​បាន​ចូលរួម​សន្និបាទ​នៅ រដ្ឋធានី​រ៉ូម (Rome) នៃ ប្រទេស​អ៊ីតាលី នា​ថ្ងៃទី 29 តុលា ស្ដីពី​បញ្ហា ប្រទេស​ចិន ផងដែរ៕

  • WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា មហា​រោគរាតត្បាត COVID-19 នឹង​បន្ត​អូស​បន្លាយពេល​រហូតដល់​ឆ្នាំក្រោយ ដោយសារតែ​បណ្ដា​ប្រទេស​ក្រីក្រ​មិន​ទទួលបាន​វ៉ាក់សាំង​ក្នុង​បរិមាណ​ដែល​ចាំបាច់។

    «យើង​កំពុង​ដើរ​ខុស​ទិសដៅ។ យើង​ពិតជា​ត្រូវការ​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការបែងចែក​វ៉ាក់សាំង មិន​ដូច្នេះ​ទេ ជំងឺ​រាតត្បាត​នឹង​បន្ត​កើតឡើង​មួយឆ្នាំ​ទៀត» វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សា​នៃ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 20 តុលា បាន​ព្រមាន​អំពី​ការដែល COVID-19 អាច​បន្ត​អូស​បន្លាយពេល​យូរ​ជាង​នេះ។

    ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​មិនទាន់​ទទួលបាន​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការចាំបាច់​របស់​ពួកគេ។ ប្រជាជន​នៅក្នុង ទ្វីបអាហ្វ្រិក មិន​ដល់ 5% នៅឡើយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ខណៈដែល​អត្រា​នេះ​នៅក្នុង​បណ្ដា​ទ្វីបផ្សេងៗ មាន​ចំនួន​ចាប់ពី 40% ឡើងទៅ។

    បណ្ឌិត Aylward បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អ្នកមាន ទុក​លទ្ធភាព​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង អាច​ផ្ដល់​អាទិភាព​នៃ​ការបញ្ជាទិញ​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    បណ្ដា​ប្រទេស​អភិវឌ្ឍ គួរ​ស្រង់​ស្ថិតិ​ឡើងវិញ​ដើម្បី​ឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​ដល់​ណា​ហើយ​ទាក់ទង​នឹង​ការសន្យា​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ដល់​ពិភពលោក ដែល​ពួកគេ​បានលើកឡើង​នៅក្នុង​សន្និសីទ​កំពូល​នានា ដូចជា G7 នៅ St Eives នៃ ប្រទេស​អង់គ្លេស។

    People’s Vaccine ដែលជា​សម្ព័ន្ធ​អង្គការ​មនុស្សធម៌​មួយ បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ចំនួន​ត្រឹមតែ 1/7 ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បណ្ដា​ក្រុមហ៊ុន​ឱសថ និង​បណ្ដា​ប្រទេស​អ្នក​មានបាន​សន្យា​ផ្ដល់ឱ្យ។

    វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ឬ​មធ្យម ខណៈដែល​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់ ទ្វីបអាហ្វ្រិក មាន​ត្រឹមតែ 2.6% ប៉ុណ្ណោះ ធៀប​នឹង​ពិភពលោក​ទាំងមូល។

    គំនិត​ផ្ដួចផ្ដើម​ដែល​ហៅថា COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ទទួលបាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​នឹង​បណ្ដា​ប្រទេស​អ្នកមាន។ COVAX ដំបូង​ឡើយ​បានកំណត់​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ 2021 ប៉ុន្តែ មកដល់​បច្ចុប្បន្ន ទើបតែ​ផ្គត់ផ្គង់​បាន 371 លាន​ដូ​សប​ណ្ណោះ៕