Author: សឿន សំណាង

  • កូរ៉េខាងត្បូង រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង ចំនួន ២ នាក់

    កូរ៉េខាងត្បូង រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (Monkeypox) ដំបូង ចំនួន ២ នាក់

    ម្នាក់​ក្នុងចំណោម ២ នាក់ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​នេះ មាន​រោគសញ្ញា និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក។

    កូរ៉េខាងត្បូង ទើបតែ​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ដំបូង​ចំនួន ២ នាក់ នៅ​ប្រទេស​នេះ។ សារព័ត៌មាន Yonhap បានឱ្យដឹងថា ម្នាក់​ក្នុងចំណោម ២ នាក់ ដែល​បាន​ឆ្លង​វីរុស​បង្ក​ជំងឺ​អុត​ស្វា​នេះ មាន​រោគសញ្ញា នៅពេល​កំពុង​បំពេញបែបបទ​សុំ​ទិដ្ឋាការ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon។ ភ្លាមៗនេះ អ្នកជំងឺ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល។

    កាលពី​ដើមខែ​នេះ កូរ៉េខាងត្បូង បានដាក់​បញ្ចូល​ជំងឺ​អុត​ស្វា ទៅក្នុង​បញ្ជី​នៃ​ជំងឺ​ដែលមាន​ហានិភ័យ​ឆ្លង​ក្នុង​កម្រិត​ទី ២ ក្នុង​ប្រព័ន្ធ​ជំងឺ ៤ កម្រិត​របស់​ប្រទេស​នេះ ក្នុងនោះ​ក៏មាន កូ​វីដ-១៩, អុតស្វាយ និង​ជំងឺរាក​ស្រួចស្រាវ​ដែល​បង្កដោយ​បាក់តេរី Cholera ផងដែរ។

    អង្គការ​សុខភាព​ពិភពលោក (WHO) មកដល់​បច្ចុប្បន្ន បាន​បញ្ជាក់ថា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២,១០០ នាក់ និង​មាន​ករណី​ស្លាប់​ម្នាក់ នៅក្នុង​ង​ប្រទេស​ចំនួន ៤២ ក្នុង​ពិភពលោក ក្នុងនោះ ៨៤% នៃ​ករណី​ឆ្លង ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប។

    តាម​គម្រោង WHO នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃស្អែក (២៣ មិថុនា) ដើម្បី​ពិនិត្យ​មើលថា តើ​ការផ្ទុះ​ឆ្លង​ជំងឺ​អុត​ស្វា​បច្ចុប្បន្ន អាច​ក្លាយជា​ស្ថានការណ៍​អាសន្ន​សម្រាប់​សកលលោក​ដែរ ឬទេ។

  • យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១២៦ នាក់ ត្រូវ​ឆាប​ឆេះ​សន្ធៅសន្ធៅ ពេល​កំពុង​ចុះ​ចត

    យន្តហោះ​ដឹក​អ្នក​ដំណើរ​ ១២៦ នាក់ ត្រូវ​ឆាប​ឆេះ​សន្ធៅសន្ធៅ ពេល​កំពុង​ចុះ​ចត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ដឹក​អ្នកដំណើរ ១២៦ នាក់ ជួប​ហេតុការណ៍​បាក់ស្រុត​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​យន្តហោះ​ឆាបឆេះ​លើផ្លូវ​រត់ នាំឱ្យ​មនុស្ស ៣ នាក់​រងរបួស។

    នៅពេល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Red Air ដែល​ហោះ​ពី សាធារណរដ្ឋដូមីនីក (Dominica) កំពុង​ចុះចត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Miami កាលពី​ថ្ងៃទី ២១ មិថុនា ក៏​ស្រាប់តែ​បាក់​ប្រព័ន្ធ​កង់​ចុះចត បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។

    បណ្ដា​វីដេអូ​នៅលើ​បណ្ដាញ​សង្គម បាន​បង្ហាញថា អណ្ដាតភ្លើង​ដែល​ឆេះ​លើ​យន្តហោះ​នេះ​ត្រូវបាន​ពន្លត់​យ៉ាង​ឆាប់រហ័ស។

    ប្រធាន​ផ្នែក​ព័ត៌មាន​របស់ នាយកដ្ឋាន​អាកាសចរណ៍ Miami បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ក្នុងចំណោម​អ្នកដំណើរ ១២៦ នាក់​លើ​យន្តហោះ​នេះ ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    FAA និង​ស្ថាប័ន​សុវត្ថិភាព​ចរាចរណ៍​អាម៉េរិក កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់ និង​អគ្គិភ័យ​នេះ។

    កាលពី​ខែតុលា ២០២១ យន្តហោះ McDonnell Douglas MD-87 មួយគ្រឿង​ក៏បាន​ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​នៅពេល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Houston Executive ក្នុង​តំបន់ Waller រដ្ឋ Texas។ មនុស្ស​ទាំង ២១ នាក់​នៅលើ​យន្តហោះ​នេះ បាន​រួច​ពី​ការស្លាប់។

  • យន្ត​ហោះ​ចម្បាំង​ចិនដីគោក រាប់​​សិប​គ្រឿង បន្ត​ហោះចូល​ក្បែរ​កោះ​តៃវ៉ាន់

    យន្ត​ហោះ​ចម្បាំង​ចិនដីគោក រាប់​​សិប​គ្រឿង បន្ត​ហោះចូល​ក្បែរ​កោះ​តៃវ៉ាន់

    អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​យោធា​របស់ ចិន ចំនួន ២៩ គ្រឿង បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​របស់​កោះ​នេះ ដែល​នេះ​គឺជា​ការ​ហោះចូល​ក្បែរ​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២។

    កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ ឱ្យដឹងថា យន្តហោះ​ចម្បាំង​ចំនួន ១៧ គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក ៦ គ្រឿង និង​យន្តហោះ​គាំទ្រ​ចំនួន ៦ គ្រឿង​របស់ ចិនដីគោក កាលពី​ម្សិលមិញ (២១ មិថុនា) បាន​ហោះចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់ តៃវ៉ាន់ បង្ខំ​ឱ្យ​កងកម្លាំង​របស់​កោះ​នេះ បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​បណ្ដេញ និង​បើក​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​តាមដាន។

    នេះ​គឺជា​ហោះ​ការ​ចូលមក​កៀក​ដ៏​ធំ​លើក​ទី​បី​ក្នុង​ឆ្នាំ ២០២២ របស់ ទ័ពអាកាស​ចិន បន្ទាប់ពី​ករណី​យន្តហោះ ៣៩ គ្រឿង​បាន​ចូលមក​កាន់ ADIZ របស់ តៃវ៉ាន់ កាលពី​ថ្ងៃទី ២៣ មករា និង​ករណី​យន្តហោះ ៣០ គ្រឿង​កាលពី​ថ្ងៃទី ៣០ ឧសភា។

    ករណី​ចូលមកក្នុង​តំបន់ ADIZ របស់ តៃវ៉ាន់ ពី​សំណាក់ ទ័ពអាកាស​ចិនដីគោក បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ ក្នុងនោះ ករណី​ធំ​បំផុត​គឺមាន​យន្តហោះ​ចម្បាំង​ទំនើប ៥៦ គ្រឿង បាន​ចូលមក​កាន់​តំបន់ ADIZ កាលពី​ថ្ងៃទី ៤ តុលា ២០២១។

    ពេញ​មួយឆ្នាំ ២០២១ កោះ​តៃវ៉ាន់ បាន​រកឃើញថា យន្តហោះ​ចម្បាំង​របស់ ចិនដីគោក បាន​ចូលមកក្នុង​តំបន់ ADIZ ចំនួន ៩៦០ លើក ច្រើនជាង​ទ្វេដង ធៀប​នឹង ៣៨០ លើក ក្នុង​ឆ្នាំ ២០២០។

    ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ និង​បានប្រកាសថា នឹង​ប្រើ​កម្លាំងបាយ បើសិនជា​ចាំបាច់៕

  • ដំណើរ​វិវត្តន៍សំខាន់ៗនៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ២១ មិថុនា

    ដំណើរ​វិវត្តន៍សំខាន់ៗនៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ២១ មិថុនា

    ខាងក្រោម​នេះ​គឺជា​ដំណើរ​វិវត្តន៍សំខាន់ៗដែល​គួរឱ្យ​យកចិត្តទុកដាក់ ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។

    -រុស្ស៊ី និយាយថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​អូស​បន្លាយពេល​យូរ និង​ប្រកាសថា លែង​ទុកចិត្ត​បស្ចិម​លោក​ទៀតហើយ។

    -រុស្ស៊ី មិន​ធានាថា ទាហាន​ស៊ីឈ្នួល​អាម៉េរិក ២ រូប នឹង​អាច​រួច​ពី​ទោស​ប្រហារជីវិត៖ អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា ភាគី​ខាង​រុស្ស៊ី មិន​ធានាថា ទាហាន​អាម៉េរិក ២ រូប ដែល​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នៅ អ៊ុយ​ក្រែ​ន នឹង​រួច​ផុតពី​ទោស​ប្រហារជីវិត​ឡើយ។ ប្រការនេះ​គឺ​អាស្រ័យទៅលើ​លទ្ធផល​នៃ​ការស៊ើបអង្កេត។

    -ទាហាន​ស្ម័គ្រចិត្ត (រុស្ស៊ី ហៅថា ទាហាន​ស៊ីឈ្នួល) ជនជាតិ​អាម៉េរិក ២ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ កម្លាំង​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុងស្ថិត​នៅក្នុង​តំបន់ Donetsk។

    -អ៊ុយ​ក្រែ​ន ចោទប្រកាន់ រុស្ស៊ី ថា ផ្គុំ​កម្លាំង​នាវាចម្បាំង​នៅ សមុទ្រ​ខ្មៅ ដើម្បី​ត្រៀម​វាយប្រហារ​ដោយ​ប្រើប្រាស់​មី​ស៊ី​ល៖ ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា «នាវាចម្បាំង​ទាំង ៦ គ្រឿង​ដែលមាន​បំពាក់​មី​ស៊ី​ល​មាន​ស្លាប (Cruise missile គឺជា​មី​ស៊ី​ល​ដែល​ហោះ​សំដៅ​គោលដៅ​តាម​កម្មវិធី​កុំព្យូទ័រ ឬ​តាម​ការបញ្ជា​ពី​ទាហាន)។

    -ឧ​ត្ត​ម​សេនីយ៍​របស់ ប៉ូឡូញ ថា ណា​តូ គួរតែ​ចេញ​ឱសានវាទ​ដល់ រុស្ស៊ី ដើម្បី​រារាំង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​តំបន់​ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន ដែល​ជាប់​នឹង​ព្រំដែន​ជាមួយ ណា​តូ ឬថា សម្ព័ន្ធមិត្ត​យោធា​នេះ​ត្រូវ​ចាត់វិធានការ​ដើម្បី «ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ អ៊ុយ​ក្រែ​ន»។

    -វិវត្តន៍​នៃ​ដំណើរ​ចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នៅ​ទ្រឹង​មួយកន្លែង៖ តួ​ក​គី ប្រកាសថា ការពិភាក្សា​រវាង​ប្រទេស​នេះ ជាមួយនឹង ហ្វាំ​ង​ឡង់ និង ស៊ុយអែត ស្ដីពី​ការចូល​ជា​សមាជិក​ណា​តូ នៅតែ​បន្ត ប៉ុន្តែ លុះណាតែ​បញ្ហា​ដែលជា​ក្ដីបារម្ភ​របស់ខ្លួន​ត្រូវបាន​ដោះស្រាយ ទើប​ដំណើរ​ការចរចា​អាចមាន​វិវឌ្ឍន៍​ល្អ។

    -សហភាព​អឺរ៉ុប ពន្យារ​សុពលភាព​ទណ្ឌកម្ម​ទាក់​ទិន​នឹង​បញ្ហា​ដែល រុស្ស៊ី រឹបអូស​យក ឧ​ទ្វីប​គ្រី​មៀ (Krym/Crimea) និង Sevastopol ៖ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​ពន្យារ​សុពលភាព​ទណ្ឌកម្ម​នេះរ​ហូត​ដល់​ថ្ងៃទី ២៣ មិថុនា ២០២៣។

    -រុស្ស៊ី គំរាម ប្រទេស​លី​ទុយ​អា​នី (Lithuania/Litva) ថា នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ពី​ការឆ្លើយតប​របស់ រុស្ស៊ី បន្ទាប់ពី លី​ទុយ​អា​នី បិទ​ខ្ទប់​ការដឹកជញ្ជូន​ចំពោះ​តំបន់ Kaliningrad។

  • រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា

    រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា

    [ភ្នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២]- ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) ម.ក ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ។

    កម្មវិធី​នេះ​ត្រូវបាន​បែងចែក​ជា 2 ផ្នែក ពេលព្រឹក​ជា​កម្មវិធី​បើកបរ​សាកល្បង ដែល​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​ជាមួយ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ជាច្រើន​គ្រឿង​ទាំង​ប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស Ford និង​ទទួលបាន​ការរៀន​ពី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើកបរ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​បទ​ពិសោធ​ន៏​បើកបរ​ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​យ៉ាងច្រើន​លើសពី​ការរំពឹងទុក។

    សម្រាប់​កម្មវិធី​ពេល​ល្ងាច​គឺជា​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​នេះ​ដែល​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​អតិថិជន Ford ផងដែរ។

    កម្មវិធី​នេះ​ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកា​គ្រប់គ្រង​ទីផ្សារ​អាស៊ាន​នៃ​ក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (គ្រុប) លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) និង​ក្រុមហ៊ុន Ford Motor Company និង​បណ្តា​មិត្ត​អ្នកសារព័ត៌មាន​ជាច្រើន។

    ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) ក៏បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​អង្គពិធី​នេះដែរ ដែល​លោក​បាន​មានប្រសាសន៍ថា៖ “រថយន្ត Ford មាន​ភាពល្បីល្បាញ​ទូទាំងប្រទេស​កម្ពុជា នឹង​ត្រូវបាន​ប្រជាជន​ខ្មែរ​ទទួលស្គាល់​ដោយសារ​គុណភាព សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗនៃ​រថយន្ត Ford។ អាស្រ័យ​ហេតុនេះហើយ​ទើប​រថយន្ត Ford បានទទួល​ចំណាត់ថ្នាក់​លេខ 1 ក្នុង​ចំណែក​ទីផ្សារ​រថយន្ត​ថ្មី​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំជាប់ៗគ្នា។ ហើយ​មួយផ្នែកធំ​នៃ​សមិទ្ធិផល​នេះ​បានមកពី​ការលក់​រថយន្ត Ford Ranger ហើយ​សម្រាប់​ថ្ងៃនេះ​ក្រុមហ៊ុន​នឹង​នាំយក​អ្វីដែល​ថ្មី​មក​ជូន​ដល់​អតិថិជន​ទាំងអស់គ្នា ដែល​ក្រុមហ៊ុន​នឹងធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ខ្នាត​ធំ​ពុំ​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​ត្រូវបាន​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង។ ”

    លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​នឹង​បាន​មានប្រសាសន៍ថា៖ “ រថយន្ត Ford Ranger គឺជា​ដៃគូ​ដ៏​ជឿជាក់​មួយ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច កសិករ គ្រួសារ អ្នក​ផ្សងព្រេង និង​អាជីវកម្ម​នានា​នៅតាម​ទីផ្សារ​បណ្តា​ប្រទេស​ជាង 180 នៅ​ជុំវិញ​ពិភពលោក។ ទីផ្សារ​មួយ​ក្នុងចំណោម​នោះ​គឺ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ចំណែក​ទីផ្សារ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់។ ពួកយើង​ពិតជា​មាន​មោទនភាព​ចំពោះ​លទ្ធផល​នេះ ហើយ​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 នេះ​ពួកយើង​រំពឹងថា​នឹងមាន​កំណើន​ខ្ពស់ជាង​មុន​នៅក្នុង​ចំណែក​ទីផ្សារ​ដោយសារតែ​នេះ​រថយន្ត Pickup ខ្នាត​កណ្តាល​នេះ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន ធន់​រឹងមាំ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗជំនាន់​ចុងក្រោយ​លើស​ដៃគូ​ប្រកួតប្រជែង”

    លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​មកកាន់​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) ផងដែរ ដោយ​​លោក​បាន​មានប្រសាសន៍​ថា៖ “ក្នុងនាម​ជា ​មន្ត្រីការទូត​សហរដ្ឋអាមេរិក​ ប្រចាំ​នៅ ​ព្រះរាជាណាចក្រ​​កម្ពុជា ខ្ញុំ​ពិតជា​សេចក្តីសោមនស្ស​រីករាយ​ នៅពេល​បានឃើញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​​ផលិតផល​អាមេរិក ជាក់ស្តែង​គឺ ​រថយន្ត Ford តែម្តង។ គួរបញ្ជាក់​ផងដែរ​ថា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន ភាពរឹងមាំ ដោយសារ​កត្តា​ជាច្រើន​ដូចជា៖ ទំនាក់ទំនង​ការទូត ការវិនិយោគ និង​ការគាំទ្រ​ទៅលើ​ផលិតផល​អាមេរិក។ ពួកយើង​ពិតជា​សង្ឃឹមថានឹង​អាច​ឃើញ​ម៉ាក​យីហោ​ផលិតផល​អាមេរិក និង​ផលិតផល​អាមេរិក​បន្ថែមទៀត​ក្នុងប្រទេស​កម្ពុជា តួយ៉ាង​ដូចជា​រថយន្ត Ford ដែល​ត្រូវបាន​បើកបរ​ពាសពេញ​ផ្ទៃ​ប្រទេស។ ”

    ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា៖ “យើង​សង្ឃឹមថា​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 នេះ​គឺ​ផ្តល់នូវ​សារៈសំខាន់ មិន​ត្រឹមតែ​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ប្រយោជន៍​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ផ្នែក​ពាណិជ្ជកម្ម ហើយក៏​ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ដែល​ពាក់ព័ន្ធ​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​យើង​នេះ​ផងដែរ”

    គួរបញ្ជាក់​ផងដែរ​ថា​នេះ​ជា​កម្មវិធី​សម្ពោធ​រថយន្ត​ដែល​ធំជាងគេ​ពុំ​ធ្លាប់​នៅឯ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​រហូតដល់​ទៅ 7 អគារ និង​មាន​អតិថិជន​ចូលរួម​យ៉ាងច្រើន​កុះករ​រហូតដល់​ជាង 6,000 នាក់។ គេ​ជឿជាក់ថា​រថយន្ត​នេះ​នឹង​មក​បន្ត​តំណែង​ពី​រថយន្ត Ford Ranger ស៊េរី​មុន​ដែល​ឈរជើង​ជា​រថយន្ត Pickup ថ្មី​ដែល​លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយសារតែ​រថយន្ត​នេះ​មាននូវ​ភាព​ឆ្លាត​វៃ ធន់​រឹងមាំ និង​ទំនើប​អស្ចារ្យ​លើសគេ។

  • ក្រុមហ៊ុន​មួយ​របស់ ​អាម៉េរិក កំពុង​ជួយ អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ខែល​ការពារ​ដែនអាកាស​ដូច​ទៅនឹង Iron Dome របស់ ​អ៊ីស្រាអែល

    ក្រុមហ៊ុន​មួយ​របស់ ​អាម៉េរិក កំពុង​ជួយ អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ខែល​ការពារ​ដែនអាកាស​ដូច​ទៅនឹង Iron Dome របស់ ​អ៊ីស្រាអែល

    ក្រុមហ៊ុន​មួយ​របស់ អាម៉េរិក កំពុង​ចូលរួម​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ដូច​ទៅនឹង​ខែល Iron Dom របស់ អ៊ីស្រាអែល ដើម្បី​ទប់ទល់​នឹង​មី​ស៊ី​ល​របស់ រុស្ស៊ី។

    ក្រុមហ៊ុន JustAnswer ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា គម្រោង​ដែលមាន​ឈ្មោះថា «គម្រោង​ដែនអាកាស» កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ អ៊ុយ​ក្រែ​ន។ ពួកគេ​ដាក់​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​អាច​ប្រតិបត្តិការ​នៅក្នុង​គ្រប់​ស្ថានភាព​អាកាសធាតុ ដើម្បី​ស្កាត់​ចាប់ និង​កម្ទេច​មី​ស៊ី​ល ឬ​គ្រាប់កាំភ្លើង​ធំ ដែល​ដូច​ទៅនឹង Iron Dome របស់ ប្រទេស​អ៊ីស្រាអែល ក្នុង​បំណង​ការពារ​ខេត្ត​ទាំង ៨ របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​មី​ស៊ី​ល​របស់ កងទ័ព​រុស្ស៊ី។

    គម្រោង​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​រួម​រវាង បញ្ជាការដ្ឋាន​កងទ័ព​នៃ​ខេត្ត Lviv, បញ្ជាការដ្ឋាន​ទ័ពអាកាស​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន, សមាគម​សប​វ៉ែ​រ​ជប៉ុន និង​បណ្ដា​ដៃគូ​សហការ​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង JustAnswer ផងដែរ។

    Andy Kurtzig នាយក​ប្រតិបត្តិ​របស់ JustAnswer បាន​និយាយថា អ៊ុយ​ក្រែ​ន មានឱកាស​ដណ្ដើមបាន​ជ័យជម្នះ បើសិន​អាច​បិទ​ខ្ទប់​ដែនអាកាស​របស់​ប្រទេស​នេះ។ «បច្ចេកវិទ្យា​របស់ អ៊ុយ​ក្រែ​ន បាន​ហួស​សម័យ និង​យឺតយ៉ាវ។ នៅពេល​មី​ស៊ី​ល​កំពុង​ហោះ​សំដៅ​មក កុំព្យូទ័រ​ដំណើរការ​យឺត​នឹងមិន​អាចជួយ​អ្វី​បានឡើយ» Kurtzig បកស្រាយ​ដូច្នេះ។

    «យើង​កំពុង​ជួយ អ៊ុយ​ក្រែ​ន ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​កុំព្យូទ័រ បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត និង​សប​វ៉ែ​រ ដើម្បីឱ្យ​ពួកគេ​អាច​កំណត់​គោលដៅ​បាន​រហ័ស និង​ត្រឹមត្រូវ​ជាង​មុន នៅក្នុង​ការស្វែងរក​វិធី​កម្ទេច​មី​ស៊ី​ល​របស់ រុស្ស៊ី» Andy Kurtzig បញ្ជាក់​ដូច្នេះ។

    ចាប់តាំងពី​បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងកម្លាំង​របស់ រុស្ស៊ី តែងតែ​ប្រើប្រាស់​មី​ស៊ី​ល​កម្ទេច​គោលដៅ​របស់ខ្លួន។ ចំណែក​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហើប​ឱ្យដឹងថា ប្រព័ន្ធ​ការពារ​របស់​ប្រទេស​នេះ អាច​រាំងខ្ទប់​មី​ស៊ី​ល​របស់ រុស្ស៊ី បាន​ប្រហែល​តែ ២០% ប៉ុណ្ណោះ។ ដោយឡែក ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល វិញ​បាន​អះអាងថា ប្រព័ន្ធ​ខែល Iron Dome របស់​ពួកគេ​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​សត្រូវ​បាន​រហូត​ដល់ ៩០% ឯណោះ។

    ប្រព័ន្ធខែល Iron Dome របស់ អ៊ីស្រាអែល
  • ករណី​អគ្គិភ័យ​នៅ​សង្កាត់​ស្វាយប៉ាក កាលពី​ព្រឹក​មិញ សមត្ថកិច្ច​បញ្ជាក់ថា ឆេះ​ផ្ទះ​អស់ ៣ ខ្នង

    ករណី​អគ្គិភ័យ​នៅ​សង្កាត់​ស្វាយប៉ាក កាលពី​ព្រឹក​មិញ សមត្ថកិច្ច​បញ្ជាក់ថា ឆេះ​ផ្ទះ​អស់ ៣ ខ្នង

    ដោយសារតែ​អណ្ដាតភ្លើង​ឆាប​រាលដាល​យ៉ាង​សន្ធោសន្ធៅ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣ ខ្នង ក៏​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ប៉ុន្តែ​សំណាងល្អ ព្រោះ​មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស នេះ​បើតាម ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

    ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្វាយប៉ាក ក្រុម០៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

    ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​នេះ​គឺជា​ផ្ទះ​ប្រភេទ​ឈើ​ប្រក់​ស័ង្កសី ចំនួន ៣ ខ្នង រួមមាន ផ្ទះ​ទីមួយ​មាន​ទំហំ ៨ គុណ ២៥ ម៉ែត្រ, ទី​ពីរ​គឺ​ផ្ទះ​មាន​ទំហំ ១០ គុណ ២០ ម៉ែត្រ និង​ផ្ទះ​ទី​បី​មាន​ទំហំ ១០ គុណ ១០ ម៉ែត្រ។ ផ្ទះ និង​សម្ភារ​ក្នុងផ្ទះ​ទាំង ៣ ខ្នង​នេះ​ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ នេះ​បើតាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

    យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច មូលហេតុ​ដែលនាំឱ្យ​កើតមាន​ករណី​អគ្គិភ័យ​នេះ​គឺ​ដោយសារ​បញ្ហា​ឆ្លង​ចរន្ត​អគ្គីសនី។

    ក្នុងការ​ពន្លត់​អគ្គិភ័យ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប ១៣ គ្រឿង រួមមាន​រថយន្ត​រប​ស់ ការិយាល័យ​បង្កា​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ១១ គ្រឿង, រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន ១ គ្រឿង, រថយន្ត​សាលាខណ្ឌ​ឫស្សីកែវ​ចំនួន ១ គ្រឿង ដែល​ក្នុងចំនោម​នោះ សមត្ថកិច្ច​បាន​បាញ់​ទឹក​អស់ ១២ គ្រឿង៕

  • ចិន បញ្ចេញ​កប៉ាល់​ខ្នាត​យក្ស អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ១៥០,០០០ ធុង និង ឧស្ម័ន​ធម្មជាតិ​បាន ៦ លាន​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ

    ចិន បញ្ចេញ​កប៉ាល់​ខ្នាត​យក្ស អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ១៥០,០០០ ធុង និង ឧស្ម័ន​ធម្មជាតិ​បាន ៦ លាន​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ

    កប៉ាល់​ខ្នាត​យក្ស​មួយគ្រឿង​ដែល​ត្រូវបាន​ដំឡើង​រួចរាល់ និង​ប្រគល់ឱ្យ​អតិថិជន​នៅ ជប៉ុន កាលពី​ថ្ងៃទី ១៨ មិថុនា បាន​ក្លាយជា​កប៉ាល់​ផលិត និង​ផ្ទុក​ប្រេង​ឧស្ម័ន​ធំជាងគេ​បង្អស់​មួយ​នៅក្នុង​ពិភពលោក។

    កប៉ាល់​ដែលមាន​ឈ្មោះថា FPSO Almirante Barroso MV32 គឺជា​គម្រោង​កប៉ាល់​ផលិត រក្សាទុក និង​លើកដាក់​ទំនិញ ទី ១១ ដែល​សាងសង់​ដោយ ក្រុមហ៊ុន​ចិន COSCO ទៅតាម​ការ​កុម្មង់​ពី ក្រុមហ៊ុន​ជប៉ុន MODEC Inc ដែលជា​អ្នកផ្គត់ផ្គង់ និង​គ្រប់គ្រង​ប្រព័ន្ធ​ខួង​អណ្ដែត​លើ​សមុទ្រ​ខ្នាត​អន្តរជាតិ។

    ការប្រគល់​កប៉ាល់​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី ១៨ មិថុនា នៅ​ទីក្រុង Dalian នៃ​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន បាន​ជួយ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ ប្រទេស​ចិន ក្នុងការ​ផ្គត់ផ្គង់​ឧបករណ៍​បច្ចេកទេស​ទំ​នើបៗសម្រាប់​ដែនសមុទ្រ។

    កប៉ាល់ FPSO Almirante Barroso MV32 ត្រូវបាន​កែសម្រួល​ពី​កប៉ាល់​ដឹក​ប្រេង​ឆៅ​ខ្នាត​យក្ស (VLCC) មួយគ្រឿង​ដែលមាន​បណ្ដោយ​ប្រវែង ៣៣២ ម៉ែត្រ ទទឹង ៥៨ ម៉ែត្រ និង​កម្ពស់ ៣១ ម៉ែត្រ។

    កប៉ាល់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​តំបន់​រ៉ែ​ប្រេង Buzios របស់ ប្រេ​ស៊ី​ល នៅលើ​តំបន់​សមុទ្រ​ដែលមាន​ជម្រៅ ១,៩០០ ម៉ែត្រ។ FPSO Almirante Barroso MV32 អាច​ផ្ទុក​ប្រេង​ឆៅ​បាន​រហូតដល់ ១.៤ លាន​ធុង ហើយ​អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ១៥០,០០០ ធុង និង ឧស្ម័ន​ធម្មជាតិ​បាន ៦ លាន​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ។

    គម្រោង FPSO មាន​មុខងារ​ផ្សេងគ្នា​ជាច្រើន រួមមាន​ដូចជា ការកែច្នៃ​ផលិតផល ការ​រក្សាទុក​ផលិតផល ការលើកដាក់​ផលិតផល និង​មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​បុគ្គលិក និង​កម្មករ​ជាដើម។ សាល​សម្រាប់​ជួបជុំ លេង​កម្សាន្ត​សម្រាប់​បុគ្គលិក​របស់​កប៉ាល់​នេះ​អាចដាក់​មនុស្ស​បាន ១៦០ នាក់ ក្នុងពេល​តែមួយ និង​មាន​ស្ដង់ដា​ប្រហាក់ប្រហែល​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥។

    កប៉ាល់​នេះ​អាច​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​តំបន់​រ៉ែ​លើ​សមុទ្រ​ក្នុង​រយៈពេល ២៨ ឆ្នាំ ដោយ​មិនបាច់​ចូល​ចត​នៅ​កំពង់ផែ និង​ថែទាំ៕

  • ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

    ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន ដែលមាន​ការបារម្ភ​អំពី​តម្លៃ​ស្បៀងអាហារ​ដែល​ចេះតែ​កើនឡើង បានប្រកាសថា នឹង​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ទន្ទឹមនឹង​តំណែង​ប្រធានាធិបតី ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បន្ទាន់។

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន លោក Ferdinand Marcos Jr. កាលពី​ថ្ងៃទី ២០ មិថុនា បានឱ្យដឹងថា នឹង​កាន់កាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជា​បណ្ដោះអាសន្ន និង​កែទម្រង់​ក្រសួង​នេះ​ឡើងវិញ ដើម្បី​ជំរុញ​ការស្ដារ​សេដ្ឋកិច្ច ក្រោយពី​កូ​វីដ-១៩ បាន​រាតត្បាត​អស់​រយៈពេល ២ ឆ្នាំ។ លោក Marcos Jr. នឹង​កាន់តំណែង​ប្រធានាធិបតី និង​រដ្ឋមន្ត្រី បន្ទាប់ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ៣០ មិថុនា​ខាងមុខ។

    «ខ្ញុំ​យល់ថា បញ្ហា​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ ទើប​សម្រេចចិត្ត​កាន់តំណែង​រដ្ឋមន្ត្រី​កសិកម្ម យ៉ាងហោច​នៅក្នុង​ដំណាក់កាល​នេះ» លោក Marcos Jr. ថ្លែង​ដូច្នេះ និង​បន្ថែមថា លោក​បាន​ស្នើឱ្យ​ទីប្រឹក្សា​ទាំងឡាយ​របស់លោក ព្យាករ​អំពី «ស្ថានភាព​បន្ទាន់ ពិសេស​គឺ​ទាក់ទិន​នឹង​ប្រភព​ផ្គត់ផ្គង់​ស្បៀងអាហារ»។

    ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ ហ្វ៊ីលីពីន លោក Ferdinand Marcos Jr. និង​លោក​ស្រី Sara Duterte អនុប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត

    ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់ ហ្វ៊ី​លី​ពី​ន និយាយថា តម្លៃ​ប្រេង​កើនឡើង​ខ្ពស់ ប្រភព​ផ្គត់ផ្គង់​អាហារ​ក្នុងការ​ចិញ្ចឹមសត្វ​ត្រូវ​រអាក់រអួល អាច​នាំឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន។

    លោក Marcos Jr. បានតែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ប្រហែល ២០ រូប ក្នុងនោះ​មាន​ទាំង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ផងដែរ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២១ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២១ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២០ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។