Author: សឿន សំណាង

  • ឥណ្ឌូណេស៊ី បក​ស្រាយ​​ពី​​​មូលហេតុ​ដែល​​​សម្រេច​ចិត្ត​​​ប្រើ​តែ​​ពាក់​កណ្ដាល​​ដូស​​ សម្រាប់​​ការ​ចាក់​​វ៉ាក់​សាំង​​កូ​វីដ-១៩​ ដូ​ស​​ជំរុញ

    ឥណ្ឌូណេស៊ី បក​ស្រាយ​​ពី​​​មូលហេតុ​ដែល​​​សម្រេច​ចិត្ត​​​ប្រើ​តែ​​ពាក់​កណ្ដាល​​ដូស​​ សម្រាប់​​ការ​ចាក់​​វ៉ាក់​សាំង​​កូ​វីដ-១៩​ ដូ​ស​​ជំរុញ

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា ប្រទេស​នេះ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ សម្រាប់​ជា​ដូ​ស​ជំរុញ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន។

    លោក Budi Gunadi Sadikin រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី ថ្លែងថា សហរដ្ឋ​អាម៉េរិក បានធ្វើ​ការពិសោធ ស្រាវជ្រាវ និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដូ​ស​ជំរុញ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Moderna តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ។ លោក​បកស្រាយ​ថា៖ «វ៉ាក់សាំង Moderna មាន​អត្រា​ផលវិបាក​ខ្ពស់ ដូច្នេះ យើង​យល់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​តែ​ពាក់កណ្ដាល​ដូ​ស​នេះ​នឹងមាន​សុវត្ថិភាព​ខ្ពស់ជាង»។

    លោក​រដ្ឋមន្ត្រី​បន្ថែមថា ការសម្រេច​នេះ​ក៏​យោងទៅតាម​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ផ្នែក​បច្ចេកទេស​ចាក់​វ៉ាក់សាំង​ឥណ្ឌូណេស៊ី (ITAGI) និង​ក្រុម​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Padjadjaran និង​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី ហើយ​អនុសាសន៍​នេះ​ក៏​ត្រូវបាន​យល់ព្រម​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​ជាតិ (BPOM) ផងដែរ។

    លោក Budi Gunadi Sadikin អះអាងថា គិត​ជា​មធ្យម កម្រិត​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​កើត​ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ១ និង​ដូ​ស​ទី ២ គឺ​ប្រមាណ​ពី ១០០-២០។ ក្រោយពី​ត្រូវបាន​ចាក់​ពាក់កណ្ដាល​ដូ​ស​នៃ​ដូ​ស​ជំរុញ អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ឡើងដល់ ៧,៥០០-៨,០០០ ខណៈដែល​ការចាក់​ដូ​ស​ជំរុញ​ពេញ ១ ដូ​ស បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ដល់ ៨,០០០-៨,៥០។ «ដូច្នេះ សូម្បីតែ​ប្រើប្រាស់ ១ ដូ​ស​ពេញ សម្រាប់​ការចាក់​ដូ​ស​ជំរុញ អត្រា​នៃ​ការ​លើសខ្វះ​គ្នា​ក៏​ប្រែប្រួល​មិន​ច្រើន​ប៉ុន្មាន»៕

     

  • ការិយាល័យ​រដ្ឋាភិបាល​របស់​កងទ័ព​រដ្ឋប្រហា​រ​នៅ មី​យ៉ាន​ម៉ា ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក

    ការិយាល័យ​រដ្ឋាភិបាល​របស់​កងទ័ព​រដ្ឋប្រហា​រ​នៅ មី​យ៉ាន​ម៉ា ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក

    (មី​យ៉ាន​ម៉ា)-ប្រភពព័ត៌មាន​ជាច្រើន​បានឱ្យដឹងថា មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ចាស់ និង​កងទ័ព​រដ្ឋប្រហា​រ​មី​យ៉ាន​ម៉ា នៅក្នុង​ទីក្រុង ឡូយខាវ (Loikaw) ក្នុង​រដ្ឋ កាយ៉ា (Kayah)។

    កងកម្លាំង​ប្រឆាំង​រដ្ឋប្រហារ កាលពី​ថ្ងៃទី ១៩ មករា បាន​វាយប្រហារ​ទៅលើ​ការិយាល័យ​របស់​កងទ័ព​រដ្ឋប្រហារ ដោយ​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែកដៃ បណ្ដាលឱ្យ​ទាហាន​រដ្ឋប្រហារ​យ៉ាងតិច ១៥ នាក់ បាន​បាត់​បង់ជីវិត នេះ​បើតាម​សារព័ត៌មាន AFP ដែល​បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​កងកម្លាំង​ប្រឆាំង​រដ្ឋប្រហារ និង​សារព័ត៌មាន​ក្នុងស្រុក។

    ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​រដ្ឋប្រហា​រ និង​សមាជិក​នៃ​កងកម្លាំង​ការពារ​ប្រជាជន (PDF) បានកើត​ឡើង​អស់​ជាច្រើន​ថ្ងៃ​មកហើយ នៅក្នុង​ទីក្រុង​រដ្ឋបាល​របស់រ​ដ្ឋ កាយ៉ា។ កងកម្លាំង​រដ្ឋប្រហារ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​កាំភ្លើង​ធំ ទៅ​ជួយ​ដល់​ទាហាន​របស់​ពួកគេ​នៅ​ទីនោះ។

    ប៉ូលិស​មី​យ៉ាន​ម៉ា ឱ្យដឹងថា ក្រុម​ទាហាន​ប្រឆាំង​រដ្ឋប្រហារ​ដណ្ដើម​កាន់​កាប់​វិហារ និង​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​ទីក្រុង ឡូយខាវ និង​បាន​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ផងដែរ។

    ក្នុង​ថ្ងៃទី ១៩ មករា កងកម្លាំង​មួយចំនួន​របស់ PDF បាន​វាយប្រហារ​លើ​ការិយាល័យ​រដ្ឋ​មួយ​នៅក្នុង​ខណ្ឌ​មួយ​នៃ​រដ្ឋ កាយ៉ា បណ្ដាលឱ្យ​ទាហាន​រដ្ឋប្រហារ ១៥ នាក់ បាត់បង់​ជីវិត នៅក្នុង​ការប្រយុទ្ធ​គ្នា​រយៈពេល​ប្រហែល ១ ម៉ោង នេះ​បើតាម​អ្នកនាំពាក្យ​មួយរូប​របស់ រណសិរ្ស​ប្រជាធិបតេយ្យ ការ៉ែន (Karen)។ ក្រុម​នេះ​បាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែកដៃ​ក្នុងការ​ប្រយុទ្ធ​លើក​នេះ។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា ការប៉ះទង្គិច​គ្នា​ខាងលើ បាន​បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ក្លាយជា​គំនរ​បាក់បែក ដោយសារ​ការវាយប្រហា​រ​ពី​កម្លាំង​រដ្ឋប្រហារ។

    អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​រដ្ឋប្រហារ ហ្ស មីន ទុន (Zaw Min Tun) បានឱ្យដឹងថា កម្លាំង PDF បាន​យក​មូលដ្ឋាន​នានា​របស់​កងទ័ព​មី​យ៉ាន​ម៉ា នៅ ឡូយខាវ និង​ប៉ុស្ដិ៍​មួយចំនួន​ក្នុង​ទីក្រុង ជា​គោលដៅ​សម្រាប់​ការវាយប្រហារ ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ៕

     

  • បុរស​ពិការ​ម្នាក់​ដែល​ត្រូវ​ដេក​នៅ​នឹង​កន្ទេល បែរជា​អាច​ដើរ និង​និយាយបាន​វិញ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

    បុរស​ពិការ​ម្នាក់​ដែល​ត្រូវ​ដេក​នៅ​នឹង​កន្ទេល បែរជា​អាច​ដើរ និង​និយាយបាន​វិញ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

    (ឥណ្ឌា)-បុរស​ពិការ​ម្នាក់នេះ​ត្រូវ​រងរបួស​ឆ្អឹងខ្នង​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ៥ ឆ្នាំមុន ប៉ុន្តែ ត្រូវគេ​ជឿថា អាច​ដើរ និង​និយាយបាន បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ១ ដូ​ស។

    បុរស​វ័យ ៥៥ ឆ្នាំ ឈ្មោះ Munda រស់នៅក្នុង​តំបន់ Salgadih រដ្ឋ Jharhand នៃ ប្រទេស​ឥណ្ឌា ត្រូវ​ពិការ មិនអាច​និយាយស្ដី​បាន និង​ត្រូវ​ដេក​លើ​កន្ទេល​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​របួស​ឆ្អឹងខ្នង​ដោយសារ​គ្រោះថ្នាក់​រថយន្ត​កាលពី ៥ ឆ្នាំមុន។

    ក៏ប៉ុន្តែ យោងតាម​សារព័ត៌មាន​ក្នុងស្រុក លោក Munda បានធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ច្របូកច្របល់​នៅពេល​ត្រូវបាន​ក្រុមគ្រួសារ​ជូនដំណឹង​ដល់​ខាង​មន្ទីរពេទ្យ​ថា អ្នកជំងឺ Munda អាច​កម្រើក​ជើង និង​អាចនិយាយបាន​វិញ​ហើយ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ NDTV បុរស​រូបនេះ​និយាយថា៖ «ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ដោយបាន​ទទួល​ការចាក់​វ៉ាក់សាំង។ ខ្ញុំ​អាច​កម្រើក​ជើងបាន​វិញ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​កាលពី​សប្ដាហ៍​មុន»។

    វេជ្ជបណ្ឌិត Albela Kerketta មកពី​មជ្ឈមណ្ឌល​សុខាភិបាល​សាធារណៈ Peterwar បានឱ្យដឹងថា ក្រុមគ្រួសារ​បានដឹងថា លោក Munda អាច​ដើរ​បាន និង​និយាយបាន​វិញ ក្រោយពី​ចាក់​វ៉ាក់សាំង​បាន ២៤ ម៉ោង។

    «Munda ត្រូវបាន​ចាក់​វ៉ាក់សាំង Covishield (កំណែ​ផលិត​នៅ ឥណ្ឌា របស់ AstraZeneca) នៅឯ​ផ្ទះ​របស់គាត់​កាលពី​ថ្ងៃទី ៤ មករា» វេជ្ជបណ្ឌិត Albela Kerketta ប្រាប់​ដូច្នេះ និង​បន្តថា រឿងនេះ​ត្រូវការ​ការស្វែងយល់​បន្ថែ​ម។

    ព័ត៌មាន​ផ្លូវការ រួម​នឹង​ចម្លើយ​ជាក់លាក់​នឹងមាន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្រាវ​ជ្រាវ​​លើ​ស្ថានភាព​ជំងឺ​របស់លោក Dularchand Munda និង​ការ​ជាសះស្បើយ​ពី​ជំងឺ​របស់គាត់៕

  • ជាពី​ជំងឺ​កូវីដ-១៩ បុរស​ម្នាក់​ស្រាប់​តែ​ឃើញថា «ប្រដាប់​បន្តពូជ​» របស់​ខ្លួន​ ខ្លី​ជាង​មុន​ ៤ ស.ម! វេជ្ជបណ្ឌិត​ថា នេះ​ជា «បញ្ហា​ក្រោយ​កូវីដ»

    ជាពី​ជំងឺ​កូវីដ-១៩ បុរស​ម្នាក់​ស្រាប់​តែ​ឃើញថា «ប្រដាប់​បន្តពូជ​» របស់​ខ្លួន​ ខ្លី​ជាង​មុន​ ៤ ស.ម! វេជ្ជបណ្ឌិត​ថា នេះ​ជា «បញ្ហា​ក្រោយ​កូវីដ»

    វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យបុរស​​នេះ​​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​ជួយ​ទាញ​ឱ្យ​វែង​ឡើង​វិញ មិន​ដូច្នោះ​ទេ ត្រូវ​ទទួលយក​ការ​ពិត​របស់​បញ្ហា​នេះ​ ព្រោះ​ថា ផល​ប៉ះពាល់​នេះ​អាច​ស្ថិត​នៅ​ជា​រៀង​រហូត​។

    កូវីដ-១៩ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់ របួស​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​នោះទេ តែ​វា​ក៏​អាច​បន្សល់​ទុក​នូវ​បញ្ហា​យូរ​អង្វែង​​ផងដែរ បន្ទាប់​ពី​អ្នក​ជំងឺ​បាន​ជាសះស្បើយ​។ អ្នក​វិទ្យា​សាស្ត្រ​បាន​ហៅ​ផល​វិបាក​​ទាំង​នោះ​ថា «បញ្ហា​​ក្រោយ​កូវីដ»​។ រោគ​សញ្ញា​មួយ​ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ «បញ្ហា​ក្រោយ​កូវីដ» នោះ​គឺ ​វា​កើត​ឡើង​រយៈ​ពេលយូរ​ជាង​ ៤ សប្ដាហ៍​ បន្ទាប់​ពី​បាន​ជា​ពី​ជំងឺ​កូវីដ-១៩​។ «បញ្ហា​ក្រោយ​កូវីដ» រួមាន​ដូច​ជា​៖ ពិបាក​ដក​ដង្ហើម​, អស់កម្លាំង​, ពិបាក​ផ្ដោត​អារម្មណ៍​គិត​ពិចារណា​, ឈឺក្បាល, ឈឺសន្លាក់, ផ្លាស់​ប្ដូរ​ក្លិន​ និង​ផ្លាស់​ប្ដូរ​វដ្ដ​នៃ​រដូវ​របស់​ស្ត្រី​។

    នៅ​មាន​អាការ​ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​បាន​រៀប​រាប់​ខាងលើ​ ប៉ុន្តែ វា​កម្រ​កើត​មាន​។ បុរស​ម្នាក់​អាយុ​ជាង​ ៣០ ឆ្នាំ នៅ​ សហរដ្ឋ​អាម៉េរិក ថ្មី​ៗ​នេះ​បាន​កើត​ «បញ្ហា​ក្រោយ​កូវីដ» ដែល​គួរ​ឱ្យ​យក​ចិត្ត​ទុកដាក់។ គាត់​និយាយ​ថា បាន​ឆ្លង​កូវីដ​ កាល​ពី​ខែ​កក្កដា​ ២០២១ និង​បាន​ជាសះស្បើយ​។ គ្រប់​យ៉ាង​លើរាង​កាយ​បាន​ត្រលប់​មក​រក​សភាព​ដើម លើក​លែង​តែ​ប្រដាប់​ភេទ​របស់​គាត់​។

    «ប្រដាប់​បន្តពូជ​របស់​ខ្ញុំ​ត្រូវ​រួញ​ខ្លី​ជាង​មុន​។ មុន​ពេល​ឆ្លង​ជំងឺកូវីដ ទំហំ​ និង​ប្រវែង​របស់​វា​ស្ថិត​នៅ​លើ​កម្រិត​មធ្យម​។ វា​មិន​ធំ​ខ្លាំង​ ប៉ុន្តែ​ វា​ប្រាកដ​ជា​ធំជាង​មនុស្ស​ធម្មតា​បន្តិច​។ ពេល​នេះ​ ប្រដាប់​បន្ត​ពូជ​របស់​ខ្ញុំ​បែរ​ជា​ខ្លី​ជាង​មុន​ ១.៥​ អ៊ីញ (ប្រហែល​ ៣.៨ ស.ម) ពោល​គឺ​ធ្លាក់មក​នៅ​ក្រោម​កម្រិត​មធ្យម​» បុរស​ដែលជួប​ «បញ្ហា​ក្រោយ​កូវីដ» បាន​ប្រាប់​កម្មវិធី​សុខភាព​ផ្លូវ​ភេទ​ «How to do it» ដូច្នេះ​។

    វា​ពិត​ជា​រឿង​គួរ​ឱ្យ​បារម្ភ​សម្រាប់​បុរស​

    ដើម្បី​ផ្ដល់​ការ​ណែនាំ​ដល់​បុរស​រង​គ្រោះ​ខាង​លើ ពិធីករ​របស់កម្មវិធី «How to do it» បាន​អញ្ជើញ​បុរស​នេះ​មក​កាន់​កម្មវិធី​របស់​វេជ្ជបណ្ឌិត​​ឯកទេស​ខាង​ជំងឺ​ផ្លូវ​ទឹក​នោម​ Ashley Winter ដែល​បច្ចុប្បន្ន​គឺជា​​ប្រធាន​​ផ្នែក​សុខភាព​បុរស​ប្រចាំ​សាកល​វិទ្យា​ល័យ​សុខាភិបាល​ Albany។

    លោក​ស្រី​វេជ្ជបណ្ឌិត​ Ashley Winter បាន​បក​ស្រាយ​ថា៖ «បញ្ហា​ខ្សោយ​​លិង្គ​ ពិត​ណាស់​ នឹង​នាំ​ឱ្យ​ប្រដាប់​ភេទ​បុរស​ត្រូវ​រួញ​ខ្លី​។ ក្នុង​អំឡុង​ពេល​ដែល​ប្រដាប់ភេទ​បុរស​មិន​អាច​វែង​ចេញ​ ឈាម​មិន​ត្រូវ​បាន​បាញ់​ទៅ​កាន់​ទី​នោះ ហើយ​ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​ប្រដាប់​ភេទ​ត្រូវ​បាត់​បង់​រូប​រាង​ដើម នាំ​ឱ្យ​វា​ខ្លីជាង​មុន​»។

    ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Endocrinological Investigation កាលពី​ចុង​ឆ្នាំ​ ២០២១ បាន​ឱ្យ​ដឹង​ថា បុរស​ទាំង​ឡាយ​ដែល​មាន​ជំងឺ​កូវីដ-១៩ មាន​ហានិភ័យ​ខ្សោយ​​លិង្គ​ខ្ពស់​ជាង​ប្រហែល ៣ ដង ធៀប​នឹង​មុន​ពេល​មិន​ទាន់​ឆ្លង​វីរុស​។ ចំណែក​ការ​ស្រាវ​មួយ​ចំនួន​បាន​និយាយ​ថា ហានិភ័យ​នេះ​ខ្ពស់​ជាង​ជិត​ ៦ ដង​ឯណោះ។ ប៉ុន្តែ ការ​ស្រាវ​ជ្រាវ​ខ្លះ​ទៀត​​បាន​ឱ្យ​ដឹង​ថា ហានិភ័យ​នេះ​ទាប​ជាង​​អត្រា​ដែល​បាន​និយាយ​ខាង​លើ​ និង​ថា បុរស​ប្រហែល​ ២០% ប៉ុណ្ណោះ​ ដែល​រង​ផល​ប៉ះពាល់​។

    ក្រៅ​ពី​នេះ ការ​ស្រាវជ្រាវធំ​មួយ​ដែល​បាន​ស្រង់​ស្ថិតិ​ពី​អ្នក​ជំងឺ​កូវីដ-១៩ ដែល​បាន​ជាសះស្បើយ​នៅ​ក្នុង​ប្រទេស​ចំនួន ៥៦ ស្ដីពី​អាការ​ក្រោយ​​ជា​ពី​ជំងឺកូវីដ បង្ហាញ​ថា បុរស​ប្រមាណ​ ១៥% មាន​បញ្ហា​ប្រដាប់​ភេទ​មិន​ឡើង​រឹង​ និង​ ៥% ទៀត​ ត្រូវ​ជួប​នឹង​បញ្ហា​រួញ​ពងស្វាស ឬ​រួញ​ប្រដាប់​ភេទ​។

    ការ​សិក្សាស្រាវ​ជ្រាវ​ទាំង​ឡាយ​បង្ហាញ​ថា បញ្ហា​ «Covid Dick» (​ពាក្យ​សម្រាប់​ហៅ​ផលប៉ះពាល់​របស់​ កូវីដ-១៩ ទៅ​លើ​ប្រដាប់​ភេទ​បុរស)​ ពិត​ជា​មាន​ប្រាកដមែន​៕

  • ក្មេងស្រី​អាយុ ៣ ឆ្នាំ មាន «ដែក​គោល​ ៩​ ដើម​ ជាប់​ក្នុង​ក្បាល»! ម្ដាយ​របស់​នាង​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរចម្លើយ

    ក្មេងស្រី​អាយុ ៣ ឆ្នាំ មាន «ដែក​គោល​ ៩​ ដើម​ ជាប់​ក្នុង​ក្បាល»! ម្ដាយ​របស់​នាង​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរចម្លើយ

    (វៀតណាម)-សមត្ថកិច្ច​បាន​ហៅ​ម្ដាយ​របស់​ក្មេងស្រី រួម​នឹង​សាច់ញាតិ និង​អ្នកជិតខាង​មក​សាកសួរ​ព័ត៌មាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បន្ទាប់ពី​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ ត្រូវបាន​ថត​ឃើញថា មាន​វត្ថុ​ចំនួន ៩ ដើម ដែល​ដូច​ទៅនឹង​ដែកគោល ជាប់​នៅ​ខាងក្នុង​លលាដ៍ក្បាល។

    កាលពី​ព្រឹក​ថ្ងៃទី ៩ មករា ប៉ូលិស​វៀតណាម បានចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​សង្ស័យថា ក្មេងស្រី​អាយុ ៣ ឆ្នាំ ត្រូវគេ​ធ្វើបាប ដោយសារតែ​ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា មាន​វត្ថុ​ចំនួន ៩ ដែលមាន​រូបរាង​ដូច​ដែកគោល ជាប់​នៅក្នុង​លលាដ៍ និង​ខួរក្បាល​របស់​នាង បន្ទាប់ពី​នាង​ត្រូវបាន​បញ្ជូន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​តែមាន​អាការ​ប្រកាច់ និង​បាត់បង់​ស្មារតី។ ម្ដាយ​របស់​ក្មេងស្រី រួម​នឹង​សាច់ញាតិ និង​អ្នកជិតខាង​ជាច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​អញ្ជើញ​ឱ្យ​ចូលមក​ការិយាល័យ​ដើម្បី​សាកសួរ​ព័ត៌មាន។

    អ៊ំស្រី​ខាង​ឪពុក​របស់​កុមារី​រងគ្រោះ

    សាច់ញាតិ​របស់​ក្មេងស្រី​ខាងលើ​បានឱ្យដឹងថា ឪពុកម្ដាយ​របស់​ក្មេងស្រី​នេះ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ មិនមែន​ដោយសារ​កើតឡើង​ពី​ការស្រលាញ់​នោះទេ។ ពួកគេ​មានកូន ៣ នាក់ ប៉ុន្តែ​បុរស​ជា​ប្ដី​ហាក់​មិនមាន​បញ្ញា​ល្អ ទើប​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​រ៉ាប់រង​គ្រួសារ​ទាំងមូល។

    វត្ថុ​ចំនួន ៩ ដែលមាន​រូបរាង​ដូច​ដែកគោល ជាប់​នៅក្នុង​លលាដ៍ និង​ខួរក្បាល​របស់​កុមារី​រងគ្រោះ

    កាលពី​ខែកុម្ភៈ ២០២១ ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន ១០ ឆ្នាំ ស្ត្រី​ជា​ប្រពន្ធ​បាន​រត់ចោល​គ្រួសារ ហើយ ២ ខែក្រោយ​មក នាង​ក៏​ត្រលប់មក​យក​កូនស្រី​ពៅ​ទៅ​ចិញ្ចឹម នៅពេល​បាន​លែងលះ​ជាមួយ​ប្ដី។ ក្នុងអំឡុង​រស់នៅ​ជាមួយ​ម្ដាយ​រយៈពេល​ប្រហែល ៧ ខែ កុមារី​អាយុ ៣ ឆ្នាំ ត្រូវ​ចូល​ពេទ្យ ៤ ដង ដោយសារតែ​លេប​វិ​ស ពុល​ថ្នាំ​សម្លាប់​សត្វល្អិត និង​បាក់ដៃ។ល។

    ករណី​ខាងលើ​បាន​កន្លងផុត​ទៅដោយ​មិនមាន​ការរក​រឿង​ពី​គ្រួសារ​ខាង​ប្ដី ឬ​បញ្ហា​ផ្លូវច្បាប់។ ប៉ុន្តែ លើក​នេះ សាច់ញាតិ​ខាង​ឪពុក​របស់​ក្មេងស្រី បាន​ស្នើឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មូលហេតុ​ពិត។

    ជីតា​ខាង​ឪពុក​របស់​កុមារី​រងគ្រោះ

    «ចៅ​របស់ខ្ញុំ នាង​មាន​អាយុ​ទើបតែ ៣ ឆ្នាំ តែមាន​ជាប់​ដែកគោល​រហូតដល់ ៩ ដើម​ក្នុង​ក្បាល គឺ​ពិតជា​រឿង​មិន​គួរឱ្យ​ជឿ មិនអាច​ទទួលយកបាន​ឡើយ» ជីតា​របស់​កុមារី​រងគ្រោះ និយាយ​ដូច្នេះ និង​ស្នើឱ្យ​សមត្ថកិច្ច​វែកមុខ​រក​អ្នក​ដែល​បានធ្វើ​បាប​ចៅ​របស់គាត់៕

  • ដំណឹង​ល្អ​! ការ​​រាតត្បាត​​របស់​ កូ​វីដ​-​១៩​ ប្រភេទ​ អូ​មី​ក្រុង​ «បញ្ចប់​​នៅ​ អាហ្វ្រិក​​ខាង​ត្បូង»

    ដំណឹង​ល្អ​! ការ​​រាតត្បាត​​របស់​ កូ​វីដ​-​១៩​ ប្រភេទ​ អូ​មី​ក្រុង​ «បញ្ចប់​​នៅ​ អាហ្វ្រិក​​ខាង​ត្បូង»

    រយៈពេល ២ ខែ បន្ទាប់ពី អូ​មី​ក្រុង បានបង្ហាញ​ខ្លួន អ្នកជំនាញ​នៅ អា​ហ្វ្រិ​ខាងត្បូង ជឿជាក់ថា រលក​នៃ​ការឆ្លង​រាលដាល នៃ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង របស់ កូ​វីដ-១៩ បានបញ្ចប់​នៅ​ប្រទេស​នេះ ជាមួយនឹង​ផលប៉ះពាល់ «មិន​ធ្ងន់ធ្ងរ»។

    ក្រោយពី​ក្រុម​អ្នកស្រាវជ្រាវ​នៅ អាហ្វ្រិក​ខាងត្បូង បាន​រាយការណ៍​ដល់​ក្រុមមន្ត្រី​សុខាភិបាល​ពិភពលោក​ស្ដីពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កាលពី​ខែវិច្ឆិកា ២០២១ អូ​មី​ក្រុង ក៏បាន​ក្លាយជា​ចំណុចកណ្ដាល​យ៉ាង​ឆាប់រហ័ស​នៃ​ការព្រួយបារម្ភ​នៅ​ទូទាំង​សកលលោក។ អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ពាសពេញ អាហ្វ្រិក​ខាងត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​គួរឱ្យខ្លាច ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​សម្បុក​វីរុស​ដោ​យ​ចំណាយពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក អូ​មី​ក្រុង មិនបាន​បង្កឱ្យមាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​ច្រើន​ប៉ុន្មាន​នោះទេ។

    យោងតាម CBS ភោជនីយដ្ឋាន​នានា​នៅ​ជាយក្រុង Johannesburg បានចាប់ផ្ដើម​បើក​ដំណើរការ​ធម្មតា​ឡើងវិញ​ចាប់ពី​សប្ដាហ៍​នេះ ខណៈ​ចរាចរណ៍​ក៏​ចាប់ផ្ដើម​ស្ទះ រីឯ​ទីប្រជុំជន​ទាំងឡាយ​ក៏មាន​មនុស្ស​ទៅមក​យ៉ាង​កុះករ។

    កាលពី ៦ ខែ​មុន ក្នុងការ​រាតត្បាត​របស់ ដេ​លតា មន្ទីរពេទ្យ​នានា​បាន​ដំណើរការ​យ៉ាង​មមាញឹក និង​លើស​ចំណុះ។ ចំណែក​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង ស្ថានភាព​នៅតាម​មន្ទីរពេទ្យ​នានា​មាន​សភាព​ខុសពី​មុន ដោយ​ចំនួន​គ្រែ​ប្រហែល​ពាក់កណ្ដាល​នៅតែ​ទំនេរ ហើយ​មាន​អ្នកជំងឺ​តិចតួច​ណាស់​ដែល​ត្រូវការ​អុកស៊ីសែន ចំណែក​បុគ្គលិក​សុខាភិបាល ក៏​ទទួលរង​សម្ពាធ​តិចជាង​មុន​ឆ្ងាយ​ណាស់។

    ទោះជា​យ៉ាងនេះ​ក៏ដោយ វេជ្ជបណ្ឌិត Anthony Fauci ដែលជា​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន នៃ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១៧ មករា បាន​បញ្ជាក់ថា អូ​មី​ក្រុង គឺជា​សញ្ញា​បញ្ចប់​របស់​ជំងឺ​រាតត្បាត កូ​វីដ-១៩ ឬ​អត់ គឺជា «សំណួរ​មិនទាន់មាន​ចម្លើយ» ដោយ​វា​អាស្រ័យទៅលើ​ស្ថានភាព ថា​តើ នឹងមាន វ៉ា​រ្យ៉​ង់ ថ្មី ដែល​អាច​គេច​ពី​ប្រព័ន្ធ​ប្រតិកម្ម​ភាពស៊ាំ​របស់ វ៉ា​រ្យ៉​ង់ មុនៗដែរ ឬទេ៕

  • កូវីដ-១៩ នៅ កម្ពុជា​៖ អ្នកវិជ្ជមាន​ថ្មី​​ចំនួន ៣០ នាក់ទៀត ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​ថ្ងៃទី ១៨ មករា

    កូវីដ-១៩ នៅ កម្ពុជា​៖ អ្នកវិជ្ជមាន​ថ្មី​​ចំនួន ៣០ នាក់ទៀត ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​ថ្ងៃទី ១៨ មករា

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ១៨ មករា ២០២២ កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​កូវីដ-១៩ ចំនួន​ ៣០ នាក់ រួម​នឹង​អ្នក​ជាសះស្បើយ​ ១៧ នាក់​ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ «ពុំមាន»។

    ​អ្នក​វិជ្ជមាន​ថ្មី​ទាំង​នេះគឺ​សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង​ ក្នុង​នោះ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ២៣ នាក់ និង​​ករណី​នាំ​ចូល ៧ នាក់។

  • រាជបុត្រី​របស់​​មហាក្សត្រ​​នៃ ប្រទេស​ព្រុយ​ណេ រៀប​អភិសេក រយៈពេល ១០ ថ្ងៃ

    រាជបុត្រី​របស់​​មហាក្សត្រ​​នៃ ប្រទេស​ព្រុយ​ណេ រៀប​អភិសេក រយៈពេល ១០ ថ្ងៃ

    ព្រះ​នាង Fadzilah នៃ​រាជាណាចក្រ​ព្រុយ​ណេ ប្រារព្ធ​ព្រះរាជ​ពិធី​អភិសេក​រយៈពេល​រហូត​ដល់ ១០ ថ្ងៃ ជា​មួយគូ​ដណ្ដឹង ឈ្មោះ Al-Hashimi។

    ព្រះ​នាង Fadzilah Lubabul Bolkiah វ័យ ៣៦ វស្សា រួម​នឹង​គូ​ដណ្ដឹង Abdullah Nabil Mahmoud Al-Hashimi ប្រារព្ធ​រាជពិធី​អភិសេក ចាប់ពី​ថ្ងៃទី ១៦ មករា ដល់ ២៥ មករា។ យោងតាម​គេហទំព័រ Hype របស់ ម៉ាឡេស៊ី ព្រះរាជ​ពិធី​នានា​ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​អភិសេក ចំណែក​ពិធី «ចូល​រោង» ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ ហើយ​តម​កទៀត​គឺជា​រាជពិធី​លៀង​សាយភោជន និង​ចុងក្រោយ​គឺ​ពិធី «ឆ្លង​រោង»។

    កាលពី​ម្សិលមិញ គ្រួសារ​ខាង​ប្រុស​បាន​បញ្ជូន​ប្រតិភូ​ជា​មេបា ចេញដំណើរ​ពី​គេហដ្ឋាន​របស់​កូនកំលោះ នៅ Darussidiq ក្នុង​តំបន់ Jerudong នាំយក​គ្រឿង​ភ័ស្ដុភារ​បណ្ណាការ​ទៅកាន់​រាជវាំង Nurul Iman ជាទី​គង់ប្រថាប់​របស់​មហាក្សត្រ​ព្រុយ​ណេ ដើម្បី​សម្ដែង​ការគោរព។

    រាជពិធី​ត្រូវបាន​ធ្វើឡើង​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សមាជិក​រាជវង្ស​ជាច្រើន​អង្គ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​អង្គ​ម្ចាស់ Abdul Mateen ដែលជា​ព្រះអនុជ​របស់​ព្រះ​នាង Fadzilah។

    កាំភ្លើង​ធំ​ចំនួន ១៧ គ្រាប់ ត្រូវបាន​បាញ់​ដើម្បី​បញ្ជាក់ថា រាជវង្ស​ព្រុយ​ណេ បាន​ទទួលយក​បណ្ណាកា​រ។ ក្រុម​ប្រតិភូ​មេបា​ខាង​កូនកំលោះ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យចូល​ក្នុង​បន្ទប់​លៀង​សាយភោជន​របស់​រាជវាំង Nurul Iman និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​សមាជិក​រាជវង្ស។

    ព្រះនាង Fadzilah Lubabul Bolkiah

    ព្រះ​នាង Fadzilah គឺជា​រាជបុត្រី​របស់​មហាក្សត្រ​ព្រុយ​ណេ Hassanal Bolkiah ជា​ស្ដេច​ដែល​គ្រង​រាជសម្បត្តិ​បានយូរ​ជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក បន្ទាប់ពី​ម្ចាស់​ក្ស​ត្រី Elizabeth របស់​ចក្រភព​អង់គ្លេស៕

  • តាំងពី​ទើប​កើត ត្រូវ​ឪពុកម្ដាយ​លក់​ឱ្យ​អ្នកដទៃ ប៉ុន្តែ ដល់ពេល​បាន​រកឃើញ​ឪពុកម្ដាយ​បង្កើត​វិញ ក៏​ត្រូវបាន​បោះបង់ចោល​ជាថ្មី

    តាំងពី​ទើប​កើត ត្រូវ​ឪពុកម្ដាយ​លក់​ឱ្យ​អ្នកដទៃ ប៉ុន្តែ ដល់ពេល​បាន​រកឃើញ​ឪពុកម្ដាយ​បង្កើត​វិញ ក៏​ត្រូវបាន​បោះបង់ចោល​ជាថ្មី

    (ប្រទេស​ចិន)-ឪពុកម្ដាយ​របស់ Liu Xuezhou ដែលជា​ក្មេងប្រុស​ជំទង់​វ័យ ១៧ ឆ្នាំ នៅ​ខេត្ត Hebei បាន​លក់​កូន​ឱ្យ​អ្នកដទៃ​តាំងតែ​ពី​កូន​ទើប​ចាប់កំណើត ហើយ​បន្ត «ទាត់​កូន​ចោល» នៅពេល​កូន​បាន​រកឃើញ​ពួកគេ។

    ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ១៧ មករា Liu Xuezhou បានឱ្យដឹងថា ខ្លួន​បានកើត​ក្នុង​ឆ្នាំ ២០០៥ មុនពេល​ឱ​ពុក​ម្ដាយ​បាន​រៀបការ ហើយក៏​ត្រូវបាន​លក់​ឱ្យទៅ​អ្នកដទៃ​ដើម្បី​យកប្រាក់​មក​រៀបការ​នឹង​គ្នា។ តាមរយៈ​មនុស្ស​ម្នាក់ Liu ក៏មាន​គ្រួសារ​ថ្មី និង​ត្រូវបាន​ឪពុក​ម្ដាយធម៌ ចិញ្ចឹម បីបាច់រក្សា។ ប៉ុន្តែ ជា​អកុសល ឪពុកម្ដាយ​ធម៌​របស់ Liu ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​មួយ នៅពេលដែល Liu មាន​អាយុ​ទើបតែ ៤ ឆ្នាំ។

    ក្រោយមក Liu ត្រូវបាន​លោកតា និង​លោកយាយ រួម​នឹង​ញាតិ​ខាង​ឪពុក​ម្ដាយធម៌ ជួយ​គ្នា​ចិញ្ចឹម។ នៅក្នុង​វ័យ ១៧ ឆ្នាំ Liu បច្ចុប្បន្ន​គឺជា​និស្សិត​ឆ្នាំ​ទី ២ នៃ​សាកលវិទ្យាល័យ​មួយ នៅ​ទីក្រុង Shijiazhuang ខេត្ត Hebei របស់ ប្រទេស​ចិន និង​បានធ្វើ​ការងារ​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។ Liy រស់នៅ​ដោយមាន​ការផ្គត់ផ្គង់​ជំនួយ​ពី​រដ្ឋាភិបាល​សម្រាប់​កុមារកំព្រា។

    កាលពី​ដើមខែ​មុន Liu បានសម្រេច​ចិត្ត​ស្វែងរក​ឪពុកម្ដាយ​បង្កើត តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម។ មួយ​សប្ដាហ៍​ក្រោយមក ប៉ូលីស​ខេត្ត Shanxi ក៏បាន​រកឃើញថា បុរស​ដែលមាន​ឈ្មោះថា Ding Shuangquan គឺជា​ឪពុក​បង្កើត​របស់ Liu។

    អាជ្ញាធរ​ក្នុង​តំបន់ កាលពី​ចុងខែ​កន្លង បាន​ប្រារព្ធ​ពិធី​ជួបជុំ​រវាង Liu និង Ding។ កាលពី ១ សប្ដាហ៍​កន្លងទៅ Liu ក៏បាន​ជួប​ម្ដាយបង្កើត​របស់ខ្លួន​នៅ​តំបន់ ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia)។ ប៉ុន្តែ បន្ទាប់ពី​ពិធី​ជួបជុំ​ឪពុកម្ដាយ Liu ក៏​ត្រូវបាន​ឪពុកម្ដាយ​បង្កើត​បោះបង់​ម្ដងទៀត។

    Liu បាន​រៀបរាប់ថា ឪពុកម្ដាយ​បង្កើត​សុទ្ធតែ​មិន​ទទួលយក​រូប​ខ្លួន ព្រោះ​ពួកគេ​បាន​លែងលះ និង​សុទ្ធតែ​មានគ្រួសារ​ថ្មីរៀងៗខ្លួន។ ទាំង​ម្ដាយ ទាំង​ឪពុក សុទ្ធតែ​បានស្នើ​ឱ្យ Liu នៅ​ឱ្យ​ឆ្ងាយ​ពី​ពួកគេ ដោយសារតែ​យល់ថា វត្តមាន​របស់ Liu ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​ត្រូវ​ច្របូកច្របល់។ ពុំមាន​អ្នកណាម្នាក់​ព្រម​ជួយ​ផ្គត់ផ្គង់​ប្រាក់កាស​ដល់ Liu ព្រោះតែ​ក្មេង​ជំទង់​នេះ​ជិត​ពេញវ័យ។

    Liu Xuezhou ឱ្យដឹងថា ឪពុកម្ដាយ​បង្កើត​គ្រាន់តែ​យល់ព្រម​ជួប​មុខ​កូន ក៏​ដោយសារតែ​សម្ពាធ​ពី​សាធារណមតិ ហើយ​ក្រោយមក​ក៏បាន​ផ្ដាច់ទំនាក់ទំនង។ ម្ដាយ​បង្កើតបាន​ប្លុក Liu នៅលើ​កម្មវិធី WeChat ចំណែក​ឪពុក​បង្កើត​ហាក់ដូច​មានការ​ព្រួយបារម្ភ ខ្លាច​ប្រពន្ធ​ថ្មី​របស់គាត់​ប្ដឹង​លែងលះ បើសិន​គាត់​ទទួលយក Liu ឱ្យចូល​រស់នៅក្នុង​គ្រួសារ។

    «ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បែរជា​និយាយថា ខ្ញុំ​ជា​អ្នក​អុកឡុក​ជីវភាព​របស់គាត់​ទៅវិញ។ គឺ​គាត់​ហ្នឹងហើយ​ដែលជា​អ្នក បានធ្វើឱ្យ​ជីវិត​របស់ខ្ញុំ​ច្របូកច្របល់» Liu សរសេរ​ផ្ញើជូន​ឪពុក​បង្កើត​របស់ខ្លួន​ដូច្នេះ នៅលើ​បណ្ដាញ​សង្គម៕

  • ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​ឯ ប្រទេស​តុង​ហ្គោ! ទិដ្ឋភាព​មួយចំនួន នៅមុន និង​​ក្រោយ​​ការ​ផ្ទុះ​ភ្នំភ្លើង

    ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​ឯ ប្រទេស​តុង​ហ្គោ! ទិដ្ឋភាព​មួយចំនួន នៅមុន និង​​ក្រោយ​​ការ​ផ្ទុះ​ភ្នំភ្លើង

    រូបភាព​ដែល​ថត​ពី​ទី​ខ្ពស់​បង្ហាញថា ប្រទេស​តុង​ហ្គោ ត្រូវ​គ្របដណ្ដប់​ដោយ​ធូលី ផេះ ខណៈដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវ​ដួលរលំ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង។

    មជ្ឈមណ្ឌល​ផ្កាយរណប​របស់ អង្គការសហប្រជាជាតិ បញ្ចេញ​រូបថតដំបូងៗ ដែល​ទាក់​ទិ​ង​នឹង​ការខូចខាត​នៅ ប្រទេស​តុង​ហ្គោ ក្រោយពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​ប្រទេស​នេះ ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​កាលពី​ចុង​សប្ដាហ៍​កន្លង។ ផ្លូវថ្នល់ រុក្ខជាតិ ផ្ទះសម្បែង​ជាដើម​នៅ​ប្រទេស​នេះ ត្រូវបាន​គ្របដណ្ដប់​ដោយ​ផេះ ធូលី។

    នាយករដ្ឋមន្ត្រី​នៃ ប្រទេស​នូ​វែ​ល​សែ​ឡង់ ដែល​នៅក្បែរ​ខាង បានឱ្យដឹងថា បើទោះជា រដ្ឋធានី Nuku’alofa ត្រូវបាន​គ្របដណ្ដប់​ដោយ​ផេះ និង​ធូលី​យ៉ាង​ក្រាស់ ប៉ុន្តែ ស្ថានការណ៍​នៅទីនេះ​ស្ងប់ស្ងាត់ និង​មាន​ស្ថិរភាព។

    ក្រោយពី​ទទួលរង​ផលប៉ះពាល់​ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង និង​រលក​យក្ស ប្រទេស​តុង​ហ្គោ ហាក់​នៅតែ​មិនទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ពិភព​ខាងក្រៅ ដោយសារ​ដាច់​ខ្សែកាប​អ៊ី​ន​ធើ​ណិ​ត។ រូបភាព​ស្ដីពី​ប្រទេស​នេះ ភាគច្រើន​ត្រូវបាន​ថត​ដោយ​ផ្កាយរណប។

    ក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី ១៨ មករា ឱ្យដឹងថា មាន​មនុស្ស ២ នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​គ្រោះធម្មជាតិ នៅ តុង​ហ្គោ ក្នុងនោះ​មាន​ជនរងគ្រោះ​ម្នាក់​ជា ពលរដ្ឋ​អង់គ្លេស។ តុង​ហ្គោ មិនទាន់​ប្រកាស​អំពី​ចំនួន​អ្នករងគ្រោះ​នៅឡើយ។

    ការិយាល័យ​ចាត់ចែង​លើ​បញ្ហា​មនុស្សធម៌​របស់ អង្គការសហប្រជាជាតិ បានឱ្យដឹង​កាលពី​ថ្ងៃទី ១៧ មករា ថា មានការ​ខូចខាត​ច្រើន ពិសេស​គឺ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជុំវិញ​កោះ​ចម្បង Tongatapu។