Author: សឿន សំណាង

  • ហ្វាំ​ង​ឡង់ និង ស៊ុយអែត រៀប​ចំ​គម្រោង​​ដាក់​ពាក្យ​​សុំ​ចូល​​ជា​​សមាជិក​ ណា​តូ

    ហ្វាំ​ង​ឡង់ និង ស៊ុយអែត រៀប​ចំ​គម្រោង​​ដាក់​ពាក្យ​​សុំ​ចូល​​ជា​​សមាជិក​ ណា​តូ

    យោងតាម​ព័ត៌មាន​ពី ព្រុ​ច​សែ​ល ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត អាច​នឹងដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (ណា​តូ/NATO) នៅក្នុង​ខែឧសភា​ខាងមុខ។

    សារព័ត៌មាន Iltalenhti របស់ ហ្វាំ​ង​ឡង់ ឱ្យដឹងថា ក្រុម​មេដឹកនាំ​របស់ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត គ្រោង​នឹង​ជួបគ្នា​នៅ​ថ្ងៃទី ១៦ ឧសភា ហើយ​ក្រោយមក​ប្រទេស​ទាំង ២ នេះ នឹង​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​ចូល​ជា សមាជិក​ណា​តូ។ រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ Pekka Haavisto បដិសេធ​ការអធិប្បាយ​អំពី​ព័ត៌មាន​នេះ ប៉ុន្តែ ប្រាប់ថា លោក​ចង់ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត មាន​ជ្រើសរើស​ដូចគ្នានេះ។

    ចំណែក​សារព័ត៌មាន Aftonbladet របស់ ស៊ុយអែត ដកស្រង់​ដំណឹង​ពី​ប្រភពព័ត៌មាន​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ស៊ុយអែត ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក និង អង់គ្លេស បាន​សន្យា​ជាមួយ ស៊ុយអែត ថា នឹងមាន​ការបង្កើន​វ​ត្ត​មាន​យោធា ការធ្វើ​សមយុទ្ធ និង​ការគាំទ្រ​ផ្នែក​នយោបាយ «ខ្លាំងក្លា» ពី​បណ្ដា​ប្រទេស​របស់ ណា​តូ ក្នុងករណី​លទ្ធភាព​នៃ​ការបញ្ចូល ស៊ុយអែត ជា​សមាជិក ប្រព្រឹត្ត​ទៅដោយ​ភាពរ​លួ​ន។ ក៏ប៉ុន្តែ ក្រសួងការបរទេស​ស៊ុយអែត ក៏បាន​បដិសេធ​ការអធិប្បាយ​អំពី​ព័ត៌មាន​ខាងលើ។

    កាលពី ២ សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ Sanna Marin នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​ស៊ុយអែត បានឱ្យដឹងថា ហ្វាំ​ង​ឡង់ នឹងធ្វើ​ការសម្រេចចិត្ត​អំពី​ការដាក់​ពាក្យ​សុំចូល​ជា​សមាជិក ណា​តូ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ បច្ចុប្បន្ន ពួកគេ​កំពុង​ពិចារណា​លើ​ប្រការនេះ ហើយ​ការសម្រេច​ចុងក្រោយ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​ខែឧសភា។

    ផែនទី​នៃ​ប្រទេស​ស៊ុយអែត និង​ ហ្វាំងឡង់
    ផែនទី របស់ ណាតូ
  • រដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​កន្លែង​សាធារណៈ ខណៈ​តួលេខ​កូវីដ-១៩ ធ្លាក់​ចុះ​ទាប​ខ្លាំង

    រដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​កន្លែង​សាធារណៈ ខណៈ​តួលេខ​កូវីដ-១៩ ធ្លាក់​ចុះ​ទាប​ខ្លាំង

    ក្រោយ​ករណី​ឆ្លង​កូ​វីដ-១៩ បាន​ធូរស្បើយ រដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ ដែល​ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឆាំង​កូ​វីដ-១៩ និង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​ល្ងាច​ថ្ងៃទី ២៥ មេសា ២០២២។

    សារ​សំឡេង នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទូទាំងប្រទេស ចំពោះ​ទីកន្លែង​សាធារណៈ និង​កន្លែង​ចំហ​នានា ក្រៅតែពី​កន្លែង​បិទ​ជិត ដោយ​ទុកឱ្យ​ប្រជាជន​ទាំងអស់​សម្រេចចិត្ត​ដោយ​ខ្លួនឯង ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់»។

    ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន និង​កន្លែង​ដែលមាន​ករណី​សង្ស័យថា​មាន​កូ​វីដ-១។ សម្ដេច ក៏​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ ព្រោះ​នៅមាន​មនុស្ស​រាប់លាន​នាក់​មិនទាន់បាន​ចាក់​ដូ​ស​ទី ៣ នេះ។ ក្នុងករណី​សង្ស័យថា​អាច​ឆ្លង​កូ​វីដ-១៩ ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើតេស្ត​រហ័ស​ដើម្បី​ជៀសវាង​កើត​ជំងឺ​ធ្ងន់ធ្ងរ។

    ចំពោះ​ដូ​ស​ជំរុញ​ទី ៥ សម្តេច​តេ​ជោ ថ្លែងថា នាពេលខាងមុខ​នឹងមាន​ការពិនិត្យ​លទ្ធភាព​ដើម្បី​ចាក់​ជូន​ក្រុមមន្ត្រី​ជួរមុខ និង​អ្នក​អាទិភាព​ផ្សេងទៀត។

    ទាក់​ទង​នឹង​តួលេខ​វិជ្ជមាន​នឹង​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​​ថ្ងៃទី​ ២៤ មេសា មានអ្នក​វិជ្ជមាន​សរុប​​ជាង​ ១៣១,០០០​ នាក់​ ក្នុង​នោះ​មាន​ ៣,០៥៦​ នាក់បាន​ស្លាប់។ ក្នុង​​អំឡុង​ ២៤ ម៉ោង​​នៃ​ថ្ងៃទី ២៤ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ត្រឹម​តែ​ ១២ នាក់​ប៉ុណ្ណោះ​​។

    ចំណែក​អត្រា​នៃ​ការចាក់វ៉ាក់សាំងនៅ កម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ រួម​មាន៖

    – អាយុ ១៨ ឆ្នាំ ឡើងទៅ = ១០២.៨៦%
    – អាយុ ១២-១៧ ឆ្នាំ = ១០០.២៧%
    – អាយុ ០៦-១១ ឆ្នាំ = ១០៨.១៧%
    – អាយុ ០៥ ឆ្នាំ = ១២៦.៧៥%

  • សហរដ្ឋ​អាម៉េរិក លក់​អាវុធ​បន្ទាន់ តម្លៃ ១៦៥ លាន​ដុល្លារ ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក លក់​អាវុធ​បន្ទាន់ តម្លៃ ១៦៥ លាន​ដុល្លារ ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានប្រកាស​ស្ថានការណ៍​បន្ទាន់​ជា​លើកដំបូង​នៅក្នុង​សម័យ ចូ បៃ​ដិ​ន ដើម្បី​អនុម័ត​លក់​គ្រាប់កាំភ្លើង​ធំ​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិន​ឆ្លងកាត់​ការពិនិត្យ​របស់​សភា។

    អង្គភាព​សហការ​សន្តិ​សុខ​ការពារជាតិ (DSCA) របស់ មន្ទីរ​បញ្ច​កោណ កាលពី​ម្សិលមិញ​បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានអនុម័ត​កិច្ចព្រមព្រៀង​ដែលមាន​សក្ដានុពល ដើម្បី​លក់ «គ្រាប់កាំភ្លើង​ប្រភេទ​មិន​ស្ដង់ដា (ឬ Non-Standard Ammunition គឺជា​ពាក្យ​សម្រាប់​ហៅ​គ្រាប់កាំភ្លើង​ដែល​ផលិត​ទៅតាម​ស្ដង់ដារ​របស់ សូ​វៀត និង​មិន​គោរព​តាម​ស្ដង់ដារ​របស់ ណា​តូ) ឱ្យ អ៊ុយ​ក្រែ​ន ក្នុងតម្លៃ ១៦៥ លាន​ដុល្លារ​អាម៉េរិក។

    អង្គភាព​នេះ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​សភា​អាម៉េរិក មុន​នោះ​មួយថ្ងៃ ទៅតាម​ការកំណត់​ឡើយ។ ក៏ប៉ុន្តែ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​ព​ន្លឿ​ន​នីតិវិធី​លក់​អាវុធ ដោយ​មិនចាំបាច់​រង់ចាំ​សភា​ពិនិត្យ​ក្នុង​រយៈពេល ៣០ ថ្ងៃ ដូច​ទៅនឹង​កិច្ចព្រមព្រៀង​ធម្មតា។

    នេះ​គឺជា​លើកទីមួយ​ហើយ​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ប្រើប្រាស់​មធ្យោបាយ​ប្រកាស​ស្ថានការណ៍​បន្ទាន់​ដើម្បី​លក់​អាវុធ រាប់​ចាប់តាំងពី​លោក ចូ បៃ​ដិ​ន បាន​ឡើងកាន់​អំណាច។

  • រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ព្រមាន​អំពី​ហានិភ័យ «ផ្ទុះ​សង្គ្រាមលោកលើកទីបី»

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ព្រមាន​អំពី​ហានិភ័យ «ផ្ទុះ​សង្គ្រាមលោកលើកទីបី»

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Lavrov យល់ថា ហានិភ័យ​កើន​មាន​សង្គ្រាមលោកលើកទីបី ជាមួយនឹង​អាវុធ​ប្រល័យ​លោក​គឺ​ពិតជា​ខ្ពស់ ហើយ​ទីក្រុង​មូ​ស្គូ កំពុង​ស្វែងរក​វិធី​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ។

    «ហានិភ័យ​ផ្ទុះ​សង្គ្រាមលោកលើកទីបី និង​សង្គ្រាម​នុយ​ក្លេ​អែរ គឺជា​ការជាក់ស្ដែង និង​ធ្ងន់ធ្ងរ​បំផុត មិនអាច​មើលស្រាល​បានឡើយ។ ខ្ញុំ​មិន​ចង់ឱ្យ​ហានិភ័យ​នេះ​កើនឡើង​ខ្ពស់ មនុស្ស​ជាច្រើន​ចង់ឱ្យ​វា​កើតឡើង» រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រុស្ស៊ី កាលពី​ម្សិលមិញ។

    ការ​ថ្លែង​របស់លោក Lavrov ត្រូវបាន​លើកឡើង​នៅពេល​ត្រូវគេ​សួរ​អំពី​សារសំខាន់​នៃ​ការទប់ស្កាត់​សង្គ្រាមលោកលើកទីបី ក៏ដូចជា​ថា តើ​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន អាច​ដូច​ទៅនឹង វិបត្តិ​មី​ស៊ី​ល​គុយបា កាលពី​ឆ្នាំ ១៩៦២ ឬ​អត់។ លោក Lavrov ប្រាប់ថា «ធ្លាប់មាន​ខ្សែ​ទំនាក់ទំនង​ដែល​ទទួលបាន​ការជឿជាក់​ពី​ក្រុម​មេដឹកនាំ» រវាង សូ​វៀត និង អាម៉េរិក នៅក្នុង វិបត្តិ​មី​ស៊ី​ល​គុយបា ប៉ុន្តែ បច្ចុប្បន្ន​មិនមាន​ទេ។

    រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov

    លោក​​បាន​បន្ថែមថា «កាលណោះ​មានការ​កំណត់​ច្បាស់លាស់​សមល្មម ហើយ ម៉ូស្គូ និង វ៉ា​ស៊ី​ង​តោន សុទ្ធតែ​យល់​អំពី​សកម្មភាព​របស់​គូភាគី។ ពេលនេះ​នៅសល់តែ​ការកំណត់​មួយចំនួន ដូចជា កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (New START) ចំណែក​យន្តការ​គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​សាយភាយ​អាវុធ សុទ្ធតែ​ត្រូវបាន​បំផ្លាញចោល​អស់ហើយ»។

    លោក Lavrov ចោទថា ណា​តូ កំពុង​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង រុស្ស៊ី តាមរយៈ​កម្លាំង​ជំនួសមុខ និង​បញ្ជាក់ថា រថយន្ត​ដឹក​អាវុធ​ដែល​លោកខាងលិច ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន នឹងត្រូវ​បានចាត់ទុក​ថា​ជា​គោលដៅ​យោធា​ស្របច្បាប់។

    ភាគី​អាម៉េរិក និង​សម្ព័ន្ធមិត្ត មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​សម្ដី​របស់លោក Lavrov ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba យល់ថា ទីក្រុង​មូ​ស្គូ បាន «បាត់បង់​ក្ដីសង្ឃឹម​ក្នុងការ​ទប់ស្កាត់​ការគាំទ្រ​របស់​ពិភពលោក ចំពោះ ទីក្រុង​កៀវ»។

  • Twitter យល់ព្រម «លក់ខ្លួន» ឱ្យមហាសេដ្ឋី Elon Musk ក្នុងតម្លៃជាង ៤០ ពាន់លានដុល្លារ

    Twitter យល់ព្រម «លក់ខ្លួន» ឱ្យមហាសេដ្ឋី Elon Musk ក្នុងតម្លៃជាង ៤០ ពាន់លានដុល្លារ

    កាលពី​ថ្ងៃទី ២៥ មេសា Twitter ប្រកាសថា បាន​យល់ព្រម​តាម​សំណើសុំ​ទិញ​បណ្ដាញ​សង្គម​នេះ​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ក្នុងតម្លៃ ៥៤.២០ ដុល្លារ/ហ៊ុន ដូច្នេះ Twitter មានតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្នុង​ប្រកាស​មួយ ប្រធាន​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ​របស់ Twitter លោក Bret Taylor អះអាងថា ក្រុមប្រឹក្សាភិបាល​របស់ Twitter បាន​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​នូវ​សំណើ​របស់ Elon Musk ដោយ​ផ្ដោតទៅលើ​តម្លៃ ភាពប្រាកដប្រជា និង​ហិរញ្ញវត្ថុ។ ការទិញ​ដូរ​ដែល​ត្រូវបាន​លើកឡើង​នឹង​ផ្ដល់​ថ្លៃ​ធានារ៉ាប់រង​លើទឹក​ប្រាក់សុទ្ធ​ច្រើន​សមល្មម ហើយ​យើង​ជឿថា នោះ​គឺជា​វិធី​ល្អ​បំផុត​សម្រាប់​ភាគ​ហ៊ុ​និក​ទាំងឡាយ​របស់ Twitter»។

    បណ្ដាញ​សង្គម​នេះ​ឱ្យដឹងថា ការ​ទិញដូរ​ទទួលបាន​ការឯកភាព​ពី​ក្រុមប្រឹក្សាភិបាល និង​អាច​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំនេះ បន្ទាប់ពី​ឆ្លង​ផុត​ដំណាក់កាល​អនុម័ត​រប​ស់​ក្រុម​ភាគ​ហ៊ុ​និក។

     

  • សហភាព​អឺរ៉ុប មិន​សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ការហាមឃាត់​វិស័យ​ថាមពល​របស់ រុស្ស៊ី

    សហភាព​អឺរ៉ុប មិន​សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ការហាមឃាត់​វិស័យ​ថាមពល​របស់ រុស្ស៊ី

    សហភាព​អឺរ៉ុប (EU) មិនមាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​បណ្ដា​ប្រទេស​ជា​សមាជិក ដើម្បី​អាចដាក់​បម្រាម​ទាំងស្រុង ឬ​ដាក់ទណ្ឌកម្ម​ដោយ​យកពន្ធ​ខ្ពស់​ទៅលើ​ប្រេង និង​ឧស្ម័ន​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។

    «បច្ចុប្បន្ន EU មិន​សម្រេចបាន​សំឡេង​ឯកភាព​ទៅលើ​បញ្ហា​នេះ» តំណាង​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​របស់ EU លោក Josep Borrell បាន​ប្រាប់​សារព័ត៌មាន Die Welt របស់ អាល្លឺម៉ង់ នា​ថ្ងៃនេះ​ដូច្នេះ ។

    ការនាំចេញ​ប្រេង​គឺជា​ប្រភព​ចំណូល​ពី​បរទេស​ចម្បង​របស់ រុស្ស៊ី ហើយ​សមាជិក​ជាច្រើន​របស់ EU បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​នាំចូល​ប្រេង​ពី រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    តំណាងជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេស និងសន្តិសុខរបស់ EU លោក Josep Borrell

    ប្រទេសមួយ​ចំនួន​រប​ស់ EU កំពុង​ជំរុញ​ការដាក់ទណ្ឌកម្ម​ទី ៦ ចំពោះ រុស្ស៊ី ក្នុងនោះ ទីក្រុង​ព្រុ​ច​សែ​ល (បែលហ្ស៊ិក) កំពុង​ត្រៀម​សម្រាប់​ការវាយតម្លៃ​ពេញលេញ​អំពី​ផលប៉ះពាល់​នៃ​បទបញ្ជា​ហាម​នាំចូល​ប្រេង​ពី រុស្ស៊ី ដោយ​ចាត់ទុក​ដូច​ទៅនឹង​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី។

    លោក Borrell ឱ្យដឹងថា ប្រធានបទ​ស្ដីពី​ការហាមឃាត់​ប្រេង និង​ឧស្ម័ន​រុស្ស៊ី នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​ជាថ្មី​នៅក្នុង​កិច្ចប្រជុំ​កំពូល EU ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​នេះ។

     

  • «រុស្ស៊ី បរាជ័យ​នៅ អ៊ុយ​ក្រែ​ន» នេះ​ជាការ​អះអាង​របស់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ពេលធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ

    «រុស្ស៊ី បរាជ័យ​នៅ អ៊ុយ​ក្រែ​ន» នេះ​ជាការ​អះអាង​របស់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ពេលធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក យល់ថា រុស្ស៊ី មិន​សម្រេចបាន​គោលដៅ​ក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ទន្ទឹមនឹងនេះ​ក៏បាន​ប្រកាស​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​ដល់ ទីក្រុង​កៀវ។

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អង់​តូ​នី ប្លី​ន​ខេន (Antony Blinken) ឱ្យដឹងថា លោក និង​រដ្ឋមន្ត្រី​ការពារជាតិ ឡយ អូ​ស្ទី​ន (Lloyd Austin) បាន​ពិភាក្សាគ្នា​រយៈពេល ៣ ម៉ោង ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី រួម​ជាមួយនឹង​ក្រុមទី​ប្រឹក្សា​ជាន់ខ្ពស់​របស់លោក នៅ រដ្ឋធានី​កៀវ ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ​កាលពី​ថ្ងៃទី ២៤ មេសា។

    នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមន្ត្រី​ជាន់ខ្ពស់​បំផុតរ​បស់ សហរដ្ឋ​អាម៉េរិក ទៅកាន់ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

    «រុស្ស៊ី ស្វែងរក​វិធី​សម្រេច​គោលដៅ​ដកហូត​ឯករាជ្យ បូរណភាព​ទឹកដី របស់ អ៊ុយ​ក្រែ​ន ដោយ​ប្រើប្រាស់​កម្លាំងយោធា សេដ្ឋកិច្ច ទៅលើ អ៊ុយ​ក្រែ​ន ប៉ុន្តែ ពួកគេ​បាន​បរាជ័យ» លោក Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីតាំង​សម្ងាត់​ក្នុង​តំបន់​ព្រំដែន​រវាង ប៉ូឡូញ-អ៊ុយ​ក្រែ​ន ក្រោយពី​បាន​ចាក​ចេញពី រដ្ឋធានី​កៀវ។

    ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ប្រកាស​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក នៅឡើយ។ កន្លងមក ក្រសួងការពារជាតិ​រុស្ស៊ី ធ្លាប់បាន​ឱ្យដឹងថា គោលដៅ​នៃ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន គឺ​ដើម្បី «បំបាត់​ហ្វា​ស៊ី​ស​និយម បំបាត់​ការធ្វើ​យោ​ធូប​នីយកម្ម» របស់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការពារ​ពល​រដ្ឋ​និយាយ​ភាសា​រុស្ស៊ី នៅក្នុង​តំបន់ Donbass ប៉ុន្តែ​មិន​ស្វែងរក​វិធី​ផ្លាស់ប្ដូរ​របប​នៅ​ប្រទេស​នេះ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក អូ​ស្ទី​ន និង​លោក ប្លី​ន​ខេន ក៏បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី តម្លៃ ៧១៣ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន រួម​នឹង​​ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ ១៥ ផ្សេងទៀត ក្នុងនោះ ទីក្រុង​កៀវ ទទួលបាន​ប្រហែល ៣២២ លាន​ដុល្លារ​អាម៉េរិក។

  • កុមារ​អាយុ​ពី ៥ ដល់ ១១ ឆ្នាំ មិនទាន់​ចាក់​វ៉ាក់សាំង អាចមាន​ជំងឺ​ធ្ងន់ធ្ងរ​បើសិន​វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    កុមារ​អាយុ​ពី ៥ ដល់ ១១ ឆ្នាំ មិនទាន់​ចាក់​វ៉ាក់សាំង អាចមាន​ជំងឺ​ធ្ងន់ធ្ងរ​បើសិន​វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    ចំនួន​កុមារ​អាយុ​ចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​ចូល​ពេទ្យ​ដោយសារ​កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង នៅ សហរដ្ឋ​អា​ម៉​រិ​ក ចាប់ពី​ខែធ្នូ ២០២១ ដល់​ខែកុម្ភៈ ២០២២ ច្រើនជាង​ទ្វេដង ធៀប​នឹង​កុមារ​អាយុ​ស្របាល​គ្នា ប៉ុន្តែ​បាន​ចាក់​វ៉ាក់សាំង។

    ខាងលើនេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក ដែល​ទើបត្រូវ​បានប្រកាស​នាពេលថ្មីៗនេះ។ ប្រកាស​របស់ CDC អាម៉េរិក បង្ហាញថា វ៉ាក់សាំង​នៅតែ​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​កុមារ​ជៀសវាង​អាការ​ធ្ងន់ធ្ងរ ត្រូវ​ចូល​ពេទ្យ បើទោះជា​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​អាច​ថយចុះ​នៅ​ចំពោះមុខ អូ​មី​ក្រុង។

    ការស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង​ដោយ​យោងទៅលើ​ទិន្នន័យ​ពី​បណ្ដា​មន្ទីរពេទ្យ​នៅក្នុង​រដ្ឋ​ចំនួន ១៤ របស់ សហរដ្ឋ​អាម៉េរិក ដែល​ទទួលបន្ទុក​ថែទាំ​សុខភាព​របស់ ពលរដ្ឋ​អាម៉េរិក ប្រហែល ១០% ធៀប​នឹង​ទូទាំងប្រទេស។ ការស្រាវជ្រាវ​បាន​ផ្ដោតទៅលើ​កុមារ ៤០០ នាក់ អាយុ​ចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែល​ត្រូវ​ចូល​ពេទ្យ​នៅក្នុង​រលក​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង កាលពី​រដូវរងា​កន្ល​ង។

    ក្រុម​អ្នកជំនាញ​អះអាងថា កុមារ​អាយុ​ពី ៥ ដល់ ១១ ឆ្នាំ ប្រហែល ៩០% ត្រូវ​ចូល​ពេទ្យ​ដោយសារ កូ​វីដ-១៩ នៅក្នុង​អំឡុង​ពី​ខែធ្នូ ២០២១ ដល់ ចុងខែ​កុម្ភៈ ២០២២ គឺ​ស្ថិតនៅក្នុង​ក្រុម​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។ អត្រា​នេះ​ខ្ពស់ជាង ២ ដង ធៀប​នឹង​កុមារ​ដែល​បាន​ចាក់​វ៉ាក់សាំង។

    ចំពោះ​កុមារ​ដែល​វិជ្ជមាន​នឹង​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង គឺ​ពុំមាន​ករណី​ណាមួយ​ដែល​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម នៅពេល​ចូល​ពេទ្យ​ឡើយ៕

  • ចិន នឹង​បាញ់​បង្ហោះ​យានអវកាស​ទៅបុក​អាចម៍ផ្កាយ​ក្បែរ​ផែនដី ចាប់​ពី​ឆ្នាំ​ ២០២៥

    ចិន នឹង​បាញ់​បង្ហោះ​យានអវកាស​ទៅបុក​អាចម៍ផ្កាយ​ក្បែរ​ផែនដី ចាប់​ពី​ឆ្នាំ​ ២០២៥

    ក្រុមមន្ត្រី​ចិន កំពុង​រៀបចំ​ផែន​បាញ់​បង្ហោះ​យាន​ទៅបុក​អាចម៍ផ្កាយ ដើម្បី​ផ្លាស់ប្ដូរ​គន្លង​គោចរ​របស់​វា​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    Wu Yanhua អនុប្រធាន​នៃ ទីភ្នាក់ងារ​អវកាស​ចិន ឱ្យដឹងថា ប្រទេស​ចិន បានចាប់ផ្ដើម​គម្រោង​ក​សាង​ប្រព័ន្ធ​ប្រឆាំង​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ ពួកគេ​កំណត់​គោលដៅ​តាមដាន​អាចម៍ផ្កាយ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ផែនដី រួច​បញ្ជា​ឱ្យ​យាន​ហោះ​ទៅបុក​ដុំ​អាចម៍ផ្កាយ​នោះ​ដើម្បី​បង្វែរ​គន្លង​គោចរ​របស់​វា នៅ​ឆ្នាំ ២០២៥-២០២៦ ដែលជា​ជំហាន​បន្ទាប់​នៅក្នុង​កម្មវិធី​អវកាស​របស់ ប្រទេស​ចិន។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ទីភ្នាក់ងារ​អវកាស​ចិន (CNSA)។

    ក្រៅពីនេះ ប្រទេស​ចិន ក៏​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ទី ៤ នៃ​កម្មវិធី​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ នៅក្នុង​ឆ្នាំ ២០២២ នេះ​ផងដែរ ដែល​ក្នុងនោះ​រួមមាន ការបាញ់​បង្ហោះ​យាន​ស្រាវជ្រាវ Chang’e ៦, ៧ និង ៨ ទៅកាន់​ឋាន​ព្រះ​ចន្ទ និង​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ។

    បេសក​កម្ម Chang’e ៤ នៅ​ឋាន​ព្រះចន្ទ

    កម្មវិធី​ស្រាវជ្រាវ​ព្រះ​ចន្ទ ថ្មី​បំផុត របស់ ចិន ត្រូវបាន​អនុម័ត​កាលពី​ចុងឆ្នាំ ២០២១ និង​ចែកចេញជា ៣ ដំណាក់កាល។ បេសកកម្ម​របស់ Chang’e ៦, ៧ និង ៨ នឹង​ចាប់ផ្ដើម​ហោះហើរ​ឱ្យបាន​មុន​ឆ្នាំ ២០៣។ Wu បានឱ្យដឹងថា គោលដៅ​ចម្បង​គឺ​ស្រាវជ្រាវ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​សម្រាប់​ស្ថានីយ​ស្រាវជ្រាវ។

    បេសកកម្ម Chang’e ៦ នឹង​រក​វិធី​ប្រមូល​សំណាក​ដី​ពី ១ ទៅ ២ គីឡូក្រាម ពី​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ និង​នាំយក​មកកាន់​ផែនដី។ មុន​នោះ បេសកកម្ម Chang’e ៤ បាន​នាំយក​សំណាក​ដី​ព្រះ​ចន្ទ ១.៧៣ គីឡូក្រាម មកកាន់​ផែនដី​រួចហើយ​កាលពី​ឆ្នាំ ២០២០។

    បេសកកម្ម Chang’e ៧ នឹង​ចុះចត​លើ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ដាន​ទឹកកក។ ដំណាក់កាល​ចុងក្រោយ​គឺ បេសកកម្ម Chang’e ៨ ដែល​ត្រូវធ្វើ​ការទាញយក​ធនធាន​នៅលើ​ឋាន​ព្រះ​ចន្ទ និង​បង្កើត​ស្ថានីយ​ស្រាវជ្រាវ​នៅ​ទីនោះ។ តាម​គម្រោង យាន​សម្រាប់​បេសកកម្ម Chang’e ៦ និង ៧ នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ ២០២៥៕

  • Twitter ពិចារណា​លើ​សំណើ​ទិញ​របស់​មហាសេដ្ឋីអាម៉េរិក ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង

    Twitter ពិចារណា​លើ​សំណើ​ទិញ​របស់​មហាសេដ្ឋីអាម៉េរិក ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង

    ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal ឱ្យដឹងថា ក្រុមហ៊ុន Twitter កំពុង​ពិចារណា​លើ​សំណើសុំ​ទិញ​របស់​ម្ចាស់​ក្រុមហ៊ុន Tesla ដោយមាន​ការពិភាក្សារ​វាង​ភាគី​ទាំងពីរ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២៤ មេសា។

    ប្រ​ភ​ព័ត៌មាន​របស់​កាសែត​ខាងលើ​ឱ្យដឹងថា Twitter កំពុង​ពិនិត្យមើល​សំណើ​របស់​មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក្រោយពី​មហាសេដ្ឋី​រូបនេះ​បាន​ជួបពិភាក្សា​ដោយឡែក​ជាមួយ​ភាគ​ហ៊ុ​និក​មួយចំនួន​របស់ Twitter កាលពី​ថ្ងៃទី ២៣ មេសា។

    មុន​នោះ ប៉ុន្មាន​ថ្ងៃ ប្រធាន​ប្រតិបត្តិ​របស់ Tesla ឱ្យដឹងថា បាន​ត្រៀម​ប្រាក់​ជិត ៤៦.៥ ពាន់​លាន​ដុល្លារ​រួចហើយ ដើម្បី​ទិញយក Twitter មកកាន់​កាប់ ទន្ទឹមនឹង​ការរៀប​គម្រោង​បញ្ចុះបញ្ចូល​ភាគ​ហ៊ុ​និក​របស់​បណ្ដាញ​សង្គម​នេះ ក្នុង​បំណង​ធ្វើឱ្យ​មានប្រៀប​នៅក្នុង​ការសម្រេច​របស់​ក្រុមហ៊ុន។

    Twitter នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៨ មេសា ឬ​អាច​ឆាប់​ជាង​នេះ ទាក់ទង​នឹង​បញ្ហា​ខាងលើ។ លោក Musk ឱ្យដឹងថា នៅតែ​រក្សា​តម្លៃ​នៃ​ការទិញ​ភាគហ៊ុន ១០០% របស់ Twitter «នៅ​ដំណាក់កាល​ចុងក្រោយ និង​ល្អ​បំផុត» ក្នុងតម្លៃ ៥៤.២ ដុល្លារ/ហ៊ុន។

    កាលពី​ថ្ងៃទី ១០ មេសា នាយក​ប្រតិបត្តិ​របស់ Twitter លោក Parag Agrawal ប្រកាសថា លោក Musk ដែលជា​ភាគ​ហ៊ុ​និក​ធំ​បំផុត​របស់​បណ្ដាញ​សង្គម​នេះ បានសម្រេច​ចិត្ត​មិន​ចូលរួម​ក្នុងគណៈ​គ្រប់គ្រង។ បច្ចុប្បន្ន លោក Musk កាន់កាប់​ភាគហ៊ុន ៩.២% របស់ Twitter ដែលមាន​តម្លៃ​រហូតដល់ ២.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​យើង​តាម​តម្លៃ​នៃ​ការជួញដូរ​ចុងក្រោយ​កាលពី​ថ្ងៃទី ១ មេសា ២០២២។