Author: សឿន សំណាង

  • សហភាព​អឺរ៉ុប កំពុង​ត្រៀម​ប្រកាស​បញ្ចប់​ដំណាក់កាល​អាសន្ន​របស់ ជំងឺ​​រាតត្បាត​​សកល​​កូ​វីដ-១៩

    សហភាព​អឺរ៉ុប កំពុង​ត្រៀម​ប្រកាស​បញ្ចប់​ដំណាក់កាល​អាសន្ន​របស់ ជំងឺ​​រាតត្បាត​​សកល​​កូ​វីដ-១៩

    គណៈកម្មការ​អឺរ៉ុប (EC) កាលពី​ថ្ងៃទី ២៦ មេសា ឱ្យដឹងថា កំពុង​ត្រៀម​ប្រកាសថា សហភាព​អឺរ៉ុប (EU) បាន​ឆ្លង​ផុត​ដំណាក់កាល​អាសន្ន​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ និង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី។

    យោងតាម​ប្រភពព័ត៌មាន​ពី ព្រុ​ច​សែ​ល សេចក្ដីព្រាង​នៃ​ប្រកាស​របស់ EC ដែល​គ្រោង​នឹង​ដាក់ចេញ​ដើម្បី​ធ្វើការ​អនុម័ត​ក្នុង​ថ្ងៃទី ២៧ មេសា បង្ហាញថា ការឆ្លង​ផុត​ដំណាក់កាល​នេះ​កើតឡើង​បន្ទាប់ពី​អត្រា​នៃ​ការឆ្លង និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ នៅ EU ថយចុះ​ជា​បន្តបន្ទាប់ ដោយសារតែ អូ​មី​ក្រុង មិន​កាច​សាហាវ​ជាង​បណ្ដា​វ៉ា​រ្យ៉​ង់មុនៗ និង​ដោយសារ​ភាពស៊ាំ​កើន​ដល់​ជាង ៧០% នៅ អឺរ៉ុប ក្នុងនោះ​មាន​ប្រជាជន​ចំនួន​ពាក់កណ្ដាល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ។

    ក៏ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ មិនទាន់​ចប់​នៅឡើយ។ ចំណែក EU ព្រមាន​ថា ជាក់ស្ដែង «កូ​វីដ-១៩ នៅតែមាន​វត្តមាន​នៅទីនេះ» ហើយ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត​អាច​នឹង​បង្ហាញខ្លួន។ EU បន្ថែមថា ការប្រុងប្រយ័ត្ន និង​ការត្រៀម​បង្ការ នៅតែ​ជា​រឿង​ចាំបាច់។

    ក្រុម​ប្រទេស​នៅ EU ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​រក្សា​ស្ថានការណ៍​ដើម​របស់ខ្លួន និង​ត្រៀមខ្លួន​ឱ្យ​បានល្អ​សម្រាប់​ករណី​បន្ទាន់ បើសិនជា​ចាំបាច់។

    យោងតាម EC គេ​ត្រូវការ​ចំណាត់ការ​ថ្មី​នៅក្នុង​ការតាមដាន​ជំងឺ​រាតត្បាត​ទៅតាម​ប្រព័ន្ធ​ជាក់លាក់ ដែល​វិធី​នេះ​ត្រូវបាន​ប្រទេសមួយ​ចំនួន​របស់ EU បោះបង់​រួចហើយ។ សេចក្ដីព្រាង​របស់ EC សង្កត់ធ្ងន់ថា វ៉ាក់សាំង​នៅតែ​ចាំបាច់​ក្នុង​យុទ្ធនាការ​ប្រឆាំង​កូ​វីដ-១៩ និង​ស្នើឱ្យ​បណ្ដា​ប្រទេស​នៅ EU ពិនិត្យ​លើ​យុទ្ធនាការ​ដើម្បី​បង្កើន​ការចាក់​វ៉ាក់សាំង​ជូន​ដល់ក្មេងៗ ឱ្យបាន​មុន​ឆ្នាំ​សិក្សា​ថ្មី។

  • អាម៉េរិក គាំទ្រ «ការផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន»

    អាម៉េរិក គាំទ្រ «ការផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន»

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Garland ថ្លែងថា នឹង​គាំទ្រ​កិច្ចប្រឹងប្រែង​ក្នុង​ការផ្ទេរ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែល អាម៉េរិក បាន​រឹបអូស​ពី​ក្រុម​អ្នកមាន​របស់ រុស្ស៊ី «ទៅឱ្យ អ៊ុយ​ក្រែ​ន ដោយផ្ទាល់»។

    «រដ្ឋាភិបាល ក៏ដូចជា​យើងខ្ញុំ នឹង​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាតឱ្យ​នាំយក​ប្រាក់​មួយចំនួន​នោះ ទៅឱ្យ អ៊ុយ​ក្រែ​ន ដោយផ្ទាល់។ ប៉ុន្តែ បច្ចុប្បន្ន មិនទាន់មាន​ការសម្រេច​បែបនេះ​នៅឡើយ ចំពោះ​ទ្រព្យ​ទាំងនោះ» រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Merrick Garland ឆ្លើយ​នៅ​ចំពោះមុខ​សភា​ជាន់ខ្ពស់ កាលពី​ថ្ងៃទី ២៦ មេសា នៅពេល​ត្រូវបាន​សួរ​អំពី​វិធី​ចាត់ចែង​ទៅលើ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្រសួងយុត្តិធម៌​អាម៉េរិក កាលពី​ខែ​កន្លង បាន​បង្កើត​អង្គភាព​ពិសេស KleptoCaputer ដែលមាន​ភារកិច្ច​អនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល សំដៅលើ រុស្ស៊ី។ អង្គភាព​នេះ​រួមមាន រដ្ឋអាជ្ញា, កម្លាំង​ពិសេស និង​ក្រុមមន្ត្រី​ជំនាញ​មកពី​អង្គភាព​ប៉ូលិស រួម​នឹង​ក្រុម​ត្រួតពិនិត្យ​អាម៉េរិក។

    ករណី​រឹបអូស​ទ្រព្យ​របស់ រុស្ស៊ី ដំបូង​របស់​ពួកគេ​គឺ នាវា​ទេសចរណ៍​តម្លៃ ៩០ លាន​ដុល្លារ របស់ មហាសេដ្ឋី​រុស្ស៊ី។ នាវា​នេះ​ត្រូវបាន​កម្លាំង​របស់ អេ​ស្ប៉ា​ញ រឹបអូស​ទៅតាម​សំណើ​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន។

    នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denis Shmygal កាលពី​ថ្ងៃទី ២៤ មេសា ប្រកាសថា កំពុង​ពិភាក្សា​ជាមួយ អាម៉េរិក ទាក់ទង​នឹង​ការប្រើប្រាស់​ទ្រព្យ​ដែល​ត្រូវបាន​បង្កក​របស់ រុស្ស៊ី ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់ ទីក្រុង​កៀវ។ លោក Shmygal ថា អ៊ុយ​ក្រែ​ន ត្រូវការ​ប្រាក់​រហូតដល់ ៥ ពាន់​លាន​ដុល្លារ/ខែ។ លោក​បញ្ជាក់ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង ធនាគារពិភពលោក (WB) ក៏បាន​ឯកភាព​ទៅលើ​តួលេខ​នេះ។

  • ប្រធានាធិបតី​រុស្ស៊ី ប្រាប់​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ ថា ការចរចា​ជាមួយ អ៊ុយ​ក្រែ​ន នៅមាន​សង្ឃឹម

    ប្រធានាធិបតី​រុស្ស៊ី ប្រាប់​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ ថា ការចរចា​ជាមួយ អ៊ុយ​ក្រែ​ន នៅមាន​សង្ឃឹម

    ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ប្រាប់ មេដឹកនាំ​អង្គការសហប្រជាជាតិ ​អង់តូ​នីញូ ហ្គុយតេ​រេស (Antonio Guterres) ថា លោក​នៅតែមាន​សង្ឃឹម​ទាក់ទិន​នឹង​កិច្ចចរចា​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    «បើទោះជា​ជាក់ស្ដែង សកម្មភាព​យោធា​កំពុង​កើតឡើង ប៉ុន្តែ យើង​នៅតែ​សង្ឃឹមថា អាច​សម្រេចបាន​កិច្ចព្រមព្រៀង​តាមរយៈ​ការទូត» លោក ពូ​ទីន ថ្លែង​ដូច្នេះ​នៅពេល​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អង្គការសហប្រជាជាតិ នៅ មូ​ស្គូ កាលពី​ម្សិលមិញ។ លោក ពូ​ទីន បន្ថែមថា យើង​នៅតែ​ធ្វើការ​ចរចា មិនមែន​បដិសេធ​វា​ទេ»។

    ប្រធានាធិបតី​រុស្ស៊ី បាន​អះអាង​ប្រា​ប់លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ថា លោក «ដឹង​ច្បាស់​អំពី​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​យោធា​របស់ រុស្ស៊ី» នៅ អ៊ុយ​ក្រែ​ន និង​ត្រៀម​ជានិច្ច​សម្រាប់​ការចរចា ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា ស្ថានការណ៍​ច្របូកច្របល់​នៅ​ប្រទេសជិតខាង​មួយ​នេះ កើតឡើង​ពី «រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល» កាលពី​ឆ្នាំ ២០១។

    អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ថា មូ​ស្គូ និង កៀវ គួរតែ​សហការ​ជាមួយ អង្គការសហប្រជាជាតិ ដើម្បី​បង្កើត​ច្រក​សម្រាប់​ជំនួយ​ផ្នែក​មនុស្សធម៌ និង​ជម្លៀស​ប្រជាជន​ស៊ីវិល។

    Stephane Dujarric អ្នកនាំពាក្យ​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និយាយថា លោក ពូ​ទីន ឯកភាព​លើ គោលការណ៍ ជាមួយ អង្គការសហប្រជាជាតិ និង គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ ស្ដីពី​ការចូលរួម​ជ្លៀស​ប្រជាជន​ស៊ីវិល ចេញពី​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol។

    លោក Dujarric បន្ថែមថា កិច្ចចរចា​បន្ទាប់​នឹងធ្វើ​ឡើង​រវាង ការិយាល័យ​មនុស្សធម៌ របស់ អង្គការសហប្រជាជាតិ និង ក្រសួងការពារជាតិរ​បស់ រុស្ស៊ី។

    នេះ​គឺជា​ទស្សនកិច្ច​ដំបូង​របស់លោក ​អង់តូ​នីញូ ហ្គុយតេ​រេស ទៅកាន់ មូ​ស្គូ រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ តាម​គម្រោង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​ទៅកាន់ រដ្ឋធានី​កៀវ បន្ទាប់ពី​បានបញ្ចប់​ទស្សនកិច្ច​នៅ រុស្ស៊ី៕

  • ក្រសួងសុខាភិបាល ជូនដំណឹង​ស្ដីពី «ការចាក់​វ៉ាក់សាំង​ដូ​ស​​ទី ៣ និង​ទី ៤ ជូន​ពលរដ្ឋ

    ក្រសួងសុខាភិបាល ជូនដំណឹង​ស្ដីពី «ការចាក់​វ៉ាក់សាំង​ដូ​ស​​ទី ៣ និង​ទី ៤ ជូន​ពលរដ្ឋ

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៃ​ក្រសួងសុខាភិបាល​កម្ពុជា រសៀល​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ជំរុញ ទាំង​ដូ​ស​ទី ៣ និង ដូ​ស​ទី ៤ ជូន​ប្រជាពលរដ្ឋ​ទូទៅ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • ស្ថានការណ៍​កូ​វីដ-១៩ នៅ ​ប្រទេស​វៀតណាម! អាជ្ញាធរ ដក​ហូត​បទ​បញ្ជា​ដែល​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល

    ស្ថានការណ៍​កូ​វីដ-១៩ នៅ ​ប្រទេស​វៀតណាម! អាជ្ញាធរ ដក​ហូត​បទ​បញ្ជា​ដែល​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលរបស់​ ប្រទេស​​វៀតណាម នៅ​ថ្ងៃទី ២៦ មេសា ឱ្យដឹងថា នឹង​លុបចោល​បទបញ្ជា​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល​នាពេលខាងមុខ ក្នុង​គ្រា​ដែល នាយកដ្ឋាន​បង្ការ​ផ្នែក​សុខាភិបាល កំពុង​កសាង​ការណែនាំ​ថ្មី។

    «វៀតណាម លែង​អនុវត្ត​ការ​វិធានការ​ស្រាវជ្រាវ តាមដាន​ជំងឺ​រាតត្បាត និង​កំពុង​វិល​ត្រលប់​ទៅរក​ជីវភាព​ធម្មតា​វិញ ដូច្នេះ​មិន​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល​ក្នុងស្រុក​ទៀត​ទេ» លោក ង្វៀន ធាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ថ្លែង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី ២៦ មេសា​នេះ។ លោក​ថា នាយកដ្ឋាន​បង្ការ​ផ្នែក​សុខាភិបាល នឹងមាន​បទបញ្ជា​ណែនាំ​ជាជំហានៗនៅក្នុង​ដំណើរ​ឆ្ពោះទៅរក​ស្ថានភាព​ធម្មតា។

    បច្ចុប្បន្ន គេ​មិនទាន់​ដឹងថា បទបញ្ជា​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល នឹងត្រូវ​បាន​ដកចេញ​ពេលណា​នៅឡើយ។ ចាប់តាំងពី កូ​វីដ-១៩ បានបង្ហាញ​ខ្លួន ការរាយការណ៍​ផ្នែក​សុខាភិបាល​របស់​ប្រជាជន គឺជា​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស ១ នៅ​ក្នុងចំណោម ៥ ដែល វៀតណាម បាន​អនុវត្ត។

    នៅពេល​បញ្ហា​កូ​វីដ-១៩ កំពុង​ធូរស្បើយ​បន្តិចម្ដងៗ មេដឹកនាំ​មូលដ្ឋាន​ជាច្រើន​បានស្នើ​ឱ្យ ក្រសួងសុខាភិបាល កែសម្រួល​វិធានការ​ទាំង ៥ ដែល​រួមមាន ពាក់​ម៉ាស, សម្អាត​មេរោគ, រក្សា​គម្លាត, រាយការណ៍​សុខាភិបាល និង​បម្រាម​លើ​ការជួបជុំ ឱ្យ​មក​​នៅត្រឹម ២ ប្រការ​វិញ គឺ ពាក់​ម៉ាស និង​សម្អាត​មេរោគ ដើម្បីឱ្យ​​សម​ស្រប​ទៅនឹង​ស្ថានការណ៍​ថ្មី៕

  • ប្រទេសមួយ​ដែល​ត្រូវ​បិទទ្វារ​ផ្សារ​ហ៊ុន! ស​ន្ទ​ស្សន៍​រួម​ត្រលប់​ទៅកាន់ «០» នៅពេល​ភាគហ៊ុន​ត្រូវគេ​លក់​ចោល​បន្តបន្ទាប់

    ប្រទេសមួយ​ដែល​ត្រូវ​បិទទ្វារ​ផ្សារ​ហ៊ុន! ស​ន្ទ​ស្សន៍​រួម​ត្រលប់​ទៅកាន់ «០» នៅពេល​ភាគហ៊ុន​ត្រូវគេ​លក់​ចោល​បន្តបន្ទាប់

    រាប់​ចាប់តាំងពី​ដើមឆ្នាំ​មកដល់​បច្ចុប្បន្ន ស​ន្ទ​ស្សន៍​ភាគហ៊ុន​នៃ​ផ្សារ​ហ៊ុន​របស់​ប្រទេស​នេះ បាន​ធ្លា​ក់ដាំ​ក្បាល​ចុះ​ដោយ​មិនអាច «ចាប់​ហ្វាំ​ង» បាន។

    កាលពីដើម​ខែមេសា សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា ប្រកាស​ក្ស័យធន​នៅ​ចំពោះមុខ​ខ្ទង់​បំណុល​បរទេស​តម្លៃ ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជា​ដំណោះស្រាយ​ចុងក្រោយ នៅពេលដែល​ប្រទេស​កោះ​មួយ​នេះ ត្រូវ​ទប់​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត។

    ចំណែក​រដ្ឋាភិបាល​វិញ បានឱ្យដឹងថា ពួកគេ​ត្រូវអនុវត្ត «វិធានការ​បន្ទាន់» នានា ក្នុងពេល​រង់ចាំ​ការពិភាក្សា​ពេញលេញ​ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ទប់ស្កាត់​ឱនភាព​ហិរញ្ញវត្ថុ​បន្ថែមទៀត។

    កាលពី​ខែកុម្ភៈ ២០២២ ស្រីលង្កា ជា​ប្រទេស​ដែលមាន​ប្រជាជន ២០ លាន​នាក់ នៅសល់​រូបិយវត្ថុ​អន្តរជាតិ​តែ ២.៣១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ពួកគេ​ត្រូវ​សងបំណុល​ក្នុង​ឆ្នាំ ២០២២ រហូតដល់ ៤ ពាន់​លាន​ដុល្លារ។ អតិផរណា​ឡើងដល់ ១៧.៥% ជា​កម្រិត​កំពូល​មិន​ធ្លាប់មាន នៅក្នុង​ខែកុម្ភៈ។

    ទីផ្សារ​មូល​ប​ត្រ​របស់ ស្រីលង្កា បាន​ស្ដែងចេញ​យ៉ាងច្បាស់​អំពី​ស្ថានការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​កោះ​នេះ។ កាលពី​ថ្ងៃ​ចន្ទ ផ្សារ​ហ៊ុន​កូឡុំបូ បើកទ្វារ​ជួញដូរ ក្រោយពី​បាន​បិទទ្វារ​អស់​មួយរយៈ​ពេល​យូរ ហើយ​ស​ន្ទ​ស្សន៍ S&P របស់​ប្រទេស​នេះ បាន​បាត់បង់ ៧% ភ្លាមៗ នៅក្នុង​ការជួញដូរដំបូង។ យោងតាម​ការកំណត់រ​បស់​ស្ថាប័ន​គ្រប់គ្រង​ការជួញដូរ​ភាគហ៊ុន​កូឡុំបូ របស់ ស្រីលង្កា បើសិន​ស​ន្ទ​ស្សន៍​ត្រូវ​ធ្លាក់ចុះ​រហូតដល់ ៥% ពេលនោះ​អាច​ផ្អាក​ការជួញដូរ​ជា​ស្វ័យប្រវត្ត​ក្នុង​រយៈពេល​កន្លះ​ម៉ោង។

    ផ្សារហ៊ុន​កូឡុំបូ

    ភាគហ៊ុន​នានា​ត្រូវបាន​លក់​ចោល​ជា​បន្តបន្ទាប់ នាំឱ្យ​ស​ន្ទ​ស្សន៍​រួម​បន្ត​ដាំ​ក្បាល​ចុះ​យ៉ាង​លឿន បណ្ដាលឱ្យ​ស្ថាប័ន​នេះ​ប្រកាស​ផ្អាក​ការជួញដូរ​ក្នុងអំឡុង​ពេលដែល​នៅ​សេះសល់​របស់​ថ្ងៃ​ចន្ទ។

    នៅពេល​ពិនិត្យមើល​ប្រវត្តិ​របស់​ស​ន្ទ​ស្សន៍ S&P Sri Lanka 20 Index នៅលើ Investing ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី ១១ តុលា ២០១១ ដល់​ថ្ងៃទី ៨ មេសា ២០២២ គេ​ឃើញថា ស​ន្ទ​ស្សន៍​របស់​ប្រទេស​នេះ មាន​កំណើន​ល្អ​រហូតដល់​ចុងខែ​មករា ២០២។ ពេលខ្លះ វា​ថែមទាំង​បាន​ឡើងដល់​កំពូល ២ លើក គឺ ៤,៦២០ ព​ន្ទុ នៅ​ថ្ងៃទី ១៩ និង ២៤ មករា ២០២២។

    បន្ទាប់ពី​មាន​ព័ត៌មាន​មិនល្អ​ស្ដីពី​សេដ្ឋកិច្ចជាតិ ស​ន្ទ​ស្សន៍​ខាងលើ​ក៏បាន​ចាប់ផ្ដើម​ធ្លាក់ចុះ​យ៉ាង​លឿន។ ការ​ជួញ​ដូរ​​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី ៨ មេសា។ ​កាល​ពី​ថ្ងៃនោះ S&P Sri Lanka 20 Index នៅសល់​ត្រឹមតែ ២,៦២៤ ពិន្ទុ ពោលគឺ​បាត់បង់​តម្លៃ​ជាង ៥០% ធៀប​នឹង​តម្លៃ​កំពូល​មុន​នោះ ៣ ខែ។

    មកដល់​ម៉ោង ១១ និង ៣០ នាទី នៃ​ថ្ងៃទី ២៦ មេសា​នេះ (ម៉ោង​នៅ កម្ពុជា) គេហទំព័រ​របស់​ផ្សារ​ហ៊ុន​កូឡុំបូ បាន «បិទ» ទិន្នន័យ​ដែល​បង្ហាញ​អំពី​ពិន្ទុ​របស់ ស​ន្ទ​ស្សន៍ S&P Sri Lanka 20 Index។ នៅក្នុង​ប្រអប់​ប្រកាស​អំពី​តម្លៃ​ដូចជា ពិន្ទុ​បច្ចុប្បន្ន និង​ពិន្ទុ​ឡើង​ចុះ​ជាដើម របស់​ស​ន្ទ​ស្សន៍​នេះ សុទ្ធតែ​ស្មើនឹង ។

    ដោយឡែក ស​ន្ទ​ស្សន៍ All Share Index (ASPI) នៅលើ​គេហទំព័រ ត្រូវបាន​កត់ត្រា​ត្រឹម ៧,៥១៣.៨៥ ពិន្ទុ ខណៈដែល​ព័ត៌មាន​បង្ហាញ​ពី​ពិន្ទុ និង​ភាគរយ​ឡើង​ចុះ ក៏​សុទ្ធតែ​ត្រូវបាន​កត់ត្រា​ត្រឹម​លេខ ០៕

  • រុស្ស៊ី អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​​ក្រុម​ BRICS, EAEU, SCO បោះ​បង់​​រូបិយ​វត្ថុ​​ដុល្លារ​​អាម៉េរិក​ និង​​ប្រាក់​​អឺរ៉ូ

    រុស្ស៊ី អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​​ក្រុម​ BRICS, EAEU, SCO បោះ​បង់​​រូបិយ​វត្ថុ​​ដុល្លារ​​អាម៉េរិក​ និង​​ប្រាក់​​អឺរ៉ូ

    ប្រទេស​រុស្ស៊ី ទើបតែ​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់ខ្លួន បោះបង់​ប្រាក់​ដុល្លារ​អាម៉េរិក និង​ប្រាក់​អឺរ៉ូ ដោយ​ងាក​មកប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក នៅក្នុង​ការដោះដូរ​ពាណិជ្ជ​កម្ម។

    យោងតាម​សារព័ត៌មាន TASS នៅក្នុង​វេទិកា​អន្តរជាតិ​មួយ​កាលពី​ថ្ងៃទី ២៥ មេសា រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុស្ស៊ី Denis Manturov ប្រកាសថា ទីក្រុង​មូ​ស្គូ ចង់​ជំរុញ​ការជួញដូរ​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ជាមួយនឹង​បណ្ដា​ប្រទេស BRICS (ប្រេ​ស៊ី​ល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិក​ខាងត្បូង), SCO (អង្គការ​សហការ​ទីក្រុង​សៀង​ហៃ) និង EAEU (សហភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប)។

    កាលពី​ឆ្នាំ ២០២១ ការដោះដូរ​ពាណិជ្ជកម្ម​របស់ រុស្ស៊ី ជាមួយនឹង​សមាជិក EAEU, BRICS និង SCO បាន​កើន​ឡើងដល់ ៣៨% ហើយ​កិច្ចព្រមព្រៀង​សហការ​របស់​សម្ព័ន្ធភាព​នេះ កំពុង​ក្ដោប​ក្ដាប់​ប្រហែល​ពាក់កណ្ដាល​នៃ​ចរន្ត​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក នេះ​បើតាម លោក Denis Manturov។

    រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី Denis Manturov

    លោក​បញ្ជាក់ថា ស្ថានភាព​វិបត្តិ​អតិផរណា​នៅ ទ្វីបអឺរ៉ុប និង អាម៉េរិក រួម​នឹង​ផលប៉ះពាល់​របស់​វិបត្តិ​នេះ​ចំពោះ​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច បាន​បង្ហាញថា ចាំបាច់​ត្រូវតែ​រើខ្លួន​ចេញពី​ប្រាក់​ដុល្លារ​អាម៉េរិក និង​ប្រាក់​អឺរ៉ូ ឆ្ពោះទៅ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​នៅក្នុង​ការដោះដូ​រ​ពាណិជ្ជកម្ម​ជាមួយនឹង​បណ្ដា​ប្រទេស​ជា​សមាជិក (របស់ EAEU, BRICS និង SCO )។

    បញ្ហា​ខាងលើ​ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពី​ថ្ងៃទី ២៥ មេសា បានឱ្យដឹងថា សេដ្ឋកិច្ច​របស់ រុស្ស៊ី បាន​ប្រែ​មកជា​មាន​ស្ថិរភាព​វិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុន ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

  • ថ្នាំ​កូ​វីដ-១៩! FDA អនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស Remdesirvir សម្រាប់​កុមារ​អាយុ​ពី ២៨ ថ្ងៃ​ឡើងទៅ

    ថ្នាំ​កូ​វីដ-១៩! FDA អនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស Remdesirvir សម្រាប់​កុមារ​អាយុ​ពី ២៨ ថ្ងៃ​ឡើងទៅ

    អាជ្ញាធរ​គ្រប់គ្រង​ចំណីអាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៥ មេសា ២០២២ បានផ្ដល់​សិទ្ធិ​ពេញលេញ​ជា​លើកដំបូង​សម្រាប់​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស Remdesivir ដែល​ផលិត​ដោយ​ក្រុមហ៊ុន Gilead Sciences ដើម្បី​ព្យាបាល​ក្មេង​តូច​ដែលមាន​អាយុ​ចាប់ពី ២៨ ខែ ឡើងទៅ។

    ការសម្រេច​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី FDA ពង្រីក​គោលដៅ​ដែល​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ សម្រាប់​ក្មេង​ដែលមាន​អាយុ​ក្រោម ១២ ឆ្នាំ និង​មាន​ទម្ងន់​យ៉ាងតិច ៣.៥ គីឡូក្រាម។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​សម្រាប់​ក្មេង​អាយុ​ក្រោម ១២ ឆ្នាំ ។

    យោងតាម​ការកំណត់​ថ្មី ថ្នាំ Remdesivir ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សំ​ដើម្បី​ព្យាបាល​ក្មេង​ដែល​បាន​ចូល​ពេទ្យ ឬ​មាន​រោគសញ្ញា​ពី​ស្រាល ដល់​មធ្យម និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​ប្រែជា​ធ្ងន់។

    បច្ចុប្បន្ន ក្នុង​ពិភពលោក​មាន​ថ្នាំ​ប្រឆាំង​វីរុស ៣ ប្រភេទ ដែល​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ រួមមាន ថ្នាំ Remdesivir, Favipiravir និង Molnupiravir។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០២ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៥ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០២ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៥ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៥ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០២ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ ព្រៃ​ស ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

    ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ ព្រៃ​ស ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

    ស្ថិតនៅ​ផ្លូវ​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី រួម​នឹង​ស្ថានីយ​ប្រេង​មួយកន្លែង​របស់ កាល់​តិច ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​ថ្ងៃទី ២៦ មេសា ២០២២ ក្រោម​វត្តមាន​ជា​អធិបតីភាព​របស់ ឯកឧត្តម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ពិធី​សម្ពោធ​ខាងលើ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង និង​ក្រុម​អ្នកជំនួញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ។

    ក្នុង​ពិធី​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ក្នុង​រយៈពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ កំណើន​នៃ​ការចុះបញ្ជី​យានយន្ត​អគ្គិសនី កើន​ដល់ ៧០០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១។

    ការប្រើប្រាស់​យានយន្ដ ម៉ូតូ និង​ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពល​អគ្គិសនី នឹងមាន​ការកើនឡើង​ច្រើន​នៅក្នុង​ពេលអនាគត នៅពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​ត្រូវបាន​ដំឡើង​យ៉ាង​ទូលំទូលាយ និង​នៅពេល​ប្រជាពលរដ្ឋ​កម្ពុជា​យល់ដឹង​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​យានយន្ដ​អគ្គិសនី នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម​ស៊ុន ចាន់ថុល។

    បច្ចុប្បន្ននេះ​អង្គការ UNDP កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ក្រសួង​សា​ធា​រណា​ការ ក្នុងការ​បង្កើត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការដំឡើង​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​ទូទាំងប្រទេស។ ក្រសួង ក៏មាន​បំណង​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​សិក្សា​បន្ថែម និង​អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​ទូលំទូលាយ​មួយ​ស្ដីពី​យានយន្ត​អគ្គិសនី​ផងដែរ។

    ក្រសួង​សាធារណការ បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Energy Lab និង​ក្រុមហ៊ុន GIZ ដើម្បី​ដាក់តាំង​បង្ហាញ​យានយន្ត និង​ម៉ូតូ​អគ្គិសនី​នៅ​ចំណត​យានយន្ត​ទីស្ដីការក្រសួង និង​បាន​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​លើកដំបូង ដែល​ផ្ដល់​ដោយ​អង្គការ UNDP នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២។ នៅឯ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ២៧ មេសា ក្រសួង​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​លើក​ទី ២ ដែល​ផ្ដល់​ដោយ​អង្គការ UNDP។