Author: សឿន សំណាង

  • ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា ឥណ្ឌូណេស៊ី លក់​ប្រេងឆា​រាប់សិប​លាន​លីត្រ​​​ក្នុងតម្លៃ​ទាប ជូន​ប្រជាជន

    ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា ឥណ្ឌូណេស៊ី លក់​ប្រេងឆា​រាប់សិប​លាន​លីត្រ​​​ក្នុងតម្លៃ​ទាប ជូន​ប្រជាជន

    ប្រភពព័ត៌មាន​ពី ហ្សា​ការ​តា បានឱ្យដឹងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ២៦ មិថុនា បានប្រកាស​បែងចែក​ប្រេងឆា​តម្លៃ​ទាប ចំនួន ៦០ លាន​លីត្រ ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស។

    នេះ​គឺជា​ដំណើរការ​អនុវត្ត​គោលនយោបាយ «ប្រេងឆា​សម្រាប់​ប្រជាជន» ដែល រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានលើកឡើង​កាលពីដើម​ខែមិថុនា ដោយ​សង្ឃឹមថា អាចធ្វើឱ្យ​តម្លៃ​ប្រេងឆា​ឆាប់​មាន​ស្ថិរភាព ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា និង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន។

    ក្រុមមន្ត្រី​ឥណ្ឌូណេស៊ី ឱ្យដឹងថា ការបែងចែក​ប្រេងឆា ត្រូវបាន​អនុវត្ត​តាមរយៈ​សមាជិក​នានា​របស់​ក្រុមហ៊ុន PT Indonesia Trading និង Rajawali Nusindo។ មកដល់​បច្ចុប្បន្ន កម្មវិធី​ខាងលើ​បាន​ចែកចាយ​ប្រេងឆា ៦០ លាន​លីត្រ​រួចហើយ​ដល់ទី​ផ្សារ​នានា​នៅ​ពាសពេញ ប្រទេស​ឥណ្ឌូណេស៊ី។

    ដើម្បី​ចូលរួម​ធ្វើឱ្យ​តម្លៃ​ប្រេងឆា​មាន​ស្ថិរភាព រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានកំណត់​តម្លៃ​លក់រាយ​ខ្ពស់បំផុត​ត្រឹម ១៤,០០០ រ៉ូ​ពី​ឥណ្ឌូនេស៊ី/លីត្រ (ប្រហែល ១ ដុល្លារ​អាម៉េរិក/លីត្រ) ឬ ១៥,៥០០ រ៉ូ​ពី​ឥណ្ឌូនេស៊ី/លីត្រ សម្រាប់​ការទិញ​ច្រើន​បំផុត​ត្រឹម ១០ លីត្រ/មនុស្ស​ម្នាក់/ថ្ងៃ៕

  • បាក់​អគារ​នៅ លី​បង់ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​ច្រើន​នាក់

    បាក់​អគារ​នៅ លី​បង់ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​ច្រើន​នាក់

    អគារ​កម្ពស់ ៣ ជាន់​មួយកន្លែង នៅក្នុង​ទីក្រុង Tripoli ភាគ​ខាងជើង​នៃ ប្រទេស​លី​បង់ បាន​បាក់​​ភ្លាមៗ កាលពី​ថ្ងៃទី ២៦ មិថុនា ធ្វើឱ្យ​ក្មេង​ម្នាក់​បាត់បង់​ជីវិត និង​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​រងរបួស។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា កម្លាំង​ជួយសង្គ្រោះ បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ជួយ​ជនរងគ្រោះ និង​ជម្លៀស​អ្នករងរបួស។

    នាយករដ្ឋមន្ត្រី​របស់ លី​បង់ លោក Najib Mikati ចេញ​បញ្ជា​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​ក្នុង​តំបន់ ញាប់ដៃ​ញាប់ជើង​ជួយ​ព្យាបាល​ជង​រងគ្រោះ។

    បច្ចុប្បន្ន មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​ខាងលើ កំពុង​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត។

  • ​ប្រេង​នៅ តំបន់​អាស៊ី នា​ព្រឹក​ថ្ងៃទី ២៧ មិថុនានេះ កំពុង​ធ្លាក់ថ្លៃ​​​គួរឱ្យ​ត្រេក​អរ

    ​ប្រេង​នៅ តំបន់​អាស៊ី នា​ព្រឹក​ថ្ងៃទី ២៧ មិថុនានេះ កំពុង​ធ្លាក់ថ្លៃ​​​គួរឱ្យ​ត្រេក​អរ

    ក្នុងការ​ជួញដូរ​នា​ព្រឹក​ថ្ងៃទី ២៧ មិថុនា តម្លៃ​ប្រេង​នៅ អាស៊ី ធ្លាក់ចុះ​ជាង ១ ដុល្លារ/ធុង នៅពេល​មានការ​បារម្ភ​អំពី​សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យប៉ះពាល់​ដល់​ក្ដី​សង្ឃឹមលើ​តម្រូវការ​ប្រេង។

    ទន្ទឹមនឹង​កត្តា​ខាងលើ ក្រុម​អ្នកវិនិយោគ​ក៏​កំពុង​យកចិត្តទុកដាក់​លើ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​កំពូល​នៃ​ពិភពលោក (G៧) ក្នុង​សប្ដាហ៍​នេះ ស្ដីពី​វិធានការ​រឹតត្បិត​ការនាំចេញ​ប្រេង​របស់ រុស្ស៊ី។ល។

    នៅវេលា​ម៉ោងជាង ៧ ព្រឹក (ម៉ោង​នៅ កម្ពុជា) ប្រេង Brent ដែល​ប្រគល់​តាម​កាលកំណត់ បាន​ធ្លាក់​ថ្លៃ ១.៤២ ដុល្លារ (១.៣%) មក​នៅត្រឹម ១១១.៧០ ដុល្លារ/ធុង បន្ទាប់ពី​កើន ២.៨% នៅក្នុង​ការជួញដូរ​កា​លពី​ចុង​សប្ដាហ៍​កន្លង។ ចំណែក​ប្រេង New York វិញ ក៏បាន​ធ្លាក់​ថ្លៃ ១.៥៤ ដុល្លារ (១.៤%) មក​នៅត្រឹម ១០៦.០៨ ដុល្លារ/ធុង ក្រោយពី​បាន​កើន ៣.២% ក្នុងការ​ជួញដូរ​មុន​នោះ។

    នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​សប្ដាហ៍​នេះ ក្រុម​មេដឹកនាំ​របស់ G៧ គ្រោង​នឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ការកើនឡើង​នៃ​តម្លៃ​ថាមពល និង​ការរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​មក​ជំនួស​ប្រេង​ឧស្ម័ន​ដែល​នាំចូល​ពី រុស្ស៊ី ក៏ដូចជា​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ រុស្ស៊ី ដោយ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដល់​ប​ញ្ហា​អតិផរណា។ ក្រៅពី​បញ្ហា​ខាងលើ កិច្ចប្រជុំ​កំពូល​លើក​នេះ​របស់ G៧ ក៏​នឹង​ពិភាក្សា​អំពី​ការស្ដារ​កិច្ចចរចា​អំពី​បញ្ហា​នុយ​ក្លេ​អែរ​ជាមួយ អ៊ីរ៉ង់ ផងដែរ៕

  • សហរដ្ឋ​អាម៉េរិក សន្យា​ចំណាយ ២០០ ពាន់​លាន​ដុល្លារ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​សកលលោក

    សហរដ្ឋ​អាម៉េរិក សន្យា​ចំណាយ ២០០ ពាន់​លាន​ដុល្លារ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​សកលលោក

    ក្នុង​កិច្ចប្រជុំ​កំពូល G៧ កាលពី​ម្សិលមិញ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន សង្កត់ធ្ងន់ថា សហរដ្ឋ​អាម៉េរិក ចង់​ធ្វើឱ្យ​ច្បាស់លាស់​ថា នេះ (គំនិត​ផ្ដួចផ្ដើម​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក) មិនមែនជា​ជំនួយ ឬ​បរិច្ចាគ​បែប​មនុស្សធម៌។ នេះ​គឺជា​ខ្ទង់​វិនិយោគ​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់ ជនជាតិ​អាម៉េរិក និង​ប្រជាជន​នៅ​គ្រប់​ប្រទេស។

    កាលពី​ថ្ងៃទី ២៦ មិថុនា លោក បៃ​ដិ​ន ជាថ្មី​ម្ដងទៀត បានលើកឡើង​នូវ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង​ឥទ្ធិពល​ដែល​កំពុង​រីកសាយ​ភាយ​របស់ ប្រទេស​ចិន។ យោងតាម​ប្រធានាធិបតី បៃ​ដិ​ន សហរដ្ឋ​អាម៉េរិក នឹងចូលរួម​ចំណែក ២០០ ពាន់​លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ។

    នៅក្នុង​កិច្ចប្រជុំ​កំពូល G៧ នៅ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៦ មិថុនា លោក បៃ​ដិ​ន ឱ្យដឹងថា គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវបាន​កសាងឡើង​ដោយយោង​ទៅលើ​បទពិសោធន៍​ល្អ​បំផុត​ក្នុង​ពិភពលោក ទាក់ទិន​នឹង​តម្លាភាព ដៃគូ​សហការ ការការពារ​បុគ្គលិក​និយោជិត និង​បរិស្ថាន។

    យោងតាម​លោក បៃ​ដិ​ន ក្រុម​ប្រទេស G៧ នឹង​រក​វិធី​ប្រមូល​ទុន ៦០០ ពាន់​លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ​នៅ​ឆ្នាំ ២០២៧ ក្នុងនោះ សហរដ្ឋ​អាម៉េរិក នឹងចូលរួម​ចំណែក ២០០ ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​គម្រោង​នានា​នៅតាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​មាន​ប្រាក់ចំណូល​កម្រិត​មធ្យម។ ខ្ទង់​ថវិកា​របស់ អាម៉េរិក នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង ៥ ឆ្នាំ​ខាងមុខ។

    លោក បៃ​ដិ​ន និយាយថា «ខ្ញុំ​ចង់​ធ្វើឱ្យ​ប្រាកដថា នេះ​មិនមែនជា​ជំនួយ ឬ​កិច្ចការ​មនុស្សធម៌។ នេះ​គឺជា​ខ្ទង់​វិនិយោគ​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់ ជនជាតិ​អាម៉េរិក និង​ប្រជាជន​នៅ​គ្រប់​ប្រទេស។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ឱកាស​ដើម្បីឱ្យ​យើង​ចែករំលែក​នូវ​ចក្ខុវិស័យ​វិជ្ជមាន​អំពី​អនាគត និង​ទុកឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​ផលប្រយោជន៍​ជាក់ស្ដែង​នៃ​ការដែល​បានធ្វើ​ជា​ដៃគូ​សហការ​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ»។

    គំនិត​ផ្ដួចផ្ដើម​ដែល​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សកល និង​ការវិនិយោគ» នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​កសាងឡើង​វិញ​នូវ​ពិភពលោក​ដែល​ល្អប្រសើរ​ជាង​បច្ចុប្បន្ន ដែល​ត្រូវបាន ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ G៧ កាលពី​ឆ្នាំ ២០២១។

    គំនិត​ខាងលើ ផ្ដោត​សំខាន់​ទៅលើ​កិច្ចការ​ស្នូល​ចំនួន ៤ រួមមាន ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការវិនិយោគ​សម្រាប់​ថាមពល​ស្អាត, ការកសាង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ព័ត៌មាន​សុវត្ថិភាព និង​បើកចំហ, ជំរុញ​សមធម៌ និង​សមភាព​យេនឌ័រ និង​ចុងក្រោយ​គឺ ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល។

    បើទោះជា​មិនបាន​និយាយ​ដល់ ប្រទេស​ចិន ប៉ុន្តែ គំនិត​ផ្ដួចផ្ដើម​ខាងលើនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ដែល​ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំ ២០១៣ ជាមួយនឹង​គោលដៅ​វិនិយោគ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក៕

  • WHO ចេញប្រកាសទាក់ទិននឹងការចាត់ទុកជំងឺអុតស្វា (Monkeypox) ជាស្ថានភាពអាសន្ន​ផ្នែក​​សុខាភិបាល​សកល

    WHO ចេញប្រកាសទាក់ទិននឹងការចាត់ទុកជំងឺអុតស្វា (Monkeypox) ជាស្ថានភាពអាសន្ន​ផ្នែក​​សុខាភិបាល​សកល

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ម្សិលមិញ (២៥ មិថុនា) បាន​អះអាងថា ជំងឺ​អុត​ស្វា​បច្ចុប្បន្ន មិនទាន់​ឈានដល់​ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​កម្រិត​សកល បើទោះជា​ប្រធាន WHO បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

    ប្រកាស​អំពី​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការជំនាញ​របស់ WHO កាលពី​ថ្ងៃទី ២៣ មិថុនា លោក Tedros Adhanom Ghebreyesus ប្រធាន WHO បានឱ្យដឹងថា គណៈកម្មការ​ទទួលបន្ទុក​លើ​បញ្ហា​បន្ទាន់​នេះ បាន​ចែករំលែក​នូវ​ការព្រួយបារម្ភ​អំពី​ទំហំ និង​ល្បឿន​នៃ​ការឆ្លង​រាលដាល​របស់​ជំងឺ​អុត​ស្វា​នាបច្ចុប្បន្ន។

    យោងតាម​លោក Tedros របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ខាងលើ​បាន​ណែនាំ​ថា នៅក្នុងពេល​បច្ចុប្បន្ន ជំងឺ​អុត​ស្វា មិនទាន់​ក្លាយជា​ស្ថានភាព​អាសន្ន​ស្ដីពី​សុខភាព​សាធារណៈ​សកល (PHEIC) នៅឡើយ។ PHEIC គឺជា​កម្រិត​នៃ​ភាពអាសន្ន​ខ្ពស់បំផុត​ដែល WHO អាច​ប្រកាស។

    គិត​ចាប់ពី​ដើមខែ​ឧសភា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​បណ្ដា​ប្រទេស​នៅ អាហ្វ្រិក​កណ្ដាល និង អាហ្វ្រិក​ខាងលិច ជាទី​ដែល​ជំងឺ​នេះ កន្លងមក​ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺឆ្លង​ដោយ​តំបន់។ ជា​សរុប មកដល់​បច្ចុប្បន្ន ការឆ្លង​ជំងឺ​អុត​ស្វា​ចំនួន​ជាង ៣,២០០ ករណី និង​ស្លាប់ ១ ករណី ត្រូវបាន​រាយការណ៍​ទៅកាន់ WHO ក្នុងនោះ ភាគច្រើន​គឺ​នៅ តំបន់​អឺរ៉ុប​ខាងលិច៕

  • អ៊ុយ​ក្រែ​ន បោះបង់​គោលដៅ​ជំរុញ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ

    អ៊ុយ​ក្រែ​ន បោះបង់​គោលដៅ​ជំរុញ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​ណា​តូ

    ទីប្រឹក្សា​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី អះអាងថា អ៊ុយ​ក្រែ​ន បាន​ទទួលយក​ការដែល​ថា ការចូល​ជា​សមាជិក​ណា​តូ លែង​ត្រូវបាន​រំលឹក​ទៀតហើយ និង​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ទាក់ទិន​នឹង​ការ​សុំចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា​នេះ។

    ខាងលើនេះ​គឺជា​ការអះអាង​របស់លោក Igor Zhovkva ទីប្រឹក្សា​របស់ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ដែល​បាន​ប្រាប់ Financial Times កាលពី​ម្សិលមិញ។ ប៉ុន្តែ ទីក្រុង​កៀវ ចង់ឱ្យមាន​ប្រកាស​មួយ​នៅក្នុង​គោលនយោបាយ​របស់ ណា​តូ។

    លោក Igor Zhovkva ឱ្យដឹងថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចង់ឱ្យ ណា​តូ ទទួលស្គាល់ថា អ៊ុយ​ក្រែ​ន គឺជា «ផ្នែក​មួយ​នៃ​សន្តិសុខ​របស់ អឺរ៉ុប» និង​អះអាង​ជាថ្មី​អំពី​ទំនាក់​ទំនងជា​ដៃគូ​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នេះ ជាមួយនឹង ទីក្រុង​កៀវ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៧។

    ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​លោក Igor Zhovkva អ៊ុយ​ក្រែ​ន នឹងមិន​ជំរុញ​ដំណើរការ​សុំចូល​ជា​សមាជិក​របស់ ណា​តូ ទៀតឡើយ។

    អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg បញ្ជាក់ថា សម្ព័ន្ធមិត្ត​យោធា​ណា​តូ នៅតែ​បើកទ្វារ​សម្រាប់​ប​ណ្ដា​ប្រទេស​ដែលមាន​ចំណាប់អារម្មណ៍ ប៉ុន្តែ មិនបាន​សន្យាថា ទទួល ឬ​ច្រានចោល​សំណើ​របស់ អ៊ុយ​ក្រែ​ន ឡើយ នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៥ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៥ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៤ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

    នេះ​គឺជា​ថ្ងៃទី ៤៩ ហើយ ដែល​ កម្ពុជា មិន​មាន​ករណី​វិជ្ជមាន​ថ្មី​នឹង​ជំងឺ​កូវីដ-១៩​។

  • មហាសេដ្ឋី Warren Buffett សម្រុក​ទិញ​ភាគហ៊ុន​ក្នុង​វិស័យ​ប្រេងឥន្ធនៈ

    មហាសេដ្ឋី Warren Buffett សម្រុក​ទិញ​ភាគហ៊ុន​ក្នុង​វិស័យ​ប្រេងឥន្ធនៈ

    ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី​អាម៉េរិក Warren Buffett បាន​ទិញ​ភាគហ៊ុន​យ៉ាងច្រើន​នៅក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ នៅពេលដែល​តម្លៃ​ប្រេង​ពិភពលោក​កំពុង​កើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់។

    Berkshire Hathaway បាន​ចំណាយ​ប្រាក់​ប្រហែល ៥២៩ លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​ជិត ៩.៦ លាន​ហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង Occidental Petroleum កាលពី​សប្ដាហ៍​កន្លង។ ក្រោយ​ការទិញ​ភាគហ៊ុន​នេះ Berkshire Hathaway បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន ១៦.៣% និង​ក្លាយជា​ភាគ​ហ៊ុ​និក​ធំជាងគេ​បង្អស់​របស់ Occidental Petroleum។

    Occidental Petroleum គឺជា​ក្រុមហ៊ុន​ដែលមាន​ភាគហ៊ុន​មាន​វិវត្តន៍​ល្អ​បំផុត​នៅក្នុង​ស​ន្ទ​ស្សន៍ S&P 500 ក្នុងឆ្នាំនេះ ដោយ​កើន ៩២% ព្រោះតែ​តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់​ខ្លាំង។ Berkshire Hathaway ក៏​កំពុង​កាន់កាប់​ភាគហ៊ុន​តម្លៃ ១០ ពាន់​លាន​ដុល្លារ​ជា​ប្រភេទ​អនុគ្រោះ​របស់ Occidental Petroleum ផងដែរ ដោយសារតែ Berkshire Hathaway ធ្លាប់​បានផ្ដល់​ប្រាក់កម្ចី​ដល់ Occidental Petroleum ក្នុងការ​ទិញយក​ក្រុមហ៊ុន Anadarko Petroleum កាលពី​ឆ្នាំ ២០១៩។

    នេះ​មិនមែនជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តែមួយគត់​ដែល Berkshire Hathaway ចូលចិត្ត​នោះទេ។ Chevron ក៏​ជា​ក្រុមហ៊ុន​ដែល​មហាសេដ្ឋី Warren Buffett និង​ក្រុម​វិនិយោគ​របស់គាត់​ចូលចិត្ត​ខ្លាំង​ផងដែរ។ Berkshire Hathaway កំពុង​កាន់កាប់​ភាគហ៊ុន​ជិត ២៦ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Chevron។ កាលពី​ចុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ តួលេខ​នេះ​ឈរ​លំដាប់​ទី ៤ ធៀប​នឹង​បណ្ដា​ភាគហ៊ុន​ដែល Berkshire កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន Apple, Bank of America និង American Express។

    ប្រេង​ធម្មជាតិ និង​ថាមពល​ក៏​ជា​វិស័យ និង​ជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​មុខ​ជំនួញ​របស់​ក្រុមហ៊ុន Berkshire Hathaway។ Berkshire Hathaway ក៏មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ២ ដែល​កំពុង​រកស៊ី​ក្នុង​វិស័យនេះ នោះ​គឺ PacifiCorp និង MidAmerican។

    លោក Warren Buffett បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុម​អ្នកវិនិយោគ​ជាច្រើន​បាន​ផ្ដោតទៅលើ​តែ​បណ្ដា «ភាគហ៊ុន​ល្អមើល តែ​មិន​ល្អស៊ី» ធ្វើឱ្យ​ទីផ្សារ​ពេលខ្លះ​ដូច​ទៅនឹង​បន​ល្បែង។ ដូច្នេះ Berkshire Hathaway សម្រេចចិត្ត​វិនិយោគ​យ៉ាង​ឆាប់រហ័ស​ទៅលើ «ក្រុមហ៊ុន​មួយ​ដែលមាន​វត្តមាន​រាប់​ទសវត្សរ៍»។ ទាំង Occidental Petroleum ទាំង Chevron សុទ្ធ​តែមាន​ប្រវត្តិ «កកើត» និង​រីកចម្រើន​រាប់​ទសវត្សរ៍​មកហើយ៕

  • ក្រុមហ៊ុន​ប្រេង​ធំជាងគេ​នៅ ហុង​គ្រី កំណត់​បរិមាណ​ប្រេងសាំង​ដែល​អតិថិជនម្នាក់ៗអាច​ទិញ​បាន

    ក្រុមហ៊ុន​ប្រេង​ធំជាងគេ​នៅ ហុង​គ្រី កំណត់​បរិមាណ​ប្រេងសាំង​ដែល​អតិថិជនម្នាក់ៗអាច​ទិញ​បាន

    ចាប់ពី​ថ្ងៃទី ២៤ មិថុនា ក្នុង ១ ថ្ងៃ អតិថិជន​ម្នាក់ មាន​សិទ្ធិ​ទិញ​ប្រេងសាំង​ត្រឹមតែ ៥០ លីត្រ​ប៉ុណ្ណោះ នៅក្នុង​ស្ថានីយ​ប្រេង​ទាំងឡាយ​របស់​ក្រុមហ៊ុន MOL នៅ ប្រទេស​ហុង​គ្រី ដែល​នេះ​បាន​ថយចុះ​ពាក់កណ្ដាល​ធៀប​នឹង​ការកំណត់​មុន​នោះ។

    អ្នកនាំពាក្យ​របស់ MOL អ្នកស្រី Piroska Bakos ឱ្យដឹងថា ការកំណត់​នេះ​គឺ​ក្នុង​បំណង​ធានា​ប្រភព​ផ្គត់ផ្គង់។ ក្រៅពីនេះ អ្នក​ដែល​ទិញ​ដោយ​ចាក់​មួយ​ពេញ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទិញ​ទៅតាម​តម្លៃ​ពិតាន (តម្លៃ​អតិបរមា​ដែល​កំណត់ដោយ​ស្ថាប័នរដ្ឋ) ទៀតឡើយ។

    តម្រូវការ​ប្រេងសាំង​បាន​កើន​ពី ៣០ – ៤០% ក្នុង​រដូវក្ដៅ ដោយសារតែ​សកម្មភាព​នៃ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​មានការ​កើនឡើង។ ក៏ប៉ុន្តែ ការដែល​រដ្ឋាភិបាល​កំ​ណ​ត់​តម្លៃ​ពិតាន ១.២៧ ដុល្លារ/លីត្រ ចំពោះ​សាំង RON 95 និង ប្រេងម៉ាស៊ូត ដែល​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​តម្លៃ​ក្នុង​ទីផ្សារ បាន​នាំឱ្យមាន​ហានិភ័យ​ខ្វះ​ប្រភព​ផ្គត់ផ្គង់។

    ក្រុមហ៊ុន MOL ដែលមាន​បណ្ដាញ​ស្ថានីយ​ប្រេងសាំង​ធំជាងគេ​បង្អស់​នៅ ហុង​គ្រី បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុបចោល​ទៅតាមជំហានៗលើ​ការកំណត់​តម្លៃ​ពិតាន ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​កន្លង។ ការកំណត់​តម្លៃ​ពិតាន​នៃ​ប្រេងសាំង​គឺជា​ការប្រឹងប្រែង​របស់ រដ្ឋាភិបាល​ហុង​គ្រី ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅ​ចំពោះមុខ​ស្ថានភាព​អតិផរណា​កំពុង​កើនឡើង​ខ្ពស់ ដែល​បច្ចុប្បន្ន​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២ ទសវត្សរ៍​កន្លងមក​នេះ៕

  • កូរ៉េខាងត្បូង ពិនិត្យ​លើ​គោលនយោបាយ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង»

    កូរ៉េខាងត្បូង ពិនិត្យ​លើ​គោលនយោបាយ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង»

    កាលពី​ថ្ងៃទី ២៤ មិថុនា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំពោះ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ជា​ផ្លូវការ​នៅឡើយ។

    រដ្ឋមន្ត្រីក្រសួង​ការងារ​កូរ៉េខាងត្បូង Lee Jeong-sik និយាយថា រដ្ឋាភិបាល​នឹង​ពិនិត្យ កែសម្រួល​ប្រព័ន្ធ​ធ្វើការ ៥២ ម៉ោង/សប្ដាហ៍ ទៅតាម​វិធី​ដែល​អនុញ្ញាតឱ្យ​និយោជក និង​និយោជិត បែងចែក​ចំនួន​ម៉ោង​ធ្វើការ​ឱ្យមាន​ភាពបត់បែន នៅក្នុង​អំឡុង ១ ខែ។

    លោក Yoon បាន​ថ្លែងថា «ឧបនាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​ប្រមូល​សំណើ​របស់​ក្រុមមនុស្ស​មកពី​បណ្ដា​សមាគម​ស្រាវជ្រាវ​ឯកជន និង​ស្នើឱ្យ ក្រសួង​ការងារ ពិនិត្យ​លើ​ភាពបត់បែន​របស់​ទីផ្សារការងារ។ ប៉ុន្តែ សំណើ​នេះ​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​យល់ព្រម​ជា​ផ្លូវការ​នៅឡើយ»។

    សំណើ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» ត្រូវបាន​លើកឡើង​កាលពី​ឆ្នាំ ២០១៨ ក្នុង​អាណត្តិ​ប្រធានាធិបតី Moon Jae-in ប៉ុន្តែ ត្រូវបាន​មនុស្ស​មួយចំនួន​រិះគន់ ព្រោះតែ​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន និង​បុគ្គលិក។

    នៅពេល​ប្រកាស​អំពី​ទិសដៅ​គោលនយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​កាលពី​សប្ដាហ៍​កន្លង អាជ្ញាធរ​កូរ៉េខាងត្បូង បានឱ្យដឹងថា ពួកគេ​នឹង​ជំរុញ​ការកែទម្រង់​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ចំនួន ៥ ក្នុងនោះ​មាន​ទាំង​ទីផ្សារការងារ និង​អប់រំ​ជាដើម ព្រមទាំង​មាន​ផែនការ​អនុវត្ត «ភាពបត់បែន» សម្រាប់ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» ផងដែរ៕