Author: សឿន សំណាង

  • កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង កម្ពុជា និង កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​រួចហើយ

    កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង កម្ពុជា និង កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​រួចហើយ

    ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង កម្ពុជា និង កូរ៉េខាងត្បូង នៅ​ព្រឹក ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

    តាម​គម្រោង កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម តំណាងឱ្យ​ភាគី កម្ពុជា និង ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ថាមពល តំណាងឱ្យ​ភាគី កូរ៉េខាងត្បូង នេះ នឹង​ចូល​ជា​ធរមាន នៅ​ដើម​ឆ្នាំក្រោយ។

    កិច្ចព្រមព្រៀង​នេះ និយាយ​អំពី ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង ព្រមទាំង​មាន​វិសាលភាព​លើ​ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា។

    យោង​​តាម​ Koreatimes កូរ៉េខាង​ត្បូង​ នឹង​លុប​ចោល​ពន្ធ​ 95.6% នៃ​ផលិត​ផល​​​សរុប​ដែល​នាំ​ចូល​ពី​ កម្ពុជា​ ខណៈ​ កម្ពុជា​ ក៏​នឹង​លើក​លែង​ពន្ធ​​​ចំនួន​ 93.8%​ នៃ​ទំនិញ​សរុប​ដែល​នាំ​ចូល​ពី​ កូរ៉េខាង​ត្បូង​ ផងដែរ​។

    កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ឯកឧត្តម​បាន​បញ្ជាក់ថា នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ រួមទាំង​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់ កម្ពុជា ក្រោយ​វិបត្តិ COVID-19។

    ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង កម្ពុជា-កូរ៉េខាងត្បូង គិត​ត្រឹម​រយៈពេល 8 ខែ នៃ​ឆ្នាំ 2021 នេះ សម្រេចបាន​ជាង 514 លាន​ដុល្លារ​អាម៉េរិក ពោលគឺ​កើនឡើង​ជាង 11% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ 2020។

    នេះ​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ទី​ពីរ​ហើយ ដែល កម្ពុជា ធ្លាប់បាន​ធ្វើឡើង។ មុននេះ កម្ពុជា ក៏​ធ្លាប់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដូចគ្នានេះ​ជាមួយនឹង ប្រទេស​ចិន ផងដែរ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 26 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 26 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 25 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 112 នាក់
    – ជាសះស្បើយ​ថ្មី = 263 នាក់
    – ស្លាប់​ថ្មី = 8 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 112 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 102 នាក់
    – អ្នកដំណើរពីបរទេស 10 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,000 នាក់
    – អ្នកជាសះស្បើយ= 113,527 នាក់
    – អ្នកស្លាប់= 2,751 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 244,837,800 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 221,970,800 នាក់
    – អ្នកស្លាប់​សរុបជាង​ = 4,970,280 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 17,896,800 នាក់

  • ចិន ចាប់ខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​ក្នុងស្រុក

    ចិន ចាប់ខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​ក្នុងស្រុក

    អាជ្ញាធរ​ចិន បានសម្រេច​ចិត្ត​ចាប់ខ្លួន Yin Jiaxu អតីត​ប្រធាន​របស់ Norinco ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​បំផុត​នៅ ប្រទេស​ចិន។

    ការចាប់ខ្លួន Yin Jiaxu អាយុ 65 ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ក្រោម​បទ​ចោទ «សង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក ផ្ដល់​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ទៅឱ្យ​សាច់ញាតិ និង​មិត្តភក្ដិ»។

    អតីត​ប្រធាន​ក្រុមហ៊ុន​ឧស្សាហក្ម​ភាគ​ខាងជើង​ប្រទេស (Norinco) ត្រូវបាន​គណៈកម្មការ​ជាតិ​អធិការកិច្ច និង​វិន័យ (Central Commission for Discipline Inspection/CCDI) ស៊ើបអង្កេត​រយៈពេល 7 ឆ្នាំ​មកហើយ ទាក់ទិន​នឹង «ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​វិន័យ និង​ច្បាប់» (ឃ្លា​ដែល​តែង​ត្រូវបាន​គេ​ប្រើប្រាស់​ជំនួស​ពាក្យ​ពុករលួយ នៅ ប្រទេស​ចិន) មុនពេល​ត្រូវបាន​ចាប់ខ្លួន។

    លោក Yin Jiaxu ធ្លាប់ជា​លេខា​បក្ស និង​ជា​ប្រធាន​ក្រុមហ៊ុន Norinco រហូតដល់​ឆ្នាំ 2018។ លោក​ត្រូវ​បានប្រគល់​ខ្លួន​ទៅឱ្យ​តុលាការ​កាលពី​ថ្ងៃទី 30 កញ្ញា ឆ្នាំ 2021 បន្ទាប់ពី​ត្រូវ​បណ្ដេញ​ពី​បក្ស និង​ដកហូត​រាល់​មុខ​តំណាង និង​អត្ថប្រយោជន៍។

    CCDI បាន​ចោទ​លោក Yin ថា បានទទួល​សំណូក​ជា​ទឹកប្រាក់ និង​អំណោយ​យ៉ាងច្រើន ព្រមទាំង​ប្រើ​តួនាទី​ទាញយក​ផលប្រយោជន៍​ជួយ​ដល់​អ្នកផ្សេង និង​ចែករំលែក​សកម្មភាព​ជំនួញ​ឱ្យទៅ​សាច់ញាតិ និង​មិត្តភក្ដិ ដែលនាំឱ្យ​ជាតិ​មានការ​ខាតបង់​ច្រើន។

    មុនពេល​បាន​ឡើងកាន់តំណែង​ខ្ពស់បំផុត​នៅ Norinco ក្នុង​ពី​ឆ្នាំ 2013 លោក Yin ធ្លាប់បាន​ធ្វើការ​រយៈពេល 14 ឆ្នាំ​នៅក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Norinco ដែលមាន​ជំនាញ​ខាង​ផលិត​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ​ខ្នាតតូច និង​រថយន្ត​ដឹកទំនិញ​ពាណិជ្ជកម្ម។ លោក ត្រូវបាន​គេ​ចាត់ទុកថា​ជា​កូនសោ​សំខាន់​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន Norinco បាន​ចាក​ផុតពី​ហានិភ័យ​នៃ​ការ​ក្ស័យធន​កាលពី​ឆ្នាំ 1998។

    លោក Yin គឺជា​ប្រធាន​ជាន់ខ្ពស់​ទី​ពីរ​របស់ Norinco ដែល​បាន​ប្រឈម​នឹង​តុលាការ ចាប់តាំងពី​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ផ្ដួចផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​កាលពី 9 ឆ្នាំមុន៕

  • កម្ពុជា​ ជាប់​​ចំណាត់​ថ្នាក់​​ទី​ 6 ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​​ចាក់​វ៉ាក់សាំង​ COVID-19 ខ្ពស់​ជាង​គេ​

    កម្ពុជា​ ជាប់​​ចំណាត់​ថ្នាក់​​ទី​ 6 ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​​ចាក់​វ៉ាក់សាំង​ COVID-19 ខ្ពស់​ជាង​គេ​

    នៅ​ក្នុង​​ដំ​ណា​ក់​កា​​ល​​នៃ​វិបត្តិ​សុខភាព​សកលបច្ចុប្បន្ន​ បណ្ដា​​ប្រ​ទេ​ស​ដែ​ល​​អត្រា​នៃ​ការ​ចា​ក់​វ៉ា​ក់​សាំ​ង​បង្ការ​ COVID-19 ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្ពស់​​​ជា​ង​គេ​ ​ប្រទេ​ស​ទាំង​នោះ​​អាច​​នឹ​ង​​មាន​ឱកាស​​​បើ​ក​ដំ​ណើ​រ​កា​រសេដ្ឋកិច្ច​ទាំង​ស្រុង​ឡើងវិញ​ឆាប់​ជាង​គេ​ នៅ​ពេល​ដែល​សង្គម​មាន​ភាព​ស៊ាំ​ខ្ពស់​​។

    ថ្មី​ៗ​នេះ​ នៅ​ក្នុង​តា​រា​ង​​ទិ​​ន្នន័យ​​ស្ដី​ពី​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ COVID-19 លើពិភ​ព​លោ​ក កម្ពុជា​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ 6 នៅក្នុង​ចំណោម​ប្រទេស​ដែល​​មាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់​​ជាង​គេ​បង្អស់​។ នេះ​បើ​តាម​ គេ​ហ​ទំ​ព័​រ​ ​O​u​r​ ​W​o​r​l​d​ ​I​n​ D​a​t​a​។

    ទិន្នន័យ​របស់​គេ​ហ​ទំ​ព័​រ​ខាង​លើ​​​ បានបង្ហាញ​ថា 48.7%​ នៃ​ប្រ​ជា​ជនពិ​ភ​ព​លោ​ក​បា​នទទួល​ការ​ចា​ក់​វ៉ា​ក់​សាំ​ង​បង្ការ​ COVID-19 យ៉ាងតិ​ច​មួ​យ​ដូស ក្នុង​នោះ មាន​ប្រទេស​​ចំនួន​តែ​ 7 ប៉ុ​ណ្ណោះ​ ដែ​លមាន​អត្រា​នៃ​ការ​​​ចា​ក់​វ៉ា​ក់​សាំ​ងខ្ពាស់​ជា​ង​គេ រួមមាន ​ប្រ​​ទេ​ស​អា​រ៉ា​ប់​រួម, ​ព័រ​ទុ​យ​ហ្គា​ល់​, គុយបា, ស៊ីលី, អេស្ប៉ាញ, កម្ពុជា និងប្រទេសសិង្ហបុរី។

    នៅ​ កម្ពុជា​ ការចាក់វ៉ាក់សាំង​បង្ការ​ COVID-19 គិតត្រឹមថ្ងៃទី 25 ខែតុលា ឆ្នាំ​ 2021 រួម​មាន​​៖ ពលរដ្ឋ​អាយុ 18 ឆ្នាំ ឡើងទៅ = 99.81% ;អាយុ 12-17 ឆ្នាំ = 90.72% ; អាយុ 6-11 ឆ្នាំ = 100.54%។

  • កម្ពុជា អាច​ទទួលរង​ឥទ្ធិពល​ព្យុះ ចាប់ពី​ថ្ងៃទី 27 ខែតុលា

    កម្ពុជា អាច​ទទួលរង​ឥទ្ធិពល​ព្យុះ ចាប់ពី​ថ្ងៃទី 27 ខែតុលា

    ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​តំបន់​ជាច្រើន​របស់ កម្ពុជា អាចនឹងទទួល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ឥទ្ធិពល​ព្យុះ ចាប់ពី​ថ្ងៃទី 27 ខែតុលា ខាងមុខ។

  • ចិន ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 3 ឆ្នាំ ដល់ 11 ឆ្នាំ

    ចិន ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 3 ឆ្នាំ ដល់ 11 ឆ្នាំ

    កុមារ​ដែលមាន​អាយុ​ចាប់ពី 3 ឆ្នាំ នៅ ប្រទេស​ចិន ចាប់ផ្ដើម​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​គ្រា​ដែល​សម្បុក​វីរុស​ថ្មី កំពុង​កើតមាន។

    អាជ្ញាធរ​នៃ​ខេត្ត​យ៉ាងតិច​ចំនួន 5 របស់ ប្រទេស​ចិន បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ។ ការពង្រីក​វិសាលភាព​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​នៅពេល​ប្រទេស​នេះ​កំពុង​អនុវត្ត​វិធា​ការ​នានា​ដើម្បី​គ្រប់គ្រង​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី។

    គិត​មកដល់​បច្ចុប្បន្ន ប្រជាជន​ប្រមាណ 76% នៅ ប្រទេស​ចិន បានទទួល​ការចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូ​ស​រួចហើយ ខណៈ​ក្រុមមន្ត្រី​កំពុង​ព្យាយាម​រក្សា​គោលការណ៍ «គ្មាន COVID-19» ចំពោះ​រលក​នៃ​ការឆ្លង​ដាល​ថ្មី។ ដើម​សប្ដាហ៍​នេះ ខេត្ត Gansu បាន​បិទទ្វារ​រាល់​ទីតាំង​ទេសចរណ៍ ក្នុងពេលដែល​ប្រជាជន​នៅក្នុង​អនុតំបន់​មួយចំនួន​នៃ​តំបន់​ស្វយ័ត ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) ក៏ត្រូវ​បានស្នើ​ឱ្យនៅ​ក្នុង​ផ្ទះ ដោយសារ​មាន​ករណី​ឆ្លង​ថ្មី៕

  • COVID-19! អ៊ីស្រាអែល ថា វ៉ា​រ្យ៉​ង់ AY4.2 ឆ្លង​រាលដាល​ខ្លាំង​ជាង Delta ទៅទៀត

    COVID-19! អ៊ីស្រាអែល ថា វ៉ា​រ្យ៉​ង់ AY4.2 ឆ្លង​រាលដាល​ខ្លាំង​ជាង Delta ទៅទៀត

    អ្នកជំនាញ​របស់ ប្រទេស​អ៊ីស្រាអែល បានឱ្យដឹងថា វីរុស COVID-19 ប្រភេទ AY4.2 មានលទ្ធភាព​ឆ្លង​រាលដាល​ខ្លាំង​ជាង ប៉ុន្តែ​សមត្ថភាព​ផ្ស៊ាំ ឬ​ទប់​ទល់នឹង​វ៉ាក់សាំង ទំនងជា​មិនអាច​យកឈ្នះ Delta។

    AY4.2 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​អង់គ្លេស និង​បាន​បង្ហាញខ្លួន​នៅ ប្រទេស​អ៊ីស្រាអែល កាលពី​សប្ដាហ៍​មុន មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្លាំង​ជាង Delta រហូតដល់ 15%។ នេះ​បើតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដំបូង​របស់​ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 24 តុលា។ ប៉ុន្តែ សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​វ៉ាក់សាំង​របស់ AY4.2 នេះ ខ្សោយ​ជាង Delta។ អ៊ីស្រាអែល រកឃើញ​វ៉ា​រ្យ៉​ង់ AY4.2 ត្រឹមតែ 6 ករណី​ប៉ុណ្ណោះ ហើយ​សុទ្ធតែជា​ករណី​នាំចូល។

    វ៉ា​រ្យ៉​ង់ AY4.2 ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ អង់គ្លេស រកឃើញ​កាលពី​ខែ​មុន។ វា​មិនទាន់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរ​យកចិត្តទុកដាក់ ឬ​ព្រួយបារម្ភ​នៅឡើយ ទើប​អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដាក់ឈ្មោះ​ទៅតាម​អក្ខរក្រម​ក្រិ​ក ដូចជា Alpha និង Delta ជាដើម។

    អ្នកវិទ្យាសាស្ត្រ​កំពុង​តាមដាន AY4.2 ដើម្បី​ឱ្យដឹងថា ការឆ្លង​រាលដាល​របស់​វា​ខ្លាំង​កម្រិតណា។ ក្រុមមន្ត្រី​របស់ អង់គ្លេស ថ្មីៗនេះ បានប្រកាសថា វ៉ា​រ្យ៉​ង់​ថ្មី​នេះ​មាន 6% ក្នុងចំណោម​ករណី​ឆ្លង COVID-19 ដែល​ត្រូវបាន​គេ​វិភាគ​នៅ អង់គ្លេស ហើយ​វា «កំពុងតែ​មានការ​កើនឡើង»។

    Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​សម្រាប់​បញ្ហា COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹង​នៅក្នុង​សប្ដាហ៍​នេះ​ថា Delta នៅតែ​ជា​វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ​នៅលើ​ពិភពលោក។

    វីរុស​កាន់តែ​ឆ្លង​រាលដាល លទ្ធភាព​នៃ​ការកើតមាន​វ៉ា​រ្យ៉​ង់​ថ្មី​ក៏​នឹង​កើនឡើង​ខ្ពស់។ បច្ចុប្បន្ន WHO កំពុង​តាមដាន​សាខា​វ៉ា​រ្យ៉​ង់​ថ្មី​ចំនួន 20 របស់ Delta ក្នុងនោះ​ក៏មាន AY4.2 ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ស្រី Maria Van Kerkhove៕

  • ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ៖ «ស្ត្រី​ត្រៀម​យក​បុត្រ អាច​ចាក់​វ៉ាក់សាំង​បាន»

    ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ៖ «ស្ត្រី​ត្រៀម​យក​បុត្រ អាច​ចាក់​វ៉ាក់សាំង​បាន»

    «ស្ត្រី​ត្រៀម​យក​បុត្រ អាច​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 បាន និង​មិនមាន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះទេ តែ​ផ្ទុយទៅវិញ​សិរី​រា​ង្គ​អាចបង្កើត​អង់​ទីករ​ការពារ​ខ្លួន» នេះ​បើតាម​សម្ដី​របស់​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19។

    ប្រសាសន៍​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នេះ ត្រូវបាន​លើកឡើង​នៅ​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 នេះ។

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពីពេលថ្មីៗនេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា ការចាក់​វ៉ាក់សាំង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ក៏​គួរតែ​ត្រូវបាន​ធ្វើឡើង ដោយសារតែ​ផលប្រយោជន៍​ធំ​ជាង​ហានិភ័យ។

    ការស្រាវជ្រាវ​ដែល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mRNA បានបង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ មាន​អង្គ​ប​ដិ​ប្រាណ​កើតឡើង​បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង ហើយ​អង្គ​ប​ដិ​ប្រាណ​ទាំងនេះ​ពិតជា​ត្រូវបាន​នាំចូល​ទៅតាម​គ្រាប់​ឈាម​ក្នុង​ទងសុក និង​ទឹកដោះ​ម្ដាយ។ ប្រការនេះ​មានន័យថា ការចាក់​វា់ក់​សាំង​មិន​ត្រឹមតែ​ជួយ​ការពារ​សុខភាព​អ្នក​ម្ដាយ​នោះទេ តែ​ក៏​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ផងដែរ៕

  • ប្រទេស​ក្រីក្រ​មាន​សង្ឃឹម​ហើយ! ខឹង Moderna មិន​ព្រម​ចែករំលែក​រូបមន្ត​វ៉ាក់សាំង WHO ក៏​រត់ទៅរក​ក្រុមហ៊ុន​ផលិត​ឱសថ​បសុសត្វ ដើម្បី​ឱ្យជួយ

    ប្រទេស​ក្រីក្រ​មាន​សង្ឃឹម​ហើយ! ខឹង Moderna មិន​ព្រម​ចែករំលែក​រូបមន្ត​វ៉ាក់សាំង WHO ក៏​រត់ទៅរក​ក្រុមហ៊ុន​ផលិត​ឱសថ​បសុសត្វ ដើម្បី​ឱ្យជួយ

    បន្ទាប់ពី​ក្រុមហ៊ុន Moderna បដិសេធ​សំណើ​ចែករំលែក​រូបមន្ត​វ៉ាក់សាំង អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​បង្កើត​គម្រោង​ថ្មី​មួយ​ភ្លាម ដើម្បី​វិភាគ​រូបមន្ត ក៏ដូចជា​បច្ចេកវិទ្យា mRNA ក្នុង​បំណង​បង្កើត​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ដូច​ទៅនឹង​វ៉ាក់សាំង Moderna។

    Afrigen ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​បសុសត្វ នៅ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ នៃ​ ទ្វីបអាហ្វ្រិក បាន​ក្លាយជា​ស្ថាប័ន​ស្នូល​នៅក្នុង​គម្រោង​ដែលមាន​តម្លៃ 100 លាន​ដុល្លារ របស់ WHO។ ការបញ្ជាទិញ​ដែល​ក្រុមហ៊ុន​នេះ​បានទទួល​គឺ ការស្វែងរក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ឱ្យ​ដូច ឬ​ប្រហាក់ប្រហែល​ទៅនឹង​វ៉ាក់សាំង​របស់ Moderna។

    កន្លងមក Afrigen ប្រើប្រាស់​តែ​បច្ចេកវិទ្យា​ប្រពៃណី​ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​បសុសត្វ ប៉ុន្តែ ពួកគេ​បានសម្រេច​ចិត្ត​ទទួលយក​គម្រោង​របស់ WHO។ នាយក​ប្រតិបត្តិ Petro Treblanche បាន​អធិប្បាយ​ថា បន្ទប់ពិសោធន៍​របស់​ក្រុមហ៊ុន ពេលនេះ​ក្លាយទៅជា «សម្បុក​ឃ្មុំ» មួយ ដែល​ជំនាញ​ខាង​ស្រាវជ្រាវ​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA។

    នៅពេល Afrigen វិភាគ​ដឹក​អំពី​ដំណើរការ​ដ៏​ស្មុគស្មាញ​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 របស់ Moderna ពេលនោះ WHO រួម​នឹង​ដៃគូ​មួយចំនួន​នឹង​បន្ត​វិនិយោគ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​បង្រៀន​បច្ចេកវិទ្យា​នេះ​ដល់​បណ្ដា​ប្រទេស។ Martin Friede ដែលជា​មន្ត្រី​ម្នាក់​ទទួលខុសត្រូវ​លើ​គម្រោង​ខាងលើ​របស់ WHO បាន​ហៅ​បន្ទប់ពិសោធន៍​របស់​ក្រុមហ៊ុន Afrigen ថា​ជា «មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​វ៉ាក់សាំង»។

    «ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មកពី​ជុំវិញ​ពិភពលោក​នឹងត្រូវ​បាន​អញ្ជើញ​ឱ្យមក​រៀនសូត្រ​នូវ​ដំណើរការ​ទាំងអស់​ដែល​ទាក់ទង​នឹង​ការផលិត»។

    លោកស្រី Petro Treblanche នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន Afrigen

    Friede សង្ឃឹមថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​ការ​គ្របដណ្ដប់​នៃ​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA នៅ​ទូទាំង​សកលលោក ពោលគឺ​មិនមែន​ត្រឹមតែ​ជាការ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​មួយចំនួន​តូច​នោះទេ។ WHO យកចិត្តទុកដាក់​ជាពិសេស​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៃ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម ជា​ប្រទេស​ដែល​កំពុង​ខ្វះ​វ៉ាក់សាំង​បង្ការ COVID-19 ជាងគេ។

    Moderna កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ទាក់ទង​នឹង​បញ្ហា​ចែករំលែក​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ទៅឱ្យ​ពិភពលោក។ កាលពី​សប្ដាហ៍​មុន តំណាងរាស្ត្រ​មួយចំនួន​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ឈរឈ្មោះ​នៅក្នុង​លិខិត​មួយ ឱ្យដឹងថា ក្រុមហ៊ុន Moderna បានទទួល​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដ៏​ធំ​ពី រដ្ឋាភិបាល​អាម៉េរិក នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង ក្នុងនោះ ការស្រាវជ្រាវ​អំពី​សមាសធាតុ​វ៉ាក់សាំង mRNA បានទទួល​ប្រាក់​យ៉ាងតិច 1 ពាន់​លាន​ដុល្លារ។

    ក្រុមតំណាងរាស្ត្រ​ខាងលើ​យល់ថា រដ្ឋាភិបាល អាច និង​គួរតែ​ប្រើប្រាស់​ការកំណត់​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ Moderna ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​ចែករំលែក​រូបមន្ត​វ៉ាក់សាំង​របស់​ពួកគេ។

    គម្រោង​ដែល WHO ប្រគល់ឱ្យ Afrigen អាច​ចំណាយពេល​ចាប់ពី 3-4 ឆ្នាំ ទើប​អាច​បង្កើតបាន​វ៉ាក់សាំង​បង្ការ COVID-19 «ចម្លង» ពី​គេ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA។ ក្នុងករណី WHO បញ្ចុះបញ្ចូល Moderna បាន​ដោយ​ជោគជ័យ​ទាក់ទង​នឹង​ការចែករំលែក​បច្ចេកវិទ្យា Friede សង្ឃឹមថា បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អាច​នឹង​ផលិត​បាន​វ៉ាក់សាំង​ដំបូង​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ៕

  • រដ្ឋប្រហារ​យោធា​នៅ​ ស៊ូដង់! នាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ច្រើន​រូប​ត្រូវ​​បាន​ឃុំខ្លួន

    រដ្ឋប្រហារ​យោធា​នៅ​ ស៊ូដង់! នាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ច្រើន​រូប​ត្រូវ​​បាន​ឃុំខ្លួន

    កងទ័ព​របស់ ប្រទេស​ស៊ូដង់ ត្រូវបាន​គេ​ជឿថា កំពុង​ឃុំខ្លួន​នាយករដ្ឋមន្ត្រី Hamdok នៅក្នុង​ផ្ទះ និង​ចាប់ខ្លួន​រដ្ឋមន្ត្រី 4 រូប ក្រោយពី​មានការ​ខ្វែងគំនិត​ជាមួយនឹង​អាជ្ញាធរ​ស៊ីវិល​អស់​ជាច្រើន​ខែ។

    នាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​ចាប់ពី​ព្រឹក​នេះ បន្ទាប់ពី​អង្គភាព​មួយ​នៃ​កងទ័ព​បាន​ឡោមព័ទ្ធ​ផ្ទះ​របស់លោក​នៅឯ​រដ្ឋធានី Khartoum។ ទូរទស្សន៍ Al Hadath បាន​រាយការណ៍​ថា ក្រុមមនុស្ស​ដែល​ស្លៀក​ឈុត​ទាហាន និង​ប្រដាប់​ដោយ​អាវុធ ក៏បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​រដ្ឋាភិបាល ក្នុងនោះ​ក៏មាន​ទាំង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់​នាយ​ក​រដ្ឋមន្ត្រី និង​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​អធិបតេយ្យ។

    ក្រសួង​ព័ត៌មាន​របស់ ស៊ូដង់ ក្រោយមក​បានចេញ​ប្រកាស​ទទួល​ថា រដ្ឋមន្ត្រី​ជាច្រើនរូប​ត្រូវបាន «កងកម្លាំង​ចម្រុះ» ចាប់ខ្លួន។ «បន្ទាប់ពី​នាយករដ្ឋមន្ត្រី Hamdok បដិសេធ​មិន​ចូលរួម​ធ្វើ​រដ្ឋប្រហារ អង្គភាព​មួយ​របស់​កងទ័ព បាន​ចាប់ខ្លួន​លោក និង​នាំ​ទៅកាន់​ទីតាំង​អាថ៌កំបាំង» សេចក្ដីប្រកាស មាន​ឃ្លា​មួយ​សរសេរ​ដូច្នេះ។

    ក្រុម​អ្នកយកព័ត៌មាន​របស់ AFP បានឱ្យដឹងថា បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ត្រូវបាន​កាត់ផ្ដាច់​ទូទាំងប្រទេស នៅពេល​មាន​បាតុកម្ម​កើតឡើង​នៅតាម​ដងផ្លូវ​ដើម្បី​ប្រឆាំងនឹង​ទង្វើ​របស់​កងទ័ព។ ទាហាន​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​បណ្ដោយ​ផ្លូវ​ទៅកាន់​រដ្ឋធានី ខណៈ​ទូរទស្សន៍​ជាតិ​កំពុង​ចាក់ផ្សាយ​បទ​ចម្រៀង​ស្នេហា​ជាតិ។

    សមាគម​អ្នកជំនាញ​ស៊ូដង់ ដែលជា​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ បាន​ហៅ​ទង្វើ​របស់​កងទ័ព​ថា​ជា​អំពើ​រដ្ឋប្រហារ​យោធា និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង។

    អស្ថិរភាព​នយោបាយ​បានកើត​ឡើង​នៅ ប្រទេស​ស៊ូដង់ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​បរាជ័យ​មួយ​កាលពី​ខែ​មុន។ កាលណោះ ទាហាន​ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅពេល​ពួកគេ​កំពុង​រក​វិធី​គ្រប់គ្រង​អគារ​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​អគ្គបញ្ជាការដ្ឋាន​កងទ័ព។

    បណ្ដា​ក្រុម​ដែល​គាំទ្រ​ដោយ​កងទ័ព និង​ក្រុម​ស៊ីវិល​គាំទ្រ​ប្រជាធិបតេយ្យ​នៅ ស៊ូដង់ បាន និង​កំពុង​ប្រកួតប្រជែង​គ្នា​ក្នុងការ​ចែករំលែក​អំណាច បន្ទាប់ពី​មេដឹកនាំ​យូរ​ឆ្នាំ Omar al-Bashir ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2019។ Bashir បច្ចុប្បន្ន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ Khartoum និង​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន។

    ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់ កំពុង​ទទួលបន្ទុក​ដឹកនាំ​ប្រទេស ទៅតាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​កងទ័ព និង​កងកម្លាំង​ស៊ីវិល ក្រោយពី Bashir ត្រូវបាន​ផ្ដួលរំលំ។ តាម​គម្រោង ការបោះឆ្នោត​នានា​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ 2024៕