Author: សឿន សំណាង

  • ផ្លូវ​រូង​ក្រោម​ដី​ថ្មី ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze កំពុង​ត្រូវបាន​ស្ថាបនា​នៅ​តំបន់ Wuhu

    ផ្លូវ​រូង​ក្រោម​ដី​ថ្មី ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze កំពុង​ត្រូវបាន​ស្ថាបនា​នៅ​តំបន់ Wuhu

    ប្រទេស​ចិន កំពុង​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​មួយ​ខ្សែ​សម្រាប់​ជា​ផ្លូវ​ល្បឿន​លឿន​ទ្វេ​ទិស ប្រវែង ៦ គីឡូម៉ែត្រ ឆ្លងកាត់​បាតទន្លេ Yangtze ក្នុង​ខេត្ត Anhui។

    ផ្លូវ​រូង​ក្រោម​ដី​មួយ​ខ្សែ​នេះ កំពុង​ត្រូវបាន​ស្ថាបនា​នៅក្នុង​ទីរួមស្រុក Wuhu នៃ​ខេត្ត Anhui នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ចិន។ ដោយមាន​បណ្ដោយ​ប្រវែង​ប្រហែល ៦ គីឡូម៉ែត្រ នេះ​គឺជា​ផ្លូវ​រូង​ក្រោម​ដំបូង​ដែល​ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze នៃ​ខេត្ត Anhui។

    សំណង់​នេះ​ស្ថិតនៅ​ជម្រៅ ៧០ ម៉ែត្រ ខាងក្រោម​បាតទន្លេ និង​មាន​ផ្លូវ​ល្បឿន​លឿន​ទ្វេ​ទិស ៦ គន្លង ដែល​អាច​បើកបរ​ក្នុង​ល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង។

    គម្រោង​ដែលមាន​ឈ្មោះ​ថា Wuhu City South Crossing River Tunnel នេះ​ ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ចុងឆ្នាំ ២០២៤ នេះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​តំបន់​ថ្មី និង​តំបន់​ទីក្រុង​របស់ Wuhu ចុះមក​នៅត្រឹម ៥ នាទី នៅពេល​ជិះ​រថយន្ត។

  • ភាគហ៊ុន Alibaba ធ្លាក់​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ CCTV ផ្សាយ​ថា Hangzhou បានដាក់​កំហិត​លើ​​បុគ្គល​​​ម្នាក់​​ដែល​មានត្រកូល Ma

    ភាគហ៊ុន Alibaba ធ្លាក់​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ CCTV ផ្សាយ​ថា Hangzhou បានដាក់​កំហិត​លើ​​បុគ្គល​​​ម្នាក់​​ដែល​មានត្រកូល Ma

    ក្រុម​អ្នកវិនិយោគ​នៅ Alibaba ហាក់បីដូច​កំពុង​អង្គុយ​ក្បែរ​អណ្ដាតភ្លើង​ដ៏​ក្ដៅ នៅពេល​បញ្ហា​នេះ​កើតឡើង។

    យោងតាម​ទំព័រ Bloomberg ភាគហ៊ុន​របស់ Alibaba Group Holding ទើបតែ​បានឃើញ​នូវ​ការធ្លាក់ចុះ​ជាង ៩% បន្ទាប់ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នៅ​ទីក្រុង Hangzhou បានដាក់​បទបញ្ជា​រឹតត្បិត​លើ​បុគ្គល ១ រូប​ដែលមាន​ត្រកូល Ma។

    ភាគហ៊ុន​របស់ Alibaba ក្រោយមក​ក៏បាន​ងើបឡើង​ជិត​ដល់​តម្លៃ​ដើម បន្ទាប់ពី​ប៉ូលិស​ក្រុង Hangzhou បានចេញ​ប្រកាស​មួយ​ដែល​ដូច​ទៅនឹង​ការផ្សាយ​របស់ CCTV ប៉ុន្តែ មានការ​ប្ដូរផ្លាស់​តិច​តួច​ដែល​បង្ហាញថា ឈ្មោះ​របស់​ជនជាប់ចោទ​មាន ៣ ពាក្យ។ ចំណែក ឈ្មោះ​របស់​មហាសេដ្ឋី Jack Ma សហ​ស្ថាបនិក​របស់ Alibaba នៅក្នុង​ភាសា​ចិន មានតែ ២ ពាក្យ គឺ Ma Yun (马云)។

    របាយការណ៍​ដំបូង​ឱ្យដឹងថា បុគ្គល​ដែល​ត្រូវបាន​គេ​លាក់​ឈ្មោះ​នេះ ត្រូវបាន​អនុវត្ត​នូវ​អ្វីដែល​គេ​ហៅថា «វិធានការ​បង្ខំ» កាលពី​ថ្ងៃទី ២៥ មេសា ក្រោយពី​ត្រូវបាន​ចោទ​ពីបទ​អុជអាល​ដើម្បី​ផ្ដួលរំលំ​រដ្ឋអំណាច និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ នេះ​គឺជា​ព័ត៌មាន​ដែល CCTV បាន​ចុះផ្សាយ ដោយ​ដកស្រង់​ពី​អង្គភាព​សន្តិសុខ​សាធារណៈ ដែល​មិនមាន​ការបកស្រាយ​អ្វី​បន្ថែម។

    ថ្វីបើ​មាន​ខ្លឹមសារ​ខ្លី ប៉ុន្តែ វា​បានធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​ក្នុង​រយៈពេល​យូរ​របស់ ទីក្រុង​ប៉េកាំង ទៅលើ​គ្រប់​កន្លុកកន្លៀត​នៃ​វិស័យ​អ៊ី​ន​ធើរ​ណិ​ក ដោយ​ការចាប់ផ្ដើម​សំពង​លើ​មហាសេដ្ឋី Jack Ma ដំបូង​គេ។ មុន​នោះ អាជ្ញាធរ​ចិន បាន​ផ្អាក​គម្រោង IPO របស់ Ant Group Co. មុនពេល​ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​អំណាច និង​ការរីកចម្រើន​យ៉ាង​លឿន​របស់​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណិ​ត។

    ក្រុមមន្ត្រី​ចិន នៅ​ទីក្រុង Hangzhou ជាទី​ដែល​ទាំង Alibaba ទាំង Ant សុទ្ធ​តែមាន​ការិយាល័យ​កណ្ដាល មិនបាន​អធិប្បាយ​អ្វី​ចំពោះ​បញ្ហា​នេះ។ ចំណែក​តំណាង​របស់ Alibaba និង Ant ក៏​មិនបាន​ឆ្លើយតបភ្លាមៗទៅនឹង​សំណួរ​ពី Bloomberg ទាក់ទិន​នឹង​បញ្ហា​ខាងលើ៕

  • អង់គ្លេស ផ្ដល់ជំនួយ​យោធា​បន្ថែម ៣៧៥ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    អង់គ្លេស ផ្ដល់ជំនួយ​យោធា​បន្ថែម ៣៧៥ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​នៃ ប្រទេស​អង់គ្លេស ឱ្យដឹងថា នឹង​ផ្ដល់ជំនួយ​យោធា​តម្លៃ ៣៧៥ លាន​ដុល្លារ​បន្ថែមទៀត ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​សម្រាប់​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច និង​ប្រព័ន្ធ​រ៉ា​ដា​ផងដែរ។

    យោងតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស ទន្ទឹមនឹង​យោ​ធូប​ករ​ណ៍ផ្សេងៗ ទីក្រុង​ឡុង​ដ៍ ក៏​នឹង​ផ្ដល់​ឧបករណ៍​សម្រាប់​មើល​ពេលយប់ ឧបករណ៍​រំខាន​ដល់​ការកំណត់​ទិស​របស់​ផ្កាយរណប យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ធ្ងន់ ដល់​កងទ័ព​របស់ អ៊ុយ​ក្រែ​ន រួម​នឹង​រថពាសដែក​មួយចំនួន​សម្រាប់​ក្រុមមន្ត្រី​ស៊ីវិល។

    អង់គ្លេស បានផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ជាច្រើន​មកហើយ ក្នុងនោះ​មានដូចជា មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ជាង ៥,០០០ ដើម រួម​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន ៥ ឈុត ក៏ដូចជា​គ្រាប់រំសេវ​ជាច្រើន​ប្រភេទ រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លាន​ពាន​​លើ ទឹកដី​អ៊ុយ​ក្រែ​ន។

    ចំណែក សហរដ្ឋ​អាម៉េរិក វិញ មកដល់​បច្ចុប្បន្ន បានផ្ដល់​ជំនួយ​យោធា ៣ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន។ ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​សប្ដាហ៍​កន្លង បានស្នើ​ឱ្យ​សភា អនុម័ត​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ​រហូតដល់ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

  • អាល្លឺម៉ង់ ប្រកាស​ថា បាន​​ត្រៀម​ខ្លួន​​​រួច​រាល់​​ហើយ​ សម្រាប់​​ការ​ហាម​ឃាត់​​ប្រេង​​របស់ ​រុស្ស៊ី

    អាល្លឺម៉ង់ ប្រកាស​ថា បាន​​ត្រៀម​ខ្លួន​​​រួច​រាល់​​ហើយ​ សម្រាប់​​ការ​ហាម​ឃាត់​​ប្រេង​​របស់ ​រុស្ស៊ី

    រដ្ឋមន្ត្រី​ពីររូប​របស់ ប្រទេស​អាល្លឺម៉ង់ ឱ្យដឹងថា ប្រទេស​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការគាំទ្រ EU ដាក់​ការហាមឃាត់ភ្លាមៗលើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី។

    «អាល្លឺម៉ង់ មិន​ប្រឆាំងនឹង​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី។ ថ្វីបើ​វា​គឺជា​អ​ម្រែ​ក​ធ្ងន់ ប៉ុន្តែ យើង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្តតាម» រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ Robert Habeck បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ២ ឧសភា នៅពេល​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមមន្ត្រី​របស់ សហភាព​អឺរ៉ុប (EU) នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    លោក Robert Habeck បន្តថា អាល្លឺម៉ង់ នឹង​គាំទ្រ​បទបញ្ជា​របស់ EU បើ​ទោះ​វា​កើតឡើងភ្លាមៗ ឬ​នៅ​ចុងឆ្នាំ​នេះ។

    រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ លោក Robert Habeck

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់ អាល្លឺម៉ង់ Christian Lindner ក៏បាន​ថ្លែងថា អាល្លឺម៉ង់ ពិតជា​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​បទបញ្ជា​ហាមឃាត់ភ្លាមៗ លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី។ «ពេលនេះ យើង​អាច​បោះបង់​ធ្យូងថ្ម និង​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី សូម្បីតែ​នៅពេល​ប្រេង​ឡើងថ្លៃ» លោក​អះអាង​ដូច្នេះ។

    អ្នកការទូត​ពីររូប​របស់ EU កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា សហភាព​អឺរ៉ុប កំពុង​ឆ្ពោះទៅរក​បទបញ្ជា​ហាមឃាត់​ការនាំ​ចូល​ប្រេង​ពី រុស្ស៊ី នៅ​ចុង​ឆ្នាំនេះ ក្នុង​បំណង​រួមចំណែក​ក្នុងការ​អនុវត្ត​កញ្ចប់​ទណ្ឌកម្ម​ទី ៦ សំដៅលើ ទីក្រុង​មូ​ស្គូ ព្រោះតែ​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន៕

  • មហាសេដ្ឋី Elon Musk ខក​ចិត្ត​ នៅ​ពេល​ Donald​ Trump​ នៅ​តែ​​មិន​​​អាច​​ចូល​​ប្រើ​ Twitter

    មហាសេដ្ឋី Elon Musk ខក​ចិត្ត​ នៅ​ពេល​ Donald​ Trump​ នៅ​តែ​​មិន​​​អាច​​ចូល​​ប្រើ​ Twitter

    លោក Elon Musk ត្រូវបាន​គេ​ជឿថា មិន​ពេញចិត្ត ពេលដែល​អតីត​ប្រធានាធិបតី​របស់ សហរដ្ឋ​អាម៉េរិក លោក Donald Trump នៅតែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រើ​គណនី Twitter។

    យោងតាម Wall Street Journal មនុស្ស​មួយចំនួន​ដែល​ធ្លាប់បាន​និយាយ​ជាមួយ​នាយក​ប្រតិបត្តិ​របស់ SpaceX ថ្មីៗនេះ បានឱ្យដឹងថា លោក Musk បានបង្ហាញ​ការខកចិត្ត ព្រោះតែ​បទបញ្ជា​ហាម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ចំពោះ​លោក Trump នៅតែ​ត្រូវបាន​គេ​អនុវត្ត។ ក៏ប៉ុន្តែ លោក Musk មិនបាន​និយាយ​អំពី​ប្រការ​ដែលថា លោក​នឹង​ផ្លាស់ប្ដូរ​គោលការណ៍ ឬ​លើកឡើង​នូវ​ករណី​លើកលែង​ដើម្បី​ស្ដារ​គណនី​ឱ្យ អតីត​ប្រធានាធិបតី​អាម៉េរិក នៅពេល​លោក​បាន​ចូលមក​ក្ដោប​ក្ដាប់ Twitter ឬ​យ៉ាងណា​នៅឡើយ។

    នៅលើ Fox News កាលពី​ថ្ងៃទី ២៥ មេសា លោក Donald Trump បាន​អះអាង នឹងមិន​វិល​ត្រលប់មក​ប្រើប្រាស់​ប្រាស់ Twitter វិញ​ទេ បើទោះជា​គណនី​របស់លោក​ត្រូវបាន​បើក​ឡើងវិញ។

    លោក​ Elon Musk (ស្ដាំ) និង​ អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump

    មកដល់​ថ្ងៃទី ២៩ មេសា លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social ថា «ខ្ញុំ​បាន​ត្រលប់​មកវិញហើយ»។ នេះ​ជា​លើកដំបូង​ដែល​លោក​បង្ហាញខ្លួន​នៅលើ​បណ្ដាញ​សង្គម​ដែល​លោក​បាន​បង្កើតឡើង​ដោយផ្ទាល់ ចាប់តាំងពី ខែកុម្ភៈ។ សារ​របស់លោក មិនយូរប៉ុន្មាន​ក៏មាន​អ្នក​ចុច​ចូលចិត្ត​ជាង ៣០០,០០០ លើក និង​ការចែករំលែក​បន្ត​ចំនួន​ជាង ១០០,០០០ លើក។

    លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social

    លោក Trump ត្រូវបាន Twitter ហាម​មិនឱ្យ​ប្រើប្រាស់​ជា​រៀងរហូត​ចាប់តាំងពី​ខែមករា ២០២១ ក្រោម​មូល​ហេតុថា លោក​បាន «អុជអាល​ឱ្យមាន​អំពើហិង្សា​បន្ថែម»។ អតីត​ប្រធានាធិបតី​អាម៉េរិក យល់ថា បណ្ដាញ​សង្គម​នេះ​មាន​គណនី​ក្លែងក្លាយ​ច្រើន និង​បាត់បង់​សេរីភាព​បញ្ចេញមតិ។

    ចំណែក​លោក Musk វិញ និយាយថា សេរីភាព​នៃ​ការបញ្ចេញមតិ​គឺជា​គ្រឹះ​របស់​ប្រជាធិបតេយ្យ ហើយ Twitter គឺជា​ថ្នាល​បច្ចេកវិទ្យា ជាទី​ដែលបញ្ហាសំខាន់ៗនៃ​អនាគត​របស់​មនុស្សជាតិ​ត្រូវបាន​លើក​យកមក​ជជែក​តវ៉ា»៕

  • (វីដេអូ)-ទំនប់​​វា​រី​​អគ្គិសនី​​ធំ​ជាង​គេ​​លំដាប់​​ទី​​ពីរ​​ក្នុង​​ពិភព​លោក​ ​សាង​សង់​​ជិត​​រួច​រាល់​​ជា​​ស្ថាពរ

    (វីដេអូ)-ទំនប់​​វា​រី​​អគ្គិសនី​​ធំ​ជាង​គេ​​លំដាប់​​ទី​​ពីរ​​ក្នុង​​ពិភព​លោក​ ​សាង​សង់​​ជិត​​រួច​រាល់​​ជា​​ស្ថាពរ

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan ស្ថិតនៅលើ​ទន្លេ Yangtze មាន​កម្លាំង ១៦ លាន​គីឡូវ៉ាត់ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែកក្កដា ២០២២។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan កំពុង​ត្រូវបាន​បង្ហើយ​ការងារ​នៃ​ការដំឡើង​ម៉ាស៊ីន​វា​រី​អគ្គិសនី ២ គ្រឿង​ចុងក្រោយបង្អស់។ នៅពេល​ស្ថាបនា​រួចរាល់​នៅក្នុង​ខែកក្កដា វា​នឹង​ក្លាយជា​ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី Three Gorge។

    ស្ថិតនៅត្រង់​កំណាត់​លើ​នៃ​ទន្លេ Yangtze ទំនប់​ដែលមាន​រាង​ដូច​ដំបូង​នេះ មាន​កម្ពស់ ២៨៩ ម៉ែត្រ និង​ប្រវែង ៧០៩ ម៉ែត្រ។ Baihetan នឹងមាន​កម្លាំង​សរុប ១៦ លាន​គីឡូវ៉ាត់ ដោយ​បំពាក់​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ គ្រឿង ក្នុងនោះ ១ គ្រឿងៗមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ដែល​នេះ​គឺ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​ទោល។

    មហា​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​កាលពី​ឆ្នាំ ២០១៧ និង​ត្រូវ​ចំណាយ​ទុនវិនិយោគ ៣៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ២ គ្រឿង​ដំបូង​បានដាក់​ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១។

    ជា​គម្រោង​ធំ​មួយ​ក្នុង​កម្មវិធី​ផលិត និង​ចែកចាយ​អគ្គិសនី​បស្ចិម-បូព៌ា របស់ ប្រទេស​ចិន គម្រោង​វា​រី​អគ្គិសនី Baihetan បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ មកកាន់​បណ្ដា​តំបន់​ខាងកើត​ដែលមាន​តម្រូវការ​អគ្គិសនី​ខ្ពស់។

    គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​កាន់​បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ប្រហែល ១៩.៦៨ លាន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) បាន​ប្រហែល ៥១.៦ លាន​តោន ជា​រៀងរាល់ឆ្នាំ៕

  • ក្រសួង​សាធារណការ ប្រកាស​​ឱ្យ​​ក្រុម​ហ៊ុន​​ភ្នាក់​ងារ​​នាវា ​មក​​​ដាក់​​ពាក្យ​សុំ​​លិខិត​អនុញ្ញាត​ ដើម្បី​​អាច​​ប្រើ​​ព័ន្ធ​​ផ្លាស់​ប្ដូរ​​ទិន្នន័យ​​អេឡិច​ត្រូនិក​​កំពង់​ផែ

    ក្រសួង​សាធារណការ ប្រកាស​​ឱ្យ​​ក្រុម​ហ៊ុន​​ភ្នាក់​ងារ​​នាវា ​មក​​​ដាក់​​ពាក្យ​សុំ​​លិខិត​អនុញ្ញាត​ ដើម្បី​​អាច​​ប្រើ​​ព័ន្ធ​​ផ្លាស់​ប្ដូរ​​ទិន្នន័យ​​អេឡិច​ត្រូនិក​​កំពង់​ផែ

    នៅ​ថ្ងៃទី ០២ ឧសភា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការកំណត់​ពេលវេលា​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា។

    នៅក្នុង​ប្រកាស​នេះ ក្រសួង​សាធារណការ បានឱ្យដឹងថា បច្ចុប្បន្ន នៅមាន​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​មួយចំនួនទៀត មិនទាន់​បានមក​ដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ដើម្បីឱ្យ​ក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់​នៅឡើយ។ ដូច្នេះ ក្រសួង​ស្នើឱ្យ​ក្រុមហ៊ុន​ទាំងនេះ ចូលមក​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឱ្យបាន​ត្រឹម​ថ្ងៃទី ២៩ ឧសភា ២០២២ មុនពេល​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ។

    ក្រុមហ៊ុន​នឹងមិន​មាន​សិទ្ធិ​ទទួលបាន​គណនី​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​ឡើយ បើសិន​មិនបាន​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • សម្ពោធ​ដាក់​ដំណើរការ «ព្រលាន​ឡាន​ហោះ» ដំបូង​ក្នុង​ពិភពលោក

    សម្ពោធ​ដាក់​ដំណើរការ «ព្រលាន​ឡាន​ហោះ» ដំបូង​ក្នុង​ពិភពលោក

    (អង់គ្លេស)-ព្រលាន​ឡាន​ហោះ Air One ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​រួមផ្សំ​ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​នាំមក​នូវ​បណ្ដាញ​ចរាចរណ៍​សាធារណៈ​ក្នុង​ក្រុង​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

    Air One ជា​ព្រលានយន្តហោះ​ដំបូង​គេ​ក្នុង​ពិភពលោក​សម្រាប់​ឡាន​ហោះ និង​យន្តហោះ​ដ្រូ​ន​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី។ Air One បើក​ដំណើរការ​នៅ​ទីក្រុង Coventry របស់ ប្រទេស​អង់គ្លេស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី ២៩ មេសា របស់ Interesting Engineering។ បើសិនជា​ជោគជ័យ Air One នឹង​ក្លាយជា​គំរូ​សម្រាប់​ការសាងសង់​ព្រលាន​ឡាន​ហោះ​រាប់រយ​ផ្សេងទៀត​នៅ​ទូទាំង​សកលលោក។

    ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ទីផ្សារ​សម្រាប់​យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​ទំនើប អាច​ឡើងដល់ ១២.៤ ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក នៅ​ឆ្នាំ ២០២៧។ ក្នុង​គ្រា​ដែល​ក្រុម​វិស្វករ និង​ក្រុម​អ្នក​រចនា ស្រាវជ្រាវ​អំពី​យន្តហោះ​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ ដើម្បី​អាច​បម្រើ​ដល់​វិស័យ​ចរាចរណ៍​ក្នុង​ក្រុង Urban-Air Port ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មាន​មូលដ្ឋាន​នៅ អង់គ្លេស ក៏បាន​ប្រឹងប្រែង​ដើម្បី​បង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ពួកវា មិន​ស្មុគស្មាញ​ដូច​អ្វីដែល​មនុស្ស​ជាច្រើន​បានគិត។

    Air One ដែលជា​ព្រលាន​ឡាន​ហោះ​បណ្ដោះអាសន្ន​ដំបូង​របស់ Urban-Air Port ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើពេល ១៥ ខែ ក្នុងនោះ​ក៏​រួមទាំង​ពេលវេលា​នៃ​ការ​គូ​ប្លង់ និង​ការសាង់សង់។ នេះ​គឺជា​គម្រោង​សហការ​រវាង ក្រុមប្រឹក្សា​ក្រុង Coventry និង Urban-Air Port ដើម្បី​បញ្ជាក់​ឱ្យដឹងថា ការដឹកជញ្ជូន​ផ្នែក​អាកាសចរណ៍​នៅ​ទីក្រុង អាចជួយ​កាត់បន្ថយ​ការបំពុល​បរិយាកាស និង​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​ដល់​កម្រិតណា។

    Air One ដំណើរការ​ដោយ​ថ្ម​ឧស្ម័ន​អ៊ីដ្រូសែន និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្ត។ Air One បាន​សហការ​ជាមួយ Supernal របស់​ក្រុមហ៊ុន Hyundai ដើម្បី​ប្រើប្រាស់​គំរូ​តាក់ស៊ី​ហោះ SA-1 ធ្វើជា​យាន​សម្រាប់​ការបង្ហាញ​ជាក់ស្ដែង។

    «នេះ​គឺជា​ដំណាក់កាល​ដំបូង​នៃ​យុគសម័យ​ដឹកជញ្ជូន​បែប​ថ្មី ជា​សម័យកាល​មិន​បញ្ចេញ​ឧស្ម័ន​ពុល មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​បណ្ដា​ទីក្រុង ហើយ​តាមរយៈ​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​មាន​សុខ​ភាពល្អ សុភមង្គល និង​ទទួលបាន​ការតភ្ជាប់​ច្រើនជាង​មុន» Ricky Sandhu ស្ថាបនិក​របស់ Urban-Air Port ថ្លែង​ដូច្នេះ។

     

    Air One នឹង​បើកទ្វារ​ទទួលភ្ញៀវ​ចូលមក​ទស្សនា​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ហើយ​ក្រោយមក Urban-Air Port នឹង​រើ Air One ទៅ​ដា​ក់នៅ​កន្លែងផ្សេងៗក្នុង ប្រទេស​អង់គ្លេស ដើម្បីឱ្យ​មនុស្ស​ជាច្រើន​ផ្សេងទៀត​បាន​ស្គាល់។ ក្នុងពេល Air-One បើកទ្វារ​ដំណើរការ ជើងហោះហើរ​នានា​របស់​ប៉ូលិស និង​យន្តហោះ​ដ្រូ​ន​ដឹកទំនិញ​នឹងត្រូវ​បានធ្វើ​ឡើង។

    តាម​គម្រោង Sandhu នឹង​បើក​ដំណើរការ​ព្រលាន​ឡាន​ហោះ​ជាង ២០០ កន្លែង នៅលើ​ពិភពលោក ជាមួយនឹង​គម្រោង​ដែល​កំពុង​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ទីតាំង​មួយចំនួន​នៅ​ទីក្រុង London (អង់គ្លេស), Los Angeles (អាម៉េរិក), អូស្ត្រាលី, កូរ៉េខាងត្បូង, បារាំង, អាល្លឺម៉ង់, តំបន់ Scandinavia (ដា​ណឺ​ម៉ាក, ន័​រ​វែ​ស និង ស៊ុយអែត) និង អាស៊ីអាគ្នេយ៍ ផងដែរ៕

  • UnionPay របស់ ចិន រារែក​ក្នុង​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី

    UnionPay របស់ ចិន រារែក​ក្នុង​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ UnionPay របស់ ចិន គេច​ចេញពី​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី ព្រោះតែ​មិន​ចង់​រង​ទណ្ឌកម្ម​ពី បស្ចិម​លោក ទាក់ទង​នឹង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    នៅពេលដែល ចិន បន្ត​បដិសេធ​ការចូលរួម​ធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ រុស្ស៊ី ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច បណ្ដា​ក្រុមហ៊ុន​របស់ ចិន ដូចជា China UnionPay ជាដើម នៅតែ​បារម្ភ​ចំពោះ​បញ្ហា​ដែលថា ពួកគេ​នឹង​អាច​ជាប់​ទណ្ឌកម្ម។

    ក្រុមហ៊ុន​ផ្ដល់​សេវា​ប័ណ្ណ​ធនាគារ UnionPay បាន​បដិសេធ​ការរកស៊ី​ជាមួយ Sberbank (ធនាគារ​ធំ​របស់ រុស្ស៊ី) និង​ផ្អាក​ការចរចា​ជាមួយ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ប្រទេស​នេះ។ ដូច្នេះ គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​កាត UnionPay ថ្មី​នៅ រុស្ស៊ី ក៏ត្រូវ​បង្ខំ​ឱ្យ​លុបចោល។

    គិត​ត្រឹម​ឆ្នាំ ២០២០ UnionPay កាន់កាប់​ចំណ​ក​ទីផ្សារ​ប្រហែល ១% ប៉ុណ្ណោះ នៅ រុស្ស៊ី ប៉ុន្តែ ប័ណ្ណទូទាត់ប្រាក់​របស់​ពួកគេ​នៅ​ទីផ្សារ​នេះ​បាន​កើនឡើង បន្ទាប់ពី Visa និង Mastercard បាន​ផ្អាក​សេវាកម្ម ដោយសារតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ UnionPay មិន​ចង់​ឆក់យក​ឱកាស​ដែល​ប្រកបដោយ​ហានិភ័យ​នេះ ដើម្បី​ពង្រីក​ទីផ្សារ​ឡើយ។

    ក្រុមហ៊ុន​ចិន ជាង ៨០% នៅ រុស្ស៊ី នៅតែ​បន្តធ្វើ​សកម្មភាព​ជំនួញ​ដូច​ធម្មតា នេះ​បើតាម​ស្ថិតិ​បានមកពី សាកល​វិទ្យា Yale របស់ អាម៉េរិក។ ប្រការនេះ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅនឹង ជប៉ុន អាម៉េរិក និង អាល្លឺម៉ង់ ដែលមាន​ក្រុមហ៊ុន​ប្រហែល ៩០% បាន​ចាកចេញ កាត់បន្ថយ​ទំហំ ឬ​ផ្អាក​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី។

    ក៏ប៉ុន្តែ ក្រុមហ៊ុន​ចិន មួយចំនួន ក៏មាន​ការប្រុងប្រយ័ត្ន។ ធនាគារ​ចិន និង​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន បាន​កាត់បន្ថយ​សកម្ម​ភាព​ទាក់ទិន​នឹង​បណ្ដា​ទំនិញ​របស់ រុស្ស៊ី។

    «សហរដ្ឋ​អាម៉េរិក កំពុង​បង្កើន​ការតាមដាន​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់ ចិន ដែល​ចង់​ជំរុញ​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី» ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ប្រទេស​នេះ​បាន​ប្រាប់ Nikkei ដូច្នេះ។ ការដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន តឿន​ឱ្យ ទីក្រុង​ប៉េកាំង ផ្អាក​ផ្ដល់​គាំទ្រ​ដល់ ទីក្រុង​មូ​ស្គូ គឺ​មានន័យថា ពួកគេ​បាន​បញ្ជូន​សញ្ញា​ព្រមាន​ថា បណ្ដា​ក្រុមហ៊ុន​ចិន ដែល​នៅតែ​រកស៊ី នៅ ប្រទេស​រុស្ស៊ី នឹងមាន​ហានិភ័យ​ទទួលផល​វិបាក​ផ្នែក​សេដ្ឋកិច្ច។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០២ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​ ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០២ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ០១ ឧសភា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០២ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។