Author: សឿន សំណាង

  • សមាជិក​របស់​ សម្ព័ន្ធ​យោធា​ណា​តូ (NATO) ជំទាស់​រឿង​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី

    សមាជិក​របស់​ សម្ព័ន្ធ​យោធា​ណា​តូ (NATO) ជំទាស់​រឿង​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី

    ហុង​គ្រី ដែលជា​សមាជិក​របស់ អង្គការ​ណា​តូ (NATO) ប្រកាស​ជំទាស់​រាល់​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប (EU) សំដៅលើ​ក្រុមហ៊ុន​ប្រេង​របស់ រុស្ស៊ី ដោយសារ​បារម្ភ​អំពី​ការខាតបង់​ផលប្រយោជន៍​របស់​ប្រទេសជាតិ។

    «យើង​នឹងមិន​គាំទ្រ​ចំពោះ​បទបញ្ជា​ដាក់ទណ្ឌកម្ម​ណាមួយ​ដែល​អាច​បង្ក​ហានិភ័យ​ចំពោះ​ប្រភព​ផ្គត់ផ្គង់​ថាមពល​របស់ ហុង​គ្រី» រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បាន​ជួបប្រជុំ​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី ២១ មីនា។

    លោក​រដ្ឋមន្ត្រី​យល់ថា ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​របស់ រុស្ស៊ី នឹង​បង្ក​ការខាតបង់​ដល់​ផលប្រយោជន៍​ក្នុង​វិស័យ​ថាមពល​របស់ ហុង​គ្រី ហើយ EU អាច​នឹងមិន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​ដាក់ទណ្ឌកម្ម​លើ​ប្រភព​ផ្គត់ផ្គង់​ប្រេង​ពី រុស្ស៊ី។

    «ប្រភព​ផ្គត់ផ្គង់​ថាមពល​មិនមែនជា​បញ្ហា​របស់​ស្មារតី ឬ​ឧ​ត្ត​ម​គតិ ប៉ុន្តែ​វា​គឺជា​ប្រការ​ជាក់ស្ដែង» លោក Peter Szijjarto បញ្ជាក់។

    រដ្ឋមន្ត្រី​ការបរទេស​របស់ ហុងគ្រី លោក Peter Szijjarto

    ការយល់ឃើញ​របស់លោក Peter Szijjarto ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា EU នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​អំពី​បម្រាម​គោចរ​ទូទៅ​ចំពោះ​វិស័យ​ថាមពល​របស់ រុស្ស៊ី បើ​ទោះ​នៅមាន​ការខ្វែងគំនិត​គ្នា​ក្រោយពី​កិច្ចប្រជុំ​កំពូល​នៅ ព្រុ​ច​សែ​ល កាលពី​ម្សិលមិញ។

    រដ្ឋមន្ត្រីការបរទេស​អៀឡង់ Simon Coveney អះអាងថា ពិបាក​ក្នុង​ការដែល​មិន​ដាក់ទណ្ឌកម្ម​ទៅលើ​វិស័យ​ថាមពល​របស់ រុស្ស៊ី ដោយសារតែ​យុទ្ធនាការ​យោធា​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ ការអះអាង​នេះ​ត្រូវបាន ហុង​គ្រី, អាល្លឺម៉ង់ និង ប៉ូឡូញ បដិសេធ។

    បច្ចុប្បន្ន EU ទាំងមូល នាំចូល​ប្រេង ៤០% ពី រុស្ស៊ី។ រុស្ស៊ី ក៏​ជា​ប្រទេស​ដែល​នាំចេញ​ប្រេង​ប្រមាណ ២៧% និង​ធ្យូងថ្ម ៤៦% ទៅឱ្យ EU ផងដែរ។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង រុស្ស៊ី និង សហភាព​អឺរ៉ុប ក្នុង​វិស័យ​ថាមពល មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ឆ្នាំ៕

  • ដាក់ទោស​មន្ត្រី ១១ រូប ព្រោះតែ​បាន​បណ្ដោយឱ្យ​គ្រួសារ​មួយ​ អាច​បង្កើតកូន​បាន​រហូតដល់ ១៥ នាក់

    ដាក់ទោស​មន្ត្រី ១១ រូប ព្រោះតែ​បាន​បណ្ដោយឱ្យ​គ្រួសារ​មួយ​ អាច​បង្កើតកូន​បាន​រហូតដល់ ១៥ នាក់

    (ប្រទេស​ចិន)-មន្ត្រី​នៅ​ខេត្ត Guangxi បានដាក់​ពិន័យ​លើ​មន្ត្រី​ថ្នាក់ស្រុក ១១ រូប ដោយសារ​ខ្វះ​ការទទួលខុសត្រូវ បណ្ដោយឱ្យ​ប្ដី​ប្រពន្ធ​មួយគូ បង្កើតកូន​បាន​រហូតដល់ ១៥ នាក់ ក្នុង​រយៈពេល ២ ទសវត្សរ៍។

    លោកតា Liang Er អាយុ ៧៦ ឆ្នាំ និង​លោក​អ្នកស្រី Lu Honglan អាយុ ៤៦ ឆ្នាំ នៅក្នុង​ភូមិ​ក្រីក្រ​មួយ​ក្នុងស្រុក Rong នៃ​ខេត្ត Guangxi បង្កើតបាន​កូនប្រុស ៤ នាក់ និង​កូនស្រី ១១ នាក់ ចាប់ពី​ឆ្នាំ ១៩៩៥ ដល់ ២០១៦ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរខេត្ត Guangxi កាលពី​ថ្ងៃទី ២០ មីនា ២០២២។

    នោះ​គឺជា​អំឡុង​ពេលដែល​អាជ្ញាធរ​ចិន អនុវត្ត​គោលនយោបាយ​កូន​មួយ​យ៉ាង​តឹងរ៉ឹង ហើយ​ក្រោយមក​ក៏បាន​បន្ធូរបន្ថយ ដោយ​ប្ដី​ប្រពន្ធ ១ គូ អាចបង្កើត​កូន​បាន ២នាក់។ បច្ចុប្បន្ន ប្រទេស​ចិន បានអនុញ្ញាត​ឱ្យ​គ្រួសារ ១ គ្រួ អាចបង្កើត​កូន​បាន ៣ នាក់ នៅក្នុង​គ្រា​ដែល​អត្រា​បង្កើតកូន​កំពុង​ថយចុះ និង​អត្រា​មនុស្ស​ចាស់​កើនឡើង​ខ្ពស់។

    លោក​តា Liang Er

    ក្រុមមន្ត្រី​ថ្នាក់​ខេត្ត​របស់ Guangxi សម្រេចចិត្ត​ធ្វើការ​ទិតៀន និង​ព្រមាន​ចំពោះ​មន្ត្រី​ថ្នាក់ស្រុក ១១ រូប ដែល​គ្រប់គ្រង​តំបន់​រស់នៅ​របស់​គ្រួសារ​ខាងលើ ដោយ​យល់ថា ពួកគេ​បានបង្ហាញ​អំពី​ការមិន​យកចិត្តទុកដាក់ មិនមាន​ការទទួលខុសត្រូវ​នៅពេល​គ្រប់គ្រង​លិខិតស្នាម​អាពាហ៍ពិពាហ៍ និង​គ្រប់គ្រង​ប្រជាជន​ក្នុងករណី​របស់​គ្រួសារ​លោកតា Liang។

    លោកតា Liang និង អ្នកស្រី Lu មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នោះទេ ប៉ុន្តែ បានរស់នៅ និង​មានកូន​ជាមួយគ្នា។ រឿងរ៉ាវ​នេះ​ត្រូវបាន​បើក​កកាយ​បន្ទាប់ពី​មានការ​សង្ស័យថា អ្នកស្រី Lu ត្រូវបាន​ចាប់បង្ខំ​ឱ្យ​រៀបការ​ដោយ​មិន​ស្របច្បាប់។

    «ខ្ញុំ​បាន​រំលោភ​លើ​គោលនយោបាយ​ផែនការ​គ្រួសារ ប៉ុន្តែ អាជ្ញាធរ​មិនបាន​បោះបង់ចោល​ខ្ញុំ​ទេ។ សមាជិក​ទាំងអស់​រប​ស់​គ្រួសារ បច្ចុប្បន្ន​ទទួលបាន​ជំនួយ​ផ្នែក​អប់រំ និង​ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ» លោកតា Liang បាន​ប្រាប់​សារព័ត៌មាន​កាលពី​ឆ្នាំ ២០១៨។

    លំនៅឋានរបស់​គ្រួសារ​លោក​តា Liang Er

    បច្ចុប្បន្ន កូនៗរបស់​លោកតា Liang ធំ​ឡើង​ដោយមាន​សុខភាព​ល្អ មាន​លិខិតស្នាម​ស្របច្បាប់ ហើយ ៤ នាក់ ក្នុងចំណោម​កូន​ទាំង ១៥ នាក់ មានការ​ងារ​ធ្វើ ចំណែក​ក្រៅពីនេះ កំពុង​នៅ​សិក្សា៕

  • មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    (ប្រទេស​ចិន)-Huang អាយុ ២៤ ឆ្នាំ គ្រោង​នឹង​ឡើង​ជើងហោះហើរ MU៥៧៣៥ ពី Kunming ទៅកាន់ Guangzhou ប៉ុន្តែ មិនមាន​វត្តមាន​ក្នុង​ជើងហោះហើរ​នេះ ដោយសារ​ជើង​ដំបូង​ត្រូវបាន​លុបចោល។

    Huang រស់នៅក្នុង​តំបន់ Tengchong នាទី​ក្រុង Baoshan ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង នៅពេល​ចែករំលែក​អំពី​រឿងរ៉ាវ​ប្រកបដោយ​សំណាង​មហា​ល្អ ព្រោះ​មិនបាន​ឡើង​ជិះ​យន្តហោះ​ដែលមាន​លេខ​សម្គាល់ MU៥៧៣៥ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines ដែល​បាន​ធ្លាក់​នៅក្នុង​ខេត្ត Quangxi មុន​នោះ។

    Huang ឱ្យដឹងថា គាត់​មាន​គម្រោង​ឡើង​ជិះ​យន្តហោះ​នោះ​ពី Tengchong ទៅកាន់ Kunming របស់​ខេត្ត Yunnan ហើយ​ក្រោយមក​នឹង​ហោះ​ទៅកាន់ Guangzhou ជា​កន្លែងធ្វើការ​របស់​គាត់ ដោយ​ជើងហោះហើរ MU៥៧៣។ ប៉ុន្តែ ​ដោយ​សារ​​អាកាសធាតុ​មិន​អំណោយផល ជើងហោះហើរ​ពី Tengchong របស់ Huang ក៏ត្រូវ​បាន​លុបចោល។

    យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines

    «ដោយសារតែ​ជើងហោះហើរ​ដំបូង​ត្រូវបាន​លុបចោល ដូច្នេះ ខ្ញុំ​ក៏ត្រូវ​លុបចោល​ជើងហោះហើរ​បន្ទាប់ និង​មិនបាន​ឡើង​ជិះ​យន្តហោះ​នេះ» Huang បាន​ចែករំលែក​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

    យន្តហោះ Boeing ៧៣៧-៨០០ របស់ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kunming Changshui នៅវេលា​ម៉ោង ១៣ និង ១៥ នាទី ហើយ​គ្រោង​នឹង​ទៅដល់​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong ម៉ោង ១៥ និង ០៧ នាទី។

    យន្តហោះនេះ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា។

    Huang រស់នៅក្នុងតំបន់ Tengchong នាទីក្រុង Baoshan ក្នុងខេត្ត Yunnan ប្រទេសចិន

    ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ៕

  • ភព​ពុធ អាចមាន​ត្បូង​ពេជ្រ​ប្រមាណ ១៦,០០០,០០០,០០០,០០០,០០០ តោន

    ភព​ពុធ អាចមាន​ត្បូង​ពេជ្រ​ប្រមាណ ១៦,០០០,០០០,០០០,០០០,០០០ តោន

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បានប្រកាស​នៅឯ​វេទិកា​វិទ្យាសាស្ត្រ​ស្ដីពី ភព និង​ព្រះ​ចន្ទ (LPSC) នៅ Houston, Texas សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង​បាន​បង្ហាញថា ភព​ពុធ (Mercury) អាច​ពោរពេញ​ដោយ​ត្បូង​ពេជ្រ។

    ភព​ពុធ ត្រូវបាន​គ្របដណ្ដប់​ដោយ​ស្រទាប់ graphite ជា​កាបូន​ដើម​មួយ​ប្រភេទ​ដែល​អាច​ប្រែប្រួល​ទៅជា​ត្បូង​ពេជ្រ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​អាចម៍ផ្កាយ កូន​ភព និង​ផ្កាយដុះកន្ទុយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ភព​ពុធ ទទួលរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ពី​យុគសម័យ​ភ្លៀង​អាច៍​ផ្កាយ​ដំណាក់កាល​ចុងក្រោយ​ដែល​ហៅថា Late Heavy Bombardment កាលពី ប្រព័ន្ធ​ព្រះអាទិត្យ ទើប​កកើត អំឡុង​ពី ៤.១ ដល់ ៣.៨ ពាន់​លាន​ឆ្នាំមុន នៅពេល​មាត់​រណ្ដៅធំៗនៅលើ ព្រះ​ចន្ទ បង្ហាញខ្លួន។ ប៉ុន្តែ ភព​ពុធ មាន​មាត់​រណ្ដៅ​ធំ​ជាង​ឆ្ងាយ ធៀប​នឹង​ព្រះ​ចន្ទ នាំឱ្យមាន​ករណី​ប៉ះទង្គិច បង្កើតបានជា​ត្បូង​ពេ​ជ្យ។

    ភព​ពុធ ចាប់ផ្ដើម​មាន​សម្បក graphite ស្ដើង បន្ទាប់ពី​វា​ចុះ​ត្រជាក់ នេះ​បើតាម Kevin Cannon សាស្ត្រាចារ្យ​រង​ផ្នែក​ភូគព្ភសាស្ត្រ និង​ធនធាន​អវកាស នៃ​សាលា​រ៉ែ Colorado។ អាចម៍ផ្កាយ និង​ផ្កាយដុះកន្ទុយ ហោះ​មក​បុក​ស្រទាប់​សម្បក graphite របស់ ភព​ពុធ ក្នុង​ល្បឿន​រាប់សិប​គីឡូម៉ែត្រ/វិនាទី បង្កើតបានជា​សម្ពាធ​ខ្ពស់​គ្រប់គ្រាន់​ដែល​អាចធ្វើឱ្យ graphite ប្រែក្លាយ​ទៅជា​ត្បូង​ពេ​ជ្យ។

    ក៏ប៉ុន្តែ ដោយសារតែ​ស្ថិតនៅ​ក្បែរ​ស្រទាប់​លើ​របស់​ផ្ទៃ​នៃ ភព​ពុធ ដូច្នេះ ត្បូង​នៅ​ទីនោះ អាច​ខុសប្លែក​ពី​ត្បូង​ពេជ្រ​ដែល​មនុស្ស​យកមក​ធ្វើជា​គ្រឿងអលង្ការ។ វា​នឹង​ដូច​ទៅនឹង​ត្បូង​ពេជ្រ​ល្អក់តូចៗដែល​គេ​ប្រើ​ក្នុងការ​កាត់ ឬ​ឈូស នៅក្នុង​វិស័យ​ឧស្សាហកម្ម។

    ការពិសោធ​ដោយ​ប្រព័ន្ធ​កុំ​ព្យូ​ព័រ​បង្ហាញថា ស្រទាប់ graphite របស់ ភព​ពុធ មាន​កម្រាស់ ៣០០ ម៉ែត្រ ដូច្នេះ វា​នឹង​អាចមាន​ត្បូង​ពេជ្រ​ចំនួន ១៦,០០០,០០០,០០០,០០០,០០០ (១៦ ក្វ័​ទ្រី​លាន-Quadrillion) ឬ ១៦ កោដិ​កោដិ តោន ច្រើនជាង ១៦ ដង ធៀប​នឹង​ត្បូង​ពេជ្រ​លើ ផែនដី ដែល​ត្រូវបាន​គណនា​ឃើញ៕

  • អាម៉េរិក ថា ឥណ្ឌា ទន់ខ្សោយ នៅ​ចំពោះមុខ រុស្ស៊ី

    អាម៉េរិក ថា ឥណ្ឌា ទន់ខ្សោយ នៅ​ចំពោះមុខ រុស្ស៊ី

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន យល់ថា ឥណ្ឌា គឺជា​ប្រទេស​តែមួយគត់​ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន ដែល​បានបង្ហាញ​ភាពទន់ខ្សោយ​នៅពេល​ប្រឈមមុខ​នឹង រុស្ស៊ី។

    កាលពី​ថ្ងៃទី ២១ មីនា ប្រធានាធិបតី បៃ​ដិ​ន បាន​លើកសរសើរ​ចំពោះ​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក រួមមាន ណា​តូ (ណា​តូ), សហភាព​អឺរ៉ុប (EU) និង​ដៃគូ​សហការ​ដទៃទៀត ដោយសារ​តែមាន​សាមគ្គីភាព​ក្នុងការ​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    សហរដ្ឋ​អាម៉េរិក រួម​នឹង​បណ្ដា​សម្ព័ន្ធមិត្ត បានដាក់​ទណ្ឌកម្ម​ជាប​ន្ត​បន្ទាប់​មិន​ធ្លាប់មាន សំដៅ​បង្កក​ទ្រព្យ ពាណិជ្ជកម្ម​អន្តរជាតិ និង​លទ្ធភាព​នៃ​ការប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​របស់ រុស្ស៊ី។

    ក៏ប៉ុន្តែ នៅពេល​និយាយ​ដល់ សម្ព័ន្ធមិត្ត​ចតុភាគី (QUAD) ដែល​រួមមាន អាម៉េរិក, ឥណ្ឌា, ជប៉ុន និង អូស្ត្រាលី ប្រធានាធិបតី បៃ​ដិ​ន យល់ថា ទីក្រុង​ញូវដែលី មានប្រតិកម្ម​មិន​ខ្លាំងក្លា​ដូច​ទៅនឹង​បណ្ដា​សមាជិក​ដទៃ នៅពេល​ប្រឈមមុខ​នឹង រុស្ស៊ី ក្នុង​បញ្ហា​មួយចំនួន។

    ទាក់ទិន​នឹង​ការយល់ឃើញ​របស់ ប្រធានាធិបតី​អាម៉េរិក រដ្ឋាភិបាល​ឥណ្ឌា មិនទាន់​បញ្ចេញមតិ​ប្រតិកម្ម​អ្វី​នៅឡើយ។

    ការលើកឡើង​របស់លោក បៃ​ដិ​ន បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ប្រេង​របស់ ឥណ្ឌា កាលពី​ថ្ងៃទី ១៨ មីនា បាន​បញ្ជាក់ថា បាន​ទិញ​ប្រេង​ឆៅ ៣ លាន​ធុង ពី រុស្ស៊ី ដើម្បី​ធានា​ចំពោះ​តម្រូវការ​ប្រើប្រាស់​ប្រេងសាំង​ក្នុងស្រុក ហើយ​ថា នឹងមាន​ការបញ្ជាទិញ​ប្រេង​ជាច្រើន​ផ្សេងទៀត បើ​ទោះ​មានប្រតិកម្ម​មិនល្អ​ពី​លោកខាងលិច។

  • អ៊ុយ​ក្រែ​ន ប្ដេជ្ញា​មិន​ទទួលយក​ឱសានវាទ​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​ចំពោះមុខ កងទ័ព​រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្ដេជ្ញា​មិន​ទទួលយក​ឱសានវាទ​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​ចំពោះមុខ កងទ័ព​រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានប្រកាសថា មិន​ទទួលយក​ឱសានវាទ​ស្នើឱ្យ​ចុះចាញ់​ជាដាច់ខាត និង​ប្ដេជ្ញា​មិន​បោះបង់​បណ្ដា​ទីក្រុង​ដូចជា ម៉ា​រី​ប៉ូល (Mariupol), ខា​កូវ (Khaarkov) ឬ រដ្ឋធានី​កៀវ របស់​ប្រទេស​នេះ។

    «យើង​បានទទួល​លិខិត​ដាក់​ឱសានវាទ​ដោយមាន​ការស្នើ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការបង្ខំ​តាមរបៀប «ចូរ​ធ្វើ​ដូច្នេះ ហើយ​សង្គ្រាម​នឹងត្រូវ​បានបញ្ចប់»។ អ៊ុយ​ក្រែ​ន មិនអាច​ធ្វើតាម​ឱសានវាទ​នោះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២១ មីនា​ដូច្នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី បន្តថា រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ រុស្ស៊ី ត្រូវតែ​ឆ្លងកាត់​ការធ្វើប្រជាមតិ​នៅ អ៊ុយ​ក្រែ​ន។ «ប្រជាជន​នឹងត្រូវ​តែមាន​សំឡេង​នៅក្នុង​កិច្ចព្រមព្រៀង​មួយចំនួន» លោក​បញ្ជាក់។

    កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី ២១ មីនា បានដាក់​ឱសានវាទ​ស្នើឱ្យ​កងកម្លាំង​ការពារ​ទីក្រុង​ម៉ា​រី​ប៉ូល ទម្លាក់អាវុធ​ចុះចាញ់ ប៉ុន្តែ ត្រូវបាន​បដិសេធ​ដោយ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោកស្រី Iryna Vereshchuk។ លោក ហ្សេ​ឡែ​ន​ស្គី ថ្លែង​បន្ថែមថា អ៊ុយ​ក្រែ​ន ក៏​នឹងមិន​បោះបង់​ទីក្រុង​ណាមួយ​ដែល​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន រដ្ឋធានី​កៀវ ឬ ទីក្រុង​ខា​កូវ ជាដើម។

    រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​បើក​កិច្ចចរចា​ច្រើនលើក​មកហើយ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង ប៉ុន្តែ មិនទាន់​ទទួលបាន​ផ្លែផ្កា​អ្វី​នៅឡើយ ទាក់ទង​នឹង​បទ​ឈប់​បាញ់។

  • អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លា​ក់នៅ ប្រទេស​ចិន ម្សិលមិញ ទំនងជា​បាត់បង់​ស្មារតី​មុនពេល​កើតហេតុ​ចុងក្រោយ

    អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លា​ក់នៅ ប្រទេស​ចិន ម្សិលមិញ ទំនងជា​បាត់បង់​ស្មារតី​មុនពេល​កើតហេតុ​ចុងក្រោយ

    យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ និង​បុគ្គលិក​ហោះហើរ ៩ នាក់ របស់ China Eastern Airlines បាន​ធ្លា​ក់ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​ក្នុង​ល្បឿន​រាប់រយ​គីឡូម៉ែត្រ/ម៉ោង អាច​បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ស្មារតី មុនពេល​ដាំ​ក្បាល​ដល់​ដី នេះ​បើតាម​អ្នកជំនាញ។

    វីដេអូ​ស្ដីពី​ទិដ្ឋភាព​ចុងក្រោយ​របស់​ជើងហោះហើរ MU៥៧៣៥ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន ក្រោយពី​យន្តហោះ​បាន​ធ្លាក់​បុក​ខ្នងភ្នំ​ក្នុង​ខេត្ត Guangxi កាលពី​ថ្ងៃទី ២១ មីនា បង្ហាញថា យន្តហោះ Boeing ៧៣៧-៨០០ នេះ ធ្លាក់ចុះ​ដោយ​ដាំ​ក្បាល​ត្រង់​ពីលើ​មេឃ។

    អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​អង់គ្លេស Sally Gethin យល់ថា នៅពេល​យន្តហោះ​ធ្លាក់​ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​បែបនេះ​ក្នុង​រយៈពេល​ជិត ២ នាទី កម្លាំង​ទំនាញ​ដ៏​ខ្លាំង​នឹងធ្វើ​ឱ្យ​ឈាម​ច្រាល​ទៅកាន់​ខួរក្បាល​របស់​អ្នក​នៅលើ​យន្តហោះ។

    កម្លាំង​ទំនាញ​នោះ នឹង​ធ្វើឱ្យ​បាត់បង់​ស្មារតី មិនអាច​បញ្ជា​លើ​យន្តហោះ​បាន។ ប៉ុន្តែ ទិន្នន័យ​នៃ​ការហោះហើរ​បង្ហាញថា ក្នុងពេល​ធ្លាក់​ដាំ​ក្បាល​ចុះ យន្តហោះ​នេះ​បាន​ហោះ​ងើបក្បាលឡើង​ប្រហែល​ពី ១០ ទៅ ១៥ វិនាទី បង្ហាញថា អ្នកបើកបរ​បានដឹង​ខ្លួន និង​ព្យាយាម​ជួយសង្គ្រោះ​យន្តហោះ តែ​ត្រូវ​បរាជ័យ។

    ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ។

    ក្រុម​សង្គ្រោះបន្ទាន់​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ គ្មាន​អ្នកណាម្នាក់​ក្នុងចំណោម​អ្នក​នៅលើ​យន្តហោះ ត្រូវបាន​គេ​ជឿថា នៅមាន​ជីវិត​នោះឡើយ។ នេះ​គឺជា​គ្រោះថ្នាក់​ដ៏​មហន្តរាយ​បំផុត​នៅ ប្រទេស​ចិន ក្នុងអំឡុង​រាប់​ទសវត្សរ៍​កន្លងមក​នេះ។

  • (វីដេអូ)-យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ នាក់ ដែល​ធ្លាក់​នៅ​ ប្រទេស​ចិន ម្សិលមិញ ប្រហែល​គ្មាន​អ្នក​ណា​មួយ​នៅ​មាន​ជីវិត!

    (វីដេអូ)-យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ នាក់ ដែល​ធ្លាក់​នៅ​ ប្រទេស​ចិន ម្សិលមិញ ប្រហែល​គ្មាន​អ្នក​ណា​មួយ​នៅ​មាន​ជីវិត!

    យន្តហោះ Boeing ៧៣៧ របស់ China Eastern ហាក់​ដាំ​ក្បាល​ចុះដី​ទៅតាម​ទិស​ត្រង់​ពីលើ និង​ផ្ទុះ​បែកបាក់​ខ្ទេចខ្ទី​ជា​បំណែកតូចៗនៅលើ​ភ្នំ​ក្នុង​តំបន់​ស្វយ័ត​នៃ​ជនជាតិ Zhuang នៅ​ខេត្ត Guangxi ខាងលិច។

    យន្តហោះ Boeing ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា។

    ស​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា យន្តហោះ​បាន​ដាំ​ក្បាល​ចុះ សំដៅលើ​ខ្នងភ្នំ​មួយ​ដែល​មិនមាន​មនុស្ស​រស់នៅ។ «យន្តហោះ​នៅមាន​សភាព​ធម្មតា​មុននឹង​បាន​ធ្លាក់។ វា​ធ្លាក់ចុះ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ» សាក្សី​រៀបរាប់។

    រុក្ខជាតិ​នៅលើ​ខ្នងភ្នំ​បាន​ឆាប់ឆេះ បន្ទាប់ពី​យន្តហោះ​បាន​ធ្លាក់។ ដោយសារ​កន្លែងកើតហេតុ​មាន​ឧបសគ្គ​ច្រើន រថយន្ត​ពន្លត់​អគ្គិភ័យ​មិនអាច​ឡើងដល់ ដូច្នេះ កងកម្លាំង​សង្គ្រោះ​ក៏ត្រូវ​ដើរ​ដោយ​ថ្នើ​រ​ជើង។

    ប្រជាជន​ដែល​រស់​នៅក្បែរនោះ​ប្រហែល ១០ គីឡូម៉ែត្រ បាន​ប្រាប់ថា ឮ​សំឡេង​ផ្ទុះ​ខ្លាំង​នៅវេលា​ម៉ោងជាង ១។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ ១១៧ នាក់ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ ២៣ គ្រឿង​នៅក្នុង​តំបន់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ៥០០ នាក់ មកពី​តំបន់​នានា​របស់ ខេត្ត Guangxi ក៏​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ។ ខេត្ត Guangdong ក៏បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ៥០០ នាក់ រួម​នឹង​រថយន្ត​ជួយសង្គ្រោះ ៩៧ គ្រឿង ទៅ​ជួយ​ស្វែងរក​ជនរងគ្រោះ។

    «យន្តហោះ​បាន​ផ្ទុះ​បែកបាក់​ខ្ទេចខ្ទី​ជា​បំណែកតូចៗ និង​ប៉ើង​ខ្ចាយ​ទៅគ្រប់​កន្លែង។ ខ្ញុំ​មិនបាន​ឃើញ​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ» បុគ្គលិក​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅក្នុង​ខេត្ត Guangxi ដែល​ពេលនោះ​កំពុងស្ថិត​នៅក្បែរ​កន្លែង​កើតហេតុ ឱ្យដឹង​ដូច្នេះ។

    ក្រុមហ៊ុន China Eastern Airlines ឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នឹង​ត្រូវបាន​ស្រាវជ្រាវ​លម្អិត ប៉ុន្តែ មិនទាន់​បញ្ជាក់​អំពី​ចំនួន​អ្នកស្លាប់ និង​រងរបួស​នៅឡើយ។ តំណែង​របស់​ក្រុមហ៊ុន Boeing ប្រចាំ ប្រទេស​ចិន ឱ្យដឹងថា កំពុង​ញាប់ដៃ​ញាប់ជើង ក្នុងការ​ប្រមូល​ទិន្នន័យ​ដើម្បី​ជួយ​ដល់​ការស្រាវជ្រាវ។

  • អង់គ្លេស សហរដ្ឋ​អាម៉េរិក ចង់​ដំឡើង​ពន្ធចំពោះ​បណ្ដា​ក្រុមហ៊ុន​ប្រេង ដើម្បី​ជួយ​ដល់​អ្នក​រង​ផលប៉ះពាល់​ពី​បញ្ហា​ប្រេង​ឡើងថ្លៃ

    អង់គ្លេស សហរដ្ឋ​អាម៉េរិក ចង់​ដំឡើង​ពន្ធចំពោះ​បណ្ដា​ក្រុមហ៊ុន​ប្រេង ដើម្បី​ជួយ​ដល់​អ្នក​រង​ផលប៉ះពាល់​ពី​បញ្ហា​ប្រេង​ឡើងថ្លៃ

    នៅពេល​តម្លៃ​ប្រេង​ឆៅ​ឡើង​ខ្ពស់ ប្រាក់ចំណេញ​របស់​បណ្ដា​ក្រុមហ៊ុន​ដូចជា BP ឬ ExxonMobil ជាដើម អាច​កើនឡើង​រាប់ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ។

    ក្រុមហ៊ុន ExxonMobil រកបាន​ប្រាក់ចំណេញ ២៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ខ្ពស់បំផុត​ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លងមកនេះ។ នៅពេល​តម្លៃ​ប្រេង​ឆៅ​ឡើង​ខ្ពស់​ដូច​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ត្រូវបាន​ព្យាករ​ថា នឹង​រកបាន​ប្រាក់ចំណេញ ៣៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២។ ចំណែក BP ដែល​រកបាន​ប្រាក់ចំណេញ ១២.៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង នឹង​អាច​រកបាន ១៥.៦ ពាន់​លាន​ដុល្លារ​នា​ឆ្នាំនេះ។

    អត្រា​ចំណេញ​ដ៏​សម្បើម​នេះ​កំពុង​នាំឱ្យ​ក្រុមមន្ត្រី​អាម៉េរិក និង អឺរ៉ុប ពិភាក្សា​អំពី​ការដំឡើង​ពន្ធ​មិនធម្មតា​ចំពោះ​ក្រុមហ៊ុន​ប្រេង​ទាំងនោះ។ ប្រាក់​ដែល​បាន​ពី​ការដំឡើង​ពន្ធ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​ដល់​អ្នកប្រើប្រាស់​ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

    ស្ថានីយ​ប្រេង​សាំង​មួយ​កន្លែង​នៅ​ រុស្ស៊ី របស់ក្រុម​ហ៊ុន​ BP

    កន្លងមក ទាំង អាម៉េរិក ទាំង អង់គ្លេស សុទ្ធតែ​ធ្លាប់បាន​ដំឡើង​ពន្ធ​មិនធម្មតា​បែបនេះ ដោយមាន​ការគាំទ្រ​ច្រើន​ពីស​ភា។ ក៏ប៉ុន្តែ ក្នុងករណី​បច្ចុប្បន្ន ការគាំទ្រ​ហាក់​មាន​សំឡេង​តែ​ពី​ក្រុម​មួយ​តូច​ប៉ុណ្ណោះ មិន​ថា នៅ សហរដ្ឋ​អាម៉េរិក មិន​ថា នៅ អង់គ្លេស។

  • អង្គការ​ថាមពល​អន្ត​រ​ជាតិ ផ្ដល់​អនុសាសន៍​សម្រាប់​ទប់​ទល់នឹង​ស្ថានការណ៍​ប្រេង​ឡើងថ្លៃ៖ ចូរ​ធ្វើការ​ពី​ផ្ទះ និង​បើកបរ​យឺត​ជាង​មុន ដើម្បី​សំច័យ​ប្រេងសាំង

    អង្គការ​ថាមពល​អន្ត​រ​ជាតិ ផ្ដល់​អនុសាសន៍​សម្រាប់​ទប់​ទល់នឹង​ស្ថានការណ៍​ប្រេង​ឡើងថ្លៃ៖ ចូរ​ធ្វើការ​ពី​ផ្ទះ និង​បើកបរ​យឺត​ជាង​មុន ដើម្បី​សំច័យ​ប្រេងសាំង

    ទាំង សហរដ្ឋ​អាម៉េរិក ទាំង អឺរ៉ុប សុទ្ធតែ​មិនអាច​ស្មាន​ដល់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បាន និង​កំពុង​កើតឡើង​ដោយសារ​ការ​ដាច់​ចង្វាក់​ផ្គត់ផ្គង់​ប្រេង​ដោយសារ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។

    សារព័ត៌មាន CNN បានឱ្យដឹងថា អង្គការ​ថាមពល​អន្ត​រ​ជាតិ (International Energy Agency-IEA) ថ្មីៗនេះ​បាន​ស្នើឱ្យ​បណ្ដា​ប្រទេស​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងសាំង នៅក្នុង​គ្រា​ដែល​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង​កំពុង​កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់។

    ជាក់ស្ដែង IEA បាន​លើកសំណើ​ផែនការ ១០ ចំណុច​ចម្បង ដែល​ក្នុងនោះ​មាន ៣ ចំណុច​គួរឱ្យ​ចាប់អារម្មណ៍ រួមមាន ការបន្ថយ​ល្បឿន​យ៉ាងហោច ១០ គីឡូម៉ែត្រ/ម៉ោង សម្រាប់​ល្បឿន​យឺត​បំផុត​លើផ្លូវ​ល្បឿន​លឿន, ការស្នើ​ឱ្យធ្វើ​ការ​ពី​ផ្ទះ​យ៉ាងតិច ៣ ថ្ងៃ/សប្ដាហ៍ និង​ការហាម​រថយន្ត​ចូលក្នុង​ទីក្រុង​ក្នុង​ថ្ងៃអាទិត្យ។

    យោងតាម IEA សំណើ​ទាំងឡាយ​នោះ បើសិន​ត្រូវបាន​បណ្ដា​ប្រទេស​លោកខាងលិច​ដូចជា អាម៉េរិក និង អឺរ៉ុប អនុវត្ត នោះ​វា​អាចជួយ​កាត់បន្ថយ​បាន ១/៣ នៃ​ការពឹង​ផ្អែកលើ​បរិមាណ​ប្រេង​របស់ រុស្ស៊ី នាបច្ចុប្បន្ន។

    ទន្ទឹមនឹងនេះ IEA ក៏បាន​ស្នើឱ្យ​បង្កើន​ការអភិវឌ្ឍ​កម្មវិធី​ហៅ​រថយន្ត ជំរុញ​វិស័យ​រថភ្លើង​ល្បឿន​លឿន នាវា​រត់​ពេលយប់ កាត់បន្ថយ​សកម្មភាព​ក្នុង​វិស័យ​អាកាសចរណ៍ បន្ថយ​ជើងហោះហើរ​ពាណិជ្ជកម្ម ពង្រីក និង​បង្កើន​ចំនួន​ផ្លូវ​ក្នុង​ក្រុង​សម្រាប់​ថ្មើរជើង ផ្លូវ​សម្រាប់​កង់ ឬ​បណ្ដា​មធ្យោបាយ​សាធារណៈ​ដទៃទៀត។

    ជាមួយនឹង​វិធានការ​ខាងលើ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប នឹង​អាច​សំច័យ​ប្រេងសាំង​បាន​ប្រហែល ២.៧ លាន​ធុង/ថ្ងៃ ក្នុង​រយៈពេល ៤ ខែ​ខាងមុខ ដែល​នេះ​ស្មើនឹង​បរិមាណ​ប្រេងសាំង​របស់​រថយន្ត​ទំនើប​ទាំងអស់​នៅ ប្រទេស​ចិន។

    ទន្ទឹមនឹងនេះ បើសិនជា​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេងសាំង​ច្រើន​ដូចជា ចិន និង ឥណ្ឌា ធ្វើតាម​អនុសាសន៍​ខាងលើ នោះ​ស្ថានការណ៍​នឹង​កាន់តែ​ល្អប្រសើរ​ជាងនេះទៅទៀត៕