Author: សឿន សំណាង

  • ប្រទេស​ជាច្រើន​កំពុង​ពិចារណា​លើ​ការ​ប្ដូរផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ»

    ប្រទេស​ជាច្រើន​កំពុង​ពិចារណា​លើ​ការ​ប្ដូរផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ»

    ក្រុមមន្ត្រី​នៃ​បណ្ដា​ប្រទេស កំពុងតែ​ពិចារណា​អំពី​ការដាក់បញ្ចូល​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ ទៅក្នុង​និយមន័យ «ការចាក់​វ៉ាក់សាំង​ពេញលេញ» នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន។

    ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន លោក Anthony Fauci កាលពី​ថ្ងៃទី ១៧ ធ្នូ បានឱ្យដឹងថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ អាម៉េរិក បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្ដូរផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស» ឬ «ការចាក់​វ៉ាក់សាំង​ពេញលេញ»។ ប៉ុន្តែ មិនទាន់​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ចាប់ពី​ពេលណា។

    ប្រកាស​របស់លោក Fauci ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទីក្រុង​ជាច្រើន​នៅ សហរដ្ឋ​អាម៉េរិក កំពុង​ទទួលរង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ-១៩។ ប្រការនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា «ការចាក់​វ៉ាក់សាំង​ពេញលេញ» កន្លងមក មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

    «មិនមាន​អ្វីដែល​ត្រូវ​សង្ស័យ​ទៀត​ទេ បើសិន​ចង់​ទទួលបាន​ការការពារ​ជា​អតិបរមា យើង​ត្រូវតែ​ចាក់​ដូ​ស​បន្ថែម» លោក Fauci បញ្ជាក់​ដូច្នេះ។

    CDC របស់ អាម៉េរិក កន្លងមក​បានប្រកាស​ថា «ជនជាតិ​អាម៉េរិក ត្រូវបាន​ចាត់ទុកថា បាន​ចាក់​វ៉ាក់សាំង​ពេញលេញ» ក្រោយពី​ពួកគេ​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ រយៈពេល ២ សប្ដាហ៍ ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ឬមួយ ១ ដូ​ស ចំពោះ​វ៉ាក់សាំង Johnson & Johnson។

    ដូច្នេះ ការប្ដូរ​ផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ» អាចធ្វើឱ្យ​មនុស្ស​មួយ​ភាគ​ធំ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទៅកាន់​ទីកន្លែង​ដែល​អនុញ្ញាត​ឱ្យតែ​ក្រុមមនុស្ស​ដែល​បាន «ចាក់​វ៉ាក់សាំង​ពេញលេញ» ទៅតាម​និយមន័យ​ថ្មី។ នៅ សហរដ្ឋ​អាម៉េរិក តួលេខ​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ មាន​មិន​ដល់ ១៨% គិត​ត្រឹម​ថ្ងៃទី ១៨ ធ្នូ ២០២១ ខណៈដែល​តួលេខ​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​ទៅតាម​និយមន័យ​បច្ចុប្បន្ន​របស់ CDC គឺ​ស្មើនឹង ៦១%។

    នៅ​ចំពោះមុខ អូ​មី​ក្រុង ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន និង​កំពុង​ផ្លាស់ប្ដូរ​និយមន័យ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ពេញលេញ។ នៅ កម្ពុជា ការចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​បន្ថែម ត្រូវបាន​ធ្វើឡើង​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម្លេះ។ ប្រទេស​អ៊ីស្រាអែល បានចាប់ផ្ដើម​តម្រូវឱ្យ​ប្រជាជន​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ដើម្បី​មាន​សិទ្ធិ «រក្សា​ប័ណ្ណ​បៃតង» បន្តទៀត ជា​លក្ខខណ្ឌ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​ដើរហើរ​ស្របច្បាប់។ កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃនេះ​ក៏​ដាក់ចេញ​នូវ​វិធានការ​ដូចគ្នានេះដែរ។

    ប្រទេស​មួយចំនួន​ផ្សេងទៀត កំពុង​ពិចារណា​លើ​ការកំណត់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ»។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី លោក Ong Ye Kung កាលពី​សប្ដាហ៍​មុន​យល់ថា ប្រជាជន​ត្រូវតែ​ចាក់ ដូ​ស​បន្ថែម ទើបត្រូវ​បានចាត់ទុក​ថា «បាន​ចាក់​វ៉ាក់សាំង​ពេញលេញ»។ ចំណែក ប្រទេស​អូទ្រីស ក៏បាន​តម្រូវ​អ្នកដំណើរ​មកពី​បរទេស​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ បង្ហាញ​លិខិតបញ្ជាក់​អំពី​លទ្ធផល​តេស្ត​អវិជ្ជមាន​នឹង​កូ​វីដ-១៩។

    ស្ថាប័ន​សុខាភិបាល​របស់ ម៉ាឡេស៊ី បានប្រកាសថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac នឹងត្រូវ​ចាក់​រំលឹក​នៅក្នុង​ខែកុម្ភៈ ឆ្នាំក្រោយ បើសិនជា​ចង់​រក្សា​ស្ថានភាព «បាន​ចាក់​វ៉ាក់សាំង​ពេញលេញ»។

    ដោយឡែក អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​គាំទ្រ​ដាក់​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ២ ដូ​ស​រួចហើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​អំពី​ហានិភ័យ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង និង​របៀប​ដែល​វា​ប្រតិកម្ម​ទៅនឹង​វ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​ដែល​និយាយ​អំពី​សមត្ថភាព​នៃ​ការឆ្លង​រាលដាល និង​ភាព​សាហាវ​របស់ អូ​មី​ក្រុង មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅឡើយ៕

  • កម្ពុជា ប្រកាស​បិទ​បញ្ចប់​ទាំងស្រុង នូវ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ

    កម្ពុជា ប្រកាស​បិទ​បញ្ចប់​ទាំងស្រុង នូវ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ទាំងស្រុង​នូវ​ព្រឹត្តិការណ៍ «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ» ដែលជា​រលក​នៃ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍​នៅ កម្ពុជា។

    សារ​សំឡេង​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បញ្ជាក់ថា ការបិទ​បញ្ចប់​នេះ​មិនមែន​មានន័យថា ជាការ​ប្រកាស​បញ្ចប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ នោះទេ ប៉ុន្តែ គ្រាន់តែ​ជាការ​ប្រកាស​បញ្ចប់​នូវ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ប៉ុណ្ណោះ។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ថ្លែងអំណរគុណ ដល់​បណ្ដា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់ កម្ពុជា មានដូចជា សាធារណរដ្ឋ​ប្រជាមានិត​ចិន, សហរដ្ឋអាមេរិក, ប្រទេស​ជប៉ុន, អង់គ្លេស និង​ប្រទេស​ហូ​ឡង់។

    ទន្ទឹមនឹងនេះ សម្ដេច ក៏បាន​រំពឹងថា នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ វ៉ាក់សាំង​របស់ អូស្ត្រាលី ប្រមាណ​ជា ២ លាន ៣ សែន​ដូ​ស ថែមទៀត នឹងត្រូវ​បាន​ដឹក​មកដល់ កម្ពុជា នៅ​យប់​ថ្ងៃទី ២៦ ខែធ្នូ និង​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២។

  • កម្ពុជា​ ពុំ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ឡើយ នៅក្នុង​អំឡុង​ថ្ងៃទី ​១៩ ខែ​ធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា​ ពុំ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ឡើយ នៅក្នុង​អំឡុង​ថ្ងៃទី ​១៩ ខែ​ធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៧ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ១១ នាក់ និងពុំ​មាន​អ្នក​ស្លាប់​​ អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៩ ធ្នូ ២០២១។

  • ជំនន់​ទឹកភ្លៀង​វាយប្រហារ ម៉ាឡេស៊ី ធ្វើឱ្យ​រដ្ឋ​ជាច្រើន​ត្រូវ​លិចលង់​ក្នុង​ទឹក

    ជំនន់​ទឹកភ្លៀង​វាយប្រហារ ម៉ាឡេស៊ី ធ្វើឱ្យ​រដ្ឋ​ជាច្រើន​ត្រូវ​លិចលង់​ក្នុង​ទឹក

    ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាលឱ្យ​ទឹកទន្លេ​កើនឡើង​ខ្ពស់ និង​ច្រាល​ចូល​តំបន់​ក្បែរ​ខាង ធ្វើឱ្យ​តំបន់​ទីក្រុង​ជាច្រើន​ត្រូវ​លិចលង់ នាំឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ឈ្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

    ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​រដ្ឋ​ទាំងឡាយ​របស់ ប្រទេស​ម៉ាឡេស៊ី ធ្វើឱ្យ​មនុស្ស​ជាង ៤១,០០០ នាក់ ត្រូវ​រត់​ទៅកាន់​ទីជម្រក​សុវត្ថិភាព ក្នុងនោះ Selangor គឺជា​រដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត។ យ៉ាងហោចណាស់ មាន​មនុស្សម្នា​ក់បាន​ស្លាប់ និង ១០ នាក់ បាន​បាត់​ខ្លួន នៅក្នុង​គ្រោះធម្មជាតិ​លើក​នេះ។

    ម៉ាឡេស៊ី បាន​បញ្ចេញ​កងទ័ព​ទៅកាន់​តំបន់​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួយសង្គ្រោះ​ប្រជាជន។

    នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​ករណី​ជនរងគ្រោះ​កំពុង​ស្រែកហៅ​ឱ្យជួយ ដោយសារ​ជាប់​ក្នុង​ទឹកជំនន់។

    គ្រោះធម្មជាតិ​នេះ ក៏បាន​បណ្ដាលឱ្យ​រថយន្ត​ក្រុង​នៅក្នុង និង​ជុំវិញ​រដ្ឋធានី​កូ​ឡា​ឡាំ​ពួរ រួម​នឹង​រថភ្លើង​ច្រើន​ខ្សែ​ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កំពង់ផែ Klang ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន។

    ម៉ាឡេស៊ី តែងតែ​រងគ្រោះ​ដោយសារ​ភ្លៀង​នៅ​ចុងឆ្នាំ ដែល​បាន​បណ្ដាលឱ្យមាន​ទឹកជំនន់​ទ្រង់ទ្រាយ​ធំ​កើតឡើង។

    ប្រទេស​នេះ​ធ្លាប់បាន​រងគ្រោះ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុងអំឡុង​រាប់​ទសវត្សរ៍​កាលពី​ឆ្នាំ ២០១៤ ដែល​កាលណោះ បានធ្វើឱ្យ​មនុស្ស​ជាង ១១៨,០០០ នាក់ ត្រូវ​ចាក​ចេញពី​ផ្ទះសម្បែង៕

  • ករណី​ឆ្លង​ថ្មី នៃ ​វីរុស​កូ​វីដ-១៩​ ប្រភេទ​ អូ​មី​ក្រុង​ (Omicron) កើន​ដល់​ជាង ១២,០០០នាក់/​ថ្ងៃ​ នៅ អង់គ្លេស

    ករណី​ឆ្លង​ថ្មី នៃ ​វីរុស​កូ​វីដ-១៩​ ប្រភេទ​ អូ​មី​ក្រុង​ (Omicron) កើន​ដល់​ជាង ១២,០០០នាក់/​ថ្ងៃ​ នៅ អង់គ្លេស

    ក្រុមមន្ត្រី​របស់ អង់គ្លេស មិន​លើកលែង​លទ្ធភាព​នៃ​ការ​រឹតត្បិត​ការដើរ​ហារ​នៅមុន​រដូវ​បុណ្យ​ណូអែល ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ថ្មី ដោយសារតែ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

    «យើង​កំពុង​វាយតម្លៃ​ស្ថានការណ៍។ យើង​ត្រូវ​ពិនិត្យ​រាល់​វិធានការ​នៅក្នុង​ដំណាក់កាល​នេះ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ថ្លែង​ដូច្នេះ​កាលពី​ម្សិលមិញ។

    លោក​ថ្លែងថា រដ្ឋាភិបាល​កំពុង​ពិនិត្យ​ទិន្នន័យ​រៀងរាល់​ម៉ោង និង​សុំ​យោបល់​ពី​ក្រុមប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល និង​បាន​បញ្ជាក់ថា នៅមាន​ប្រការ​មិនទាន់​ច្បាស់លាស់​ជាច្រើន​ស្ដីពី អូ​មី​ក្រុង ប៉ុន្តែ ការរង់ចាំ​ទិន្នន័យ​ជាក់លាក់ អាច​នឹង​នាំឱ្យមាន​ការយឺតយ៉ាវ​ក្នុងការ​ទប់ទល់​ស្ថានការណ៍។

    កាលពី​ថ្ងៃទី ១៩ ធ្នូ ប្រទេស​អង់គ្លេស បាន​រាយការណ៍​ថា រកឃើញ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ១២,០០០ នាក់ បន្ថែមទៀត ធ្វើឱ្យ​តួលេខ​នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ នេះ កើនឡើង​ដល់ ៣៧,១០១ នាក់។ លោក Sajid Javid ព្រមាន​ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ច្រើន និង​អះអាងថា ៦០% នៃ​ករណី​ឆ្លង​ថ្មី​នាបច្ចុប្បន្ន នៅ អង់គ្លេស គឺ​បណ្ដាលមកពី អូ​មី​ក្រុង។ គិត​ត្រឹម​ថ្ងៃទី ១៨ ធ្នូ ២០២១ យ៉ាងហោចណាស់ មាន​អ្នកជំងឺ ១២ នាក់ នៅ ប្រទេស​អង់គ្លេស បាន​ស្លាប់​ព្រោះតែ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ៕

     

  • ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Rai នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន កើនឡើង​ដល់​ជាង ២០០ នាក់

    ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Rai នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន កើនឡើង​ដល់​ជាង ២០០ នាក់

    ជនរងគ្រោះ​នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​បាន​បាត់​បង់ជីវិត​ដោយសារតែ​ព្យុះសង្ឃរា​ធំ​បំផុត​ប្រចាំឆ្នាំ បាន​កើន​ឡើងដល់ ២០៨ នាក់​ទៅហើយ។

    យ៉ាងហោចណាស់​មាន​អ្នករងរបួស ២៣៩ នាក់ និង ៥២ នាក់​ទៀត នៅតែ​បាត់​ខ្លួន បន្ទាប់ពី​ព្យុះសង្ឃរា Rai បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង និង​ភាគ​កណ្ដាល​របស់​ប្រជុំ​កោះ នេះ​បើតាម​អាជ្ញាធរ ហ្វ៊ី​លី​ពី​ន ដែល​បានឱ្យដឹង​នៅថ្ងៃនេះ។

    ព្យុះ​កំណាច​នេះ បាន​នាំឱ្យ​មនុស្ស​ជាង ៣០០,០០០ នាក់ ត្រូវ​រត់ទៅរក​ទី​សុវត្ថិភាព នៅពេល​វា​បាន​បោកបក់​ចូល​ដីគោក​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

    គិត​ត្រឹម​ថ្ងៃទី ១៩ ធ្នូ ទាហាន ប៉ូលិស កងកម្លាំង​ល្បាត​សមុទ្រ និង​ក្រុម​ពន្លត់​អគ្គិភ័យ​រាប់ពាន់នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ជួយសង្គ្រោះ និង​ស្វែងរក​ប្រជាជន​ដែល​កំពុង​បាត់​ខ្លួន។

    ព្យុះ Rai បាន​បោកបក់​ចូល​កោះ Siargao ក្នុង​ល្បឿន ១៩៥ គីឡូម៉ែត្រ/ម៉ោង ហើយ ១ ថ្ងៃ​ក្រោយមក បាន​ថយ​ចុះមក​ត្រឹម ១៥០ គីឡូម៉ែត្រ/ម៉ោង។ នេះ​គឺជា​ព្យុះ​ទី ១៥ និង​ជា​ព្យុះ​ដែល​បង្ក​ការស្លាប់​ធ្ងន់ធ្ងរ​បំផុត​នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុងឆ្នាំនេះ៕

  • អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក ព្រមាន​​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ អូ​មី​ក្រុង​ (Omicron) អាច​​ឆ្លង​​រាល​ដាល​​លើស​ពី​ធម្មតា

    អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក ព្រមាន​​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ អូ​មី​ក្រុង​ (Omicron) អាច​​ឆ្លង​​រាល​ដាល​​លើស​ពី​ធម្មតា

    ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក ព្រមាន​ថា រដូវរងា​ខាងមុខ អូ​មី​ក្រុង មានឱកាស​ឆ្លង​រាលដាល​ទូទាំង​សកលលោក។

    «មាន​ប្រការ​ដ៏​ច្បាស់លាស់​មួយ​គឺ អូ​មី​ក្រុង មានលទ្ធភាព​ឆ្លង​រាលដាល​លើសពី​ធម្មតា» លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង និង​ជាទី​ប្រឹក្សា​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក បាន​ប្រាប់ NBC News កាលពី​ថ្ងៃទី ១៩ ធ្នូ ដូច្នេះ និង​បាន​បន្ថែមថា «វា​នឹង​រាតត្បាត​ពាសពេញ​ពិភពលោក»។

    ចាប់ពី​ត្រូវបាន​រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង កាលពី​ខែវិច្ឆិកា មកដល់​បច្ចុប្បន្ន វីរុស​កូ​វីដ-១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន​រាប់សិប​នៅ​ទូទាំង​សកលលោក ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​រលក​នៃ​ការ​រាតត្បាត​ថ្មី។

    បើទោះជា​សញ្ញា​មួយចំនួន​បង្ហាញថា អូ​មី​ក្រុង មិន​ធ្ងន់ធ្ងរ​ជាង ដេ​លតា (Delta) និង​មិនទាន់​ក្លាយជា វ៉ា​រ្យ៉​ង់ ដែល​ឈរ​លំដាប់​លេខ១ ប៉ុន្តែ ទិន្នន័យ​ដំបូង​បាន​បញ្ជាក់ថា វា​មានលទ្ធភាព​ទប់ទល់​នឹង​វ៉ាក់សាំង និង​បង្ក​ការឆ្លង​រាលដាល​ខ្ពស់ជាង។

    លោក Fauci ថ្លែងថា៖ «បើសិនជា​ស្ថានភាព​នេះ​នៅតែ​បន្ត​អូសបន្លាយ ក្នុង​រយៈពេល​ពី ១ ទៅ ២ សប្ដាហ៍​ទៀត ប្រព័ន្ធ​សុខាភិបាល​របស់​យើង​នឹង​ប្រែជា​តានតឹង ពិសេស​គឺ​នៅ​តំបន់​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប។

    បច្ចុប្បន្ន វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង កំពុង​រួមចំណែក​ប្រមាណ ៣% នៃ​ករណី​ឆ្លង កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក ហើយ​តួលេខ​នេះ​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ដូច​អ្វីដែល​បានកើត​ឡើង​នៅក្នុង​បណ្ដា​ដទៃ៕

  • តួលេខ​ស្ដីពីករណី​ឆ្លង​កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ​ ២០២១

    តួលេខ​ស្ដីពីករណី​ឆ្លង​កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ៥ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ១១ នាក់ និងស្លាប់ ២ នាក់ នៅ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​ ២០២១​។

  • (វីដេអូ)-ម៉ូតូ​អគ្គិសនី​ប្រភេទ​ជ័រកៅស៊ូ អាច​សប់​ខ្យល់​បំប៉ោង និង​បត់​ដាក់​ក្នុង​វ៉ាលិស

    (វីដេអូ)-ម៉ូតូ​អគ្គិសនី​ប្រភេទ​ជ័រកៅស៊ូ អាច​សប់​ខ្យល់​បំប៉ោង និង​បត់​ដាក់​ក្នុង​វ៉ាលិស

    (ជប៉ុន)-ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បាន​បង្កើត​គំរូ​ម៉ូតូ​ប្រភេទ​ជ័រកៅស៊ូ បូម​ខ្យល់ និង​ប្រើ​ថាមពល​អគ្គិសនី សម្រាប់​ការធ្វើដំណើរ​ផ្លូវ​ជិត អាច​រត់​បាន ៩០ នាទី បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។

    គំរូ​ម៉ូតូ​ដែលមាន​ឈ្មោះថា Poimo នេះ អាច​បត់​ដាក់​ចូលក្នុង​វ៉ាលិស និង​អាច​សប់​ខ្យល់​បំប៉ោង​ដើម្បី​ប្រើប្រាស់។ ម៉ូតូ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ជិត​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​តូ​ក្យូ របស់ ជប៉ុន។

    Hiroki Sato អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ថ្លែងថា៖ «ដំបូង​ឡើយ ខ្ញុំ​បានគិត​ដល់​ការអភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ក្នុងដំណាក់កាល​ចុងក្រោយ ឬ​គម្លាត​ពី​ចំណត​រថភ្លើង ទៅកាន់​កន្លែងធ្វើការ ក្នុង​គ្រា​ពិបាក​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ។

    រយៈពេល​នៃ​ការ​សប់​ខ្យល់​បំប៉ោង​ម៉ូតូ​ដែលមាន​ទម្ងន់ ១០ គីឡូក្រាម នេះ គឺ​ត្រឹមតែ ២ នាទី​ប៉ុណ្ណោះ។ ម៉ូតូ​នេះ​អាច​រត់​ក្នុង​រយៈពេល ៩០ នាទី បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ។ រូបរាង​របស់​វា​ក៏​អាច​ត្រូវបាន​កែប្រែ​ទៅជា​ទម្រង់ផ្សេង។

    លោក Hiroki Sato បន្តថា លោក​សង្ឃឹមថា នឹង​បង្កើត​មធ្យោបាយ​ធ្វើដំណើរ​មួយ​ដែល​អាច​ប្ដូរ​រូបរាង​ទៅតាម​បំណងប្រាថ្នា មានដូចជា រូបរាង​ដែល​សមស្រប​នឹង​កម្ពស់​របស់​អ្នកប្រើប្រាស់​ជាដើម ដើម្បី​អាច​ផ្គត់ផ្គង់​ដល់​មនុស្ស​គ្រប់គ្នា៕