Author: សឿន សំណាង

  • ស្ថាប័នគយ​ចិន ចេញប្រកាស​ថ្មី អាចធ្វើឱ្យ​ទំនិញ​ទាំងអស់​ដែល​ឆ្លងកាត់​ព្រំដែន ត្រូវ «គាំងដំណើរ» ចាប់ពី​​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ ២០២១

    ស្ថាប័នគយ​ចិន ចេញប្រកាស​ថ្មី អាចធ្វើឱ្យ​ទំនិញ​ទាំងអស់​ដែល​ឆ្លងកាត់​ព្រំដែន ត្រូវ «គាំងដំណើរ» ចាប់ពី​​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ ២០២១

    អាជ្ញាធរ​ចិន បន្ត​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​តាម​ច្រកព្រំដែន ដោយសារតែ​ព្រួយបារម្ភ​អំពី​ការ​រាតត្បាត​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    សារព័ត៌មាន SCMP បាន​ចុះផ្សាយ​ថា អាជ្ញាធរ​គយ​របស់​ចិន កាលពី​ថ្ងៃទី ២០ ខែធ្នូ បានចេញ​ប្រកាស​មួយ​ស្ដីពី​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់ ជំងឺ​កូ​វីដ-១៩ ចំពោះ​មនុស្ស មធ្យោបាយ​ធ្វើដំណើរ និង​ទំនិញ​មកពី​បណ្ដា​ប្រទេស​ដែលមាន​វត្តមាន​របស់ អូ​មី​ក្រុង។ ព្រំដែន​ទាំងអស់​របស់​ប្រទេស​នេះ ក៏​នឹង​ត្រូវបាន​រឹតបន្តឹង​ការត្រួតពិនិត្យ ក្រោយពី​អាជ្ញាធរ​ចិន បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ចំនួន ៦ នាក់ នៅក្នុង​ទីក្រុង​ចំនួន ៣ របស់​ប្រទេស​នេះ កាលពី​សប្ដាហ៍​កន្លង។

    ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ «គ្មាន​កូ​វីដ» ក្រុម​អ្នកជំនាញ និង​អ្នកទទួលខុសត្រូវ​នៅ ប្រទេស​ចិន ជឿជាក់ថា ពួកគេ​អាច​ទប់ស្កាត់​ជំងឺឆ្លង​ពី​ព្រំដែន ដែល​នេះ​បង្ហាញថា គយ​របស់​ប្រទេស​នេះ​អាច​នឹង​បិទ​ខ្ទប់​ព្រំដែន ដែលនាំឱ្យ​ទំនិញ​ត្រូវ​ស្ទះ​នៅនឹងកន្លែង។

    «ច្រកព្រំដែន បច្ចុប្បន្ន​គឺជា​អាទិភាព​ទី ១ និង​ជា​ចំណុច​សំខាន់​នៅក្នុង​ការទប់ស្កាត់​រោគ​ឆ្លង។ យើង​នឹង​បង្កើន​ការត្រួតពិនិត្យ​ទំនិញ និង​មនុស្ស​ដែល​ឆ្លងកាត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់​ថ្មី» Mi Feng អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សុខាភិបាល​ជាតិចិន (NHC) បានបញ្ជាក់​ដូច្នេះ៕

  • (វីដេអូ)-ចិន សាងសង់​ស្ពាន​ខ្សែកាប​យោង​ខ្នាត​យក្ស ខ្ពស់​កប់​ពពក​ ឆ្លង​កាត់​ជ្រលង​ភ្នំ​

    (វីដេអូ)-ចិន សាងសង់​ស្ពាន​ខ្សែកាប​យោង​ខ្នាត​យក្ស ខ្ពស់​កប់​ពពក​ ឆ្លង​កាត់​ជ្រលង​ភ្នំ​

    ស្ពាន​ឆ្លងកាត់​ជ្រលង​ភ្នំ និង​ទន្លេ Tongzi ដែល​កំពុង​ត្រូវបាន​សាងសង់​នៅលើ​តំបន់ភ្នំ​មួយ​ក្នុង ខេត្ត Guizhou ប្រទេស​ចិន នេះ នឹងមាន​បណ្ដោយ​ប្រវែង​ជាង ១.៤ គីឡូម៉ែត្រ នៅពេល​បញ្ចប់​ការសាង់សង់។

    ប្រទេស​ចិន កំពុង​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​យោង​ដ៏​ធំ​មួយ ឆ្លងកាត់​ជ្រលង​ភ្នំ និង​ទន្លេ Tongzi ក្នុង​ខេត្ត Quizhou។ ស្ពាន​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន Jinsha-Renhuai-Tongzi នៅក្នុង​ខេត្ត Guizhou ស្ថិតក្នុង​ភាគ​និរតី​នៃ ប្រទេស​ចិន។ នៅពេល​សាងសង់​រួចរាល់ ស្ពាន​យក្ស​នេះ​នឹងមាន​បណ្ដោយ​សរុប ១,៤២២ ម៉ែត្រ។

    បង្គោល​ដែល​មេ​របស់​ស្ពាន មាន​កម្ពស់​រហូតដល់ ២០៨ ម៉ែត្រ និង​ត្រូវបាន​ដំឡើង​ដំបូល​កាលពី​ខែ​មុន។ Pi Sheng ដែលជា​កម្មករ​ធ្វើការ​ក្នុង​គម្រោង​នេះ​ថ្លែងថា បង្គោល​មេ​ត្រូវបាន​ដំឡើង​ដំបូល ហើយ​រន្ធ​សម្រាប់​ចាប់​ខ្សែកាប​ក៏​ធ្វើបាន​សម្រេច ៩០% ខណៈដែល​ធ្នឹម​ដែក​ក៏​ដំឡើង​បាន ៦០%។

    «បន្ទាប់មក យើង​នឹង​ដំឡើង​ខ្សែកាប​មេ ត​ភ្ជាប់​ធ្នឹម​ដែក និង​ការងារផ្សេងៗទៀត។ យើង​ដាក់​ផែន​ការតភ្ជាប់​ធ្នឹម​ដែក​នៅ​ឆ្នាំក្រោយ» លោក Pi Sheng បន្ថែម​ដូច្នេះ។

    នៅពេល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ សំណង់​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​នៅ​សងខាង​ឆ្នេរទន្លេ Tongzi។ បច្ចុប្បន្ន មធ្យោបាយ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​រវាង​ទីក្រុង Renhuai និង​ស្រុក Tongzi ត្រូវ​ចំណាយពេល ២ ម៉ោង​ឯណោះ ប៉ុន្តែ នៅពេល​ដាក់ឱ្យ​ដំណើរការ រយៈពេល​នៃ​ការធ្វើដំណើរ​នេះ​នឹង​ថយ​ចុះមក​នៅត្រឹម ២០ នាទី៕

  • ពាណិជ្ជ​ម្មរ​វាង កម្ពុជា និង វៀតណាម រយៈពេល ១០ ខែ​ដើម​ឆ្នាំនេះ កើន ៨៧.៥% ធៀប​នឹង​ឆ្នាំ ២០២០

    ពាណិជ្ជ​ម្មរ​វាង កម្ពុជា និង វៀតណាម រយៈពេល ១០ ខែ​ដើម​ឆ្នាំនេះ កើន ៨៧.៥% ធៀប​នឹង​ឆ្នាំ ២០២០

    នៅ​ព្រឹក​ថ្ងៃទី ២១ ធ្នូ ២០២១ នេះ ដោយយោង​ទៅតាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ប្រធាន​រដ្ឋ​របស់ ប្រទេស​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) បានមក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ២២ ធ្នូ។

    លោក ង្វៀន សួន​ហ្វ៊ុ​ក ត្រូវ​បានទទួល​ស្វាគមន៍​ដោយ សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​វេលា​ម៉ោង ៨ និង ៣៥ នាទី ព្រឹក​នេះ។

    ដំណើរ​ទស្សនកិច្ច​រប​ស់ លោក ង្វៀន សួន​ហ្វ៊ុ​ក ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២១ ដល់ ២២ ធ្នូ ឆ្នាំ ២០២១។ ក្រោយ​ការចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង លោក ង្វៀន សួន​ហ្វ៊ុ​ក នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

    ពលរដ្ឋដើម​កំណើត​វៀតណាម នៅ​ កម្ពុជា ចេញទទួល​ប្រធាន​រដ្ឋ​វៀតណាម កាលពីព្រឹក​មិញ​

    កន្លងមក កម្ពុជា និង វៀតណាម បាន​ជួយ​គ្នា​ទៅវិញ ទៅមក នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១។ នៅក្នុង​ឆ្នាំនេះ វៀតណាម បានផ្ដល់​ជំនួយ​បន្ទាន់​ជា​ទឹកប្រាក់​ចំនួន ៥០០,០០០ ដុល្លារ​អាម៉េរិក រួម​នឹង​ម៉ាស៊ីន​ជំនួយ​ដង្ហើម ៨០០ គ្រឿង, ម៉ាស​សុខាភិបាល​ចំនួន ២ លាន​បន្ទះ, ម៉ាស N៩៥ ចំនួន ៣០០,០០០ បន្ទះ ដែលមាន​តម្លៃ ១០ លាន​ដុល្លារ ដល់ កម្ពុជា។ តប​ទៅនឹង​ជំនួយ​នេះ កម្ពុជា ក៏បានផ្ដល់​ជំនួយ​ដល់ វៀតណាម នូវ វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ចំនួន ២០០,០០០ ដូ​ស, ម៉ាស​សុខាភិបាល ១ លាន​បន្ទះ, ម៉ាស N៩៥ ១០០,០០០ បន្ទះ, ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ចំនួន ១០០ គ្រឿង និង​ប្រាក់​ចំនួន ៣៥០,០០០ ដុល្លារ ផងដែរ។

    ដោយឡែក ការនាំចេញ និង​នាំចូល​ទំនិញ​រវាង កម្ពុជា និង​វៀតណាម នៅក្នុង ១០ ខែ​ដើម​ឆ្នាំនេះ បាន​ឡើងដល់​ជិត ៧.៩ ពាន់​លាន​ដុល្លារ កើន ៨៧.៥% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ ២០២។ វៀតណាម មាន​គម្រោង​វិនិយោគ​ចំនួន ១៨៨ គម្រោង ដែល​កំពុងមាន​សុពលភាព​នៅ កម្ពុជា ស្មើនឹង​ទុន​សរុប ជាង ២.៨ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន វៀតណាម ស្ថិតក្នុង​ក្រុម​ប្រទេស​ចំនួន ៥ ដែលជា​អ្នកវិនិយោគ​ធំជាងគេ​ស្រុក​ខ្មែរ។

  • ស្ថិតិស្ដីពី កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០២១

    ស្ថិតិស្ដីពី កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ៤ នាក់, ជាសះស្បើយ ១២ នាក់ និងពុំ​មាន​អ្នក​ស្លាប់ដោយ​សារ​ ជំងឺ​កូវីដ-១៩ ​ឡើយ​ នៅ​ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

  • នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់ ចិន ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់ ចិន ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    នាវា​ផ្ទុក​យន្តហោះ Shandong ធ្វើ​លំ​ហាត់​សមយុទ្ធ​ជាក់ស្ដែង​នៅលើ សមុទ្រ​ចិន​ខាងត្បូង ក្នុង​គ្រា​ដែល​នាវា​ផ្ទុក​យន្តហោះ Liaoning ធ្វើ​សមយុទ្ធ​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    សារព័ត៌មាន​រដ្ឋ​ចិន កាលពី​ថ្ងៃទី ១៩ ធ្នូ បានចេញ​ផ្សាយ​ថា នាវា​ផ្ទុក​យន្តហោះ Shandong បានចាប់ផ្ដើម​ធ្វើដំណើរ​ទៅកាន់​ទីតាំង​មិនទាន់​បានកំណត់​មួយ នៅលើ សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធ្វើ​សមយុទ្ធ​ហោះ​ឡើង និង​ចុះចត ការគ្រប់គ្រង​ការខូចខាត​នៅពេល​មាន​ហេតុការណ៍​អាក្រក់ និង​ស្វែងរក​ជួយសង្គ្រោះ​នៅលើ​ផ្ទៃសមុទ្រ។

    កងទ័ព​ចិន បាន​ហៅ​វា​ថា​ជា​សមយុទ្ធ «ជាក់ស្ដែង» បំណង​បង្កើន​សក្ដានុពល​សម្រាប់​នាវា​ផ្ទុក​យន្តហោះ Shandong ដើម្បី «ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការប្រយុទ្ធ​ផ្នែក​ជើង​ទឹក​ក្នុង​សតវត្សរ៍​ទី ២១»។

    នាវា​ផ្ទុក​យន្តហោះ Shandong ធ្លាប់បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ម្ដង​រួចហើយ នៅ សមុទ្រ​ចិន​ខាងត្បូង កាលពី​ខែឧសភា ឆ្នាំ ២០២។ សមយុទ្ធ​ថ្មី​បំផុត​របស់​នាវា​ផ្ទុក​យន្តហោះ Shandong ត្រូវបាន​ធ្វើឡើង​ដំណាលគ្នា​នឹង​ក្រុម​នាវា​ផ្ទុក​យន្តហោះ Liaoning ដែល​ធ្វើ​សមយុទ្ធ​នៅ​តំបន់​ភាគ​ខាងលិច​នៃ មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    លំហាត់​សមយុទ្ធ​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ Shandong គឺ​ដើម្បី​ហ្វឹក​ហាត់​ការ​​ហោះ​ឡើង និង​ចុះចត ការគ្រប់គ្រង​ការខូចខាត​នៅពេល​មាន​ហេតុការណ៍​អាក្រក់ និង​ស្វែងរក​ជួយសង្គ្រោះ​នៅលើ​ផ្ទៃសមុទ្រ

    ក្រសួងការពារជាតិ​ជប៉ុន កាលពី​ថ្ងៃទី ១៧ ធ្នូ ឱ្យដឹងថា នាវា​ផ្ទុក​យន្តហោះ Liaoning និង​ក្រុម​នាវា​អម​ការពារ ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ Miyako និង​ឆ្ពោះទៅកាន់ មហាសមុទ្រ​ប៉ាស៊ីហ្វិក ចាប់ពី​ថ្ងៃទី ១៦ ធ្នូ។ ក្នុង​ក្រុម​នាវា​ផ្ទុក​យន្តហោះ Liaoning រួមមាន នាវា​ពិឃាត Type-055, នាវា​អម​ការពារ​ខ្នាតតូច Type-054A, នាវា​ផ្ទុក​ឥន្ធនៈ Type-901 និង​អាចមាន​នាវា​ពិឃាត Type-052D ផងដែរ។

    លំ​ហាត់​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​តំបន់ សមុទ្រ​ចិន​ខាងត្បូង កំពុងមាន​ភាព​តានតឹង​ខ្លាំង​ទាក់ទិន​នឹង​ជម្លោះ​ដណ្ដើម​ដែនសមុទ្រ រវាង មហាអំណាច​ចិន និង​ប្រទេស​មួយចំនួន​ដែលមាន​ដែនទឹក​នៅលើ សមុទ្រ​ចិន​ខាងត្បូង៕

  • អូ​មី​ក្រុង (Omicron) «បែងភាគ បង្កើត​កូនចៅ​» នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម បាន​លឿន​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា (Delta)

    អូ​មី​ក្រុង (Omicron) «បែងភាគ បង្កើត​កូនចៅ​» នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម បាន​លឿន​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា (Delta)

    ក្រុមមន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង កំពុងតែ​ឆ្លង​រាលដាល​យ៉ាង​លឿន និង​មាន​សមត្ថភាព​ឆ្លង​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​វិជ្ជមាន​នឹង កូ​វីដ-១៩ ទៀតផង។

    «មាន​ភ័ស្ដុតាង​ជាក់ស្ដែង​បង្ហាញថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​លឿន​ជាង​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ ឬ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ក៏មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង ឬ​ឆ្លង​ជាថ្មី​នូវ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង» ប្រធាន WHO លោក Tedros Adhanom Ghebreyesus បញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃទី ២០ ធ្នូ នៅ ប្រទេស​ស្វ៊ី​ស។

    ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ​ហុងកុង ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «បែងភាគ បង្កើត​កូនចៅ​នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស បាន​លឿន​ជាង ៧០ ដង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា» ប៉ុន្តែ វា​ទំនងជា​បង្ក​គ្រោះថ្នាក់​ដល់​សួត​តិចជាង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដំបូង។

    សាស្ត្រាចារ្យ Neil Ferguson ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ រាជរដ្ឋាភិបាល​អង់គ្លេស រួម​នឹង​ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Imperial College London កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២១ បញ្ចេញ​របាយការណ៍​ប​ង្ហា​ញ​ថា «ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​មី​ក្រុង បង្ក​គ្រោះ​ថ្នាក់ទាប​ជាង ដេ​លតា ឡើយ»។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ហានិភ័យ​ដែល​បណ្ដាលឱ្យ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង គឺមាន​ខ្ពស់ជាង ៥.៤ ដង ធៀប​នឹង ដេ​លតា។ Ferguson សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​របស់លោក ក៏បាន​បង្ហាញ​អំពី​សមត្ថភាព​ដែល អូ​មី​ក្រុង អាច​គេច​ពី​អង្គ​ប​ដិ​ប្រាណ​នៅលើ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​ឆ្លង កូ​វីដ-១៩ និង​បាន​ព្រមាន​ថា អូ​មី​ក្រុង អាច​នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ក្នុងពេលឆាប់ៗខាងមុខ៕

  • អូ​មី​ក្រុង (Omicron) ក្លាយជា វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​លេចធ្លោ​ជាងគេ​នៅ អាម៉េរិក

    អូ​មី​ក្រុង (Omicron) ក្លាយជា វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​លេចធ្លោ​ជាងគេ​នៅ អាម៉េរិក

    ក្រុមមន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា អូ​មី​ក្រុង កំពុងតែ​ក្លាយទៅជា វ៉ា​រ្យ៉​ង់ លេចធ្លោ​ជាងគេ ដោយ​គ្រប់គ្រង ជាង ៧៣% នៃ​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​នេះ ក្នុងអំឡុង ១ សប្ដាហ៍​កន្លង។

    មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២០ ធ្នូ បានប្រកាសថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង មាន​ចំនួន ៧៣.២% ធៀប​នឹង​ករណី​ឆ្លង​ថ្មី​សរុប ដែល​ត្រូវបាន​រកឃើញ​ចាប់ពី​ថ្ងៃទី ១២ ដល់ ១៨ ធ្នូ ឆ្នាំ ២០២១។ នេះ​បើ​យោងទៅលើ​ទិន្នន័យ​នៃ​ការវិភាគ​ហ្សែ​ន​របស់​វីរុស​ដែលមាន​នៅលើ​អ្នកជំងឺ។

    តួលេខ​នៃ​ការឆ្លង អូ​មី​ក្រុង មាន​ត្រឹមតែ ១២.៦% ប៉ុណ្ណោះ ធៀប​នឹង​តួលេខ​នៃ​ការឆ្លង​កូ​វីដ-១៩ ថ្មី នៅ សហរដ្ឋ​អាម៉េរិក កាលពី ១ សប្ដាហ៍​មុន​នោះ។

    សហរដ្ឋ​អាម៉េរិក នៅតែ​ជាទី​ដែលមាន​តួលេខ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ៥២ លាន​នាក់ និង​ស្លាប់​ជាង ៨២៨,០០០ នាក់៕

  • WHO៖ ត្រូវតែ​បញ្ចប់​ជំងឺ​រាតត្បាត​សកល ក្នុង​ឆ្នាំ ២០២២

    WHO៖ ត្រូវតែ​បញ្ចប់​ជំងឺ​រាតត្បាត​សកល ក្នុង​ឆ្នាំ ២០២២

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ពិភពលោក​ត្រូវតែ​ប្រកៀក​ស្មា​គ្នា លើកឡើង​នូវ​ជម្រើសលំបាកៗដែល​ចាំបាច់​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ នៅក្នុង​ឆ្នាំក្រោយ។

    «២០២២ ត្រូវតែ​ជា​ឆ្នាំ​ដែល​យើង​បញ្ចប់​ជំងឺ​រាតត្បាត​សកល» ប្រធាន WHO លោក Tedros Adhanom Ghebreyesus ថ្លែង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីស្នាក់ការ​កណ្ដាល នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២០ ធ្នូ ២០២១។

    យោងតាម​លោក Tedros ពេលដែល​ពិធីបុណ្យ​នានា​នៅ​ចុងឆ្នាំ​កំពុង​ជិត​ចូល​មកដល់ បណ្ដា​ប្រទេស​គួរតែ​កាត់បន្ថយ​ព្រឹត្តិការណ៍​ឱ្យមក​នៅ​តិច​បំផុត ព្រោះតែ​ការអនុញ្ញាតឱ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​នឹង​ក្លាយជា «ថ្នាល​ដ៏​ល្អ» ជួយ​ឱ្យ អូ​មី​ក្រុង ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ។ «នឹង​ជាការ​ប្រសើរ បើសិន​លុបចោល​ព្រឹត្តិការណ៍​នៅពេលនេះ​ភ្លាម ហើយ​ចាំ​ប្រារព្ធ​នៅពេល​ក្រោយ ជាជាង​ជប់លៀង​នៅពេលនេះ ប៉ុន្តែ​ត្រូវ​រង​ទុក្ខ​នៅពេល​ក្រោយ» លោក Tedros បន្ថែម​ដូច្នេះ។

    លោក​បញ្ជាក់ថា បើទោះជា​ភាព​សាហាវ​របស់ វ៉ា​រ្យ៉​ង់ ថ្មី ធ្ងន់ធ្ងរ​កម្រិតណា ប៉ុន្តែ «តួលេខ​នៃ​ការឆ្លង​កើនឡើង​ឆាប់រហ័ស អាច​ជាន់ពន្លិច​ប្រព័ន្ធ​សុខាភិបាល» ហើយ​មនុស្ស​ជាច្រើន​ថែមទៀត នឹងត្រូវ​ស្លាប់។ ចាប់តាំងពី កូ​វីដ-១៩ បង្ហាញ​វត្តមាន មនុស្ស​ជាង ៥.៣ លាន​នាក់ បាន​បាត់​បង់ជីវិត ប៉ុន្តែ តួលេខ​ជាក់ស្ដែង ត្រូវបាន​គេ​ជឿថា ច្រើនជាង​នេះ​ឆ្ងាយ៕

  • (វីដេអូ)-មហាសេដ្ឋី​ជប៉ុន ត្រលប់​ពី​អវកាស​មកកាន់​ផែនដី​វិញ ដោយ​សុវត្ថិភាព

    (វីដេអូ)-មហាសេដ្ឋី​ជប៉ុន ត្រលប់​ពី​អវកាស​មកកាន់​ផែនដី​វិញ ដោយ​សុវត្ថិភាព

    មហាសេដ្ឋី Yusaku Maezawa រួម​នឹង​ក្រុម​ហោះហើរ បាន​ចុះចត​នៅឯ កា​ហ្សា​ក់​ស្ថាន (Kazakhstan) បន្ទាប់ពី​ការចំណាយ​ពេល​ប្រមាណ ១២ ថ្ងៃ រស់នៅក្នុង​ទី​អវកាស។

    ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់រាយ​សម្លៀកបំពាក់​អន​ឡាញ ZOZO គឺ មហាសេដ្ឋី Yusaku Maezawa, ជំនួយការ​ផ្នែក​ថត​វីដេអូ Yozo Hirano រួម​នឹង​អ្នក​អវកាស Alexander Misurkin នៃ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​ត្រលប់​មកកាន់​ផែនដី​វិញ ដោយ​ប្រើ​យានអវកាស Soyuz MS-20។

    ពួកគេ​បាន​ចុះចត​លើ​វាលស្មៅ​ភាគ​អាគ្នេយ៍​នៃ​ទីរួមស្រុក Dzhezkazgan នៃ ប្រទេស​កា​ហ្សា​ក់​ស្ថាន កាលពី​វេលា​ម៉ោង ១០ និង ១៣ នាទី ថ្ងៃទី ២០ ធ្នូ ២០២១ (ម៉ោង​នៅ ភ្នំពេញ)។

    Misurkin, Maezawa និង Hirano បាន​ឡើងដល់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ថ្ងៃទី ៨ ធ្នូ ក្រោយ​ការធ្វើដំណើរ​រយៈពេល​ប្រហែល ៦ ម៉ោង ដែល​ហោះហើរ​ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Baikonur នៃ ប្រទេស​កា​ហ្សា​ក់​ស្ថាន។

    អ្នក​ទាំង ៣ ត្រូវបាន​នាំទៅ​កាន់​ទីក្រុង Karaganda របស់ កា​ហ្សា​ក់​ស្ថាន ដោយ​ឧទ្ធម្ភាគចក្រ បន្ទាប់មក​ក៏​ឡើង​យន្តហោះ​ទៅកាន់ Star City របស់ រុស្ស៊ី និង​មជ្ឈមណ្ឌល​ហ្វឹកហាត់​អ្នក​អវកាស Gagarin។

  • មេដឹកនាំ Pfizer ជឿជាក់ថា កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​អសកល» នៅ​ឆ្នាំ ២០២៤

    មេដឹកនាំ Pfizer ជឿជាក់ថា កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​អសកល» នៅ​ឆ្នាំ ២០២៤

    Nanette Cocero ដែលជា​មេដឹកនាំ​មួយរូប​របស់​ក្រុមហ៊ុន​ផលិត​ឱកាស Pfizer យល់ថា «ជំងឺ​រាតត្បាត​សកល» កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​អសកល» (ឬ​ហៅថា ជំងឺ​រាតត្បាត​ថ្នាក់​តំបន់» ដូច​ទៅនឹង​ជំងឺ​គ្រុន​ផ្ដាសាយធំ ចាប់ពី​ឆ្នាំ ២០២៤។

    ការអះអាង​នេះ​ត្រូវបាន Cocero ប្រធាន​សកល​នៃ​ក្រុមហ៊ុន Pfizer Vaccines ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឱសថ Pfizer របស់ សហរដ្ឋ​អាម៉េរិក លើកឡើង​កាលពី​ថ្ងៃទី ១៧ ធ្នូ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​អ្នកវិនិយោគ។ Cocero គឺជា​អ្នកទទួលខុសត្រូវ​លើ​ការអភិវឌ្ឍ ការចែក​ចាយ​វ៉ាក់សាំង​របស់ Pfizer នៅ​ទូទាំង​ពិភពលោក។

    យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ កូ​វីដ-១៩ នឹង​ក្លាយជា​ជំងឺ​រាតត្បាត​អសកល នៅពេល​សមត្ថភាព​នៃ​ការការពារ​រាងកាយ​របស់​មនុស្ស ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង ឬ​បន្ទាប់ពី​បានជា​ពី​ជំងឺ​កូ​វីដ-១៩ របស់​ប្រជាជន​ពិភពលោក មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រាលដាល ការចូល​ពេទ្យ និង​ការស្លាប់ សូម្បីតែ​នៅក្នុង​គ្រា​ដែល​វីរុស​នេះ​បន្ត​ឆ្លង។

    «ប្រការនេះ​កើតឡើង​នៅពេលណា និង​របៀប​ណា​គឺ អាស្រ័យទៅលើ​ស្ថានការណ៍​ប្រែប្រួល​របស់​ជំងឺ​រាតត្បាត និង​កម្រិត​ប្រសិទ្ធភាព​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង រួម​នឹង​ថ្នាំ​ព្យាបាល ក៏ដូចជា​ការបែងចែក​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា ចំពោះ​តំបន់​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប» Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer ឱ្យដឹង​ដូច្នេះ។

    លោក Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer

    លោក Mikael Dolsten​ បន្ថែមថា «បណ្ដា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ទើប​បង្ហាញ​វត្តមាន​ក៏​ជះឥទ្ធិពល​ដល់​វិវត្តន៍​របស់​រោគរាតត្បាត​សកល»។

    យោងតាម​លោក Dolsten ពេលវេលា​ដែល កូ​វីដ-១៩ ប្រែក្លាយ​ទៅជា​ជំងឺ​រាតត្បាត​អសកល អាច​ប្រែប្រួល​ទៅតាម​តំបន់។

    ការជឿជាក់​របស់​ក្រុម​មេដឹកនាំ​នៃ​ក្រុមហ៊ុន Pfizer ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ជាច្រើន កំពុង​ប្រឈម​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​របស់​ជំងឺ​កូ​វីដ-១៩ ដោយសារតែ វ៉ា​រ្យ៉​ង់ ដេ​លតា (Delta) និង​ការព្រួយបារម្ភ​អំពី អូ​មី​ក្រុង (Omicron)។

    វ៉ាក់សាំង និង​មធ្យោបាយ​ព្យាបាល​នានា ដូចជា​ថ្នាំ​ប្រឆាំង​វីរុស របស់ Pfizer នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើនជាង​បច្ចុប្បន្ន នៅពេល កូ​វីដ-១៩ ក្លាយជា​ជំងឺ​រាតត្បាត​អសកល។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី Angela Hwang ប្រធាន​ក្រុមហ៊ុន Pfizer Biopharmaceuticals Group៕