Author: សឿន សំណាង

  • កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២២​

    កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៤ កុម្ភៈ កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៨៤ នាក់​ ក្នុងនោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ១៧៥​ នាក់ និង​​អ្នកដំណើរពីបរទេស ៩ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • កូរ៉េខាងជើង សម្ដែង​សិល្បៈ​ហែល​ទឹក​ដ៏​គួរឱ្យ​ចាប់ចិត្ត ដើម្បី​រំលឹក​ថ្ងៃ​ខួបកំណើត​របស់​អតីត​មេដឹកនាំ

    កូរ៉េខាងជើង សម្ដែង​សិល្បៈ​ហែល​ទឹក​ដ៏​គួរឱ្យ​ចាប់ចិត្ត ដើម្បី​រំលឹក​ថ្ងៃ​ខួបកំណើត​របស់​អតីត​មេដឹកនាំ

    ប្រទេស​កូរ៉េខាងជើង បាន​ប្រារព្ធ​ពិធី​ពិសេស ក្នុងនោះ​មាន​ទាំង​ការសម្ដែង​សិល្បៈ​ហែល​ទឹក​ផងដែរ ដើម្បី​រំលឹក​ថ្ងៃ​ខួបកំណើត​គម្រប់ ៨០ ឆ្នាំ របស់លោក គីម ជុងអ៊ីល (Kim Jong-il) ១៦ កុម្ភៈ។

    សារព័ត៌មាន Daily Mail របស់ អង់គ្លេស បាន​ឱ្យដឹងថា ទិវា​រំលឹក​ខួបកំណើត​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ីល គឺជា​ព្រឹត្តិការណ៍​សំខាន់បំផុត​មួយ​របស់ កូរ៉េខាងជើង។

    សម្រាប់​ឆ្នាំ ២០២២ នេះ កូរ៉េខាងជើង មិនទាន់​បង្ហើប​ឱ្យដឹង​លម្អិត​អំពី​កម្មវិធី​នានា​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទិវា​នេះ​នៅឡើយ។ ប៉ុន្តែ នៅក្នុង​ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត កូរ៉េខាងជើង តែងតែ​ធ្វើ​ព្យុហយាត្រា នៅ រដ្ឋធានី​ព្យុងយ៉ាង។

    នេះ​គឺជា​វីដេអូ ដែល​យកការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ស្ដីពី​កម្មវិធី​សម្ដែង​សិល្បៈ​ហែល​ទឹក ក៏ដូចជា​ព្យុហ​យា​ត្រ អបអរ​ខួប ៨០ ឆ្នាំ នៃ​ថ្ងៃកំណើត​របស់​អតីត​មេដឹកនាំ គីម ជុងអ៊ីល នៅ កូរ៉េខាងជើង។

    លោក​ គីម ជុងអ៊ីល

    លោក គីម ជុងអ៊ីល បាន​ដឹកនាំ កូរ៉េខាងជើង ក្នុងអំឡុង​ពី​ឆ្នាំ ១៩៩៤ រហូតដល់​លោក​បានទទួល​មរណភាព​កាលពី​ឆ្នាំ ២០១១ នៅ​ថ្ងៃទី ១៧ ធ្នូ ក្នុង​ជន្មាយុ ៦៩ ឆ្នាំ។ ថ្ងៃទី ១៩ ធ្នូ ២០១១ ទូរទស្សន៍​ជាតិ​កូរ៉េខាងជើង បាន​ផ្សាយដំណឹង​មរណភាព​នេះ។ ក្រោយមក លោក គីម ជុងអ៊ុន ដែលជា​កូន​ទី ៣ របស់លោក គីម ជុងអ៊ីល ក៏បាន​ឡើងកាន់​អំណាច​ជំនួស​បិតា​របស់លោក៕

  • សហរដ្ឋ​អាម៉េរិក ដាស់តឿន​ពលរដ្ឋ​រប​ស់​ខ្លួន ឱ្យ​ចាក​ចេញពី បេឡា​រូស ជាបន្ទាន់

    សហរដ្ឋ​អាម៉េរិក ដាស់តឿន​ពលរដ្ឋ​រប​ស់​ខ្លួន ឱ្យ​ចាក​ចេញពី បេឡា​រូស ជាបន្ទាន់

    កាលពី​ថ្ងៃទី ១៤ កុម្ភៈ សារព័ត៌មាន​អាម៉េរិក ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ប្រទេស​នេះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រចាំ​រដ្ឋធានី​មីន​ស្កិ៍ (Minsk) បានប្រកាស​តឿន​ពលរដ្ឋ​អាម៉េរិក ឱ្យ​ចាក​ចេញពី ប្រទេស​បេឡា​រូស ជាបន្ទាន់។

    យោងតាម NBC News ប្រកាស​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​មីន​ស្កិ៍ លើកឡើងថា៖ «ពលរដ្ឋ​អាម៉េរិក មិនត្រូវ​ទៅកាន់ បេឡា​រូស ព្រោះថា មានការ​អនុវត្ត​ច្បាប់​យ៉ាង​អនាធិបតេយ្យ ហានិភ័យ​ត្រូវ​ចាប់ខ្លួន និង​ការបង្កើន​ចំនួន​ទាហាន​ខុសពី​ធម្មតា គួរឱ្យ​ព្រួយបារម្ភ របស់ ប្រទេស​រុស្ស៊ី នៅតាម​បណ្ដោយ​ព្រំដែន​របស់ បេឡា​រូស ដែល​ជាប់​នឹង ប្រទេស​អ៊ុយ​ក្រែ​ន។ល។ ពលរដ្ឋ​អាម៉េរិក ដែល​កំពុង​ស្ថិតនៅក្នុង ប្រទេស​បេឡា​រូស គួរ​ចាកចេញ​ជាបន្ទាន់ ដោយ​ប្រើប្រាស់​មធ្យោបាយ​ពាណិជ្ជកម្ម ឬ​ឯកជន»។

    សារព័ត៌មាន Wall Street Journal ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ជំនាញ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​បញ្ជា​ឱ្យ​បំផ្លាញ​ឧបករណ៍​អ៊ី​ន​ធើ​ណិ​ត និង​កុំព្យូទ័រ ទន្ទឹមនឹង​ការផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅក្នុង​ស្ថានទូត​នៅ ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន។

    ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price ថ្លែងថា សួន​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​កៀវ កំពុង​ត្រូវបាន​ការពារ​ដោយ​កងកម្លាំង​ការពារជាតិ​អ៊ុយ​ក្រែ​ន ចំណែក សហរដ្ឋ​អាម៉េរិក មានបំណង​ត្រលប់​មកកាន់​ស្ថានទូត​វិញ «នៅពេល​យល់ថា មាន​សុវត្ថិភាព»។

    ការសម្រេច​នានា​ខាងលើ​របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​នៅពេល​ស្ថានការណ៍​តានតឹង​កំពុង​កើនឡើង​នៅក្នុង​តំបន់។ កាលពី​ថ្ងៃទី ១០ កុម្ភៈ រុស្ស៊ី និង បេឡា​រូស បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះថា «Allied Resolve-២០២២» នៅ បេឡា​រូស។

    សមយុទ្ធ​របស់ រុស្ស៊ី និង បេឡា​រូស នេះ បានធ្វើឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច មានការ​ព្រួយបារម្ភ​ថា ទីក្រុង​មូ​ស្គូ កំពុងមាន​ផែនការ​បង្កើន​ភាព​តានតឹង​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ភាព​តានតឹង​រវាង​លោកខាងលិច និង រុស្ស៊ី កើតមានឡើង​នៅក្នុង​ប៉ុន្មាន​ខែ​មកនេះ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន ដែលជា​ប្រទេសជិតខាង​របស់ បេឡា​រូស និង រុស្ស៊ី៕

  • បេក្ខភាព​ប្រធានាធិបតី​និម្មិត​ដំបូង​គេ​ក្នុង​ពិភពលោក កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​នៅ កូរ៉េខាងត្បូង

    បេក្ខភាព​ប្រធានាធិបតី​និម្មិត​ដំបូង​គេ​ក្នុង​ពិភពលោក កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​នៅ កូរ៉េខាងត្បូង

    នៅក្នុង​ការិយាល័យ​ឃោសនា​រក​សំឡេងឆ្នោត​នៅ ទីក្រុង​សេ​អ៊ូ​ល ក្រុម​បុគ្គលិក​វ័យក្មេង ប្រើប្រាស់​បច្ចេកវិទ្យា deepfake ដើម្បី​បង្កើត​បេក្ខភាព​ប្រធានាធិបតី​និម្មិត។

    ក្រុមបច្ចេកទេស បង្កើត​រូបភាព​ឌីជីថល​មួយ និង​ដាក់ឈ្មោះ​ឱ្យ​ថា AI Yoon តំណាងឱ្យ​លោក Yoon Suk-yeol ដែលជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្សប្រឆាំង (បក្ស​កម្លាំង​ប្រជាជន)។ AI Yoon ត្រូវបាន​បង្កើតឡើង មួយផ្នែក​ដោយ​ការប្រើប្រាស់​វីដេអូ​រាប់សិប​ម៉ោង ដែល​ថត​សកម្មភាព​របស់លោក Yoon Suk-yeol និង​ដើម្បី​ជួយ​ឃោសនា​រក​សំឡេងឆ្នោត​នៅមុន​ការបោះឆ្នោត​ថ្ងៃទី ៩ មីនា។

    បញ្ញា​សិប្បនិម្មិត (AI) ធ្លាប់បាន​បង្ហាញខ្លួន​ក្នុងការ​បោះឆ្នោត​មួយចំនួន​រួចមកហើយ។ នៅលើ​អ៊ី​ន​ធើ​ណិ​ត ធ្លាប់មាន​វីដេអូ deepfake ខ្លះ បង្ហាញថា Barack Obama រិះគន់​លោក Donald Trump ឬ​បេក្ខភាព​អភិបាលក្រុង New York លោក Andrew Yang កំពុង​ឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ពិភព​និម្មិត។ ក៏ប៉ុន្តែ ក្រុម​អ្នក​អភិវឌ្ឍ​យល់ថា AI Yoon គឺជា​បេក្ខភាព​ដែល​ឃោសនា​រក​សំឡេងឆ្នោត​ផ្លូវការ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ប្រើប្រាស់​បច្ចេកវិទ្យា deepfake ជា​រូបភាព​បង្កើតឡើង​ដោយ AI និង​កំពុង​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង​នៅ កូរ៉េខាងត្បូង។

    ដោយមាន​សក់​ពណ៌​ខ្មៅ​រលើប និង​ស្លៀកពាក់​ឈុត vest ដ៏​សង្ហា AI Yoon ដូច​ទៅនឹង​មនុស្ស​ពិត​ខ្លាំងណាស់ ប៉ុន្តែ​បែរជា​ប្រើប្រាស់​ពាក្យពេចន៍​កំប្លុកកំប្លែង និង​រិះគន់ ដើម្បី​ទាក់ទាញ​ម្ចាស់ឆ្នោត​វ័យក្មេង​ដែល​តែងតែ​តាមដាន​ព័ត៌មាន​នៅលើ​អ៊ី​ន​ធើ​ណិ​ត។

    ចាប់តាំងពី​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី ១ មករា AI Yoon បាន​ទាក់ទាញ​អ្នក​ចូល​មើល​រាប់លាន​លើក។ មនុស្ស​រាប់ម៉ឺន​នាក់ បានដាក់​ជា​សំណួរ​ឱ្យ AI Yoon ឆ្លើយ ប៉ុន្តែ ភាគច្រើន​គឺជា​សំណួរ​ដែល​មិន​ទាក់ទង​នឹង​គោលនយោបាយ។

    «ប្រធានាធិបតី Moon Jae-in និង​បេក្ខភាព​របស់​គូប្រឆាំង Lee Jae-myung ជិត​លង់ទឹក​ស្លាប់។ លោក​ជ្រើសរើស​អ្នកណា? អ្នកលេង​អ៊ី​ន​ធើ​ណិ​តម្នាក់ សួរ​ដូច្នេះ។

    AI Yoon តំណាងឱ្យលោក Yoon Suk-yeol

    បេក្ខភាព​ប្រធានាធិបតី AI Yoon ឆ្លើយថា៖ «ខ្ញុំ​ជូនពរ​ឱ្យ​អ្នក​ទាំងពីរ​ជួបតែ​សំណាងល្អ»។

    បេក្ខភាព AI Yoon បាន​ថត​សំឡេង​ជា​ឃ្លា​និយាយ​ជាង ៣,០០០ ឃ្លា ដើម្បី​ធ្វើជា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់ AI។ នេះ​បើតាម Baik Kyeong-hoon ប្រធាន​ក្រុមការងារ​ច្នៃប្រឌិត។ ប៉ុន្តែ តាមពិត ខ្លឹមសារ​ដែល AI Yoon និយាយ​គឺ​សុទ្ធតែ​ត្រូវបាន​សរសេរ​ដោយ​ក្រុម​គ្រប់គ្រង​យុទ្ធនា​ការឃោសនា។

    វិធី​ច្នៃប្រឌិត​នេះ ទទួលបាន​ជោគជ័យ។ ការ​ថ្លែង​របស់ បេក្ខភាព AI Yoon បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​នានា​នៅលើ​សារព័ត៌មាន​កូរ៉េខាងត្បូង។ មនុស្ស ៧ លាន​នាក់​បាន​ចូលទៅ​គេហទំព័រ Wiki Yoon ដើម្បី​ដាក់​ជា​សំណួរ​ដល់​បេក្ខភាព​ប្រ​ធានា​ធិ​ប​តិ​និម្មិត​នេះ។

    Ko Sam-seog ជា​អ្នកធ្វើ​ការឱ្យ Lee Jae-myung ដែលជា​គូប្រជែង​សំខាន់​របស់លោក Yoon Suk-yeol បាន​ចោទ​បេក្ខភាព​និម្មិត​នេះ​ថា ប្រើប្រាស់​ពាក្យពេចន៍​មិន​សមស្រប​ជាមួយនឹង​ស្ដង់ដា​នយោបាយ។

    ទោះជា​យ៉ាងណាក៏ដោយ បេក្ខភាព AI Yoon កំពុង​បង្ហាញ​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​បាន​ជួយ​ឱ្យ​លោក Yoon Suk-yeol នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​លើ​ក្រុម​យុវវ័យ​ដែលមាន​អាយុ​ខ្ទង់ ២០ ឆ្នាំ។

    គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់ កូរ៉េខាងត្បូង បាន​អនុញ្ញាតឱ្យ​បេក្ខភាព​ទាំងឡាយ ប្រើប្រាស់ AI នៅក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត ជាមួយនឹង​លក្ខខណ្ឌ «ត្រូវ​និយាយ​ឱ្យបាន​ច្បាស់​ថា ជា​បច្ចេកវិទ្យា deepfake និង​មិនត្រូវ​លើកឡើង​អំពី​ព័ត៌មាន​មិន​ពិត»៕

  • ពាក្យ​​ជូនពរ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ (Valentine’s Day) ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ឆ្នាំនេះ

    ពាក្យ​​ជូនពរ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ (Valentine’s Day) ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ឆ្នាំនេះ

    ទន្ទឹមនឹង​អំណោយ កាដូ ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់ ពាក្យ​ជូនពរ​ប្រកបដោយ​ភាព​ផ្អែមល្ហែម និង​កក់ក្ដៅ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា សំខាន់ នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ផងដែរ។

    ខាងក្រោម​នេះ​គឺជា​ឃ្លា​ជូនពរ​មួយចំនួន​ដែល​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​យកទៅ​ប្រើ​ប្រាប់​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់៖

    សម្រាប់​គូស្នេហ៍​ដែល​នៅ​ឆ្ងាយ​ពីគ្នា

    ១-បង​គ្រាន់តែ​ប្រាថ្នា​មាន​អូន​នៅក្បែរ​នៅក្នុង​ពេលវេលា​នេះ ពេលនោះ បង​នឹង​ឱប​អូន​ឱ្យ​ណែន និង​ឱ្យ​អូន​ដឹងថា អារម្មណ៍​នៃ​ក្ដី​នឹករលឹករ​បស់បង វា​ជ្រៅ​ដល់​កម្រិតណា។ ជូនពរ​អូន ថ្ងៃ Valentine រីករាយ។ ចូរ​អូន​បិទ​ភ្នែក ហើយ​ស្រមៃ​ដល់​បង​ណា៎​សម្លាញ់​ចិត្ត ព្រោះថា បង​ក៏​កំពុង​ស្រមៃ​ដល់​អូន។

    ២-បង​សម្លាញ់ បើទោះជា​នៅទីណា យើង​នៅតែ​ស្រលាញ់គ្នា និង​មាន​សុភមង្គល​ជាមួយគ្នា ព្រោះថា យើង​តែងតែ​គិតដល់​គ្នា មែន​ទេ​បង? ជូនពរ​បង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​រីករាយ!

    ៣-ជូនពរ​អូន​សុខភាព​ល្អ និង​រីករាយ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់​ឆ្នាំនេះ! បង​កំពុង​នឹក​អូន​ខ្លាំងណាស់ មិនដឹងថា ពេលនេះ​អូន​នឹក​បង​ដែរ ឬ​អត់? គ្រាន់តែ​ស្រមៃ​ដល់​ស្នាមញញឹម​របស់​អូន បង​ក៏មាន​អារម្មណ៍​ថា កក់ក្ដៅ​ណាស់​ទៅហើយ បើ​បាន​នៅក្បែរ​អូន​ទៀត មិនដឹង​កក់ក្ដៅ​យ៉ាងណា? សង្ឃឹមថានឹង​បាន​ជួបគ្នាឆាប់ៗនេះ!

    សម្រាប់​ជូនពរ​គូ​ស្វាមី ឬ​ភរិយា និង​មិត្ត​ប្រុស មិត្តស្រី

    ១-អរគុណ​អូន​សម្លាញ់​ដែល​បាន​ចូលមកក្នុង​ជីវិត​បង។ សូមឱ្យ​ស្នេហា​យើង​មាន​ភាព​ផ្អែមល្ហែម និង​សុភមង្គល​ជានិច្ច។ ជូនពរ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់!

    ២-អូន​សម្លាញ់ បង​សន្យាថា នឹង​កាន់​ដៃ​អូន​យ៉ាង​ជាប់ យើង​រួម​ដំណើរ​ជាមួយគ្នា​រហូតដល់​អវសាន​នៃ​ជីវិត។ ជូនពរ​ថ្ងៃ Valentine រីករាយ។ យើង​នៅតែ​ជា​គូ​នឹង​គ្នា​ជា​រៀងរហូត​ណា៎ អូន​ណា៎!

    ៣-ពី​ក្នុង​ក្រឳ​បេះដូង បង​ចង់​និយាយប្រាប់​អូន​ថា អូន​នៅតែ​ជានា​រី​ដែល​បង​ស្រលាញ់​បំផុត និង​ជា​រៀងរហូត។ ខ្វះ​អូន ជីវិតរ​បស់បង​ពិតជា​គ្មាន​ន័យ។ ជូនពរ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ អូន​សម្លាញ់​ចិត្ត​បង!

    ៤-អូន​ចង់​ប្រាប់​បង​ថា បង​ជា​ជីវិត​របស់​អូន។ អូន​ស្រលាញ់​បង​ពេញ​បេះដូង អូន​មិនអាច​ខ្វះ​បង​បានឡើយ។ ដូច្នេះ សូម​កាន់​ដៃ​អូន​ពេញ​មួយជីវិត​ណា៎​បង់! ជូនពរ​បង​រីករាយ​ក្នុង​ថ្ងៃ​តំណាង​នៃ​ស្នេហា​របស់​យើង។

    ៥-បង​អរគុណ​អូន​ខ្លាំងណាស់​ដែល​កន្លងមក​មិនបាន​ប្រកាន់ទោសរ​បស់បង និង​បាន​ជួយ​ឱ្យ​បង​ក្លាយជា​បុរស​រឹងមាំ មានការ​ទទួលខុសត្រូវ​ជាង​មុន។ បង​ដឹង​ច្បាស់​ថា ជីវិត​នេះ​បើសិនជា​អូន​មិនមែនជា​ភរិយារ​បស់បង នោះ​ប្រាកដជា​មិនមាន​នារី​ណា​ម្នាក់​នឹង​ក្លាយជា​ប្រពន្ធរ​បស់បង​ឡើយ។

    ៦-បង​សម្លាញ់ អូន​ស្រលាញ់​បង មិនមែន​ដោយសារតែ​បង​សង្ហា ហើយក៏​មិនមែន​ព្រោះតែ​បង​មាន​ប្រាក់​ច្រើន​នោះដែរ ប៉ុន្តែ គឺ​ដោយសារតែ​អូន​ស្រលាញ់​បង។ អូន​សង្ឃឹមថា យើង​នឹងមាន​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ដូច្នេះ​គ្រប់ពេល!

    ៧-សុភមង្គល​របស់​អូន គឺ​ការដែល​បាន​នៅក្បែរ​បង។ Valentine នេះ អូន​ត្រូវការ​តែ​បង​នៅក្បែរ​អូន​ប៉ុណ្ណោះ។

    ៨-បើ​បង​សួរថា អូន​ត្រូវការ​កាដូ​អ្វី ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នេះ។ អូន​នឹង​ប្រាប់​បង​ថា អូន​មិន​ត្រូវការ​អ្វី​ទាំងអស់ ព្រោះថា បង​គឺជា​អំណោយ​ដ៏​មានតម្លៃ​សម្រាប់​អូន​ទៅហើយ។ គ្រាន់តែ​បង​សប្បាយចិត្ត អូន​ក៏​រីករាយ។ ជូនពរ​ស្នេហា​យើង កាន់​តែមាន​សុភមង្គល​ក្នុង​ថ្ងៃ​ពិសេស​នេះ។

    ៩-ប្ដី​សម្លាញ់ អូន​ចង់​ប្រាប់​បង​ថា ប្រពន្ធ​ម្នាក់នេះ​ស្រលាញ់​ប្ដី​ខ្លាំងណាស់។ ជូនពរ​បង​មាន​សេចក្ដីសុខ ពេល​នៅក្បែរ​អូន​ក្នុង​យប់​នេះ។

  • ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ឆ្នាំ ២០២២៖ ៧៦% នៃ​អ្នកដែល​មាន​គម្រោងធ្វើខួប​អនុស្សាវរីយ៍ យល់ថា ជារឿងសំខាន់ដែលត្រូវធ្វើខួប នៅក្នុងកាលៈទេសៈនេះ

    ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ឆ្នាំ ២០២២៖ ៧៦% នៃ​អ្នកដែល​មាន​គម្រោងធ្វើខួប​អនុស្សាវរីយ៍ យល់ថា ជារឿងសំខាន់ដែលត្រូវធ្វើខួប នៅក្នុងកាលៈទេសៈនេះ

    (សហរដ្ឋអាម៉េរិក)-យោងតាម​ការស្ទង់មតិ​ប្រចាំឆ្នាំ​ដែល​ត្រូវបាន​ប្រកាស​នា​ថ្ងៃនេះ​ដោយ​សម្ព័ន្ធជាតិ​លក់រាយ និង Prosper Insights & Analytics ជា​មធ្យម មនុស្ស​ម្នាក់​គ្រោង​នឹង​ចំណាយ ១៧៥.៤១ ដុល្លារ​អាម៉េរិក សម្រាប់​អំណោយ​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់។

    ការស្រាវជ្រាវ​របស់​ស​ម្ព័​ន្ធ​ជាតិ​លក់រាយ និង Prosper Insights & Analytics បានឱ្យដឹងថា ការចំណាយ​សម្រាប់​ទិវា​នៃ​ក្ដី​ស្រលាញ់ នឹង​ឡើងដល់ ២៣.៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ខណៈ​ឆ្នាំ ២០២១ តួលេខ​នេះ​ត្រឹមតែ ២១.៨ ពាន់​លាន​ដុល្លារ។

    «ទិវា​នៃ​ក្ដី​ស្រលាញ់ គឺជា​ឱកាស​ពិសេស​សម្រាប់​ពលរដ្ឋ​អាម៉េរិក​ភាគច្រើន។ ជាងនេះទៀត នៅពេល​យើង​បាន​ចាក​ផុតពី​វិបត្តិ​កូ​វីដ-១៩ ក្រុម​លក់រាយ​បាន​ត្រៀម​រួចរាល់​ដើម្បី​ជួយ​ពួកគេ​ឱ្យ​ទទួលបាន​បទពិសោធ​ន៍​មិនអាច​បំភ្លេចបាន និង​មានន័យ​ជ្រៅ នៅក្នុង​ទិវា​នេះ» លោក Matthew Shay ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ NRF (National Research Foundation) បាន​ថ្លែង​ដូច្នេះ។

    ពលរដ្ឋ​អាម៉េរិក​ នឹង​ចំណាយ​ប្រាក់ ២៣.៩ ពាន់លានដុល្លារក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ឆ្នាំ ២០២២

    ជាក់ស្ដែង ជាង​ពាក់កណ្ដាល (៥៣%) នៃ​អ្នកប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក មាន​គម្រោង​ប្រារព្ធ​ពិធី​អនុស្សាវរីយ៍​នៅ​ឆ្នាំ ២០២២ ដែល​តួលេខ​នេះ​ខ្ពស់ជាង​បន្តិច ធៀប​នឹង ៥២% ក្នុង​ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ប្រហែល ៧៦% ក្នុងចំណោម​អ្នក​ដែលមាន​គម្រោង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ យល់ថា នេះ​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​នៃ​ជំងឺ​រាតត្បាត​នេះ។

    យោងតាម​ការស្ទង់មតិ មនុស្សម្នា​ក់មាន​គម្រោង​ចំណាយ​ជា​មធ្យម ១៧៥.៤១ ដុល្លារ​អាម៉េរិក សម្រាប់​កាដូ​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់។ ចំនួន​នៃ​ការចំណាយ​នេះ កើនឡើង​បន្តិច ធៀប​នឹង ១៦៤.៧៦ ដុល្លារ កាលពី​ឆ្នាំ ២០២១។

    ចំណែក​កាដូ​ដែល​នឹង​ត្រូវបាន​និយម​បំផុត​នៅក្នុង​ឆ្នាំនេះ រួមមាន​ដូចជា ស្ករ​គ្រាប់ (៥៦%), លិខិត​ជូនពរ (៤០%) និង ផ្កា (៣៧%)។ ប្រមាណ​ជា ៣១% នៃ​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ឆ្លើយថា នឹង​ទទួលទាន​អាហារ​ក្នុង​រាត្រី​ទិវា​នៃ​ក្ដី​ស្រលាញ់​ប្រកបដោយ​រ៉ូ​មេន​ទិច ខណៈ​តួលេខ​នេះ​កាលពី​ឆ្នាំ ២០២១ មាន ២៤%។

    ទន្ទឹមនឹងនេះ ជិត ២២% នៃ​អ្នក​ត្រូវបាន​សួរ ប្រាប់ថា នឹង​ជ្រើសរើស​គ្រឿងអលង្ការ​ជូន​មនុស្ស​ពិសេស។ ការចំណាយ​សម្រាប់​កាដូ​ជា​គ្រឿងអលង្ការ​ឆ្នាំនេះ ត្រូវបាន​គណនា​ឃើញថា ប្រហែល ៦.២ ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ច្រើន ធៀប​នឹង ៤.១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១ និង​ជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

    «បើទោះជា​កាដូ​ជា​ប្រពៃណី​នៅក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ដូចជា ស្ករ​គ្រាប់ និង​ផ្កា​ជាដើម ហាក់​នៅតែ​ជា​អំណោយ​ទាន់សម័យ ប៉ុន្តែ អ្នក​ជូន និង​អ្នកទទួល​សុទ្ធ​តែមាន​អារម្មណ៍​ថា មាន​ផាសុកភាព​ជាង នៅពេល​បាន​ទៅ​បរិភោគ​អាហារ​ពិសេស ឬ​ចូលរួម​ទទួលយក​បទពិសោធន៍​ថ្មី ធៀប​នឹង​ឆ្នាំមុន» លោក Philips Rist នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Prosper Insights បញ្ជាក់​ដូច្នេះ៕

  • រុស្ស៊ី បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ដែល​អាច​រកឃើញ​វីរុស SARS-CoV-2 (កូ​វីដ-១៩) នៅ​ដំណាក់កាល​ដំបូង​បំផុត​បន្ទាប់ពី​បាន​ឆ្លង

    រុស្ស៊ី បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ដែល​អាច​រកឃើញ​វីរុស SARS-CoV-2 (កូ​វីដ-១៩) នៅ​ដំណាក់កាល​ដំបូង​បំផុត​បន្ទាប់ពី​បាន​ឆ្លង

    យោងតាម​សារព័ត៌មាន Sputniknews អាជ្ញាធរ​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សុខភាព​មនុស្ស របស់ សហព័ន្ធ​រុស្ស៊ី (Rospotrebnadzor) បង្ហើប​ឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ជំងឺឆ្លង​របស់ខ្លួន បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​រកឃើញ​វីរុស SARS-CoV-2 ក្នុងដំណាក់កាល​ដំបូង​បំផុត បន្ទាប់ពី​បាន​ឆ្លង​មក​មនុស្ស​ម្នាក់ នៅពេល​កំហាប់​វីរុស​ស្ថិតក្នុង​កម្រិត​ទាប​បំផុត។

    ក្នុង​ស្ថានការណ៍​កូ​វីដ-១៩ កំពុង​រាតត្បាត កម្រិត​ប្រសិទ្ធភាព​នៃ​ឧបករណ៍​ធ្វើតេស្ត​សំណាក និង​ការដែល​ឆាប់​ប្រមូលបាន​លទ្ធផល​គឺជា​កត្តា​សំខាន់បំផុត​របស់​ប្រព័ន្ធ​វិនិច្ឆយ​រោគ។ បច្ចេកវិទ្យា​ថ្មី​របស់ Rospotrebnadzor មាន​សមត្ថភាព​ឆ្លើយតប​នឹង​តម្រូវការ​ទាំងអស់​ខាងលើនេះ។

    សមាជិក​ម្នាក់​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ បាន​ប្រាប់ថា របកគំហើញ​នេះ​អាច​ក្លាយជា​មូលដ្ឋាន​សម្រាប់​ប្រព័ន្ធ​វិនិច្ឆយ​រោគ​រហ័ស​នៅនឹងកន្លែង​អ្នកជំងឺ ឬ​គោលដៅ​ធ្វើតេស្ត។ ប្រព័ន្ធ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​នឹងមិន​ត្រូវការ​ឧបករណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះ ការចំណាយ​ក្នុង​ការផលិត​ឧបករណ៍​ធ្វើតេស្ត​នឹង​ទាប តែ​ផ្ដល់​លទ្ធផល​បាន​យ៉ាង​លឿន ជួយ​ឱ្យមាន​ការព្យាបាល​ទាន់ពេល។

    បច្ចុប្បន្ន បច្ចេកវិទ្យា​របស់ Rospotrebnadzor ត្រូវបាន​ចុះ​បញ្ជិកា​នៅ​ការិយាល័យ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​បញ្ញា​របស់ រុស្ស៊ី (Rospatent) រួចហើយ។

    របកគំហើញ​របស់​ក្នុង​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នេះ​គឺ​ទាក់ទង​ទៅនឹង​បច្ចេកទេស​តំណពូជ និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ដោយយោង​ទៅលើ ម៉ូលេគុល RNA នាំ​ផ្លូវ (Guide RNA/gRNA) នឹង​អាច​ត្រូវបាន​ប្រើ​ក្នុង​ប្រព័ន្ធ CRISPR-Cas14 ដើម្បី​ស្វែងរក RNA របស់ វីរុស​កូ​វីដ-១៩ ប្រកបដោយ​ភាព​ទាន់​ចិត្ត៕

  • (វីដេអូ)-ផ្ទុះ​ភ្នំភ្លើង​នៅ អឺរ៉ុប​ខាងត្បូង បង្ក​ឱ្យ​មាន​​ព្យុះ​រន្ទះ​គួរឱ្យខ្លាច

    (វីដេអូ)-ផ្ទុះ​ភ្នំភ្លើង​នៅ អឺរ៉ុប​ខាងត្បូង បង្ក​ឱ្យ​មាន​​ព្យុះ​រន្ទះ​គួរឱ្យខ្លាច

    (អ៊ីតាលី)-ភ្នំភ្លើង Etna បាន​ផ្ទុះ​យ៉ាងខ្លាំង​ក្លាភ្លាមៗកាលពី​សប្ដាហ៍​កន្លង បណ្ដាលឱ្យមាន​ព្យុះ​រន្ទះ​នៅលើ​មេឃ​ភាគខាងត្បូង​របស់​កោះ Sicily។

    យោងតាម​វិទ្យាស្ថាន​ជាតិ​ភូគព្ភសាស្ត្រ និង​ភ្នំភ្លើង របស់ អ៊ីតាលី (INGV) ភ្នំភ្លើង​នេះ​បាន​ផ្ទុះឡើង​កាលពី​ពាក់​​ជិត​​កណ្ដាល​យប់​នៃ​​ថ្ងៃទី ១០ កុម្ភៈ និង​មិនបាន​បង្កឱ្យមាន​ការខូចខាត​ណាមួយ​ឡើយ។ ក៏ប៉ុន្តែ វា​បានធ្វើ​ឱ្យមាន​ផេះ​កម្ពស់​រហូតដល់ ១០ គីឡូម៉ែត្រ។

    Etna គឺជា​ភ្នំភ្លើង​មួយ​ដែលមាន​សកម្មភាព​ខ្លាំង​ក្លា​បំផុត​នៅ អឺរ៉ុប ប៉ុន្តែ វា​កម្រ​នឹងមាន​ការផ្ទុះ​ខ្លាំង​ដូច​លើក​នេះ។ ប៉ុន្តែ កាលពី​ឆ្នាំ ២០១៥ និង ២០២១ ភ្នំភ្លើង Etna មានការ​ផ្ទុះ​ស្រដៀង​គ្នា​នេះដែរ។

    រន្ទះ​ក្នុង​ប​ន្ទុះ​ភ្នំភ្លើង និង​រន្ទះ​ក្នុង​ភ្លៀង​សុទ្ធតែ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​គ្រាប់​ល្អិត​នានា ប៉ុន្តែ ជំនួស​ឱ្យ​ការបង្កើតឡើង​ដោយ​គ្រាប់​ទឹកកក​ក្នុង​ភ្លៀង​ធម្មតា រន្ទះ​នៅក្នុង​ប​ន្ទុះ​ភ្នំភ្លើង​គឺ​កើតឡើង​ដោយសារ​គ្រាប់​នៃ​កំ​អែរ​ម៉ាក់​ម៉ា។ នេះ​បើតាម Adam Varbel អ្នកស្រាវជ្រាវ​អំពី​ព្យុះ​នៅឯ​បន្ទប់ពិសោធន៍​ជាតិ ប៉ាស៊ីហ្វិក​ភាគ​ពាយព្យ។

    https://www.youtube.com/watch?v=fXQfL77Om8U

    ភ្នំភ្លើង Etna ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ Sicily ដែល​នៅក្នុង​តំបន់​កណ្ដាល​នៃ​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ។ ដោយមាន​កម្ពស់ ៣,៣៥៧ ម៉ែត្រ និង​ទំហំ ១,១៩០ គីឡូម៉ែត្រ​ក្រឡា នេះ​គឺជា​ភ្នំភ្លើង​សកម្ម​ធំ​បំផុត​នៅ អ៊ីតាលី៕

  • កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​​វីរុស​កូវីដ-១៩ ជាង ៥០០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៣ កុម្ភៈ ២០២២​

    កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​​វីរុស​កូវីដ-១៩ ជាង ៥០០ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៣ កុម្ភៈ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៣ កុម្ភៈ កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ៥១២ នាក់​ ក្នុងនោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ៤៩៦​ នាក់ និង​​អ្នកដំណើរពីបរទេស ១៦ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • ប៉ូលិស​ចាក់​ចម្រៀង​ដើម្បី​ដេញ​ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង ដែល​ជួបជុំគ្នា​នៅ​សួន​វិមាន​សភា

    ប៉ូលិស​ចាក់​ចម្រៀង​ដើម្បី​ដេញ​ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង ដែល​ជួបជុំគ្នា​នៅ​សួន​វិមាន​សភា

    (នូ​វែ​ល​សេ​ឡង់)-ក្រុមមន្ត្រី​នៅ វែ​លីង​តោន បាន​ចាក់​បទ​ចម្រៀង​របស់ Manilow ដើម្បី​ទប់ទល់​នឹង​បាតុករ​រាប់រយ​នាក់​ដែល​បោះជំរំ​នៅ​សួន​របស់​វិមាន​សភា ដើម្បី​សម្ដែង​ការប្រឆាំង​ទៅនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

    បាតុកម្ម​ប្រឆាំង​វ៉ាក់សាំង និង​ជំទាស់​ចំពោះ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ បាន​ផ្ទុះឡើង​នៅ នូ​វែ​ល​សេ​ឡង់ បន្ទាប់ពី​ក្បួន​រថយន្ត បាន​ឆ្ពោះទៅ​ខាងមុខ​វិមាន​សភា នៅក្នុង រដ្ឋធានី​វែ​លីង​តោន ដែល​យកតម្រាប់​តាម​បាតុកម្ម «ក្បួន​រថយន្ត​សេរីភាព» នៅ កាណាដា។

    នៅពេល​បាតុករ​ប្រមាណ ១,០០០ នាក់ បោះតង់​ជា​មូលដ្ឋាន​ស្នាក់នៅ​ច្រើន​ថ្ងៃ នៅលើ​សួន​នៃ​វិមាន​រដ្ឋសភា Trevor Mallard ដែលជា​ប្រធានសភា​របស់ នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី ១២ កុម្ភៈ បាន​អនុញ្ញាតឱ្យ​អាជ្ញាធរ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ដើម្បី​បញ្ជូន​សារ​ស្ដីពី​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដល់​ហ្វូង​បាតុករ។

    ប្រព័ន្ធ​បំពង​សំឡេង​នេះ ក៏​ចាក់​ចម្រៀង​របស់​តារាចម្រៀង​អាម៉េរិក Barry Manilow ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ Macarena នៃ​ទសវត្សរ៍​ឆ្នាំ ១៩៩០ ផងដែរ ដើម្បី​ទប់ទល់​នឹង​បាតុករ។

    មុន​នោះ សមត្ថកិច្ច​របស់ នូ​វែ​ល​សែ​ឡង់ បាន​ស្វែងរក​វិធី​ដើម្បី​ដេញ​បាតុករ​ចេញពី​សួន​របស់​វិមាន​សភា។ Mallard កាលពី​ថ្ងៃទី ១១ មិថុនា ២០២១ ក៏​ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​បុគ្គលិក​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​បំបែកហ្វូង​បាតុករ​ផងដែរ។

    មនុស្ស​ជាច្រើន​នាក់​បានចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ចំពោះ​បុគ្គលិក​នៅក្នុង​វិស័យ​មួយចំនួន ក្នុងនោះ​មាន គ្រូបង្រៀន វេជ្ជបណ្ឌិត បុគ្គលិក​ថែ​អ្នកជំងឺ ប៉ូលិស និង​ទាហាន។ ក្រៅពីនេះ​ក៏មាន​អ្នកខ្លះ​ប្រឆាំងនឹង​ការកំណត់​ស្ដីពី​ការពាក់​ម៉ាស នៅ នូ​វែ​ល​សែ​ឡង់៕