Author: សឿន សំណាង

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 13 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 13 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 12 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 60 នាក់
    – ជាសះស្បើយ​ថ្មី = 65 នាក់
    – ស្លាប់​ថ្មី = 5 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 60 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 53 នាក់
    – អ្នកដំណើរពីបរទេស 07 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,481 នាក់
    – អ្នកជាសះស្បើយ= 115,862 នាក់
    – អ្នកស្លាប់= 2,861 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 253,242,200 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 229,017,400 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,104,500 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 19,120,200 នាក់

  • អាជីវកម្ម​ម៉ាស្សា​នៅ​ កម្ពុជា​ ​ត្រូវបាន​ក្រសួង​​ដាក់​ឱ្យ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ដំណើរការ​រកស៊ី

    អាជីវកម្ម​ម៉ាស្សា​នៅ​ កម្ពុជា​ ​ត្រូវបាន​ក្រសួង​​ដាក់​ឱ្យ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ដំណើរការ​រកស៊ី

    នៅក្នុង​សេចក្ដីសម្រេច ចុះ​ថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2021 ក្រសួងទេសចរណ៍ កំណត់ឱ្យ​បណ្ដា​ទីតាំង​អាជីវកម្ម​ម៉ាស្សា អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 នៅក្នុងពេល​បើកទ្វារ​ទ​ទួល​អតិថិជន។

    សេចក្ដីសម្រេច​ដែល​ស្ដីពី​ការគោរព​តាម​វិធានការ​ការពារ​ការឆ្លង​វីរុស​នេះ ក៏បាន​និយាយ​ដល់​ការលើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់ ការ​កក់​សេវាកម្ម​ជាមុន ការប្រើ​សញ្ញា/កាយវិការ​នៅពេល​មាន​តម្រូវការ​អ្វីមួយ​ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេងខ្លាំងៗ ឬ​ការធ្វើ​តេស្ត​រហ័ស។ល។

    ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីសម្រេច​របស់​ក្រសួងទេសចរណ៍ ដូចខាងក្រោម៖

  • វី​ថី​ជោគជ័យ​ក្នុងការ​រកប្រាក់​របស់​មហាសេដ្ឋី Peter Thiel ដែលជា​អ្នកវិនិយោគដំបូងៗមួយរូប​របស់​ក្រុម​ហ៊ុន​ Facebook

    វី​ថី​ជោគជ័យ​ក្នុងការ​រកប្រាក់​របស់​មហាសេដ្ឋី Peter Thiel ដែលជា​អ្នកវិនិយោគដំបូងៗមួយរូប​របស់​ក្រុម​ហ៊ុន​ Facebook

    ឆ្នាំ 2012 Facebook បាន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​លើកដំបូង (IPO) របស់ខ្លួន ហើយ Thiel ដែល​កាលណោះ​គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល ក៏​រកប្រាក់​បាន​ប្រមាណ 1,000 លាន​ដុល្លារ​ពី​ការលក់​ភាគហ៊ុន។

    Peter Thiel ដែល​កើត​ឆ្នាំ 1967 នៅ​ប្រទេស អាល្លឺម៉ង់ បានរួម​ដំណឹង​ជាមួយ​គ្រួសារ​ទៅកាន់ សហរដ្ឋ​អាម៉េរិក ជា​លើកដំបូង​នៅពេល​មាន​អាយុ​មួយឆ្នាំ។ ប៉ុន្តែ ក្រោយមក ពួកគេ​បានធ្វើ​ដំណើរ​ពាសពេញ​ពិភពលោក មុនពេល​សម្រេច​រស់នៅ​ក្នុង​ទីក្រុង Foster នៅ​ភាគខាងត្បូង San Francisco សហរដ្ឋ​អាម៉េរិក ដែល​កាលណោះ Thiel កំពុង​រៀន​ថ្នាក់​ទី 5។

    Peter Thiel មាន​សញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា និង​ច្បាប់​របស់​សាកលវិទ្យាល័យ Stanford។ កាលពី​នៅ​សិក្សា​នៅទីនេះ លោក​បាន​បង្កើត និង​ក្លាយជា​និពន្ធ​នាយក​របស់​សារព័ត៌មាន The Stanford Review។

    Thiel ក៏​ធ្លាប់ជា​ម្នាក់​ក្នុងចំណោម​កំពូល​អ្នកលេង​អុក​វ័យ​ក្មេង​ដែល​ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​ពិភពលោក និង​ធ្លាប់បាន​ក្លាយជា​កំពូល​អ្នក​លេងអុក​លំដាប់​ខ្ពស់បំផុត​ប្រចាំ សហរដ្ឋ​អាម៉េរិក ផងដែរ។

    មុនពេល​ចូលប្រលូក​ក្នុង​វិស័យ​បច្ចេកវិទ្យា Thiel គឺជា​ជំនួយការ​ម្នាក់​របស់​ចៅក្រម។ លោក​ក៏​ធ្លាប់​ទៅ​សម្ភាស​ដើម្បី​ក្លាយជា​ជំនួយការ​របស់​ចៅក្រម​នៅ​តុលាការ​កំពូល ប៉ុន្តែ​បាន​បរាជ័យ។

    បន្ទាប់មក លោក Thiel ធ្វើជា​មេធាវី​ផ្នែក​មូល​ប​ត្រ​ក្នុង​រយៈពេល 7 ខែ ហើយ​ក្រោយមក​ក៏បាន​ធ្វើ​កិច្ចការ​ដោះដូរ​ពាណិជ្ជក​ម្ម​នៅ​ក្រុមហ៊ុន Credit Suisse។ ការងារ​នេះ​បាន​ជួយ​ឱ្យ Thiel មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សហការ​ជាមួយ Max Levchin បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ PayPal ដែល​ក្រោយមក ក្រុមហ៊ុន​នេះ​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​នឹង​ក្រុមហ៊ុន X.com របស់ Elon Musk មុនពេល​ត្រូវបាន​លក់​ទៅឱ្យ eBay ក្នុងតម្លៃ 1.5 ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ 2002។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី CNet។

    មហា​សេដ្ឋី Peter Thiel (ឆ្វេង) និង​មហា​សេដ្ឋី Elon Musk

    នៅពេល PayPal ត្រូវបាន​លក់​កាលពី​ឆ្នាំ 2002 ភាគហ៊ុន​របស់ Thiel មានតម្លៃ​ប្រហែល 55 លាន​ដុល្លារ។ ខ្ទង់​ប្រាក់​នេះ​ត្រូវបាន​លោក​យកទៅ​បង្កើត​មូលនិធិ​បង្ការ​ហានិភ័យ Clarium Capital។ Clarium ដំបូង​ឡើយ​ទទួលបាន​ជោគជ័យ​ខ្លាំង ប៉ុន្តែ​ក្រោយមក​ក៏បាន​បាត់បង់​ទុន 90% ក្នុង​ឆ្នាំ 2011។

    ឆ្នាំ 2004 Thiel និង Alexander Karp បាន​សហការ​បង្កើត​ក្រុមហ៊ុន Palantir ដោយយោង​ទៅតាម​គំនិត​របស់ Thiel ដែលថា ពួកគេ​នឹង​ប្រើ​កម្មវិធី​កុំព្យូទ័រ​រុករក​ករណី​បន្លំ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​បំណង​ស្វែងរក​សកម្មភាព​ភេរវកម្ម។

    ឆ្នាំ 2004 ដដែល Thiel បាន​ក្លាយជា​អ្នកវិនិយោគ​មកពី​ខាងក្រៅ​របស់ Facebook។ លោក​បាន​វិនិយោគ 500,000 ដុល្លារ​សម្រាប់​ទិញ​ភាគហ៊ុន 10% របស់​ក្រុមហ៊ុន​នេះ ហើយ​ក៏បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល។

    ប្រធាន​ក្រុមហ៊ុន Facebook កាលណោះ​គឺ Sean Parker បាន​ជួប CEO Reid Hoffman របស់ LinkedIn មុន ហើយ Hoffman បាន​ណែនាំ Parker ឱ្យ​ស្គាល់ Thiel។ នៅពេល​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល លោក​ Beter Thiel បាន​ជួយ Mark Zuckerberg ដោយផ្ទាល់​តាមរយៈ​ការសម្រេចចិត្ត​ជាច្រើន​ទាក់ទង​នឹង​ការប្រមូល​ទុន។ ឆ្នាំ 2012 Facebook បាន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​លើកដំបូង (IPO) ហើយ Thiel ក៏​រកប្រាក់​បាន​ប្រមាណ 1,000 លាន​ដុល្លារ​ពី​ការលក់​ភាគហ៊ុន​របស់ខ្លួន។

    ទន្ទឹមនឹង​ការចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់ Facebook លោក Thiel ក៏​បង្កើត​ក្រុមហ៊ុន Founders Fund។ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ជាច្រើន មានដូចជា SpaceX និង Airbnb ។ល។ ក្រៅពីនេះ Thiel ក៏​នៅតែ​ជា​អ្នកវិនិយោគ​ធំ​នៃ​ក្រុមហ៊ុន​ថ្មី​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​ក៏មាន LinkedIn, Yammer និង Yelp ផងដែរ។

    បន្ទាប់មក Thiel ក៏​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ពីរ​ទៀត​គឺ Valar Ventures ដែល​ផ្ដោតទៅលើ​ខ្ទង់​វិនិយោគ​នៅ​ប្រទេស នូ​វែ​ល​សេ​ឡង់ និង Mithril Capital ដែល​បណ្ដាក់ទុន​ទៅក្នុង​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ទាំងឡាយ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​ដំបូង។

    ឆ្នាំ 2011 លោក Thiel បង្កើត The Thiel Fellowship ក្នុង​បំណង​ផ្ដល់ជំនួយ 100,000 ដុល្លារ និង​គាំទ្រ​ពីរ​ឆ្នាំ​ដល់​បេក្ខភាព 20 រូប អាយុ​ក្រោម 20 ឆ្នាំ ដើម្បី​អាចឱ្យ​ពួកគេ​ប្រែក្លាយ​ក្ដី​ស្រមៃ​ទៅជា​ការពិត​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។

    មូលនិធិ​នេះ ត្រូវបាន​បង្កើត​ឡើងទៅ​តាម​គំនិត​របស់ Thiel ដែល​យល់ថា ថ្លៃ​សាលា​នៅ​មហាវិទ្យាល័យ​ខ្ពស់​ខ្លាំង បើ​ធៀប​នឹង​អ្វីដែល​ទទួលបាន ហើយ​អ្នក​ឆ្លាត​វៃ​គួរ​ចាប់ផ្ដើម​ធ្វើការ​ឱ្យបាន​កា​ន់​តែ​ឆាប់ កាន់តែ​ល្អ។

    មិន​ត្រឹមតែ​ជា​អ្នកវិនិយោគ​ដែលមាន​មនោសញ្ចេតនា​ខ្ពស់​នោះទេ ប៉ុន្តែ Peter Thiel ក៏​ជា​ម្ចាស់​ស្នាដៃ​និពន្ធ​នៃ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ឈ្មោះថា Zero to One (ពី​សូន្យ​ដល់​មួយ) ផងដែរ ដែល​វា​ត្រូវបាន​ក្រុម​អ្នករកស៊ី​ថ្មី ចាត់ទុកថា​ជា​សៀវភៅ​ប្រចាំ​ក្បាល​ដំណេក​របស់​ពួកគេ។ យោងតាម​ស្ថិតិ​របស់​ទស្សនាវដ្ដី Forbes មហាសេដ្ឋី Thiel បច្ចុប្បន្ន​មានទ្រព្យ 3.7 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • AstraZeneca ឈប់​លក់​វ៉ាក់សាំង COVID-19 ក្នុង «តម្លៃ​ដើម» ដល់​បណ្ដា​ប្រទេស

    AstraZeneca ឈប់​លក់​វ៉ាក់សាំង COVID-19 ក្នុង «តម្លៃ​ដើម» ដល់​បណ្ដា​ប្រទេស

    ក្រុមហ៊ុន AstraZeneca គ្រោង​នឹង​ប្រមូល «ប្រាក់ចំណេញ​តិចតួច» ពី​កិច្ចសន្យា​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ COVID-19 ថ្មី ជំនួស​ឱ្យ​ការរក្សា​រូបមន្ត «មិន​ស្វែងរក​ប្រាក់ចំណេញ»។

    ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 12 វិច្ចិកា ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អង់គ្លេស-ស៊ុយអែត AstraZeneca បានឱ្យដឹងថា ពួកគេ​កំពុងមាន​គម្រោង​ផ្លាស់ប្ដូរបណ្ដើរៗដើម្បី​រកប្រាក់​ចំណេញ​តិចតួច​នៅពេល​ទទួល​ការបញ្ជាទិញ​វ៉ាក់សាំង​ថ្មី»។ ពួកគេ​បន្តថា ខ្ទង់​ប្រាក់ចំណេញ​តិចតួច​ដែល​បានមកពី​ការលក់​វ៉ាក់សាំង​ក្នុង​ត្រីមាស​ទី​បួន នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប៉ះប៉ូវ​លើ​ខ្ទង់ចំណាយ​ទាក់ទង​នឹង​សមាសធាតុ​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ការទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca លោក Pascal Soriot ​បាន​បញ្ជាក់ថា ពួកគេ​កំពុង​លើកឡើង​នូវ​តម្លៃ​ទាប​សមរម្យ និង​ទៅតាម​កម្រិតផ្សេងៗ អាស្រ័យទៅលើ​លទ្ធភាព​ចំណាយ​របស់​ប្រទេសនីមួយ។ លោក​ថា ប្រភេទ​វ៉ាក់សាំង​បង្ការ COVID-19 ដែល AstraZeneca សហការ​អភិវឌ្ឍ និង​ផលិត​ជាមួយ​សាកលវិទ្យាល័យ Oxford របស់ អង់គ្លេស នឹងមិន​ក្លាយជា «ប្រភព​ចំណូល​ធំ​នោះទេ»។

    ប្រាក់ចំណូល​ពី​វ៉ាក់សាំង​បង្ការ COVID-19 របស់ AstraZeneca ក្នុង​ត្រីមាស​ទី​បី​គឺ 1.1 ពាន់​លាន​ដុល្លារ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង 13 ពាន់​លាន​ដុល្លារ​របស់ Pfizer និង 4.8 ពាន់​លាន​ដុល្លារ​របស់ Moderna។ ក្រុមហ៊ុន​នេះ​ថែមទាំង​បានប្រកាស​អំពី​ខ្ទង់​ខាតបង់ 1.65 ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​បី ធៀប​នឹង​ខ្ទង់​ចំណេញ​ក្រោយ​ពន្ធ 651 លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារតែ​ការបង្កើន​ចំណាយ​ទៅលើ​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាច្រើន រួមទាំង​វិធីសាស្ត្រ​ព្យាបាល​ជំងឺ COVID-19 ផងដែរ។

    AstraZeneca បាន​សន្យា​លក់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម​សម្រាប់​អំឡុង COVID-19 រាតត្បាត​សកល និង​កំពុង​គិតថ្លៃ​ប្រហែល 5 ដុល្លារ​ក្នុង​មួយ​ដូ​ស។ ប៉ុន្តែ លោក Soriot យល់ថា គ្រប់គ្នា​ត្រូវ​ទទួលស្គាល់ថា COVID-19 កំពុងតែ​ក្លាយទៅជា​ជំងឺ​តាម​តំបន់។ យើង​នឹងត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​នេះ មានន័យថា ត្រូវ​ការចាក់​វ៉ាក់សាំង​រំលឹក​ឱ្យបាន​ទៀងទាត់» CEO របស់​ក្រុម​ហ៊ុន​ AstraZeneca ថ្លែង​ដូច្នេះ។

    គិត​ត្រឹម​ចុងខែ​កញ្ញា AstraZeneca បាន​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ជាង 145 លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ពោលគឺ​ស្មើនឹង​​ពាក់​កណ្ដាល​​នៃ​ប្រភព​វ៉ាក់សាំង​របស់ COVAX។ តួលេខ​នេះ​នឹង​កើន​ឡើងដល់ 250 លាន​ដូ​ស​នៅ​ចុងឆ្នាំ​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca ក៏​នៅតែ​សន្យាថា ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម ដល់​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត៕

  • ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ក្នុងអំឡុង​ជិត 600 ឆ្នាំ នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ក្នុងអំឡុង​ជិត 600 ឆ្នាំ នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    ចន្ទ្រគ្រាស​នេះ​នឹង​កើតឡើង​នៅ​ថ្ងៃទី 18 ឬ 19 វិច្ឆិកា ហើយ​អាច​មើលឃើញ​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក រួមមាន ទ្វីប​អាម៉េរិក អូស្ត្រាលី អឺរ៉ុប និង​ទ្វីបអាស៊ី។

    យោងតាម​ស្ថិតិ​នៃ​ការស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក NASA គិតពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2100 ចន្ទ្រគ្រាស​ដែល​នឹង​កើតឡើង​នៅ​សប្ដាហ៍​ក្រោយនេះ​នឹង​ជា​ចន្ទ្រគ្រាស​មួយផ្នែក​ដែល​យូរ​ជាងគេ​បង្អស់​ក្នុង​រយៈពេល​មួយ​សតវត្សរ៍ ដោយ​វា​នឹង​អូស​បន្លាយពេល​រហូតដល់ 3 ម៉ោង 28 នាទី និង 23 វិនាទី។ វា​ក៏​នឹង​យូរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ចន្ទ្រគ្រាស​ទាំងស្រុង​ដែល​យូរ​ជាងគេ​បំផុត​ក្នុង​មួយ​សតវត្សរ៍ ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ 2018 ជាមួយ​ពេលវេលា 1 ម៉ោង និង 43 នាទី។ យោងតាម​ស្ថានីយ​តារាសាស្ត្រ Holcomb នៅ​រដ្ឋ Indiana សហរដ្ឋ​អាម៉េរិក នេះ​ក៏​ជា​ចន្ទ​គ្រាស​មួយផ្នែក​ដែល​យូរ​ជាងគេ​ក្នុងអំឡុង 580 ឆ្នាំ​ផងដែរ។

    ចន្ទ្រគ្រាស​នេះ​នឹង​ចាប់ផ្ដើម​កើតឡើង​នៅវេលា​ម៉ោង 14 និង 19 នាទី ហើយ​ឡើងដល់​កម្រិត​កំពូល​នៅវេលា​ម៉ោង​ប្រហែល 16 រួច​បញ្ចប់​នៅ​ម៉ោង 17 និង 47 នាទី ថ្ងៃទី 19 វិច្ឆិកា (ម៉ោង​នៅ​ភ្នំពេញ)។ ក្នុង​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​លើក​នេះ ស្រមោល​របស់​ផែនដី​នឹង​គ្របដណ្ដប់​លើ​ព្រះ​ចន្ទ​ស្ទើរតែ​ទាំងស្រុង (97%)។

    អ្នក​ដែល​ចូលចិត្ត​វិស័យ​តារាសាស្ត្រ​នៅ​តំបន់​ជាច្រើន​ក្នុង​ទ្វីប​អាម៉េរិក អូស្ត្រាលី ទ្វីបអឺរ៉ុប និង​ទ្វីបអាស៊ី អាច​គយគន់​ចន្ទ្រគ្រាស​លើក​នេះ​នៅ​ថ្ងៃទី 18 វិច្ឆិកា ឬ 19 វិច្ឆិកា ដោយ​ពេលវេលា​ជាក់ស្ដែង​គឺ​អាស្រ័យ​ទៅតាម​តំបន់។

    ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​ទៅដល់​ចន្លោះ​ព្រះអាទិត្យ និង​ព្រះ​ចន្ទ។ ពេលនោះ ស្រមោល​ផែនដី​នឹង​ជះ​ទៅលើ​ព្រះ​ចន្ទ។ ផែនដី​អាច​បាំង​ពន្លឺព្រះអាទិត្យ​ដែល​ចាំង​ទៅលើ​ព្រះ​ចន្ទ​មួយផ្នែក ឬ​ទាំងស្រុង ដែល​បណ្ដាលឱ្យ​ផ្ទៃ​ព្រះ​ចន្ទ​ត្រូវ​ងងឹត៕

  • រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ពលរដ្ឋ​ដែល​ត្រៀម​រៀប​អាពាហ៍ពិពាហ៍ អញ្ជើញ​ភ្ញៀវ​តិច ឬ​ច្រើន ទៅតាម​លទ្ធភាព

    រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ពលរដ្ឋ​ដែល​ត្រៀម​រៀប​អាពាហ៍ពិពាហ៍ អញ្ជើញ​ភ្ញៀវ​តិច ឬ​ច្រើន ទៅតាម​លទ្ធភាព

    នៅក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នា​ល្ងាច​ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដែល​ត្រៀម​ធ្វើ​ពិធី​រៀប​មង្គលការ អញ្ជើញ​ភ្ញៀវ​ទៅតាម​លទ្ធភាព ពោល​គឺអាច​អញ្ជើញ​ដល់​រាប់ពាន់នាក់។

    រាជរដ្ឋាភិបាល​លុបចោល​ការកំណត់​ទៅលើ​ចំនួន​មនុស្ស​ដែល​បាន​ដាក់ចេញ​កន្លងមក ហើយ​ប្រជាពលរដ្ឋ​អាច​រៀបចំ​អាពាហ៍ពិពាហ៍​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព។ ប៉ុន្តែ សម្ដេច បញ្ជាក់ថា ចំនួន​ភ្ញៀវ​ត្រូវ​កំណត់​ទៅតាម​ទំហំ​នៃ​ទីតាំង​ប្រារព្ធ​ពិធីនីមួយ។

    សម្ដេច បន្ថែមថា កម្មវិធី​ទទួលភ្ញៀវ​មក​ចូលរួម​ជប់លៀង​អាពាហ៍ពិពាហ៍ មួយ​តុ​ត្រូវ​កំណត់​យក​ត្រឹម 7 នាក់ និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​តឹងរ៉ឹង មានដូចជា ការរក្សា​គម្លាត ការពាក់​ម៉ាស ការបាញ់​អាល់កុល ការ​វាស់​កម្ដៅ។ល។

    ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមគ្រួសារ​ដែលជា​ម្ចាស់​ពិធី​អាពាហ៍ពិពាហ៍ អញ្ជើញ​តែ​ភ្ញៀ​ង​​ទាំង​ឡាយ​ណា​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់  ព្រោះថា បើសិនជា​ក្នុង​ពិធី​រៀបការ​នោះ មាន​វត្តមាន​របស់​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​ដោយសារ​ការ​គេចវេះ នោះ​អាចជា​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​វីរុស COVID-19។

    ការសម្រេច​ខាងលើនេះ មិនមែន​អនុវត្ត​ត្រឹមតែ​ពិធី​រៀប​មង្គលការ​នោះទេ ប៉ុន្តែ​ក៏​អនុវត្ត​ចំពោះ​រាល់​ព្រឹត្តិការណ៍ និង​ពិធី​នានា រួមទាំង​ពិធី​សាសនា​ផងដែរ៕

  • ទីក្រុង «10 នាទី» ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ នៅក្នុង​រដ្ឋធានី សេ​អ៊ូ​ល

    ទីក្រុង «10 នាទី» ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ នៅក្នុង​រដ្ឋធានី សេ​អ៊ូ​ល

    (កូរ៉េខាងត្បូង)-ក្រុម​ស្ថាបត្យករ​នឹង​សាងសង់​ទីក្រុង​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ថាមពល​ស្អាត អនុញ្ញាតឱ្យ​ប្រជាជន​ផ្លាស់​ទី​ទៅគ្រប់​កន្លង​ក្នុង​រង្វង់ 10 នាទី។

    មុននេះ គំនិត​ស្ដីពី «ទីក្រុង 15 នាទី» ក្នុងនោះ ប្រជាជន​អាចធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ និង​កន្លែង​លេង​កម្សាន្ត​ដោយ​ចំណាយពេល​ដើរ ឬ​ធ្វើដំណើរ​តាម​យានយន្ត​តែ 15 នាទី ពី​ផ្ទះ​របស់​ពួកគេ កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​នៅក្នុង​សម័យ COVID-19។ ពេលនេះ ក្រុម​ស្ថាបត្យករ​កំពុងតែ​រៀបចំ​គម្រោង​សាងសង់​ទីក្រុង​មួយ​ដែល​ប្រកបដោយ​មហិច្ឆតា​ធំ​ជាង​នេះ​នៅ​ទីក្រុង សេ​អ៊ូ​ល របស់ កូរ៉េខាងត្បូង នោះ​គឺ «ទីក្រុង 10 នាទី»។

    គម្រោង​ដែលមាន​ឈ្មោះថា «គម្រោង H1» នេះ នឹង​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ចាស់ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ​ដែល​ត​ភ្ជាប់​គ្នា។ គម្រោង​នេះ​នឹងមាន​អគារ​ស្នាក់នៅ​ខ្ពស់​ចំនួន​ 8 និង​មាន​​ការិយាល័យ សាលារៀន សួន​កម្សាន្ត មជ្ឈមណ្ឌល​កីឡា អាង​ហែល​ទឹក និង​កសិដ្ឋាន​ដាំ​បន្លែ​លើទឹក (hydroponic farm) ជាដើម នៅលើ​ផ្ទៃដី​ទំហំ 50.5 ហិកតា។

    ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម UNStudio របស់​ប្រទេស ហូ​ឡង់ និង​មានការ​វិនិយោគ​ពី​ក្រុមហ៊ុន​អភិវឌ្ឍ Hyundai គម្រោង​នេះ​នឹង​ក្លាយជា​ទីក្រុង​បង្រួម​តូច​ដែល​មិនមាន​វត្តមាន​របស់រ​ថយ​ន្ត។ គ្រប់​ទីតាំង​ផ្ដល់​សេវាកម្ម និង​ទំនិញ សុទ្ធ​តែមាន​ចម្ងាយ​ពី​លំនៅឋាន​របស់​ប្រជាជន​ប្រមាណ​តែ 10 នាទី​ប៉ុណ្ណោះ។

    Ben van Berkel សហ​ស្ថាបនិក​របស់ UNStudio បានឱ្យដឹងថា ទីក្រុង​នេះ​ផ្ដោត​សំខាន់​ទៅលើ​ផាសុកភាព​នៃ​ការរស់នៅ និង​ពេលវេលា​ធ្វើដំណើរ​របស់​ប្រជាជន។

    អ្នកនាំពាក្យ​មួយរូប​របស់ UNStudio បាន​បញ្ជាក់ថា គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​រួចហើយ​សម្រាប់​ការសាងសង់។ ក្រុម​វិស្វករ​ឱ្យដឹងថា ថាមពល​ស្អាត​នឹងត្រូវ​បាន​ផលិត​នៅនឹងកន្លែង។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​ប្រមូល និង​រក្សាទុក​ទឹកភ្លៀង​ក៏ត្រូវ​បាន​រចនា​ជាពិសេស​ដើម្បី​ជួយ​បន្ថែម​ប្រភព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ៕

  • ស្ថាបនិក​របស់ WikiLeaks ត្រូវបាន​អនុញ្ញាតឱ្យ​រៀបការ​ក្នុង​ពន្ធនាគារ

    ស្ថាបនិក​របស់ WikiLeaks ត្រូវបាន​អនុញ្ញាតឱ្យ​រៀបការ​ក្នុង​ពន្ធនាគារ

    Julian Assange ដែលជា​ស្ថាបនិក​របស់​គេហទំព័រ WikiLeaks ត្រូវបាន​ក្រុមមន្ត្រី​នៃ​ប្រទេស​អង់គ្លេស អនុញ្ញាត​ឱ្យធ្វើ​ពិធី​រៀបការ​ជាមួយ​មិត្តស្រី Stella Morris នៅក្នុង​ពន្ធនាគារ Belmarsh។

    «ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត និង​មាន​សង្ឃឹមថា អាពាហ៍ពិពាហ៍​របស់​ពួកយើង​នឹងមិន​ជួប​ឧបសគ្គ​អ្វី​ទៀត​ទេ» Stella Morris បាន​ប្រាប់​សារព័ត៌មាន PA របស់ អង់គ្លេស កាលពី​ថ្ងៃទី 11 វិច្ឆិកា។

    អ្នកនាំពាក្យ​នៃ​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ​របស់ អង់គ្លេស ឱ្យដឹងថា លិខិត​ស្នើសុំ​រៀបការ​ក្នុង​ពន្ធនាគារ​របស់​ស្ថាបនិក WikiLeaks ត្រូវបាន​ទទួលយក និង​ចាត់ការ​ដូច​ករណី​ធម្មតា។ Morris មិនទាន់​ប្រកាស​ថ្ងៃ​រៀប​មង្គលការ​នៅឡើយ។

    Assange និង Morris បាន​ស្គាល់គ្នា​ក្នុងអំឡុង​ស្ថាបនិក WikiLeaks កំពុង​ជ្រកកោន​នៅក្នុង​ស្ថានទូត​ប្រទេស​អេ​ក្វា​ឌ័​រ នៅ​ទីក្រុង​ឡុង​ដ៍។ ពួកគេ​មានកូន​ពីរ​នាក់​ដែល​សុទ្ធ​តែមាន​សញ្ញា​អង់គ្លេស។

    Assange បាន​លាក់ខ្លួន​ក្នុង​ស្ថានទូត អេ​ក្វា​ឌ័​រ នៅ​ទីក្រុង​ឡុង​ដ៍​អស់​រយៈពេល 5 ឆ្នាំ ដើម្បី​គេច​ពី​ដីកា​ធ្វើ​បត្យាប័ន​ត្រលប់​ទៅកាន់​ប្រទេស​ស៊ុយអែត ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ។ Assange យល់ថា រឿងក្ដី​នេះ​គឺ​គ្រាន់តែ​ជាការ​បិទបាំង​ដើម្បី​អាច​នាំខ្លួន​លោក​ទៅ​ទទួលទោស​នៅ សហរដ្ឋ​អាម៉េរិក ប៉ុណ្ណោះ ទាក់ទិន​នឹង​សកម្មភាព​កាលពី​ច្រើន​ឆ្នាំមុន​របស់ WikiLeaks។

    តុលាការ​របស់ អង់គ្លេស កាលពី​ខែមករា បាន​បដិសេធ​សំណើ​របស់ សហរដ្ឋ​អាម៉េរិក ដែល​ចង់​នាំខ្លួន Assange ទៅ​កាត់ទោស។ បច្ចុប្បន្ន Assange កំពុង​រង់ចាំ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 12 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 12 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 11 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 63 នាក់
    – ជាសះស្បើយ​ថ្មី = 67 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 63 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 55 នាក់
    – អ្នកដំណើរពីបរទេស 08 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,421 នាក់
    – អ្នកជាសះស្បើយ= 115,797 នាក់
    – អ្នកស្លាប់= 2,856 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 252,651,600 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 228,575,300 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,095,600 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,980,600 នាក់

  • តាក់ស៊ី​ហោះ​របស់ Hyundai អាច​ដឹក​ភ្ញៀវ​ចាប់ពី​ឆ្នាំ 2028

    តាក់ស៊ី​ហោះ​របស់ Hyundai អាច​ដឹក​ភ្ញៀវ​ចាប់ពី​ឆ្នាំ 2028

    ក្រុមហ៊ុន Hyundai កាលពី​ថ្ងៃទី 9 វិច្ឆិកា បានប្រកាស​អំពី​គម្រោង​អភិវឌ្ឍ​តាក់ស៊ី​ហោះ​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត 5 កៅអី របស់ខ្លួន ដែល​អាច​ចាប់ផ្ដើម​ការហោះហើរ​ពី​ឆ្នាំ 2028។

    ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ទីក្រុង Seoul បាន​ប្ដូរ​ឈ្មោះ​ផ្នែក​ដឹកជញ្ជូន​ផ្លូវអាកាស​ទៅជា​ក្រុមហ៊ុន​ថ្មី​ដែលមាន​ឈ្មោះថា Supernal។ ក្រុមហ៊ុន Hyundai បានបង្ហាញ​តាក់ស៊ី​ហោះ​ដំបូង​របស់ខ្លួន​ដែលមាន​ឈ្មោះថា S-A1 នៅឯ​ព្រឹត្តិការណ៍​ពិព័រណ៍ CES នៅ Las Vegas កាលពី​ឆ្នាំមុន។ កាលណោះ ពួកគេ​ក៏បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​សហការ​ជាមួយ Uber ផងដែរ។

    ម៉ូ​ដែល​តាក់ស៊ី​ហោះ​របស់ Hyundai នឹង​បំពាក់​ប្រព័ន្ធ​អាគុយ​អ៊ីដ្រូសែន។ ពួកគេ​ក៏​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អាគុយ lithium ដែល​អាច​ផ្ទុក​ថាមពល​បាន​ខ្ពស់​ផងដែរ។ S-A1 នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​ទាំងស្រុង​នាពេល​អនាគត។

    តាក់ស៊ី​ហោះ​នេះ​មាន​ស្លាប​កង្ហារ​ចំនួន 12 និង​អាច​ដឹក​មនុ​ស្សបាន 5 នាក់ ហោះហើរ​ក្នុង​ល្បឿន 290 គីឡូម៉ែត្រ/​ម៉ោង អាច​ហោះ​បាន 96.5 គីឡូម៉ែត្រ/លើក និង​កម្ពស់ 600 ម៉ែត្រ។

    យោងតាម Hyundai និង Supernal អតិថិជន​នឹង​ប្រើប្រាស់​កម្មវិធី​ដូច​ទៅនឹង Uber, Lyft និង Bolt ដើម្បី​បង្កើត​គម្រោង​ដំណើរ​ពី​ផ្ទះ​របស់​អ្នកដំណើរ ទៅកាន់​គោលដៅ​របស់​ពួកគេ។

    Hyundai និង Supernal បាន​សហការ​ជាមួយ​ក្រុមហ៊ុន Urban-Air Port ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​តាក់ស៊ី​ហោះ​ចុះចត និង​ហោះ​ឡើង​ត្រង់ នៅ​ជុំវិញ​ពិភពលោក៕