Author: សឿន សំណាង

  • លប​បើក​ត្របកភ្នែក​របស់​អតីត​សង្សារ ដើម្បី​លួច​ផ្ទេរប្រាក់​រាប់ម៉ឺន​ដុល្លារ យកទៅ​ដោះបំណុល

    លប​បើក​ត្របកភ្នែក​របស់​អតីត​សង្សារ ដើម្បី​លួច​ផ្ទេរប្រាក់​រាប់ម៉ឺន​ដុល្លារ យកទៅ​ដោះបំណុល

    (ប្រទេស​ចិន)-បុរស​ម្នាក់​នៅក្នុង ខេត្ត​ក្វាង​ស៊ី (Quangxi) ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​ពីបទ​លួច​លុយ​ពី​ទូរស័ព្ទ​របស់​អតីត​សង្សារ ដោយ​ប្រើប្រាស់​មុខងារ​ស្កេ​ន​ផ្ទៃមុខ។

    បុរស​ត្រកូល ហ្វា​ង (Huang) អាយុ ២៨ ឆ្នាំ នៅ ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ថ្ងៃទី ១១ ធ្នូ ២០២១ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ ៣.៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០,០០០ យុន (៣,១៤០ ដុល្លារ)។ កាលពី​ខែធ្នូ ឆ្នាំ ២០២០ នៅពេល​ជំពាក់​បំណុល​គេ​វ័ណ្ឌក ឈ្មោះ ហ្វា​ង ក៏បាន​ទូរស័ព្ទ​ទៅ​អតីត​មិត្តស្រី​របស់ខ្លួន​ដែលមាន​ត្រកូល ដុង (Dong)។

    ហ្វា​ង និយាយថា ចង់​ជួប ដុង ដើម្បី​ជជែក​អំពី​វិធី​សងបំណុល ៦០,០០០ យុន (៩,៤០០ ដុល្លារ) ដែល​បុរស​នេះ​បាន​ខ្ចី​កាលពី​ពួកគេ​នៅ​ស្រលាញ់គ្នា។ ល្ងាច​នោះ ហ្វា​ង បាន​ទៅ​ថែទាំ ដុង បន្ទាប់ពី​បានដឹងថា នាង​កំពុង​ឈឺ ព្រមទាំង​បាន​ដាំ​ស្ល និង​ឱ្យ​នាង​លេបថ្នាំ។

    ក្រោយពី​បាន​លេបថ្នាំ ដុង ក៏​គេង​លក់​យ៉ាង​ស្កប់ស្កល់។ ពេលនោះ ហ្វា​ង ក៏បាន​ដោះ​សោ​ទូរស័ព្ទ​ដោយ​ស្កេ​ន​ក្រយៅដៃ​របស់​នាង រួច​ក៏​បើក​ត្របកភ្នែក​របស់​នារី​រូបនេះ​ដើម្បី​ដំណើរការ​បច្ចេកវិទ្យា​ស្កេ​ត​ផ្ទៃមុខ ហើយក៏​ផ្ទេរប្រាក់ ១៥០,០០០ យុន (២៣,០០០ ដុល្លារ) ពី​កាបូប​ឌីជីថល Alibaba របស់​នាង ចូលទៅ​គណនី​ធនាគារ​របស់ខ្លួន។

    មុនពេល​គេចខ្លួន ជននេះ​ថែមទាំង​បាន​លួច​យក​ទូរស័ព្ទ និង​អាវ​ក្រៅ​របស់​នារី​រងគ្រោះ ដើម្បី​លក់​យកប្រាក់​សងបំណុល​ល្បែង។ ថ្ងៃ​បន្ទាប់ ពេល​ដឹងខ្លួន ដុង បានឃើញ​ទូរស័ព្ទ​ផ្សេង​មួយគ្រឿង​ដែល​បង្ហាញ​សារ​អំពី​ការផ្ទេរ​ប្រាក់។ នាង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក្រោយពី​ហៅ​ទូរស័ព្ទ​ទៅកាន់ ហ្វា​ង ប៉ុន្តែ ជននេះ​មិន​លើក។ ជនដៃដល់​ឈ្មោះ ហ្វា​ង ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ ២០២១៕

  • នាវាចម្បាំងមួយគ្រឿង​របស់ ប្រទេស​រុស្ស៊ី ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​​អស់​​គ្មាន​សល់

    នាវាចម្បាំងមួយគ្រឿង​របស់ ប្រទេស​រុស្ស៊ី ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​​អស់​​គ្មាន​សល់

    នាវាចម្បាំង​មួយគ្រឿង​របស់ ប្រទេស​រុស្ស៊ី ដែល​កំពុង​ត្រូវបាន​សាងសង់​នៅឯ​រោងចក្រ​មួយកន្លែង​ដែល​ស្ថិតក្នុង​តំបន់ St. Petersburg បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៣ នាក់ រងរបួស។

    អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២១ នេះ បាន​លេប​ត្របាក់​ទាំងស្រុង នាវាចម្បាំង Provorny ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​រោងចក្រ​ផលិត​នាវា​ភាគ​ខាងជើង នៅក្នុង​ទីក្រុង St. Petersburg។ អ្នកនាំពាក្យ​អង្គភាព​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន របស់ Petersburg បានឱ្យដឹងថា អណ្ដាតភ្លើង​បាន​ឆាបឆេះ​នៅវេលា​ម៉ោង​ប្រហែល ១៩ (ម៉ោង ២៣ នៅ ភ្នំពេញ)។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជិត ១៧០ នាក់ រួម​នឹង​ឧបករណ៍​ជាង ៤០ ឈុត ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ សមត្ថកិច្ច​ក្នុង​តំបន់ ឱ្យដឹងថា ករណី​អគ្គិភ័យ​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៣ នាក់ រងរបួស ក្នុងនោះ​មាន ២ នាក់ ត្រូវ​ចូល​ពេទ្យ។

    នាវាចម្បាំង Provorny ស្ថិតក្នុង​ថ្នាក់ «គម្រោង ២០៣៨០» មាន​ទម្ងន់​លើ​ផ្ទៃ​ទឹក (displacement) 2.200 តោន, បណ្ដោយ ១០៤.៥ ម៉ែត្រ, ល្បឿន​អតិបរមា ៥០ គីឡូម៉ែត្រ/ម៉ោង។ នាវា​នេះ​បំពាក់​កាំភ្លើង​ធំ​ប្រភេទ​កាណុង ១០០ ម​ម, ប្រព័ន្ធ​បាញ់​រ៉ុក្កែត ៤ គ្រាប់ Kh-35 ប្រឆាំង​នាវាចម្បាំង ចំនួន ២, បំពង់​ទម្រ​បាញ់​រ៉ុក្កែត​ប្រឆាំង​យន្តហោះ Redut ចំនួន ១២ និង​ប្រព័ន្ធ​បាញ់​គ្រាប់បែក​ក្រោម​ទឹក (torpedo) ប្រភេទ ៣៣០ ម​ម ៤ បំពង់ ចំនួន ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា តាម​គម្រោង កងទ័ពជើងទឹក​រប​ស់ រុស្ស៊ី នឹង​ទទួល​នាវាចម្បាំង Provorny នៅ​ចុងឆ្នាំ ២០២២៕

  • កម្ពុជា​ រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ប្រភេទ​ អូមីក្រុង ម្នាក់ទៀត​ កាលពី​ម្សិលមិញ

    កម្ពុជា​ រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ប្រភេទ​ អូមីក្រុង ម្នាក់ទៀត​ កាលពី​ម្សិលមិញ

    ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​យប់​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ​ ២០២១ បាន​ប្រកាស​ថា បាន​រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​​ អូ​មី​ក្រុង​ (Omicron) ចំនួន​ ១ នាក់​ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។

    ករណី​វិជ្ជមាន​ខាងលើ​នេះ​ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា គឺជា​ករណី​វិជ្ជមាន​ អូមីក្រុង​ ទីពីរ​ ដែល​បាន​រកឃើញ​នៅ​ កម្ពុជា​។

    ព័ត៌មាន​លម្អិត​ សូម​អាន​សេចក្ដីជូន​ដំណឹង​ខាងក្រោម​៖

  • ខុនដូ Penthouse ប្រណិត​ថ្មី​របស់លោក​ David Beckham មាន​អ្វីខ្លះ បានជា​មានតម្លៃ​ដល់ ២០ លាន​ដុល្លារ?

    ខុនដូ Penthouse ប្រណិត​ថ្មី​របស់លោក​ David Beckham មាន​អ្វីខ្លះ បានជា​មានតម្លៃ​ដល់ ២០ លាន​ដុល្លារ?

    គ្រួសារ​របស់ David Beckham មាន penthouse មួយកន្លែង​ដែលមាន​តម្លៃ ២០ លាន​ដុល្លារ​អាម៉េរិក ស្ថិតនៅក្នុង​អគារ One Thousand Museum នៅ Miami ដែល​ទីតាំង​នេះ​ងាយស្រួល​សម្រាប់ Beckham ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមបាល់ទាត់ Inter Miami។

    គូ​ស្វាមីភរិយា Victoria និង David Beckham គឺជា​គូស្នេហ៍​ដ៏​លេចធ្លោ​មួយ​របស់ Hollywood។ ស្វាមី​គឺជា​កំពូល​តារាបាល់ទាត់ ចំណែក​ភរិយា​គឺជា​តារាចម្រៀង និង​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ។ សម្ព័ន្ធភាព​របស់​ពួកគេ ជាច្រើន​ឆ្នាំ​កន្លងទៅនេះ នៅតែ​ធ្វើឱ្យ​សាធារណជន​មានការ​កោតសរសើរ។

    បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​តារា​ដែលមាន​កូន ៤ នាក់​នេះ កើន​ដល់ ៤៥០ លាន​ដុល្លារ​អាម៉េរិក ដែល​បានមកពី​ជំនួញ និង​ការធ្វើជា​តំណាង​របស់​យីហោល្បី។ ក្នុងចំណោម​ទ្រព្យ​របស់​ពួកគេ ក៏មាន penthouse លំដាប់​ប្រណិត​មួយកន្លែង​ផងដែរ។

    ការសម្រេចចិត្ត​ទិញ​ខុន​ដូ​ប្រណិត​នេះ ត្រូវបាន​ធ្វើឡើង​នៅពេល David Beckham ទិញ​ភាគហ៊ុន​របស់​ក្លឹប​បាល់ទាត់ Inter Miami CF។ យោងតាម​គេហទំព័រ​អចលនទ្រព្យ​លំដាប់​ប្រណិត​ខ្នាត​អន្តរជាតិ Mansion Global កិច្ចព្រមព្រៀង​ទិញដូរ​នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុន Beckham Brand Limited របស់ David Beckham។

    ខុន​ដូ ដែលមាន​លក្ខណៈ​ជា penthouse ថ្មី ដែល​ពួកគេ​ទើបបាន​ទិញ​នេះ មាន​ទំហំ​ជាង ១,០០០ ម៉ែត្រក្រឡា ស្ថិតនៅ​ជាន់​ទី ៥០ របស់​អគារ One Thousand Museum នៅ​កណ្ដាល​ទីក្រុង Miami ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។ អគារ One Thousand Museum ដែលមាន ៦២ ជាន់​នេះ ក៏មាន​លក្ខណៈ​ជា​តំណាង​របស់ Miami ផងដែរ។

    អគារ One Thousand Museum មាន​បន្ទប់​ខុន​ដូ​ចំនួន ៨៤ ដែលមាន​តម្លៃ​ចាប់ពី ៥.៩ លាន​ដុល្លារ ដល់ ២១ លាន​ដុល្លារ។

    ផ្ទះ penthouse ដែលមាន​តម្លៃ ២០ លាន​ដុល្លារ របស់ Beckham រួមមាន បន្ទប់​គេង​ចំនួន ៥, បន្ទប់ទឹក​ចំនួន ៦ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​អាច​មើលឃើញ​ទេសភាព​សមុទ្រ និង​ទីក្រុង យ៉ាង​ពេញភ្នែក។ ចំណែក​ផ្ទះបាយ​វិញ​គឺជា​ផ្នែក​ប្រណិត​ជាងគេ​របស់ penthouse នេះ។

    អ្នក​ដែល​ស្នាក់នៅ​ក្នុង​អគារ​នេះ នឹង​បានទទួល​បទពិសោធន៍​ផាសុកភាព​ជាច្រើន ក្នុងនោះ​មានដូចជា អាង​ហែល​ទឹក​នៅ​ជា​ន់ទី ៦១, រោងកុន​ប្រកបដោយ​ភាព​ឯកជន, ប្រព័ន្ធ​បន្ទប់​ហាត់ប្រាណ, ស្ប៉ា, មជ្ឈមណ្ឌល​កាយសម្ព័ន្ធ​លំដាប់​ពិភពលោក ជាពិសេស​គឺ​ទីលាន​ចត​ឧទ្ធម្ភាគចក្រ​សម្រាប់​អ្នក «ខ្ជិល» ឡើង​តាម​ជណ្ដើរ​ប្រអប់។

    ក្រៅពី penthouse ថ្មី​នេះ គ្រួសារ​របស់ Beckham ក៏​នៅមាន​អចលនទ្រព្យ​ជាច្រើន​ផ្សេងទៀត ដូចជា ភូមិគ្រឹះ​ប្រណិត​នៅ​ឧទ្យាន Holland ក្នុង​ទីក្រុង​ឡុង​ដ៍, ផ្ទះ​លម្ហែកាយ​ក្នុង​តំបន់ Cotswolds នៅ ប្រទេស​អង់គ្លេស, ភូមិគ្រឹះ និង​ផ្ទះ​ច្រើន​ខ្នង​នៅ Dubai អេ​ស្ប៉ា​ញ និង​នៅ LA ក៏ដូចជា​ភូមិគ្រឹះ Beckingham Palace នៅ Hertfordshire ក្នុងប្រទេស​អង់គ្លេស ។ល។

  • ប្រទេស​ឡាវ កំណត់ពេល​វេលា​បើក​ច្រកព្រំដែន​ទទួល​ទេសចរ ទៅតាម ៣ ដំណាក់កាល

    ប្រទេស​ឡាវ កំណត់ពេល​វេលា​បើក​ច្រកព្រំដែន​ទទួល​ទេសចរ ទៅតាម ៣ ដំណាក់កាល

    រដ្ឋាភិបាល​ឡាវ បានកំណត់​ពេលវេលា​នៃ​ការបើក​ច្រកព្រំដែន​ជា ៣ ដំណាក់កាល ចាប់ពី​ថ្ងៃទី ១ មករា ២០២២ ក្នុង​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា កម្សាន្ត «តំបន់​ទេសចរណ៍​បៃតង» របស់​ប្រទេស​នេះ​នៅ​ឆ្នាំក្រោយ។

    ការិយាល័យ​នាយករដ្ឋមន្ត្រី​ឡាវ បានឱ្យដឹងថា គម្រោង​បើក​ច្រកព្រំដែន​នេះ​នឹង​ត្រូវបាន​អនុវត្ត​ជា ៣ ដំណាក់កាល៖ ដំណាក់កាល​ទី ១ ចាប់ពី​ថ្ងៃទី ១ មករា ២០២២, ដំណាក់កាល​ទី ២ ចាប់ពី​ថ្ងៃទី ១ មេសា ២០២២ និង​ដំណាក់កាល​ទី ៣ ចាប់ពី​ថ្ងៃទី ១ មិថុនា ២០២២។

    ប្រកាស​ខាងលើ​ក៏បាន​បញ្ជាក់ថា ទេសចរ​ក្នុងស្រុក និង​មកពី​បរទេស ដែល​ចង់ទៅ​កាន់ «តំបន់​ទេសចរណ៍​បៃតង» ត្រូវតែ​ជា​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ចំនួន ២ ដូ​ស យ៉ាងតិច ១៤ ថ្ងៃ មុនពេល​ចេញដំណើរ។ ទេសចរ​បរទេស ត្រូវសុំ​ទិដ្ឋាការ​តាម​អន​ឡាញ ត្រូវមាន​លិខិតបញ្ជាក់​អំពី​ការធ្វើ​តេស្ត PCR អវិជ្ជមាន​នឹង​កូ​វីដ-១៩ យ៉ាងតិច ៧២ ម៉ោង មុនពេល​ឡើង​យន្តហោះ និង​ចូលមក​ទឹកដី​ឡាវ ហើយក៏​ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​នៅពេល​ចូលដល់​ទឹកដី​នេះ៕

  • កូវីដ-១៩ ប្រភេទ​ អូ​មី​ក្រុង ទម្រង់​ «បំបាំងកាយ» អាច​គំរាមកំហែងខ្លាំង​ក្លា​​ដល់​ពិភពលោក​

    កូវីដ-១៩ ប្រភេទ​ អូ​មី​ក្រុង ទម្រង់​ «បំបាំងកាយ» អាច​គំរាមកំហែងខ្លាំង​ក្លា​​ដល់​ពិភពលោក​

    កាលពី​សប្ដាហ៍​មុន ក្រុម​អ្នកវិទ្យាសាស្ត្រ​បានកំណត់ «អត្តសញ្ញាណ» នៃ​ទម្រង់​ទី ២ របស់ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែល​គេ​ពិបាក​រកឃើញ​ដោយ​ការធ្វើ​តេស្ត PCR។ វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ហៅថា ទម្រង់ «បំបាំងកាយ» របស់ អូ​មី​ក្រុង ដែល​ទំនងជា​នឹង​បង្ក​ការ​ស្មុគស្មាញ​ក្នុងការ​តាមដាន និង​គ្រប់គ្រង​ការឆ្លង​រាលដាល​បន្ថែមទៀត។

    វត្តមាន​របស់​ទម្រង់​ថ្មី​ខាងលើនេះ បាន​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បំបែក វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ជា ២ ទម្រង់ រួមមាន អូ​មី​ក្រុង​ស្ដង់ដា (ទម្រង់​ដើម) ឬ​ហៅថា BA.1 និង​ទម្រង់​ថ្មី BA.2។ មកដល់​បច្ចុប្បន្ន BA.1 គឺជា​ទម្រង់​ដែល​គេ​ស្គាល់​ច្រើន និង​ត្រូវបាន​រកឃើញ​ក្នុងប្រទេស​រាប់សិប ហើយ​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ជំនួស វ៉ា​រ្យ៉​ង់ ដេ​លតា។ ចំណែក​ទម្រង់ BA.2 ទើបតែ​ត្រូវបាន​រកឃើញ​ជិត ១០ ករណី​ប៉ុណ្ណោះ ប៉ុន្តែ BA.2 ពុំមាន​ចំណុច​ពិសេស​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ការធ្វើ​តេស្ត PCR សោះឡើយ។ ប្រការនេះ​អាច​ប៉ះពាល់​ដល់​ការតាមដាន​អំពី​អត្រា​នៃ​ការឆ្លង​រាលដាល​របស់ BA.2។

    ជាធម្មតា វីរុស SARS-CoV-2 (កូ​វីដ-១៩) រួមមាន​ហ្សែ​ន​ចំនួន ៤ គឺ N, S, E និង ORF។ ការធ្វើ​តេស្ត PCR ពេញលេញ​អាច​រកឃើញ​ហ្សែ​ន​ទាំងនេះ។ អូ​មី​ក្រុង ទម្រង់​ដើម ខ្វះ​កំណាត់​ហ្សែ​ន S ដូច្នេះ ការធ្វើ​តេស្ត PCR នៅតែ​អាច​រកឃើញ​អ្នក​វិជ្ជមាន​នឹង អូ​មី​ក្រុង ដោយ​មិនបាច់​វិភាគ​ហ្សែ​ន។ «អូ​មី​ក្រុង​បំបាំងកាយ» មាន​ចំណុច​ដូចគ្នា​ជាច្រើន ធៀប​នឹង អូ​មី​ក្រុង​ដំបូង ប៉ុន្តែ កំណាត់​ហ្សែ​ន S នៅតែមាន នាំឱ្យមាន​ការពិបាក​ក្នុង​បែងចែក​ប្រភេទ នៅពេល​ធ្វើតេស្ត PCR។

    ជាមួយ BA.1 ការធ្វើ​តេស្ត PCR អាច​រកឃើញ​ចំណុច​ពិសេស «ខ្វះ​កំណាត់​ហ្សែ​ន S» ដើម្បី​បែងចែក​វា​ជាមួយនឹង ដេ​លតា ដូច្នេះ អ្នកវិទ្យាសាស្ត្រ​មាន​ភាពងាយស្រួល​ក្នុងការ «ដាក់​ស្លាក» ទៅលើ​សំណាក​ដែល​គួរឱ្យ​សង្ស័យ ដើម្បី​ធ្វើការ​វិភាគ​ហ្សែ​ន​ដោយ​សុក្រឹត។ ដូច្នេះ បន្ទប់​ពិសោធ​នានា​អាច​រកឃើញ​វត្តមាន​របស់ អូ​មី​ក្រុង ទម្រង់ BA.1 នេះ ចាប់ពី ២ ដល់ ៣ ថ្ងៃ បន្ទាប់ពី​បាន​យក​សំណាក​មក​ធ្វើតេស្ត។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រ​នឹងត្រូវ​ចំណាយពេល​ពី ២ ដល់ ៣ សប្ដាហ៍ នៅក្នុង​ការកំណត់​អត្តសញ្ញាណ​របស់ អូ​មី​ក្រុង ប្រភេទ«បំបាំងកាយ»។

    វេជ្ជបណ្ឌិត Davey Smith ប្រធាន​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ California San Diego (អាម៉េរិក) អះអាងថា ការយឺតយ៉ាវ​នេះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ព្រោះថា ក្រុមគ្រូពេទ្យ​ត្រូវ​ការដឹង​អំពី​ពេលវេលា​ដែល​ត្រូវ​ប្ដូរ​វិធីសាស្ត្រ​ព្យាបាល។ ថ្នាំ​ប្រភេទ​ខ្លះ មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង ដេ​លតា ប៉ុន្តែ មិនសូវមាន​ប្រសិទ្ធភាព​ចំពោះ អូ​មី​ក្រុង។

    បច្ចុប្បន្ន អូ​មី​ក្រុង ប្រភេទ «បំបាំងកាយ» ត្រូវបាន​រកឃើញ​នៅ កាណាដា, អូស្ត្រាលី, អង់គ្លេស និង អាហ្វ្រិក​ខាងត្បូង។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​យល់ច្បាស់​អំពី​ភាព​សាហាវ​របស់​វា៕

  • កម្មករ​ចំនួន​ ២១ នាក់ កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​លិច​ទឹក នៅ ប្រទេស​ចិន

    កម្មករ​ចំនួន​ ២១ នាក់ កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​លិច​ទឹក នៅ ប្រទេស​ចិន

    អាជ្ញាធរខេត្ត Shanxi ភាគ​ខាងជើង​នៃ ប្រទេស​ចិន នា​ថ្ងៃទី ១៧ ធ្នូ នេះ បានឱ្យដឹងថា កងកម្លាំង​ជួយសង្គ្រោះ​កំពុង​ដុតដៃ ដុតជើង សង្គ្រោះ​កម្មករ ២១ នាក់ ដែល​ជាប់​នៅក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​កំពុង​លិច​ទឹក មួយកន្លែង​នៅ​ខេត្ត​នេះ។

    ក្រុម​សង្គ្រោះ​ដែលមាន​គ្នា​ជាង ៤០០ នាក់ កំពុង​រត់ប្រណាំង​នឹង​ពេលវេលា​ដើម្បី​ចូលទៅ​ឱ្យដល់​កន្លែង​ដែល​កម្មករ​ទាំងនេះ​កំពុង​ជាប់គាំង នេះ​បើតាម​អាជ្ញាធរ​ក្នុង​តំបន់។ ពួកគេ​បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​មួយចំនួន​ដើម្បី​រំដោះ​ទឹក​ចេញពី​អណ្ដូងរ៉ែ ហើយ​មកដល់​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី ១៧ ធ្នូ ទឹក​នៅក្នុង​អណ្ដូងរ៉ែ បាន​ថយចុះ ២.១ ម៉ែត្រ។

    ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ២៣ យប់ នៃ​ថ្ងៃទី ១៥ ធ្នូ នៅក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ ក្នុង​ទីក្រុង Xiaoyi របស់​ខេត្ត Shanxi។

    យោងតាម​ការស្រាវជ្រាវ​ដំបូង ការទាញយក​រ៉ែ​ខុសច្បាប់​គឺជា​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ។ សីតុណ្ហភាព​ថយចុះ ខណៈដែល​ខ្យល់​បក់​ខ្លាំង​គឺជា​កត្តា​ដែល​បណ្ដាលឱ្យ​បេសកកម្ម​ជួយសង្គ្រោះ​ប្រែជា​លំបាក​ជាង​មុន។

    សមត្ថកិច្ច​បាន និង​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ ៧ នាក់ ដែល​ទាក់ទិន​នឹង​ហេតុការណ៍​នេះ និង​កំពុង​ស្វែងរក​ជន​មួយចំនួនទៀត​ដែល​បច្ចុប្បន្ន​បានគេច​ខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ៕

  • បច្ចុប្បន្នភាព​ស្ដីពី កូវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ​៖ ស្លាប់​ ៣ នាក់ និង ជាសះស្បើយ​ ១២ នាក់

    បច្ចុប្បន្នភាព​ស្ដីពី កូវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ​៖ ស្លាប់​ ៣ នាក់ និង ជាសះស្បើយ​ ១២ នាក់

    កម្ពុជា​ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ ថ្ងៃទី ១៦ ធ្នូ ២០២១ បាន​រកឃើញ​អ្នក​ឆ្លងថ្មី ៨ នាក់ ជាសះស្បើយ ១២ នាក់ និងស្លាប់ 0៣ នាក់។

  • ជប៉ុន រកឃើញ​បម្រែបម្រួល​ដែលនាំឱ្យ វីរុស​កូ​វីដ-១៩ ប្រភេទ ដេ​លតា (Delta) សាហាវ​ជាង​មុន

    ជប៉ុន រកឃើញ​បម្រែបម្រួល​ដែលនាំឱ្យ វីរុស​កូ​វីដ-១៩ ប្រភេទ ដេ​លតា (Delta) សាហាវ​ជាង​មុន

    យោងតាម​ប្រភពព័ត៌មាន​ពី ទីក្រុង​តូ​ក្យូ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ ជប៉ុន ទើបតែ​បាន​រកឃើញ​បម្រែបម្រួល​មួយ​នៅក្នុង វ៉ា​រ្យ៉​ង់​ដេ​លតា នៃ វីរុស​កូ​វីដ-១៩ ដែលនាំឱ្យ វីរុស​បំប្លែង​ខ្លួន​នេះ ប្រែជា​សាហាវ​ជាង​មុន។

    ភាព​សាហាវ​របស់ ដេ​លតា អាច​បណ្ដាលមកពី​បម្រែបម្រួល​មួយ​ត្រូវបាន​ដាក់ឈ្មោះថា P681R ដែល​កើតឡើង​នៅលើ​ប្រូតេអ៊ីន​បន្លា ជា​រចនាសម្ព័ន្ធ​ដែល​ជួយ​ឱ្យ វីរុស អាច​តោង​ជាប់​កោសិកា​របស់​មនុស្ស។ បម្រែបម្រួល P681R ធ្វើឱ្យ​បណ្ដា​កោសិកា​ដែលមាន​ផ្ទុក​វីរុស ក​កើតជា​ចំណុចអុជៗរាង​មូល​នៅលើ​សួត និង​នាំឱ្យមាន​អាការ​ធ្ងន់ធ្ងរ​ជាង​មុន។

    ដើម្បី​ស្វែងយល់​អំពី​ភាព​សាហាវ​របស់ បម្រែបម្រួល P681R ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បានដាក់ វ៉ា​រ្យ៉​ង់​ដេ​លតា ឱ្យ​ឆ្លង​រាលដាល​ចូល​កោសិកា​ដែល​បាន​ត្រៀម​ទុក​ពិសោធ។ ពួកគេ​រកឃើញថា កោសិកា​ទាំងនេះ​ត្រូវ​ជាប់​ស្អិត​ចូលគ្នា និង​កកើត​ស្នាម​អុជ​មូល​នៅលើ​សួត មាន​ទំហំ​ធំ​ជាង ៣.៦ ដង ធៀប​នឹង​ទំហំ​មធ្យម​របស់​កោសិកា​ដែលមាន​ផ្ទុក វីរុស​ដើម​របស់ កូ​វីដ-១។ សត្វ​កណ្ដុរ​ដែល​ត្រូវបាន​យកមក​ពិសោធ បាន​ចុះ​ស្គម​យ៉ាង​លឿន និង​ត្រូវ​រលាក​សួត​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង​កណ្ដុរ​ដែល​ឆ្លង​វីរុស​ដើម។

    សាស្ត្រាចារ្យ​រង Kei Sato របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ នៃ សាកលវិទ្យាល័យ​តូ​ក្យូ ដែលជា​អ្នកវិទ្យាសាស្ត្រ​មួយរូប​បានរួម​ចំណែក​ក្នុងការ​ពិសោធ​ខាងលើ យល់ថា ការស្រាវជ្រាវ​ទៅលើ បម្រែបម្រួល P681R នេះ អាច​បកស្រាយ​បាន​នូវ​មូលហេតុ​ដែលនាំឱ្យ ដេ​លតា បង្កឱ្យមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង វ៉ា​រ្យ៉​ង់ ដទៃ៕

  • EMA ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់ Pfizer

    EMA ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់ Pfizer

    អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ Paxlovid ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer។

    យោងតាម EMA ថ្នាំ​គ្រាប់ Paxlovid ដែល​បច្ចុប្បន្ន​មិនទាន់​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​នៅឯ សហភាព​អឺរ៉ុប (EU) អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ដែលជា​មនុស្សពេញវ័យ អ្នក​ដែល​មិនទាន់​ត្រូវការ​ជំនួយ​អុកស៊ីសែន និង​អ្នកជំងឺ​ដែល​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅរក​ធ្ងន់ធ្ងរ។

    EMA សង្កត់ធ្ងន់ថា ថ្នាំ​នេះ ប្រើប្រាស់​កាន់តែ​ឆាប់ កាន់តែ​ល្អ សម្រាប់​អ្នក​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​កូ​វីដ-១៩ និង​ក្នុង​រយៈពេល ៥ ថ្ងៃ បន្ទាប់ពី​មាន​អាការរោគ។

    EMA បញ្ជាក់ថា ការណែនាំ​នេះ​នឹង​ជួយ​ដល់​ស្ថាប័ន​សុខាភិបាល​របស់​បណ្ដា​ប្រទេស អាច​សម្រេច​ចិត្តបាន​​ឆាប់​រហ័ស​ ទាក់​ទង​​នឹង​​ការអនុញ្ញាត​ឱ្យប្រើ​ថ្នាំ Paxlovid មុនពេល​វា​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ។

    យោងតាម EMA ទិន្នន័យ​បានបង្ហាញ​ថា ថ្នាំ Paxlovid ជួយ​កាត់បន្ថយ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់ បើសិនជា​ត្រូវបាន​ព្យាបាលភ្លាមៗក្នុង​រយៈពេល ៥ ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ដែល​អ្នកជំងឺ​មាន​រោគសញ្ញា។ លទ្ធផល​នៃ​ការពិសោធ​បាន​បង្ហាញ​​ថា ​មាន​តែ ​ប្រហែល ​១% ប៉ុណ្ណោះ ក្នុងចំណោម​អ្នកជំងឺ​ដែល​បាន​ប្រើប្រាស់​ថ្នាំ Paxlovid ក្នុងអំឡុងពេល​ខាងលើ ត្រូវ​ចូល​ពេទ្យ បន្ទាប់ពី​បាន​ព្យាបាល ២៨ ថ្ងៃ ធៀប​នឹង ៦.៧% នៃ​អ្នកជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​បញ្ឆោត (Placebo)។ ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ឡើយ នៅក្នុង​ក្រុម​អ្នកប្រើប្រាស់​ថ្នាំ Paxlovid ខណៈ​អ្នកជំងឺ ១០ នាក់​នៅក្នុង​ក្រុម​អ្នក​ប្រើ​ថ្នាំ​បញ្ឆោត បាន​បាត់​បង់ជីវិត៕