Author: សឿន សំណាង

  • សេ​ណេ​ហ្គា​ល់ សាងសង់​​រោង​ចក្រ​​ដែល​អាច​បន្សា​ប​​ទឹក​ប្រៃ​ ១០០,០០០ ​ម៉ែត្រ​គូប ​ជា​​រៀង​រាល់​ថ្ងៃ

    សេ​ណេ​ហ្គា​ល់ សាងសង់​​រោង​ចក្រ​​ដែល​អាច​បន្សា​ប​​ទឹក​ប្រៃ​ ១០០,០០០ ​ម៉ែត្រ​គូប ​ជា​​រៀង​រាល់​ថ្ងៃ

    ប្រទេស​សេ​ណេ​ហ្គា​ល់ កាលពី​ថ្ងៃទី ៣១ ឧសភា បានចាប់ផ្ដើម​សាងសង់​រោងចក្រ​បន្សាប​ទឹកប្រៃ​ដំបូង​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ស្ថានភាព​ខ្វះ​ទឹក​នៅ រដ្ឋធានី​ដា​កា។

    ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​នៅ​ខណ្ឌ Mamelles ក្នុង រដ្ឋធានី​ដា​កា កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ Macky Sall សង្កត់ធ្ងន់ថា នេះ​គឺជា «គម្រោង​ដ៏​ស្មុគស្មាញ និង​មិន​ធ្លាប់មាន​ពីមុនមក» ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​មហិច្ឆតា ដើម្បី​រុញច្រាន​ប្រទេស​នេះ​ឱ្យ​ក្លាយជា​សេដ្ឋកិច្ច​លេចធ្លោ​ថ្មី​នៅ​ឆ្នាំ ២០៣៥។

    រោងចក្រ​ដែល​ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​នេះ​នឹង​អាច​បន្សាប​ទឹក​ដែល​យក​ពី​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន ១០០,០០០ ម៉ែត្រគូប​ជា​រៀងរាល់ថ្ងៃ។ គម្រោង​នេះ​នឹងត្រូវ​ការកែលម្អ​ផ្លូវ​ជាង ៣០០ គីឡូម៉ែត្រ ដើម្បី​ដាក់​បំពង់​បង្ហូរទឹក។

    នៅពេល​ដំណើរការ​ពេញលេញ គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ដល់ ១៦ ខណ្ឌ​របស់ រដ្ឋធានី​ដា​កា ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​ជាង ១ លាន​នាក់។ ប្រការនេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ទិន្នផល​នៃ​ការផលិត​ទឹកស្អាត​នៅ ដា​កា ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ការពារ​ប្រភពទឹក​ក្រោម​ដី​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​ផងដែរ។

  • អ៊ុយ​ក្រែ​ន ប្រកាស​អំពី​ខ្ទង់​ខាតបង់​ក្នុងអំឡុង ៣ ខែ​នៃ​សង្គ្រាម​ជាមួយ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាស​អំពី​ខ្ទង់​ខាតបង់​ក្នុងអំឡុង ៣ ខែ​នៃ​សង្គ្រាម​ជាមួយ រុស្ស៊ី

    គណៈរដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន គណនា​ឃើញថា ប្រទេស​នេះ​រង​ការខាតបង់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្រោយ​រយៈពេល​ជិត ១០០ ថ្ងៃ ដែល រុស្ស៊ី បាន​ចូល​ឈ្លានពាន។

    «តាម​ការ​គណនា​របស់​រដ្ឋាភិបាល ការខូចខាត​ដែល​សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន ត្រូវ​រង​ដោយសារ​តែ​សង្គ្រាម បាន​កើន​ឡើងដល់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក» នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal ឱ្យដឹង​នៅក្នុង​វេទិកា GLOBSEC ២០២២ នៅ Bratislava កាលពី​ថ្ងៃទី ២ មិថុនា។

    តួលេខ ៦០០ ពាន់​លាន​ដុល្លារ​នេះ​គឺជា​ការខូចខាត​ពី​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ពន្យារពេល ច្រក​នាំចេញ​ត្រូវ​រាំងខ្ទប់ បណ្ដា​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​សកម្មភាព ក៏ដូចជា​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង ផ្លូវថ្នល់ បណ្ដាញ​ទំនាក់ទំនង។ល។

    នាយករដ្ឋមន្ត្រី និង ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា ដើម្បី​ស្ដារ​ប្រទេស​ឡើងវិញ អ៊ុយ​ក្រែ​ន ត្រូវការ​កិច្ចសហការ និង​ជំនួយ​ពី​វិស័យ​ឯកជន និង​រដ្ឋាភិបាល​បរទេស ពិសេស​គឺ​បស្ចិម​លោក។

    ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen និង​ប្រធានាធិបតី​អាម៉េរិក កាលពីពេល​កន្លង​ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក កំពុង​រក​វិធី​ប្រើប្រាស់​ទ្រព្យ​ដែល​រឹបអូស​បាន​ពី​ក្រុម​អ្នកមាន​របស់ រុស្ស៊ី ដើម្បី​ស្ដារ ប្រទេស​អ៊ុយ​ក្រែ​ន ឡើងវិញ៕

  • នាវា និង​យន្តហោះ​ជាង ៦០ គ្រឿង របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

    នាវា និង​យន្តហោះ​ជាង ៦០ គ្រឿង របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

    កង​នាវា​ប៉ាស៊ីហ្វិក នៃ កងទ័ពជើងទឹក​រុស្ស៊ី ធ្វើ​សមយុទ្ធ​រយៈពេល​មួយ​សប្ដាហ៍​ជាមួយនឹង​វិញ្ញាសារ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការរុករក​នាវាមុជទឹក​របស់​សត្រូវ​ផងដែរ។

    ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា សមយុទ្ធ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ១០ មិថុនា ដោយមាន​ការចូលរួម​របស់​នាវា​ជាង ៤០ គ្រឿង និង​យន្តហោះ ២០ គ្រឿង​នេះ គឺជា​សកម្មភាព​ស្ថិតក្នុង​កម្មវិធី​ហ្វឹកហ្វឺន​ទៀងទាត់​ដែលមាន​គម្រោង​ពីមុន​មកហើយ។

    សមយុទ្ធ​នេះ​ក៏មាន​វត្តមាន​របស់​ក្រុម​នាវាចម្បាំង​យុទ្ធសាស្ត្រ នាវា​អម​ការពារ នាវាមុជទឹក នាវា​រុករក​គ្រាប់មីន នាវា​មី​ស៊ី​ល និង​នាវា​ដឹកជញ្ជូន​ផងដែរ។

    ព្រឹត្តិការណ៍​នេះ​កើតឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក Tu-៩៥MS របស់ រុស្ស៊ី និង H-៦ របស់ ចិន ធ្វើ​សមយុទ្ធ​រួមគ្នា​ក្នុង​រយៈពេល ១៣ ម៉ោង លើ​សមុទ្រ​ជប៉ុន សមុទ្រ​ចិន​ខាងកើត និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច នាំឱ្យ ទីក្រុង​សេ​អ៊ូ​ល និង តូ​ក្យូ បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​ទប់ទល់។

    សមយុទ្ធ​រុស្ស៊ី-ចិន នេះ ត្រូវបាន​ធ្វើឡើង​នៅពេល​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ចតុ​ភាគី រួមមាន អាម៉េរិក, ជប៉ុន, អូស្ត្រាលី និង ឥណ្ឌា ជួបប្រជុំ​នៅ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។

  • តុលាការ​ចិន ប្រកាស​កាត់ទោស​ប្រហារជីវិត​អតីតមន្ត្រី​មូល​ប​ត្រ

    តុលាការ​ចិន ប្រកាស​កាត់ទោស​ប្រហារជីវិត​អតីតមន្ត្រី​មូល​ប​ត្រ

    តុលាការ​ចិន ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត​ចំពោះ Tong Daochi អតីតមន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​ចិន ព្រោះតែ​ទទួល​សំណូក និង​ជួញដូរ​ភាគហ៊ុន​ដោយ​ខុសច្បាប់។

    តុលាការ​ថ្នាក់កណ្ដាល​របស់​ទីក្រុង Shenzhen ខេត្ត ក្វាង​តុង កាលពី​ថ្ងៃទី ២ មិថុនា បានប្រកាស​កាត់ទោស​ប្រហារជីវិត​ដោយមាន​ការព្យួរទោស ២ ឆ្នាំ ចំពោះ Tong Daochi។ ទោស​នេះ​តែង​ត្រូវបាន​បន្ថយ​មក​នៅត្រឹម​ជាប់ពន្ធនាគារ​អស់​មួយជីវិត បើសិន​ទណ្ឌិត​ត្រូវបាន​គេ​មើលឃើញថា មានការ​កែប្រែ​ល្អ។

    Tong Daochi ក៏ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​មួយជីវិត និង​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់​ផងដែរ។

    Tong Daochi ធ្លាប់ជា​សមាជិក​អចិន្ត្រៃយ៍​នៃ គណៈកម្មាធិការ​បក្ស​ខេត្ត Hainan និង​ជា​អតីត​លេខា​បក្ស​ក្រុង Sanya នៃ​ខេត្ត​នេះ។ ជននេះ​ធ្លាប់​កាន់តំណែង​មួយចំនួន​នៅក្នុង​គណៈកម្មការ​គ្រប់គ្រង​ផ្សា​រមូល​ប​ត្រ​ចិន (CSRC)។

    យោងតាម​ឯកសារ​ពី​តុលាការ ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០២០ Tong បាន​ប្រើប្រាស់​តួនាទី​នៅ CSRC និង Hainan ដើម្បី​ជួយ​ដល់​អ្នកដទៃ​ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ​សាធារណៈ​ដំបូង (IPO), សកម្មភាព​ជំនួញ ការខ្ចី​បុល និង​ការដំឡើង​តំណែង។ ជំនួស​មកវិញ ជននេះ​ទទួលបាន​ប្រាក់ និង​អំណោយ​តម្លៃ​ជាង ២៧៤ លាន​យុន ប្រហែល ៤១ លាន​ដុល្លារ​អាម៉េរិក។

    ទន្ទឹមនឹងនេះ Tong ក៏ត្រូវ​បាន​គេ​រកឃើញថា បាន​ប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង​ដែល​ខ្លួន​ដឹង​តាមរយៈ​តំណែង​នៅ CSRC ដើម្បី​ណែនាំ​ឱ្យ​អ្នក​នៅក្បែរ​ខ្លួន ឬ​អ្នក​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ខ្លួន ទិញ​ភាគហ៊ុន​ដែល​ទាក់ទង មានតម្លៃ​ជាង ៣១ លាន​យុន ប្រហែល ៤.៧ លាន​ដុល្លារ​អាម៉េរិក រកប្រាក់​ចំណេញ​ខុសច្បាប់​បាន​ជាង ៣.៣៨ លាន​យុន ប្រហែល ៥០៧,០០០ ដុល្លារ​អាម៉េរិក ចាប់ពី​ឆ្នាំ ២០០៦ ដល់ ២០០៧។

    នៅ ប្រទេស​ចិន បន្ទាប់ពី​ប្រធានាធិបតី ស៊ី ជីន​ពីង ផ្ដួចផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ ២០១២ មនុស្ស​ជាង ១ លាន​នាក់ រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប ត្រូវបាន​ចាប់ខ្លួន។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៣ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៣ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០២ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

     

  • ស៊ុយអែត នឹង​ផ្ដល់​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង ឱ្យ អ៊ុយ​ក្រែ​ន

    ស៊ុយអែត នឹង​ផ្ដល់​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង ឱ្យ អ៊ុយ​ក្រែ​ន

    ប្រទេស​ស៊ុយអែត នឹង​ផ្ដល់​មី​ស៊ី​ល​កម្ចាត់​នាវាចម្បាំង បណ្ដា​អាវុធ​ធុន​តូច អាវុធ​ប្រឆាំង​រថក្រោះ​ធុន​ស្រាល និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់ អ៊ុយ​ក្រែ​ន នេះ​បើតាម​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់ ទីក្រុង​ស្តុក​ខុល ឱ្យដឹង​កាលពី​ថ្ងៃទី ២ មិថុនា។

    «ជំនួយ​នេះ​អាច​​ជួយ​ពង្រឹងកម្លាំង​ការពារជាតិ​របស់ អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​កំពុង​ស្ថិតក្នុង​ស្ថានការណ៍​គ្រោះថ្នាក់។ ការជួយ​ដល់ អ៊ុយ​ក្រែ​ន គឺជា​រឿង​សាមគ្គី និង​សំខាន់​ចំពោះ​សន្តិសុខ​របស់ ស៊ុយអែត» រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស៊ុយអែត Mikael Damberg បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស៊ុយអែត Peter Hultqvist។

    រដ្ឋមន្ត្រី Peter Hultqvist និយាយថា កាលពី​ខែកុម្ភៈ ទីក្រុង​ស្តុក​ខុល បានផ្ដល់​ជំនួយ​ជា​សម្ភារ​យោធា​ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ប្រឆាំង​រថក្រោះ ៥,០០០ គ្រាប់​ផងដែរ។

    កញ្ចប់​ជំនួយ​ថ្មី​នឹង​រួមមាន កាំភ្លើង​វែង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ Barrett M៨២ អម​ជាមួយនឹង​គ្រាប់រំសេវ និង អាវុធ​ប្រឆាំង​រថក្រោះ ៥,០០០ គ្រាប់​ផ្សេងទៀត ព្រមទាំង​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Robot ១៧ ជា​អាវុធ​ដែល ទីក្រុង​កៀវ បាន​ស្នើសុំ​ជាពិសេស។

    ស៊ុយអែត និង ហ្វាំ​ង​ឡង់ បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ ជា​ផ្លូវការ នៅពេល រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ បើទោះជា​ត្រូវបាន​ប្រទេស​ជាច្រើន​ក្នុង​អង្គការ​ណា​តូ ទទួល​ស្វាគមន៍ ប៉ុន្តែ សំណើ​របស់​ប្រទេស​ទាំងពីរ​ខាងលើ កំពុង​ត្រូវបាន​រារាំង​ដោយ ប្រទេស​តួ​ក​គី ដោយ​ប្រទេស​នេះ​ចោទថា ហ្វាំ​ង​ឡង់ និង ស៊ុយអែត គាំទ្រ​បក្ស​ពលករ​ជនជាតិ​ឃើ​ដ (Kurd – PKK) ដែល តួ​ក​គី ចាត់ទុកជា​អង្គការ​ភេរវកម្ម។

  • OPEC+ ឯកភាពគ្នា បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ

    OPEC+ ឯកភាពគ្នា បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ

    អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (POEC+) ទើបតែ​បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ នៅក្នុង​ខែកក្កដា និង​សីហា​ខាងមុខ។

    តួលេខ​ខាងលើនេះ​ខ្ពស់ជាង​ច្រើន​ធៀប​នឹង​អត្រា​នៃ​ការបង្កើន​ទិន្នផល​ប្រចាំខែ​ដែល​គ្រោងទុក​មុន​នោះ គឺ ៤៣២,០០០ ធុង/ថ្ងៃ។ ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល សហភាព​អឺរ៉ុប កាត់បន្ថយ​ការនាំ​ចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី ដែល​ប្រការនេះ​បានដាក់​សម្ពាធ​ទៅលើ​ទីផ្សារ និង​បន្ត​រុញ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់។

    សមាជិក​ចំនួន ៣ របស់ OPEC ដែល​នាំមុខ​ដោយ អា​រ៉ា​ប៊ី​សា​អូឌីត និង​ដៃគូ​សហការ​ចំនួន ១០ របស់​អង្គការ​នេះ ដែល​នាំមុខ​ដោយ រុស្ស៊ី បាន​កាត់បន្ថយ​ទិន្នផល​ប្រេង​ឆៅ​កាលពី​ឆ្នាំ ២០២០ ក្នុងពេលដែល​តម្រូវកា​រ​ថយចុះ​ដោយសារ កូ​វីដ-១៩។

    នៅ​ចំពោះមុខ​ការជំរុញ​ពី​បណ្ដា​ប្រទេស​ប្រើប្រាស់​ប្រេង​ឆៅ​លំដាប់កំពូលៗរបស់​ពិភពលោក បណ្ដា​ប្រទេស​ជា​សមាជិក OPEC+ បាន​បង្កើន​ការផលិត​ឡើងដល់ ៤០០,០០០ ធុង/ថ្ងៃ ជា​រៀងរាល់ខែ ចាប់ពី​ឆ្នាំ​កន្លង។ យោងតាម Interfax ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី និង រុស្ស៊ី នឹង​អាច​បង្កើន​ការផលិត​ប្រេង​ក្នុង​ខែកក្កដា ថែម ១៧០,០០០ ធុង/ថ្ងៃ ធៀប​នឹង​ខែមិថុនា ឡើងដល់ ១០,៨៣៣ ធុង/ថ្ងៃ។

  • ៦ ប្រទេស​របស់ អាស៊ាន (ASEAN) នឹងចូលរួម​ធ្វើ​សមយុទ្ធ «ឆ្នេរ​ក្រវាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក» នៅ សហរដ្ឋ​អាម៉េរិក

    ៦ ប្រទេស​របស់ អាស៊ាន (ASEAN) នឹងចូលរួម​ធ្វើ​សមយុទ្ធ «ឆ្នេរ​ក្រវាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក» នៅ សហរដ្ឋ​អាម៉េរិក

    ៦ ប្រទេស​មកពី សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រួម​នឹង​ប្រទេស​ចំនួន ២០ ទៀត នឹងចូលរួម​សមយុទ្ធ​ដែនសមុទ្រ​ធំ​បំផុត​ក្នុង​ពិភពលោក «ឆ្នេរ​ក្រវាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក (RIMPAC)» លើក​ទី ២៨ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៩ មិថុនា ដល់ ៤ សីហា ២០២២ នៅ សហរដ្ឋ​អាម៉េរិក។

    កងទ័ពជើងទឹក​អាម៉េរិក កាលពី​ថ្ងៃទី ៣១ ឧសភា បានប្រកាសថា ប្រទេស​ចំនួន ៦ មកពី អាស៊ាន ដែល​នឹងត្រូវ​ចូលរួម​សមយុទ្ធ​ខាងលើ​រួមមាន ឥណ្ឌូណេស៊ី, ហ្វ៊ី​លី​ពី​ន, ថៃ, ម៉ាឡេស៊ី, សិង្ហ​បុរី និង ព្រុយ​ណេ។ ក្រៅពីនេះ​ក៏មាន​ការចូលរួម​រប​ស់​សម្ព័ន្ធមិត្តសំខាន់ៗរបស់ អាម៉េរិក ពី​គ្រប់ទិសទី​ផងដែរ។ តាម​គម្រោង សមយុទ្ធ​នេះ​នឹងមាន​ការចូលរួម​រប​ស់ទា​ហាន​ប្រមាណ ២៥,០០០ នាក់, នាវា​អណ្ដែត ៣៨ គ្រឿង, នាវាមុជទឹក ៤ គ្រឿង និង​យន្តហោះ​ជាង ១៧០ គ្រឿង មកពី ២៦ ប្រទេស​ក្នុង​ពិភពលោក។

    មន្ត្រី​ការពារជាតិ​របស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា «ឆ្នេរ​ក្រវ៉ាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក» គឺជា​សមយុទ្ធ​កងទ័ពជើងទឹក​ធំ​បំផុត​ក្នុង​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​ដោយ កងទ័ពជើងទឹក​អាម៉េរិក និង​មានការ​ចូលរួម​ពី​សំណាក់​កងទ័ពជើងទឹក​របស់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់ មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក រួមទាំង​ក្រុម​សង្កេតការណ៍​មកពី​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ផងដែរ។

  • ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី កំពុង​គ្រប់គ្រង ២០% នៃ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី កំពុង​គ្រប់គ្រង ២០% នៃ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្ល៉ា​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ទើបតែ​បានឱ្យដឹងថា កងកម្លាំង​របស់ រុស្ស៊ី បាន​គ្រប់គ្រង ២០% នៃ ទឹកដី​អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល​សង្គ្រាម​រវាង រុស្ស៊ី និង​ប្រទេស​នេះ​ឈាន​ចូលដល់​ថ្ងៃទី ១០។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​កាលពី​ថ្ងៃទី ២ ខែ​មិថុនា ឆ្នាំ​ ២០២២ នៅចំពោះ​មុខ​ក្រុម​អ្នក​តាក់តែង​ច្បាប់​នៅ លុច​សំបួ (Luxembourg)។ លោក ហ្សេ​ឡែ​ន​ស្គី បន្ថែមថា តំបន់​សមរភូមិ​មុខ​បានអូសបន្លាយ​ប្រវែង​ជាង ១,០០០ គីឡូម៉ែត្រ។ «គ្រប់​កម្លាំង​បម្រុង​របស់ រុស្ស៊ី សុទ្ធតែ​បាន​ចូលរួម​ការវាយប្រហារ​នេះ» លោក ហ្សេ​ឡែ​ន​ស្គី សង្កត់ធ្ងន់​ដូច្នេះ។

    ប្រកាស​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល រុស្ស៊ី កំពុង​បង្កើន​សកម្មភាព​វាយប្រហារ​ទៅលើ​ទីក្រុង Severodonetsk នៅ​តំបន់​ភាគ​ខាងកើត Donbass។

    Severodonetsk គឺជា​ទីក្រុង​ធំ​ចុងក្រោយ​នៅ Lugansk ដែល​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ទីក្រុង​កៀវ។ អភិបាលខេត្ត Lugansk លោក Serhiy Haidai ឱ្យដឹងថា កម្លាំង​រុស្ស៊ី កំពុង​ព្យាយាម​បំបែក​ខ្សែការពារ​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​នេះ «ពី​គ្រប់ទិសទី»។

    ជន​ស៊ីវិល​ប្រមាណ ១៥,០០០ នាក់ កំពុង​ជាប់គាំង​នៅក្នុង​ទីក្រុង Severodonetsk។ មនុស្ស​ជាច្រើន​កំពុង​លាក់ខ្លួន​នៅក្នុង​រោងចក្រ​គីមី Azot។

  • តួ​ក​គី ប្ដូរ​ឈ្មោះ​ប្រទេស​ដើម្បី​ពង្រឹង​កេរ្ដិ៍ឈ្មោះ និង​វប្បធម៌​ជាតិ

    តួ​ក​គី ប្ដូរ​ឈ្មោះ​ប្រទេស​ដើម្បី​ពង្រឹង​កេរ្ដិ៍ឈ្មោះ និង​វប្បធម៌​ជាតិ

    អង្គការសហប្រជាជាតិ បាន​យល់ព្រម​តាម​សំណើ​របស់ តួ​ក​គី ទាក់ទិន​នឹង​ការប្ដូរឈ្មោះ​ប្រទេស ពី Turkey ទៅជា Türkiye ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ជាតិ។

    អ្នកនាំពាក្យ​របស់ អង្គការសហប្រជាជាតិ (UN) Stephane Dujarric កាលពី​ថ្ងៃ​ទិ ២ មិថុនា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Mevlut Cavusoglu បានដាក់​សំណើ​ជូន​អង្គការ​នេះ ដោយ​ស្នើឱ្យ​ប្ដូរ​ឈ្មោះ​ប្រទេស​ពី Turkey ទៅជា Türkiye។

    អ្នកនាំពាក្យ​របស់ UN បានឱ្យដឹងថា សំណើ​របស់ តួ​ក​គី មាន​សុពលភាពភ្លាម។ «ឱ្យតែ​លិខិត​ពី​គណៈប្រតិភូ​អចិន្ត្រៃយ៍​នៃ​ប្រទេស​នេះ​ពិតជា​ប្រាកដ​មែន និង​មិនមាន​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ដទៃ សំណើ​នេះ​នឹង​ត្រូវបាន​ចាត់ការភ្លាម» Dujarric និយាយ​ដូច្នេះ។

    លោក Dujarric បន្ថែមថា «សំណើ​របស់ តួ​ក​គី និយាយ​អំពី​ឈ្មោះ​ផ្លូវការ​របស់​ពួកគេ​នៅក្នុង អង្គការសហប្រជាជាតិ។ តួ​ក​កី ក៏​អាច​ប្រើប្រាស់​ឈ្មោះ​ថ្មី​នៅក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត ប៉ុន្តែ អង្គការសហប្រជាជាតិ នឹង​មិនមាន​យោបល់​អ្វី​ឡើយ»។

    ឈ្មោះ Türkiye ត្រូវបាន​ប្រើប្រាស់​នៅ តួ​ក​គី ក្នុង​ឆ្នាំ ១៩២៣ នៅពេលដែល​ដែនដី​នេះ​ក្លាយជា​ប្រទេស​ថ្មី​បន្ទាប់ពី​របប អូ​តូ​ម៉​ង់ (Ottoman) បាន​ដួលរលំ។ ប៉ុន្តែ តួ​ក​គី បាន​ប្រើប្រាស់​ឈ្មោះ Turkey នៅលើ​ឆាក​អន្តរជាតិ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ជំរុញ​ឱ្យ​ប្ដូរ​ឈ្មោះ​ប្រទេស​តាំងពី​ខែធ្នូ ២០២១ ដោយ​យល់ថា ឈ្មោះ​ថ្មី​នឹង​បង្ហាញ​ភាពល្អប្រសើរ​ជាមុន​សម្រាប់​វប្បធម៌ និង​តម្លៃ​របស់ តួ​ក​កី។

    ប្រជា​មួយចំនួន​ក្នុង​ពិភពលោក ថ្មីៗនេះ ក៏​ធ្លាប់បាន​ប្ដូរ​ឈ្មោះ​ប្រទេស​របស់ខ្លួន។ ឆ្នាំ ២០១៩ សាធារណរដ្ឋ Macedonia ប្ដូរ​ឈ្មោះ​ទៅជា សាធារណរដ្ឋ Macedonia ខាងជើង និង Swazilang ប្ដូរ​ទៅជា Eswatini កាលពី ឆ្នាំ ២០១៨។