Author: សឿន សំណាង

  • ​​ហុង​ឌូ​រ៉ា​ស​ មាន​​ប្រធានាធិបតី​​ជា​​ស្ត្រី​ភេទ​​លើក​ដំបូង​​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ

    ​​ហុង​ឌូ​រ៉ា​ស​ មាន​​ប្រធានាធិបតី​​ជា​​ស្ត្រី​ភេទ​​លើក​ដំបូង​​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ

    កាលពី​ថ្ងៃទី ២៧ មករា លោកស្រី Xiaomara Castro បានធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់កាប់​កៅអី​ប្រធានាធិបតី​នៅ ប្រទេស​ហុង​ឌូ​រ៉ា​ស។

    ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង លោកស្រី​ប្រធានាធិបតី​ថ្មី (ភរិយា​របស់​អតីត​ប្រធានាធិបតី Manuel Zelaya) បាន​សន្យាថា នឹង​យក​បញ្ហា​បំណុល​ធំ​របស់​ប្រទេសជាតិ​ជា​គោលដៅ​អាទិភាព​នៃ​លោកស្រី​ត្រូវ​ដោះស្រាយ។

    ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​ក៏មាន​វត្តមាន​របស់ អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី Kamala Harris ផងដែរ។ លោកស្រី Harris ថ្លែងថា សហរដ្ឋ​អាម៉េរិក គាំទ្រ ហុង​ឌូ​រ៉ា​ស ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ និង​ការដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក។

    កត្តាសេដ្ឋកិច្ច​គឺជា​បញ្ហា​ស្នូល​ដែល​បាន​ជួយ​ឱ្យ​លោកស្រី Castro ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ២០២១។ លោកស្រី​អះអាងថា មិនអាច​ទូទាត់​ខ្ទង់​បំណុល​សាធារណៈ ១៥.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក (៦០% នៃ GDP) នាបច្ចុប្បន្ន​បានឡើយ បើសិនជា​មិនបង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី។

    ប្រធានាធិបតី​ថ្មី​របស់ ហុង​ឌូ​រ៉ា​ស ក៏បាន​សន្យា ប្រឆាំងនឹង​អំពើពុករលួយ ភាពក្រីក្រ និង​អំពើហិង្សា រួម​នឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​រួមចំណែក​នាំឱ្យមាន​បញ្ហា​ពលរដ្ឋ​ចំណាកស្រុក​នៅឯ​ព្រំដែន​ជាប់ ទឹកដី​អាម៉េរិក៕

  • ក្ដៅ! អ្នក​វិទ្យាសាស្ត្រ​​ចិន​ រក​ឃើញ​​វីរុស​ កូ​រ៉ូ​ណា​ (Corona) ​ប្រភេទ​​ថ្មី​​មួយ​ទៀត​​ហើយ!

    ក្ដៅ! អ្នក​វិទ្យាសាស្ត្រ​​ចិន​ រក​ឃើញ​​វីរុស​ កូ​រ៉ូ​ណា​ (Corona) ​ប្រភេទ​​ថ្មី​​មួយ​ទៀត​​ហើយ!

    អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ នោះ​គឺថា បណ្ដា​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង​វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩ បច្ចុប្បន្ន ទំនងជា​មិនអាច​ជួយ​ការពារ​មនុស្ស​ពី​ប្រភេទ​វីរុស​កូ​រ៉ូ​ណា ដែល​ទើបតែ​ត្រូវបាន​រកឃើញ​ថ្មី​នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ចិន ទើបតែ​បានប្រកាស និង​ព្រមាន​អំពី​ការគំរាមកំហែង​យ៉ាង​ស្ងាត់ស្ងៀម ដោយសារតែ វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី បង្ហាញខ្លួន ហើយ​វា​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​មិនអាច​ត្រូវបាន​បន្សាប​ដោយ​បណ្ដា​អង្គ​ប​ដិ​ប្រាណ​ដែល​ផលិតឡើង​សម្រាប់​ទប់ទល់​នឹង កូ​វីដ-១៩។

    ទូរទស្សន៍ RT របស់ រុស្ស៊ី បាន​រាយការណ៍​ថា ក្រុម​ស្រាវជ្រាវ​ដែល​ធ្វើការ​នៅ​សាកលវិទ្យាល័យ​អ៊ូ​ហាន ប្រទេស​ចិន បាន​រកឃើញ វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ដែលមាន​ឈ្មោះថា NeoCoV មាន​ប្រភពពី អាហ្វ្រិក​ខាងត្បូង។ ពួកគេ​ជឿថា NeoCoV និង «សាច់ញាតិ​ជិត» របស់​វា​គឺ PDF-២១៨០-CoV អាច​ជ្រៀតចូល​កោសិកា​មនុស្ស​ដោយ​ប្រើប្រាស់​អង់​ហ្សី​ម ACE២ មួយចំនួន។ បច្ចុប្បន្ន វីរុស​កូ​រ៉ូ​ណា ប្រភេទ NeoCoV នេះ កំពុង​រាតត្បាត​លើស​ត្វ​ប្រចៀវ។

    សូម​រំលឹកថា វីរុស SARS-CoV-២ (Covid-19) ដែល​បានបង្ហាញ​វត្តមាន​លើកដំបូង​នៅក្នុង ខេត្ត​អ៊ូ​ហាន ហើយ​ក្រោយមក​បាន​បង្កឱ្យមាន​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ ក៏​ប្រើប្រាស់ ACE២ ដើម្បី​ជ្រៀតចូល​កោសិកា​មនុស្ស។

    របាយការណ៍​ខាងលើ​ដែល​ត្រូវ​បានប្រកាស​នៅលើ​ទំព័រ bioRxiv បានឱ្យដឹងថា NeoCoV មិនអាច​ត្រូវបាន​បន្សាប​ដោយ​អង្គ​ប​ដិ​ប្រាណ​ទាំងឡាយ​ដែល​ផលិតឡើង​សម្រាប់​ទប់ស្កាត់​វីរុស SARS-CoV-២ ឬ MERS-CoV នោះឡើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ព្រមាន​អំពី​ការគំរាមកំហែង​លើ​សុវត្ថិភាព​ជីវសាស្ត្រ​ពី​វីរុស​ខាងលើនេះ​ចំពោះ​សុខភាព​មនុស្សលោក ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​អត្រា​នៃ​ការស្លាប់ និង​ល្បឿន​នៃ​ការឆ្លង​រាលដាល​ខ្ពស់​ផងដែរ៕

  • សេដ្ឋកិច្ច​​របស់​ សហរដ្ឋ​​អាម៉េរិក​ ​ឆ្នាំ ​២០២១​ មាន​​កំណើន​​ខ្ពស់​បំផុត​​ក្នុង​អំឡុង​ ៤០ ​ឆ្នាំ​​កន្លង

    សេដ្ឋកិច្ច​​របស់​ សហរដ្ឋ​​អាម៉េរិក​ ​ឆ្នាំ ​២០២១​ មាន​​កំណើន​​ខ្ពស់​បំផុត​​ក្នុង​អំឡុង​ ៤០ ​ឆ្នាំ​​កន្លង

    សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក បាន​ងើបឡើង​មកវិញ ដោយមាន​កំណើន​ជិត ៦% ក្នុង​ឆ្នាំ ២០២១ ដែល​នេះ​គឺជា​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​យ៉ាង​លឿន បន្ទាប់ពី​បាន​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ ២០២០។ នេះ​គឺជា​ព័ត៌មាន​ដែល​ទើបតែ​ត្រូវបាន រដ្ឋាភិបាល​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៧ មករា ២០២២។

    យោងតាម​ការ​គណនារ​បស់ ក្រសួងពាណិជ្ជកម្ម​អាម៉េរិក កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ ២០២១ របស់​ប្រទេស​នេះ គឺ ៥.៧% ដែលជា​កំណើន​ខ្ពស់បំផុត​រាប់​ចាប់តាំងពី​ឆ្នាំ ១៩៨៤។ ប្រការនេះ​បានបង្ហាញ​អំពី​ការ​ងើបឡើង​វិញ​យ៉ាង​លឿន ព្រោះថា កាលពី ១ ឆ្នាំមុន​នោះ សេដ្ឋកិច្ច​អាម៉េរិក ដាំ​ក្បាល​ចុះ ៣.៤% ដែលជា​ការធ្លាក់ចុះ​ជ្រៅ​បំផុត​ក្នុងអំឡុង ៧៤ ឆ្នាំ​កន្លង។

    កំណើនសេដ្ឋកិច្ច​អាម៉េរិក មួយ​ភាគ​ធំ​អាស្រ័យ​លើ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ចធំៗ និង​គោលនយោបាយ​ការប្រាក់​ទាប​របស់​រដ្ឋា​ភិ​បាល។ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​បាន​ថយចុះយឺតៗមកវិញ​កាលពី​ចុងឆ្នាំ ២០២១ នៅពេល សហរដ្ឋ​អាម៉េរិក ប្រឈម​នឹង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដែល​បាន​បណ្ដាលឱ្យ​ការចំណាយ​មានការ​កាត់បន្ថយ ខណៈដែល​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​មួយចំនួន​ក៏ត្រូវ​រំខាន៕

  • សហភាព​អឺរ៉ុប «បើក​ភ្លើង​​ខៀវ» ​សម្រាប់​​​ឱសថ​​ព្យាបាល​​ជំងឺ​​កូ​វីដ-១៩​ របស់​ Pfizer

    សហភាព​អឺរ៉ុប «បើក​ភ្លើង​​ខៀវ» ​សម្រាប់​​​ឱសថ​​ព្យាបាល​​ជំងឺ​​កូ​វីដ-១៩​ របស់​ Pfizer

    EMA ដែលជា​អាជ្ញាធរ​គ្រប់គ្រង​ឱសថ​របស់ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ២៧ មករា បានអនុម័ត​ឱ្យប្រើ​ប្រាស់​ដោយមាន​លក្ខខណ្ឌ ចំពោះ​ថ្នាំ​ប្រឆាំង​វីរុស​កូ​វីដ-១៩ ឈ្មោះ Paxlovid របស់​ក្រុមហ៊ុន Pfizer (សហរដ្ឋ​អាម៉េរិក) សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ពេញវ័យ និង​មាន​ហានិភ័យ​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ។

    ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល សហភាព​អឺរ៉ុប (EU) កំពុង​បង្កើន «ឃ្លាំង​អាវុធ» សម្រាប់​សង្គ្រាម​ប្រឆាំងនឹង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    ការអនុម័ត​របស់ EMA នឹង​អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ EU ប្រើប្រាស់​ថ្នាំ Paxlovid ក្រោយពី EMA បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ចុង​ឆ្នាំទៅ។ អ៊ីតាលី អាល្លឺម៉ង់ និង បែលហ្ស៊ិក ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច​បំផុត​ដែល​មិនបាន​ប្រើប្រាស់​ថ្នាំ​នេះ​នាពេល​កន្លង។

    ​ថ្នាំ Paxlovid របស់ Pfizer

    កាលពី​ខែធ្នូ ២០២១ សហរដ្ឋ​អាម៉េរិក បានផ្ដល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ Paxlovid របស់ Pfizer និង​ថ្នាំ Molnupiravir របស់ Merck នៅក្នុង​ប្រទេស​នេះ។ ថ្នាំ​របស់ Merck ក៏​កំពុង​ត្រូវបាន EU ពិនិត្យ វាយតម្លៃ ប៉ុន្តែ វា​នឹងត្រូវ​ចំណាយពេល​បន្ថែម​ទៀត មុននឹង​ទទួលបាន​ការអនុម័ត ព្រោះថា ក្រុមហ៊ុន Merck ទើបតែ​បាន​កែប្រែ​ទិន្នន័យ​នៃ​ការពិសោធ​លើ​មនុស្ស​កាលពី​ខែវិច្ឆិកា ២០២១៕

     

  • វ៉ាក់សាំង​កូ​វីដ-១៩! កុមារ​រលាក​សាច់ដុំ​ក្រោយ​ការចាក់​វ៉ាក់សាំង​នៅ អ៊ីស្រាអែល មាន​អត្រា​ទាប

    វ៉ាក់សាំង​កូ​វីដ-១៩! កុមារ​រលាក​សាច់ដុំ​ក្រោយ​ការចាក់​វ៉ាក់សាំង​នៅ អ៊ីស្រាអែល មាន​អត្រា​ទាប

    ប្រភពព័ត៌មាន​ពី​ទីក្រុង តែ​ល អា​វីវ ដកស្រង់​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ដែល​បានប្រកាស​កាលពី​ថ្ងៃទី ២៧ មករា ឱ្យដឹងថា ក្នុងចំណោម​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ រាប់សែន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ប្រទេស​អ៊ីស្រាអែល គឺមាន​កុមារ​តែ ១៥ នាក់​ប៉ុណ្ណោះ ដែលមាន​អាការ​រលាក​សាច់ដុំ​បេះដូង។

    ក្នុងចំណោម​កុមារ​ដែលមាន​បញ្ហា​រលា​ក​សាច់ដុំ​បេះដូង​ខាងលើ មាន​ម្នាក់​ត្រូវ​រលាក​ក្រោយពី​ចាក់​ដូ​ស​ដំបូង, ១២ នាក់ រលាក​ក្រោយ​ចាក់​ដូ​ស​ទី ២ និង ២ នាក់​ទៀត​ត្រូវ​រលាក​បន្ទាប់ពី​ចាក់​ដូ​ស​ទី ។ អ្នកជំងឺ​ទាំងនេះ​សុទ្ធ​តែមាន​អាការ​ស្រាល និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ​រួចហើយ ក្រោយ​ការព្យាបាល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    ចំណែក​កុមារ​អាយុ​ចាប់ពី ៥ ដល់ ១១ ឆ្នាំ មិនមាន​បញ្ហា​រលាក​សាច់​ដុំ​បេះដូង​នោះទេ រាប់​ចាប់ពី​ពេល​បាន​ចាក់​វ៉ាក់សាំង រហូតដល់​បច្ចុប្បន្ន។

    របាយការណ៍​របស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល គឺ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២ មិថុនា ដល់ ២០ តុលា ឆ្នាំ ២០២១ នៅពេលដែល​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ ប្រមាណ​ជិត​កន្លះ​លាន​នាក់​បាន​ចាក់​ដូ​ស​ដំបូង និង មនុស្សពេញវ័យ ៣២៦,០០០ នាក់ បាន​ចាក់​ដូ​ស​ទី ។

    ហានិភ័យ​នៃ​ការ​រលាក​សាច់ដុំ​បេះដូង​នៅលើ​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ មាន​អត្រា​ទាប​ជាង បើ​ធៀប​នឹង​ក្រុម​ដែលមាន​វ័យ​ចាប់ពី ១៦ ដល់ ២៤ ឆ្នាំ ប៉ុន្តែ ខ្ពស់ជាង​បន្តិច បើ​ធៀប​នឹង​ទិន្នន័យ​របស់ សហរដ្ឋ​អាម៉េរិក ដែល​បានប្រកាស​មុន​នោះ។

     

  • កំពូល​អ្នក​រចនា​ម៉ូ​ដ​រថយន្ត​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​វៀតណាម បាន​ល្បីឈ្មោះ

    កំពូល​អ្នក​រចនា​ម៉ូ​ដ​រថយន្ត​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​វៀតណាម បាន​ល្បីឈ្មោះ

    លោក David Lyon (ឬ Dave Lyon) ដែល​បច្ចុប្បន្ន​គឺជា​នាយក​ផ្នែក​រចនា​ម៉ូដ​រថយន្ត​របស់​រោង​ចក្រ​ផលិត​រថយន្ត VinFast កើត​ឆ្នាំ ១៩៦៨ មកពី សហរដ្ឋ​អាម៉េរិក និង​ធ្លាប់ធ្វើ​ការឱ្យ General Motors (GM) ចាប់ពី​ឆ្នាំ ១៩៩០ ដល់ ២០១២។

    លោក David Lyon ធ្លាប់​សិក្សា​នៅ​សាលា College for Creative Studies ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​នៅ​ទីក្រុង Detroit ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាម៉េរិក ជាទី​ដែល​គាត់​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​រចនា​ម៉ូដែល​ចរាចរណ៍​កាលពី​ឆ្នាំ ១៩៩០។

    ក្រោយពី​ចូលរៀន​មហាវិទ្យាល័យ លោក​ក៏បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន General Motors នៅ Michigan។ ឆ្នាំ ១៩៩៧ លោក​បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន Cadillac និង​បាន​បញ្ចេញ​រថយន្ត​ម៉ូ​ដែល CTS ជំនាន់​ដំបូង។ ឆ្នាំ ១៩៩៨ លោក​បាន​ចូល Buick Brand Studio និង​កាន់តំណែង​ជា​ប្រធាន​ក្រុម​រចនា​ម៉ូដ។

    លោក David Lyon (ឬ Dave Lyon)

    ឆ្នាំ ២០០២ លោក Lyon ត្រូវបានតែងតាំង​ជា​នាយក​ផ្នែក​រចនា​ម៉ូដ​នៅ Truck Interior Studios ជា​កន្លែង​ដែល​លោក​ដឹកនាំ​ក្រុមការងារ​ក្នុងការ​រចនា​គ្រឿងសង្ហារិម​អនាគត​របស់​បណ្ដា​រថ​យន្ត GM រួមមាន​ដូចជា Cadillac Escalade, Chevrolet Tahoe/GMC Yukon និង Hummer H3 ជាដើម។

    ឆ្នាំ ២០០៧ លោក​បាន​កាន់តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ GM អាស៊ី-ប៉ាស៊ីហ្វិក ផ្នែក​រចនា​ម៉ូដ ជា​កន្លែង​ដែល​គាត់​គ្រប់គ្រង​ក្រុមការងារ​នៅ កូរ៉េខាងត្បូង ចិនដីគោក និង អូស្ត្រាលី ដើម្បី​អភិវឌ្ឍ​បណ្ដា​ម៉ូ​ដែល​រថយន្ត Chevrolet Cruze, Sonic និង Spark។

    ឆ្នាំ ២០០៧ លោក​បាន​រើ​ទៅកាន់ Michigan និង​ត្រូវបានតែងតាំង​ជា​ប្រធាន​ប្រតិបត្តិ​ផ្នែក​រចនា​ម៉ូដ​សង្ហារិម​ក្នុង​រថយន្ត ប្រចាំ តំបន់​អាម៉េរិក​ខាងជើង។

    ឆ្នាំ ២០១២ លោក​ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន​ផ្នែក​រចនា​ម៉ូដ​រថយន្ត​របស់ GM អឺរ៉ុប (នៅ អាល្លឺម៉ង់) និង​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​កាលពី​ចុងខែ​កក្កដា ២០១២។

    បន្ទាប់ពី​បាន​ចាក់​ចេញពី GM លោក Lyon ក៏បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ដែលមាន​ឈ្មោះថា David Lyon Design LLC។

    ចាប់ពី​ឆ្នាំ ២០១៧ ដល់​បច្ចុប្បន្ន លោក David Lyon គឺជា​ប្រធាន​ផ្នែក​រចនា​ម៉ូដ​រថយន្ត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast របស់​មហាសេដ្ឋី ហ្វា​ម ញ៉ឹ​ត​វឿ​ង

  • ធនាគារ​មួយ ផ្ដល់​រង្វាន់​ជា​ភាគហ៊ុន​តម្លៃ ១ពាន់​លាន​ដុល្លារ ដល់​បុគ្គលិក

    ធនាគារ​មួយ ផ្ដល់​រង្វាន់​ជា​ភាគហ៊ុន​តម្លៃ ១ពាន់​លាន​ដុល្លារ ដល់​បុគ្គលិក

    យោងតាម​កំណត់ហេតុ​ពី​អគ្គនាយក Brian Moynihan របស់ Bank of America រង្វាន់​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្នុង​បំណង​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារការងារ។

    Bank of America កំពុងផ្ដល់​រង្វាន់​ជា​ភាគហ៊ុន​តម្លៃ ១ ពាន់​លាន​ដុល្លារ ដល់​បុគ្គលិក​ស្ទើរតែ​ទាំងអស់​របស់​ក្រុមហ៊ុន។ នេះ​គឺជា​ការប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុនផ្សេងៗ ទាក់ទង​នឹង​ការអូសទាញ​បុគ្គលិក​ថ្មី និង​ចងជើង​បុគ្គលិកពូកែ។

    យោងតាម​កំណត់ហេតុ​ពី​អគ្គនាយក Brian Moynihan របស់ Bank of America រង្វាន់​ខាងលើនេះ​ត្រូវបាន​អម​​ជា​មួយ​នឹង​​ប្រាក់​រង្វាន់​ធម្មតា​សម្រាប់​បុគ្គលិក​ទាំងឡាយណា​ដែល​រកបាន​ចំណូល ៥០០,០០០ ដុល្លារ/ឆ្នាំ។ បុគ្គលិក​ប្រមាណ ៩៧% របស់​ធនាគារ Bank of America មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួលយក​រង្វាន់​នេះ។

    អ្នកនាំពាក្យ​របស់ BofA លោក John Yiannacopoulos ឱ្យដឹងថា នេះ​គឺជា​ឆ្នាំ​ទី ៥ ហើយ ដែល​ក្រុមហ៊ុន​បានលើកឡើង​នូវ​ខ្ទង់​រង្វាន់​សរុប ៣.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អគ្គនាយក Brian Moynihan បានសរសេរថា៖ «ខ្ទង់​រង្វាន់​ចែករំលែក​ភាពជោគជ័យ​គឺជា​វិធី​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ដែល​យើង​វិនិយោគ​ទៅលើ​ផ្នែក​ធនធានមនុស្ស​របស់​យើង»។

    យោងទៅតាម​លក្ខខណ្ឌ​នៃ​រង្វាន់​នេះ បុគ្គលិក​ដែលមាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​ទទួលបាន​ភាគហ៊ុន​ចាប់ពី ៦៥ ដល់ ៦០០ ហ៊ុន/ម្នាក់។

    ភាគហ៊ុន​របស់​ធនាគា​រ​ដែលមាន​មូលដ្ឋាន​នៅ ឆា​ឡុ​ត (Charlotte) រដ្ឋកា​លី​ហ្វ​រ​ញ៉ា​ខាងជើង នេះ បាន​កើន​ប្រមាណ ១.៨% ឡើងដល់ ៤៥.៣៥ ដុល្លារ/ហ៊ុន កាលពី​ម្សិលមិញ និង​កើន ៤៧% ក្នុង​ឆ្នាំ ២០២១៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី តេស​ឡា (Tesla) ចំណេញ​កប់​ក្ដោង

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី តេស​ឡា (Tesla) ចំណេញ​កប់​ក្ដោង

    តេស​ឡា ដែលមាន​មហាសេដ្ឋី អ៊ី​ឡ​ន ម៉ាស (Elon Musk) ជា​អគ្គនាយក ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ រកបាន​ប្រាក់ចំណេញ​ច្រើនជាង ៣ ដង ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ គឺ​លើសពី​អ្វីដែល Wall Street បាន​ព្យាករ​ទៅទៀត។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី តេស​ឡា កាលពី​ម្សិលមិញ​បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បង្ហាញថា រកបាន​ប្រាក់ចំណេញ ២.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង​យ៉ាងខ្ពស់ ធៀប​នឹង ៩០៣ លាន​ដុល្លារ​កាលពី​ត្រីមាស​ទី ៤ ឆ្នាំ ២០២០។ តួលេខ​នេះ​ក៏​លើសពី​ការ​ព្យាករ ២.៦ ពាន់​លាន​ដុល្លារ​របស់​ក្រុមអ្នកវិភាគ​នៅក្នុង​ការស្ទង់មតិ​រប​ស់ Refinitiv។ ចំណែក​ប្រាក់ចំណូល​វិញ មាន​ចំនួន ១៧.៧ ពាន់​លាន​ដុល្លារ កើន ៦៥%។

    លទ្ធផល​ខាងលើ​បាន​ជួយ​ឱ្យប្រាក់​ចំណេញ​ពេញ​មួយឆ្នាំ ២០២១ របស់ តេស​ឡា ឡើងដល់ ៧.៦ ពាន់​លាន​ដុល្លារ។ រីឯ​ប្រាក់ចំណូល​សរុប​ក៏​ឡើងដល់ ៥៣.៨ ពាន់​លាន​ដុល្លារ។

    អគ្គនាយក លោក អ៊ី​ឡ​ន ម៉ាស កាលពី​ម្សិលមិញ បានឱ្យដឹងថា តេស​ឡា កំពុង​ផ្អាក​ផែនការ​ផលិត​ថ្មី ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់។

    តេស​ឡា មុន​នោះ​ក៏បាន​និយាយ​ដល់​ប្រភេទ​រថយន្ត​ជាច្រើន​ដែល​ជិត​បញ្ចេញ​ពី​រោងចក្រ ដូចជា រថយន្ត​ទ្រុង Cybertruck, រថយន្ត​សណ្ដោង, រថយន្ត Tesla Roadster និង​រថយន្ត​មួយ​ប្រភេទ​ទៀត​ដែលមាន​តម្លៃ​ត្រឹមតែ ២៥,០០០ ដុល្លារ​ប៉ុណ្ណោះ។

    កាលពី​ឆ្នាំមុន តេស​ឡា លក់​រថយន្ត​បាន ៩៣៦,០០០ គ្រឿង ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង ៥០០,០០០ គ្រឿង​កាលពី​ឆ្នាំ ២០២០។

    ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា រោងចក្រ​នៅ កាលី​ហ្វ​រ​ញ៉ា នឹង​ផលិត​រថយន្ត តេស​ឡា បាន​លើសពី ៦០០,០០០ គ្រឿង​ជា​រៀងរាល់ឆ្នាំ។ តេស​ឡា នឹង​បង្កើន​ផលិតភាព​នៅក្នុង​រោងចក្រ​នានា ដូចជា​រោងចក្រ​នៅ កាលី​ហ្វា​ញ៉ា, សៀង​ហៃ, តិច​សាស និង ក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់។

    ចំណែក​ភាគហ៊ុន​តេស​ឡា កាលពី​ម្សិលមិញ ក៏បាន​កើនឡើង​បន្តិច (២%)។ ចាប់ពី​ដើមឆ្នាំ ២០២២ មកដល់​បច្ចុប្បន្ន ភាគហ៊ុន តេស​ឡា បាន​ថយចុះ ១១.៣%៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៣៤ នាក់ទៀត កាលពី​ម្សិល​មិញ

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៣៤ នាក់ទៀត កាលពី​ម្សិល​មិញ

    ក្នុងអំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៦ មករា ២០២២ កម្ពុជា​ បាន​រកឃើញអ្នក​ឆ្លង​កូវីដ-១៩ ចំនួន​ ៣៤ នាក់ និង​​ជាសះស្បើយ ១៩ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»។

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​អស់ មាន​​ករណីឆ្លង​ក្នុង​សហគមន៍ ២៧ នាក់ និង​​អ្នកដំណើរពីបរទេស ៧ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង​។

  • ប្រទេស​ដំបូង​គេ​នៅ អឺរ៉ុប ដែល​បាន​​ប្រកាស​ថា នឹង​​ដក​ទាំងស្រុង​នូវ​វិធានការ​រឹតបន្តឹង​ការទប់ស្កាត់​កូ​វីដ-១៩

    ប្រទេស​ដំបូង​គេ​នៅ អឺរ៉ុប ដែល​បាន​​ប្រកាស​ថា នឹង​​ដក​ទាំងស្រុង​នូវ​វិធានការ​រឹតបន្តឹង​ការទប់ស្កាត់​កូ​វីដ-១៩

    នាយិកា​រដ្ឋមន្ត្រី Mette Frederiksen ប្រកាសថា ប្រទេស​ដា​ណឺ​ម៉ាក នឹង​ដក​ទាំងស្រុង​នូវ​វិធានការ​រឹតបន្តឹង​ការទប់ស្កាត់​កូ​វីដ-១៩ ចាប់ពី​ថ្ងៃទី ១ កុម្ភៈ ២០២២។

    Pllitico.eu កាលពី​ថ្ងៃទី ២៦ មករា បានឱ្យដឹងថា ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល ដា​ណឺ​ម៉ាក មាន​អត្រា​ចូល​ពេទ្យ និង​ស្លាប់​ដោយសារ អូ​មី​ក្រុង ស្ថិតក្នុង​រង្វង់​នៃ​ការគ្រប់គ្រង និង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់។

    នាយិកា​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក ថ្លែងថា «យប់​នេះ​យើង​អាច​រកឃើញ​ស្នាមញញឹម។ យើង​មាន​ដំណឹង​ល្អ​បំផុត ពេលនេះ​យើង​អាច​ដក​បទបញ្ជា​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ចុងក្រោយ​នៅ ដា​ណឺ​ម៉ាក» ក្រោយពី​បានទទួល​អនុសាសន៍​ពី​គណៈកម្មការ​ជំនាញ​ផ្នែក​ជំងឺឆ្លង និង​ការគាំទ្រ​របស់​បណ្ដា​គណ​បក្សនយោបាយធំ។

    លោក​ស្រី Mette Frederiksen

    លោកស្រី Frederiksen បន្ថែមថា៖ «ក្នុង​ប៉ុន្មាន​សប្ដាហ៍​មកនេះ អត្រា​នៃ​ការឆ្លង​កើនឡើង​ខ្ពស់ ពោលគឺ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​នាពេល​កន្លង។ ដូច្នេះ ហាក់ដូចជា​រឿង​ចម្លែក និង​មិន​សម​ហេតុផល​ដែល​យើង​ត្រៀម​ដក​វិធានការ​រឹតបន្តឹង​នានា»។

    ប្រកាស​របស់ ដា​ណឺ​ម៉ាក ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល វ៉ា​រ្យ៉​ង់ ថ្មី​មួយ​របស់ អូ​មី​ក្រុង គឺ BA២ កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​នេះ និង​ធ្វើឱ្យ​ការឆ្លង​មានការ​កើនឡើង ក្នុងនោះ ករណី​វិជ្ជមាន​ចំនួន ៤៦,០០០ នាក់ ត្រូវបាន​រកឃើញ​នៅ ដា​ណឺ​ម៉ាក ក្នុង​ថ្ងៃទី ២៦ មករា។

    យោងតាម​អាជ្ញាធរ​សុខាភិបាល និង​ឱសថ​របស់ ដា​ណឺ​ម៉ាក គិត​មកដល់​បច្ចុប្បន្ន ប្រជាជន​ប្រមាណ ៨២% នៅ ដា​ណឺ​ម៉ាក ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើងទៅ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ (២ ដូ​ស) ក្នុងនោះ​មាន ៥០% បាន​ចាក់​ដូ​ស​ទី ៣៕