Author: សឿន សំណាង

  • ​អាម៉េរិក ប្រកាស​អំពី​បរិមាណ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​បាន​ចែករំលែក​ដោយ​មិន​គិតថ្លៃ ដល់​ពិភពលោក

    ​អាម៉េរិក ប្រកាស​អំពី​បរិមាណ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​បាន​ចែករំលែក​ដោយ​មិន​គិតថ្លៃ ដល់​ពិភពលោក

    ប្រភពព័ត៌មាន​ពី ទីក្រុង​វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា រដ្ឋាភិបាល​របស់លោក ចូ បៃ​ឌិ​ត កាលពី​ថ្ងៃទី ២៦ មករា បានប្រកាសថា សហរដ្ឋ​អាម៉េរិក បាន​ចែករំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៤០០ លាន​ដូ​ស​រួចហើយ ដល់​ពិភពលោក។

    អ្នកចាត់ការ​ផ្នែក​ប្រតិកម្ម​នឹង កូ​វីដ-១៩ របស់ សេត​វិមាន Jeff Zient បានប្រកាស​ព័ត៌មាន​នេះ និង​ឱ្យដឹងថា វ៉ាក់សាំង​ទាំង ៤០០ លាន​ដូ​ស​នេះ ត្រូវបាន​ប្រគល់ជូន​ប្រទេស​ចំនួន ១១។ លោក Zient បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក បាន​ចែករំលែក​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​ច្រើនជាង ៤ ដង ធៀប​នឹង​ប្រទេស​ដទៃ។

    ចំណែក​មន្ត្រី​មួយរូប​ផ្សេងទៀត​របស់ សេត​វិមាន បាន​ប្រាប់ថា សហរដ្ឋ​អាម៉េរិក បានផ្ដល់​វ៉ាក់សាំង Pfizer-BioNTech ប្រមាណ ៣.២ លាន​ដូ​ស ដល់ ប្រទេស​បង់​ក្លា​ដែ​ស និង ៤.៧ លាន​ដូ​ស ដល់ ប្រទេស​ប៉ា​គី​ស្ថាន នៅក្នុង​សប្ដាហ៍​នេះ នាំឱ្យ​តួលេខ​នៃ​វ៉ាក់សាំង​ដែល​បាន​ចែករំលែក កើនឡើង​ដល់ ៤០០ លាន​ដូ​ស។

    វ៉ាក់សាំង​ដែលជា​ជំនួស​ខាងលើ ត្រូវបាន​ចែករំលែក​តាមរយៈ​យន្តការ COVAX ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​បំណង​ជួយ​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    កន្លងមក ប្រធានាធិបតី បៃ​ដិ​ន បាន​សន្យា​ចែករំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជាង ១ ពាន់​លាន​ដូ​ស ដល់​ប្រទេស​នានា ហើយ​នេះ​គឺជា​ប្រការ​ដែល​ក្រុម​អ្នកជំនាញ​យល់ថា មាន​សារសំខាន់​ដើម្បី​អាច​ឆ្លង​ផុត​ជំងឺ​រាតត្បាត​កូ​វីដ-១៩៕

  • (ក្ដៅ!)-លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ស្ដីពី «បាតុភូត» «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​អាច​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ-១៩

    (ក្ដៅ!)-លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ស្ដីពី «បាតុភូត» «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​អាច​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ-១៩

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បាន​ឆ្លង​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ក៏ដូចជា​ក្រុមមនុស្ស​ដែល​បាន​ឆ្លង​វីរុស​មុនពេល​ចាក់​វ៉ាក់សាំង នឹងមាន «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។

    យោងតាម​ព័ត៌មាន​ពី​ទូរទស្សន៍ RT (រុស្ស៊ី) ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​សុខាភិបាល Oregon (OHSU) បាន​យក​សំណាក​អង្គ​ប​ដិ​ប្រាណ​ក្នុង​ឈាម​របស់​អ្នកស្ម័គ្រចិត្ត ១០៤ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន ២ ដូ​ស។ ក្នុងនោះ​មាន ៤២ នាក់ មិន​ធ្លាប់​វិជ្ជមាន​នឹង​កូ​វីដ-១៩ ចំណែក ៣១ នាក់​ទៀត បាន​ចាក់​វ៉ា​ក់​បន្ទាប់ពី​បាន​ឆ្លង​វីរុស និង ៣១ នាក់​ផ្សេងទៀត​បាន​ឆ្លង បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។

    ក្រោយពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដាក់​សំណាក​ឈាម​របស់​អ្នកស្ម័គ្រចិត្ត​ខាងលើ ឱ្យ​ឆ្លង វ៉ា​រ្យ៉​ង់ អាល​ហ្វា បេ​តា និង ដេ​លតា របស់​វីរុស​កូ​វីដ-១៩ ពួកគេ​រកឃើញថា ការរួម​ផ្សំ​រវាង​អង្គ​ប​ដិ​ប្រាណ​ដែល​កើតឡើង​ដោយសារ​វ៉ាក់សាំង និង​អង្គ​ប​ដិ​ប្រាណ​ធម្មជាតិ​ដែល​កើតឡើង​បន្ទាប់ពី​បាន​ឆ្លង​វីរុស នឹង​បង្កើតបានជា «មហា​អង្គ​ប​ដិ​ប្រាណ» ដែល​ខ្លាំងក្លា​ជាង​យ៉ាងតិច ១០ ដង បើ​ធៀប​នឹង​សមត្ថភាព​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​កើតឡើង​ពី​ការចាក់​វ៉ាក់សាំង​តែមួយ​មុខ»។

    លោក Fikadu Tafesse សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ស្រាវជ្រាវ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យាម៉ូលេគុល និង​ភាពស៊ាំ នៃ​សាកលវិទ្យាល័យ OHSU

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សន្មត​ថា វត្តមាន​របស់​អង់​ទី​ហ្សែ​ន​បន្ថែម​ដែល​កើតឡើង​ដោយសារ​ការឆ្លង​វីរុស នឹង​នាំឱ្យ​បរិមាណ និង​គុណភាព​របស់​អង្គ​ប​ដិ​ប្រាណ​ទប់ស្កាត់​ជំងឺ​កើនឡើង​ខ្ពស់ បើទោះជា​នៅក្នុង​ករណី​បាន​ឆ្លង​វីរុស​មុន ឬ​ក្រោយ​ការចាក់​វ៉ាក់សាំង​ក៏ដោយ។ នេះ​បើតាម Fikadu Tafesse សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​ស្រាវជ្រាវ និង​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យាម៉ូលេគុល និង​ភាពស៊ាំ នៃ​សាកលវិទ្យាល័យ OHSU។

    លោក Tafesse បាន​បញ្ជាក់ថា ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​រួច គឺ​នៅតែមាន​ខ្ពស់​ដដែល។ ប៉ុន្តែ លោក​ថា អ្នក​ដែល​បាន​ឆ្លង​នៅក្នុង​ករណីនេះ នឹងមាន​អាការរោគ​ស្រាល ហើយ​លោក​ក៏បាន​ព្យាករ​ថា ជំងឺ​រាតត្បាត​កូ​វីដ-១៩ អាច​ត្រូវបាន​បិទ​បញ្ចប់​ដោយសារ «បាតុភូត» «មហា​អង្គដ​បិ​ប្រាណ» ដែល​កើតឡើង​ក្នុងករណីនេះ៕

  • ក្រុមហ៊ុន Moderna ពិសោធ​វ៉ាក់សាំង​ពិសេស ប្រឆាំង អូ​មី​ក្រុង

    ក្រុមហ៊ុន Moderna ពិសោធ​វ៉ាក់សាំង​ពិសេស ប្រឆាំង អូ​មី​ក្រុង

    Moderna ចាប់ផ្ដើម​ពិសោធ​វ៉ាក់សាំង​ដូ​ស​ជំរុញ​បង្ការ​កូ​វីដ-១៩ នៅលើ​មនុស្ស ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ប្រឆាំងនឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

    ការពិសោធ​នេះ​ធ្វើ​ឡើងលើ​មនុស្សពេញវ័យ​ចំនួន ៦០០ នាក់ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ចាក់​វ៉ាក់សាំង Moderna ២ ដូ​ស យ៉ាងតិច ៦ ខែ​មុន ចំណែក​ពាក់កណ្ដាល​ទៀត​ចាក់ ២ ដូ​ស រួម​នឹង​ដូ​ស​ជំរុញ ១ ដូ​ស​ដែលជា​វ៉ាក់សាំង​ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ផ្លូវការ​រួចហើយ។ វ៉ាក់សាំង​សម្រាប់​ប្រឆាំង អូ​មី​ក្រុង នឹងត្រូវ​បាន​ប្រើ​ជា​ដូ​ស​ជំរុញ​ទី ៣ និង​ទី ។

    Moderna ក៏​ប្រកាស​អំពី​លទ្ធផល​ស្ដីពី​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង អូ​មី​ក្រុង របស់​ដូ​ស​ជំរុញ​ផងដែរ ដោយ​អះអាងថា ៦ ខែ បន្ទាប់ពី​បាន​ចាក់​ដូ​ស​ជំរុញ បរិមាណ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង អូ​មី​ក្រុង ថយចុះ ៦ ដង ធៀប​នឹង​កម្រិត​ខ្ពស់បំផុត​ដែលមាន​បន្ទាប់ពី​ចាក់​បាន ២៩ ថ្ងៃ ប៉ុន្តែ អង្គ​ប​ដិ​ប្រាណ​នេះ​នៅតែមាន​ក្នុង​រាងកាយ​អ្នក​ដែល​បាន​ចាក់។

    «នៅ​ចំពោះមុខ​ការគំរាមកំហែង​យូរអង្វែង នៅពេល អូ​មី​ក្រុង មាន​សមត្ថភាព​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ យើង​ក៏​កំពុង​កែលំអ​វ៉ាក់សាំង​ពិសេស​សម្រាប់​ប្រឆាំង វ៉ា​រ្យ៉​ង់ នេះ។ យើង​ពិតជា​រីករាយ​ដោយបាន​ចាប់ផ្ដើម​ស្រាវជ្រាវ​ដំណាក់កាល​ទី ២» ប្រធាន​នាយក​ប្រតិបត្តិ Stephane Bancel របស់ Moderna ឱ្យដឹង​ដូច្នេះ។

    ប្រកាស​របស់ Moderna ត្រូវបាន​ធ្វើឡើង ១ ថ្ងៃ បន្ទាប់ពី Pfizer ឱ្យដឹងថា ខ្លួន​ចាប់ផ្ដើម​ចុះឈ្មោះ​ពិសោធ​លើ​មនុស្ស​ចំពោះ​វ៉ាក់សាំង​ពិសេស​សម្រាប់​ទប់ស្កាត់ អូ​មី​ក្រុង។

    ក្រុមហ៊ុន​ទាំង ២ នេះ សុទ្ធតែ​អភិវឌ្ឍ​វ៉ាក់សាំង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ដែល​អនុញ្ញាត​ឱ្យធ្វើ​បច្ចុប្បន្ន​វ៉ាក់សាំង​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ដើម្បី​តាម​ទាន់​ល្បឿន​នៃ​វិវត្តន៍​របស់​បណ្ដា វ៉ា​រ្យ៉​ង់ ថ្មី។

    ពិភពលោក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ជាង ៣.៤៦ លាន​ករណី និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ១០,០០០ ករណី ក្នុងអំឡុង ២៤ ម៉ោង​កន្លង ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់​ជាង ៣៦២.៨ លាន​នាក់ និង​ស្លាប់​ជាង ៥.៦ លាន​នាក់៕

  • រថយន្ត​អគ្គិសនី​ទំនើប និង​​ថ្មី​បំផុត ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ស្រុក

    រថយន្ត​អគ្គិសនី​ទំនើប និង​​ថ្មី​បំផុត ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ស្រុក

    ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក នា​ព្រឹក​នេះ បានធ្វើ​ទស្សនកិច្ច​រោងចក្រ VinFast ដែលជា​អ្នក​អភិវឌ្ឍ និង​ផលិត​រថយន្ត​អគ្គិសនី​ទំនើប​របស់​ក្រុមហ៊ុន Vingroup ដែលមាន​មហាសេដ្ឋី​វៀតណាម លោក ហ្វា​ម ញ៉ឹ​ត​វឿ​ង ជា​ស្ថាបនិក។

    នៅ​ទីលាន​របស់​រោងចក្រ ប្រធានាធិបតី​វៀតណាម បាន​សាកល្បង​ជិះ​កៅអី​ខាងក្រោយ​នៃ​រថយន្ត​អគ្គិសនី VinFast VF៨ ខណៈដែល​មហាសេដ្ឋី ញ៉ឹ​ត​វឿ​ង ជា​អ្នក​កាន់ចង្កូត​បើកបរ​ដោយផ្ទាល់។ ក្រុមមន្ត្រី និង​បុគ្គលិក​ក្រុម​ហុន នាំគ្នា​អបអរសាទរ និង​បង្ហាញ​ពី​មោទកភាព​ចំពោះ​រថយន្ត​អគ្គិសនី​របស់​ពួកគេ។

    នេះ​ជា​លើកដំបូង​ហើយ​ដែល VinFast VF៨ បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ វៀតណាម។ ម៉ូ​ដែល​រថយន្ត​នេះ​ត្រូវបាន​តាំង​បង្ហាញ​លើកដំបូង​នៅក្នុង​ពិព័រណ៍ Los Angeles Auto Show ឆ្នាំ ២០២១ និង​ត្រូវបាន​ប្រកាស​តម្លៃ​លក់​ដំបូង​គឺ ១,០៥៧ លាន​ដុង ស្មើនឹង ៤៦,៦00 ដុល្លារ​អាម៉េរិក សម្រាប់​កំណែ Eco និង​ជាង ១,២៣៧ លាន​ដុង ស្មើនឹង ៥៤,៦០០ ដុល្លារ​អាម៉េរិក សម្រាប់​កំណែ VF៨ Plus នៅក្នុង​ទីផ្សារ វៀតណាម។

    VinFast VF៨ គឺជា​រថយន្ត​រត់​ដោយ​ថាមពល​អគ្គិសនី ប្រភេទ SUV ៥ កៅអី ខ្នាត​មធ្យម ប្រហាក់ប្រហែល​នឹង​រថយន្ត​ Mercedes-Benz GLC ឬ BMW X។ រថយន្ត​នេះ​បំពាក់​បច្ចេកវិទ្យា​ជំនួយការ​បើកបរ​ឆ្លាត​វៃ ម៉ូ​ទ័​រ​អគ្គិសនី កម្លាំង ៤០២ សេះ។ កំណែ​ធម្មតា និង Plus ប្រើប្រាស់​ថ្ម​ខុសគ្នា ក្នុងនោះ កំណែ​មួយ​អាច​រត់​បាន​ចម្ងាយ ៤៦០ គីឡូម៉ែត្រ និង​កំណែ​មួយទៀត​រត់​បាន ៥១០ គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​ថាមពល​ពេញ។

    តាម​ផែនការ រោងចក្រ VinFast នឹង​ប្រគល់​រថយន្ត​ដល់ដៃ​អតិថិជន ចាប់ពី​ចុងឆ្នាំ ២០២២ នេះ។ រថយន្ត​អគ្គិសនី​ទាំងនេះ ត្រូវបាន​ផលិត​នៅ ប្រទេស​វៀតណាម៕

  • អតីត​កីឡាករ​បាល់ទាត់ ប្រែក្លាយ «ការងារ​ដៃ​ឆ្វេង» ឱ្យទៅជា​យីហោ​មានតម្លៃ ២ ពាន់​លាន​ដុល្លារ

    អតីត​កីឡាករ​បាល់ទាត់ ប្រែក្លាយ «ការងារ​ដៃ​ឆ្វេង» ឱ្យទៅជា​យីហោ​មានតម្លៃ ២ ពាន់​លាន​ដុល្លារ

    Tim Brown ដែលជា​អតីត​កីឡាករ​បាល់ទាត់​មួយរូប បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​កសាង​យីហោ Allbirds ដ៏​ល្បីឈ្មោះ​នៅ អឺរ៉ុប និង​មានតម្លៃ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការងារ​បន្ថែម​កាលពី​គាត់​នៅ​រត់​លើ​វាលស្មៅ។

    លោក Tim Brown ឱ្យដឹងថា កាលពី​នៅ​ជា​កីឡាករ​បាល់ទាត់ គាត់​ចូលចិត្ត​ផលិតផល​ដែល​បណ្ដា​ក្រុមហ៊ុន​ជូន​ដល់​លោក​ដោយ​មិន​គិតថ្លៃ​សម្រាប់​ការប្រើប្រាស់​សាកល្បង ប៉ុន្តែ គាត់​មានការ​បារម្ភ​អំពី​វិធី​ផលិត​របស់​វា។

    ដូច្នោះ គាត់​ក៏បាន​សហការ​បង្កើត​ក្រុមហ៊ុនកាត់ដេរ Allbirds នៅ អឺរ៉ុប។ Allbirds បាន​ចុះ​បញ្ជិកា​លើ​ផ្សា​រមូល​ប​ត្រ​កាលពី​ខែវិច្ឆិកា ២០២១ ជាមួយនឹង​ការកំណត់​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ។

    ជា​កីឡាករ​ដែល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ នូ​វែ​ល​សែ​ឡង់ នៅ World Cup ២០១០ លោក Brown ឱ្យដឹងថា៖ «ខ្ញុំ​បានដឹងថា ខ្ញុំ​អាចមាន​ឥទ្ធិពល​កម្រិតណា​ដល់ «សហគមន៍» របស់ខ្ញុំ»។

    ជាក់ស្ដែង Brown ចាប់ផ្ដើម​ផលិត​ស្បែកជើង​ដូច​ទៅនឹង​ការងារ​ដៃ​ឆ្វេង​របស់គាត់ ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់។ កាលណោះ គាត់​មិនទាន់បាន​គិតដល់​បញ្ហា​ស្ថិរភាព​នៅឡើយ។ ប៉ុន្តែ ដល់ពេល​បាន​ជួប Joey Zwillinger ដែលជា​វិស្វករ និង​ជា​អ្នកជំនាញ​ផ្នែក​ថាមពល​កកើត​ឡើងវិញ ទើប​គាត់​ចាប់ផ្ដើម​យល់​អំពី​ការគំរាមកំហែង​ពី​បំរែបំរួល​អាកាសធាតុ​មកលើ​ផែនដី និង​មនុស្សជាតិ។

    អ្នក​ទាំងពីរ បាន​សហការគ្នា​កសាង​ក្រុមហ៊ុន Allbirds នេះ​ឡើង ដើម្បី​បង្កើត​ដំណោះស្រាយ​ជំនួស​ប្រកបដោយ​ស្ថិរភាព​សម្រាប់​ទីផ្សារ​ស្បែកជើង។ Allbirds មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ ២០១៥ ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រភេទ B Corp ដែល​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​សង្គម​ទាក់ទង​នឹង​បរិស្ថាន​ដែល​កើតឡើង​ពី​សកម្មភាព​ផលិត។

    ពួកគេ​អភិវឌ្ឍ​ដំណោះស្រាយ​មួយ​ជំនួស​ឱ្យ​សារធាតុ ethylene-vinyl acetat ដែលមាន​ប្រភពពី​ប្រេង​ឆៅ ជា​ប្រភេទ​ជ័រ​មួយ​ដែល​ស្រដៀង​ទៅនឹង​កៅស៊ូ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​បាត​ស្បែកជើង។ វត្ថុ​ធាតុ​របស់ Allbirds គឺមាន​ប្រភពពី​ផលិតផល​សំណល់​របស់​យន្ត​ការកែ​ច្នៃ​ស្ករអំពៅ ជា​វត្ថុ​ដែល​ល្អ​សម្រាប់​បរិស្ថាន។

    ប៉ុន្តែ មិន​ឈប់​ត្រឹមនេះ​ទេ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Allbirds បានឱ្យដឹងថា៖ «យើង​អាច​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន​ដោយ​វិធី​កែប្រែ​ដំណើរការ​នៃ​ការផលិត​វត្ថុ​ធាតុ​នេះ​ឱ្យទៅជា «open source» សម្រាប់​ភាគីផ្សេងៗយកទៅ​កែច្នៃ ដូច្នេះ យើង​អាចបង្កើត​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត»។

    កសាង​ក្រុមការងារ​ដែល​ខ្លាំងក្លា

    ប្រការ​អ្វីដែល​បង្កើតបាន​ក្រុមការងារ​ខ្លាំងក្លា? យោងតាម Brown នោះ​គឺ​ភាពខុសគ្នា។ «ភាពខុសគ្នា បង្កើតបានជា​កម្លាំង ក៏ដូចជា​សមត្ថភាព​ដើម្បី​បោះជំហាន​ទៅមុខ​បាន​ឆ្ងាយ​ជាង​អ្វីដែល​អ្នក​អាចធ្វើ​ម្នាក់ឯង»។ ការសហការ​គ្នា​រវាង Allbirds និង Adidas សម្រាប់​ការផលិត​ស្បែកជើង Futurecraft Footprint គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​សម្រាប់ «ភាពខុសគ្នា» ដែល​ក្រុមហ៊ុន Allbirds បានលើកឡើង។

    បង្ហាញខ្លួន និង​ស្ដាប់

    Brown ផ្ដល់​អនុសាសន៍​ដល់​ប​ណ្ដា​សហគ្រិន​នានា ឱ្យ​យកចិត្តទុកដាក់​ទៅលើ​ការកែលំអ​ជា​បន្តបន្ទាប់​នូវ​ផលិត​ផល​​របស់ខ្លួន ដោយ «បង្ហាញខ្លួន» និង​ស្ដាប់​មតិ​ស្ថាបនា​ពី​អតិថិជន៕

  • (វីដេអូ)-«រថយន្ត​ហោះ​» របស់​ក្រុមហ៊ុន​មួយ ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ការហោះហើរ​ជា​ផ្លូវការ

    (វីដេអូ)-«រថយន្ត​ហោះ​» របស់​ក្រុមហ៊ុន​មួយ ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ការហោះហើរ​ជា​ផ្លូវការ

    ក្រោយពី​ជើងហោះហើរ​រវាង​ទីក្រុង​ជា​លើកដំបូង​កាលពី​ខែមិថុនា ២០២១ ម៉ូ​ដែល​គំរូ​រថយន្ត​ហោះ AirCar របស់ Klein Vision ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​ចរាចរណ៍​នៃ ប្រទេស​ស្លូ​វ៉ា​គី អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព។

    កាលពី​ឆ្នាំ ២០១៦ សាស្ត្រាចារ្យ Stefan Klein បាន​ចាក​ចេញពី​ក្រុមហ៊ុន Aeromobil នៅ ស្លូ​វ៉ា​គី ដើម្បី​អភិវឌ្ឍ​ម៉ូ​ដែល​រថយន្ត​ហោះ​ផ្ទាល់ខ្លួន។ ក្រុម​របស់លោក Stefan ដែលមាន​គ្នា ៨ នាក់ បាន​ឆ្លងកាត់​ការធ្វើការ រយៈពេល ១០០,០០០ ម៉ោង ដើម្បី​ប្រែក្លាយ​គំនូរ​ប្លង់​មេ ទៅជា​គំរូ​នៅលើ​កុំព្យូទ័រ និង​ម៉ូ​ដែល​គំរូ​ម៉ូ​ដែល​ហោះហើរ​បាន។

    ម៉ូ​ដែល​គំរូ​របស់ AirCar បាន​ឆ្លងកាត់​ការហោះហើរ​សាកល្បង​ជាង ៧០ ម៉ោង ទៅតាម​ស្ដង់ដា​របស់​នាយកដ្ឋាន​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប (EASA) ក្នុងនោះ​មានការ​ហោះ​ឡើង និង​ចុះចត ២០០ ម៉ោង នៅក្នុង​ជើងហោះហើរ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុង​បំណង​សុំ​អាជ្ញាប័ណ្ណ។

    បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​ Klein Vision កំពុង​រៀប​គម្រោង​ដើម្បីឱ្យ AirCar អាច​ហោះ​ពី បារី​ស ទៅកាន់ ក្រុង​ឡុង​ដ៍ នាពេលខាងមុខ។

    AirCar មាន​រូបរាង​ស្រដៀង​នឹង​ឡាន​ប្រណាំង និង​មាន​កៅអី​ចំនួន ២ ព្រមទាំង​ប្រើប្រាស់​ម៉ាស៊ីន BMW ៤ ស៊ីឡាំង ចំណុះ ១.៦ លីត្រ និង​កម្លាំង ១៤០ សេះ។ រថយន្ត​ហោះ​នេះ​ប្រើប្រាស់​ល្បឿន ១១៥ គី​ឡ​ម៉ែត្រ/ម៉ោង ដើម្បី​ហោះ​ឡើង ខណៈដែល​ល្បឿន​ហោះហើរ​ផ្លូវ​ឆ្ងាយ​របស់​វា​គឺ ១៨០ គីឡូម៉ែត្រ/ម៉ោង។

    ដោយ​គ្រាន់តែ​ចុច​លើ​គ្រាប់​ចុច និង​រង់ចាំ​ប្រហែល​តែ ២ នាទី​ប៉ុណ្ណោះ AirCar នឹង​ប្ដូរ​ពី​ទម្រង់​ហោះហើរ ទៅជា​ទម្រង់​ដូច​ឡាន​ដែល​រត់​នៅលើ​ដី។

    បច្ចុប្បន្ន Klein Vision កំពុង​ធ្វើតេស្ត​ម៉ាស៊ីន​ធុន​ស្រាល​មួយ​ប្រភេទ​ដែលមាន​កម្លាំង​ខ្លាំង​របស់​ក្រុមហ៊ុន Adept Airmotive។ ម៉ាស៊ីន​នេះ ជួយ​ឱ្យ​រថយន្ត​ហោះ AirCar មាន​ល្បឿន​ជាង ៣០០ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ក្នុង​រង្វង់​ប្រតិបត្តិការ ១,០០០ គីឡូម៉ែត្រ។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​គំរូ​ផលិត​នេះ​ក្នុង​រង្វង់ ១៣ ខែ​ទៀត៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ក្នុង​ថ្ងៃទី ២៥ មករា ២០២២

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ក្នុង​ថ្ងៃទី ២៥ មករា ២០២២

    អ្នក​វិជ្ជមាន​​​ថ្មី​ទាំង​ ២២ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី អូមីក្រុង នេះ​ រួម​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ១៧ នាក់ និង​ ករណី​អ្នក​ដំណើរពីបរទេស ៥ នាក់។

    ក្នុង​ថ្ងៃ​ដដែល កម្ពុជា​ ក៏​​មាន​អ្នក​​ជាសះស្បើយ​ពី​ជំងឺ​ កូវីដ-១៩ ចំនួន​ ២០ នាក់ និងស្លាប់ «គ្មាន»។

  • WHO ព្រួយបារម្ភ​អំពី កូ​វីដ-១៩ ប្រភេទ​ថ្មី នាពេល​អនាគត ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង

    WHO ព្រួយបារម្ភ​អំពី កូ​វីដ-១៩ ប្រភេទ​ថ្មី នាពេល​អនាគត ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង

    អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា វ៉ា​រ្យ៉​ង់ បន្ទាប់​របស់ កូ​វីដ-១៩ អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង ប៉ុន្តែ មិនទាន់​ដឹងថា វា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ជាង​ប្រភេទ​បច្ចុប្បន្ន ឬ​យ៉ាងណា​នៅឡើយ។

    «យើង​មានការ​ព្រួយបារម្ភ​ចំពោះ វ៉ា​រ្យ៉​ង់ បន្ទាប់ ដែល​អាច​ងាយ​ឆ្លង​ជាង ព្រោះតែ​វា​ត្រូវ​ឆ្លងកាត់​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​កំពុងមាន​បច្ចុប្បន្ន។ សំណួរ​ធំ​បំផុត​នោះ​គឺថា តើ វ៉ា​រ្យ៉​ង់ ក្នុង​អនាគត​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ដែរ ឬទេ» Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​របស់ WHO លើកឡើង​ដូច្នេះ​កាលពី​ថ្ងៃទី ២៥ មករា។

    អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ២១ លាន​ករណី នៅ​ទូទាំង​ពិភពលោក ត្រូវបាន​រាយការណ៍​ដ​ល់ WHO កាលពី​សប្ដាហ៍​មុន ដែល​តួលេខ​នេះ​កើនឡើង​ខ្ពស់បំផុត​នៅក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​កាលពីពេល​កន្លង ដោយសារតែ អូ​មី​ក្រុង។

    អូ​មី​ក្រុង ទំនងជា​មិន​សាហាវ​ជាង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ប៉ុន្តែ ការឆ្លង​រាលដាល​លឿន​របស់​វា នាំឱ្យ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​រង​សម្ពាធ​ធ្ងន់។

    លោក​ស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសរបស់ WHO

    Kerkhove បាន​ព្រមាន​ថា គ្រប់គ្នា​មិនគួរ​ជឿជាក់​ទាំងស្រុង​ទៅលើ​សម្មតិកម្ម​ដែលថា វីរុស​នឹង​បន្ត​វិ​វត្ត​ទៅជា ប្រភេទ​ខ្សោយ​ជាង​បច្ចុប្បន្ន និង​មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​នោះឡើយ។

    ចំណែក​ប្រធាន​កម្មវិធី​បន្ទាន់​របស់ WHO វិញ ឱ្យដឹងថា វីរុស​នឹង​បន្ត​រីកចម្រើន​មុនពេល​ស្ងប់ស្ងាត់។ លោក​សង្ឃឹមថា វីរុស​នឹង​វិ​វត្ត​ទៅជា​ខ្សោយ ដោយ​ការឆ្លង​រាលដាល​អាច​នឹងមាន​ល្បឿន​យឺត​មកវិញ ហើយ​អាច​ក្លាយជា​វីរុស​ដែល​ឆ្លងតាម​រដូវ ឬ​អាច​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ។

    ក៏ប៉ុន្តែ បញ្ហា កូ​វីដ-១៩ គឺ​មិនអាច​ស្មាន​បានឡើយ។ ជាក់ស្ដែង វីរុស​បាន​នាំមក​នូវ​ការ​ភ្ជា​ក់​ផ្អើល​ជាច្រើន​ដែល​បង្ក​ការលំបាក​ដល់​មនុស្ស។ នេះ​បើតាម​វេជ្ជបណ្ឌិត Mike Ryan៕

  • រ៉ុក្កែត​របស់ SpaceX ​ក្នុង​បេសក​កម្ម​តម្លៃ​ជាង​ ៣០០​ លាន​ដុល្លារ​ កំពុង​ហោះ​សំដៅបុក​​ផ្ទៃ​ព្រះ​ចន្ទ

    រ៉ុក្កែត​របស់ SpaceX ​ក្នុង​បេសក​កម្ម​តម្លៃ​ជាង​ ៣០០​ លាន​ដុល្លារ​ កំពុង​ហោះ​សំដៅបុក​​ផ្ទៃ​ព្រះ​ចន្ទ

    ក្រោយពី​បាន​នាំ​ស្ថានីយ​សង្កេត​របស់ SpaceX ចូលទៅ​កាន់​ទី​អវកាស រ៉ុក្កែត​រុញច្រាន Falcon 9 ឆ្លងកាត់​គន្លង​គោចរ​ប្រកបដោយ​ភាពមិន​នឹងន ហើយ​វា​នឹង​អាច​ធ្លាក់​ទៅលើ​ផ្ទៃ​ព្រះ​ចន្ទ​នៅ​ដើមខែ​មីនា ២០២។

    ជាន់​ទី​ពីរ​​របស់​ ​រុ​ក្កែ​ត Falcon 9 ដែលមាន​ទម្ងន់​ប្រហែល ៤ តោន នឹង​ធ្លាក់​ទៅលើ​ផ្ទៃ​​របស់​ព្រះ​ចន្ទ​ក្នុង​ល្បឿន​ជិត ៩,២០០ គីឡូម៉ែត្រ/ម៉ោង។

    កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៥ រ៉ុក្កែត Falcon 9 របស់​ SpaceX ត្រូវបាន​បាញ់​បង្ហោះ​ពី Cape Canaveral ក្នុង​រដ្ឋ Florida (សហរដ្ឋ​អាម៉េរិក) នាំ​ស្ថានីយឧតុនិយម​អវកាស (DSCOVR) ទៅកាន់​ទីតាំង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល ១.៦ លាន​គីឡូម៉ែត្រ។ បេសកកម្ម​នេះ​មានតម្លៃ ៣៤០ លាន​ដុល្លារ​អាម៉េរិក។

    រ៉ុក្កែតរបស់ SpaceX កាលពីដំណាក់កាលត្រៀមដំឡើងលើជើងទម្រនៅ Florida កាលពីខែកុម្ភៈ ២០១៥

    បន្ទាប់ពី​បាន​នាំ DSCOVR ទៅដល់​គន្លង​អន្តរកាល (hohmann transfer) ជាន់​ទី​ពីរ​របស់​រ៉ុក្កែត Falcon 9 ក៏​ក្លាយជា​សំរាម​អវកាស និង​មិនមាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​គេចផុត​ពី​ទំនាញ​របស់​ផែនដី និង​ព្រះ​ចន្ទ។

    ជា​លទ្ធផល ផ្នែក​ដែល​នៅសល់​របស់ Falcon 9 កំពុង​ស្ថិតនៅ​លើផ្លូវ​សំដៅ​ធ្លាក់ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅ​ថ្ងៃទី ៤ មីនា ២០២។ លោក Bill Gray ដែលជា​អ្នកសរសេរ​កូដ​តាមដាន​វត្ថុ​អវកាស​ក្បែរ​ផែនដី បាន​អំពាវនាវ​ដល់​អ្នកវិទ្យាសាស្ត្រ ឱ្យ​តាមដាន​ទិសដៅ​របស់​រ៉ុក្កែត​នេះ៕

  • មូលហេតុ​ដែលនាំ​ឱ្យ​​អ្នក​ជំងឺ​​​កូ​វីដ-​១៩ ​ខ្លះ​ មាន​​អាការ​​ធ្ងន់​ធ្ងរ ឯ​​ខ្លះ​ទៀត​មាន​អាការ​​ស្រាល

    មូលហេតុ​ដែលនាំ​ឱ្យ​​អ្នក​ជំងឺ​​​កូ​វីដ-​១៩ ​ខ្លះ​ មាន​​អាការ​​ធ្ងន់​ធ្ងរ ឯ​​ខ្លះ​ទៀត​មាន​អាការ​​ស្រាល

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មួយចំនួន មាន​អាការ​ធ្ងន់ធ្ងរ ខណៈដែល​អ្នកជំងឺ​ខ្លះទៀត​បែរ​ជាមាន​អាការ​ស្រាល​ទៅវិញ។

    យោងតាម​សារព័ត៌មាន Daily Mail (អង់គ្លេស) នៅក្នុង​គម្រោង​ស្រាវជ្រាវ​អន្តរជាតិ​មួយ វេជ្ជបណ្ឌិត Jean-Laurent Casanova រួម​នឹង​សហការី​របស់គាត់​នៅ​សាកលវិទ្យាល័យ Rockefeller (សហរដ្ឋ​អាម៉េរិក) បាន​ស្រាវជ្រាវ​រក​កត្តា​ដែលនាំឱ្យ​មានការ​កើនឡើង​នៃ​ហានិភ័យ​កើត​ជំងឺ​កូ​វីដ-១៩ ធ្ងន់ធ្ងរ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​រកឃើញថា អ្នកជំងឺ​ដែល​ចូល​ពេទ្យ​ដោយសារ​ឆ្លង​កូ​វីដ-១៩ មាន​កំហាប់ autoantibody (autoantibody គឺជា​អង្គ​ប​ដិ​ប្រាណ​ដែល​ផលិត​ដោយ​ប្រព័ន្ធ​ការ​រាងកាយ និង​វាយប្រហារ​លើ​ប្រូតេអ៊ីន​ល្អ ដោយសារ​ច្រឡំ) ខ្ពស់ជាង​ច្រើន ធៀប​នឹង​អ្នកជំងឺ​ដែល​មិនត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ពួកគេ​គណនា​ឃើញថា autoantibody មាន​ប្រហែល ១/៥ នៃ​ករណី​ស្លាប់​សរុប​ដែល​បង្កឡើង​ដោយ​កូ​វីដ-១។

    អង្គ​ប​ដិ​ប្រាណ​ដែល​វាយប្រហារ​លើ​រាងកាយ​អ្នកជំងឺ​នេះ បានធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ព្រោះតែ​ពួកវា​ទប់ស្កាត់​សកម្មភាព​របស់​ម៉ូ​លី​គុល​ដែលមាន​តួនាទី​រារាំង​ការឆ្លង​រាលដាល​របស់​វីរុស។

    ដោយសារតែ autoantibody អាច​ត្រូវបាន​រកឃើញ​ដោយ​ការពិសោធ​ឈាម ដូច្នេះ​គេ​អាច​កំណត់​បាន​ច្បាស់​ថា អ្នកណា​មាន​កំហាប់ autoantibody ខ្ពស់។ បន្ទាប់មក វេជ្ជបណ្ឌិត​នឹង​អាច​រកឃើញ​បាន​យ៉ាង​ឆាប់រហ័ស​នូវ​អ្នកជំងឺ​ដែល​ត្រូវការ​ព្យាបាល​សកម្ម និង​លើកឡើង​នូវ​វិធីសាស្ត្រ​ព្យាបាល​ទប់ស្កាត់​ទាន់ពេល៕