Author: សឿន សំណាង

  • ប្រធានាធិបតី​របស់ បួគីណា ហ្វាសូ ត្រូវ​វរសេនីយ៍ទោ​ការពារ​រដ្ឋធានី ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច

    ប្រធានាធិបតី​របស់ បួគីណា ហ្វាសូ ត្រូវ​វរសេនីយ៍ទោ​ការពារ​រដ្ឋធានី ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច

    វរសេនីយ៍ទោ Damiba ដែលជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ការពារ​រដ្ឋធានី អៅហ្គាឌូហ្គូ (Ouagadougou) ប្រកាស​ទម្លាក់​ប្រធានាធិបតី Roch Marc Christian Kabore រំលាយ​រដ្ឋាភិបាល និង​សភា ព្រមទាំង​បិទ​ព្រំដែន។

    ការប្រកាស​នៅលើ​ទូរទស្សន៍​ជាតិ បួគីណា ហ្វាសូ (Burkina Faso) កាលពី​យប់​កន្លងទៅ ក៏បាន​ឱ្យដឹងថា រដ្ឋប្រហារ​នេះ​កើតឡើង​ដោយ​មិន​មានការ​បង្ហូរឈាម ហើយ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន កំពុងស្ថិត​ក្នុង​ទី​សុវត្ថិភាព។

    នៅក្នុង​វីដេអូ​ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ វរសេនីយ៍ទោ Paul-Henri Sandaogo Damiba ដែលជា​មេ​រដ្ឋប្រហារ ស្លៀកពាក់​ឈុត​ទាហាន និង​មួក​ពណ៌​ក្រហម សម្លឹងមើល​ត្រង់​មក​កាមេរ៉ា ក្នុង​គ្រា​ដែល​ថ្នាក់ក្រោម​កំពុង​អាន​សេចក្ដីប្រកាស។

    ប្រធានាធិបតី Roch Marc Christian Kabore

    កងកម្លាំង​រដ្ឋប្រហារ​ដែល​ហៅ​ខ្លួនឯង​ថា «ចលនា​ស្នេហា​ជាតិ​ដើម្បី​ការពារ និង​ស្ដារ​ប្រទេស» (MPSR) បាន​ចោទប្រកាន់​ប្រធានាធិបតី​នៃ​ប្រទេស បួគីណា ហ្វាសូ ថា បាន​បង្កឱ្យមាន​អំពើហិង្សា​ចំពោះ​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម និង​បាន​សន្យាថា នឹង​ព​ន្លឿ​ន​ដំណើរការ​ផ្ទេរអំណាច។

    ប្រទេស​ Burkina Faso

    មកដល់​បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា MPSR ទទួលបាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព បួគីណា ហ្វាសូ ដែរ ឬ​យ៉ាងណា​នៅឡើយ។

  • ក្រសួង​សាធារណការ​៖ ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម Evs សម្រាប់​រថយន្ត​អគ្គិសនី កំពុង​ត្រូវ​បានរៀបចំ​​ដំឡើង

    ក្រសួង​សាធារណការ​៖ ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម Evs សម្រាប់​រថយន្ត​អគ្គិសនី កំពុង​ត្រូវ​បានរៀបចំ​​ដំឡើង

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្តេជ្ញាចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ដូចខាងលើ នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) ដឹកនាំ​ដោយ​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

    ក្នុងជំនួប​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​មិញ នៅ​ទីស្ដីការក្រសួង​សាធារណការ ក៏មាន​វត្តមាន​របស់​តំណាង​របស់​ក្រុមហ៊ុន HGB Group, តំណាង​របស់​ក្រុមហ៊ុន Mercedes, តំណាង​ក្រុមហ៊ុន HGB Group និង នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ផងដែរ។

    រាជរដ្ឋាភិបាល​គាំទ្រ​ដល់​ការវិនិយោគ​លើ​សម្ព័ន្ធ​សម្រាប់​ដំណើរការ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី នេះ​បើតាម ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។ លោក​បន្ថែមថា សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី កំពុង​ត្រូវ​បានរៀបចំ។

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​កំពុង​សហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សហប្រជាជាតិ (UNDP)ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម Evs ចំនួន ៥ ទីតាំង ទៀតផង។ ទីតាំង​ដែល​គ្រោង​នឹងត្រូវ​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម រួមមាន ទី​ស្តី​ក្រសួង​សាធារណការ និង​បណ្តា​រាជធានី-ខេត្ត​មួយចំនួន គម្រោង​ដំឡើង​ស្ថានីយ​ថ្ម EV នៅតាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ខែកញ្ញា ឆ្នាំ២០២២ និង​គម្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម EV នៅក្នុង​រាជធានី​ចំនួន ១០ ទីតាំង ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន។

    គណៈប្រតិភូ CAIF បាន​សំណូមពរ​ឱ្យ​ក្រសួង​ជួយ​សម្រួល​លើ​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការដំឡើង​ឧបករណ៍​ស្តង់ដារ​រួម ដែល​អនុញ្ញាតឱ្យ​រថយន្ត​អគ្គិសនី​គ្រប់​ប្រភេទ អាច​ប្រើប្រាស់​រួមគ្នា​បាន៕

  • «ស្រី​ស្អាត​​​ឌីជីថល» រកបាន​ចំណូល​រាប់លាន​ដុល្លារ​អាម៉េរិក ពី​រូបថត NFT ផ្ទាល់ខ្លួន

    «ស្រី​ស្អាត​​​ឌីជីថល» រកបាន​ចំណូល​រាប់លាន​ដុល្លារ​អាម៉េរិក ពី​រូបថត NFT ផ្ទាល់ខ្លួន

    Irene Zhao អាយុ ២៨ ឆ្នាំ បានដាក់​រូបថត NFT (Non-Fungible Token ឬ ទ្រព្យ​ដែល​មិនអាច​ផ្លាស់ប្ដូរ​បាន) របស់ខ្លួន​នៅលើ​ផ្សារ​ជួញដូរ​ទ្រព្យ​ឌីជីថល ក្នុង​បំណង​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ នឹកស្មាន​មិន​ដល់​ថា មានការ​ជួញដូរ​រហូត​ដល់ ៦ លាន​ដុល្លារ​អាម៉េរិក។

    កម្រង​រូបថត​របស់ Irene ត្រូវ​បានដាក់​ឡើងលើ​ផ្សារ NFT OpenSea កាលពី​ថ្ងៃទី ១៤ មករា ហើយ​មកដល់​បច្ចុប្បន្ន មាន​មនុស្ស ៤៩៩ នាក់ បាន​ទិញ ជាមួយនឹង​តម្លៃ​សរុប​ឡើងដល់ ២,៣០០ ETH (ប្រាក់​ឌីជីថល Ethereum) ស្មើនឹង ៦ លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​ទាប​បំផុត​នៅក្នុង​កម្រង​រូបថត​របស់​នាង​គឺ ០.៩៥ ETH។ បុគ្គល​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា អ្នកវិនិយោគ Mike Novogratz ឬ YouTuber Logan Paul ជាដើម ត្រូវបាន​គេ​ជឿថា បាន​ទិញ​រូបថត NFT រាប់សិប​សន្លឹក​របស់ Irene។

    Irene បាន​ប្រាប់ CoinDesk ថា ដំបូង​ឡើយ​នាង​មានបំណង​សាកល្បង​ប៉ុណ្ណោះ។ វា​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅពេល​រូបថត NFT ទាំងនេះ​ត្រូវបាន​គេ​ទិញ​អស់យ៉ាង​ឆាប់រហ័ស និង​មានតម្លៃ​ខ្ពស់។ «ខ្ញុំ​បាន​ចេញទៅ​ក្រៅ​ប្រហែល ៤០ នាទី ហើយ​ពេល​ត្រលប់​មកវិញ កម្រង​រូបថត NFT ៥០០ សន្លឹក ត្រូវបាន​គេ​ទិញ​អស់រលីង» នាង​បន្ថែម​ដូច្នេះ។

    Irene Zhao គឺជា​តារា​បង្ហាញ​ម៉ូដ​នៅលើ Instagram និង​មាន​អ្នកតាមដាន​ជិត ៤ សែន​នាក់​នៅលើ​បណ្ដាញ​សង្គម​នេះ។ កាលពី​ឆ្នាំ ២០២១ នាង​ក៏​ធ្លាប់បាន​ល្បីឈ្មោះ​នៅក្នុង​ពិភព blockchain បន្ទាប់ពី​ក្លាយជា​នាយិកា​ផ្នែក​ទីផ្សារ​របស់ Konomi Network ជា​គម្រោង​គ្រប់គ្រង​ទ្រព្យ​ឌីជីថល​លើ blockchain។

    រូបថត​របស់ Irene ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធ្វើជា sticker សម្រាប់​អ្នកប្រើប្រាស់ Telegram។ កម្រង sticker នេះ មាន​អ្នក​ទាញយក​មកប្រើប្រាស់​ជាង ២,០០០ លើក បន្ទាប់ពី​បង្ហាញខ្លួន​បាន ៤ ថ្ងៃ។ អ្នកគាំទ្រ​ម្នាក់​ដែលមាន​រហ័ស​នាម​ថា libevm បាន​ណែនាំ​ឱ្យ Irene សាកល្បង​ប្រែក្លាយ​វា​ទៅជា NFT។

    នាង​ Irene Zhao

    រូបថត NFT របស់ Irene ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​ការទាក់ទាញ​អារម្មណ៍​ពី​កម្រង​រូបថត Ghozali Everday របស់​និស្សិត​ជនជាតិ​ឥណ្ឌូណេស៊ី។ កម្រង​រូបថត​ដែល​ថត​ក្នុង​រយៈពេល ៤ ឆ្នាំ បាន​ជួយ​ឱ្យ Ghozali Ghozalo ក្លាយជា​បុគ្គល​ល្បីឈ្មោះ ហើយ​ការជួញដូរ​រូបថត​ទាំងនេះ​មានតម្លៃ​ឡើងដល់ ១ លាន​ដុល្លារ​អាម៉េរិក៕

  • សហរដ្ឋ​អាម៉េរិក ពិនិត្យ​លទ្ធភាព​​ក្នុង​ការ​ «បង្កើត​រូបិយវត្ថុ​ដុល្លារ​ឌីជីថល»

    សហរដ្ឋ​អាម៉េរិក ពិនិត្យ​លទ្ធភាព​​ក្នុង​ការ​ «បង្កើត​រូបិយវត្ថុ​ដុល្លារ​ឌីជីថល»

    យោងតាម​ធនាគារជាតិ​អាម៉េរិក (FED/Federal Reserve System) ប្រាក់​ដុល្លារ​អាម៉េរិក​ឌីជីថល ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល នឹង​ជួយ​ឱ្យ​ការជួញដូរ និង​ទូទាត់​ប្រាក់​ប្រព្រឹត្តទៅ​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​សម្រាប់​មនុស្ស​ភា​គ​ច្រើន បើ​ធៀប​នឹង​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន។

    ថ្មីៗនេះ FED បានប្រកាស​ជា​សាធារណៈ​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​ប្រាក់​ដុល្លារ​ឌីជីថល បំណង​ប្រមូល​មតិយោបល់​ពី​សាធារណ​ជន ដើម្បី​កំណត់ និង​សម្រេច​ថា តើ​គួរ​បញ្ចេញ​ប្រាក់​ឌីជីថល ឬទេ។

    ការអភិវឌ្ឍ​ប្រាក់​ដុល្លារ​អាម៉េរិក​ឌីជីថល​នេះ​នឹង​ជាការ​ផ្លាស់ប្ដូរ​យ៉ាង​ធំ​ទាក់ទង​នឹង​តួនាទី​របស់​រដ្ឋ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ហើយ​វា​មាន​ចំណុច​វិជ្ជមាន​ជាច្រើន។ ក៏ប៉ុន្តែ និយាយ​អំពី​ចំណុច​អវិជ្ជមាន​វិញ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​ជាងគេ នោះ​គឺថា ភាព​ទាក់ទាញ​របស់​បណ្ដា​ធនាគារ​ពាណិជ្ជកម្ម​នឹងត្រូវ​អនថយ។

    ធនាគារកណ្ដាល​របស់​ សហរដ្ឋ​អាម៉េរិក (FED)

    ឥរិយាបថ​របស់ FED ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ប្រទេស​ជាង ៩០ ក្នុង​ពិភពលោក កំពុង​អភិវឌ្ឍ​រូបិយវត្ថុ​ឌីជីថល​ដោយឡែករៀងៗខ្លួន។ ធនាគារកណ្ដាល​របស់​អឺរ៉ុប បញ្ចេញ ប្រាក់​អឺរ៉ូ​ឌីជីថល (EUR) ចំណែក ប្រទេស​ចិន វិញ ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង ប្រាក់​យុន​ឌីជីថល (e-CNY) ដែល​បាន​អភិវឌ្ឍ​តាំងតែ​ពី​ឆ្នាំ ២០១៤។

    ប្រកាស​របស់ FED ក៏បាន​ឱ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក កំពុង​ស្វែងរក​វិធី​ដើម្បី​រក្សា​អំណាច​របស់​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ទីផ្សារ​ពិភពលោក៕

  • (វីដេអូ)-រ៉ូ​បូត សម្ដែង​​សមត្ថ​​ភាព​​ជិះ​​ស្គី​​លើ​​ភ្នំ ​មិន​​ចាញ់​​កីឡាករ​​អាជីព​​ឡើយ

    (វីដេអូ)-រ៉ូ​បូត សម្ដែង​​សមត្ថ​​ភាព​​ជិះ​​ស្គី​​លើ​​ភ្នំ ​មិន​​ចាញ់​​កីឡាករ​​អាជីព​​ឡើយ

    (ប្រទេស​ចិន)-ការប្រណាំង​ស្គី​លើ​ផ្ទៃ​ព្រឹល​មិនមែន​សម្រាប់តែ​កីឡាករ​ដែលមាន​សមត្ថ​ភាព​នោះទេ ប៉ុន្តែ រ៉ូ​បូត​ក៏​អាច​សម្ដែង​បាន​យ៉ាង​ល្អ​នូវ​កីឡា​រដូវរងា​នេះ​ផងដែរ។

    ត្រូវបាន​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ​ចរាចរណ៍​សៀង​ហៃ រ៉ូ​បូត​ដែលមាន​ជើង ៦ នេះ បាន​ឆ្លង​ផុត​វិញ្ញាសា​ធ្វើតេស្ត​ស្ដីពី​ការ​ជិះ​ស្គី​លើ​ព្រឹល​នៅលើ​កំណាត់​ផ្លូវ​មួយ​នៃ​ចង្កេះភ្នំ​នៅ​តំបន់ Shenyang ក្នុង​ខេត្ត Liaoning ប្រទេស​ចិន ក្នុង​ខែ​នេះ។

    រ៉ូ​បូត​នេះ​មាន​រូបរាង​ដូច​សុនក ដោយមាន​ជើង ៤ សម្រាប់​រក្សា​លំនឹង និង​ជើង ២ ទៀត​សម្រាប់​រក្សា​បន្ទះ​ស្គី។ នៅក្នុង​ការធ្វើ​តេស្ត​កាលពីពេល​កន្លង រ៉ូ​បូត​នេះ​បាន​ជិះ​ស្គី​ក្នុង​ល្បឿន​ជាង ១០ ម៉ែត្រ/វិនាទី លើផ្លូវ​មាន​ជម្រាល ១៨ អង្សា និង​ប្រវែង ៤០០ ម៉ែត្រ។ វា​បាន​បញ្ចេញ​កាយវិការលំបាកៗជាច្រើន ដូចជា​ការបង្កើន​ល្បឿន បត់បែន បង្កើត​គម្រោង​ផ្លូវត្រូវ​រត់ គេច​ពី​ឧបសគ្គ និង​ទាក់ទង​ជាមួយ​មនុស្ស។ រ៉ូ​បូត​នេះ​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ត្រាប់​តាម​អ្នកជិះ​ស្គី​ផងដែរ។

    ក្នុង​អនាគត អ្នកវិទ្យាសាស្ត្រ​ជឿថា រ៉ូ​បូត ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ​អាច​ប្រកួតប្រជែង​នឹង​មនុស្ស​នៅក្នុង​វិស័យ​ដូច្នេះ។ ក្រៅពី​ការសម្ដែង រ៉ូ​បូត​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​ល្បាត ជួយសង្គ្រោះ​លើ​ភ្នំ និង​ជួយ​ការពារ​សន្តិសុខ​របស់​អ្នកជិះ​ស្គី​លើ​ព្រឹល៕

  • គណនី WeChat របស់ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ត្រូវគេ​ហែក​ចូល​គ្រប់គ្រង និង​ក្លាយជា​ទំព័រ​ឃោសនា​ឱ្យ​ចិន

    គណនី WeChat របស់ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ត្រូវគេ​ហែក​ចូល​គ្រប់គ្រង និង​ក្លាយជា​ទំព័រ​ឃោសនា​ឱ្យ​ចិន

    គណនី​បណ្ដាញ​សង្គម​ចិន WeChat របស់ នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អូស្ត្រាលី លោក Scott Morrison ត្រូវបាន​គេ​ហែក (Hack) ចូល​គ្រប់គ្រង និង​ត្រូវបាន​ប្ដូរ​ទៅជា​ទំព័រ​ដែល​ឃោសនា​ឱ្យ ប្រទេស​ចិន ទៅវិញ។

    ដំណឹង​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​សារព័ត៌មាន News.com.au នា​ថ្ងៃទី ២៤ មករា​នេះ ត្រូវបាន​គេ​រិះគន់ថា​ជា «អន្តរាគមន៍​របស់​ប​រទេស» នៅក្នុង​ឆ្នាំ​ដែល អូស្ត្រាលី ត្រូវធ្វើ​ការបោះឆ្នោត និង​ជា​ទង្វើ​បំពាន​ច្បាប់។

    អ្នកតាមដាន​ប្រហែល ៧៦,០០០ នាក់ នៃ​គណនី​របស់លោក Morrison ត្រូវបាន​ប្រកាសថា ទំព័រ​នេះ​ត្រូវបាន​ប្ដូរ​ទៅជា «ជីវភាព​ថ្មី​របស់​ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ចិន» ក្នុង​គ្រា​ដែល​រូបតំណាង​ក៏​ត្រូវបាន​ផ្លាស់ប្ដូរ អម​ជា​មួយនឹង​​អក្សរ​ដែល​សរសេរថា «ផ្ដល់ព័ត៌មាន​អំពី​ជីវភាព​ដល់​ជនជាតិ​ចិន នៅ អូស្ត្រាលី»។

    តំណាងរាស្ត្រ​អូស្ត្រាលី James Paterson ដែលជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ផ្នែក​ចារកម្ម និង​សន្តិសុខ នៅ​សភា​អូ​ស្ត្រា យល់ថា ទីក្រុង​ប៉េកាំង កំពុង​មានបំណង «ធ្វើការ​ត្រួតពិនិត្យ ចាប់​ពិរុទ្ធ​នៅក្រៅ​ព្រំដែន និង​លូកដៃ​ចូលក្នុង​សង្គម​ប្រជាធិបតេយ្យ​របស់​យើង»៕

  • ក្មេងស្រី​តូច​អាយុ ១៥ ខែ រស់​ក្បែរ​សាកសព​ម្ដាយ​អស់​រយៈពេល ៥ ថ្ងៃ នៅ សហរដ្ឋ​អាម៉េរិក

    ក្មេងស្រី​តូច​អាយុ ១៥ ខែ រស់​ក្បែរ​សាកសព​ម្ដាយ​អស់​រយៈពេល ៥ ថ្ងៃ នៅ សហរដ្ឋ​អាម៉េរិក

    ក្មេងស្រី​ម្នាក់​អាយុ ១៥ ខែ បានរស់នៅ​ក្បែរ​សាកស​ព​ម្ដាយ​រយៈពេល ៥ ថ្ងៃ នៅក្នុង​ផ្ទះមួយ​ខ្នង​ដែល​សាងសង់​សម្រាប់​ពលរដ្ឋ​គ្មាន​ផ្ទះសំបែង នៅក្នុង​ទីក្រុង New York សហរដ្ឋ​អាម៉េរិក។

    យោងតាម​ការិយាល័យ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​នៃ​ទីក្រុង New York ក្មេងស្រី​អាយុ ១៥ ខែ ឈ្មោះ Lyric Laboy ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​វត្ថុ​ខាងក្រោម​គ្រែ ជិត​សាកសព​របស់​ម្ដាយ ក្នុង​ផ្ទះមួយ​ខ្នង នៅ​មជ្ឈមណ្ឌល​គ្រួសារ East River កាលពី​ថ្ងៃទី ២៥ មិថុនា ២០២១។

    ស្ត្រី​ជា​ម្ដាយ​មាន​ឈ្មោះថា Shelbi Westlake អាយុ ២៦ ឆ្នាំ បាន​ស្លាប់​ដោយសារតែ​បាន​ប្រើប្រាស់​ថ្នាំ​អ្វីមួយ នេះ​បើតាម​សារព័ត៌មាន New York Post ចុះផ្សាយ​កាលពី​ថ្ងៃទី ២២ មករា ២០២។ យោងតាម​បណ្ដឹង​របស់លោក Quraan Laboy (អាយុ ៣១ ឆ្នាំ) ដែលជា​ឪពុក​របស់​ស្ត្រី​រងគ្រោះ ក្មេងស្រី Lyric ត្រូវ​ដេក​ដួល​ក្នុង​ថ្លុក​លាមក បាត់បង់​ជាតិ​ទឹក​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់។

    បុរស​ជា​ឪពុក គ្រោង​នឹងដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​អាជ្ញាធរ​ក្រុង និង​ស្ថាប័ន​ផ្ដល់​សេវា​សម្រាប់​ពលរដ្ឋ​គ្មាន​ផ្ទះសំបែង​នៅ New York (DHS) និង​ទាមទារ​សំណង ៥ លាន​ដុល្លារ។ DHS បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា ក្មេងស្រី Lyric ត្រូវបាន​បោះបង់ចោល​ឱ្យនៅ​ម្នាក់ឯង​ក្នុង​រយៈពេល ៥ ថ្ងៃ ប៉ុន្តែ មិនបាន​និយាយ​ច្បាស់​ថា យូរ​ប៉ុនណា​នោះទេ។

    បច្ចុប្បន្ន ករណីនេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​បន្ត។ បុរស​ជា​ឪពុក​របស់​ស្ត្រី​រងគ្រោះ បានឱ្យដឹងថា ក្រោយ​ហេតុការណ៍​នេះ ចៅ​របស់គាត់​មិនទាន់បាន​ធូរស្បើយ​ដូចដើម​នៅឡើយ៕

     

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មករា ២០២២

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មករា ២០២២

    អ្នកវិជ្ជមាន​ថ្មី​ទាំង​អស់​នេះ​សុទ្ធ​តែជា​ករណី​ អូមីក្រុង​ ក្នុង​នោះ​មាន​​ករណីឆ្លង​ក្នុង​សហគមន៍ ២៥ នាក់ និង​​អ្នកដំណើរពីបរទេស ១៥ នាក់។

  • ក្រុមហ៊ុន SpaceX ទទួល​បាន​​កិច្ចព្រមព្រៀង​ដឹកទំនិញ​តម្លៃ ១០២ លាន​ដុល្លារ

    ក្រុមហ៊ុន SpaceX ទទួល​បាន​​កិច្ចព្រមព្រៀង​ដឹកទំនិញ​តម្លៃ ១០២ លាន​ដុល្លារ

    ទ័ពអាកាស​អាម៉េរិក បានប្រគល់​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ឱ្យ SpaceX ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ដឹកទំនិញ និង​ជំនួយ​ដោយ​ប្រើប្រាស់​រ៉ុក្កែត។

    កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៤ មករា ប៉ុន្តែ ទើបត្រូវ​បាន AviationWeek ចុះផ្សាយ​កាលពីពេលថ្មីៗនេះ គឺ​ស្ថិតក្នុង​កម្មវិធី​ដឹកជញ្ជូន​តាម​រ៉ុក្កែត​របស់​បន្ទប់ពិសោធន៍-ស្រាវជ្រាវ​នៃ​កងទ័ពអាកាស​អាម៉េរិក (AFRL) ដើម្បី​ទាញយក​អត្ថប្រយោជន៍​នៃ​រ៉ុក្កែត​ពាណិជ្ជកម្ម​ខ្នាត​ធំ​សម្រាប់​កិច្ចការ​ដឹកជញ្ជូន​សក​ល​របស់​ក្រសួងការពារជាតិ​សហរដ្ឋ​អាម៉េរិក។

    ដោយមាន​តម្លៃ​ឡើងដល់ ១០២ លាន​ដុល្លារ នេះ​គឺជា​កិច្ចព្រមព្រៀង​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ចំពោះ​ការដឹកជញ្ជូន​ទំនិញ​តាម​រ៉ុក្កែត នេះ​បើតាម​ប្រធាន​កម្មវិធី លោក Greg Spanjers ដែល​បាន​ប្រាប់ Space News កាលពីពេលថ្មីៗនេះ។

    កិច្ចព្រមព្រៀង​នេះ​មិនបាន​និយាយ​លម្អិត​ថា​នឹង​ប្រើប្រាស់​មធ្យោបាយ​មួយណា​របស់ SpaceX ប៉ុន្តែ កន្លងមក SpaceX ធ្លាប់បាន​ប្រើប្រាស់​រ៉ុក្កែត Falcon 9 និង Falcon Heavy នៅក្នុង​បេសកកម្ម​យោធា ស្រាប​ពេលដែល ប្រធាន​នាយក​ប្រតិបត្តិ​របស់ SpaceX គឺ​មហាសេដ្ឋី Elon Musk បាន​និយាយថា លោក​ចាត់ទុក Starship ជា​យាន​របស់​អនាគត។

    AFRL មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​ដែល​ជើងហោះហើរ​ដំបូង​ត្រូវបាន​ធ្វើឡើង ប៉ុន្តែ មាន​ផែនការ​បន្ថែម​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ទៅក្នុង​កម្មវិធី​នេះ ទៅតាម​ពេលវេលា​ជាក់ស្ដែង៕

  • WHO ថា អូ​មី​ក្រុង អាច​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នៅ អឺរ៉ុប

    WHO ថា អូ​មី​ក្រុង អាច​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នៅ អឺរ៉ុប

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ធ្វើឱ្យ​ជំងឺ​រាតត្បាត​សកល ងាក​ទៅរក​ដំណាក់កាល​ថ្មី និង​អាច​បញ្ចប់​នៅ អឺរ៉ុប នេះ​បើតាម Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ តំបន់​អឺរ៉ុប។

    «ជំងឺ​រាតត្បាត​សកល​ក្នុង​តំបន់ ទំនងជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ទៅរក​ទីបញ្ចប់» Kluge បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​ថ្ងៃទី ២៣ មករា ដូច្នេះ និង​បន្ថែមថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង អាច​នឹង​ឆ្លង​ដល់​ប្រជាជន​ចំនួន ៦០% ក្នុង​តំបន់​អឺរ៉ុប នៅ​ខែមីនា​ខាងមុខ។

    នៅពេល​ល្បឿន​នៃ​ការឆ្លង អូ​មី​ក្រុង កើនឡើង​ពាសពេញតំបន់​អឺរ៉ុប ត្រូវ​ថយចុះ «ភាពស៊ាំ​ក្នុង​សហគមន៍​នឹងត្រូវ​បាន​រក្សា​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍ ដល់​ច្រើន​ខែ​ទៅមុខ ដោយសារ​វ៉ាក់សាំង ឬ​គ្រប់គ្នា​មាន​អង្គ​ប​ដិ​ប្រាណ បន្ទាប់​ពី​បាន​ឆ្លង​វីរុស» លោក Kluge និយាយ​ដូច្នេះ។

    លោក Kluge បន្ថែមថា «ដូច្នេះ យើង​ព្យាករ​ថា នឹងមាន​អំឡុងពេល​ស្ងប់ស្ងាត់​មួយ មុនពេល កូ​វីដ-១៩ វិល​មកវិញ​នៅ​ចុងឆ្នាំ ប៉ុន្តែ មិន​ប្រាកដថា វា​នឹង​ត្រលប់​មកវិញ​ទេ»។

    «គ្រប់គ្នា​ពិភាក្សា​គ្នាច្រើន​អំពី​ជំងឺ​រាតត្បាត​អសកល (ឬ​ជំងឺ​រាតត្បាត​តាម​តំបន់) ប៉ុន្តែ ការ​រាតត្បាត​អសកល​គឺ​ស្មើនឹង​ការដែល​អាច​ព្យាករ​បាន​នូវ​ប្រការ​អ្វីខ្លះ​ដែល​នឹង​កើតឡើង។ វីរុស​ប្រភេទ​នេះ​បានធ្វើឱ្យ​យើង​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជាច្រើនលើក​មកហើយ ដូច្នេះ យើង​ត្រូវតែ​ប្រុង​ប្រ​យ័ត្ន​បំផុត» លោក Kluge បញ្ជាក់បន្ថែម។

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា អ្នក​ដែល​បាន​ឆ្លង អូ​មី​ក្រុង មាន​អាការ​មិន​ធ្ងន់ធ្ងរ​ស្មើនឹង ដេ​លតា យ៉ាងហោច​ក៏​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង។ ប្រការនេះ​បាន​នាំឱ្យមាន​ក្ដីសង្ឃឹម​ថា កូ​វីដ-១៩ កំពុង​ប្រែក្លាយ​ពី​ជំងឺ​រាតត្បាត​សកល ទៅជា​ជំងឺ​រាតត្បាត​អសកល ដែល​ងាយ​ទប់ទល់​ជាង​មុន និង​ដូច​ទៅនឹង​ជំងឺ​ផ្ដាសាយធំ៕