Author: សឿន សំណាង

  • ទីក្រុង​ប៉េកាំង ធ្វើតេស្ត​រក កូ​វីដ-១៩ លើ​មនុស្ស ២០ លាន​នាក់ រកឃើញ​ករណី​វិជ្ជមាន​ជាង ១០ នាក់

    ទីក្រុង​ប៉េកាំង ធ្វើតេស្ត​រក កូ​វីដ-១៩ លើ​មនុស្ស ២០ លាន​នាក់ រកឃើញ​ករណី​វិជ្ជមាន​ជាង ១០ នាក់

    ទីក្រុង​ប៉េកាំង បានបញ្ចប់​ជុំ​ទី ១ នៃ​ការធ្វើ​តេស្ត​រក​អ្នក​ឆ្លង កូ​វីដ-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ និង​បាន​រកឃើញ​មនុស្ស​ជាង ១០ នាក់ វិជ្ជមាន​នឹង វីរុស SARS-CoV-2 (កូ​វីដ-១៩) ក្នុងចំណោម​មនុស្ស​ជាច្រើន​លាន​នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត។

    តួលេខ​វិជ្ជមាន​នឹង កូ​វីដ-១៩ កើនឡើង​ខ្ពស់​កាលពី​ចុង​សប្ដាហ៍​កន្លង បាន​នាំឱ្យ​ក្រុមមន្ត្រី​នៅ ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្រេចចិត្ត​ធ្វើតេស្ត ៣ ជុំ ក្នុង​ទ្រង់ទ្រាយ​ធំ។ បញ្ចប់​ជុំ​ទី ១ នៃ​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ប៉េកាំង បាន​រកឃើញ​មនុស្ស ១២ នាក់ វិជ្ជមាន​នឹង កូ​វីដ-១៩ ក្នុងចំណោម​មនុស្ស​ជិត ២០ លាន​នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត។

    យោងតាម​លោក Li Ang អនុប្រធាន​គណៈកម្មកា​រ​សុខាភិបាល​នៃ ទីក្រុង​ប៉េកាំង ក្នុងចំណោម​សំណាក​ទាំង ១២ ករណី ដែល​វិជ្ជមាន​នឹង កូ​វីដ-១៩ នេះ មាន ៣ ករណី​ស្ថិតក្នុង «តំបន់​ដែល​កំពុង​បិទ​ខ្ទប់» ក្រោយ​ការរកឃើញ​ករណី​វិជ្ជមានដំបូង។ ក្រៅពីនេះ​គឺជា​ករណី​ដែល​ស្ថិត​ក្រៅ​តំបន់​បិទ​ខ្ទប់។

    អនុប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ ប្រទេស​ចិន Pang Xinghuo ឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី ២៣ ដល់ ២៧ ខែមេសា ទីក្រុង​ប៉េកាំង បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ចំនួន ១៣៨ នាក់ ក្នុងនោះ​មាន​កុមារ​ប្រហែល ១/។ លោក Pang ប​ន្ថ​ម​ថា ហានិភ័យ​បច្ចុប្បន្ន​គឺមាន​ភាព​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ។ អាជ្ញាធរ​ត្រូវតែ​អនុវត្ត​វិធានការ​ឱ្យបាន​ម៉ត់ចត់​ជាដាច់ខាត និង​កែសម្រួល​ប្រកបដោយ​ភាពបត់បែន​នូវ​វិធានការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ៕

  • បណ្ដា​ប្រទេស​ដែល​ «ដុត» ប្រាក់​ នៅ​ក្នុង​​​វិស័យ​ការពារជាតិ​ ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០២១

    បណ្ដា​ប្រទេស​ដែល​ «ដុត» ប្រាក់​ នៅ​ក្នុង​​​វិស័យ​ការពារជាតិ​ ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០២១

    នៅក្នុង​ឆ្នាំ ២០២១ ការចំណាយ​ប្រាក់​របស់​បណ្ដា​ប្រទេស​ទៅលើ​វិស័យ​ការពារជាតិ បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោលគឺ​ជាង ២.១ ទ្រី​លាន ឬ ២,១០០ ពាន់​លាន (២,១០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក។

    ក្នុងចំណោម ១០ ប្រទេស​ដែល​បាន​ចំណាយ​ថវិកា​ច្រើនជាងគេ​សម្រាប់​វិស័យ​យោធា ក្នុង​ឆ្នាំ ២០២១ គឺ​ឃើញថា សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​លេខ ១ ប៉ុន្តែ ប្រទេស​នេះ​បាន​កាត់បន្ថយ​កញ្ចប់​ថ​វិកា​ការពារជាតិ ធៀប​នឹង​ឆ្នាំ ២០២០។

    យោងតាម​គេហ​​ទំព័រ SIPRI ប្រទេស​ចំនួន ១០ ដែល​ចំណាយ​ប្រាក់​ច្រើនជាងគេ​ទៅលើ​វិស័យ​ការពារជាតិ រួមមាន សហរដ្ឋ​អាម៉េរិក ចំណាយ​រហូតដល់ ៨០១ ពាន់​លាន​ដុល្លារ, ចិន ចំណាយ​ដល់ ២៩៣ ពាន់​លាន​ដុល្លារ, ឥណ្ឌា (៧៦.៦ ពាន់​លាន​ដុល្លារ), អង់គ្លេស (៦៨.៥ ពាន់​លាន​ដុល្លារ), រុស្ស៊ី (៦៥.៩ ពាន់​លាន​ដុល្លារ), បារាំង (៥៦.៦ ពាន់​លាន​ដុល្លារ), អាល្លឺម៉ង់ (៥៦ ពាន់​លាន​ដុល្លារ), អា​រ៉ា​ប៊ី​សា​អូឌីត (៥៥.៦ ពាន់​លាន​ដុល្លារ), ជប៉ុន (៥៤.១ ពាន់​លាន​ដុល្លារ) និង កូរ៉េខាងត្បូង (៥០.២ ពាន់​លាន​ដុល្លារ)។

    កញ្ចប់​ថវិកា​សម្រាប់​ការពារជាតិ​របស់ ប្រទេស​ចិន នៅ​ក្នុង​ឆ្នាំ ២០២១ កើនឡើង ៤.៧% ធៀប​នឹង​ឆ្នាំ ២០២០ ឈរ​លំដាប់​ទី ២ ស្មើនឹង កូរ៉េខាងត្បូង បន្ទាប់ពី ជប៉ុន នៅក្នុង​ចំណោម​ប្រទេស​ដែល​បាន​បង្កើន​ខ្ទង់ចំណាយ​លើ​វិស័យ​ការពារជាតិ​ក្នុង​ឆ្នាំ ២០២១។

    ចំណែក​ប្រទេស​ដែល​បាន​កាត់បន្ថយ​កញ្ចប់​ថ​វិកា​សម្រាប់​វិស័យ​យោធា​ក្នុង​ឆ្នាំ ២០២១ រួមមាន អា​រ៉ា​ប៊ី​សា​អូឌីត (កាត់បន្ថយ ១៧%), សហរដ្ឋ​អាម៉េរិក និង អាល្លឺម៉ង់ (កាត់បន្ថយ ១.៤%)៕

  • ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​មួយកន្លែង​ទៀត ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ផ្សារ​ទំនើប ក្នុង​ ខេត្ត​ព្រះសីហនុ

    ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​មួយកន្លែង​ទៀត ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ផ្សារ​ទំនើប ក្នុង​ ខេត្ត​ព្រះសីហនុ

    ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) និង មណ្ឌល​ផ្ដល់​សេវាសាធារណៈ នៅ​ផ្សារ​ទំនើប FURI ស្ថិតនៅ​សង្កាត់​លេខ ៣ ក្រុង ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២៧ មេសា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ការដាក់ឱ្យ​ដំណើរការ​នូវ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី និង មណ្ឌល​ផ្ដល់​សេវាសាធារណៈ នៅ​ក្រុងព្រះសីហនុ នេះ គឺជា​មោទកភាព​ថ្មី​មួយទៀត​សម្រាប់ ខេត្ត​ព្រះសីហនុ។ នេះ​បើតាម លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ។

    មណ្ឌល​ផ្តល់ សេវាសាធារណៈ​នៅ​ផ្សារ​ទំនើប (Furi Time Square Mall) នេះ នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ដូចជា ការចុះបញ្ជី​យានយន្ត, ផ្ទេរកម្មសិទ្ធិ​យានយន្ត, ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត(ឆៀក) និង​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​បាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព តាមរយៈ​ការប្រើប្រាស់​យន្តការ​បច្ចេក​វិទ្យា​ទំនើប។

    ចំណែក ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី នៅក្នុង ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្កើតឡើង មិន​ត្រឹមតែ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​សាធារណជន អំពី​បច្ចេកវិទ្យា ឧបករណ៍​បរិក្ខារ និង​អត្ថប្រយោជន៍​នានា​នៃ​យានយន្ត​អគ្គិសនី និង​ការជំរុញ​ការប្រើប្រាស់​យានយន្ដ​អគ្គិសនី​នៅ កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​លើកមុខ​មាត់​របស់ ខេត្ត​ព្រះសីហនុ ផងដែរ។ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី នេះ គឺមាន​ការរួមចំណែក​មួយ​របស់ អង្គការ UNDP ដោយបាន​ផ្តល់​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​ចំនួន ៤ គ្រឿង សម្រាប់​ដាក់​តាម​បណ្តា​រាជធានី ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និង ខេត្ត​ព្រះសីហនុ។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការបើក​ឱ្យ​ដំណើរការ​មណ្ឌល​ផ្ដល់​សេវាសាធារណៈ និង ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិ នៅ​ផ្សារ​ទំនើប FURI គឺ​ដើម្បី​ផ្ដល់​សេវា ឱ្យ​កៀក​នឹង​ប្រជាពលរដ្ឋ។ លោក​ថា យើង​ជា​មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​រាស្ត្រ៕

  • ធនាគារពិភពលោក​ព្យាករ​ថា តម្លៃ​ថាមពល ស្បៀងអាហារ​នឹង​ឡើង​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល ៣ ឆ្នាំ​ទៀត

    ធនាគារពិភពលោក​ព្យាករ​ថា តម្លៃ​ថាមពល ស្បៀងអាហារ​នឹង​ឡើង​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល ៣ ឆ្នាំ​ទៀត

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​នាំឱ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​របស់​ពិភពលោក ឡើងថ្លៃ​ខ្ពស់​ខ្លាំង​ក្នុង​រង្វង់ ៣ ឆ្នាំ​ទៅមុខទៀត ធ្វើឱ្យមាន​ការបារម្ភ​ថា សេដ្ឋកិច្ច​សកល​កំពុង​ឆ្ពោះទៅរក​ដាន​នៃ​ឱនភាព និង​អតិផរណា​ខ្ពស់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។

    ក្នុងការ​វិភាគ​មួយ ធនាគារពិភពលោក (World Bank/WB) ដែលមាន​ទីស្នាក់ការ​នៅ ទីក្រុង​វ៉ា​ស៊ី​ង​តោន ឱ្យដឹងថា តម្លៃ​ទំនិញ​ឡើង​ខ្ពស់​អាច​រក្សា​រហូតដល់​ចុងឆ្នាំ ២០២៤ និង​បង្ក​ឱ្យ​ស្ថានភាព​អតិផរណា​ខ្ពស់ មិន​ប្រែប្រួល។ ប្រការនេះ​បង្ហាញថា កំណើនសេដ្ឋកិច្ច និង​ការ​ទិញដូរ​របស់​អ្នកប្រើប្រាស់​ត្រូវ​ថយចុះ ខណៈដែល​អត្រា​បាត់បង់​ការងារ​មាន​កម្រិត​ខ្ពស់ ចំណែក​តម្លៃ​ទំនិញ​ក៏​កើនឡើង​យ៉ាង​លឿន។

    យោងទៅលើ​ស្ថានការណ៍​រអាក់រអួល​នៃ​សកម្មភាព​ជំនួញ និង​ចង្វាក់​ផលិតកម្ម ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន WB ព្រមាន​ថា តម្លៃ​ថាមពល​នឹង​កើន ៥០% ក្នុងឆ្នាំនេះ។ ប្រេង Brent នឹង​កើន​ដល់​កម្រិត​មធ្យម ១០០ ដុល្លារ/ធុង នៅ​ឆ្នាំ ២០២២ ហើយ​ធ្លាក់​ទៅរក ៩២ ដុល្លារ​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ តួលេខ​នេះ​នៅតែ​ខ្ពស់ជាង​តម្លៃ​មធ្យម ៦០ ដុល្លារ/ធុង ធៀប​នឹង​រយៈពេល ៥ ឆ្នាំ។

    តម្លៃ​ឧស្ម័ន​របស់ អឺរ៉ុប នឹង​ខ្ពស់ជាង​ទ្វេដង​នៅក្នុង​ឆ្នាំ ២០២២ ធៀប​នឹង​ឆ្នាំ ២០២១ ខណៈដែល​ធ្យូងថ្ម​នឹង​កើនឡើង​ជាង ៨០%។ ចំណែក​ស្រូវ​សាលី​វិញ នឹង​ឡើងថ្លៃ​ជាង ៤០% ក្នុងឆ្នាំនេះ ធ្វើឱ្យប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ស្រូវ​សាលី​ពី រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    រុស្ស៊ី គឺជា​ប្រទេស​ដែល​នាំចេញ​ឧស្ម័ន​ធម្មជាតិ និង​ជី​ដាក់​ដំណាំ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ទន្ទឹមនឹងនេះ រុស្ស៊ី ក៏​ជា​ប្រទេស​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី ២ ផងដែរ។ ចំណែក អ៊ុយ​ក្រែ​ន វិញ នាំចេញ​ស្រូវ​សាលី​ជិត ៣៣%, ពោត ១៩% និង​ប្រេង​ឈូករ័ត្ន ៨០% ធៀប​នឹង​ពិភពលោក​ទាំងមូល៕

  • នាវាមុជទឹក​ប្រណិត អាច​ដឹក​ភ្ញៀវ​ទេសចរណ៍ បាន ៩ នាក់ និង​អាច​មុជ​ជម្រៅ ២០០ ម៉ែត្រ

    នាវាមុជទឹក​ប្រណិត អាច​ដឹក​ភ្ញៀវ​ទេសចរណ៍ បាន ៩ នាក់ និង​អាច​មុជ​ជម្រៅ ២០០ ម៉ែត្រ

    (ហូ​ឡង់)-នាវាមុជទឹក Nexus បំពាក់​ថ្ម​ដែល​អាច​ដំណើរការបាន ១៨ ម៉ោង និង​មាន​បង្អួច​ធំ​ទូលាយ អាច​មើលឃើញ​ស្ទើរ​គ្រប់​ទិស។

    ក្រុមហ៊ុន​អភិវឌ្ឍ​នាវាមុជទឹក U-Boat Worx (ហូ​ឡង់) បង្ហាញ​ម៉ូ​ដែល​នាវាមុជទឹក​ថ្មី​ដែលមាន​ឈ្មោះថា Nexus នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី ២២ មេសា។ Nexus មាន​កំណែ​ចំនួន ២ ក្នុងនោះ ទី ១ ដឹក​មនុ​ស្សបាន ៨ នាក់ រួមទាំង​ក្មេង ២ នាក់ និង​អ្នកបើកបរ​ម្នាក់ ចំណែក​កំណែ​ទី ២ ដឹក​មនុ​ស្សបាន ៧ នាក់។ កំណែ​ទាំង ២ នេះ សុទ្ធ​តែមាន​រូបរាង​ដូច​ទៅនឹង​ពងក្រពើ។

    U-Boat Worx បំពាក់​ទ្វារ​ចេញចូល​ធំ​បំផុត​សម្រាប់​នាវា​តូច​ដូច Nexus ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវ ខណៈដែល​ជណ្ដើរយន្ត​ក៏​អាច​ត្រូវបាន​បំពាក់​បន្ថែម។

    Nexus ត្រូវបាន​ផលិតឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការទម្លាក់​ចូល​ទឹកសមុទ្រ និង​ទាញ​ឡើង​ដោយ​នាវា​នៅលើ​ផ្ទៃ​ទឹក ប៉ុន្តែ​ក៏​អាច​នាំចូល​ទឹកសមុទ្រ​ពី​ដីគោក។ ប្រព័ន្ធ​បញ្ជា​គ្មាន​ខ្សែ ជួយ​ឱ្យ​នាវា​នេះ​ផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​នាវា​ជំនួយ និង​ជួយ​ឱ្យ​វា​ស្ថិតនៅត្រង់​ទីតាំង​កំណត់។ នាវា Nexus អាច​មុជ​ចុះ​ដល់​ជម្រៅ ២០០ ម៉ែត្រ។

    នាវា​នេះ​ប្រើប្រាស់​ថ្ម Li-ion ៦២ គីឡូវ៉ាត់ម៉ោង ស៊ូ​បាន​យ៉ាង​ល្អ​ជាមួយនឹង​សម្ពាធ​ទឹក និង​អាច​ដំណើរការបាន ១៨ ម៉ោង ក្រោយពី​បញ្ចូល​ថាមពល​ពេញ ដែល​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​មុជទឹក ១០ ជើង​ជា​រៀងរាល់ថ្ងៃ។ Nexus បំពាក់​ម៉ាស៊ីន​ចំនួន ១០ ដែលមាន​ថាមពល ៦.៤ គីឡូវ៉ាត់ អាច​បើកបរ​ក្នុង​ល្បឿន ៥.៦ គីឡូម៉ែត្រ/ម៉ោង និង​អាច​ផ្លាស់​ទី​ទៅកាន់​ទិស​ណា​ក៏បាន។

    នាវា Nexus អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​តំបន់​ទេសចរណ៍​លំដាប់​ប្រណិត បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​ផ្លូវទឹក និង​អតិថិជន​គ្រប់រូប​ដែលមាន​បំណង​ទិញ​ប្រើ​ជា​លក្ខណៈ​ឯកជន។ ក្រុមហ៊ុន U-Boat Worx មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ​របស់​នាវា Nexus នៅឡើយ ប៉ុន្តែ គេ​ជឿថា វា​ទំនងជា​នឹងមាន​តម្លៃ​ខ្ពស់។

    https://www.youtube.com/watch?v=rTfD79ZiP8I

  • ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាមួយនឹង អ៊ុយ​ក្រែ​ន

    ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាមួយនឹង អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​របស់​ខេត្ត Belgorod ជាប់​នឹង​ព្រំដែន​រវាង អ៊ុយ​ក្រែ​ន-រុស្ស៊ី ប្រកាសថា មាន​ករណី​អគ្គិភ័យ​នៅឯ​ឃ្លាំង​ដាក់​គ្រាប់រំសេវ ប៉ុន្តែ មិនទាន់​រកឃើញ​អ្នកស្លាប់ និង​រងរបួស​នៅឡើយ។

    «ខ្ញុំ​ទើបតែ​បាន​ទាក់ទង​ទៅកាន់ Denis Zolotukhin មេដឹកនាំ​តំបន់ Golovinsky។ យោងតាម​ព័ត៌មាន​បឋម ឃ្លាំង​ដាក់​គ្រាប់រំសេវ​មួយ​នៅក្បែរ​ភូមិ Staraya Nelidovka ត្រូវបាន​ភ្លើង​ឆាបឆេះ» លោក Vyacheslav Gladkov អភិបាលខេត្ត Belgorod បង្ហោះ​សារ​នៅលើ Telegram នា​ថ្ងៃទី ២៧ មេសា​ដូច្នេះ។ មុន​នោះ លោក​អភិបាល Gladkov ឱ្យដឹងថា លោក​បាន​ភ្ញាក់​ដឹងខ្លួន​ពី​ដំណេក ដោយសារតែ​សំឡេង​លាន់ឮ​ដូច​សំឡេង​ផ្ទុះ។

    «អគ្គិភ័យ​នៅឯ​ឃ្លាំង​គ្រាប់រំសេវ Staraya Nelidovka ត្រូវបាន​ពន្លត់​អស់ហើយ។ Sergey Potapov ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ខេត្ត Belgorod បាន​ប្រាប់ថា ពុំមាន​អ្នករងរបួស និង​ស្លាប់​នោះទេ ហើយ​ផ្ទះសំបែង​ក៏​មិនមាន​ខូចខាត​ដែរ» លោក Gladkov ប្រកាស​ដូច្នេះ ប៉ុន្តែ មិនទាន់បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​នៅឡើយ​ដែលនាំឱ្យ​កើតមាន​អគ្គិភ័យ​នេះ​ទេ។

    ខេត្ត Belgorod ស្ថិតនៅ​ភាគ​ខាងលិច​របស់ ប្រទេស​រុស្ស៊ី ជាប់​នឹង​តំបន់ Luhansk, Sumy និង Kharkov របស់ អ៊ុយ​ក្រែ​ន។ ទីក្រុង​មូ​ស្គូ ក្នុង​ខែ​នេះ​បាន​ចោទប្រកាន់ អ៊ុយ​ក្រែ​ន ថា បាន​វាយប្រហារ​ឃ្លាំង​ប្រេង​មួយ​នៅ​ខេត្ត Belgorod ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​កាំភ្លើង បណ្ដាលឱ្យ​អគារ និង​សំណង់​ជាច្រើន​ត្រូវ​ខូចខាត។

    ចំណែក​ភាគី​ខាង អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

  • មន្ត្រី​របស់ រុស្ស៊ី ព្រមាន​ថា អ៊ុយ​ក្រែ​ន អាច​ត្រូវបាន​បំបែក​ជា​ប្រទេសតូចៗ

    មន្ត្រី​របស់ រុស្ស៊ី ព្រមាន​ថា អ៊ុយ​ក្រែ​ន អាច​ត្រូវបាន​បំបែក​ជា​ប្រទេសតូចៗ

    អគ្គលេខា​នៃ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Patrushev ព្រមាន​ថា ការដែល «អាម៉េរិក ប្រើប្រាស់ ទីក្រុង​កៀវ ដើម្បី​ធ្វើឱ្យ មូ​ស្គូ ចុះខ្សោយ» អាច​បណ្ដាលឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​កាត់​បំបែកចេញ​ជា​ប្រទេសតូច។

    ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Rossiyshkya Gazeta កាលពី​ថ្ងៃទី ២៦ មេសា អគ្គលេខា​នៃ​ក្រុមប្រឹក្សាសន្តិសុខ របស់ រុស្ស៊ី លោក Nikolai Patrushev ថ្លែងថា សហរដ្ឋ​អាម៉េរិក ច្រើន​ឆ្នាំ​មកនេះ​បាន​ព្យាយាម​បង្កហេតុ​ធ្វើឱ្យ ជនជាតិ​អ៊ុយ​ក្រែ​ន ស្អប់​គ្រប់យ៉ាង​ដែល​ទាក់ទិន​នឹង រុស្ស៊ី។

    «ការប្រើប្រាស់​អាយ៉ង​នៅ ទីក្រុង​កៀវ ក្នុងការ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​លើ រុស្ស៊ី ជនជាតិ​អាម៉េរិក ក៏បាន​សម្រេច​បង្កើត​ភាគី​ជាស​ត្រូវ​របស់​ប្រទេសជាតិ​យើង និង​ជ្រើសរើស អ៊ុយ​ក្រែ​ន សម្រាប់​កិច្ចការ​នេះ។ លទ្ធផល​ពី​គោលនយោបាយ​របស់លោក​ខាងលិច និង អាជ្ញាធរ​នៅ ទីក្រុង​កៀវ គ្រាន់តែ​អាច​នាំមក​នូវ​ផលវិបាក នោះ​គឺ អ៊ុយ​ក្រែ​ន អាច​ត្រូវបាន​បំបែក​ជា​ប្រទេសតូច»។

    ដំណាក់កាល​ថ្មី​ក្នុង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុង​ផ្ដោតទៅលើ​តំបន់ Donbass ជាទី​ដែល​ក្រុម​ផ្ដាច់ខ្លួន​ស្និទ្ធ​នឹង រុស្ស៊ី បាន​គ្រប់គ្រង​មួយផ្នែក​រាប់​ចាប់ពី​ឆ្នាំ ២០១៤។ ការគ្រប់គ្រង​បាន Donbass នឹង​អនុញ្ញាតឱ្យ រុស្ស៊ី បង្កើត​ច្រក​នៅលើ​ដីគោក​ដែល​ភ្ជាប់​ទៅនឹង ឧបទ្វីប Crimea ដែល រុស្ស៊ី បាន​កាត់​យក​ពី អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០១៤។

    ចំណែក​មេដឹកនាំ​របស់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk បានបង្ហាញ​នូវ​គោលបំណង​ក្នុង​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ដែនដី​ទាំងនេះ ជាមួយនឹង ប្រទេស​រុស្ស៊ី។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៥ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៦ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៥ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៦ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៦ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០៥ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • តម្លៃ​មូលធន​ទីផ្សារ​របស់ Tesla បាត់​បង់អស់ ១២៦ ពាន់​លាន​ដុល្លារ ក្នុង​មួយថ្ងៃ

    តម្លៃ​មូលធន​ទីផ្សារ​របស់ Tesla បាត់​បង់អស់ ១២៦ ពាន់​លាន​ដុល្លារ ក្នុង​មួយថ្ងៃ

    ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កាលពី​ម្សិលមិញ ថយចុះ​ជាង ១២% ដោយសារតែ​អ្នកវិនិយោគ​បារម្ភ​ថា មហាសេដ្ឋី Elon Musk នឹង​លក់​ភាគហ៊ុន​ខ្លះ​ដើម្បី​យកប្រាក់​ទៅ​ទិញ Twitter។

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៦ មេសា ភាគហ៊ុន Tesla ដាំ​ក្បាល​ចុះ ១២.២% មក​នៅត្រឹម ៨៧៦ ដុល្លារ/ហ៊ុន។ ប្រការនេះ​បណ្ដាលឱ្យ​តម្លៃ​មូលធន​ទីផ្សារ​ (Market Capitalization) ​នៃ​ក្រុមហ៊ុន Tesla របស់ Elon Musk បាត់បង់ ១២៦ ពាន់​លាន​ដុល្លារ មក​នៅត្រឹម ៩០៨ ពាន់​លាន​ដុល្លារ។

    រាប់​ចាប់តាំងពី​ថ្ងៃទី ៤ មេសា ២០២២ ជា​ពេលដែល​លោក Musk ប្រកាស​បង្កើន​ភាគហ៊ុន​នៅក្នុង​បណ្ដាញ​សង្គម Twitter គេ​ឃើញថា មូលធន​ទីផ្សារ​របស់ Tesla ថយចុះ​រហូតដល់​ជាង ២៧៥ ពាន់​លាន​ដុល្លារ ប្រហាក់ប្រហែល​នឹង ២៣%។ តម្លៃ​នៃ​ភាគហ៊ុន​ចំនួន ១៧% របស់​មហាសេដ្ឋី Elon Musk នៅក្នុង​ក្រុមហ៊ុន Tesla ក៏បាន​បាត់បង់​ជាង ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ផងដែរ។

    ខាង​ក្រោម​នេះ​គឺជា​ការ​ប្រែប្រួល​នៃ​តម្លៃ​ភាគ​ហ៊ុន​ Tesla ក្នុង​ថ្ងៃទី ២៦ មេសា ២០២២៖

  • ការប្រកួត​កីឡា​ជាតិ ឆ្នាំ ២០២២ នឹងធ្វើ​ឡើង​នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ

    ការប្រកួត​កីឡា​ជាតិ ឆ្នាំ ២០២២ នឹងធ្វើ​ឡើង​នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ

    ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី ៣ ឆ្នាំ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី ១៧ ដល់ ២៨ វិច្ឆិកា ២០២២ បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ សជណ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម អ៊ី​ន វីរ​ជាតិ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ២៥ មេសា ២០២២។

    ការអនុញ្ញាត​ខាងលើ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ស្នើសុំ​គោលការណ៍ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ៣ នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

    កន្លងមក កម្ពុជា ធ្លាប់​បានរៀបចំ​ការប្រកួត​កីឡា​ជាតិ តាម​ទម្រង់​ហ្គេម ដោយ​ជោគជ័យ​ចំនួន ២ លើក​មកហើយ ក្នុងនោះ លើក​ទី ១ កាលពី​ឆ្នាំ ២០១៦ និង​លើក​ទី ២ កាលពី​ឆ្នាំ ២០១៨។ ព្រឹត្តិការណ៍​កីឡា​ជាតិ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែលជា​លើកដំបូង​បង្អស់​ត្រូវធ្វើ​ឡើង​នៅ កម្ពុជា។

    ការប្រកួត​កីឡា​ជាតិ លើក​ទី ៣ នឹងត្រូវ​រៀបចំ​ការប្រកួត​នៅ​ទីលាន នៃ រាជធានី-ខេត្ត ចំនួន ៦ ក្នុងនោះ ក៏មាន​នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផងដែរ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក-បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣។

    ស្មារតី​កិច្ច​នៃ​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន នាពេល​កន្លង ឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និង​គណៈកម្មការ សរុប​ប្រមាណ​ជា ៧,០០០ នាក់ នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ដែលមាន​ការប្រកួត​កីឡា​ចំនួន ៣៩ ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ចំនួន ៧ ប្រភេទ នា​ចុង​ឆ្នាំនេះ។