Author: សឿន សំណាង

  • ណា​តូ នឹង​សម្រេចចិត្ត​ឆាប់រហ័ស​បំផុត​ចំពោះ ស៊ុយអែត និង ហ្វាំ​ង​ឡង់ ទាក់ទិន​នឹង​រឿង​សុំចូល​ជា​សមាជិក

    ណា​តូ នឹង​សម្រេចចិត្ត​ឆាប់រហ័ស​បំផុត​ចំពោះ ស៊ុយអែត និង ហ្វាំ​ង​ឡង់ ទាក់ទិន​នឹង​រឿង​សុំចូល​ជា​សមាជិក

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ឱ្យដឹងថា លោក​សង្ឃឹមថា ដំណើរការ​នៃ​អនុម័ត​លើ​ឋានៈ​ជា​បេក្ខភាព​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​រហ័ស​បំផុត។

    «យើង​នឹងធ្វើ​ការសម្រេចចិត្ត​នៅក្នុង​សន្និសីទ​កំពូល ស្ដីពី ការអញ្ជើញ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ឱ្យធ្វើជា​បេក្ខភាព។ នោះ​គឺជា​ការសម្រេចចិត្ត​ឆាប់រហ័ស​មិន​ធ្លាប់មាន​ពីមុនមក» លោក Jens Stoltenberg អះអាង​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ​នៅក្នុង​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​ណា​តូ នៅ Madrid ប្រទេស​អេ​ស្ប៉ា​ញ។

    ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ ២០២២។

    Reuters ដកស្រង់​សម្ដី​របស់លោក Jens ឱ្យដឹងថា «ក្រោយពី​លើកឡើង​នូវ​ការអញ្ជើញ យើង​ត្រូវការ​ដំណើរការ​អនុម័ត​នៅក្នុង​សភា​ទាំង ៣។ ដំណាក់កាល​នេះ​នឹងត្រូវ​ចំណាយពេល​យូរ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា នឹង​កើតឡើង​យ៉ាង​ឆាប់រហ័ស ព្រោះថា ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ជួយ​ឱ្យ​ដំណើរ​ការអនុម័ត​នេះ​កើតឡើង​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន»។

    «យើង​បានប្រកាស​យ៉ាងច្បាស់​ហើយ​ថា រុស្ស៊ី បង្ក​ការគំរាមកំហែង​ផ្ទាល់​ដល់​សន្តិសុខ​របស់​យើង» អគ្គលេខាធិការ​របស់ ណា​តូ បញ្ជាក់​ដូច្នេះ។

    មុន​នោះ ក្រោយ​មាន​ភាព​តានតឹង និង​ទាល់ច្រក​អស់​ជាច្រើន​សប្ដាហ៍ កិច្ចចរចា​រវាង ហ្វាំ​ង​ឡង់ ស៊ុយអែត ជាមួយនឹង តួ​ក​គី ក៏បាន​បញ្ចប់​កាលពី​ព្រលប់​ថ្ងៃទី ២៨ មិថុនា បន្ទាប់ពី​ភាគី​នានា​បាន​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នា។ តាម​កិច្ចព្រមព្រៀង​នេះ តួ​ក​គី នឹងមិន​ជំទាស់​ការចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ប៉ុន្តែ ប្រទេស​ទាំងពីរ​នេះ​ត្រូវតែ​ធ្វើ​សម្បទាន​មួយចំនួន​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ និង​ផ្លូវច្បាប់​សម្រាប់ តួ​ក​គី៕

  • សហរដ្ឋ​អាម៉េរិក ចរចា​លើ​បញ្ហា​កំណត់​តម្លៃ​ពិតាន​ចំពោះ​ថាមពល​នាំចូល​ពី រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក ចរចា​លើ​បញ្ហា​កំណត់​តម្លៃ​ពិតាន​ចំពោះ​ថាមពល​នាំចូល​ពី រុស្ស៊ី

    កាលពី​ថ្ងៃទី ២៨ មិថុនា ក្រុមមន្ត្រី​អាម៉េរិក បានឱ្យដឹងថា ប្រទេស​នេះ​បានចាប់ផ្ដើម​ពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ហ្វូ​ស៊ី​ល​ច្រើន ក្នុងនោះ​មាន ឥណ្ឌា ជាដើម អំពី​ការកំណត់​តម្លៃ​ពិតាន (តម្លៃ​អតិបរមា) ចំពោះ​ប្រេង​ហ្វូ​ស៊ី​ល​ដែល​នាំចូល​ពី រុស្ស៊ី។

    យោងតាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan សហរដ្ឋ​អាម៉េរិក បានចាប់ផ្ដើម​ចរចា​ជាមួយ ឥណ្ឌា ស្ដីពី​យន្តការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី ក៏ដូចជា​ផលប៉ះពាល់​ដែល​កើតឡើង​ពី​វិធានការ​នេះ។ មន្ត្រីជាន់ខ្ពស់​អាម៉េរិក មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យដឹងថា ការចរចា​អំពី​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​របស់ រុស្ស៊ី នេះ នឹងត្រូវ​បានធ្វើ​ឡើងជា​មួយ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​តិចជាង នៅ អាហ្វ្រិក និង អាម៉េរិក​ឡាទីន រួម​នឹង​បណ្ដា​ក្រុមហ៊ុន​ថាមពល​នានា​នៅលើ​ពិភពលោក​ផងដែរ នាពេលខាងមុខ។

    សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដំបូង​គេ​ដែល​ស្នើ​ឱ្យមាន​យន្តការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។ យន្តការ​កំណត់​តម្លៃ​ពិតាន​នេះ​នឹង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ ធានារ៉ាប់រង និង​ការដឹកជញ្ជូន​ប្រេង​តាម​សមុទ្រ។

    ក្នុង​គ្រា​នេះដែរ ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​លំដាប់​កំពូល (G៧) បាន​ពិភាក្សាគ្នា​អំពី​ការកំណត់​តម្លៃ​ពិតាន​នៅ​ទូទាំង​សកលលោក​ចំពោះ​ប្រេង​នាំចូល​ពី រុស្ស៊ី ដោយសារតែ​ការ​លុកលុយ​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

    ក្រុមមន្ត្រី​នៅ G៧ កាលពី​ថ្ងៃទី ២៨ មិថុនា បានឱ្យដឹងថា ពួកគេ​បាន​ឯកភាពគ្នា​ក្នុងការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​កំណត់​តម្លៃ​ពិតាន​របស់​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។ ចំណែក សហភាព​អឺរ៉ុប រួម​នឹង​ដៃគូ​សហការ ក៏​នឹង​ពិនិត្យមើល​លទ្ធភាព​នៃ​វិធានការ​នានា​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង ពិសេស​គឺ​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ដើម្បី​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង និង​ឧស្ម័ន​ដែល​នាំចូល​ពី រុស្ស៊ី នេះ​តែម្ដង៕

  • ណា​សា បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង ត្រៀម​សម្រាប់​បេសកកម្ម​ត្រលប់​ទៅ​ជាន់ដី​ព្រះ​ចន្ទ

    ណា​សា បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង ត្រៀម​សម្រាប់​បេសកកម្ម​ត្រលប់​ទៅ​ជាន់ដី​ព្រះ​ចន្ទ

    ផ្កាយរណប​ខ្នាតតូច​មួយគ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​កាលពី​ម្សិលមិញ ដើម្បី​ជាការ​ចាប់ផ្ដើម​ជំហាន​ដំបូង​សម្រាប់​កម្មវិធី​ព្រះ​ចន្ទ Artemis។

    យានអវកាស Photon នាំយក​ផ្កាយរណប CAPSTONE ដែល​ត្រូវបាន​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Electron របស់​ក្រុមហ៊ុន Rocket Lab ពី​ឧបទ្វីប Mahia របស់ នូ​វែ​ល​សេ​ឡង់ កាលពី​វេលា​ម៉ោង​ជិត ២២ ថ្ងៃទី ២៨ មិថុនា (ម៉ោង​ជិត ១៧ នៅ ភ្នំពេញ)។

    ក្នុង​រយៈពេល ៥ ថ្ងៃ​ទៀត បើសិនជាអ្វីៗដំណើរ​ការល្អ Photon នឹង​បញ្ឆេះ​ម៉ាស៊ីន​លើកចុងក្រោយ​របស់​វា​ក្នុង​បំណង​បង្កើនល្បឿន​ឱ្យដល់ ៣៩,៥០០ គីឡូម៉ែត្រ/ម៉ោង ដើម្បី​អាច​ហោះ​ផុតពី​ទំនាញផែនដី និង​ឆ្ពោះទៅកាន់​ឋាន​ព្រះ​ចន្ទ។ ក្នុងអំឡុង ២០ នាទី រាប់​ចាប់ពី​ពេល​បញ្ឆេះ​ម៉ាស៊ីន​នោះ Photon នឹង​បញ្ចេញ​ផ្កាយរណប CAPSTONE។

    ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ យូរៗម្ដង CAPSTONE នឹង​បញ្ឆេះ​ម៉ាស៊ីន​របស់​វា ហើយ​ចុងក្រោយ​នឹង​ហោះ​ចូលដល់​គន្លង​គោចរ NRHO ដែល​នៅ​ជុំវិញ​ព្រះ​ចន្ទ ជាទី​ដែល​ផ្កាយរណប​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ស្ថិរភាព​របស់​គន្លង​គោចរ​ដែល ណា​សា គ្រោង​នឹងដាក់​ស្ថានីយ​អវកាស Gateway។

    Gateway នឹង​ដើរតួនាទី​ជាទី​តាំង​សំចត​សម្រាប់​យាន​មាន​មនុស្ស​បើក និង​យាន​គ្មាន​មនុស្ស​បើក ត្រៀមខ្លួន​ដើម្បី​ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ។ ណា​សា បានកំណត់​គោលដៅ​បាញ់​បង្ហោះ​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស Gateway នៅ​ចុងឆ្នាំ ២០២៤។

    CAPSTONE មាន​ទម្ងន់​តែ ២៥ គីឡូក្រាម និង​មាន​ទំហំ​ប៉ុន​ច​ង្ក្រា​ម​មីក្រូ​វ៉េវ​មួយគ្រឿង។ នេះ​គឺជា​ឧបករណ៍​ស្វែងរក​ផ្លូវ ឬ​ទិស មាន​សមត្ថភាព​កែប្រែ​ទិស​ដោយ​ស្វ័យប្រវត្ត​ដើម្បី​រក្សា​គន្លង​គោចរ៕

  • សហភាព​អឺរ៉ុប ហាម​លក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ចាប់ពី​ឆ្នាំ ២០៣៥

    សហភាព​អឺរ៉ុប ហាម​លក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ចាប់ពី​ឆ្នាំ ២០៣៥

    ក្រោយ​ការជជែក​ពិភាក្សាគ្នា​អស់​រយៈពេល ១៦ ម៉ោង ក្រុម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​របស់ សហភាព​អឺរ៉ុប (EU) ក៏បាន​ឯកភាពគ្នា​លើ​សំណើ​មួយចំនួន​ដែល​និយាយ​អំពី​វិធានការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ។

    យោងតាម​សារព័ត៌មាន DW របស់ អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃទី ២៩ មិថុនា ក្រុម​រដ្ឋមន្ត្រី​បរិស្ថាន​នៃ ប្រទេស​ទាំង ២៧ ដែលជា​សមាជិក​របស់ EU បានអនុម័ត​វិធានការ​មួយចំនួន​ដើម្បី​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ការសម្រេចចិត្ត​នេះ​រួមមាន ចាប់ពី​ឆ្នាំ ២០៣៥ EU នឹង​លុបបំបាត់​ជាបណ្ដើរៗនូវ​ការផលិត និង​លក់​រថយន្ត​ថ្មី​ដែល​ដើរ​ដោយ​ឥន្ធនៈ​ហ្វូ​ស៊ី​ល (មាន​ប្រេងសាំង​ជាដើម) និង​ជំនួស​ដោយ​រថយន្ត​ប្រភេទ​មិន​ប​ញ្ជេ​ញ​ឧស្ម័ន​កាបូន។

    នៅពេល​ចូល​ជា​ធរមាន កិច្ចព្រមព្រៀង​ខាងលើ​នឹង​មានន័យ​ស្មើនឹង​ការហាមឃាត់​រាល់​រថយន្ត​ថ្មី​ដែលមាន​ម៉ាស៊ីន​ចំហេះ​ក្នុង នៅ អឺរ៉ុប ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ ២០៣៥ ដើម្បី​ងាក​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី។

    ក្រុម​រដ្ឋមន្ត្រី​បរិស្ថាន​របស់ EU បាន​ឯកភាព​ទៅលើ​សេចក្ដីព្រាងច្បាប់​ចំនួន ៥ ដែល​ត្រូវបាន គណៈ​កម្ម​អឺរ៉ុប (EC) ស្នើឡើង​កាលពី​ឆ្នាំ​កន្លង។

    «វិបត្តិ​អាកាសធាតុ និង​ផលវិបាក​របស់​វា​គឺមាន​យ៉ាងច្បាស់ ដូច្នេះ យើង​មិនអាច​មិន​លើកឡើង​នូវ​គោលនយោបាយ​ថ្មី​ឡើយ» Frans Timmermans ប្រធាន​គោលនយោបាយ​អាកាសធាតុ​របស់ EU បញ្ជាក់​ដូច្នេះ។

    សភា​អឺរ៉ុប នឹង​បន្ត​ពិភាក្សា​អំពី​ខ្លឹមសារ​ចុងក្រោយ​របស់​សេចក្ដីព្រាង​ច្បាប់​ខាងលើ។ សភា​អឺរ៉ុប គឺជា​ស្ថាប័ន​មួយ​ដែល​កន្លងមក​បាន​គាំទ្រ​ចំពោះ​ច្បាប់​ហាមឃាត់​ទាំងស្រុង​ចំពោះ​ការលក់​យានយន្ត​ដែល​ប្រើប្រាស់​ម៉ា​ស៊ី​ចំហេះ​ក្នុង ចាប់ពី​ឆ្នាំ ២០៣៥។

    វិធានការ​ហាមឃាត់​ការលក់ និង​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង និង​ផ្នែក​ដែល​នៅសល់​នៃ​សេចក្ដីព្រាងច្បាប់​ខាងលើ​គឺ​សុទ្ធ​តែមាន​សារសំខាន់​ដើម្បីឱ្យ EU អាច​សម្រេចបាន​គោលដៅ​បន្សាប​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​បរិយាកាស នៅ​ឆ្នាំ ២០៥០៕

  • សមត្ថកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ចាប់​ឃាត់​កប៉ាល់​ដឹក​ប្រេង​របស់ រុស្ស៊ី

    សមត្ថកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ចាប់​ឃាត់​កប៉ាល់​ដឹក​ប្រេង​របស់ រុស្ស៊ី

    កងកម្លាំង​គយ និង​ការពារ​ព្រំដែន (CBP) របស់ សហរដ្ឋ​អាម៉េរិក បាន​ឃាត់ និង​ត្រួតពិនិត្យ​កប៉ាល់​ដឹក​ប្រេងឥន្ធនៈ និង​ឧស្ម័ន​មួយគ្រឿង ដែល​កំពុង​បើកបរ​នៅលើ​ផ្លូវទឹក​ពី ប្រទេស​រុស្ស៊ី ទៅកាន់​រដ្ឋ Louisiana សហរដ្ឋ​អាម៉េរិក។

    យោងតាម​បណ្ដាញសារព័ត៌មាន RT (រុស្ស៊ី) កប៉ាល់​ដែលមាន​ឈ្មោះថា Daytona គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន TMS Tankers នៃ ប្រទេស​ក្រិ​ក ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន Vitol ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ប្រទេស​ស្វ៊ី​ស។ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កប៉ាល់ Daytona នេះ​នឹង​ចូល​ចត​នៅ​កំពង់ផែ New Orleans។ Daytona ដឹក​ប្រេង​ដែល​យក​ពី​កំពង់ផែ​នានា​នៅឯ​ឧបទ្វីប Taman របស់ រុស្ស៊ី កាលពីដើម​ខែមិថុនា។

    មន្ត្រីប៉ូលិស​ម្នាក់​បាន​ប្រាប់ Wall Street Journal ថា អាជ្ញាធរ​គយ និង​ការពារ​ព្រំដែន​របស់ សហរដ្ឋ​អាម៉េរិក កំពុងធ្វើការ​ត្រួតពិនិត្យ​កប៉ាល់ Daytona។ ក្រុមហ៊ុន TMS Tankers មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​បញ្ហា​នេះ ខណៈដែល​ក្រុមហ៊ុន Vitol ឱ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​របស់​កប៉ាល់ Daytona គឺ «គោរព​ទៅតាម​ច្បាប់ និង​ការកំណត់​ដែល​ទាក់ទង រួមទាំង​បទបញ្ជា​ដាក់ទណ្ឌកម្ម​ផងដែរ»។

    Daytona គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន TMS Tankers នៃ ប្រទេសក្រិក ត្រូវបានជួលដោយក្រុមហ៊ុន Vitol ដែលមានទីស្នាក់ការកណ្ដាលនៅ ប្រទេសស្វ៊ីស

    កាលពី​ខែមីនា សហរដ្ឋ​អាម៉េរិក បាន​ហាមឃាត់​រាល់​សកម្មភាព​នាំចូល​ប្រេង​ហ្វូ​ស៊ី​ល ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​រាវ​របស់ រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​សង្គ្រាម​ដែល ទីក្រុង​ម៉ូស្គូ បាន និង​កំពុង​ធ្វើឡើង​នៅ អ៊ុយ​ក្រែ​ន។ ទណ្ឌកម្ម​នេះ​មិន​អនុវត្ត​ចំពោះ​បណ្ដា​ផលិតផល​ដែល​ដឹក​ពី​បណ្ដា​ប្រទេស​ឆ្លងកាត់​តាម ប្រទេស​រុស្ស៊ី ក្នុងនោះ​មាន​ផលិតផល​ពី កា​ហ្សា​ក់​ស្ថាន ជាដើម។ ក៏ប៉ុន្តែ យោងតាម​ប្រភពព័ត៌មាន ក្រុមហ៊ុន​វិភាគ​ទិន្នន័យ Kpler បាន​បង្ហាញថា ទំនិញ​ដែល​កប៉ាល់ Daytona កំពុង​ដឹក​នោះ មាន​ប្រភពពី ប្រទេស​រុស្ស៊ី៕

  • ប្រេង​ឧស្ម័ន​របស់ ប្រទេស​រុស្ស៊ី ឡើងថ្លៃ​ពីមួយថ្ងៃ ទៅមួយថ្ងៃ

    ប្រេង​ឧស្ម័ន​របស់ ប្រទេស​រុស្ស៊ី ឡើងថ្លៃ​ពីមួយថ្ងៃ ទៅមួយថ្ងៃ

    ក្នុង​រយៈពេល​តែមួយ​ខែ​សោះ តម្លៃ​ប្រេង Urals របស់ រុស្ស៊ី បាន​កើនឡើង ២០% ដោយសារតែ​តម្រូវការ​ខ្ពស់​នៅក្នុង ទ្វីបអាស៊ី។

    កាលពី​ថ្ងៃទី ២៨ មិថុនា មេដឹកនាំ​នៃ​ក្រុម​ប្រទេស G៧ បាន​ឯកភាពគ្នា​លើ​ការស្វែងរក​វិធី​ដើម្បី​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​របស់ រុស្ស៊ី ក្នុង​បំណង​កាត់បន្ថយ​ប្រភព​ចំណូល​ដែល វិមាន​ក្រឹម​ឡាំង ប្រើប្រាស់​សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ គំនិត​នេះ​នឹង​ត្រូវបាន​ពិភាក្សា​លម្អិត​នៅក្នុង​សប្ដាហ៍​នេះ។

    ក៏ប៉ុន្តែ ទិន្នន័យ​ពី រដ្ឋាភិបាល​រុស្ស៊ី បាន​បង្ហាញថា តម្លៃ​ប្រេង Urals របស់​ប្រទេស​នេះ​កំពុងតែ​កើនឡើង​នៅឡើយ។ ប្រការនេះ​បញ្ជាក់ថា តម្រូវការ​ប្រេង​រុស្ស៊ី ពិត​ជាមាន​កម្រិត​ខ្ពស់។ ក្នុងអំឡុងពេល​ពី​ពាក់កណ្ដាល​ខែឧសភា និង​ពាក់កណ្ដាល​ខែមិថុនា តម្លៃ​មធ្យម​របស់​ប្រេង Urals គឺ ៨៧.៤៩ ដុល្លារ/ធុង។ តួលេខ​នេះ​កើន ២០% ធៀប​នឹង​មួយខែ​មុន​នោះ នេះ​បើតាម ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី។

    បើទោះជា​ប្រេង Urals នៅតែមាន​តម្លៃថោក​ជាង​ប្រេង Brent ប៉ុន្តែ​គ​ន្លាត​រវាង​តម្លៃ​ប្រេង​ទាំងពីរ​នេះ​កាន់តែ​ត្រូវបាន​កាត់បន្ថយ។

    ប្រេង Urals ថ្លៃ​ជាង​មុន បើទោះជា កាលពី​ថ្ងៃទី ១៥ ឧសភា សហភាព​អឺរ៉ុប បាន​ហាម​ជួញដូរ​ជាមួយ​បណ្ដា ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ក៏ដោយ។ ថ្វីបើ​បទបញ្ជា​របស់ សហភាព​អឺរ៉ុប នៅតែ​អនុញ្ញាតឱ្យ​ទិញ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី ប៉ុន្តែ ក្រុម​អ្នកជំនួញ​បាន​ចាត់ទុកថា នេះ​គឺជា​ការហាមឃាត់​ទាំងស្រុង​នូវ​ការរកស៊ី​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ថាមពល​របស់ រុស្ស៊ី។

    ក៏ប៉ុន្តែ ដោយសារតែ​បាន​ផ្ដោតទៅលើ​ទីផ្សារ​នៅ អាស៊ី បូករួម​នឹង​ការដែល​បណ្ដា​ក្រុមហ៊ុនតូចៗ ហ៊ាន​រកស៊ី​ជាមួយ រុស្ស៊ី ដូច្នេះ លំហូរ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី នៅតែ​ត្រូវបាន​រក្សា។ ក្នុង​រយៈពេល ១៣ ថ្ងៃ​ដើមខែ​មិថុនា ការនាំចេញ​ប្រេង​តាមរយៈ​បំពង់​បង្ហូរ និង​កំពង់ផែ​នានា​របស់ រុស្ស៊ី សម្រេច​បានជា​មធ្យម ៤.៦២ លាន​ធុង/ថ្ងៃ នេះ​បើតាម Bloomberg។ តួលេខ​នេះ​គ្រាន់តែ​ទាប​បន្តិច​ប៉ុណ្ណោះ បើ​ធៀប​នឹង​មួយខែ​មុន​នោះ៕

  • កូវីដ-១៩ នៅ កម្ពុជា៖ រកឃើញអ្នកឆ្លងថ្មី ១០ នាក់ ភាគ​ច្រើន​ជា​ករណី​ក្នុង​សហគមន៍

    កូវីដ-១៩ នៅ កម្ពុជា៖ រកឃើញអ្នកឆ្លងថ្មី ១០ នាក់ ភាគ​ច្រើន​ជា​ករណី​ក្នុង​សហគមន៍

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៨ ខែ​មិថុនា ២០២២ កម្ពុជា ​​បាន​រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១០នាក់ ដែល​ក្នុង​នោះ​មាន​ ៨ នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ នេះ​បើ​តាម​ ក្រសួងសុខាភិបាល​។

    អ្នក​ដែល​ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​​​កូវីដ-១៩ ដែល​ទើប​ត្រូវ​បាន​ប្រកាស​នេះ សុទ្ធតែ​វិមាន​នឹង​វ៉ារ្យ៉ង់ អូមីក្រុង​។

    នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ដែល​ទើប​ត្រូវបាន​រកឃើញ​ដោយ​ការធ្វើ​តេស្ត PCR បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​ដែល​ត្រៀម​ចាក​ចេញពី កម្ពុជា និង​អ្នកដំណើរ​ដែល​ទើប​ចូលមក​កាន់ កម្ពុជា។ ជាង​នេះ ក៏មាន​ករណីខ្លះ​ត្រូវបាន​រកឃើញ​ដោយ​ការធ្វើ​តេស្ត​រហ័ស​ផងដែរ។

     

  • ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា ឯករាជ្យ​ពី តា​លី​បង់ និង​នៅតែ​ដំណើរការ​ធម្មតា

    ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា ឯករាជ្យ​ពី តា​លី​បង់ និង​នៅតែ​ដំណើរការ​ធម្មតា

    ក្រោយពី ក្រុម​តា​លី​បង់ បាន​ផ្ដួលរំលំ​របប​របស់ ប្រធានាធិបតី Ghani ឯកអគ្គរដ្ឋទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា នៅតែ​គាំទ្រ​របប​ចាស់ និង​នៅតែ​ធ្វើ​សកម្មភាព​ជាធម្មតា ដូចជា​ការផ្ដល់​ទិដ្ឋាការ និង​លិខិតឆ្លងដែន​ជាដើម។

    របប​តា​លី​បង់ នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថាប័ន​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​បរទេស ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​មួយចំនួនធំ។ ស្ទើរតែ​ទាំង​អស់នៃ​ស្ថាប័ន​ការទូត​ចំនួន ៧០ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​បរទេស នៅតែ​ដំណើរការ​ដោយ​ឯករាជ្យ​ពី​របប​អ៊ីស្លាម​ប្រកាន់​តឹង តា​លី​បង់។ របប​តា​លី​បង់ បច្ចុប្បន្ន​មិនត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់ ខណៈដែល​ភាគច្រើន​នៃ​ស្ថាប័ន​ការទូត​របស់ អា​ហ្វ​ហ្កា​នី​ស្ថាន នៅ​បរទេស មិន​ទទួល​ថវិកា​ផ្ទា​ល់ពី ទីក្រុង​កា​ប៊ុល។

    ស្ថានទូត​នៅតែមាន​ស្វាមីភក្ដិ​ចំពោះ​របប​ចាស់

    ភ្ញៀវ​ដែល​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ស្ថានទូត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ទីក្រុង​ញូវដែលី របស់ ឥណ្ឌា ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​រូបថត​នៃ​អតីត​ប្រធានាធិបតី Ashraf Ghani នៅពេល​ពួកគេ​បាន​ឈាន​ជើង​ចូលដល់​អគារ​នេះ។ លោក Ashraf​ Ghani បាន​ភៀសខ្លួន​ពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែសីហា ២០២១ នៅពេល តា​លី​បង់ កំពុង​ឡោមព័ទ្ធ រដ្ឋធានី​កា​ប៊ុល មុនពេល​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច​របស់លោក បាន​ដួលរលំ។

    រូបថត​របស់ អតីត​ប្រធានាធិបតី Ashraf​ Ghani ក៏ត្រូវ​បាន​ព្យួរ​នៅលើ​ជញ្ជាំង​នៃ​ការិយាល័យ​របស់ ឯកអគ្គរដ្ឋទូត Farid Mamundzay ដែល​បច្ចុប្បន្ន​នៅតែមាន​ទង់ ៣ ពណ៌ គឺ ខ្មៅ ក្រហម និង​ខៀវ ដែលជា​ទង់​របស់ សាធារណរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន មុន​នោះ។

    លោក Mamundzay ថ្លែងថា «យើង​កម្រ​នឹងមាន​ការចាត់ចែង​ជាមួយ តា​លី​បង់»។ បុគ្គលិក​របស់​មន្ត្រីការទូត​រូបនេះ នៅតែ​បន្ត​ផ្ដល់​ទិដ្ឋាកា និង​លិខិតឆ្លងដែន​ក្នុងនាម​ជា សាធារណរដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន ដដែល។

    ក្នុងអំឡុងពេល ១០ ខែ រាប់​ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន របប​នេះ​បាន​បញ្ជូន​រដ្ឋទូត​ទៅកាន់​ប្រទេស​ចំនួន​តែ ៤ គត់ គឺ រុស្ស៊ី ប៉ា​គី​ស្ថាន ចិន និង តួ​ក​ម៉េ​នី​ស្ថាន។ ក៏ប៉ុន្តែ សូម្បីតែ​ប្រទេស​ទាំង ៤ នេះ ក៏​មិនទាន់​ទទួលស្គាល់​ស្ថាប័ន​ការបរទេស​ថ្មី​របស់ តា​លី​បង់ នៅឡើយ។

    រដ្ឋាភិបាល​ឥណ្ឌា បានអនុញ្ញាត​ឱ្យ ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ញូវដែលី ធ្វើ​សកម្មភាព​ក្នុងនាម​ជា​អ្នកតំណាង​រដ្ឋាភិបាល​ចាស់​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដូច​ទៅនឹង​អ្វីដែល ឥណ្ឌា បានធ្វើ​នៅពេល តា​លី​បង់ បាន​ឡើងកាន់​អំណាច​ក្នុងអំឡុង​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០១ នៅពេល​ស្ថានទូត​នេះ​តំណាងឱ្យ​រដ្ឋាភិបាល​ចាស់​របស់ អតីត​ប្រធានាធិបតី Burhanuddin Rabbani។

    បើទោះជា តា​លី​បង់ ចង់​គ្រប់គ្រង​ស្ថាប័ន​ការទូត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ពួកគេ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ។ សេដ្ឋកិច្ច​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដាំ​ក្បាល​ចុះ «យ៉ាង​រលូន» រាប់​ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច។

    ជំនួយ​ពី​បរទេស​បាន​ឈានដល់​របត់ «ខ្សោះ» ខណៈដែល​ទ្រព្យ​របស់​ប្រទេស​នេះ​នៅ​បរទេស​ក៏ត្រូវ​បាន​បង្កក ចំណែក​សហគមន៍​អន្តរជាតិ​ព្យាយាម​ភ្ជាប់​ជំនួយ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទៅនឹង​ការ​ប្រសើរឡើង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​របស់ តា​លី​បង់ ចំពោះ​ស្ត្រី។

    បញ្ហា​តែមួយគត់​ដែល​ស្ថានទូត​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​សហការ​ជាមួយ តា​លី​បង់ នោះ​គឺ​ជំនួយ​មនុស្សធម៌

    ឯកអគ្គរដ្ឋទូត Mamundzay ឱ្យដឹងថា «ឥណ្ឌា បានផ្ដល់​ជំនួយ​ដល់ ទីក្រុង​កា​ប៊ុល បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដីកា​លពី​ប៉ុន្មាន​ថ្ងៃមុន។ យើង​ត្រូវបាន​ស្នើឱ្យ​សហការ​ជាមួយ ក្រសួងការបរទេស​នៅ កា​ប៊ុល»។

    លក្ខខណ្ឌ​ដែល​ស្ថានទូត​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ទទួលយក​ការគ្រប់គ្រង​របស់ តា​លី​បង់

    មន្ត្រីការទូត Mamundzay ប្រកាសថា ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា និង​ស្ទើរតែ​ទាំងអស់​នៃ​ស្ថាប័ន​នេះ​នៅតាម​បណ្ដា​ប្រទេស បាន​អះអាងថា នឹង​អាច​ទទួលយក​ការគ្រប់គ្រង​របស់ របប​តា​លី​បង់ ដោយមាន​លក្ខខណ្ឌ ៖ «ដំបូង តា​លី​បង់ ត្រូវបង្កើត​រដ្ឋាភិបាល​ប្រជាជាតិ​ដែលមាន​លក្ខណៈ​រួបរួម សម្បូរបែប និង​ប្រគល់​សិទ្ធិ​មូលដ្ឋាន​នានា​ដល់​ស្ត្រី។

    ពេល​ដណ្ដើមបាន​អំណាច​ភ្លាម ក្រុម​តា​លី​បង់ បានប្រកាសថា នឹងមាន​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​របស់​ស្ត្រី។ ក៏ប៉ុន្តែ កន្លងមក ពួកគេ​មិនបាន​គោរព​តាម​ការសន្យា​ឡើយ។ តា​លី​បង់ បាន​អនុវត្ត​វិធានការ​តឹងរឹង ដូចជា បង្គាប់​ឱ្យ​ស្ត្រី​បិទបាំង​មុខ។ល។

  • ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនសន្ទុះកាន់​តែខ្លាំងនៅក្នុងប្រទេសកម្ពុជា

    ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនសន្ទុះកាន់​តែខ្លាំងនៅក្នុងប្រទេសកម្ពុជា

    «សេចក្តីប្រកាសព័ត៌មាន»

    ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ – តាមការសិក្សា[1] របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១  បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។

    បើមើលទៅតាមប្រភេទដែ​លអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង កាត គឺជាជម្រើសលេចធ្លោនៅក្នុងទីផ្សារ។ បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណ ២៥% ពោលគឺយ៉ាងហោចណាស់ ៤នាក់ ក្នុងចំណោម ១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស២​ប្រភេទនេះ។​  ក្នុងនោះដែរប្រមាណ ១៤ ភាគរយ ប្រើទាំងកាបូបអេឡិចត្រូនិច និងកាត។ បន្ថែមលើសពីនេះ ការទូទាត់តាមរយៈ QR កូដ  និង ការឆូត ឬ បញ្ចូលកាត ត្រូវបានគេមើលឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងត្រូវបានប្រជាប្រិយភាពនៅក្នុងទីផ្សារច្រើនជាងមធ្យោបាយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធផ្សេងៗទៀត។

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងឆាប់រហ័ស នេះគឺដោយសារតែការពេញចិត្តនឹងភាពងាយស្រួល និងសុវត្ថិភាព។ ក្រុម​ហ៊ុន​ Visa កំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចបោះជំហានទៅមុខប្រកបដោយផាសុកភាពនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនរបស់កម្ពុជា»

    ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃអាយុអ្នកប្រើប្រាស់នៅក្នុងការសិក្សានៃការទូទាត់ ភាគច្រើននៃអ្នកដែលចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធ (ដែលមានប្រមាណ ៧៨%) គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះ ជម្រើសទូទាត់តាមរយៈការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមមនុស្សអាយុ ចន្លោះពី ២៥ឆ្នាំ​ ដល់ ៤០ឆ្នាំ (មនុស្សជំនាន់ Z និង ជំនាន់ Y) មានប្រមាណជា ២១ ភាគរយ ដែលចូលចិត្តរបស់ពួកគាត់គឺការទូទាត់តាមរយៈ QR កូដ។ ការ​ទូទាត់ប្រាក់​តាម​រយៈការប្រើ កាត ​ក៏មានការ​ពេញនិយមប្រហាក់ប្រហែលគ្នាផងដែរក្នុងចំណោមក្រុមមនុស្សវ័យនេះ។

    វិធីសាស្ត្រទូទាត់របស់អ្នកប្រើប្រាស់ប្រើជាប្រចាំ គឺសំដៅទៅលើវិធីសាស្ត្រទូទាត់ដែលអ្នកប្រើប្រាស់ជ្រើសប្រើញ៉ឹកញ៉ាប់បំផុត យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។​ អ្នកប្រើប្រាស់ប្រភេទនេះ មានយ៉ាងហោចម្នាក់ក្នុងចំណោម ៥ នាក់ បាននឹងកំពុងប្រើប្រាស់វា ហើយជានិច្ចកាលនិយមប្រើប្រាស់​ការ​ទូទាត់​តាម​រយៈ​បច្ចេកវិទ្យា QR កូដ និង ​កាត​អនឡាញ។​ សម្រាប់ការប្រើប្រាស់កាត ស្ទើរតែពាក់កណ្តាលនៃចំនួនកាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless និងត្រូវបានប្រើយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ ប្រទេស​កម្ពុជា​ បាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅលើអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តជាលើកដំបូងច្រើនជាងគេបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត (ប្រមាណជា ២៩%)

    ជាការពិតណាស់ វិធីសាស្ត្រទូទាត់តាមរយៈការឆូត ឬ បញ្ចូល កាត បានកើនឡើងដល់ ២៣ភាគរយ នៅក្នុងទីផ្សារ ដែលច្រើនជាងកាលពីឆ្នាំមុនពីរដង។ ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់រហូតដល់ ៤ នាក់ក្នុងចំណោម ១០នាក់ ចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងបំផុត ដែលប្រហែលជាងមួយភាគបី គឺចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់មួយនេះ។

    អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless គឺជាវិធីសាស្ត្រទូទាត់មានការច្នៃប្រឌិតចុងក្រោយបំផុតដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបទពិសោធន៍ប្រតិបត្តិការដែលកាន់តែរហ័ស មានសុវត្ថិភាព និងងាយស្រួលជាងមុន។ អ្នកប្រើប្រាស់ ជាពិសេសក្មេងៗជំនាន់ក្រោយ ចង់ឃើញដំណោះស្រាយ និងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែទូលំទូលាយ។ ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តមួយ ក្រុមហ៊ុន Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីជួយដល់ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន»

    ###

    អំពីក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែល​ជួយ​សម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់​ប្រកប​ដោយ​ភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

    [1] The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2021, surveyed amongst 6,520 consumers in Singapore, Philippines, Malaysia, Indonesia, Thailand, Vietnam, and Cambodia. The study conducted face-to-face interviews with 520 Cambodian consumers across the country who are working part or full time with a demographic mix that sought to create a representative mix of ages and genders.

  • ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា កូ​វីដ-១៩ នៅ កម្ពុជា ចាប់ផ្ដើម​ឆ្លង​ជាថ្មី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា កូ​វីដ-១៩ នៅ កម្ពុជា ចាប់ផ្ដើម​ឆ្លង​ជាថ្មី

    សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ថ្មី មួយចំនួន​ក្នុង​សហគមន៍ ដែល​នេះ​បានបញ្ចប់​រយៈពេល ៥២ ថ្ងៃ ដែល កម្ពុជា មិនមាន​ករណី​វិជ្ជមាន​ថ្មី។

    ក្នុង​សារ​ជា​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ដែល​ទើប​ត្រូវបាន​រកឃើញ​ដោយ​ការធ្វើ​តេស្ត PCR បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​ដែល​ត្រៀម​ចាក​ចេញពី កម្ពុជា និង​អ្នកដំណើរ​ដែល​ទើប​ចូលមក​កាន់ កម្ពុជា។ ជាង​នេះ ក៏មាន​ករណីខ្លះ​ត្រូវបាន​រកឃើញ​ដោយ​ការធ្វើ​តេស្ត​រហ័ស​ផងដែរ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា យល់ថា បើទោះជា​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទាប ប៉ុន្តែ ការធ្វេសប្រហែស​នឹង​នាំ កម្ពុជា ទៅរក​ស្ថានការណ៍​អាសន្ន។ ដូច្នេះ សម្ដេច​តេ​ជោ អំពាវនាវ​ឱ្យ​គ្រប់គ្នា​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ឱ្យបាន​ត្រឹមត្រូវ។