Author: សឿន សំណាង

  • (វីដេអូ)-យាន​ផ្សង​ព្រេង​​សម្រាប់ការ​​​ស្រាវ​​ជ្រាវ​​ព្រះ​​ចន្ទ​​របស់​​ពិភព​​សៅរ៍​ ហោះ​ហើរ​​សាក​ល្បង

    (វីដេអូ)-យាន​ផ្សង​ព្រេង​​សម្រាប់ការ​​​ស្រាវ​​ជ្រាវ​​ព្រះ​​ចន្ទ​​របស់​​ពិភព​​សៅរ៍​ ហោះ​ហើរ​​សាក​ល្បង

    (សហរដ្ឋ​អាម៉េរិក)-ស្ថានីយ​ចុះចត និង​ជា​យន្តហោះ Dragonfly របស់ ណា​សា (NASA) ដំណើរការ​សាកល្បង​នៅលើ​សមុទ្រ​ខ្សាច់ California ជាទី​ដែលមាន​ដំបូក​ខ្សាច់ខ្ពស់ៗ ដូច​ទៅនឹង​សណ្ឋាន​ដី​លើ​ឋាន​ព្រះ​ចន្ទ​របស់​ភព​សៅរ៍។

    Dragonfly គឺជា​ស្ថានីយ​ចុះចត និង​ជា​យន្តហោះ​របស់​ទីភ្នាក់ងារ​អាវ​កាស​អាម៉េរិក ណា​សា ដែល​នឹង​បំពេញបេសកកម្ម​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​ពិភព​សៅរ៍ (Saturn)។ កាលពី​ខែកញ្ញា ២០២១ ក្រុម​អ្នកជំនាញ​បានធ្វើ​តេស្ត​យាន​ផ្សងព្រេង​នេះ​នៅលើ​វាល​ខ្សាច់​ដែល​ដូច​ទៅនឹង​ដំបូក​ខ្សាច់​លើ​ព្រះ​ចន្ទ​ទី​តាន (ឬ​ហៅថា ថា​យ​ធិ​ន ឬ ទី​តង់ (Titan)) ក្នុង​រយៈពេល ៣ ថ្ងៃ។

    ការប្រមូល​រូបភាព និង​ទិន្នន័យ​ទាំង​ថ្ងៃ ទាំងយប់ មាន​សារសំខាន់​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​ទិស​របស់ Dragonfly ដែល​នឹង​ជួយ​ឱ្យ​យន្តហោះ​នេះ​ដឹង​អំពី​ទីតាំង និង​ការ​ចល័ត​របស់ខ្លួន​នៅលើ ព្រះ​ចន្ទ​ទី​តាន របស់ ភព​សៅរ៍។

    ការសាកល្បង​ដូច្នេះ​នៅលើ​ផែនដី ក៏​ជួយ​ដល់​ក្រុម​អ្នកស្រាវជ្រាវ អាច​អភិវឌ្ឍ Dragonfly ឱ្យ​ហោះ​បាន​នៅលើ​ពិភព​ដទៃ។ តាម​គម្រោង យាន Dragonfly របស់ ណា​សា នឹងត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ឆ្នាំ ២០២៧៕

  • (វីដេអូ)-លក់​ដេញ​ថ្លៃ​​ត្បូង​​ពេជ្រ​​ពណ៌​​ផ្ទៃ​មេឃ​​ធំ​​បំផុត​​ និង​​ថ្លៃ​​បំផុត​​ក្នុង​​ពិភព​លោក

    (វីដេអូ)-លក់​ដេញ​ថ្លៃ​​ត្បូង​​ពេជ្រ​​ពណ៌​​ផ្ទៃ​មេឃ​​ធំ​​បំផុត​​ និង​​ថ្លៃ​​បំផុត​​ក្នុង​​ពិភព​លោក

    ត្បូង​ពេជ្រ​ពណ៌​ផ្ទៃមេឃ​ធំជាងគេ និង​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក De Beers Cullinan Blue គ្រោង​នឹង​រកបាន​ប្រា​ក់ជាង ៤៨ លាន​ដុល្លារ នៅក្នុង​ការលក់​ដេញថ្លៃ​នៅ​ខែមេសា​ខាងមុខ។

    De Beers Cullinan Blue ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ ២០២១ នៅក្នុង​អណ្ដូងរ៉ែ Cullinan របស់ អាហ្វ្រិក​ខាងត្បូង ជា​ប្រភព​កម្រ​មួយ​ក្នុង​ពិភពលោក​ដែល​ផ្គត់ផ្គង់​ត្បូង​ប្រភេទ​នេះ។

    ត្បូង​ពេជ្រ​នេះ​មាន​ទម្ងន់​ជាង ១៥ កា​រ៉ា​ត មាន​ពណ៌​ផ្ទៃមេឃ​យ៉ាង​ស្រស់ស្អាត។ វិទ្យាស្ថាន​ត្បូង​ពេជ្រ​អាម៉េរិក បានដាក់​បញ្ចូល​ប្រភេទ​ត្បូង​នេះ​ទៅក្នុង​ក្រុម​ដែល «មាន​ពណ៌​ផ្ទៃមេឃ​ដ៏​ទាក់ទាញ» ជា​ប្រភេទ​ដែល​មានតែ ១% ប៉ុណ្ណោះ នៅក្នុង​ចំណោម​ប្រភេទ​ត្បូង​ពេជ្រ​ពណ៌​ផ្ទៃមេឃ។

    ដំណើរការ​នៃ​ការកកើត​ថ្ម និង​វត្តមាន​របស់​រ៉ែ​កាបូន នៅពេល​កកើត​គ្រី​ស្តា​ល់ គឺជា​វិទ្យាសាស្ត្រ​ប្រកបដោយ​ភាព​បរិសុទ្ធ ហើយ​វា​កើតឡើង​នៅ​ទីកន្លែង​មួយចំនួន​តូច​តែប៉ុណ្ណោះ។ នោះ​គឺជា​មូលហេតុ​ដែលនាំឱ្យ​ពួកវា​ក្លាយជា​របស់​កម្រ។

    តាម​ការ​គណនា De Beers Cullinan Blue នឹង​រកបាន​ជាង ៤៨ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​នៅក្នុង​ខែមេសា នាទី​ក្រុង​ហុងកុង។ នេះ​ជាត​ម្លៃ​ខ្ពស់បំផុត សម្រាប់​ប្រភេទ​ត្បូង​ពេជ្រ​ពណ៌​ផ្ទៃមេឃ ព្រោះតែ​ទំហំ​របស់​វា។ ​កន្លង​មក​ មិន​ធ្លាប់មាន​ត្បូង​ពេជ្រ​ពណ៌​ផ្ទៃមេឃ​ណាមួយ​មាន​ទំហំ​ធំ​ដូច្នេះ​ទេ។

  • រដ្ឋមន្ត្រី​រុស្ស៊ី៖ ការហាមឃាត់ Bitcoin គឺ​ប្រៀប​ដូច​ទៅនឹង​ការហាមឃាត់ អ៊ី​ន​ធើ​ណិ​ត

    រដ្ឋមន្ត្រី​រុស្ស៊ី៖ ការហាមឃាត់ Bitcoin គឺ​ប្រៀប​ដូច​ទៅនឹង​ការហាមឃាត់ អ៊ី​ន​ធើ​ណិ​ត

    ក្នុង​គ្រា​ដែល​ធនាគារជាតិ​រុស្ស៊ី បន្ត​អំពាវនាវ​ឱ្យ​រដ្ឋ ធ្វើការ​ហាមឃាត់​រូបិយវត្ថុ​ឌីជីថល ដូចជា Bitcoin ជាដើម រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Anton Siluanov បែរជា​ប្រកាស​បដិសេធ​ទៅវិញ។

    យោងតាម Forbes រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​រុស្ស៊ី លោក Siluanov ឱ្យដឹងថា ការចេញ​បទបញ្ជា​ហាមឃាត់​ប្រាក់​ឌីជីថល នៅ រុស្ស៊ី «ក៏​ស្មើនឹង​ការហាមឃាត់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដែលជា​ប្រការ​មួយ​មិនអាច​ទៅរួច»។

    ជំនួស​មកវិញ លោក​រដ្ឋមន្ត្រី​យល់ថា គួរ​ស្វែងរក​វិធី​គ្រប់គ្រង​វិស័យនេះ​ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ជាជាង​ការហាមឃាត់​ទាំងស្រុង។ លោក​អះអាងថា ប្រាក់​ឌីជីថល អាច​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​តា​ម​ដាន​ទីផ្សារ និង​បង្កើន​ប្រាក់ចំណូល​របស់​ជាតិ តាមរយៈ​ការយកពន្ធ។

    ចំណែក​ធនាគារជាតិ​រុស្ស៊ី វិញ មិនបាន​គាំទ្រ​ដល់​គំនិត​ដែលថា អនុញ្ញាតឱ្យ​អ្នកវិនិយោគ​ដែល​មិនមាន​ជំនាញ ធ្វើការ​ជួញដូរ​ប្រាក់​ឌីជីថល ដូចជា Bitcoin នោះទេ ដោយហេតុថា អាចមាន​អំពើ​លាង​លុយ និង​អំពើ​បោក​បន្លំ។

    ក្រោយពី​ជជែក​គ្នា​អស់​ជាច្រើន​ឆ្នាំ ធនាគារជាតិ​រុស្ស៊ី និង​រដ្ឋាភិបាល គ្រោង​នឹង​ស្វែងរក​ចំណុច​ស្របគ្នា​ស្ដីពី​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ ដែល​នឹង​ត្រូវបាន​ដាក់ចេញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

  • ធ្លាក់​ចូលក្នុង​អណ្ដូង​នៅពេល​កំពុង​ចូលរួម​ពិធី​រៀបការ បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់​បាត់​បង់ជីវិត

    ធ្លាក់​ចូលក្នុង​អណ្ដូង​នៅពេល​កំពុង​ចូលរួម​ពិធី​រៀបការ បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់​បាត់​បង់ជីវិត

    (ឥណ្ឌា)-ស្ត្រី និង​កុមារ​ចំនួន ១៣ នាក់ បាន​ស្លាប់​ព្រោះតែ​ធ្លាក់​ចូលក្នុង​អណ្ដូងទឹក ពេល​កំពុង​មើល​ពិធី​រៀប​បង្គ​ល​ការ​នៅក្នុង​រដ្ឋ Uttar Pradesh។

    នៅ​ថ្ងៃទី ១៧ កុម្ភៈ​នេះ ប៉ូលិស​បានឱ្យដឹងថា ស្ត្រី និង​កុមារ​រងគ្រោះ អង្គុយ​លើ​ផ្ទាំង​ដែក​គ្របពីលើ​មាត់​អណ្ដូង​ចាស់ ដើម្បី​មើល​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅក្នុង​ភូមិ​ដែល​ស្ថិតក្នុង​ស្រុក Kushinagar រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ១៦ កុម្ភៈ។ ដោយសារតែ​មិនអាច​ទ្រទ្រង់​ទម្ងន់​បាន ផ្ទាំង​ដែក​នោះ​ក៏​ស្រុត​ធ្លាក់​ចូលទៅក្នុង​អណ្ដូង។

    «ជនរងគ្រោះ​បាន​ធ្លាក់ ហើយ​ត្រូវ​បំណែក​ដែក​សង្កត់ពីលើ» S. Rajalingam ដែលជា​ចៅក្រម​នៃ​តុលា​ស្រុក Kushinagar បានឱ្យដឹង​ដូច្នេះ។

    ហេតុការណ៍​នេះ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ១៣ នាក់ ក្នុងនោះ​មាន​ស្ត្រី ៧ នាក់ និង​កុមារី ៦ នាក់។ ចំណែក ២ នាក់​ទៀត បា​នង​របួសធ្ងន់។

  • មហាសេដ្ឋី​ Elon Musk បរិច្ចាគ​ភាគហ៊ុន Tesla តម្លៃ​ជិត ៦ ពាន់​លាន​ដុល្លារអាម៉េរិក

    មហាសេដ្ឋី​ Elon Musk បរិច្ចាគ​ភាគហ៊ុន Tesla តម្លៃ​ជិត ៦ ពាន់​លាន​ដុល្លារអាម៉េរិក

    អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក បានឱ្យដឹងថា លោក​បាន​បរិច្ចាគ​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១។

    យោងតាម​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​គណៈកម្មកា​រមូល​ប​ត្រ​អាម៉េរិក (SEC) CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បាន​បរិច្ចាគ​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន នៅក្នុង​អំឡុងពេល​ចន្លោះ​ពីថ្ងៃ​ទី ១៩ វិច្ឆិកា ដល់ ២៩ វិច្ឆិកា ២០២១។ ភាគហ៊ុន​ទាំងនេះ​មានតម្លៃ ៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក បើ​គិត​ទៅតាម​តម្លៃ​មធ្យម​នៅក្នុង​ដំណាក់​កាលនោះ។

    នេះ​គឺជា​ខ្ទង់​បរិច្ចាគ​ដ៏​សម្បើម​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ។ ឈ្មោះ​នៃ​អង្គ​ការដែល​បានទទួល​ការបរិច្ចាគ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

    ខ្ទង់​បរិច្ចាគ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចំពេល​មាន​សង្គ្រាមពាក្យសម្ដី​រវាង​លោក Elon Musk និង​អ្នកនយោបាយ​អាម៉េរិក ទាក់ទិន​នឹង​វិសមភាព​នៃ​ប្រាក់ចំណូល និង​អត្រាពន្ធ​លើ​ទ្រព្យសម្បត្តិ។

    Bloomberg បាន​គណនា​ឃើញថា ប្រាក់​ពន្ធ​ដែល​លោក Musk ត្រូវ​បង់​ជូន​រដ្ឋ គឺ​ប្រមាណ ១០ ពាន់​លាន​​ដុល្លារ​ ដោយ​យោង​​​ទៅ​លើ​សិទ្ធិ​ជ្រើស​ទិញ​ភាគហ៊ុន​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ដែល​លោក​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​កន្លង។

    ប៉ុន្មាន​ឆ្នាំ​មកនេះ លោក Musk បានធ្វើ​សកម្មភាព​មនុស្សធម៌​ញឹកញាប់​ជាង​មុន។ លោក​ធ្លាប់បាន​ផ្ដល់ជំនួយ ១០០ លាន​ដុល្លារ​ដល់​ការប្រកួតប្រជែង​កាត់បន្ថយ​កាបូន និង​ជូន ៥ លាន​ដុល្លារ​ដល់​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ការស្រាវជ្រាវ​ទាក់ទង​នឹង​កូ​វីដ-១។ល។

    លោក Musk បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម Bloomberg Billionaires Index៕

  • ទិដ្ឋភាព «ដៃ​ក្នុង​ដៃ ភ្នែក​ក្នុង​ភ្នែក» របស់​មហាសេដ្ឋី Jeff Bezos និង​មិត្តស្រី នៅ​ទីសាធារណៈ

    ទិដ្ឋភាព «ដៃ​ក្នុង​ដៃ ភ្នែក​ក្នុង​ភ្នែក» របស់​មហាសេដ្ឋី Jeff Bezos និង​មិត្តស្រី នៅ​ទីសាធារណៈ

    មហាសេដ្ឋី​អាម៉េរិក លោក Jeff Bezos និង​មិត្តស្រី ថ្មីៗនេះ បាន​បញ្ចេញ​ឥរិយាបថ​ប្រលោម​ស្នេហ៍​ដ៏​គួរឱ្យ​ទើសភ្នែក​នៅ​ទីសាធារណៈ ធ្វើឱ្យ​មានការ​រិះ​មួយចំនួន។

    នៅលើ​ទំព័រ Instagram អ្នកស្រី Lauren Sanchez ដែលជា​គូស្នេហ៍​បច្ចុប្បន្ន​របស់​ម​ហា​សេដ្ឋី Bezos បាន​បង្ហោះ​រូបថត​មួយចំនួន​ស្ដីពី​ការអបអរសាទរ​ជ័យជំនះ​របស់​ក្រុម​បាល់ឱប Los Angeles Rams។ អ្នកស្រី​នៅតែ​ស្លៀកពាក់​បែប​ទាក់ទាញ ហើយ​កាន់​ដៃ​មហាសេដ្ឋី Bezos សើច​ញញឹម​យ៉ាង​ពព្រាយ បើទោះជា​មានការ​រិះគន់​កន្លងមក​ថា ជា «មនុស្ស​ទី ៣» ឬ​ជា «អ្នក​ជ្រែក​ស្នេហ៍»។ល។

    ក្នុង​ថ្ងៃ​ដដែល រូបថត​ដែល​ថត​ជាមួយ Bezos រួម​នឹង​ប្ដី​ប្រពន្ធ Tony Gonzales និង​កូនប្រុស Nikko ក៏​ត្រូវបាន​អ្នកស្រី Lauren Sanchez បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram ផងដែរ ដើម្បី​ជូនពរ​ថ្ងៃ​ខួបកំណើត​លើក​ទី ២១ របស់​កូន។ ក្នុង​រូបថត​នេះ អ្នកស្រី​យកដៃ​ឱប​ចង្កេះ​របស់លោក Bezos និង​ទេរ​ទៅរក​មហាសេដ្ឋី​រូបនេះ។

    ក្រៅពីនេះ នៅមាន​រូបថត​មួយចំនួនទៀត ដែល​មើលទៅ​ពិតជា​គួរឱ្យ​ទើសភ្នែក សម្រាប់​អ្នកគាំទ្រ​របស់លោក​ស្រី MacKenzie Scott ដែលជា​អតីត​ភរិយា​របស់លោក Bezos។

    កន្លងមក បើទោះជា​មានមតិ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​សាធារណជន​ក៏ដោយ មហាសេដ្ឋី Bezos និង​អ្នកស្រី Lauren នៅតែ​អាច​រក្សា​ទំនាក់ទំនង​ស្នេហា​នេះ​បាន​រយៈពេល ៣ ឆ្នាំ គិត​មកដល់​បច្ចុប្បន្ន។

    ពួកគេ​ត្រូវបាន​ប្រទះឃើញ «ដៃ​ក្នុង​ដៃ ភ្នែក​ក្នុង​ភ្នែក» ជា​ញឹកញាប់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង New York៕

  • រុស្ស៊ី ប្រកាសថា ចាប់ផ្ដើម​ដកទ័ព​ចេញពី​តំបន់​ក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    រុស្ស៊ី ប្រកាសថា ចាប់ផ្ដើម​ដកទ័ព​ចេញពី​តំបន់​ក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    សារព័ត៌មាន Interfax រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាស​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយចំនួន បន្ទាប់ពី​បានធ្វើ​សមយុទ្ធ​យោធា​ក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន។

    «បណ្ដា​អង្គភាព​ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងលិច និង​ខាងត្បូង កំពុង​ឡើង​រថយន្ត រថភ្លើង ដើម្បី​ត្រលប់​ទៅកាន់​បន្ទាយ​ប្រចាំការ​នៅ​ដំណាច់​ថ្ងៃនេះ» Interfax ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​នៃ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkow ឱ្យដឹង​ដូច្នេះ។

    លោក Sergei Shoigu រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​រុស្ស៊ី

    Konashenkow បន្ថែមថា កងកម្លាំង​នេះ​ត្រូវ​ដក​ត្រលប់​ទៅ​មូលដ្ឋាន​វិញ បន្ទាប់ពី​សមយុទ្ធ​យោធា ដែល​បាន​ធ្វើឡើង​នៅក្បែរ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ចប់សព្វគ្រប់។

    ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយមក​ក៏បាន​បញ្ចេញ​វីដេអូ​បង្ហាញថា យានយន្ត​យោធា​នានា កំពុង​ត្រលប់​មកកាន់​បន្ទាយ ក្រោយពី​ការធ្វើ​សមយុទ្ធ។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​រថក្រោះ រថពាសដែក រួម​នឹង​សព្វាវុធ​របស់​កងទ័ព​ជើងគោក​ផងដែរ កំពុង​ត្រូវបាន​ជញ្ជូន​ឡើង​រថភ្លើង។

    https://www.youtube.com/watch?v=00bMzTA0WxA

    ប្រកាស​នេះ​ត្រូវ​បាន​ រុស្ស៊ី លើក​ឡើង​ នៅ​មុន​ជំនួប​រវាង​ប្រធានាធិបតីរុស្ស៊ី​ Putin និង នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​កាត់​បន្ថយ​ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​ អ៊ុយក្រែន។

  • ពលរដ្ឋ​​រាប់​រយ​​នាក់​​ចុះ​ឈ្មោះ​​សាក​ល្បង «ដេក​គុក» នៅ ប្រទេស​ស្វ៊ី​ស

    ពលរដ្ឋ​​រាប់​រយ​​នាក់​​ចុះ​ឈ្មោះ​​សាក​ល្បង «ដេក​គុក» នៅ ប្រទេស​ស្វ៊ី​ស

    ពលរដ្ឋ​ប្រមាណ ៧០០ នាក់ នៅ​ទីក្រុង Zurich បាន​ចុះឈ្មោះ​ធ្វើជា​អ្នកទោស ក្នុងការ​សាកល្បង​ជាប់ឃុំ ៤ ថ្ងៃ នៅក្នុង​ពន្ធនាគារ​ដែល​ទើប​ត្រូវបាន​សាងសង់​រួច មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ។

    សារព័ត៌មាន Le Temps របស់ ស្វ៊ី​ស កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា អាជ្ញាធរ​ទីក្រុង Zurich ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ជាប់ឃុំ ៤ ថ្ងៃ នៅក្នុង​មន្ទីរឃុំឃាំង​ដែល​ទើប​សាងសង់​រួចរាល់។ បេក្ខភាព​ស្ម័គ្រចិត្ត​ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ និង​ត្រូវ​យល់ព្រម​ចូលរួម​ក្នុងការ​ពិនិត្យ​ប្រវត្តិរូប និង​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​តាមដាន​សន្តិសុខ។

    ក្នុង​រយៈពេល​សាកល្បង​ជាប់ពន្ធនាគារ​ចាប់ពី​ថ្ងៃទី ២៤ មីនា ដល់ ២៧ មីនា អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​ឆ្លងកាត់​ជីវភាព​ដែល​ដូច​ទៅនឹង​ទណ្ឌិត​ពិតប្រាកដ​នៅក្នុង​មន្ទីរឃុំឃាំង Zurich ខាងលិច។ ពួកគេ​នឹង​ត្រូវបាន​ត្រួតពិនិត្យ មុនពេល​ចូល​បន្ទប់​ឃុំខ្លួន ប៉ុន្តែ មាន​សិទ្ធិ​បដិសេធ​ប្រការនេះ។

    អ្នកស្ម័គ្រចិត្ត​នឹង​ទទួលបាន​អាហារ​ជម្រុះ ៣ ពេល​ក្នុង ១ ថ្ងៃ និង​មាន​ជម្រើស​សម្រាប់​អ្នក​តម​សាច់ ព្រមទាំង​មាន​អាហារ​សម្រាប់​អ៊ីស្លាម​សាសនិក​ផងដែរ។

    បើសិនជា​មានការ​ស្ដាយ​ក្រោយ អ្នកស្ម័គ្រចិត្ត​អាច​ចាកចេញ​នៅពេល​ចង់ នេះ​បើតាម​ក្រុមមន្ត្រី​ពន្ធនាគារ។ ចំនួន​មនុស្ស​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការពិសោធ​នេះ មាន​ប្រហែល ៧០០ នាក់ ច្រើនជាង​ជិត ៣ ដង ធៀប​នឹង​ចំនួន​ទណ្ឌិត ២៤១ នាក់ ដែល​ពន្ធនាគារ​នេះ​អាច​ទទួលបាន។

    Marc Eierman ប្រធាន​មន្ទីរឃុំឃាំង Zurich ខាងលិច ឱ្យដឹងថា គម្រោង​សាកល្បង​ជាប់ពន្ធនាគារ​នេះ ដើម្បី​អាច​ធានាបាន​នូវ​សកម្មភាព​ប្រចាំថ្ងៃ និង​អនុញ្ញាតឱ្យ​ក្រុមមន្ត្រី​គ្រប់គ្រង និង​អប់រំ​អ្នកទោស ឆាប់​បាន​ស្គាល់​ស្ថានភាព​របស់​ពន្ធនាគារ​ថ្មី ដែល​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ខែមេសា​ខាងមុខ។

    «នៅពេល​បាន​ចូលរួម​សាកល្បង​ជាប់ពន្ធនាគារ អ្នក​អាច​ដឹង​អំពី​បរិស្ថាន​សុវត្ថិភាព​ដូច​ទៅនឹង​អ្នកទោស​ពិតប្រាកដ។ គ្រប់គ្នា​អាច​ប្រៀបធៀប​រវាង​ប្រការ​ដែល​ពួកគេ​បានឃើញ​ទណ្ឌិត​នៅក្នុង​ខ្សែភាពយន្ត និង​ភាពជាក់ស្ដែង​នៅ ប្រទេស​ស្វ៊ី​ស» Eierman បញ្ជាក់​ដូច្នេះ៕

  • វៀតណាម បាន​បើក​ឡើងវិញ​​ទាំង​ស្រុង​​នូវ​​ជើង​ហោះ​ហើរ​​អន្តរ​ជាតិ

    វៀតណាម បាន​បើក​ឡើងវិញ​​ទាំង​ស្រុង​​នូវ​​ជើង​ហោះ​ហើរ​​អន្តរ​ជាតិ

    ចាប់ពី​ថ្ងៃទី ១៥ កុម្ភៈ នេះ នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម ចាប់ផ្ដើម​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ជា​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ជិត ២ ឆ្នាំ។

    ដើម្បី​ត្រៀម​សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​បរទេស​ឱ្យបាន​មុន​ថ្ងៃទី ៣១ មីនា វៀតណាម បានសម្រេច​ដកចេញ​រាល់​ការកំណត់​លើ​ចំនួន​ជើងហោះហើរ​អន្តរជាតិ។ រាល់​ការហោះហើរ​ត្រលប់​មករក​ធម្មតា​ដូច​កាលពីមុន​កូ​វីដ-១៩ មកដល់។

    វៀតណាម នឹង​ផ្ដល់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ ធ្វើការ​ហោះហើរ​ចេញចូល​ប្រទេស​នេះ បន្ទាប់ពី​ទទួលបាន​ការឯកភាព​ពី​បណ្ដា​ប្រទេស។

    មុន​នោះ ចាប់ពី​ថ្ងៃទី ១ មករា ២០២២ វៀតណាម បាន​បើក​ជើងហោះហើរ​អន្តរជាតិ​ទៅកាន់​ទីក្រុង​មួយចំនួន​ក្នុងដំណាក់កាល​ទី ១ រួមមាន តូ​ក្យូ សេ​អ៊ូ​ល តៃប៉ិ បាងកក សិង្ហ​បុរី វៀងចន្ទន៍ ភ្នំពេញ សាន​ហ្វ្រា​ន​ស៊ី​ស្កូ/ឡូ​សអាន់​ជ័រ​លេស ប្រទេស​ចិន (ចិន មិនទាន់​អនុញ្ញាត) និង​បន្ត​បើក​ជើងហោះហើរ​ទៅកាន់ អូស្ត្រាលី រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់ នៅក្នុង​ខែកុម្ភៈ ២០២២។

    អ្នកដំណើរ​លើ​យន្តហោះ​អន្តរជាតិ​ដែល​ចេញចូល វៀតណាម នឹងត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ-១៩ ក្នុងនោះ ពេល​ឡើង​យន្តហោះ អ្នកដំណើរ​ត្រូវមាន​លិខិតបញ្ជាក់​អំពី​លទ្ធផល​តេស្ត PCR អវិជ្ជមាន​នឹង កូ​វីដ-១៩ ក្នុង​រយៈ ៧២ ម៉ោង, លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង ឬ​លិខិតបញ្ជាក់​អំពី​ការ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ-១។

    បន្ទាប់ពី​ចុះ​ពី​យន្តហោះ អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​អ្នក​ដែល​បានជា​សះស្បើយ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ៣ ថ្ងៃ ប៉ុន្តែ បើ​ចាក់​វ៉ាក់សាំង​មិនទាន់​គ្រប់​ដូ​ស ត្រូវធ្វើ​ច​ត្តា​ឡី​ស័​យ ៧ ថ្ងៃ។ អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​មិនទាន់​ពេញលេញ ឬ​មិនទាន់​ត្រូវបាន​ទទួលស្គាល់ថា បានជា​ពី​ជំងឺ នឹងត្រូវ​មាន​លិខិត​បញ្ជាក់ថា មាន​លក្ខណៈ​គ្រប់​គ្រាប់​ដែល​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​លិខិត​បញ្ជាក់ថា បាន​កក់​បន្ទប់​សណ្ឋាគា​រ (តិច​បំផុត ៧ ថ្ងៃ) រួចហើយ។ នៅពេល​អ្នកដំណើរ​បំពេញបែបបទ​ឡើង​យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ពិនិត្យ​លិខិត​ទាំងនេះ៕

  • ​អាម៉េរិក បាន​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-១៥ ឡើង​ដល់​​ទ្វេដង នៅ​ ​ប្រទេស​ប៉ូឡូញ ក្បែរ អ៊ុយក្រែន

    ​អាម៉េរិក បាន​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-១៥ ឡើង​ដល់​​ទ្វេដង នៅ​ ​ប្រទេស​ប៉ូឡូញ ក្បែរ អ៊ុយក្រែន

    រដ្ឋមន្ត្រី​ការពារជាតិ​នៃ ប្រទេស​ប៉ូឡូញ ប្រកាសថា សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៨ គ្រឿង​ទៀត ទៅកាន់​មូលដ្ឋានទ័ព Lask ទន្ទឹមនឹង ៨ គ្រឿង​ដែល​បានមក​ដល់ទី​នេះ​កាលពី​សប្ដាហ៍​មុន។

    «៨ គ្រឿង​នេះ​នឹងចូលរួម​ក្នុង​ក្រុម ៨ គ្រឿង​ផ្សេងទៀត ដែល​បាន​មកដល់ ប៉ូឡូញ កាលពី​សប្ដាហ៍​កន្លង» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ លោក Mariusz Blaszczak ឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ។

    ទីបញ្ជាការ​ប្រចាំ​តំបន់​អឺរ៉ុប របស់ កងទ័ព​សហរដ្ឋ​អាម៉េរិក មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    កងទ័ពអាកាស​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង បានប្រកាសថា យន្តហោះ​ចម្បាំង F-១៥C/D ចំនួន ៨ គ្រឿង​របស់ខ្លួន បាន​ចុះចត​នៅ​មូលដ្ឋាន Lask ស្ថិតក្នុង​ភាគ​កណ្ដាល​របស់ ប៉ូឡូញ ដែលជា​ប្រទេស​នៅ​ជាយ​ខាងកើត​របស់ ណា​តូ (NATO) ជាប់​នឹង​ព្រំដែន អ៊ុយ​ក្រែ​ន បេឡា​រូស និង​ដែនដី​ឯនាយសមុទ្រ Kaliningrad របស់ រុស្ស៊ី។

    ប្រទេស​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក កំពុង​បន្ថែម​កម្លាំង និង​ផ្លាស់ប្ដូរ​ទីតាំង​បោះទ័ព​របស់​ទាហាន ៦,០០០ នាក់ នៅ ប៉ូឡូញ រ៉ូ​ម៉ា​នី និង អាល្លឺម៉ង់ ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប ចោទប្រកាន់ រុស្ស៊ី ថា មាន​ផែនការ​វាយប្រហារ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បាន​បញ្ជូនទាហាន​ជាង ១០០,០០០ នាក់ រួម​នឹង​សព្វាវុធទំនើបៗ ចូលទៅ​ក្បែរ​ព្រំដែន​ប្រទេសជិតខាង ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ។

    មុន​ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-១B ទៅ​ចូលរួម «សមយុទ្ធ​ក្រៅ​គម្រោង» របស់ ណា​តូ នៅ សមុទ្រ​ខ្មៅ ជាមួយនឹង​សមាជិក​ចំនួន ២ គឺ តួ​ក​គី និង រ៉ូ​ម៉ា​នី រួម​នឹង អ៊ុយ​ក្រែ​ន ផងដែរ។

    ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី សហរដ្ឋ​អាម៉េរិក ក៏ដូចជា​កម្លាំង​ដទៃ​ក្នុង​តំបន់ បាន និង​កំពុង​ធ្វើឱ្យ​ស្ថានការណ៍​នៃ​ជម្លោះ​ប្រដាប់អាវុធ​រវាង កងទ័ព​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត ផ្ទុះឡើង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​បាន​មួយរយៈ​ពេល៕