Author: សឿន សំណាង

  • មហាសេដ្ឋី ប៊ី​ល​ហ្វេ​ត (Bill Gates) ទទួលស្គាល់ថា បាន​បង្ក​ការឈឺចាប់​ដល់​គ្រួសារ

    មហាសេដ្ឋី ប៊ី​ល​ហ្វេ​ត (Bill Gates) ទទួលស្គាល់ថា បាន​បង្ក​ការឈឺចាប់​ដល់​គ្រួសារ

    មួយឆ្នាំ បន្ទាប់ពី​បាន​លែងលះ មហាសេដ្ឋី​អាម៉េរិក លោក ប៊ី​ល​ហ្គេ​ត បាន​សារភាពថា បាន​បង្ក​កំហុសឆ្គង​ធ្ងន់ធ្ងរ​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​បាន «ធ្វើឱ្យ​គ្រួសារ​ឈឺចាប់»។

    «ខ្ញុំ​ប្រាកដ​ណាស់​ថា បានធ្វើ​ឱ្យមាន​កំហុសឆ្គង ហើយ​ខ្ញុំ​សុំ​ទទួលខុសត្រូវ» មហាសេដ្ឋី ប៊ី​ល​ហ្គេ​ត បាន​ប្រាប់ សារព័ត៌មាន Today កាលពី​ថ្ងៃទី ៣ ឧសភា នៅពេល​ត្រូវបាន​សួរថា តើ​មានពេលខ្លះ​លោក​មិន​ស្មោះ​នឹង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ ជាមួយ​អតីត​ភរិយា គឺ​លោកស្រី មេ​លីន​ដា ហ្វ្រែ​ន ហ្គេ​ត (Melinda French Gates) ឬទេ។

    កិច្ច​សម្ភាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចំ​ថ្ងៃ​គម្រប់ ១ ឆ្នាំ បន្ទាប់ពី​លោក និង​លោកស្រី ហ្វ្រែ​ន ហ្គេ​ត បានចេញ​ប្រកាស​រួម​ថា បានសម្រេច​ចិត្ត​លែងលះ។

    លោក​ប៊ីល ហ្គេត និង​លោកស្រី មេ​លីន​ដា ហ្គេត កាល​ពី​នៅ​ជា​គូនឹង​គ្នា

    មហាសេដ្ឋី​វ័យ ៦៦ ឆ្នាំ​រូបនេះ ឱ្យដឹងថា ទីបញ្ចប់​នៃ​អាពាហ៍ពិពាហ៍ «ពិតជា​គួរឱ្យ​សោកស្ដាយ» ប៉ុន្តែ បាន​បញ្ជាក់​ថា លោក និង​អតីត​ភរិយា នៅតែ​ធ្វើការ​ជាមួយគ្នា​នៅក្នុង​មូលនិធិ​មនុស្សធម៌។

    និយាយ​ដល់​រឿង​ដែល​លោកស្រី ហ្វ្រែ​ន ហ្គេ​ត រៀបរាប់​ជាមួយ CBS News កាលពី​ខែមីនា ដែល​ក្នុងនោះ​លោកស្រី​បាន​និយាយថា លោកស្រី «ពេលខ្លះ​ដេក​យំ​នៅលើ​កម្រាល​ឥដ្ឋ» ហើយ​ថា «មិនអាច​ជឿ​បាន​ចំពោះ​ទំនាក់ទំនង​នេះ» លោក ប៊ី​ល ហ្គេ​ត ថ្លែងថា «នោះ​គឺជា​រឿង​ដ៏​លំបាក» ប៉ុន្តែ បាន​អះអាងថា ពួកគាត់​បាន​សាង​នូវ «ប្រការ​ដ៏​អស្ចារ្យ​ជាច្រើន» ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

    ទោះជា​យ៉ាងណាក៏ដោយ មហាសេដ្ឋី​រូបនេះ នៅតែ​មិន​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​គ្រួសារ​នេះ​បែកបាក់។ «ខ្ញុំ​មិន​គិតថា ការនិយាយ​លម្អិត​ក្នុង​ពេលនេះ​គឺជា​រឿង​ស្ថាបនា​នោះទេ ប៉ុន្តែ ត្រូវ​ហើយ ខ្ញុំ​គឺជា​អ្នក​ដែល​បាន​បង្កឱ្យមាន​ការឈឺចាប់ និង​មាន​អារម្មណ៍​ថា អន់​ខ្លាំងណាស់​ព្រោះតែ​បញ្ហា​នោះ» លោក ប៊ី​ល ហ្គេ​ត បញ្ជាក់​ដូច្នេះ។

  • (វីដេអូ)-យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ហោះហើរ​សាកល្បង​លើក​ទី ៥

    (វីដេអូ)-យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ហោះហើរ​សាកល្បង​លើក​ទី ៥

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​របស់ Stratolaunch បន្តធ្វើ​ការហោះហើរ​សាក​ល្បង​លើក​ទី ៥ មុនពេល​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង​ច្រើនដង នៅ​ចុង​ឆ្នាំក្រោយ។

    Roc ដែល​ផលិត​ដោយ​ក្រុមហ៊ុន Stratolaunch គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ស្លាប​ប្រវែង ១១៧ ម៉ែត្រ។ យន្តហោះ​មាន​ទម្ងន់​ប្រហែល ២២៧,០០០ គីឡូក្រាម​នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ដឹក​យាន​ដែល​អាច​ហោះហើរ​លឿន​ជាង​ល្បឿន​សំឡេង​ច្រើនដង ទៅកាន់​អាកាស។ កាលពី​ថ្ងៃទី ៤ ឧសភា Roc បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើក​ទី ៥ បន្ទាប់ពី​ជើងហោះហើរ​សាកល្បង​លើកចុងក្រោយ​កាលពី​ខែកុម្ភៈ។ ជើងហោះហើរ​សាកល្បង​ទាំងនេះ​នឹង​ជួយ​ឱ្យ Roc ត្រៀមខ្លួន​រួចរាល់​សម្រាប់​បំពេញបេសកកម្ម។

    Stratolaunch ឱ្យដឹងថា Roc ហោះ​ឡើង និង​ចុះចត​ជោគជ័យ​នៅឯ​ព្រលានយន្តហោះ និង​អវកាស Mojave ក្នុង​រដ្ឋ Florida ដោយមាន​យន្តហោះ Cessna ៥៥០ Citation Bravo ហោះ​តាម​ពីក្រោយ។ បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Stratolaunch កំពុង​មមាញឹក វិភាគ​ទិន្នន័យ​ដែល​បានមកពី​ជើងហោះហើរ​សាកល្បង​នេះ។

    ក្រុមហ៊ុន Stratolaunch ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១ ដោយ Paul Allen សហ​ស្ថាបនិក​របស់ Microsoft ក្នុង​បំណង​អភិវឌ្ឍ​យាន​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី។ លោក Paul Allen បានទទួល​មរណភាព​កាលពី​ឆ្នាំ ២០១៨ មុនពេល Roc ហោះហើរ​សាកល្បង​ដំបូង​កាលពី​ឆ្នាំ ២០១៩។ បច្ចុប្បន្ន Stratolaunch កំពុង​ឆ្ពោះទៅរក​ការដឹក​យាន​ដែល​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង ឬ​កម្រិត Mach ៥ (៦,១៧៤ គីឡូម៉ែត្រ/ម៉ោង)។

    ទំហំ​របស់ Roc ធៀប​នឹង​រថយន្ត

    កាលពី​ឆ្នាំ ២០២០ Stratolaunch បានចាប់ផ្ដើម​អភិវឌ្ឍ Talon-A ដែលជា​យាន​ល្បឿន​លឿន​ជាង​សំឡេង សម្រាប់​បាញ់​បង្ហោះ​ពី Roc។ Talon-A មាន​ប្រវែង ៨.៥ ម៉ែត្រ និង​ទម្ងន់ ២,៧០០ គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach ៦ (៧,៤០៨ គីឡូម៉ែត្រ/ម៉ោង)។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ត្រៀម​ដើម្បីឱ្យ​យាន​ទាំង ២ នេះ​អាច​ដំណើរការបាន​ពេញលេញ​នៅ​ចុងឆ្នាំ ២០២៣៕

  • (វីដេអូ)-បណ្ដាញ​ផ្លូវ​រូងក្រោម​ដី​​សម្រាប់​​រថភ្លើង​អគ្គិសនី​​​ធំ​បំផុត​នៅ ទ្វីបអឺរ៉ុប ជិត​សម្ពោធ​ខ្សែ​ថ្មី​មួយ​ទៀត​

    (វីដេអូ)-បណ្ដាញ​ផ្លូវ​រូងក្រោម​ដី​​សម្រាប់​​រថភ្លើង​អគ្គិសនី​​​ធំ​បំផុត​នៅ ទ្វីបអឺរ៉ុប ជិត​សម្ពោធ​ខ្សែ​ថ្មី​មួយ​ទៀត​

    (អង់គ្លេស)-ផ្លូវ​រូង​ក្រោម​ដី Crossrail ដែល​ត​ភ្ជាប់ តំបន់​ភាគ​ខាងលិច ទៅនឹង​តំបន់​ភាគ​ខាងកើត​របស់ ទីក្រុង​ឡុង​ដ៍ ប្រវែង​ជិត ១០០ គីឡូម៉ែត្រ នឹងដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ចុងខែ​ឧសភា ២០២២។

    ចាប់ពី​ថ្ងៃទី ២៤ ឧសភា ផ្លូវ​រូង​សម្រាប់​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ថ្មី​មួយខែ​ទៀត ដែល​ត​ភ្ជាប់​រវាង​តំបន់​ខាងកើត និង​ខាងលិច​នៃ ទីក្រុង​ឡុង​ដ៍ នឹង​ក្លាយជា​បដិវត្តន៍​លើ​ការផ្លាស់​ទី​ក្នុង​ទីក្រុង​នេះ។ ថ្ងៃ​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ដំណាក់កាល​ទីមួយ​នៃ​ផ្លូវ​រថភ្លើង Elizabeth ថ្មី ឬ​ហៅថា Crossrail ត្រូវបាន​ប្រកាស​នៅលើ​ទំព័រ Twitter របស់​គម្រោង។

    នៅពេល​ដំណើរការ​ពេញលេញ ផ្លូវ​រថភ្លើង ១ ខ្សែ​ថ្មី​បំផុត​របស់ ទីក្រុង​ឡុង​ដ៍ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ចុះមក​នៅត្រឹម ៣៨ នាទី លឿន​ជាង​ជិត​ពាក់កណ្ដាល​ធៀប​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នាបច្ចុប្បន្ន ឬ ២ ម៉ោង ធៀប​នឹង​ការ​ជិះ​រថយន្ត​តាក់ស៊ី​ក្នុងពេល​ចរាចរណ៍​ចង្អៀត។

    ខ្សែ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ថ្មីនេះ​ អាច​ដឹក​មនុ​ស្សបាន ១,៥០០ នាក់ និង​ធ្វើដំណើរ​ក្នុង​ល្បឿន ១៤៥ គីឡូម៉ែត្រ/ម៉ោង។ វា​នឹង​រត់​ឆ្លងកាត់​ខាងក្រោម​តំបន់​កណ្ដាល​ក្រុង​ឡុង​ដ៍, Docklands, តំបន់​ហិរញ្ញវត្ថុ​នានា, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សាល​មហោស្រព​នៅ West End រួម​នឹង Healthrow ក៏ដូចជា​បណ្ដា​តំបន់​ក្រវាត់ក្រុង Essex, Kent និង​ជ្រលង​ភ្នំ Thames។

    ក្រុមកម្មករ​សំណង់​ត្រូវ​ចំណាយពេល​អស់ ៣ ឆ្នាំ ដើម្បី​ជីក​រូង​ផ្លូវ​ក្រោម​ដី (ពី​ឆ្នាំ ២០១២ ដល់ ២០១៥) ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​ខ្នាត​យក្ស (TBM) ចំនួន ៨ គ្រឿង

    បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង​ជិត ១០០ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ជុំវិញ​តំបន់​ពាណិជ្ជកម្ម រួមមាន ៤២ គីឡូម៉ែត្រ​​ថ្មី​​ទាំង​ស្រុង​ ដែល​ឆ្លងកាត់​មជ្ឈមណ្ឌល​ក្រុង​ឡុង​ដ៍។ ផ្លូវ​ក្រោម​ដី​នេះ​ត្រូវបាន​ជីក​រូង​ដោយ​ប្រើប្រាស់​បច្ចេកទេស និង​បច្ចេកវិទ្យា​ខ្ពស់ និង​ស្ថិតនៅ​ខាងក្រោម​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែល​មមាញឹក​ជាងគេ​ក្នុង​ពិភពលោក។ បណ្ដា​ផ្លូវ​រូង​ភ្លោះ មាន​អង្កត់ផ្ចិត ៦ ម៉ែត្រ និង​ជម្រៅ​រហូតដល់ ៤០ ម៉ែត្រ ដែល​រត់​កាត់​ខាងក្រោម​អគារ និង​សំណង់​រាប់មិនអស់។ ក្រុមកម្មករ​សំណង់​ត្រូវ​ចំណាយពេល​អស់ ៣ ឆ្នាំ ដើម្បី​ជីក​រូង​ផ្លូវ​ក្រោម​ដី (ពី​ឆ្នាំ ២០១២ ដល់ ២០១៥) ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​ខ្នាត​យក្ស (TBM) ចំនួន ៨ គ្រឿង ដែលមាន​ទម្ងន់ ១,០០០ តោន/គ្រឿង។ Crossrail គឺជា​គម្រោង​បច្ចេកទេស​ធំ​បំផុត​នៅ ទ្វីបអឺរ៉ុប។

    ក្នុង​ខែឧសភា មាន​រថភ្លើង ១២ ខ្សែ/ម៉ោង ធ្វើដំណើរ​ទៅគ្រប់​ទិស តាមរយៈ​ផ្លូវ​ក្រោម​ដី​នៅ​កណ្ដាល​តំបន់ Abbey Wood ស្ថិតក្នុង​ភាគខាងត្បូង​នៃ ទីក្រុង​ឡុង​ដ៍ និង Paddington ដែលជា​ចំណត់​រថភ្លើង​សំខាន់​ជាងគេ​មួយ​របស់​ទីក្រុង។

    ខ្សែ​រង​ភ្លើង​ដែល​ដំណើរការ​ពេញលេញ​នៅ Crossrail នឹង​ចាប់ផ្ដើម​យ៉ាងយូរ​ត្រឹម​ខែឧសភា ២០២៣ ដោយមាន​រថភ្លើង​ធ្វើ​ដំណោះរ ២៤ ខ្សែ/ម៉ោង។

    គម្រោង​ខាងលើនេះ​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ ២០០៧ និង​ចាប់ផ្ដើម​ស្ថាបនា​កាលពី​ឆ្នាំ ២០០៩។ Crossrail បើក​ដំណើរការ​យឺត​ជាង ៤ ឆ្នាំ ធៀប​នឹង​កាល​គម្រោង​ដំបូង និង​ចំណាយ​ប្រាក់​អស់ ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ពេល​ដំណើរការ​ពេញលេញ ហេដ្ឋារចនាសម្ព័ន្ធ​នេះ​នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​តាម​រថ​ភ្លើងអគ្គិសនី​ក្រោម​ដី​របស់ ទីក្រុង​ឡុង​ដ៍ កើនឡើង ១០% បន្ថែមទៀត។ ក្រុមមន្ត្រី​ជំនាញ​គណនា​ឃើញថា អ្នកដំណើរ​ប្រហែល ២០០ លាន​នាក់ នឹង​ប្រើប្រាស់​ខ្សែ​រថភ្លើង Crossail ក្នុង ១ ឆ្នាំ៕

  • ចារកម្ម​អាម៉េរិក បាន​ និង​កំពុង​ជួយ អ៊ុយ​ក្រែ​ន កម្ចាត់​មេបញ្ជាការ​កងទ័ព​រប​ស់ រុស្ស៊ី

    ចារកម្ម​អាម៉េរិក បាន​ និង​កំពុង​ជួយ អ៊ុយ​ក្រែ​ន កម្ចាត់​មេបញ្ជាការ​កងទ័ព​រប​ស់ រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក ផ្ដល់ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដើម្បី​ជួយ​ឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន កំណត់​គោលដៅ​លើ​មេបញ្ជាការ​ជាច្រើនរូប​របស់ កងទ័ព​រុស្ស៊ី នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៅ វ៉ា​ស៊ី​ង​តោន។

    ក្រុមមន្ត្រី​ជាន់ខ្ពស់​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ៤ ឧសភា បាន​ប្រាប់​សារព័ត៌មាន NY Times ថា ការកំណត់​គោលដៅ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​យ៉ាង​សម្ងាត់​នៃ​រដ្ឋាភិបាល​រប​ស់លោក ចូ បៃ​ដិ​ន ដើម្បី​ផ្ដល់ព័ត៌មាន​ចារកម្ម​ទាន់​ហេតុការណ៍ ឱ្យ អ៊ុយ​ក្រែ​ន។

    ចារកម្ម​អាម៉េរិក មិន​ត្រឹមតែ​ផ្ដល់ព័ត៌មាន​ស្ដីពី​ទីតាំង​របស់​មេបញ្ជាការ​នានា​នោះទេ ប៉ុន្តែ​ក៏​អាចសន្និដ្ឋាន​បាន​អំពី​ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី ផងដែរ ដោយយោង​ទៅលើ​ការវាយតម្លៃ​ចុងក្រោយ​ទាក់ទិន​នឹង​ផែនការ​ប្រយុទ្ធ​របស់ ទីក្រុង​មូ​ស្គូ នៅ Donbass ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន និយាយថា កងទ័ព​របស់​ប្រទេស​នេះ​បាន​កម្ចាត់​ឧ​ត្ត​ម​សេនីយ៍​យោធា​រុស្ស៊ី ១២ នាក់​រួចមកហើយ ចាប់តាំងពី មូ​ស្គូ បាន​បើក​ការឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ។

    ឧ​ត្ត​ម​សេនីយ៍ Vladimir Frolov ស្លាប់​នៅ​ អ៊ុយក្រែន កាលពី​ខែ​មីនា

    វិមាន​ក្រឹម​ឡាំង មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​ខាងលើ ប៉ុន្តែ លោក Alexander Beglov  អភិបាលក្រុង Saint Petersburg បាន​ទទួលស្គាល់ថា ឧ​ត្ត​ម​សេនីយ៍ Vladimir Frolov មេបញ្ជាការរង​នៃ​កងពល​លេខ ៨ របស់ រុស្ស៊ី បាន​បាត់​បង់ជីវិត​នៅក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    ចារកម្ម​អាម៉េរិក ផ្ដោតលើ​ការផ្ដល់​ព័ត៌មាន​ស្ដីពី​ទីតាំង និង​ព័ត៌មាន​លម្អិត​ផ្សេងទៀត​ទាក់ទង​នឹង​បញ្ជាការដ្ឋាន​កងទ័ពរ​បស់ រុស្ស៊ី។ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ប្រើប្រាស់​ទិន្នន័យ​របស់​ចារកម្ម​អាម៉េរិក បូក​នឹង​ទិន្នន័យ​ដែល​ពួកគេ​ប្រមូលបាន​ដោយផ្ទាល់​ខ្លួន ដើម្បី​កងទ័ព​អាច​បើក​ការវាយប្រហារ​ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់​ទាំងឡាយ​របស់ រុស្ស៊ី នេះ​បើតាម​ប្រភពព័ត៌មាន​ពី សហរដ្ឋ​អាម៉េរិក។

    អាម៉េរិក មិន​ផ្ដល់ព័ត៌មាន​ចារកម្ម​ស្ដីពី​ក្រុម​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់ រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន ឡើយ ព្រោះ​មិន​ចង់​បង្ក​ភាព​តានតឹង​បន្ថែម​ជាមួយ ទីក្រុង​មូ​ស្គូ។

    ក្រៅពី សហរដ្ឋ​អាម៉េរិក ទីក្រុង​កៀវ ក៏​ទទួលបាន​ព័ត៌មាន​ចារកម្ម​ស្ដីពី​ក្រុមមន្ត្រី​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ផងដែរ នោះ​គឺ ណា​តូ (NATO)។

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២២

    ​​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ចំនួន ០១ នាក់​ ដែលទើប​តែ​បាន​រក​ឃើញ​​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ០៤ ឧសភា គឺ​​​ជា​​ករណី​ អូមីក្រុង និង​​ជា​ករណីឆ្លង​ក្នុង​សហគមន៍។

  • រដ្ឋមន្ត្រី​កម្ពុជា ថា គម្រោង​កំពង់ផែ​ពហុ​បំណង នៅ កំពត ជួយ​ឱ្យ កម្ពុជា ចំណេញ​ច្រើន ធៀប​នឹង​ការនាំចេញ​ទៅតាម​កំពង់ផែ​នៅ វៀតណាម

    រដ្ឋមន្ត្រី​កម្ពុជា ថា គម្រោង​កំពង់ផែ​ពហុ​បំណង នៅ កំពត ជួយ​ឱ្យ កម្ពុជា ចំណេញ​ច្រើន ធៀប​នឹង​ការនាំចេញ​ទៅតាម​កំពង់ផែ​នៅ វៀតណាម

    ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង របស់​ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផត ឯ.ក ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិ​បតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​នេះ​ក៏​មាន​វត្តមាន​របស់ លោក ស៊ុន ចានថុល ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផងដែរ​។ លោក ស៊ុន ចានថុល បាន​មានប្រសាសន៍​អំពី​ចំណុចសំខាន់ៗដែល​គម្រោង​នេះ​នឹង​បង្កើតឡើង នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន​។

    លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    លោក​ទេសរដ្ឋមន្ត្រី​ថ្លែងថា កំពង់ផែ​ពហុ​បំណង​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​រៀបចំ​ឱ្យមាន​ឃ្លាំង​ភស្ដុភា​រកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ឥន្ធនៈ នៅ កម្ពុជា។ លោក​ថា កំពង់ផែ​នេះ​នឹង​បំពេញបន្ថែម​នូវ​ការងារ​របស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង កំពង់ផែ​ស្វយ័ត​ភ្នំពេញ។ កំពង់ផែ​នេះ​អាច​ទទួល​នាវា​ប្រភេទ ១០០,០០០ តោន​បាន និង​ផ្ដល់​ការងារ​ចំនួន ១០,០០០ កន្លែង ដល់​ប្រជាជន​កម្ពុជា ផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

    គម្រោង​វិនិយោគ​ខាងលើ​នឹង​ជួយ​ឱ្យ កម្ពុជា រកបាន​ចំណូល​ខ្ពស់​ចាប់ពី​ឆ្នាំ ២០៥០ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ លោក​បន្តថា កំពង់ផែ​នេះ​ក៏​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកទំនិញ​ក្នុងស្រុក​ទៅ​លក់​នៅ​បរទេស សម្រាប់​ការដឹកជញ្ជូន​តាម​ដង​ទន្លេ​បាសក់​មកកាន់​សមុទ្រ។ ធៀប​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​លើ​ទន្លេមេគង្គ​ទៅកាន់​កំពង់ផែ នៅ វៀតណាម ការដឹក​ទំនិញ​តាម​ទន្លេបាសាក់​មកកាន់​កំពង់​ផែន​ពហុ​បំណង នៅ កំពត របស់ កម្ពុជា នឹង​ជួយ​ឱ្យ​យើង​ចំណេញ​ពេលវេលា ប្រាក់កាស និង​កម្លាំង​បាន​ច្រើនជាង។

    ចំណែក​ការស្ថាបនា​កំពង់ផែ​នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​ជំហាន​ទីមួយ​នឹងត្រូវ​ចំណាយ ២០០ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ខណៈដែល​ខ្ទង់វិនិយោគ​សរុប​​​ឡើងដល់ ១,៥០០ លាន​ដុល្លារ​អាម៉េរិក៕

  • បណ្ដា​ប្រទេស​នៅ ទ្វីប​អាស៊ី ដែល​កំពុង​សាកល្បង «ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍»

    បណ្ដា​ប្រទេស​នៅ ទ្វីប​អាស៊ី ដែល​កំពុង​សាកល្បង «ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍»

    ប្រទេសមួយ​ចំនួន​នៅ ទ្វីបអាស៊ី កំពុង​សាកល្បង​ឱ្យធ្វើ​ការ ៤ ថ្ងៃ/សប្ដាហ៍ នៅពេល​ម៉ោង​ធ្វើការ​ផ្លូវការ​អូសបន្លាយ​ពេល​យូរ​បង្ក​ឱ្យអស់​កម្លាំង និង​មិន​ស៊ីគ្នា​ទៅនឹង​ផលិតភាព​នៃ​កម្លាំង​ពលកម្ម។

    ជប៉ុន ដែលជា​ប្រទេស​ល្បីឈ្មោះ​ខាង​ធ្វើការ​តឹងតែង​ជាងគេ បច្ចុប្បន្ន​បែរជា​នាំមុខគេ​ក្នុង​និន្នាការ​នៃ​ការធ្វើការ​បែប​ថ្មី​នៅ អាស៊ី។ ក្រុមហ៊ុនធំៗមួយចំនួន​នៅ​ប្រទេស​នេះ បាន​តាម​ទាន់​និន្នាការ​ថ្មី​នេះ ដោយ​ការប្រកាស​គម្រោង​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​ក្នុង​សប្ដាហ៍។

    កាលពី​ខែមេសា ២០២២ ក្រុមហ៊ុន Hitachi ប្រកាស​អនុវត្ត​សាកល្បង​លើ​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់​បុគ្គលិក​ជាង ១៥,០០០ នាក់ ហើយ​តាម​ផែនការ ការសាកល្បង​នេះ​នឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំក្រោយ។ ក្នុង​ខែ​ដដែល ក្រុមហ៊ុន Gaem Freak ដែលជា​ម្ចាស់​ហ្គេម Pokemon ក៏បាន​សាកល្បង​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​ចំពោះ​បុគ្គលិក​មួយចំនួន។ ចំណែក​បណ្ដា​ក្រុមហ៊ុនល្បីៗផ្សេងទៀត ដូចជា Panasonic Holdings និង NEC ជាដើម ក៏​កំពុង​ពិចារណា​លើ​លទ្ធភាព​នេះដែរ។

    នៅ ឥណ្ឌូណេស៊ី ក្រុមហ៊ុន​ហិរញ្ញវត្ថុ Alami បានបង្ហាញ​គោលការណ៍​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ ចាប់ពី​ឆ្នាំ ២០២១ ក្នុង​បំណង​កែលម្អ​សុខភាព​ស្មារតី និង​ផលិតភាព​សម្រាប់​បុគ្គលិក។

    កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អប់រំ Eduwill បាន​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​នៅ កូរ៉េខាងត្បូង ដែល​អនុវត្ត​គោលការណ៍ ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។ គំនិត​របស់ Eduwill បានធ្វើឱ្យ​អ្នកនយោបាយ ពិសេស​គឺ​បេក្ខភាព​ប្រធានាធិបតី​របស់​ប្រទេស​នេះ មានការ​ចាប់អារម្មណ៍​ខ្លាំង។

    នៅ ប្រទេស​ឥណ្ឌា យោងតាម​ការកំណត់​ដែល​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំនេះ និយោជិត​អាច​ជ្រើសរើស​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ បើទោះជា​ម៉ោង​ធ្វើ​ការសរុប​ប្រហែល ៤៨ ម៉ោង/សប្ដាហ៍ នឹងមិន​ប្ដូរផ្លាស់។

    ទិន្នាការ​ថ្មី​នេះ បាន និង​កំពុង​កើតឡើង​នៅក្នុង​ស្ថានភាព​ដែល កូ​វីដ-១៩ ធ្វើឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​និយោជិត​ទាំងឡាយ ពិចារណា​ឡើងវិញ​អំពី​វិធី​ធ្វើការ។ ការស្ទង់មតិ​នានា​នៅក្នុង​ប្រទេស​ជាច្រើន​នៅ ទ្វីបអាស៊ី បាន​បង្ហាញថា សប្ដាហ៍​ដែលមាន​ថ្ងៃ​ធ្វើការ​តិចជាង​មុន គឺជា​គោលការណ៍​មួយ​ត្រូវបាន​និយោជិត​គាំទ្រ​ច្រើន​បំផុត។

    Persol Holdings ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ ជប៉ុន ថ្មីៗនេះ​បានធ្វើ​ការស្ទង់មតិ​លើ​បុគ្គលិក និយោជិត​ជាង ១,០០០ នាក់ ទាក់ទង​នឹង​គោលការណ៍​ដែល​ពួកគេ​ចង់ឱ្យ​ក្រុមហ៊ុន​អនុវត្ត។ បុគ្គលិក ២៣.៥% ដែលជា​អត្រា​ខ្ពស់​ជាងគេ គាំទ្រ​ឱ្យមាន​ថ្ងៃ​ធ្វើការ​ពី ៣ ទៅ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។

    ចំណែក ប្រទេស​ចិន វិញ ក្រសួង​ធនធានមនុស្ស បាន​និយាយថា «ពុំមាន​មូលដ្ឋាន​ជាក់ស្ដែង​ណាមួយ​ដើម្បី​អាច​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​បន្ថែម​ទៀតឡើយ ព្រោះ​ប្រការនេះ​នឹង​ជា​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ធ្ងន់​សម្រាប់​ក្រុមហ៊ុន និយោជក។ អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​នឹងត្រូវ​ចំណាយ​បន្ថែម​ពី ១៥០% ដល់ ៣០០% នៃ​ប្រាក់ខែ​គោល សម្រាប់​បុគ្គលិក និយោជិត​ដែល​ធ្វើការ​ថែម​ម៉ោង»៕

  • សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៧០៖ រុស្ស៊ី វាយប្រហារ​តាមផ្លូវ​អាកាស ពាសពេញ​ទឹកដី​អ៊ុយ​ក្រែ​ន

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៧០៖ រុស្ស៊ី វាយប្រហារ​តាមផ្លូវ​អាកាស ពាសពេញ​ទឹកដី​អ៊ុយ​ក្រែ​ន

    កងទ័ព​រុស្ស៊ី បាន​ប្រើប្រាស់​កម្លាំង​អាកាស វាយប្រហារ​គោលដៅ​ជាច្រើន​នៅ​ពាសពេញ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ខណៈ​ដែល សហភាព​អឺរ៉ុប លើកសំណើ​ហាមឃាត់​ប្រេង​ចំពោះ រុស្ស៊ី។

    កម្លាំង​រុស្ស៊ី កាលពី​ថ្ងៃទី ៤ ឧសភា បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ អ៊ុយ​ក្រែ​ន តាំងពី​តំបន់​ភាគ​ឦសាន រហូតដល់​ភាគ​ខាងលិច និង​ខាងត្បូង ក្នុងនោះ​មាន​ទាំង​តំបន់​ជុំវិញ​ទីក្រុង Lviv ដែល​នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ ប្រទេស​ប៉ូឡូញ ដែល​បច្ចុប្បន្ន​គឺជា​ច្រកចេញចូល​ដែល ណា​តូ ប្រើប្រាស់​សម្រាប់​ដឹក​អាវុធ​មកកាន់ អ៊ុយ​ក្រែ​ន។

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ចោទថា បស្ចិម​លោក កំពុងតែ «ញាត់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន»។

    អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៤ ឧសភា បានប្រកាសថា កំពុង​ពិនិត្យមើល​លទ្ធភាព​ផ្ដល់​អាវុធ​ធុន​ធ្ងន់​មួយចំនួនទៀត​ឱ្យ ទីក្រុង​កៀវ ក្នុងនោះ​មាន​រថក្រោះ​លំដាប់​កំពូល​របស់​ពិភពលោក Panzerhaubitze ២០០០ (PzH ២០០០) ផងដែរ។

    រុស្ស៊ី កំពុងតែ​រក​វិធី​ដើម្បី​ធ្វើឱ្យ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន នៅ​ភាគ​ខាងកើត​ប្រទេស ស្ថិតក្នុង​ភាព​ឯកា ប៉ុន្តែ ក្រុមមន្ត្រី​អង់គ្លេស និយាយថា ការប្រឹងប្រែង​របស់ រុស្ស៊ី កំពុង​កើតឡើងយឺតៗ នៅពេល អ៊ុយ​ក្រែ​ន ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​វាយប្រហារ​គោលដៅ​សត្រូវ។

    សហភាព​អឺរ៉ុប (EU) ត្រូវបាន​គេ​ជឿថា បានធ្វើ​សេចក្ដីព្រាង​ស្ដីពី​កញ្ចប់​ទណ្ឌកម្ម​សំដៅលើ​ប្រេង​ឆៅ​របស់ រុស្ស៊ី ប៉ុន្តែ ប្រទេសមួយ​ចំនួន​ក្នុង​សហភាព​នេះ កំពុង​រក​វិធី​មិន​ចូលរួម​ក្នុងការ​ដាក់ទណ្ឌកម្ម។ យោងតាម​សំណើ EU នឹង​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី តាម​ដំណាក់កាល​ចាប់ពី ៦ ខែ ដល់ ៨ ខែ ខណៈដែល ប្រទេស​ហុង​គ្រី និង ស្លូ​វ៉ា​គី ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​លើ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​អូសបន្លាយ​ពេល​យូរ​ជាង​នេះ។

    ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី ៤ ឧសភា បានឱ្យដឹងថា មិន​គាំទ្រ​ចំពោះ​សំណើ​របស់ EU ព្រោះ​យល់ថា វិធី​នេះ​អាច​បំផ្លាញ​សន្តិសុខ​ថាមពល​របស់ខ្លួន។ កញ្ចប់​ទណ្ឌកម្ម​ត្រូវការ​ការឯកភាព​ពី​គ្រប់​សមាជិក (២៧ ប្រទេស) ក្នុងនោះ​មាន ហុង​គ្រី ផងដែរ មុននឹង​វា​មាន​សុពលភាព។

    ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​ប្រជាជន​ស៊ីវិល​សរុប ៦,៦៣៥ នាក់ បាន​រងគ្រោះថ្នាក់ ក្នុងនោះ​មាន ៣,២៣៨ នាក់ បាន​ស្លាប់ និង ៣,៣៩៧ នាក់ រងរបួស។ ស្ថាប័ន​នេះ​បាន​បញ្ជាក់ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ឆ្ងាយ៕

  • អាជ្ញាធរ​​ចិន ជិត «ដោះ​ច្រវាក់» ឱ្យ​បណ្ដា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ក្នុងស្រុក

    អាជ្ញាធរ​​ចិន ជិត «ដោះ​ច្រវាក់» ឱ្យ​បណ្ដា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ក្នុងស្រុក

    ក្រោយ​ការ​រឹតបន្តឹង​រយៈពេល​ជិត ២ ឆ្នាំ ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាង​ច្រើន ទីក្រុង​ប៉េកាំង កំពុង​រក​វិធី​ជំរុញ​វិស័យ​អន​ឡាញ ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ។

    យោងតាម​ទំព័រ Nikkei Asia រដ្ឋាភិបាល​ចិន គ្រោង​នឹង​ប្ដូរផ្លាស់​គោលនយោបាយ​ទាក់ទិន​នឹង​ការគ្រប់គ្រង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា Alibaba, Tencent ។ល។ ប្រភពព័ត៌មាន​ឱ្យដឹងថា រដ្ឋាភិបាល​នឹង​ជំរុញ​លើ​ការកំណត់​ស្ដីពី​ការបង្កើន​ចំនួន​អ្នកប្រើប្រាស់ និង​លើកឡើង​នូវ​វិធាន​ការគាំទ្រ​ជាក់លាក់ បំណង​ធានា​ការរីកចម្រើន​ស្របច្បាប់​នៅក្នុង​បរិស្ថាន​អ៊ី​ន​ធើ​ណិ​ត។

    ដើមខែ​ឧសភា​នេះ កិច្ចប្រជុំ​រវាង​ក្រុម​មេដឹកនាំ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ ប្រទេស​ចិន គ្រោង​នឹងធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ទស្សនវិស័យ​ថ្មី​របស់​រដ្ឋាភិបាល។

    ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia អធិប្បាយ​ថា «បើទោះជា​យុទ្ធនា​ការបង្ក្រាប​លើ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗតាំងពី​ឆ្នាំ ២០២០ បាន​នាំមក​នូវ​ប្រសិទ្ធភាព ប៉ុន្តែ ចំណុច​ស្នូល​នៃ​ការរីកចម្រើន​របស់​សេដ្ឋកិច្ច​បាន​ថយចុះ​ច្រើន។ មេដឹកនាំ​ចិន បានដឹង​អំពី​ប្រការនេះ ហើយ​កំពុង​ស្វែងរក​វិធី​ដើម្បី​បង្កើន​អំណាច​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត នាពេលខាងមុខ»៕

  • (វីដេអូ)-«មនុស្ស​ពីងពាង» តោង​ឡើង​អគារ​កម្ពស់ ៦០ ជាន់​ដោយ​ដៃទទេ ដើម្បី​ប្រឆាំងនឹង​ការ​រំលូតកូន

    (វីដេអូ)-«មនុស្ស​ពីងពាង» តោង​ឡើង​អគារ​កម្ពស់ ៦០ ជាន់​ដោយ​ដៃទទេ ដើម្បី​ប្រឆាំងនឹង​ការ​រំលូតកូន

    (សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ San Francisco បន្ទាប់ពី​បាន​តោង​ឡើង​អគារ​ខ្ពស់ Salesforce ដោយ​ពុំមាន​ខ្សែការពារ​សុវត្ថិភាព​អ្វី​ទាំងអស់។ បុរស​នេះ​ថែមទាំង​សើច​យ៉ាង​ស្រស់ និង​លើកដៃ​ស្វាគមន៍​មនុស្ស​ទាំងឡាយ​ដែល​នៅក្នុង​អគារ​ទៀតផង។

    នាយកដ្ឋាន​គ្រប់គ្រង​អគ្គិភ័យ​របស់​ទីក្រុង San Francisco បាន​បញ្ជាក់ថា ពិត​ជាមាន​ហេតុការណ៍​នេះ និង​បាន​អំពាវនាវ​ឱ្យ​សាធារណជន «រួមគ្នា​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ»។

    អគារ Salesforce ដែលមាន​កម្ពស់ ៣២៦ ម៉ែត្រ គឺជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី ២ នៅ​តំបន់​ភាគ​ខាងលិច Mississippi និង​ឈរ​លំដាប់​ទី ១៧ នៅ សហរដ្ឋ​អាម៉េរិក។

    នៅ​លើ​ទំព័រ Instagram របស់​ខ្លួន «មនុស្សពីងពាង» នេះ​ បាន​ឱ្យ​ដឹង​ថា គាត់​តោង​ឡើង​អគារ​នេះ​គឺ​ដើម្បី​ប្រឆាំង​នឹង​ស្ថាប័ន​មួយ​ដែល​បម្រើសេវា​កម្ម​រំលូត​កូន​។

    បុរស​នេះ​កន្លង​មក ធ្លាប់​បាន​តោង​ឡើង​អគារ​កម្ពស់​ជាង​ ១៨០ ម៉ែត្រ កាល​ពី​ខែ​សីហា ២០២១​ ផងដែរ ដើម្បី​ជំទាស់​នឹង​វិធានការ​រឹតបន្តឹង​នានា​ក្នុង​បំណង​ទប់ស្កាត់កូវីដ-១៩។

    ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង ១ ថ្ងៃ បន្ទាប់ពី សេចក្ដីព្រាង​មតិ​កម្រាស់ ៩៨ ទំព័រ របស់​ចៅក្រម​តុលាការ​កំពូល​អាម៉េរិក ត្រូវបាន​គេ​ធ្វើឱ្យ​លេច​ធ្លាយ ដែល​បង្ហាញថា ស្ថាប័ន​យុត្តិធម៌​របស់ អាម៉េរិក អាច​នឹង​ធ្វើឱ្យ​សេចក្ដីសម្រេច​លើ​បញ្ហា​រំលូតកូន កាលពី​ឆ្នាំ ១៩៧៣ ក្លាយជា​ស្របច្បាប់​វិញ។

    ការ​លេច​ធ្លាយ​នេះ ធ្វើឱ្យមាន​បាតុកម្ម​ពាសពេញ​ទឹកដី​អាម៉េរិក។ ក្រុម​អ្នកគាំទ្រ​សិទ្ធិ​រំលូតកូន និង​ក្រុម​មិន​គាំទ្រ បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​តុលាការ​កំពូល ក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​នៅក្នុង​បណ្ដា​ទីក្រុង ដើម្បី​សម្ដែង​មតិ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នេះ។