Author: សឿន សំណាង

  • តំណាងរាស្ត្រ​អាម៉េរិក ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​បុណ្យជាតិ

    តំណាងរាស្ត្រ​អាម៉េរិក ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​បុណ្យជាតិ

    សមាជិកសភា​ជាន់​ទាប​ដើមកំណើត​អាស៊ី Grace Meng ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​បុណ្យជាតិ​របស់ សហរដ្ឋ​អាម៉េរិក។

    «ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី គឺជា​ក្រុម​ដែលមាន​កំណើន​លឿន​ជាងគេ​នៅ​ប្រទេស​យើង ហើយ​នៅពេល​ពិធីបុណ្យ​នេះ​មាន​គេ​និយម​កាន់តែច្រើន ការ​ប្រែក្លាយ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ឱ្យទៅជា​ថ្ងៃបុណ្យ​ជាតិ​គឺជា​រឿង​សម​ហេតុផល​ទាំងស្រុង» Grace Meng បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ ក្រោយពី​បានដាក់​សេចក្ដីព្រាងច្បាប់​នេះ​ឡើងទៅ​សភា កាលពី​ថ្ងៃទី ៣១ មករា។

    «សេចក្ដីព្រាងច្បាប់​របស់​ខ្ញុំ​នឹង​បង្ហាញថា រដ្ឋាភិបាល​អាម៉េរិក ផ្ដល់​តម្លៃ​ដល់​ថ្ងៃបុណ្យ​ដែល​មនុស្ស​រាប់លាន​នាក់​ទទួល​អំណរ» លោកស្រី Meng អះអាង​ដូច្នេះ។

    លោកស្រី Meng គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ជំរុញឱ្យមាន​ការចាត់ទុក​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​របស់​ប្រទេសមួយ​ចំនួន​នៅ អាស៊ី (ចូលឆ្នាំ​ចិន) ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​សិស្ស​នៅក្នុង ទីក្រុង​នី​វ​យ៉​ក តាំងតែ​ពី​ឆ្នាំ ២០១៦។

    លោក​ស្រី Grace Meng

    ជនជាតិ​អាស៊ី​នៅ សហរដ្ឋ​អាម៉េរិក ចង់​គោរព និង​អនុវត្តតាម​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​គ្រួសារ និង​ចូលរួម​សកម្មភាព​សហគមន៍​ក្នុង​ខែកុម្ភៈ ក្នុងនោះ​មានការ​ជួបជុំ​សមាជិកគ្រួសារ និង​ផ្ដល់​អាំង​ប៉ាវ​ដល់ក្មេងៗជាដើម។

    សេចក្ដីព្រាងច្បាប់​របស់​លោកស្រី Meng ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ សហរដ្ឋ​អាម៉េរិក កើតមាន​ការរើសអើង និង​ប្រមាថកាតទាន​លើ​ជនជាតិ​អាស៊ី ពិសេស​គឺ​ចិនដីគោក។

    នៅ សហរដ្ឋ​អាម៉េរិក មាន​ថ្ងៃ​បុណ្យជាតិ​ចំនួន ១១ ក្នុងនោះ​រួមមាន​ទាំង​ថ្ងៃ​ចូលឆ្នាំ​សកល ទិវា​បុណ្យ​ឯករាជ្យ បុណ្យ​អរគុណ និង​បុណ្យ​ណូអែល​ជាដើម។ ស្ថាប័នរដ្ឋ​តែង​សម្រាក​ការងារ​នៅក្នុង​ថ្ងៃបុណ្យ​ជាតិ​ទាំងនេះ ខណៈដែល​ក្រុមហ៊ុន​ឯកជន និង​សាលារៀន អាច​ជ្រើសរើស​រវាង​សម្រាក និង​មិន​សម្រាក។ ចំណែក​រដ្ឋ​នានា​អាច​ជ្រើសរើស និង​អនុវត្ត​ថ្ងៃបុណ្យ​ជាតិ​ក៏បាន មិន​អនុវត្ត​ក៏បាន៕

  • ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក ទៅលើ​មេដឹកនាំ IS អ្នកជិតខាង​រៀបរាប់ថា មិន​ធ្លាប់​បានឮ​ផ្ទាល់​ពីមុនមក

    ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក ទៅលើ​មេដឹកនាំ IS អ្នកជិតខាង​រៀបរាប់ថា មិន​ធ្លាប់​បានឮ​ផ្ទាល់​ពីមុនមក

    សំឡេង​លាន់​កក្រើក​មេឃ​របស់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក ដែល​វាយឆ្មក់​លើ​ទីតាំង​លាក់ខ្លួន​របស់ al-Qurashi កាលពី​ថ្ងៃទី ៣ កុម្ភៈ ធ្វើឱ្យ​ប្រជាជន​ក្នុង​ទីរួមស្រុក Atmeh នៃ ប្រទេស​ស៊ី​រី ត្រូវ​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្ដាលយប់។

    ពួកគេ​មិន​ធ្លាប់​បានឮ​សំឡេង​អ្វីដែល​លាន់​ដូច​សំឡេង​នេះ។ «មានរឿង​អ្វី​ហ្នឹង​ពុក?» Abu Omar ដែលជា​អ្នករស់នៅ​ក្បែរ​ផ្ទះ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) Abu Ibrahim al-Hashimi al-Qurashi រៀបរាប់។

    ពុំមាន​អ្នកណា​ស្មាន​ដល់​ថា មេដឹកនាំ​របស់​អង្គការ​ភេរវកម្ម​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភពលោក បែរជា​លាក់ខ្លួន​នៅ​ជាន់​ទី ៣ ក្នុង​អគារ​សាមញ្ញ​មួយ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីតាំង​រឹងមាំ​របស់​ក្រុម​នេះ។ ម្ចាស់ផ្ទះ​បាន​និយាយថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ស៊ី​រី​ម្នាក់ បាន​ជួល​ផ្ទះ​នេះ​តាំងពី ១១ ខែ​មុន ក្នុងតម្លៃ ១៣០ ដុល្លារ​អាម៉េរិក/ខែ។

    អ្នកបើកបរ​រថយន្ត​ខាងលើ រស់​នៅលើ​ជាន់​ទី ២ ជាមួយ​ប្រពន្ធ និង​កូន ៣ នាក់។ បងស្រី និង​ក្មួយ​ស្រី​របស់​បុរស​នេះ​ក៏​រស់នៅ​ជាមួយគ្នា។ ពួកគេ​មិនបាន​ប្រស្រ័យ រាប់អាន​ជាមួយ​អ្នកណា​ឡើយ។

    លោក​ ចូ បៃដិន និង​សហការី នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ តាម​ដាន​ស្ថានភាព​នៃ​បេសក​កម្ម​វាយ​ឆ្មក​នៅ​ ស៊ីរី

    ក្រុមមន្ត្រី​អាម៉េរិក ឱ្យដឹងថា ពួកគេ​ទទួលបាន​ដំណឹង​ថា al-Qurashi រស់​នៅលើ​ជាន់ខ្ពស់​បំផុត​របស់​អគារ​នេះ និង​មិនដែល​បាន​ចាក​ចេញពី​ទីនេះ ប៉ុន្តែ ជួនកាល​ក៏​ងូតទឹក​លើដំបូល​ផ្ទះ។ Al-Qurashi ទាក់ទង​ជាមួយ​សមាជិក IS ដទៃទៀត តាមរយៈ​អ្នកបើកបរ​រថយន្ត​ដែល​រស់​នៅលើ​ជាន់​ទី ។

    ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដឹក​កម្លាំង​ពិសេស​អាម៉េរិក មកដល់ Atmeh នៅវេលា​ម៉ោង​ប្រហែល ១ យប់ (ម៉ោង ៦ នៅ ភ្នំពេញ) កាលពី​ថ្ងៃទី ៣ កុម្ភៈ។

    Abu Omar ឱ្យដឹងថា កម្លាំង​ពិសេស​អាម៉េរិក មិនបាន​វាយឆ្មក់​ចូល​អគារ​នេះភ្លាមៗនោះទេ តែ​បានស្នើ​ជា​បន្តបន្ទាប់​ឱ្យ​អ្នក​ដែល​ស្ថិតនៅក្នុង​អគារ​នោះ​ចេញមក​សារភាព។

    នៅ​ជា​ន់ទី ១ នៃ​អគារ​នេះ មាន​ជន​ស៊ីវិល រស់នៅ ដូច្នេះ កងកម្លាំង​អាម៉េរិក បានស្នើ​ឱ្យ​ពួកគេ​ចាកចេញ។ «ចេញទៅ​ក្រៅ នាង​នោះ ចេញទៅ​ក្រោយ និង​ដើម្បីឱ្យ​កូន​មានឱកាស​រស់» Abu Omar រៀបរាប់ និង​ឱ្យដឹងថា សំឡេង​និយាយ​របស់​កម្លាំង​ពិសេស​នេះ កាន់តែ​មាន​ភាព​គំរាម ព្រមាន​ថា ទាហាន​អាម៉េរិក នឹង​វាយកម្ទេច​ផ្ទះ​នេះ។

    «គ្រប់គ្នា​នឹងមាន​សុវត្ថិភាព បើសិនជា​ចេញមក​សារភាព» សំឡេង​ជា​ភាសា​អារ៉ាប់ បាន​បន្លឺឡើង។ «អ្នក​ដែល​មិន​​ព្រម​​ចេញ​មក​​សារភាព​នឹងត្រូវ​ស្លាប់»។

    ពេល​ទាហាន​អាម៉េរិក បាញ់​អាវុធ​ដែល​ដូច​ទៅនឹង​រ៉ុក្កែត មនុស្សម្នា​ក៏​រត់​ចេញពីផ្ទះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ត្រី​ម្នាក់។ ស្ត្រូ​រូបនេះ​និយាយថា គ្រួសារ​របស់​អ្នកស្រី ត្រូវ​ទាហាន​អាម៉េរិក សួរចម្លើយ។ «ពេល​ប្រាប់ថា មិន​ស្គាល់​ពួកគេ (មេដឹកនាំ IS) ពួកគេ (ទាហាន​អាម៉េរិក) មិន​ជឿ​ពួក​ខ្ញុំ។ ពួកគេ​សួរថា ជា​អ្នកជិតខាង ហេតុអ្វី​មិន​ស្គាល់គ្នា»។

    នៅ​ជា​ន់ទី ៣ al-Qurashi មិន​ព្រម​ចុះចាញ់ និង​បាន​បំផ្ទុះ​គ្រាប់បែក បណ្ដាលឱ្យ​ខ្លួនឯង និង​ក្រុមគ្រួសារ​បាត់បង់​ជីវិត។ កងកម្លាំង​សង្គ្រោះបន្ទាន់​ឱ្យដឹងថា សាកសព ១៣ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​បាក់បែក ក្នុងនោះ​មាន​ក្មេង​ចំនួន ៦ នាក់​ផងដែរ។

    កម្លាំង​អាម៉េរិក បាន​សម្រុកចូល​ផ្ទះ ប្រយុទ្ធ​ជាមួយ​អ្នកបើកបរ​រថយន្ត និង​ប្រពន្ធ​របស់គេ​នៅ​ជា​ន់ទី ។ អ្នក​ទាំង ២ បាន​ស្លាប់ ខណៈ​កូន ៤ នាក់ ត្រូវបាន​នាំ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព។ ស្ត្រី​ម្នា​ក់នៅ​ជាន់​ទី ១ ឱ្យដឹងថា ក្នុងចំណោម​នោះ មាន​ក្មេងប្រុស​ម្នាក់​អាយុ ១៥ ឆ្នាំ។

    Abu Ibrahim al-Hashimi al-Qurashi.

    លាក់ខ្លួន​ក្នុង​ជម្រក​ក្រោម​ដី​ក្នុងផ្ទះ​ក្បែរ​នោះ Abu Omar និងកូនៗ បាន​​​‌​ឮ​សំឡេង​គ្រាប់កាំភ្លើង និង​សំឡេង​ផ្ទុះ​ធំ។ ​ក្មេងៗ​ភ័យ​រន្ធត់។ «ពួកគេ​មិន​វាយប្រហារ​គ្រួសារ​យើង​ទេ។ ពួកគេ​មករក​អ្នកផ្សេង» Omar ប្រាប់កូនៗដូច្នេះ។

    ម៉ោង​ប្រហែល ៣ (ម៉ោង ៨ នៅ ភ្នំពេញ) កម្លាំង​អាម៉េរិក ចាប់​ផ្ដើម​​ប្រមូល​សម្ភារៈ​ដើម្បី​ចាកចេញ។ ក្រោយ​មក ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់​ក៏បាន​មកដល់ ដើម្បី​ស្វែងរក​សាកសព​ក្រោម​គំនរ​បាក់បែក។

    Jamil al-Dadu អាយុ ៣០ ឆ្នាំ រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្បែរ​នោះ និយាយថា មិនដែល​បានឃើញ​បេសកកម្ម​ណាមួយ​ដូច្នេះ។ «យើង​នឹកស្មាន​មិន​ដល់​ថា ជនជាតិ​អាម៉េរិក មក​ទីនេះ» al-Dadu និយាយ​ដូច្នេះ។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ចំណែក មន្ទីរ​បញ្ច​កោណ វិញ អះអាងថា ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស៕

  • កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ៦៦ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩៨ នាក់ និងស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ៦៦ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩៨ នាក់ និងស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ៦៦ នាក់ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ៦៤ នាក់ និង​ អ្នកដំណើរពីបរទេស ២ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • អាម៉េរិក កម្ទេច​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដែល​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ IS

    អាម៉េរិក កម្ទេច​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដែល​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ IS

    អង្គភាព​ពិសេស និង​យន្តហោះ​ចម្បាំង F-១៦ របស់ សហរដ្ឋ​អាម៉េរិក បាន​កម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ មួយគ្រឿង​ដែល​បាន​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) al-Qurashi នៅ ប្រទេស​ស៊ី​រី (ISIS)។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ៣ កុម្ភៈ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk បាន​ជួប​បញ្ហា​នៅពេល​ចូលរួម​បេសកកម្ម​វាយឆ្មក់​លើ​ទីតាំង​ស្នាក់នៅ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ឈ្មោះ Abu Ibrahim al-Hashimi al-Qurashi នៅ​តំបន់ Atmeh ភាគ​ខាងលិច​នៃ ប្រទេស​ស៊ី​រី។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ត្រូវ​ចុះចត​បន្ទាន់ ហើយក៏​ត្រូវ​កម្ទេចចោល​ដោយ​គ្រាប់បែក និង​ការបាញ់​កម្ទេច​ពី F-១៦ របស់ សហរដ្ឋ​អាម៉េរិក។

    មូលហេតុ​នៃ​ការកម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk នេះ ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍ Frank McKenzie មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក លើកឡើងថា គឺ​ដើម្បី​កុំឱ្យ​ឧបករណ៍សំខាន់ៗ នៅសល់​លើទឹក​ដី​ស៊ី​រី។ ចំពោះ​មូលហេតុ​ដែលនាំឱ្យ MH-៦០ Jayhawk ជួប​បញ្ហា​វិញ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។

    ទីជម្រក​របស់​មេដឹកនាំ​ IS ត្រូវ​បាន​កម្ទេច

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ការស្លាប់​របស់ al-Qurashi គឺជា​ការខាតបង់​ធំ​បំផុត​សម្រាប់ IS ក្រោយពី​មេដឹកនាំ​មុន​គឺ Abu Bakr al-Baghdadi បាន​ស្លាប់​ក្នុងការ​វាយឆ្មក់​កាលពី​ឆ្នាំ ២០១៩។

    ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដែល​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក បានចេញ​ដំណើរ​ពី​មូលដ្ឋានទ័ព​នៅ ទីក្រុង​កូ​បា​នី (Kobani) របស់ ប្រទេស​ស៊ី​រី ជាទី​ដែល​កងកម្លាំង​ជនជាតិ Kurd កំពុង​គ្រប់គ្រង។

    បំណែកនៃឧទ្ធម្ភាគចក្រ MH-៦០ Jayhawk

    ចាប់តាំងពី​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី កាលពី​ខែមីនា ២០១៩ ក្រុម​ប្រដាប់អាវុធ IS បានរ​ត់ទៅ​ជ្រក​ក្នុង​តំបន់​សមុទ្រ​ខ្សាច់ ហើយ​ធ្វើការ​វាយឆ្មក់​ម្ដងម្កាល ទៅលើ​កងកម្លាំង​ជនជាតិ Kurd និង​អាជ្ញាធរ​ស៊ី​រី។

    សហរដ្ឋ​អាម៉េរិក រក្សា​កម្លាំង​តិចតួច​នៅ ស៊ី​រី ដើម្បី​ជួយ​ដល់​យុទ្ធនា​ការប្រឆាំង IS និង​ការពារ​ទីតាំង​ទាញយក​រ៉ែ​ប្រេង ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ ទាហាន​អាម៉េរិក ប្រមាណ ៧០០ នាក់ កំពុង​បោះ​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ស៊ី​រី ខណៈដែល ២០០ នាក់​ផ្សេងទៀត ឈរជើង​នៅក្បែរ​ព្រំដែន​ស៊ី​រី-ហ្ស៊​កដា​នី៕

  • ប្រទេស​ថៃ ដាក់​ការកំណត់​លើ​ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល

    ប្រទេស​ថៃ ដាក់​ការកំណត់​លើ​ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល

    រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ នៅ ប្រទេស​ថៃ នឹង​មិនមាន​សិទ្ធិ​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់​ដើម្បី​ទូទាត់ ប៉ុន្តែ អាច​ជួញដូរ​ក្នុង​ទម្រង់​ជា​ទ្រព្យ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​ការអនុញ្ញាត​ពីរ​ដ្ឋ។

    ធនាគារជាតិ​របស់ ប្រទេស​ថៃ (BoT) បានឱ្យដឹងថា កំពុង​ធ្វើ​សេចក្ដីព្រាង​ការកំណត់​ដើម្បី​ទប់ស្កាត់ Bitcoin និង​បណ្ដា​ប្រាក់​ឌីជីថល​ដទៃទៀត ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ទូទាត់។ ស្ថាប័ន​នេះ​យល់ថា ការប្រែប្រួល​ខ្លាំង​របស់​ពួកវា នឹង​បង្កឱ្យមាន​ហានិភ័យ និង​ធ្វើឱ្យ​អ្នកលក់ និង​អ្នកទិញ​ត្រូវ​ខាតបង់។

    អ្នក​ដែល​ត្រូវបាន​រកឃើញថា បាន​បំពាន​ការកំណត់ បើទោះជា​អ្នកទិញ ឬ​អ្នកលក់​ក៏ដោយ នឹងត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០០,០០០ បាត (ប្រហែល ៩,០០០ ដុល្លារ​អាម៉េរិក) បូក​ជាមួយនឹង ១០,០០០ បាត​សម្រាប់ ១ ថ្ងៃ បើសិន​ពួកគេ​បន្ត​ល្មើ​សនឹង​ការកំណត់។

    តាម​គម្រោង ការកំណត់​ថ្មី​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ចុងខែ​កុម្ភៈ ២០២។ ឥរិយាបថ​របស់ ថៃ ត្រូវបាន​គេ​យល់ថា នឹង​រឹតត្បិត​ការផ្ទុះ​ឡើង​នៃ​និន្នាការ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​នៅ​ប្រទេស​នេះ ក្នុង​គ្រា​ដែល​តម្លៃ Bitcoin កំពុង​ធ្លាក់ចុះ។

    កាលពី​ចុងឆ្នាំ ២០២១ BoT និង គណៈកម្មការ​មូល​ប​ត្រ (SEC) បានអនុញ្ញាត​ឱ្យ​ទិញ លក់ និង​ដោះដូរ​ប្រាក់​ឌីជីថល នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិ​រញ្ញា​វត្ថុ​ទាំងឡាយណា​ដែល SEC បានផ្ដល់​ការយល់ព្រម។

    នៅ ប្រទេស​ថៃ មាន​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដោះដូរ​ប្រាក់​ឌីជីថល ចំនួន ៨ មាន​លិខិតអនុញ្ញាត​របស់ SEC រួមមាន​ទាំង Bitkub ដែល​គ្រប់គ្រង​ដោយ​ធនាគារពាណិជ្ជ Siam (SCB) ផងដែរ។

    Nares Laopannarai អគ្គលេខា​សមាគម​ទ្រព្យ​ឌីជីថល​ថៃ យល់ថា ការប្រកាស​ថ្មី​បំផុត​នេះ​របស់ BoT បាន​បណ្ដាលឱ្យ​ក្រុមហ៊ុនធំៗត្រូវ​រង​សម្ពាធ ក្នុងនោះ​មាន​ទាំង​បណ្ដា​ក្រុមហ៊ុន​ដែល​បានប្រកាស​វិនិយោគ​ធំ​ទៅលើ​វិស័យ​រូបិយវត្ថុ​ឌីជីថល ពិសេស​គឺ​នៅពេលដែល​តម្លៃ​របស់ Bitcoin កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង។ នេះ​បើតាម​សារព័ត៌មាន​ជប៉ុន Nikkei។

    ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រួមមាន ព្រុយ​ណេ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ក៏បាន​ប្រកាស​អនុវត្ត​ការកំណត់​លើ​ការគ្រប់គ្រង​ប្រាក់​ឌីជីថល នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ សូម្បីតែ​ប្រទេស​ដែលមាន​ការនិយម​ប្រើប្រាស់ Bitcoin ដូចជា សិង្ហ​បុរី និង វៀតណាម ក៏​មិន​អនុញ្ញាតឱ្យ​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ (decentralized digital currency) នេះដែរ៕

  • WHO ថា អឺរ៉ុប​ កំពុង «មាន​បទ​ឈប់​បាញ់» ជាមួយ កូ​វីដ-១៩

    WHO ថា អឺរ៉ុប​ កំពុង «មាន​បទ​ឈប់​បាញ់» ជាមួយ កូ​វីដ-១៩

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ទ្វីបអឺរ៉ុប កំពុងស្ថិត​ក្នុងដំណាក់កាល «អនុវត្ត​បទ​ឈប់​បាញ់» ជាមួយនឹង កូ​វីដ-១៩ នៅពេល​មាន​សមត្ថភាព​ការពារ​ខ្លួន​ខ្ពស់ បើកផ្លូវ​ឱ្យមាន​ក្ដីសង្ឃឹម​អំពី «យុគសម័យ​ស្ងប់ស្ងាត់​យូរអង្វែង»។

    «ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​សកល​រហូតដល់​បច្ចុប្បន្ន យើង​មិន​ធ្លាប់បាន​ឆ្លងកាត់​ស្ថានការណ៍​ដូច​ពេលនេះ ជាហេតុ​ធ្វើឱ្យ​មានឱកាស​ក្នុងការ​សង្ឃឹម​អំពី​សម័យ​កាល​ស្ងប់ស្ងាត់​យូរអង្វែង» Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បានឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ ដោយ​យល់ថា តំបន់​នេះ​កំពុងមាន​ភាពស៊ាំ​ក្នុង​សហគមន៍​ខ្ពស់ ព្រោះតែ​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ និង​ប្រជាជន​មួយ​ភាគ​ធំ​ធ្លាប់បាន​ឆ្លង​វីរុស ខណៈដែល អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង វ៉ា​រ្យ៉​ង់ ដទៃ ហើយ​រដូវរងា​ក៏​ជិត​ដាច់​ទៅវិញ។

    យោងតាម Kluge មូលហេតុ​ទាំងឡាយ​ខាងលើ​នឹង​នាំមក​ឱ្យ អឺរ៉ុប នូវ​សមត្ថភាព​ទប់ទល់​នឹង កូ​វីដ-១៩ បាន​ប្រសើរ​ជាង​មុន សូម្បីតែ​នៅពេល​មាន កូ​វីដ-១៩ ប្រភេទ​ថ្មី ដែល​សាហាវ​ជាង អូ​មី​ក្រុង។

    មន្ត្រី WHO រូបនេះ​សង្កត់ធ្ងន់ថា ប្រការនេះ «មិនមែន​មានន័យថា ជំងឺ​រាតត្បាត​សកល​ត្រូវ​បានបញ្ចប់​នោះទេ» ប៉ុន្តែ «មានឱកាស​ដើម្បី​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល»។

    លោក Kluge ព្រមាន​ថា ស្ថានការណ៍​ដែល WHO ព្យាករ នឹងមិន​កើតឡើង​ឡើយ បើសិន​បណ្ដា​ប្រទេស​មិន​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង​បង្កើន​ការតាមដាន​ដើម្បី​ស្វែងរក វីរុស​បំប្លែង​ខ្លួន​ថ្មី រួម​នឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល។

    យោងតាម WHO អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ១២ លាន​នាក់ ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប កាលពី​សប្ដាហ៍​មុន ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត រាប់​ចាប់ពី កូ​វីដ-១៩ បាន​ផ្ទុះឡើង។ ក៏ប៉ុន្តែ ដោយសារតែ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​មាន​អត្រា​ទាប ទើប​បណ្ដា​ប្រទេស​ដូចជា បារាំង អៀរ​ឡង់ និង អង់គ្លេស ជាដើម បានប្រកាស​ដក ឬ​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​នានា។ ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី ១ កុម្ភៈ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​សហភាព​អឺរ៉ុប ដែល​បាន​ដក​វិធានការ​ទប់ស្កាត់​ទាំងស្រុង​នៅ​ប្រទេស​នេះ៕

  • ឥណ្ឌា ​ចាត់ទុក​ការជួញដូរ​​រូបិយ​វត្ថុ​​ឌីជីថល​ ដូច​ទៅ​នឹង​​​ការលេង​ល្បែងស៊ីសង​ស្របច្បាប់

    ឥណ្ឌា ​ចាត់ទុក​ការជួញដូរ​​រូបិយ​វត្ថុ​​ឌីជីថល​ ដូច​ទៅ​នឹង​​​ការលេង​ល្បែងស៊ីសង​ស្របច្បាប់

    រដ្ឋាភិបាល​ឥណ្ឌា បានឱ្យដឹងថា ពួកគេ​មិន​ចាត់ទុក​ការជួញដូរ​ប្រាក់​ឌីជីថល​ជា​រៀង​ខុសច្បាប់​នោះទេ ប៉ុន្តែ​បញ្ជាក់ថា នឹង​យកពន្ធ​ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​ចំពោះ​អ្នកឈ្នះ​ល្បែងស៊ីសង។

    «វា​កំពុង​ស្ថិតក្នុង​តំបន់​ប្រផេះ។ ការទិញ និង​លក់​ប្រាក់​ជី​ឌី​ជល មិនមែនជា​រឿង​ខុសច្បាប់។ បច្ចុប្បន្ន យើង​បានលើកឡើង​នូវ​ប្រភេទ​ពន្ធ​លើ​ការជួញដូរ​ប្រាក់​ឌីជីថល ដូច​ទៅនឹង​វិធី​ដែល​យើង​អនុវត្ត​ចំពោះ​អ្នក​ដែល​បានឈ្នះ​ល្បែងភ្នាល់​ប្រណាំងសេះ ឬ​រូបភាព​នៃ​ល្បែងស៊ីសង​ដទៃ» លោក T.V. Somanathan រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា ឱ្យដឹង​ដូច្នេះ។

    ក្រោយ​ការតាមដាន និង​ពិចារណា​អស់​ច្រើន​ឆ្នាំ រដ្ឋាភិបាល​ឥណ្ឌា បានដាក់​សំណើ​យកពន្ធ ៣០% លើ​ប្រាក់ចំណូល​ចំពោះ​ការជួញដូរ​ប្រាក់​ឌីជីថល។ ការសម្រេច​នេះ បានធ្វើឱ្យ​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ មាន Bitcoin ជាដើម ក្លាយជា​ប្រាក់​ស្របច្បាប់។

    ក៏ប៉ុន្តែ កម្រិត​នៃ​ការយកពន្ធ ៣០% ខាងលើនេះ​នឹង​ក្លាយជា​ឧបសគ្គ​ធំ​ចំពោះ​ការជួញដូរ​ប្រាក់​ឌីជីថល​វិមជ្ឈការ ដែល​កំពុងតែ​មានការ​កើនឡើង​នៅ ឥណ្ឌា។ រដ្ឋាភិបាល​ក៏​កំពុង​ប្រឹងប្រែង​ក្នុង​ការធ្វើ​សេចក្ដីព្រាងច្បាប់​ទាក់ទង​នឹង​ប្រាក់​ឌីជីថល​នេះដែរ តែ​វា​ត្រូវការ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី មុននឹង​ត្រូវបាន​បញ្ជូន​ទៅដល់​សភា។

    បច្ចុប្បន្ន ធនាគារជាតិ​របស់ ឥណ្ឌា ក៏​កំពុងតែ​រៀប​ផែនការ​ដើម្បី​អាចដាក់​ឱ្យប្រើ​ប្រាស់​រូបិយវត្ថុ​ឌី​ជី​ល​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី ១ មេសា​ខាងមុខ។ ឥរិយាបថ​នេះ​ត្រូវបាន​គេ​ជឿថា នឹង​បើកផ្លូវ​ឱ្យមាន​យុគសម័យ​គ្រប់គ្រង​រូបិយវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចំណាយ​ទាប៕

  • វិស័យ​ពិភព​និម្មិត Metaverse នឹង​ធ្វើឱ្យ​ទីផ្សារ​បច្ចេកវិទ្យា «ផ្ទុះ​កក្រើក​ខ្លាំង» ក្នុង​ឆ្នាំ ២០២២

    វិស័យ​ពិភព​និម្មិត Metaverse នឹង​ធ្វើឱ្យ​ទីផ្សារ​បច្ចេកវិទ្យា «ផ្ទុះ​កក្រើក​ខ្លាំង» ក្នុង​ឆ្នាំ ២០២២

    ពិភព​និម្មិត metaverse, ផ្ទះ​ឆ្លាត​វៃ smarthome, យានយន្ត​អគ្គិសនី (EV) ជាដើម មិន​ត្រឹមតែ​ជា​និន្នាការ​ថ្មី​នោះទេ ប៉ុន្តែ វា​នឹង​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​នៅក្នុង​ឆ្នាំនេះ។

    ២០២២ គឺជា​ឆ្នាំ​ដែល​ត្រូវបាន​ចាត់ទុកថា បញ្ញា​សិប្បនិម្មិត (AI) មានការ​កែលំអ​យ៉ាង​សម្បើម និង​កាន់​តែមាន​ភាព​ជិតស្និត​នៅក្នុង​ជីវភាព​របស់​មនុស្សលោក។ បច្ចេកវិទ្យា blockchain, NFT បានចាប់ផ្ដើម​ក្លាយ​ជាទី​ពេញនិយម។ ទន្ទឹមនឹងនេះ វិស័យ​ពិភព​និម្មិត metaverse ក៏មាន​ការបោះ​ជំហាន​ទៅមុខ ជាមួយនឹង​ក្ដីសង្ឃឹម​ខ្ពស់​ក្នុង​ឆ្នាំ ២០២២។

    «២០២២ នឹង​ជា​ឆ្នាំ​ដែលមាន​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​នៅក្នុង​វិស័យ​ពិភព​និម្មិត metaverse។ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនឹង​ដណ្ដើម​ចំណែក​ទីផ្សារ​នៅក្នុង​វិស័យ​ដែល​ទើប​លេចធ្លោ​នេះ» Rolf Illenberger ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ពិភព​និម្មិត VRdirect បាន​ប្រាប់​សារព័ត៌មាន Washington Post ដូច្នេះ។

    ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភព​និម្មិត ត្រូវបាន​ផ្ដួចផ្ដើម​តាំងពី​ច្រើន​ឆ្នាំ​មកហើយ។ ស្ថាប័ន Oculus របស់​ក្រុម​ហ៊ុន​ Meta (Facebook) បាន​ឈានដល់​របត់​សំខាន់ នោះ​គឺ​ការបញ្ចេញ​ឧបករណ៍​ពិភព​និម្មិត VR បាន​ចំនួន ១០ លាន​គ្រឿង។

    ចំណែក​ក្រុមហ៊ុន Microsoft ក៏​ចូលប្រលូក​ក្នុង​ទីផ្សារ VR បាន​ច្រើន​ឆ្នាំ​ហើយ​ដែរ ទន្ទឹមនឹង​ការចំណាយ​ជិត ៦៩ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ក្រុមហ៊ុន​ហ្គេម Activision Blizzard ជាមួយនឹង​ក្ដី​សង្ឃឹមថានឹង​បាន​ឈានចូល​ជ្រៅ​ទៅក្នុង​ពិភព​និម្មិត។

    កាលពី​ខែមករា ២០២២ CEO របស់ Apple លោក Tim Cook បាន​ថ្លែងថា metaverse គឺជា​វិស័យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​មាន​សក្ដានុពល​ធំធេង ហើយ​ថា ក្រុមហ៊ុន Apple ក៏​កំពុង​វិនិយោគ​យ៉ាង​សមស្រប​ទៅលើ​វិស័យនេះ។

    ដោយឡែក ក្រុមហ៊ុន Google វិញ ត្រូវបាន​គេ​ជឿថា កំពុង​អភិវឌ្ឍ​យ៉ាង​សម្ងាត់​នូវ​វ៉ែនតា AR ជំនាន់​ថ្មី ដោយមាន​បុគ្គលិក​ចូលរួម ៣០០ នាក់។

    បណ្ដា​ផលិតផល VR, AR និង​កម្មវិធី​ជាច្រើន​ដែល​ទាក់ទង​នឹង​វិស័យ​ពិភព​និម្មិត ក៏ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ពិធី​ពិព័រណ៍​អេឡិចត្រូនិក CES ២០២២ កាលពីដើម​ខែមករា នៅ សហរដ្ឋ​អាម៉េរិក។ យោងតាម New York Times នេះ​គឺជា​សញ្ញា​នៃ​ការ​ផ្ទុះឡើង​របស់​ប្រភេទ​ឧបករណ៍​បច្ចេកវិទ្យា​ពិភព​និម្មិត នៅក្នុង​ឆ្នាំ ២០២២៕

  • គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​បញ្ជាក់​កាន់តែច្បាស់ ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​ UNDP

    គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​បញ្ជាក់​កាន់តែច្បាស់ ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​ UNDP

    ក្រសួង​សាធារណការ នឹង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ កម្ពុជា។

    នា​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ២ កុម្ភៈ ២០២២ ក្នុងឱកាស​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយិកា Alissar Chaker លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ក្នុងនោះ​មានដូចជា​គម្រោង​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជាដើម។

    គម្រោង​មួយចំនួន​ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅក្នុង​ជំនួប​ខាងលើ មានដូចជា គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) គម្រោង​នាំចូល​រថយន្តចាស់ៗ និង​គម្រោង​ជួប​ពិភាក្សា​​ជា​មួយ​​នឹង​​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាក់ទង​នឹង​ការដំឡើង​ស្ថានីយ៍​បញ្ចូល​ថាមពល​ថ្ម​រថយន្ត EVs ផងដែរ។

    គណៈប្រតិភូ​របស់ UNDP បានលើកឡើង​អំពី​និន្នាការ​ពិភពលោក​ឆ្ពោះទៅរក​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​បម្រែបម្រួល​អាកាសធាតុ ព្រមទាំង​បានស្នើ ឱ្យ​ក្រសួង​ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សហការ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាក់ទង​នឹង​បញ្ហា​នេះ។

    លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ពិភាក្សា​ជាមួយ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុងការ​បម្រើសេវា​របស់​ពួកគេ។

    ការណែនាំ​របស់លោក រដ្ឋមន្ត្រី គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​គណៈប្រតិភូ UNDP និង​គម្រោង ផែនការ រួម​នឹង​និង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក​របស់ កម្ពុជា៕

  • ការតាមដាន​យន្តហោះ​របស់​មហាសេដ្ឋី Elon Musk ជួយ​ឱ្យ​និស្សិត​ម្នាក់ ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធំ

    ការតាមដាន​យន្តហោះ​របស់​មហាសេដ្ឋី Elon Musk ជួយ​ឱ្យ​និស្សិត​ម្នាក់ ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធំ

    (សហរដ្ឋ​អាម៉េរិក)-និស្សិត​ម្នាក់​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ អញ្ជើញ​ឱ្យចូល​ធ្វើការ បន្ទាប់ពី​មហាសេដ្ឋី Elon Musk ផ្ញើ​សារ​មក​ស្នើឱ្យ​កំលោះ​នេះ ឈប់​តាមដាន​យន្តហោះ​របស់គាត់។

    Jack Sweeney អាយុ ១៩ ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Central Florida (UCF) នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Stratos Jet Charters ដែលមាន​ទីស្នាក់ការ​នៅ Florida កាលពី​ថ្ងៃទី ១ កុម្ភៈ ២០២។

    Joel Thomas ដែលជា​ប្រធាន និង​ជា CEO របស់ Stratos ឱ្យដឹងថា ក្រុមហ៊ុន​ស្នើឱ្យ Sweeney ចូលរួម​ក្នុង​ក្រុម​អភិវឌ្ឍ​ផលិតផល ក្រោយពី​បានឃើញ​ភាព​ច្នៃប្រឌិត​របស់​កំលោះ​នេះ​នៅលើ​ទំព័រ Twitter ដែលមាន​គណនី​ឈ្មោះ ElonJet។

    Sweeney បាន​ទទួលស្គាល់ថា ពិតជា​ទទួល​បានការ​អញ្ជើញ​ឱ្យចូល​ធ្វើការ​ពី​សំណាក់​ក្រុមហ៊ុន Stratos ប៉ុន្តែ កំលោះ​នេះ​ក៏បាន​ឱ្យដឹងថា ខ្លួន​ទំនងជា​មិន​យល់ព្រម ព្រោះតែ​បច្ចុប្បន្ន ជាប់​ធ្វើ​ការឱ្យ UberJets ក្នុង​គម្រោង​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​តាមដាន​ជើងហោះហើរ​ដើម្បី​ស្វែងរក​សំបុត្រ​ដែលមាន​តម្លៃ​ទាប ជូន​អតិថិជន។ «ខ្ញុំ​គោរព​តាម​កិច្ចព្រមព្រៀង​ការពារ​ព័ត៌មាន​សម្ងាត់ ដូច្នេះ ពិតជា​ពិបាកធ្វើ​ការឱ្យ Stratos» Sweeney បញ្ជាក់​ដូច្នេះ។

    កំលោះ Jack Sweeney និង​មហា​សេដ្ឋី Elon Musk

    កំលោះ Jack Sweeney ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន​កាលពី​ចុងខែ​មុន បន្ទាប់ពី​បាន​បង្ហើប​ឱ្យដឹង​អំពី​ការឆ្លើយ​ឆ្លង​គ្នា​រវាង​ខ្លួន និង​មហាសេដ្ឋី Elon Musk។ ក្នុងការ​ឆ្លើយឆ្លង​នោះ CEO របស់ Tesla បានស្នើ​ឱ្យ​លុប​គណនី Twitter ឈ្មោះ ElonJet ដែលមាន​ជំនាញ​ក្នុងការ​បញ្ចេញ​ទិន្ន័យ​ស្ដីពី​ជើងហោះហើរ​របស់​យន្តហោះ​ដែល​ដឹក​លោក Elon Musk ព្រោះតែ​យល់ថា ជា «ការគំរាមកំហែង​ផ្នែក​សន្តិសុខ»។

    ElonJet ដែលមាន​អ្នកតាមដាន​ជាង ១២៧,០០០ នាក់ នៅលើ Twitter កំពុង​ប្រើប្រាស់ ADS-B ដែលជា​កម្មវិធី​ស្វ័យប្រវត្ត​ក្នុង​ការទាញយក​ទិន្នន័យ​ទីតាំង​នៃ​ជើងហោះហើរ​របស់​អាកាស​ចរណ៍​ស៊ីវិល ដើម្បី​តាមដាន​យន្តហោះ​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទៅតាម​ពេលវេលា​ជាក់ស្ដែង។

    គណនី Twitter ឈ្មោះ ElonJet របស់ Sweeney

    លោក Musk ថា នឹង​ផ្ដល់ប្រាក់ ៥,០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​លុប​គណនី ElonJet ប៉ុន្តែ Sweeney និយាយ​លេង​ថា ខ្លួន​ត្រូវការ ៥០,០០០ ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ដល់​ការសិក្សា និង​អាច​ទិញ​រថយន្ត Model 3 បាន ១ គ្រឿង។ មហាសេដ្ឋី Elon Musk ប្រាប់ថា នឹង​ពិចារណា​អំពី​ប្រការ​នោះ ហើយ​ក្រោយមក​ក៏បាន​ឆ្លើយថា «មិន​សម​ហេតុផល» នៅពេល​ត្រូវ​ឱ្យប្រាក់​ដើម្បី​លុប ElonJet ព្រមទាំង​បាន​រាំងខ្ទប់​គណនី​ទាំងអស់​នៅលើ​បណ្ដាញ​សង្គម​ដែល​ទាក់ទង​នឹង Sweeney។

    Sweeney បាន​តាមដាន​ជើងហោះហើ​រ​របស់​មហាសេដ្ឋី Elon Musk តាំងពី​យូរ​មកហើយ ប៉ុន្តែ គណនី ElonJet នេះ ទើប​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមិថុនា ២០២០ ក្នុង​គ្រា​ដែល កូ​វីដ-១៩ កំពុង​ធ្វើឱ្យ​ការសិក្សា​ងាក​ទៅរក​អន​ឡាញ នាំឱ្យ​កំលោះ​នេះ​មាន​ពេល​សរសេរ​កូដ៕