Author: សឿន សំណាង

  • ក្រោយ កូរ៉េខាងជើង ថា ​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​មី​ស៊ី​ល​​អន្តរ​ទ្វីប​ អាម៉េរិក ​ក៏​​ដាក់​ទណ្ឌ​កម្ម​​លើ​​ក្រុម​ហ៊ុន​រុស្ស៊ី ​និង​​កម្ម​វិធី​​អភិវឌ្ឍ​​មី​ស៊ី​ល​ របស់ ​ទីក្រុង​​ព្យុង​យ៉ាង

    ក្រោយ កូរ៉េខាងជើង ថា ​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​មី​ស៊ី​ល​​អន្តរ​ទ្វីប​ អាម៉េរិក ​ក៏​​ដាក់​ទណ្ឌ​កម្ម​​លើ​​ក្រុម​ហ៊ុន​រុស្ស៊ី ​និង​​កម្ម​វិធី​​អភិវឌ្ឍ​​មី​ស៊ី​ល​ របស់ ​ទីក្រុង​​ព្យុង​យ៉ាង

    សហរដ្ឋ​អាម៉េរិក សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន ២ របស់ រុស្ស៊ី និង​ស្ថាប័ន​មួយ​របស់ កូរ៉េខាងជើង ព្រោះ​បានប្រគល់​ទំនិញ​សំខាន់​សម្រាប់​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល របស់ ទីក្រុង​ព្យុងយ៉ាង។

    ទណ្ឌកម្ម​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៤ មីនា គឺ​សំដៅលើ​ក្រុមហ៊ុន ២ របស់ រុស្ស៊ី រួមមាន Ardis Group និង PFK Profpodshipnik LLC រួម​នឹង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ធម្មជាតិ​លេខ​ពីរ​របស់ កូរ៉េខាងជើង។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ពលរដ្ឋ​រុស្ស៊ី Igor Aleksandrovich Michurin និង​ពលរដ្ឋ​កូរ៉េខាងជើង Ri Sung-chol ផងដែរ។

    «ទណ្ឌកម្ម​នេះ​គឺជា​មួយផ្នែក​នៃ​ការប្រឹងប្រែង​ទប់ស្កាត់​លទ្ធភាព​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​របស់ កូរ៉េខាងជើង» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក Ned Price បានបញ្ជាក់​ដូច្នេះ។

    ការសម្រេច​ដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក នេះ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នា​ដែល កូរ៉េខាងជើង ប្រកាសថា បាន​សាកល្បង​បាញ់​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ថ្មី Hwasong-១៧ ពី​ព្រលានយន្តហោះ​ព្យុងយ៉ាង ដោយ​ជោគជ័យ ក្រោម​វត្តមាន​តាមដាន​របស់​លោក គីម ជុន​អ៊ុន។

    «មី​ស៊ី​ល ត្រូវបាន​បាញ់​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ព្យុងយ៉ាង ហោះ​ដល់​កម្ពស់​អតិបរមា ៦,២៤៨.៥ គីឡូម៉ែត្រ និង​ហោះ​បាន​រយៈ​ចម្ងាយ ១,០៩០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៤,០៥២ វិនាទី មុនពេល​សំដៅចំ​គោលដៅ​ដែល​បានកំណត់» នៅឯ​សមុទ្រ​ជប៉ុន នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កូរ៉េខាងជើង (KCNA)។

    នេះ​អាចជា​ការបាញ់​សាកល្បង ICBM ធំ​បំផុត​របស់ កូរ៉េខាងជើង និង​ជា​លើកដំបូង​ដែល ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប រាប់​ចាប់តាំងពី​ឆ្នាំ ២០១៧។

  • អាជ្ញាធរ​អាម៉េរិក ប្រកាស​​លើក​លែង​ពន្ធ​លើ​ទំនិញ​រាប់រយ​មុខ​ដែល​នាំចូល​ពី ប្រទេស​ចិន

    អាជ្ញាធរ​អាម៉េរិក ប្រកាស​​លើក​លែង​ពន្ធ​លើ​ទំនិញ​រាប់រយ​មុខ​ដែល​នាំចូល​ពី ប្រទេស​ចិន

    សហរដ្ឋ​អាម៉េរិក បានធ្វើការ​ពិនិត្យ​លើ​ទំនិញ​ជាង ៥០០ មុខ ហើយ​មកដល់​ថ្ងៃ​ពុធ​ម្សិលមិញ តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​អាម៉េរិក ប្រកាសថា ពួកគេ​សម្រេច​មិន​យកពន្ធ​លើ​ទំនិញ​ចំនួន ៣៥២ មុខ ពី ប្រទេស​ចិន។

    យោងតាម Reuters ប្រភេទ​ទំនិញ​ដែល​ត្រូវបាន​លើកលែង​ពន្ធ រួមមាន​ទាំង​ផលិត​ជា​គ្រឿងបន្លាស់​កង់ រថយន្ត​អគ្គិសនី ម៉ាស៊ីន សារធាតុ​គីមី និង​គ្រឿង​សមុទ្រ​ផងដែរ។

    មុខទំនិញ​ទាំងឡាយ​ខាងលើ ធ្លាប់​ត្រូវបាន​លើកលែង​ពន្ធ​កាលពី​សម័យ​រដ្ឋការ​លោក Donald Trump គ្រា​ដែល អាម៉េរិក និង ចិន ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​អំឡុង​ឆ្នាំ ២០១៨ និង ២០១៩ ប៉ុន្តែ គោលនយោបាយ​លើកលែង​ពន្ធ​នោះ បាន​អស់​សុពលភាព​ទៅហើយ។

    ការសម្រេច​លើកលែង​ពន្ធ​លើ​ទំនិញ​ចំនួន ៣៥២ មុខ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាជ្ញាធរ​អាម៉េរិក បាន​ពិនិត្យ​ទំនិញ​ចំនួន ៥៤៩ មុខ​រួចរាល់។ ក៏ប៉ុន្តែ នៅមាន​ទំនិញ​ច្រើន​ប្រភេទ​ទៀត​ដែល​នៅតែ​ជាប់ពន្ធ​កម្រិត​ខ្ពស់។

    ការបង់ពន្ធ​ត្រូវធ្វើឡើង​ដោយ​ក្រុមហ៊ុន​នាំចូល​របស់ សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន​អាហរ័ណ​ជាច្រើន​របស់ អាម៉េរិក​បាន​អំពាវនាវ​ឱ្យមាន​ការពង្រីក​ចំនួន​ប្រភេទ​ទំនិញ​ដែល​ត្រូវ​លើកលែង​ពន្ធ​ពី​បរទេស៕

  • មហា​សេដ្ឋី Elon Musk និង Mark Zuckerberg បានបញ្ជាក់​រួចហើយ៖ បើ​មិនបាន​បំពេញ​កិច្ចការ ៥ យ៉ាងនេះ​ទេ ជោគជ័យ​នឹងមិន​ទុក​កន្លែង​ឱ្យ​យើង​ឡើយ!

    មហា​សេដ្ឋី Elon Musk និង Mark Zuckerberg បានបញ្ជាក់​រួចហើយ៖ បើ​មិនបាន​បំពេញ​កិច្ចការ ៥ យ៉ាងនេះ​ទេ ជោគជ័យ​នឹងមិន​ទុក​កន្លែង​ឱ្យ​យើង​ឡើយ!

    ការចាកចេញ​ពី​អេក្រង់​ទូរស័ព្ទ ការ​ចេញពីផ្ទះ​ទៅខាង​ក្រៅ ការដើរ​ដោយ​ថ្មើរជើង និង​ការគិត​ពិចារណា​ជាដើម គឺជា​ប្រការ​ដែល​មើលទៅ​ដូចជា​សាមញ្ញ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់​ដែល​ធ្វើបាន។

    ខាងក្រោម​នេះ​គឺជា ៥ ប្រការ ដែល​យើង​គួរ​ធ្វើឱ្យបាន​រាល់ថ្ងៃ បើសិន​ចង់​ជោគជ័យ៖

    អាន​សៀវភៅ​ទាក់ទង​នឹង​វិស័យផ្សេងៗ

    នេះ​គឺជា​វិធី​ដែល​យើង​អាច​មើលឃើញ​បទ​ពិសេស​ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ និង​យល់​ពី​ស្ថានភាព​សង្គម​បាន​កាន់តែច្រើន ដែលជា​កត្តា​សំខាន់​ជួយ​ឱ្យ​យើង​ក្លាយជា​បុគ្គល ឬ​មេដឹកនាំ​ល្អ។ ក្រៅពី​ជំនាញ យើង​ក៏​គួរតែ​ពង្រីក​ចំណេះដឹង​ទៅក្នុង​វិស័យផ្សេង។

    វា​មិនមែនជា​រឿង​ចៃដន់​ឡើយ ដែល​មហាសេដ្ឋី Elon Musk មាន​ទម្លាប់​អាន​សៀវភៅ​ស្ដីពី​បច្ចេកវិទ្យា​បែប​ប្រឌិត និង​ប្រវត្តិ​សង្ខេប​របស់​បុគ្គលល្បី។ នៅក្នុង​ទស្សនាវដ្ដី​មួយ​កាលពី​ច្រើន​ឆ្នាំមុន លោក Musk បានឱ្យដឹងថា «ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ដោយ​សៀវភៅ ហើយ​ពិតណាស់​រួមទាំង​ឪពុកម្ដាយ​របស់ខ្ញុំ​ផងដែរ»។

    យោងតាម​លោក Musk ការអាន​សៀវភៅ​ដែល​ទាក់ទង​នឹង​វិស័យផ្សេងៗ នឹង​ជួយ​ឱ្យ​យើង​មានចំណេះដឹង​កាន់តែ​សម្បូរបែប ទាំង​ក្នុង​ការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ។

    ចាកចេញ​ផុតពី​តំបន់​សុវត្ថិភាព

    ក្នុង​ជីវភាព មនុស្ស​គ្រប់រូប​មិនមែន​សុទ្ធ​តែមាន​ភាពក្លាហាន​ក្នុង​ការធ្វើ​កិច្ច​ការដែល​ស្ថិតនៅ​ក្រៅពី​តំបន់​សុវត្ថិភាព​របស់ខ្លួន។ បើសិនជា​មិនបាន​ធ្វើ​រឿងនេះ នោះ​មានន័យថា យើង​មិនអាច​ឆ្ពោះទៅមុខ​បាន​ឆ្ងាយ។

    បើសិនជា​មិន​ហ៊ាន​ឡើង​និយាយ​នៅ​ចំពោះមុខ​ហ្វូងមនុស្ស ចូរ​រក​វិធី​ដើម្បី​យកឈ្នះ​លើ​ការភ័យខ្លាច​នេះ ដោយ​ការស្ម័គ្រចិត្ត​ឡើង​បញ្ចេញមតិ​នៅក្នុង​អង្គប្រជុំ បើទោះជា​យើង​ភ័យ​រហូតដល់​បែកញើស។

    Mark Zuckerberg ដែលជា​ម្ចាស់ Facebook បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការរៀន​ភាសា​ចិន ដើម្បី​អាច​និយាយ​សភា​នេះ​បានជា​មួយ​ភរិយា​របស់គាត់​ដែលមាន​ដើមកំណើត​ចិន។ ភាពភ័យខ្លាច និង​វឌ្ឍនភាព មិនអាច​នៅ​ជាមួយគ្នា​បានឡើយ។ ដូច្នេះ បើ​ចង់​រីកចម្រើន យើង​ត្រូវតែ​ធ្វើ​សកម្មភាព បង្ខំ​ឱ្យ​ភាពភ័យខ្លាច​ចាកចេញ​ឆ្ងាយ។

    ការព្យាយាម​ហាត់ប្រាណ

    យោងតាម​អ្នកស្រាវជ្រាវ​មួយរូប បានឱ្យដឹងថា ការហាត់​ប្រាណ​ជាប្រចាំ​គឺជា​ចំណុចរួម​របស់​ក្រុម​អភិជន។ លោក​ថា អ្នក​ដែល​ប្រឹងប្រែង​ហាត់ប្រាណ តែងតែមាន​ប្រៀប​ជាង​នៅក្នុង​ការប្រកួតប្រជែង ដូចជា កម្រិត​ឆ្លាត​វ័យ​ខ្ពស់ជាង, មាន​ភាព​រឹងប៉ឹង ភាពជឿជាក់ ក៏ដូចជា​មាន​ថាមពល​ច្រើនជាង ២០% ធៀប​នឹង​អ្នក​បញ្ចេញ​សកម្មភាព​តិចតួច។ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ក៏បាន​បង្ហាញថា ការហាត់​ប្រាណ​ជា​រៀងរាល់ថ្ងៃ អាចជួយ​ឱ្យមាន​អាយុ​វែង។

    មហាសេដ្ឋី Mark Zuckerberg, Jeff Bezos, Oprah Winfrey, Sheryl Sanberg និង Richard Branson ជាដើម សុទ្ធតែ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​មាន​សុខភាព​ល្អ រាងកាយ​មាំមួន។

    បរិច្ចាគ​ទ្រព្យ ធ្វើបុណ្យ ធ្វើ​ទាន​ឱ្យបាន​ច្រើន

    មហាសេដ្ឋី​ជាច្រើន​ក្នុង​ពិភពលោក សុទ្ធ​តែមាន​មូលនិធិ​មនុស្សធម៌ ឬ​បរិច្ចាគ​ទ្រព្យ ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម។ ការបរិច្ចាគ​ទ្រព្យ​តិច ឬ​ច្រើន ដើម្បី​ជួយ​ដល់​អ្នកក្រីក្រ គឺ​សុទ្ធតែ​ទទួលបាន​ផល​ល្អ មិន​ថា ក្នុង​ផ្លូវចិត្ត មិន​ថា​ក្នុង​ភាពជាក់ស្ដែង។

    ការ​ចេញទៅ​ក្រៅ និង​ការគិត​ពិចារណា

    មនុស្ស​យើង​ភាគច្រើន ហាក់​កំពុង​ចំណាយពេល​មិនតិច​ឡើយ​ទៅលើ​ទូរស័ព្ទ និង​បណ្ដាញ​សង្គម។ មនុស្ស​ភាគច្រើន​មិនអាច​ចាកចេញ​ពីមុខ​អេក្រង់​ទូរស័ព្ទ ចេញពីផ្ទះ ដើរ​ដោយ​ថ្មើរជើង និង​គិតពិចារណា។

    ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ សមាគម​ចិត្តសាស្ត្រ​អាម៉េរិក បាន​បង្ហាញថា ការដើរ​ដោយ​ថ្មើរជើង​នៅ​ខាងក្រៅ​ផ្ទះ អាច​បង្កើន​ភាព​ច្នៃប្រឌិត និង​កែលម្អ​សមត្ថភាព​ដោះស្រាយ​បញ្ហា។

    មហាសេដ្ឋី Mark Zuckerberg, Richard Branson និង CEO របស់ Google ឬ LinkedIn ជាដើម សុទ្ធតែ​ចូលចិត្ត​ពិភាក្សាគ្នា​នៅពេល​ដើរ​ដោយ​ថ្មើរជើង។

    មហាសេដ្ឋី Richard Branson ធ្លាប់បាន​សរសេរ​នៅក្នុង​ប្លក់​ផ្ទាល់ខ្លួន​ថា «ខ្ញុំ​យល់ឃើញថា នេះ​គឺជា​វិធី​ដែល​ជួយ​ឱ្យ​យើង​ធ្វើការ​សម្រេចចិត្ត​បានល្អ និង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​យ៉ាង​ឆាប់រហ័ស​ទៀតផង។ ម្យ៉ាងទៀត វា​ក៏មាន​ប្រយោជន៍​សម្រាប់​សុខភាព»៕

  • ចែវ​ទូក​កៅស៊ូ​ប្រវែង​ជាង ២ម៉ែត្រ ឆ្លងកាត់​សមុទ្រ​​​​ថៃ ទៅកាន់ ​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ

    ចែវ​ទូក​កៅស៊ូ​ប្រវែង​ជាង ២ម៉ែត្រ ឆ្លងកាត់​សមុទ្រ​​​​ថៃ ទៅកាន់ ​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ

    នៅពេល​ត្រូវបាន​កងទ័ព​ថៃ រកឃើញ បុរស​ម្នាក់​ដែលជា ជនជាតិ​វៀតណាម អាយុ ៣៧ ឆ្នាំ បាន​ប្រាប់ថា ខ្លួន​ចែវ​ទូក​កៅស៊ូ រយៈពេល ១៨ មកហើយ​នៅលើ​សមុទ្រ បំណង​ឆ្ពោះទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ។

    កងទ័ព​ថៃ ឱ្យដឹងថា ពួកគេ​ទទួលបាន​របាយការណ៍​ពី​អ្នកនេសាទ​ក្នុង​តំបន់​កាលពី​ថ្ងៃទី ២៣ មីនា អំពី​បុរស​ម្នាក់​កំពុង​ចែវ​ទូក​កៅស៊ូ​សប់​ខ្យល់ នៅ​តំបន់​សមុទ្រ ចម្ងាយ​ប្រហែល ១៤ គីឡូម៉ែត្រ ពី​ប្រជុំ​កោះ Similan។

    មួយ​ម៉ោង​ក្រោយមក កម្លាំង​សង្គ្រោះ​របស់ ថៃ ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​បានឃើញ​ទូក​កៅស៊ូ​ត្រូវបាន​ចង​ទៅនឹង​ទូក​នេសាទ​របស់ ប្រជាជន​ថៃ។ បុរស​ដែល​នៅលើ​ទូក​កៅស៊ូ​នោះ ត្រូវបាន​គេ​ដឹងថា មានឈ្មោះ Ho Hoang Hung អាយុ ៣៧ ឆ្នាំ ជា​ជនជាតិ​វៀតណាម។

    នៅលើ​ទូក​តូច​ប្រវែង ២.៥ ម៉ែត្រ របស់​បុរស​នោះ មាន​ធុង​ទឹក​មួយ​ដែល​ជិត​អស់​ទឹក​រលីង រួម​នឹង​មី​ប្រហែល ១០ កញ្ចប់ និង​វ៉ាលិស​មួយ។

    បុរស​ខាងលើ​បាន​ប្រាប់ថា គាត់​កំពុង​ចែវ​ទូក​ទៅកាន់ ប្រទេស​ឥណ្ឌា ដើម្បី​ជួប​ប្រពន្ធ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង Mumbai។ បុរស​នេះ​បន្ថែមថា ពួកគេ​បាន​រៀបការ​កាលពី ២ ឆ្នាំមុន នៅ​មុនពេល​ត្រូវបាន​ឃ្លាត​ពីគ្នា​ដោយសារ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១។

    Hung និយាយថា ខ្លួន​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពី ទីក្រុង​ហូជីមិញ ទៅកាន់​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ២ មីនា ហើយ​គ្រោង​នឹង​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់ ប្រទេស​ឥណ្ឌា ប៉ុន្តែ សុំ​ទិដ្ឋាការ​មិនបាន។

    ក្រោយមក បុរស​នេះ​ក៏បាន​ជិះ​រថយន្តក្រុង​ពី បាងកក ទៅកាន់ ភូ​កេ​ត និង​ទិញ​ទូក​កៅស៊ូ​មួយគ្រឿង ចេញដំណើរ​ពីថ្ងៃ​ទី ៥ មីនា ក្នុង​បំណង​ឆ្លងកាត់​សមុទ្រ​ចម្ងាយ ២,០០០ គីឡូម៉ែត្រ ទៅកាន់ ប្រទេស​ឥណ្ឌា។ គាត់​ត្រូវបាន​ក្រុម​អ្នកនេសាទ​ប្រទះឃើញ បន្ទាប់ពី​ធ្វើដំណើរ​បាន ១៨ ថ្ងៃ នៅលើ​សមុទ្រ។

    សមត្ថកិច្ច​ថៃ បាន​នាំ​បុរស​នេះ​ទៅកាន់​ការិយាល័យ​របស់​ឧទ្យាន​ជាតិ Mu Ko Similan នៅ Phangnga ដើម្បី​សាកសួរ​បន្ថែម៕

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ទំនងជា​ទើបបាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ប្រើ​បច្ចេកវិទ្យា ICBM

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ទំនងជា​ទើបបាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប​ប្រើ​បច្ចេកវិទ្យា ICBM

    ថ្ងៃទី ២៤ មីនា កងទ័ព​កូរ៉េខាងត្បូង ប្រកាសថា កូរ៉េខាងជើង ទំនងជា​ទើបតែ​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ នៅមុននេះ។

    ល្ងាច​ថ្ងៃទី ២៤ មីនា កូរ៉េខាងជើង បាន​បាញ់​កាំជ្រួច​ផ្លោង​យ៉ាងតិច ១ គ្រាប់ ឆ្ពោះទៅកាន់ សមុទ្រ​ជប៉ុន (សមុទ្រ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ) នេះ​បើតាម​សារព័ត៌មាន Yonhap របស់ កូរ៉េខាងត្បូង ដកស្រង់​ប្រកាស​ពី​ក្រុមប្រឹក្សា​យោធា​ជាតិ​ប្រទេស​នេះ។

    យោងតាម Yonhap ក្រុមមន្ត្រី​យោធា​កូរ៉េខាងត្បូង អះអាងថា នេះ​អាចជា​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ប្រើ​បច្ចេកវិទ្យា​កាំជ្រួច​អន្តរទ្វីប (ICBM)។ ក្រុមប្រឹក្សាសន្តិសុខ​កូរ៉េខាងត្បូង កំពុង​ត្រៀម​បើក​កិច្ចប្រជុំ​បន្ទាន់ ស្ដីពី​ករណី​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​របស់ កូរ៉េខាងជើង នេះ។

    ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បានកំណត់ ហាម កូរ៉េខាងជើង សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាវុធ​នុយ​ក្លេ​អែរ។

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៦3 នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មីនា

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៦3 នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មីនា

    ក្នុងចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ៦៣ នាក់ដែល​ទើប​ត្រូវ​បាន​រកឃើញនេះ មាន​​ករណីឆ្លង​ក្នុងសហគមន៍ ៦១ នាក់ និង​អ្នកដំណើរពីបរទេស ២​ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

  • ទីផ្សារ​ថ្ងៃទី ២៤ មីនា៖ តម្លៃ​ប្រេង មាស និង​លោហ​ធាតុ​មួយ​ចំនួន​ទៀត​ នាំគ្នា​ឡើងថ្លៃ

    ទីផ្សារ​ថ្ងៃទី ២៤ មីនា៖ តម្លៃ​ប្រេង មាស និង​លោហ​ធាតុ​មួយ​ចំនួន​ទៀត​ នាំគ្នា​ឡើងថ្លៃ

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៣ មីនា ២០២២ ប្រេង មាស និង​លោហធាតុ​ឧស្សាហកម្ម​មួយចំនួនទៀត នាំគ្នា​ឡើងថ្លៃ។

    ប្រេង​ឡើងថ្លៃ ៥%

    តម្លៃ​ប្រេង​បាន​កើន ៥% ឡើងដល់ ១២១ ដុល្លារ/ធុង​បារ៉ែល ដោយសារ​សកម្មភាព​នាំចេញ​ប្រេង​ឆៅ​តាមរយៈ​បំពង់​បង្ហូរ​ប្រេង Caspian Pipeline Consortium (CPC) របស់ រុស្ស៊ី និង​តំបន់ Kazakh ត្រូវបាន​រំខាន ធ្វើឱ្យមាន​ការបារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់​នៅ​ទូទាំង​សកលលោក។

    បញ្ចប់​ការជួញដូរ​ថ្ងៃទី ២៣ មីនា ប្រេង​ឆៅ Brent ឡើងថ្លៃ ៦.១២ ដុល្លារ ប្រហែល ៥.៣% ឡើងដល់ ១២១.៦ ដុល្លារ/ធុង ខណៈដែល​តម្លៃ​ប្រេង​ឆៅ WTI កើន ៥.៦៦ ដុល្លារ ប្រហែល ៥.២% ឡើងដល់ ១១៤.៩៣ ដុល្លារ/ធុង។

    តម្លៃ​មាស​ក៏​កើនឡើង

    មាស​ប្រគល់​ភ្លាម​នៅលើ​ផ្សារ​ហ៊ុន LBMA កើន ០.៨% ឡើងដល់ ១,៩៣៧.៥២ ដុល្លារ/អោន (១ អោន-ounce ស្មើនឹង ៨.៣ ជី) និង​មាស​កំណត់ពេល​ក្នុង​ខែមេសា ២០២២ លើ​ផ្សារ​ហ៊ុន New York កើន ០.៨% ឡើងដល់ ១,៩៣៧.៣ ដុល្លារ/អោន។

    ការប្រាក់​លើ​មូល​ប​ត្រ​បំណុល​នៃ​រតនាគារជាតិ​អាម៉េរិក ប្រភេទ ១០ ឆ្នាំ បាន​កើន​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត ៣ ឆ្នាំ​មកនេះ ប៉ុន្តែ បាន​ថយចុះ ២.៣៥៧% ធ្វើឱ្យ​ការចំណាយ​លើ​ឱកាស​កាន់កាប់​មាស​ដុំ​កើនឡើង។ ទន្ទឹមនឹងនេះ ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ ក៏បាន​ធ្វើឱ្យ​មាស​ឡើងថ្លៃ នៅពេល​ទិញ និង​ទូទាត់​ដោយ​រូបិយវត្ថុ​ដទៃ។

    ក្រៅពី​ប្រេង និង​មាស ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ២៣ មីនា លោហធាតុ​ផ្សេងទៀត​ក៏​ឡើងថ្លៃ ក្នុងនោះ តម្លៃ​នី​កែ​ល (nickel) នៅ​ផ្សារ​ហ៊ុន London កើន ១៥% (៣២,៣៨០ ដុល្លារ/តោន), ស័ង្កសី ឡើងថ្លៃ ៥.៨% (៤,១១២.៥ ដុល្លារ/តោន), អាលុយមីញ៉ូម ឡើងថ្លៃ ៤.៤% (៣,៦៦០ ដុល្លារ/តោន)។

  • រុស្ស៊ី បញ្ចេញ​វីដេអូ ស្ដីពី ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កម្ទេច

    រុស្ស៊ី បញ្ចេញ​វីដេអូ ស្ដីពី ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កម្ទេច

    រុស្ស៊ី បាន​បញ្ចេញ​វីដេអូ​មួយ ដែល​បង្ហាញ​អំពី​ការវាយប្រហារ​ទៅលើ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-៣០០ របស់ អ៊ុយ​ក្រែ​ន នៅ​ភាគ​ខាងជើង​រដ្ឋធានី​កៀវ ដោយ​ប្រើប្រាស់​អាវុធ​បាញ់​ចំ​គោលដៅ​បំផុត។

    «យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់ រុស្ស៊ី បាន​ប្រទះឃើញ​ប្រព័ន្ធ​មី​ស៊ី​ល S-៣០០ របស់ អ៊ុយ​ក្រែ​ន ដែល​ដាក់ពង្រាយ​នៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងជើង​រដ្ឋធានី​កៀវ។ ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​កម្ទេច​ទាំងស្រុង​ដោយ​អាវុធ​កំណត់​ទិស​ចំ​គោលដៅ» ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាស​កាលពី​ម្សិលមិញ​ដូច្នេះ ប៉ុន្តែ មិនបាន​និយាយ​ច្បាស់​ថា វីដេអូ​នេះ ត្រូវបាន​ថត​កាលពី​ថ្ងៃ​ណា។

    វីដេអូ​ដែល​ថត​ពី UAV របស់ រុស្ស៊ី បង្ហាញថា រថយន្តយោធា ១ គ្រឿង ដែល​ដឹក​គ្រាប់រំសេវ និង​ជា​ប្រព័ន្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស ចល័ត​ចូលទៅក្នុង​តំបន់​ខាងលើ មុនពេល​រថយន្ត ១ គ្រឿង​ទៀត ថយ​ចូលទៅក្នុង​ឃ្លាំង។ គោលដៅ​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​អាវុធ​អាថ៌កំបាំង​នេះ បាន​ឆាប់ឆេះ​ខ្ទេច​ទាំងស្រុង។

    ចំណែក​ភាគី​ខាង​កងទ័ព​អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​របស់ ក្រសួងការពារជាតិ​រុស្ស៊ី នៅឡើយ។

  • ទ័ពអាកាស​រុស្ស៊ី «ប្ដូរ​យុទ្ធសាស្ត្រ» សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ទ័ពអាកាស​រុស្ស៊ី «ប្ដូរ​យុទ្ធសាស្ត្រ» សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    សហគមន៍​អ្នកជំនាញ​ផ្នែក​យោធា និង​ក្រុមមន្ត្រី​អាម៉េរិក អះអាងថា ទ័ពអាកាស​របស់ រុស្ស៊ី បង្កើន​ការហោះហើរ​ច្រើនជាង​មុន ៥០% និង​បញ្ជូន UAV និង​អាវុធ​បន្ថែមទៀត ទៅកាន់ អ៊ុយ​ក្រែ​ន។

    Washington Post កាលពី​ថ្ងៃទី ២៣ មីនា ដកស្រង់​សម្ដី​របស់​មន្ត្រី​ការពារជាតិ​អាម៉េរិក រួម​នឹង​ក្រុម​អ្នកជំនាញ​ផ្នែក​យោធា វាយតម្លៃថា រុស្ស៊ី បង្កើន​សកម្មភាព​រប​ស់ទ័ព​អាកាស​នៅ អ៊ុយ​ក្រែ​ន ក្រោយពី​យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន អ៊ុយ​ក្រែ​ន បាញ់​ទម្លាក់ ក្នុងពេលដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស MANPADS (Man-portable air-defense systems -MPADS) រាប់ពាន់​ឈុត ទៅឱ្យ ទីក្រុង​កៀវ។

    មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ស្ថាប័ន​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មីនា ឱ្យដឹងថា ទ័ពអាកាស​របស់ រុស្ស៊ី បានធ្វើការ​ហោះហើរ​ប្រហែល ៣០០ លើក ក្នុងអំឡុង ២៤ ម៉ោង កើន ១០០ លើក ធៀប​នឹង​ការហោះហើរ​ប្រចាំ​ថ្ងៃមុន​នោះ។

    «ទ័ពអាកាស​រុស្ស៊ី ទំនងជា​បាន​កែសម្រួល​យុទ្ធសាស្ត្រ​នៃ​ការធ្វើសកម្មភាព» Michael Kofman ប្រធាន​ផ្នែក​ស្រាវជ្រាវ​អំពី រុស្ស៊ី ប្រចាំ​ស្ថាប័ន​ប្រឹក្សា CAN ដែលមាន​មូលដ្ឋាន​នៅ Virginia ថ្លែង​ដូច្នេះ។

    យោងតាម Kofman អ៊ុយ​ក្រែ​ន ហាក់​ប្រមូលផ្ដុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅតាម​តំបន់​សំខាន់​មួយចំនួន ដូចជា រដ្ឋធានី និង​ទីក្រុង​ធំ​ទី​ពីរ ខា​កូវ។ ប្រការនេះ នាំឱ្យ រុស្ស៊ី អាច​បើក​ការវាយប្រហារ​តាម​អាកាស​លើ​តំបន់​ជុំវិញ​ទីក្រុង ម៉ា​រី​ប៉ូឡ (Mariupol) នៅ​ភាគខាងត្បូង​ប្រទេស ជាទី​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា។

    ប្រព័ន្ធ MANPADS ដែល អ៊ុយ​ក្រែ​ន កំពុង​ប្រើប្រាស់ បាន​រារាំង​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​យោធា​របស់ រុស្ស៊ី ប៉ុន្តែ ទីក្រុង​មូ​ស្គូ ទំនងជា​បាន​ទប់​ទល់នឹង​បញ្ហា​នេះ​ដោយ​ការ​គេច​ចេញពី​រង្វង់​ប្រតិបត្តិការ​របស់​មី​ស៊ី​ល​ខាងលើ។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ ១ រូប​របស់ អាម៉េរិក និយាយថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី មិនដែល​បានចេញ​ផុតពី​ដែនអាកាស​របស់ រុស្ស៊ី ឬ បេឡា​រូស ដោយ​ពួកគេ ភាគច្រើន ធ្វើការ​វាយប្រហារ​ចូល ទឹកដី​អ៊ុយ​ក្រែ​ន ពី​ដែនអាកាស​ខាងក្រៅ។

    ប្រព័ន្ធ​អាវុធ​មួយចំនួន​របស់ រុស្ស៊ី ដើមឡើយ​មិន​បង្ហាញ​វត្តមាន​ក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ ពេលនេះ​វា​បានបង្ហាញ​ខ្លួន​កាន់តែ​ញឹកញាប់ ក្នុងនោះ​មាន​ទាំង​យន្តហោះ​ឈ្លប​ការណ៍​គ្មាន​មនុស្ស​បើក Orlan-១០ ផងដែរ។

    កាលពី​ថ្ងៃទី ១៩ មីនា រុស្ស៊ី ក៏បាន​ទទួលស្គាល់ថា បាន​ប្រើប្រាស់​កាំជ្រួច​ផ្លោង​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ជា​លើកដំបូង វាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយ​នៅ​តំបន់ Ivano-Frankivsk ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មួយថ្ងៃ​ក្រោយមក ទីក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា បាន​បន្ត​បើក​ការវាយប្រហារ​ដោយ Kinzal ទៅលើ​ឃ្លាំង​ដាក់​ប្រេង​នៅក្បែរ​ភូមិ Kostyantynivka ក្នុង​ខេត្ត Mykolaiv ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន។

    យ៉ាងនេះ​ក្ដី ក្រុមមន្ត្រី​ជំនាញ​ឱ្យដឹងថា មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​របស់ រុស្ស៊ី នឹង​មិនអាច​ប្ដូរផ្លាស់​ស្ថានភាព​ប្រយុទ្ធ​បាន​ច្រើន​នោះទេ ដោយសារ​ចំនួន​គ្រាប់​មី​ស៊ី​ល​ប្រភេទ​នេះ មាន​មិន​ច្រើន៕

  • អ៊ុយ​ក្រែ​ន ប្រកាសថា បាន​វាយ​រុញច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅក្បែរ រដ្ឋធានី​កៀវ

    អ៊ុយ​ក្រែ​ន ប្រកាសថា បាន​វាយ​រុញច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅក្បែរ រដ្ឋធានី​កៀវ

    អភិបាលរដ្ឋ​ធានី​កៀវ និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយបក រុញច្រាន​កងទ័ព​រប​ស់ រុស្ស៊ី ចេញពី​តំបន់​ជាច្រើន​របស់​រដ្ឋធានី ខណៈដែល​ទីក្រុង Mariupol បន្ត​រង​ការឡោមព័ទ្ធ​ពី កម្លាំង​រុស្ស៊ី។

    អភិបាលរដ្ឋ​ធានី​កៀវ Vitali Klitschko កាលពី​ថ្ងៃទី ២៣ មីនា បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​កំពុង​កើតឡើង​នៅ​តំបន់​នានា​នៅ​ជាយក្រុង និង​នៅ​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។ «ទីក្រុង Makariv និង​ស្ទើរតែ​ទាំងមូល​នៃ​ទីក្រុង Irpin កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់ កងទ័ព​អ៊ុយ​ក្រែ​ន» លោក​អភិបាល​រដ្ឋធានី​បញ្ជាក់។

    ទីក្រុង Irpin មាន​ព្រំប្រទល់​ជាប់​នឹង​ភាគ​ខាងកើត​របស់ កៀវ ចំណែក Makariv មាន​ចម្ងាយ​ពី​រដ្ឋធានី​ប្រហែល ៥០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។ ការប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ក៏​កើតឡើង​នៅ​ទីក្រុង Irpin និង​ទីក្រុង Lyutizh នៅ​ភាគ​ខាងជើង​រដ្ឋធានី​កៀវ។

    សារព័ត៌មាន​អ៊ុយ​ក្រែ​ន បាន​ផ្សាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន ទំនងជា​កំពុង​ឡោមព័ទ្ធ​កម្លាំង​របស់ រុស្ស៊ី នៅ​ទីក្រុង Irpin ក៏ដូចជា​តំបន់ Bucha និង Hostomel ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ជាយ​រដ្ឋធានី។

    រុស្ស៊ី នៅ​មិនទាន់​ដណ្ដើមបាន​ទីក្រុង​យុទ្ធសាស្ត្រ​ណាមួយ​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការចូល​ឈ្លានពាន​ជិត ១ ខែ​មកនេះ និង​មិនទាន់​មានការ​វាយ​សម្រុក​គួរឱ្យ​ចាប់អារម្មណ៍​ណាមួយ​ក្នុងអំឡុង ១ សប្ដាហ៍​កន្លង។

    កងទ័ព​អ៊ុយ​ក្រែ​ន អះអាងថា កងកម្លាំង​រុស្ស៊ី នៅសល់​ស្បៀង ប្រេង និង​គ្រាប់រំសេវ​ដែល​អាច​ប្រើប្រាស់​បានតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ។