Author: សឿន សំណាង

  • បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន រុស្ស៊ី ព្រមាន​ថា ក្រុង​កៀវ មិនត្រូវ​ចល័ត​ទ័ព​នៅ Donbass ជាដាច់ខាត

    បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន រុស្ស៊ី ព្រមាន​ថា ក្រុង​កៀវ មិនត្រូវ​ចល័ត​ទ័ព​នៅ Donbass ជាដាច់ខាត

    រុស្ស៊ី បានប្រកាសថា មិន​លើកលែង​ចំពោះ​ការរំលោភ​បទ​ឈប់​បាញ់​នៅ Donetsk និង Luhansk និង​បាន​ព្រលាន​ទៅ អ៊ុយ​ក្រែ​ន ថា មិនត្រូវ​ចល័ត​ទ័ព​នៅ​តំបន់​នេះ ក្រោយពី រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន​ទូទាំងប្រទេស។

    «យើង​សូម​ព្រមាន​អស់លោក​ថា ក្នុង​លក្ខខណ្ឌ​ដែល កងកម្លាំង​រុស្ស៊ី កំពុង​គ្រប់គ្រង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ទៅតាម​សំណើ​របស់ Donetsk និង Luhansk អ្នក​ដែល​បាន​រំលោភបំពាន​នឹងមិន​រួចខ្លួន​ឡើយ» ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អង្គការសហប្រជាជាតិ Vassily Nebenzia ប្រកាស​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៣ កុម្ភៈ។

    បច្ចុប្បន្ន រុស្ស៊ី មិនទាន់​ចេញ​បញ្ជា​ឱ្យ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់ Donbass ដែលមាន​ខេត្ត Donetsk និង Luhansk ស្ថិតក្នុង​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន នៅឡើយ ប៉ុន្តែ ប្រធានាធិបតី​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​ត្រៀម និង សភា​រុស្ស៊ី បានអនុញ្ញាត​ឱ្យ​ចល័ត​ទ័ព​រួចហើយ។

    ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក​ Vassily Nebenzia

    ការព្រមាន​របស់ រុស្ស៊ី ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន កាលពី​ម្សិលមិញ។ វិធានការ​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ម៉ោង ០០:០០ នាទី នៃ​ថ្ងៃនេះ និង​អូសបន្លាយ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ទៅមុខ។ ស្ថានភាព​អាសន្ន​នេះ​នឹង​ត្រូវបាន​អនុវត្ត​ទូទាំងប្រទេស បូករួម​ទាំង​ដែនដី Donetsk និង Luhansk ដែលជា​តំបន់​ផ្ដាច់ខ្លួន ត្រូវបាន​ប្រកាសអាសន្ន​តាំងពី​ឆ្នាំ ២០១៤។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន នឹង​បង្កើន​សកម្មភាព​ផ្នែក​សន្តិសុខ រួមទាំង​ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​លិខិតស្នាម និង​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​ផងដែរ។

  • រថយន្ត Ford Ranger Raptor ​ជំនាន់​​ថ្មី​​ បាន​ប្រកាស​​ចេញ​​ជា​​ផ្លូវ​ការ

    រថយន្ត Ford Ranger Raptor ​ជំនាន់​​ថ្មី​​ បាន​ប្រកាស​​ចេញ​​ជា​​ផ្លូវ​ការ

    កាលពី​ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាស​ចេញ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger Raptor ជំនា​ន់ទី 2 របស់ខ្លួន​ដែល​រថយន្ត​នេះ​នឹង​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​បើកបរ​ផ្លូវ​ដែលមាន​ឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយ​នេះ​គឺជា​ត្រកូល​ចុងក្រោយ​នៃ Ford Ranger ជំនាន់​ថ្មី (Next-Gen Ranger) ដែលមាន​ភាព​ឆ្លាត​វៃ និង​ធន់​រឹងមាំ​ជាង​ដែល​នឹង​ក្លាយជា​កំពូល​រថយន្ត Pickup ក្នុង​ត្រកូល Ranger។

    រូបរាង​ផ្នែក​ខាងក្រៅ​ដ៏​ទាក់ទាញ ជាមួយនឹង​ប៉ា​ណា​អក្សរ FORD ធំ​ចំ​កណ្តាល​បង្ហាញ​ពី​អំណាច និង​អនុភាព ចង្កៀង​ប្រភេទ Matrix LED យ៉ាន់​កង់​អាលុយមីញ៉ូម​បែប​ស្ព័​រ​ទំហំ 17 អ៊ី​ញ និង​សំបក​កង់ Off-Road ម៉ាក BFGoodrich។

    ផ្នែក​ខាងក្នុង​ត្រូវបាន​យក​ពណ៍​ក្រហម​មក​រំលេច​ជា​ថ្នេរ​ដេរ កៅអី​បែប​ស្ព័​រ​ស្រដៀង​ទៅនឹង​រថយន្ត​ស្ព័​រ កុង​ទ័​រ​ឌីជីថល​ថ្មីស្រឡាង​ទំហំ 12.4 អ៊ី​ញ អេក្រង់ Touchscreen ទំហំ 12 អ៊ី​ញ ប្រើប្រាស់​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ SYNC 4A ជំនាន់​ថ្មី និង​ឧបករណ៍​បំពង​សម្លេង​ម៉ាក B&O ដែល​កាលពីមុន​មាន​បំពាក់​តែ​នៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។

    ចំណុច​ដែល​ផ្លាស់ប្តូរ​ធំ​បំផុត​នោះ​គឺ​ជម្រើស​ម៉ាស៊ីន​នៃ​រថយន្ត ជា​លើកដំបូង​ដែល​ក្រុមហ៊ុន Ford បាន​បំពាក់​ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជា​ប្រភេទ​ម៉ាស៊ីន​សាំង​ជំនាន់​ថ្មី ដែល​អាច​ផលិត​កម្លាំង​សេះ​រហូតដល់​ទៅ 392HP និង​កម្លាំង​រមួល​ដល់​ទៅ 583Nm និង​ជម្រើស​មួយទៀត​នោះ​គឺ ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo ជំនាន់​ថ្មី។

    ជាមួយនឹង​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច 10 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ​ដែល​បង្កើតឡើង​យ៉ាង​ពិសេស​សម្រាប់ Ranger ជំនាន់​ថ្មី (Next-Gen Ranger) ដំណើរការ​រួមគ្នា​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី​ធ្វើ​ឲ្យ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ​អាច​ជំនះបាន​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា៖ ផ្លូវ​គ្រួស ភក់ ផុ​ក និង​ផ្លូវ​ខ្សាច់។ល។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ អាច​ជ្រើសរើស Mode នៃ​ការ​ដំណើរការ​ម៉ាស៊ីន​បាន​ផងដែរ នេះ​ប្រៀបបាន​ទៅនឹង​រថយន្ត​ស្ព័​រ​យ៉ាង​អញ្ចឹង។ អ្នកបើកបរ​អាច​ជ្រើសរើស Mode ឬ​ជម្រើស​នៃ​សម្លេង​ម៉ាស៊ីន​នៅលើ​ចង្កូត​ផ្ទាល់​តែម្តង​រួមមាន៖

    • សម្លេង​ស្ងាត់ (Quiet): កាត់បន្ថយ​សម្លេង​រំខាន​ពី​ម៉ាស៊ីន ល្អ​សម្រាប់​ពេល​បើកបរ​រថយន្ត​នៅ​កន្លែង​ស្ងប់ស្ងាត់​ការពារ​សម្លេង​រំខាន​ដល់​អ្នកដទៃ
    • សម្លេង​ធម្មតា (Normal): បញ្ចេញ​សម្លេង​ធម្មតា​ពី​ម៉ាស៊ីន ដែល​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ
    • សម្លេង​បែប​ស្ព័​រ (Sport): បញ្ចេញ​សម្លេង​លឺ​ខ្លាំង​ពី​ម៉ាស៊ីន ដែល​អាច​ប្រើប្រាស់​ពេល​បើកបរ​ល្បឿន​លឿន ឬ​បើកបរ​បែប​ស្ព័​រ
    • សម្លេង​បែប​ស្ព័​រ​ខ្លាំង (Baja): សម្រាប់ Mode មួយ​នេះ​វិញ​វា​នឹង​បញ្ចេញ​សម្លេង​ខ្លាំង​ពី​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​មាន​អំណាច និង​ថាមពល ដែល​សម្រាប់ Mode មួយ​នេះ​គឺអាច​ប្រើប្រាស់​បានតែ​ជាមួយនឹង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ​តែប៉ុណ្ណោះ។

    រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ​ក៏​ត្រូវបាន​កែប្រែ​ប្រព័ន្ធ​ជើង​ក្រោម​ថ្មី​ទាំងស្រុង​ដែរ ជាក់ស្តែង​សាក់​ស៊ី​ទាំងមូល​ត្រូវបាន​ផ្លាស់ប្តូរ​ថ្មី​ទាំងស្រុង មិន​ត្រឹមតែ​ខុសពី​ស៊េរីឆ្នាំមុនៗនោះទេ តែ​ថែមទាំង​ខុសប្លែក​ពី​រថយន្ត Ford Ranger ជំនាន់​ថ្មី​ទៅទៀត។ ជាមួយនឹង​គ្រោង​រថយន្ត​ថ្មី ឃ្លុប​ក្រោយ​ថ្មី និង​ស៊ុម​រថយន្ត​ថ្មី និង​ប្រព័ន្ធ​ជើង​ក្រោម​ធន់​រឹងមាំ​ជាង​មុន ដើម្បី​ប្រាកដថា​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​ពិតជា​អាច​ជំនះបាន​គ្រប់​ឧបសគ្គ​នៃ​ការបើកបរ។

    ចំណុច​មួយ​ដែល Ford មិនអាច​ភ្លេច​បាន​នោះ​គឺ​ការបំពាក់​បូម Fox នៅលើ​ប្រភេទ​រថយន្ត Raptor សម្រាប់​លើក​នេះ Ford Ranger Raptor ជំនាន់​ថ្មី​ត្រូវបាន​បំពាក់​ដោយ​បូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់​ថ្មី ដែលមាន​សមត្ថភាព​ខ្ពស់ជាង​មុន​ទាំង​ការបើកបរ​លើផ្លូវ​ធម្ម​តា​ដែល​វា​ជួយ​សម្រួល​ឲ្យ​មាន​ភាព​ផាសុកភាព​ជាង​មុន និង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ​ដែល​អាច​បើកបរ​ទាំង​ល្បឿន​លឿន ឬ​យឺត​ដោយ​គ្មាន​បញ្ហា។ មិនតែប៉ុណ្ណោះ​ខែល​ដែកថែប​ការពារ​ផ្ទៃ​ផ្នែក​ខាងក្រោម​ត្រូវបាន​បង្កើន​ទំហំ​ធំ​ជាង​មុន​ស្ទើរ​ទ្វេដង​លើស​រថយន្ត Ford Ranger ជំនាន់​ថ្មី និង​ត្រូវបាន​ប្រើប្រាស់​ដែកថែប​ពិសេស​កម្រាស់ 2.3 មី​លី​ម៉ែត្រ​មក​ធ្វើ។ ជា​លើកដំបូង​ដែល​រថយន្ត Ford Ranger Raptor ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ប៉ុង​ថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹង​ប្រព័ន្ធ​ចាប់​ប៉ុង​រថយន្ត​ទាំង​កង់​មុខ និង​កង់​ក្រោយ​ដែល​សម្រួល​ពេល​ជាប់ផុង (Front and Rear Locking Differentials)

    លោក Dave Burn ជា​ប្រធាន​គ្រប់គ្រង​វិស្វករ​នៃ​រថយន្ត Ford Ranger Raptor បាន​មានប្រសាសន៍ថា៖ “Ranger Raptor បាន​បំផុសគំនិត​ចេញពី​អ្នក​ប្រណាំង​ឡាន​លើ​វាល​ខ្សាច់ ដូច្នេះហើយ​ទើប​យើង​បាន​រចនា​រថយន្ត Off-Road Pickup ជំនាន់​ថ្មី​មួយ​ដែល​លោកអ្នក​ពុំ​ចាំបាច់​យក​វា​ទៅ​កែច្នៃ (Modify) បន្ថែម​នោះទេ”។

    សម្រាប់ Mode នៃ​ការបើកបរ​មាន​រហូត​ទៅដល់ 7 ហើយ​ពណ៍​នៅលើ​កុង​ទ័​រ និង​ប្តូរ​ពណ៍​ទៅតាម Mode នៃ​ការបើកបរ​ដែល​លោកអ្នក​ជ្រើសរើស​ដូចជា៖

    • ផ្លូវ​ធម្មតា (Normal) សម្រាប់​បើកបរ​ផ្លូវ​ធម្មតា និង​ការប្រើប្រាស់​សន្សំសំចៃ​ប្រេង
    • ការបើកបរ​បែប​ស្ព័​រ (Sport) សម្រាប់​ការបើកបរ​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវការ​កម្លាំង​ខ្លាំង
    • ផ្លូវ​រអិល (Slippery) សម្រាប់​ការបើកបរ​លើផ្លូវ​រអិល ដែល​វា​ជួយ​ទប់​លំនឹង​រថយន្ត​បន្ថែម
    • ផ្លូវ​ថ្ម គ្រួស (Rock Crawl) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ថ្ម មាន​គ្រួស
    • ផ្លូវ​ខ្សាច់ (Sand) សម្រាប់​ការបើកបរ​លើផ្លូវ​ខ្សាច់ និង​ផ្លូវ​ដែលមាន​ព្រិល​ក្រាស់
    • ផ្លូវ​ភក់ (Mud/Ruts) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ភក់ ផុ​ក​ដែល​វា​ជួយ​ទប់​លំនឹង​រថយន្ត​បានល្អ
    • ផ្លូវ​ឧបសគ្គ (Baja) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ឧបសគ្គ​ច្រើន និង​អាច​បើកបរ​ក្នុង​ល្បឿន​លឿន

    មុខងារ​ថ្មី​មួយ​ដែល​ទើបតែ​មាន​បំពាក់​នៅលើ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នោះ​គឺ Trail Control ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​កំណត់​ល្បឿន​ថេរ​មិន​លើសពី 32Km/h ក្នុងស្ថានភាព​ផ្លូវ​លំបាក និង​មាន​ឧបសគ្គ​ដែល​វា​ស្រដៀង​ទៅនឹង​ប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្ត​យល់​យ៉ាងណាដែរ​ចំពោះ​ការប្រកាស​ចេញ​នៃ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ?

  • Facebook ទើបតែ​បញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok

    Facebook ទើបតែ​បញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok

    បណ្ដាញ​សង្គម Facebook របស់​ក្រុមហ៊ុន Meta ទើបតែ​បាន​បញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels នៅ​ទូទាំង​សកលលោក និង​កំពុង​ត្រូវបាន​គេ​រំពឹងថា នឹង​រកឃើញ​ជោគជ័យ​ដូច​ទៅនឹង​មុខងារ Story។

    សារព័ត៌មាន WSJ បាន​រាយការណ៍​ថា Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook បាន​បង្កើន​ការ «វាយបក» ប្រឆាំងនឹង TikTok ដោយ​ការបញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក (ជាង​ ១៦០ ប្រទេស​) កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ ពួកគេ​ក៏បាន​ណែនាំ​មុខងារ​ថ្មី​ជាច្រើន​ផ្សេងទៀត​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​ផងដែរ។

    បច្ចុប្បន្ន Facebook កំពុងមាន «សង្គ្រាម» ជាមួយ TikTok ដែលជា​បណ្ដាញ​សង្គម​វីដេអូ​ខ្លី​ត្រូវបាន​អ្នកប្រើប្រាស់​ទាញយក​មក​ប្រើ​ច្រើនជាងគេ​កាលពី​ឆ្នាំ ២០២១ និង​បាន​យកឈ្នះ​លើ Instagram ដោយ​ក្លាយជា​បណ្ដាញ​សង្គម​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ពី​សំណាក់​យុវវ័យ។

    Meta ក៏​រង​ផលប៉ះពាល់​ពីមុខ​ងារ​សុវត្ថិភាព​មួយ​ដែល​ត្រូវបាន Apple លាតត្រដាង​កាលពី​ឆ្នាំ ២០២១។ រាប់​ចាប់ពី​បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ២ កុម្ភៈ តម្លៃ​មូលធន​ទីផ្សារ​របស់ Meta ក៏បាន​ថយចុះ​ជាង ៣០០ ពាន់​លាន​ដុល្លារ។

    ជាមួយនឹង​មុខងារ​ថ្មី Reels ម្ចាស់ Facebook លោក Mark Zuckerberg ថ្លែងថា៖ «យើង​ចង់ឱ្យ Facebook Reels ក្លាយជា​កន្លែង​ល្អ​បំផុត​សម្រាប់​អ្នកបង្កើត​ខ្លឹមសារ​ជា​វីដេអូ ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​របស់​ពួកគេ និង​រកប្រាក់»។

    Meta បាន​ណែនាំ​កម្មវិធី Reels កាលពី​ខែសីហា ឆ្នាំ ២០២០ សម្រាប់​អ្នកប្រើប្រាស់ Instagram របស់ខ្លួន​នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ជាការ «វាយបក» មួយ ប្រឆាំងនឹង TikTok ដែលជា​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន​ចិន ByteDance៕

  • តម្លៃ​សាំង​នៅលើ​ពិភពលោក​ទាំងមូល​កំពុង​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​សាំង​នៅ​ប្រទេសមួយ​នេះ​បែរជា​ថោក​ជាង​ទឹក​សុទ្ធ​ទៅទៀត

    តម្លៃ​សាំង​នៅលើ​ពិភពលោក​ទាំងមូល​កំពុង​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​សាំង​នៅ​ប្រទេសមួយ​នេះ​បែរជា​ថោក​ជាង​ទឹក​សុទ្ធ​ទៅទៀត

    ប្រទេស​មួយ​នេះ​ រក្សា​ប្រព័ន្ធ​តម្លៃ​ប្រេងសាំង «ភ្លោះ» រួមមាន​តម្លៃ​ប្រេងសាំង​អន្តរជាតិ ០.៥ ដុល្លារ/លីត្រ និង​តម្លៃ​សាំង​ជំនួយ​ពី​គោលនយោបាយ​របស់​រដ្ឋ។

    វិបត្តិ​ជម្លោះ​ដណ្ដើម​ទឹកដី​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី ដែល​កំពុង​ឡើងក​ម្ដៅ​ខ្លាំង ទីផ្សារ​ទំនិញ​ពិភពលោក ក្នុងនោះ​មាន​ប្រេង​ឆៅ​ជាដើម ក៏​បន្ត​ប្រែប្រួល​ខ្លាំង។ ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ មានពេលខ្លះ ប្រេង Brent បាន​ឡើងថ្លៃ​ជិត ៣% និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៦.២៨ ដុល្លារ/ធុង​បារ៉ែល ដែលជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លងមកនេះ។ តម្លៃ​ប្រេង​ឆៅ WTI ក៏មាន​ការប្រែប្រួល​ខ្លាំង​ដែរ ដោយ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៣.៨៦ ដុល្លារ/ធុង​បារ៉ែល។

    ក៏ប៉ុន្តែ ក្នុង​គ្រា​ដែល​ប្រេង​ឡើងថ្លៃ​ខ្លាំង ធ្វើឱ្យ​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​ពិភពលោក​មានការ​ព្រួយបារម្ភ ក៏​នៅមាន​ប្រទេសមួយ​ដែល​តម្លៃ​ប្រេង «មិន​ខ្ចី​រើខ្លួន» បើទោះជា​តម្លៃ​ប្រេង​ពិភពលោក កើន​ឡើងដល់​ណាក៏ដោយ។

    នោះ​គឺជា វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា «អ្នកលក់​ប្រេងសាំង​ថោក​បំផុត​ក្នុង​ពិភពលោក»។ យោងតាម​ក្រុមហ៊ុន Global Petrol Prices គិត​ត្រឹម​ថ្ងៃទី ១២ កុម្ភៈ ប្រេងសាំង​ប្រភេទ RON ៩៥ ក្នុង ១ លីត្រ មានតម្លៃ ០.១ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា (ប្រហែល ០.០២ ដុល្លារ​អាម៉េរិក/លីត្រ)។ ចំណែក​នៅ​ទូទាំង​ពិភពលោក សាំង​នៅពេលនោះ គិត​ជា​មធ្យម មានតម្លៃ ៥.០៥ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា ខ្ពស់ជាង​ជាង ៥០ ដង ធៀប​នឹង​តម្លៃ​នៅ វ៉េ​ណេ​ស៊ុយ​អេ​ឡា។

    ហេតុអ្វី​បានជា​ដូច្នេះ?

    វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ប្រទេស​ដែល​រក្សាទុក​ប្រេង​ក្នុង​បរិមាណ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។ រដ្ឋាភិបាល​ប្រទេស​នេះ ថែមទាំង​មាន​គោលនយោបាយ​បញ្ចុះតម្លៃ​ប្រេងសាំង​ស្ទើរតែ​គ្រប់​ប្រភេទ​ទាំងអស់ ព្រោះតែ​ប្រាក់ចំណូល​របស់​ប្រជាជន​នៅមានកម្រិត​ទាប ក្នុងនោះ កម្មករ​មាន​ប្រាក់ខែ​ជា​មធ្យម​ត្រឹមតែ ៥៣ ដុល្លារ/ខែ ខណៈ​បុគ្គលិក​ជំនាញ​ទទួលបាន​ប្រហែល ១០០ ដុល្លារ/ខែ ដូច្នេះ ប្រជាជន​សម​នឹង​ទទួលបាន​តម្លៃ​ប្រេង​ទាប​បំផុត​ក្នុង​ពិភពលោក។

    ជាងនេះទៀត វ៉េ​ណេ​ស៊ុយ​អេ​ឡា រក្សា​ប្រព័ន្ធ​តម្លៃ​ប្រេងសាំង «ភ្លោះ» រួមមាន តម្លៃ​អន្តរជាតិ​គឺ ០.៥ ដុល្លារ​អាម៉េរិក/លីត្រ និង​តម្លៃ​ប្រេង គោលនយោបាយ​រដ្ឋ។ តម្លៃ​ប្រេង​គោលនយោបាយ​នេះ​គឺ ០.១ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា/លីត្រ អនុវត្ត​ចំពោះ ១២០ លីត្រ​ដំបូង/ខែ សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​ប័ណ្ណ​ប្រជាជាតិ (ស្រដៀង​នឹង​អត្តសញ្ញាណប័ណ្ណ)។ នៅពេល​ទិញ​លើសពី ១២០ លីត្រ/ខែ នឹងត្រូវ​គិត​ក្នុងតម្លៃ ០.៥ ដុល្លារ/លីត្រ។

    វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ប្រទេស​ដែលមាន​អត្រា​អតិផរណា​ខ្ពស់​ខ្លាំង ដូច្នេះ ប្រាក់ បូ​លី​វ៉ា ក៏​ស្ទើរតែ​មិនមាន​តម្លៃ។ បើ​គិត​ទៅតាម​ប្រាក់​ដុល្លារ​អាម៉េរិក ទឹកបរិសុទ្ធ ១ ដប នៅ វ៉េ​ណេ​ស៊ុយ​អេ​ឡា មានតម្លៃ ០.៨៨ ដុល្លារ គឺ​ថ្លៃ​ជាង​សាំង ១ ដប​ទៅទៀត៕

  • ភាគហ៊ុន Jinhui Mining កើនឡើង​ជិត ៤៤% ជួយ​ឱ្យ ប្រទេស​ចិន មាន​មហាសេដ្ឋី​ថែម​ម្នាក់ទៀត

    ភាគហ៊ុន Jinhui Mining កើនឡើង​ជិត ៤៤% ជួយ​ឱ្យ ប្រទេស​ចិន មាន​មហាសេដ្ឋី​ថែម​ម្នាក់ទៀត

    Li Ming បាន​ក្លាយជា​មហាសេដ្ឋី ដោយសារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កែច្នៃ​រ៉ែ Jinhui Mining កើនឡើង​ខ្ពស់​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការដាក់ឱ្យ​ជួញដូរ​នៅ​ផ្សារ​ហ៊ុន។

    កាលពី​ថ្ងៃទី ២២ កុម្ភៈ ភាគហ៊ុន​របស់ Jinhui Mining ដែលជា​ក្រុមហ៊ុន​កែច្នៃ​ប្រាក់ សំណ ស័ង្កសី រួម​នឹង​រ៉ែ​ច្រើន​ប្រភេទ​ផ្សេងទៀត​របស់ ចិន បាន​កើន​ជិត ៤៤% ក្នុង​ថ្ងៃ​ដំបូង​នៃ​ការដាក់ឱ្យ​ជួញដូរ​លើ​ផ្សារ​ហ៊ុន​សៀង​ហៃ។ ប្រការនេះ​បាន​ជួយ​ឱ្យ​លោក Li Ming ដែលមាន​ភាគហ៊ុន ៩៨% នៅក្នុង​ក្រុមហ៊ុន​វិនិយោគ Gansu Yate Investment Group ក្លាយជា​មហាសេដ្ឋី។

    Gansu Yate Investment Group ក្ដោប​ក្ដាប់​ភាគហ៊ុន​ចំនួន ៤៩៥ លាន​ហ៊ុន ប្រហាក់ប្រហែល​នឹង​ពាក់កណ្ដាល​នៃ​ភាគហ៊ុន​របស់ Jinhu Mining។ ភាគហ៊ុន​នេះ​បញ្ចប់​ការជួញដូរ​ថ្ងៃ​ដំបូង​នៅក្នុង​តម្លៃ ១៥.៥៥ យុន/ហ៊ុន កើនឡើង​ខ្ពស់​បើ​ធៀប​នឹង​តម្លៃ IPO ១០.៨ យុន/ហ៊ុន។ ប្រការនេះ​បាន​នាំឱ្យ​តម្លៃ​សរុប​នៃ​ភាគហ៊ុន​របស់លោក Li ឡើងដល់ ១.១៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០២១ របស់ Jinhui បាន​កើន​ពី ១.១២ ពាន់​លាន​យុន ក្នុង​ឆ្នាំ ២០២០ ឡើងដល់ ១.២៥ ពាន់​លាន​យុន ក្នុង​ឆ្នាំ ២០២០។ លោក Li ក៏មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Jinhui Liquor ដែល​បាន​ដាក់ឱ្យ​ជួញដូរ​នៅ​ផ្សារ​ហ៊ុន​សៀង​ហៃ។

    ចិន គឺជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។ កាលពី​សប្ដាហ៍​កន្លង ភាគហ៊ុន Huitongda Network ដែលជា​ក្រុមហ៊ុន​មួយ​ទទួលបាន​ការគាំទ្រ​ពី Alibaba ក៏បាន​ឡើងថ្លៃ​នៅពេល​ឡើង​ផ្សារ​ហ៊ុន​ហុងកុង ជួយ​ឱ្យទ្រព្យរបស់​ប្រធាន Wang Jianguo ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត៕

  • ទិដ្ឋភាព​រួម​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ជូន​កុមារ​អាយុ​ពី ៣ ដល់ ៥ ឆ្នាំ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ

    ទិដ្ឋភាព​រួម​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ជូន​កុមារ​អាយុ​ពី ៣ ដល់ ៥ ឆ្នាំ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ

    ការចាប់ផ្ដើម​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី ៣ ដល់​ក្រោម ៥ ឆ្នាំ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ប្រព្រឹត្ត​ទៅដោយ​រលូន។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដូ​ស​ដំបូង ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី ៣ឆ្នាំ រហូតដល់​ក្រោម ៥ ឆ្នាំ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២។

    ប្រភព​៖ Information

  • ករណី​ កូវីដ-១៩ ថ្មី នៅ​ កម្ពជា​! រកឃើញអ្នកឆ្លងថ្មីជិត​ ៥៦០ នាក់ទៀត កាល​ពីម្សិល​មិញ

    ករណី​ កូវីដ-១៩ ថ្មី នៅ​ កម្ពជា​! រកឃើញអ្នកឆ្លងថ្មីជិត​ ៥៦០ នាក់ទៀត កាល​ពីម្សិល​មិញ

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ​ ២០២២ កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន ៥៥៨ នាក់ ក្នុង​នោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ៥៥៤ នាក់ និង អ្នកដំណើរពីបរទេស ៤ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • អ៊ុយ​ក្រែ​ន ត្រៀម​រួចរាល់​ដើម្បី​ការពារ​ទឹកដី «សូម្បី​តែមួយ​ចំអាម»

    អ៊ុយ​ក្រែ​ន ត្រៀម​រួចរាល់​ដើម្បី​ការពារ​ទឹកដី «សូម្បី​តែមួយ​ចំអាម»

    រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Kuleba ប្រកាសថា ប្រទេស​នេះ​បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី សូម្បី​តែមួយ​ចំអាម ប៉ុន្តែ នៅតែ​ផ្ដល់​អាទិភាព​ដល់​ផ្នែក​ការទូត​ជាមួយ រុស្ស៊ី។

    «ផែនការ A គឺ​ការប្រើប្រាស់​រាល់​មធ្យោបាយ​ការទូត ដើម្បី​គំរាម រុស្ស៊ី និង​ទប់ស្កាត់​ការកើនឡើង​នៃ​ភាព​តានតឹង។ បើសិនជា​ផែនការ A បរាជ័យ នោះ​ផែនការ B នឹង​ជាការ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​សម្បី​តែមួយ​ចំអាម​របស់​យើង នៅ​គ្រប់​ទីក្រុង និង​គ្រប់​ភូមិឋាន។ ច្បាស់​ណាស់ យើង​នឹង​ប្រយុទ្ធ​រហូតដល់​ដណ្ដើមបាន​ជ័យជំនះ» រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាម៉េរិក លោក Antony Blinken នៅ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ២២ កុម្ភៈ។

    លោក Kuleba ក៏បាន​រិះគន់ថា រុស្ស៊ី «រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ប្រឆាំងនឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន» នៅពេល​ទទួលស្គាល់​ឯករាជ្យ​របស់ Donetsk និង Luhansk ដែលជា​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។

    លោក Antony Blinken

    រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពិភពលោក ប្រើប្រាស់​រាល់​កម្លាំង​សេដ្ឋកិច្ច​ដើម្បី​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី «ជាបន្ទាន់ និង​ឱ្យបាន​ខ្លាំងក្លា»។ លោក Kuleba ក៏​សម្ដែង​ការ​សាទរ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ រុស្ស៊ី ផងដែរ។

    នៅក្នុង​សន្និសីទ​ខាងលើ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ក៏បាន​រិះគន់ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ថា បានបង្ហាញ​នូវ​គោលដៅ «គ្រប់គ្រង អ៊ុយ​ក្រែ​ន ទាំងមូល»។ លោក​ក៏បាន​ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង «នៅតែ​ប្រើប្រាស់» គ្រប់​មធ្យោបាយ​ដែលមាន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​សង្គ្រុប​ទៅលើ អ៊ុយ​ក្រែ​ន ផងដែរ។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច តាំងពី​ចុងឆ្នាំ ២០២១ បាន​ចោទថា រុស្ស៊ី ប្រមូលផ្ដុំ​ទាហាន​ជាង ១០០,០០០ នាក់ នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច ដើម្បី​រៀប​ផែនការ​លុកលុយ អ៊ុយ​ក្រែ​ន។ សហរដ្ឋ​អាម៉េរិក បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា រុស្ស៊ី ជិត​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ជឿថា ស្ថានការណ៍ «មិនមាន​អ្វី​ថ្មី»។

    ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែលជា​ដែនដី​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ផ្នែក​យោធា​ជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។ ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ប្រកាសថា នឹងមាន​ទណ្ឌកម្ម​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ដាក់ចេញ​បន្ទាប់ពី​ទណ្ឌកម្ម​បើកឆាក បើសិន រុស្ស៊ី មិនមាន​សកម្មភាព​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ អ៊ុយ​ក្រែ​ន៕

  • សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ រាប់​​សិប​គ្រឿង ទៅជិត «របង​ផ្ទះ» របស់ រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ រាប់​​សិប​គ្រឿង ទៅជិត «របង​ផ្ទះ» របស់ រុស្ស៊ី

    អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង F-១៥ និង​ឧទ្ធម្ភាគចក្រ Apache ចំនួន ៣២ គ្រឿង ទៅកាន់ ប្រទេស​ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់​ទិ​ក ក្នុង​គ្រា​ដែល រុស្ស៊ី ពង្រាយ​កងទ័ព​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្រោយពី​លោក ពូ​ទីន បានទទួល​ស្គាល់​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ម្សិលមិញ បានប្រកាស​ពង្រាយ​ទ័ព​នៅ អឺរ៉ុប ជាថ្មី ក្នុងនោះ អង្គភាព​ជាច្រើន​របស់​យោធា ក៏ត្រូវ​បាន​ពង្រាយ​នៅ​ភាគ​ខាងកើត​របស់ ណា​តូ។ «ខ្ញុំ​បាន​បញ្ជា​ឱ្យ​ពង្រាយ​កម្លាំង និង​សព្វាវុធ​របស់ អាម៉េរិក ដែលមាន​ស្រាប់​នៅ អឺរ៉ុប ដើម្បី​បង្កើត​កម្លាំង​ឱ្យ​សម្ព័ន្ធមិត្ត​នៅ តំបន់​បាល់​ទិ​ក រួមមាន អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី» លោក បៃ​ដិ​ន ឱ្យដឹង​ដូច្នេះ។

    កងទ័ព​អាម៉េរិក បង្កើន​វត្តមាន​នៅ​ តំបន់​បាល់ទិក ក្នុង​នោះ​មាន​ ប្រទេស​អេស្តូនី, ឡេតូនី និង លីទុយអានី ផងដែរ​

    ក្រសួងការពារជាតិ​អាម៉េរិក ក្រោយមក​ក៏បាន​ប្រកាស​លម្អិត​អំពី​ការ​ចល័ត​ទ័ព ក្នុងនោះ ទាហាន ៨០០ នាក់ នឹងធ្វើ​ដំណើរ​ពី អ៊ីតាលី ទៅកាន់ តំបន់​បាល់​ទិ​ក ខណៈដែល យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨ គ្រឿង នឹង​ចល័ត​ពី អាល្លឺម៉ង់ ទៅកាន់​តំបន់​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​ភាគ​ខាងកើត​របស់ ណា​តូ»។

    ឧទ្ធម្ភាគចក្រ​វាយប្រហារ AH-៦៤ Apache ចំនួន ២០ គ្រឿង ដែល​ស្ថិតនៅក្នុង ប្រទេស​អាល្លឺម៉ង់ នឹង​ហោះ​ទៅកាន់ តំបន់​បាល់​ទិ​ក ក្នុង​គ្រា​ដែល ១២ គ្រឿង​ទៀត នឹង​ហោះ​ពី ប្រទេស​ក្រិ​ក ទៅកាន់ ប្រទេស​ប៉ូឡូញ។ លោក បៃ​ដិ​ន ក៏​ប្រកាសថា អាម៉េរិក នឹង​បន្ត​ផ្គត់ផ្គង់​អាវុធ​ការពារ​ខ្លួន ឱ្យទៅ អ៊ុយ​ក្រែ​ន ផងដែរ។

    តំបន់​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ ជុំវិញបញ្ហា​វិបត្តិ​អ៊ុយក្រែន

    ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»៕

  • រុស្ស៊ី ផ្គុំ​កម្លាំង​-អាវុធ ​ក្បែរ​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន ចម្ងាយ ៤០ គូ​ឡូ​ម៉ែត្រ

    រុស្ស៊ី ផ្គុំ​កម្លាំង​-អាវុធ ​ក្បែរ​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន ចម្ងាយ ៤០ គូ​ឡូ​ម៉ែត្រ

    យោងតាម​រូបភាព​ផ្កាយរណប យាន​ប្រហែល ១០០ គ្រឿង និង​តង់​រាប់សិប ដែល​សង្ស័យថា​ជា​របស់ រុស្ស៊ី បានបង្ហាញ​ខ្លួន​នៅក្នុង​ព្រលានយន្តហោះ​របស់ បេឡា​រុស ដែលមាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ ពី​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន។

    រូបភាព​ផ្កាយរណប​ដែល​ត្រូវបាន​ក្រុមហ៊ុន Maxar Technologies នៅ សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២២ កុម្ភៈ បង្ហាញថា មានការ​ដាក់ពង្រាយ​ទ័ព​ថ្មី អាចជា​របស់ រុស្ស៊ី នៅឯ​ព្រលានយន្តហោះ​ក្បែរ​ទីក្រុង Mazyr នៃ ប្រទេស​បេឡា​រុស។ ទីតាំង​នៃ​ការ​ផ្គុំ​កម្លាំង​នេះ​ស្ថិតនៅ​ចម្ងាយ ៤០ គីឡូម៉ែត្រ ពី​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន និង​ប្រហែល ១៧៧ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ។

    និពន្ធ​នាយក Christoph Koettl របស់ NY Times ឱ្យដឹងថា កម្លាំងប្រដាប់អាវុធ​បង្ហាញខ្លួន​នៅ​តំបន់​ខាងលើ​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ។ វីដេអូ​មួយ​ដែល​បង្ហោះ​កាលពី​ថ្ងៃទី ១៤ កុម្ភៈ បង្ហាញថា ក្រុម​ទាហាន​ជញ្ជូន​ធុង​ប្រេង​ជាច្រើន​ទៅកាន់​ព្រលានយន្តហោះ។ រូបភាព​ផ្កាយរណប​ដែល​ទើបតែ​បាន​បញ្ចេញ​កាលពីពេលថ្មីៗនេះ ក៏​បញ្ជាក់ថា យានយន្ត​ជាង ១០០ គ្រឿង និង​តង់​រាប់សិប បង្ហាញ​វត្ត​មាននៅ​ទីតាំង​នេះ​ផងដែរ។

    Maxar រាយការណ៍​ថា ផ្កាយរណប​ថត​បាន​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​មួយ បង្ហាញខ្លួន​នៅ​ទីតាំង​បោះទ័ព​របស់​អង្គភាព​យោធា​មួយ​របស់ រុស្ស៊ី នៅ​តំបន់​ភាគ​ខាងលិច ជិត​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។

    រថភ្លើង​ដឹក​សព្វាវុធ​ធុន​ធ្ងន់​ដូចជា រថក្រោះ និង​កាំភ្លើង​ធំ​ជាដើម ក៏​បង្ហាញខ្លួន​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​របស់ រុស្ស៊ី ជាប់​ជាមួយ អ៊ុយ​ក្រែ​ន និង​តំបន់​មួយចំនួន​ផ្សេងទៀត។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»។

    នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី។ ចំណែក ទីក្រុង​មូ​ស្គូ វិញ ក៏បាន​ចោទថា អ៊ុយ​ក្រែ​ន បំផ្លាញ​កិច្ចព្រមព្រៀង Minsk និង​ថា លោកខាងលិច រុញច្រាន អ៊ុយ​ក្រែ​ន ឱ្យ​ធ្លាក់​ទៅក្នុង​ទ​ម្លោះ​ប្រដាប់អាវុធ៕