Author: សឿន សំណាង

  • (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (ប្រទេស​ក្រិ​ក)-ព្រែកជីក Corinth មាន​ជញ្ជាំង​ទាំងសងខាង​ខ្ពស់​រហូតដល់ ៧៩ ម៉ែត្រ ចំណែក​ទទឹង​វិញ មាន​កន្លែង​ខ្លះ​ត្រឹមតែ ២0 ម៉ែត្រ​ប៉ុណ្ណោះ។

    Corinth គឺជា​ព្រែក​ដ៏​ធំ​មួយ​ដែល​មនុស្ស​បាន​បង្កើតឡើង។ ជញ្ជាំង​របស់​ព្រែក​នេះ​មាន​កម្ពស់ ៧៩ ម៉ែត្រ ធ្វើឱ្យ​វា​ក្លាយជា ព្រែក​ដែល​ជ្រៅ​បំផុត​ក្នុង​ពិភពលោក។ ប៉ុន្តែ វា​មាន​ទទឹង​ត្រឹមតែ ២៥ ម៉ែត្រ​ប៉ុណ្ណោះ ធ្វើឱ្យ​កប៉ាល់ធំៗ ពិបាក​ឆ្លងកាត់។

    ព្រែកជីក​នេះ​គឺជា​ផ្លូវទឹក​ដែលមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​កប៉ាល់​ជាង ១១,០០០ គ្រឿង ឆ្លងកាត់​ក្នុង ១ ឆ្នាំ។

    វិស្វករ Haris Saraglou នៅតែ​បន្ត​ដើរ​ត្រួតពិនិត្យ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា ជញ្ជាំង​របស់​ព្រែកជីក​នេះ​នៅតែ​រឹងមាំ និង​សុវត្ថិភាព។ លោក Haris Saraglou ថ្លែងថា Corinth គឺជា​កន្លែង​ដែល​សំខាន់​ខ្លាំង ព្រោះ​វា​ជា​ច្រកទ្វារ​ដែល​នាំទៅ​កាន់ Peloponnese ហើយ​វា​ក៏​ប្រសព្វ​មុខ​គ្នា​ជាមួយនឹង​សមុទ្រ និង​ដីគោក។

    នៅពេល​ការស្ថាបនា​ព្រែកជីក Corinth បាន​រួចរាល់​កាលពី​ឆ្នាំ ១៨៩៣ ពេលនោះ​កប៉ាល់​នានា​មាន​ទំហំ​តូច​ជាង​កប៉ាល់​នៅ​សម័យនេះ​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន មាន​កប៉ាល់ធំៗជាច្រើន​គ្រឿង​ធ្លាប់បាន​ឆ្លងកាត់​ព្រែកជីក​នេះ ដោយ​កប៉ាល់​ខ្លះ​ស្ទើរតែ​មិនអាច​ជៀត​ចូល​បាន។ ការធ្វើដំណើរ​របស់​ក​ប៉ាល់ធំៗទាំងនោះ គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ប្រទេស​ក្រិ​ក នៅពេល​គេ​មើល​ពីលើ​ទី​ខ្ពស់។

    កាលពី​ខែតុលា ឆ្នាំ ២០១៩ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​មួយ ប្រវែង ១៩៥ ម៉ែត្រ ដែលមាន​ឈ្មោះថា Braemar បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រែកជីក Corinth។ កប៉ាល់​ដែលមាន​ទម្ងន់ ២៤,៣៤៤ តោន​នេះ គឺជា​កបាល់​ធំ​បំផុត​ដែល​ធ្លាប់បាន​ឆ្លងកាត់​ផ្លូវទឹក​ដ៏​ចង្អៀត​នេះ។

    ការមើល​ពីលើ​ទី​ខ្ពស់ ជួយ​ឱ្យ​យើង​បាន​គយគន់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ។ ចំណែក​អ្នកបើកបរ​កប៉ាល់​ខ្នាត​យក្ស​ដែល​ឆ្លងកាត់​ព្រែក​នេះ​ក៏ត្រូវ​តែមាន​ស្មារតី​រឹងមាំ​ទើប​អាចទៅរួច។ ត្រង់​កន្លែង​ចង្អៀត​បំផុត ចន្លោះ​ពី​កប៉ាល់​ទៅ​ជញ្ជាំង​ទាំងសងខាង នៅសល់​មិន​ដល់ ១ ម៉ែត្រ​នោះទេ។

    ពេល​កប៉ាល់ នាវា​ឆ្លងកាត់​ព្រែកជីក Corinth មានន័យថា ពួកវា​កំពុងតែ​សម្រេចបាន​នូវ​មហិច្ឆតា​បុរាណ​មួយ ដែល​ត្រូវការ​ពេលវេលា​ជាង ២,០០០ ឆ្នាំ ទើប​អាច​ធ្វើបាន។ ជនជាតិ​ក្រិ​ក​បុរាណ ចង់​ជីក​ព្រែក​នៅទីនេះ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់។ ពួកគេ​អាច​ជំរុញ​សកម្មភាព​ជំនួញ និង​រកបាន​ផលប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត​បើ​គិត​អំពី​វិធីសាស្ត្រ​អភិវឌ្ឍ​អារ្យធម៌។ ព្រែកជីក Corinth ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​ដោយ​អធិរាជ​រ៉ូ​ម៉ាំង Nero កាលពី​សតវត្សរ៍​ទី១ ប៉ុន្តែ ស្ថាបត្យកម្ម​នេះ​ត្រូវបានធ្វើ​ឡើងដល់​ត្រឹម​ដំណាក់កាល​ជីក​កកាយ​ដី​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ទ្រង់​ក៏បាន​សោយ​ទិវង្គត។

    បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ ៦ គីឡូម៉ែត្រ ដែល​ហាក់ដូច​មានការ​លំបាក​ខ្លាំង ចុងក្រោយ កប៉ាល់ Braemar ក៏បាន​រុលចូល​ទៅដល់​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រែកជីក Corinth៕

  • បាត់ «បណ្ណ​កម្មសិទ្ធិ​អចលនវត្ថុ ជិត ៤០០ សន្លឹក» ក្រសួង​រៀបចំ​ដែនដី ជូនដំណឹង​បន្ទាន់​ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន

    បាត់ «បណ្ណ​កម្មសិទ្ធិ​អចលនវត្ថុ ជិត ៤០០ សន្លឹក» ក្រសួង​រៀបចំ​ដែនដី ជូនដំណឹង​បន្ទាន់​ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃទី ៦ មករា​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការបាត់ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (បណ្ណ​កម្មសិទ្ធិ) ចំនួន ៣៩៩ សន្លឹក នៃ​ភូមិ​ព្រៃទទឹង ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

    ក្នុង​សេចក្ដីជូនដំណឹង​នេះ ក្រសួង​រៀបចំ​ដែនដី ក៏បាន​បញ្ជាក់ថា ក្រសួង​សូម​បដិសេធ​វិញ្ញាបនបត្រ​ទាំងឡាយ​ដែល​បាន​បាត់​ខាងលើ ដោយ​ចាត់ជា​អសារ​ឥត​ការ។

    ក្រសួង​នេះ​ក៏​ស្នើឱ្យ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ក្នុង​ការធ្វើ​កិច្ចសន្យាផ្សេងៗដែល​ទាក់ទង​នឹង​អចលនវត្ថុ ដូចជា ការទិញ-លក់ ការបង្កើត​សិទ្ធិ​លើ​ការ​បញ្ចាំ ជាដើម ដើម្បី​ចៀសវាង​ការធ្លាក់​ក្នុង​ឧបាយកល​របស់​ជន​ទុច្ចរិត​ដែល​ប្រើប្រាស់​បណ្ណ​កម្មសិទ្ធិ​ក្លែងក្លាយ បំណង​ទទួលបាន​ប្រាក់​កក់ ឬ​ប្រាក់កម្ចី។ល។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដូចខាងក្រោម៖

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី វីរុស​កូវីដ-១៩ ចំនួន ១៨ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី វីរុស​កូវីដ-១៩ ចំនួន ១៨ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់

    អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ទាំង​ ១៨ នាក់ ដែល​បាន​រកឃើញ​កាល​ពី​ម្សិល​មិញ សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង​។ កម្ពុជា​ មិន​មាន​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ទេ​ នៅ​ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៥ មករា​។

  • ឪឡឹក​រាប់ពាន់​តោន ត្រូវ​​បាន​ឈ្មួញ​បោះចោល​ក្បែរ​ព្រំដែន​ចិន

    ឪឡឹក​រាប់ពាន់​តោន ត្រូវ​​បាន​ឈ្មួញ​បោះចោល​ក្បែរ​ព្រំដែន​ចិន

    ឪឡឹក​រាប់ពាន់​តោន ត្រូវ​ឈ្មួញ​បោះចោល​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទឹកដី​នៃ​ប្រទេស​មី​យ៉ាន​ម៉ា ក្បែរ​ព្រំដែន​ចិន ដោយសារតែ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ធ្វើឱ្យ​ឡាន​ដឹកទំនិញ​ពី មី​យ៉ាន​ម៉ា មិនអាច​ចូលទៅក្នុង​ទឹកដី​ចិន។

    ដងផ្លូវ​ភ្ជាប់​ពី​ទីក្រុង Ruili នៃ​ខេត្ត Yunnan ដែលជា​ច្រក​ផ្លូវ​សំខាន់​របស់ ចិន និង មី​យ៉ាន​ម៉ា បាន​កកស្ទះ​យ៉ាង​ណែន ដោយមាន​ឡាន​ដឹកទំនិញ​រាប់រយ​គ្រឿង​កំពុង​រង់ចាំ​នៅក្បែរ​ស្ថានីយ​ត្រួតពិនិត្យ នេះ​បើតាម​សារព័ត៌មាន SCMP ចុះផ្សាយ​នា​ថ្ងៃទី ៦ មករា។

    Lee Htay វ័យ ៦៥ ឆ្នាំ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ បានឱ្យដឹងថា៖ «មុន​វិបត្តិ​អាសន្នរោគ ក្នុង​មួយថ្ងៃ យើង​នាំ​ផ្លែឈើ​ជាង ៥០០ តោន ចូល​ប្រទេស​ចិន ភាគច្រើន​គឺ ឪឡឹក ត្រសក់ផ្អែម (honeydew lemon) ស្វាយ។ល។ ពេលនេះ ក្នុង​មួយថ្ងៃ មាន​ឡាន​មិន​ដល់ ១០ គ្រឿង ដែល​អាច​ឆ្លងកាត់​ច្រកព្រំដែន»។

    «យើង​ត្រូវ​ស្វែងរក​វិធី​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ ឬ​លក់​ក្នុងស្រុក ប៉ុន្តែ ត្រូវការ​ពេលវេលា។ ក្នុងករណី​ភាគច្រើន យើង​មានតែ​បោះចោល​ផ្លែ​ឪឡឹក» លោក Lee Htay បន្ថែម​ដូច្នេះ និង​បន្តថា យ៉ាងហោចណាស់​មាន​ឡាន​ដឹកទំនិញ​ចំនួន ២០០ គ្រឿង​ដែល​ដឹក​ផ្លែឈើ កំពុង​កកស្ទះ​លើ​ដងផ្លូវ​ពី Mandalay ដែលជា​ទីក្រុង​ធំជាងគេ​ទី២ របស់ មី​យ៉ាន​ម៉ា ភ្ជាប់​ទៅកាន់​ទីរួមស្រុក Musem។ នេះ​គឺជា​ផ្លូវ​សំខាន់​ដែល​ភ្ជាប់​ទៅ​ទីរួមស្រុក​មួយចំនួន​នៅ ប្រទេស​ចិន ដូចជា Wanding និង Ruili ជាដើម។

    យោងតាម​ស្ថានទូត​ចិន ប្រចាំ មី​យ៉ាន​ម៉ា ទំហំ​នៃ​ការនាំចេញ នាំចូល​តាម​ច្រកព្រំដែន Wanding មានតម្លៃ​ប្រហែល ២០០ លាន​យុន (៣១ លាន​ដុល្លារ​អាម៉េរិក) នៅក្នុង​ខែធ្នូ ២០២១ ក្រោយ​ការបើក​ច្រកព្រំដែន​ឡើងវិញ​បាន​មួយខែ ថយចុះ​ជាង ៤០% ធៀប​នឹង​ឆ្នាំមុន។ ស្ថានទូត​ចិន បានឱ្យដឹង​ដែរ​ថា ការអនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ គឺ​មានន័យថា ឡាន​ដឹកទំនិញ​ប្រមាណ ៤០ គ្រឿង​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​ត្រួតពិនិត្យ និង​អនុញ្ញាតឱ្យ​ឆ្លងកាត់​ច្រកព្រំដែន​នេះ នៅក្នុង ១ ថ្ងៃ៕

  • តៃវ៉ាន់ បង្កើត​មូលនិធិ​ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​​លី​ទុយ​អា​នី

    តៃវ៉ាន់ បង្កើត​មូលនិធិ​ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​​លី​ទុយ​អា​នី

    អាជ្ញាធរ​កោះ​តៃវ៉ាន់ ប្រកាស​បង្កើត​មូលនិធិ​វិនិយោគ តម្លៃ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​លី​ទុយ​អា​នី ក្នុង​គ្រា​ដែល​ក្រុមហ៊ុន សហគ្រាស​មួយចំនួន​ត្អូញត្អែរ​អំពី​ការខាតបង់​ដោយសារតែ​ភាព​តានតឹង​រវាង លី​ទុយ​អា​នី និង ចិនដីគោក។

    «តៃវ៉ាន់ កំពុង​បង្កើត​មូលនិធិ​មួយ​ដោយមាន​ទុន​ដំបូង​ស្មើនឹង ២០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​វិនិយោគ​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់ លី​ទុយ​អា​នី ដែលជា​យុទ្ធសាស្ត្រ​របស់ លី​ទុយ​អា​នី និង តៃវ៉ាន់» ប្រធានការិយាល័យ​តំណាង​កោះ​តៃវ៉ាន់ ប្រចាំ លី​ទុយ​អា​នី លោក Eric Huang បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៥ មករា។

    លោក Eric Huang បន្ថែមថា ខ្ទង់​វិនិយោគ ២០០ លាន​ដុល្លារ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​របស់ តៃវ៉ាន់ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ លី​ទុយ​អា​នី ក្រោយ​មាន​ភាព​តានតឹង​ជាមួយ ចិនដីគោក។ ខ្ទង់​វិនិយោគ​ដំបូង​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំនេះ។

    ប្រទេស​លី​ទុយ​អា​នី កំពុង​រង​ការរិះគន់​ពី ចិនដីគោក ដោយសារតែ​បានអនុញ្ញាត​ឱ្យ អាជ្ញាធរ​កោះ​តៃវ៉ាន់ បើក​ការិយាល័យ​តំណាង​នៅ Vilnius កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ​ដាក់ឈ្មោះថា «ការិយាល័យ​តំណាង​តៃវ៉ាន់»។ ប្រទេស​ចិន ប្រឆាំង​ការប្រើប្រាស់​ពាក្យ «តៃវ៉ាន់» សម្រាប់​ដាក់ឈ្មោះ ព្រោះ​ខ្លាច​បង្កឱ្យមាន​អារម្មណ៍​ស្របច្បាប់​ជា​អន្តរជាតិ​សម្រាប់​កោះ​នេះ។ ការិយាល័យ​តំណាង​នានា​នៅក្រៅ​ស្រុក​របស់ កោះ​តៃវ៉ាន់ តែង​ត្រូវបាន​ដាក់ឈ្មោះថា «ការិយាល័យ​សេដ្ឋកិច្ច និង​វប្ប​ធ​ម៍​តៃប៉ិ»។

    ប្រធានាធិបតី របស់ លី​ទុយ​អា​នី លោក Gitanas Nauseda សប្ដាហ៍​នេះ​បានទទួល​ស្គាល់ «កំហុសឆ្គង» នៅ​ពេល​​អនុញ្ញាតឱ្យ តៃវ៉ាន់ ប្រើប្រាស់​ឈ្មោះ​កោះ​នេះ​ដាក់ឱ្យ​ការិយាល័យ​តំណាង។

    ថ្នាក់ដឹកនាំ និង​ក្រុមហ៊ុន​នានា​របស់ លី​ទុយ​អា​នី បាន​ត្អូញត្អែរថា ភាព​តានតឹង​ជាមួយ ចិនដីគោក បានធ្វើឱ្យ​ប្រទេស​នេះ និង​ក្រុមហ៊ុន​នានា រង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច។

    តំណាង​ពាណិជ្ជកម្ម​អាម៉េរិក លោកស្រី Katherine Tai នៅក្នុង​ការពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស លី​ទុយ​អា​នី Gabrielius Landsbergis កាលពីពេលថ្មីៗនេះ បាន​សន្យា​សហការ​ជួយ លី​ទុយ​អា​នី ទប់ទល់​នឹង «សកម្មភាព​កៀបសង្កត់​ផ្នែក​ការទូត និង​សេដ្ឋកិច្ច»។

    ចិនដីគោក តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​បានប្រកាស​ជា​ញឹកញាប់​ថា នឹង​ប្រើ​កម្លាំងបាយ​ដើម្បី​យក​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។ ភាព​តានតឹង​រវាង ចិនដីគោក និង កោះ​តៃវ៉ាន់ បាន​ឈានដល់​ចំណុច​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​លោកស្រី Tsai Ing-wen ដែលជា​អ្នកប្រឆាំង «គោលការណ៍​ចិន​តែមួយ» បាន​ក្លាយជា​មេដឹកនាំ​ចាប់តាំងពី​ឆ្នាំ ២០១៦៕

  • យន្តហោះមួយគ្រឿង ហោះពី ជប៉ុន មកកាន់ វៀតណាម ត្រូវគេគំរាមបាញ់ទម្លាក់

    យន្តហោះមួយគ្រឿង ហោះពី ជប៉ុន មកកាន់ វៀតណាម ត្រូវគេគំរាមបាញ់ទម្លាក់

    កាលពី​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 របស់​ក្រុមហ៊ុន Vietnam Airlines ដែល​ហោះ​ពី​ព្រលាន ណារីតា (Narita) នៅ តូ​ក្យូ មកកាន់​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ត្រូវបាន​បុរស​ម្នាក់​គំរាម «បាញ់​ទម្លាក់ នៅពេល​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

    នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម បានឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 ពី ណារីតា​ មកកាន់ ហាណូយ ដែល​ចេញដំណើរ​នៅវេលា​ម៉ោង ១០ កន្លះ (ម៉ោង​នៅ ជប៉ុន) មាន​ដឹក​មនុស្ស​ចំនួន ៦២ នាក់ ក្នុងនោះ​មាន​ក្រុម​ហោះហើរ ១៥ នាក់ និង​អ្នកដំណើរ ៤៧ នាក់។

    ម៉ោង ១១:១០ នាទី ក្រុមហ៊ុន Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន បានទទួល​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​ដែល​អះអាងថា ជា​ជនជាតិ​អាម៉េរិក ហើយ​និយាយ​ភាសា​ជប៉ុន ថា៖ «ជើងហោះហើរ VN5311 ល្អ​បំផុត​គឺ​ត្រលប់មក ណារីតា មិន​ដូច្នេះ​ទេ​នឹង​ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

    ពេល​ត្រូវបាន​សួរ​ជាថ្មី បុរស​នោះ​បញ្ជាក់ថា៖ «ខ្ញុំ​កំពុង​ត្រៀម​បាញ់​ទម្លាក់ VN5311 ពេល​ហោះ​ឆ្លង​ឈូង​សមុទ្រ​តូ​ក្យូ ល្អ​បំផុត​គួរតែ​ត្រលប់​ក្រោយ»។

    ពេលនោះ យន្តហោះ​ចេញដំណើរ​បាន​ប្រហែល ៤០ នាទី​ទៅហើយ និង​កំពុង​ត្រៀម​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ។ សាខា Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​នៅ ជប៉ុន និង​នៅ វៀតណាម។

    ម៉ោង​ប្រហែល ១៣:០២ នាទី ជើងហោះហើរ VN5311 ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព និង​ស្ថិតនៅ​រយៈពេល ២ ម៉ោង នៅ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា (Fukuoka) បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត។

    ក្រោយពី​បានកំណត់​ច្បាស់​ថា យន្តហោះ​នេះ​ពុំមាន​សញ្ញា​ខុស​ប្រក្រតី អាជ្ញាធរ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា ក៏បាន​ប្រកាស​អនុញ្ញាតឱ្យ​ជើងហោះហើរ VN5311 ចេញដំណើរ​មកកាន់ ហាណូយ។ VN5311 បានចេញ​ដំណើរ​នៅវេលា​ម៉ោង ១៥:៤៨ នាទី ពី Fukuoka និង​មកដល់ ហាណូយ នៅវេលា​ម៉ោង ១៨:១២ នាទី (ម៉ោង​នៅ វៀតណាម) នៃ​ថ្ងៃទី ៥ មករា ដោយ​ចុះចត​លើ​ព្រលានយន្តហោះ ណូយបាយ (Noi Bai)។

    បច្ចុប្បន្ន ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​វៀតណាម និង​នៅ​ប្រទេស​ជប៉ុន កំពុង​សហការគ្នា​ដើម្បី​ស៊ើបអង្កេត​លើ​ករណីនេះ។

    VN5311 គឺជា​ជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូង​ពី វៀតណាម ទៅកាន់ ជប៉ុន នៃ​ក្រុមហ៊ុន Vietnam Airlines រាប់​ចាប់តាំងពី​ប្រទេស​ទាំងពីរ​បាន​បើក​ឱ្យមាន​ការហោះហើរ​ដូច​ធម្មតា​ឡើងវិញ៕

  • ក្រសួង​អប់រំ ជូនដំណឹង​ស្ដីពី​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-​២០២២

    ក្រសួង​អប់រំ ជូនដំណឹង​ស្ដីពី​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-​២០២២

    នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ការបើក​ដំណើរការ​បង្រៀន និង​រៀន​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា គ្រប់​រូបភាព។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​ជាង ២២0 នាក់

    កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​ជាង ២២0 នាក់

    សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី ៥ មករា នេះ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល ព​ន្លឿ​ន​ការសាងសង់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ខណៈ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បន្ត​ចូលមក កម្ពុជា។

    នៅក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក​កីឡា​ប៊ូល ប៉េតង់ នៅ អេ​ស្ប៉ា​ញ នា​ព្រឹក​ថ្ងៃទី ៥ មករា នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ណែនាំ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល ព​ន្លឿ​ន​ការសាងសង់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ដើម្បី​រំដោះ​អ្នកជំងឺ​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឱ្យបាន​រួចរាល់​នៅ​ឆ្នាំក្រោយ។

    ក្នុង​ពិធី​នេះដែរ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន ២២៦ នាក់ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ៥០០ នាក់ ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​ទូទាំងប្រទេស។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ សរុប​ចំនួន​ជាង ១២ ម៉ឺន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជាង 3,០០០ នាក់៕

  • ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ កំពុង​រៀប​​ចំ​ផែនការ​​បោះផ្សាយ​មូល​ប​ត្រ​បំណុល Bitcoin

    ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ កំពុង​រៀប​​ចំ​ផែនការ​​បោះផ្សាយ​មូល​ប​ត្រ​បំណុល Bitcoin

    កាលពី​ថ្ងៃទី ៤ មករា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់ អែល​សាល់​វ៉ា​ឌ័​រ (El Salvador) លោក Alejandro Zelaya បានប្រកាសថា រដ្ឋាភិបាល​ប្រទេស​អាម៉េរិក​ភាគ​កណ្ដាល​នេះ នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល Bitcoin នៅ​អំឡុង​ខែកុម្ភៈ និង​ខែមីនា​ខាងមុខ ដើម្បី​ប្រមូល​ទុន​សម្រាប់​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

    ប្រភពព័ត៌មាន​ពី អាម៉េរិក​ឡាទីន បានឱ្យដឹងថា រដ្ឋមន្ត្រី Zelaya ថ្លែងថា បើទោះជា​ការស្ទង់មតិ​លើ​ក្រុម​អ្នកវិនិយោគ​ស្ដីអំពី​លទ្ធភាព​នៃ​តម្រូវការ​លើ​មូល​ប​ត្រ​នេះ​ស្ថិតនៅក្នុង​កម្រិត​ជាង ២០០ លាន​ដុល្លារ​អាម៉េរិក ក៏ដោយ ក៏​រដ្ឋាភិបាល​អែល​សាល់​វ៉ា​ឌ័​រ នៅតែ​រៀប​ផែនការ​បោះផ្សាយ​មូល​ប​ត្រ Bitcoin តម្លៃ ១ ពាន់​លាន​ដុល្លារ។ រដ្ឋមន្ត្រី Zelaya វាយតម្លៃថា ការបោះ​ផ្សាយ​មូល​ប​ត្រ Bitcoin បាន​ជោគជ័យ នឹង​បើកផ្លូវ​ឱ្យ​មានឱកាស​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ថ្មី ទន្ទឹមនឹង​ការបន្ត​បោះផ្សាយ​មូល​ប​ត្រ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។

    កាលពី​ខែកញ្ញា ឆ្នាំ ២០២១ អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin ជា​ផ្លូវការ​សម្រាប់​ការជួញដូរ បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​ច្បាប់ Bitcoin កាលពី​ថ្ងៃទី ៩ មិថុនា ២០២១។

    រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ អែលសាល់វ៉ាឌ័រ លោក Alejandro Zelaya

    យោងតាម​ច្បាស់​នេះ Bitcoin ត្រូវបាន​ប្រើប្រាស់​ស្របច្បាប់ មិនមាន​កំណត់​នៅក្នុង​ការជួញដូរ​ណាមួយ និង​ចំពោះ​រាល់​មុខតំណែង​ដែល​រូបវន្តបុគ្គល និង​នីតិបុគ្គល​របស់​រដ្ឋ ឬ​ឯកជន​ស្នើ​អនុវត្ត។ ទន្ទឹមនឹងនេះ ច្បាប់​របស់ អែល​សាល់​វ៉ា​ឌ័​រ ក៏បាន​កំណត់ថា ការជួញដូរ​រវាង Bitcoin និង​រូបិយវត្ថុ​ដុល្លារ​អាម៉េរិក នឹងត្រូវ​បានធ្វើ​ឡើង​ដោយ «សេរី ទៅតាម​ទីផ្សារ» ហើយនឹង​មិនត្រូវ​ជាប់​ពន្ធ​លើ​ទុន​បន្ថែម​ដូច​ទៅនឹង​ប្រភេទ​រូបិយវត្ថុ​ស្របច្បាប់​ដទៃ៕

  • (វីដេអូ)-សង្ឃ​ច្រើន​អង្គ «រាំរែក​តាម​ចង្វាក់ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍» ដើម្បី​លើកទឹកចិត្ត​សិស្ស និស្សិត

    (វីដេអូ)-សង្ឃ​ច្រើន​អង្គ «រាំរែក​តាម​ចង្វាក់ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍» ដើម្បី​លើកទឹកចិត្ត​សិស្ស និស្សិត

    (ជប៉ុន)-លោកសង្ឃ​មួយអង្គ នាម Ryushin Takiyama បាន​ចូលរួម​បញ្ចេញ​ក្បាច់​រាំ​ជាមួយនឹង​បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍​នៅឯ​វិហារ Ekoin ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ដែល​ត្រូវ​ចូល​ប្រលង​នៅ​មហាវិទ្យាល័យ។

    អង្គ​គ្រូ Ryushin Takiyama រួម​នឹង​សិស្ស​ជាច្រើន​នាក់​របស់​សាលា​មធ្យមសិក្សា Koyasan ក្នុង​ខេត្ត Wakayama នៃ​ប្រទេស​ជប៉ុន គ្រង និង​ស្លៀកពាក់​ឈុត​ចីវរ និង​រាំរែក​ទៅតាម​ចង្វាក់ Sutra Remix ដែល​និពន្ធ​ដោយ Kenta Higashioji។

    វីដេអូ​នេះ​បានចាប់ផ្ដើម​ដោយ​ទេសភាព​ស្ងប់ស្ងាត់​នៅឯ​វិហារ Ekoin ស្ថិតនៅលើ​ភ្នំ​ពិសិដ្ឋ Koya ក្នុង​ខេត្ត Wakayama។ ក្នុង​ទិដ្ឋភាព និង​កាយវិការ​ប្រកបដោយ​ការ​សង្រួម ស្រាប់តែ​អង្គ​គ្រូ Takiyama បញ្ចេញ​ក្បាច​រាំ​ទន្ទឹមនឹង​ចង្វាក់ភ្លេង​យ៉ាង​កន្ត្រាក់​អារម្មណ៍ ជាមួយនឹង​ការ​រាំ​អម​កំដរ​របស់​ក្រុមនិស្សិត។

    វីដេអូ ដែល​ត្រូវបាន​បង្ហោះ​លើ Youtube តាំ​ប​ពី​ចុងខែ​ធ្នូ ២០២១ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​អ្នក​ចូល​មើល​បាន​រាប់ម៉ឺន​លើក។

    ការសម្ដែង​របស់​អង្គ​គ្រូ Takiyama ត្រូវបាន​ពន្យល់ថា ជា​អំណោយ​ជំនួយស្មារតី លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ជប៉ុន ដែល​ត្រៀមខ្លួន​សម្រាប់​ការប្រលង​ចូល​មហាវិទ្យាល័យ​នៅ​ដើម​ឆ្នាំនេះ ហើយក៏​ជា​គម្រោង​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ក្នុងស្រុក​មួយ​ផងដែរ។

    ព្រះគ្រូ Takiyama គឺជា​ស្ថាបនិក​របស់​គម្រោង «Koyasan x Dance» ដែល​បង្កើតឡើង​ក្នុង​បំណង​ចែករំលែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជំនឿ Koyasan ទៅកាន់​ពិភពលោក តាមរយៈ​សិល្បៈ​នៃ​ការសម្ដែង។

    ក្រៅពី​វីដេអូ​ខាងលើ ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ខាងលើ​នោះ ថែមទាំង​បាន​នាំយក​ផលិតផល​របស់​ពួកគេ​មកកាន់​វិហារ Ekoin ដើម្បី​ពឹង​សង្ឃ​អង្គ​នេះ​ប្រសិទ្ធី និង​ចែកជូន​សិស្ស និស្សិត​ដែល​កំពុង​ត្រៀមប្រលង​ផងដែរ។ សិស្ស និស្សិត​ដំបូង​គេ​ចំនួន ២៤០ នាក់ ដែល​មកកាន់​វិហារ​នេះ សុទ្ធតែ​ទទួលបាន​ស្ករ​គ្រាប់ ១ ថង់ ដែល​ត្រូវគេ​ចាត់ទុកថា​ជាវ​ត្ថុ​ស័ក្ដិ​សិទ្ធ​សម្រាប់​ការប្រលង​នាពេលខាងមុខ៕