Author: សឿន សំណាង

  • WHO ព្រមាន​ថា កូវីដ-១៩ ​ប្រភេទ​ ​​អូ​មី​ក្រុង ​(Omicron)​ ឆ្លង​រាលដាល​លឿន​ជាងគេ និង​ធ្វើឱ្យ​ថយចុះ​នូវ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    WHO ព្រមាន​ថា កូវីដ-១៩ ​ប្រភេទ​ ​​អូ​មី​ក្រុង ​(Omicron)​ ឆ្លង​រាលដាល​លឿន​ជាងគេ និង​ធ្វើឱ្យ​ថយចុះ​នូវ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ១២ ធ្នូ បានឱ្យដឹងថា ទិន្នន័យ​ផ្លូវការដំបូងៗ បាន​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ងាយ​ឆ្លង​ជាង ដេ​លតា (Delta) និង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ​បែរជា​បង្ក​អាការរោគ​ស្រាល​ជាង​ទៅវិញ។

    គិត​ត្រឹម​ថ្ងៃទី ៩ ធ្នូ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន ៦៣ រួចមកហើយ ក្នុងនោះ ល្បឿន​នៃ​ការឆ្លង​រាលដាល​លឿន​ត្រូវបាន​រកឃើញ​នៅ អាហ្វ្រិក​ខាងត្បូង ជាទី​ដែល​មិនសូវមាន វ៉ា​រ្យ៉​ង់​ដេ​លតា និង​នៅ ប្រទេស​អង់គ្លេស ជាទី​ដែល ដេ​លតា រាតត្បាត​ខ្លាំងជាងគេ។

    យោងតាម​របាយការណ៍​បច្ចេកទេស​របស់ WHO អូ​មី​ក្រុង បង្កឱ្យមាន «ការថយចុះ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅក្នុង​ការបង្ការ​ការ​ឆ្លង​រាលដាល» ហើយ​បើ​យោងទៅតាម​ទិន្នន័យ​ដែលមាន​ស្រាប់ «អូ​មី​ក្រុង អាចមាន​លទ្ធភាព​យក​ឈ្នះ​លើ ដេ​លតា» ស្ដីពី​ទំហំ​នៃ​ការឆ្លង​ក្នុង​សហគមន៍។

    របាយការណ៍​ក៏បាន​ឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន ករណី​ឆ្លង អូ​មី​ក្រុង នានា គ្រាន់តែ​បង្ក​អាការរោគ «ស្រាល» ឬ​ស្ទើរតែ​ពុំមាន​រោគសញ្ញា។ ប៉ុន្តែ WHO ក៏បាន​បញ្ជាក់ថា មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​នៅឡើយ ដើម្បី​អាច​វាយតម្លៃ​សរុប​អំពី​ភាព​សាហាវ​របស់ វ៉ា​រ្យ៉​ង់ នេះ៕

  • មហាសេដ្ឋី​​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក បាន​និយាយថា ចង់​ឈប់​ធ្វើការ

    មហាសេដ្ឋី​​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក បាន​និយាយថា ចង់​ឈប់​ធ្វើការ

    លោក Elon Musk បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​ពិចារណា​ដល់​ការឈប់​ធ្វើការ បើ​ទោះ​ធ្លាប់បាន​ប្រកាសថា នឹង​ធ្វើជា CEO របស់ Tesla ច្រើន​ឆ្នាំ​ទៀត។

    «កំពុង​គិតដល់​រឿង​បោះបង់​ការងារ និង​ងាក​ទៅធ្វើជា​មនុស្ស​មាន​ឥទ្ធិពល (influencer) ពេញ​ម៉ោង។ គ្រប់គ្នា​យល់ឃើញ​យ៉ាងណាដែរ» មហា​សេដ្ឋ​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង បាន​សរសេរ​នៅលើ Twitter ដូច្នេះ កាលពី​ម្សិលមិញ។

    លោក Musk មិនបាន​បង្ហើប​ឱ្យដឹង​លម្អិត​ថា លោក​មាន​គម្រោង​នឹងធ្វើ​ជា influencer ដូចម្ដេច​នៅឡើយ។ ប៉ុន្តែ អ្នកមាន​ជាងគេ​ក្នុង​លោក​រូបនេះ កន្លងមក ធ្លាប់បាន​បង្ក​ព្យុះភ្លៀង​ជាច្រើនលើក​មកហើយ នៅក្នុង​ទីផ្សារ​ប្រាក់​ឌីជីថល។ គ្រប់​ខ្លឹមសារ​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម សុទ្ធតែ​ជះឥទ្ធិពល​ដល់​តម្លៃ​រប​ស់ Bitcoin ឬ Dogecoin។ ចាប់ពី​ដើមឆ្នាំ​នេះ លោក Musk បាន​ចែករំលែក​ជា​បន្តបន្ទាប់​អំពី​ការយល់ឃើញ​របស់ខ្លួន ទាក់ទិន​នឹង​ប្រាក់​ឌីជីថល នាំឱ្យ​ទីផ្សារ​មួយ​នេះ​ប្រែប្រួល​ខ្លាំង។

    លោក Musk ត្រូវបាន​គេ​ចាត់ទុក​ដូចជា «ម្ចាស់​សាសនា​នៅលើ Twitter» ដោយ​គណនី​របស់លោក មាន​អ្នកតាមដាន​ជិត ៦៦ លាន​នាក់៕

  • កម្មករ​ម្នាក់ ប៊ិះ​បោះចោល​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជិត ៤០០,០០០ ដុល្លារ​អាម៉េរិក

    កម្មករ​ម្នាក់ ប៊ិះ​បោះចោល​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជិត ៤០០,០០០ ដុល្លារ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​រកឃើញ​សន្លឹកឆ្នោត​ដែល​ខ្លួន​បាន​ទិញ នៅពេល​យក​ខោអាវ​ទៅ​បោកគក់ ហើយ​ប៊ិះ​បោះ​វា​ចោល​ក្នុង​ធុងសំរាម មុនពេល​បានដឹងថា វា​ជា​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជាង ៣៨៧,00០ ដុល្លារ។

    លោក Maricus «Bezo» Barnes រស់នៅក្នុង​រដ្ឋ Virginia បាន​ទិញ​ឆ្នោត Cash 5 នៅឯ​កន្លែង​លក់​ឆ្នោត​ស្វ័យប្រវត្ត ក្នុង​ហាង​មួយ​នៅ​តំបន់ Hampton កាលពី​ថ្ងៃទី ២៣ តុលា ហើយ​បាន​ភ្លេច​វា រហូតដល់​ពេល​យកស​ម្លៀ​ក​បំពាក់​ទៅ​បោកគក់ ទើបបាន​ឃើញ។

    «ខ្ញុំ​បាន​ប្រុង​បោះ​វា​ចោល» Barnes រៀបរាប់​នៅពេល​ទៅ​ទទួល​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​ឆ្នោត Virginia កាលពី​ថ្ងៃទី ១០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំ​បានសម្រេច​ចិត្ត​ពិនិត្យឡើងវិញ ព្រោះ​គិតថា អាច​ត្រូវបាន​ប៉ុន្មាន​ដុល្លារ​ដែរ»។

    សន្លឹកឆ្នោត​ដែលមាន​លេខ ៦-១៨-២០-២២-២៤ របស់លោក Barnes បាន​ត្រូវ​រង្វាន់​តម្លៃ ៣៨៧,៤៥០ ដុល្លារ​អាម៉េរិក។

    លោក Barnes ធ្លាប់បាន​បម្រើការ​ក្នុង​ជួរ​កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក ហើយ​បច្ចុប្បន្ន​គឺជា​កម្មករ​នៅក្នុង​រោងចក្រ​ផលិត​កប៉ាល់។ បុរស​នេះ​មិនទាន់មាន​គម្រោង​ប្រើប្រាស់​ទ្រព្យ​ថ្មី​ដ៏​មហា​សំណាង​របស់ខ្លួន​នេះ​នៅឡើយ៕

  • ភាគហ៊ុន​ឡើងថ្លៃ ប្រធាន​ក្រុមហ៊ុន Oracle រកប្រាក់​បាន​ជាង ១៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដោយ​ប្រើ​​ពេល​តែ ១ ថ្ងៃ

    ភាគហ៊ុន​ឡើងថ្លៃ ប្រធាន​ក្រុមហ៊ុន Oracle រកប្រាក់​បាន​ជាង ១៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដោយ​ប្រើ​​ពេល​តែ ១ ថ្ងៃ

    ក្រោយ​ការប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បង្ហាញថា «ល្អ​ខ្លាំង» ភាគហ៊ុន​របស់​ក្រុមហ៊ុន Oracle ក៏បាន​ឡើងថ្លៃ ជួយ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Larry Ellison កើនឡើង​ដល់​ជិត ១៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    យោងតាម​បញ្ជី​មហាសេដ្ឋី​របស់​ទស្សន​វ​ដ្ដី Forbes ប្រធាន​ក្រុមហ៊ុន Oracle លោក Larry Ellison បច្ចុប្បន្ន​មានទ្រព្យ​សរុប ១៣៥.៧ ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក។ ទ្រព្យ​របស់លោក​បាន​កើន ១៥.១ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ការជួញដូរ​កាលពី​ថ្ងៃទី ១០ ធ្នូ ដោយសារ​ភាគហ៊ុន Oracle កើន​ជិត ១៥% ក្រោយ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ល្អ​លើសពី​ការរំពឹងទុក។

    លោក Ellison បច្ចុប្បន្ន​គឺជា​ភាគ​ហ៊ុ​និក​ធំជាងគេ​បង្អស់​របស់​ក្រុមហ៊ុន​នេះ ដោយ​កាន់កាប់ ១.១៤ ពាន់​លាន​ហ៊ុន។ យោងតាម​ស្ថិតិ​របស់ Forbes លោក Ellison បាន «លោតរំលង» Larry Page និង Sergey Brin ដែលជា​សហ​ស្ថាបនិក​របស់ Google ហើយ​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក។ បច្ចុប្បន្ន ទ្រព្យ​របស់ Ellison តិចជាង​ទ្រព្យ​របស់ Bill Gates ត្រឹមតែ​ជិត ៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    មហាសេដ្ឋី​ Larry Ellison

    លោក Ellison ឆ្នាំនេះ​មាន​អាយុ ៧៧ ឆ្នាំ។ លោក​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle កាលពី​ឆ្នាំ ១៩៧។ ទ្រព្យ​ភាគច្រើន​របស់លោក បានមកពី​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នេះ។ ភាគហ៊ុន Oracle បាន​កើន​ជិត ៦០% នៅក្នុង​ឆ្នាំ ២០២១ ជួយ​ឱ្យ Ellison រកបាន ៤៤ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

    លោក Ellison ក៏មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី Elon Musk ផងដែរ។ ចុងឆ្នាំ ២០១៨ លោក Ellison បាន​បង្ហើប​ឱ្យដឹង បាន​ទិញ​ភាគហ៊ុន Tesla ចំនួន ១ ពាន់​លាន​ដុល្លារ។ ៣ ឆ្នាំ​មកនេះ មូលធន​ទីផ្សារ​របស់ Tesla បាន​កើន​សរុប​ជិត ១,៣០០%។ បច្ចុប្បន្ន តម្លៃ​ភាគហ៊ុន​របស់ Ellison នៅក្នុង​ក្រុមហ៊ុន Tesla គឺ ១៦ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ផ្កាយដុះកន្ទុយ កំពុង​សំដៅ​មក «ធ្វើ​ទស្សនកិច្ច» ផែនដី នៅ​​ចុង​ឆ្នាំ​​នេះ​ មុនពេល​បាត់​ខ្លួន​

    ផ្កាយដុះកន្ទុយ កំពុង​សំដៅ​មក «ធ្វើ​ទស្សនកិច្ច» ផែនដី នៅ​​ចុង​ឆ្នាំ​​នេះ​ មុនពេល​បាត់​ខ្លួន​

    ផ្កាយដុះកន្ទុយ Leonard ដែលមាន​គន្លង​គោចរ ៨០,០០០ ឆ្នាំ កំពុង​ហោះ​មកកាន់​តែ​ជិត​ផែនដី ហើយនឹង​ក្លាយជា​ផ្កាយដុះកន្ទុយ​ដែលមាន​ពន្លឺ​ចែងចាំង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ ២០២១ ដែល​នឹង​នាំមក​នូវ​ឱកាស​នៃ​ការ​ទស្សនា​ដ៏​កម្រ​ដល់​អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ។

    ក្រុម​អ្នក​ថតរូប​ក្នុង​វិស័យ​តារាសាស្ត្រ​ក្នុង​ពិភពលោក កំពុងតែ​ប្រើប្រាស់​ឱកាស​ដ៏​កម្រ​ដើម្បី​ផ្ដិត​យក​រូបភាព​នៃ​ផ្កាយដុះកន្ទុយ Leonard នៅពេល​វា​គោ​ចរមក​ក្បែរ​ផែនដី នេះ​បើតាម Newsweek ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៩ ធ្នូ។ Leonard ឬ C/2021 A1 គឺជា​ផ្កាយដុះកន្ទុយ​ដែលមាន​ពន្លឺ​ខ្លាំង​បំផុត​ក្នុងឆ្នាំនេះ។ វា​ត្រូវបាន Gregory J. Leonard តារាវិទូ​នៃ​សាកលវិទ្យាល័យ Arizona រកឃើញ​កាលពី​ខែមករា ២០២។

    ប៉ុន្មាន​ខែក្រោយ​មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា គន្លង​គោចរ​របស់ Leopard នឹង​នាំ​វា​មក​ជិត​ផែនដី ហើយ​គ្រប់គ្នា​ទំនងជា​អាច​មើលឃើញ​វា​ដោយ​ភ្នែក​ទទេ​នៅក្នុង​ខែធ្នូ​នេះ។ ប៉ុន្តែ ការប្រើប្រាស់​កែវយឹត នឹង​អាចជួយ​ឱ្យ​ការសង្កេតមើល​ផ្កាយដុះកន្ទុយ​នេះ មាន​ភាពងាយស្រួល​ជាង​ភ្នែក​ទទេ។

    នៅ អាម៉េរិក​ខាងជើង និង​តំបន់​ដែលមាន​រយៈទទឹង​ដូចគ្នានេះ អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ​អាច​មើលឃើញ Leonard ដោយ​សង្កេត​ទៅ​ទិសខាងកើត​ប្រហែល ៤៥ នាទី មុន​ថ្ងៃ​រះ ដោយ​វា​ស្ថិតនៅ​ខាងក្រោម​កញ្ចុំ​ផ្កាយ Big Dipper និង Arcturus។ ព្រឹត្តិការណ៍​នេះ​នឹង​កើតឡើង​នៅ​ថ្ងៃទី១២ ធ្នូ ២០២។ បន្ទាប់មក ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការសង្កេត​ផ្កាយដុះកន្ទុយ​នេះ​គឺ​នៅ​វេលាយប់ បន្ទាប់ពី​ព្រះអាទិត្យ​បាន​លិច​បាត់ ហើយ​គ្រប់គ្នា​នឹង​អាច​មើលឃើញ​វា​ស្ថិតនៅ​ទិសនិរតី នៅពេល​វា​ផ្លាស់​ទី​ឆ្លងកាត់​ភព​សុក្រ (Venus), ភព​ពុធ (Mercury) ឆ្ពោះទៅកាន់​ភព​សៅរ៍ (Saturn) និង​ភាព​ព្រហស្បតិ៍ (Jupiter)។

    Leonard មាន​គន្លង​គោចរ​ព័ទ្ធជុំវិញ​ព្រះអាទិត្យ ដោយ ១ ឆ្នាំ​របស់​វា ស្មើនឹង ៨០,000 ឆ្នាំ​លើ​ផែនដី។ មនុស្ស​នៅលើ​ផែនដី នឹង​មិនអាច​មើលឃើញ​វា​ក្នុង​រយៈពេល​យ៉ាងយូរ​ទៀត​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី ១២ ធ្នូ ដោយសារតែ​គន្លង​គោចរ​ដ៏​ធំ និង​មាន​រាង​ដូច​ពងក្រពើ​របស់​វា។

    ផ្កាយដុះកន្ទុយ​គឺជា​វត្ថុ​អវកាស​រួមមាន ទឹកកក ឧស្ម័ន និង​ថ្ម ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ។ នៅពេល​ទៅ​ក្បែរ​ព្រះអាទិត្យ ពួកវា​នឹង​ឡើង​កំដៅ ហើយ​បញ្ចេញ​ចំហាយ និង​វត្ថុ​ធាតុ​ទៅខាង​ក្រោយ ដែល​បង្កើតបានជា​កន្ទុយ​ដែល​អាច​វែង​រហូតដល់​រាប់លាន​គីឡូម៉ែត្រ ក៏មាន។ ចុងក្រោយ ពួកវា​អាច​នឹង​បាត់​ខ្លួន​ជា​រៀងរហូត នៅពេល​ចំហាយ និង​វត្ថុ​ធាតុ​នៅលើ​វា បាន​រលាយ​អស់​ចូលទៅក្នុង​ទី​អវកាស។

    បច្ចុប្បន្ន មាន​ផ្កាយដុះកន្ទុយ​ចំនួន ៣,៧៤៣ ដួង ដែល​ត្រូវបាន​រកឃើញ ប៉ុន្តែ តួលេខ​សរុប អាច​ឡើងដល់​រាប់ពាន់​លាន​ដួង ដែល​កំពុង​គោចរ​ជុំវិញ​ព្រះអាទិត្យ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)៕

  • ហ្វ៊ី​លី​ពី​ន ចាប់ខ្លួន​ជនជាតិ​វៀតណាម ៣៧ នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ លួច​បន្លំ​ឯកសារ

    ហ្វ៊ី​លី​ពី​ន ចាប់ខ្លួន​ជនជាតិ​វៀតណាម ៣៧ នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ លួច​បន្លំ​ឯកសារ

    សមត្ថកិច្ច​នៃ ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ៣៧ នាក់ ទាក់ទង​នឹង​ករណី​បន្លំ​ឯកសារ​ធនាគារ បន្ទាប់ពី​ការស្រាវជ្រាវ​នៅ ម៉ា​កា​ទី (Makati) ត្រូវបាន​ធ្វើឡើង។

    ជនជាតិ​វៀតណាម ទាំង ៣៧ នាក់ ដែល​រួមមាន ស្ត្រី ២៣ នាក់ និង បុរស​ចំនួន ១៤ នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង ទីក្រុង​ម៉ា​កា​ទី នៃ រដ្ឋធានី​ម៉ានីល កាលពី​ថ្ងៃទី ៧ ធ្នូ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ Randy Glenn Silvio ប្រធាន​ក្រុម​ស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​របស់​នគរបាល​រដ្ឋធានី (CIDG) នា​ថ្ងៃនេះ។

    ក្រុមប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​ក្រុម​ជនជាតិ​វៀតណាម បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មាន​ជនជាតិ​ហ្វ៊ី​លី​ពី​ន ចំនួន ៧ នាក់ ត្រូវបាន​បង្ខាំង​ខ្លួន​ដោយ​ខុសច្បាប់​នៅទីនេះ។

    ជនជាតិ​ហ្វ៊ី​លី​ពី​ន ទាំង ៧ នាក់ ដែល​សុទ្ធតែជា​ស្ត្រី ត្រូវបាន​គេ​ជឿថា បានធ្វើការ​ជា​អ្នក​បំប្លែង​ទិន្នន័យ​ឱ្យ​ក្រុម​ជនជាតិ​វៀតណាម។ ស្ត្រី​ម្នាក់​បាន​និយាយថា ខ្លួន​មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​ពី​ផ្ទះ ជាទី​ដែល​ក្រុម​ជនល្មើសប្រើប្រាស់​ជា​ការិយាល័យ។

    សមត្ថកិច្ច ក្រោយមក បាន​រឹបអូស​កុំព្យូទ័រ​ចំនួន ១៤ គ្រឿង, ប័ណ្ណឥណទាន​ចំនួន ៥០ បន្ទះ, ប័ណ្ណ ATM ចំនួន ៤៩ បន្ទះ, ទូរស័ព្ទ​ចល័ត ៤២ គ្រឿង, ម៉ាស៊ីន​ចម្លង​ប័ណ្ណ រួម​នឹង​អត្តសញ្ញាណប័ណ្ណ​ចំនួន ៨ បន្ទះ ពី​ក្រុម​នេះ។ CIDG ឱ្យដឹងថា ជនសង្ស័យ​ទាំងនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​បន្លំ​ប័ណ្ណឥណទាន និង​អំពើ​ល្មើសច្បាប់​ជាច្រើន​ទៀត៕

  • សេដ្ឋកិច្ចពិភពលោក ក្នុង​ឆ្នាំ ២០២១ ស្ដែងចេញ​តាមរយៈ​រូបថត

    សេដ្ឋកិច្ចពិភពលោក ក្នុង​ឆ្នាំ ២០២១ ស្ដែងចេញ​តាមរយៈ​រូបថត

    បើទោះជា​ឆ្នាំ ២០២១ ពិភពលោក​បាន​មើលឃើញ​អំពី​ល្បឿន​ងើបឡើង​វិញ​យ៉ាង​លឿន​របស់​សេដ្ឋកិច្ច ប៉ុន្តែ នៅតែមាន​ឧបសគ្គ​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ។

    ឆ្នាំ ២០២១ ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការជឿជាក់​ដែលថា ដោយ​ការប្រឹងប្រែង​របស់​អ្នកវិទ្យាសាស្ត្រ និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នានា វ៉ា់​សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នឹងត្រូវ​បាន​ផ្ដ​ត់​ផ្គង់​នៅ​ទូទាំង​សកលលោក ហើយ​ជំងឺ​រាតត្បាត​សកល​នេះ​នឹង​ក្លាយជា​អតីតកាល។

    ប៉ុន្តែ ជាក់ស្ដែង គ្រប់យ៉ាង​មិនបាន​កើតឡើង​ដូច​ការរំពឹងទុក ព្រោះថា វីរុស​កូ​វីដ-១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ជាច្រើន​បានបង្ហាញ​វត្តមាន ក្នុងនោះ​មាន ដេ​លតា និង អូ​មី​ក្រុង ជាដើម។ បញ្ហា​នេះ​បាន និង​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នៅ​ស្ទើរ​គ្រប់​វិស័យ គ្រប់កន្លែង​ក្នុង​ពិភពលោក។ បណ្ដាញ​ផ្គត់ផ្គង់​ទំនិញ​ត្រូវ​កាត់ផ្ដាច់ អតិផរណា​កើតឡើង តម្លៃ​ប្រេងឥន្ធនៈ​ធ្លាក់ចុះ និង​កើនឡើង​យ៉ាងគំហុក ខណៈ​ការិយាល័យ​នានា​គ្មាន​បុគ្គលិក ព្រោះ​ត្រូវ​ក្រុមហ៊ុន​ស្នើឱ្យ​ឈប់ ផ្អាក ឬ​ត្រូវ​ធ្វើការ​ពី​ផ្ទះ។

    យោងតាម​សារព័ត៌មាន Bloomberg ខាងក្រោម​នេះ​គឺជា​បណ្ដា​រូបថត​ដែល​បង្ហាញ​អំពី​ជ្រុង​ជាច្រើន​នៃ​សេដ្ឋកិច្ច​របស់​ពិភពលោក នៅក្នុង​ឆ្នាំ ២០២១ នេះ៖

    ទីក្រុង​ហ្វ្រែ​ង​ហ្វ៊ើ​ត (Frankfurt) ថ្ងៃទី ១១ កុម្ភៈ៖ ការិយាល័យ​នានា​ក្នុង​អគារ​មួយ គ្មាន​បុគ្គលិក​ធ្វើការ​សូម្បីតែ​ម្នាក់។

     

    ទីក្រុង​ស៊ីដនី ថ្ងៃទី ២០ កុម្ភៈ៖ បុគ្គលិក​ផ្នែក​លក់​ដេញថ្លៃ​មួយរូប​កំពុងតែ​បញ្ចុះបញ្ចូល​គ្រប់គ្នា​នៅក្នុង​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ផ្ទះមួយ​ខ្នង​នៅ Paddington។

     

    នៅ​តំបន់ ណាដ​វ៉ូ​យ​ជី (Nadvoitsy) របស់ រុស្ស៊ី ថ្ងៃទី ១៨ មីនា៖ វិស្វករ​ម្នាក់​កំពុងធ្វើការ​នៅក្នុង​បន្ទប់ «ជីក» រកប្រាក់​ឌីជីថល របស់ CryptoUniverse ដែល​កាលណោះ Bitcoin ឡើងថ្លៃ​កប់​ពពក។

     

    អេ​ហ្ស៊ី​ប ថ្ងៃទី ២៣ មីនា៖ កប៉ាល់ Ever Given ជាប់គាំង​លើ​ព្រែកជីក Suez ធ្វើឱ្យ​ស្ទះ​ទំនិញ និង​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ។

     

    ទីក្រុង​ប៉េកាំង ថ្ងៃទី ២១ មេសា៖ ក្រុម​បុគ្គលិក​ប្រគល់​អាហារ​របស់ Meituan។ បណ្ដា​ក្រុមហ៊ុន​ដឹក​អាហារ រកស៊ី​ជោគជ័យ​ក្នុងសម័យ​កូ​វីដ-១។

     

    ទីក្រុង​ម៉ៃ​អា​មី (Miami) របស់ សហរដ្ឋ​អាម៉េរិក ថ្ងៃទី ៤ មិថុនា៖ មនុស្ស​ជាង ១២,០០០ នាក់ ចូលរួម​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវគេ​ចាត់ទុកថា​ជា​វេទិកា​ធំ​បំផុត​ស្ដីពី​ប្រាក់​ឌីជីថល Bitcoin។

     

    ទីក្រុង​ឡុង​ដ៍ ថ្ងៃទី ៦ កញ្ញា៖ ក្រោយ​ការ​រាតត្បាត ១៨ ខែ របស់ កូ​វីដ-១៩ បុគ្គលិក​ផ្នែក​គក់​ជេរ​ក៏បាន​ត្រលប់មក​ផ្សារ​ជួញដូរ​ហ៊ុន​លោហធាតុ London Metal Exchange។

     

    រដ្ឋកា​លី​ហ្វ​រ​ញ៉ា ថ្ងៃទី ៩ តុលា៖ កប៉ាល់​ដឹកទំនិញ​នានា កំពុង​រង់ចាំ​វេន​ចូល​ចត​នៅ​កំពង់ផែ Los Angeles និង Long Beach។

     

    ទីក្រុង​ឡាក់​ណាវ (Lucknow) របស់ ឥណ្ឌា ថ្ងៃទី ១៣ តុលា៖ ប្រជាជន​ចាប់​ផ្ដើមចេញ​ធ្វើការ រកស៊ី។

     

    ទីក្រុង​នី​វ​យ៉​ក ថ្ងៃទី ២១ តុលា៖ អគារ Summit One Vanderbilt តម្លៃ ៣.៣ ពាន់​លាន​ដុល្លារ ក្នុង​ថ្ងៃ​សម្ពោធ​បើក​ដំណើរការ៕

  • សិង្ហ​បុរី រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង (Omicron) ដំបូង ក្នុង​សហគមន៍

    សិង្ហ​បុរី រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង (Omicron) ដំបូង ក្នុង​សហគមន៍

    ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ក្នុង​សហគមន៍​ជា​លើកដំបូង នៅ ប្រទេស​សិង្ហ​បុរី គឺជា​ការព្រមាន​អំពី​រលក​នៃ​ការឆ្លង​រាលដាល​បន្តទៀត។

    ក្រសួងសុខាភិបាល​សិង្ហ​បុរី ថ្ងៃនេះ បានឱ្យដឹងថា អ្នក​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ករណី​ដំបូង​ក្នុង​សហគមន៍ នេះ​គឺជា​ស្ត្រី​ដែលមាន​សញ្ជាតិ​សិង្ហ​បុរី អាយុ ២៤ ឆ្នាំ ធ្វើការ​នៅ​អាកាសយានដ្ឋាន។ «អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ម្នាក់នេះ ប្រហែលជា​បាន​ប៉ះពាល់​អ្នកដំណើរ​មកពី​បណ្ដា​ប្រទេស​ដែល​រង​ឥទ្ធិពល​ពី វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង» នេះ​បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី។

    បុគ្គលិក​អាកាសយានដ្ឋាន​រូបនេះ ត្រូវបាន​រកឃើញថា កំពុង​ផ្ទុក​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅក្នុង​ការពិសោធ​សំណាក​ជា​ទៀងទាត់​ចំពោះ​បុគ្គលិក​ជួរមុខ។ នាង​បានទទួល​ការ​វាក់​វ៉ាក់សាំង​ពេញលេញ និង​ពុំមាន​អាការរោគ​អ្វី​ឡើយ។

    កន្លងមក ប្រទេស​សិង្ហ​បុរី បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង កូវីដ-១៩ ប្រភេទ​ ​អូ​មី​ក្រុង ជាច្រើន​នាក់ ក៏​ប៉ុន្តែ ​ទាំង​នោះ​​​សុទ្ធតែជា​ករណី​នាំចូល។

    វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​បុ​ត​ស្វា​ណា (Botswana) កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី ២៤ វិច្ឆិកា ហើយ​គិត​មកដល់​បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ៥៧ រួចហើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ពិភពលោក កំពុង​ប្រឹងប្រែង «រត់ប្រណាំង​នឹង​ពេលវេលា» ដើម្បី​វិភាគ​អំពី​កម្រិត​នៃ​គ្រោះថ្នាក់​របស់ អូ​មី​ក្រុង៕

  • គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ កម្ពុជា នឹងត្រូវ​ពិភាក្សា​ផ្លូវការ​ចាប់ពី​សប្តាហ៍​ក្រោយ

    គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ កម្ពុជា នឹងត្រូវ​ពិភាក្សា​ផ្លូវការ​ចាប់ពី​សប្តាហ៍​ក្រោយ

    រាជរដ្ឋាភិបាល​កម្ពុជា បានចេញ ស.ជ.ណ ដល់​ក្រុមហ៊ុន​ក្នុងស្រុក​រួចហើយ ហើយ​ការចរចា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​ចិន អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ នេះ​បើ​យោង​តាម​សម្ដី​របស់​​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

    ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ដែល​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នេ​កា (AstraZeneca) ចំនួន ២៩០,៤០០ ដូ​ស ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល នៃ​ប្រទេស​ហូ​ឡង់ តាមរយៈ​យន្តការ​​កូ​វ៉ា​ក់ (Covax Facility) នា​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

    វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ២៩០,៤០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ បាន​មក​ដល់​ កម្ពុជា កាល​ពីព្រឹកថ្ងៃទី ១០ ខែធ្នូ

    ដំណឹង​ដ៏​ល្អ​នេះ ក៏ត្រូវ​បានបញ្ជាក់​នៅក្នុង​គ្រា​ដែល​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ នៅ កម្ពុជា មានការ​កើនឡើង​ខ្ពស់ ក្នុងនោះ ប្រជាជន​អាយុ​ពី ១៨ ឆ្នាំ​ឡើង ចាក់​បាន ១០១.១៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០លាន​នាក់, កុមារ​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ ចាក់​បាន ៩៨,៨៨% ធៀប​នឹង ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់, កុមារ​អាយុ​ពី ៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ចាក់​បាន ១០៤,៧៧% ធៀប នឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ និង​កុមារ​អាយុ ៥ ឆ្នាំ ចាក់​បាន ៩៣,៤៨% ធៀប នឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ខណៈ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​សរុប​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់ បាន​កើន​ដល់ ៨៨,៧២%៕

  • កុមារ​អាយុ ៣-៤ ឆ្នាំ នៅ កម្ពុជា អាចនឹងទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នាពេលឆាប់ៗខាងមុខ

    កុមារ​អាយុ ៣-៤ ឆ្នាំ នៅ កម្ពុជា អាចនឹងទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នាពេលឆាប់ៗខាងមុខ

    រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល របស់ កម្ពុជា បាន​ថ្លែងថា កុមារតូចៗដែលមាន​អាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ អាចនឹងទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ដោយយោង​ទៅតាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ ប្រទេស​ចិន។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ដូចខាងលើ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុងឱកាស​អញ្ជើញ​ទទួល​វ៉ាក់សាំង​ប្រភេទ អា​ស្ត្រា​ហ្សេ​នេ​កា (AstraZeneca) ចំនួន ២៩០,៤០០ ដូ​ស ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល នៃ ប្រទេស​ហូ​ឡង់ តាមរយៈ​យន្តការ​ល​កូ​វ៉ា​ក់ (Covax Facility) កាលពី​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២។

    “ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ បានបញ្ជាក់​រួចហើយ​ពី​ប្រសិទ្ធភាព និង​សុវត្ថិភាព ហើយ ប្រទេស​ចិន នៅពេលនេះ​បាននិងកំពុង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​កុមារ​ដែលមាន​អាយុ ៣ ឆ្នាំ​ឡើង​រួចហើយ​ដែរ» លោកជំទាវ យក់ សម្បត្តិ បញ្ជាក់​ដូច្នេះ។

    សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ក្រសួងសុខាភិបាល ក៏ដូចជា​គ.វ.ក១៩ ពិនិត្យ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារតូចៗ នៅ កម្ពុជា ផងដែរ។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​ បានទទួល​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ សរុប​ជាង ៤០,៥ លាន​ដូ​ស​ហើយ ក្នុងនោះ​វ៉ាក់សាំង​នៅសល់​ក្នុង​ឃ្លាំង ​ប្រមាណ ៥ លាន​ដូ​ស​។