Author: សឿន សំណាង

  • កម្ពុជា ចាត់វិធានការ​បិទ​ខ្ទប់​​គេហ​ទំព័រ​​ចំនួន​ 79 ដោយសារ​ផ្ដល់​សេវា​មិន​ស្របច្បាប់

    កម្ពុជា ចាត់វិធានការ​បិទ​ខ្ទប់​​គេហ​ទំព័រ​​ចំនួន​ 79 ដោយសារ​ផ្ដល់​សេវា​មិន​ស្របច្បាប់

    គេហទំព័រ​ចំនួន 79 ត្រូវបាន​អាជ្ញាធរ កម្ពុជា សម្រេច​បិទ​ខ្ទប់ ក្រោយពី​បាន​រកឃើញថា ពួកគេ​បាន​ប្រតិបត្តិការ និង​ផ្ដល់​សេវា​លេងល្បែង​ស៊ីសង​ខុសច្បាប់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​នៅ កម្ពុជា។

    ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​កិច្ចសហការ​រវាង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (ន.ទ.ក) និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា។

    ន.ទ.ក ក៏បាន​អំពាវនាវ​ឱ្យមាន​ការរាយការណ៍​ដ​ល់​អាជ្ញាធរ​ផងដែរ នូវ​គេហទំព័រ​ទាំងឡាយណា​ដែល​រកស៊ី​ខាង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ កម្ពុជា តាមរយៈ​ទូរស័ព្ទ 6789 ឬ​បណ្ដាញ​សង្គម Facebook ៖ «និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា-Telecommunication Regulator of Cambodia»។

  • មហាសេដ្ឋី​ម្នាក់​ដែល​មិន​សប្បាយ​ចិត្តនឹង​ប្រាក់ មាន​គម្រោង​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន ស្ទើរតែ​ទាំងអស់

    មហាសេដ្ឋី​ម្នាក់​ដែល​មិន​សប្បាយ​ចិត្តនឹង​ប្រាក់ មាន​គម្រោង​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន ស្ទើរតែ​ទាំងអស់

    មហាសេដ្ឋី Green មានបំណង​បរិច្ចាគ​ប្រាក់​ចំនួន 90% ក្នុងចំណោម​ទ្រព្យ​តម្លៃ 6 ពាន់​លាន​ដុល្លារ​របស់ខ្លួន ដោយ​យល់ឃើញថា ប្រាក់​មិនអាច​ទិញ​សុភមង្គល ប៉ុន្តែ​អាចជួយ​ដល់​មនុស្ស​គ្រប់រូប។

    «ខ្ញុំ​នឹង​បរិច្ចាគ​មួយចំណែក​ធំ​នៃ​ទ្រព្យ​របស់ខ្ញុំ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ នៅមុន ឬ​បន្ទាប់ពី​ខ្ញុំ​បាន​ស្លាប់។ គោលដៅ​របស់ខ្ញុំ​គឺ​ការបរិច្ចាគ​ទ្រព្យ​ជាង 90%។ ប៉ុន្តែ ខ្ញុំ​ក៏​នឹងត្រូវ​ការចំណាយ​ពេលវេលា ដែលជា​របស់​មានតម្លៃ​បំផុត​សម្រាប់​ខ្ញុំ ដើម្បី​បែងចែក​ខ្ទង់​ប្រាក់​សម្រាប់​កិច្ចការ​មនុស្សធម៌​ទាំងនោះ​ឱ្យបាន​សមស្រប» មហាសេដ្ឋី​បច្ចេកវិទ្យា Jeff T. Green បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 16 វិច្ឆិកា។

    លោក Green អាយុ 44 ឆ្នាំ បាន​បញ្ជាក់ថា លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គំនិត​ផ្ដួចផ្ដើម «The Giving Pledge» ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Warren Buffett រួម​នឹង​លោក Bill Gates និង​អតីត​ភរិយា Melinda។ កិច្ចព្រមព្រៀង​នេះ បាន​ចែក​ថា Green សន្យាថា នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​របស់ខ្លួន។ មហាសេដ្ឋី​រាប់​រាយ​នាក់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ «The Giving Pledge»។

    មហាសេដ្ឋី Green គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា The Trade Desk

    ប្រាក់​មិនអាច​ទិញ​បាន​សុភមង្គល។ ប្រាក់​អាច​ទិញ​របស់​ដែល​ជួយ​ឱ្យ​ជីវភាព​បាន​ស្រណុក​កាយ​ជាង​មុន ប៉ុន្តែ​របស់​ទាំងនោះ រួម​នឹង​អារម្មណ៍​ស្រណុក​កាយ​ទាំងនោះ មិន​ស្ថិតនៅ​យូរ​ឡើយ» មហាសេដ្ឋី ជនជាតិ​អាម៉េរិក រូបនេះ ចែករំលែក​អំពី​ការយល់ឃើញ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស។

    យ៉ាងនេះ​ក្ដី លោក Green យល់ថា ប្រាក់​នាំមក​នូវ​ថាមពល​យ៉ាង​ខ្លាំងក្លា​សម្រាប់​ការផ្លាស់ប្ដូរ បើសិន​ត្រូវបាន​ប្រើប្រាស់​ចំពេល និង​ត្រូវបាន​តម្រង់​ទិសដៅ​ដោយ​ក្រុមមនុស្ស​សមស្រប។

    មហាសេដ្ឋី Green គឺជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា The Trade Desk។ យោងតាម Forbes លោក Green បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ 6 ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​រូបនេះ ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​ទី 253 ក្នុងចំណោម​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក៕

  • សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ឈ្នះ​ពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជា​ពានរង្វាន់​កិច្ចការងារ​សង្គម​ឆ្នើម​ដាច់​គេ​ក្នុងប្រទេស​កម្ពុជា នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021

    សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ឈ្នះ​ពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជា​ពានរង្វាន់​កិច្ចការងារ​សង្គម​ឆ្នើម​ដាច់​គេ​ក្នុងប្រទេស​កម្ពុជា នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021

    [រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១] ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជាពហុក្រុមហ៊ុ​ន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជា ម្ចាស់​ជ័យលាភី​មាស​នៃ​កម្មវិធី​ពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជា​ពានរង្វាន់​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​ធ្វើ​កិច្ចការងារ​សង្គម​ឆ្នើម​ដាច់​គេ​ក្នុងប្រទេស​កម្ពុជា នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក​ប្រចាំឆ្នាំ២០២១ ស្តីពី​ក្រុមហ៊ុន​ដែល​ទទួលខុស​ត្រូវធ្វើ​កិច្ចការងារ​សង្គម The Global CSR Awards 2021 ក្នុង​ឆ្នាំ​ទី១៣នេះ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ត្រូវបាន​ជ្រើសរើស​ពី​ក្នុងចំណោម​ក្រុមហ៊ុនល្អៗដាច់​គេ​មួយចំនួន​មកពី​អាស៊ី អារ៉ាប់​រួម និង​អឺរ៉ុប​ផងដែរ។

    ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021នេះ គឺជា​កម្មវិធី​ពានរង្វាន់​ដែលមាន​ការទទួលស្គាល់​ដ៏​មាន​កិត្យានុភាព​បំផុត​ក្នុង​តំបន់​អាស៊ី​ចំពោះ​ក្រុមហ៊ុន​ដែល​មានការ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម និង​អភិបាលកិច្ច​ល្អ។ កម្មវិធី​នេះ​មានការ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​ក្រុមហ៊ុន​ជាច្រើន​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ក្នុងការ​អនុវត្ត​ទៅលើ​គំនិត​ច្នៃប្រឌិត និង​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក សេវាកម្ម គម្រោង និង​កម្មវិធី​នានា​ទោះបីជា​បានធ្វើ​ក្នុង​អតីតកាល ក៏ដូចជា​ពេលបច្ចុប្បន្ន​ក៏ដោយ។ គម្រោង​ទាំងនេះ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​រួមបញ្ចូល​នូវ​គុណ​តម្លៃ​សីលធម៌ ការអនុលោម​ទៅតាម​ច្បាប់ និង​ការគោរព​គ្នា​ទៅវិញទៅមក សហគមន៍ និង​បរិស្ថាន​តាមរបៀប​ដែល​ពួកគេ​ប្រកប​អាជីវកម្ម។

    នៅ​ឆ្នាំនេះ អ្នកចូលរួម​ជាង ៣៥០នាក់ បាន​អញ្ជើញ​មកពី​ជាង១០០ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក ហើយ​ក្រុមហ៊ុន​ដែល បានជ្រើសរើស​នៅ​វគ្គ​ចុងក្រោយ​ចំនួន៥០ក្រុមហ៊ុន ដែល​ត្រូវបាន​គណៈកម្មការ​វិនិច្ឆ័យ​ទទួលស្គាល់​ជា​ស្ថាប័ន​ដែលមាន​កម្មវិធី​ទំនួល​ខុសត្រូវ​ដ៏​មុតមាំ​ចំពោះ​សហគមន៍​នៅក្នុង​ឆ្នាំ​ទី២ នា​សម័យ​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ-១៩នេះ​ផងដែរ។

    លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប​បាន​មានប្រសាសន៍ថា “ព្រី​នស៍ គ្រុប មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​ទទួលបាន​នូវ​ការទទួលស្គាល់​ពី​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021 ដោយបាន​បញ្ជាក់​ពី​ការរួមចំណែក​របស់​ពួកយើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ចំពោះ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បន្តទៀតថា “ព្រី​នស៍ គ្រុប និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​យើង នឹង​បន្ត​ធ្វើការ​ជាមួយ​មូលនិធិ​ព្រី​នស៍ ដែលជា​ដៃគូ​ផ្នែក​សប្បុរសធម៌​របស់​យើង ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ដទៃទៀត រួមមាន​ក្រសួង និង​អង្គការក្រៅរដ្ឋាភិបាល​នានា ដើម្បី​បង្កើត​នូវ​ភាពល្អប្រសើរ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។

    លោក Tan ក៏ត្រូវ​បាន​អញ្ជើញ​សម្រាប់​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៃ​ដំណើរការ​ស្តារឡើងវិញ​របស់​ប្រទេស​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​កំពូល Annual Global CSR Summit លើក​ទី១២ និង​ទី១៣ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​តែមួយ នៃ​ការប្រកាស​ពានរង្វាន់​នេះ​ផងដែរ។ ក្នុងនោះដែរ ក៏មាន​វាគ្មិន​ដទៃទៀត​ដែល​អ្នកជំនាញ​ដឹកនាំ​ការគិត​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​ក្នុង​តំបន់​ដូចជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​Ocean Recovery Alliance គឺ​លោក​Doug Woodring ដែល​គាត់​ជា​អ្នកដឹកនាំ​ផ្នែក និរន្តរភាព​នៅ ក្រុមហ៊ុន​Schneider Electric (អាស៊ី​ខាងត្បូង) ក្រុមហ៊ុន Infosys និង​ក្រុមហ៊ុន Bridgestone Asia Pacific ។

    ស្ថានភាព​នៅ​កម្ពុជា​បាន​ស្ទុះ​ងើប​ឡើងវិញ​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការឆ្លង​មេរោគ​កូ​វីដ-១៩ នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​មកនេះ។ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប បានរួម​ចំណែក​យ៉ាងសកម្ម​តាមរយៈ​ការទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ-១៩ចំនួន១លាន​ដូ​ស និង​ការបរិច្ចាគ​ដែលមាន​ទឹកប្រាក់​ប្រមាណ៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត ព្រមទាំង​ការផ្តល់ជូន អាហារូបករណ៍ Chen Zhi ដែល​ផ្តល់ជូន​ជា​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស ដែល​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​លំបាក និង​ជាការ​សន្យា​ក្នុងការ​កែប្រែ​ជីវភាព​របស់​ពួកគេ។ អាហារូបករណ៍​នេះ នឹង​ផ្តល់ជូន​សិស្ស​ចំនួន៤០០នាក់ នៅតាម​សាកលវិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​នៃ​ការបញ្ចប់​ការសិក្សា​សរុប៧ឆ្នាំ។ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ គ្រុប​នឹង​រួមចំណែក​បង់ថ្លៃ​សិក្សា​ពេញលេញ ជាមួយនិង​ប្រាក់ឧបត្ថម្ភ​សរុប​ជា​ទឹកប្រាក់​ប្រមាណ ២លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    គួរបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​ពានរង្វាន់​លំដាប់​អន្តរជាតិ​ទី៨ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​ទទួលបាន​ក្នុងឆ្នាំនេះ ដែល​ទាំងនេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឆ្ពោះទៅរក​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ។ រហូតមកដល់​ពេលនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់​ជា​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​ធុរកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ២០២១ ដែល​នេះ​ជា​ព្រឹត្តិការ​ពានរង្វាន់​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី៨ របស់ Asia-Pacific Stevie Awards ហើយ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​ទទួលស្គាល់ថា​ជា​សហគ្រាស​ដែល​បង្ហាញ​ពី​ភាពជា​សហគ្រិន​ដ៏​មាន​ទំនួល​ខុសត្រូវ នៅក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អាស៊ី​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុង​រយៈពេល៥ឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​បាន​បណ្តាក់ទុន​ប្រមាណ​ជាង 3ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ចប់

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន  ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង បម្រើសេវា​អតិថិជន។

    អាជីវកម្មសំខាន់ៗរបស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​នៅ​កម្ពុជា រួមមាន​ក្រុមហ៊ុន​Prince Real Estate Group ក្រុមហ៊ុន​Prince Huan Yu Real Estate Group ធនាគារ​Prince Bank ក្រុមហ៊ុន​អាកាសចរណ៍​Cambodia Airways ក្រុមហ៊ុន​Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន​Awesome Global Investment Group។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​មាន​អាជីវកម្ម​ប្រមាណ​ជាង៨០នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ដែល​កើតចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប បាន​កសាង​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជាក់ស្តែង សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប កំពុងតែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​និង​លំនៅដ្ឋាន ទីក្រុង​រាម នាពេលខាង​មុខ​ដែល​នឹង​ក្លាយជា​គម្រោង អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុងនោះដែរ​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​មាន​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន១៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​តំបន់​ទាំងមូល។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ     រយៈពេល១០នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែល​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការស្តារ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ផងដែរ។

    សម្រាប់​ការសាកសួរ​ព័ត៌មានផ្សេងៗអំពី​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប សូម​ទំនាក់ទំនង​ទៅកាន់៖
    កញ្ញា ​ចាន់ សុ​ម៉ាល្លី​ស
    Two Way Public Relations
    ទូរ​សព្ទ​លេខ៖ +៨៥៥ ៦៩៥៣៣ ៣៣២
    អ៊ី​ម៉ែ​ល​៖ [email protected]

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 51 នាក់ទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ជិត​ 30,000​ នាក់​

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 51 នាក់ទៀត ខណៈ​ពិភព​លោក​រក​ឃើញ​ជិត​ 30,000​ នាក់​

    តួលេខ​នៃ​ករណី​​ COVID-19 ថ្មី​នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​នៃ​ថ្ងៃទី 16 វិច្ឆិកា 2021​៖
    – ករណី​ឆ្លង​ថ្មី​ = 51 នាក់​
    – ករណី​ជាសះស្បើយ​ = 48 នាក់​
    – ករណី​ស្លាប់​ = 5 នាក់​

    ក្នុងចំណោម​ករណី​ឆ្លង​ថ្មីទាំង​ 51 នាក់​ រួម​មាន​៖
    – ករណីឆ្លងសហគមន៍ 46 នាក់
    – អ្នកដំណើរពីបរទេស 05 នាក់

    គិតត្រឹមព្រឹក ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​នៅ កម្ពុជា​ រួម​មាន​៖
    – អ្នកឆ្លងសរុប= 119,687 នាក់
    – អ្នកជាសះស្បើយ= 116,072 នាក់
    – អ្នកស្លាប់= 2,881 នាក់

    នៅ​ទូទាំង​ពិភពលោក​ ករណី​ COVID-19 សរុប​ រួម​មាន​៖ 
    – អ្នកឆ្លងសរុប= 255,099,507 នាក់
    – អ្នកជាសះស្បើយ= 230,610,447 នាក់
    – អ្នកស្លាប់= 5,129,835 នាក់
    – កំពុង​ព្យាបាល​ = 19,359,225

  • រាជរដ្ឋាភិបាល ត្រៀម​ទទួលយក​ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ កម្ពុជា

    រាជរដ្ឋាភិបាល ត្រៀម​ទទួលយក​ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ កម្ពុជា

    រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​ទទួលយក ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលជា​បុគ្គលិក​​អង្គការ​​មូលនិធិ​អាស៊ី និង​ក្រុមគ្រួសារ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង ប្រទេស​កម្ពុជា។

    យោងតាម​សេចក្ដីសម្រេច​ដែល​បាន​ចុះ​ថ្ងៃទី 15 វិច្ឆិកា 2021 «គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ទទួលយក ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលជា​បុគ្គលិក​អង្គការ​មូលនិធិ​អាស៊ី និង​ក្រុមគ្រួសារ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងប្រទេស​កម្ពុជា» នេះ នឹង​ត្រូវបាន​ដឹកនាំ​ដោយ ឯកឧត្ដម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម៖

  • (វីដេអូ)-កំពូល​មនុស្ស (Superman) ចេញមុខ​ជួយ​លើកទឹកចិត្ត​ដល់​កុមារ​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ សហរដ្ឋ​អាម៉េរិក

    (វីដេអូ)-កំពូល​មនុស្ស (Superman) ចេញមុខ​ជួយ​លើកទឹកចិត្ត​ដល់​កុមារ​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ សហរដ្ឋ​អាម៉េរិក

    អ្នកស្ម័គ្រចិត្ត និង​ក្រុម​វេជ្ជបណ្ឌិត​នៅ សហរដ្ឋ​អាម៉េរិក ស្លៀកពាក់​ឈុត Superman ដើម្បី​ជួយ​ឱ្យក្មេងៗដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 លែងមាន​ការភ័យខ្លាច។

    ស្ថានីយ​វិទ្យុ RT (រុស្ស៊ី) បាន​រាយការណ៍​ថា ក្មេង​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ប្រមាណ 2,000 នាក់ បានមក​កាន់​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​នៅក្នុង​តំបន់ Lansdale នៃ​រដ្ឋ Pennsylvania សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 14 វិច្ឆិកា។

    ខាងក្រោម​នេះ​គឺជា​វីដេអូ ស្ដីពី​ក្រុម​អ្នកស្ម័គ្រចិត្ត​ស្លៀកពាក់​ឈុត Superman ចេញមុខ​លើកទឹកចិត្ត​កុមារ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង COVID-19។

    https://www.youtube.com/watch?v=NrjejBYk5c0

    អាណាព្យាបាល​មួយរូប​ថ្លែងថា៖ «ខ្ញុំ​ដឹងថា ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នឹង​ជួយ​ឱ្យ​យើង​បោះជំហាន​ទៅមុខ និង​ឆ្លង​ផុត​ជំងឺ​រាតត្បាត។ ក្រុម​អ្នកស្ម័គ្រចិត្ត​នៅទីនេះ​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់ក្មេងៗ ពួកគេ​កំពុង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ»។

    សហរដ្ឋ​អាម៉េរិក បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​កុមារ ចាប់ពី​ថ្ងៃទី 2 វិច្ឆិកា 2021។ គិត​មកដល់​បច្ចុប្បន្ន កុមារ​ប្រមាណ 900,000 នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ​រួចរាល់​ហើយ៕

  • ប្រទេស​ចំនួន 95 នឹងមាន​សិទ្ធិ​ផលិត​ឱសថ​ព្យាបាល​ជំងឺ COVID-19 របស់ Pfizer

    ប្រទេស​ចំនួន 95 នឹងមាន​សិទ្ធិ​ផលិត​ឱសថ​ព្យាបាល​ជំងឺ COVID-19 របស់ Pfizer

    ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer បានប្រកាសថា នឹង​ផ្ដល់​ការអនុញ្ញាតឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន 95 ផលិត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដែល​ក្រុមហ៊ុន​កំពុង​រង់ចាំ​ការអនុម័ត​ពី អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

    ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ រវាង Pfizer និង​អង្គការ​ប៉ាតង់​ឱសថ MPP (Medicines Patent Pool) ដែលជា​អង្គការ​អន្តរជាតិ​ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឱ្យ MPP ផ្ដល់​សិទ្ធិ​ក្នុង​ការផលិត​ឱសថ​ដល់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ នៅក្នុង​ប្រទេស​ចំនួន 95 ក្នុង​ពិភពលោក ដើម្បីឱ្យ​ពួកគេ​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ Pfizer ដោយ​ខ្លួនឯង។

    តាម​គម្រោង Pfizer នឹង​លក់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដែលមាន​ឈ្មោះថា Paxlovid។ នេះ​គឺជា​ឱសថ​មួយ​ប្រភេទ​ដែល​អាច​ទប់ស្កាត់​ការកើត​កូនចៅ​របស់​វីរុស។ លទ្ធផល​នៃ​ការវិភាគ​បឋម​បង្ហាញថា ឱសថ Paxlovid របស់ Pfizer អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់​បាន​រហូតដល់ 89%។

    ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer កាលពី​ថ្ងៃទី 16 វិច្ឆិកា ឱ្យដឹងថា ពួកគេ​បានដាក់​ពាក្យ​រួចហើយ​ដើម្បី​ស្នើសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ Paxlovid ទៅកាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

    FDA នឹង​ចេញ​សេចក្ដីសម្រេច​ចុងក្រោយ​ស្ដីពី​ក្រុម​គោលដៅ​ដែល​អាច​ប្រើប្រាស់​ថ្នាំ ក៏ដូចជា​វិធី​នៃ​ការប្រើប្រាស់។

    ថ្នាំ Paxlovid របស់ Pfizer គ្រោង​នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​ថ្នាំ​ប្រឆាំង COVID-19 molnupiravir របស់ Merck៕

  • ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer ដាក់​ពាក្យសុំ​អនុម័ត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

    ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer ដាក់​ពាក្យសុំ​អនុម័ត​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

    ក្រុមហ៊ុន Pfizer បានដាក់​ពាក្យសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ឡើងទៅ​កាន់ FDA បន្ទាប់ពី​ឱសថ​របស់​ពួកគេ​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់​រហូតដល់ 89%។

    ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អាម៉េរិក Pfizer កាលពី​ថ្ងៃទី 16 វិច្ឆិកា ឱ្យដឹងថា ពួកគេ​បានដាក់​ពាក្យ​រួចហើយ​ដើម្បី​ស្នើសុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ Paxlovid ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស ជួយ​ព្យាបាល​ជំងឺ COVID-19 ឡើងទៅ​កាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ពេលណា​ទើប FDA នឹង​ចេញ​សេចក្ដីសម្រេច​ចំពោះ​សំណើ​របស់ Pfizer នៅឡើយ។ កាលពី​ថ្ងៃទី 11 តុលា ក្រុមហ៊ុន Merck និង​ដៃគូ Ridgeback Biotherapeutics ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ការអនុម័ត​ចំពោះ​ថ្នាំ molnupiravir ដែលជា​ផលិតផល​ប្រកួតប្រជែង​នឹង Paxlovid។

    FDA នឹង​ចេញ​សេចក្ដីសម្រេច​ចុងក្រោយ​ស្ដីពី​ក្រុម​គោលដៅ​ដែល​អាច​ប្រើប្រាស់​ថ្នាំ ក៏ដូចជា​វិធី​នៃ​ការប្រើប្រាស់។

    ក្រៅពី​សហរដ្ឋ​អាម៉េរិក ក្រុមហ៊ុន Pfizer ក៏​កំពុង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការសុំច្បាប់​លក់​ថ្នាំ​ព្យាបាល COVID-19 នៅក្នុង​ប្រទេស​មួយចំនួន​ផងដែរ រួមមាន អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង កូរ៉េខាងត្បូង។

    ថ្នាំ Paxlovid របស់ Pfizer គ្រោង​នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​ថ្នាំ​ប្រឆាំង COVID-19 molnupiravir របស់ Merck៕

  • Joe Biden ថ្លែងថា សហរដ្ឋ​អាម៉េរិក មិន​លើកទឹកចិត្ត​ឱ្យ កោះ​តៃវ៉ាន់ «ប្រកាស​ឯករាជ្យ»

    Joe Biden ថ្លែងថា សហរដ្ឋ​អាម៉េរិក មិន​លើកទឹកចិត្ត​ឱ្យ កោះ​តៃវ៉ាន់ «ប្រកាស​ឯករាជ្យ»

    «សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលជំហរ​រប​ស់​ខ្លួន​ស្ដីពី កោះ​តៃវ៉ាន់ មិន​លើកទឹកចិត្ត​ឱ្យ​កោះ​នេះ​ប្រកាស​ឯករាជ្យ​នោះទេ» ប្រធានាធិបតី​អាម៉េរិក លោក Joe Biden បានឱ្យដឹង​ដូច្នេះ បន្ទាប់ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ចិន និង​សហរដ្ឋ​អាម៉េរិក។

    «យើង​នឹងមិន​ប្ដូរផ្លាស់​គោលនយោបាយ។ យើង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រកាស​ឯករាជ្យ ប៉ុន្តែ លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើឱ្យបាន​ត្រឹមត្រូវ​ទៅតាម​អ្វីដែល​បានចែង​នៅក្នុង «ច្បាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់»។ នោះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ» លោក Joe Biden ឆ្លើយ​នឹង​សំណួរ​របស់​អ្នកយកព័ត៌មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ New Hampshire កាលពី​ថ្ងៃទី 16 វិច្ឆិកា។

    ការ​ថ្លែង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​កំពូល​តាម​អន​ឡាញ រវាង​ប្រធានាធិបតី​ចិន Xi Jinping និង​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden។ នៅពេល​ត្រូវបាន​សួរថា ជំនួប​នោះបាន​ទទួល​ផ្លែផ្កា​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា កោះ​តៃវ៉ាន់ លោក Biden ឆ្លើយថា បាន «និយាយ​ច្បាស់» ហើយ អំពី​ការគាំទ្រ​ច្បាប់​ដែល​កំពុងមាន​ជា​ធរមាន ដែល សហរដ្ឋ​អាម៉េរិក អនុវត្ត​ជាមួយ កោះ​តៃវ៉ាន់។

    បញ្ហាស្ដីពី កោះតៃវ៉ាន់ គឺជាប្រធានបទដែលត្រូវបានមេដឹកនាំអាម៉េរិក-ចិន លើកយកមកពិភាក្សាច្រើនជាងគេ នៅក្នុងជំនួបកំពូលដែលអូសបន្លាយពេលប្រហែល 3 ម៉ោង កាលពីថ្ងៃទី 15 វិច្ឆិកា។

    យោងតាម «ច្បាប់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់» សហរដ្ឋ​អាម៉េរិក ចាត់ទុក តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់ ចិនដីគោក ប៉ុន្តែ នៅតែ​រក្សា​ទំនាក់ទំនង​វប្បធម៌ ពាណិជ្ជកម្ម និង​យោធា​ជាមួយ​កោះ​នេះ រួមទាំង​ការលក់​អាវុធ​ផងដែរ។ ប៉ុន្តែ អាម៉េរិក គ្រាន់តែ​ជួយ​កោះ​នេះ កសាង​កម្លាំង​ការពារ​ខ្លួន ដោយ​មិន​សន្យា​ជួយ​ការពារ​កោះ​នេះ ដើម្បី​បញ្ចៀស​ការបង្ក​កំហឹង​ដល់ ចិនដីគោក។

    កាលពី​ខែតុលា នៅពេល​ត្រូវបាន​សួរថា តើ សហរដ្ឋ​អាម៉េរិក នឹង​ចេញមុខ​ជួយ​ការពារ កោះ​តៃវ៉ាន់ ដែរ​ទេ នៅពេល​មានការ​វាយប្រហារ​ពី កងទ័ព​ចិនដីគោក លោក Biden ឆ្លើយថា «ពិតណាស់ យើង​មានការ​សន្យា​ដូច្នេះ»។ មុន​នោះ កាលពី​ខែសីហា ប្រធានាធិបតី​អាម៉េរិក ក៏បាន​លើកឡើង​ដូចគ្នានេះដែរ។ នៅក្នុង​ករណី​ទាំងពីរ​នេះ ទីប្រឹក្សា​សេត​វិមាន ក្រោយមក​ក៏ត្រូវ​ចេញមុខ​បកស្រាយ​ថា សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី កោះ​តៃវ៉ាន់ នោះឡើយ។

    បញ្ហា​ស្ដីពី កោះ​តៃវ៉ាន់ គឺជា​ប្រធានបទ​ដែល​ត្រូវបាន​មេដឹកនាំ​អាម៉េរិក-ចិន លើក​យកមក​ពិភាក្សា​ច្រើនជាងគេ នៅក្នុង​ជំនួប​កំពូល​ដែល​អូស​បន្លាយពេល​ប្រហែល 3 ម៉ោង កាលពី​ថ្ងៃទី 15 វិច្ឆិកា។ ជំនួប​កំពូល​នេះ​ក៏បាន​លើកឡើង​អំពី​បញ្ហា ច្រក​សមុទ្រ​តៃវ៉ាន់ ឧបទ្វីប​កូរ៉េ អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ង់ ទីផ្សារ​ថាមពល​សកល អាកាសធាតុ ពាណិជ្ជកម្ម ការពារជាតិ និង​ជំងឺ​រាតត្បាត COVID-19 ផងដែរ៕

  • អត្តសញ្ញាណ​ពិត​របស់​អ្នកបង្កើត Bitcoin អាច​ត្រូវបាន​លាតត្រដាង​ក្នុង​រឿងក្ដី 64 ពាន់​លាន​ដុល្លារ

    អត្តសញ្ញាណ​ពិត​របស់​អ្នកបង្កើត Bitcoin អាច​ត្រូវបាន​លាតត្រដាង​ក្នុង​រឿងក្ដី 64 ពាន់​លាន​ដុល្លារ

    Satoshi Nakamoto ដែល​ត្រូវបាន​គេ​ជឿថា​ជា​ស្ថាបនិក​របស់​ប្រាក់ Bitcoin អាច​ត្រូវបាន​គេ​បង្ខំ​ឱ្យ​បង្ហាញខ្លួន​នៅក្នុង​រឿងក្ដី​នៅ​តុលាការ​ទាក់ទិន​នឹង​អង្គ​ចងចាំ cache របស់​ប្រាក់​ឌីជីថល ចំនួន 1 លាន Bitcoin។

    យោងតាម​សារព័ត៌មាន WSJ គ្រួសារ David Kleiman នៅ​រដ្ឋ Florida កំពុងតែ​ប្ដឹង​ដៃគូ​ជំនួញ​ចាស់​របស់ខ្លួន​គឺ Craig Wright ដែលជា​អ្នកសរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ អាយុ 51 ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស។ Wright ហៅ​ខ្លួនឯង​ថា Satoshi Nakamoto ដែលជា​ស្ថាបនិក​របស់ Bitcoin។

    គ្រួសារ Kleiman ចោទ Wright ថា​គ្រប់គ្រង​អង្គ​ចងចាំ cache របស់ Bitcoin ចំនួន 1 លាន ស្មើនឹង 64 ពាន់​លាន​ដុល្លារ។ ភាគី​ដើមបណ្ដឹង​ឱ្យដឹងថា នឹង​បង្ហាញ​ភ័ស្ដុតាង​បញ្ជាក់ថា អ្នក​ទាំង​ពីរបាន​ចូលរួម​គ្រប់គ្រង Bitcoin ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង និង​បានធ្វើការ​ជាមួយគ្នា។

    «នោះ​គឺជា​រឿងរ៉ាវ​ស្ដីពី​មិត្ត​ពីរ​នាក់​ដែលមាន​ទំនាក់​ទំនងជា​ដៃគូ​រកស៊ី និង​វិធី​ដែល​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកគេ​ព្យាយាម​ក្ដាប់​យក​គ្រប់យ៉ាង​នៅពេល​ម្នាក់ទៀត​បាន​ស្លាប់» Tibor Nagy ជា​មេធាវី​ម្នាក់​ដែល​បាន​ចូលរួម​តាមដាន​សវនាការ យល់ឃើញ​ដូច្នេះ។ David Kleiman បាន​ស្លាប់​កាលពី​ឆ្នាំ 2013។

    Andres Rivero ដែលជា​មេធាវី​របស់​ភាគី​ចុងចោទ និយាយថា៖ «យើង​ជឿថា តុលាការ​នឹងមិន​រកឃើញ​អ្វីដែល​បញ្ជាក់ថា ពួកគេ​មាន​ទំនាក់​ទំនងជា​ដៃគូ​នឹង​គ្នា​នោះទេ»។

    ប្រាក់​ឌីជីថល Bitcoin

    ចំពោះ​ក្រុម​អ្នក​ដែល​ជួញដូរ​ប្រាក់​ឌីជីថល មានតែ​វិធី​មួយគត់​ដែល​អាច​បញ្ជាក់បាន​ថា អ្នកណា​ជា​ស្ថាបនិក​របស់ Bitcoin ពិតប្រាកដ នោះ​គឺ​សោ​ដាច់ដោយឡែក​សម្រាប់​ការគ្រប់គ្រង​គណនី​ដែលមាន​ផ្ទុក Bitcoin ចំនួន 1 លាន។ អ្នកណា​ក៏ដោយ​ដែល​អះអាងថា ខ្លួន​ជា Nakamoto សុទ្ធតែ​អាច​បញ្ជា​ក់ដោយ​ការផ្ទេរ សូម្បីតែ​មួយផ្នែក​តូច​របស់​ប្រាក់ Bitcoin ចេញពី​គណនី​នោះ។

    អត្តសញ្ញាណ Satoshi Nakamoto គឺជា​ប្រការ​មួយ​ដែល​បង្កឱ្យមាន​ការចង់​ដឹង​ច្រើនជាងគេ​ទាក់ទង​នឹង Bitcoin។ កាលពី​ថ្ងៃទី 31 តុលា ឆ្នាំ 2018 មនុស្ស​ម្នាក់​ដែលមាន​រហ័ស​នាម​ថា Satoshi Nakamoto បាន​ផ្ញើ​សៀវភៅ​ស កម្រាស់ 9 ទំព័រ ទៅឱ្យ​ក្រុមមនុស្ស​ដែលមាន​គោលដៅ​ក្នុងការ​បង្កើត​ប្រាក់​ឌីជីថល​មួយ​ប្រភេទ​ដែល​មិនអាច​ត្រូវបាន​រដ្ឋាភិបាល​នានា​គ្រប់គ្រង តាមរយៈ​វេទិកា Metzdow។ ប៉ុន្មាន​ខែក្រោយ​មក ប្រព័ន្ធ Bitcoin ក៏​ចាប់ផ្ដើម​ដំណើរការ ហើយ Nakamoto រកបាន 1 លាន Bitcoin ក្នុង​ឆ្នាំ​ដំបូង។

    គ្រួសារ Kleiman អះអាងថា លោក Wright បានស្នើ​ឱ្យ​លោក David Kleiman ជួយ​បង្កើត​ឯកសារ​ដែលមាន​កម្រាស់ 9 ទំព័រ​នោះ។ «អ្នក​ទាំងពីរ​សហការ​គ្នា​ដោយ​យោងតាម​សៀវភៅ​ស ហើយ​រួមគ្នា​ដាក់ឱ្យ​ដំណើរការ Bitcoin» Kleiman និយាយ​ដូច្នេះ។

    លោក​ Craig Steven Wright អះអាង​ថា ខ្លួន​គឺជា​ស្ថាបនិក​របស់​ Bitcoin

    ក្នុងដំណាក់កាល​ដំបូង Bitcoin មិន​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នោះទេ។ Nakamoto បាន​ប្រឹងប្រែង​អភិវឌ្ឍ​វា​ក្នុង​រយៈពេល 2 ឆ្នាំ។

    ខែធ្នូ 2010 Nakamoto បាន​បាត់​ខ្លួន។ ព័ត៌មាន​ស្ដីពី​ស្ថាបនិក​របស់ Bitcoin ក៏បាន​ក្លាយជា​រឿង​ដ៏​អាថ៌កំបាំង។ ស្ទើរតែ​ទាំង​អស់នៃ​ឈ្មោះ​ដែល​ត្រូវបាន​គេ​រំលឹក​ដល់​នៅក្នុង​សហគមន៍​ប្រាក់​ឌីជីថល សុទ្ធតែ​ជាប់ទាក់ទង​នឹង Satoshi Nakamoto។

    មកដល់​ខែឧសភា ឆ្នាំ 2016 លោក Wright ប្រកាសថា ខ្លួន​គឺជា​ស្ថាបនិក​របស់ Bitcoin។ ប៉ុន្តែ លោក​មិន​ត្រូវបាន​សហគមន៍​អ្នកលេង Bitcoin ទទួលស្គាល់​ឡើយ ហើយ​មកដល់ពេលនេះ អត្តសញ្ញាណ​នៃ​ស្ថាបនិក​ពិតប្រាកដ​របស់ Bitcoin នៅតែ​ស្ថិតក្នុង​ទី​ងងឹត។

    ក្រុម​អ្នក​បច្ចេកវិទ្យា​វាយតម្លៃថា ពាក្យបណ្ដឹង​របស់​គ្រួសារ Kleiman អាចធ្វើឱ្យ​អ្នកបង្កើត Bitcoin ពិតប្រាកដ​ត្រូវ​បង្ហាញខ្លួន។ ក៏ប៉ុន្តែ ដំបូង ភាគី​ដើមបណ្ដឹង​ត្រូវតែ​បង្ហាញ​ភ័ស្ដុតាង​គ្រប់គ្រាន់​ដល់​តុលាការ៕