Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១០ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១០ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៩ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

  • អ៊ុយ​ក្រែ​ន ដាក់ពង្រាយ​​មី​ស៊ី​ល​​ប្រឆាំង​​នាវា​ចម្បាំង​ ផលិត​​ដោយ​ សហរដ្ឋ​​អាម៉េរិក

    អ៊ុយ​ក្រែ​ន ដាក់ពង្រាយ​​មី​ស៊ី​ល​​ប្រឆាំង​​នាវា​ចម្បាំង​ ផលិត​​ដោយ​ សហរដ្ឋ​​អាម៉េរិក

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន Alexey Reznikov កាលពី​ម្សិលមិញ​បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ​បានដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ដែល​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

    ទីភ្នាក់ងារសារព័ត៌មាន RT បានឱ្យដឹងថា មុន​នោះ ប្រទេស​ដា​ណឺ​ម៉ាក បានប្រកាសថា បាន​បញ្ជូន​អាវុធ​ខាងលើ​ទៅឱ្យ ទីក្រុង​កៀវ កាលពី​ខែឧសភា​កន្លងទៅ។ យោងតាម​លោក Alexey Reznikov សមត្ថភាព​នៃ​ការការពារ​ឆ្នេរសមុទ្រ​របស់ អ៊ុយ​ក្រែ​ន បាន​កើនឡើង​មួយកម្រិត​ទៀត​ដោយសារ​ប្រព័ន្ធ Harpoon ដ៏​មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ​ទាំងនេះ បូករួម​នឹង​មី​ស៊ី​ល Neptune ដែល​ផលិត​ដោយ អ៊ុយ​ក្រែ​ន បាន​បង្ខំ​ឱ្យ «ក្រុម​នាវាចម្បាំង​របស់​សត្រូវ រក្សា​គម្លាត​ដើម្បី​ជៀសវាង​ការទទួល​លទ្ធផល​អាក្រក់​ដូច​ទៅនឹង​កំពូល​នាវាចម្បាំង Moskva នៃ​ក្រុម​នាវាចម្បាំង​សមុទ្រ​ខ្មៅ​របស់ រុស្ស៊ី»។

    គួររំលឹកថា កាលពី​ពាក់កណ្ដាល​ខែមេសា​កន្លង​ទៅ អ៊ុយ​ក្រែ​ន ប្រកាសថា នាវា​ល្បាត​សមុទ្រ Moskva របស់ រុស្ស៊ី ត្រូវបាន​កងកម្លាំងរ​បស់ អ៊ុយ​ក្រែ​ន បាញ់​ពន្លិច​ដោយ​ប្រើប្រាស់​មី​ស៊ី​ល Neptune។ ប៉ុន្តែ ភាគី​ខាង រុស្ស៊ី អះអាងថា នាវាចម្បាំង​របស់ខ្លួន​ត្រូវ​លិច​ដោយសារ​មាន​អគ្គិភ័យ និង​ខ្យល់ព្យុះ។

    លោក Alexey Reznikov ធ្លាប់បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួម​ផ្សំ​រវាង​មី​ស៊ី​ល Harpoon និង Neptune ដោយ​យល់ថា ពួកវា​នឹង​គាំទ្រ​ដល់ អ៊ុយ​ក្រែ​ន ក្នុងការ «រំដោះ និង​ជួយ​ឱ្យ សមុទ្រ​ខ្មៅ មាន​សុវត្ថិភាព​ឡើងវិញ»។

    មី​ស៊ី​ល Harpoon ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន McDonnell Douglas អាច​បាញ់​ចេញពី​ទម្រ​ច្រើន​ប្រភេទ។ ដា​ណឺ​ម៉ាក កំពុង​ប្រើប្រាស់​មី​ស៊ី​ល RGM-៨៤L-4 Harpoon Block II អាច​បាញ់​បាន​រយៈ​ចម្ងាយ ១៣០ គីឡូម៉ែត្រ។ ចំណែក Neptune វិញ​គឺជា​កំណែ​ថ្មី​នៃ មី​ស៊ី​ល Kh-៣៥ របស់ អ៊ុយ​ក្រែ​ន ដែលមាន​តាំងពី​សម័យ សូ​វៀត និង​អាច​បាញ់​បាន​រយៈ​ចម្ងាយ ២៨០ គីឡូម៉ែត្រ៕

  • ប្រទេស​ចិន ជំទាស់​ដាច់ខាត រឿង​ដែល អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់

    ប្រទេស​ចិន ជំទាស់​ដាច់ខាត រឿង​ដែល អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់

    អ្នកនាំពាក្យ​នៃ ក្រសួងការបរទេស​ចិន Zhao Lijian បានឱ្យដឹងថា ប្រទេស​ចិន ប្ដេជ្ញា​ប្រឆាំងនឹង​ការដែល សហរដ្ឋ​អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់ និង​បន្ត​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ជាតិ។

    យោងតាម​អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន Zhao Lijian ការដែល អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់ បាន​រំលោភ​លើ​គោលការណ៍ «ប្រទេស​ចិន​តែមួយ» និង​សេចក្ដីប្រកាស​រួម​ចំនួន ៣ រវាង ចិន-អាម៉េរិក បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព ប្រយោជន៍​របស់ ប្រទេស​ចិន និង​ទំនាក់ទំនង​ចិន-អាម៉េរិក ក៏ដូចជា​សន្តិភាព និង​ស្ថិរភាព​នៅ ច្រក​សមុទ្រ​តៃវ៉ាន់។

    លោក Zhao Lijian បានស្នើ​ឱ្យ សហរដ្ឋ​អាម៉េរិក លុបចោល​គម្រោង​លក់​អាវុធ​ខាងលើ ក៏ដូចជា​បញ្ឈប់​ទំនាក់​ទំនង​យោធា​រវាង អាម៉េរិក និង កោះ​តៃវ៉ាន់។ ប្រទេស​ចិន នឹង​បន្ត​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​របស់ខ្លួន។

    ចំណែក​អ្នកនាំពាក្យ​របស់ ក្រសួងការពារជាតិ​ចិន លោក Tan Kefei យល់ថា តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ដែល​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់ ប្រទេស​ចិន។ ការដែល អាម៉េរិក លក់​អាវុធ និង​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់ កោះ​តៃវ៉ាន់ គឺជា​សកម្មភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​របស់​ច្រក​សមុទ្រ​នេះ និង​បាន​អំពាវ​ឱ្យ​បញ្ឈប់​ទង្វើ​បែបនេះ។

    ប្រតិកម្ម​របស់​អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន និង ក្រសួងការពារជាតិ​ចិន ខាងលើ ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា សហរដ្ឋ​អាម៉េរិក បានអនុម័ត​លក់​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​នាវាចម្បាំង និង​ផ្ដល់ជំនួយ​ផ្នែក​បច្ចេកទេស ដែលមាន​តម្លៃ ១២០ លាន​ដុល្លារ​អាម៉េរិក ដល់ កោះ​តៃវ៉ាន់៕

  • មនុស្ស​ជាង ៤០ នាក់​បាន​ស្លាប់​នៅ​ក្នុងករណី​បាក់ស្រុត​អណ្ដូងរ៉ែ​ត្បូង​ពេជ្រ​នៅ កុង​ហ្គោ

    មនុស្ស​ជាង ៤០ នាក់​បាន​ស្លាប់​នៅ​ក្នុងករណី​បាក់ស្រុត​អណ្ដូងរ៉ែ​ត្បូង​ពេជ្រ​នៅ កុង​ហ្គោ

    អាជ្ញាធរ​មូលដ្ឋាន​រប​ស់ ប្រទេស​កុង​ហ្គោ បាន​បញ្ជាក់ថា មនុស្ស​ជាង ៤០ នាក់​បាន​ស្លាប់​នៅ​ក្នុងករណី​បាក់ស្រុត​អណ្ដូងរ៉ែ​ត្បូង​ពេជ្រ​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ​កាលពី​ថ្ងៃទី ៧ មិថុនា។

    ប្រធាន​មន្ទីរ​មហាផ្ទៃ​នៃ​ខេត្ត Kasai បាន​ថ្លែងថា ករណី​បាក់​អណ្ដូងរ៉ែ​ពេជ្រ​នៅក្នុង​ទីរួមស្រុក Samba ដែល​ដំបូង​ឡើង​មានការ​បញ្ជាក់ថា មាន​មនុស្ស​ជាង ៤០ នាក់​បាត់​បង់ជីវិត​នោះ ពេលនេះ​បាន​រកឃើញ​សាកសព​ចំនួន ៦ នាក់​ហើយ។

    បច្ចុប្បន្ន ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជួយសង្គ្រោះ។ ជនរងគ្រោះ​ស្ទើរតែ​ទាំងអស់​គឺជា​កម្មករ​ជីក​រក​ត្បូង​ដោយ​ដៃ ដែល​ធ្វើការ​ក្នុង​អណ្ដូង​ក្រោម​ដី។

  • ប្រធានាធិបតី​​ប្រទេស​អ៊ុយ​ក្រែ​ន​ ចុះ​ហត្ថលេខា​ «ដាក់​ទណ្ឌ​កម្ម»​ ប្រឆាំង​​​នឹង​ ប្រធានាធិបតី​​រុស្ស៊ី

    ប្រធានាធិបតី​​ប្រទេស​អ៊ុយ​ក្រែ​ន​ ចុះ​ហត្ថលេខា​ «ដាក់​ទណ្ឌ​កម្ម»​ ប្រឆាំង​​​នឹង​ ប្រធានាធិបតី​​រុស្ស៊ី

    លោក ហ្សេ​ឡែ​ន​ស្គី បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ដាក់ទណ្ឌកម្ម ក្នុងនោះ​មាន​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ចេញចូល​ចំពោះ​លោក ពូ​ទីន និង​ក្រុមមន្ត្រី​រុស្ស៊ី ជាច្រើន​នាក់​ទៀត។

    យោងតាម​ប្រកាស​របស់ ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៩ មិថុនា ក្រៅពី ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ទណ្ឌកម្ម​របស់ អ៊ុយ​ក្រែ​ន ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ចំពោះ​អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង នាយករដ្ឋមន្ត្រី​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ផងដែរ។

    វិធានការ​ដាក់ទណ្ឌកម្ម​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​ខែ​ទី ៤ នៃ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នេះ ទំនងជា​មិនមាន​ឥទ្ធិពល​ជាក់ស្ដែង​ចំពោះ​ក្រុមមន្ត្រីកំពូលៗរបស់ រុស្ស៊ី ឡើយ។

    «រុស្ស៊ី ហាក់​បានដាក់​គោលដៅ​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន រហូតដល់​ទីបញ្ចប់ ដូច្នេះ​ត្រូវតែ​ដាក់ទណ្ឌកម្ម​បន្ថែម» រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៨ មិថុនា។

  • បាញ់រះ​នៅឯ​រោងចក្រ​អាម៉េរិក បណ្ដាលឱ្យ​ច្រើន​នាក់​បាត់​បង់ជីវិត

    បាញ់រះ​នៅឯ​រោងចក្រ​អាម៉េរិក បណ្ដាលឱ្យ​ច្រើន​នាក់​បាត់​បង់ជីវិត

    មនុស្ស​យ៉ាងតិច ៣ នាក់​បាន​ស្លាប់ និង ២ នាក់​រងរបួស​នៅពេល​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​នៅក្នុង​រោងចក្រ​មួយ​ក្នុង​រដ្ឋ Maryland ហើយ​ក្រោយមក​ក៏បាន​ប្រយុទ្ធ​ជាមួយ​សមត្ថកិច្ច។

    ហេតុការណ៍​បាញ់រះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១៤កន្លះ ថ្ងៃទី ៩ មិថុនា (ម៉ោង ១កន្លះ ថ្ងៃទី ១០ មិថុនា នៅ ភ្នំពេញ) នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​បេតុង Columbia Machine ក្នុង​ទីរួមស្រុក Smithsburg នៃ​ស្រុក​វ៉ា​ស៊ី​ង​តោន។

    ការិយាល័យ​ប៉ូលិស​ស្រុក​វ៉ា​ស៊ី​ង​តោន ឱ្យដឹងថា ក្នុងករណី​ផ្ទុះអាវុធ​នេះ​មាន​មនុស្ស ៤ នាក់​ត្រូវ​គ្រាប់កាំភ្លើង​នៅក្នុង​រោងចក្រ ក្នុងនោះ​មាន ៣ នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់។ ជនសង្ស័យ​បាន​ចាក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ដេញតាម។

    ប្រកាស​របស់​ការិយាល័យ​ប៉ូលិស​ខាងលើ​បានឱ្យដឹងថា «ការប្រយុទ្ធ​គ្នា​រវាង​ក្រុមប៉ូលិស និង​ជនសង្ស័យ បាន​បណ្ដាលឱ្យមាន​ករ​ណី​រងរបួស​ទាំងសងខាង និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ»។

    ប៉ូលិស Carly Hose និយាយថា ជនសង្ស័យ​ជាម​នុស្ស​ប្រុស ប៉ុន្តែ​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ជាង​នេះ។ រថយន្តរ​បស់ជនស​ង្ស័​យ​ត្រូវបាន​រកឃើញ​នៅ​កន្លែង​មួយ​ដែលមាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ។

    នាយកដ្ឋាន​គ្រប់គ្រង​គ្រឿង​ស្រវឹង ថ្នាំជក់ កាំភ្លើង និង​គ្រឿងផ្ទុះ របស់​រដ្ឋ Maryland និង ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ឱ្យដឹងថា កម្លាំង​ពិសេស​របស់​ពួកគេ​កំពុង​ប្រឹងប្រែង​ជួយ​ដល់​ការិយាល័យ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​បាញ់ប្រហារ​នេះ។

    នេះ​គឺជា​ករណី​បាញ់រះ​លើក​ទី ២៥៤ នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ ២០២២ ដែល​តួលេខ​នេះ​ជិត​ស្មើនឹង​ករណី​បាញ់រះ​សរុប​ក្នុង​ឆ្នាំ ២០២១ នេះ​បើតាម​អង្គការ​កត់ត្រា​ករណី​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង។

    កាលពី​ខែឧសភា​កន្លងទៅ មាន​ករណី​ផ្ទុះអាវុធ​មួយ​នៅឯ​សាលាបឋមសិក្សា​មួយ​ក្នុង​ទីក្រុង Uvalde រដ្ឋ Texas បាន​បណ្ដាលឱ្យ​សិស្ស និង​គ្រូបង្រៀន​ចំនួន ១៩ នាក់​បាត់​បង់ជីវិត។ ជនសង្ស័យ Salvador Ramos ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ៕

  • អគ្គិភ័យឆេះ​យ៉ាង​សន្ធោសន្ធៅ​​នៅ​ផ្ដុំ​បឹង​ត្របែក ចំពេល​ចរាចរណ៍កំពុង​​ស្ទះខ្លាំង

    អគ្គិភ័យឆេះ​យ៉ាង​សន្ធោសន្ធៅ​​នៅ​ផ្ដុំ​បឹង​ត្របែក ចំពេល​ចរាចរណ៍កំពុង​​ស្ទះខ្លាំង

    នៅ​ពេល​នេះ​ មាន​អគ្គិភ័យ​ដ៏រន្ធត់​មួយ​កំពុង​តែកើត​ឡើង​នៅ​ត្រង់​ផ្ដុំ​បឹង​ត្របែក​ សង្កាត់​ទួល​ទំពូង​ទី ១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។

    អគ្គិភ័យ​ដែល​​ស្ថិត​នៅ​លើ​ដង​ផ្លូវ​ ៤៥០ នេះ ចាប់​ផ្ដើម​ឆាបឆេះ​ប្រហែល​ពី​ម៉ោង​ ៥ ល្ងាច​ ថ្ងៃទី ៩ មិថុនា ២០២២។ កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​សមត្ថកិច្ច​កំពុង​ញាប់​ដៃ​ញាប់​ជើង​ចូលរួម​ពន្លត់​អគ្គិភ័យ​នេះ​។

    មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ហេតុការណ៍​អគ្គិភ័យ​នេះ​មិន​ទាន់​ត្រូវ​បានគេ​ដឹង​នៅ​ឡើយ​។

     

  • (វីដេអូ)-រូបចម្លាក់​ព្រះពុទ្ធ​ជាប់​ជើងភ្នំ​អាយុកាល​ពាន់​ឆ្នាំ ស្រោបមាស និង​ប្រាក់

    (វីដេអូ)-រូបចម្លាក់​ព្រះពុទ្ធ​ជាប់​ជើងភ្នំ​អាយុកាល​ពាន់​ឆ្នាំ ស្រោបមាស និង​ប្រាក់

    (ប្រទេស​ចិន)-ក្រុម​បុរាណវត្ថុវិទូ​បាន​រកឃើញថា រូបចម្លាក់​ព្រះពុទ្ធ​ដ៏​ធំ​នៅក្នុង​រូងភ្នំ Longmen Grottoes នៅ ខេត្ត Henan ទំនងជា​ធ្លាប់​ត្រូវបាន​ស្រោបមាស ប្រាក់ និង​ដាំ​កញ្ចក់​ពណ៌។

    ក្រុម​ស្រាវជ្រាវ​ខាងលើ​ប្រមូលបាន​ភស្ដុតាង​ថ្មី​ជាច្រើន​នៅក្នុង​គម្រោង​អភិរក្ស​ល្អាង​ថ្ម Longmen។ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ពួកគេ​បាន​រកឃើញ​ដាន​មាស និង​ប្រាក់​នៅលើ​ព្រះ​ភក្ត្រ​របស់​ព្រះ​ពុទ្ធរូប Lu She Na Buddha ដែល​ត្រូវបាន​កសាង​កាលពី​សម័យ​រាជវង្ស​តាង (Tang dynasty) ចន្លោះ​ពី​ឆ្នាំ ៦១៨ ដល់ ៩០៧។ «ប្រការនេះ​បង្ហាញថា បច្ចេកទេស​ស្រោប​លោហធាតុ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាងសង់​រូបចម្លាក់​ព្រះពុទ្ធ​ខាងលើ» Shi Jiazhen ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ចិន ឱ្យដឹង​ដូច្នេះ។

    នៅលើ​ផ្ទៃ​ព្រះ​ភក្ត្រ​របស់​រូបចម្លាក់ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ស្នាម​ថ្នាំលាប​ដែលមាន​ពណ៌​បៃតង ក្រហម ខ្មៅ និង​ពណ៌ផ្សេងៗជាច្រើន​ទៀត ដែល​នេះ​អាចឱ្យ​យើង​ជឿ​បាន​ថា រូបចម្លាក់​នេះ ទំនងជា «គ្រងចីវរ​យ៉ាង​ស្រស់​ឆើត» នៅ​សម័យ​នោះ។

    ក្រៅពី​ការរកឃើញ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​គ្រាប់​ព្រះ​នេត្រ​ដែល​ធ្វើ​អំពី​កញ្ចក់​ពណ៌ និង​សំណ នៅលើ​រូបចម្លាក់​ព្រះ​ពោធិសត្វ​ដែល​នៅ​ខាងស្ដាំ​នៃ​រូបចម្លាក់​ព្រះពុទ្ធ Lu She Na Buddha ផងដែរ។ គ្រាប់​ព្រះ​នេត្រ​នេះ​មាន​រាង​ជា​ដង​ធ្នូ និង​ប្រវែង​ប្រហែល ០.៥ ស.ម។

  • សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់​នាវាចម្បាំង តម្លៃ​ជាង ១០០ លាន​ដុល្លារ ឱ្យ កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់​នាវាចម្បាំង តម្លៃ​ជាង ១០០ លាន​ដុល្លារ ឱ្យ កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់ ឧបករណ៍​ជុស​ជុល​តម្លៃ ១២០ លាន​ដុល្លារ ដើម្បី​កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ រក្សា​សកម្មភាព​របស់​នាវាច​ម្បាំ​ង​លើ​ផ្ទៃ​ទឹក។

    អង្គភាព​សហប្រតិបត្តិ​ការ​សន្តិសុខ​ជាតិ (DSCA) របស់ មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ៨ មិថុនា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ដែលមាន​សក្ដានុពល​ដើម្បី​ផ្ដល់​គ្រឿងបន្លាស់ ឧបករណ៍ និង​បច្ចេកទេស​សម្រាប់​ជួសជុល​នាវាចម្បាំង​របស់ កោះ​តៃវ៉ាន់។ គ្រឿងបន្លាស់​ដែលមាន​តម្លៃ​សរុប ១២០ លាន​ដុល្លារ​នេះ នឹងត្រូវ​បាន​យក​ពី​ក្រុមហ៊ុន​ផលិត​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន បានអនុម័ត ឬ​យក​ពី​ឃ្លាំង​របស់ កងទ័ពជើងទឹក​អាម៉េរិក។

    «ករណី​ទិញដូរ​នេះ​នឹង​រួមចំណែក​ក្នុង​ការរក្សា​វត្តមាន​នាវា​លើ​ផ្ទៃ​ទឹក​របស់​ភាគី​ទទួល ជួយ​ឱ្យ​ពួកគេ​ស្ដារ​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​បច្ចុប្បន្ន និង​អនាគត។ កិច្ចព្រមព្រៀង​នេះ​ក៏​ធានា​នូវ​អំណាច​យោធា​របស់​អ្នកទទួល និង​បង្កើន​សមត្ថភាព​ក្នុងការ​ផ្គុំ​កម្លាំង​ជាមួយ សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត» ប្រកាស​របស់ DSCA មាន​ឃ្លា​សរសេរ​ដូច្នេះ។

    ការសម្រេច​អនុម័ត​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ខាងលើ ត្រូវបាន​ប្រកាសជូន​ដំណឹង​ដល់ សភា​អាម៉េរិក រួចហើយ ដូច្នេះ ស្ថាប័ន​នេះ​មាន​ពេល ៣០ ថ្ងៃ ដើម្បី​ធ្វើការ​សម្រេច​ថា គួរ​រារាំង ឬ​អត់។

    បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ ការ​សម្រេច​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ឡើង​ទៅ​កាន់​ប្រធានាធិបតី​ ដើម្បី​ចុះ​ហត្ថលេខា​​អនុម័ត​ចុង​ក្រោយ​។

    ភាគី​ខាង តៃវ៉ាន់ ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​អាច​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល ១ ខែ ហើយ​អរគុណ​ចំពោះ ទីក្រុង​វ៉ា​ស៊ី​ង​តោន ដែល​បាន​ជួយ​ការពារ​កោះ​នេះ។

    ប្រទេស​ចិន (ចិនដីគោក) ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ​ក៏ដោយ។

  • ប្រទេស​ចិន «បិទ​ខ្ទប់​ជាថ្មី» ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​ជិត ៣ លាន​នាក់ ដោយសារ​កូ​វីដ-១៩

    ប្រទេស​ចិន «បិទ​ខ្ទប់​ជាថ្មី» ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​ជិត ៣ លាន​នាក់ ដោយសារ​កូ​វីដ-១៩

    ក្រុមមន្ត្រី​នៃ ទីក្រុង​សៀង​ហៃ ឱ្យដឹងថា នឹង​បិទ​ខ្ទប់​ជាថ្មី​ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ២.៧ លាន​នាក់ ដើម្បី​ធ្វើតេស្តរ​កកូ​វីដ-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ការដក​រាល់​វិធានការ​ទប់ស្កាត់បាន​មួយ​សប្ដាហ៍។

    ខណ្ឌ Minhang ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ ទីក្រុង​សៀង​ហៃ នឹងត្រូវ​បិទ​ខ្ទប់​ចាប់ពី​ព្រឹក​ថ្ងៃទី ១១ មិថុនា ហើយ​ប្រជាជន​ទាំងអស់​នឹងត្រូវ​បានធ្វើ​តេស្ត​សំណាក នេះ​បើតាម​ក្រុមមន្ត្រី​ខណ្ឌ​ដែល​បានឱ្យដឹង​នៅថ្ងៃនេះ។

    «បទបញ្ជា​បិទ​ខ្ទប់​នឹង​ត្រូវបាន​ដក​មកវិញ​បន្ទាប់ពី​សំណាក​សម្រាប់​ធ្វើតេស្ត​ត្រូវបាន​ប្រមូល​រួចរាល់» ប្រកាស​របស់​អាជ្ញាធរ​ក្រុង​សៀង​ហៃ ឱ្យដឹង​ដូច្នេះ ប៉ុន្តែ មិនបាន​លើកឡើង​អំពី​ពេលវេលា​ជាក់លាក់​ក្នុង​ការដក​បទបញ្ជា​បិទ​ខ្ទប់ និង​មិនបាន​ឱ្យដឹង​អំពី​វិធានការ​អ្វីខ្លះ​ដែល​នឹងត្រូវ​អនុវត្ត បើសិន​បាន​រកឃើញ​ករណី​វិជ្ជមាន។