Author: សឿន សំណាង

  • អាចម៍ផ្កាយ​ល្បឿន ៦០,០០០ គីឡូម៉ែត្រ/ម៉ោង នឹង​ហោះ​មក​ក្បែរ​ផែនដី នៅ​សប្ដាហ៍​ក្រោយ

    អាចម៍ផ្កាយ​ល្បឿន ៦០,០០០ គីឡូម៉ែត្រ/ម៉ោង នឹង​ហោះ​មក​ក្បែរ​ផែនដី នៅ​សប្ដាហ៍​ក្រោយ

    អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​អង្កត់ផ្ចិត​ពី ៣៣០ ដល់ ៧៥០ ម៉ែត្រ នឹង​គោចរ​មក​ក្បែរ​ផែនដី នៅ​ថ្ងៃទី ៧ មករា ខាងមុខ ក្នុង​រយៈ​ចម្ងាយ​ស្មើនឹង ១/៣ នៃ​គម្លាត​រវាង​ផែនដី និង​ភព​សុក្រ។

    អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 496860 (1999 XL136) នេះ នឹង​ហោះ​កាត់មុខ​ផែនដី ក្នុង​រយៈ​ចម្ងាយ ១៣.៤ លាន​គីឡូម៉ែត្រ នៅ​ថ្ងៃទី ៧ មករា ២០២២ នេះ​បើតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី (CNEOS) នៃ​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)។ ភព​សុក្រ​ដែល​នៅក្បែរ​ផែនដី​បំផុត មាន​ចម្ងាយ​ឆ្ងាយ​ជាង​នេះ ៣ ដង ចំណែក​ភព​អង្គារ (ចម្ងាយ​ប្រហែល ២២៥ លាន​គីឡូម៉ែត្រ ពី​ផែនដី) ឆ្ងាយ​ជាង​នេះ ១៧ ដង។

    អាចម៍ផ្កាយ 496860 (1999 XL136) ហោះហើរ​ក្នុង​ល្បឿន ៦០,៣៥០ គីឡូម៉ែត្រ លឿន​ជាង​ប្រហែល ៣០ ដង ធៀប​នឹង​យន្តហោះ​ប្រតិកម្ម និង ១៨ ដង ធៀប​នឹង​គ្រាប់កាំភ្លើង​ដែល​បាញ់​ចេញពី​កាំភ្លើង​វែង (rifle)។

    កន្លងមក អាចម៍ផ្កាយ​នេះ​ធ្លាប់បាន​ហោះ​មក​ក្បែរ​ផែនដី​លើកចុងក្រោយ​កាលពី​ខែមេសា ២០១៧ ហើយ​បន្ទាប់ពី​ថ្ងៃទី ៧ មករា ឆ្នាំ ២០២២ វា​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ហោះ​មក​ក្បែរ​ផែនដី​ម្ដងទៀត​នៅក្នុង​ខែកក្កដា ឆ្នាំ ២០៣។

    អាចម៍ផ្កាយ 496860 (1999 XL136) មាន​អង្កត់ផ្ចិត ចាប់ពី ៣៣០ ដល់ ៧៥០ ម៉ែត្រ មានន័យថា វា​អាចមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​តួ Eiffel នៅ​ប្រទេស បារាំង និង​វែង​ជាង​ទ្វេដង ធៀប​នឹង​អគារ Empire State នៅ សហរដ្ឋ​អាម៉េរិក៕

  • អាហ្វ្រិក​ខាងត្បូង ប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង!

    អាហ្វ្រិក​ខាងត្បូង ប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង!

    ប្រទេស អាហ្វ្រិក​ខាងត្បូង បានប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការឆ្លង​រាលដាល​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ហើយក៏​បាន​ដក​បម្រាម​គោចរ​ពេលយប់ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​លើ​ការដើរ​ហើរ។

    រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ៣០ ធ្នូ បានប្រកាស​ឱ្យដឹងថា ទិន្នន័យ​សុខាភិបាល​បង្ហាញថា ប្រទេស​នេះ​បាន​ឆ្លង​ផុត​ចំណុចកំពូល​នៃ​ការឆ្លង​រាលដាល​ដោយសារ អូ​មី​ក្រុង ព្រោះ​ពុំមាន​ការកើនឡើង​ខ្ពស់​ខ្លាំង​នៃ​តួលេខ​អ្នកស្លាប់។

    «ល្បឿន​នៃ​ការឆ្លង​រាលដាល​ទី ៤ ដែល​បង្កឡើង​ដោយ អូ​មី​ក្រុង បាន​កើន​ឡើងដល់​ចំណុចកំពូល ហើយ​ក្រោយមក​ក៏បាន​ថយចុះ​គួរឱ្យភ្ញាក់ផ្អើល» វេជ្ជបណ្ឌិត Fareed Abdullah មកពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជ​សា្ត​ស្ត្រា​របស់ អាហ្វ្រិក​ខាងត្បូង បានឱ្យដឹង​ដូច្នេះ។ លោក​បន្ថែមថា៖ «ដំណាក់កាល​កំពូល​បាន​កើតឡើង​ក្នុង​រយៈពេល ៤ សប្ដាហ៍ និង​ថយចុះ​ទាប​ខ្លាំង​ក្នុង ២ សប្ដាហ៍​បន្ទាប់។ រលក​នៃ អូ​មី​ក្រុង បានបញ្ចប់​នៅក្នុង​ទីក្រុង Tshwane»។

    អាហ្វ្រិក​ខាងត្បូង បានសម្រេច​ដក​បម្រាម​គោចរ​ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់​កណ្ដាលយប់ ដល់​ម៉ោង ៤ ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់។ ទន្ទឹមនឹង​ការដក​បម្រាម​គោចរ​នេះ អាហ្វ្រិក​ខាងត្បូង ក៏បាន​កំណត់​មិនឱ្យ​មានការ​ជួបជុំ​មនុស្ស​លើសពី ១,០០០ នាក់ នៅក្នុង​ផ្ទះ និង​មិន​លើសពី ២,០០០ នាក់ នៅ​ខាងក្រៅ​ផ្ទះ។

    គិត​មកដល់​បច្ចុប្បន្ន អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាង ១០០ ក្នុង​ពិភពលោក ក្នុងនោះ វា​បាន​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ និង​អ្នក​ដែល​ធ្លាប់បាន​ឆ្លង កូ​វីដ-១៩ ផងដែរ ដែល​នេះ​ធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេស​ជាច្រើន​ត្រូវ​ជួប​ការលំបាក ជាក់ស្ដែង​មាន សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស ជាដើម៕

  • រូបិយវត្ថុ​ឌីជីថល​មួយ ដែល​បាន​ឡើងថ្លៃ ១,៣០០% នៅក្នុង​ឆ្នាំ ២០២១

    រូបិយវត្ថុ​ឌីជីថល​មួយ ដែល​បាន​ឡើងថ្លៃ ១,៣០០% នៅក្នុង​ឆ្នាំ ២០២១

    BNB ឡើងថ្លៃ​ខ្ពស់​ដោយសារ​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំជាងគេ​ក្នុង​ពិភពលោក។

    ក្នុងចំណោម​រូបិយវត្ថុ​ឌី​ជី​ល​ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​ក្នុង​ពិភពលោក គេ​ឃើញថា Binance Coin (BNB) លេចធ្លោ​ជាងគេ​បង្អស់​ក្នុង​ឆ្នាំ ២០២១ ធៀប​នឹង Bitcoin និង Ether។ ប្រាក់​ឌីជីថល ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្សារ​ជួញដូរ​ប្រាក់​ឌី​ជី​ល Binance Holdings នេះ បាន​កើនឡើង​ប្រមាណ ១,៣០០% ក្នុង​ឆ្នាំ ២០២១ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់ Arcane Research។

    ចំណែក Bitcoin វិញ បាន​កើន ៦៥% ខណៈ Ether កើន ៤០៧%។ យោងតាម Coinmarketcap ប្រាក់​ឌីជីថល BNB កំពុងមាន​តម្លៃ​ប្រហែល ៥១៨ ដុល្លារ និង​មាន​មូលធន​ទីផ្សារ (Market Capitalization) ៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    BNB ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំ​បំផុត​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​ទំហំ​នៃ​ការជួញដូរ។ BNB ក៏​ជា​ប្រាក់​ឌីជីថល​សម្រាប់ Binance Smart Chain (BSC) ដែលជា​ថ្នាល blockchain គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ឆ្លាត​វៃ (smart contract) ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​វិមជ្ឈការ​ហិរញ្ញវត្ថុ (DeFi) ផងដែរ។ល។

    Binance Coin (BNB)

    ក្រៅពី​រូបិយវត្ថុ​ឌីជីថល​មួយចំនួន​ខាងលើ គេ​ឃើញថា នៅមាន altcoin (ប្រាក់​ឌីជីថល​ជំនួស Bitcoin) ដទៃទៀត មានដូចជា Solana និង Fantom ជាដើម ក៏​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០២១។ ក្រុមអ្នកវិភាគ​ព្យាករ​ថា និន្នាការ​នៃ​ការកើនឡើង​របស់​បណ្ដា altcoin នឹង​នៅតែ​បន្ត​កើតមាន។

    តម្លៃ​របស់​ប្រាក់​ឌីជីថល​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភពលោក គឺ Bitcoin បាន​ថយ​ចុះមក​នៅក្រោម ៤៧,០០០ ដុល្លារ/coin នៅ​ចុងខែ​ធ្នូ​នេះ។ យោងតាម Bloomberg ប្រាក់​ឌីជីថល​នេះ នៅតែ​ជា​និមិត្តរូប​នៃ​ការប្រែប្រួល ហើយ​តម្លៃ​របស់​វា​នៅ​ឆ្នាំក្រោយ នឹង​នៅតែ​ជា​សំណួរ​មួយ​ដ៏​ធំ ក្នុង​គ្រា​ដែល​ជំងឺ​អាសន្នរោគ កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​បន្តិចម្ដង៕

  • ដំណឹង​ល្អ​ពី អាហ្វ្រិក​ខាងត្បូង៖ អូ​មី​ក្រុង មិនអាច​គេចផុត​ពី​ខ្សែការពារ​ទី​ពីរ​របស់​អង្គ​ប​ដិ​ប្រាណ

    ដំណឹង​ល្អ​ពី អាហ្វ្រិក​ខាងត្បូង៖ អូ​មី​ក្រុង មិនអាច​គេចផុត​ពី​ខ្សែការពារ​ទី​ពីរ​របស់​អង្គ​ប​ដិ​ប្រាណ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ទើបតែ​បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ បង្ហាញថា វីរុស​​កូ​វីដ​-១៩ ប្រភេទ អូ​មី​ក្រុង មិនមាន​សមត្ថភាព​គេច​រួច​ពី​ខ្សែការពារ​ទី​ពីរ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស​ឡើយ នេះ​បើតាម​សារព័ត៌មាន Reuters។

    យោងតាម​ការស្រាវជ្រាវ បណ្ដា​កោសិកា T នៅតែមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​វាយប្រហារ​ទៅលើ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដូច្នេះ អាច​ទប់ស្កាត់​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ​នេះ វិ​វត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ។

    បណ្ដា​កំណែ​របស់ អូ​មី​ក្រុង ជួយ​ឱ្យ​វា​គេច​ផុតពី​អង្គ​ប​ដិ​ប្រាណ ដែលជា​ខ្សែការពារ​ជួរមុខ​របស់​រាងកាយ ដែលមាន​តួនាទី​ទប់​ទល់នឹង​ការឆ្លង​រោគ។ កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា សមាសធាតុ​ផ្សេងទៀត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស នៅតែ​ចោល​មុខព្រួញ​ទៅលើ អូ​មី​ក្រុង ប៉ុន្តែ មកដល់ពេលនេះ ទើប​ពួកគេ​រកឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​អំពី​ការសន្និដ្ឋាន​នោះ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​​នេះ​ ទើបតែ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៨ ធ្នូ នៅលើ​ទំព័រ medRxiv ដែលជា​ថ្នាល​បច្ចេកវិទ្យា​សម្រាប់​ចុះផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​ព្រមាន​ថា មិនគួរ​លើកឡើង​នូវ​ការសន្និដ្ឋាន​លឿន​ពេក​ដោយ​យោងទៅលើ​ទិន្នន័យបឋម​នេះ​ទេ ព្រោះថា​ការដែល​បានទទួល​ការចាក់​វ៉ាក់សាំង និង​ការដែល​ធ្លាប់​ឆ្លង កូ​វីដ-១៩ អាច​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការស្រាវជ្រាវ៕

  • និន្នាការ​នៃ​រូបមន្ត​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក និយោជិត សម្រាប់​ឆ្នាំ ២០២២

    និន្នាការ​នៃ​រូបមន្ត​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក និយោជិត សម្រាប់​ឆ្នាំ ២០២២

    ឆ្នាំ ២០២១ ជិត​កន្លងផុតទៅ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ជាច្រើន​បាន​បញ្ចេញ​ទិន្នន័យ​នៃ​ការ​ព្យាករ​របស់​ពួកគេ ក្នុងនោះ​ក៏មាន​ទស្សនាវដ្ដី​អាម៉េរិក Forbes ផងដែរ។

    Forbes បានឱ្យដឹងថា រូបមន្ត​ធ្វើការ​បែប Hybrid នឹង​ក្លាយជា​និន្នាការ​នៃ​ការធ្វើការ​សម្រាប់​ឆ្នាំ ២០២២៖

    នៅក្នុង​ឆ្នាំ ២០២១ ដែល​ពោរពេញ​ដោយ​ឧបសគ្គ​ព្រោះតែ​ជំងឺ​រាតត្បាត​សកល និង​ជា​ឆ្នាំ​ដែល​ជិត​កន្លងផុត​ទៅនេះ បើសិន​អ្នកជា​បុគ្គលិក​ធ្វើការ​ដោយ​ប្រើ​បញ្ញា អ្នក​ប្រាកដជា​បានដឹង​ច្បាស់​ថា ខ្លួន​មាន​សេរីភាព​ជាង​មុន នៅក្នុង​ការជ្រើសរើស​ពេលវេលា និង​ទីតាំង​ធ្វើការ ដែល​នេះ​អាចជួយ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ជីវភាព​នៅឯ​ផ្ទះ និង​នៅ​កន្លែងធ្វើការ។

    ផ្ទុយ​មកវិញ បើសិន​អ្នកជា​បុគ្គលិក «ជួរមុខ» អ្នក​នឹងមាន​ការងារ​ច្រើន​ដែល​ត្រូវ​សាកល្បង។ សម្រាប់​បុគ្គលិក​ជួរមុខ​ក្នុង​វិស័យ​សុខាភិបាល លក់រាយ អប់រំ ដឹកជញ្ជូន និង​សន្តិសុខ​ជាដើម នោះ​ពាក្យ​ថា «ធ្វើការ​ដោយ​ការរួម​ផ្សំ» (Hybrid Working) ទំនងជា​មិនសូវ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក។ ជំនួស​មកវិញ អ្នកទទួលបាន​ជំនួយ​ច្រើន​ពី​បច្ចេកវិទ្យា ដើម្បី «ធ្វើឱ្យមាន​ស្ថិរភាព» ក្នុងការ​រស់នៅ។

    ធ្វើការ​តាមបែប​រួមផ្សំ ឬ​ហៅថា បែប Hybrid (Hybrid Working) គឺជា​រូបមន្ត​រួមផ្សំ​រវាង «ការធ្វើការ​ពី​ចម្ងាយ ឬ​ពី​ផ្ទះ» ជាមួយនឹង «ការធ្វើការ​ក្នុង​ការិយាល័យ»។ នៅពេល​និយាយ​អំពី​រូបមន្ត​ធ្វើការ​បែប Hybrid ទស្សនាវដ្ដី Forbes ឱ្យដឹងថា ឆ្នាំ ២០២២ នឹង​បន្ត​មាន ៣ ទម្រង់សំខាន់ៗ គឺ កន្លែងធ្វើការ​ប្រមូលផ្ដុំ, ការគ្រប់គ្រង​ពី​ចម្ងាយ​បែប​វិមជ្ឈការ និង​វិធីសាស្ត្រ​រួមផ្សំ​រវាង​រូបមន្ត​ទាំង ២ ខាងលើ។

    ដោយសារតែ​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត បរិស្ថាន​ធ្វើការ​ក្នុង​ឆ្នាំ ២០២២ នឹង​ប្រែ​ជាមាន​ច្រើនបែប​ច្រើនយ៉ាង​ជាង​បច្ចុប្បន្ន សម្រាប់​បុគ្គលិក​ជ្រើសរើស ជំនួស​ឱ្យ​ការ​ធ្វើតាម​ការកំណត់រ​បស់​ស្ថាប័ន ក្រុមហ៊ុន។ ប្រការនេះ​បង្ហាញថា ក្រុមហ៊ុន​នានា​ក៏​សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍ នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​បុគ្គលិក និយោជិត ហើយ​ពេលនោះ គំនិត​ស្ដីអំពី​កន្លែងធ្វើការ​ប្រមូលផ្ដុំ​ក៏​ចាប់ផ្ដើម​ថយចុះ​កាន់តែ​ទាប។

    យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សវនកម្ម KPMG របស់ ហូ​ឡង់ នៅក្នុង​អំឡុង​ជំងឺ​រាតត្បាត​ឆ្នាំ ២០២០ ក្រុមហ៊ុនធំៗចំនួន ៦៩% គ្រោង​នឹង​កាត់បន្ថយ​ទំហំ​របស់​ការិយាល័យ។ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្ដែង បុគ្គលិក និយោជិត​នឹងត្រូវ​ធ្វើការ​ពី​ចម្ងាយ​ជា​ញឹកញាប់ រហូតដល់​លែង​ធ្វើការ​នៅក្នុង​ការិយាល័យ ហើយ​បន្ទប់​ប្រជុំ​នឹងត្រូវ​បាន​យកមក​ធ្វើជា​កន្លែង​សម្រាប់​ជួយ​ដល់​កម្លាំង​ដែល​ធ្វើការ​ពី​ចម្ងាយ។

    របាយការណ៍​ថ្មី​មួយ​របស់ Loom បង្ហាញថា ៩០% នៃ​បុគ្គលិក​ដែល​ត្រូវបាន​ស្ទង់​មតិ បាន​ប្រាប់ថា មានការ​សប្បាយរីករាយ​ជាង​មុន ដោយសារ​កាន់តែ​ទទួលបាន​សេរីភាព​នៅពេល​ពួកគេ​ធ្វើការ​ពី​ផ្ទះ។ ប្រការនេះ​បង្ហាញថា នេះ​អាចជា​ទិន្នាការ​ថ្មី​ដែលមាន​លក្ខណៈ​ជា «ការពិត ជាក់ស្ដែង» សម្រាប់​ការធ្វើការ​នៅក្នុង​ឆ្នាំ ២០២២៕

  • កោះត្រល់ នឹងមានមជ្ឈមណ្ឌលអវកាសនាពេលឆាប់ៗ ខណៈក្រុមហ៊ុន Thaiholdings បង្កើត Thaispace នៅ វៀតណាម

    កោះត្រល់ នឹងមានមជ្ឈមណ្ឌលអវកាសនាពេលឆាប់ៗ ខណៈក្រុមហ៊ុន Thaiholdings បង្កើត Thaispace នៅ វៀតណាម

    ក្រុមហ៊ុន Thaiholdings នឹង​បណ្ដាក់ទុន ៥% នៃ​ទុន​សរុប​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Thaispace ដែល​តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង ៥៨,៥២៦,០០០ ដុល្លារ​អាម៉េរិក។ ឆ្នាំ ២០២២ Thaispace នឹងធ្វើ IPO នៅឯ​ផ្សារ​ហ៊ុន សហរដ្ឋ​អាម៉េរិក។

    កាលពី​ថ្ងៃទី ២៩ ធ្នូ ក្រុមហ៊ុន Thaiholdings នៅ​ប្រទេស វៀតណាម បានប្រកាស​បង្កើត​ក្រុមហ៊ុន​មូល​ប​ត្រ Thaispace។ Thaispace នឹងមាន​ទុន​ប្រមាណ ១,១៧០,០០០,០០០ ដុល្លារ​អាម៉េរិក ក្នុងនោះ Thaiholdings នឹង​បោះទុន ៥% នៃ​ដើមទុន​សរុប​របស់ Thaispace ហើយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នេះ​នឹងមាន​ទីស្នាក់ការ​កណ្ដាល​នៅ​កោះ ហ្វ៊ូ​ក្វុ​ក (កោះត្រល់) ខេត្ត កៀន​ហ្សា​ង ប្រទេស​វៀតណាម។

    Thaiholdings ឱ្យដឹងថា Thaispace នឹងមាន​ជើងហោះហើរ​ទៅកាន់​ទី​អវកាស​ដំបូង ចេញពី​កោះត្រល់ ក្នុងអំឡុង​ពី​ឆ្នាំ ២០២៦ ដល់ ២០៣០ បើសិនជា​ទទួល​បានកា​រ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម។

  • ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ក្រុមមន្ត្រី​ថៃ បាន​រកឃើញ​តំបន់​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង រាប់រយ​ករណី ដែលមាន​ប្រភព​ចម្លង​ពី​ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់ និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ។

    អាជ្ញាធរ​ថៃ បាន​ហៅ​សម្បុក​របស់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​ថា​ជា «ព្រឹត្តិការណ៍​មហា​ចម្លង» ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត Kalasi តាំងពី​យប់​ថ្ងៃទី ២៤ ធ្នូ។

    «ព្រឹត្តិការណ៍​មហា​ចម្លង» នៅក្នុង​ខេត្ត​នៃ​តំបន់​ភាគ​ឦសាន​របស់​ប្រទេស ថៃ នេះ ត្រូវបាន​បញ្ជាក់ថា មាន​ប្រភពពី​អ្នកដំណើរ​ជនជាតិ បែ​ល​ហ្សិ​ក ២ នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​បានមក​កាន់​ទីនេះ​នៅក្នុង​រដូវ​បុណ្យ​ណូអែល និង​បាន​ចូល​បៀរហ្គាឌិន សាល​ប្រគំ​តន្ត្រី និង​ផ្សារ​មួយចំនួន។

    ក្រុមមន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ ថៃ បានឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បាន​ឆ្លង​រោគ​ពី​សម្បុក​វីរុស​នេះ។ វីរុស​ពី​តំបន់​នេះ​ក៏បាន​ឆ្លងទៅ​ខេត្ត​ចំនួន ១១ ផ្សេងទៀត​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់ ថៃ លោក Opas Karnkawinpong បញ្ជាក់ថា ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់​ខាងលើ បាន​ចូល​ទទួល​សេវាកម្ម​នៅក្នុង​បៀរហ្គាឌិន​មួយ​ដែល​មិនមាន​ខ្យល់​ចេញចូល​ល្អ ព្រមទាំង​មាន​មនុស្ស​ច្រើន នៅក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែល​អ្នក​ទាំង ២ បាន​ចូល។

    លោក Opas Karnkawinpong ថ្លែងថា «ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី បើសិន​អ្នក​ទៅកាន់​ទីណា​ដែល​អ្នកមាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព ល្អ​បំផុត​គឺ​កុំ​ចូល​ឱ្យសោះ»។

    នៅ​ប្រទេស ថៃ បច្ចុប្បន្ន មាន​អ្នក​ឆ្លង កូ​វីដ-១៩ ចំនួន​ប្រហែល ២,៥០០ នាក់ ជា​រៀងរាល់ថ្ងៃ ក្នុង​សប្ដាហ៍​កន្លង។ ក្រសួងសុខាភិបាល​ថៃ ព្រមាន​ថា តួលេខ​នេះ​នឹង​កើន​ដល់ ៣០,០០០ នាក់ និង​ស្លាប់​ជាង ១៦០ ក្នុង ១ ថ្ងៃៗ នៅក្នុង​ខែមីនា ឆ្នាំ ២០២២ បើសិន​មិនមាន​វិធានការ​បន្ទាន់​ដូចជា ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្ត និង​ការរក្សា​គម្លាត​សង្គម​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

  • រូបភាព​មួយចំនួន​នៅ​តំបន់ផ្សេងៗរបស់​ពិភពលោក ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០២១

    រូបភាព​មួយចំនួន​នៅ​តំបន់ផ្សេងៗរបស់​ពិភពលោក ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០២១

    សារព័ត៌មាន​អន្តរជាតិ​នានា បានជ្រើសរើស​រូបថត​ជាច្រើន​សន្លឹក​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត​ក្នុងឆ្នាំនេះ ដោយ​រូបភាព​ទាំងនោះ​បង្ហាញ​អំពី​អំណាច​របស់​ធម្មជាតិ ឬ​ផលវិបាក​នៃ​សង្គ្រាម និង​ជំងឺ​រាតត្បាត។

    ដូនជី Ann Roza លុតជង្គង់​នៅ​ចំពោះមុខ​កងកម្លាំង​សន្តិសុខ​នៅក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Myitkyina រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី ៨ មីនា ដើម្បី​សុំឱ្យ​ប៉ូលិស​ឈប់​ប្រើ​អំពី​ហិង្សា​មកលើ​ក្រុមបាតុករ។

    ប៉ូលិស ២ នាក់ ក៏បាន​លុតជង្គង់ និង​និយាយថា ពួកគេ​ត្រូវធ្វើ​ដូច្នេះ​ដើម្បី​ទប់ស្កាត់​បាតុកម្ម។ ការប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ុ​លិ​ស ដែល​កើតឡើង​ដោយសារ​រដ្ឋប្រហារ​យោធា​នៅ មី​យ៉ាន​ម៉ា ត្រូវបាន​គេ​ជឿថា បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ១,០០០ នាក់។

    គំនរ​ឧស​ជាច្រើន​ត្រូវបាន​គេ​រៀបចំ​សម្រាប់​បូជាសព​អ្នកជំងឺ​កូ​វីដ-១៩ នៅ​រដ្ឋធានី ញូ​វ ដែ​លី នៃ​ប្រទេស ឥណ្ឌា កាលពី​ខែមេសា នៅពេល​ប្រទេស​នេះ​រង​ការវាយលុក​ពី កូ​វីដ-១៩ ប្រភេទ ដេ​លតា។

    ពន្លឺ​ព្រះ​ចន្ទ ចាំង​មកលើ​ទូក​ឈើ​តូច​មួយគ្រឿង​ដែល​ដឹក​ជន​ចំណាកស្រុក ១៧ នាក់ ដែល​កំពុង​រង់ចាំ​ជំនួយ​នៅលើ​លម្ហ​សមុទ្រ Lampedusa នៃ​ប្រទេស អ៊ីតាលី កាលពី​ខែកក្កដា។

    ផ្ទះមួយ​ខ្នង​ត្រូវបាន​ផេះ​របស់​ភ្នំភ្លើង​គ្របដណ្ដប់​ស្ទើរ​ជិត​ពីលើ។ រូបភាព​នេះ​ត្រូវបាន​ថត​នៅលើ​កោះ La Palma ក្នុង​ប្រជុំ​កោះ Canary របស់​ប្រទេស អេ​ស្ប៉ា​ញ កាលពី​ខែតុលា។

    ប៉ូលិស​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស ក្រោយ​កើតមាន​ករណី​ជនរងគ្រោះ​ឈ្មោះ Sarah Everard ត្រូវ​មន្ត្រីប៉ូលិស​ម្នាក់​ដែល​ស្លៀកពាក់​ស៊ីវិល ចាប់ខ្លួន និង​សម្លាប់ចោល។

    អ្នកនេសាទ​ម្នាក់​កំពុង​ឱ្យ​ចំណី​ដល់​ត្រី​ឆ្លាម​បា​ឡែ​ន (Whale shark) នៅឯ​តំបន់ Tan-Awan នៃ​ប្រទេស ហ្វ៊ី​លី​ពី​ន កាលពី​ខែកញ្ញា ឆ្នាំ ២០២១។

    ភៀវ​ទេសចរណ៍​កំពុង​ទស្សនា​ក​ម្អែ​ភ្នំភ្លើង នៅ អ៊ី​ស្លាង់ កាលពី​ខែមេសា។ រូបភាព​នេះ​ត្រូវបាន​ថត​ក្នុង​គ្រា​ដែល​មាត់​ភ្នំភ្លើង​ទី ២ ចាប់ផ្ដើម​បង្ហាញ​រូបរាង។

    សមាជិក​របស់​កងជីវពល តា​លី​បង់ កំពុង​សូត្រធម៌​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី កា​ប៊ុល កាលពី​យប់​ថ្ងៃទី ២៨ សីហា ជិត​កន្លះ​ខែ​បន្ទាប់ពី​ក្រុម​នេះ​បាន​ចូលកាន់​កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន ជាថ្មី។ នៅ​ខាងក្រៅ​ព្រលានយន្តហោះ កាលណោះ​គឺជា​ទិដ្ឋភាព​ដ៏​ច្របូកច្របល់ នៅពេល​មនុស្ស​រាប់ពាន់​នាក់​ព្យាយាម​ចូលទៅ​ខាងក្នុង​ព្រលានយន្តហោះ​ដើម្បី​មានឱកាស​ចាក​ចេញពី​ប្រទេស។

    ជន​ចំណាកស្រុក​ម្នាក់ (ស្ដាំ) កំពុង​ត្រូវបាន​បុគ្គលិក​កាកបាទក្រហម​របស់​ប្រទេស អេ​ស្ប៉ា​ញ លួងលោម លើកទឹកចិត្ត កាលពី​ខែឧសភា។ រូបថត​នេះ​ត្រូវបាន​ផ្ដិត​យក​នៅឯ​តំបន់​ក្បែរ​ព្រំដែន​ជាប់​នឹង​ប្រទេស ម៉ា​រ៉ុ​ក នៅលើ​ឆ្នេរសមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ។ ក្នុង​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ១៧ និង ១៨ ឧសភា មនុស្ស​ជាង ៨,០០០ នាក់ បាន​ឆ្លងកាត់​តំបន់​នេះ នៅក្នុង​ដំណើរ​ភៀសខ្លួន​ទៅ អឺរ៉ុប។

    សេះ ១ ក្បាល ត្រូវបាន​កងទ័ព​រប​ស់​ប្រទេស ស្វ៊ី​ស ដឹក​តាម​យន្តហោះ​កាលពី​ខែមេសា។

  • (វីដេអូ)-២០២១ ជា​ឆ្នាំ​ជោគជ័យ​បំផុត​​របស់​មហាសេដ្ឋី Elon Musk ទាំង​នៅ​ដី ទាំង​នៅ​ទី​អវកាស

    (វីដេអូ)-២០២១ ជា​ឆ្នាំ​ជោគជ័យ​បំផុត​​របស់​មហាសេដ្ឋី Elon Musk ទាំង​នៅ​ដី ទាំង​នៅ​ទី​អវកាស

    មហាសេដ្ឋី Elon Musk នៅក្នុង​ឆ្នាំ ២០២១ ទទួលបាន​ជោគជ័យ​ជាច្រើន ខណៈដែល​លោក​បាន​ក្លាយជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ចំណែក​គម្រោង​អវកាស​នានា​ប្រកបដោយ​មហិច្ឆតា ក៏​សម្រេចបាន​ផ្លែផ្កា​ធំធេង។ លោក Elon Musk ដណ្ដើមបាន​តំណែង​លេខ ១ ពី​កំពូល​មហាសេដ្ឋី​អាម៉េរិក ​Jeff Bezos ដោយ​ក្លាយជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​របស់​ពិភពលោក នេះ​បើតាម Bloomberg។

    ចំណែក Analyst Estimates បានចេញ​ផ្សាយ​ថា បរិមាណ​រថយន្ត Tesla ដែល​ត្រូវបាន​ប្រគល់ដល់ដៃ​អតិថិជន បាន​កើនឡើង ៨០% ក្នុងឆ្នាំនេះ ធៀប​នឹង​ឆ្នាំ ២០២។ SpaceX បាន​បាញ់​បង្ហោះ​យានអវកាស​ច្រើនជាង​គូប្រជែង​នានា​នៅ សហរដ្ឋ​អាម៉េរិក។

    និយាយ​អំពី​វិស័យ​នៅលើ​ដី ក្រុមហ៊ុន Tesla បានចាប់ផ្ដើម​ឆ្នាំ ២០២១ ប្រកបដោយ​ភាពរលូន ដោយ​ចំណូល​សរុប​ក្នុង​ត្រីមាស​ទី ១ កើន ៧៤% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ដែល​នេះ មួយផ្នែក​គឺ​បានមកពី​ទីផ្សារ​នៅ​ប្រទេស ចិន។ ត្រីមាស​ទី ៣ ឆ្នាំ ២០២១ ក្រុមហ៊ុន Tesla នៅតែ​រកបាន​ប្រាក់ចំណេញ​ច្រើន ស្មើនឹង ៣០%។

    មិន​ត្រឹមតែ​ការបង្កើន​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត​នោះទេ លោក Musk កាលពី​ខែសីហា ថែមទាំង​បានបង្ហាញ​ផលិតផល​ថ្មី​ដែលមាន​ឈ្មោះថា Tesla Bot ផងដែរ។ នេះ​គឺជា​រ៉ូ​បូត​រូបរាង​មនុស្ស​ដែល​ត្រូវបាន​លោក Musk ​សង្ឃឹម​ថា នឹង​អាចបំពេញ​ភារកិច្ច​រួម​របស់​មនុស្ស​យន្ត។

    ក្នុង​វិស័យ​អវកាស ឆ្នាំនេះ លោក Musk បន្តការងារ​ពង្រីក​ស​ម្ម​ភាព​របស់ Starship។ លោក​រំពឹងថា នេះ​នឹង​ជា​យានអវកាស​អាច​ប្រើប្រាស់​ច្រើនដង​ដំបូង​គេ ដែល​នឹង​អាច​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ។

    កាលពី​ខែមីនា មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ បានប្រកាស​គម្រោង​សាងសង់​ទីក្រុង​ថ្មី​ដែលមាន​ឈ្មោះថា Starbase នៅក្នុង​រដ្ឋ Texas។ លោក​ក៏​គ្រោង​នឹង​ប្រើប្រាស់​ទីក្រុង​នេះ​ជា​កន្លែង​បាញ់​បង្ហោះ​យាន Starship ផងដែរ។

    ប្រព័ន្ធ​សាកល្បង​របស់ Starship របស់ SpaceX កាលពី​ខែឧសភា បាន​ចុះចត​ដោយ​ជោគជ័យ​នៅក្នុង​ការសាកល្បង​លើក​ទី ។ ក្រៅពី Starship ក្រុមហ៊ុន SpaceX ក៏​បន្ត​បង្កើត​មូលដ្ឋានគ្រឹះថ្មីៗមួយចំនួនទៀត​ដែរ។

    ក្រុមហ៊ុន​នេះ​បាន​បាញ់​បង្ហោះ​យានអវកាស​ដឹក​មនុស្ស​ដំបូង ទៅកាន់​គន្លង​គោចរ។ យាន​បាន​នាំ​អ្នក​អវកាស​របស់ NASA ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) លើក​ទី ២ ក្នុង​ឆ្នាំ ២០២។ ក្រុម​អ្នក​អវកាស​លើ​យាន Dragon បាន​អរគុណ​ដល់​គ្រប់គ្នា និង​ថ្លែងថា ជើងហោះហើរ​ពិតជា​អស្ចារ្យ ប្រសើរ​ជាង​អ្វីដែល​ពួកគេ​បាន​ស្រមៃ​ទៅទៀត។

    ក្រុមហ៊ុន SpaceX ក៏បាន​ទទួល​ជ័យជំនះ​ក្នុងការ​ដេញថ្លៃ​សម្រាប់​សកម្មភាព​អភិវឌ្ឍ​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​សម្រាប់ NASA ផងដែរ។

    Starlink ដែលជា​គម្រោង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​របស់លោក Elon Musk ក៏​​​បាន​ស្គាល់​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​ឆ្នាំ ២០២១ និង​ឈាន​ចូលដល់​ដំណាក់កាល​សាកល្បង​នៅក្នុង​តំបន់​ដាច់ស្រយាល​បំផុត​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក។ កាលពី​ខែកក្កដា Starlink បានឱ្យដឹងថា បាន​បាញ់​បង្ហោះ​ផ្កាយរណប​ប្រមាណ ១,៨០០ គ្រឿង និង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​មនុស្ស​ចំនួន​ប្រហែល ១៤០,០០០ នាក់ នៅក្នុង​ប្រទេស​ជាង ២០។

    កាលពី​ថ្ងៃទី ២ ធ្នូ ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​យានអវកាស​លើក​ទី ២៧ នៅក្នុង​ឆ្នាំ ២០២១ នាំយក​ផ្កាយរណប Starlink ជិត ៥០ គ្រឿង ទៅ​ដាក់​នៅក្នុង​គន្លង​គោចរ។

    មហិច្ឆតា​របស់ Musk មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លោក​ថែមទាំង​មាន​គម្រោង​សាងសង់​រោងចក្រ​ផលិត​ឡាន​អគ្គិសនីធំៗចំនួន ២ ទៀត នៅ សហរដ្ឋ​អាម៉េរិក និង អាល្លឺម៉ង់។ គោលដៅ​សម្រាប់​ឆ្នាំក្រោយ​របស់​មហា​សេដ្ឋី​រូប​នេះ គឺ​ការបាញ់​បង្ហោះ​យាន​អវកាស​​គំរូ Starship ដំបូង​ទៅកាន់​គន្លង​តារាវិថី។

    SpaceX កំពុងតែ​ស្វែងរក​វិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការអនុញ្ញាត និង​កំពុង​រង់ចាំ​ការវាយតម្លៃ​ផ្នែក​បរិស្ថាន​ពី​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក ដែល​នឹង​ធ្វើឡើង​នៅ​ចុងឆ្នាំ ២០២១។ Starlink ក៏​កំពុងមាន​គម្រោង​សុំ​ច្បាស់​អាជ្ញាធរ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​ជាច្រើន​គ្រឿង​ថែមទៀត​នៅ​ឆ្នាំក្រោយ។

    បច្ចុប្បន្ន លោក Musk មានបំណង​បង្ហាញ​កំណែ​គំរូ​នៃ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង ដែល Tesla គ្រោង​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ ២០២១។

    មហាសេដ្ឋី Elon Musk ទំនងជា​នឹងដាក់​ចេញ​នូវ​មហិច្ឆតាថ្មីៗជាច្រើន​ថែមទៀត ចាប់ពី​រថយន្ត​អគ្គិសនី​នៅលើ​ដី រហូតដល់​រ៉ុក្កែត​ក្នុង​វិស័យ​អវកាស ដែល​ជួយ​ឱ្យ​លោក​ទទួលបាន​ជោគជ័យ និង​ប្រាក់កាស​ច្រើន​ក្នុង​អនាគត៕