Author: សឿន សំណាង

  • សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៤៤៖ ចំណត​រថភ្លើង​ត្រូវ​គ្រាប់​រ៉ុក្កែត ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវស្លាប់

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៤៤៖ ចំណត​រថភ្លើង​ត្រូវ​គ្រាប់​រ៉ុក្កែត ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវស្លាប់

    អាជ្ញាធរ​អ៊ុយ​ក្រែ​ន ប្រកាសថា ចំណត​រថភ្លើង Kramatorsk បាន​រង​គ្រាប់​រ៉ុក្កែត បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ៥០ នាក់ ប៉ុន្តែ រុស្ស៊ី ប្រកាសថា មិនមែនជា​អំពើ​របស់ខ្លួន។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ៨ មេសា បាន​ចោទថា កងកម្លាំង​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ផ្លោង Tochka-U ចំនួន ២ គ្រាប់ សំដៅលើ​ចំណត​រថភ្លើង Kramatorsk នៅ​ទីក្រុង Kramatorsk របស់​ខេត្ត Donetsk ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

    ក្រុមមន្ត្រី​ក្នុង​តំបន់​ខាងលើ​ឱ្យដឹងថា មនុស្ស ៥០ នាក់​បាន​ស្លាប់ និង​អ្នករងរបួស​ច្រើន​រហូតដល់​ថ្នាក់​ធ្វើឱ្យ​បណ្ដា​មន្ទីរពេទ្យ​ក្នុង​តំបន់ អស់​គ្រែ​ទំនេរ បន្ទាប់ពី​រង​ការវាយប្រហារ​ពី​កាំជ្រួច​ផ្លោង​នោះ។

    ក៏ប៉ុន្តែ វិមាន​ក្រឹម​ឡាំង បាន​ច្រានចោល​ការចោទប្រកាន់​ពី អ៊ុយ​ក្រែ​ន ដោយ​ថា កងទ័ព​រុស្ស៊ី ពុំមាន​ផែនការ​ធ្វើសង្គ្រាម​​ណា​មួយ​​នៅ ​Kramatorsk ក្នុង​ថ្ងៃទី ៨ មេសា។ ចំណែក​ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​ប្រកាស​ដូចគ្នានេះដែរ។

    ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ឱ្យដឹងថា មនុស្ស​ជាង ៤.៨៣ លាន​នាក់ បាន​ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​សង្គ្រាម​ផ្ទុះឡើង។ មនុស្ស​ជាច្រើន​បាន​ចូលទៅ​កាន់​ទឹកដី​ប្រទេស​ក្បែរ​ខាង មុននឹង​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ អឺរ៉ុប។

    ក្នុងចំណោម​ជនភៀសខ្លួន​ខាងលើ មាន​ជិត ២.៥៤ លាន​នាក់ បាន​ទៅកាន់ ប្រទេស​ប៉ូឡូញ, ជាង ៦៧១ ពាន់​នាក់​ទៅកាន់ រូ​ម៉ា​នី, ជាង ៤០០ ពាន់​នាក់ ទៅកាន់ ហុង​គ្រី និង​ជាង ៤០០ ពាន់​នាក់ ទៅកាន់ ម៉ុ​ល​ដាវី។ ក្រៅពីនេះ ក៏មាន​ជាង ៣៧៣ ពាន់​នាក់ បាន​ទៅកាន់ ប្រទេស​រុស្ស៊ី។

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​កុំឱ្យ​មានការ​បញ្ចេញ​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុងអំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

    រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​កុំឱ្យ​មានការ​បញ្ចេញ​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុងអំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

    នា​ល្ងាច​ថ្ងៃទី ០៨ មេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការផ្ដល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ២០២២»។

    រដ្ឋបាល​រាជធានី​បានឱ្យដឹងថា ការប្រមូល​សំរាម​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​ប្រព្រឹត្តទៅ​មិនបាន​ពេញលេញ​នោះទេ ដោយសារ​កម្មករ កម្មការិនី ដែលជា​បុគ្គលិក​របស់​បណ្ដា​ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ។

    រដ្ឋបាល​រាជធានី ក៏​ស្នើសុំ​កុំឱ្យ​មានការ​បញ្ចេញ​សំរាម​នៅតាម​បណ្ដោយ​ដងផ្លូវ​សាធារណៈ​ក្នុងអំឡុង ៣ ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ២០២២។

     

  • កូរ៉េខាងជើង ​រុះរើ​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង​កូរ៉េ​ទាំងពីរ

    កូរ៉េខាងជើង ​រុះរើ​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង​កូរ៉េ​ទាំងពីរ

    កូរ៉េខាងជើង បាន​រុះរើ​សណ្ឋាគារ​មួយ​ដែល​សាងសង់​ដោយ កូរ៉េខាងត្បូង នៅក្នុង​តំបន់​លម្ហែកាយ​នៃ​ភ្នំ​ពេជ្រ (Geumgansan) ជា​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង។

    កូរ៉េខាងត្បូង បាន​សាងសង់​ជំរំ​ផ្ទះ​ស្នាក់នៅ​ចំនួន​រាប់សិប ក្នុង​តំបន់​លម្ហែកាយ ភ្នំ​ពេជ្រ នៅក្នុង​ខេត្ត Kimgang នៃ ប្រទេស​កូរ៉េខាងជើង ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ពី កូរ៉េខាងត្បូង ក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ​នេះ ឈានដល់​ចំណុចកំពូល​នៃ​ការផ្សះផ្សា​ទំនាក់ទំនង​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩១។

    ក៏ប៉ុន្តែ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កាលពី​ឆ្នាំ ២០១៩ បាន​បញ្ជា​ឱ្យ​រុះរើ​សំណង់​ទាំងនេះ ដោយ​យល់ថា សំណង់​របស់ កូរ៉េខាងត្បូង «មិន​ស្អាត»។ ការរុះរើ​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ ក្រោយមក​ក៏ត្រូវ​បាន​ពន្យារពេល​ដោយសារ​កូ​វីដ-១៩។

    ក្រសួង​បង្រួម​បង្រួម​កូរ៉េខាងត្បូង នា​ថ្ងៃនេះ បានឱ្យដឹងថា កូរ៉េខាងជើង ចាប់ផ្ដើម​រុះរើ​សណ្ឋាគារ Haegumgang។ នេះ​គឺជា​សណ្ឋាគារ​អណ្ដែត​លើទឹក ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​លម្ហែកាយ និង​ជា​សំណង់​ធំ​មួយ​ក្នុងចំណោម​សំណង់​សម្រាប់​ទេសចរណ៍ ដែល​ត្រូវបាន កូរ៉េខាងត្បូង ផ្ដល់ប្រាក់​ឱ្យ​សាងសង់​ក្នុង​បំណង​ទទួលភ្ញៀវ​ដែល​ចង់​មក​ទស្សនា ភ្នំ​ពេជ្រ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ១៩៩៨។

    យោងតាម​អ្នកនាំពាក្យ​របស់ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក Cha Deok-cheol បច្ចុប្បន្ន​មិនដឹង​ច្បាស់​ថា កូរ៉េខាងជើង រុះរើ​សំណង់​នៅក្នុង​ទីតាំង​ទេសចរណ៍​ផ្សេងទៀត​ដែល​ស្ថិតក្នុង​តំបន់​លម្ហែកាយ​ភ្នំ​ពេជ្រ ដែរ ឬ​យ៉ាងណា​នៅឡើយ។ លោក​ថា កូរ៉េខាងត្បូង មានការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់ ទីក្រុង​ព្យុងយ៉ាង ហើយ​ស្នើឱ្យ កូរ៉េខាងជើង បើក​ការចរចា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​បណ្ដា​សំណង់​របស់ កូរ៉េខាងត្បូង នៅ ភ្នំ​ពេជ្រ នោះ៕

  • អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​វី​ធី​​ថ្មី ​ជួយ​​ឱ្យ​​ស្បែក​​មនុស្ស​ ក្មេង​​ជាង​​វ័យ​​រហូត​ដល់ ​៣០ ​ឆ្នាំ

    អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​វី​ធី​​ថ្មី ​ជួយ​​ឱ្យ​​ស្បែក​​មនុស្ស​ ក្មេង​​ជាង​​វ័យ​​រហូត​ដល់ ​៣០ ​ឆ្នាំ

    ក្រុម​អ្នកស្រាវជ្រាវ​របស់ អង់គ្លេស អភិវឌ្ឍ​បច្ចេកទេស​ថ្មី ជួយ​ឱ្យ​កោសិកា​ចាស់​ធ្វើការ​ដូច​ទៅនឹង​កោសិកា​ក្មេងខ្ចី និង​បំបាត់ចោល​នូវ​ការប្រែប្រួល​ដែល​ទាក់ទង​នឹង​វ័យ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Babraham នៃ​សាកលវិទ្យាល័យ Cambridge (ចក្រភព​អង់គ្លេស) អភិវឌ្ឍ​វិធីសាស្ត្រ​ស្ដារ​កោសិកា​ស្បែក​ឡើងវិញ ដើម្បីឱ្យ​វា​ដំណើរការ​ដូច​ទៅនឹង​កោសិកា​ស្បែក​របស់​មនុ​ស្សវ័យ​នៅ​ក្មេង នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ០៧ មេសា។ វិធីសាស្ត្រ​នេះ​អាចជួយ​ឱ្យ​វ័យ​របស់​មនុស្ស «ត្រលប់​ថយក្រោយ» បាន​រហូតដល់ ៣០ ឆ្នាំ។ ការស្រាវជ្រាវ​ថ្មី​នេះ​អាច​នាំទៅរក​ការអភិវឌ្ឍ​បច្ចេកទេស​នានា​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ចាស់ជរា តាមរយៈ​ការស្ដារ​មុខងារ​របស់​កោសិកា​ចាស់ និង​ពន្យារ​អាយុកាល​ផ្នែក​ជីវសាស្ត្រ​របស់​ពួកវា។

    ក្រុម​អ្នកវិទ្យាសាស្ត្រ មុន​នោះ​ក៏​ធ្លាប់​ធ្វើបាន​ដូចខាងលើ ប៉ុន្តែ វិធីសាស្ត្រ​ថ្មី​នេះ​ជួយ​កាត់បន្ថយ​ពេលវេលា​ដែល​ប្រើប្រាស់​ក្នុងការ​ស្ដារ​កោសិកា​ពី ៥០ ថ្ងៃ មក​នៅត្រឹម ១៣ ថ្ងៃ ព្រមទាំង​អាចធ្វើឱ្យ​កោសិកា​ចាស់ ប្រែជា​ក្មេង​ជាង​វិធី​មុន​ទៀតផង។

    វិធីសាស្ត្រ​ថ្មី​នេះ​គឺ​យោងទៅលើ​បច្ចេកទេស​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជំនាន់​មុន​ប្រើប្រាស់​ដើម្បី​បង្កើត​កោសិកា​ដើម (stem cells) ហើយធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល។ បច្ចេកទេស​នេះ​ត្រូវបានធ្វើ​ត្រាប់​តាម​ដំណើរការ​នៃ​កោសិកា​ចាស់​របស់​ឪពុកម្ដាយ ដែល​ត្រូវបាន​ប្ដូរ​ទៅជា​ជាលិកា​ក្មេងខ្ចី​របស់​ទារក​ទើប​កើត។

    របកគំហើញ​ថ្មី​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​បង្ហាញថា កោសិកា​ចាស់​ដែល​ត្រូវបានធ្វើ​ឱ្យទៅជា​ក្មេង ជួយ​ព្យាបាល​របួសស្នាម​ឱ្យ​ជាសះស្បើយ​ឆាប់រហ័ស​ជាង​ឆ្ងាយ បើ​ធៀប​នឹង​កោសិកា​ដែល​មិនបាន​ឆ្លងកាត់​វិធីសាស្ត្រ​ខាងលើ៕

  • រូបសំណាក “ព្រះថោង​នាងនាគ” ដែល​កំពុង​ត្រូវបាន​ផ្គុំ​លើក​ឡើងលើ​បល្ល័ង្ក នឹងត្រូវ​សម្ពោធ​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ

    រូបសំណាក “ព្រះថោង​នាងនាគ” ដែល​កំពុង​ត្រូវបាន​ផ្គុំ​លើក​ឡើងលើ​បល្ល័ង្ក នឹងត្រូវ​សម្ពោធ​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ

    នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ៨ ខែមេសា ឆ្នាំ ២០២២ ក្រុមមន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​អភិសេក​រូបសំណាក “ព្រះថោង​នាងនាគ”។

    ក្នុង​ដំណើរ​ពិនិត្យ​នេះ រួមមាន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ។

    រូបសំណាក​ដែល​ស្ថិតនៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នឹង​ត្រូវបាន​អភិសេក នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

    យោងតាម​ផែនការ រូបសំណាក​នេះ នឹងត្រូវ​បានរៀបចំ​ផ្គុំ​ដាក់​លើ​បល្ល័ង្ក​រួចរាល់​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ពោលគឺ​មុន​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក

    ថ្ងៃនេះ ក្រុមហ៊ុន VinFast Tranding & Investment Pte.Ltd. ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ សិង្ហ​បុរី របស់ Vingroup ប្រកាសថា បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង (IPO) តាម​គំរូ F-១ ទៅកាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC)។

    ទំហំ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​សាធារណៈ​ដំបូង និង​តម្លៃ​របស់​ភាគហ៊ុន របស់ VinFast មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ។ ការធ្វើ IPO របស់ VinFast នឹង​កើតមានឡើង​បន្ទាប់ពី SEC បញ្ចប់​ដំណាក់កាល​ត្រួតពិនិត្យ​លើ​សំណើ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​អាស្រ័យ​លើ​ទីផ្សារ និង​លក្ខន្តិកផ្សេង។

    Vingroup បាន​ផ្ទេរ​ទុន ៥១.៥២% របស់ VinFast វៀតណាម ឱ្យ VinFast សិង្ហ​បុរី កាលពីដើម​ខែធ្នូ ២០២។ ក្រោយពី​បានធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ ក្រុមហ៊ុន Vingroup និង​បណ្ដា​ភាគ​ហ៊ុ​និករ​បស់ VinFast វៀតណាម នឹង​កាន់កាប់​ភាគហ៊ុន ១០០% របស់ VinFast សិង្ហ​បុរី ដោយផ្ទាល់ និង​កាន់កាប់​ដោយ​ប្រយោល​ចំពោះ​ភាគហ៊ុន ៩៩.៩% របស់ VinFast វៀតណាម។

    រថយន្តអគ្គិសនី VinFast របស់​ក្រុម​ហ៊ុន​វៀតណាម VinGroup

    ការធ្វើ​បច្ចុប្បន្នភាព​នៃ​រចនាសម្ព័ន្ធ​ខាងលើនេះ​គឺ​ស្ថិតក្នុង​ដំណើរការ​នៃ​ការត្រៀមខ្លួន​សម្រាប់ VinFast ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក ដែលជា​គ្រឹះ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ក្លាយជា​យីហោ​សកល​របស់ VinGroup។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ៣០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០៧ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ៣០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០៧ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ០៧ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ២៨ នាក់​ ដែល​សុទ្ធ​តែ​ជា​ករណីឆ្លង​ក្នុង​សហគមន៍ និង​ជា​ករណី​អូមីក្រុង​។

  • Samsung កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន​មិន​ធ្លាប់មាន៖ ទាំង​ស្មា​ត​ហ្វូ​ន ទាំង​ឈី​ប​ចងចាំ សុទ្ធតែ​រកបាន​ចំណូល​ខ្ពស់

    Samsung កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន​មិន​ធ្លាប់មាន៖ ទាំង​ស្មា​ត​ហ្វូ​ន ទាំង​ឈី​ប​ចងចាំ សុទ្ធតែ​រកបាន​ចំណូល​ខ្ពស់

    ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Samsung នៅក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ ២០២២ នេះ បាន​កើន ៥០%។

    ទស្សនាវដ្ដី Forbes របស់ អាម៉េរិក ឱ្យដឹងថា Samsung Electronics ទើបបាន​ប្រកាស​អំពី​ប្រាក់ចំណេញ​បឋម​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២។ លទ្ធផល​បង្ហាញថា ប្រាក់ចំណេញ​បាន​កើនឡើង​លើសពី​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ដោយសារ​តម្រូវការ​លើ​ទូរស័ព្ទ​ថ្មី និង​ឈី​ប​អង្គ​ចងចាំ​របស់​ក្រុមហ៊ុន។

    ជាក់ស្ដែង ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ (operating profit) របស់ Samsung កើន ៥០% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងអំឡុង ៣ ខែ ដែល​បញ្ចប់​នៅក្នុង​ខែមីនា ២០២២។ ប្រាក់ចំណូល​សរុប​ក្នុង​ត្រីមាស​ដំបូង​នេះ ក៏បាន​កើន ១៨% ឡើងដល់​ជាង ៦២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Samsung នឹង​បញ្ចេញ​ព័ត៌មាន​ស្ដីពី​ប្រាក់ចំណេញ​សុទ្ធ និង​សេចក្ដីលម្អិត​នៃ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​របស់​ផ្នែកនីមួយៗ នៅពេល​ពួកគេ​បញ្ចេញ​របាយការណ៍​សរុប​នៅ​ថ្ងៃទី ២៨ មេសា​ខាងមុខ។

    Samsung Galaxy S២២

    ក្នុង​ផ្នែក​បច្ចេកវិទ្យា​ចល័ត ប្រាក់ចំណូល​បឋម​រប​ស់ Galaxy S២២ មាន​កម្រិត​ខ្ពស់ ដោយ​លក់​ចេញ​បាន​ជាង ១ លាន​គ្រឿង​នៅ កូរ៉េខាងត្បូង ក្នុង​សប្ដាហ៍​នេះ។ Galaxy S២២ ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​ចាប់តាំងពី​ខែកុម្ភៈ ត្រូវបាន​លក់​ចេញ​លឿន​ជាង ២០% ធៀប​នឹង S២។ នៅ សហរដ្ឋ​អាម៉េរិក S២២ ត្រូវបាន​លក់​ចេញ​លឿន​ជាង ៦០% ធៀប​នឹង S២១ ក្នុងអំឡុង ៣ សប្ដាហ៍​ដំបូង។

     

  • សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ជា​លើកដំបូង​ ប្រឆាំង​​វិស័យ​ថាមពល​របស់ ប្រទេស​រុស្ស៊ី

    សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ជា​លើកដំបូង​ ប្រឆាំង​​វិស័យ​ថាមពល​របស់ ប្រទេស​រុស្ស៊ី

    សហភាព​អឺរ៉ុប (EU) ប្រកាសថា បានអនុម័ត​លើ​បទបញ្ជា​ហាម​នាំចូល​ធ្យូងថ្ម​ពី ប្រទេស​រុស្ស៊ី ហើយ​ថា ការសម្រេច​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ខែសីហា ២០២២។

    «កញ្ចប់​ទណ្ឌកម្ម​ត្រូវបាន​គណៈកម្មការ​អចិន្ត្រៃយ៍​តំណាង​ប្រទេស​នានា​របស់ EU អនុម័ត​រួចហើយ» បារាំង ដែលជា​ប្រទេស​កំពុងកាន់​តំណាង​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃទី ០៧ មេសា។

    នេះ​គឺជា​ការដាក់ទណ្ឌកម្ម​លើក​ទី ៥ របស់ EU ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ សហភាព​អឺរ៉ុប ក៏បាន​ហាម​ការនាំចេញ​ទំនិញ​តម្លៃ ១០.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅកាន់ រុស្ស៊ី ក្នុងនោះ មាន​ទាំង​ទំនិញ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​មួយចំនួន​របស់ រុស្ស៊ី។

    ក្រៅពី​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី EU ក៏បាន​គាំទ្រ​សំណើ​ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែម ដែលមាន​តម្លៃ ៥៤៣ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​សរុប​ឡើងដល់ ១.៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ដែល EU ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី។ បណ្ដា​ប្រទេស​នៅក្នុង សហភាព​អឺរ៉ុប នាំចូល​ធ្យូងថ្ម​ពី រុស្ស៊ី ក្នុងតម្លៃ ៤.៣៥ ពាន់​លាន​ដុល្លារ/ឆ្នាំ។ បទបញ្ជា​នៃ​ការដាក់ទណ្ឌកម្ម​ខាងលើ​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ដើមខែ​សីហា​ខាងមុខ។

  • អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ​ប្រេង ១២០ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ​ប្រេង ១២០ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    IEA បញ្ជាក់ថា ប្រេង​ចំនួន ១២០ លាន​ធុង ត្រូវបាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ក្នុងនោះ សហរដ្ឋ​អាម៉េរិក ចូលរួម​ចំនួន​ពាក់កណ្ដាល ខណៈ ជប៉ុន ឈរ​លេខ ២ ដោយ​បញ្ចេញ ១៥ លាន​ធុង។

    អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) កាលពី​ថ្ងៃទី ០៧ មេសា បានឱ្យដឹងថា បរិមាណ​ប្រេង​ខាងលើនេះ​នឹងត្រូវ​បាន​បណ្ដា​ប្រទេស​ជា​សមាជិក បញ្ចេញ​ទៅក្នុង​ទីផ្សារ ក្នុង​រង្វង់ ០៦ ខែ​ខាងមុខ ដើម្បី​ដោះស្រាយ​ស្ថាន​ភាពខ្វះ​ថាមពល​នៅ​ទូទាំង​សកលលោក ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន។

    «សមាជិក​ទាំងឡាយ​រប​ស់ IEA កំពុងធ្វើការ​បញ្ចេញ​ប្រេង​ចំនួន ១២០ លាន​ធុង​ពី​ឃ្លាំង​រួម ក្នុងនោះ អាម៉េរិក រួមចំណែក ៦០ លាន​ធុង» Fatih Birol ប្រធាន IEA សរសេរ​នៅលើ Twitter ដូច្នេះ និង​បន្ថែមថា «ព័ត៌មាន​លម្អិត​ស្ដីពី​បរិ​មាណនៃ​ការរួមចំណែក​របស់​ស​មា​ជិ​ក​នានា នឹងត្រូវ​បានប្រកាស​នា​ពេល​ដ៏​ខ្លី​ខាងមុខ»។

    នេះ​គឺជា​ការបញ្ចេញ​ប្រេង​លើក​ទី ៥ ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA រាប់​ចាប់ពី​ឆ្នាំ ១៩៩១។ បរិមាណ​ប្រេង​សរុប​ដែលមាន​នៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA ដែលមាន​សមាជិក​ចំនួន ៣១ ប្រទេស គឺ ១.៥ ពាន់​លាន​ធុង។