ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន ២២៣ នាក់ ដែលបានរកឃើញកាលពី ២៤ ម៉ោង នៃថ្ងៃទី ៨ កុម្ភៈ ២០២២ មានករណីឆ្លងក្នុងសហគមន៍ ២១៨ នាក់ និង អ្នកដំណើរពីបរទេស ៥ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។


ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន ២២៣ នាក់ ដែលបានរកឃើញកាលពី ២៤ ម៉ោង នៃថ្ងៃទី ៨ កុម្ភៈ ២០២២ មានករណីឆ្លងក្នុងសហគមន៍ ២១៨ នាក់ និង អ្នកដំណើរពីបរទេស ៥ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។


រថយន្ត Tesla នៅក្នុងការសាកល្បងបាញ់បង្ហោះរ៉ុក្កែតកម្លាំងខ្លាំងបំផុតក្នុងពិភពកាលពីឆ្នាំ ២០១៨ នៅតែគោចរអណ្ដែតត្រសែតនៅក្នុងទីអវកាសជាមួយនឹងមនុស្សជ័រម្នាក់។
ឆ្នាំ ២០១៨ រ៉ុក្កែតខ្លាំងបំផុតក្នុងពិភពលោកកាលណោះគឺ Falcon Heavy របស់ SpaceX ត្រូវបានបាញ់បង្ហោះជាលើកដំបូង ចេញពីរដ្ឋ Florida សហរដ្ឋអាម៉េរិក នាំយករថយន្តអគ្គិសនី Tesla របស់កំពូលមហាសេដ្ឋី Elon Musk ទៅកាន់ទីអវកាស។ អង្គុយកាន់ចង្កូចក្នុងរថយន្តកីឡាពណ៌ក្រហមនេះគឺជាមនុស្សជ័រម្នាក់ ស្លៀកឈុតអវកាស និងមានឈ្មោះថា Starman។ រថយន្ត Tesla មិនមានបេសកកម្មវិទ្យាសាស្ត្រ ប៉ុន្តែវាស្ថិតក្នុងការធ្វើតេស្តនៃការបាញ់បង្ហោះរ៉ុក្កែតប៉ុណ្ណោះ។
បច្ចុប្បន្ន រថយន្តនេះនៅតែអណ្ដែតត្រសែតក្នុងទីអវកាស។ គិតត្រឹមថ្ងៃទី ៧ កុម្ភៈ ២០២២ រថយន្តនេះស្ថិតនៅចម្ងាយប្រហែល ៣៧៧ លានគីឡូម៉ែត្រ ពីផែនដី និងចម្ងាយពីពិភពអង្គារប្រហែល ៣២២ លានគីឡូម៉ែត្រ។ នេះបើយោងតាម Whereisroadster ដែលជាគេហទំព័រប្រើប្រាស់ទិន្នន័យរបស់ NASA ដើម្បីតាមដានរថយន្តមួយគ្រឿងនេះ។
Jonathan McDowell អ្នកវិទ្យាសាស្ត្រប្រចាំមជ្ឈមណ្ឌលរូបវិទ្យាតារាសាស្ត្រ Harvard Smithsonian បានឱ្យដឹងថា រថយន្ត Tesla នេះ ប្រហែលនៅតែអាចរក្សាទម្រង់ដើម ប៉ុន្តែ ទំនងជាត្រូវបានដុំអាចម៍ផ្កាយនានាហោះមកបុកក្នុងអំឡុងពេលគោចរ។
៤ ឆ្នាំកន្លងទៅ រថយន្តនេះហោះហើរបាន ៣.២ ពាន់លានគីឡូម៉ែត្រ និងហោះជុំវិញព្រះអាទិត្យបានប្រហែល ២.៦ ជុំរួចហើយ។ កាលពីឆ្នាំ ២០២០ រថយន្តនេះបានហោះទៅក្បែរពិភពអង្គារជាលើកដំបូង ជាមួយនឹងគម្លាត ៨ លានគីឡូម៉ែត្រ ឆ្ងាយជាង ២០ ដង ធៀបនឹងរយៈចម្ងាយរវាងផែនដី និងព្រះចន្ទ។
ការស្រាវជ្រាវមួយបង្ហាញថា ហានិភ័យរថយន្ត Tesla នេះបុកនឹងផែនដីគឺប្រមាណ ២២% នៅក្នុងរយៈពេល ១៥ លានឆ្នាំខាងមុខ និងលទ្ធភាពដែលវាបុកជាមួយនឹងពិភពសុក្រ ឬព្រះអាទិត្យ គឺប្រមាណជា ១២%៕

បេក្ខភាពដែលត្រូវបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើស នឹងបម្រើការជាអ្នកសម្របសម្រួល និងគាំទ្រដល់កិច្ចដំណើរការនៅក្នុងអគ្គលេខាធិការដ្ឋាន នៃ គណៈកម្មាធីការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។
ក្រសួងបានបញ្ជាក់ថា និស្សិតដែលទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រ និងជាស្ត្រី ត្រូវបានលើកទឹកចិត្តក្នុង
ការដាក់ពាក្យ។

Muzzafer Kayasan ត្រូវបានរកឃើញថា ឆ្លង កូវីដ-១៩ ជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ និងវិជ្ជមានជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ ឆ្នាំ។
បុរសជនជាតិតួកគីម្នាក់ បានឆ្លងកាត់ដំណាក់កាលធ្វើចត្តាឡីស័កក្នុងផ្ទះ និងនៅមន្ទីរពេទ្យក្នុងរយៈពេល ១៤ ខែ បន្ទាប់ពីវិជ្ជមាននឹង វីរុសកូវីដ-១៩ ចំនួន ៧៨ ដង។ បុរសនោះមានឈ្មោះថា Muzzafer Kayasan ដែលជាអ្នកជំងឺឈាមសស៊ីឈាមក្រហមម្នាក់ និងត្រូវបានរកឃើញថា វិជ្ជមាននឹង កូវីដ-១៩ ជាលើកដំបូងកាលពីខែវិច្ឆិកា ២០២០។
យោងតាមការកំណត់របស់ ប្រទេសតួកគឺ ក្រោយការធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល ២ សប្ដាហ៍ អ្នកជំងឺនឹងត្រូវបានចាត់ទុកថាមានសុខភាពល្អ បើសិនមានលទ្ធផលអវិជ្ជមាននឹង កូវីដ-១។ ក៏ប៉ុន្តែ ការធ្វើតេស្តសំណាកចំនួន ៧៨ ដង របស់ Kayasan បានបង្ហាញថា បុរសនេះនៅតែវិជ្ជមាននឹង កូវីដ-១៩ ដដែល។
សារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោក Kayasan បានទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យរយៈពេល ៩ ខែ និងធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល ៥ ខែ។
លោក Kayasan បានស្នើឱ្យអាជ្ញាធរដោះស្រាយករណីដ៏ចម្លែករបស់ខ្លួន ជាស្ថានភាពមួយដែលបង្ខំឱ្យលោកត្រូវនៅផ្ទះរាល់ថ្ងៃ និងអាចមើលកូនចៅពីចម្ងាយតាមបង្អួចតែប៉ុណ្ណោះ។
វេជ្ជបណ្ឌិតដែលព្យាបាលឱ្យអ្នកជំងឺនេះ បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់គឺកើតឡើងដោយសារប្រព័ន្ធភាពស៊ាំបាត់បង់តុល្យភាព ព្រោះតែ Kayasan មានជំងឺមហារីកគ្រាប់ឈាម៕

មេដឹកនាំនៃវិទ្យាស្ថាន Robert Koch (RKI) លោក Lothar Wieler ប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងឆ្លងផុតរលករាតត្បាតកូវីដ-១៩ ដែលបង្កឡើងដោយ អូមីក្រុង ក្នុងពេលឆាប់ៗខាងមុខ ហើយអាចទទួលអំណរបុណ្យអ៊ីស្ទើរ (Easter) ជាមួយនឹងការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាល។
ក្នុងសន្និសីទជាមួយនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Karl Lauterbach កាលពីថ្ងៃទី ៨ កុម្ភៈ មេដឹកនាំអាជ្ញាធរគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់ អាល្លឺម៉ង់ លោក Lothar Wieler បានឱ្យអះអាងថា៖ «យើងកំពុងឈរនៅចំពោះមុខរបត់ថ្មីមួយ ហើយខ្ញុំមានជំនឿថា យើងនឹងឆ្លងផុតរលកនៃការរាតត្បាតដែលបង្កឡើងដោយ អូមីក្រុង។ មកដល់បច្ចុប្បន្ន យើងបានឆ្លងកាត់វិបត្តិជំងឺឆ្លងនេះ បានយ៉ាងល្អ»។
លោក Wieler ឱ្យដឹងថា អត្រានៃអ្នកជំងឺ កូវីដ-១៩ ប្រភេទ អូមីក្រុង បានវិវត្តទៅជាធ្ងន់ធ្ងរ មានកម្រិតទាបជាងឆ្ងាយ ធៀបនឹង វ៉ារ្យ៉ង់ ដេលតា។ ដូច្នេះ អាល្លឺម៉ង់ នឹងអាចឆ្លងផុតពីរលកនៃការឆ្លងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយប្រជាជនអាចទទួលអំណរបុណ្យអ៊ីស្ទើរ ប្រកបដោយសេរីភាពជាងមុន។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំ RKI នៅតែអំពាវនាវឱ្យប្រជាជនគោរព និងអនុវត្តតាមវិធានការដែលបានដាក់ចេញ ព្រោះថា នៅមានកត្តាជាច្រើនដែលធ្វើឱ្យ កូវីដ-១៩ ងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងនោះមានដូចជា កត្តាមនុស្សវ័យលើសពី ៦០ មិនទាន់បានចាក់វ៉ាក់សាំង នៅមានច្រើន ខណៈដែលអត្រានៃការឆ្លង អូមីក្រុង ភាគច្រើនកើតឡើងលើមនុស្សវ័យចំណាស់។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Lauterbach បានថ្លែងថា ការឆ្លង កូវីដ-១៩ នៅ អាល្លឺម៉ង់ អាចឡើងដល់កម្រិតកំពូលនៅពាក់កណ្ដាលខែកុម្ភៈ ឬយូរជាងនេះ។
លោក Lauterbach បញ្ជាក់ថា ក្រសួងសុខាភិបាលនឹងគ្រាន់តែបន្ធូរបន្ថយការរឹតបន្តឹងវិធានការទប់ស្កាត់នៅមុនរដូវបុណ្យអ៊ីស្ទើរ នៅខែមេសា តែប៉ុណ្ណោះ៕

ក្រុមហ៊ុន Johnson & Johnson របស់ សហរដ្ឋអាម៉េរិក ត្រូវបានគេជឿថា បានផ្អាកផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ ២០២១ ក្នុងគ្រាដែល រដ្ឋាភិបាលអាម៉េរិក កំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងខ្លាំងក្លា។
សារព័ត៌មាន New York Times (អាម៉េរិក) ដកស្រង់ប្រភពព័ត៌មានច្បាស់ការណ៍មួយចំនួន កាលពីថ្ងៃទី ៨ កុម្ភៈ ឱ្យដឹងថា នេះគឺជាផ្អាកបណ្ដោះអាសន្ន ប៉ុន្តែ រោងចក្រផលិតវ៉ាក់សាំងមួយរបស់ Jonson & Johnson នៅ ទីក្រុង Leiden របស់ ប្រទេសហូឡង់ ច្បាស់ណាស់ បានងាកទៅផ្ដោតលើការផលិតវ៉ាក់សាំងបង្ការជំងឺផ្សេងដែលអាចរកបានប្រាក់ចំណេញខ្ពស់ជាងវ៉ាក់សាំងកូវីដ-១។
មិនទាន់ច្បាស់ថា ការផ្អាកផលិតវ៉ាក់សាំងកូវីដ-១៩ របស់ Jonson & Johnson បង្កផលប៉ះពាល់ដល់បរិមាណ វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលមានស្រាប់របស់ក្រុមហ៊ុននេះដែរ ឬយ៉ាងណានៅឡើយ ព្រោះថា ក្រុមហ៊ុននេះតែងតែមានឃ្លាំងបម្រុង។
ប្រភពព័ត៌មានមួយដែលគួរឱ្យទុកចិត្ត បាននិយាយថា ការផ្អាកការផលិតអាចមានន័យថា Jonson & Johnson នឹងកាត់បន្ថយបរិមាណខ្ទង់រាប់រយលានដូស។ តាមគម្រោង ក្រោយពីការផ្អាកបានប៉ុន្មានខែ រោងចក្រនឹងផលិតក្នុងបរិមាណច្រើនជាងមុន។
រោងចក្រនានារបស់ Jonson & Johnson កំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរ ខណៈ Johnson & Johnson កំពុងត្រៀមខ្លួនដើម្បីអាចឱ្យរោងចក្រ Leiden ដំណើរការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ឡើងវិញ នៅខែមីនា។
អ្នកនាំពាក្យរបស់ Jonson & Johnson លោក Jake Sargent បានប្រាប់ BNBC ថា ក្រុមហ៊ុននេះកំពុង «ផ្ដោតទៅលើការធានាឱ្យបានប្រាកដថា វ៉ាក់សាំងរបស់យើងមានជានិច្ចនៅគ្រប់កន្លែងដែលគ្រប់គ្នាត្រូវការ» ហើយថា Jonson & Johnson កំពុងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដើម្បីឆ្លើយតបនឹងបណ្ដាអង្គការអន្តរជាតិដែលកំពុងប្រឹងប្រែងជំរុញឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាន់តែច្រើន។
មិនដូចទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃ វ៉ាក់សាំងរបស់ Jonson & Johnson គឺជាប្រភេទចាក់តែមួយដូសបណ្ណោះគឺគ្រប់គ្រាន់។ ថ្វីបើកន្លងមក មានមន្ទិលអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ប៉ុន្តែ ការស្រាវជ្រាវបានបង្ហាញថា Jonson & Johnson មានប្រសិទ្ធភាពក្នុងការទប់ស្កាត់អាការធ្ងន់ធ្ងរដែលអាចត្រូវចូលពេទ្យ ឬបាត់បង់ជីវិតដោយសារកូវីដ-១៩ ហើយដូសជំរុញក៏ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាពទប់ស្កាត់អាការធ្ងន់ធ្ងរនៅពេលឆ្លង អូមីក្រុង ផងដែរ។
កាលពីឆ្នាំ ២០២១ ក្រុមហ៊ុន Jonson & Johnson បានប្រកាសថា រកបានប្រាក់ចំណូល ២.៣៩ ពាន់លានដុល្លារអាម៉េរិក ពី វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងឆ្នាំ ២០២។ ក្រុមហ៊ុននេះក៏បានព្យាករថា នឹងរកបានចំណូល ៣.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២៕

គ្រាប់ពូជរបស់ស្រូវសាឡីព្រៃមួយប្រភេទនៅ ប្រទេសអ៊ីស្រាអែល មានរោមរឹងវែងចំនួន ២ ដែលដូចទៅនឹងជើងដែលជួយឱ្យវាផ្លាស់ទីនៅលើដី និងស្វែងរកទីតាំងល្អដើម្បីបន្តពូជ។
មានរុក្ខជាតិ «បុរាណ» ជាច្រើនដូចជា ស្រូវសាឡីព្រៃ នៅ អ៊ីស្រាអែល ជាដើម មានលក្ខណៈពិសេសដែលធានាថា គ្រាប់ពូជត្រូវបានបណ្ដុះនៅទីកន្លែងដ៏សមស្រប។ គ្រាប់របស់រុក្ខជាតិនេះសុទ្ធតែមានរោមរឹង វែង ចំនួន ២ ដែលហៅថា ស្នែង ឬជើង។ ពេលគ្រាប់ពូជធ្លាក់ទៅលើដី ស្នែងនេះបំពេញតួនាទីដ៏អស្ចារ្យរបស់វា។
ពួកវាផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។ ជើង ឬស្នែងទាំងនោះ បត់បែននៅពេលវាស្ងួតបន្តិចម្ដងៗ ហើយពេលទទឹក វាក៏លែងបត់បែន ធ្វើឱ្យវាផ្លាស់ទីបានយ៉ាងប្រសើរ។ រោមតូចៗជាច្រើនរបស់វា តោងជាប់ទៅលើផ្ទៃដី។
ដោយវិធីនេះ វាផ្លាស់ទីឆ្លងកាត់ផ្ទៃដីរហូតដល់បានរកឃើញក្រហែងដី ឬដុំថ្មដើម្បីជ្រក ឬជ្រែកចូល លាក់ខ្លួនរង់ចាំឱកាសល្អដើម្បីបន្តពូជ។

កំលោះមហាសេដ្ឋីរូបនេះ បានអះអាងថា គាត់រកប្រាក់គឺគ្រាន់តែដើម្បីចែករំលែកដល់អ្នកដទៃប៉ុណ្ណោះ!
Samuel Bankman-Fried (ហៅកាត់ថា Sam) គឺជាកំលោះមហាសេដ្ឋីដែលរកស៊ីមានបានដោយសារវិស័យរូបិយវត្ថុឌីជីថល។ ដោយមានសំណាងបន្តិច លាយឡំនឹងបញ្ញាបន្តិច បូករួមនឹងការចេះចាប់យកឱកាសបន្តិច Sam អាចរកបានប្រាក់ចំណេញខ្ទង់លានដុល្លារអាម៉េរិក/ថ្ងៃ។
ក៏ប៉ុន្តែ ទំនងជាមិនដូចទៅនឹងមហាសេដ្ឋីផ្សេងៗ គោលដៅរកប្រាក់របស់ Samuel គឺពិតជាសាមញ្ញ។ គាត់រកប្រាក់គឺគ្រាន់តែដើម្បីចែករំលែកដល់អ្នកដទៃ។ រកបានប្រាក់កាន់ច្រើន គាត់ក៏បរិច្ចាគប្រាក់កាន់តែច្រើន។
មើលទៅលើភាពសញ្ញរបស់ Sam តាំងពីរថយន្ត Toyota ចាស់ ដែលគាត់កំពុងប្រើប្រាស់ និងរូបរាងខាងក្រៅរបស់គាត់ ក៏យើងអាចវាយតម្លៃបានថា មហាសេដ្ឋីវ័យក្មេងរូបនេះ ហាក់មិនយកចិត្តទុកដាក់លើសភាពនៃ «សំបកខាងក្រៅ» របស់ខ្លួន។
នៅលើបណ្ដាញសង្គម Youtube ឆានែល Nas Daily បានធ្វើការសម្ភាសជាមួយ Sam។ កិច្ចសម្ភាសនេះនឹងជួយឱ្យមិត្តអ្នកអាន និងទស្សនិកជនបានដឹងខ្លះអំពីមហាសេដ្ឋីរូបនេះ ក៏ដូចជាកិច្ចការមានប្រយោជន៍ដល់សង្គមដែលបុរសនេះកំពុងធ្វើ៖
Sam ទុកសក់វែងជាងសក់ធម្មតារបស់បុរសស្ទើរគ្រប់រូប។ គាត់គឺជាមនុស្សចូលចិត្តបន្លែផ្លែឈើ និងគេង ៥ ម៉ោង/យប់។ Sam រស់នៅក្នុងតំបន់ប្រជុំកោះ Bahamas ជាមួយមិត្តភក្ដិ ១០ នាក់។ គាត់ឆ្នាំនេះ (២០២២) មានអាយុ ៣០ឆ្នាំ។

បច្ចុប្បន្ន Sam មានទ្រព្យចំនួន ២២ ពាន់លានដុល្លារអាម៉េរិក ហើយគាត់ចង់បរិច្ចាគប្រាក់ទាំងនេះក្នុងគោលដៅមនុស្សធម៌។ ប៉ុន្តែ ហេតុអ្វី? Sam ប្រាប់ថា មានមូលហេតុច្រើនណាស់…
តាំងពីក្មេង គាត់មានបំណងខ្លាយជាអ្នកមានទៅហើយ ពោលគឺអ្នកមានខ្លាំងតែម្ដង! «ខ្ញុំចង់ក្លាយជាអ្នកមាន មិនមែនព្រោះតែខ្ញុំស្រលាញ់ប្រាក់នោះឡើយ តែខ្ញុំចង់បរិច្ចាគប្រាក់ទាំងនោះសម្រាប់គោលដៅមនុស្សធម៌» Sam ឱ្យដឹងដូច្នេះ។
ក្រោយពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ MIT គាត់ចាប់ផ្ដើមស្វែងរកវិធីក្លាយជាអ្នកមាន។ ថ្ងៃមួយគាត់បានរកឃើញថា តម្លៃរបស់ប្រាក់ឌីជីថលវិមជ្ឈការ Bitcoin នៅ សហរដ្ឋអាម៉េរិក ខុសគ្នាឆ្ងាយពីតម្លៃរបស់វានៅ ជប៉ុន ហើយនោះគឺជាឱកាសដ៏ធំ។
អ្នកឃើញហើយថា តម្លៃ Bitcoin នៅ អាម៉េរិក គឺ ១០,០០០ ដុល្លារ (កាលពីពេលថតវីដេអូនេះ) ប៉ុន្តែ មានតម្លៃ ១១,០០០ ដុល្លារ នៅ ជប៉ុន។ អ្នកវិនិយោគ ១០ លានដុល្លារ ទិញ Bitcoin តម្លៃ ១០,០០០ ដុល្លារ/កាក់ (coin) ហើយលក់ចេញតម្លៃ ១១,០០០ ដុល្លារ អ្នកនឹងចំណេញបាន ១ លានដុល្លារភ្លាមៗ ហើយយើងអាចរកប្រាក់ចំណេញបានបែបនេះ។
តើគាត់រកប្រាក់ចំណេញបានខ្ទង់លានដុល្លាររាល់ថ្ងៃ មែនទេ?
Sam និយាយថា៖ ត្រូវហើយ!
https://www.youtube.com/watch?v=pVlkFW43820
ជាមួយនឹងវិធីសាស្ត្រសាមញ្ញនេះ Sam អាចរកបានសរុប ២០ លានដុល្លារ ហើយក៏បានក្លាយជាអ្នកជំនាញផ្នែកដោះដូរប្រាក់ឌីជីថល ដែលធ្វើការពេញម៉ោង និងបើកក្រុមហ៊ុនមួយមានឈ្មោះថា FTX។
FTX គឺជាថ្នាលបច្ចេកវិទ្យាជួញដូរប្រាក់ឌីជីថល ជាទីដែលអនុញ្ញាតឱ្យអ្នកទិញ លក់ Bitcoin រួមនឹងរូបិយវត្ថុឌីជីថលជាច្រើនផ្សេងទៀត។ នេះទើបជាចំណុចដែលគួរឱ្យចាប់អារម្មណ៍។
ចំណាយពេលតែ ២ ឆ្នាំ FTX បានក្លាយជាក្រុមហ៊ុនធំបំផុតមួយក្នុងពិភពលោក តម្លៃជាង ៤០ ពាន់លានដុល្លារអាម៉េរិក ក្នុងគ្រាដែល Sam មានអាយុទើបតែ ៣០ ឆ្នាំប៉ុណ្ណោះ។
ក៏ប៉ុន្តែ Sam មិនមែនជាមហាសេដ្ឋីបែបបុរាណនោះទេ ព្រោះគាត់ជឿថា «ប្រាក់ដែលរកបានគឺដើម្បីចែករំលែក»។ មានន័យថា គោលដៅរបស់គាត់គឺរកប្រាក់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន គឺដើម្បីចែកជូនអ្នកដទៃប៉ុណ្ណោះ!
ការរកប្រាក់គឺដើម្បីចែករំលែកដល់អ្នកដទៃ! នោះគឺជាអ្វីដែលគាត់កំពុងធ្វើ។
ឧទាហរណ៍ថា អ្នកមានប្រាក់ ១០០ ដុល្លារ និងចង់ធ្វើអ្វីមួយដើម្បីជួយដល់ពិភពលោកនេះ នោះ «ការរកប្រាក់ដើម្បីបរិច្ចាគ» គឺជាការប្រឹងប្រែងស្វែងរកគោលដៅ មូលនិធិមនុស្សធម៌ណាដែលនឹងអាចសង្គ្រោះជីវិតមនុស្សបានច្រើនបំផុតជាមួយនឹងប្រាក់ ដុល្លារ។ ដូច្នេះ ១០០ ដុល្លារនេះនឹងធ្វើកិច្ចការបានច្រើនដើម្បីជួយដល់ពិភពលោក។
កាលពីឆ្នាំមុន មហាសេដ្ឋីរូបនេះ បានបរិច្ចាគសរុប ៥០ លានដុល្លារ។ ឆ្នាំបន្ទាប់ គាត់មានគម្រោងបរិច្ចាគ ៥០០ លានដុល្លារ ហើយទសវត្សរ៍ក្រោយ គាត់ប្រហែលជានឹងបរិច្ចាគរហូតដល់ ១០ ពាន់លានដុល្លារ…

Petronas របស់ ម៉ាឡេស៊ី ត្រូវបានដាក់ចូលក្នុងចំណាត់ថ្នាក់ជាយីហោដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទី ១ នៅ តំបន់អាស៊ាន ស្របពេលដែល Viettel របស់ កងទ័ពវៀតណាម ជាប់លេខ ។
របាយការណ៍របស់ Brand Finance ដែលជាក្រុមហ៊ុនកំណត់តម្លៃយីហោលំដាប់កំពូលក្នុងពិភពលោក ឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់យីហោចំនួន ៥០០ ដែលមានតម្លៃជាងគេបង្អស់ក្នុងពិភពលោក ក៏មានក្រុមហ៊ុនចំនួន ៧ របស់បណ្ដាប្រទេសក្នុង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ផងដែរ។
Petronas របស់ ប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ចូលក្នុងចំណាត់ថ្នាក់ជាយីហោដែលមានតម្លៃជាងគេលំដាប់ទី ១ នៅ អាស៊ាន និងលំដាប់ទី ១៤៣ (ឆ្នាំ ២០២១ ជាប់ចំណាត់ថ្នាក់ ១៥៣) ក្នុងបញ្ជីរបស់ Brand Finance។ ក្នុងឆ្នាំ ២០២២ នេះ Petronas ត្រូវបាន Brand Finance កំណត់តម្លៃរហូតដល់ជាង ១៣.៥៩ ពាន់លានដុល្លារ (ឆ្នាំ ២០២១ មានតម្លៃជាង ១២ ពាន់លានដុល្លារ)។
ជាមួយនឹងកំណើនរហូតដល់ ៤៤% ស្ដីអំពីតម្លៃនៃយីហោ ក្រុមហ៊ុនរបស់កងទ័ពវៀតណាម Viettel (នៅ កម្ពុជា គេស្គាល់ថា មិត្តហ្វូន) ជាក្រុមហ៊ុនវៀតណាម តែមួយគត់ ដែលបច្ចុប្បន្ន ត្រូវបានកំណត់តម្លៃឡើងដល់ជាង ៨.៧៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ក្រុមហ៊ុននេះឈរលេខ ១ នៅ វៀតណាម, ឈរលេខ ២ នៅតំបន់អាស៊ាន (ASEAN) និងឈរលំដាប់លេខ ២២៧ នៅក្នុងពិភពលោក (ចំណាត់ថ្នាក់របស់ Brand Finance)។ Viettel ស្ថិតនៅក្នុងចំណោមកំពូលយីហោទាំង ១០ ដែលមានកំណើនលឿនបំផុត (ក្រៅពីបណ្ដាក្រុមហ៊ុនដែលទើបមានឈ្មោះក្នុងបញ្ជី) នៅក្នុងតារាងរបស់ Brand Finance។

ចំណែក ឥណ្ឌូណេស៊ី វិញ គឺមានក្រុមហ៊ុន Telkom Indonesia ឈរលំដាប់លេខ ៤៩០ និងទើបតែមានឈ្មោះក្នុងបញ្ជីរបស់ Brand Finance នៅឆ្នាំ ២០២២ ដោយត្រូវបានកំណត់តម្លៃជាង ៣.៨៥ ពាន់លានដុល្លារ (កើន ២២% ធៀបនឹងឆ្នាំមុន) និងជាប់ចំណាត់ថ្នាក់ទី ៧ ក្នុង តំបន់អាស៊ីអាគ្នេយ៍។
PTT ដែលជាក្រុមហ៊ុនរបស់រដ្ឋថៃ រកស៊ីក្នុងវិស័យប្រេង ក៏មានឈ្មោះក្នុងបញ្ជីខាងលើរបស់ Brand Finance ក្នុងនោះ ជាប់ចំណាត់ថ្នាក់លេខ ៤១០ (ឆ្នាំ ២០២១ លេខ ៣៩៩) ក្នុងពិភពលោក, លេខ ៤ ក្នុងតំបន់អាស៊ាន (ឆ្នាំ ២០២១ ជាប់លេខ ៤)។
សិង្ហបុរី មានក្រុមហ៊ុនចំនួន ៣ ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់របស់ Brand Finance គឺធនាគារ DBS (ចំណាត់ថ្នាក់ទី ២៣៤), ធនាគារ UOB (លេខ ៤៦៨) និង ធនាគារ OCBC (លេខ ៤៨២) ក្នុងនោះ UOB ទើបតែមានឈ្មោះនៅក្នុងឆ្នាំ ២០២២ នេះ។ DBS ជាប់លេខ ៣ នៅ តំបន់អាស៊ាន (ឆ្នាំ ២០២១ ជាប់លេខ ២)៕

ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន ១០៨ នាក់ ដែលបានរកឃើញកាលពី ២៤ ម៉ោង នៃថ្ងៃទី ៦ កុម្ភៈ ២០២២ មានករណីឆ្លងក្នុងសហគមន៍ ១០៣ នាក់ និង អ្នកដំណើរពីបរទេស ៥ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។
