Author: សឿន សំណាង

  • អង់គ្លេស ជ្រើសរើស​មនុស្ស​រាប់ពាន់​នាក់​បន្ថែមទៀត​សម្រាប់​ការពិសោធ​ថ្នាំ​ប្រឆាំង​កូ​វីដ-១៩

    អង់គ្លេស ជ្រើសរើស​មនុស្ស​រាប់ពាន់​នាក់​បន្ថែមទៀត​សម្រាប់​ការពិសោធ​ថ្នាំ​ប្រឆាំង​កូ​វីដ-១៩

    កាលពី​ថ្ងៃទី ២៥ មករា អង់គ្លេស ប្រកាស​ជ្រើសរើស​មនុស្ស​បន្ថែមចំនួន ៦,០០០ នាក់ ឱ្យ​ចូលរួម​ក្នុង​ការពិសោធ​អំពី​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់​ថ្នាំ molnupiravir ដែល​ផលិត​ដោយ​ក្រុមហ៊ុន Merck។

    អាជ្ញាធរ​គ្រប់គ្រង​ឪ​សថ និង​ផលិតផល​ថែរក្សា​សុខភាព​របស់ អង់គ្លេស (MHRA) បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ខាងលើ​ចាប់ពី​ខែវិច្ឆិកា ២០២១។

    រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ បន្តធ្វើ​ការស្រាវជ្រាវ​ទូទាំងប្រទេស ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ព្យាបាល​ល្អ​បំផុត​នៅពេល​អនុវត្ត​ជាក់ស្ដែង។ ក្រសួងសុខាភិបាល​អង់​គ្លេ​ស ឱ្យដឹងថា បច្ចុប្បន្ន មាន​មនុស្ស​ចំនួន ៤,៥០០ នាក់ បាន​ចុះឈ្មោះ​ចូលរួម​ការពិសោធ ប៉ុន្តែ ត្រូវការ​ជ្រើសរើស​មនុស្ស ៦,០០០ នាក់​ទៀត ដើម្បី​អាច​ប្រមូល​ទិន្នន័យ​បាន​គ្រប់​ជ្រុងជ្រោយ។

    កម្មវិធី​ស្រាវជ្រាវ​ខាងលើ​មាន​ឈ្មោះថា Panoramic។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​យោងទៅលើ​ភាពជាក់ស្ដែង ក្នុងនោះ Merck នឹង​ប្រើប្រាស់​ថ្នាំ molnupiravir នៅក្នុង​ប្រទេសមួយ​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់។

    ទិន្នន័យ​របស់ Merck នាពេល​កន្លង​គឺ​យោងទៅតាម​តែ​ការស្រាវជ្រាវ​លើ​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ។ ដូច្នេះ​គេ​ត្រូវការ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​លើ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​វិញ​ម្ដង។ ទិន្នន័យ​ដែល Merck ប្រមូលបាន​កន្លងមក​បង្ហាញថា ថ្នាំ molnupiravir កាត់បន្ថយ​បាន ៣០% នៃ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់ ចំពោះ​មនុស្ស​វ័យ​ចំណាស់ បើសិនជា​អ្នកជំងឺ​ឆាប់​លេបថ្នាំ៕

  • ព្រាន​បាញ់​ត្រូវ​ជ្រូកព្រៃ​មួយ​គ្រាប់ ប៉ុន្តែ ត្រូវស្លាប់​ខ្លួនឯង​នៅ​នឹង​មុខ​ឪពុក ព្រោះតែ​ជ្រូក​ងាក​មក​សងសឹក

    ព្រាន​បាញ់​ត្រូវ​ជ្រូកព្រៃ​មួយ​គ្រាប់ ប៉ុន្តែ ត្រូវស្លាប់​ខ្លួនឯង​នៅ​នឹង​មុខ​ឪពុក ព្រោះតែ​ជ្រូក​ងាក​មក​សងសឹក

    (អ៊ីតាលី)-Giulio Burattini ដែលជា​ព្រានព្រៃ​ក្នុង​តំបន់ Tuscan បាន​បាញ់​ចំ​ជ្រូកព្រៃ​មួយ​ក្បាល ប៉ុន្តែ ត្រូវ​ជ្រូកព្រៃ​នោះ​បែរក្រោយ រត់​សំដៅ​មក​ខាំ​ត្រង់​ជើង ធ្វើ​ឱ្យដាច់​សរសៃឈាម​ត្រគាក និង​ស្លាប់បាត់​បង់ជីវិត។

    Burattini អាយុ ៣៦ ឆ្នាំ កាលពី​ថ្ងៃទី ១៩ មករា បាន​ចេញទៅ​បរបាញ់​សត្វព្រៃ​ជាមួយ​ឪពុក នៅក្នុង​ព្រៃ Tuscan ភាគ​កណ្ដាល​នៃ ប្រទេស​អ៊ីតាលី។ Burattini បានឃើញ​ជ្រូកព្រៃ​មួយ​ក្បាល ហើយក៏​បាន​បាញ់​នឹង​កាំភ្លើង​មួយ​គ្រាប់ ធ្វើឱ្យ​ជ្រូកព្រៃ​នោះ​ដួល​ទៅលើ​ដី។

    ដោយ​ស្មានថា​ជ្រូកព្រៃ​នេះ​ងាប់ Burattini ក៏​ចូលទៅ​ក្បែរ។ ប៉ុន្តែ ភ្លាមនោះ​ជ្រូកព្រៃ​ក៏បាន​ក្រោកឈរ និង​រត់​ចូលមក​ខាំ​គាត់​ទៅវិញ។ បុរស​ជា​ឪ​ទុក​ដែល​ឈរ​នៅក្បែរ បានត្រឹមតែ​ស្រែកហៅ​គេ​ឱ្យជួយ​ក្នុង​ក្ដី​អស់សង្ឃឹម។

    ស្នាម​ខាំ​របស់​ជ្រូកព្រៃ ធ្វើ​ឱ្យដាច់​សរសៃឈាម​ធំ​ត្រង់​ត្រគាក។ Burattini នៅតែ​មិនអាចរ​ស់បាន បើទោះជា​ក្រុម​សង្គ្រោះបាន​មកដល់​កន្លែង​កើតហេតុ និង​ជួយ​ស្រោចស្រង់។ បុរស​ជា​ឪ​ទុក​មានការ​រន្ធត់​ខ្លាំង ស្ទើរ​បាត់បង់​ស្មារតី ហើយក៏​ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង។

    នៅ​តំបន់​ជនបទ​នៃ ប្រទេស​អ៊ីតាលី ការ​បរបាញ់​ជ្រូកព្រៃ​គឺជា​កីឡា​ពេញនិយម ហើយ​សាច់​ជ្រូកព្រៃ​ក៏​ជា​អាហារ​ដែល​ពួកគេ​ចូលចិត្ត។ Coldiretti ដែលជា​សមាគម​កសិក​ម្ម​ធំ​បំផុត​របស់ អ៊ីតាលី បានឱ្យដឹងថា ជ្រូកព្រៃ​ប្រមាណ​ជាង ២ លាន​ក្បាល កំពុង​រស់នៅ​ក្នុងព្រៃ​នៃ​ប្រទេស​នេះ៕

  • វៀតណាម បាន​ទទួល​​ជំនួយ​ជា​វ៉ាក់សាំង Pfizer/BioNTech រាប់លាន​ដូ​ស​បន្ថែមទៀត ពី អាល្លឺម៉ង់

    វៀតណាម បាន​ទទួល​​ជំនួយ​ជា​វ៉ាក់សាំង Pfizer/BioNTech រាប់លាន​ដូ​ស​បន្ថែមទៀត ពី អាល្លឺម៉ង់

    ស្ថានទូត​​របស់​ អាល្លឺម៉ង់ ប្រចាំ ប្រទេស​វៀតណាម ឱ្យដឹងថា អាល្លឺម៉ង់ ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Pfizer/BioNTech ចំនួន ៤,០០០,២៣០ ដូ​ស បន្ថែមទៀត​ដល់ វៀតណាម តាមរយៈ​យន្តការ COVAX។

    ចាប់ពី​ចុងខែ​ធ្នូ ២០២១ ដល់​ពាក់កណ្ដាល​ខែមករា ២០២២ វ៉ាក់សាំង Pfizer/BioNTech ជាច្រើន​ឈុត​ត្រូវបាន​ដឹក​ពី អាល្លឺម៉ង់ មកកាន់ វៀតណាម។

    ប៉ុន្តែ លើក​នេះ​គឺជា​ជំនួយ​ជា​វ៉ាក់សាំង​ក្នុង​បរិមាណ​ច្រើន​បំផុត​ធៀប​នឹង​ជំនួយ​ជា​វ៉ាក់សាំង​របស់ អាល្លឺម៉ង់ ដល់ វៀតណាម នាពេល​កន្លង។ ក្នុង​ឆ្នាំ ២០២១ អាល្លឺម៉ង់ ក៏បានផ្ដល់​ជំនួយ​ជា​សម្ភារ​សុខាភិបាល​ជាច្រើន​ដល់ វៀតណាម ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន បរិមាណ​វ៉ាក់សាំង​ដែល វៀតណាម បានទទួល​ពី អាល្លឺម៉ង់ បាន​ឡើងដល់​ជាង ១០ លាន ដូ​ស​រួចហើយ៕

     

  • (វីដេអូ)-សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ធំ​បំផុត​ក្នុង​ពិភពលោក

    (វីដេអូ)-សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ធំ​បំផុត​ក្នុង​ពិភពលោក

    ប្រទេស​ចិន កាលពី​ថ្ងៃទី ២៤ មករា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ប្រវែង​ជិត ១,៤០០ ម៉ែត្រ ដែលមាន​ផ្លូវ​សម្រាប់​រថភ្លើង និង​ផ្លូវ​សម្រាប់​យានយន្ត ឆ្លងកាត់​ទន្លេ Yangtze នៅក្នុង​ទីក្រុង Chongqing ភាគ​និរតី​ប្រទេស​នេះ។

    គម្រោង​ស្ពាន Baijusi ឆ្លងទន្លេ Yangtze ត្រូវបាន​ដាក់ឱ្យ​ធ្វើចរាច​រណ៍​កាលពី​ថ្ងៃទី ២៤ មករា។ នៅមុន​នោះ ១ ថ្ងៃ ប្រជាជន​នៅក្នុង​តំបន់ ត្រូវបាន​អនុញ្ញាត​ឱ្យមក​កម្សាន្ត​លើ​ស្ពាន​តាមចិត្ត។ នៅក្នុង​វប្បធម៌​ចិន ការដើរ​ដោយ​ថ្នើ​រ​ជើង​ឆ្លងកាត់​ស្ពាន​ត្រូវបាន​គេ​ជឿថា​នឹង​នាំមក​នូវ​សំណាងល្អ​ដល់​សំណង់​ថ្មី។

    ដោយមាន​ប្រវែង​សរុប ១,៣៨៤ ម៉ែត្រ Baijusi គឺជា​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ធំ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ទាំង​ផ្លូវ​សម្រាប់​រថភ្លើង និង​ផ្លូវ​សម្រាប់​យានយន្ត​នានា ក្នុងនោះ ជាន់​ខាងលើ​គឺជា​ផ្លូវ​ល្បឿន​លឿន ២ ទិស, ៨ គន្លង ដែលមាន​ទទឹង ៣៨ ម៉ែត្រ ខណៈដែល​ជាន់​ក្រោម​គឺជា​ផ្លូវដែក Chongqing លេខ ១៨ សម្រាប់​រថភ្លើង។

    https://www.youtube.com/watch?v=OENsmYWcPtQ

    ស្ពាន​ដែល​ត​ភ្ជាប់​តំបន់ Taiyanggang ក្នុង​ខណ្ឌ Banan ជាមួយនឹង​តំបន់ Chengjiang ក្នុង​ខណ្ឌ Dadukou នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ខណ្ឌ​ទាំង ២ មក​នៅត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ។ មិន​ត្រឹម​តែមាន​តួនាទី​ជា​តំណ​ភ្ជាប់​ចរាចរណ៍​ទេ ប៉ុន្តែ ស្ពាន Baijusi នេះ​ក៏​ថែមទាំង​ក្លាយជា​ទិដ្ឋភាព​ថ្មី និង​ជាទី​គយគន់​ទេសភាព​របស់​ទីក្រុង​ផងដែរ៕

  • ១០ ថ្ងៃ​នៃ​ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​នៃ​រាជវង្ស​របស់​ប្រទេស​ព្រុយ​ណេ

    ១០ ថ្ងៃ​នៃ​ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​នៃ​រាជវង្ស​របស់​ប្រទេស​ព្រុយ​ណេ

    ព្រះ​នាង Fadzilah រួម​នឹង​ស្វាមី Al-Hashimi បាន​រៀប​អភិសេក​ជាមួយគ្នា​ដោយ​ប្រើពេល ១០ ថ្ងៃ ក្នុងនោះ​មាន​រាជពិធី​តាម​ប្រពៃណី​ជាច្រើន​ត្រូវបាន​ប្រារព្ធ​ឡើង។

    ព្រះ​នាង​របស់​រាជវង្ស​ព្រុយ​ណេ Fadzilah Lubabul Bolkiah ព្រះជន្ម ៣៦ វស្សា រួម​នឹង​ស្វាមី Abdullah Nabil Mahmoud Al-Hashimi ថ្ងៃនេះ​បានបញ្ចប់​ពិធី​អភិសេក​ដែល​អូស​បន្លាយពេល ១០ ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៦ មករា។

    ក្នុង​រូបថត​ខាងលើ គឺជា​ក្រុម​អ្នក​កំដរ​របស់​កូនកំលោះ នាំ​បណ្ណាការ​មកកាន់​រាជវាំង Nurul Iman កាលពី​ថ្ងៃទី ១៨ មករា។ បណ្ណាការ​ដែល​បាន​នាំយក​ពី​គ្រួសារ​ខាង​ប្រុស​រួមមាន​ដូចជា​ក្រណាត់​ប្រណិត គ្រឿងអលង្ការ និង​វត្ថុ​មានតម្លៃ​ដទៃទៀត។

    កាំភ្លើង​ធំ​ចំនួន ១៧ គ្រាប់​ត្រូវបាន​បាញ់​ដើម្បី​បង្ហាញថា រាជវាំង​ព្រុយ​ណេ​បាន​ទទួលយក​បណ្ណាការ​ពី​គ្រួសារ​កូនកំលោះ​រួចហើយ។

    ស្វាមី​របស់​ព្រះ​នាង Fadzilah គឺ​លោក Al-Hashhimi ក៏​ស្លៀក​ឈុត​ប្រពៃណី និង​ទទួល​ពរជ័យ​ពី​សំណាក់​រាជវាំង។

    ក្នុង​ពិធី​មួយ​នៅ​ថ្ងៃទី ១៨ មករា ព្រះ​នាង Fadzilah គ្រង​ឈុត​ប្រពៃណី​ពណ៌​ក្រហម និង​ទ្រង់​គ្រឿងអលង្ការ​ជាច្រើន​ធ្វើ​អំពី​មាស។ ព្រះ​នាង​លា​ព្រះហស្ត​ទាំងពីរ​លើ​ខ្នើយ ទទួលយក​ពរជ័យ​ពី​សមាជិក​រាជវង្ស។

    ថ្ងៃទី ២៣ មករា ព្រះ​នាង Fadzilah និង​ស្វាមី គោរព​ធ្វើតាម​ពិធី Istiadat Bersanding Diraja ដែលជា​ព្រឹត្តិការណ៍​សំខាន់​នៅក្នុង​ពិធី​អភិសេក។

    ព្រះ​នាង និង​ស្វាមី គ្រង​ឈុត​ប្រពៃណី​ពណ៌​ស នៅក្នុង​ពិធី Istiadat Bersanding Diraja។

    ព្រះ​នាង និង​ស្វាមី ឱនលំទោន​កាយ​គោរព​ដល់​មហាក្សត្រី Duli Raja Isteri ជា​អគ្គមហេសី​របស់​ព្រះបាទ Darussalam Haji Hassanal Bolkiah។ មាតា​របស់​ព្រះ​នាង Fadzilah ព្រះនាម Mariam Abdul Aziz ជា​មហេសី​ទី​ពីរ​របស់​មហាក្សត្រ​ព្រុយ​ណេ។

    ថ្ងៃទី ២៥ មករា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​រៀប​អភិសេក ព្រះ​នាង Fadzilah និង​ស្វាមី​បាន​ចូលរួម​ពិធីជប់លៀង​របស់​រាជ​វាំង ដើម្បី​ជា​កិច្ច​បង្ហើយ​ពិធី​អភិសេក​រយៈពេល ១០ថ្ងៃ។

    ព្រះ​នាង Fadzilah និង​ស្វាមី ថតរូប​ជាមួយ​សមាជិក​រាជវង្ស​ព្រុយ​ណេ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​រៀប​អភិសេក។

    ព្រះ​នាង Fadzilah និង​ស្វាមី Al-Hashhimi គង់នៅ​ទី​កណ្ដាល​នៃ​ពិធីជប់លៀង ចំណែក​នៅ​សងខាង​គឺ​មហាក្សត្រ និង​អគ្គមហេសី៕

  • (ឥណ្ឌូណេស៊ី)-​មនុស្ស​​​ចំនួន ​១៩ ​នាក់​​​បាន​​ស្លាប់​​នៅ​ក្នុង​​ក្លឹប​​រាត្រី ក្រោយ​​ហេតុ​ការណ៍​​ប៉ះទង្គិច​​គ្នា​​រវាង​​ក្រុម​​បង​​ធំ

    (ឥណ្ឌូណេស៊ី)-​មនុស្ស​​​ចំនួន ​១៩ ​នាក់​​​បាន​​ស្លាប់​​នៅ​ក្នុង​​ក្លឹប​​រាត្រី ក្រោយ​​ហេតុ​ការណ៍​​ប៉ះទង្គិច​​គ្នា​​រវាង​​ក្រុម​​បង​​ធំ

    ប៉ូលិស​ឥណ្ឌូណេស៊ី បានឱ្យដឹងថា បាន​រកឃើញ​សាកសព​ចំនួន ១៩ នាក់ នៅក្នុង​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង Sorong នៃ​ខេត្ត West Papua នា​ព្រឹក​ព្រលឹម​ថ្ងៃទី ២៥ មករា បន្ទាប់ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​មនុស្ស ២ ក្រុម និង​ករណី​អគ្គិភ័យ។

    យោងតាម​អ្នកនាំពាក្យ​របស់​​ប៉ូលិស​ខេត្ត West Papua ហេតុការណ៍​​ប៉ះទង្គិច​គ្នា​នេះ​បានកើត​ឡើង​នៅឯ​ក្លឹប​រាត្រី Double O Executive Karaoke & Club កាលពី​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ២៤ មករា ឈានចូល​ថ្ងៃទី ២៥ មករា។

    ការប៉ះទង្គិច​គ្នា​រវាង​មនុស្ស ២ ក្រុម​នៅទីនេះ បាន​បណ្ដាល​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ក្រោយមក អំពើហិង្សា​នៅតែ​បន្ត រហូតដល់​កើតមាន​អគ្គិភ័យ នាំឱ្យមាន​អ្នកស្លាប់​សរុប​ឡើងដល់ ១៩ នាក់។ ក្រៅពី​អ្នកស្លាប់​ក៏​នៅមាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

    រូបភាព​ដែល​បាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ បង្ហាញថា រថយន្ត​ជាច្រើន​គ្រឿង​ដែល​ស្ថិតនៅ​ខាងក្រៅ​ក្លឹប​នេះ​ក៏ត្រូវ​បាន​គេ​ដុតបំផ្លាញ​ផងដែរ៕

  • កូវីដ-១៩! កម្ពុជា​ បាន​រក​ឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ២៨ នាក់ ក្នុង​អំឡុង​ថ្ងៃទី ២៤ មករា ២០២២

    កូវីដ-១៩! កម្ពុជា​ បាន​រក​ឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ២៨ នាក់ ក្នុង​អំឡុង​ថ្ងៃទី ២៤ មករា ២០២២

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៤ មករា កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​ ២៨ នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ១០ នាក់ និង​ករណី​នាំ​ចូល​ចំនួន ១៨​ នាក់​ ដែល​ទាំង​អស់​នេះ​សុទ្ធតែ​ជា​ករណី​ អូមីក្រុង​។

  • វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែលជា​ជំនួយ​របស់ ប៉ូឡូញ នឹង​មកដល់ កម្ពុជា នៅ​យប់​នេះ

    វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែលជា​ជំនួយ​របស់ ប៉ូឡូញ នឹង​មកដល់ កម្ពុជា នៅ​យប់​នេះ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៣ សែន​ដូ​ស ជា​ជំនួយ​របស់ ប្រទេស​ប៉ូឡូញ ដែល​នឹង​ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី ២៥ មករា ២០២២។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុជាតិ​កម្ពុជា។

    វ៉ាក់សាំង​ចំនួន ៣ សែន​ដូ​ស របស់ ប៉ូឡូញ ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ទទួល​នៅ​យប់​នេះ គឺជា​ប្រភេទ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca)។

    ប្រទេស​ប៉ូឡូញ គឺជា​ប្រទេស​ទី ៧ ហើយ នៅក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់ កម្ពុជា។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ទាំង​ការបញ្ជាទិញ​ផ្ទាល់ ទាំង​ជំនួយ​ទ្វេភាគី​របស់​ប្រទេស​ជា​មិត្ត និង​តាម​យន្តការ​នៃ​មជ្ឈមណ្ឌល Covax របស់​បណ្ដា​អង្គការ​អន្តរជាតិ សរុប​ជាង ៤៣ លាន​ដូ​ស​រួចហើយ។

    បណ្ដា​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​មកដល់ កម្ពុជា នាពេល​កន្លង រួមមាន ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូ​ឡង់៕

  • ទស្សនា​ដៃ​រ៉ូ​បូត ឆុង​ភេសជ្ជៈ​បម្រើ​អតិ​ត​ជន​នៅ​អូឡាំពិក​ប៉េកាំង៖ មាន​ភាព​ស្ទាត់ជំនាញ និង​ល្បឿន​ឆុង​លឿន​មិនគួរ​ឱ្យ​ជឿ

    ទស្សនា​ដៃ​រ៉ូ​បូត ឆុង​ភេសជ្ជៈ​បម្រើ​អតិ​ត​ជន​នៅ​អូឡាំពិក​ប៉េកាំង៖ មាន​ភាព​ស្ទាត់ជំនាញ និង​ល្បឿន​ឆុង​លឿន​មិនគួរ​ឱ្យ​ជឿ

    ដៃ​យន្ត​នៅឯ​មជ្ឈមណ្ឌល​សារព័ត៌មាន នៃ ព្រឹត្តិការណ៍​អូឡាំពិក​ប៉េកាំង ២០២២ ចំណាយពេល​តែ​ពី ៧០ ទៅ ៩០ វិនាទី​ប៉ុណ្ណោះ គឺអាច​ឆុង​ភេសជ្ជៈ ១ កែវ​បាន​ស្អាត និង​យ៉ាង​ឈ្ងុយឆ្ងាញ់។

    បុគ្គលិក​ឆុង​ភេសជ្ជៈ​សំខាន់​ជាងគេ​នៅឯ​មជ្ឈមណ្ឌល​សារព័ត៌មាន​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ប៉េកាំង គឺជា​ដៃ​រ៉ូ​បូត ១ គ្រឿង។ គ្រប់គ្នា​អាច​ស្នើ​ឱ្យដៃ​យន្ត​នេះ​ឆុង​ភេសជ្ជៈ ដើម្បី​អង្គុយ​ញ៉ាំ​នៅក្នុង​សាល​របស់​ភោជនីយដ្ឋាន។

    ដៃ​រ៉ូ​បូត​នេះ​អាច​ផ្គត់ផ្គង់​ភេសជ្ជៈ​មាន​អាល់កុល និង​មិនមាន​អាល់កុល​ក្រឡុក ជាង ១០ ប្រភេទ​ឯណោះ។ វា​ចំណាយពេល​តែ​ពី ៧០ ទៅ ៩០ វិនាទី​ប៉ុណ្ណោះ គឺអាច​ឆុង​ភេសជ្ជ ១ កែវ​បាន​យ៉ាង​ឆ្ងាញ់ ដូច​ទៅនឹង​រសជាតិ​ដែល​មនុស្ស​អាចធ្វើ​បាន។ ល្បឿន​នៃ​ការធ្វើការ​របស់​បុគ្គលិក​ជា​ដៃ​យន្ត​នេះ ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​អត្ត​ព​លិ​ករ​បស់​អូឡាំពិក​យ៉ាង​ដូច្នេះ​ដែរ។

    នៅក្នុង​សាល​របស់​ភោជនីយដ្ឋាន​ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​ព្រឹត្តិការណ៍​អូឡាំពិក ក៏មាន​បុគ្គលិក​ជា​មនុស្ស​ផងដែរ ដើម្បី​ជួយ​គាំទ្រ​នៅពេល​ចាំបាច់។

    នៅឯ​អាហារ​ដ្ឋា​ន​របស់​ភូមិ​អូឡាំពិក ក៏មាន​ការប្រើប្រាស់​រ៉ូ​បូត​ច្រើន​ប្រភេទ ដើម្បី​ជំនួស​ឱ្យ​ក្រុម​បុគ្គលិក៕

  • វរសេនីយ៍ទោ​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់ បួ​គី​ណា ហ្វា​សូ ទើបតែ​ត្រូវបាន​ដំឡើង​ឋានន្តរសក្ដិថ្មីៗ

    វរសេនីយ៍ទោ​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់ បួ​គី​ណា ហ្វា​សូ ទើបតែ​ត្រូវបាន​ដំឡើង​ឋានន្តរសក្ដិថ្មីៗ

    វរសេនីយ៍ទោ Damiba ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ភូមិភាគ​មួយ​ក្នុងចំណោម ៣ របស់​កងទ័ព បួ​គី​ណា ហ្វា​សូ ២ ខែ​មុន​អំពើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Karobe។

    វរសេនីយ៍ទោ Paul-Henri Sandaogo Damiba រួម​នឹង​ក្រុមមន្ត្រី​យោធា​ជាច្រើនរូប កាលពី​ថ្ងៃទី ២៤ មករា បានបង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ប្រកាសថា ពួកគេ​បាន​ទម្លាក់​ប្រធានាធិបតី Karobe និង​កំពុង​កាន់កាប់​អំណាច។

    Damiba ធ្លាប់ជា​ទាហាន​មួយរូប​នៃ​កង​អង្គរក្ស​ផ្ទាល់​របស់​អតីត​ប្រធានាធិបតី Blaise Compaore។ នេះ​គឺជា​អង្គភាព​សន្តិសុខ​ស្នូល​របស់លោក Compaore ប៉ុន្តែ​ត្រូវបាន​រំសាយ បន្ទាប់ពី​លោក​បាន​ចាក​ចេញពី​កៅអី​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៤។

    ក្រោយមក Damiba ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព​ជាតិ ហើយ​ក្រោយមកទៀត​ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ។ កាលពី​ខែវិច្ឆិកា ២០២១ ពោលគឺ​មុន​រដ្ឋប្រហារ ២ ខែ លោក​វរសេនីយ៍ទោ Damiba ត្រូវបាន​ប្រគល់​តំណែង​ជា​មេបញ្ជាការ​ភូមិភាគ​មួយ​ក្នុងចំណោម ៣ របស់ ប្រទេស បួ​គី​ណា ហ្វា​សូ ទទួលបន្ទុក​សន្តិសុខ​របស់​រដ្ឋធានី អួ​ហ្គា​ឌូ​ហ្គូ (Ouagadougou) ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​មានអំណាច​កាន់តែខ្លាំង។

    ការប្រឹងប្រែង​របស់​ប្រធានាធិបតី នៃ​ប្រទេស បួ​គី​ណា ហ្វា​សូ ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​កងទ័ព ក្រោយ​ករណី​វាយប្រហារ​របស់​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម សំដៅលើ​បន្ទាយ​ទាហាន​នៅ​ទីរួមស្រុក Inata ដែល​បានសម្លាប់​ទាហាន ៤៩ និង​ប្រជាជន ៤ នាក់ បាន​បង្កឱ្យមាន​រលក​នៃ​ការប្រឆាំង​រដ្ឋាភិបាល និង​ការអំពាវនាវ​ឱ្យ​លោក Karobe ចុះ​ចេញពី​តំណែង។

    Damiba កម្រ​បង្ហាញខ្លួន​ជា​សាធារណៈ និង​ធ្លាប់​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​យោធា​នៅ ប្រទេស​បារាំង ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ឧក្រិដ្ឋកម្ម​វិទ្យា នៅ វិទ្យាស្ថាន​ជាតិ​សិល្បៈ និង​វិជ្ជាជីវៈ​របស់​ប្រទេស​នេះ។ កាលពី​ឆ្នាំមុន លោក Damiba បាន​បញ្ចេញ​សៀវភៅ​មួយ​ក្បាល​វិភាគ​អំពី «ចំណុច​ពិសេស​របស់​លទ្ធិ​ភេរវកម្ម​នៅ អាហ្វ្រិក​ខាងលិច»។

    ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ នៅ​រដ្ឋធានី អៅ​ហ្គា​ឌូ​ហ្គូ លោក Paul Koalaga ឱ្យដឹងថា វរសេនីយ៍ទោ Damiba ទំនងជា​នៅតែមាន​ភក្ដីភាព​ចំពោះ​អតីត​ប្រធានាធិបតី Compaore រួម​នឹង​សម្ព័ន្ធមិត្ត​របស់លោក ក្នុងនោះ​មាន​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ផងដែរ។

    ឧ​ត្ត​ម​សេនីយ៍ Diendere ធ្លាប់​ដឹកនាំ​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ឆ្នាំ ២០១។ លោក​កំពុង​ត្រូវបាន​កាត់ទោស​ទាក់ទង​នឹង​មរណភាព​របស់លោក Thomas Sankara ដែលជា​អតីត​ប្រធានាធិបតី កាន់អំណាច​មុន​លោក Compaore។

    ក្រោយ​រដ្ឋប្រហារ ដំណឹង​អំពី​ប្រធានាធិបតី Karobe មិនទាន់​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹង​នៅឡើយ។ មន្ត្រី​សន្តិសុខ ២ រូប បាន​និយាយថា លោក Karobe និង​សមាជិក​មួយចំនួន​នៃ​គណៈរដ្ឋមន្ត្រី កំពុង​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​បន្ទាយ Sangoule Lamizana ក្នុង​រដ្ឋធានី អៅ​ហ្គា​ឌូ​ហ្គូ។ ចំណែក​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​និយាយថា លោក Kabore ត្រូវបាន​នាំចេញ​ពី​ភូមិគ្រឹះ​កាលពី​យប់​ថ្ងៃទី ២៣ មករា មុនពេល​ក្រុម​ប្រដាប់អាវុធ​មកដល់ និង​បាញ់រះ​ទៅលើ​រថយន្ត​នានា​នៃ​ក្បួន​រថយន្ត​របស់លោក។

    សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នៅ បួ​គី​ណា ហ្វា​សូ ដោយ​យល់ថា កងទ័ព​ប្រទេស​នេះ ទទួលខុសត្រូវ​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រធានាធិបតី Kabore៕