Author: សឿន សំណាង

  • Startup «ធ្វើ​ចំការ» ក្នុង​កសិដ្ឋាន​ប្រភេទ «ឈរ​ត្រង់» នៅក្នុង​អគារខ្ពស់ៗ

    Startup «ធ្វើ​ចំការ» ក្នុង​កសិដ្ឋាន​ប្រភេទ «ឈរ​ត្រង់» នៅក្នុង​អគារខ្ពស់ៗ

    នៅពេល​ហាង​ទំនិញ​ទាំងឡាយ​នៅ ហុងកុង ខ្វះ​កសិផល ដោយសារ​ដាច់​ចង្វាក់​ផ្គត់ផ្គង់ Gordon Tam ក៏​យល់ឃើញថា នេះ​គឺជា​ឱកាស​សម្រាប់​រូបមន្ត «កសិដ្ឋាន​ឈរ​ត្រង់» នៅក្នុង​បណ្ដា​អគារខ្ពស់។

    Gordon Tam ជា​សហ​ស្ថាបនិក និង​ប្រធាន​របស់ Farm៦៦ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​រូប​មន្ត្រី «កសិដ្ឋាន​ឈរ​ត្រង់» នៅ ហុងកុង។ Tam បានដឹងថា ទិន្នផល​បន្លែ​ដែល​ដាំ​នៅ​មូលដ្ឋាន​មាន​កម្រិត​ទាប​ខ្លាំង​នៅក្នុង​សម័យ​កូ​វីដ-១៩។

    នៅ ហុងកុង ស្បៀងអាហារ ជាង ៩០% ពិសេស​គឺ​បន្លែ ត្រូវបាន​នាំចូល​ពី ចិនដីគោក។ ដើមខែ​កុម្ភៈ ២០២២ ហុងកុង ដែលមាន​ប្រជាជន​ជាង ៧ លាន​នាក់ ត្រូវ​ប្រឈមមុខ​នឹង​ស្ថាន​ភាពខ្វះ​អាហារ​ស្រស់។ ហាង​ទំនិញ​នានា​ស្ទើរតែ​គ្មានអ្វី​ដើម្បី​លក់ ដោយសារតែ អាជ្ញាធរ​ចិន រឹតបន្តឹង​ព្រំដែន ព្រោះតែ​បញ្ហា​កូ​វីដ-១៩។

    Gordon Tam គណនា​ឃើញថា បរិមាណ​បន្លែ​ប្រហែល​តែ ១.៥% ប៉ុណ្ណោះ ដែល​ត្រូវបាន​ផលិត​នៅក្នុង​ស្រុក។ ហើយ​បណ្ដា «កសិដ្ឋាន​ឈរ​ត្រង់» ដូចជា Farm៦៦ ដែលមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប​ដូចជា អង្គ​ញាណ loT, អំពូល​ភ្លើង LED និង​រ៉ូ​បូត​ជាដើម អាច​ជំរុញ​ដល់​ការដាំដុះ​ក្នុង​តំបន់។ Farm៦៦ ក៏មាន​គម្រោង «នាំចេញ​អាថ៌កំបាំង» នេះ ទៅកាន់​ទីក្រុងផ្សេងៗផងដែរ។

    ក្នុង​សម័យ​កូវីដ-១៩ ក្រុង​ហុងកុង ប្រឈម​នឹង​បញ្ហា​ខ្វះបន្លែស្រស់

    Tam និយាយថា «កសិដ្ឋាន​ឈរ​ត្រង់​គឺជា​វិធីសាស្ត្រ​ដាំ​ដុះ​ដែល​ជួយ​ឱ្យគេ​អាច​ដាំ​បន្លែ​នៅក្នុង​ទីក្រុង​បាន និង​​កាត់​បន្ថយ​​ការ​ពឹង​​ផ្អែកលើ​ការនាំ​ចូល ពិសេស​ចំពោះ ហុងកុង»។

    Tam ចាប់ផ្ដើម​កសាង Farm៦៦ តាំងពី​ឆ្នាំ ២០១៣ រួមជាមួយ​នឹង​សហ​ស្ថាបនិក Billy Lam។ Farm៦៦ បាន​រកឃើញថា ពណ៌​ខុសគ្នា​នៅលើ​កាំរស្មី​នៃ​ពន្លឺ ជួយ​ឱ្យ​រុក្ខជាតិ​រីកលូតលាស់​ទៅតាម​វិធីខុសៗគ្នា។ ភ្លើង LED ពណ៌​ក្រហម​នឹង​ជួយ​ឱ្យ​ដើម​រុក្ខជាតិ​រីកលូតលាស់​បាន​លឿន ខណៈដែល​ពន្លឺ LED ពណ៌​ផ្ទៃមេឃ​ជួយ​ឱ្យ​ស្លឹក​រុក្ខជាតិ​រីក​ធំ​ជាង​ធម្មតា។

    Farm៦៦ ក៏​ប្រើប្រាស់​សែន​សឺរ loT និង រ៉ូ​បូត ដើម្បី​គ្រប់គ្រង​គុណភាព និង​ជួយ​គ្រប់គ្រង​កសិដ្ឋាន​ក្នុងផ្ទះ​ទំហំ​ជិត ២,០០០ ម៉ែត្រក្រឡា។ Farm៦៦ មាន​បុគ្គលិក​ពេញ​ម៉ោង ១៥ នាក់ រួមមាន ក្រុមអ្នកវិភាគ​ទិន្នន័យ អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាហារ និង​វិស្វករ​គ្រឿង​ម៉ាស៊ីន។ Farm៦៦ ផលិត​បន្លែ​បាន​រហូតដល់ ៧ តោន​ជា​រៀងរាល់ខែ។

    Farm៦៦ ទទួលបាន​ការវិនិយោគ​ពី ParticleX ដែលមាន​មហាសេដ្ឋី Tang Yiu នៅ​ពីក្រោយ និង​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​សហគ្រិន Alibaba, Cyberport និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Sino Group របស់​មហាសេដ្ឋី​សិង្ហ​បុរី Robert Ng ផងដែរ។

    កសិដ្ឋាន​បែប​ឈរ​ត្រង់​របស់ Farm៦៦

    Farm៦៦ ដាំ​បន្លែ​បៃតង បន្លែ​ក្រអូប និង​បន្លែ​ច្រើន​ប្រភេទ​ទៀត​ដោយ​ប្រើ​រូបមន្ត​កសិដ្ឋាន​ឈរ​ត្រង់ និង​តាមបែប​ដាំ​​ដុះ​​លើ​ទឹក។ ក្នុងនោះ រុក្ខជាតិ​ត្រូវបាន​ថែបំប៉ន​ដោយ​សារធាតុចិញ្ចឹម​ដែល​បានមកពី​កាកសំណល់​របស់​ត្រី ជំនួស​ឱ្យ​ជីគីមី ឬ​ជីធម្មជាតិ។ រុក្ខជាតិ​មាន​តួនាទី​ចម្រាញ់​ទឹក បង្កើតបានជា​ប្រព័ន្ធ​ជីវសាស្ត្រ​នៅក្នុង​កសិដ្ឋាន​ទំនើប​នេះ។

    បច្ចុប្បន្ន ក្រុមហ៊ុន Farm៦៦ របស់ Gordon Tam​ ផ្គត់ផ្គង់​កសិផល​ឱ្យ​ផ្សារ​ទំនើប សណ្ឋាគារ និង​ហាង​លក់រាយ​លំដាប់​ខ្ពស់។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣១ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣១ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៣០ ខែ​ឧសភា ២០២២ កម្ពុជា ​​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​ចំនួន ០៣ នាក់ ខណៈ​ដែល​​​​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​មិន​មាន​។

  • ទម្លាយអាថ៌កំបាំងនៃស្បែកក្មេងជាងវ័យ និងភ្លឺថ្លា សម្រាប់គ្រប់វ័យ

    ទម្លាយអាថ៌កំបាំងនៃស្បែកក្មេងជាងវ័យ និងភ្លឺថ្លា សម្រាប់គ្រប់វ័យ

    អាថ៍កំបាំងរបស់ស្ត្រី៖ ភាពស្រស់ស្អាតនៃដងខ្លួន និងមុខជួយនាំមកនូវភាពជឿជាក់លើខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ រូបរាងខាងក្រៅ និងភាពស្រស់ស្អាតអាចផ្លាស់ប្តូរទៅតាមពេលវេលា។ សម្រាប់ស្ត្រីដែលឈានដល់អាយុ 30 ឆ្នាំ ស្បែករបស់យើងចាប់ផ្តើមបង្ហាញសញ្ញាដំបូងនៃភាពចាស់ ដូចជាស្នាមជ្រួញ បញ្ហាស្បែក បាត់បង់សំណើម ស្បែកស្រអាប់ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់មនុស្សម្នាក់ៗ។

    កុំខ្លាចអី – Olay Total Effects ជាមួយនឹងអត្ថប្រយោជន៍ 7 យ៉ាងក្នុងដបតែមួយ ជួយប្រឆាំងនឹងភាពចាស់នៃស្បែក និងផ្តល់ភាពក្មេងជាងវ័យ ភ្លឺថ្លា។ ដូច្នេះអ្នកមិនចាំបាច់មានការភ័យខ្លាច និងមានទំនុកចិត្តគ្រប់ៗវ័យ។ វាមានជា Day Cream និង Night Cream ដែលមានអត្ថប្រយោជន៍ប្រឆាំងភាពចាស់ 7 យ៉ាងក្នុងដបតែមួយ។

    – ​ស្បែកម៉ត់រលោង
    – ធ្វើឱ្យស្បែកភ្លឺថ្លា
    – ពណ៌ស្បែកស្មើម៉ត់​ ល្អ
    – រន្ធញើសរួមតូច
    – បំបាត់ស្នាមជ្រីញជ្រួញ
    – ស្បែករឹងមាំ
    – ផ្ដល់សំណើម

    ជូនដល់​នារី​ខ្មែរ​ទាំង​អស់​ដែលបាន​អាន​សារនេះ ចូរ​ចាំ​អាយុ​គ្រាន់​តែ​ជា​តួ​លេខប៉ុណ្ណោះ ហើយ​កុំព្រួយបារម្ភ​វ័យរបស់យើង។ មានមោទនភាពចំពោះខ្លួនឯង មានទំនុកចិត្តលើខ្លួនឯង ហើយកុំឈប់ដើរតាមក្ដីសុបិន្ត។ Olay Total Effects ជួយផ្តល់អោយអ្នកនូវស្បែកក្មេងជាងវ័យ និងភ្លឺចែងចាំង – ដូច្នេះភាពជ្រីវជ្រួញ ឬភាពស្ងួតមិនអាចរារាំងអ្នកពីភាពលេចធ្លោបានទេ!

    សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook Page Olay Cambodia (https://www.facebook.com/OlayCambodiaPage/)

     

  • មិនគួរ​ឱ្យ​ជឿ​សោះ! ទារក​វ័យ ៤០ ថ្ងៃ នៅ ឥណ្ឌា មាន​ផ្ទៃពោះ

    មិនគួរ​ឱ្យ​ជឿ​សោះ! ទារក​វ័យ ៤០ ថ្ងៃ នៅ ឥណ្ឌា មាន​ផ្ទៃពោះ

    ទារក​ម្នាក់​ទើបតែ​មាន​អាយុ ៤០ ថ្ងៃសោះ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទៃពោះ​ដែល​កំពុង​រីកចម្រើន។

    យោងតាម Sputnik ហេតុការណ៍​ចម្លែក​នេះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ឪពុកម្ដាយ​របស់​ទារក​នេះ​មើលឃើញថា ពោះ​របស់​កូន​ពួកគេ​ឡើង​ធំ និង​ធ្វើឱ្យ​ពិបាក​នោម។

    វេជ្ជបណ្ឌិត Tabrez Aziz នៃ​មជ្ឈមណ្ឌល​សុខាភិបាល Rahmania ក្នុង​តំបន់ Bihar បានស្នើ​ឱ្យ​ថត CT ក្រពះ​របស់​ទារក​នេះ ហើយ​លទ្ធផល​បានធ្វើឱ្យ​គ្រប់គ្នា​ស្រឡាំងកាំង។ វេជ្ជបណ្ឌិត​ឱ្យដឹងថា ពួកគេ​បានឃើញ​ទារក​ក្នុង​ផ្ទៃ​របស់​ទារក​វ័យ ៤០ ថ្ងៃនេះ កំពុងតែ​រីកចម្រើន​នៅក្នុង​ក្រពះ។

    បច្ចុប្បន្ន សុខភាព​របស់​ទារក​វ័យ ៤០ ថ្ងៃ​ខាងលើ​​នេះ​បាន​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ការវះកាត់​ព្យាបាល ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ​រួចហើយ​ដែរ។

    ក្រុម​អ្នកឯកទេស​បានឱ្យដឹង​ថា បាតុភូត​ចម្លែក​នេះ​ត្រូវបាន​គេ​ហៅថា «គភ៌​ក្នុង​គភ៌» គឺជា​ស្ថានភាព​ដែល​ទារ​កមួយ​ចិញ្ចឹម​ទារក​មួយទៀត​ដែល​ត្រូវជា​បងប្អូន​ភ្លោះ នៅក្នុង​រាងកាយ​របស់ខ្លួន។ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព៏​ត៌មាន ANI របស់ ឥណ្ឌា ថា នេះ​គឺជា​ករណី​ដ៏​សែន​កម្រ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ករណីបែបនេះ​កើតឡើង​នៅពេល​ទារក​មួយ​ក្នុង​ផ្ទៃ ត្រូវបាន «ស្រូបយក» ដោយ​ទារក​មួយទៀត​ដែល​នៅក្នុង​ផ្ទៃ​ជាមួយគ្នា។

    កាលពី ៥ ឆ្នាំមុន នៅ ហុងកុង និង ឆ្នាំ ២០១៩ នៅ អ៊ីស្រាអែល ក៏​ធ្លាប់មាន​សេចក្ដីរាយការណ៍​ស្ដីពី​ករណី​ដូច​ទៅនឹង​រឿងរ៉ាវ​ខាងលើ​នេះដែរ។

  • ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប្រទេស​ហូ​ឡង់

    ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប្រទេស​ហូ​ឡង់

    ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ កាលពី​ថ្ងៃទី ៣០ ឧសភា ប្រកាសថា ក្រុមហ៊ុន​ថាមពល​រដ្ឋ Gazprom របស់ រុស្ស៊ី នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ បន្ទាប់ពី ហូ​ឡង់ បាន​បដិសេធ​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

    យោងតាម​ប្រកាស​របស់ GasTerra ក្រុមហ៊ុន Gazprom នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ​ចាប់ពី​ថ្ងៃទី ៣១ ឧសភា​តទៅ។

    ការសម្រេច​របស់​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី មានន័យថា ឧស្ម័ន ២ ពាន់​លាន​ម៉ែត្រគូប នឹងមិន​ត្រូវបាន​ផ្គត់ផ្គង់​ដល់ ហូ​ឡង់ ចាប់ពីពេលនេះ​រហូតដល់​ខែតុលា ២០២២។ ក្រុមហ៊ុន​របស់ ហូ​ឡង់ បាន «ព្យាករ​រួចហើយ​លើ​បញ្ហា​នេះ» ហើយ​បាន​ងាក​ទៅ​ទិញ​ឧស្ម័ន​ពី​កន្លែង​ដទៃ។

    ក្រោយពី​លោកខាងលិច​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ ក៏បាន​តម្រូវឱ្យ​អតិថិជន​ដែល «មិន​ស្និទ្ធ» នឹង រុស្ស៊ី ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ទូទាត់​ដោយ​ប្រាក់​រូ​ប្ល។

    មួយផ្នែក​នៃ​ក្រុមហ៊ុន GasTerra គឺជា​កម្មសិទ្ធិ​របស់ រដ្ឋ​ហូ​ឡង់ ដែល​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ឧស្ម័ន​លើ​ពិភពលោក។ វា​ជា​កម្មសិទ្ធិរួម​របស់ Royal Dutch Shell នៃ ប្រទេស​អង់គ្លេស (២៥%), Esso (ExxonMobil) របស់ សហរដ្ឋ​អាម៉េរិក (២៥%) និង ក្រុមហ៊ុន EBN របស់ រដ្ឋាភិបាល​ហូ​ឡង់ (៥០%)។

  • សហភាព​អឺរ៉ុប ឯកភាពគ្នា លើ​​ការ​ហាម​ឃាត់​ប្រេង​របស់ រុស្ស៊ី

    សហភាព​អឺរ៉ុប ឯកភាពគ្នា លើ​​ការ​ហាម​ឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) បាន​ឯកភាពគ្នា លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ចំនួន ២/៣ បន្ទាប់ពី​មានការ​យល់ព្រម​ពី ហុង​គ្រី នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ ព្រុ​ច​សែ​ល។

    «ឯកភាព​លើ​ការហាមឃាត់​នាំចូល​ប្រេង​ពី រុស្ស៊ី មកកាន់ សហភាព​អឺរ៉ុប។ ប្រការនេះ​នឹងមាន​សុពលភាពភ្លាមៗចំពោះ ២/៣ នៃ​បរិមាណ​ប្រេង​នាំចូល​ពី រុស្ស៊ី ដែល​នេះ​នឹង​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​យ៉ាង​ធំ​សម្បើម​សម្រាប់​ក្បាលម៉ាស៊ីន​សង្គ្រាម​របស់​ពួកគេ។ ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ រុស្ស៊ី ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា» ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (EC) Charles Michel សរសើរ​លើ Twitter កាលពី​យប់​ថ្ងៃទី ៣០ ឧសភា ក្រោយ​កិច្ចប្រជុំ​កំពូល​របស់ EC នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប Ursula von der Leyen ប្រកាសថា ក្រុម​មេដឹកនាំ EU បាន «ឯកភាពគ្នា​ទៅលើ​គោលការណ៍» សម្រាប់​ការដាក់ទណ្ឌកម្ម​លើ​ប្រេង​ពី រុស្ស៊ី។ «EC ពេលនេះ​អាច​សម្រេចបាន​បទបញ្ជា​ដាក់ទណ្ឌកម្ម ៩០% នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី មុន​ឆ្នាំ ២០២៣។ នេះ​គឺជា​ជំហាន​សំខាន់។ យើង​នឹង​ឆាប់​វិល​ត្រលប់មក​ដោះស្រាយ​បញ្ហា​ស្ដីពី ១០% ដែល​នៅ​សេសសល់» លោកស្រី Leyen ថ្លែង​ដូច្នេះ។

    EU បាន​ពិភាក្សាគ្នា​អស់​ជាច្រើន​សប្ដាហ៍​មកហើយ ស្ដីពី​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ប៉ុន្តែ ជួប​ឧបសគ្គ​ធំ​ដោយសារ​ការជំទាស់​រប​ស់ នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ដែល​បាន​លើកឡើងថា ការ​កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ប្រេង​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ការសម្រេចចិត្ត​ហាមឃាត់ ២/៣ នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី ត្រូវ​បានលើកឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​សហភាព​នេះ បាន​ឯកភាព​ជាមួយ ហុង​គ្រី ថា នឹង​លើកលែង​ការហាមឃាត់​ចំពោះ​ការ​នាំចូល​ប្រេង​ដោយ​បំពង់​បង្ហូរ។

    EU ក៏បាន​ឯកភាពគ្នា ដក​ធនាគារ​ធំជាងគេ​របស់ រុស្ស៊ី Sberbank ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ SWIFT និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​វិទ្យុ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ចំនួន ៣ បន្ថែមទៀត​ផងដែរ។

    ក្រុមមន្ត្រី​របស់ ប្រទេស​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការសម្រេចចិត្ត​ខាងលើ​របស់ សហភាព​អឺរ៉ុប។

  • អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ជំងឺ​អុត​ស្វា «មិន​បង្ក​ហានិភ័យ​​ធ្ងន់​ធ្ងរ​​» ចំពោះ​​ប្រព័ន្ធ​​សុខាភិបាល​​​របស់​ពិភព​លោក

    អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ជំងឺ​អុត​ស្វា «មិន​បង្ក​ហានិភ័យ​​ធ្ងន់​ធ្ងរ​​» ចំពោះ​​ប្រព័ន្ធ​​សុខាភិបាល​​​របស់​ពិភព​លោក

    ជំងឺ​អុត​ស្វា (monkeypox) បង្ក «ហានិភ័យ​បង្គួរ» ចំពោះ​សុខាភិបាល​សាធារណៈ​នៅក្នុង​ពិភពលោក។ ប្រកាស​នេះ​ត្រូវបាន អង្គការ​សុខភាព​ពិភពលោក (WHO) លើកឡើង​កាលពី​ថ្ងៃទី ២៩ ឧសភា ក្នុង​គ្រា​ដែល​ករណី​ឆ្លង​ជំងឺ​នេះ​កើតមាន​នៅក្នុង​បណ្ដា​ប្រទេស​ដែល​មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

    WHO ឱ្យដឹងថា ហានិភ័យ​ទាក់ទង​នឹង​សុខាភិបាល​សាធារណៈ​អាច​កើនឡើង​ខ្ពស់ បើសិន​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ក្លាយជា​ភ្នាក់ងារ​បង្ក​រោគ និង​ឆ្លង​រាលដាល​ទៅក្នុង​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា កុមារ ឬ​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ។

    យោងតាម​ស្ថិតិ គិត​ត្រឹម​ថ្ងៃទី ២៦ ឧសភា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២៥៧ នាក់ និង​ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ១២០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ២៣ ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​ដែល​ពីមុនមក មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

    មកដល់​បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​នេះ​នៅឡើយ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា អាច​នឹងមាន​ករណី​ឆ្លង​ថ្មី​ជាច្រើន​ទៀត គ្រា​ដែល​អង្គការ​នេះ​កំពុង​តាមដាន​នៅតាម​បណ្ដា​ប្រទេស​ដែលមាន និង​មិនមាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា។

  • មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ព្យាករ​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​បន្ទាប់ វាយប្រហារ​ពិភពលោក

    មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ព្យាករ​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​បន្ទាប់ វាយប្រហារ​ពិភពលោក

    សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft លោក ប៊ី​ល ហ្គេ​ត បាន​ប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Diario ថា ជំងឺ​រាតត្បាត​សកល​មួយ​ផ្សេងទៀត ដែល​នឹង​វាយប្រហារ​លើ​ប្រជាជន​ពិភពលោក​ក្នុងអំឡុង ២០ ឆ្នាំ​ទៀត​គឺមាន​លទ្ធភាព​កើតឡើង​រហូតដល់ ៥០%។

    មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ជឿថា នោះ​អាចជា​វីរុស​មួយ​ប្រភេទ​ដែល​មនុស្ស​បង្កើតឡើង ឬ​កើត​ពី​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ផលវិបាក​ដែល​ទាក់ទិន​នឹង​ការប្រែប្រួល​នៃ​អាកាសធាតុ។ កាលពី​ថ្ងៃទី ៣ ឧសភា លោក ហ្គេ​ត បាន​បញ្ចេញ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​បន្ទាប់»។

    មហាសេដ្ឋី​រូបនេះ មុន​នោះបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានា ផ្ដល់​ការគាំទ្រ​ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ ក្នុងការ​បង្កើត​រូបមន្ត​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ការគំរាមកំហែង​ចំពោះ​សុខភាព​ទូទាំង​សកលលោក។ ក្រៅពីនេះ លោក ប៊ី​ល ហ្គេ​ត ក៏បាន​ស្នើឱ្យ​បង្កើន​ការចំណាយ​ដើម្បី​កែលម្អ​សមត្ថភាព​នៃ​ការត្រៀមខ្លួន​ជាមុន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត។

    លោក ហ្គេ​ត យល់ថា មានតែ អង្គការ​សុខភាព​ពិភពលោក ប៉ុណ្ណោះ ទើប​មាន​សមត្ថភាព​បង្កើត និង​គ្រប់គ្រង​ក្រុម​ជំនាញ​លំដាប់​កំពូល​បាន ដោយ​ប្រើប្រាស់​ខ្ទង់​ប្រាក់​ជំនួយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ/ឆ្នាំ។

    កាលពី​ឆ្នាំ ២០១៥ លោក ប៊ី​ល ហ្គេ​ត គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ព្រមាន​ជា​សាធារណៈ​ថា ពិភពលោក​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ សម្រាប់​ការប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​សកល​ថ្មី។ មហាសេដ្ឋី​រូបនេះ​អះអាងថា វីរុស​គឺជា​អ្នកបង្ក​ហានិភ័យ​កើតមាន​សោកនាដកម្ម​ទូទាំង​សកលលោក មិនមែន​សង្គ្រាម​នោះទេ។

    ចំពោះ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ វិញ បច្ចុប្បន្ន ចំនួន​ករណី​ឆ្លង​សរុប​បាន​កើនឡើង​ដល់​ជាង ៥២៨ លាន​នាក់ ក្នុងនោះ​មាន​ប្រមាណ ៦.២ លាន​នាក់ បាន​បាត់​បង់ជីវិត៕

  • គំរាមថា «ប្រើ​កាំភ្លើង​បាញ់រះ» សិស្ស​ថ្នាក់​បឋម​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    គំរាមថា «ប្រើ​កាំភ្លើង​បាញ់រះ» សិស្ស​ថ្នាក់​បឋម​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    (សហរដ្ឋ​អាម៉េរិក)-ក្មេងប្រុស​ម្នាក់​រៀន​ថ្នាក់​ទី ៥ នៅ Florida ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​បាន​ផ្ញើ​សារ​គំរាមថា​នឹងធ្វើ​ការបាញ់រះ។

    សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អត្តសញ្ញាណ​របស់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ខាងលើនេះ​ទេ ប៉ុន្តែ បញ្ជាក់ថា ជា​សិស្ស​រៀន​នៅ​សាលា Patriot ក្នុង​ទីក្រុង Cape Coral រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។ ប៉ូលិស​បាន​ចាប់​វាយខ្នោះ និង​នាំខ្លួន​ឡើង​រថយន្ត​កាលពី​ព្រលប់​ថ្ងៃទី ២៨ ឧសភា។

    «សកម្មភាព​របស់​សិស្ស​សាលា​រូបនេះ​ពិតជា​គួរឱ្យ​ព្រួ​បារម្ភ​ណាស់ ពិសេស​គឺ​បន្ទាប់ពី​ករណី​គួរឱ្យ​សោកសៅ​ថ្មី ៗនេះ​នៅ Uvalde រដ្ឋ Texas។ ការធានា​សុវត្ថិភាព​ជូនកូនៗរបស់​យើង គឺជា​រឿង​សំខាន់បំផុត» អធិការនគរបាល​ស្រុក Lee លោក Carmine Marceno ឱ្យដឹង​ដូច្នេះ។

    បច្ចុប្បន្ន មិនទាន់​ដឹងថា ក្មេងប្រុស​នេះ​បាន​ផ្ញើ​សារ​ទៅ​គំរាម​អ្នកណា ក៏ដូចជា​នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងណា​​នៅ​ឡើយ។

  • អាល្លឺម៉ង់ ចំណាយ​ជាង ១០០ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា

    អាល្លឺម៉ង់ ចំណាយ​ជាង ១០០ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា

    រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បក្សប្រឆាំង បាន​ឯកភាពគ្នា​បញ្ចេញ​ខ្ទង់​ប្រាក់ ១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​កញ្ចប់​ថវិកា​ពិ​សេស​ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ប្រទេស​នេះ។

    សេចក្ដីសម្រេច​ខាងលើ​ត្រូវបាន​អនុម័ត​កាលពី​ព្រលប់​ថ្ងៃទី ២៩ ឧសភា ក្រោយ​ការចរចា​យ៉ាង​លំបាក​អស់​ជាច្រើន​សប្ដាហ៍​រវាង​បណ្ដា​បក្ស​ក្នុង​រដ្ឋាភិបាលចម្រុះ និង​បក្សប្រឆាំង​របស់​អតីត​អធិការបតី Angela Merkel។

    ជោគជ័យ​នៃ​ការចរចា​ខាងលើនេះ​ជួយ​ឱ្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បង្កើត​ខ្ទង់ចំណាយ​ពិសេស​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ និង​សម្រេចបាន​គោលដៅ​នៃ​ការចំណាយ​លើ​វិស័យ​យោធា​ប្រមាណ ២% ធៀប​នឹង GDP (ផលិតផល​ក្នុងស្រុក​សរុប) ដែល ណា​តូ បានកំណត់។

    នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz កាលពី​ខែកុម្ភៈ បានដាក់​សំណើ​ថវិកា​ពិសេស ១០០ ពាន់​លាន​អឺរ៉ូ (១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​បំពាក់អាវុធ​ជាថ្មី​ដល់​កងទ័ព​អាល្លឺម៉ង់ និង​ធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រទេស​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។